ថ្ងៃសៅរ៍ ទី១ កញ្ញា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១៨:២៤-២៨, កិច្ចការ ១៩, កិច្ចការ ២០:៧-១២, ១៥-២៧, កូរិនថូសទី២ ៤:៨-១៤, កិច្ចការ ២១:១-១៥។
ខចងចាំ៖ «ប៉ុន្តែ នោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ» (កិច្ចការ ២០:២៤)។
លោកលូកា ពុំបានប្រកាសប្រាប់អ្នកអានថា លោកនឹងចាប់ផ្តើមរឿងថ្មីអំពីលោកប៉ុលទៀតហើយនោះទេ។ លោកគ្រាន់តែបានចាប់ផ្តើមប្រាប់យើងអំពីដំណើរលើកទីបីរបស់ប៉ុលដើម្បីទៅចែកចាយដំណឹងល្អប៉ុណ្ណោះ។ កណ្ឌគម្ពីរកិច្ចការបានចែងថា លោកបានចំណាយពេលនៅក្នុងទីក្រុងអាន់ទីយ៉ូកជាយូរក្រែលដែរ។ បន្ទាប់មកលោកលូកាប្រាប់យើងថា លោកប៉ុលបានចេញដំណើរមួយលើកទៀត។ លោកប៉ុលក៏ «ចេញទៅដើរកាត់ស្រុកកាឡាទី និងស្រុកព្រីគា ដោយលំដាប់ ព្រមទាំងតាំងឲ្យពួកសិស្សទាំងអស់បានខ្ជាប់ខ្ជួនឡើង» (កិច្ចការ ១៨:២៣)។ ហេតុនោះហើយ ការធ្វើដំណើររបស់លោកប៉ុលដែលមានចម្ងាយ ជាង២៤០០គីឡូម៉ែត្រត្រូវបានពន្យល់នៅក្នុងត្រឹមតែមួយខប៉ុណ្ណោះ!
ហេតុអ្វីបានជាលោកលូកាមិននិយាយឲ្យច្រើនអំពីការធ្វើដំណើររបស់លោកប៉ុល? ពីព្រោះទី ក្រុងបន្ទាប់ គឺទីក្រុងអេភេសូរ ដែលគាត់បានធ្វើដំណើរទៅដល់ មានសារៈសំខាន់ជាងអ្វីៗដែលបានកើត ឡើងនៅពេលធ្វើដំណើរទៅទៀត។ លោកប៉ុលបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន។ ប៉ុន្តែលោកបាន ចំណាយពេលច្រើនបំផុតនៅទីក្រុងអេភេសូរ។ ដំណើររបស់លោកទៅកាន់ទីក្រុងអេភេសូរគឺជាជោគជ័យដ៏ធំមួយ។ «អស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រេកផង» (កិច្ចការ ១៩:១០)។ ក្នុងអំឡុងពេលដដែលនេះ សហការីរបស់លោកប៉ុលម្នាក់ប្រហែលជា បានចាប់ផ្តើមពួកជំនុំនៅក្នុងទីក្រុងកូល៉ុស ហេរ៉ាប៉ូល និងឡៅឌីសេ ដែរ។
ដំណើរនេះគឺជាលើកចុងក្រោយរបស់លោកប៉ុល ឬក៏ជាលោកចុងក្រោយក្នុងគម្ពីរកិច្ចការដែលលោកលូកាបានថ្លែងប្រាប់យើង។ លោកប៉ុលបានចាប់ផ្តើមដំណើរនេះក្នុងនាមជាពលរដ្ឋដែលមានសិទ្ធិសេរីភាពពេញលេញ។ ក្រោយមកទៀត លោកលូកាបានប្រាប់យើងអំពីការធ្វើដំណើរមួយទៀតរបស់លោកប៉ុល។ ប៉ុន្តែក្នុងអំឡុងពេលនោះ លោកប៉ុលធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមក្នុងនាមជាអ្នកទោសម្នាក់វិញ។
ថ្ងៃអាទិត្យ ទី២ កញ្ញា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់ទីក្រុងអេភេសូរ៖ ភាគទី១ (កិច្ចការ ១៩:១-៧)
ខគម្ពីរកិច្ចការ ១៨:២៤-២៨ ប្រាប់យើងថា លោកប៉ុលបានធ្វើដំណើរទៅកាន់ទីក្រុងអេភេសូរ។ នៅតាមផ្លូវទៅកាន់ទីនោះ មានអ្នកជឿដែលជាសាសន៍យូដាម្នាក់ឈ្មោះអ័ប៉ូឡូសក៏បានមកកាន់ទីក្រុងនោះដែរ។ អ័ប៉ូឡូសគឺជាបុរសម្នាក់ដែលពូកែខាងពាក្យសម្តី។ គាត់ក៏ជាអ្នកដែលមានចំណេះដឹងអំពីព្រះគម្ពីរជ្រៅជ្រះម្នាក់ដែរ។ តាមរយៈការរៀបរាប់ប្រាប់ពីលោកលូកា យើងអាចឃើញថា អ័ប៉ូឡូសក៏ជាអ្នកជឿលើព្រះយេស៊ូវម្នាក់ដែរ។ «គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បានជាគាត់អធិប្បាយ ហើយបង្រៀនយ៉ាងត្រឹមត្រូវ» (កិច្ចការ ១៨:២៥)។ ប៉ុន្តែ អ័ប៉ូឡូសដឹងបានត្រឹមតែពិធីបុណ្យជ្រមុជទឹកដែលលោកយ៉ូហានបានបង្រៀនតែប៉ុណ្ណោះ។ អ័ប៉ូឡូសបានរៀនដោយផ្ទាល់ពីលោកយ៉ូហានបាទីស្ទ។ ហេតុនោះ អ័ប៉ូឡូសបានរៀនអំពីព្រះយេស៊ូវក្នុងអំឡុងពេលដែលព្រះយេស៊ូវគង់នៅលើផែនដីនេះឯង។ ប៉ុន្តែបន្ទាប់មក អ័ប៉ូឡូសក៏បានចាកចេញពីទីក្រុងយេរូសាឡិមមុនពេលដែលព្រះទ្រង់បានចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើពួកអ្នកជឿដំបូងៗ។
ព្រឹត្តិការណ៍នេះជួយពន្យល់អំពីមូលហេតុដែលអ័គីឡា និងព្រីស៊ីលត្រូវជួយបង្រៀនអ័ប៉ូឡូស បន្ថែមទៀតអំពីព្រះយេស៊ូវ។ អ័ប៉ូឡូសដឹងអំពីរបៀបដែលត្រូវប្រើព្រះគម្ពីរសាសន៍ហេព្រើរដើម្បីបង្ហាញ ប្រាប់មនុស្សម្នាថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះដែលព្រះទ្រង់បានចាត់មកសង្គ្រោះរាស្ត្រព្រះអង្គ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ អ័ប៉ូឡូសក៏ត្រូវរៀនអំពីព័ត៌មាន និងដំណឹងថ្មីៗបំផុតអំពីកិច្ចការរបស់ព្រះយេស៊ូវផងដែរ។ អ័គីឡា និងព្រីស៊ីល និងពួកជឿផ្សេងទៀតបានប្រគល់សំបុត្រពិសេសមួយដល់អ័ប៉ូឡូស។ សំបុត្រនេះគឺត្រូវបានសរសេរទៅកាន់ពួកជំនុំនៅស្រុកអាខៃ (កិច្ចការ១៨:២៧) ដែលប្រាប់ ពួកគេឲ្យទទួលអ័ប៉ូឡូស និងកិច្ចការដែលគាត់ត្រូវធ្វើផង។ សំបុត្រនេះក៏បានជួយឲ្យអ័ប៉ូឡូសធ្វើការ បានជោគជ័យយ៉ាងច្រើននៅទីក្រុងកូរិនថូសផងដែរ (កូរិនថូសទី១ ៣:៤-៦, កូរិនថូសទី១ ៤:៦, កូរិនថូសទី១ ១៦:១២)។
សូមអានកិច្ចការ ១៩:១-៧។ ដូចដែលបានបង្ហាញក្នុងខទាំងនេះ តើមានអ្វីកើតឡើងចំពោះលោកប៉ុលពេលដែលគាត់បានទៅដល់ទីក្រុងអេភេសូរ?
«លោកប៉ុលក៏បានធ្វើដំណើរមកដល់ទីក្រុងអេភេសូរ។ នៅទីនោះលោកបានជួបមនុស្ស១២ នាក់ ដែលជឿតាមលោកយ៉ូហានបាទីស្ទ។ មនុស្សទាំងនេះក៏បានរៀនអំពីកិច្ចការរបស់ព្រះយេស៊ូវខ្លះៗ ដូចគ្នានឹងអ័ប៉ូឡូសដែរ។ មនុស្សទាំង១២នាក់នេះមិនសូវជាឆ្លាត ឬមានទេពកោសល្យដូច អ័ប៉ូឡូស ឡើយ។ ប៉ុន្តែ ពួកគេមានជំនឿលើព្រះយេស៊ូវដូចជាអ័ប៉ូឡូសដែរ។ ពួកគេក៏មានចិត្តឆេះឆួលចង់ប្រាប់អ្នកដទៃអំពីព្រះយេស៊ូវផងដែរ» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 282, adapted)។
មនុស្សទាំង១២នាក់ក៏ទទួលពិធីបុណ្យជ្រមុជទឹក។ ព្រះជាម្ចាស់ក៏បានប្រទានព្រះវិញ្ញាណ បរិសុទ្ធដល់ពួកគេទាំង១២នាក់។ បន្ទាប់មកពួកគេចាប់ផ្តើមនិយាយភាសាដទៃ។ ការពិតនេះបង្ហាញ យើងថា ពួកគេគឺជាអ្នកបំរើព្រះយេស៊ូវ ដូចគ្នានឹងអ័ប៉ូឡូសដែរ។ ព្រះទ្រង់ប្រទានអំណោយទាននៃការនិយាយភាសាដទៃដល់ពួកគេដើម្បីឲ្យពួកគេអាចពន្យល់ដំណឹងល្អដល់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែងដែលពួកគេត្រូវទៅ។
ថ្ងៃច័ន្ទ ទី៣ កញ្ញា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់ទីក្រុងអេភេសូរ៖ ភាគទី២ (កិច្ចការ ១៩:២៣-៤១)
