ថ្ងៃសៅរ៍ ទី៨ ធ្នូ ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ ៤:៨, ម៉ាថាយ ៤:៨, ៩, ដានីយ៉ែល ៣:៨-១៨, វិវរណៈ ១៤:៩-១១, កិច្ចការ ៤:២៣‑៣១ ។
ខចងចាំ៖ «ខ្ញុំក៏ឃើញទេវតា១ទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សំរាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ ទេវតានោះបន្លឺសំឡេងយ៉ាងខ្លាំងថា ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ ដ្បិតពេលដែលទ្រង់ត្រូវជំនុំជំរះ នោះបានមកដល់ហើយ ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មានចុះ។» (វិវរណៈ ១៤:៦, ៧)។
ព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកជំនុំ (កិច្ចការ ២:១‑៤)។ បន្ទាប់មកទៀត សមាជិកពួកជំនុំបានចំណាយពេលភាគច្រើនរបស់ពួកគេទៅលើការថ្វាយបង្គំព្រះ (កិច្ចការ ២:៤២)។ ពួកជំនុំមានសេចក្តីអំណរដោយបានដឹងថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ សំរាប់ពួកគេ ការដែលដឹងអំពីសេចក្តីពិតដ៏អស្ចារ្យនេះតើជាអំណោយទានអ្វីទៅហ្ន! ពួកគ្រីស្ទានជំនាន់ដំបូងទាំងនេះ មានអារម្មណ៍ថា ត្រូវចំណាយពេលប្រកបមិត្តភាពជាមួយគ្នា សិក្សាព្រះគម្ពីរជាមួយគ្នា និងអធិដ្ឋានជាមួយគ្នា។ ពួកគេបានអរគុណដល់ព្រះដែលបានប្រទានសេចក្តីពិតអំពីព្រះជន្ម សេចក្តីសុគត និងការរស់ឡើងវិញ របស់ព្រះយេស៊ូវដល់ពួកគេ។ ពួកគេក៏អរគុណព្រះសំរាប់គ្រប់យ៉ាងដែលព្រះអង្គបានធ្វើក្នុងជីវិតរបស់ពួកគេ។
ពួកជំនុំរបស់ព្រះយេស៊ូវគឺជាសហគមន៍មួយដែលថ្វាយបង្គំព្រះ។ ព្រះទ្រង់បានជ្រើសរើសពួកជំនុំឲ្យធ្វើជា «ផ្ទះខាងឯវិញ្ញាណ (ផ្ទះសំរាប់ថ្វាយបង្គំ) ជាពួកសង្ឃបរិសុទ្ធ (អ្នកដឹកនាំសាសនា) សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ (អំណោយទាន) ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ» ពេត្រុសទី១ ២:៥)។ សប្តាហ៍នេះ យើងនឹងសិក្សាអំពីការថ្វាយបង្គំ។ យើងនឹងរៀនអំពីរបៀបដែលការថ្វាយបង្គំរបស់យើងជាមួយគ្នាជួយយើងឲ្យមានសេចក្តីសុខសាន្ត និងមានការព្រមព្រៀងគ្នា។
ថ្ងៃអាទិត្យ ទី៩ ធ្នូ ឆ្នាំ២០១៨
ចូរយើងថ្វាយបង្គំព្រះដែលបានបង្កើតយើង និងសង្គ្រោះយើង
នៅពេលដែលយើងនិយាយអំពីការថ្វាយបង្គំ ជាញឹកញាប់យើងនិយាយអំពីអ្វីជាការថ្វាយបង្គំ និងរបៀបថ្វាយបង្គំ។ ប៉ុន្តែ តើអ្វីទៅជាអត្ថន័យពិតប្រាកដនៃការថ្វាយបង្គំ? តើការថ្វាយបង្គំព្រះមានន័យដូចម្តេចដែរ? ហេតុអ្វីបានជាយើងថ្វាយបង្គំ? ស្តេចដាវីឌបានពណ៌នាក្នុងទំនុកតម្កើង ២៩:២ ថា៖ «ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ»។ ទំនុកតម្កើងនេះជួយយើងឲ្យចាប់ផ្តើមយល់អំពីអត្ថន័យនៃការថ្វាយបង្គំ។ ក្នុងកិច្ចថ្វាយបង្គំ យើងត្រូវថ្វាយការសរសើរ និងកិត្តិនាមដែលស័ក្តិសមសំរាប់ព្រះអង្គ។
