ថ្ងៃសៅរ៍ ទី៣ មីនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូល៉ុស១:១៦-១៨, ហេព្រើរ៤:១៤-១៦, យ៉ូហានទី៣ ខ៣ លោកុប្បត្តិ៦:១៣-១៨ វិវរណៈ១៤:៦-១២។
ខចងចាំ៖ «ដ្បិតព្រះមិនបានហៅយើងរាល់គ្នា មកក្នុងសេចក្តីស្មោកគ្រោកទេ គឺមកក្នុងសេចក្តីបរិសុទ្ធវិញ» (ថែស្សាឡូនីចទី១ ៤:៧)។
ព្រះទ្រង់បានជ្រើសរើសយើងរាល់គ្នាឲ្យមើលការខុសត្រូវលើរបស់ដែលព្រះអង្គផ្ទុកផ្តាក់ឲ្យយើងថែរក្សា។ ការងារនេះមិនមែនរាប់ត្រឹមតែការថែរក្សាទ្រព្យសម្បត្តិនិងចាត់ចែងលុយកាក់ដែលយើងមានប៉ុណ្ណឹងទេ។ វាជាការងាយនឹងយល់ច្រឡំអំពីអត្ថន័យនៃការធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អខ្លាំងណាស់។ យើងមិនអាចធ្វើជា គ្រីស្ទានបានឡើយប្រសិនបើយើងមិនបានធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អទេនោះ។ ហើយការងារព្រះវិហារក៏មិនអាចដំណើរការដោយរលូនបានដែរប្រសិនបើគ្មានការធ្វើការរួមគ្នាដើម្បីមើលថែលើរបស់គ្រប់យ៉ាងដែលព្រះអង្គបានប្រទានដល់យើងទេនោះ។
«ការមើលការខុសត្រូវដ៏ល្អលើរបស់ដែលព្រះទ្រង់បានប្រទានដល់យើងមិនមែនគ្រាន់តែជាគោលគំនិតមួយ ឬការបង្រៀនមួយបែបនោះទេ។ ផ្ទុយទៅវិញ វាគឺជាសេចក្តីស្រឡាញ់ដែលចេញជាសកម្មភាព។ ការធ្វើជាអ្នកចាត់ចែងដ៏ល្អគឺជាជំរើសមួយសំរាប់លោកអ្នក។ ជំរើសនេះរាប់បញ្ចូលទាំងការយល់ព្រមធ្វើការរបស់យើងជាមួយនឹងព្រះ និងមនុស្សដទៃដើម្បីថែរក្សាអំណោយទានរបស់ព្រះ។ ដើម្បីធ្វើជាអ្នកចាត់ចែងដ៏ល្អយើងត្រូវតែជ្រើសរើសផ្លាស់ប្តូរគ្រប់ផ្នែកនៃជីវិតរបស់យើង»។ ដកស្រង់ពី (LeRoy E. Froom, Stewardship Aspects, Mountain View: CA, Pacific Press®Publishing Association, 1929, page 5, adapted)។
តើអ្វីខ្លះគឺជាការបង្រៀនដ៏សំខាន់បំផុតអំពីការធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អ? សប្តាហ៍នេះយើងនឹងឆ្លើយសំណួរនេះ។ យើងក៏នឹងប្រើរូបស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍ដើម្បីជួយយើងឲ្យយល់អំពីរបៀបដែលការធ្វើជាអ្នកចាត់ចែងដ៏ល្អមានសារៈសំខាន់ចំពោះបទពិសោធន៍គ្រីស្ទានយ៉ាងណាផងដែរ។ ហើយរូបស័ព្ទដែលយើងនឹងលើកយកប្រើនោះគឺជាកង់។
ថ្ងៃអាទិត្យ ទី៤ មីនា ឆ្នាំ២០១៨
ព្រះយេស៊ូវគឺជាហេតុផលសំរាប់គ្រប់ការទាំងអស់ដែលយើងធ្វើ
ព្រះជាម្ចាស់បានប្រទានព្រះគម្ពីរទាំងមូលដើម្បីបង្ហាញព្រះយេស៊ូវដល់យើងរាល់គ្នា (យ៉ូហាន៥:៣៩)។ យើងរាល់គ្នាគឺជាអ្នកដើរតាមព្រះអង្គ។ ដូច្នេះ យើងត្រូវស្វែងយល់ថា ព្រះយេស៊ូវជាអ្នកណា និងព្រះអង្គបានធ្វើអ្វីខ្លះសំរាប់យើង។ ព្រះអង្គបានបង់ថ្លៃលោះបាបរបស់យើងនៅលើឈើឆ្កាង។ ជាការពិត ព្រះអង្គបានយាងមកដើម្បី «ឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង» (ម៉ាកុស១០:៤៥)។ ព្រះយេស៊ូវមានអំណាចទាំងអស់ទាំងលើនគរឋានសួគ៌ និងលើផែនដី (ម៉ាថាយ២៨:១៨)។ ហើយគ្រប់របស់ទាំងអស់សុទ្ធតែឋិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ (យ៉ូហាន១៣:៣)។ ព្រះនាមព្រះយេស៊ូវគឺខ្ពង់ខ្ពស់លើសអស់ទាំងនាមដទៃៗទៀត។ ហើយនៅថ្ងៃមួយ គ្រប់ៗគ្នានឹងលុតជង្គង់ចុះថ្វាយបង្គំព្រះយេស៊ូវ (ភីលីព២:៩-១១)។
អ្នកស្រីអេល្លែន ជី វ៉ៃត៍ប្រាប់យើងថា «ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់នៅនៅឡើយ។ ហើយព្រះអង្គគឺជាហេតុផលសំរាប់គ្រប់យ៉ាងដែលយើងធ្វើ» (ដកស្រង់ពីសៀវភៅ Evangelism, page 186, adapted)។
ព្រះយេស៊ូវគឺជាហេតុផលសំរាប់គ្រប់ការទាំងអស់ដែលយើងធ្វើ ដើម្បីបានក្លាយជាអ្នកចាត់ចែងដ៏ល្អ។ អំណាចរបស់យើងបានមកពីព្រះអង្គ។ ព្រះយេស៊ូវគឺជាហេតុផលដែលបញ្ជាក់ថាជីវិតរបស់យើងមានតំលៃ។ ហើយជីវិតរបស់យើងបង្ហាញប្រាប់គ្រប់គ្នាថាព្រះអង្គត្រូវតែជាទីមួយក្នុងចិត្តរបស់យើង។ លោកប៉ុលបានយល់ពីរឿងនេះច្បាស់ណាស់។ លោកបានឆ្លងកាត់បទពិសោធន៍ច្រើនណាស់ក្នុងជីវិត។ ប៉ុន្តែ លោកតែងតែនឹកចាំអំពីហេតុផលសំរាប់ការរស់នៅ៖ «ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ» (ភីលីព១:២១)។
សូមអានកូល៉ុស១:១៦-១៨, រ៉ូម៨:២១ និងកូរិនថូសទី២ ៥:១៧។ តើខទាំងនេះបង្ហាញយើងថាយើងត្រូវ តំកើងព្រះអង្គជាទីមួយក្នុងការដែលយើងធ្វើដោយរបៀបណា?
យើងនឹងមិនអាចធ្វើជាអ្នកចាត់ចែងលើអំណោយទានទាំងអស់ដែលព្រះអង្គបានប្រទានដល់យើងបានឡើយ លុះត្រាយើងយកព្រះអង្គជាទីមួយក្នុងជីវិតរបស់យើង (កាឡាទី២:២០)។ រួមសេចក្តីមក ព្រះយេស៊ូវគឺជាហេតុផលសំរាប់ជំនឿរបស់យើង «ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ» (ទីតុស២:១៣)។ ហើយ «ទ្រង់គង់នៅមុនទាំងអស់ ហើយរបស់ទាំងអស់ក៏ស្ថិតស្ថេរ ដោយសារទ្រង់» (កូល៉ុស១:១៧)។ ត្រង់នេះហើយដែលរូបស័ព្ទអំពីកង់រថភ្លើងត្រូវបានលើកយកមកពន្យល់អំពីរបៀបដែលព្រះយេស៊ូវមានសារៈសំខាន់ចំពោះជីវិតរបស់យើង។ នៅចំចំណុចកណ្តាលនៃកង់គឺមានដុំស្នូល។ ដុំស្នូលគឺជាភ្លៅរបស់កង់។ កង់ត្រូវបានតភ្ជាប់ដោយផ្នែកទាំងពីរខាងនៃភ្លៅនេះ។ ភ្លៅទទួលទំងន់សរុបនៃទូរថភ្លើង។ ហើយភ្លៅនេះក៏ជួយឲ្យកង់វិលដែរ។ ព្រះយេស៊ូវក៏ប្រៀបដូចជាភ្លៅនៃកង់រថភ្លើងដែលឋិតនៅចំកណ្តាលជីវិតរបស់យើងយ៉ាងដូច្នោះដែរ។ ព្រះអង្គគឺជាចំណុចកណ្តាលនៃជីវិតរបស់យើងដ៏រឹងមាំនិងឋិតឋេរ (ហេព្រើរ១៣:៨) នោះហើយជាមូលហេតុដែលព្រះយេស៊ូវមានបន្ទូលថា «បើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ» (យ៉ូហាន១៥:៥)។
តើលោកអ្នកអាចប្រាកដថាព្រះយេស៊ូវគឺជាចំណុចកណ្តាលនៃជីវិតរបស់យើងម្នាក់ៗដោយរបៀបណា?
