មេរៀនទី១១​៖ ៩-១៥ មិថុនា ២០១៨

ត្រារបស់ព្រះ ឬទីសំគាល់របស់សត្វ?

Jeans
ថ្ងៃសៅរ៍ ទី៩ មិថុនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លោកុប្បត្តិ១៧:៩-១១, និក្ខមនំ៣១:១៣, ១៧ វិវរណៈ១៣:១៧, អេភេសូរ១:១៣, ១៤។

ខចងចាំ៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត​អើយ ការ​ទ្រង់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ ឱ​ស្តេច​នៃ​សាសន៍​អើយ ផ្លូវ​ទ្រង់​សុទ្ធ​តែ​សុចរិត ហើយ​ពិត​ត្រង់» (វិវរណៈ១៥:៣)។

បទចំរៀងរបស់ម៉ូសេនិងកូនចៀម បានចាប់ផ្តើមជាមួយនឹងពាក្យពេចន៍ដែលចេញពីខចងចាំប្រចាំសប្តាហ៍នេះតែម្តង។ មានតែរាស្ត្រដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចច្រៀងបទនេះបាន។ លោកយ៉ូហានបានពណ៌នាពីពួកគេថា៖ «រួច​ខ្ញុំ​មើល​ទៅ​ឃើញ​ដូច​ជា​សមុទ្រ​កែវ លាយ​នឹង​ភ្លើង ហើយ​ពួក​អ្នក​ដែល​បាន​ឈ្នះ​សត្វ​នោះ និង​រូប​វា ហើយ​លេខ​ឈ្មោះ​វា​ផង គេ​ឈរ​លើ​សមុទ្រ​នោះ ទាំង​កាន់​ស៊ុង​របស់​ព្រះ​គ្រប់​គ្នា » (វិវរណៈ១៥:២)។ តើត្រូវធ្វើយ៉ាងដូចម្តេចទើបយើងអាចចូលរួមនឹងក្រុមនោះបាន?

ចំណុចមួយដែលចង្អុលប្រាប់អំពីរាស្ត្រដ៏ពិតរបស់ព្រះក្នុងថ្ងៃចុងក្រោយគឺជាកិច្ចការដែលពួកគេត្រូវធ្វើ។ គឺពួកគេបានប្រកាសផ្សាយអំពីសារទេវតាទីបីប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ សារនេះបានព្រមានប្រាប់មនុស្សទាំងអស់កុំឲ្យទទួល «ទីសំគាល់របស់សត្វនោះ [សត្វដែលមានសម្បុរក្រហមដែលឡើងពីដីគោកមក] (វិវរណៈ១៤:៩)។ ការព្រមាននេះគឺជាការព្រមានដ៏សំខាន់បំផុតក្នុងព្រះគម្ពីរទាំងមូល។ ប៉ុន្តែមានគោលគំនិតដ៏ភាន់ច្រឡំជាច្រើនអំពីអត្ថន័យនៃពាក្យថា «ទីសំគាល់» នេះ។

យើងមិនគួរភ្ញាក់ផ្អើលនឹងគោលគំនិតដ៏ភាន់ច្រឡំទាំងនេះនោះឡើយ។ រួមសេចក្តីមក បាប៊ីឡូនមានន័យថា «ការភាន់ច្រឡំ» ឬ «ច្របូកច្របល់»។ សប្តាហ៍នេះយើងនឹងព្យាយាមសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀតអំពីអត្ថន័យនៃ «ទីសំគាល់របស់សត្វ» និងអំពីរបៀបជៀសចេញពីវា។ ផ្ទុយទៅវិញ យើងចង់បាន «ត្រារបស់ព្រះបោះនៅលើថ្ងាសរបស់យើង » (វិវរណៈ៩:៤)។

ថ្ងៃអាទិត្យ ទី១០ មិថុនា ឆ្នាំ២០១៨

តើត្រូវធ្វើយ៉ាងដូចម្តេចទើបដឹងថាអ្នកណាខ្លះជារាស្ត្ររបស់ព្រះ?

យោងតាមគម្ពីរសញ្ញាចាស់ មានវិធីពីរយ៉ាងសំរាប់សំគាល់ឲ្យដឹងថាអ្នកណាខ្លះគឺជារាស្ត្ររបស់ព្រះ។ វិធីមួយនោះគឺការកាត់ស្បែក។ ការកាត់ស្បែកគឺជាការកាត់ផ្នែកខាងចុងស្បែកនៃអង្គជាតិរបស់បុរស។ ដូចដែលខគម្ពីរលោកុប្បត្តិ១៧:៩-១១ប្រាប់យើង តើអ្នកណាខ្លះដែលព្រះអនុញ្ញាតឲ្យទទួលពិធីកាត់ស្បែក?

