​​ ថ្ងៃសៅរ៍ ទី៨​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​យំ​សោក​ចុះ ព្រម​ទាំង​ស្រែក​ទ្រហោ​ផង ដោយ​ព្រោះ​សេចក្តី​វេទនា ដែល​ត្រូវ​មក​លើ​អ្នក​រាល់​គ្នា ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុករលួយ ហើយ​សំលៀកបំពាក់​អ្នក​រាល់​គ្នា ត្រូវ​កន្លាត​កាត់​អស់​ហើយ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​និង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យសម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ។ យ៉ាកុប ៥:១-៣

អំណានប្រចាំថ្ងៃ៖ ​កូនចៅស្មោះត្រង់របស់ព្រះជាម្ចាស់ នឹងត្រូវបានគេធ្វើ ទុក្ខបៀតបៀន

ព្រះគម្ពីរពិពណ៌នាលក្ខណៈរបស់លោកិយមុនពេលការយាងមកជាលើកទី២របស់ព្រះយេស៊ូវ។ លោកយ៉ាកុបដែលជាសាវ័កសរសេរអំពីសេចក្តីលោភលន់និងការជិះជាន់សង្កត់សង្កិនដែលនឹងកើតឡើងពាសពេញពិភពលោក។ គាត់ថ្លែងថា «ឥឡូវនេះពួកអ្នកមានអើយចូរយំសោកចុះព្រមទាំងស្រែកទ្រហោផងដោយព្រោះសេចក្តីវេទនាដែលត្រូវមកលើអ្នករាល់គ្នា។

ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយហើយសម្លៀកបំពាក់អ្នករាល់គ្នាត្រូវកន្លាតកាត់អស់ហើយមាសប្រាក់របស់អ្នករាល់គ្នាបានដុះស្នឹម ឯស្នឹមនោះនឹងបានទុកសម្រាប់ជាទីបន្ទាល់ទាស់នឹងអ្នករាល់គ្នាហើយនិងសុីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅជាន់ក្រោយបង្អស់នេះ។ មើលប្រាក់ឈ្នួលដែលអ្នករាល់គ្នាបានបង្ខាំងចំពោះពួកជើងឈ្នួលជាអ្នកច្រូតនៅស្រែរបស់អ្នករាល់គ្នានោះក៏ស្រែកឡើងហើយសម្រែកនៃពួកអ្នកដែលច្រូតនោះបានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។ អ្នករាល់គ្នាបាននៅលើផែនដីបែបប្រសើររុងរឿងតាមតែចិត្តសម្រើបស្រើបទាំងចំអែតចិត្តដូចជានៅថ្ងៃសម្លាប់សត្វ។ អ្នករាល់គ្នាបានកាត់ទោសក៏បានសម្លាប់មនុស្សសុចរិតតែគេមិនបានតយុទ្ធនឹងអ្នករាល់គ្នាវិញសោះ។ យ៉ាកុប ៥ៈ១-៦ នេះគឺជារូបភាពអ្វីដែលកើតមាននាសព្វថ្ងៃនេះ។ មនុស្សប្រើប្រាស់គ្រប់វិធីសាស្ត្រនៃការសង្កត់សង្កិននិងការជំរិតដើម្បីធ្វើឲ្យខ្លួនឯងមានកាន់តែខ្លាំង ខណៈពេលដែលសម្រែករបស់មនុស្សដែលស្រេកឃ្លានបានលាន់ឮដល់ព្រះកាណ៌របស់ព្រះជាម្ចាស់។ «ឯសេចក្តីយុត្តិធម៌បានត្រឡប់ថយចេញទៅ ហើយសេចក្តីសុចរិតក៏ឈរនៅទីឆ្ងាយដ្បិតសេចក្តីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្តីទៀងត្រង់ចូល​មកមិនបាន។ អើសេចក្តីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តិអំពើអាក្រក់នោះសុខចិត្តធ្វើជារំពាដល់គេហើយ។​​ អេសាយ ៥៩ៈ១៤,១៥។ការនេះត្រូវបានបំពេញនៅក្នុងជីវិតរបស់ព្រះយេស៊ូវនៅលើផែនដី។ ទ្រង់គោរពស្មោះស្ម័គ្រចំពោះបញ្ញត្តិរបស់ព្រះជាម្ចាស់ទ្រង់ទុកប្រពៃណីទំនៀមទម្លាប់និងសេចក្តីត្រូវការរបស់មនុស្សដែលពួកគេបានលើកតម្កើងជំនួសពួកគេ។ ដោយសារតែហេតុនេះហើយបានជាគេស្អប់និងធ្វើទុក្ខទោសដល់ទ្រង់។រឿងប្រភេទនេះកើតឡើងផ្ទួនៗ។ ច្បាប់នឹងទំនៀមទម្លាប់ប្រពៃណីរបស់​មនុស្សត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ជាងច្បាប់ឬក្រឹត្យវិន័យ​របស់ព្រះជាម្ចាស់ទៅទៀតហើយដោយសារតែរឿងនេះអស់អ្នកទាំងឡាយណាដែលស្មោះស្ម័គ្រនឹងបញ្ញត្តិរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើទុក្ខបៀតបៀន។ដោយសារតែភាពស្មោះស្ម័គ្ររបស់ទ្រង់ចំពោះព្រះជាម្ចាស់ទ្រង់ត្រូវបានគេចោទប្រកាន់ថាជាអ្នកប្រព្រឹត្តិរំលងនិងជាអ្នកប្រមាថមាក់ងាយថ្ងៃបរិសុទ្ធ។ពួកគេនិយាយថាទ្រង់មានអារក្សនៅក្នុងអង្គទ្រង់ហើយក៏បដិសេធមិនទទួលទ្រង់ដោយនិយាយថា ទ្រង់ជាសាតាំង។ ដូចគ្នាដែរ សាវ័ករបស់ទ្រង់ក៏ត្រូវបានគេចោទប្រកាន់និងធ្វើខុសពីការពិត។ សាតាំងសង្ឃឹមនឹង​ប្រើការចោទប្រកាន់និងការធ្វើទុក្ខបៀតបៀនទាំងនេះដើម្បីនាំគ្រីស្ទានដែលស្មោះត្រង់ឲ្យចូលទៅក្នុងអំពើបាប ហើយនាំឲ្យមានភាពអាម៉ាស់ដល់ព្រះជាម្ចាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៥៖២១-៤៣

ខចងចាំ៖​​ «ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ»។ រ៉ូម ៣:២៦

Powered by CAM