ថ្ងៃច័ន្ទ ទី៥ មីនា ឆ្នាំ២០១៨
តើព្រះយេស៊ូវទ្រង់កំពុងធ្វើអ្វីសំរាប់យើងឥឡូវនេះ
តើលោកអ្នកដឹងទេថាកិច្ចការដែលព្រះយេស៊ូវធ្វើសំរាប់យើងនៅនគរឋានសួគ៌មានជាប់ទាក់ទិននឹងកិច្ចការរបស់អ្នកចាត់ចែងដ៏ល្អរបស់យើង? កិច្ចការដែលព្រះយេស៊ូវធ្វើឥឡូវនេះសំរាប់យើងក្នុងឋានសួគ៌មានសារៈសំខាន់ណាស់សំរាប់អ្វីដែលយើងជឿផងដែរ។ កិច្ចការរបស់អ្នកចាត់ចែងគឺជាផ្នែកមួយនៃអ្វីដែលយើងជឿដែរ។ ដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវក្នុងឋានសួគ៌ និងកិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែងមានជាប់ទាក់ទិននឹងគ្នា។ «សេចក្តីជំនឿរបស់យើងចាប់ផ្តើមពីការយល់ដឹងអំពីកិច្ចការរបស់ព្រះយេស៊ូវដែលកំពុងធ្វើនៅឋានសួគ៌នាពេលឥឡូវនេះ»។ ដកស្រង់ពី (Ellen G. White, Evangelism, page 221, adapted)។ ដូច្នេះ យើងឃើញថា វាជាការសំខាន់ណាស់ដើម្បីយល់អំពីរបៀបដែលកិច្ចការរបស់អ្នកចាត់ចែងស្របគ្នាទៅនឹងកិច្ចការរបស់ព្រះយេស៊ូវដែលធ្វើសំរាប់យើងនៅឋានសួគ៌។ ចូរយើងត្រឡប់ទៅគិតអំពីរូបស័ព្ទនៃកង់ម្តងទៀតដើម្បីឲ្យបានយល់កាន់តែច្បាស់។ ប៉ុន្តែលើកនេះយើងក្រឡេកមើលកង់រទេះក្នុងគំនិតរបស់យើងវិញ។ រទេះគឺជាយានដែលមានកង់ពីរ។ គេប្រើសេះដើម្បីអូសរទេះ។ មនុស្សលោកឈរលើរទេះ និងប្រើរទេះក្នុងការប្រឡងប្រណាំងនិងសង្រ្គាមក្នុងសម័យព្រះគម្ពីរ។ ព្រះគម្ពីរក៏បានចែងអំពីកង់រទេះក្នុងពង្សាវតារក្សត្រទី១ ៧:៣៣ ដែរ។
ឥឡូវនេះ ចូរយើងស្រមៃមើលថា ចំណុចកណ្តាលនៃកង់រទេះគឺជារូបស័ព្ទដែលពន្យល់ពីកិច្ចការព្រះយេស៊ូវធ្វើនៅឋានសួគ៌នាពេលឥឡូវនេះ។ ដុំកង់នេះគឺនៅកៀកជាប់នឹងភ្លៅ។ យើងរៀនពីម្សិលមិញថាកង់ទាំងពីរវិលជុំវិញភ្លៅកង់។ ភ្លៅជួយឲ្យកង់នៅជាប់នឹងរទេះ។ ហើយភ្លៅក៏ជួយរទេះមានសុវត្ថិភាពដែរ។ សេចក្តីសុគតរបស់ព្រះយេស៊ូវបានប្រទានឲ្យយើងនូវការគាំពារដូចគ្នានឹងភ្លៅកង់ដែលជួយដល់រទេះដែរ (ធីម៉ូថេទី២ ១:១០)។ សេចក្តីសុគតរបស់ព្រះអង្គជួយឲ្យសេចក្តីជំនឿរបស់យើងមានសុវត្ថិភាពល្មមឲ្យយើងមានការជឿទុកចិត្តលើព្រះជាម្ចាស់ (ហេព្រើរ៦:១៩, ២០)។
សូមអានយ៉ូហានទី១ ២:១, ហេព្រើរ ៤:១៤-១៦, វិវរណៈ១៤:៧។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីកិច្ចការរបស់ព្រះយេស៊ូវសំរាប់យើងនៅឋានសួគ៌ឥឡូវនេះ?
កិច្ចការរបស់ព្រះយេស៊ូវសំរាប់យើងឥឡូវនេះនៅឋានសួគ៌ជួយយើងឲ្យយល់ពីសេចក្តីពិតនៃផែនការរបស់ព្រះដើម្បីឲ្យរួចចេញពីបាបនិងយល់ពីសេចក្តីសន្យារបស់ព្រះអង្គដើម្បីធ្វើឲ្យយើងថ្មីឡើងវិញ។ ព្រះយេស៊ូវឥឡូវនេះធ្វើការសំរាប់យើងក្នុងទីបរិសុទ្ធបំផុតក្នុងព្រះវិហាររបស់ព្រះក្នុងឋានសួគ៌។ ក្នុងទីបរិសុទ្ធបំផុតយើងឃើញក្រឹត្យវិន័យរបស់ព្រះ និងកិច្ចការដែលព្រះទ្រង់ជាចៅក្រមរបស់យើង។ យើងឃើញសេចក្តីសន្យារបស់ព្រះដើម្បីសង្គ្រោះយើងដោយសារព្រះលោហិតនៃព្រះយេស៊ូវក្នុងក្រឹត្យវិន័យរបស់ព្រះនិងកិច្ចការរបស់ព្រះអង្គជាចៅក្រមសំរាប់យើងនេះឯង។ កិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែងត្រូវចង្អុលប្រាប់មនុស្សលោកឲ្យស្គាល់សេចក្តីពិតនៃផែនការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។
សូមអានហេព្រើរ៤:១៤-១៦។ តើយើងអាចទទួលបានសេចក្តីសង្ឃឹមអ្វីចេញពីកិច្ចការរបស់ព្រះយេស៊ូវនៅឋានសួគ៌សំរាប់យើងរាល់គ្នានាពេលឥឡូវនេះ?