គម្ពីរវិវរណៈជំពូក៤ និង៥ ប្រាប់យើងអំពីអ្វីដែលបានកើតឡើងនៅឋានសួគ៌នៅពេលដែល ព្រះយេស៊ូវយាងទៅទីនោះក្រោយពីព្រះអង្គបានរស់ពីសុគតឡើងវិញ។ ជំពូកទាំងពីរនេះប្រាប់យើងថា ពួកអ្នកដែលរស់នៅឋានសួគ៌ថ្វាយបង្គំព្រះ និងព្រះយេស៊ូវ ដែលជាកូនចៀមនៃព្រះ។ តើពួកអ្នកដែលនៅឋានសួគ៌បានផ្តល់ហេតុផលអ្វីខ្លះដល់យើងអំពីការថ្វាយបង្គំព្រះ និងព្រះយេស៊ូវរបស់ពួកគេ? សំរាប់តម្រុយ ផ្សេងទៀត សូមអានខគម្ពីរ វិវរណៈ ៤:៨, ១១ និងវិវរណៈ៥:៩, ១០, ១២, និង ១៣ ផងដែរ។
គម្ពីរវិវរណៈជំពូក៤ និង៥ បង្ហាញប្រាប់យើងអំពីអ្វីដែលបានកើតឡើងនៅក្នុងបន្ទប់បល្ល័ង្កនៅឋានសួគ៌។ ព្រះយេស៊ូវត្រូវបានទទួលការថ្វាយបង្គំក្នុងឋានៈជាកូនចៀមនៃព្រះ និងជាព្រះអង្គសង្គ្រោះសំរាប់មនុស្សទាំងអស់។ ការថ្វាយបង្គំកើតឡើងនៅពេលណាដែលមនុស្សលោកបង្ហាញទៅព្រះអំពីសេចក្តីស្រឡាញ់ និងការដឹងគុណរបស់ពួកគេសំរាប់អ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសំរាប់ពួកគេ។ ការថ្វាយបង្គំកើតឡើងនៅពេលដែលយើងអរគុណព្រះសំរាប់ការបង្កើតយើង និងសង្គ្រោះយើង។ នៅគ្រាចុងក្រោយ មនុស្សដែលព្រះយេស៊ូវបានសង្គ្រោះនឹងមានចិត្តប្រកបដោយការដឹងគុណ ដែលនឹងសរសើរតម្កើងព្រះអង្គដែលបានសង្គ្រោះពួកគេ (វិវរណៈ ១៥:៣, ៤)។
ហេតុនោះ ការថ្វាយបង្គំគឺជាការអរគុណដល់ព្រះសំរាប់អ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើសំរាប់យើង៖ ដំបូងឡើយព្រះអង្គបង្កើតយើង បន្ទាប់មកទៀត ព្រះអង្គសង្គ្រោះយើង។ នៅពេលដែលយើងថ្វាយបង្គំព្រះ យើងថ្វាយការសរសើរ សេចក្តីស្រឡាញ់ និងការស្តាប់បង្គាប់ដែលយើងជឿថាជារបស់ព្រះអង្គ ដល់ព្រះអង្គវិញ។ ពិតណាស់ ព្រះគម្ពីរបង្ហាញប្រាប់យើងអំពីរបៀបដែលព្រះបង្កើតយើង និងសង្គ្រោះយើង។ ព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះដើម្បីបង្ហាញយើងឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង (សូមអានយ៉ូហាន ១៤:៨‑១៤)។ នោះហើយជាមូលហេតុដែលគ្រីស្ទានថ្វាយបង្គំព្រះយេស៊ូវក្នុងនាមជាអ្នកបង្កើតពួកគេ និងសង្គ្រោះពួកគេ។ សេចក្តីសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺឋិតនៅចំចំណុចកណ្តាលនៃការថ្វាយបង្គំរបស់យើង។
នៅពេលយើងជាអ្នកគ្រីស្ទានរួបរួមគ្នាក្នុងការថ្វាយបង្គំ យើងរួបរួមគ្នាដោយសារយើងមានចិត្តគោរព និងអរព្រះគុណដល់ព្រះជាម្ចាស់។ ការថ្វាយបង្គំព្រះរបស់យើងគួរតែចាប់ផ្តើមពីគំនិតអារម្មណ៍នៃការគោរពនិងការអរព្រះគុណទាំងនេះជានិច្ច។
សូមគិតអំពីអ្វីៗគ្រប់យ៉ាងដែលព្រះបានប្រទានដល់យើងរហូតដល់បានប្រទានព្រះយេស៊ូវដល់យើងថែមទៀត។ ព្រះយេស៊ូវបានបង្កើតយើង និងសង្គ្រោះយើងពីបាប។ ហេតុអ្វីបានជាសេចក្តីពិតទាំងនេះគួរតែជាហេតុផលសំរាប់គ្រប់ការថ្វាយបង្គំទាំងអស់របស់យើង?
