មេរៀនទី១២៖ ១៧-២៣ មីនា ២០១៨

ទម្លាប់របស់អ្នកចាត់ចែងល្អ

Jeans
ថ្ងៃសៅរ៍ ទី១៧ មីនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ ៖ អេភេសូរ៥:១៥-១៧, កូល៉ុស៣:២៣, លូកា១២:៣៥-៤៨, យ៉ាកុប៤:១៤, កិច្ចការ៣:២១, កូរិនថូសទី១ ៩:២៤-២៧។

ខចងចាំ៖ «មនុស្ស​កំឡោះ​នឹង​សំអាត​ផ្លូវ​ដែល​ខ្លួន​ប្រព្រឹត្តដោយ‌សារ​អ្វីគឺ​ដោយ​​ប្រយ័ត្ន​​នឹង​​ប្រព្រឹត្ត​​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់។ ទូល‌បង្គំ​បាន​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្ត។ ឱ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​វង្វេង​ចេញ​ពី​សេចក្ដី​បង្គាប់របស់​ទ្រង់​ឡើយ។ ទូល‌បង្គំ​បាន​កំណត់​ចាំ​ព្រះ‌បន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្តប្រយោជន៍​កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ» (ទំនុកដំកើង១១៩:៩-១១)។

ទម្លាប់របស់លោកអ្នកបង្ហាញឲ្យឃើញពីគោលបំណងនៃជីវិតរបស់លោកអ្នក។ ហើយវាក៏បង្ហាញជីវិតរបស់លោកអ្នកកំពុងធ្វើដំណើរទៅកាន់ទីកន្លែងណាផងដែរ។ អ្នកចាត់ចែងអំណោយទានដ៏ល្អរបស់ព្រះនឹងរៀនអនុវត្តនូវទម្លាប់ល្អៗ។ នោះពួកគេនឹងក្លាយទៅជាអ្នកបំរើដ៏ស្មោះត្រង់។ ជីវិតរបស់លោកដានីយែលបង្ហាញថាអ្វីខ្លះគឺជាទម្លាប់ល្អ។ លោកដានីយ៉ែលបានបង្កើតទម្លាប់នៃការអធិដ្ឋានជារៀងរាល់ថ្ងៃ (ដានីយែល៦:១០)។ ទម្លាប់របស់លោកប៉ុលគឺចូលចិត្តនៅកន្លែងថ្វាយបង្គំព្រះនៅរៀងរាល់ថ្ងៃសប្បាតហ៍ (កិច្ចការ១៧:១, ២)។ លោកប៉ុលក៏បានសរសេរផងដែរថា «កុំ​ឲ្យ​ច្រឡំ​ឡើយ ពី​ព្រោះ​ពួក‌ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ» (កូរិនថូសទី១ ១៥:៣៣)។ ដូច្នេះ យើងគួរប្រព្រឹត្តនូវទម្លាប់ល្អៗ។ ទម្លាប់ល្អៗគួរតែជំនួសឲ្យទម្លាប់អាក្រក់ៗ។

«ទម្លាប់របស់​យើងច្នៃយើងឲ្យក្លាយទៅជាជីវិតមនុស្សបែបណាមួយទាំងក្នុងជីវិតនេះ និងក្នុងជីវិតខាងមុខក្នុងឋានសួគ៌។ ដូច្នេះ យើងត្រូវបង្កើតទម្លាប់ល្អៗឥឡូវនេះចុះ។ ហើយយើងត្រូវស្មោះត្រង់ក្នុងការធ្វើតាមភារ-កិច្ចដែលព្រះទ្រង់ប្រទានដល់យើង។ នោះយើងនឹងប្រៀបដូចជាពន្លឺដែលរះចែងចាំងដែរ​។ យើងនឹងរះចែងចាំងរស្មីទៅលើផ្លូវដើររបស់អ្នកដទៃថែមទៀតផង»។ ដកស្រង់ពី (Ellen G. White, Testimonies for the Church, volume 4, page, 452, adapted)។

ការបង្កើតទម្លាប់ល្អៗគឺជាវិធីដ៏លឿនបំផុតដើម្បីឲ្យលោកអ្នកឆាប់បានរង្វាន់។ ទម្លាប់មួយគឺជាជំរើសមួយដែលលោកអ្នកបង្កើតឡើងដែលបានប្រែក្លាយជាផ្នែកមួយរបស់លោកអ្នក។ ដូច្នេះលោកអ្នកមិនចាំបាច់គិតអំពីវាទៀតទេ។ លោកអ្នកគ្រាន់តែធ្វើតាមទម្លាប់នោះទៅជាការស្រេចរួចទៅហើយ។ ទម្លាប់នីមួយៗ ខ្លះក៏ល្អ ហើយខ្លះក៏មិនល្អដែរ។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលទម្លាប់ដ៏មានអំណាចដែលនឹងជួយអ្នកចាត់ចែងដ៏ឆ្លាតវៃឲ្យជោគជ័យក្នុងកិច្ចការរបស់ព្រះ។