ថ្ងៃអង្គារ ទី៦ មីនា ឆ្នាំ២០១៨
ព្រះយេស៊ូវគឺជាស្នូលនៃជំនឿរបស់យើង
អ្វីដែលព្រះយេស៊ូវកំពុងធ្វើសំរាប់យើងនៅឋានសួគ៌ឥឡូវនេះសំខាន់ណាស់។ កិច្ចការរបស់ព្រះយេស៊ូវនៅឋានសួគ៌បង្ហាញយើងពីមូលហេតុដែលព្រះអង្គត្រូវសុគតនៅលើឈើឆ្កាង។ ហើយកិច្ចការនេះក៏បង្ហាញយើងអំពីសេចក្តីពិតនៃផែនការដ៏អស្ចារ្យរបស់ព្រះដើម្បីសង្រ្គោះយើងពីអំពើបាប និងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើងផងដែរ។ ដូច្នេះ យើងត្រូវតែផ្សារភ្ជាប់ការបង្រៀនរបស់ព្រះគម្ពីរទៅនឹងដំណឹងល្អដែលប្រាប់ថាព្រះយេស៊ូវជួយសង្គ្រោះយើងឲ្យរួចពីបាប។ សេចក្តីពិតដ៏សំខាន់នេះគឺដូចគ្នាទៅនឹងដុំកង់ដូច្នោះដែរ។ សេចក្តីបង្រៀននិងគោលជំនឿទាំងអស់ផ្សេងទៀតសុទ្ធតែចេញមកពីសេចក្តីពិតនេះដូចគ្នានឹងកាំដែលតភ្ជាប់នឹងដុំកណ្តាលរបស់កង់ទៅនឹងខ្នងកង់យ៉ាងនោះដែរ។ ខ្នងកង់គឺជាផ្នែកដែលនៅព័ទ្ធជុំវិញកង់។
«ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាងដើម្បីបង់ថ្លៃលោះសំរាប់អំពើបាបរបស់យើង។ សេចក្តីពិតនេះគឺជាស្នូលនៃគោលជំនឿទាំងអស់របស់យើង។ ការទាំងអស់ផ្សេងទៀតសុទ្ធតែកើតចេញពីសេចក្តីពិតនេះ...... យើងត្រូវសិក្សាអំពីអំណោយទានដ៏អស្ចារ្យរបស់ព្រះយេស៊ូវដែលបានសុគតជំនួសយើងនៅឯឈើឆ្កាង។ នោះយើងនឹងរីកលូតលាស់ឡើងក្នុងព្រះគុណនិងក្នុងចំណេះដឹង»។ ដកស្រង់ពី (Ellen G. White, Comments, The SDA Bible Commentary, volume 5, page 1137, adapted)។
តើព្រះយេស៊ូវចង់មានន័យថាម៉េចពេលដែលព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គគឺជា «សេចក្តីពិត» (យ៉ូហាន១៤:៦)? តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះអំពីសេចក្តីពិតនៅក្នុងយ៉ូហាន១៧:១៧? តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះអំពីសេចក្តីពិតនៅក្នុងខទាំងពីរនេះ? ឥឡូវសូមអានយ៉ូហានទី៣ ខ៣។ តើលោកយ៉ូហានចង់និយាយថាម៉េចដែលបាននិយាយថា យើងត្រូវធ្វើអ្វីៗទៅតាមសេចក្តីពិត?
