មេរៀនទី១០​៖ ២-៨ មិថុនា ២០១៨

អាមេរិក និងបាប៊ីឡូន

Jeans
ថ្ងៃសៅរ៍ ទី២ មិថុនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ១៣:១-១២,​ វិវរណៈ១៤:៩១១, វិវរណៈ១៦:២, វិវរណៈ១៩:២០។

ខចងចាំ៖ «នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​តំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី»(ថែស្សាឡូនីចទី១ ៤:៧)។

កាលពីសប្តាហ៍មុន យើងបានរៀនរួចហើយអំពីព្រះបីអង្គរួមមកតែមួយក្លែងក្លាយ។ ព្រះក្លែងក្លាយនេះចងក្រងឡើងពីអំណាចពីរនៅលើផែនដីនេះបូករួមនឹងសត្វនាគ (សាតាំង)។ អំណាចប្រមូលផ្តុំចូលគ្នានេះនឹងរួមគ្នាប្រយុទ្ធប្រឆាំងនឹងរាស្ត្ររបស់ព្រះ។

ព្រះគម្ពីរបង្ហាញឲ្យឃើញនូវសត្វសាហាវមួយដែលឡើងចេញពីសមុទ្រមក (វិវរណៈ១៣:១-១០)។ សត្វនេះតំណាងឲ្យអំណាចមួយក្នុងចំណោមអំណាចទាំងពីរនៅលើផែនដីនេះ។ សត្វនេះគឺជាការរួមបញ្ចូលគ្នាពីសត្វចំនួនបី (វិវរណៈ១៣:២)។ សត្វទាំងបួននេះគឺជារូបស័ព្ទសំរាប់អាណាចក្រចំនួនបួន៖ បាប៊ីឡូន (តោ), មេដូពើស៊ី (ខ្លាឃ្មុំ), ក្រិក (ខ្លារខិន) និង រ៉ូម (អំណាចស្នែងតូច) (ដានីយ៉ែល៧:៤-៨, ១៩-២១, ២៣-២៥)។ ចក្រភព រ៉ូមបានរលាយអំណាចរបស់ខ្លួនជាអាណាចក្រ។ ប៉ុន្តែក្រោយមកបានប្រែក្លាយជាអំណាចខាងសាសនាទៅវិញ។ អំណាចស្នែងតូចចំរើនលូតលាស់ឡើងចេញពីអាណាចក្ររ៉ូម។ ជំពូកទី៧នៃកណ្ឌគម្ពីរដានីយ៉ែលបានពណ៌នាប្រាប់យើងអំពីការសំដែងអំណាចរបស់ស្នែងតូចនេះ។ សត្វសាហាវដែលឡើងចេញពីសមុទ្រក្នុងខគម្ពីរវិវរណៈ១៣:១-១០នេះក៏បានប្រព្រឹត្តរឿងបែបដូចគ្នានេះដែរ។ ហេតុនោះហើយបានជាពួកអ្នកប្រាជ្ញខាងព្រះគម្ពីរជាច្រើនរូបជឿថា ព្រះវិហាររ៉ូម៉ាំងកាតូលិកគឺជាអំណាចមួយដែលនឹងព្យាយាមបំផ្លាញរាស្ត្ររបស់ព្រះនៅថ្ងៃចុងក្រោយ។

ប៉ុន្តែ មិនមែនមានតែព្រះវិហាររ៉ូម៉ាំងតែមួយនេះទេដែលប្រយុទ្ធប្រឆាំងនឹងរាស្ត្ររបស់ព្រះនោះ។ កណ្ឌគម្ពីរ វិវរណៈបានតឿនរំឭកប្រាប់យើងជាមុនថា នឹងមានអំណាចមួយទៀតដែលនឹងចូលរួមជាមួយនឹងព្រះវិហាររ៉ូម៉ាំង និងសត្វនាគ។ សប្តាហ៍នេះយើងនឹងសិក្សាអំពីករណីមួយចំនួនដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយក្នុងជំពូកទី១៣នៃកណ្ឌគម្ពីរវិវរណៈ។

ថ្ងៃអាទិត្យ ទី៣ មិថុនា ឆ្នាំ២០១៨

នៅពេលដែលរបួសដល់ស្លាប់បានជាសះស្បើយ

សូមអានវិវរណៈ១៣:១-១០។ តើខទាំងនេះបង្ហាញកិច្ចការរបស់ព្រះវិហាររ៉ូមក្នុងអតីតកាល និងអនាគតកាលយ៉ាងដូចម្តេចខ្លះ?