ព្រះទ្រង់បានបញ្ជាអ័ប្រាហាំ និងកូនចៅប្រុសៗទាំងអស់របស់គាត់ឲ្យកាត់ស្បែក។ ព្រះទ្រង់បានបង្គាប់ឲ្យមនុស្សប្រុសៗទាំងអស់ក្នុងចំណោមរាស្ត្ររបស់ព្រះអង្គទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបីបន្ទាប់ពីកើតមក (លេវី​វិន័យ១២:៣)។ ការកាត់ស្បែកមានបង្កប់អត្ថន័យជ្រៅ។ ព្រះទ្រង់បានប្រើវាធ្វើជារូបស័ព្ទសំរាប់បង្ហាញប្រាប់រាស្ត្ររបស់ព្រះអង្គអំពីសេចក្តីត្រូវការឲ្យមានចិត្តថ្មី (សូមអានចោទិយកថា៣០:៦)។ ហេតុនោះហើយបានជាលោក ប៉ុលបានសរសេរយ៉ាងដូច្នេះថា៖ «ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្តខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្តី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ»(រ៉ូម២:២៨, ២៩)។

យោងតាមគម្ពីរសញ្ញាថ្មី ការកាត់ស្បែកត្រូវបានជំនួសដោយពិធីបុណ្យជ្រមុជទឹក (កូរិនថូសទី១ ៧:១៩, កាឡាទី៥:៦, និងកាឡាទី៦:១៥)។ ពិធីបុណ្យជ្រមុជទឹកគឺជារូបស័ព្ទតំណាងឲ្យជីវិតថ្មីដែលយើងរស់ដោយសារព្រះយេស៊ូវ។ យើងស្លាប់ខាងអំពើបាប និងរស់ឡើងវិញពីទឹកជាជីវិតថ្មី (សូមអានរ៉ូម៦:៣, ៤)។ នោះហើយជាមូលហេតុដែលលោកប៉ុលមានប្រសាសន៍ថា ការកាត់ស្បែកគឺមិនសំខាន់ទៀតទេ។ ដូច្នេះ តើអ្វីទៅដែលសំខាន់នាគ្រាឥឡូវនេះនោះ? អ្វីដែលសំខាន់ឥឡូវនេះគឺជាសេចក្តីស្រឡាញ់ដែលកើតចេញពីសេចក្តីជំនឿក្នុងព្រះយេស៊ូវ និងការស្តាប់តាមបញ្ញត្តិរបស់ព្រះជាម្ចាស់។

សូមអាននិក្ខមនំ៣១:១៣, ១៧ និងអេសេគាល២០:១២, ២០។ ដូចដែលខទាំងនេះបង្ហាញយើង តើអ្វីទៅជាវិធីទីពីរក្នុងការប្រាប់ថា អ្នកណាខ្លះគឺជារាស្ត្រដ៏ពិតរបស់ព្រះ? ហេតុអ្វីបានជាព្រះផ្តល់អំណោយទាននេះដល់មនុស្សលោក?

ព្រះទ្រង់បានផ្តល់ថ្ងៃសប្បាតហ៍ដល់មនុស្សលោកពេលដែលព្រះអង្គបានបញ្ចប់ការបង្កើតផ្ទៃមេឃ និងផែនដី (សូមអានលោកុប្បត្តិ២:២, ៣)។ ថ្ងៃសប្បាតហ៍បានចាប់ផ្តើមឡើងតាំងពីគ្រានោះមកម៉្លេះ។ ប៉ុន្តែ ការកាត់ស្បែកទើបតែនឹងមាននៅជំនាន់លោកអ័ប្រាហាំប៉ុណ្ណោះ។ ហេតុនោះហើយបានជាព្រះយេស៊ូវមានបន្ទូលថា «ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ» (ម៉ាកុស២:២៧)។ ថ្ងៃសប្បាតហ៍បង្ហាញថា យើងរាល់គ្នាគឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់។ យើងគឺជារបស់ផងព្រះអង្គដោយសារព្រះអង្គបានបង្កើតយើងមក។ យើងក៏ជារបស់ព្រះអង្គដោយសារព្រះអង្គបានសង្គ្រោះយើងចេញពីអំពើបាបផងដែរ។ ព្រះអង្គបានរាប់យើងជាសុចរិត និងបានញែកយើងចេញជាបរិសុទ្ធ។ ព្រះអង្គជួយយើងឲ្យស្តាប់បង្គាប់ព្រះអង្គ។ នោះហើយជាមូលហេតុដែលការរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធមានសារៈសំខាន់ (សូមអានហេព្រើរ៤:៩)។

ថ្ងៃច័ន្ទ ទី១១ មិថុនា ឆ្នាំ២០១៨

អំណាចសត្វសាហាវពណ៌ក្រហមពីដីគោក និងការថ្វាយបង្គំក្លែងក្លាយ

សូមអានខគម្ពីរវិវរណៈ១៣:១៧, វិវរណៈ១៤:៩, ១០, និងវិវរណៈ១៦:២។ តើមានអ្វីកើតឡើងដល់អំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោក? តើរឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដ៏សំខាន់ក្នុងការគេចចេញពី «ទីសំគាល់របស់សត្វនោះ» (វិវរណៈ១៤:៩)?