ការបង្រៀនរបស់យើងផ្លាស់ប្តូរជីវិតរបស់យើងនិងរបៀបរស់នៅរបស់យើង។ នោះគឺដោយសារតែការបង្រៀនទាំងនោះមិនមែនត្រឹមតែជាគោលគំនិតប៉ុណ្ណោះទេ។ រាល់ការបង្រៀនពិតប្រាកដទាំងអស់សុទ្ធតែបានតាំងឡើងលើសេចក្តីពិតអំពីព្រះយេស៊ូវ។ យើងដែលជាអ្នកសេវេនដេយអាត់វេនទីស្ទក៏ចេញមកពីគោលជំនឿដែលយើងជឿដែរ។ ការបង្រៀនរបស់យើងចេញមកពីព្រះគម្ពីរ។ ការបង្រៀននេះហើយដែលបានធ្វើឲ្យយើងពីមុនក្លាយជាយើងឥឡូវនេះ។
យើងធ្វើការសំរាប់ព្រះក្នុងនាមជាអ្នកចាត់ចែងលើអំណោយទានដែលបានប្រទានមកយើង។ ហើយកិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែងនេះរាប់បញ្ចូលទាំងសេចក្តីពិតនៃព្រះគម្ពីរដូចតទៅនេះ។ យើងត្រូវតែដើរតាមព្រះគម្ពីរដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ លោកប៉ុលបានប្រាប់យើងឲ្យយកឈ្នះលើ «មនុស្សចាស់ ដែលតែងតែខូចទៅ តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលចេញ។ ហើយឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ ដែលកើតមកក្នុងសេចក្តីសុចរិត ហើយក្នុងសេចក្តីបរិសុទ្ធរបស់ផងសេចក្តីពិត តាមភាពព្រះ» (អេភេសូរ៤:២២-២៤)។
ខគម្ពីរក្នុងអេភេសូរនេះបង្ហាញយើងអំពីសារៈសំខាន់នៃការស្គាល់សេចក្តីពិតនិងដើរតាមសេចក្តីពិត។ ការធ្វើជាអ្នកចាត់ចែងដ៏ល្អគឺមិនត្រឹមតែជឿលើការបង្រៀនត្រឹមត្រឹមតែម្យ៉ាងទេ។ យើងត្រូវតែធ្វើតាមសេចក្តីពិតនោះ និងបង្រៀនអ្នកផ្សេងទៀតឲ្យធ្វើតាមដែរ។
ថ្ងៃពុធ ទី៧ មីនា ឆ្នាំ២០១៨
សារទេវតាទាំងបី
ក្នុងព្រះគម្ពីរ តើព្រះជាម្ចាស់ទ្រង់បានដាស់តឿនមនុស្សលោកប៉ុន្មានដងហើយថា ផែនដីនេះនឹងដល់ទីបញ្ចប់? មានតែពីរដងប៉ុណ្ណោះ។ លើកទីមួយ ព្រះទ្រង់បានដាស់តឿនលោកណូអេ (លោកុប្បត្តិ៦:១៣-១៨, ម៉ាថាយ២៤:៣៧)។ ហើយលើកទីពីរ ព្រះទ្រង់បានដាស់តឿនយើងតាមរយៈសារទេវតាទាំងបី (វិវរណៈ១៤:៦-១២)។ សារទាំងនេះបង្ហាញយើងអំពីអ្វីដែលនឹងកើតឡើងនៅគ្រាអនាគត។ ឥឡូវនេះយើងកាន់តែយល់ច្បាស់អំពីសារទាំងនេះជាងពីអតីតកាលទៅទៀត។ ប៉ុន្តែសេចក្តីពិតនៃសារទាំងនេះគឺនៅដដែលទេ។ សេចក្តីពិតនោះគឺជាការបង្រៀនថា យើងរាល់គ្នាបានរាប់ជាសុចរិតដោយសេចក្តីជំនឿលើព្រះយេស៊ូវ។ ការបង្រៀនអំពីការរាប់ជាសុចរិតដោយសេចក្តីជំនឿលើព្រះយេស៊ូវនេះគឺជា «សេចក្តីពិតនៃសាររបស់ទេវតាទីបី» (ដកស្រង់ពី Ellen G. White, Evangelism, page 190, adapted)។ ដូច្នេះ ព្រះជាម្ចាស់បានប្រទានសារនេះសំរាប់ចែកចាយទៅដល់មនុស្សទាំងអស់នៅលើលោកនេះ។ នៅត្រង់ចំណុចកណ្តាលនៃសារនេះគឺជាព្រះយេស៊ូវ និងសេចក្តីសុគតរបស់ព្រះអង្គនៅលើឈើឆ្កាងសំរាប់យើងរាល់គ្នា។
សូមអានវិវរណៈ១៤:៦-១២។ តើអ្វីទៅដែលជាគោលគំនិតដ៏សំខាន់បំផុតនៃសារក្នុងខទាំងនេះ? តើសារទាំងនេះនិយាយអ្វីខ្លះប្រាប់ទៅមនុស្សទាំងអស់នៅលើលោកនេះ? តើព្រះជាម្ចាស់កំពុងប្រាប់យើងធ្វើអ្វីដើម្បីឆ្លើយតបទៅនឹងសារទាំងនេះ? តើការធ្វើជាអ្នកមើលការខុសត្រូវលើសេចក្តីពិតដែលរកឃើញក្នុងសារទាំងនេះមានអត្ថន័យយ៉ាងណា?
