មេរៀនទី១២​៖ ១៦-២២ មិថុនា ២០១៨

បាប៊ីឡូន និងសមរភូមិចុងក្រោយ

Jeans
ថ្ងៃសៅរ៍ ទី១៦ មិថុនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ វិវរណៈ១៤:៨, ១៦:១៩, អេសាយ៥២:៩, វិវរណៈ១៨:១-១០, ពង្សាវតារក្សត្រទី១ ១៨:១-៤០។

ខចងចាំ៖ «ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង និង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី» (វិវរណៈ១៧:៥)។

កណ្ឌគម្ពីរវិវរណៈបានប្រើរូបស័ព្ទជាច្រើន។ កណ្ឌគម្ពីរនេះក៏បានប្រើពាក្យពេចន៍ជាច្រើនចេញពីគម្ពីរសញ្ញាចាស់ផងដែរ។ ឧទាហរណ៍ដូចជាឈ្មោះ បាប៊ីឡូន។ ឈ្មោះនេះលេចចេញចំនួន៦ដងក្នុងកណ្ឌគម្ពីរវិវរណៈ។ ប៉ុន្តែវិវរណៈមិនឃើញមាននិយាយអំពីអាណាចក្ររបស់ស្តេចនេប៊ូក្នេសារទាល់តែសោះ។ អាណាចក្រនោះបានដួលរលំរាប់រយឆ្នាំមុននោះបាត់ទៅហើយ។ ផ្ទុយទៅវិញ លោកយ៉ូហានបានប្រើឈ្មោះទីក្រុងគម្ពីរសញ្ញាចាស់នេះធ្វើជារូបស័ព្ទដើម្បីបង្ហាញយើងអំពីសេចក្តីពិត។ នៅក្នុងគម្ពីរសញ្ញាចាស់ បាប៊ីឡូនគឺជាអាណាចក្រដែលអមដោយអំណាចខាងសាសនាយ៉ាងខ្លាំងក្លា។ អាណាចក្រនេះបានវាយប្រហារមកលើរាស្ត្ររបស់ព្រះ។ លោកយ៉ូហានបានប្រើបាប៊ីឡូនដើម្បីពណ៌នាអំពីរដ្ឋាភិបាលនិងអំណាចខាងសាសនាដ៏ខ្លាំងក្លាទាំងឡាយដែលវាយប្រហារមកលើរាស្ត្ររបស់ព្រះនៅថ្ងៃចុងក្រោយ។

លោកយ៉ូហានក៏បានប្រើ «អើម៉ាគេដូន» ធ្វើជារូបស័ព្ទដែរ។ ពាក្យនេះលេចចេញតែមួយដងគត់ក្នុងវិវរណៈ។ ពាក្យនេះមកពីពាក្យហេព្រើរដែលអាចនឹងមានន័យថា «ភ្នំម៉ាគេដូន»។ ឈ្មោះម៉ាគេដូនចង្អុលប្រាប់យើងអំពីទីកន្លែងមួយនៅក្នុងប្រទេសអ៊ីស្រាអែលជំនាន់គម្ពីរសញ្ញាចាស់។ មនុស្សជាច្រើនយល់ផ្សេងគ្នាអំពីអត្ថន័យនៃពាក្យថា អើម៉ាគេដូន នេះ។ មនុស្សជាច្រើនគិតថានឹងមានសង្រ្គាមដ៏ធំមួយកើតឡើងក្នុងថ្ងៃខាងមុខក្នុងកន្លែងពិតប្រាកដណាមួយនៅលើផែនដីនេះដែលមានឈ្មោះថា ម៉ាគេដូន។

សប្តាហ៍នេះ យើងនឹងក្រឡេកមើលបាប៊ីឡូន និងអើម៉ាគេដូនក្នុងរូបភាពជារូបស័ព្ទ។ យើងនឹងព្យាយាមរៀនអំពីអ្វីដែលព្រះគម្ពីរកំពុងថ្លែងប្រាប់តាមរយៈរូបស័ព្ទទាំងនេះ។