នៅទីក្រុងអេភេសូរ លោកប៉ុលបានធ្វើនូវរឿងមួយដែលលោកតែងតែធ្លាប់បានធ្វើកាលណាលោកបានទៅទីក្រុងណាមួយ។ ដំបូង លោកបានអធិប្បាយនៅក្នុងសាលាប្រជុំ។ សាលាប្រជុំគឺជា «ព្រះវិហារ» ឬកន្លែងថ្វាយបង្គំរបស់សាសន៍យូដា។ ប៉ុន្តែមិនយូរប៉ុន្មាន មានសាសន៍យូដាជាច្រើនបានប្រឆាំងទៅនឹងសាររបស់លោកប៉ុល។ ហេតុនោះ លោកនិងមិត្តភក្តិក៏បានប្តូរទីកន្លែងទៅកាន់កន្លែងមួយរបស់បុរសម្នាក់ដែលមានឈ្មោះថា ទីរ៉ានុសដែលមានសាលាបង្រៀនមួយកន្លែង។ លោកប៉ុលក៏បាន អធិប្បាយនៅទីនោះជារៀងរាល់ថ្ងៃអស់រយៈពេល២ឆ្នាំ (កិច្ចការ ១៩:៨-១០)។ អ្នកនៅទីក្រុងអេភេសូរគ្រប់គ្នាទាំងអស់បានឮដំណឹងល្អអំពីព្រះយេស៊ូវដោយសារតែកិច្ចការរបស់លោកប៉ុលនៅទីនោះ (កិច្ចការ ១៩:១០, ២៦)។
នៅក្នុងខគម្ពីរ ១៩:១១-២០ លោកលូកាបន្ថែមរឿងបាដិហារ្យខ្លះទៀត។ រឿងអស្ចារ្យទាំងនេះបង្ហាញពីរបៀបដែលព្រះចេស្តារបស់ព្រះយកឈ្នះលើមន្តអាគម។ អេភេសូរគឺជាទីក្រុងដែលមាន ជំនឿលើមន្តអាគមគ្រប់ទីកន្លែង។ ព្រះទ្រង់បានប្រើលោកប៉ុលឲ្យព្យាបាលដោយបាដិហារ្យជាច្រើនករណី។ បាដិហារ្យមួយនោះហាក់ដូចជាប្លែកសំរាប់យើងក៏ថាបាន នោះគឺ៖ ពួកបណ្តាជនបានយក ក្រមា និង កន្សែងដៃដែលប៉ះនឹងស្បែករបស់លោកប៉ុល ឬក៏ឲ្យលោកប៉ុលប្រើបន្តិច ហើយយកក្រណាត់ទាំងនោះទៅគ្របលើអ្នកជម្ងឺ។ វាហាក់ដូចជាផ្ទាំងក្រណាត់មានសិល្ប៍ដែលព្យាបាលអ្នកជម្ងឺបានអ៊ីចឹង (កិច្ចការ ១៩:១២)។ រឿងអស្ចារ្យនេះរំឭកយើងអំពីរបៀបដែលព្រះយេស៊ូវបានព្យាបាលស្ត្រីម្នាក់ដែលធ្លាក់ឈាមអស់រយៈពេល១២ឆ្នាំ (លូកា ៨:៤៤)។ ព្រះទ្រង់បានប្រើវិធីចំឡែក និងបាដិហារ្យពិសេសដើម្បីបង្ហាញអ្នកក្រុងអេភេសូរថា អំណាចចេស្តារបស់ព្រះអង្គគឺខ្លាំងជាងមន្តអាគមណាៗទាំងអស់ (កិច្ចការ ១៩:១១)។ រឿងអស្ចារ្យទាំងនេះបង្ហាញយើងអំពីរបៀបដែលព្រះទ្រង់ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សលោកនៅនឹងកន្លែងដែលពួកគេរស់នៅ។
រួចមក លោកប៉ុលបានសំរេចចិត្តធ្វើដំណើរទៅទីក្រុងយេរូសាឡិមបន្ទាប់ពីលោកបានបញ្ចប់កិច្ចការនៅទីក្រុងអេភេសូរ (កិច្ចការ ១៩:២១)។ លោកលូកាពុំបានប្រាប់អំពីមូលហេតុឡើយ។ ប៉ុន្តែ យើងដឹងមូលហេតុចេញពីសំណេររបស់លោកប៉ុលថា លោកចង់នាំយកប្រាក់ជំនួយដែលលោកប្រមូល បានសំរាប់ពួកអ្នកក្រក្នុងចំណោមពួកជំនុំនៅទីក្រុងយេរូសាឡិម (រ៉ូម ១៥:២៥-២៧, កូរិនថូសទី១ ១៦:១-៣)។ មានការខ្វះស្បៀងអាហារក្នុងអំឡុងពេលដែលមហារាជក្លេវឌាសសោយរាជ្យនៅចក្រភព រ៉ូម។ មនុស្សជាច្រើនរងការខ្វះខាតម្ហូបអាហារ។ គ្រាដ៏លំបាកនោះហើយដែលបានធ្វើឲ្យពួកអ្នកជឿលើព្រះយេស៊ូវនៅទីក្រុងយេរូសាឡិមជួបភាពអត្តខាត់។ លើសនេះទៅទៀតនោះ មានពួកអ្នកជឿខ្លះក៏បានបរិច្ចាគរបស់ទ្រព្យដែលខ្លួនមានដើម្បីជួយទៅអ្នកដទៃ។ ហេតុនោះ លោកប៉ុលក៏ចង់ចូលរួមជួយពួកគេផងដែរ (កាឡាទី ២:១០)។ លោកប៉ុលចង់នាំយកអំណោយរបស់លោកចែកជូនដល់ពួកគេដើម្បីឲ្យពួកគេទុកចិត្តលើភាពជាអ្នកដឹកនាំក្នុងខ្លួនលោក និងនាំមកនូវសេចក្តីសុខសាន្តដល់ពួកជំនុំផងដែរ។
សូមអានខគម្ពីរកិច្ចការ ១៩:២៣-៤១។ នៅក្នុងខទាំងនេះ តើអ្វីទៅគឺជាហេតុផលដ៏ពិត ប្រាកដដែលគេលើកយកមកប្រឆាំងនឹងលោកប៉ុលនៅពេលចាប់ផ្តើមកិច្ចការនៅទីក្រុងអេភេសូរ និងនៅពេលចុងបញ្ចប់នៃការស្នាក់នៅរបស់លោកនៅទីនោះ?
