មេរៀនទី១១៖ ១០-១៦ មីនា ២០១៨

ការជំពាក់ប្រាក់

Jeans
ថ្ងៃសៅរ៍ ទី១០ មីនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ទំនុកតំកើង៣៧:២១, ម៉ាថាយ៤:៣-១០, ម៉ាថាយ៦:៣៣, ចោទិយកថា២៨:១២, សុភាសិត១៣:១១។

ខចងចាំ៖ «ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្តី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។ កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រឹត្យ‌វិន័យ​ហើយ» (រ៉ូម ១៣:៦, ៧)។

លោកអ្នកប្រហែលស្គាល់នរណាម្នាក់ ដែលមានចិត្តល្អឲ្យលោកអ្នកខ្ចីលុយពេលដែលលោកអ្នកត្រូវការហើយ។ ប៉ុន្តែ មនុស្សភាគច្រើនពុំបានឲ្យលុយលោកអ្នកខ្ចីដោយសារពួកគេចង់ជួយលោកអ្នកនោះទេ។ ផ្ទុយទៅវិញ ពួកគេឲ្យលោកអ្នកខ្ចីដោយសារតែចង់បានការប្រាក់ពេលដែលលោកអ្នកសងទៅពួកគេវិញតែប៉ុណ្ណោះ។

បើបាន យើងគួរជៀសវាងកុំឲ្យជំពាក់ប្រាក់គេឲ្យសោះ។ មែនហើយ ជួនកាលយើងត្រូវការខ្ចីប្រាក់។ យើងអាចនឹងត្រូវការខ្ចីប្រាក់គេពេលដែលយើងទិញផ្ទះ ឬទិញឡាន សង់ព្រះវិហារ ឬសាលារៀនជាដើម។ ប៉ុន្តែ យើងត្រូវខ្ចីលុយដោយប្រយ័ត្នប្រយែងឲ្យមែនទែន។ ហើយយើងត្រូវខ្ចីប្រាក់ដោយមានចិត្តចង់សងទៅគេឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

ដូច្នេះ យើងត្រូវតែប្រយ័ត្នប្រយែង។​ យើងមិនត្រូវចំណាយប្រាក់ដែលយើងមិនមាននោះទេ។ នោះគឺជាអន្ទាក់ដែលអារក្សប្រើសំរាប់ទាក់រាស្ត្ររបស់ព្រះ។ យើងមិនត្រូវ «ធ្វើឲ្យការចង់បានធំជាងអ្វីដែលយើងគួរមាន ហើយក៏មិនត្រូវធ្វើចិត្តដែលស្រឡាញ់ទ្រព្យសម្បត្តិក្លាយជាផ្នែកមួយនៃជីវិតរបស់យើងឡើយ។ មិនត្រូវឲ្យរឿងទាំងនេះគ្រប់គ្រងជីវិតរបស់យើងឡើយ។ បើមិនដូច្នោះទេ ព្រះគុណនិងព្រះចេស្តារបស់ព្រះអង្គដ៏សង្គ្រោះយើងនឹងឃ្លាតឆ្ងាយពីយើងហើយ»។ ដកស្រង់ពី (Ellen G. White, Early Writings, page 267, adapted)។

យើងត្រូវតែធ្វើឲ្យខ្លួនយើងកាន់តែប្រសើរឡើង និងធ្វើជំនាញរបស់យើងកាន់តែស្ទាត់ឡើង។ ដូច្នេះទើបយើងអាចគ្រប់គ្រងខ្លួនឯង និងជៀសវាងការជំពាក់ប្រាក់គេបាន។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលលើអ្វីដែលព្រះគម្ពីរនិយាយអំពីការជំពាក់ប្រាក់។

ថ្ងៃអាទិត្យ ទី១១ មីនា ឆ្នាំ២០១៨

ការខ្ចី និងការចាយវាយ

កណ្ឌគម្ពីរពង្សាវតារក្សត្រទី២ ជំពូក៦ បានរៀបរាប់រឿងរបស់លោកអេលីសេ និងមនុស្សមួយក្រុម។ ពួកគេបានចេញទៅឯទន្លេយ័រដាន់ដើម្បីកាប់ឈើធ្វើផ្ទះ។ មានបុរសម្នាក់កំពុងតែកាប់ដើមឈើ ស្រាប់តែផ្លែពូថៅបានរបូតហើយធ្លាក់ចូលទៅក្នុងទឹក។ បុរសនោះក៏បានស្រែកឡើងថា «វរ‌ហើយ លោក​ម្ចាស់​ខ្ញុំ​អើយ ដ្បិត​ពូថៅ​នេះ​ខ្ញុំ​បាន​ខ្ចី​មក​ពី​គេ» (ពង្សាវតារក្សត្រទី២ ៦:៥)។ ពាក្យថា «ខ្ចី» បានន័យថា មានអ្នកដែលជាម្ចាស់លើរបស់អ្វីមួយអនុញ្ញាតឲ្យនរណាមួយយកទៅប្រើសិន។ យើងត្រូវតែប្រយ័ត្ន មិនត្រូវធ្វើឲ្យខូច ឬបាត់របស់ដែលយើងខ្ចីពីគេនោះឡើយ។ យើងត្រូវតែថែរក្សាវាឲ្យបានល្អ។ ការខ្ចីប្រាក់គឺខុសពីការខ្ចីផ្លែពូថៅដែលបានរបូតធ្លាក់ចូលទៅក្នុងទឹកនោះ។ ប៉ុន្តែ ប្រាក់ដែលបានខ្ចីអាចនឹងបណ្តាលឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរប្រសិនបើមិនបានយកប្រាក់នោះមកប្រើឲ្យបានត្រឹមត្រូវទេនោះ។