ព្រះទ្រង់បង្គាប់ពួកជំនុំសេវេនដេយអាត់វេនទីស្ទឲ្យចែកចាយសេចក្តីពិតស្តីពីសារទេវតាទាំងបីទៅដល់មនុស្សគ្រប់ទីកន្លែង។ សេចក្តីពិតនេះនឹងជួយគ្រប់គ្នាឲ្យបានជឿ និងត្រៀមខ្លួនសំរាប់ការយាងមកលើកទីពីររបស់ព្រះយេស៊ូវ។ រួមសេចក្តីមក មនុស្សលោកត្រូវធ្វើការសំរេចចិត្តលើរឿងជីវិតអស់កល្បនេះ។ ដូច្នេះ អ្នកមើលការខុសត្រូវដ៏ល្អត្រូវធ្វើការជាមួយនឹងព្រះដើម្បីចែកចាយសេចក្តីពិតនេះដល់អ្នកដទៃ (កូរិនថូសទី២ ៥:២០, កូរិនថូសទី២ ៦:១-៤)។
«ព្រះទ្រង់បង្គាប់ពួកជំនុំសេវេនដេយអាត់វេនទីស្ទឲ្យការពារសេចក្តីពិត និងចែកចាយសេចក្តីពិតនេះទៅមនុស្សលោកគ្រប់ទីកន្លែង។ ព្រះអង្គបានប្រទានសារព្រមានចុងក្រោយនេះដល់ពួកជំនុំសេវេនដេយអាត់វេនទីស្ទឲ្យប្រាប់ដល់ពិភពលោកដែលកំពុងតែហៀបនឹងវិនាសនេះ។ សេចក្តីពិតដ៏អស្ចារ្យចេញពីព្រះគម្ពីរគឺកំពុងរះចែងចាំងនៅលើគំនិតរបស់ពួកជំនុំសេវេនដេយអាត់វេនទីស្ទ។ ជាការពិត ព្រះទ្រង់បានប្រទាននូវកិច្ចការដ៏សំខាន់ឲ្យពួកគេធ្វើសំរាប់ព្រះអង្គ។ ពួកជំនុំសេវេនដេយអាត់វេនទីស្ទត្រូវតែចែកចាយសារទេវតាបីអង្គទៅដល់មនុស្សគ្រប់ទីកន្លែង។ គ្មានកិច្ចការដទៃណាទៀតដែលសំខាន់ជាងកិច្ចការនេះឡើយ។ ដូច្នេះ ពួកអ្នកសេវេនដេយអាត់វេនទីស្ទមិនត្រូវឲ្យរឿងផ្សេងទៀតចូលមកបង្វែរចំណាប់អារម្មណ៍របស់ខ្លួនចេញពីការធ្វើកិច្ចការនេះឡើយ»។ ដកស្រង់ពី (Ellen G. White, Testimonies for the Church, volume 9, page 19, adapted)។
យើងត្រូវតែចែកចាយសេចក្តីពិតដ៏ធំនេះប្រាប់ដល់មនុស្សគ្រប់ៗគ្នា។
ថ្ងៃព្រហស្បតិ៍ ទី៨ មីនា ឆ្នាំ២០១៨
ការថែរក្សារបស់គ្រប់យ៉ាងដែលព្រះទ្រង់ប្រទានដល់យើង
ព្រះយេស៊ូវចង់ឲ្យយើងរស់នៅជាជីវិតបរិសុទ្ធ។ ព្រះជន្មរបស់ព្រះយេស៊ូវបង្ហាញយើងថា តើអ្វីទៅដែលជាអត្ថន័យនៃការរស់នៅជាជីវិតបរិសុទ្ធ។ ហើយព្រះជន្មរបស់ព្រះអង្គក៏បង្ហាញយើងរាល់គ្នាផងដែរអំពីអត្ថន័យនៃការធ្វើជាអ្នកមើលការខុសត្រូវលើអំណោយទានដែលព្រះប្រទានដល់យើងឲ្យថែរក្សាសំរាប់ព្រះអង្គ (ហេព្រើរ៩:១៤)។ យើងគួរតែរស់នៅដើម្បីធ្វើឲ្យព្រះជាម្ចាស់សប្បាយព្រះហឫទ័យ។ ហើយយើងធ្វើឲ្យព្រះអង្គសប្បាយព្រះហឫទ័យបានកាលណាយើងចេះថែរក្សាលើអ្វីៗដែលព្រះអង្គប្រទានដល់យើងរាល់គ្នា។ បន្ទាប់មកយើងបង្ហាញថាតើអ្វីទៅជាអត្ថន័យក្នុងការរស់នៅជាជីវិតបរិសុទ្ធ ដូចដែលព្រះយេស៊ូវបានធ្វើ។
សូមអានពេត្រុសទី១ ១:១៥, ១៦ និងហេព្រើរ១២:១៤។ តើខគម្ពីរទាំងនេះបង្រៀនពីសេចក្តីពិតអ្វីខ្លះដូចគ្នា? តើពាក្យថា «បានបរិសុទ្ធ» (ពេត្រុសទី១ ១:១៥) «បានញែកជាបរិសុទ្ធ» (ហេព្រើរ១២:១៤) មានន័យយ៉ាងដូចម្ដេច? ហើយតើគោលគំនិតទាំងនេះមានអ្វីទាក់ទងនឹងការធ្វើជាអ្នកមើលការខុសត្រូវលើទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានប្រទានឲ្យយើងថែរក្សា?