ថ្ងៃអាទិត្យ ទី១៨ មីនា ឆ្នាំ២០១៨

ទម្លាប់ល្អ៖ ការយកព្រះជាទីមួយ

យើងទាំងអស់គ្នាតែងមានរបៀបនៃការធ្វើអ្វីៗផ្សេងៗពីគ្នា។ យើងហៅការទាំងនេះថាជាទម្លាប់។ សំណួរនោះគឺ៖ តើទម្លាប់ទាំងនោះមានអ្វីខ្លះ? តើទម្លាប់ទាំងនោះល្អ ឬមិនល្អ? សំរាប់គ្រីស្ទាន ការស្វែងរកព្រះជាទីមួយជារៀងរាល់ថ្ងៃគឺជាទម្លាប់ដ៏សំខាន់បំផុតក្នុងចំណោមទម្លាប់ទាំងអស់។

«ចូរថ្វាយខ្លួនរបស់លោកអ្នកទៅព្រះជាម្ចាស់ជារៀងរាល់ព្រឹកចុះ។ ចូរថ្វាយព្រលឹង រូបកាយ និងវិញ្ញាណរបស់លោកអ្នកឲ្យបំរើព្រះអង្គចុះ។ ចូរអនុវត្តទម្លាប់ដែលបង្ហាញឲ្យឃើញអំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះជាម្ចាស់។ ហើយត្រូវជឿទុកចិត្តលើព្រះអង្គសង្គ្រោះកាន់តែខ្លាំងឡើងៗចុះ»។ ដកស្រង់ពី​ (Ellen G. White, Mind, Character, and Personality, volume 1, page 15, adapted)។

ព្រះទ្រង់មានបន្ទូលថា «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ» (និក្ខមនំ២០:៣)។ ព្រះយេស៊ូវមានបន្ទូលថា «ចូរ​ស្វែង​រក​នគរ និង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង» (ម៉ាថាយ៦:៣៣)។ យើងរាល់គ្នាក៏ធ្លាប់ឮផងដែរថា «ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត» (យេរេមា២៩:១៣)។

សូមអានម៉ាថាយ២២:៣៧, ៣៨, កិច្ចការ១៧:២៨, អេភេសូរ៥:១៥-១៧, និងកូល៉ុស៣:២៣។ តើខទាំងនេះជួយយើងឲ្យយកព្រះអង្គជាទីមួយក្នុងជីវិតរបស់យើងដោយរបៀបណា?

ព្រះយេស៊ូវគឺជាគំរូដ៏ប្រសើរបំផុតអំពីការយកព្រះជាទីមួយ។ ព្រះយេស៊ូវបានយកព្រះវរបិតាដែលគង់នៅឋានសួគ៌មុនអ្វីៗទាំងអស់។ លោកលូកាប្រាប់យើងថា ក្នុងវ័យកុមាររបស់ព្រះអង្គ ព្រះយេស៊ូវបានយកព្រះវរបិតារបស់ព្រះអង្គជាទីមួយក្នុងកាលដែលបានធ្វើដំណើរទៅចូលរួមពិធីបុណ្យនៅព្រះវិហារយេរូសាឡិម។ មាតារបស់ព្រះយេស៊ូវបានដើររកព្រះអង្គ ហើយបានរកឃើញព្រះអង្គនៅក្នុងព្រះវិហារ។ ព្រះអង្គបានមានបន្ទូលទៅនាងថា «អ្នក​ម្តាយ​រក​ខ្ញុំ​ធ្វើ​អី តើ​មិន​ជ្រាប​ថា គួរ​ឲ្យ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ទេ​ឬ​អី» (លូកា២:៤៩)។

ព្រះយេស៊ូវចង់នៅជិតព្រះវរបិតាពេញមួយជីវិតរបស់ព្រះអង្គតែម្តង។ ព្រះជន្មដ៏ប្រកបដោយសេចក្តីអធិដ្ឋានរបស់ព្រះយេស៊ូវបង្ហាញយើងថា ព្រះយេស៊ូវចង់មានអារម្មណ៍នៅជិតស្និទ្ធនឹងព្រះវរបិតារបស់ព្រះអង្គ។ ព្រះយេស៊ូវបានបង្កើតឲ្យមានទម្លាប់នៅជាប់ជាមួយនឹងព្រះវរបិតាទាំងស្រុង។ តើព្រះអង្គបង្កើតទម្លាប់នេះដោយរបៀបណា? ចម្លើយគឺ ព្រះយេស៊ូវអធិដ្ឋាន។ ដូច្នោះហើយ បានជាអំណាចអារក្សមិនអាចញែកព្រះយេស៊ូវចេញពីព្រះជាម្ចាស់បានឡើយ។

យើងក៏អាចធ្វើដូចជាព្រះយេស៊ូវទ្រង់បានធ្វើដែរ។ យើងអាចជ្រើសរើសស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់ពីគំនិត និងអស់ពីព្រលឹងដែរ (ម៉ាថាយ២៣:៣៧)។ ហើយយើងអាចអធិដ្ឋាន សិក្សាព្រះគម្ពីរ និងព្យាយាមធ្វើដូចព្រះយេស៊ូវក្នុងគ្រប់ការរបស់យើងដែរ។​ ការទាំងនេះនឹងជួយយើងឲ្យបង្កើតទម្លាប់នៃការយកព្រះអង្គជាទីមួយក្នុងជីវិតរបស់យើង។

តើលោកអ្នកបានយកព្រះអង្គជាទីមួយក្នុងជីវិតរបស់លោកអ្នកហើយឬនៅ? តើលោកអ្នកដឹងដោយរបៀបណា?​

ថ្ងៃច័ន្ទ ទី១៩ មីនា ឆ្នាំ២០១៨

ទម្លាប់ល្អ៖ ទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះយេស៊ូវ

សូមអានសាច់រឿងក្នុងលូកា១២:៣៥-៤៨។ តើសាច់រឿងនេះបង្រៀនយើងអ្វីខ្លះអំពីរបៀបដែលយើងត្រូវគិត និងចាប់អារម្មណ៍លើការយាងមកវិញរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជារបៀបដែលយើងរស់នៅត្រូវតែបង្ហាញជានិច្ចថាយើងជឿលើការយាងមកវិញលើកទីពីរជារឿងពិតប្រាកដ?