តើមានអ្វីកើតឡើងចំពោះមនុស្សដែលទទួល «ទីសំគាល់របស់សត្វនោះ»? សេចក្តីក្រោធប្រឆាំងនឹងអំពើបាបនឹងធ្លាក់មកលើមនុស្សអាក្រក់ទាំងនេះដោយគ្មានសេចក្តីមេត្តា។ ព្រះទ្រង់នឹងដាក់ទោសពួកគេដោយ «សេចក្តីវេទនាទាំងប្រាំពីរ» (វិវរណៈ១៥:៨)។ នៅចុងបំផុត ព្រះទ្រង់នឹងបោះមនុស្សអាក្រក់ទាំងនេះទៅក្នុង «បឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ» (វិវរណៈ១៩:២០)។ តើមានអ្វីខុសប្លែកគ្នារវាងពួកគេ និងមនុស្សដែលបដិសេធមិនទទួល «ទីសំគាល់របស់សត្វនោះ»?

តើអ្វីជា «ទីសំគាល់របស់សត្វនោះ»? ខគម្ពីរដែលយើងបានអានក្នុងសំណួរខាងលើបានភ្ជាប់ «ទីសំគាល់របស់សត្វនោះ» ទៅនឹងការថ្វាយបង្គំក្លែងក្លាយ។ តើលោកអ្នកនៅចាំទេអំពីរបៀបដែលសត្វទីបួនដែលឡើងចេញពីសមុទ្របានព្យាយាម «បំផ្លាស់ប្តូរពេលវេលា និងច្បាប់» (ដានីយ៉ែល៧:២៥)។ អំណាចនេះគឺជាអំណាចដដែលដូចដែលបានបង្ហាញអំពីសត្វសាហាវដែលឡើងពីសមុទ្រក្នុងវិវរណៈ១៣ដែរ។ ច្បាប់មួយដែលអំណាចនេះប៉ុនប៉ងផ្លាស់ប្តូរនោះគឺថ្ងៃសប្បាតហ៍។ បញ្ញត្តិទីបួនគឺជាច្បាប់តែមួយគត់ក្នុងចំណោមបញ្ញត្តិទាំងដប់ប្រការដែលបានចង្អុលប្រាប់ពីពេលវេលា។ ថ្ងៃសប្បាតហ៍ក៏ចង្អុលប្រាប់អំពីព្រះថា ទ្រង់​ «បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​​ សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ» (និក្ខមនំ២០:១១)។

សារទេវតាទីមួយរំឭកយើងអំពីច្បាប់ថ្ងៃសប្បាតហ៍ ដែលអំណាចសត្វសាហាវដែលឡើងពីសមុទ្របានព្យាយាមផ្លាស់ប្តូរ។ សារទេវតាទីមួយបានប្រកាសយ៉ាងច្បាស់ថា យើងត្រូវថ្វាយបង្គំព្រះអម្ចាស់តែមួយ។ ហេតុអ្វី? ពីព្រោះព្រះអង្គបានបង្កើតយើងមក។ មានខគម្ពីរចំនួនប្រាំពីរដែលនិយាយអំពីការថ្វាយបង្គំក្នុងវិវរណៈជំពូក១២ដល់១៤។ ប៉ុន្តែវិវរណៈ១៤:៧ គឺជាខតែមួយគត់ដែលនិយាយអំពីការថ្វាយបង្គំព្រះដ៏ពិតប្រាកដ។ រីឯខប្រាំមួយទៀតព្រមានប្រាប់យើងកុំឲ្យថ្វាយបង្គំអំណាចសត្វសាហាវពណ៌ក្រហមដែលឡើងចេញពីដីគោក និង «ព្រះក្លែងក្លាយ» របស់វា (វិវរណៈ១៣:១៥)។ សារទេវតាទីបីប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សនៅលើផែនដីដែលថ្វាយបង្គំព្រះក្លែងក្លាយនេះ។ ដូច្នេះបន្ទាប់ពីនោះមក ខគម្ពីរវិវរណៈ១៤:១២ក៏បានពណ៌នាអំពីពួកអ្នកថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតយ៉ាងដូច្នេះថា៖ ពួកគេកាន់តាមក្រឹត្យវិន័យរបស់ព្រះ និងមានសេចក្តីជំនឿលើព្រះយេស៊ូវ។

នៅទីបំផុត មនុស្សគ្រប់គ្នានឹងចូលទៅក្នុងក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរ៖ ១) ពួកមនុស្សដែលដើរតាមព្រះជាម្ចាស់ និងគោរពថ្ងៃសប្បាតហ៍ និង ២) ពួកមនុស្សដែលថ្វាយបង្គំអំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោក និងព្រះក្លែងក្លាយរបស់វា (គឺថ្ងៃអាទិត្យ)។