ថ្ងៃច័ន្ទ ទី១០ ធ្នូ ឆ្នាំ២០១៨
ការថ្វាយបង្គំក្លែងក្លាយ
ខគម្ពីរ ម៉ាថាយ ៤:៨, ៩ ពណ៌នាអំពីបទពិសោធន៍របស់ព្រះយេស៊ូវជាមួយនឹងអារក្សនៅទីរហោឋាន។ អារក្សព្យាយាមល្បួងព្រះយេស៊ូវឲ្យធ្វើបាបចំនួនបីដង។ តើអំពើបាបទីបីដែលអារក្សព្យាយាមល្បួងឲ្យព្រះយេស៊ូវធ្វើនោះគឺជាអ្វី?
ចិត្តរបស់អារក្សមានពេញដោយសេចក្តីអំនួត។ វាបានប្រាប់ព្រះយេស៊ូវថាវាគឺជាអ្នកគ្រប់គ្រងដ៏ពិតប្រាកដលើផែនដីនេះ និងជាម្ចាស់លើសិរីរុងរឿង និងទ្រព្យសម្បត្តិទាំងអស់។ សាតាំងនិយាយថា គឺមានតែវាទេដែលស័ក្តិសមនឹងទទួលការសរសើរតម្កើង និងគោរពពីមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ សាតាំងតាំងខ្លួនធ្វើហាក់ដូចជាវាជាអ្នកដែលបានបង្កើតផែនដីនេះមកយ៉ាងអ៊ីចឹង។ ពាក្យសម្តីរបស់សាតាំងគឺជាការប្រមាថដល់ព្រះជាម្ចាស់! សាតាំងបានបង្ហាញយ៉ាងច្បាស់ថា វាស្គាល់ច្បាស់ណាស់អំពីអត្ថន័យនៃការថ្វាយបង្គំ៖ មានន័យថា យើងត្រូវបង្ហាញការថ្វាយកិត្តិនាម និងការគោរពដល់ព្រះជាម្ចាស់។ ព្រះទ្រង់គឺជាម្ចាស់ដ៏ពិតប្រាកដនៃឋានសួគ៌ និងផែនដី។ ព្រះទ្រង់បានបង្កើតផែនដី មិនមែនសាតាំងជាអ្នកបង្កើតទេ។
សូមអានរឿងអំពីមិត្តសំឡាញ់សាសន៍ហេព្រើរបីនាក់នៅក្នុងគម្ពីរដានីយ៉ែលជំពូក៣ (ជាពិសេស ត្រង់ខ ៨ ដល់ ១៨)។ បន្ទាប់មកសូមអានអំពីអំណាចនៅគ្រាចុងក្រោយដែលមានចែងនៅក្នុង វិវរណៈ ១៣:៤ និងវិវរណៈ ១៤:៩‑១១ វិញម្តង។ តើអ្វីទៅដែលជាភាពខុសប្លែកគ្នាអំពីការថ្វាយបង្គំក្នុងវិវរណៈជំពូក ១៣ និង ១៤? តើអ្វីទៅដែលជាគោលគំនិតដ៏សំខាន់បំផុតនៅក្នុងរឿងពីព្រះគម្ពីរដានីយ៉ែល និង វិវរណៈ?
នៅក្នុងរឿងរ៉ាវនៃព្រះគម្ពីរ សាតាំងបានព្យាយាមអូសទាញយើងឲ្យបែរចេញពីការថ្វាយបង្គំដល់ព្រះជាម្ចាស់ ហើយបែរទៅរកការថ្វាយបង្គំក្លែងក្លាយ។ យើងឃើញសាតាំងព្យាយាមធ្វើរឿងបែបនោះនៅក្នុងរឿងរបស់កាអ៊ីន និងអេបិល និងម្តងទៀតនៅក្នុងរឿងយុវជនហេព្រើរទាំងបីនៅក្នុងនគរ បាប៊ីឡូន។ សាតាំងវានឹងព្យាយាមធ្វើរឿងដដែលនេះក្នុងគ្រាចុងក្រោយ (វិវរណៈ ១៦:២)។ ផែនការការថ្វាយបង្គំក្លែងក្លាយរបស់សាតាំងតែងតែព្យាយាមអូសទាញមនុស្សលោកឲ្យបែរពីថ្វាយបង្គំដល់ព្រះជាម្ចាស់មកថ្វាយបង្គំដល់វាវិញ។ មុនពេលដែលអ័ដាម និងអេវ៉ាបានធ្វើបាប សាតាំងបានចង់ក្លាយជាព្រះ (អេសាយ ១៤:១៤)។ សាតាំងមិនដែលផ្លាស់ប្តូរទេ។ រឿងរ៉ាងបែបដដែលដែលបានកើតឡើងចំពោះយុវបុរសហេព្រើរទាំងបី ក៏នឹងកើតឡើងនៅគ្រាចុងក្រោយចំពោះរាស្ត្រដ៏ស្មោះត្រង់របស់ព្រះផងដែរ។ ពួកគេត្រូវគេបង្ខំឲ្យថ្វាយបង្គំព្រះក្លែងក្លាយបើពុំនោះទេនឹងត្រូវសំឡាប់ចោល។
«យើងមានមេរៀនដ៏សំខាន់សំរាប់រៀនសូត្រពីរឿងរបស់យុវបុរសហេព្រើរទាំងបីនាក់នៅទី វាលឌូរ៉ា...