ហេតុផលតែមួយគត់ដែលយើងខ្ចីប្រាក់គឺយកមកទិញអ្វីមួយ។ ប៉ុន្តែ យើងត្រូវប្រឈមនឹងហានិយភ័យក្នុងការសងប្រាក់ទៅគេវិញ។ យើងអាចនឹងពុំមានលទ្ធភាពក្នុងការសងប្រាក់ទៅគេវិញក៏ថាបាន។ ជួនកាល មានរឿងអ្វីផ្សេងទៀតអាចកើតឡើងពេលអនាគតដែលធ្វើឲ្យយើងមិនអាចសងប្រាក់នោះវិញក៏មាន។ យើងមិនដឹងអំពីអនាគតនោះឡើយ (សាស្តា៨:៧)។ ដូច្នេះ ការខ្ចីប្រាក់មានន័យថា យើងទទួលយកហានិយភ័យ។

តើខគម្ពីរទំនុកតំកើង៣៧:២១, សាស្តា៥:៥, និងចោទិយកថា២៨:៤៤, ៤៥ និយាយយ៉ាងដូចម្ដេចខ្លះអំពីការមិនត្រូវជំពាក់ប្រាក់គេ?

យើងអាចខ្ចីប្រាក់ ហើយសង្ឃឹមថានឹងប្រើប្រាស់វាដោយភាពវៃឆ្លាត។ ប៉ុន្តែវាងាយណាស់ក្នុងការចាយវាយប្រាក់ដែលខ្ចីនោះមិនត្រឹមត្រូវ។ ហើយរឿងនោះអាចនាំមកនូវបញ្ហាផ្សេងៗ។ មនុស្សជាច្រើនខ្ចីប្រាក់គេយកមកទិញរបស់របរប្រើប្រាស់ដោយសារតែពួកគេមានអារម្មណ៍ថា ការមានរបស់របរប្រើប្រាស់ច្រើនគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិត។ ដូច្នេះ តើយើងគួរធ្វើយ៉ាងណាពេលដែលយើងចង់ខ្ចីប្រាក់យកទៅទិញរបស់របរដែលយើងមិនត្រូវការចាំបាច់ ហើយគ្មានប្រាក់គ្រប់នៅឡើយនោះ? យើងគួរតែសូមព្រះឲ្យជួយ។ ព្រះទ្រង់សន្យាថា ព្រះអង្គនឹងប្រទានឲ្យយើងនូវ «ផ្លូវឲ្យចៀសរួច» ពីអំពើបាប (កូរិនថូសទី១ ១០:១៣)។

ការខ្ចីប្រាក់អាចបណ្តាលឲ្យយើងរងទុក្ខលំបាកប្រសិនបើយើងមិនប្រយ័ត្នប្រយែង (ចោទិយកថា២៨:៤៣-៤៥)។ ដូច្នេះ សូមកុំចាប់ផ្តើមឲ្យមានទម្លាប់អាក្រក់ក្នុងការខ្ចីប្រាក់នោះឡើយ។ ចុះប្រសិនបើលោកអ្នកជ្រុលជាបានខ្ចីប្រាក់គេរួចទៅហើយ តើត្រូវធ្វើយ៉ាងម៉េចវិញ? ដូច្នេះ លោកអ្នកត្រូវរៀបចំផែនការសងប្រាក់ទៅគេវិញឲ្យបានកាន់តែឆាប់កាន់តែល្អ។ យើងត្រូវតែរៀនចាយវាយដោយប្រយ័ត្នប្រយែង។ យើងមិនត្រូវឲ្យលុយគ្រប់គ្រងលើយើងនោះទេ។ មែនហើយ ជួនកាលក៏មានពេលដែលដែលយើងចាំបាច់ត្រូវតែខ្ចីគេដែរ។ ប៉ុន្តែ យើងត្រូវតែខ្ចីដោយប្រុងប្រយ័ត្ន។ ហើយយើងក៏ត្រូវតែប្រញាប់សងគេវិញដែរ។

តើយើងអាចធ្វើឲ្យវិញ្ញាណរបស់យើងឈឺចាប់ដោយរបៀបណាខ្លះពេលដែលយើងខ្ចីប្រាក់គេច្រើនពេក?

