ថ្ងៃសៅរ៍ ទី៨ កញ្ញា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១២, រ៉ូម ២:២៨, ២៩, កាឡាទី ៥:៦, កិច្ចការ ២២, កិច្ចការ ២៣:១-៣០, ម៉ាថាយ ២២:២៣-៣២។
ខចងចាំ៖ «នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ» (កិច្ចការ ២៣:១១)។
ការទាស់ទែងគ្នាក្នុងពួកជំនុំបានកើតឡើងភ្លាមៗ បន្ទាប់ពីលោកប៉ុលបានធ្វើដំណើរលើកដំបូងទៅចែកចាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់ទៅមនុស្សដទៃៗទៀត។ ជម្លោះនោះគឺពាក់ព័ន្ធនឹងករណីដែលពួកសាសន៍ដទៃត្រូវធ្វើមុននឹងចូលរួមជាមួយនឹងពួកជំនុំ (កិច្ចការ ១៥:១-៥)។ លោកប៉ុលប្រហែលជាដឹង រួចទៅហើយអំពីបញ្ហាដែលនឹងកើតឡើងក្នុងគ្រាអនាគត។ ហេតុនោះ លោកបានរៀបផែនការដើម្បីធ្វើឲ្យមានសេចក្តីសុខសាន្តក្នុងពួកជំនុំ។ លោកក៏បានអញ្ជើញពួកជំនុំដែលជាសាសន៍ដទៃបរិច្ចាគប្រាក់កាសដើម្បីយកទៅជួយពួកអ្នកជឿនៅស្រុកយូដាផងដែរ (កូរិនថូសទី១ ១៦:១)។ លោកប៉ុលសង្ឃឹមថា អំណោយនេះ នឹងជួយបពា្ឈប់កុំមានការល្អក់កករនៅក្នុងចិត្តរបស់ពួកគេតទៅទៀត។
គ្រោះថ្នាក់កំពុងតែនៅរង់ចាំលោកប៉ុលនៅទីក្រុងយេរូសាឡិម។ ប៉ុន្តែលោកប៉ុលចង់នាំយកសេចក្តីសុខសាន្តដល់ពួកជំនុំ។ ការពិតអាចជួយពន្យល់ពីមូលហេតុ ដែលលោកប៉ុលចាំបាច់ត្រូវតែទៅទីក្រុងយេរូសាឡិមដោយមិនបង្អង់។ ម្យ៉ាងទៀត លោកប៉ុលក៏មានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះជាតិសាសន៍ របស់លោកដែលជាសាសន៍យូដានេះដែរ (រ៉ូម ៩:១-៥)។ លោកចង់ឲ្យសមាជិកនៃពួកជំនុំរស់នៅចុះសំរុងនឹងគ្នា (កាឡាទី ៣:២៨, កាឡាទី ៥:៦)។ ទាំងសាសន៍យូដា និងទាំងសាសន៍ដទៃសុទ្ធតែត្រូវបានសង្គ្រោះតាមវិធីដូចគ្នា។ ពួកគេត្រូវបានសង្គ្រោះដោយសារសេចក្តីជំនឿ មិនមែនដោយការគោរពតាមក្រឹត្យវិន័យឡើយ (រ៉ូម ៣:២៨-៣០)។ ហេតុនោះ បានជាលោកប៉ុលប្រឆាំងទៅនឹងការបង្រៀនទាំងឡាយណាដែល ខុសពីការពិតនៃដំណឹងល្អអំពីព្រះយេស៊ូវ (អេភេសូរ ២:១១-២២)។ សប្តាហ៍នេះ ចូរយើងទៅតាមដាន មើលលោកប៉ុល ខណៈពេលដែលលោកឈានចូលក្នុងដំណាក់កាលថ្មីមួយក្នុងជីវិតរបស់លោក និងក្នុង កិច្ចការរបស់លោកសំរាប់ព្រះជាម្ចាស់។
ថ្ងៃអាទិត្យ ទី៩ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលជួបជាមួយមេដឹកនាំពួកជំនុំ (កិច្ចការ ២១:២៣-២៦)
លោកប៉ុលក៏បានមកទីក្រុងយេរូសាឡិម។ នៅទីនោះលោកប៉ុលបានស្នាក់នៅជាមួយអ្នកជឿម្នាក់ឈ្មោះម៉្នាសុន។ គ្រីស្ទានជាច្រើនដែលជាមិត្តភក្តិនឹងម៉្នាសុនបានផ្តល់ការស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅដល់លោកប៉ុល (កិច្ចការ ២១:១៦, ១៧)។
ក្នុងកិច្ចការ ២១:១៨-២២ លោកយ៉ាកុប និងមេដឹកនាំពួកជំនុំបានមានប្រសាសន៍ថា ពួកគេមានក្តីបារម្ភអំពីការប្រព្រឹត្តយ៉ាងតឹងតែងរបស់ពួកសាសន៍យូដាទៅលើលោកប៉ុល។ ពួកសាសន៍យូដា ជ្រុលនិយមទាំងនេះបានដើរតាមក្រឹត្យវិន័យរបស់លោកម៉ូសេយ៉ាងប្រុងប្រយ័ត្នណាស់។ មានគេជំរាប ដល់មេដឹកនាំនៃពួកជំនុំថា លោកប៉ុលបានបង្រៀនពួកអ្នកជឿដែលជាសាសន៍យូដាឲ្យឈប់ប្រព្រឹត្តតាមក្រឹត្យវិន័យរបស់លោកម៉ូសេ និង «ព្រមទាំងហាមប្រាមគេ កុំឲ្យកាត់ស្បែកកូន ឬប្រតិបត្តិតាមទំលាប់ពីបុរាណផង» (កិច្ចការ ២១:២១)។