ថ្ងៃអាទិត្យ ទី១៧ មិថុនា ឆ្នាំ២០១៨

ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិតខ្លួន

កណ្ឌគម្ពីរវិវរណៈបានប្រើពាក្យថា បាប៊ីឡូនចំនួន៦ដង៖ ក្នុងវិវរណៈ១៤:៨, វិវរណៈ១៦:១៩, វិវរណៈ១៧:៥ និងវិវរណៈ១៨:២, ១០, ២១។ ចូរគិតអំពីអ្វីដែលលោកអ្នកបានរៀនរួចមកហើយអំពីរឿងបាប៊ីឡូននៅក្នុងគម្ពីរសញ្ញាចាស់ខណៈលោកអ្នកអានខទាំង៦នេះនៅក្នុងវិវរណៈ។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីបាប៊ីឡូន និងអំពើដែលនាងនឹងធ្វើនៅថ្ងៃចុងក្រោយ?

មនុស្សខ្លះបាននិយាយថា ព្រះគម្ពីរគឺជាសាច់រឿងមួយស្តីអំពីទីក្រុងពីរ៖ យេរូសាឡិម និងបាប៊ីឡូន។ ចាប់តាំងពីចាប់ផ្តើមដល់ទីបញ្ចប់ ព្រះគម្ពីរបានប្រើយេរូសាឡិមធ្វើជារូបស័ព្ទតំណាងទីក្រុងរបស់ព្រះ និងរាស្ត្ររើសតាំងរបស់ព្រះអង្គ (ទំនុកតំកើង១០២:២១, អេសាយ៥២:៩, អេសាយ៦៥:១៩, និងវិវរណៈ៣:១២)។ បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យរដ្ឋាភិបាលដែលដើរតាមសាសនាក្លែងក្លាយ ប្រយុទ្ធប្រឆាំងនឹងព្រះ ធ្វើទុក្ខបុកម្នេញមនុស្សលោក និងដកហូតសិទ្ធិសេរីភាពនិងសាសនាផ្ទាល់ខ្លួនរបស់ពួកគេចេញ។

ចូរគិតមើលអំពីរឿងប៉មបាបិល (លោកុប្បត្តិ១១:៩)។ ពាក្យហេព្រើរសំរាប់ «បាបិល» គឺជាពាក្យដដែលដែលប្រើសំរាប់អាណាចក្រ «បាប៊ីឡូន»។ រឿងនេះគឺជារឿងដ៏គួរចាប់អារម្មណ៍។ ក្នុងខគម្ពីរពេត្រុសទី១ ៥:១៣ លោកពេត្រុសបានផ្ញើពាក្យសួរសុខទុក្ខចេញពីពួកជំនុំនៅ «បាប៊ីឡូន»។ លោកពេត្រុសពុំបានមានន័យថា លោកកំពុងតែផ្ញើសំបុត្ររបស់លោកចេញពីអតីតអាណាចក្របាប៊ីឡូន ដែលសព្វថ្ងៃជាប្រទេសអ៊ីរ៉ាក់នោះទេ។ ផ្ទុយទៅវិញ ពេត្រុសកំពុងតែសរសេរចេញពីទីក្រុងរ៉ូមទៅវិញទេ។ លោកបានប្រើ «បាប៊ីឡូន» ជារូបស័ព្ទ​តំណាងឲ្យទីក្រុងរ៉ូម ដែលជារាជធានីនៃចក្រភពរ៉ូម។ ប្រទេសរ៉ូមនឹងចាប់ផ្តើមវាយប្រហារមកលើពួកជំនុំ។ យើងបានអានក្នុងវិវរណៈឃើញថា ព្រះវិហាររ៉ូមនឹងវាយប្រហារមកលើពួកជំនុំរបស់ព្រះនៅថ្ងៃចុងក្រោយ។ នោះហើយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ណាស់ដែលលោកពេត្រុសប្រើពាក្យថា «បាប៊ីឡូន» តំណាងឲ្យឈ្មោះទីក្រុងរ៉ូម។

សូមអានខគម្ពីរវិវរណៈ១៤:៨, និងវិវរណៈ១៨:៣។ តើខទាំងនេះបង្ហាញយើងអ្វីខ្លះអំពីអំណាចអាក្រក់ដែលបាប៊ីឡូនប្រើសំរាប់គ្រប់គ្រងមនុស្សលោកនៅលើផែនដី? តើបាប៊ីឡូនប្រើអំណាចនេះប្រឆាំងនឹងរាស្ត្ររបស់ព្រះដោយរបៀបណា?

