ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។ លូកា ១៥:៣២
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់បានផ្តល់ សម្រាប់សុភមង្គលរបស់មនុស្សគ្រប់គ្នា
អ្វីៗគ្រប់យ៉ាងដែលកូនគាត់ត្រូវការដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តគឺជារបស់ពួកគេរួចទៅ ហើយរបស់អស់ទាំងនោះត្រូវបានផ្តល់ទៅឲ្យពួកគេកាលពីពេលដែលឪពុកបានបែងចែកកេរមរតក។ កូនប្រុសមិនចាំបាច់សួរអំពីអំណោយឬក៏រង្វាន់អ្វីទេ។
«ឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរ»។ អ្នកមានតែជឿលើសេចក្តីស្រឡាញ់របស់ខ្ញុំតែប៉ុណ្ណោះ ហើយទទួលយកអំណោយដែលត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃនោះទៅ។
មានពេលម្តងនោះកូនប្រុសម្នាក់បានផ្តាច់ខ្លួនចេញពីក្រុមគ្រួសារដោយមិនយល់ពីសេចក្តីស្រឡាញ់របស់ឪពុក។ ប៉ុន្តែ ឥឡូវនេះគេបានត្រឡប់មកវិញហើយ ហើយភាពដែលមានអំណោយបានធ្វើឲ្យពួកគេភ្លេចពីអនុស្សាវរីយ៍នៃការឈឺចាប់។ «ពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយ»។ លូកា១៥ៈ៣២
តើកូនប្រុសច្បងត្រូវបានណែនាំឲ្យឃើញពីចរិតកាចឃោរឃៅមិនចេះដឹងគុណរបស់ខ្លួនដែរឬទេ? តើគាត់យល់ដែរទេថា ទោះបីជាប្អូនប្រុសរបស់គាត់ប្រព្រឹត្តិអាក្រក់យ៉ាងណាក៏ដោយក៏នៅតែជាប្អូនប្រុសរបស់គាត់ដដែល? តើបងប្រុសបានសារភាពពីភាពច្រណែននិងចិត្តរឹងរូសដែរឬទេ?ព្រះយេស៊ូវមិនបានផ្តល់ចម្លើយឲ្យយើងនូវសំណួរទាំងនេះទេ។ នេះគឺជារឿងប្រៀបប្រដូចដែលគេនៅតែយកមកសម្តែងហើយអស់អ្នកដែលកំពុងតែស្តាប់និងតំណាងឲ្យបងប្រុសត្រូវតែសម្រេចថាចម្លើយជាអ្វី។
កូនប្រុសច្បងតំណាងឲ្យពួកសាសន៍យូដាដែលមិនសារភាពឬលន់តួទោសដែលជាអ្នករស់នៅក្នុងសម័យកាលព្រះយេស៊ូវ ហើយក៏ជាអ្នកគ្រីស្ទានដែលមានលក្ខណៈដូចជាពួកផារីសុី ដែលគ្មានសេចក្តីស្រឡាញ់ចំពោះអ្នកទារពន្ធនិងអ្នកមានបាប។ ពីព្រោះពួកគេមិនបានប្រព្រឹត្តិបាបច្រើនដូចប្អូនៗប្រុសខ្លួន ពួកគេគឺពោរពេញទៅដោយភាពសុចរិត។
ព្រះយេស៊ូវបានដោះស្រាយជាមួយពួកអ្នកបង្កបញ្ហាទាំងនេះទៅតាមវិធីដែលអាចធ្វើឲ្យពួកគេយល់។ ដូចជាកូនប្រុសនៅក្នុងរឿងប្រៀបប្រដូចដែរ ដែលពួកគេបានរីករាយនឹងសិទ្ធិពិសេសដែលពួកគេទទួលបានពីព្រះជាម្ចាស់។ ពួកផារីសុីនិងពួកគ្រូអាចារ្យបានតាំងខ្លួនធ្វើជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេបែរជារស់នៅដូចពួកកម្មករដែលសុីឈ្នួលព្រះជាម្ចាស់ទៅវិញ។ ហេតុផលតែ១គត់ដែលពួកគេខំធ្វើការនោះគឺដើម្បីរង្វាន់មិនមែនដោយសេចក្តីស្រឡាញ់និងភក្តីភាពចំពោះព្រះជាម្ចាស់នោះទេ។ នៅក្នុងចិត្តគំនិតរបស់ពួកគេពួកគេគិតថា ការទាមទាររបស់ព្រះជាម្ចាស់នោះពិបាកហើយមានការបង្ខិតបង្ខំ។ ពួកគេបានឃើញព្រះយេស៊ូវផ្តល់អំណោយសេចក្តីមេត្តាករុណាឬការអនុគ្រោះដល់អ្នកយកពន្ធនិងអ្នកមានបាបដោយមិនគិតថ្លៃការខិតខំធ្វើការដើម្បីឲ្យបានអំណោយដូចគ្នានេះហើយដែលបានធ្វើឲ្យពួកគេមិនសប្បាយចិត្ត។ ការវិលត្រឡប់មកវិញរបស់កូនប្រុសដែលវង្វេងដែលបានធ្វើឲ្យឪពុកសប្បាយចិត្តយ៉ាងខ្លាំងនោះបានធ្វើឲ្យពួកគេកើតមានចិត្តច្រណែននិងខឹងសម្បា។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៤
ខចងចាំ៖ «គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ»។ លូកា ១៥:៣២