«នឹងមានគ្រាដ៏លំបាកយ៉ាងអាក្រក់នឹងកើតឡើងដល់រាស្ត្ររបស់ព្រះ។ ក្នុងអំឡុងគ្រានោះ យើងនឹងត្រូវការឲ្យសេចក្តីជំនឿដ៏ខ្លាំងក្លាមួយដែលមិនចុះញ៉ម។ រាស្ត្ររបស់ព្រះត្រូវបង្ហាញឲ្យឃើញច្បាស់ថា ពួកគេថ្វាយបង្គំតែព្រះជាម្ចាស់មួយប៉ុណ្ណោះ។ ពួកគេត្រូវបង្ហាញប្រាប់គ្រប់គ្នាថា គ្មានអ្វីអាចនឹងបណ្តាលឲ្យពួកគេរួបរួមជាមួយនឹងមនុស្សដែលថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ។ ហើយពួកគេនៅតែរក្សាសេចក្តីពិតបើទោះបីជាត្រូវជាប់គុក ត្រូវចាប់ជាឈ្្លើយ ឬត្រូវប្រហារជីវិតក្តី។
ថ្ងៃអង្គារ ទី១១ ធ្នូ ឆ្នាំ២០១៨
សាររបស់ទេវតាទីមួយ
ពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទជឿថា សារទេវតាទាំងបីនៅក្នុងខគម្ពីរវិវរណៈ ១៤:៦‑១២ បង្ហាញប្រាប់ពួកគេអំពីកិច្ចការដែលព្រះទ្រង់បានប្រទានដល់ពួកគេឲ្យធ្វើនៅគ្រាចុងក្រោយ។ ក្នុងខគម្ពីរវិវរណៈ ១៤:១៤‑២០ យើងអាចរកឃើញសារដែលព្រះទ្រង់បានប្រទានដល់ពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទឲ្យចែកចាយទៅដល់មនុស្សម្នាទាំងឡាយមុនពេលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ព្រះទ្រង់បង្គាប់ឲ្យពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទប្រកាសផ្សព្វផ្សាយសារដ៏សំខាន់ទាំងនេះដល់មនុស្សគ្រប់គ្នាដែលរស់នៅលើផែនដីនេះឲ្យបានខ្លាំងក្លាបំផុត។
ខគម្ពីរវិវរណៈ ១៤:៦, ៧ ប្រាប់យើងអំពីសាររបស់ទេវតាទីមួយ។ តើសារនេះគឺជាអ្វី? តើសារនេះប្រាប់យើងអ្វីខ្លះអំពីព្រះជាម្ចាស់? ហេតុអ្វីបានជាសារនេះនិយាយអំពីការថ្វាយបង្គំ?
សាររបស់ទេវតាទីមួយគឺសំរាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ (សូមអានម៉ាថាយ ២៤:១៤ផងដែរ)។ យើងទទួលអារម្មណ៍ថា «ទេវតា» ត្រូវធ្វើកិច្ចការនេះយ៉ាងប្រញាប់ប្រញាល់។ សារទីមួយនេះ បានតឿនប្រាប់មនុស្សទាំងឡាយឲ្យស្វែងរកព្រះក្នុងចិត្តគំនិតរបស់ខ្លួនពីព្រោះ «ពេលដែលត្រូវជំនុំជំរះ នោះបានមកដល់ហើយ» (វិវរណៈ ១៤:៧)។ ព្រះទ្រង់ត្រូវជំនុំជំរះរាស្ត្ររបស់ព្រះអង្គសិនមុននឹងព្រះយេស៊ូវយាងត្រឡប់មកវិញ។
ទេវតាបានថ្លែងនៅក្នុងវិវរណៈ ១៤:៧ ថា «ចូរកោតខ្លាចដល់ព្រះ ហើយសរសើរសិរីល្អរបស់ទ្រង់ចុះ»។ មានមនុស្សជាច្រើនពុំបានស្តាប់បង្គាប់តាមព្រះ ឬថ្វាយបង្គំដល់ព្រះអង្គទេ។ ហេតុនោះ សារ នេះនឹងធ្វើឲ្យពួកគេភ្ញាក់ដឹងខ្លួនឡើងវិញ។ ប៉ុន្តែពួកអ្នកដើរតាមព្រះយេស៊ូវនឹងឮសារនេះ ហើយឆ្លើយតបដោយសេចក្តីស្រឡាញ់ និងការគោរពដល់ព្រះជាម្ចាស់។ ពួកអ្នកដើរតាមព្រះយេស៊ូវនឹងក្រឡេកមើលទៅព្រះជាម្ចាស់។ ពួកគេនឹងមើលឃើញថា ព្រះអង្គនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលព្រះអង្គបានសន្យា។ នោះពួកគេក៏នឹងបានពេញទៅដោយអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់។