កណ្ឌគម្ពីរវិវរណៈបានចែងមកច្បាស់ណាស់ហើយ។ កណ្ឌគម្ពីរនេះបង្ហាញយើងថា បាប៊ីឡូនគឺជារូបស័ព្ទតំណាងឲ្យរដ្ឋាភិបាលខាងសាសនាដែលពោរពេញដោយអំពើបាប និងអំពើអាក្រក់។ អំណាចអាក្រក់របស់ បាប៊ីឡូនបានរីកសាយភាយពាសពេញផែនដីទាំងមូល។ ពាក្យថា «ស្រា​នៃ​សេចក្ដី​ឃោរ‌ឃៅ​របស់​ការ​កំផិតខ្លួន» គឺជារូបស័ព្ទតំណាងឲ្យការបង្រៀនក្លែងក្លាយ អំពើអាក្រក់ៗ និងរឿងអាក្រក់ៗរបស់បាប៊ីឡូន។ បាប៊ីឡូនគឺជាអំណាចនៃសេចក្តីអាក្រក់។ អំណាចនៃសេចក្តីអាក្រក់នេះបានរីកសាយភាយទៅដល់ «គ្រប់ទាំងសាសន៍» ។ យើងត្រូវតែប្រុងប្រយ័ត្នកុំឲ្យអំណាចនេះមកប៉ះពាល់នឹងយើងផងដែរ។

ថ្ងៃច័ន្ទ ទី១៨ មិថុនា ឆ្នាំ២០១៨

បាប៊ីឡូនបានរលំហើយ!

វាជាការពិតដែលថាបាប៊ីឡូនអាក្រក់ខ្លាំងណាស់ ហើយអំពើអាក្រក់របស់នាងរីកសាយទៅដល់មនុស្សគ្រប់គ្នាទាំងអស់នៅគ្រប់ទីកន្លែងនៅលើផែនដីនេះ។ ប៉ុន្តែក៏មានដំណឹងល្អដែរ។ កណ្ឌគម្ពីរវិវរណៈបង្រៀនយើងថា អំណាចនៃសេចក្តីអាក្រក់របស់បាប៊ីឡូននឹងដល់ទីបញ្ចប់របស់វា។

សូមអានវិវរណៈ១៨:១-១០។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពី «បាប៊ីឡូនដ៏ជាធំ»?

សារទេវតាទីពីរប្រាប់យើងអំពីការដួលរលំនៃបាប៊ីឡូន (វិវរណៈ១៤:៨)។ សារនោះត្រូវបានប្រកាសម្តងទៀតនៅក្នុងខគម្ពីរវិវរណៈ១៨:២។ សារទេវតារទីពីរបង្ហាញអំពីអំណាចខាងសាសនាក្លែងក្លាយប្រែជាអាក្រក់ឡើងៗ។ «ព្រះគម្ពីរប្រាប់យើងអំពីអ្វីដែលសាតាំងនឹងធ្វើមុនការយាងមកលើកទីពីររបស់ព្រះយេស៊ូវ។ សាតាំងនឹងប្រើ ‘អា​ទទឹង​ច្បាប់’ (អំណាចសាសនាក្លែងក្លាយ)។ អាទទឹងច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ និង​ការ​អស្ចារ្យ​ដ៏​កំភូត។ហើយ​ដោយ​គ្រប់​ទាំង​សេចក្តី​ឆ‌បោក​របស់​សេចក្តី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្តី​ពិត ដើម្បី​ឲ្យ​គេ​បាន​ សង្គ្រោះ​នោះ​ទេ។ ហេតុ​នោះ​បាន​ជា​ព្រះ ទ្រង់​នឹង​ឲ្យ​សេចក្តី​ខុស‌ឆ្គង​មក បណ្តាល​ឲ្យ​គេ​ជឿ​តាម​សេចក្តី​ភូត‌ភរ​វិញ (ថែស្សាឡូនីចទី២ ២:៩-១១)។ ការដួលរលំរបស់បាប៊ីឡូននឹងកើតឡើងតែនៅពេលណាដែលគ្រប់យ៉ាងក្នុងខទាំងនេះបានសំរេចតែប៉ុណ្ណោះ។ ប៉ុន្តែការដួលរលំនៃបាប៊ីឡូននឹងមិនកើតឡើងបានឡើយរហូតទាល់តែព្រះវិហារ និងរដ្ឋាភិបាលនៅលើផែនដីនេះរួមកំឡាំងគ្នាជាមុនសិន។ ការផ្លាស់ប្តូរនឹងកើតឡើងបន្តិចម្តងៗ។ ហេតុនោះបានជារឿងរ៉ាវដែលមានចែងក្នុងវិវរណៈ១៤:៨ នៅមិនទាន់កើតឡើងនៅឡើយទេ។ ព្រឹត្តិការណ៍ទាំងនោះនឹងកើតឡើងក្នុងគ្រាអនាគត»។ ដកស្រង់ពី (Ellen G. White, The Great Controversy, page 389, 390, adapted)។