ថ្ងៃច័ន្ទ ទី១២ មីនា ឆ្នាំ២០១៨

គ្រោះថ្នាក់នៃការចង់បានអ្វីមួយតាមចិត្តចង់

«យ៉ាកុប​ក៏​ឲ្យ​នំបុ័ង និង​សំឡ​សណ្តែក‌បាយ​ដល់​អេសាវ គាត់​ក៏​បរិភោគ រួច​ក្រោក​ដើរ​ចេញ​បាត់​ទៅ អេសាវ​បាន​មើល‌ងាយ​អំណាច​មរដក​នៃ​បង​ច្បង​របស់​ខ្លួន​ដោយ​អាការ​យ៉ាង​ដូច្នោះ» (លោកុប្បត្តិ២៥:៣៤)។ អេសាវគឺជាបុរសដែលរឹងមាំនិងឃោរឃៅម្នាក់។ គាត់ចូលចិត្តការបរបាញ់សត្វ។ គាត់ធ្វើនូវអ្វីដែលគាត់ចង់។ ហើយគាត់ចង់បានសំឡរបស់ប្អូនប្រុសគាត់ពេលដែលគាត់ធុំក្លិនវា។ អេសាវក៏ឃ្លាន។ ប៉ុន្តែ គាត់ឃ្លាននោះឃ្លានខ្លាំងណាស់។ ផ្ទុយទៅវិញ អារម្មណ៍ឃ្លានខ្លាំងនោះបានគ្រប់គ្រងគាត់អស់ហើយ។ គាត់បានបណ្តោយឲ្យអារម្មណ៍ស្រេកឃ្លានគ្រប់គ្រងញាណដ៏ល្អរបស់គាត់។ ដូច្នេះ ក៏បានបោះបង់អំណោយទាននិងអំណាចពិសេសដែលជារបស់កូនច្បងនោះចោល។ គាត់បានដូរវាជាមួយនឹងអ្វីមួយដែលគាត់ចង់បានភ្លាមៗ។ ក្រោយមក អេសាវចង់បានអំណោយទាននិងអំណាចពិសេសនោះត្រឡប់មកវិញ។ គាត់ក៏ចង់ឲ្យអ៊ីសាកជាឪពុកឲ្យពរដល់គាត់ផងដែរ។ ពរដែលចេញពីអ៊ីសាកនេះរួមមានអំណោយទាននិងអំណាចពិសេសផងគឺសំរាប់ឲ្យដល់កូនច្បង។ សូមនឹកចាំថា អេសាវបានឲ្យសិទ្ធិជាកូនច្បងនេះទៅយ៉ាកុបរួចហើយដោយដូរនឹងសំឡមួយចាន។ «តែ​គាត់​ត្រូវ​ចោល​ចេញ​វិញ ដ្បិត​ទោះ​បើ​គាត់​ខំ​ស្វែង​រក ទាំង​ស្រក់​ទឹក​ភ្នែក​ក៏​ដោយ គង់​តែ​រក​ផ្លូវ​ប្រែ​ចិត្ត​មិន​ឃើញ​ទេ» (ហេព្រើរ១២:១៧)។

ចំណុចខុសប្លែកគ្នារវាងអេសាវនិងព្រះយេស៊ូវអីក៏ធំយ៉ាងនេះ! ព្រះយេស៊ូវពុំបានបរិភោគអ្វីទាល់តែសោះក្នុងរវាង៤០ថ្ងៃ។ បន្ទាប់ពី៤០ថ្ងៃ ព្រះអង្គក៏នឹកឃ្លានចង់បរិភោគ។ ដូច្នេះ សាតាំងក៏បានមកឯព្រះអង្គ។ សាតាំងបានព្យាយាមល្បួងព្រះយេស៊ូវបីដងដើម្បីឲ្យព្រះអង្គធ្វើខុស (ម៉ាថាយ៤:៣-១០)។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់ទតឃើញយ៉ាងច្បាស់ថា សាតាំងកំពុងតែលេងល្បិចដាក់ព្រះអង្គ។ ព្រះយេស៊ូវទ្រង់ខ្សោយហើយស្រេកឃ្លាន។ ប៉ុន្តែព្រះអង្គពុំបានធ្វើបាបឡើយ។​ ព្រះជន្មរបស់ព្រះយេស៊ូវតែងតែមានបន្ទូលថា «ទេ» ទៅកាន់អំពើបាប។ ព្រះយេស៊ូវក៏មានបន្ទូលថា «ទេ» ទៅកាន់ការចង់បានអ្វីមួយពេលដែលព្រះអង្គចង់បានដែរ។ ព្រះអង្គបង្ហាញថា យើងអាចមានអំណាចលើអំពើបាបបាន។ ព្រះយេស៊ូវខុសពីអេសាវ។ ព្រះយេស៊ូវពុំបានបោះបង់ព្រះពរដ៏បរិបូរដែលព្រះបានសន្យានឹងប្រទានដល់ព្រះរាជបុត្រានៃព្រះតែមួយនោះឡើយ។ ហើយឥឡូវនេះ ព្រះយេស៊ូវអញ្ជើញមនុស្សទាំងអស់ឲ្យទទួលអំណោយទានដ៏ពិសេសនោះជាមួយព្រះអង្គ (រ៉ូម៨:១៧, ទីតុស៣:៧)។ សាតាំងនឹងព្យាយាមលួចអំណោយទានទាំងនោះចេញពីយើង។ ដូច្នេះ យើងត្រូវធ្វើដូចព្រះយេស៊ូវដែលបានធ្វើពេលដែលសាតាំងព្យាយាមនាំព្រះយេស៊ូវឲ្យធ្វើបាបនោះដែរ (កូរិនថូសទី១ ១០:១៣)។ យើងត្រូវទុកចិត្តដល់ព្រះឲ្យជួយយើងឲ្យចៀសចេញពីអន្ទាក់។