ការទាស់គ្នារបស់ដេមេទ្រាសជាមួយនឹងលោកប៉ុលគឺអំពីការថ្វាយបង្គំព្រះក្លែងក្លាយ។ ប៉ុន្តែហេតុផលពិតប្រាកដនៃកំហឹងរបស់ដេមេទ្រាសគឺរឿងលុយកាក់។ តើលោកអ្នកមិនឃើញទេឬអំពីរបៀបដែលដេមេទ្រាសសំដែងឥរិយាបថរបស់ខ្លួន ធ្វើហាក់ដូចជាខ្វល់ខ្វាយនឹងរឿងសាសនាខ្លាំងណាស់? ប៉ុន្តែអ្វីដែលគាត់ចង់បានពិតប្រាកដគឺចង់បានលុយកាក់ឯណោះវិញទេ។
ថ្ងៃអង្គារ ទី៤ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលចេញទៅសួរសុខទុក្ខអ្នកក្រុងទ្រអាស (កិច្ចការ ២០:៧-១៣)
លោកប៉ុលបានសំរេចចិត្តចាកចេញពីក្រុងអេភេសូរបន្ទាប់ពីមានបញ្ហាជាមួយនឹងដេមេទ្រាស (កិច្ចការ ១៩:២៣-៤១)។ ហេតុនោះ លោកប៉ុលបានធ្វើដំណើរទៅកាន់ស្រុកម៉ាសេដូន និងស្រុកអាខៃ សិនមុននឹងបន្តទៅទីក្រុងយេរូសាឡិម (កិច្ចការ ២០:១-៣)។ មានសមាជិកពួកជំនុំដែលជាសាសន៍ដទៃខ្លះបានទៅជាមួយនឹងលោកក្នុងដំណើរទៅកាន់ស្រុកម៉ាសេដូន និងស្រុកអាខៃនេះដែរ (កិច្ចការ ២០:៤)។
សូមអានខគម្ពីរកិច្ចការ ២០:៧-២០។ មានមនុស្សជាច្រើនបានប្រើខទាំងនេះដើម្បីបង្ហាញថា ថ្ងៃសប្បាតហ៍ត្រូវបានប្តូរទៅជាថ្ងៃអាទិត្យវិញហើយ។ តើមានការគិតនេះខុសត្រង់ណាដែរ?
នៅចុងបញ្ចប់នៃដំណើរសួរសុខទុក្ខរបស់លោកប៉ុលទៅកាន់ទីក្រុងទ្រអាស លោកបានទៅចូលរួមការប្រជុំរបស់ពួកជំនុំ «លុះថ្ងៃដំបូងក្នុងអាទិត្យនោះ» (កិច្ចការ ២០:៧)។ គ្រប់គ្នាបានជួបជុំគ្នា «ដើម្បីកាច់នំបុ័ង» (កិច្ចការ២០:៧)។ ហេតុនោះ ពួកអ្នកវិភាគព្រះគម្ពីរខ្លះបានគិតថា ខនេះបង្ហាញឲ្យឃើញថា នៅជំនាន់លោកប៉ុល ពួកជំនុំសាសន៍ដទៃបានចាប់ផ្តើមថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យជំនួសឲ្យថ្ងៃសប្បាតហ៍ហើយ។
ប៉ុន្តែ មុនពេលដែលយើងនិយាយថាគោលគំនិតនេះត្រឹមត្រូវ យើងត្រូវធ្វើឲ្យប្រាកដច្បាស់ថា យើងត្រូវយល់នៅថ្ងៃដែលមានការប្រជុំគ្នានោះគឺជាថ្ងៃអ្វី។ យើងក៏ត្រូវតែដឹងថា តើពួកគេប្រជុំគ្នាមានគោលបំណងអ្វីផងដែរ។ ហេតុនោះ ចូរយើងក្រឡេកមើលរឿងនេះឲ្យកាន់តែច្បាស់ឡើងថែមទៀត។ ខទាំងនេះនិយាយថា គេបានប្រើចង្កៀងដើម្បីបំភ្លឺពេលប្រជុំគ្នានោះ (កិច្ចការ ២០:៨)។ ខទាំងនេះក៏ប្រាប់យើងផងដែរថា សេចក្តីអធិប្បាយរបស់លោកប៉ុលបានបន្តរហូតដល់ពាក់កណ្តាលអធ្រាត្រ (កិច្ចការ ២០:៧) ហើយបានបន្តទៀតរហូតដល់ថ្ងៃរះតែម្តង (កិច្ចការ ២០:១១)។ ខទាំងនេះក៏ប្រាប់យើងផងដែរថា យូទីគុសបានលង់លក់ក្នុងអំឡុងពេលប្រជុំនោះ (កិច្ចការ២០:៩)។ រឿងទាំងនេះប្រាប់យើងថា ការប្រជុំគ្នានោះកើតឡើងនៅពេលយប់។
ប៉ុន្តែសំណួរបន្ទាប់ដែលយើងត្រូវសួរនោះគឺ៖ តើការប្រជុំគ្នានេះកើតឡើងនៅយប់មុនថ្ងៃអាទិត្យ ឬក៏យប់ក្រោយថ្ងៃអាទិត្យ? ចម្លើយវាអាស្រ័យទៅលើរបៀបដែលលោកលូកាជាអ្នករាប់ពេលវេលា។ ពួកយូដានិយាយថា មួយថ្ងៃចាប់ផ្តើមពីថ្ងៃលិចមួយ រហូតដល់ថ្ងៃលិចមួយទៀត។ ប៉ុន្តែពួករ៉ូមគេមិនបានរាប់ពេលវេលាតាមរបៀបដែលពួកយូដារាប់នោះទេ។ សំរាប់ពួករ៉ូម មួយថ្ងៃចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រមួយហើយត្រូវបញ្ចប់នៅពាក់កណ្តាលអធ្រាត្រមួយទៀត។ ហេតុនោះប្រសិនបើរាប់ពេលវេលាតាមរបៀបពួកសាសន៍យូដា