ថ្ងៃអង្គារ ទី១២ មិថុនា ឆ្នាំ២០១៨

ភស្តុតាងដែលបង្ហាញថាយើងនៅខាងព្រះជាម្ចាស់

តើត្រាគឺជាអ្វី? ត្រាគឺប្រៀបដូចជាការចុះហត្ថលេខាលើឯកសារដ៏សំខាន់ណាមួយយ៉ាងដូច្នោះដែរ។ ឈ្មោះរបស់លោកអ្នកបង្ហាញថា ព័ត៌មាននៅលើឯកសារនោះវាពិតប្រាកដ។ ក្នុងអតីតកាល មនុស្សជាច្រើនបានប្រើត្រាពិសេសដែលស្រដៀងគ្នានឹងត្រាជ័រដែរ។ ពួកគេសង្កត់ត្រាទៅលើដុំក្រមួនដែលរលាយ ឬបន្ទះដីឥដ្ឋដែលនៅ ទន់ៗនៅឡើយដើម្បីបង្ហាញអំពីការព្រមព្រៀងណាមួយពិតប្រាកដ ឬបញ្ជាក់ថា ពួកគេជាម្ចាស់លើអ្វីមួយ។ ត្រាផ្តល់ឲ្យនូវអំណាចនៃការព្រមព្រៀង។

សូមអានអេភេសូរ១:១៣, ១៤, អេភេសូរ៤:៣០, ធីម៉ូថេទី២ ២:១៩, វិវរណៈ៧:១-៤, វិវរណៈ១៤:១។ ដូចដែលខគម្ពីរទាំងនេះបង្ហាញដល់យើង តើអ្វីទៅជាត្រារបស់ព្រះ? តើព្រះជាម្ចាស់ទ្រង់ប្រទានត្រារបស់ព្រះអង្គដល់រាស្ត្ររបស់ព្រះអង្គដោយរបៀបណា? តើពេលណាទើបព្រះអង្គប្រទានត្រានេះទៅរាស្ត្ររបស់ព្រះអង្គ?

ត្រារបស់ព្រះបង្ហាញថា យើងនៅខាងព្រះអង្គ និងឋិតនៅក្រោមការការពាររបស់ព្រះអង្គ។ លោកប៉ុលបានថ្លែងអំពី «ពេលវេលានៃការបោះត្រា» នៅក្នុងសំបុត្ររបស់លោកដែរ។ ពេលវេលានេះជួយយើងឲ្យយល់ពីកិច្ចការដែលព្រះអង្គជួយយើងឲ្យត្រៀមខ្លួនរួចជាស្រេចដើម្បីទៅនៅជាមួយនឹងទ្រង់។ លោកប៉ុលបានបង្ហាញទំនាក់ទំនងរវាង ១)ពេលវេលានៃការបោះត្រា និង ២) ជីវិតថ្មីក្នុងព្រះយេស៊ូវ និងអំណោយទានរបស់ព្រះអង្គគឺជាព្រះវិញ្ញាណដល់យើង។ អំណោយទាននេះគឺជាផ្នែកមួយនៃព្រះពរដ៏លើសលុបដែលព្រះយេស៊ូវសន្យាថានឹងប្រទានដល់ពួកអ្នកដើរតាមព្រះអង្គ។

កណ្ឌគម្ពីរវិវរណៈក៏បានចែងអំពីពេលវេលានៃការបោះត្រាថា នឹងកើតឡើងកៀកគ្នានឹងពេលនៃការយាងមកវិញលើកទីពីរ។ ព្រះទ្រង់ប្រទានត្រាចុងក្រោយរបស់ព្រះអង្គដល់រាស្ត្ររបស់ព្រះអង្គនៅក្នុងកំឡុងពេលភ្លៀងចុងរដូវ។ ភ្លៀងចុងរដូវគឺជារូបស័ព្ទមួយ។ វាពណ៌នាអំពីពេលដែលព្រះទ្រង់បានចាក់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គមកលើរាស្ត្ររបស់ព្រះអង្គ។ នៅគ្រានេះ ព្រះទ្រង់ «ចារ» ព្រះនាមព្រះអង្គនៅលើថ្ងាសនៃរាស្ត្រទ្រង់។ ព្រះនាមព្រះគឺជាត្រារបស់ព្រះអង្គ។

តើមានអ្វីខុសប្លែកគ្នារវាងត្រារបស់ព្រះ និង «ទីសំគាល់របស់សត្វនោះ» (វិវរណៈ១៤:៩)?