«ចូរក្រាបថ្វាយបង្គំដល់ព្រះដ៏បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ... ចុះ» (វិវរណៈ ១៤:៧)។ ពាក្យពេចន៍ទាំងនេះជួយយើងឲ្យនឹកចាំពីបញ្ញត្តិនៃថ្ងៃសប្បាតហ៍ និងនឹកចាំថា ព្រះទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងនៅលើផែនដីនេះក្នុងរវាងប្រាំពីរថ្ងៃ (សូមអាន និក្ខមនំ ២០:៨‑១១)។ ព្រះទ្រង់បានបង្កើតថ្ងៃ សប្បាតហ៍ដើម្បីជួយយើងឲ្យនឹកចាំពីអំណាចរបស់ព្រះអង្គដែលបានបង្កើតរបស់សព្វសារពើនោះ។ ថ្ងៃសប្បាតហ៍ក៏ជួយយើងឲ្យនឹកចាំផងដែរថា ព្រះទ្រង់គឺជាព្រះតែមួយដែលស័ក្តិសមនឹងទទួលការថ្វាយបង្គំ និងការសរសើរតម្កើង។
នៅគ្រាចុងក្រោយ សង្គ្រាមដ៏ធំរវាងព្រះ និងសាតាំងគឺនឹងត្រូវផ្តោតទៅលើរឿងថ្វាយបង្គំ។ ហេតុនោះហើយបានជាសាររបស់ទេវតាទីមួយអញ្ជើញមនុស្សគ្រប់គ្នាឲ្យថ្វាយបង្គំព្រះដែលបានបង្កើតពួកគេ។
«សង្គ្រាមដ៏ធំរវាងព្រះ និងសាតាំងគឺនឹងត្រូវផ្តោតទៅលើរឿងថ្វាយបង្គំនេះឯង។ អ៊ីចឹងហើយបានជាព្រះទ្រង់បញ្ជូនសាររបស់ទេវតាទីមួយនេះមកដើម្បីព្រមានប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះឲ្យថ្វាយបង្គំព្រះក្នុងឋានៈជាព្រះអាទិករដែលបានបង្កើតពួកគេមក។ គឺមានតែព្រះអង្គទេដែលស័ក្តិសមនឹងទទួលយកការថ្វាយបង្កំរបស់យើង»។ ដកស្រង់ពី Ranko Stefanovi, Revelation of Jesus Christ: Commentary on the Book of Revelation (Berrien Springs, Mich.: Andrews University Press, 2002), pages 444, 445, adapted)។
ថ្ងៃពុធ ទី១២ ធ្នូ ឆ្នាំ២០១៨
ការសិក្សាព្រះគម្ពីរ និងមិត្តភាព
ខគម្ពីរកិច្ចការ ២:៤២ ប្រាប់យើងអំពីរឿងខ្លះដែលពួកគ្រីស្ទានគម្ពីរសញ្ញាថ្មីបានធ្វើនៅពេលដែលពួកគេថ្វាយបង្គំព្រះជាមួយគ្នា។ តើពួកគេបានធ្វើអ្វីខ្លះនៅពេលដែលពួកគេបានថ្វាយបង្គំព្រះ?
«អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្ដីអធិស្ឋានផង» (កិច្ចការ ២:៤២)។ ចាប់តាំងពីគ្រាដែលពួកជំនុំ បានចាប់ផ្តើមជាលើកដំបូង ការថ្វាយបង្គំក្នុងគម្ពីរសញ្ញាថ្មីតែងតែរាប់បញ្ចូលការសិក្សាព្រះគម្ពីរផងដែរ។ ពួកគ្រីស្ទានដំបូងៗបានសិក្សាព្រះគម្ពីរដើម្បីរៀនពីកិច្ចការរបស់ព្រះយេស៊ូវក្នុងឋានៈជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ ពួកអ្នកជឿថ្មីៗបានជួបជុំគ្នាដើម្បីចែកចាយនូវព្រះពរដែលព្រះទ្រង់បានប្រទានដល់ពួកគេគ្រប់ពេលវេលា។ ពួកគេបានលើកទឹកចិត្តគ្នាក្នុងការដើរជាមួយព្រះតាមបែបព្រលឹងវិញ្ញាណរបស់ពួកគេ។ ពួកគេបានរៀនសូត្រអំពីសេចក្តីពិតដ៏បរិសុទ្ធចេញពីព្រះគម្ពីរ។ សេចក្តីពិតទាំងនេះបានប្រែក្លាយជាសាររបស់ពួកគេដែលត្រូវផ្សាយប្រាប់ដល់មនុស្សទាំងអស់នៅលើផែនដីនេះ។
តើខគម្ពីរខាងក្រោមបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃការសិក្សាព្រះគម្ពីរជាក្រុមជាមួយអ្នកជឿដទៃទៀតនោះ?