សូមអាន សាំយូអែលទី២ ១១:២៤, លោកុប្បតិ្ត៣:៦, ភីលីព៣:១៩, យ៉ូហានទី១ ២:១៦ និងរ៉ូម៨:៨។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីគ្រោះថ្នាក់នៃការចង់បានអ្វីមួយតាមតែចិត្តចង់ភ្លាមៗ? តើគ្រោះថ្នាក់នេះមានពិតប្រាកដយ៉ាងណាខ្លះ ដែលអាចនឹងកើតឡើងដល់សូម្បីតែពួកអ្នកដែលស្មោះត្រង់ចំពោះព្រះក្តី?

ថ្ងៃអង្គារ ទី១៣ មីនា ឆ្នាំ២០១៨

ទិញអ្វីដែលល្មមនឹងប្រាក់ដែលលោកអ្នកអាចទិញបាន

«មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ» (សុភាសិត២១:២០)។ ខនេះបង្ហាញថា អ្នកមើលការខុសត្រូវដែលឆ្លាតវៃខុសពីអ្នកមើលការខុសត្រូវអាក្រក់ដែលខ្ជះខ្ជាយ។ មនុស្សល្ងង់ចាយប្រាក់តាមបែបដែលមិនឆ្លាតវៃទេ។ ពួកគេគឺជាមនុស្សដែលលោភលន់។ ពួកគេចាយប្រាក់ទាំងអស់ដែលខ្លួនមាន។ ជួនកាលពួកគេហ៊ានចាយប្រាក់ដែលខ្លួនមិនមានថែមទៀតផង។ ពួកគេមិនចេះប្រយ័ត្នប្រយែងនឹងរឿងចាយវាយនោះឡើយ។ ហេតុអ្វី? ពួកគេមានអារម្មណ៍ថា ខ្លួនហាក់ដូចជា ត្រូវបង្ខំឲ្យ «ស្ងួនចំណី» បើត្រូវចាយវាយដោយប្រយ័ត្នប្រយែងនោះ។ ពួកគេមានអារម្មណ៍ថា ចេះតែ «ស្រេកឃ្លានគ្រប់ពេល» ចង់បានហើយចង់បានទៀត។ ដូចគ្នានេះដែរ ពួកគេមានអារម្មណ៍ថា ការថែរក្សាប្រាក់កាសគឺជារឿងពិបាកធ្វើ។ ជួនកាល យើងអាចនឹងត្រូវការខ្ចីប្រាក់ខ្លះដែរ ដូចជា ខ្ចីប្រាក់យកមកទិញផ្ទះជាដើម។ ប៉ុន្តែ យើងក៏ត្រូវចេះប្រុងប្រយ័ត្ន មិនត្រូវខ្ចីដល់ថ្នាក់ដែលយើងមិនអាចសងគេវិញបាននោះទេ។

ព្រះគម្ពីរប្រទានដល់យើងនូវឱវាទដ៏ល្អស្តីអំពីការមិនចាយវាយប្រាក់លើសពីអ្វីដែលយើងមាន និងការទិញត្រឹមតែអ្វីដែលយើងមានប្រាក់ល្មមនឹងទិញបាន។ លោកប៉ុលប្រាប់យើងថា យើងគួររស់នៅជាជីវិតដែលចេះស្កប់ចិត្ត។ យើងមិនគួរជំពាក់គេលើសពីអ្វីដែលយើងត្រូវការនោះទេ៖ «តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀក‌បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ» (ធីម៉ូថេទី១ ៦:៨)។ លោកប៉ុលមិនមានអារម្មណ៍ថា របស់ដែលគាត់មានវាសំខាន់ខ្លាំងនោះឡើយ។ លោកយល់ថា ការរស់នៅដ៏ពិតប្រាកដមានន័យថា ការមានព្រះយេស៊ូវក្នុងជីវិត។ ប៉ុណ្ណេះល្មមគ្រប់គ្រាន់ហើយ (ភីលីព១:២១)។

សូមអានម៉ាថាយ៦:៣៣។ តើក្បួនច្បាប់ដ៏សំខាន់ដែលត្រូវបានបង្រៀនក្នុងខនេះគឺជាអ្វី? តើខនេះប្រាប់យើងឲ្យធ្វើអ្វីមុននឹងធ្វើអ្វីផ្សេងទៀត? តើយើងអាចប្រាកដក្នុងចិត្តបានកំរិតណាហើយថា យើងកំពុងតែធ្វើតាមខនេះ?