ពិតណាស់ ការដែលគេលើករឿងអំពីលោកប៉ុលទាំងនេះគឺមិនពិតប្រាកដឡើយ។ លោក ប៉ុលតែងតែបង្រៀនថា យើងមិនអាចធ្វើអ្វីមួយដើម្បីឲ្យអាចបានទទួលសេចក្តីសង្គ្រោះឡើយ។ លោក ប៉ុលមានប្រសាសន៍ថា ទាំងសាសន៍យូដា និងទាំងសាសន៍ដទៃបានសង្គ្រោះដោយសារតែសេចក្តី ជំនឿក្នុងអង្គព្រះយេស៊ូវតែប៉ុណ្ណោះ (រ៉ូម ២:២៨, ២៩, កាឡាទី ៥:៦, កូល៉ុស ៣:១១)។ លោក ប៉ុលមិនដែលធ្លាប់បង្រៀនឲ្យពួកយូដាឈប់គោរពតាមក្រឹត្យវិន័យឡើយ។ លោកប៉ុលពុំបានបង្រៀន ពួកយូដាឲ្យឈប់ធ្វើតាមសេចក្តីដែលក្រឹត្យវិន័យតម្រូវឲ្យធ្វើតាមឡើយ។ ការគោរពតាមក្រឹត្យវិន័យពុំ មែនមានន័យថា យើងបានសង្គ្រោះដោយសារការប្រព្រឹត្តឡើយ។ ប៉ុន្តែ មានមនុស្សខ្លះព្យាយាមបំភ្លៃហេតុផលអំពីមូលហេតុដែលយើងត្រូវគោរពតាមក្រឹត្យវិន័យនេះទៅវិញ។ តើពួកគេបំភ្លៃដោយរបៀប ណា? ពួកគេនិយាយថា យើងគួរតែគោរពតាមក្រឹត្យវិន័យពីព្រោះឥរិយាបថល្អនឹងជួយសង្គ្រោះយើង។
សូមអានកិច្ចការ ២១:២៣-២៦។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើលោកប៉ុល បង្ហាញថា លោកនៅតែបន្តជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់ដោយរបៀបណា?
មេដឹកនាំនៃពួកជំនុំបានប្រាប់លោកប៉ុលឲ្យធ្វើអ្វីមួយដើម្បីជាភស្តុតាងបង្ហាញថា លោកគឺជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់។ ពួកគេបានប្រាប់លោកឲ្យបង្ហាញការគាំទ្ររបស់លោកដល់សាសន៍យូដាខ្លះដែលចង់ទទួលសម្បថណាសារីត។ សម្បថណាសារីតគឺជាសេចក្តីសន្យាពិសេសមួយដែល បុរសយូដាបានសច្ចាដើម្បីបង្ហាញថា គាត់បានថ្វាយជីវិតទាំងស្រុងដល់ព្រះជាម្ចាស់។
ជាការគួរឲ្យស្តាយ លោកប៉ុលក៏បានធ្វើតាមដំបូន្មានរបស់ពួកគេ។ មនុស្សល្បីៗក្នុងព្រះគម្ពីរមួយចំនួនក៏មានភាពកម្សោយផងដែរ។ អ្នកខ្លះអាចនឹងនិយាយថា លោកប៉ុលគ្រាន់តែធ្វើតាមក្បួនច្បាប់ធម្មតាដោយធ្វើខ្លួនជាយូដាពេលណាធ្វើការជាមួយនឹងសាសន៍យូដា (កូរិនថូសទី១ ៩:១៩-២៣)។ ប៉ុន្តែ លោកប៉ុលបានធ្វើលើសពីអ្វីដែលលោកត្រូវធ្វើនោះទៅទៀត។ ឥរិយាបថរបស់លោកធ្វើឲ្យមនុស្សជាច្រើនគិតថា ដំណឹងល្អសំរាប់ពួកសាសន៍យូដាខុសប្លែកគ្នាពីដំណឹងល្អសំរាប់ពួកសាសន៍ដទៃ។ ឥរិយាបថរបស់លោកប៉ុលធ្វើឲ្យអ្នកខ្លះគិតថា ពួកក្រៅសាសន៍បានសង្គ្រោះដោយសារសេចក្តីជំនឿ ប៉ុន្តែ ពួកយូដាត្រូវបានសង្គ្រោះដោយសារការប្រព្រឹត្តវិញ។ «ព្រះជាម្ចាស់ទ្រង់ពុំបានអនុញ្ញាតឲ្យលោកប៉ុលធ្វើតាមការចង់បានរបស់ពួកសាសន៍យូដាដែលចង់ឲ្យគាត់ធ្វើទាំងអស់ទេ» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 405, adapted)។
ថ្ងៃច័ន្ទ ទី១០ កញ្ញា ឆ្នាំ២០១៨
បញ្ហាក្នុងព្រះវិហារ (កិច្ចការ ២១:២៧-៣៦)