ព្រះជាម្ចាស់ទ្រង់មានអ្នកដើរតាមព្រះអង្គយ៉ាងស្មោះត្រង់ក្នុងគ្រប់ព្រះវិហារទាំងអស់ រាប់ទាំងព្រះវិហាររ៉ូម​​​ផង។ ក្នុងពេលដំណាលគ្នានេះដែរ ព្រះគម្ពីរក៏បានចង្អុលប្រាប់យ៉ាងច្បាស់ថា មានរឿងអាក្រក់ៗជាច្រើនដែលព្រះវិហាររ៉ូមបានធ្វើក្នុងអតីតកាល។ ព្រះគម្ពីរក៏បានបង្ហាញផងដែរថា អំណាចគ្រប់គ្រងរបស់ព្រះវិហារនេះនឹងមានចំណែកយ៉ាងធំក្នុងរឿងរ៉ាវទាំងឡាយដែលនឹងកើតឡើងក្នុងថ្ងៃចុងក្រោយ។

សូមអានខគម្ពីរវិវរណៈ១៣:៣។ តើមានអ្វីកំពុងកើតឡើងនៅក្នុងខនេះ? តើសេចក្តីពិតនៅក្នុងខនេះបង្រៀនយើងអ្វីខ្លះអំពីអំណាច និងកេរ្តិ៍ឈ្មោះរបស់ព្រះវិហាររ៉ូម?

ព្រះវិហាររ៉ូមធ្លាប់ជាសាសនាដ៏សំខាន់បំផុតអស់រយៈកាលរាប់រយឆ្នាំ។ បើមើលពីគ្រប់ជ្រុងជ្រោយ ព្រះវិហាររ៉ូមក៏ជាអ្នកដឹកនាំរដ្ឋាភិបាលសំរាប់ប្រទេសជាច្រើននៅអឺរ៉ុបប៉ែកខាងលិច។ ឧទាហរណ៍នៃអំណាចនេះលោកអ្នកអាចឃើញក្នុងរឿងរបស់ស្តេចហង់រីទីបួន។ ស្តេចហង់រីគឺជាស្តេចគ្រប់គ្រងលើប្រទេសអាឡឺម៉ង់។ ពេលមួយនោះ ស្តេចហង់រីបានធ្វើឲ្យសម្តេចប៉ាបហ្គ្រេហ្គូរីទីប្រាំពីរខឹងយ៉ាងខ្លាំង។ ហេតុនោះហើយបានជាស្តេចហង់រីត្រូវទៅឯប្រាសាទរបស់សម្តេចប៉ាបដើម្បីសូមទោស និងផ្សះផ្សាគ្នាឡើងវិញ។ សម្តេចប៉ាបបានឲ្យស្តេចហង់រីរង់ចាំគាត់នៅខាងក្រៅអស់រយៈពេលបីថ្ងៃទាំងស្ថិតក្នុងរដូវរងា។ បន្ទាប់មកទើបគាត់អនុញ្ញាតឲ្យស្តេចហង់រីចូលជួប។ សម្តេចប៉ាបហ្គ្រេហ្គូរីចង់បង្អួតប្រាប់គេឯងថា មានតែគាត់ទេដែលមានអំណាចធំជាងស្តេចទាំងឡាយ។

បន្ទាប់ពីមានសង្គ្រាមជាច្រើនរយឆ្នាំមក បានធ្វើឲ្យអឺរ៉ុបមានការប្រែប្រួល អំណាចរបស់ព្រះវិហាររ៉ូមក៏បានដល់ទីបញ្ចប់នៅចុងសតវត្សទី១៨។ ក្នុងឆ្នាំ១៧៩៨ កងទ័ពបារាំងបានចាប់សម្តេចប៉ាបភីយូសទីប្រាំមួយមកធ្វើជាអ្នកទោស។ មួយឆ្នាំក្រោយទៀតសម្តេចប៉ាបនេះក៏បានស្លាប់ទៅ។

វិវរណៈជំពូកទី១៣បានព្រមានប្រាប់យើងរួចហើយថា ព្រះវិហាររ៉ូមនឹងរឹងមាំឡើងវិញនៅគ្រាអនាគត។ វិវរណៈបានប្រើរូបស័ព្ទអំពីក្បាលដែលត្រូវរបួស។ របួសនេះនឹងត្រូវស្លាប់។ ប៉ុន្តែរបួសដែលដល់ស្លាប់នោះបែរជាបានជាសះស្បើយគឺជាការបង្ហាញថា ព្រះវិហាររ៉ូមនឹងទទួលបានអំណាចរបស់ខ្លួនត្រឡប់មកវិញ។ សព្វថ្ងៃនេះ ព្រះវិហាររ៉ូមពុំទាន់មានអំណាចដូចជំនាន់សម្តេចប៉ាបហ្គ្រេហ្គូរីទីប្រាំពីរនៅឡើយទេ។ ប៉ុន្តែព្រះវិហាររ៉ូមបានចម្រើនលូតលាស់ឡើងវិញហើយ។ ឧទាហរណ៍មួយទៀតស្តីពីអំណាចរបស់ព្រះវិហាររ៉ូម លោកអ្នកអាចមើលឃើញក្នុងសេចក្តីថ្លែងការណ៍របស់សម្តេចប៉ាបហ្វ្រង់ស៊ិសទៅកាន់រដ្ឋសភារបស់ប្រទេសអាមេរិកកាលពីឆ្នាំ២០១៥នោះហើយ។ ការថ្លែងបែបនោះពុំធ្លាប់ដែលមានទេក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ សារនៅក្នុងព្រះគម្ពីរស្តីពីអនាគតបានព្រមានប្រាប់យើងរួចហើយថា អំណាចរបស់ព្រះវិហាររ៉ូមនឹងបន្តចំរើនឡើង និងកាន់តែខ្លាំងក្លាជាងមុន។

តើយើងអាចចែកចាយសេចក្តីពិតអំពីព្រះវិហាររ៉ូមដោយសេចក្តីស្រឡាញ់ និងសប្បុរសដល់អ្នកដទៃទៀតដោយរបៀបណាដែរ?