យើងមិនត្រូវគិតថា ប្រាក់ខែ ឬប្រាក់ចំណូលរបស់យើងគឺជាអ្វីដែលយើងរកបាននោះទេ។ ផ្ទុយទៅវិញ យើងគួរចេះចាត់ចែងប្រាក់ខែ ឬប្រាក់ចំណូលនោះដូចជាអំណោយទានដែលព្រះប្រទានមកយ៉ាងនោះដែរ។ ផែនការថវិកានឹងជួយយើងឲ្យចេះគ្រប់គ្រងប្រាក់របស់យើង។ ការចេះរៀបចំផែនការថវិកាគឺជាជំនាញពិសេសមួយ។ ប៉ុន្តែ យើងត្រូវតែចំណាយពេលរៀនអំពីផែនការថវិការបស់យើង។ នោះយើងនឹងទទួលបានជោគជ័យដោយបានចាយវាយប្រាក់កាសយ៉ាងឆ្លាតវៃ (សុភាសិត៤:១៥)។ ហើយយើងក៏ជៀសផុតពីវិបត្តិថវិការបស់យើងដែរ។

តើលោកអ្នកកំពុងមានបញ្ហាលើការចាត់ចែងប្រាក់កាសមែនទេ? ដូច្នេះ ត្រូវរៀបផែនការថវិកាឡើង។ ផែនការនេះមិនស្មុគស្មាញពិបាកធ្វើនោះទេ។ ចូរធ្វើផែនការថវិកាសាមញ្ញមួយ។ នោះលោកអ្នកនឹងជោគជ័យក្រោយពេលដែលអនុវត្តតាម។ ដំបូងយើងត្រូវសរុបប្រាក់ចំណាយទាំងអស់ក្នុងមួយខែ។ បន្ទាប់មកយកប្រាក់ចំណាយសរុបនោះទៅដកនឹងប្រាក់ចំណូលប្រចាំខែ។ ផែនការថវិកានេះនឹងជួយលោកអ្នកឲ្យចេះរស់នៅតាមលទ្ធភាពដែលយើងរកបាន។ ហើយវានឹងជួយលោកអ្នកឲ្យជៀសវាងការខ្ចី និងជំពាក់គេបាន។

សូមអានរឿងក្នុងលូកា១៤:២៧-៣០។ តើរឿងនេះបង្រៀនយើងអ្វីខ្លះដើម្បីបានធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អ?

ថ្ងៃពុធ ទី១៤ មីនា ឆ្នាំ២០១៨

ការដែលមិនជំពាក់ប្រាក់

សូមអានចោទិយកថា២៨:១២។ តើខនេះបង្រៀនយើងអ្វីខ្លះអំពីគ្រោះថ្នាក់នៃការជំពាក់ប្រាក់គេច្រើនពេក?

វាជាការប្រពៃណាស់ប្រសិនបើអាចចៀសផុតពីការជំពាក់ប្រាក់គេ។ ព្រះគម្ពីរក៏បានក្រើនរំលឹកយើងផងដែរ មិនឲ្យសន្យាសងបំណុលជំនួសអ្នកដទៃ (សុភាសិត១៧:១៨)។ ការជំពាក់ប្រាក់ធ្វើឲ្យយើងក្លាយជាទាសករ។ យើងនឹងពុំមានសេរីភាពឡើយរហូតទាល់តែសងប្រាក់ដែលយើងជំពាក់អស់។ ប៉ុន្តែជាញឹកញាប់ណាស់ គ្រីស្ទានទាំងឡាយមានការពិបាកណាស់នឹងនិយាយថា «ទេ» ទៅកាន់ការខ្ចីប្រាក់។ ដូច្នេះ ពួកគេក៏មានបញ្ហាក្នុងការចាត់ចែងលុយកាក់ពេលណាដែលពួកគេជំពាក់គេ។ ការជំពាក់ពុំមែនជាអំពើបាបនោះទេ។ ប៉ុន្តែ ជាការពិតវាក៏មិនបានជួយឲ្យជីវិតព្រលឹងវិញ្ញាណរបស់យើងរឹងមាំដែរ។

«យើងត្រូវដើរតាមទំលាប់ល្អនៃការចាយវាយ។ បើមិនដូច្នោះទេ យើងនឹងជំពាក់ប្រាក់គេកាន់តែច្រើនឡើងមិនខាន។ ដូច្នេះ យើងត្រូវចេះប្រុងប្រយ័ត្នមិនត្រូវចាយវាយលើសពីប្រាក់ដែលយើងមាននោះទេ។ យើងត្រូវចៀសវាងការជំពាក់ប្រាក់ដូចគ្នានឹងរបៀបដែលយើងព្យាយាមចៀសវាងគេចចេញពីជំងឺដំកាត់ដែរ»។ ដកស្រង់ (Ellen G. White, Counsels on Stewardship, page 272, adapted)។

យើងនិយាយរួចហើយថា ការជំពាក់ប្រាក់អាចធ្វើឲ្យយើងក្លាយជាទាសករបាន។ វាជាការពិតដែលថា៖ «អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ» (សុភាសិត២២:៧)។ ការជំពាក់ប្រាក់គឺជាផ្នែកដ៏ធំនៃជីវិតរបស់យើង។ ដូច្នេះ យើងចាប់ផ្តើមគិតថាការជំពាក់ប្រាក់គឺជារឿងធម្មតា។ សរុបសេចក្តីមក មានប្រទេសជាច្រើនកំពុងខ្ចីប្រាក់ និងជំពាក់ជាច្រើន។ ដូច្នេះ​ ហេតុអ្វីបានជាពលរដ្ឋធម្មតាមិនអាចខ្ចីប្រាក់បាន? ប៉ុន្តែ ការគិតបែបនេះគឺមិនត្រឹមត្រូវទេ។

