​​ ថ្ងៃសៅរ៍ ទី៦​​ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​ក៏​បង្គាប់​ដល់​ពួក​ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ថា ចូរ​ដោះ​សំលៀកបំពាក់​កខ្វក់​ពី​លោក​ចេញ រួច​ទ្រង់​មាន​ព្រះបន្ទូល​ដល់​លោក​ថា មើល អញ​បាន​លើក​ចោល​អំពើ​ទុច្ចរិត​ពី​ឯង​ចេញ​ហើយ អញ​នឹង​ប្រដាប់​ខ្លួន​ឯង ដោយ​សំលៀកបំពាក់​ដ៏​រុងរឿង​វិញ ។ សាការី ៣:៤

អំណានប្រចាំថ្ងៃ៖ ​ចូរបែរទៅរកព្រះជាម្ចាស់ នោះទ្រង់នឹងបែរមករកអ្នក

ចូរក្រោកឡើងហើយ​ទៅ​ឯព្រះវរបិតារបស់អ្នក។ ទ្រង់នឹងជួបអ្នកខណៈពេលដែលអ្នកនៅឆ្ងាយនៅឡើយ។ បើសិនជាអ្នកបោះជំហាន​តែ១​ជំហានទៅសារភាពចំពោះទ្រង់ទ្រង់នឹងយាងទៅក្រសោបអ្នកនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់ដែលគ្មានទីបញ្ចប់។ ទ្រង់បើកព្រះកាណ៌ស្តាប់ដល់អ្នកមានបាបដែលដឹងកំហុសរបស់ខ្លួន។ ខណៈពេលដែលអ្នកមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ទ្រង់ដឹង។ នៅពេលណាដែលមនុស្សអធិស្ឋានមិនថាការអធិស្ឋាននោះសាមញ្ញប៉ុនណាទេ នៅពេលណាដែលមនុស្សបង្ហូរទឹកភ្នែកទោះបីដោយលាក់កំបាំងក៏ដោយ នៅពេលណាដែលចិត្តមនុស្សចង់ស្គាល់ព្រះជាម្ចាស់ ទោះបីការចង់នោះតិចតួចក៏ដោយ ក៏ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចេញទៅជួបអ្នកនោះដែរ។

ព្រះវរបិតារបស់អ្នកដែលគង់នៅនគរឋានសួគ៌នឹងដកយកសម្លៀកបំពាក់ដែលខូចដោយសារតែអំពើបាបចេញពីអ្នក។ នៅក្នុងរឿងប្រៀបប្រដូចរបស់ហោរាដ៏ល្អមួយដែលលោកសាការីបាននិទាន អ្នកមានបាបគឺតំណាងឲ្យសម្តេចសង្ឃយូស្វេគង់ឈរនៅពីមុខទេវតានៃព្រះជាម្ចាស់ស្លៀកសម្លៀកបំពាក់កខ្វក់។ ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា«ចូរដោះសម្លៀកបំពាក់កខ្វក់ពីលោកចេញ។ រួចទ្រង់មានព្រះបន្ទូលដល់លោកថាមើលអញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយអញនឹងប្រដាប់ខ្លួនឯង ដោយសម្លៀកបំពាក់ដ៏រុងរឿងវិញ។ នោះខ្ញុំក៏ទូលថា សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង ដូច្នេះគេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោកផងព្រមទាំងប្រដាប់កាយឲ្យផង។ សាការី៣ៈ៤,៥ ដូចគ្នានេះដែរ ព្រះជាម្ចាស់នឹងស្លៀកសម្លៀកបំពាក់នៃសេចក្តីសង្គ្រោះឲ្យអ្នក ហើយគ្របបាំងអ្នកដោយអាវនៃសេចក្តីសុចរិតរបស់ទ្រង់។ (អេសាយ៦១ៈ១០) «ទោះបើអ្នករាល់គ្នាបានដេកនៅកណ្តាលក្រោលសត្វ គង់តែនឹងមានស្លាបដូចជាព្រាប ដែលស្រោបដោយប្រាក់ ហើយរោមក៏ស្រោបដោយមាសលឿង»។ ទំនុកតម្កើង៦៨ៈ១៣

«ទ្រង់បាននាំខ្ញុំទៅឯផ្ទះសុីលៀងហើយទង់របស់ទ្រង់ដែលនៅពីលើខ្ញុំគឺជាសេចក្តីស្រឡាញ់»។ (បទចម្រៀងសាឡូម៉ូន២ៈ៤) «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូល ដូច្នេះបើឯងនឹងដើរតាមផ្លូវរបស់អញហើយរក្សាបញ្ញើរបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញព្រមទាំងរក្សាទីលានរបស់អញផងហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ»។ (សាការី៣ៈ៧)

«ដ្បិតដែលមនុស្សកម្លោះយកស្រីក្រមុំធ្វើជាប្រពន្ធយ៉ាងណានោះពួកកូនប្រុសៗរបស់ឯងនឹងមករួមនឹងឯងយ៉ាងនោះដែរ»។ អេសាយ៦២ៈ៥។ «ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្តីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសម្រាកក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ក៏នឹងអរសប្បាយ​នឹងឯងដោយសំឡេងច្រៀង»។ សេផានា​ ៣ៈ១៧។ ហើយនគរឋានសួគ៌និងផែនដីត្រូវរួបរួមគ្នានៅក្នុងបទចម្រៀងនៃសេចក្តីរីករាយរបស់ព្រះវរបិតា «ដ្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញ»។ លូកា១៥ៈ២៤។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១២

ខចងចាំ៖​​ «ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មកដោយ​សេចក្តី​សប្បុរស»។ យេរេមា ៣១:៣

Powered by CAM