ថ្ងៃច័ន្ទ ទី៤ មិថុនា ឆ្នាំ២០១៨

សហរដ្ឋអាមេរិក និងថ្ងៃចុងក្រោយ

មនុស្សម្នាទាំងឡាយបានចោទសួរឡើងថា៖ «តើព្រះវិហាររ៉ូមអាចមានអំណាចដូចសព្វថ្ងៃ (ឬទៅអនាគត) ដូចដែលបទគម្ពីរវិវរណៈជំពូក១៣ដែលបានចែងកើតឡើងបានយ៉ាងដូចម្តេច? ចម្លើយគឺមាននៅក្នុងវិវរណៈជំពូក១៣នេះហើយ។

ខគម្ពីរវិវរណៈ១៣:១១,​ ១២ បានពណ៌នាអំពីអំណាចមួយ។ តើមានចំណុចអ្វីខ្លះនៅក្នុងការពណ៌នានេះដែលជួយយើងឲ្យស្គាល់ថាអំណាចនេះជាអ្នកណានោះ?

ដំបូងឡើយ កណ្ឌគម្ពីរវិវរណៈបានបង្ហាញអំណាចសត្វសាហាវមួយដែលឡើងពីសមុទ្ររួចហើយ មុននឹងបង្ហាញពីអំណាចសត្វសាហាវមួយទៀតដែលឡើងពីដីគោក។ អ្នកវិភាគវែកញែកព្រះគម្ពីរជាច្រើនបានបកស្រាយថា សត្វសាហាវទីមួយនេះគឺជារូបស័ព្ទតំណាងឲ្យព្រះវិហាររ៉ូម។ កណ្ឌគម្ពីរវិវរណៈបានចែងថា ព្រះវិហាររ៉ូមនឹងទទួលបានអំណាចរយៈពេល៤២ខែ (វិវរណៈ១៣:៥)។ ៤២ខែនេះគឺស្មើគ្នាទៅនឹង «១ខួប ២ខួប និងកន្លះខួប (៣ឆ្នាំកន្លះ)» ក្នុងដានីយ៉ែល៧:២៥។ ៤២ខែគឺជារយៈពេលស្មើគ្នាទៅនឹង៣ឆ្នាំកន្លះក្នុងវិវរណៈ១២:១៤។ ៤២ខែក៏ស្មើគ្នាទៅរយៈពេល១២៦០ថ្ងៃនៅក្នុងវិវរណៈ១២:៦ដែរ។ ១២៦០ថ្ងៃនេះមានន័យថា១២៦០ឆ្នាំ។ ក្នុងកំឡុង១២៦០ឆ្នាំ ព្រះវិហាររ៉ូមបានប្រយុទ្ធប្រឆាំងនឹងគ្រប់គ្នាដែលមិនយល់ស្របទៅនឹងការបង្រៀនរបស់ព្រះវិហារ។ ឆ្នាំ១២៦០ចាប់ផ្តើមពីឆ្នាំ៥៣៨នៃគ្រិស្តសករាជ្យ និងបានបញ្ចប់នៅឆ្នាំ១៧៩៨។ គឺនៅឆ្នាំនោះឯងដែលសម្តេចប៉ាបត្រូវបានគេចាប់ដាក់គុក។ នៅគ្រានោះ ព្រះវិហាររ៉ូមទទួលរបួសដល់ស្លាប់។ ហេតុនោះហើយបានជាបទទំនាយរបស់ព្រះគម្ពីរបានសំរេចឡើង។

ក្នុងប្រវត្តិសាស្ត្រ នៅគ្រានោះមានអំណាចមួយទៀតក៏បានលេចឡើង (វិវរណៈ១៣:១, ១១)។ អំណាចសត្វសាហាវនេះលេចឡើងចេញពីដីគោក។ អំណាចផ្សេងៗទៀតលេចឡើងចេញពីទឹក (សូមអានដានីយ៉ែល៧:២, ៣)។ ទឹកគឺជារូបស័ព្ទតំណាងឲ្យមនុស្សជាច្រើន (វិវរណៈ១៧:១៥)។ យោងតាមហេតុផលទាំងអស់នោះ អំណាចសត្វសាហាវថ្មីនេះដែលលេចឡើងពីដីគោកគឺប្រាកដជាសហរដ្ឋអាមេរិក។ ជាតិសាសន៍មួយបានប្រែក្លាយជាមានអំណាចខ្លាំងក្លានៅក្នុងកន្លែងមួយនៃផែនដីនេះដែលពុំធ្លាប់មានអាណាចក្រណាពីមុនមកសោះ។