«ចូរប្តេជ្ញាចិត្តជាមួយនឹងព្រះជាម្ចាស់ថា ដោយពឹងលើព្រះអង្គ លោកអ្នកនឹងសងប្រាក់ដែលជំពាក់ទាំងអស់រហូតទាល់តែលែងជំពាក់អ្វីទាំងអស់។ ចូរយល់ព្រមធ្វើកិច្ចការនេះបើទោះបីជាត្រូវរស់នៅដោយទ្រាំញ៉ាំតែបបរ ឬបាយកកក្តី រហូតទាល់តែសងគេអស់។ វាជាការងាយណាស់ការចំណាយប្រាក់ទៅលើចំណីក្រៅពេល។ ផ្ទុយទៅវិញ លោកអ្នកអាចសន្សែសន្សំបាន។ នៅពេលដែលលោកអ្នកចេះសន្សំប្រាក់ចាប់ពីមួយរយរៀលឡើងទៅ លោកអ្នកក៏អាចចេះសន្សំចាប់ពីមួយម៉ឺនរៀលផងដែរ។ គឺមួយរយដប់ដងក្លាយជាមួយពាន់ ហើយមួយពាន់ដប់ដងក្លាយជាមួយម៉ឺន។ ក្នុងខណៈដែលលោកអ្នកនៅជំពាក់ប្រាក់គេនៅឡើយ សូមនិយាយថា ទេ ទៅកាន់អ្វីដែលលោកអ្នកចង់បាន។ កុំឲ្យយឺតនឹងធ្វើការត្រឹមត្រូវឡើយ។ កុំឲ្យអស់សង្ឃឹម ឬគេចវេសចេញពីការសងបំណុលគេនោះឡើយ។ ចូរប្រឹងឲ្យអស់លទ្ធភាពដើម្បីសន្សំប្រាក់សំរាប់សង។ ចូរសងប្រាក់ដែលជំពាក់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ចូរកុំជំពាក់អ្វីឲ្យសោះ។ នោះលោកអ្នកនឹងទទួលបានជោគជ័យដ៏ធំក្រៃលែង»។ ដកស្រង់ពី (Ellen G. White, Counsels on Stewardship, page 257, adapted)។

តើមានជំរើសអ្វីខ្លះដែលអាចជួយលោកអ្នកមិនឲ្យចាយវាយប្រាក់កាសលើរបស់ដែលយើងមិនត្រូវការនាពេលឥឡូវនេះ?

ថ្ងៃព្រហស្បតិ៍ ទី១៥ មីនា ឆ្នាំ២០១៨

​ការសន្សំ និងការវិនិយោគប្រាក់កាស

ពពួកសត្វស្រមោចខំប្រឹងធ្វើការដើម្បីសន្សំអាហារសំរាប់រដូវរងា (សុភាសិត៦:៦៨)។ យើងគួរតែគិតអំពីរបៀបរស់នៅដ៏ឆ្លាតវៃរបស់ពួកវា។ រឿងនេះអាចជួយយើងរាល់គ្នាឲ្យចេះសន្សែសន្សំប្រាក់សំរាប់សេចក្តីត្រូវការនាគ្រាអនាគតផងដែរ។ ដូច្នេះ យើងនឹងមានប្រាក់ទុកសំរាប់ពេលត្រូវការ។ យើងត្រូវការគតិបណ្ឌិតក្នុងការចេះចាត់ចែងប្រាក់កាសរបស់យើង ចេះរៀបផែនការថវិកា និងចេះចាយវាយត្រឹមត្រូវ។ យើងត្រូវចេះសន្សំឲ្យបានច្រើនជាងសេចក្តីត្រូវការរបស់យើង។ យើងត្រូវប្រើប្រាក់របស់យើងជួយបញ្ចប់កិច្ចការរបស់ព្រះនៅលើផែនដីនេះ។ ការប្រើប្រាក់សំរាប់តែប្រយោជន៍ខ្លួនឯងគឺមិនខុសគ្នាពីលួចប្រាក់របស់ព្រះនោះឡើយ។

«យើងមិនគួរចំណាយប្រាក់លើរបស់ដែលយើងមិនត្រូវការនោះឡើយ។ យើងបាត់បង់របស់ពីរយ៉ាងកាលណាយើងទិញរបស់ដែលយើងមិនត្រូវការ។ ទីមួយ យើងបាត់បង់ប្រាក់។ ទីពីរ អំណាចនៃប្រាក់នោះដែលអាចបង្កើនប្រាក់បន្ថែមទៀតក៏បាត់ដែរ។ ប៉ុន្តែ ប្រសិនបើយើងមិនទិញរបស់នោះ ហើយសន្សំប្រាក់វិញយ៉ាងម៉េចដែរ? នោះប្រាក់របស់យើងនឹងកើនឡើងមិនខាន។ ហើយប្រាក់របស់យើងក៏នឹងកើនឡើងនៅនគរឋានសួគ៌ដោយសារតែយើងបានថ្វាយវាទៅព្រះដែរ។ ការសន្សំប្រាក់គឺជាជំនាញដ៏ពិសេសមួយ។ ការសន្សំប្រាក់ជួយយើងឲ្យចេះគ្រប់គ្រងលើប្រាក់ជាជាងបណ្តោយឲ្យប្រាក់គ្រប់គ្រងលើយើង»។ ដកស្រង់ពី (Randy C. Alcorn, Money, Possessions and Eternity. Carol Stream: IL, Tyndale House Publishers, 2003, page 328, adapted)។