សូមយើងត្រឡប់ទៅមើលរូបស័ព្ទរបស់យើងស្តីអំពីកង់ម្តងទៀត។ យើងនឹងប្រើវាដើម្បីជួយយើងឲ្យយល់ពីអត្ថន័យនៃការធ្វើជាអ្នកចាត់ចែងល្អ។ ពួកសាសន៍រ៉ូមយល់ឃើញថា កង់នឹងធន់បានយូរប្រសិនបើខ្នងកង់ត្រូវស្រោបដោយបន្ទះដែកថែបស្តើងនៅជុំវិញវា។ ខ្នងកង់គឺជាផ្នែកខាងចុងនៅព័ទ្ធជុំវិញកង់។ អ្នកធ្វើកង់រទេះត្រូវលត់បន្ទះដែកថែបដោយកំដៅភ្លើងឲ្យស្តើងល្មមសំរាប់ដាក់លើខ្នងកង់។ បន្ទាប់មកគេយកកង់នោះទៅត្រាំទឹកត្រជាក់ធម្មតា។ ទឹកត្រជាក់ជួយបន្តឹងបន្ទះដែកថែបនោះឲ្យជាប់ណែនទៅនឹងកង់។ ទើបគេយកកង់នោះទៅភ្ជាប់នឹងតួរទេះ។ លោកអ្នកនៅចាំហើយថា រទេះគឺជាយានដ៏ពិសេសដែលអូសដោយកំឡាំងសេះ។ គេប្រើវាសំរាប់ប្រកួតប្រជែងនិងចំបាំង។ ពេលដែលកង់វិលបន្ទះដែកថែបដែលនៅជុំវិញកង់នឹងត្រូវទៅប៉ះនឹងផ្លូវថ្នល់។
បន្ទះដែកថែបដែលនៅជុំវិញកង់នោះគឺជារូបស័ព្ទដែលជួយយើងឲ្យយល់អំពីរបៀបដែលយើងជាអ្នកចាត់ចែងត្រូវធ្វើយ៉ាងណាខ្លះ។ ការថែរក្សាទ្រព្យសម្បត្តិដែលព្រះប្រទានដល់យើងគឺប្រៀបដូចតួនាទីរបស់បន្ទះដែកថែបដែលនៅព័ទ្ធជុំវិញកង់នោះដែរ។ ដូច្នេះ កិច្ចការរបស់យើងជាអ្នកមើលការខុសត្រូវគឺជាសម្បកក្រៅនៃជីវិតរបស់យើងដែលគ្រប់គ្នាអាចមើលឃើញបាន។ មនុស្សទាំងឡាយនឹងកត់សំគាល់អំពីរបៀបដែលយើងថែរក្សារបស់គ្រប់យ៉ាងដែលព្រះទ្រង់ប្រទានដល់យើង។ ពួកគេមើលឃើញថា យើងរស់នៅដើម្បីធ្វើឲ្យព្រះទ្រង់សប្បាយព្រះហឫទ័យ។ អ្វីដែលយើងធ្វើនិងនិយាយរាល់ថ្ងៃប៉ះពាល់ជីវិតរបស់អ្នកដទៃដូចគ្នានឹងបន្ទះដែកថែបប៉ះផ្លូវថ្នល់យ៉ាងនោះដែរ។
អ្វីដែលយើងធ្វើមានឥទ្ធិពលច្រើនណាស់។ មនុស្សទាំងឡាយនឹងនឹកចាំពីអ្វីដែលយើងធ្វើ។ ដូច្នេះ អំពើបាបរបស់យើងត្រូវតែឋិតនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ។ យើងត្រូវជឿទុកចិត្តព្រះឲ្យជួយយើងឲ្យរស់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវ។ ព្រះគម្ពីរសន្យានឹងយើងរាល់គ្នាថា៖ «ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ» (ភីលីព៤:១៣)។
តើជីវិតរបស់លោកអ្នកបង្ហាញឲ្យអ្នកដទៃបានឃើញព្រះយេស៊ូវដោយរបៀបណា? តើលោកអ្នកអាចធ្វើយ៉ាងណាដើម្បីឲ្យព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវលេចធ្លោក្នុងជីវិតរបស់លោកអ្នក?