កណ្ឌគម្ពីរវិវរណៈបានពណ៌នាអំពីអំណាចសត្វសាហាវដែលលេចឡើងពីដីគោកនេះ។ សត្វនេះមានស្នែងពីរដែលមើលទៅដូចជាស្នែងចៀម (វិវរណៈ១៣:១១)។ ស្នែងទាំងពីរនេះគឺជារូបស័ព្ទតំណាងឲ្យភាពស្លូតបូត។ ប៉ុន្តែសត្វចៀមបែរជានិយាយ «ដូចជាសត្វនាគ» ទៅវិញ (វិវរណៈ១៣:១១)។​ ខនេះប្រាប់យើងអំពីគ្រាមួយដែលអំណាចនេះនឹងប្រយុទ្ធប្រឆាំងនឹងរាស្ត្ររបស់ព្រះដូចគ្នារបៀបដែលព្រះវិហាររ៉ូមបានប្រយុទ្ធប្រឆាំងនឹងរាស្ត្ររបស់ព្រះក្នុងអតីតកាលដែរ។ ខគម្ពីរវិវរណៈ១៣:១១-១៧ បានឆ្លើយតបទៅនឹងសំណួរនេះ៖ តើព្រះវិហាររ៉ូមនឹងមានអំណាចឡើងវិញដូចពីអតីតកាលបានយ៉ាងដូចម្តេច? ចម្លើយនោះគឺ៖ ព្រះវិហាររ៉ូមនឹងមានអំណាចរបស់សហរដ្ឋអាមេរិកជាខ្នងបង្អែក។ នោះហើយជារបៀបដែលព្រះវិហារនេះត្រឡប់មកមានអំណាចឡើងវិញ។

ថ្ងៃអង្គារ ទី៥ មិថុនា ឆ្នាំ២០១៨

ការទាស់ទែងគ្នាលើរឿងថ្វាយបង្គំព្រះ

ប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរបង្ហាញយើងម្តងហើយម្តងទៀតអំពីរបៀបដែលព្រះអម្ចាស់បានធ្វើការសង្គ្រោះ​រាស្ត្ររបស់ព្រះអង្គចេញពីការក្រាបថ្វាយបង្គំចំពោះរូបសំណាក់ និងចេញពីការមានចំណែកក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ (សូមអានម៉ាថាយ៤:៨-១០)។ វិវរណៈជំពូក១៣បង្ហាញយើងថា រឿងដដែលនេះនឹងកើតឡើងម្តងទៀតនៅថ្ងៃចុងក្រោយ។ រាស្ត្ររបស់ព្រះនឹងត្រូវធ្វើការសំរេចចិត្ត។ តើពួកគេនឹងថ្វាយបង្គំអ្នកណា? (សូមអានយ៉ូស្វេ២៤:១៥)។

ក្នុងមេរៀនទី២ យើងបានសិក្សារួចហើយអំពីក្មេងប្រុសហេព្រើរបីនាក់។ ស្តេចនៃចក្រភពបាប៊ីឡូនបានបញ្ជាពួកគេឲ្យ «ថ្វាយបង្គំដល់រូបមាស» (ដានីយ៉ែល៣:៥)។ យើងបានរកឃើញថា វិវរណៈជំពូក១៣ក៏បានប្រើពាក្យដដែលដូចដានីយ៉ែលជំពូក៣ដែរ សំរាប់ដាស់តឿនរាស្ត្ររបស់ព្រះអំពីការប្រយុទ្ធប្រឆាំងនឹងពួកគេក្នុងថ្ងៃចុងក្រោយ។ សាច់រឿងក្នុងដានីយ៉ែលជំពូក៣បង្ហាញយើងអំពីអ្វីដែលនឹងកើតឡើងចំពោះរាស្ត្ររបស់ព្រះក្នុងថ្ងៃចុងក្រោយ។ ដូចដែលយើងបានឃើញក្នុងដានីយ៉ែលជំពូក៣ ស្តេចបានបញ្ជាមនុស្សគ្រប់គ្នាឲ្យថ្វាយបង្គំរូបមាស។ អ្នកណាដែលមិនគោរពតាមច្បាប់នេះនឹងត្រូវស្លាប់ក្នុងឡភ្លើង។ ដូចគ្នានេះដែរ វិវរណៈជំពូក១៣ប្រាប់យើងថា​អស់អ្នកណា «ដែល​មិន​ព្រម​ក្រាប​ថ្វាយ‌បង្គំ​រូប​សត្វ​នោះ (នឹង)ត្រូវ​ស្លាប់​» (វិវរណៈ១៣:១៥)។

សូមអានខគម្ពីរវិវរណៈ១៤:៩-១១, វិវរណៈ១៦:២, វិវរណៈ១៩:២០, និងវិវរណៈ២០:៤។ តើខទាំងនេះប្រាប់យើងថាបញ្ហានៃការថ្វាយបង្គំព្រះនឹងរីករាលដាលកាន់តែខ្លាំងឡើងប៉ុនណាទៅថ្ងៃមុខ?