លោកប៉ុលបានទទួលយកដំបូន្មានរបស់មេដឹកនាំពួកជំនុំ។ លោកបានយល់ព្រមនឹងបង្ហាញការគាំទ្រដល់ក្រុមសាសន៍យូដាដែលទទួលសម្បថណាសារីត។ សម្បថណាសារីតគឺជាសេចក្តីសន្យាពិសេសមួយដែលបុរសយូដាបានសច្ចាដើម្បីបង្ហាញថា គាត់បានថ្វាយជីវិតទាំងស្រុងដល់ព្រះជាម្ចាស់។ តើលោកប៉ុលត្រូវធ្វើអ្វីខ្លះដើម្បីបង្ហាញការគាំទ្ររបស់លោក? លោកប៉ុលត្រូវធ្វើខ្លួនជាមនុស្ស «ស្អាត»។ តើការធ្វើជាមនុស្ស «ស្អាត» មានន័យដូចម្តេចដែរ? វាមានន័យថា លោកប៉ុលត្រូវធ្វើតាមច្បាប់សាសនារបស់ពួកយូដានោះឯង។ វគ្គនេះត្រូវចំណាយពេលដល់ទៅប្រាំពីរថ្ងៃឯណោះ។ ការសំអាតខ្លួនប្រាំពីរថ្ងៃនេះត្រូវកើតឡើង មុនពេលដែលលោកប៉ុលអាចជួយឲ្យមនុស្សប្រុសទាំងនោះ សូត្រពាក្យសម្បថណាសារីតរបស់ពួកគេ (ជនគណនា ១៩:១១-១៣)។ ច្បាប់របស់សាសន៍យូដាចែងថា មនុស្សណាដែលមកពីដែនដីរបស់ពួកសាសន៍ដទៃមិនស្អាតទេ និងមិនត្រូវអនុញ្ញាតឲ្យចូលទៅក្នុងព្រះវិហារឡើយ។ ហេតុនោះ លោកប៉ុលត្រូវតែសំអាតខ្លួនឯងជាមុនសិន ទើបអាចចូលទៅជួបពួកមេដឹកនាំបរិសុទ្ធបាន។ បន្ទាប់មកលោកអាចប្រាប់ទៅពួកគេថា លោកបានធ្វើការសំអាត ខ្លួនឯងហើយ ហេតុនោះលោកអាចជួយមនុស្សប្រុសៗទាំងនោះឲ្យបញ្ចប់ពាក្យសម្បថរបស់ខ្លួនបានហើយ (កិច្ចការ ២១:២៦)។
សូមអានកិច្ចការ ២១:២៧-៣៦។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើមានអ្វី កើតឡើងដល់លោកប៉ុលនៅចុងបញ្ចប់ពេលវេលានៃការសំអាតខ្លួនប្រាំពីរថ្ងៃនោះ?
ជម្លោះដ៏ធំមួយក៏បានផ្ទុះឡើង។ អ្នកខ្លះក្នុងហ្វូងមនុស្សបានបន្ទោសលោកប៉ុលថា កំពុងព្យាយាមបំផ្លាញសាសនាយូដា និងមិនគោរពដល់ព្រះវិហារ។ ទ្រភីមដែលជាអ្នកស្រុកអេភេសូរក៏បានធ្វើដំណើរមកជាមួយនឹងលោកប៉ុលដែរ។ ទ្រភីមគឺជាមិត្តភក្តិម្នាក់របស់លោកប៉ុល។ ទ្រភីមក៏ជាសាសន៍ដទៃម្្នាក់ដែលជឿព្រះយេស៊ូវដែរ (កិច្ចការ ២១:២៩)។ ពួកយូដាបានវាយដំលោកប៉ុលដោយសារពួកគេគិតថា លោកបានអញ្ជើញទ្រភីមឲ្យចូលក្នុងព្រះវិហារ ដែលមានតែសាសន៍យូដាប៉ុណ្ណោះមានសិទ្ធិចូលបាន។ ប្រសិនបើលោកបានធ្វើយ៉ាងដូច្នោះមែន នោះលោកត្រូវជាប់ពិរុទ្ធនៃបទឧក្រិដ្ឋនោះមិនខាន។ មានជញ្ជាំងមួយដែលញែកផ្នែកខាងក្នុងព្រះវិហារ ចេញពីផ្នែកខាងក្រៅព្រះវិហារ។ ហើយក៏មានស្លាកសញ្ញាដែលសរសេរជាពាក្យនៅលើជញ្ជាំងនេះដែរ។ សញ្ញាទាំងនេះព្រមានពួកភ្ញៀវដែលជាពួកក្រៅសាសន៍មិនឲ្យចូលទៅខាងក្នុងឡើយ បើពុំដូច្នោះទេពួកគេនឹងត្រូវទទួលទោសដល់ស្លាប់បាន។
មេទ័ពធំរបស់សាសន៍រ៉ូមក្នុងទីក្រុងបានឮអំពីអំពើហឹង្សាដ៏ព្រៃផ្សៃនោះ។ មេទ័ពធំរូបនោះមានឈ្មោះថា ក្លូឌាស លូស៊ា (កិច្ចការ ២១:៣១, ៣២, កិច្ចការ ២៣:២៦)។ ក្លូឌាស លូស៊ា បាននាំកងទ័ពរបស់លោកធ្វើដំណើរមកកាន់ព្រះវិហារ។ កងទ័ពបានសង្គ្រោះលោកប៉ុលឲ្យផុតពីការសំឡាប់របស់ពួកហ្វូងមនុស្ស។ កងទ័ពក៏បានឃាត់ខ្លួនលោកប៉ុល និងបានដាក់ច្រវាក់លោក ខណៈដែលមេទ័ពធំក្លូឌាស លូស៊ា ព្យាយាមស្វែងយល់ពីសភាពការណ៍ចំពោះមុខ។ ពួកហ្វូងមនុស្សបានស្រែកទ្រហឹងអឹងអាប់ប្រឆាំងទាស់នឹងលោកប៉ុល។ ហេតុនោះ លោកមេទ័ពធំក៏បាននាំខ្លួនលោកប៉ុលទៅ កាន់អគារសឹកសង្រ្គាមរ៉ូមក្នុងទីក្រុងយេរូសាឡិម។
រឿងប្រឌិតដែលមិនត្រឹមត្រូវទាំងឡាយនាំមកនូវអំពើហឹង្សាដ៏ព្រៃផ្សៃ។ ហេតុអ្វីបានជាយើងមិនត្រូវយកចិត្តទុកដាក់នឹងរឿងមិនត្រឹមត្រូវ និងហេតុអ្វីបានជាយើងមិនត្រូវយករឿងដែលខុសឆ្គងទាំងនោះទៅប្រាប់អ្នកដទៃផ្សេងទៀត?