ត្រារបស់ព្រះត្រូវបានប្រទានដល់ពួកអ្នកដែលដើរតាមពិតប្រាកដរបស់ព្រះអង្គ។ ទីសំគាល់របស់សត្វត្រូវបានផ្តល់ដល់ពួកមនុស្សដែលថ្វាយបង្គំសត្វនោះ។ ត្រាត្រូវបានបោះតែនៅលើថ្ងាសប៉ុណ្ណោះ។ ការនោះបង្ហាញថា ពួកអ្នកដើរតាមព្រះជ្រើសរើសថ្វាយបង្គំព្រះជាម្ចាស់។ រីឯទីសំគាល់ក៏ត្រូវបានផ្តល់ឲ្យដែរគឺ អាចនៅលើថ្ងាស ឬនៅលើដៃ។ ទីសំគាល់នៅលើថ្ងាសមានន័យថា មនុស្សបានយល់ព្រមជាមួយសត្វក្នុងចិត្តគំនិតរបស់ពួកគេហើយ។ រីឯទីសំគាល់ក្នុងដៃវិញមានន័យថា មនុស្សពុំយល់ស្របជាមួយនឹងសត្វនោះទេ។ ប៉ុន្តែ ពួកគេដើរតាមសត្វនោះពីព្រោះពួកគេភ័យខ្លាចថានឹងមានអ្វីកើតឡើងប្រសិនបើពួកគេមិនស្តាប់បង្គាប់តាមវា។ មនុស្សលោកអាចទិញ ឬលក់របស់របរបានប្រសិនបើពួកគេមាន «ទីសំគាល់របស់សត្វនោះ» តែប៉ុណ្ណោះ។ មនុស្សដែលពុំមាន «ទីសំគាល់របស់សត្វនោះ» នឹងត្រូវបានគេសំឡាប់ (វិវរណៈ១៣:១៧, ១៥)។

ថ្ងៃពុធ ទី១៣ មិថុនា ឆ្នាំ២០១៨

ទីសំគាល់របស់សត្វនោះ

ទេវតាទីបីព្រមានប្រាប់យើងកុំឲ្យទទួល «ទីសំគាល់របស់សត្វនោះ» (វិវរណៈ១៤:៩)។ តើ «ទីសំគាល់របស់សត្វនោះ» គឺជាអ្វី? ដូចដែលយើងបានរៀនរួចហើយថា​ អំណាចសត្វទីបួនក្នុងដានីយ៉ែល៧ គឺដូចគ្នានឹងអំណាចរបស់សត្វសាហាវដែលឡើងពីសមុទ្រក្នុងវិវរណៈ១៣ដែរ។ អំណាចនេះបាន «គិត​បំផ្លាស់​ពេល​កំណត់ និង​ច្បាប់​ផង» (ដានីយ៉ែល៧:២៥)។ ច្បាប់មួយដែលអំណាចសត្វសាហាវដែលឡើងពីសមុទ្របានគិតបំផ្លាស់នោះគឺជាបញ្ញត្តិថ្ងៃសប្បាតហ៍។ បញ្ញត្តិទីបួនគឺជាបញ្ញត្តិតែមួយរបស់ព្រះដែលរំឭកយើងថា ព្រះជាម្ចាស់ទ្រង់ «ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី ហើយ​នឹង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ រួច​ដល់​ថ្ងៃ​ទី​៧ ទ្រង់​ឈប់​សំរាក» (និក្ខមនំ២០:១១)។

សារទេវតាទីមួយក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា៖ យើងត្រូវថ្វាយបង្គំព្រះអម្ចាស់តែមួយក្នុងនាមជាព្រះដែលបានបង្កើតយើងរាល់គ្នា។ ទេវតាទីបីព្រមានយើងរាល់គ្នាអំពីអ្វីដែលនឹងកើតឡើងដល់ពួកអ្នកដែលថ្វាយបង្គំអំណាចសត្វសាហាវដែលឡើងពីដីគោក និង «ព្រះក្លែងក្លាយ​» របស់វា ដែលបានធ្វើឲ្យដូចគ្នានឹងអំណាចរបស់វា «​រូប​សត្វ​នោះ​(សត្វសាហាវដែលឡើងពីសមុទ្រមក)»(វិវរណៈ១៤:១៥, និងវិវរណៈ១៣:១៥)។ បន្ទាប់មក នៅក្នុងខគម្ពីរខាងក្រោមយើងនឹងអានអំពីកិច្ចការដែលពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះនឹងធ្វើ។

សូមអានខគម្ពីរវិវរណៈ១៤:១២។ តើខនេះប្រាប់យើងថាពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះនឹងធ្វើអ្វីខ្លះដែរ? តើព័ត៌មាននេះជួយយើងឲ្យយល់ពីមូលហេតុដែលបង្ហាញថាថ្ងៃសប្បាតហ៍មានសារៈសំខាន់ខ្លាំងណាស់នៅថ្ងៃចុងក្រោយយ៉ាងដូចម្ដេចខ្លះ?