ចូរអានសុភាសិត១៣:១១, សុភាសិត២១:៥, និង សុភាសិត១៣:១៨។ តើមានឱវាទដ៏ប្រពៃអ្វីខ្លះដល់យើងក្នុងខទាំងនេះដែលអាចជួយយើងឲ្យចេះគ្រប់គ្រងប្រាក់កាសកាន់តែប្រសើរឡើង?

អ្នកគ្រប់គ្រងដ៏ឆ្លាតវៃចេះសន្សំសំច័យសំរាប់សេចក្តីត្រូវការរបស់គ្រួសារ។ ពួកគេក៏វិនិយោគក្នុងឋានសួគ៌ដោយសារតែចេះថែរក្សាទ្រព្យសម្បត្តិរបស់ព្រះដែរ។ របៀបដែលលោកអ្នកគ្រប់គ្រងប្រាក់កាសរបស់លោកអ្នកវាសំខាន់ជាងចំនួនប្រាក់ដែលលោកអ្នកមានទៅទៀត។ ការចេះចាត់ចែងប្រាក់កាសបានត្រឹមត្រូវមានន័យថា ចេះរៀបផែនការតាមការបង្រៀនរបស់ព្រះគម្ពីរ។ លោកអ្នកគួរតែឆ្លាតវៃក្នុងការសន្សំប្រាក់សំរាប់សេចក្តីត្រូវការរបស់គ្រួសារលោកអ្នក។ ជាការពិត ព្រះគម្ពីរចែងថា «ចូរ​ចែក​ឲ្យ​ដល់​៧​នាក់​ចុះ ហើយ​ដល់​៨​នាក់​ផង» (សាស្តា១១:២)។ ហេតុអ្វី? ពីព្រោះលោកអ្នកអាចនឹងប្រឈមនឹងបាត់បង់ប្រាក់ទាំងអស់ក្នុងពេលតែមួយ ប្រសិនបើយើងយកមកធ្វើវិនិយោគតែមួយកន្លែង (សាស្តា១១:២)។ ជួនកាល យើងក៏ត្រូវសូមឲ្យអ្នកជំនាញផ្តល់យោបល់ដល់យើងផងដែរ (សុភាសិត១៥:២២)។ ចូរបំពេញតាមសេចក្តីត្រូវការរបស់លោកអ្នក។ នោះទ្រព្យសម្បត្តិរបស់លោកអ្នកនឹងកើនឡើង។ ប៉ុន្តែ សូមឲ្យប្រាកដថា «ត្រូវ​ឲ្យ​នឹក​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​ប្រទាន​ឲ្យ​ឯង​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ» (ចោទិយកថា៨:១៨)។

សូមអានកូរិនថូសទី២ ៤:១៨។ តើមានសេចក្តីពិតអ្វីដែលបានបង្ហាញក្នុងខទាំងនេះ? ហេតុអ្វីបានជាសំខាន់ម៉្លេះក្នុងការនឹកចាំពីសេចក្តីពិតនេះខណៈពេលដែលយើងព្យាយាមធ្វើជាអ្នកមើលការខុសត្រូវដ៏ល្អលើរបស់ទាំងអស់ដែលព្រះប្រទានមកយើង?

ថ្ងៃសុក្រ ទី១៦ មីនា ឆ្នាំ២០១៨

សិក្សាបន្ថែម

គ្រប់ទាំងជំនាញ ទេពកោសល្យ ឬអំណោយទានទាំងអស់ដែលយើងមានគឺសុទ្ធតែបានមកពីព្រះជាម្ចាស់។ សំណួរដ៏សំខាន់នោះគឺ៖ តើយើងនឹងយកអំណោយទានដែលព្រះប្រទានដល់យើងនេះទៅធ្វើអ្វីខ្លះ? ព្រះទ្រង់ចង់ឲ្យអ្នកបំរើរបស់ព្រះអង្គរៀនអំពីរបៀបប្រើប្រាស់ជំនាញឬអំណោយទានទាំងនោះ (សាស្តា១០:១០)។ ដូច្នេះ ការអប់រំ ការហ្វឹកហ្វឺន និងបទពិសោធន៍សុទ្ធតែជារឿងសំខាន់។ ការទាំងអស់នេះជួយឲ្យជំនាញរបស់យើងរីកចំរើនឡើង និងប្រសើរឡើង។