ថ្ងៃអង្គារ ទី១១ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលឈរនៅចំពោះមុខហ្វូងមនុស្ស (កិច្ចការ ២២:២២-២៩)
ខគម្ពីរកិច្ចការ ២១:៣៧-៤០ ប្រាប់យើងអំពីអ្វីដែលបានកើតឡើងជាបន្តទៀតដល់លោកប៉ុល។ កងទ័ពរ៉ូមបានចាប់យកលោកប៉ុល ត្រឡប់ទៅឯអគារសឹកសង្គ្រាមដើម្បីសួរចម្លើយលោក។ លោកប៉ុលក៏បានស្នើសូមឲ្យលោកក្លូឌាស លូស៊ា ដែលជាមេទ័ពធំ អនុញ្ញាតឲ្យរូបលោកនិយាយទៅកាន់ហ្វូងមនុស្សដែលចង់ឲ្យលោកស្លាប់។
លោកប៉ុលមានប្រសាសន៍ទៅកាន់មេទ័ពរ៉ូមជាភាសាក្រេក។ ហេតុនោះហើយ បានជាលោកក្លូឌាស លូស៊ា គិតស្មានថាលោកប៉ុលគឺជាសាសន៍យូដាដែលមកពីប្រទេសអេស៊ីព្ទ។ ក្នុងអតីតកាល មានសាសន៍យូដាម្នាក់ដែលមកពីប្រទេសអេស៊ីព្ទបានចាប់ផ្តើមធ្វើសង្គ្រាមបះបោរប្រឆាំងនឹងអ្នកគ្រប់គ្រង សាសន៍រ៉ូម។ កងទ័ពរ៉ូមក៏បានបពា្ឈប់សង្គ្រាមនេះ។ សាសន៍យូដាម្នាក់ក៏បានរត់គេចខ្លួន ប៉ុន្តែកូនចៅរបស់គាត់ជាច្រើនត្រូវបានគេចាប់ខ្លួន និងសំឡាប់ចោល។
លោកប៉ុលបានជម្រាបប្រាប់លោកមេទ័ពធំថា លោកមកពីក្រុងតើសុស មិនមែនមកពីប្រទេស អេស៊ីព្ទទេ។ ហេតុនោះហើយលោកមេទ័ពធំក៏បានអនុញ្ញាតឲ្យលោកប៉ុលមានប្រសាសន៍។ លោកប៉ុលពុំបានលើកឡើងអំពីឧក្រិដ្ឋកម្មដែលហ្វូងមនុស្សបានចោទប្រកាន់មកលើរូបលោកឡើយ (កិច្ចការ ២១:២៨)។ លោកប៉ុលបានប្រាប់ហ្វូងមនុស្សអំពីរបៀបដែលលោកក្លាយមកជាគ្រីស្ទានទៅវិញ។ លោកលើកឡើងអំពីការដែលលោកក្នុងនាមជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់ ដែលបានសំឡាប់ពួកអ្នកជឿលើព្រះយេស៊ូវកាលពីអតីតកាល។ ប៉ុន្តែ បន្ទាប់មកព្រះអម្ចាស់ទ្រង់បានលេចអង្គទ្រង់ឲ្យលោកប៉ុលឃើញ។ លោកប៉ុលមិនអាចគេចចេញពីសេចក្តីពិតនេះបានឡើយ។ គោលជំនឿរបស់លោកប៉ុលលើព្រះយេស៊ូវបានផ្លាស់ប្តូរជីវិតរបស់លោកទាំងស្រុង។ លោកប៉ុលមិនប្រកែកជាមួយនឹងហ្វូងមនុស្សដែលកំពុងមានកំហឹងអំពីការបង្រៀនរបស់ព្រះគម្ពីរឡើយ។ ប៉ុន្តែ លោកប៉ុលបានប្រាប់ពួកគេ អំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក និងអំពីមូលហេតុដែលលោកត្រូវផ្សាយដំណឹងល្អទៅពួកសាសន៍ដទៃ។
សូមអានកិច្ចការ ២២:២២-២៩។ តើហ្វូងមនុស្សដែលកំពុងមានកំហឹងមានប្រតិកម្មយ៉ាងណាពេលដែលឮលោកប៉ុលមានប្រសាសន៍ថា ព្រះជាម្ចាស់បានជ្រើសរើសរូបលោកឲ្យផ្សាយដំណឹងល្អដល់សាសន៍ដទៃ?