ពង្សាវតារក្សត្រទី២ ២២:៨‑១៣----------------------
កិច្ចការ ១៧:១០, ១១ ---------------------------------
ធីម៉ូថេទី២ ៣:១៤‑១៧--------------------------------
«នៅគ្រប់ទីកន្លែងដែលរាស្ត្ររបស់ព្រះអធិប្បាយអំពីដំណឹងល្អ តែងតែមានមនុស្សដែលបាន ស្តាប់ និងធ្វើតាមនូវអ្វីដែលត្រឹមត្រូវ។ ព្រះទ្រង់នឹងដឹកនាំមនុស្សទាំងនេះឲ្យសិក្សាព្រះគម្ពីរដោយប្រុង ប្រយ័ត្ន។ មនុស្សទាំងឡាយដែលឮសេចក្តីពិតសំរាប់គ្រាចុងក្រោយគួរតែបានធ្វើការសិក្សាព្រះគម្ពីរដូចជាពួកជំនុំនៅទីក្រុងបេរាដែរ។ ពួកអ្នកក្រុងបេរាបានសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃដើម្បីឲ្យដឹងថាសារដែលពួកគេបានឮជារឿងត្រឹមត្រូវឬក៏អត់។ តើនឹងមានអ្វីកើតឡើងប្រសិនបើមនុស្សទាំងឡាយធ្វើតាមគំរូរបស់ពួកអ្នកក្រុងបេរា? នោះនឹងធ្វើឲ្យមានមនុស្សដែលស្មោះត្រង់ចំពោះក្រឹត្យវិន័យរបស់ព្រះកាន់តែច្រើនឡើងជាងគ្រាឥឡូវនេះទៅទៀត»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 232, adapted ។
សេចក្តីពិតរបស់យើងបង្រួបបង្រួមយើងឲ្យក្លាយមកជាមនុស្សតែមួយ។ ការសិក្សាព្រះគម្ពីរគឺឋិតនៅចំចំណុចកណ្តាលនៃការថ្វាយបង្គំព្រះរបស់យើង និងការព្រមព្រៀងគ្នារបស់យើងក្នុងឋានៈជារាស្ត្ររបស់ព្រះអង្គ។ នៅពេលដែលយើងមកថ្វាយបង្គំព្រះជាមួយគ្នា ព្រះគម្ពីរក៏បានផ្តល់ព្រះបន្ទូលដែលចេញពីព្រះមកដល់យើង។ បន្ទូលទាំងនេះដឹកនាំជីវិតរបស់យើង និងជួយយើងឲ្យត្រៀមខ្លួនជាស្រេចសំរាប់ការយាងមកលើកទីពីររបស់ព្រះយេស៊ូវ។
តើចំណេះដឹងអំពីសេចក្តីពិតនៃព្រះគម្ពីររបស់លោកអ្នកមានជម្រៅប៉ុនណាហើយ?