បាប៊ីឡូនគឺជានិមិត្តរូបឲ្យទីក្រុងនៃការថ្វាយបង្គំព្រះក្លែងក្លាយ។ រឿងប៉មបាបិលបង្ហាញថាពួកអ្នកកសាងប៉មទាំងនោះសុទ្ធតែចង់បានខ្ពស់មុខខ្ពស់មាត់ដូចលុយស៊ីហ្វ័រចង់បានដែរ។ ពួកគេចង់បាន «ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក» (អេសាយ១៤:១៤)។ ពួកគេបានសាងសង់ប៉មដើម្បីការពារខ្លួនចេញពីទឹកជំនន់មួយទៀតដែលជន់លិចពិភពលោក។ ពួកគេមិនចង់ជឿសេចក្តីសន្យារបស់ព្រះដែលថា ព្រះអង្គមិនពន្លិចផែនដីដោយទឹកជំនន់ម្តងទៀតនោះទេ (លោកុប្បត្តិ៩:៨-១១។

អាណាចក្របាប៊ីឡូនថ្មីក៏បានថ្វាយបង្គំស្នាដៃដែលមនុស្សបានធ្វើដែរ។ ស្តេចនេប៊ូក្នេសារអួតអាងថា៖ «នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ?» (ដានីយ៉ែល៤:៣០)។ ក្រោយមកទៀត ស្តេចនេប៊ូក្នេសារក៏បានយកពែងមាសដែលបានដណ្តើមយកពីព្រះវិហារយេរូសាឡិមមកប្រើ។ ស្តេច និងពួកភ្ញៀវរបស់គាត់បានយកពែងមាសទាំងនោះមកដាក់ស្រាក្នុងពិធីជប់លៀង និងពោលសរសើរព្រះរបស់ពួកគេដែលធ្វើពីមាស ពីប្រាក់ ពីដែក និងពីថ្ម (ដានីយ៉ែល៥:៣)។ ស្រាបានធ្វើឲ្យមនុស្សគ្រប់គ្នាស្រវឹង។ បន្ទាប់មកពួកពើរសៀក៏បានវាយប្រយុទ្ធចាប់យកទីក្រុងបាប៊ីឡូន។ មានមនុស្សជាច្រើនក្នុងក្រុងបាប៊ីឡូនបានស្លាប់។

តើធ្វើដូចម្ដេចទើបយើងអាចច្បាស់ក្នុងចិត្តថា យើងមិនមានចំណែកក្នុងការថ្វាយបង្គំព្រះក្លែងក្លាយនាពេលឥឡូវនេះ?

ថ្ងៃពុធ ទី៦ មិថុនា ឆ្នាំ២០១៨

បាប៊ីឡូនដ៏ធំធេងនិងពេញដោយអំណាច

សូមអានខគម្ពីរយេរេមា៥១:៦, ៧, ៥៣, ៥៧, សាការី២:៧, វិវរណៈ១៧:៥, ៦ និងវិវរណៈ១៨:២, ៣។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីបាប៊ីឡូន?

ដូចដែលយើងបានឃើញរួចហើយកាលពីម្សិលមិញ បាប៊ីឡូនគឺជាទីក្រុងនៃការថ្វាយបង្គំព្រះក្លែងក្លាយដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះ វាពិតជាមានន័យគ្រប់គ្រាន់ក្នុងការដែលព្រះគម្ពីរប្រើរូបស័ព្ទបាប៊ីឡូននេះតំណាងឲ្យអំណាចសាសនាដែលកុហកអំពីព្រះដល់មនុស្សលោកនៅថ្ងៃចុងក្រោយ។

សូមអានខគម្ពីរវិវរណៈ១២:៣, វិវរណៈ១៣:១-៣, និងវិវរណៈ១៧:៣។ ខទាំងនេះពណ៌នាអំពីសត្វនាគ សត្វសាហាវដែលចេញពីសមុទ្រ និងសត្វក្រហមដែលឡើងពីដីគោក។ សត្វទាំងនេះគឺជារូបស័ព្ទតំណាងឲ្យអំណាចទាំងឡាយនៅថ្ងៃចុងក្រោយ។ តើអំណាចនីមួយៗមានចំណុចអ្វីខ្លះដូចគ្នា? ហើយចំណុចអ្វីខ្លះដែលខុសគ្នា?

សត្វទាំងបីនេះគឺជារូបស័ព្ទតំណាងឲ្យអាណាចក្រ ឬរដ្ឋាភិបាលដែលគ្រប់គ្រងលើផែនដី។ អាណាចក្រនីមួយៗសុទ្ធតែកកើតឡើងនៅលើអាណាចក្រដែលធ្លាប់មានពីជំនាន់មុន។ សត្វសាហាវសម្បុរក្រហមដែលឡើងពីដីគោកគឺជាសត្វដែលលាយចំរុះនឹងសត្វនាគ សត្វសាហាវដែលឡើងពីដីគោក (វិវរណៈ១៣:១១-១៤), និងសត្វសាហាវដែលឡើងពីសមុទ្រ។ សត្វសាហាវដែលឡើងពីសមុទ្រគឺជារូបស័ព្ទតំណាងឲ្យអាណាចក្ររ៉ូម៉ាំងចាស់ និងព្រះវិហាររ៉ូម៉ាំងកាតូលិក។ សត្វសាហាវពណ៌ក្រហមដែលចេញពីដីគោកបង្ហាញយើងថា សត្វនាគ សត្វសាហាវដែលឡើងពីសមុទ្រ និងសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកនឹងរួមគ្នាជាក្រុម។ «អំណាចទាំងបីនេះគឺជាសត្រូវរបស់ព្រះ។ ពួកគេនឹងធ្វើការរួមគ្នាជាអំណាចតែមួយ»។ ដកស្រង់ពី Jacques B. Doukhan, Secrets of Revelation: The Apocalypse Through Hebrew Eyes (Hagerstown, MD: Review and Herald Publishing Association, 2002), page 162, adapted។