ការដែលលោកមេទ័ពធំបានអនុញ្ញាតឲ្យលោកប៉ុលមានប្រសាសន៍នេះពុំបានបញ្ចប់ដោយល្អត្រឹមត្រូវទេ។ ពេលដែលលោកប៉ុលមានប្រសាសន៍ថា ព្រះទ្រង់បានបញ្ជូនលោកឲ្យទៅធ្វើការជាមួយនឹងសាសន៍ដទៃ ហ្វូងមហាជនក៏បានកាត់ទោសរូបលោកថាមានពិរុទ្ធដ៏ឧក្រិដ្ឋដែលពួកគេបានចោទប្រកាន់ មកលើរូបលោក (កិច្ចការ ២១:២៨)។ ពួកគេមានកំហឹងខ្លាំងណាស់។
ប្រហែលជាលោកមេទ័ពមិនបានយល់គ្រប់យ៉ាងអំពីអ្វីដែលលោកប៉ុលមានប្រសាសន៍នោះទេ។ ហេតុនោះ លោកបានសំរេចចិត្តដាក់ទណ្ឌកម្មដល់រូបលោក។ លោកប៉ុលគឺជាសាសន៍យូដាពីកំណើត (ភីលីព ៣:៥)។ ប៉ុន្តែ លោកក៏មានសញ្ជាតិរ៉ូមផងដែរ។ នៅពេលដែលលោកប៉ុលប្រាប់ទៅលោកមេទ័ពធំថា រូបលោកក៏ជាពលរដ្ឋរ៉ូមដែរ នោះលោកមេទ័ពពុំហ៊ានវាយធ្វើបាបលោកឡើយ។ នោះគឺដោយសារតែពួកទាហានរ៉ូមមិនត្រូវបានអនុញ្ញាតឲ្យវាយធ្វើបាបលើពលរដ្ឋរ៉ូមឡើយ។
ហេតុអ្វីបានលោកប៉ុលថ្លែងប្រាប់រឿងរបស់លោកក្នុងកិច្ចការ ២២:១-២២ អំពីរបៀបដែលលោកបានក្លាយមកជាគ្រីស្ទាន? តើមានអ្វីដែលធ្វើឲ្យរឿងរបស់យើងមានអំណាចខ្លាំងម៉្លេះអំពីរបៀបដែលយើងថ្វាយជីវិតរបស់យើងទៅព្រះយេស៊ូវ និងបានក្លាយជាគ្រីស្ទាន?
ថ្ងៃពុធ ទី១២ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលឈរនៅទីកាត់ក្តីនៅមុខក្រុមប្រឹក្សាសាសនាយូដា (កិច្ចការ ២៣:១-៥)
មេទ័ពធំរ៉ូមយល់ឃើញថា លោកប៉ុលពុំមែនជាមនុស្សដ៏គ្រោះថ្នាក់សំរាប់អាណាចក្ររ៉ូមឡើយ។ ហេតុនោះ មេទ័ពធំរូបនេះក៏បានបញ្ជូនលោកប៉ុលទៅកាន់ក្រុមប្រឹក្សាសែនហេឌ្រីន (កិច្ចការ ២២:៣០, កិច្ចការ ២៣:២៩)។ សែនហេឌ្រីនគឺជាក្រុមមេដឹកនាំសាសនារបស់ពួកសាសន៍យូដានៅទីក្រុងយេរូសាឡិម។ ពួកគេមានចំណេះដឹងជ្រៅជ្រះអំពីច្បាប់វិន័យសាសន៍យូដា និងដើរតួជាចៅក្រមផងដែរ។
សូមអានកិច្ចការ ២៣:១-៥។ តើលោកប៉ុលចាប់ផ្តើមសេចក្តីអធិប្បាយរបស់លោកទៅកាន់ក្រុមប្រឹក្សាសែនហេឌ្រីនដោយរបៀបណា?
ប្រយោគដំបូងរបស់លោកប៉ុលធ្វើឲ្យលោកទទួលរង្វាន់ហឹង្សាដោយការទះកញ្ចប់មាត់។ ប្រហែលជាគេទះលោកដោយសារតែអ្វីដែលលោកមានប្រសាសន៍អំពីព្រះដែលស្តាប់ទៅហាក់ដូចជាលោកមិនសូវជាស្មោះត្រង់ហើយមើលទៅ។ អ្វីដែលលោកបានមានប្រសាសន៍បន្តទៀតបង្ហាញឲ្យយើងដឹងថា តើលោកគឺជានរណាពិតប្រាកដ។ លោកប៉ុលបានហៅពួកមេដឹកនាំសាសនាកំពូលក្នុងក្រុមប្រឹក្សាសែនហេឌ្រីនថាជា «កំពែងទ្រុឌទ្រោមលាបពណ៌ស» (កិច្ចការ ២៣:៣, KHSV)។ ពាក្យទាំងនេះគឺដូចគ្នាទៅនឹងព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់មេដឹកនាំសាសនាក្នុងខគម្ពីរម៉ាថាយ២៣:២៧ ដែរ។ ប៉ុន្តែ លោកប៉ុលពុំបានចិញ្ចឹមចិត្តថា នឹងនិយាយពាក្យទាំងនេះទៅកាន់មេដឹកនាំសាសនាកំពូលៗនៅក្នុងក្រុមប្រឹក្សាសែនហេឌ្រីនឡើយ។ ហេតុនោះ វាពិតណាស់ថា លោកពិតជាមានភ្នែកដែលមើលឃើញពុតត្បុតរបស់ពួកគេ។
សូមអានកិច្ចការ ២៣:៦-១០។ តើលោកប៉ុលបានប្រើពាក្យពេចន៍ដ៏ឆ្លៀវឆ្លាតអ្វីខ្លះដើម្បីបំបែក សំណុំរឿងក្តីនេះ?