រឿងនោះកើតឡើងចំពេលយប់ថ្ងៃសៅរ៍។ ប៉ុន្តែប្រសិនបើរាប់តាមក្បួនរបស់ពួករ៉ូមវិញ រឿងនោះកើតឡើងចំយប់ថ្ងៃអាទិត្យ។ មិនថារឿងនេះកើតឡើងនៅយប់មួយណាឡើយ ខគម្ពីរកិច្ចការ ២០:៧-១២នេះ បង្ហាញយើងថា ការប្រជុំនេះមានសារៈសំខាន់ពិសេសណាស់ពីព្រោះ លោកប៉ុលត្រូវចាកចេញនៅព្រឹកនៃថ្ងៃបន្ទាប់។ គ្រប់គ្នាបានជួបជុំគ្នាដើម្បីស្តាប់នូវអ្វីដែលលោកប៉ុលមានប្រសាសន៍។ ហេតុនោះ វាជាការពិបាកណាស់ដែលអ្នកខ្លះចង់ប្រើរឿងនេះមកអះអាងថា ថ្ងៃសប្បាតហ៍ត្រូវបានប្តូរទៅថ្ងៃអាទិត្យនោះ។
តើការបង្រៀនរបស់ព្រះគម្ពីរអំពីថ្ងៃសប្បាតហ៍ជួយយើងយ៉ាងដូចម្តេចខ្លះដើម្បីឲ្យសេចក្តីជំនឿរបស់យើងក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទរឹងមាំកាន់តែខ្លាំងឡើងនោះ?
ថ្ងៃពុធ ទី៥ កញ្ញា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់ក្រុងមីលេត (កិច្ចការ ២០:១៥-២៧)
លោកប៉ុលបានឈប់សំចតនៅមួយកន្លែងទៀតមុននឹងបន្តដំណើរទៅយេរូសាឡិម។ គឺលោក បានទៅកាន់ទីក្រុងមីលេត។ នៅទីនោះ លោកបានអធិប្បាយគ្រាចុងក្រោយជូនពួកមេដឹកនាំពួកជំនុំដែលមកពីក្រុងអេភេសូរ។
សូមអានខគម្ពីរកិច្ចការ ២០:១៥-២៧។ តើលោកប៉ុលមានប្រសាសន៍អំពីអ្វីនៅចំណុចដំបូងនៃសេចក្តីអធិប្បាយរបស់លោក?
លោកប៉ុលជឿថា លោកនឹងមិនត្រឡប់មកកាន់អាស៊ីម្តងទៀតទេ។ លោកបានរៀបផែនការសំរាប់ដំណើរថ្មីមួយរួចរាល់ហើយ។ លោកមានផែនការធ្វើដំណើរទៅទីក្រុងរ៉ូម និងស្រុកអេស្ប៉ាញ (រ៉ូម ១៥:២២-២៩)។ ហេតុនោះ លោកប៉ុលក៏ចាប់ផ្តើមដោយមានប្រសាសន៍អំពីរយៈពេលជាច្រើនឆ្នាំដែលលោកបានស្នាក់នៅទីក្រុងអេភេសូរ។ លោកប៉ុលជំរាបពួកមេដឹកនាំពួកជំនុំអំពីអ្វីដែលបានកើតឡើងក្នុងកាលដែលលោកបានរស់នៅជាមួយអ្នកក្រុងអេភេសូរ។ ប៉ុន្តែ លោកក៏មានប្រសាសន៍អំពីអ្វីដែលលោកបារម្ភដែលអាចនឹងកើតឡើងចំពោះលោកក្នុងទីក្រុងយេរូសាឡិមនាពេលខាងមុខនោះដែរ។
លោកប៉ុលមានហេតុផលល្អមួយដែលត្រូវខ្លាច។ ពួកជំនុំនៅទីក្រុងយេរូសាឡិមធ្លាប់មានអារម្មណ៍ខឹងសម្បានឹងលោកប៉ុលបន្តិចបន្តួចដែរ។ នោះគឺដោយសារតែលោកប៉ុលធ្លាប់ប្រឆាំងនឹងគ្រីស្ទានក្នុងអតីតកាល។ ពួកជំនុំក៏មានការបារម្ភអំពីសាររបស់លោកប៉ុលផងដែរ។ លោកប៉ុលបានអធិប្បាយដំណឹងល្អថា ព្រះយេស៊ូវសង្គ្រោះយើងរាល់គ្នាដោយសេចក្តីជំនឿតែម្យ៉ាងប៉ុណ្ណោះ។ ហេតុនោះ អ្នកដឹកនាំសាសន៍យូដាជាច្រើនមានអារម្មណ៍ថា លោកប៉ុលនៅមិនស្មោះត្រង់ចំពោះជីវិតជាសាសន៍យូដា និងសេចក្តីជំនឿបែបសាសន៍យូដាទេ (កិច្ចការ ២៣:១, ២)។ នៅពាក់កណ្តាលសតវត្សទី១នៃគ្រិស្តសករាជ ពួកសាសន៍យូដាមានការហត់នឿយនឹងរដ្ឋាភិបាលរ៉ូម។ អារម្មណ៍នេះឃើញមាននៅគ្រប់ផ្នែកនៃជីវិតរបស់សាសន៍យូដា។ ប្រហែលជាពួកជំនុំក៏មានអារម្មណ៍បែបនេះដែរ។ ហេតុនោះ នៅពេលដែលពួកគេឃើញលោកប៉ុលធ្វើកិច្ចការជាមួយសាសន៍ដទៃវាមិនងាយឲ្យពួកសាសន៍យូដានិយមចូលចិត្តនឹងលោកឡើយ។