ថ្ងៃព្រហស្បតិ៍ ទី១៣ ធ្នូ ឆ្នាំ២០១៨
ការប្រកបអាហារ និងអធិដ្ឋានជាមួយគ្នា
ជាញឹកញាប់ ពួកជំនុំគម្ពីរសញ្ញាថ្មីមានបញ្ហាជាច្រើន។ ប៉ុន្តែ ព្រះទ្រង់បានបង្រួបបង្រួមពួកគេឲ្យមកតែមួយក្នុងសេចក្តីជំនឿលើព្រះយេស៊ូវ។ ពួកគេបានព្រមព្រៀងគ្នាថានឹងធ្វើកិច្ចការដែលព្រះទ្រង់ប្រទានឲ្យពួកគេធ្វើ។ ពួកគេជឿថា ព្រះទ្រង់ចង់ឲ្យពួកគេចែកចាយដំណឹងល្អអំពីព្រះយេស៊ូវទៅកាន់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះទ្រង់បានបង្រួបបង្រួមពួកគេឲ្យមកតែមួយក្នុងសេចក្តីពិត។ ពួកជំនុំក៏បានបង្ហាញឲ្យឃើញថា ពួកគេបានរួបរួមគ្នាមកតែមួយតាមលក្ខណៈច្រើនបែបច្រើនសណ្ឋានណាស់។
«អ្នកទាំងនោះ.... ប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្ដីអធិស្ឋានផង» (កិច្ចការ ២:៤២)។ ក្នុងអំឡុងពេលនៃការប្រកបគ្នា សមាជិកម្នាក់ក៏បានអធិដ្ឋានអរគុណព្រះសំរាប់នំប័ុង និងទឹកទំពាំងបាយជូរ។ នំប័ុង និងទឹកទំពាំងបាយជូររំឭកពួកគេឲ្យនឹកចាំអំពីការសុគត និងការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ ពួកអ្នកជឿរំពឹងថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញឆាប់ៗ។ គ្រីស្ទានដំបូងៗបានចំណាយពេលរបស់ពួកគេដើម្បីរំឭកដល់ព្រះជន្មរបស់ព្រះយេស៊ូវ និងកិច្ចការរបស់ព្រះអង្គ។ ពួកគេចូលចិត្តនិយាយគ្នាអំពីព្រះអង្គក្នុងអំឡុងពេលបរិភោគជុំគ្នា។ អាហារដែលពួកគេបរិភោគជាមួយគ្នាបានក្លាយជាផ្នែកមួយនៃពេលវេលាសំរាប់ថ្វាយបង្គំរបស់ពួកគេ។ «រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់» (កិច្ចការ ២:៤៦)។ «ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅក្នុងពួកជំនុំថែមទៀត» (កិច្ចការ ២:៤៧)។ មិនបាច់សង្ស័យឡើយ ពេលវេលានៃមិត្តភាពនេះបានជួយឲ្យពួកជំនុំកាន់តែរឹងមាំឡើងជាលំដាប់។
តើយើងរកឃើញគំរូអ្វីខ្លះអំពីការអធិដ្ឋានរួមគ្នារបស់គ្រីស្ទាននៅក្នុងគម្ពីរកិច្ចការ? តើពួកគេបានអធិដ្ឋានសូមអ្វី?
កិច្ចការ ១:១៤-------------------------
កិច្ចការ ៤:២៣‑៣១ ------------------
កិច្ចការ ១២:១២----------------------
សមាជិកពួកជំនុំក្នុងជំនាន់គម្ពីរសញ្ញាថ្មីចូលចិត្តអធិដ្ឋានទៅរកព្រះ។ ពួកគេមិនដែលខកខាននឹងទូលសូមនូវអ្វីដែលពួកគេត្រូវការនៅពេលដែលពួកគេមកជួបជុំគ្នាថ្វាយបង្គំព្រះនោះឡើយ។ នៅក្នុងសំបុត្រទីមួយរបស់លោកទៅកាន់ធីម៉ូថេ លោកប៉ុលបានប្រាប់គាត់ថា វាជាការសំខាន់ណាស់សំរាប់គ្រីស្ទានក្នុងការអធិដ្ឋានជាមួយគ្នា (ធីម៉ូថេទី១ ២:១)។ នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំនៅអេភេសូរ លោកប៉ុលក៏បានមានប្រសាសន៍អំពីភាពត្រូវការចាំបាច់សំរាប់ការអធិដ្ឋានផងដែរ (អេភេសូរ ៦:១៨, ១៩)។
តើការអធិដ្ឋានរួមគ្នារបស់យើងសំរាប់មនុស្សដទៃទៀតអាចជួយយើងឲ្យរួបរួមគ្នាកាន់តែជិតស្និទ្ធឡើងជាមួយនឹងបងប្អូនរួមជំនឿក្នុងពួកជំនុំដោយរបៀបណា?
ថ្ងៃសុក្រ ទី១៤ ធ្នូ ឆ្នាំ២០១៨
សិក្សាបន្ថែម
សូមអាន the articles “Prayer,” pages 1044-1045, and “Worship,” page 1290, 1291, in The Ellen G. White Encyclopedia.