សែនហេឌ្រីនត្រូវបានចងក្រងឡើងពីពីរក្រុម៖ ក្រុមផារិស៊ី និងក្រុមសាឌូស៊ី។ ក្រុមទាំងនេះជាញឹកញាប់តែងប្រកែកគ្នាអំពីការបង្រៀនរបស់សាសន៍យូដា។ ពួកផារិស៊ីជឿលើការស្តាប់បង្គាប់តាមក្រឹត្យវិន័យដោយប្រុងប្រយ័ត្ន។ សាឌូស៊ីពុំជឿថា មនុស្សដែលស្លាប់ទៅហើយ នឹងមិនភ្ញាក់ឡើង ហើយរស់ឡើងវិញទេ (ម៉ាថាយ ២២:២៣-៣២)។
ពាក្យពេចន៍ដ៏ឆ្លាតវៃរបស់លោកប៉ុល គឺមានប្រយោជន៍លើសពីការបំបែករឿងក្តីនេះទៅទៀត (កិច្ចការ ២៣:៦)។ ក្រុមប្រឹក្សាសែនហេឌ្រីន ពិតណាស់ គឺកំពុងជំនុំជំរះលោកប៉ុលអំពីការបង្រៀនថា មនុស្សស្លាប់នឹងរស់ឡើងវិញ (កិច្ចការ ២៤:២០, ២១, កិច្ចការ ២៦:៦-៨)។ គ្មានអ្វីផ្សេងទៀតដែលពន្យល់អំពីរបៀបដែល លោកប៉ុលត្រូវបានផ្លាស់ប្តូរពីការតាមចាប់ចង និងកាប់សំឡាប់គ្រីស្ទាន ហើយបែរមកផ្សព្វផ្សាយដំណឹងល្អវិញនោះឡើយ។ តើយ៉ាងដូចម្តេចដែរ ប្រសិនបើព្រះយេស៊ូវមិនបានរស់ពីស្លាប់ឡើងវិញនោះ? បើដូច្នោះមែន នោះកិច្ចការរបស់លោកប៉ុលគ្មានប្រយោជន៍អ្វីទាល់តែសោះ ហើយលោកក៏ដឹងដែរ (កូរិនថូសទី១ ១៤:១៥-១៧)។ នៅយប់នោះ ព្រះអម្ចាស់បានមកឯលោកប៉ុលដោយផ្តល់នូវសារនៃក្តីសង្ឃឹមនេះថា៖ «ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ» (កិច្ចការ ២៣:១១)។ សេចក្តីសន្យានេះប្រាកដជា មានអត្ថន័យខ្លាំងណាស់សំរាប់លោកប៉ុល។ ជាយូរមកហើយ លោកចង់ទៅផ្សព្វផ្សាយដំណឹងល្អនៅទីក្រុងរ៉ូម (កិច្ចការ ១៩:២១, រ៉ូម ១:១៣-១៥ រ៉ូម ១៥:២២-២៩)។ ទីបំផុត លោកក៏បាន ទទួលឱកាសនោះ។
ថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលត្រូវបានចាត់ឲ្យទៅទីក្រុងសេសារា (កិច្ចការ ២៣:១២-១៧)
មានមនុស្សមួយក្រុមបានព្យាយាមរករឿងលោកប៉ុលដោយចោទប្រកាន់លោកតាមផ្លូវតុលាការ។ ប៉ុន្តែ ផែនការនោះពុំបានជោគជ័យទេ។ ដូច្នេះ ក្រុមនេះក៏បានសំរេចចិត្តថា នឹងសំឡាប់លោកប៉ុលតាមមធ្យោបាយរបស់ខ្លួនវិញ។
សូមអានខគម្ពីរកិច្ចការ ២៣:១២-១៧។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើក្រុមនេះ មានផែនការអ្វីដែរ? តើព្រះជាម្ចាស់ធ្វើឲ្យផែនការរបស់ពួកគេបរាជ័យដោយរបៀបណា? មនុស្សម្នា ទាំងឡាយអាចមានអារម្មណ៍ពុះកញ្រ្ជោលខ្លាំងដែលនាំពួកគេឲ្យគាំទ្រគោលគំនិតខុសឆ្គង។ តើខទាំងនេះបង្ហាញប្រាប់យើងអំពីសេចក្តីពិតនេះយ៉ាងដូចម្តេចខ្លះ?