លោកប៉ុលក៏មានហេតុផលមួយផ្សេងទៀតដែលត្រូវបារម្ភផងដែរ។ ក្នុងកិច្ចការ ២០:២៩-៣១ លោកប៉ុលមានប្រសាសន៍អំពីអ្វីដែលពួកអ្នកដឹកនាំពួកជំនុំក្នុងក្រុងអេភេសូរគួរមានវិធានការចំពោះពួកគ្រូក្លែងក្លាយ។ លោកប៉ុលមានប្រសាសន៍ថា ពួកគ្រូក្លែងក្លាយប្រៀបដូចជាឆ្កែព្រៃដែលព្យាយាមនាំហ្វូងចៀមឲ្យវង្វេង ហើយបំផ្លាញចៀមទាំងនោះ។ គ្រោះថ្នាក់ដែលមកពីពួកគ្រូក្លែងក្លាយគឺមានពិតប្រាកដសូម្បីតែជំនាន់លោកក៏មានដែរ។ រាប់រយឆ្នាំមុនជំនាន់របស់លោកប៉ុល ស្តេចសាឡូម៉ូនមានបន្ទូលថា «ឥតមានអ្វីជាថ្មីនៅក្រោមថ្ងៃឡើយ» (សាស្តា ១:៩)។ ប្រវត្តិសាស្ត្រស្តីអំពីពួកជំនុំគ្រីស្ទានបង្ហាញថា ពួកគ្រូក្លែងក្លាយបានធ្វើឲ្យពួកជំនុំឈឺចាប់ខ្លាំងណាស់។ បញ្ហាដែលបង្កឡើងដោយពួកគ្រូក្លែងក្លាយនឹងបន្តក្នុងពួកជំនុំរហូតដល់គ្រាចុងបញ្ចប់ (ធីម៉ូថេទី២ ៤:៣)។
មែនហើយ លោកប៉ុលមានរឿងច្រើនណាស់ដែលធ្វើឲ្យគាត់បារម្ភ។ ប៉ុន្តែ លោកមិនធ្លាប់ដែលឈប់ជឿទុកចិត្តលើព្រះជាម្ចាស់ឡើយ។
សូមអានកូរិនថូសទី២ ៤:៨-១៤។ តើលោកប៉ុលកំពុងមានប្រសាសន៍អ្វីខ្លះនៅក្នុងខទាំងនេះដែលថា យើងត្រូវនឹកចាំ និងដើរតាម នៅពេលដែលបញ្ហាមកដល់នោះ? តើលោកប៉ុលបានដាក់សេចក្តីសង្ឃឹមរបស់លោកនៅទីណា?
ថ្ងៃព្រហស្បតិ៍ ទី៦ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលទៅសួរសុខទុក្ខអ្នកក្រុងទីរ៉ុសនិងទីក្រុងសេសារា (កិច្ចការ ២១:១០-១៤)
លោកលូកាប្រាប់យើងអំពីអ្វីដែលកើតឡើងចំពោះលោកប៉ុលនៅតាមផ្លូវទៅកាន់ទីក្រុងយេរូសាឡិម។ បន្ទាប់ពីលោកធ្វើដំណើរទៅទីក្រុងមីលេតរួចហើយ លោកបានចំណាយពេលមួយសប្តាហ៍ក្នុងទីក្រុងទីរ៉ុសនៅស្រុកភេនីស (កិច្ចការ ២១:១៦)។ ប៉ុន្តែខណៈដែលលោកប៉ុលនៅទីនោះ ព្រះវិញ្ញាណបរិសុទ្ធបាននាំពួកអ្នកជឿនៅទីក្រុងទីរ៉ុសដាស់តឿនលោកប៉ុលមិនឲ្យធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិមឡើយ។ ការដាស់តឿនរបស់ពួកជំនុំមិនប្រឆាំងគ្នានឹងបញ្ជារបស់ព្រះដែលបានបង្គាប់លោកប៉ុលឲ្យទៅទីក្រុងយេរូសាឡិមនោះឡើយ។ តើយើងដឹងរឿងនេះបានយ៉ាងដូចម្តេច? យើងដឹងដោយសារក្រឡេកមើលពាក្យពេចន៍ជាភាសាក្រេកក្នុងខគម្ពីរកិច្ចការ ១៩:២១ លើពាក្យថា «សម្រេចចិត្តទៅ» (KHSV)។ ពាក្យក្រេកនេះចង់មានន័យថា «ព្រះវិញ្ញាណណែនាំលោកប៉ុលឲ្យសម្រេចចិត្ត»។ ពាក្យពេចន៍ទាំងឡាយនៅក្នុងខគម្ពីរកិច្ចការ ២១:៤ ក៏បានប្រាប់យើងថា លោកប៉ុលពុំបានសំរេចចិត្តដោយខ្លួនឯងនោះឡើយ។ ប្រហែលជាព្រះវិញ្ញាណបរិសុទ្ធបង្ហាញប្រាប់ពួកគ្រីស្ទាននៅទីក្រុងទីរ៉ុសអំពីគ្រោះថ្នាក់ដែលលោកប៉ុលត្រូវឆ្លងកាត់ទេដឹង។ ហេតុនោះ ពួកគ្រីស្ទានទាំងនេះក៏បានដាស់តឿនលោកប៉ុលកុំឲ្យប្រញាប់ធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិមឡើយ។ លោកប៉ុលខ្លួនឯងក៏ពុំដឹងថានឹងមានអ្វីកើតឡើងដល់រូបលោកពេលដែលលោកទៅដល់ទីក្រុងយេរូសាឡិមដែរ (កិច្ចការ ២០:២២, ២៣)។ បទពិសោធន៍របស់លោកប៉ុលបង្ហាញប្រាប់យើងថា ព្រះទ្រង់ពុំមែនចេះតែបង្ហាញប្រាប់យើងច្បាស់ៗគ្រប់យ៉ាងនៅគ្រាតែមួយនោះទេ។
សូមអានកិច្ចការ ២១:១០-១៤។ ក្នុងខទាំងនេះ បុរសម្នាក់ឈ្មោះអ័ក្កាបុសបានដាស់តឿនយ៉ាងពិសេសដល់លោកប៉ុលនៅក្នុងទីក្រុងសេសារា។ តើការដាស់តឿនរបស់អ័ក្កាបុសនេះបង្ហាញដល់លោកប៉ុលអំពីបញ្ហាដែលកំពុងទន្ទឹងរង់ចាំលោកនៅឯយេរូសាឡិមយ៉ាងដូចម្តេចខ្លះ?