ខគម្ពីរវិវរណៈ១៤:១២ចែងថា៖ «នេះ​ហើយ​ជា​សេចក្ដី​អត់‌ធ្មត់​របស់​ពួក​បរិសុទ្ធ ដែល​កាន់​តាម​បញ្ញត្តិរបស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ»។ «បញ្ញត្តិរបស់​ព្រះ» គឺរាប់បញ្ចូលទាំងថ្ងៃសប្បាតហ៍ផង។ ថ្ងៃសប្បាតហ៍ចង្អុលទៅឯព្រះថាជាព្រះអង្គដែលបានបង្កើតយើង និងថាជាព្រះដែលយើងគួរថ្វាយបង្គំ។ ច្បាស់ណាស់ មនុស្សជាច្រើនជឿថា «ទីសំគាល់របស់សត្វនោះ» គឺមានការជាប់ទាក់ទិននឹងការសាកល្បងដែលត្រូវមកដល់លើប្រធានបទនៃការថ្វាយបង្គំថ្ងៃអាទិត្យ។ ថ្ងៃអាទិត្យគឺជា «ថ្ងៃសប្បាតហ៍» ក្លែងក្លាយ។ ព្រះទ្រង់ពុំបានបង្គាប់យើងរាល់គ្នានៅក្នុងព្រះគម្ពីរឲ្យថ្វាយបង្គំព្រះអង្គនៅថ្ងៃអាទិត្យនោះឡើយ។ ព្រះទ្រង់បង្គាប់យើងឲ្យថ្វាយបង្គំព្រះអង្គនៅថ្ងៃទីប្រាំពីរ។

តើការនេះមានន័យថា គ្រីស្ទានដែលថ្វាយបង្គំនៅថ្ងៃអាទិត្យឥឡូវនេះមានទីសំគាល់របស់សត្វហើយមែនទេ? ទេ។ ខគម្ពីរវិវរណៈ១៣:១៥ ប្រាប់យើងថា មនុស្សដែលបដិសេធមិនចូលរួមក្នុងការថ្វាយបង្គំក្លែងក្លាយនឹងត្រូវគេសំឡាប់។ នៅក្នុងគ្រាអនាគត ការថ្វាយបង្គំនឹងប្រែក្លាយជារឿងសំខាន់ស្លាប់រស់តែម្តង។ រឿងនោះនៅមិនទាន់កើតឡើងនៅឡើយទេ។ ទីសំគាល់នឹងមិនត្រូវបានផ្តល់ឲ្យនៅឡើយរហូតទាល់តែការសាកល្បងបានមកដល់សិន។ ប៉ុន្តែវាមិនទាន់មកដល់នៅឡើយទេ។ មូលហេតុនោះហើយបានជាគ្មាននរណាម្នាក់បានទទួលទីសំគាល់របស់សត្វនោះនៅឡើយទេឥឡូវនេះ។

ថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា ឆ្នាំ២០១៨

​ថ្ងៃសប្បាតហ៍ជាភស្តុតាងថាយើងនៅខាងព្រះ

ថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរបង្ហាញយើងឲ្យឃើញរាស្ត្រពិតប្រាកដរបស់ព្រះ។ រាស្ត្ររបស់ព្រះតែងតែបានរក្សាថ្ងៃសប្បាតហ៍តាំងពីអ័ដាមនិងអេវ៉ា តចុះមកដល់រាស្ត្រសំរាំងក្នុងប្រទេសអ៊ីស្រាអែល។ ពួកជំនុំគម្ពីរសញ្ញាថ្មីក៏បានរក្សាថ្ងៃសប្បាតហ៍ដែរ ដែលបានចាប់ផ្តើមពីព្រះយេស៊ូវនិងពួកអ្នកជឿតាមព្រះអង្គ។ រាស្ត្រជំនាន់ថ្ងៃចុងក្រោយក៏ «កាន់​តាម​បញ្ញត្តិរបស់​ព្រះ ហើយ​មាន​សេចក្ដី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ » (វិវរណៈ១៤:១២)។

សូមអាននិក្ខមនំ២០:៨-១១ និងហេព្រើរ៤:៩, ១០។ ដូចដែលខទាំងនេះបង្ហាញយើង តើហេតុអ្វីបានជាថ្ងៃសប្បាតហ៍សំខាន់ខ្លាំងម៉្លេះ? តើថ្ងៃសប្បាតហ៍មានអត្ថន័យពិសេសអ្វីសំរាប់គ្រីស្ទាន?

ថ្ងៃសប្បាតហ៍ត្រូវបានរកឃើញថានៅចំកណ្តាលនៃក្រឹត្យវិន័យបរិសុទ្ធរបស់ព្រះ។ ព្រះទ្រង់បានប្រទានថ្ងៃសប្បាតហ៍ដល់មនុស្សលោក។ វាគឺជាត្រារបស់ព្រះ។ ត្រាគឺវត្ថុមួយដែលបង្ហាញថាបុគ្គលណាមួយជាម្ចាស់លើអ្វីមួយ។ វាបង្ហាញឲ្យឃើញនូវអំណាចនៃបុគ្គលណាមួយ។ ព្រះទ្រង់បានផ្តល់ថ្ងៃសប្បាតហ៍ទុកជាភស្តុតាងអំពីអំណាចរបស់ព្រះអង្គ។ មានបីចំណុចសំខាន់ៗនៅលើត្រា៖ ១) ឈ្មោះរបស់បុគ្គល ២)​ អាណាចក្ររបស់គាត់ និង ៣) ហេតុផលសំរាប់អំណាចរបស់គាត់។ ថ្ងៃសប្បាតហ៍មានចំណុចទាំងបីផ្នែកនៃត្រា៖ ១) ត្រាថ្ងៃសប្បាតហ៍ផ្តល់ឲ្យយើងនូវព្រះនាមរបស់ព្រះ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង» (និក្ខមនំ២០:១០)។ ២) ត្រាថ្ងៃសប្បាតហ៍បង្ហាញយើងអំពីដែនអធិបតេយ្យដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ព្រះ៖ «ផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើនៅស្ថានទាំងនោះ» (និក្ខមនំ២០:១១។ ៣) ត្រារបស់ព្រះក៏បង្ហាញយើងផងដែរថាអំពីហេតុផលនៃអំណាចរបស់ព្រះអង្គ៖ «ក្នុង​៦​ថ្ងៃ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ផ្ទៃ​មេឃ ផែនដី...... រួច​ដល់​ថ្ងៃ​ទី​៧ទ្រង់​ឈប់​សំរាក»(និក្ខមនំ២០:១១)។

