ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ រួចមកទេវតានោះ ក៏បង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសំដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំងឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាតាំងថា ម្នាលសាតាំង ព្រះយេហូវ៉ាទ្រង់បន្ទោសឯង អើ ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ទ្រង់ស្តីបន្ទោសដល់ឯងនេះ តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ។ សាការី ៣:១-២
អំណានប្រចាំថ្ងៃ៖សាតាំងច្រណែននឹងអស់អ្នកដែលទទួលកម្លាំងពីព្រះយេស៊ូវ
ការងាររបស់សាតាំងគឺជាអ្នកដើរចោទប្រកាន់គេឯងចាប់ផ្តើមនៅឯនគរឋានសួគ៌។ នេះគឺជាការងាររបស់វានៅលើផែនដីនេះចាប់តាំងតែពីមនុស្សប្រព្រឹត្តិអំពើបាបដំបូង។ ខណៈពេលដែលយើងខិតជិតដល់ការយាងត្រឡប់មកវិញជាលើកទី២របស់ព្រះយេស៊ូវ សាតាំងនឹងខិតខំធ្វើឲ្យរាស្ត្ររបស់ព្រះជាម្ចាស់បាក់ទឹកចិត្តដោយសារតែអំពើបាបរបស់ពួកគេ។ ខណៈពេលដែលសាតាំងអស់ពេលវេលាវានឹងខំធ្វើការបោកប្រាស់និងបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើង។ សាតាំងខឹងនៅពេលដែលវាឃើញមនុស្សមានបាបនៅលើផែនដីនេះដែលទទួលស្គាល់នូវអំពើបាបរបស់ខ្លួន ហើយនៅតែបង្ហាញការគោរពដល់ក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ វាបានតាំងចិត្តថា នឹងធ្វើឲ្យពួកគេមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សប្រព្រឹត្តិអំពើបាបសាតាំងសប្បាយចិត្ត។ វាមានផ្លូវច្រើននាំមនុស្សឲ្យចូលទៅក្នុងអំពើបាបហើយបំបែកពួកគេចេញពីព្រះជាម្ចាស់។ វាព្យាយាមចោទប្រកាន់និងផ្តន្ទាទោសព្រះជាម្ចាស់ក៏ដូចជាអ្នកដែលខំធ្វើការជាមួយព្រះជាម្ចាស់ផងដែរ ដែលពួកគេបង្ហាញ ពីក្តីមេត្តាករុណា ក្តីស្រឡាញ់អាណិតអាសូរ ហើយនឹងការអភ័យទោស។
ពេលណាព្រះជាម្ចាស់ប្រើអំណាចរបស់ទ្រង់ជួយដល់រាស្ត្ររបស់ទ្រង់ សាតាំងខឹងកាន់តែខ្លាំង។ រៀងរាល់ពេលដែលព្រះជាម្ចាស់ធ្វើការដើម្បីរាស្ត្ររបស់ទ្រង់នៅលើផែនដីនេះ សាតាំងហើយនិងទេវតាអាក្រក់របស់វាកាន់តែខំប្រឹងដឹកនាំរាស្ត្ររបស់ព្រះឲ្យធ្លាក់ក្នុងអំពើបាបនិងការបំផ្លិចបំផ្លាញអស់កល្ប។ សាតាំងច្រណែននឹងមនុស្សគ្រប់គ្នាដែលទទួលកម្លាំងមកពីព្រះយេស៊ូវ។ សាតាំងធ្វើការដើម្បីធ្វើឲ្យមនុស្សប្រព្រឹត្តិអំពើអាក្រក់ហើយបន្ទាប់មកទម្លាក់កំហុសទៅលើរាស្ត្ររបស់ព្រះដែលវាកំពុងតែល្បួង។ វាបានដាស់តឿនរំឭកពួកគេអំពីអត្តចរិតដែលមានបាបរបស់ពួកគេនិងអំពើបាបជាច្រើន។ ត្រង់ធ្វើឲ្យពួកគេនឹកឃើញអំពីភាពទន់ខ្សោយនិងភាពល្ងង់ខ្លៅដែលពួកគេបានប្រព្រឹត្តិភាពមិនដឹងគុណរបស់ពួកគេបានបង្ហាញអំពីអំពើបាបរបស់ពួកគេប្រឆាំងនឹងព្រះហើយបង្ហាញដល់ពួកគេថា ពួកគេមានលក្ខណៈមិនដូចព្រះយេស៊ូវដូច្នេះនាំឲ្យអាប់យសដល់អ្នកប្រោសលោះរបស់ពួកគេ។ សាតាំងប្រើប្រាស់រឿងទាំងអស់នេះដើម្បីជជែករកហេតុផលថាហេតុអ្វីបានជាកូនចៅរបស់ព្រះជាម្ចាស់ទាំងនេះត្រូវបំផ្លាញចោល។ សាតាំងព្យាយាមបង្កើតភាពភ័យខ្លាចនៅក្នុងចិត្តរបស់ពួកគេដោយធ្វើឲ្យពួកគេគិតថាខ្លួនឯងខ្សោយខ្លាំងពេក មានបាបពេកដល់ថ្នាក់អស់សង្ឃឹមថាពួកគេមិនអាចអភ័យទោសឲ្យបាន។ ដោយធ្វើការទាំងអស់នេះសាតាំងសង្ឃឹមថា នឹងបានបំផ្លាញសេចក្តីជំនឿរបស់ពួកគេ ដើម្បីឲ្យពួកគេនឹងចុះចាញ់នឹងសេចក្តីល្បួងនានារបស់វាហើយឈប់ដើរតាមព្រះជាម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៤៖៣០-៣៤
ខចងចាំ៖ «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ រ៉ូម ៣:២៦