អ័ក្កាបុសគឺជាហោរាម្នាក់។ ហោរាគឺជាអ្នកនាំសារពិសេសដែលព្រះទ្រង់ចាត់ឲ្យទៅកាន់រាស្ត្ររបស់ព្រះអង្គ។ យើងធ្លាប់ជួបអ័ក្កាបុសម្តងហើយក្នុងខគម្ពីរកិច្ចការ ១១:២៧-៣០។ នៅក្នុងរឿងនេះ អ័ក្កាបុសបានដាស់តឿនពួកជំនុំអំពីកង្វះស្បៀងអាហារ។ ក្នុងកិច្ចការជំពូក២១នេះវិញ អ័ក្កាបុសបានធ្វើរឿងដែលពួកហោរាគម្ពីរសញ្ញាចាស់ធ្លាប់បានធ្វើដែរ។ លោកបានសំដែងសាររបស់លោកដោយបង្ហាញថា លោកប៉ុលនឹងត្រូវចាប់ខ្លួននៅពេលលោកទៅដល់ទីក្រុងយេរូសាឡិម។ បន្ទាប់មកសត្រូវរបស់លោកប៉ុលនឹងបញ្ជូនលោកឲ្យទៅពួកសាសន៍រ៉ូម។
ពួកគ្រីស្ទានដែលនៅជាមួយនឹងលោកប៉ុលបានចាត់ទុកសាររបស់អ័ក្កាបុសថាជាការដាស់តឿនមួយ។ ពួកគេជំរាបដល់លោកប៉ុលថាកុំឲ្យធ្វើដំណើរទៅទីក្រុងយេរូសាឡិមឡើយ។ ចិត្តថ្លើមរបស់លោកប៉ុលមានការប៉ះពាល់ដោយក្តីបារម្ភរបស់ពួកគេចំពោះរូបលោក។ ប៉ុន្តែ លោកបានសំរេចចិត្តដើម្បីបញ្ចប់កិច្ចការរបស់លោក បើទោះបីជាត្រូវស្លាប់ក៏ដោយ។ សំរាប់លោកប៉ុល ដំណឹងល្អ និងសេចក្តីសុខសាន្តរបស់ពួកជំនុំគឺសំខាន់ជាងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកទៅទៀត។
«លោកប៉ុលពេលដែលត្រូវធ្វើដំណើរមកយេរូសាឡិមពីលើកមុនៗមិនដែលធ្លាប់មានចិត្តទុក្ខព្រួយដូចគ្រាឥឡូវនេះទេ។ លោកដឹងថា លោកនឹងជួបមិត្តភក្តិមួយចំនួន និងសត្រូវជាច្រើន។ លោកមកជិតដល់ទីក្រុងដែលងាកបែរចេញពីព្រះយេស៊ូវ និងបានសំឡាប់ព្រះបុត្រារបស់ព្រះ។ ព្រះទ្រង់មានព្រះពិរោធនឹងក្រុងនេះខ្លាំងណាស់» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 397, 398, adapted)។
ថ្ងៃសុក្រ ទី៧ កញ្ញា ឆ្នាំ២០១៨
សិក្សាបន្ថែម
«ពួកសាសន៍យូដាមានកំហឹងខ្លាំងណាស់ចំពោះគ្រីស្ទានដែលផ្សាយដំណឹងល្អ។ ពួក គ្រីស្ទានបានទទួលជោគជ័យយ៉ាងច្រើន។ ការបង្រៀនថ្មីៗរបស់ពួកគេបានជួយពួកសាសន៍យូដាឲ្យបោះបង់ គំនិតខុសឆ្គងដែលថា ពួកគេត្រូវតែដើរតាមក្រឹត្យវិន័យទើបបានសង្គ្រោះ។ ការបង្រៀននេះក៏លើកឡើងផងដែរថា ពួកសាសន៍ដទៃក៏ដូចជាពួកសាសន៍យូដាដែរ។ ទាំងសាសន៍យូដា និងទាំងសាសន៍ដទៃគឺជាកូនចៅរបស់លោកអ័ប្រាហាំ។ លោកប៉ុលខ្លួនឯងក៏មានប្រសាសន៍ផងដែរថា «ដូច្នេះ លែងមានសាសន៍ក្រេក ឬសាសន៍យូដា ពួកកាត់ស្បែក ឬមិនកាត់ស្បែក មនុស្សព្រៃ ឬពួកទមិឡ និងលែងមានអ្នកងារ ឬអ្នកជាទៀតឡើយ» (កូល៉ុស ៣:១១, KHSV)។ ពួកសាសន៍យូដាមានអារម្មណ៍ថា ពាក្យពេចន៍ដែលលោកប៉ុលលើកឡើងគឺជាបទឧក្រិដ្ឋប្រឆាំងនឹងព្រះជាម្ចាស់។ ហេតុនោះ ពួកគេសំរេចចិត្តថាត្រូវតែឃាត់លោកប៉ុលកុំឲ្យធ្វើការនោះតទៅទៀតជារៀងរហូត» (ដកស្រង់ពី The Acts of the Apostles, page 390, adapted)។