គម្ពីរសញ្ញាថ្មីចែងថា ព្រះទ្រង់បានបង្កើតរបស់ទាំងអស់ដោយសារព្រះយេស៊ូវ (យ៉ូហាន១:១៣, កូល៉ុស១:១៦, ហេព្រើរ១:១, ២)។ ព្រះយេស៊ូវគឺជាព្រះដែលបានបង្កើតផែនដីរបស់យើងក្នុងរវាងប្រាំមួយថ្ងៃ និងបានសំរាកនៅថ្ងៃទីប្រាំពីរ។ នៅពេលដែលព្រះយេស៊ូវត្រូវបានគេព្យួរនៅលើឈើឆ្កាងនារសៀលថ្ងៃសុក្រ ព្រះអង្គបានបន្លឺឡើងថា៖ «ការស្រេចហើយ» (យ៉ូហាន១៩:៣០)។ ព្រះយេស៊ូវបានសំរាកនៅថ្ងៃសប្បាតហ៍បន្ទាប់ពីព្រះអង្គសុគតនៅលើឈើឆ្កាង។ នោះហើយជាហេតុដែលថ្ងៃសប្បាតហ៍ត្រូវបានព្រះពរពីរដង។ លើកទីមួយ ថ្ងៃសប្បាតហ៍ត្រូវបានប្រទានពរនៅពេលដែលព្រះយេស៊ូវបានបង្កើតលោក។ លើកទីពីរ ថ្ងៃសប្បាតហ៍ត្រូវបានប្រទានពរដោយសារព្រះយេស៊ូវសុគតនៅលើឈើឆ្កាង។ កណ្ឌគម្ពីរហេព្រើរពន្យល់អំពីអត្ថន័យនៃការសំរាករបស់យើងនៅថ្ងៃសប្បាតហ៍។ វាមានអត្ថន័យថា «ដ្បិត​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​សេចក្ដី​សំរាក​របស់​ទ្រង់​ហើយ នោះ​ក៏​បាន​ឈប់​សំរាក ពី​ការ​ខ្លួន​ប្រព្រឹត្តទាំង​ប៉ុន្មាន ដូច​ជា​ព្រះ​បាន​ឈប់ ពី​ការ​ដែល​ទ្រង់​ធ្វើ​ដែរ» (ហេព្រើរ៤:១០)។ ថ្ងៃសប្បាតហ៍គឺជារូបស័ព្ទដ៏ពេញលេញសំរាប់បង្ហាញយើងថា យើងមិនអាចសង្គ្រោះខ្លួនឯងបានទេ។

ថ្ងៃសប្បាតហ៍គឺជារូបស័ព្ទតំណាងឲ្យការសំរាកពីការងាររបស់យើង។ តើលោកអ្នកគួរនិយាយថា ថ្ងៃអាទិត្យគឺជារូបស័ព្ទតំណាងឲ្យអ្វីទៅវិញ?