យើងគួរតែធ្វើជាអ្នកចាត់ចែងដ៏ល្អលើអំណោយទានរបស់ព្រះពីព្រោះព្រះយេស៊ូវជិតយាងមកវិញហើយ។ មនុស្សម្នាទាំងឡាយនឹងដឹងថាអ្នកណាជាអ្នកចាត់ចែងអាក្រក់ដោយសារតែឥរិយាបថអាក្រក់របស់ពួកគេនោះឯង។ ប៉ុន្តែ អ្នកចាត់ចែងដ៏ស្មោះត្រង់នឹងធ្វើគ្រប់យ៉ាងដែលព្រះបានប្រាប់គេឲ្យធ្វើ។ ជាការពិត អ្នកចាត់ចែងល្អនឹងធ្វើការធ្វើហាក់ដូចជាមានព្រះយេស៊ូវគង់នៅជិតពួកគេយ៉ាងដូច្នោះ។ អ្នកចាត់ចែងល្អរស់នៅសំរាប់ជីវិតអនាគតនៅឋានសួគ៌។ ពួកគេខិតខំធ្វើការជារៀងរាល់ថ្ងៃ ហើយបង្ហាញថាពួកគេស្មោះត្រង់ចំពោះព្រះយ៉ាងណាខ្លះ។​ «ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង» (ភីលីព៣:២០)។

លោកអ័ប្រាហាំបានទន្ទឹងរង់ចាំទីក្រុងមួយដែលឋិតថេរជារៀងរហូត (ហេព្រើរ១១:១០)។ លោកប៉ុលបានទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ (ហេព្រើរ១០:២៥)។ បុរសទាំងពីររូបនេះតែងតែគិត សង្ឃឹម និងមានផែនការចង់ជួបព្រះយេស៊ូវគ្រប់ពេលវេលា។ យើងក៏ត្រូវមានទម្លាប់ទន្ទឹងរង់ចាំជួបព្រះយេស៊ូវដូច្នោះដែរ (ទីតុស២:១៣)។ ដូចគ្នានេះដែរ យើងត្រូវជៀសវាងគោលគំនិតក្លែងក្លាយអំពីអ្វីដែលនឹងកើតឡើងនៅចុងបញ្ចប់នៃពេលវេលា។ សេចក្តីសន្យារបស់ព្រះអំពីការយាងមកវិញលើកទីពីរចង្អុលប្រាប់យើងឲ្យឃើញផ្លូវដ៏ត្រឹមត្រូវ​ សំរាប់ជីវិតរបស់យើង។ ផ្លូវនេះនាំយើងទៅឯនគរឋានសួគ៌។ សេចក្តីសន្យានៃការយាងមកវិញលើកទីពីរផ្តល់ឲ្យយើងនូវការយល់ដឹងដ៏ជ្រាលជ្រៅជាងមុនស្តីអំពីអ្វីដែលកំពុងកើតឡើងនៅលើផែនដីនាពេលឥឡូវនេះ។ សេចក្តីសន្យានៃការយាងមកវិញលើកទីពីរជួយយើងឲ្យនឹកចាំថាអ្វីទៅដែលសំខាន់សំរាប់ជីវិត។ ដូច្នេះ យើងត្រូវតែបង្កើតទម្លាប់នៃការទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ។ រឿងនេះផ្តល់ឲ្យយើងនូវហេតុផលសំរាប់ការរស់នៅ និងធ្វើឲ្យយើងក្លាយជាអ្នកចាត់ចែងដ៏ប្រសើរជាងមុន។

ឈើឆ្កាងបានបង្កើតផ្លូវនាំយើងឆ្ពោះទៅជួបព្រះយេស៊ូវពេលព្រះអង្គយាងមកវិញ។ ព្រះគម្ពីរប្រាប់យើងឲ្យទន្ទឹងរង់ចាំព្រឹត្តិការណ៍ពិសេសដែលនឹងកើតឡើងមុនពេលព្រះយេស៊ូវយាងមកវិញ។ រឿងទាំងនេះបង្ហាញយើងថា ការយាងមកវិញរបស់ព្រះគ្រីស្ទជិតដល់ហើយ។ ព្រះអង្គនឹងយាងមកវិញក្នុងសិរីល្អរបស់ព្រះវរបិតា និងពពួកទេវតា (ម៉ាកុស៨:៣៨)។ បន្ទាប់មករបស់គ្រប់យ៉ាងទាំងអស់នឹងត្រូវបានបង្កើតជាថ្មី។ «ដ្បិត​របស់​ដែល​មើល​ឃើញ នោះ​ស្ថិត‌ស្ថេរ​មិន​យូរ​ប៉ុន្មាន​ទេ តែ​ឯ​របស់​ដែល​មើល​មិន​ឃើញ នោះ​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌​ ជានិច្ច​វិញ» (កូរិនថូសទី២ ៤:១៨)។