វិវរណៈជំពូក១៧ក៏បានបង្ហាញប្រាប់យើងអំពីស្ត្រីម្នាក់ដែលជិះលើខ្នងសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកដែរ។ ស្ត្រីដែលជិះលើខ្នងសត្វពណ៌ក្រហមនេះក៏ជារូបស័ព្ទដែរ។ ព្រះគម្ពីរបានប្រើរូបស័ព្ទនេះដើម្បីបង្ហាញអំពី «អាពាហ៍ពិពាហ៍» ខុសច្បាប់ រវាងរដ្ឋាភិបាល និងសាសនានៅថ្ងៃចុងក្រោយ។ ស្ត្រីដែលជិះលើសត្វសម្បុរក្រហមនេះខុសគ្នាពីស្ត្រីបរិសុទ្ធ (ឬពួកជំនុំ) ក្នុងវិវរណៈជំពូក១២ឆ្ងាយណាស់។

បាប៊ីឡូនគឺជា «ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង» (វិវរណៈ១៧:៥)។ ឈ្មោះមួយទៀតរបស់ស្ត្រីដែលរកស៊ីផ្លូវភេទនេះគឺជាស្រីសំផឹង (ពេស្យា)។ ក្នុងនាមជា «ម្តាយនៃស្រីសំផឹង» បាប៊ីឡូនមានការមមាញឹកក្នុងការបង្កើតកូនខ្លាំងណាស់។ តើរឿងនេះមានន័យយ៉ាងដូចម្តេច? មានន័យថាព្រះវិហារដើមក្លែងក្លាយបានផ្តល់កំណើតដល់ «ពួកស្រីសំផឹង» ឬព្រះវិហារក្លែងក្លាយជាច្រើននៅលើផែនដីនេះ។ ប៉ុន្តែព្រះទ្រង់មិនទទួលខុសត្រូវសំរាប់គោលគំនិតក្លែងក្លាយដែលព្រះវិហារជាច្រើនបង្រៀនឲ្យបំពានក្រឹត្យវិន័យរបស់ព្រះអង្គនោះឡើយ។

ថ្ងៃព្រហស្បតិ៍ ទី៧ មិថុនា ឆ្នាំ២០១៨

រាស្ត្រអញអើយ ចូរចេញពីក្រុងនោះមក

ខគម្ពីរវិវរណៈ១៤:៨ បានព្រមានប្រាប់យើងរួចហើយថា បាប៊ីឡូននឹងដួលរលំចេញពីសេចក្តីពិត។ នៅទីបំផុត ការធ្លាក់ចេញទៅក្នុងការកុហក និងសេចក្តីបង្រៀនក្លែងក្លាយនឹងនាំមកនូវការប្រយុទ្ធចុងក្រោយរបស់សាតាំងទៅលើរាស្ត្ររបស់ព្រះ។ បន្ទាប់ពីការធ្លាក់ចេញពីសេចក្តីពិតរបស់បាប៊ីឡូន ច្បាប់មួយនឹងត្រូវបានបង្កើតឡើងសំរាប់មនុស្សគ្រប់គ្នាដែលមិនស្មោះត្រង់នឹងព្រះជាម្ចាស់ឲ្យទទួលយក «ទីសំគាល់ (ភស្តុតាងពិសេសនៃអំណាច)របស់សត្វសាហាវ (ពណ៌ក្រហម)» (វិវរណៈ១៤:៩-១១, ១៨:១-៤)។ សេចក្តីព្រមានដ៏ខ្លាំងក្លាក្នុងវិវរណៈ១៤:៨ នឹងត្រូវបានប្រទានមកម្តងទៀតក្នុងគ្រាអនាគត។ មនុស្សម្នានៅលើផែនដីនេះនឹងត្រូវបានព្រមានប្រាប់ម្តងទៀតឲ្យញែកខ្លួនចេញពីបាប៊ីឡូន និងសេចក្តីបង្រៀនក្លែងក្លាយរបស់នាង។ ព្រះទ្រង់នឹងអញ្ជើញរាស្ត្រដែលស្មោះត្រង់ចំពោះព្រះអង្គក្នុងបាប៊ីឡូនឲ្យចាកចេញពីក្រុងនោះ មកចូលរួមនឹងពួកជំនុំជំនាន់ចុងក្រោយដ៏ពិតប្រាកដ (វិវរណៈ១៨:១-៤)។

