​​ ថ្ងៃពុធ ទី៣​​ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មក ដោយ​សេចក្តី​សប្បុរស។ យេរេមា ៣១:៣

អំណានប្រចាំថ្ងៃ៖ ​អ្នកដែលបាត់បង់ ឬវង្វេង ក៌ព្រះនៅតែស្រឡាញ់

ព្រះជាម្ចាស់មិនឈប់ស្រឡាញ់អ្នកដែលសម្រេចចិត្តដើរចេញពីទ្រង់ឡើយ ហើយទ្រង់ធ្វើការដើម្បីនាំយកអ្នកនោះមកឯទ្រង់វិញ។ តាមរយៈការឈឺចាប់របស់កូនប្រុសដែលវង្វេង គេដឹងពីសេចក្តីត្រូវការរបស់គេហើយ។ អំណាចរបស់សាតាំងដែលមានមកលើគេនោះត្រូវបានបែកបាក់ហើយ។ ឥឡូវគេបានដឹងហើយថា ការឈឺចាប់របស់គេបណ្តាលមក​ពីកំហុស​របស់​ខ្លួនឯង។

នៅពេលដែលគេស្រេកឃ្លានខ្លាំង គេគិតថាគេអាចស្លាប់ គេចាប់ផ្តើមនឹកឃើញអំពីអ្នកបម្រើដែលឪពុករបស់គេជួលមកថាអ្នកទាំងនោះមានអាហារគ្រប់គ្រាន់តាមដែលគេត្រូវការ។ ការឈឺចាប់របស់គេ​ធ្វើឲ្យគេនឹកចាំពីសេចក្តីស្រឡាញ់របស់ឪពុកគេហើយគេក៏បានសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់ឪពុកគេវិញ។ គឺជាសេចក្តីស្រឡាញ់នោះហើយដែលធ្វើឲ្យគេត្រឡប់ទៅផ្ទះវិញនោះ។ ដូចគ្នាចំពោះអ្នកមានបាបដែលបានលន់តួទោសដែរដែលមានការធានាដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គេបានត្រឡប់ទៅឯព្រះជាម្ចាស់។ សេចក្តីសប្បុរសនៃព្រះទាញនាំឲ្យអ្នកបានប្រែចិត្ត។ រ៉ូម២ៈ៤។ មនុស្សម្នាក់ៗដែលបដិសេធមិនទទួលព្រះជាម្ចាស់គឺត្រូវបានហុ៊មព័ទ្ធទៅ​ដោយសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជា​ម្ចាស់​មានបន្ទូលថា «អើអញបានស្រឡាញ់ឯងដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមកដោយសេចក្តីសប្បុរស»។ (យេរេមា ៣១ៈ៣)

កូនប្រុសនោះតាំងចិត្តសារភាពទោសកំហុសរបស់ខ្លួន។ វានឹងទៅ​ឯ​ឪពុកវានិយាយថា «លោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនិងលោកឪពុកមែន។ ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ»។ ហើយ​បន្ទាប់​មកវាបង្ហាញឲ្យឃើញថាវាពិតជាមិនយល់អំពីសេចក្តីស្រឡាញ់របស់ឪពុកវាក៏និយាយទៅកាន់គាត់ថា «សូមទទួលខ្ញុំទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ»។ លូកា ១៥ៈ១៨,១៩

កម្លោះម្នាក់នេះចាកចេញពីការងារថែជ្រូកនិងឲ្យចំណីអាហារជ្រូកហើយចាប់ផ្តើមធ្វើដំណើរទៅផ្ទះ។ ទាំងរញីរញ័រដោយខ្សោយ​អស់កម្លាំងនិងសន្លប់បណ្តាលមកពីភាពអត់ឃ្លានវាខំដើរទៅផ្ទះ។ វាមិនមានអ្វីគ្រប​បាំងសម្លៀកបំពាក់រយីករយាកឡើយ ប៉ុន្តែការឈឺចាប់របស់វាបានធ្វើឲ្យវាបាក់អំនួតហើយវាក៏ប្រញាប់ប្រញាល់ចូលទៅក្នុងផ្ទះដែលជាកន្លែងដែលខ្លួនវាគឺជាកូនម្ចាស់ផ្ទះដើម្បីទៅសុំធ្វើជាអ្នកបម្រើ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖៤៦-៥២

ខចងចាំ៖​​ «ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មកដោយ​សេចក្តី​សប្បុរស»។ យេរេមា ៣១:៣

Powered by CAM