សេចក្តីស្លាប់គឺពិតប្រាកដណាស់ ហើយកំពុងកើតឡើងគ្រប់ពេលវេលានៅជុំវិញយើង។ សេចក្តីស្លាប់ជួយយើងឲ្យនឹកចាំថា ពេលវេលារបស់យើងនៅលើផែនដីនេះគឺខ្លីណាស់។ ប៉ុន្តែ សេចក្តីសន្យារបស់ព្រះអំពីការយាងមកវិញលើកទីពីរបង្ហាញយើងថា សេចក្តីស្លាប់នឹងមិនគង់វង្សឋិតថេររហូតទេ។ សេចក្តីពិតអំពីការយាងមកវិញលើកទីពីរគួរតែជួយផ្លាស់ប្តូរជីវិតរបស់យើង។ ដូច្នេះ ចូរយើងបង្កើតទម្លាប់នៃការទន្ទឹងរង់ចាំការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ។

ថ្ងៃអង្គារ ទី២០ មីនា ឆ្នាំ២០១៨

ទម្លាប់ល្អ៖ ប្រើពេលវេលាឲ្យបានត្រឹមត្រូវ

«ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក​ពី​ម្សិល‌មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ពី​ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ» (យ៉ូប៨:៩)។

លោកអ្នកអាចធ្វើឲ្យនាឡិកាឈប់ដើរបាន។ ប៉ុន្តែលោកអ្នកមិនអាចបញ្ឈប់ពេលវេលាមិនឲ្យនៅទ្រឹងបានទេ។ ពេលវេលាមិនរង់ចាំនរណាឡើយ។ ពេលវេលាចេះតែរំកិលទៅមុខជានិច្ច។ តើមានអ្វីកើតឡើងប្រសិនបើយើងឈរធ្មឹងមិនកំរើក និងមិនធ្វើអ្វីសោះនោះ? តើមានអ្វីកើតឡើងចំពោះពេលវេលា? ពេលវេលាចេះតែដើរទៅមុខរហូត។

សូមអានយ៉ាកុប៤:១៤, ទំនុកដំកើង៩០:១០, ១២, ទំនុកដំកើង៣៩:៤, ៥, និងសាស្តា៣:៦-៨។ តើអ្វីទៅដែលជាសារចំបងនៅក្នុងខទាំងនេះ? តើខទាំងនេះជួយយើងឲ្យយល់ពីពេលវេលារបស់យើងនៅលើផែនដីនេះថាជាអំណោយទានដ៏វិសេសដោយរបៀបណា?

ពេលវេលារបស់យើងនៅលើផែនដីនេះមានកំរិតពីព្រោះយើងត្រូវស្លាប់។ ពេលវេលារបស់យើងសំរាប់រស់នឹងត្រូវអស់ប្រសិនបើព្រះយេស៊ូវមិនមកវិញទេ។ យើងមិនអាចទទួលបានពេលវេលាបន្ថែមទៀតទេ។ ដូច្នេះ គ្រីស្ទានត្រូវតែធ្វើជាអ្នកចាត់ចែងពេលវេលាឲ្យបានល្អ។ យើងគួរបង្កើតទម្លាប់ក្នុងការប្រើប្រាស់ពេលវេលារបស់យើងឲ្យបានត្រឹមត្រូវល្អ។ យើងត្រូវប្រើពេលវេលារបស់យើងធ្វើកិច្ចការដែលព្រះគម្ពីរប្រាប់ថាសំខាន់។ យើងមិនអាចទាញពេលវេលាឲ្យត្រឡប់ក្រោយវិញបានទេបើវាកន្លងផុតទៅហើយនោះ។ យើងអាចបាត់បង់ប្រាក់ដែលយកមកប្រកបមុខរបរ ហើយទទួលវាបានមកវិញពេលក្រោយមកទៀត។ យើងអាចនឹងទទួលបានប្រាក់ច្រើនជាងមុនពេលដែលយើងបាត់បង់ទៅទៀតក៏ថាបាន។ ប៉ុន្តែ ពេលវេលាគឺមិនដូចគ្នាទេ។ បើបាត់មួយនាទី គឺបាត់ជារៀងរហូត។ យើងមិនអាចទាញវាឲ្យត្រឡប់ថយក្រោយវិញ សូម្បីតែមួយវិនាទី។ ដូច្នេះ ពេលវេលាគឺជាអំណោយទានមួយដ៏វិសេសបំផុតដែលព្រះប្រទានដល់យើង។ ហើយវាជាការសំខាន់ណាស់ក្នុងការបង្កើតទម្លាប់ប្រើពេលវេលាឲ្យបានត្រឹមត្រូវគ្រប់នាទីដែលព្រះប្រទានដល់យើង។