«លោកប៉ុលមិនអាចជឿទុកចិត្តលើបងប្អូនរួមជំនឿផ្ទាល់របស់លោក ដើម្បីឲ្យពួកគេជួយគាំទ្រ និងផ្តល់ក្តីមេត្តាដល់រូបលោកបានឡើយ។ ពួកសាសន៍យូដាដែលមិនជឿលើព្រះយេស៊ូវ បានតាមដានលោកប៉ុលយ៉ាងស្អិត។ ពួកគេបានផ្សព្វផ្សាយពាក្យកុហកដ៏អាក្រក់អំពីលោកប៉ុលនៅទីក្រុងយេរូសាឡិមយ៉ាងឆាប់រហ័ស។ ពួកគេបានសរសេរសំបុត្រមិនល្អអំពីលោកប៉ុលនិងកិច្ចការរបស់លោក។ មេដឹកនាំខ្លះក្នុងពួកជំនុំគ្រីស្ទានបានអានសំបុត្រទាំងនេះ ហើយក៏ជឿតាមដែរ។ ពួកមេដឹកនាំទាំងនេះពុំបានចាត់វិធានការដើម្បីបពា្ឈប់ពាក្យកុហកបោកប្រាស់ទាំងនេះទេ ហើយក៏ពុំបានរកវិធីគាំទ្រដល់លោកប៉ុលដែរ» (ដកស្រង់ពី The Acts of the Apostles, page 398, adapted)។
សំនួរពិភាក្សា៖
- លោកប៉ុលបានជួបគ្រីស្ទានខ្លះនៅទីក្រុងអេភេសូរដែលជាពួកអ្នកដើរតាមលោកយ៉ូហានបាទីស្ទ (កិច្ចការ ១៩:១៧)។ ពួកអ្នកអាត់វេនទីស្ទខ្លះបានប្រើខទាំងនេះដើម្បីនិយាយថា ពួកគ្រីស្ទានដែលមកពីព្រះ វិហារផ្សេងៗត្រូវតែទទួលបុណ្យជ្រមុជទឹកម្តងទៀតមុននឹងចូលរួមជាមួយនឹងពួកជំនុំអាត់វេនទីស្ទ។ តើគោលគំនិតត្រឹមត្រូវដែរឬទេ? ប្រសិនបើត្រឹមត្រូវ តើដោយសារមូលហេតុអ្វី? តើលោកអ្នកមិនឃើញទេឬថាអ័ប៉ូឡូសមិនត្រូវការទទួលបុណ្យជ្រមុជទឹកម្តងទៀតនោះទេ? តើរឿងនោះបង្រៀនអ្វីខ្លះដល់យើង?
- មានសាសន៍យូដាជាច្រើនដែលមិនជឿលើព្រះយេស៊ូវបានងាកបែរមកប្រឆាំងនឹងលោកប៉ុល។ ហើយក៏មានសាសន៍យូដាជាច្រើនដែលជឿលើព្រះយេស៊ូវក៏បានប្រឆាំងទាស់នឹងលោកប៉ុលដែរ។ ពួកគេបានចោទប្រកាន់លោកប៉ុលថាបានផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះ។ មនុស្សជាច្រើនដែលថ្វាយបង្គំព្រះក្លែងក្លាយក៏ស្អប់សារដែលលោកប៉ុលបានអធិប្បាយដែរ។ ប៉ុន្តែ លោកនៅតែបន្តធ្វើកិច្ចការដែលព្រះទ្រង់បានដាក់ឲ្យគាត់ធ្វើដដែល។ តើយើងអាចរៀនពីរឿងរបស់លោកប៉ុលអ្វីខ្លះអំពីការមិនបោះបង់ការបម្រើព្រះ?
- ចូរគិតអំពីខគម្ពីរខ្លះៗ និងគោលគំនិតខ្លះៗដែលមនុស្សជាច្រើនលើកយកមកនិយាយថា ថ្ងៃសប្បាតហ៍ត្រូវបានប្តូរទៅជាថ្ងៃអាទិត្យហើយ។ តើយើងត្រូវបង្ហាញថា គោលគំនិតទាំងនេះមិនត្រឹមត្រូវដោយរបៀបណា? តើយើងត្រូវបង្ហាញដោយរបៀបណាថា ការរក្សាថ្ងៃសប្បាតហ៍មិនមែនជាការព្យាយាមឲ្យបានសង្គ្រោះដោយសារការកាន់តាមក្រឹត្យវិន័យនោះ?