មានសាសន៍យូដាលើសពី៤០នាក់បានរៀបផែនការសំងាត់មួយដើម្បីធ្វើបាបលោកប៉ុល។ ពួកគេបានស្បថថានឹងសំឡាប់លោកប៉ុលឲ្យបាន។ សេចក្តីសម្បថនេះបង្ហាញប្រាប់យើងអំពីសេចក្តីសំអប់ដ៏ធំដែលពួកគេមានចំពោះលោកប៉ុល។ លោកលូកាពុំបានប្រាប់ថាមនុស្សទាំងនោះគឺជានរណា ខ្លះឡើយ។ ប៉ុន្តែ ពួកគេកំពុងតែធ្វើសកម្មភាពដើម្បីការពារកុំឲ្យសត្រូវមកបំផ្លាញសេចក្តីជំនឿសាសនាយូដារបស់ខ្លួន។ ជាការគួរឲ្យស្តាយ រឿងនេះគឺគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលមនុស្សមានចិត្តរឹងចចេសចង់ «ការពារ» សាសនាយូដានៅជំនាន់នោះប៉ុណ្ណោះ។
ប៉ុន្តែ ព្រះទ្រង់បានបណ្តាលឲ្យផែនការសំងាត់នោះបានលេចឮទៅដល់ក្មួយប្រុសរបស់លោក ប៉ុល។ វាជាការគួរឲ្យស្តាយណាស់ដែលយើងដឹងរឿងអំពីគ្រួសាររបស់លោកបានតិចតួចបំផុត។ ប៉ុន្តែ មើលទៅទំនងជាលោកប៉ុល និងប្អូនស្រីរបស់លោកធំធាត់ឡើងក្នុងក្រុងយេរូសាឡិម (កិច្ចការ ២២:៣)។ ប្អូនស្រីរបស់លោកប៉ុលបានរៀបការ និងមានកូនប្រុសម្នាក់។ ក្មួយប្រុសរបស់លោកប៉ុលគឺជាយុវជនជំទង់ ម្នាក់។ តើយើងដឹងរឿងនោះបានយ៉ាងដូចម្តេចដែរ? តើលោកអ្នកពុំឃើញទេឬថា ក្នុងកិច្ចការ ២៣:១៩ លោកមេទ័ពលូស៊ា «បានចាប់ដៃវា (ក្មួយប្រុសរបស់លោកប៉ុល)»? សកម្មភាពរបស់មេទ័ពលូស៊ាបង្ហាញប្រាប់យើងថា ក្មួយប្រុសលោកប៉ុលនៅក្មេងនៅឡើយ។ ហើយពាក្យភាសាក្រេក neaniskos ក៏មានន័យថា «កំឡោះ» ដែរ (កិច្ចការ ២៣:១៨, ២២)។ ក្មួយប្រុសលោក ប៉ុលបានមកកាន់អគារសង្គ្រាម និងបានប្រាប់លោកប៉ុលអំពីផែនការសំងាត់នោះ។
សូមអានកិច្ចការ ២៣:២៦-៣០។ តើលោកមេទ័ពលូស៊ាបានផ្ញើសារអ្វីប្រាប់ដល់លោកចៅហ្វាយភេលីចអំពីដំណើររឿងលោកប៉ុល?
សំបុត្ររបស់លោកលូស៊ាបានជំរាបរឿងលោកប៉ុលដល់លោកភេលីច។ សំបុត្រនោះក៏បានបង្ហាញប្រាប់ថាវាជាការល្អដែរដែលលោកប៉ុលគឺជាពលរដ្ឋរ៉ូមម្នាក់។ ច្បាប់រ៉ូមការពារដល់ពលរដ្ឋរបស់ខ្លួនយ៉ាងពេញទំហឹង។ តាមច្បាប់ ពលរដ្ឋមានសិទ្ធិតតាំងគ្នានៅចំពោះមុខតុលាការ និងមានសិទ្ធិពន្យល់អំពីឥរិយាបថរបស់ខ្លួននៅចំពោះមុខច្បាប់។ ពួកគេក៏មានសិទ្ធិសើរើក្តីដល់ស្តេចនៃប្រទេសរ៉ូមដើម្បីថ្លែងសារទុក្ខថា ពួកគេពុំបានទទួលនូវការកាត់ក្តីតាមយុត្តិធម៌ទេ (កិច្ចការ ២៥:១០, ១១)។ ហេតុនោះ លោកភេលីចក៏បានប្រព្រឹត្តយ៉ាងយុត្តិធម៌ចំពោះលោកប៉ុល។ លោកភេលីចបានសួរលោកប៉ុលជាច្រើនសំណួរ។ បន្ទាប់មកភេលីចបានបញ្ជាទាហានឲ្យយាមការពារលោកប៉ុលរហូតទាល់តែដើមចោទមកដល់។
ចូរគិតអំពីអ្វីៗគ្រប់យ៉ាងដែលព្រះទ្រង់បានធ្វើសំរាប់លោកប៉ុល។ តើលោកអ្នកបានថ្លែង អំណរព្រះគុណដល់ព្រះសំរាប់គ្រប់ទាំងសេចក្តីល្អៗក្នុងជីវិតរបស់លោកអ្នកញឹកញាប់ប៉ុនណាដែរ?
ថ្ងៃសុក្រ ទី១៤ កញ្ញា ឆ្នាំ២០១៨
សិក្សាបន្ថែម
«នៅពេលនោះ លោកប៉ុល និងមិត្តភក្តិបាននាំយកលុយកាក់ដែលពួកជំនុំសាសន៍ ដទៃប្រមូល និងបានផ្តល់ឲ្យដល់ពួកមេដឹកនាំដែលធ្វើការនៅក្រុងយេរូសាឡិម។ លុយកាក់នេះសំរាប់ជួយឧបត្ថម្ភដល់ពួកអ្នកជឿសាសន៍យូដាដែលក្រីក្រ......