«ពេលវេលារបស់យើងគឺជាកម្មសិទ្ធិរបស់ព្រះ។ គ្រប់ទាំងដង្ហើមចេញចូលគឺជារបស់ព្រះអង្គ។ ហើយយើងត្រូវមានភារកិច្ចធ្វើឲ្យវាប្រសើរឡើង។ យ៉ាងនោះព្រះនឹងទទួលបាននូវការសរសើរដំកើងនិងកិត្តិស័ព្ទឡើង។ ព្រះទ្រង់បានប្រទានទេពកោសល្យជាច្រើនដល់យើង។ ប៉ុន្តែព្រះទ្រង់រំពឹងឲ្យយើងយកចិត្តទុកដាក់នឹងរឿងពេលវេលាឲ្យបានច្រើនជាងអំណោយទានណាៗទាំងអស់។ យើងនឹងត្រូវរៀបរាប់ប្រាប់ពីហេតុដែលយើងបានប្រើប្រាស់ពេលវេលាដែលយើងធ្វើគ្រប់យ៉ាងទាំងអស់ទៅព្រះអង្គ។

«យើងមិនអាចយល់ទាំងស្រុងអំពីតម្លៃនៃពេលវេលាបាននៅឡើយទេ។ ព្រះយេស៊ូវទទួលស្គាល់ថា គ្រប់នាទីសុទ្ធតែវិសេសទាំងអស់។ ហើយយើងគួរតែទទួលស្គាល់ថា គ្រប់នាទីសុទ្ធតែមានតម្លៃដូចគ្នាដែរ។ យើងមានពេលវេលាខ្លីណាស់នៅលើផែនដីនេះដើម្បីត្រៀមខ្លួនចូលនគរឋានសួគ៌។ ដូច្នេះ យើងពុំមានពេលសំរាប់ចំណាយខ្ជះខ្ជាយឡើយ។ យើងពុំមានពេលសំរាប់បំពេញដល់ការសប្បាយបែបអាត្មានិយមឡើយ។ ហើយយើងក៏គ្មានពេលសំរាប់ធ្វើអំពើបាបដែរ»។ ដកស្រង់ពី (Ellen G. White, Christ’s Object Lessons, page 342, adapted)។

តើលោកប៉ុលបានបង្រៀនអ្វីខ្លះនៅក្នុងអេភេសូរ៥:១៥, ១៦?

ថ្ងៃពុធ ទី២១ មីនា ឆ្នាំ២០១៨

ទម្លាប់ល្អ៖ ការថែរក្សារូបកាយ ចិត្តគំនិត និងព្រលឹង

តើគម្ពីររ៉ូម ១៣:៨ មានន័យយ៉ាងដូចម្តេច? តើនេះមានន័យថា សេចក្ដីស្រឡាញ់ធ្វើឲ្យយើងមានសេរីភាពរួចផុតពីការប្រតិបត្តិតាមក្រឹត្យវិន័យឬ?

កាលដើមដំបូងឡើយ ព្រះទ្រង់បានបង្កើតមនុស្សមកដោយរួមមានចិត្តគំនិត រូបកាយ និងព្រលឹងដែលល្អនិងគ្រប់លក្ខណ៍។ បន្ទាប់មកអំពើបាបបានបំផ្លាញអ្វីៗគ្រប់យ៉ាង។ ដំណឹងល្អអំពីព្រះយេស៊ូវក៏រាប់បញ្ចូលសេចក្តីពិតដែលថា ព្រះទ្រង់កំពុងធ្វើឲ្យយើងប្រែក្លាយជាថ្មីឡើងនាពេលឥឡូវនេះដែរ។

សូមអានកិច្ចការ៣:២១ និងវិវរណៈ២១:១-៥។ តើយើងរកឃើញសេចក្តីសង្ឃឹមអ្វីនៅក្នុងខទាំងនេះ? តើយើងគួររស់នៅយ៉ាងណាក្នុងខណៈដែលយើងកំពុងរង់ចាំឲ្យព្រះធ្វើឲ្យរបស់គ្រប់យ៉ាងថ្មីឡើងវិញនោះ?

ព្រះយេស៊ូវមិនធ្លាប់ឈប់ធ្វើឲ្យចិត្ត គំនិត និងរូបកាយមនុស្សដែលនៅជុំវិញព្រះអង្គប្រសើរឡើងនោះទេ។ ព្រះអង្គបានព្យាបាលមនុស្សជាច្រើន។ កិច្ចការរបស់ព្រះយេស៊ូវបង្ហាញយើងអំពីផែនការដ៏ធំរបស់ព្រះដើម្បីធ្វើឲ្យគ្រប់យ៉ាងថ្មីឡើងនៅទីបំផុត។ បាដិហារ្យរបស់ព្រះអង្គបង្ហាញអំពីរបៀបដែលព្រះទ្រង់ចង់ឲ្យយើងមានសុខភាពល្អបំផុតរហូតដល់ពេលដែលព្រះអង្គយាងមកវិញ។ ដូច្នេះ អ្នកចាត់ចែងដ៏ឆ្លាតវៃនឹងបង្កើតទម្លាប់ដែលធ្វើឲ្យចិត្តគំនិត រូបកាយនិងព្រលឹងរបស់ពួកគេប្រសើរឡើង។ ពួកគេនឹងរស់នៅប្រកបដោយសុខភាពល្អ។ ចូរយើងក្រឡេកមើលហេតុផលមួយចំនួនដែលជួយឲ្យមានទម្លាប់សុខភាពល្អ។