ច្បាស់ណាស់ យើងក៏អាចមើលឃើញព្រឹត្តិការណ៍ជាច្រើនដែលកំពុងកើតឡើងនៅលើផែនដីនេះដូចគ្នានឹងអ្វីដែលព្រះគម្ពីរបានប្រាប់ទុករួចមកហើយនោះដែរ។ ប៉ុន្តែ នឹងមានព្រឹត្តិការណ៍ច្រើនផ្សេងទៀតដែលត្រូវកើតឡើងមុនពេលដែលយើងមកដល់ទីបញ្ចប់។ នោះហើយជាមូលហេតុយ៉ាងសំខាន់ក្នុងការយល់ឲ្យបានច្បាស់ពេលណាយើងពន្យល់ទៅមនុស្សទាំងឡាយអំពីទីសំគាល់របស់សត្វសាហាវនោះ​ (វិវរណៈ១៨:១-៤)។ យើងត្រូវតែយល់ឲ្យច្បាស់ក្នុងការថ្លែងប្រាប់ថា ឥឡូវនេះពុំទាន់មាននរណាម្នាក់បានទទួល «ទីសំគាល់របស់សត្វ» នោះនៅឡើយទេ។ រឿងនោះពិតប្រាកដណាស់ សូម្បីតែមនុស្សដែលមិនទាន់គោរពច្បាប់នៃថ្ងៃសប្បាតហ៍ក៏ដោយក៏មិនទាន់បានទទួលទីសំគាល់នោះនៅឡើយដែរ។

សូមអានខគម្ពីរវិវរណៈ១៨:១-៤។ តើមានអ្វីកំពុងកើតឡើងក្នុងខទាំងនេះ? តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីករណីយកិច្ចរបស់យើងដែលត្រូវទៅប្រាប់មនុស្សដទៃទៀតទាំងអស់នៅលើផែនដីនេះ?

ខទាំងនេះកំពុងតែ «ពណ៌នា» រូបភាពដ៏ងងឹតសូន្យសុងនិងអស់សង្ឃឹមយ៉ាងខ្លាំងអំពីជីវិតនៅលើផែនដីនេះ។ ខទាំងនេះបង្ហាញយើងឲ្យឃើញអំណាចដ៏អាក្រក់ដែលបណ្តាលមកពីសេចក្តីបង្រៀនរបស់សាសនាក្លែងក្លាយមកលើចិត្តគំនិត និងជីវិតរបស់មនុស្សទាំងឡាយ។ ក្នុងពេលដំណាលគ្នានោះ ខទាំងនេះក៏ផ្តល់ឲ្យយើងនូវក្តីសង្ឃឹមដែរ។ ខទាំងនេះប្រាប់យើងថា មានទេវតាមួយទៀតដែលមកពីឋានសួគ៌។ ទេវតាអង្គនេះបាននាំមកនូវពន្លឺនៃសិរីល្អរបស់ព្រះមកបំភ្លឺពិភពលោកទាំងមូល។ ជាមួយគ្នានេះផងដែរ ទេវតាក៏បានប្រាប់រាស្ត្ររបស់ព្រះឲ្យញែកខ្លួនចេញពីសាសនាក្លែងក្លាយរបស់ក្រុងបាប៊ីឡូន។ តើសេចក្តីបង្គាប់នោះប្រាប់យើងអំពីកិច្ចការអ្វីខ្លះដែលយើងត្រូវធ្វើ? សេចក្តីបង្គាប់នេះប្រាប់យើងថា យើងត្រូវជួយរាស្ត្ររបស់ព្រះដែលជាប់ក្នុងក្រុងបាប៊ីឡូននៅឡើយយើងត្រូវបន្តធ្វើការរហូតទាល់តែដល់ទីបញ្ចប់ដើម្បីជួយរំដោះចិត្តគំនិតរបស់មនុស្សទាំងឡាយ។

ហេតុអ្វីបានជាព្រះអម្ចាស់ប្រាប់ថាមានមនុស្សខ្លះនៅក្រុងបាប៊ីឡូនជា «រាស្ត្រអញ»? (វិវរណៈ១៨:៤)។ ហេតុអ្វីបានជាយើងត្រូវនឹកចាំពីសេចក្ដីពិតនេះពេលណាយើងថ្លែងប្រាប់ទៅមនុស្សដទៃទៀតអំពីសេចក្តីពិត​​ ដ៏ពិសេសសំរាប់ជំនាន់នេះ?

