​​ ថ្ងៃសុក្រ ទី៥​​ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់​ទៅ ហើយ​បាន​ឃើញ​មក​វិញ នោះ​គេ​ក៏​បរិភោគ​សប្បាយ​ទាំង​អស់​គ្នា​ទៅ។ លូកា ១៥:២៤

អំណានប្រចាំថ្ងៃ៖ ​ចូរត្រឡប់មកឯខ្ញុំវិញ ពីព្រោះខ្ញុំបានទិញ ឬលោះអ្នកក្នុង​តម្លៃ​ខ្ពស់

នៅក្នុងរឿងប្រៀបប្រដូចនេះឪពុកមិនបានរំឭកកូនប្រុសអំពីអំពើអាក្រក់ដែលវាបានប្រព្រឹត្តិនោះទេ។ កូនប្រុសនោះមានអារម្មណ៍ថា រឿងកាលពីអតីតកាលត្រូវបានលើកលែងឲ្យហើយ ហើយត្រូវបានបំភ្លេចចោល​ជារៀងរហូត។ ដូច្នេះហើយព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកមានបាប​ថា «អញបានលុបអំពើរំលងរបស់ឯងចេញដូចជាពពកយ៉ាងក្រាស់និងអំពើបាបឯងដូចជាពពកផង»។ អេសាយ៤៤ៈ២២។ «ព្រោះអញនឹងអត់ទោស​ចំពោះអំពើទុច្ចរិតរបស់គេ ហើយនឹងលែងនឹកចាំពីអំពើបាបគេទៀតជាដរាបទៅ»។ យេេរមា៣១ៈ៣៤។ «ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់​មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នាដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ»។ អេសាយ៥៥ៈ៧។ «នៅគ្រានោះគឺនៅវេលានោះឯងគេនឹងរកសេចក្តីទុច្ចរិតរបស់ពួកអុីស្រាអែលតែនឹងមិនប្រទះទេ ហើយរកអំពើបាបរបស់ពួកយូដាតែនឹងមិនឃើញឡើយពីព្រោះអញនឹងអត់ទោសដល់ពួកអ្នកដែលអញទុកឲ្យសល់នៅ»។ យេរេមា៥០ៈ២០។

នៅក្នុងខទាំងនេះយើងត្រូវបានធានាអំពីព្រះជាម្ចាស់យល់ព្រមទទួលយកអ្នកមានបាបដែលបានលន់តួទោស។ តើអ្នកដែលជាអ្នកអាន​បាន​ជ្រើសរើសផ្លូវរបស់ខ្លួនហើយឬនៅ? តើអ្នកធ្លាប់បានដើរចេញឆ្ងាយពីព្រះជាម្ចាស់ទេ? តើអ្នកសប្បាយចិត្តនឹងរស់នៅក្នុងអំពើបាបហើយឃើញតែអំពើបាបបណ្តាលឲ្យមានការឈឺចាប់តែម៉្យាងឬ? ហើយឥឡូវនេះលុយកាក់របស់អ្នក​អស់ទៅ ហើយផែនការសម្រាប់ជីវិតអ្នកបានបរាជ័យ សេចក្តីសង្ឃឹមរបស់​អ្នកក៏រលត់បាត់? តើអ្នកអង្គុយតែម្នាក់ឯងហើយមិនមានសង្ឃឹមឬ? សំឡេងដែលបាននិយាយមកកាន់ចិត្តរបស់អ្នកតែអ្នកបានបដិសេធមិនព្រមស្តាប់នោះគឺកំពុងតែនិយាយទៅកាន់ចិត្តអ្នកម្តងទៀតថា «ចូរក្រោកឡើងហើយចេញទៅចុះដ្បិតនេះមិនមែនជាទីឲ្យឯងរាល់គ្នាបានសម្រាកនៅទេ»។ មីកា២ៈ១០ ចូរត្រឡប់ទៅផ្ទះឪពុករបស់ឯងវិញចុះ។ ទ្រង់បានហៅអ្នកដោយមានព្រះបន្ទូលថា «ចូរវិលមកឯអញវិញ ពីព្រោះអញបានលោះឯងហើយ»។ អេសាយ៤៤ៈ២២

ចូរកុំស្តាប់គំនិតយោបល់របស់សត្រូវដែលឲ្យនៅឆ្ងាយពីព្រះយេស៊ូវអី ទាល់តែអ្នកធ្វើខ្លួនឲ្យល្អប្រសើរ ទាល់តែអ្នកល្អគ្រប់គ្រាន់ដើម្បីមកឯព្រះជាម្ចាស់បាន។ បើសិនជាអ្នករង់ចាំដល់ពេលនោះ នោះអ្នកនឹងមិនអាចមក​បាន​ទេ។ នៅពេលដែលសាតាំងរំឭកអ្នកអំពីអំពើបាបរបស់អ្នកនិយាយសេចក្តីសន្យារបស់ព្រះយេស៊ូវឡើងវិញថា «អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិន​ដែល ចោល​ទៅក្រៅឡើយ»។ យ៉ូហាន៦ៈ៣៧ ចូរប្រាប់សត្រូវថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទសំអាតពីគ្រប់អំពើបាបទាំងអស់។ ចូរយកសេចក្តីអធិស្ឋាន របស់ស្តេចដេវីឌមកធ្វើជាសេចក្តីអធិស្ឋានរបស់អ្នកចុះ សូមជម្រះទូលបង្គំដោយមែកហុីសុ៊បនោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ។ ទំនុកតម្កើង៥១ៈ៧។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១១៖១២-៣៣

ខចងចាំ៖​​ «ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មកដោយ​សេចក្តី​សប្បុរស»។ យេរេមា ៣១:៣

Powered by CAM