​​ ថ្ងៃអាទិត្យ ទី៩​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះហឫទ័យ​អត់ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវនាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សងសឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី។ លូកា ១៨:៧

អំណានប្រចាំថ្ងៃ៖ ​ចូរកុំខឹង នៅពេលដែលមនុស្សប្រព្រឹតខុសចំពោះអ្នក

ព្រះយេស៊ូវបានពិពណ៌នាអំពីចៅក្រមនៅក្នុងរឿងប្រៀបប្រដូចថាជាអ្នកដែលមិនគោរពកោតខ្លាចដល់ព្រះជាម្ចាស់ ហើយក៏គាត់មិនគោរពដល់ប្រជារាស្ត្រដែរ។ ទ្រង់បានផ្តល់ការពិពណ៌នាបែបនេះដើម្បីបង្ហាញពីឫកពារបស់ពួកចៅក្រមនៅសម័យនោះ ហើយនឹងបង្ហាញពីរបៀបដែលគេប្រព្រឹត្តិចំពោះទ្រង់នៅពេលដែលគេកាត់ក្តីទ្រង់។ ព្រះយេស៊ូវចង់ឲ្យរាស្ត្ររបស់ទ្រង់យល់ដឹងថាពួកគេមិនត្រូវពឹងលើពួកចៅក្រមនិងមេដឹកនាំនៅលើផែនដីឲ្យមកជួយពួកគេឡើយនៅពេលដែលពួកគេត្រូវបានចោទប្រកាន់ពីបទណាមួយ។ ជារឿយៗកូនចៅរបស់ព្រះជាម្ចាស់​ត្រូវតែឈរនៅចំពោះមុខពួកមនុស្សនៅក្នុងតំណែងខ្ពង់ខ្ពស់មនុស្សទាំងនេះមិនជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយក៏មិនធ្វើតាមដំបូន្មាននៃព្រះបន្ទូលនោះដែរតែពួកគេសុខចិត្តធ្វើតាមចិត្តចង់របស់ពួកគេ។ នៅក្នុងរឿងប្រៀបប្រដូចនៃចៅក្រមអយុត្តិធម៌ព្រះយេស៊ូវបានបង្ហាញនូវអ្វីដែលយើងត្រូវធ្វើ។ ចំណែកព្រះវិញដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ដល់ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី?លូកា ១៨ៈ៧។ ព្រះយេស៊ូវដែលជាតួអង្គគំរូរបស់យើងមិនបានធ្វើអ្វីដើម្បីការពារឬក៏រំដោះអង្គទ្រង់ឡើយ។ ទ្រង់ថ្វាយរឿងរ៉ាវឬបញ្ហារបស់ទ្រង់ទៅឯព្រះជាម្ចាស់។ សាវ័ករបស់ព្រះយេស៊ូវមិនត្រូវចោទ​ប្រកាន់ឬផ្តន្ទាទោសឬក៏អាងបង្ខំដើម្បីរំដោះខ្លួនពួកគេឡើយ។

យើងមិនត្រូវឲ្យការប្រព្រឹត្តិដោយអយុត្តិធម៌មកបំផ្លាញសេចក្តីសុខសាន្តរបស់យើងឡើយ។ តែយ៉ាងណាក៏ដោយគេអាចប្រព្រឹត្តិអំពើអយុត្តិធម៌មកលើយើងដែរ ចូរកុំខឹង។ កាលណាយើងគិតអំពីការសងសឹកនោះ​គឺយើង​ធ្វើទុក្ខដល់ខ្លួនយើងហើយ។ យើងបំផ្លាញសេចក្តីទុកចិត្តរបស់ខ្លួន​ឯងចំពោះ​ព្រះជាម្ចាស់ ហើយនាំសេចក្តីសោកសៅឲ្យព្រះវិញ្ញាណបរិសុទ្ធទៅវិញទេ។យើងមានអ្នកនាំសារមកពីនគរឋានសួគ៌ដែលឈរនៅខាងយើងធ្វើជាសាក្សីហើយអ្នកនាំសារនោះនឹងប្តឹងពីសត្រូវនោះឲ្យយើង។ អ្នកនាំសារនឹងផ្តល់សេចក្តីសុខសាន្តរបស់ព្រះយេស៊ូវមកឲ្យយើងគឺជាសេចក្តីសុខសាន្តដែលសុចរិត។ ព្រះជាម្ចាស់ផ្តល់ខែលនៃពន្លឺ ដែលសាតាំងមិនអាចចាក់ទម្លុះបាន។ខណៈពេលដែលលោកិយកាន់តែអាក្រក់ទៅៗយើងមិនត្រូវគិតថាយើងនឹងគ្មានការលំបាកនោះឡើយ។ ការលំបាកនានាដែលកើត​មានចំពោះ​យើងត្រូវធ្វើឲ្យយើងអធិស្ឋានទៅព្រះជាម្ចាស់ហើយស្វែងរកការប្រឹក្សាពីព្រះជាម្ចាស់ដែលទ្រង់មានចំណេះប្រាជ្ញាដែលគ្មានទីបញ្ចប់។ ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្តីទុក្ខលំបាក។ ទំនុកតម្កើង ៥០ៈ១៥។ ទ្រង់ឲ្យយើងទូលប្រាប់ទ្រង់អំពីការលំបាកនិងសេចក្តីត្រូវការនានាហើយនិងចង់ឲ្យទ្រង់ជួយ។ តាមរយៈ​ការអធិស្ឋានរបស់យើង យើងបង្ហាញឲ្យឃើញថា យើងមានសេចក្តីជំនឿទៅលើព្រះជាម្ចាស់យ៉ាងមុតមាំ។ នៅពេលដែលយើងដឹងពីសេចក្តីត្រូវការរបស់យើង យើងគួរតែអធិស្ឋានឲ្យអស់ពីចិត្ត នោះព្រះវរបិតារបស់យើងដែលគង់នៅឯនគរឋានសួគ៌ទ្រង់នឹងឆ្លើយតបនឹងសំណើរបស់យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖១-៦

ខចងចាំ៖​​ «ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយដោយ​សេចក្តី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១

Powered by CAM