ថ្ងៃសុក្រ ទី៨ មិថុនា ឆ្នាំ២០១៨

សិក្សាបន្ថែម

ការវាយប្រហារមកលើក្រឹត្យវិន័យរបស់ព្រះក៏ដូចជាការវាយប្រហារមកលើព្រះអង្គទ្រង់ផ្ទាល់ដែរ។ ការវាយប្រហាររបស់សាតាំងទៅលើក្រឹត្យវិន័យរបស់ព្រះក៏ជាការវាយប្រហារមកលើអំណាចនិងការគ្រប់គ្រងរបស់ព្រះអង្គដែរ។ ហេតុនោះ វាមិនមែនជារឿងចំឡែកទេដែលថានៅថ្ងៃចុងក្រោយសាតាំងនឹងវាយប្រហារមកលើរាស្ត្ររបស់ព្រះអង្គដែល «កាន់តាមបញ្ញត្តិរបស់ព្រះ» នោះ (វិវរណៈ១២:១៧)។ ពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះនឹងក្លាយជាក្រុមមនុស្សដែលសេសសល់នៅលើផែនដីនេះដែលបដិសេធមិនលើកដំកើង ឬថ្វាយបង្គំសាស នាក្លែងក្លាយរបស់សាតាំងនោះឡើយ។ នៅពេលដែលរាស្ត្ររបស់ព្រះបដិសេធមិនព្រមលើកដំកើងសាសនាក្លែងក្លាយនេះ ពួកគេបានបង្ហាញទៅសាតាំងថា ពួកគេមិនព្រមថ្វាយបង្គំវាទេ។ សាតាំងនឹងវាយប្រយុទ្ធនឹងអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះនៅលើផែនដីនេះដូចគ្នានឹងរបៀបដែលវាបានប្រយុទ្ធប្រឆាំងនឹងព្រះនៅនគរឋានសួគ៌ដែរ​។ ព្រះទ្រង់បានយកឈ្នះលើសាតាំងនៅឋានសួគ៌រួចហើយ។ ហើយព្រះអង្គក៏នឹងធ្វើឲ្យសាតាំងបរាជ័យនៅលើផែនដីនេះផងដែរ។

«តាំងពីដំបូងមក មហាវិវាទនៅស្ថានសួគ៌គឺជាគោលបំណងរបស់សាតាំងដើម្បីបំបាត់ក្រឹត្យវិន័យរបស់ព្រះ។ នោះហើយគឺជាមូលហេតុដែលសាតាំងបានធ្វើសង្គ្រាមប្រឆាំងនឹងព្រះដែលបានបង្កើតវាមក។ សាតាំងត្រូវបានបោះចេញពីឋានសួគ៌។ ប៉ុន្តែ វាបានធ្វើសង្គ្រាមរបស់វាប្រឆាំងនឹងព្រះនៅលើផែនដីបន្តទៀត។ សាតាំងបានបោកបញ្ឆោត និងកុហកមនុស្សលោក។ គោលបំណងរបស់សាតាំងគឺធ្វើយ៉ាងណាឲ្យមនុស្សបំពានក្រឹត្យវិន័យព្រះឲ្យបាន។ វាមិនដែលខានក្នុងការដឹកនាំមនុស្សឲ្យធ្វើបាបឡើយ។ សាតាំងតែងតែព្យាយាមធ្វើឲ្យផែនការអាក្រក់របស់វាបានជោគជ័យបើទោះជាត្រូវប្រើមធ្យោបាយអ្វីក៏ដោយ។ ជួនកាលវាព្យាយាមនាំមនុស្សខ្លះឲ្យបោះបង់ត្រឹមតែផ្នែកខ្លះនៃក្រឹត្យវិន័យ។ មិនថាបំពានក្រឹត្យវិន័យផ្នែកខ្លះ ឬទាំងមូលនោះទេ ទាំងពីរនេះសុទ្ធតែខុសដូចគ្នា។ ហេតុអ្វីបានជាយ៉ាងដូច្នោះ? ពីព្រោះព្រះគម្ពីរបានចែងថា អ្នកណាដែលប្រព្រឹត្តរំលងក្នុងបទណាមួយ នោះបង្ហាញថា បានរំលងក្រឹត្យវិន័យទាំងមូលហើយ (យ៉ាកុប២:១០)» ។ ដកស្រង់ពីសៀវភៅសេចក្តីសង្ឃឹមដ៏អស្ចារ្យទំព័រ ១០៣ និង Ellen G. White, The Great Controversy, page 582, adapted ។

សំនួរពិភាក្សា៖
  1. នៅក្នុងថ្នាក់ ចូរពិភាក្សាគ្នាអំពីព្រឹត្តិការណ៍ទាំងឡាយដែលកំពុងកើតឡើងនៅលើផែនដីនេះ។ តើព្រឹត្តិការណ៍ដែលកំពុងកើតឡើងទាំងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីការណ៍ដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ? តើមានព្រឹត្តិការណ៍អ្វីខ្លះដែលមិនទាន់កើតឡើងនៅឡើយ ប៉ុន្តែវានឹងកើតឡើងនៅថ្ងៃចុងក្រោយនោះ? តើយើងអាចរៀនសង្កេតមើលព្រឹត្តិការណ៍ដែលព្រះគម្ពីរបានចែងថានឹងកើតឡើងដោយប្រុងប្រយ័ត្នរបែបណា? ស្របពេលជាមួយគ្នានេះ ហេតុអ្វីយើងត្រូវជៀសវាងមិនកំណត់ពេលវេលាថាព្រឹត្តិការណ៍នេះនឹងកើតឡើងនៅពេលនេះឬពេលនោះ? ហើយហេតុអ្វីបានជាយើងត្រូវជៀសវាងពីការប្រកាសថាព្រឹត្តិការណ៍នេះឬព្រឹត្តិការណ៍នោះនឹងកើតឡើងខុសពីសេចក្ដីបង្រៀនរបស់ព្រះគម្ពីរនិងអ្នកស្រីអែល្លិនជីវ៉ៃត៍?

  2. ចូរគិតបន្ថែមទៀតអំពីគោលការថ្វាយបង្គំ។ តើការថ្វាយបង្គំអ្វីមួយមានអត្ថន័យយ៉ាងដូចម្ដេច?
Powered by CAM