ទីមួយ ចិត្តគំនិតនឹងរីកចំរើនកាន់តែខ្លាំងពេលដែលយើងប្រើវាកាន់តែច្រើន។ ចូរបង្កើតឲ្យមានទម្លាប់នេះឡើងគឺ៖ «សេចក្តី​ណា​ដែល​ពិត សេចក្តី​ណា​ដែល​គួរ​រាប់​អាន សេចក្តី​ណា​ដែល​សុចរិត សេចក្តី​ណា​ដែល​បរិសុទ្ធ សេចក្តី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្តី​ណា​ដែល​មាន​ឈ្មោះ​ល្អ បើ​មាន​សគុណ​ណា ឬ​ជា​សេចក្តី​សរសើរ​ណា នោះ​ចូរ​ពិចារណា​ពី​សេចក្តី​ទាំង​នោះ​ចុះ» (ភីលីព៤:៨)។ គំនិតទាំងនេះនាំមកនូវសេចក្តីសុខ (អេសាយ២៦:៣)។ «ចិត្ត​ស្ងប់​តែងតែ​ធ្វើ​ឲ្យ​មាន​សុខ‌ភាព​ល្អ» (សុភាសិត១៤:៣០, KHSV)។ ដូច្នេះ ចូរគិតគំនិតល្អៗចុះ។ គំនិតល្អៗនាំឲ្យចិត្តគំនិតមានសេចក្តីសុខ និងមានសុខភាពល្អ។

ទីពីរ ទម្លាប់មានសុខភាពល្អបង្ហាញថាយើងចេះថែរក្សាខ្លួន។ ទម្លាប់ឲ្យមានសុខភាពល្អពីរយ៉ាងនោះគឺការញ៉ាំអាហារសុខភាព និងការហាត់ប្រាណ។ ការហាត់ប្រាណជួយកុំឲ្យលើសឈាម។ ការហាត់ប្រាណក៏ជួយឲ្យមានអារម្មណ៍ល្អដែរ។ ជាការពិត ការហាត់ប្រាណនឹងធ្វើឲ្យលោកអ្នកក្មេងជាងវ័យ ដោយមិនចាំបាច់ប្រើថ្នាំពេទ្យនោះឡើយ។

ទីបី ទម្លាប់ល្អនឹងផ្តល់ជីវិតដល់ព្រលឹងរបស់យើង។ ដូច្នេះ ចូរលើកព្រលឹងរបស់លោកអ្នកថ្វាយទៅឯព្រះជាម្ចាស់ចុះ (ទំនុកដំកើង៨៦:៤,​ ៥)។ ចូររង់ចាំព្រះអង្គប្រទានសេចក្តីសង្ឃឹមដល់លោកអ្នក (ទំនុកដំកើង៦២:៥)។ លោកអ្នកនឹងទទួលបានជោគជ័យលើរាល់អ្វីដែលលោកអ្នកបានធ្វើពេលណាដែលលោកអ្នក «ដើរតាមសេចក្តីពិត» (យ៉ូហានទី៣ ខ៣)។ នោះព្រលឹងរបស់លោកអ្នកនឹង «បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌វគ្រីស្ទជា​អម្ចាស់​នៃ​យើង​យាង​មក» (ថែស្សាឡូនីចទី១ ៥:២៣)។

តើឥឡូវនេះលោកអ្នកមានទម្លាប់អ្វីខ្លះ? តើលោកអ្នកអាចធ្វើឲ្យទម្លាប់ទាំងនេះកាន់តែប្រសើរឡើងដោយរបៀបណាខណៈដែលលោកអ្នកកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវមកធ្វើឲ្យគ្រប់យ៉ាងទាំងអស់ត្រឡប់ជាថ្មីវិញនេះ?

ថ្ងៃព្រហស្បតិ៍ ទី២៣ មីនា ឆ្នាំ២០១៨

ទម្លាប់ល្អ៖ ការដឹងខ្នាត

ការដឹងខ្នាតគឺជាទម្លាប់ដ៏សំខាន់បំផុតដែលអ្នកចាត់ចែងល្អត្រូវតែមាន។ «ដ្បិត​ព្រះ‌ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹង‌ធឹង​វិញ (ឬ ការដឹងខ្នាត)» (ធីម៉ូថេទី២ ១:៧)។ ពាក្យក្រិកសំរាប់ពាក្យថា ការដឹងខ្នាត គឺ សូផ្រូនិសម៉ស (sophronismos)។ ពាក្យនេះឃើញមានតែម្តងគត់នៅក្នុងព្រះគម្ពីរ។​ គឺរកឃើញក្នុងធីម៉ូថេទី២ ១:៧ នេះឯង​។ ពាក្យនេះមានន័យថា «ការធ្វើអ្វីមួយដែលចាំបាច់ត្រូវតែធ្វើដោយគំនិតដ៏ខ្លាំងក្លានិងរឹងមាំ ដែលនឹងមិនងាករេបែរចេញពីក្បួនច្បាប់របស់ព្រះឡើយ»។ ការដឹងខ្នាតជួយយើងឲ្យ «ដឹង​ខុស​ត្រូវ» (ហេព្រើរ៥:១៤)។ ការដឹងខ្នាតជួយយើងឲ្យយល់ពីវិធីដ៏ល្អបំផុតសំរាប់ដោះស្រាយបញ្ហា។ ការដឹងខ្នាតជួយយើងឲ្យមានភាពនឹងធឹង។ សូមក្រឡេកមើលគំរូលោកដានីយ៉ែល។ លោកដានីយ៉ែលត្រូវបានគេចាប់បោះដាក់ក្នុងរូងតោ។ ប៉ុន្តែលោកពុំបានអនុញ្ញាតឲ្យសេចក្តីភ័យខ្លាចឃាត់ឃាំងរូបលោកមិនឲ្យធ្វើរឿងដ៏ត្រឹមត្រូវឡើយ។ រីឯលោកសាំសុនវិញគឺខុសគ្នាស្រឡះពីលោកដានីយ៉ែល។ លោកសាំសុនធ្វើអ្វីៗដែលលោកចង់។ លោកសាំសុនពុំបានបង្ហាញអំពីការដឹងខ្នាត ឬការយល់ដឹងបានល្អច្រើននោះទេ។ ប៉ុន្តែលោកយ៉ូសែបបានធ្វើរឿងដ៏ត្រឹមត្រូវនៅក្នុងផ្ទះប៉ូទីផារ។ ស្តេចសាឡូម៉ូនខុសស្រឡះពីលោកយ៉ូសែប។ ស្តេចនេះបានថ្វាយបង្គំព្រះផ្សេងៗជាច្រើន (ពង្សាវតារក្សត្រទី១ ១១:៤, ៥)។