«ថ្ងៃសប្បាតហ៍មានសារៈសំខាន់ខ្លាំងណាស់។ ព្រះទ្រង់បានបង្កើតថ្ងៃសប្បាតហ៍ដើម្បីជួយយើងឲ្យនឹកចាំថា ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ ថ្ងៃសប្បាតហ៍ជួយយើងឲ្យនឹកចាំជានិច្ចអំពីហេតុផលដែលថាព្រះទ្រង់ស័ក្តិសមនឹងទទួលយកការថ្វាយបង្គំរបស់យើង ពីព្រោះព្រះអង្គបានបង្កើត យើង ហើយយើងគឺជារបស់ព្រះអង្គ។ ថ្ងៃសប្បាតហ៍ក៏ជាផ្នែកដ៏សំខាន់មួយនៃការថ្វាយបង្គំព្រះរបស់យើងដែរ។ ថ្ងៃសប្បាតហ៍បង្រៀនយើងពីសេចក្តីពិតអំពីមូលហេតុដែលយើងថ្វាយបង្គំព្រះ។ យើងថ្វាយបង្គំព្រះពីព្រោះព្រះអង្គខុសពីស្នាព្រះហស្តដទៃៗទៀតដែលទ្រង់បានបង្កើតមក។សេចក្តីពិតនេះ គឺឋិតនៅចំចំណុចកណ្តាលនៃការថ្វាយបង្គំរបស់យើង។ យើងមិនត្រូវភ្លេចសេចក្តីពិតនេះឡើយ»។ ដកស្រង់ ពី J. N. Andrews, History of the Sabbath, chapter 27, adapted ។
«ព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់នឹកចាំជានិច្ចថា ព្រះអង្គបានបង្កើតពួកគេមក។ ហេតុនោះហើយ បានជាព្រះអង្គបង្កើតថ្ងៃសប្បាតហ៍នៅក្នុងសួនអេដែន។ ព្រះទ្រង់បានបង្កើតយើងរាល់ គ្នា។ នោះហើយជាមូលហេតុដែលយើងគួរថ្វាយបង្គំព្រះ។ ថ្ងៃសប្បាតហ៍នឹងជួយយើងជានិច្ចឲ្យនឹកចាំសេចក្តីពិតនេះ។ នៅពេលដែលយើងរក្សាថ្ងៃសប្បាតហ៍ មានន័យថាយើងថ្វាយបង្គំព្រះចេញពីចិត្ត និង គំនិត។ យើងបង្ហាញសេចក្តីស្រឡាញ់ និងការគោរពរបស់យើងចំពោះព្រះអង្គ... ការរក្សាថ្ងៃសប្បាតហ៍ របស់យើងបង្ហាញមនុស្សគ្រប់គ្នាថា យើងស្មោះត្រង់ចំពោះព្រះដ៏ពិត។ ព្រះទ្រង់គឺជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរន្ធទឹកទាំងប៉ុន្មាននៅលើផែនដីនេះ។ សាររបស់ទេវតាទីមួយបានបង្គាប់ដល់ មនុស្សលោកឲ្យថ្វាយបង្គំព្រះ និងស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះអង្គ។ សារដដែលនេះក៏បានបង្គាប់មនុស្សលោកឲ្យរក្សាបញ្ញត្តិទីបួនផងដែរ»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 437, 438, adapted ។
សំនួរពិភាក្សា៖
- តើថ្ងៃសប្បាតហ៍អាចក្លាយទៅជា «ឱសថ» សំរាប់ជួយព្យាបាលយើងរាល់គ្នាពីការថ្វាយបង្គំក្លែងក្លាយដោយរបៀបណា? តើថ្ងៃសប្បាតហ៍មានចំណែកអ្វីនៅក្នុងគ្រាចុងក្រោយ? តើខគម្ពីរវិវរណៈ ១៤:៦, ៧ ជួយយើងយ៉ាងដូចម្តេចខ្លះក្នុងការឆ្លើយនឹងសំណួរនោះ? ហេតុអ្វីបានជាសាររបស់ទេវតាទីមួយនិយាយអំពីថ្ងៃសប្បាតហ៍?
- ជាញឹកញាប់ យើងតែងនិយាយគ្នាអំពីរឿងដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងអំឡុងពេលថ្វាយបង្គំ។ តើមានអ្វីផ្សេងទៀតក្នុងការថ្វាយបង្គំដែលសំខាន់ជាងបញ្ជីរៀបរាប់អំពីអ្វីដែលអាចធ្វើបាន និងមិនអាចធ្វើបាន នេះដែរឬទេ? តើការថ្វាយបង្គំមានន័យដូចម្តេច? តើវាមានន័យពិតប្រាកដអ្វីខ្លះសំរាប់លោកអ្នក? តើព្រះវិហាររបស់លោកអ្នកថ្វាយបង្គំដោយរបៀបយ៉ាងដូចម្តេចដែរ?
- នៅក្នុងប្រទេសខ្លះ គ្រីស្ទានឈប់មកជួបជុំគ្នាដើម្បីថ្វាយបង្គំហើយ។ តើពួកជំនុំរបស់យើងអាចធ្វើអ្វីខ្លះដើម្បីជួយលើកទឹកចិត្តសមាជិកទាំងឡាយឲ្យជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះរួមគ្នា?