«ពួកអ្នកជឿសាសន៍ដទៃបានផ្តល់អំណោយជាលុយកាក់ទាំងនេះដោយសារតែពួកគេចង់ ជួយ។ អំណោយទាំងនេះបង្ហាញថា គ្រីស្ទានដែលមិនមែនជាសាសន៍យូដាជឿថា កិច្ចការរបស់ព្រះ ត្រូវតែផ្សព្វផ្សាយឲ្យបានសព្វគ្រប់កន្លែងនៅលើផែនដីនេះ។ ពួកមេដឹកនាំនៅក្រុងយេរូសាឡិមគួរតែ ទទួលអំណោយទាំងនេះដោយចិត្តកតញ្ញូ។ ប៉ុន្តែ លោកប៉ុល និងមិត្តភក្តិបានមើលឃើញថា មានមេ ដឹកនាំជាច្រើននៅទីក្រុងយេរូសាឡិមពុំបានមើលឃើញវិញ្ញាណនៃសេចក្តីស្រឡាញ់ក្នុងចិត្តរបស់បង ប្អូនរួមជំនឿរបស់ពួកគេដែលជាសាសន៍ដទៃដែលពួកគេបានបរិច្ចាគលុយកាក់មកឲ្យនោះឡើយ» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 399, 400, adapted)។
«តើមានអ្វីកើតឡើងប្រសិនបើមេដឹកនាំពួកជំនុំប្រែជាមានចិត្តសប្បុរសចំពោះលោកប៉ុលវិញនោះ? ចុះប្រសិនបើពួកមេដឹកនាំបានទទួលស្គាល់លោកប៉ុលថាជាអ្នកនាំសាររបស់ព្រះដល់ពួកក្រៅសាសន៍វិញយ៉ាងដូចម្តេចដែរ? បើដូច្នោះមែន ព្រះអម្ចាស់នឹងសង្គ្រោះជីវិតលោកប៉ុលមិនខាន។ ព្រះ ទ្រង់ពុំមានផែនការឲ្យកិច្ចការរបស់លោកប៉ុលចប់ឆាប់ៗនោះទេ។ មេដឹកនាំពួកជំនុំពុំបានធ្វើអ្វីមួយ ដើម្បីឃាត់កុំឲ្យគេសំឡាប់លោកប៉ុលឡើយ។ ពួកគេបែរជាលើកឡើងពីបញ្ហាជាច្រើនដែលនាំឲ្យគេរកសំឡាប់លោកប៉ុលទៅវិញ។ ប៉ុន្តែ ព្រះទ្រង់ក៏ពុំបានសំដែងបាដិហារ្យណាមួយដើម្បីបពា្ឈប់ការសំឡាប់លោកប៉ុលនេះដែរ។
«សព្វថ្ងៃនេះ វិញ្ញាណអសប្បុរសដដែលនេះកំពុងដឹកនាំមនុស្សឲ្យប្រព្រឹត្តរឿងដដែលនេះ ដែលកើតឡើងក្នុងជំនាន់របស់លោកប៉ុលដែរ។ នៅពេលណាដែលយើងពុំបានថ្លែងអំណរព្រះគុណ ដល់ព្រះសំរាប់អំណោយដែលព្រះអង្គបានប្រទានមកនោះ មានន័យថាយើងបានបែរចេញពីរបស់ល្អ ជាច្រើនទៀតដែលព្រះអង្គចង់ប្រទានឲ្យដល់យើងដែរ។ ជាច្រើនលើកច្រើនគ្រា ព្រះទ្រង់ចង់ឲ្យគ្រូ គង្វាលធ្វើការច្រើនជាងដែលធ្លាប់បានធ្វើថែមទៀត។ ប៉ុន្តែ ព្រះទ្រង់ពុំអនុញ្ញាតឲ្យគាត់បន្តធ្វើការតទៅទៀតដោយសារតែពុំមាននរណាម្នាក់ថ្លែងអំណរគុណដល់ព្រះសំរាប់ការងាររបស់គាត់។ ពួកជំនុំមិន ត្រូវបណ្តោយឲ្យសាតាំងបំភ័ន្តគំនិតរបស់ពួកគេឲ្យយល់ខុសលើពាក្យសម្ដី និងអំពើរបស់អ្នកបំរើព្រះ នោះឡើយ។ ពួកជំនុំមិនត្រូវចូលមករំខានដល់កិច្ចការរបស់គាត់ ឬរារាំងគាត់មិនឲ្យជួយដល់មនុស្សម្នាទាំងឡាយដែរ។ នៅពេលណាដែលពួកជំនុំធ្វើរឿងខុសឆ្គងទាំងនេះ នោះព្រះទ្រង់ជួនកាលក៏បានដកចេញនូវរឿងល្អៗជាច្រើនដែលព្រះអង្គបានប្រទានដល់ពួកគេទៅវិញដែរ» (ដកស្រង់សៀវភៅដដែល ខាងលើ Pages 417, 418, adapted)។
សំនួរពិភាក្សា៖
- លោកប៉ុលដឹងថា គេនឹងមិនស្វាគមន៍លោកនៅទីក្រុងយេរូសាឡិមឡើយ ប៉ុន្តែ លោកនៅតែទៅ។ លោកបានបង្ហាញឲ្យឃើញថា សេចក្តីត្រូវការរបស់ពួកជំនុំសំខាន់ជាងរឿងផ្ទាល់ខ្លួនរបស់លោក។ តើយើងរាល់គ្នាគួរតែយកគំរូតាមអាកប្បកិរិយារបស់លោកប៉ុលច្រើនប៉ុនណាដែរ?
- ក្នុងនាមជាសមាជិកពួកជំនុំ យើងត្រូវតែត្រូវរ៉ូវគ្នា និងមានសេចក្តីសុខសាន្តជាមួយគ្នា។ តើយើង អាចរៀនធ្វើការជាមួយគ្នាដោយរបៀបណាក្នុងពេលដែលយើងមានគោលគំនិតផ្សេងៗគ្នាអំពីរឿងអ្វីណាមួយនោះ?