តើពេលណាទើបរឿងទាំងអស់នោះក្នុងខគម្ពីរវិវរណៈ១៤:៨ កើតឡើង? មានតែព្រះទេដែលទ្រង់ជ្រាប។ ប៉ុន្តែ យើងដឹងច្បាស់ណាស់ថាព្រះទ្រង់នឹងជំនុំជំរះបាប៊ីឡូននៅគ្រាអនាគតសំរាប់អំពើអាក្រក់ទាំងអស់ដែលនាងបានធ្វើ។ «ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា» (វិវរណៈ១៨:៥)។ ខមួយនេះចង្អុលត្រឡប់ទៅរកខមួយទៀតស្តីអំពីបាប៊ីឡូននៅក្នុងគម្ពីរសញ្ញាចាស់ ​ (សូមអានយេរេមា៥១:៩)។ ខនៅក្នុងគម្ពីរសញ្ញាចាស់នេះជួយយើងឲ្យយល់ថា ព្រះទ្រង់នឹងជំនុំជំរះឆាប់ៗនេះហើយ។

តើយើងគួរភ្ញាក់ផ្អើលនឹងរឿងដែលថាព្រះទ្រង់នឹងជំនុំជំរះបាប៊ីឡូនដែរឬទេ? ប្រាកដជាមិនភ្ញាក់ផ្អើលទេ។ ព្រះទ្រង់បានជំនុំជំរះបាប៊ីឡូនម្តងហើយនៅក្នុងគម្ពីរសញ្ញាចាស់ (ដានីយ៉ែល ៥)។​ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ៗគ្នានឹងត្រូវឈរនៅទីលានជំនុំជំរះរបស់ព្រះ។ ការជំនុំជំរះនោះគឺរួមទាំងបាប៊ីឡូនផងដែរ។ តើយើងមានការកំសាន្តចិត្តខ្លាំងប៉ុនណាទៅហ្ន៎ ដែលមានព្រះយេស៊ូវឈរនៅខាងយើងក្នុងជំនុំជំរះនោះ (យ៉ូហានទី១ ២:១)!

ថ្ងៃអង្គារ ទី១៩ មិថុនា ឆ្នាំ២០១៨

អើម៉ាគេដូន

មនុស្សភាគច្រើនពុំសូវដឹងរឿងច្រើនអំពីកណ្ឌគម្ពីរវិវរណៈឡើយ។ ក្នុងនោះរួមទាំងគ្រីស្ទានជាច្រើនផង។ ប៉ុន្តែមានពាក្យមួយ ឬរូបស័ព្ទមួយដែលមនុស្សភាគច្រើនដឹងគ្រប់គ្នា។ តើពាក្យនោះគឺជាអ្វី? នោះគឺពាក្យថា «អើម៉ាគេដូន»(សូមអានវិវរណៈ១៦:១៦)។ សូម្បីតែមនុស្សជាច្រើនដែលពុំជឿព្រះ ឬក៏ពុំជឿលើសាសនាណាក្តី ក៏ដឹងអំពីរឿងអើម៉ាគេដូននេះដែរ។ សំរាប់មនុស្សភាគច្រើន ពាក្យថា អើម៉ាគេដូន មានន័យថា ការប្រយុទ្ធ ឬ សង្គ្រាមចុងក្រោយ។ អនាគតនៃផែនដីទាំងមូលគឺត្រូវពឹងលើអ្វីដែលនឹងកើតឡើងក្នុងសង្គ្រាមនេះហើយ។ សូម្បីតែក្រុមហ៊ុនហូលីវូឌក៏បានផលិតភាពយន្តមួយដោយដាក់ចំណងជើងថា អើម៉ាគេដូន ដែរ។ រឿងនោះគេចង់និយាយថា មានដុំថ្មដ៏ធំមហិមាមួយដុំដែលហោះចេញពីអវកាសខាងក្រៅមកស្ទើរតែនឹងបុកបំផ្លាញផែនដីទៅហើយ។ ភាពយន្តរឿងនេះបង្ហាញយើងថា គោលគំនិតស្តីអំពីចុងបញ្ចប់នៃផែនដីក៏មាននៅក្នុងចិត្តគំនិតរបស់មនុស្សដែលមិនជឿលើព្រះ ឬមិនជឿលើសាសនាដែរ។

