​​ ថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះអម្ចាស់​ទ្រង់​បាន​ប្រោស​ខ្ញុំ​យ៉ាង​ដូច្នេះ ក្នុង​គ្រា​ដែល​ទ្រង់​ទត​មក​ខ្ញុំ ដើម្បី​នឹង​ដោះ​សេចក្តី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ នៅ​កណ្តាល​មនុស្ស​ចេញ។ លូកា ១៥:២៥

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវអាណិតអាសូរអស់អ្នកដែលគោរពកោតខ្លាចទ្រង់

កាលពីកំលោះម្នាក់នេះចាកចេញពីផ្ទះឪពុកវាដំបូងវារំភើបចិត្តចំពោះជីវិតផ្សងព្រេងរបស់វាណាស់វាគ្មានគំនិតអំពីការឈឺចាប់ដែលវាបានបន្សល់ទុកឲ្យឪពុកវាឡើយ។ នៅពេលដែលវារាំរែកនិងសុីផឹកជាមួយនិងពួកគូកនអ្នកលេង វាបានគិតពីភាពសោកសៅដែលមាននៅក្នុងគ្រួសារ ដោយសារតែទង្វើរបស់វានោះតិចតួចណាស់។ ហើយឥឡូវខណៈពេលដែលវាដើរនៅតាមផ្លូវទៅផ្ទះទាំងសោកសៅវាមិនបានគិតដល់មនុស្សម្នាក់ដែលកំពុងតែមើលផ្លូវវាត្រឡប់មកផ្ទះនោះឡើយ។ ឪពុកវាដែលកំពុងតែអត់ធ្មត់មើលផ្លូវរបស់វាមើលកូនគាត់ស្គាល់ ខណៈពេលដែលវានៅឆ្ងាយពីគាត់នៅឡើយ។កាលណាស្រឡាញ់មើលឆាប់ឃើញណាស់។ មិនថាឥទ្ធិពលនៃអំពើបាបអាចលាក់បាំងកូនប្រុសពីក្រសែភ្នែករបស់ឪពុកយូរប៉ុនណានោះឡើយគាត់នៅតែមើលឃើញកូនជានិច្ច។ គាត់មានក្តីអាណិតមេត្តាហើយ​រត់ទៅឱបក្រ​សោបកូនថ្នមៗនិងយ៉ាងយូរ។

ឪពុកក៏ឆាប់ដោះអាវធំដ៏មានតម្លៃរបស់គាត់ដើម្បី្រគបបាំងសម្លៀកបំពាក់រយីករយាករបស់កូនប្រុសគាត់ដើម្បីកុំឲ្យមានគេសើចចំអកឡកឡឺយឲ្យកូនគាត់។ ទឹកភ្នែកកូនប្រុសក៏ហូរមកពេលដែលកូននោះនិយាយសូមឲ្យឪពុកលើកលែងទោសឲ្យ។

«លោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ»។ លូកា១៥ៈ២១ ឪពុកក៏ឱប​កូន​យ៉ាងណែនហើយនាំកូននោះមកផ្ទះ។ ឪពុកមិនបានទុកពេលឲ្យកូនសុំធ្វើជាអ្នកបម្រើនៅក្នុងផ្ទះគាត់ឡើយ។ វាគឺជាកូនប្រុសរបស់គាត់​ដែលត្រូវមានកិត្តិយសបំផុតដែលឪពុកអាចផ្តល់ឲ្យ ហើយជាមនុស្សម្នាក់ដែលអ្នកបម្រើត្រូវគោរពនិងបម្រើ។

ឪពុកប្រាប់ទៅពួកបាវគាត់ថា «ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកផង។ រួចយកកូនគោដែលបំប៉នមកសម្លាប់ចុះយើងនឹងបរិភោគឲ្យសប្បាយចិត្តដ្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញ។ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»។ លូកា១៥ៈ២២-២៤

កាលពីកូនប្រុសដែលវង្វេងនោះនៅតូចវាគិតថាឪពុករបស់វាគឺជាមនុស្សដែលកាចឬតឹងរឹង។ ឥឡូវវាបានឃើញសេចក្តីស្រឡាញ់ដែលឪពុកវាតែងតែមានចំពោះកូនហើយ។ ចំពោះអស់អ្នកដែលត្រូវបានសាតាំងបោកបញ្ឆោតក៏ដូចគ្នាដែរ ពួកគេមើលទៅឯព្រះជាម្ចាស់ហាក់ដូចជាតឹងរឹងហើយមុឺងម៉ាត់។ ពួកគេគិតថាព្រះជាម្ចាស់កំពុងតែរិះគន់និងផ្តន្ទាពួកគេហើយថាទ្រង់ជាព្រះដែលមិនចេះលើកលែងទោសហើយរកពាក្យដោះសាមិនព្រមជួយ។ ពួកគេគិតថា ច្បាប់របស់ព្រះជាម្ចាស់ធ្វើមិនឲ្យពួកគេមានសុភមង្គល​ហើយពិបាកនឹងធ្វើតាមណាស់។ ពួកគេចង់បានពាក្យដោះសាដើម្បីមិនធ្វើតាមឬរក្សាច្បាប់របស់ព្រះ។ ប៉ុន្តែ មនុស្សណាដែលភ្នែកត្រូវបានបើកដោយសារសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនឹងឃើញព្រះជាម្ចាស់ថា ទ្រង់​ពោរពេញ​ទៅដោយក្តីអាណិតអាសូរ។ ទ្រង់មិនមានលក្ខណៈជាព្រះដែលប្រើអំណាចផ្តាច់ការមិនមែនជាព្រះដែលមិនចេះលើកលែងទោសនោះឡើយ ប៉ុន្តែ មានលក្ខណៈជាឪពុកដែលចង់ឱបក្រសោប​កូនប្រុសដែលចេះលន់តួទោសកំហុសរបស់ខ្លួន។ អ្នកមានបាបនឹងនិយាយជាមួយអ្នកតែងកំណាព្យក្នុងទំនុកតម្កើងថា «ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ»។ ទំនុកតម្កើង១០៣ៈ១៣

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១១៖១-១១

ខចងចាំ៖​​ «ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មកដោយ​សេចក្តី​សប្បុរស»។ យេរេមា ៣១:៣

Powered by CAM