ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថានជាដីប្រៃឥតមានអ្នកណានៅវិញ ។ យេរេមា ១៧:៥-៦
អំណានប្រចាំថ្ងៃ៖ ការរស់ដើម្បីខ្លួនឯង គឺជាការបំផ្លាញជីវិតខ្លួនឯង
មិនថាវាទៅជាយ៉ាងណានោះទេមនុស្សរាល់គ្នាដែលរស់នៅដើម្បីខ្លួនឯងគឺគេខ្ជះខ្ជាយជីវិតខ្លួនឯង។ គេខ្ជះខ្ជាយឆ្នាំដ៏មានតម្លៃខ្ជះខ្ជាយថាមពលចិត្តនិងគំនិត ហើយនិងព្រលឹង ហើយធ្វើការងារដើម្បីបំផ្លាញខ្លួនឯងជារៀងរហូត។ កាលណាមនុស្សឃ្លាតឆ្ងាយពីព្រះជាម្ចាស់ដើម្បីឲ្យគេអាចបម្រើខ្លួនឯងគាត់បានក្លាយទៅជាខ្ញុំកញ្ជះនៃការចង់បានទ្រព្យនិងការសប្បាយ។ ព្រះជាម្ចាស់បានបង្កើតយើងឲ្យធ្វើជាគូកនរបស់ពពួកទេវតា ប៉ុន្តែកាលណាខ្លួនគ្រប់គ្រងនោះយើងមិនគ្រាន់បើជាងពពួកសត្វប៉ុន្មានទេ គឺដោយការធ្វើបែបនេះហើយដែលនាំឲ្យមានការបម្រើខ្លួនឯងនោះ។
បើសិនជាអ្នកបានជ្រើសរើសជីវិតបែបនោះហើយអ្នកដឹងថាអ្នកកំពុងតែចំណាយលុយទៅលើអ្វីដែលមិននាំឲ្យមានសុខភាពល្អ ហើយធ្វើការអ្វីដែលធ្វើឲ្យមិនចេះស្កប់ចិត្តបានយូរអង្វែង។ គង់តែមានពេលដែលអ្នកដឹងពីភាពអាប់ឱនរបស់អ្នកជាមិនខាន។ អ្នកមានអារម្មណ៍វេទនានិងយំដោយក្តីអស់សង្ឃឹមតែឯកឯងនៅក្នុងស្រុកដ៏សែនឆ្ងាយ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួចពីតួសេចក្តីស្លាប់នេះទៅបាន?» រ៉ូម៧ៈ២៤ ហោរាយេរេមា និយាយនូវឃ្លាមួយដែលតែងតែជាការពិតនោះថា «ត្រូវបណ្តាសាហើយអ្នកណាដែលទីពឹងដល់មនុស្សហើយយកសាច់ឈាមជាដៃរបស់ខ្លួនជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា។ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថានជាដីព្រៃឥតមានអ្នកណានៅវិញ»។ (យេរេមា១៧ៈ៥,៦) ព្រះជាម្ចាស់ ទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើងបំភ្លឺទាំងមនុស្សអាក្រក់និងមនុស្សល្អ ហើយទ្រង់បង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិតផង (ម៉ាថាយ៥ៈ៤៥) ប៉ុន្តែមនុស្សមានអំណាចបដិសេធព្រះពររបស់ព្រះជាម្ចាស់បាន។ ដូច្នេះខណៈពេលដែលមនុស្សគ្រប់គ្នាអាចទទួលសេចក្តីស្រឡាញ់និងព្រះគុណរបស់ព្រះជាម្ចាស់ដោយសេរីយើងអាចញែកខ្លួនចេញឆ្ងាយពីអ្នកនោះហើយរស់នៅដូចជាយើងនៅក្នុងទីរហោស្ថានដែលស្ងួតហួតហែង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖៣៥-៤៥
ខចងចាំ៖ «ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយព្រះបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមកដោយសេចក្តីសប្បុរស»។ យេរេមា ៣១:៣