មានគ្រីស្ទានជាច្រើនដែលមានគោលគំនិតយល់ខុសអំពីអើម៉ាគេដូនដូចជាភាពយន្តដែលយើងកំពុងនិយាយនេះ។ គ្រីស្ទានខ្លះមានគំនិតថា អើម៉ាគេដូនគឺជាសង្គ្រាមពិតៗដែលត្រូវប្រយុទ្ធប្រឆាំងគ្នានៅមជ្ឈិមបូព៌ានៅថ្ងៃចុងក្រោយ។ មានគោលគំនិតក្លែងក្លាយស្តីអំពីអើម៉ាគេដូនថា នឹងមានទាហានចំនួន២០០លាននាក់នឹងឡើងពីទ្វីបអាស៊ីចូលលុកលុយអ៊ីស្រាអែលខាងជើង! រីឯគ្រីស្ទានដទៃផ្សេងទៀតជឿថា សង្គ្រាមចុងក្រោយក្នុងថ្ងៃចុងក្រោយនឹងកើតឡើងនៅកន្លែងដ៏ពិតប្រាកដណាមួយនៅលើផែនដីនេះដែលមានឈ្មោះថា ម៉ាគេដូន។

ប៉ុន្តែ ព្រះគម្ពីរប្រាប់យើងអំពីរឿងដែលខុសគ្នាស្រឡះទាំងស្រុង។ ព្រះគម្ពីរបង្ហាញយើងថា អើម៉ាគេដូនគឺពុំមែនជាសង្គ្រាមចុងក្រោយរវាងប្រទេសជាច្រើនដែលច្បាំងគ្នាដើម្បីលុយកាក់ អំណាច ឬដែនដីគ្នានោះទេ។ ផ្ទុយទៅវិញ សង្គ្រាមអើម៉ាគេដូនគឺពិតជារូបស័ព្ទដែលតំណាងឲ្យការប្រយុទ្ធគ្នាខាងឯវិញ្ញាណក្នុងសង្គ្រាមពិភពលោករវាងព្រះ និងសាតាំង។ អើម៉ាគេដូនគឺជាសង្គ្រាមសាសនានៅលើផែនដីនេះឯង។

សូមអានវិវរណៈ១៦:១២-១៦។ តើយើងអាចរៀនអ្វីខ្លះចេញពីខទាំងនេះអំពីអើម៉ាគេដូន?

ដំបូង តើលោកអ្នកបានឃើញរូបស័ព្ទទាំងអស់ក្នុងវិវរណៈ១៦:១២-១៦ហើយឬនៅ? ឧទាហរណ៍ យើងឃើញវិញ្ញាណដូចជាកង្កែបចេញពីមាត់នាគ ហោរាក្លែងក្លាយ និងអំណាចសត្វសាហាវដែលឡើងពីសមុទ្រ។ អំណាចទាំងបីនេះគឹត្រូវបានបង្ហាញក្នុងវិវរណៈ១៣។ ហោរាក្លែងក្លាយគឺជារូបស័ព្ទមួយតំណាងឲ្យសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោក។ យើងបានរៀនរួចមកហើយថាអំណាចនេះគឺជារូបស័ព្ទតំណាងឲ្យសហរដ្ឋអាមេរិក។ យើងក៏អាចមើលឃើញសង្គ្រាមដ៏ធំរវាងព្រះនិងសាតាំងក្នុងខទាំងនេះផងដែរ។​ យើងមិនបានដឹងឲ្យប្រាកដថា តើសង្គ្រាមអើម៉ាគេដូននឹងកើតឡើងនៅពេលណាឡើយ។ ប៉ុន្តែយើងច្បាស់ណាស់ថា វាគឺជា សង្គ្រាមពិភពលោករវាងកងទ័ពរបស់ព្រះ និងកងទ័ពរបស់សាតាំង។