ថ្ងៃសុក្រ ទី១៥ មិថុនា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ត្រារបស់ព្រះគឺជាភស្តុតាងអំពីអំណាចរបស់ព្រះ។ រាស្ត្ររបស់ព្រះនឹងត្រូវបានបោះត្រានៅលើថ្ងាសរបស់ពួកគេ។ ត្រានេះគឺជាត្រាសំងាត់ដែលមិនអាចមើលឃើញដោយភ្នែកធម្មតាទេ។ ផ្ទុយទៅវិញ ការប្រើពាក្យថា បានបោះត្រានៅលើថ្ងាសរបស់ពួកគេ នេះ គឺជារូបស័ព្ទមួយ។ មានន័យថា រាស្ត្ររបស់ព្រះនឹងសំរាកដោយមានសុវត្ថិភាពក្នុងសេចក្តីពិត។ ពួកគេនឹងជឿលើព្រះ និងផែនការនៃសេចក្តីសង្គ្រោះសំរាប់ពួកគេយ៉ាងរឹងមាំ។ ពួកគេនឹងមិនរង្គើបែរចេញពីសេចក្តីពិត ទោះបីជាទាំងក្នុងចិត្ត និងវិញ្ញាណរបស់ពួកគេក្តី។ រាស្ត្ររបស់ព្រះត្រូវតែទទួលត្រានៅលើថ្ងាសជាមុនសិន។ ពួកគេត្រូវបានបោះត្រាជាស្រេចមុនការកក្រើករំពើកមកដល់។ (ការកក្រើករំពើកគឺជារូបស័ព្ទមួយ។ វាពន្យល់អំពីពេលវេលាដែលសេចក្តីជំនឿរបស់គ្រីស្ទាននឹងត្រូវបានសាកល្បង។ គ្រប់គ្នាដែលស្មោះត្រង់ចំពោះព្រះនឹងនៅតែស្មោះត្រង់ចំពោះព្រះអង្គ។ ប៉ុន្តែ មានគ្រីស្ទានក្លែងក្លាយដែលមិនស្មោះត្រង់នឹងក្រឹត្យវិន័យរបស់ព្រះ និងមិនសុចរិតក្នុងវិញ្ញាណរបស់ពួកគេនៅចំពោះព្រះអង្គ។ ពួកគ្រីស្ទានក្លែងក្លាយទាំងនេះនឹងត្រូវបាន អង្រួនឲ្យធ្លាក់ ហើយខ្ទាតចេញពីសេចក្តីពិត)។ ការកក្រើករំពើកនឹងកើតឡើងនៅពេលដែលរាស្ត្ររប​ស់ព្រះទទួលការបោះត្រាហើយ។ ជាការពិត ការកក្រើករំពើកបានចាប់ផ្តើមឡើងហើយ។ បណ្តាសារបស់ព្រះនឹងមកដល់ផែនដីឆាប់ៗនេះហើយ។​ ព្រះចាត់បណ្តាសាទាំងនេះមកដើម្បីព្រមានប្រាប់យើងអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើង»។ដកស្រង់ពី (Ellen G. White, The Faith I Live By, page 285, adapted)។

«ថ្ងៃសប្បាតហ៍នឹងក្លាយជាការសាកល្បងដ៏សំខាន់បំផុតដើម្បីបង្ហាញអំពីភាពស្មោះត្រង់របស់យើងចំពោះព្រះ។ ថ្ងៃសប្បាតហ៍គឺជាផ្នែកនៃក្រឹត្យវិន័យរបស់ព្រះដែលសាតាំងបានវាយប្រហារ និងឈ្លោះប្រឆាំងបំផុត។ ការសាកល្បងចុងក្រោយបំផុតអំពីថ្ងៃសប្បាតហ៍នឹងមកដល់មនុស្សលោកគ្រប់ៗគ្នានៅលើផែនដីនេះ។ បន្ទាប់មកយើងនឹងត្រូវធ្វើការសំរេចចិត្តដ៏ច្បាស់លាស់មួយ។ មនុស្សទាំងអស់អាចមើលឃើញថា អ្នកណាខ្លះដែលបំរើព្រះ និងអ្នកណាខ្លះដែលមិនបំរើ។ រដ្ឋាភិបាលនឹងបង្កើតច្បាប់ដើម្បីបង្ខំមនុស្សគ្រប់គ្នាឲ្យលើកតំកើងថ្ងៃអាទិត្យធ្វើជាថ្ងៃសាកល្បង។ មនុស្សដែលលើកតំកើងថ្ងៃសប្បាតហ៍ក្លែងក្លាយនេះនឹងប្រឆាំងទាស់នឹងបញ្ញត្តិទីបួន។ មនុស្សទាំងនេះបង្ហាញថា ពួកគេស្មោះត្រង់នឹងអំណាចដែលប្រឆាំងនឹងព្រះ។ មនុស្សដែលរក្សាថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរជាបរិសុទ្ធនឹងបង្ហាញឲ្យឃើញថា ពួកគេស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ។ ពួកគេបង្ហាញឲ្យឃើញថា ពួកគេស្មោះត្រង់ចំពោះព្រះដែលបានបង្កើតពួកគេមក។ ពួកមនុស្សដែលលើកតំកើងថ្ងៃអាទិត្យនឹងទទួល «ទីសំគាល់របស់សត្វនោះ»(វិវរណៈ១៤:៩)»។ ដកស្រង់ពី (Ellen G. White, The Great Controversy, page 605, adapted)។

សំនួរពិភាក្សា៖
  1. តើយើងអាចចែកចាយសេចក្តីពិតស្តីអំពី «ទីសំគាល់របស់សត្វនោះ» ដោយក្តីស្រឡាញ់របៀបណា? ហេតុអ្វីបានជាការដឹងជាច្បាស់ថាគ្មាននរណាម្នាក់មានសញ្ញានោះនៅពេលនេះជារឿងសំខាន់?

  2. តើថ្ងៃសប្បាតហ៍មានទំនាក់ទំនងគ្នាយ៉ាងដូចម្ដេចទៅនឹងការដែលព្រះបានបោះត្រាដោយព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់នៅលើយើង?
Powered by CAM