សូមអានកូរិនថូសទី១ ៩:២៤-២៧។ តើលោកប៉ុលមានប្រសាសន៍អ្វីខ្លះនៅក្នុងខទាំងនេះអំពីការដឹងខ្នាត? តើការដឹងខ្នាតមានអ្វីទាក់ទងទៅនឹងការចែកចាយដំណឹងល្អ? ហេតុអ្វីបានជាអស់អ្នកដែលចែកចាយដំណឹងល្អត្រូវបង្ហាញការដឹងខ្នាតនៅក្នុងជីវិតរបស់ពួកគេ?

«ពួកអ្នកដែលមិនស្គាល់ព្រះរមែងធ្វើអ្វីៗតាមចិត្តខ្លួនចង់។ គោលគំនិតក្លែងក្លាយ និងរឿងមិនពិតកើតឡើងគ្រប់ទីកន្លែង។ សាតាំងនៅតែបន្តប្រឌិតរឿង និងរៀបអន្ទាក់បំផ្លាញព្រលឹងមនុស្សជាច្រើន។ អស់អ្នកណាដែលចង់បរិសុទ្ធត្រូវតែស្តាប់បង្គាប់ព្រះ។ ពួកគេត្រូវតែរៀនដឹងខ្នាត។ ពួកគេត្រូវតែគ្រប់គ្រងការចង់បានខាងរូបកាយរបស់ពួកគេឲ្យឋិតនៅក្រោមអំណាចដ៏ខ្ពស់ជាងនៃចិត្តគំនិត។ ការដឹងខ្នាតសំខាន់ណាស់។ ការនេះនាំឲ្យយើងយល់ និងដើរតាមការពិតដ៏បរិសុទ្ធរបស់ព្រះគម្ពីរ»។ ដកស្រង់ពី (Ellen G. White, The Desire of Ages, page 101, adapted)។

ព្រះទ្រង់បានជ្រើសរើសលោកអ្នកឲ្យ «បាន​បរិសុទ្ធ​ក្នុង​គ្រប់​កិរិយា​ទាំង​អស់» (ពេត្រុសទី១ ១:១៥)។ ព្រះអង្គបង្គាប់យើងឲ្យ «បង្ហាត់​ខ្លួន​ខាង​ឯ​សេចក្តី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ» (ធីម៉ូថេទី១ ៤:៧)។ អ្នកចាត់ចែងល្អត្រូវបង្ហាត់ខ្លួនឯងឲ្យបង្ហាញការដឹងខ្នាតក្នុងគ្រប់ការទាំងអស់ដែលពួកគេធ្វើ។ ដូចគ្នានេះដែរ ពួកកីឡាអត្តពលិក ឬពួកតន្ត្រីករក៏ត្រូវតែហ្វឹកហាត់ឲ្យបានស្ទាត់មុននឹងចេញប្រកួត ឬប្រគំ។ ការដឹងខ្នាតរីកចំរើនខ្លាំងឡើងដោយសារតែការអនុវត្តបានច្រើន។ អំណាចរបស់ព្រះនឹងជួយយើងឲ្យទទួលជោគជ័យ។

តើអំណាចរបស់ព្រះអាចជួយយើងរាល់គ្នាឲ្យក្លាយជាអ្នកចាត់ចែងដ៏ល្អជាងមុនដោយរបៀបណា?

ថ្ងៃសុក្រ ទី២៣ មីនា ឆ្នាំ២០១៨

សិក្សាបន្ថែម

លោកហេណុក និងលោកណូអេបានបង្កើតទម្លាប់ដើរជាមួយព្រះ។ លោកទាំងពីរស្មោះត្រង់ចំពោះព្រះក្នុងពេលដែលមានមនុស្សស្មោះត្រង់តិចណាស់ (លោកុប្បត្តិ៥:២៤, លោកុប្បត្តិ៦:៩)។ ផ្ទុយទៅវិញ ផែនដីនេះពោរពេញទៅដោយមនុស្សដែលមិនដឹងខ្នាត។ ពួកគេកាចសាហាវឃោរឃៅ។ ពួកគេស្រឡាញ់ទ្រព្យសម្បត្តិ និងរបស់មានតម្លៃនៅលើផែនដីនេះជាងព្រះ។ ប៉ុន្តែលោកហេណុក និងលោកណូអេយល់ច្បាស់ពីព្រះគុណរបស់ព្រះ។ ពួកលោកបានទទួលយកអំណោយទាននៃសេចក្តីមេត្តា ការអត់ទោស និងអំណាចឈ្នះលើអំពើបាបរបស់ព្រះអង្គ។ ដូច្នេះ លោកហេណុកនិងណូអេគឺជាអ្នកចាត់ចែងដ៏ល្អលើរបស់ទាំងអស់ដែលព្រះប្រទានដល់ពួកលោក។