ថ្ងៃពុធ ទី២០ មិថុនា ឆ្នាំ២០១៨

អើម៉ាគេដូន និងភ្នំកើមែល៖ ភាគ១

តើអ្វីទៅជាសង្គ្រាមអើម៉ាគេដូនដ៏ពិតប្រាកដដែលយើងកំពុងសិក្សានេះ? ដំបូង ឈ្មោះអើម៉ាគេដូន មានន័យថា «ភ្នំម៉ាគេដូន»។ តើលោកអ្នកមានដឹងទេថាពុំមានភ្នំនៅដែនដីម៉ាគេដូនសោះឡើយ? ប៉ុន្តែនៅជិតនោះបែរជាមានភ្នំមួយឈ្មោះថាភ្នំកើមែលទៅវិញ។ ដូច្នេះហើយបានជាអ្នកជំនាញខាងព្រះគម្ពីរខ្លះជឿថា ភ្នំម៉ាគេដូន មានន័យថាភ្នំកើមែល។

អ្នកសិក្សាព្រះគម្ពីរជាច្រើនជឿថា សាច់រឿងស្តីអំពីអេលីយ៉ានៅលើភ្នំកើមែលគឺជារឿងមួយដែលអាចប្រៀបធៀបគ្នានឹងរឿងក្នុងវិវរណៈ១៣ដែលនឹងកើតឡើងក្នុងថ្ងៃចុងក្រោយផងដែរ។

ម្សិលមិញ យើងបានរៀនថែមទៀតអំពីនាគ អំណាចសត្វសាហាវដែលឡើងពីសមុទ្រ និងហោរាក្លែងក្លាយ (អំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោក) ក្នុងវិវរណៈ១៦:១២-១៦។ យើងឃើញថា ខគម្ពីរ វិវរណៈ១៦:១៣ ក៏និយាយអំពីរឿងដូចគ្នាដែលកើតឡើងនៅក្នុងវិវរណៈ១៣ដែរ។ នៅក្នុងមេរៀន៩ យើងបានរៀនរួចហើយអំពីព្រះបីអង្គរួមតែមួយក្លែងក្លាយដែលមានចែងក្នុងវិវរណៈ១៣។

វិវរណៈ១៣ចែងថា អំណាចសត្វសាហាវពណ៌ក្រហមដែលឡើងពីដីគោកនឹងចាប់ផ្តើមធ្វើការអស្ចារ្យ ផ្សេងៗ។ អំណាចនេះ «ធ្វើ​ឲ្យ​ធ្លាក់​ទាំង​ភ្លើង ពី​លើ​មេឃ​មក​លើ​ផែនដី នៅ​មុខ​មនុស្ស​លោក​ផង» វិវរណៈ១៣:១៣)។ «ការអស្ចារ្យ» នេះនឹងនាំឲ្យមានការសាកល្បងពិសេសដែលកើតឡើងរវាងមនុស្សដែលថ្វាយបង្គំព្រះ និងមនុស្សដែលថ្វាយបង្គំ «រូបសត្វនោះ(ដែលឡើងពីសមុទ្រមក)» (វិវរណៈ១៣:១៤)។

សូមអានពង្សាវតារក្សត្រទី១ ១៨:១-១៨។ តើមានអ្វីកំពុងកើតឡើងក្នុងរឿងនេះដែលបង្ហាញយើងអំពីរឿងខ្លះៗដែលកណ្ឌគម្ពីរវិវរណៈចែងថានឹងកើតឡើងក្នុងថ្ងៃចុងក្រោយ?