ថ្ងៃសុក្រ ទី៩ មីនា ឆ្នាំ២០១៨
សិក្សាបន្ថែម
តើលោកអ្នកគិតឃើញថា មានអ្វីកើតឡើងម្តងហើយម្តងទៀតដល់កង់រទេះ? រទេះគឺជាយានដ៏ពិសេសដែលគេប្រើក្នុងជំនាន់ព្រះគម្ពីរ។ គេប្រើសេះសំរាប់អូសរទេះ ហើយប្រើរទេះនេះសំរាប់ការប្រកួតប្រណាំងនិងចំបាំង។ ប៉ុន្តែ កង់របស់រទេះនឹងឆាប់ចាស់ប្រសិនបើប្រើវាញឹកញាប់ពេក។ ដូច្នេះ បន្ទះដែកថែបដែលស្រោបជុំវិញខ្នងកង់នោះនឹងសឹករេចរឹលហើយនឹងជ្រុះធ្លាក់ចេញពីខ្នងកង់។ ដូច្នេះគេត្រូវតែយកញញួរមកប្រើសំរាប់ជួសជុល។ គេត្រូវរើសបន្ទះដែកនោះមកដំភ្ជាប់ទៅនឹងខ្នងកង់សាជាថ្មីឡើងវិញ។
ការដំភ្ជាប់បន្ទះដែកទៅនឹងខ្នងកង់ឡើងវិញគឺជារូបស័ព្ទមួយ។ វាជួយយើងឲ្យយល់អំពីរបៀបដែលព្រះយេស៊ូវដំអំពើបាបរបស់យើងឲ្យចេញពីជីវិតរបស់យើង ហើយដាក់យើងនៅទៅក្នុងផែនការរបស់ព្រះអង្គឡើងវិញពេលណាដែលយើងធ្លាក់ចេញពីផែនការនោះ។ ការធ្វើឲ្យយើងអាចដើរតាមផែនការរបស់ព្រះអង្គឡើងវិញនេះគឺជារបៀបដែលព្រះអង្គធ្វើឲ្យជីវិតរបស់យើងបានបរិសុទ្ធនេះឯង។ ការទាញយើងត្រឡប់មកឯផែនការរបស់ព្រះអង្គឡើងវិញអាចធ្វើឲ្យប៉ះអារម្មណ៍ និងឈឺចាប់ពេលខ្លះ។ នោះគឺដោយសារព្រះទ្រង់កំពុងផ្លាស់ប្តូរជីវិតរបស់យើង។ ការផ្លាស់ប្តូរនេះរាប់បញ្ចូលទាំងការចាយវាយលុយកាក់របស់យើង ទឹកចិត្តរបស់យើងចំពោះមនុស្សក្រខ្សត់ និងរបៀបដែលយើងធ្វើការរបស់យើងផងដែរ។
វាមិនងាយនឹងដាក់បន្ទះដែកចូលទៅកន្លែងដើមវិញឡើយបន្ទាប់ពីវារបូតជ្រុះចេញពីកង់។ ហើយវាក៏មិនងាយស្រួលសំរាប់យើងក្នុងការផ្លាស់ប្តូរដែរ។ សាកគិតអំពីលោកពេត្រុសវិញមើល។ លោកពេត្រុសបានធ្វើដំណើរជាមួយព្រះយេស៊ូវគ្រប់ទីកន្លែង។ ប៉ុន្តែ លោកពេត្រុសមិនដែលគិតថាព្រះយេស៊ូវនឹងអធិដ្ឋានទាំងនេះសំរាប់គាត់ទេ៖ «ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» (លូកា២២:៣២)។ មិនយូរប៉ុន្មាន លោកពេត្រុសបានបែរចេញពីព្រះយេស៊ូវមែន។ បន្ទាប់មកទៀត លោកពេត្រុសបានកែប្រែជីវិត ហើយងាកបែរមករកព្រះយេស៊ូវវិញ។ ប៉ុន្តែលោក ពេត្រុសបានផ្លាស់ប្តូរក្រោយពេលដែលលោកបានឆ្លងកាត់បទពិសោធន៍ដ៏អាក្រក់។ នោះហើយទើបលោកពេត្រុសអាចឈានឡើងចូលក្នុងជីវិតថ្មី។ ហើយជីវិតថ្មីនោះគឺជាមួយព្រះយេស៊ូវ។ ប៉ុន្តែជីវិតថ្មីនេះកើតឡើងតែក្រោយពីព្រះទ្រង់ «ដំ» សេចក្តីកំសោយចេញពីជីវិតរបស់លោកពេត្រុសប៉ុណ្ណោះ។
សំនួរពិភាក្សា៖
- តើការញែកចេញជាបរិសុទ្ធជាប់ទាក់ទិននឹងការបង្រៀនរបស់ព្រះយេស៊ូវយ៉ាងណាដែរ៖ «បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ» (លូកា៩:២៣)? តើព្រះយេស៊ូវចង់មានន័យថាម៉េចពេលដែលព្រះអង្គមានបន្ទូលថា យើងត្រូវតែលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃនោះ? (ចំឡើយអាចរកឃើញក្នុងកាឡាទី៦:១៤)។ តើរូបស័ព្ទ «ផ្ទុកឈើឆ្កាង» អាចជួយពន្យល់ពីអត្ថន័យនៃពាក្យថាបានបរិសុទ្ធយ៉ាងណាដែរ? ដូចដែលបានបង្ហាញក្នុងកូរិនថូសទី១ ២:១៦ តើការដែលបានបរិសុទ្ធនេះជួយយើងឲ្យចេះគិតដូចជាព្រះយេស៊ូវដោយរបៀបណា?
- តើបទពិសោធន៍ដ៏អាក្រក់របស់យើងអាចបង្រៀនយើងអំពីមេរៀនដ៏មានអំណាចខ្លាំងក្លាអំពីជីវិតគ្រីស្ទាន និងអត្ថន័យនៃការដើរតាមព្រះអម្ចាស់ដោយរបៀបណា?