មែនហើយ យើងរស់នៅលើផែនដីនេះក្នុងចំណោមមនុស្សដែលឲ្យតម្លៃទៅលើទ្រព្យសម្បត្តិសំខាន់ជាងរឿងព្រលឹងវិញ្ញាណ។ ប៉ុន្តែ យើងនៅតែអាចធ្វើជាអ្នកមើលការខុសត្រូវកាន់តែល្អឡើង និងអាចបង្ហាញទៅពួកគេអំពីផ្លូវជីវិតដ៏ប្រសើរជាង។ ដូច្នេះ ជានិច្ចកាលយើងគួរតែធ្វើឲ្យជំនាញរបស់យើងកាន់តែប្រសើរឡើងដោយការអាន ការទៅសាលារៀន ការចូលរួមវគ្គសិក្សា ឬថ្នាក់សិក្សាពិសេសៗ និងការអនុវត្តជាក់ស្តែងនូវអ្វីដែលបានរៀន។ ការធ្វើឲ្យជំនាញរបស់យើងជួយយើងឲ្យថ្វាយសមត្ថភាពរបស់យើងទៅព្រះ និងជួយយើងឲ្យធ្វើជាអ្នកចាត់ចែងដ៏ល្អសំរាប់ព្រះអង្គផងដែរ។

រូបភាពនៃរឿងប្រាក់ដែលថៅកែចែកឲ្យអ្នកបំរើនោះបង្ហាញថា អ្នកបំរើគ្រប់គ្នាសុទ្ធតែទទួលបាននូវចំនួនប្រាក់ «តាមតំរិះគេរៀងខ្លួន» (ម៉ាថាយ២៥:១៥)។​ អ្នកបំរើពីរនាក់បានរកប្រាក់កើនឡើងមួយជាពីរ។ ប៉ុន្តែអ្នកបំរើទីបីបានយកប្រាក់ទៅកប់ទុក។ រឿងប្រៀបធៀបនេះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយ៖ ជានិច្ចកាលយើងគួរតែខំប្រឹងធ្វើការដើម្បីឲ្យរបស់គ្រប់យ៉ាងដែលព្រះប្រទានដល់យើងប្រសើរឡើង។ ពេលណាដែលយើង «ជីកដីកប់ប្រាក់របស់យើង» នោះយើងមិនបានបង្ហាញថា មានការរីកចំរើនខាងសមត្ថភាព ឬជំនាញរបស់យើងឡើយ។ ដូច្នេះ យើងគួរតែរៀនអំពីរបៀបគ្រប់គ្រងប្រាក់កាស និងការសងប្រាក់បំណុលដែលយើងជំពាក់។ យើងគួរតែរៀនអនុវត្តមេរៀននៃការចេះប៉ាន់ប្រមាណ។ ហើយយើងត្រូវធ្វើតាមផែនការថវិកាដោយប្រុងប្រយ័ត្ន។ ការទាំងនេះគឺជាជំនាញដែលព្រះអាចប្រទានពរដល់យើង។ សូមនឹកចាំថា យើងអាចជោគជ័យទៅបានលុះត្រាយើងព្យាយាមធ្វើវាម្តងហើយម្តងទៀតដោយមិនរាថយ។

«យើងត្រូវអនុវត្តមេរៀនព្រះគម្ពីរជារៀងរាល់ថ្ងៃ។ បន្ទាប់មក មេរៀនទាំងនោះនឹងជួយដល់កិច្ចការយើងមិនខាន។ ហើយយើងក៏នឹងផ្លាស់ប្តូរទៅតាមហ្នឹងដែរ។ ធីម៉ូថេក៏បានធ្វើតាមមេរៀនទាំងនេះដែរ។ លោកពុំមានទេពកោសល្យពិសេសអ្វីទេ។ ប៉ុន្តែការងាររបស់លោកមានតម្លៃណាស់។ ហេតុអ្វី? ពីព្រោះធីម៉ូថេបានប្រើជំនាញដែលព្រះប្រទានដល់គាត់យកមកបំរើព្រះអង្គ»។ ដកស្រង់ពី (Ellen G. White, The Acts of the Apostles, page 205, adapted)។

សំនួរពិភាក្សា៖
  1. ការចេះប៉ាន់ប្រមាណគឺជារឿងដ៏សំខាន់ណាស់។ ការមិនចេះប៉ាន់ប្រមាណអាចនាំយើងទៅរកក្តីអន្តរាយបាន។ ដូច្នេះ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីជួយពួកអ្នកដែលកំពុងគ្រោះថ្នាក់ក្នុងរឿងនេះ?

  2. សូមអានរ៉ូម១៣:៧, ៨។ តើសេចក្តីពិតអ្វីដែលខទាំងនេះបង្ហាញដល់យើងរាល់គ្នា? តើយើងអាចអនុវត្តសេចក្តីពិតនេះក្នុងជីវិតប្រចាំថ្ងៃរបស់យើង និងឥរិយាបថរបស់យើងចំពោះអ្នកដទៃទៀតដោយរបៀបណា?

  3. អ្នកខ្លះនិយាយថា «កុំឲ្យបារម្ភនឹងរឿងជំពាក់ប្រាក់នោះធ្វើអី។ លោកអ្នកនឹងមិនបាច់សងទៅគេវិញទេពេលដែលព្រះយេស៊ូវមកវិញនោះ» តើលោកអ្នកនឹងនិយាយប្រាប់ទៅបុគ្គលដែលគិតបែបនេះថាដូចម្ដេចដែរ។
Powered by CAM