គ្រប់ជំនាន់ក្នុងអតីតកាល តែងតែមានបុរសនិងស្ត្រីដែលស្មោះត្រង់ចំពោះព្រះជាម្ចាស់ជានិច្ច។ ពួកគេបានដើរជាមួយព្រះដូចគ្នានឹងលោកហេណុក លោកណូអេ លោកដានីយ៉ែលនិងមិត្តភក្តិរបស់ពួកគេដែរ។ ពួកគេ «ដឹងថា មានមធ្យោបាយតែមួយគត់ដើម្បីឲ្យពួកគេអាចចែកចាយសេចក្តីពិតបានគឺត្រូវមានចិត្តគំនិតច្បាស់​លាស់ និងមានជីវិតបរិសុទ្ធ។ ពួកគេបានឈរឡើងធ្វើជាស្មរបន្ទាល់របស់សាសនាដ៏ពិតក្នុងចំណោមសាសនាក្លែងក្លាយទាំងឡាយ។ ព្រះជាម្ចាស់បានបង្រៀនលោកដានីយ៉ែល និងមិត្តភក្តិរបស់លោកដោយអង្គទ្រង់ផ្ទាល់​។ ព្រះអង្គគឺជាគ្រូរបស់ពួកគេ។ លោកដានីយ៉ែល និងមិត្តភក្តិតែងតែអធិដ្ឋាន សិក្សាព្រះបន្ទូល និងពិភាក្សាគ្នាអំពីព្រះដ៏មើលមិនឃើញ។ ពួកគេបានដើរជាមួយព្រះដូចជាលោកហេណុកតាមរបៀបនេះឯង។ ដកស្រង់ពី (Ellen G. White, Prophets and Kings, page 486, adapted)។

«ការដើរជាមួយព្រះ» គឺជារូបស័ព្ទដែលពន្យល់ពីសកម្មភាពរបស់អ្នកចាត់ចែងដ៏ឆ្លាតវៃ។ «ការដើរជាមួយព្រះ» មានន័យថា ការរស់នៅជាមួយព្រះជារៀងរាល់ថ្ងៃ។ អ្នកចាត់ចែងដ៏ឆ្លាតវៃនឹងបង្កើតទម្លាប់ការដើរតាមព្រះនៅលើផែនដីដ៏អាក្រក់នេះ។ ការនៅជាប់ជាមួយនឹងព្រះជារៀងរាល់ថ្ងៃជួយការពារយើងពីអំណាចនៃអំពើបាប។

តើយើងអាចក្លាយជាអ្នកចាត់ចែងដ៏ស្មោះត្រង់ដោយរបៀបណា? យើងត្រូវចាប់ផ្តើមដោយការព្រមព្រៀងជាមួយព្រះ និងការដើរជាមួយព្រះអង្គ (អេម៉ុស៣:៣)។ សកម្មភាពរបស់អ្នកចាត់ចែងដ៏ស្មោះត្រង់គឺរាប់បញ្ចូលគ្រប់ផ្នែកទាំងអស់នៃជីវិត។ ដូច្នេះ យើងត្រូវតែរស់នៅតាមព្រះយេស៊ូវចុះ (កូល៉ុស២:៦)។ យើងត្រូវតែទទួលជីវិតថ្មីពីព្រះអង្គ (រ៉ូម៦:៤)។ យើងត្រូវតែឆ្លាតវៃ (កូល៉ុស៤:៥)។ យើងត្រូវតែរស់នៅក្នុងពន្លឺនៃសេចក្តីពិតរបស់ព្រះ (ទំនុកដំកើង៨៦:១១, យ៉ូហានទី១ ១:៧)។ យើងត្រូវតែរក្សាកិត្តិយសរបស់យើង (សុភាសិត១៩:១)។ យើងត្រូវតែស្តាប់បង្គាប់ក្រឹត្យវិន័យរបស់ព្រះ (និក្ខមនំ១៦:៤)។ យើងត្រូវតែធ្វើល្អ (អេភេសូរ២:១០)។ ហើយយើងត្រូវតែជ្រើសរើសធ្វើនូវរឿងដែលត្រឹមត្រូវជានិច្ច (សុភាសិត៤:២៦)។

សំនួរពិភាក្សា៖
  1. សូមអានម៉ាថាយ១១:២៩, អេភេសូរ៤:២, ភីលីព២:៣។ ហេតុអ្វីបានជាខទាំងនេះនិយាយថា អំនួតគឺជារឿងមិនត្រឹមត្រូវ?

  2. តើយើងអាចជួយមនុស្សដែលចង់ចេញពីទម្លាប់មិនល្អដោយរបៀបណា?

  3. តើអ្នកចាត់ចែងដ៏ល្អគួរមានទម្លាប់ល្អអ្វីផ្សេងទៀត? (សូមអានទីតុស២:៧, និងម៉ាថាយ៥:៨ សំរាប់ជួយជាចំឡើយ)។
Powered by CAM