អ្វីដែលយើងឃើញកំពុងកើតឡើងក្នុងពង្សាវតារក្សត្រទី១ ១៨:១-១៨បង្ហាញយើងឲ្យឃើញពីសង្គ្រាមពិភពលោករវាងព្រះ និងសាតាំង។ អេលីយ៉ាប្រាប់យើងអំពីបញ្ហាដែលដែលមាននៅក្នុងខ១៨ថា៖ រាស្ត្ររបស់ព្រះបានបោះបង់ក្រឹត្យវិន័យរបស់ព្រះចោល។ ពួកគេពុំបានថ្វាយបង្គំព្រះដ៏ពិតទេ ប៉ុន្តែបែរជាថ្វាយបង្គំព្រះក្លែងក្លាយទៅវិញ។ ប្រវត្តិសាស្ត្របង្ហាញយើងថា បញ្ហានេះគឺជាហេតុផលដែលនាំឲ្យមានសេចក្តីអាក្រក់នៅលើផែនដីនេះ និងសេចក្តីអាក្រក់មកលើរាស្ត្ររបស់ព្រះអង្គជានិច្ច។ យើងអាចជ្រើសរើសថ្វាយបង្គំ «ព្រះ​ដ៏​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន» (វិវរណៈ១៤:៧)។ បើមិនដូច្នោះទេ យើងអាចថ្វាយបង្គំអ្នកណាម្នាក់ ឬវត្ថុអ្វីក៏បានដែរ។ នៅក្នុងវិវរណៈ១៣ មនុស្សលោកជាច្រើនមិនបានថ្វាយបង្គំព្រះអម្ចាស់ឡើយ។ ពួកគេថ្វាយបង្គអំណាចសត្វសាហាវដែលឡើងពីសមុទ្រមក និងព្រះក្លែងក្លាយរបស់វា។ យើងមានសិទ្ធិជ្រើសរើសថា នៅខាងព្រះ ឬនៅខាងសាតាំង។ យើងអាចជ្រើសរើសយកបានតែមួយជំរើសប៉ុណ្ណោះ។ ព្រះអង្គនឹងដាក់ ជំរើសទាំងពីរនេះយ៉ាងច្បាស់ដល់មនុស្សគ្រប់ៗគ្នា។ យើងនឹងរៀនថែមទៀតអំពីរឿងនេះនៅថ្ងៃស្អែក។

ថ្ងៃព្រហស្បតិ៍ ទី២១ មិថុនា ឆ្នាំ២០១៨

អើម៉ាគេដូន និងភ្នំកើមែល៖ ភាគ២ (ពង្សាវតារក្សត្រទី១ ១៨:១៨-៤០)

សូមបញ្ចប់ការអានរឿងរបស់លោកអេលីយ៉ានៅក្នុងពង្សាវតារក្សត្រទី១ ១៨:១៨-៤០ជាមុនសិន។ តើមានអ្វីខ្លះដែលបានកើតឡើតនៅក្នុងរឿងនេះ? តើរឿងនេះបញ្ចប់ដោយរបៀបណា? តើរឿងនេះបង្ហាញយើងយ៉ាងដូចម្តេចអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងជារូបភាពធំៗក្នុងសង្គ្រាមរវាងព្រះនិងសាតាំងក្នុងថ្ងៃចុងក្រោយ?

ការប្រយុទ្ធគ្នានៅលើភ្នំកើមែលគឺធ្វើឡើងរវាងលោកអេលីយ៉ា និងពួកសង្ឃ៤៥០អង្គ។ សង្ឃទាំងនេះគឺជាមេដឹកនាំខាងសាសនាដែលបំរើព្រះបាល។ តើលោកអ្នកមើលឃើញចំនួននៃពួកមេដឹកនាំសាសនាអាក្រក់ច្រើនជាងចំនួនមេដឹកនាំល្អទេ? ការប្រយុទ្ធគ្នារវាងលោកអេលីយ៉ា និង មេដឹកនាំសាសនាព្រះបាលគឺជាការសាកល្បងមួយ។ ការសាកល្បងនេះនឹងបង្ហាញប្រាប់ពួកសាសន៍អ៊ីស្រាអែលឲ្យដឹងថានរណាជាព្រះពិតប្រាកដ។ តើព្រះអង្គនោះមិនមែនជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដីទេឬ? ឬមួយក៏ជាព្រះបាល ដែលជាឈ្មោះមួយទៀតរបស់ «នាគ» (វិវរណៈ១២:៨) ឬសាតាំង? ព្រះបាលគឺជាល្បិចមួយទៀតដែលសាតាំងបានប្រើដើម្បីនាំមនុស្សលោកឲ្យថ្វាយបង្គំវា (វិវរណៈ១២:៩)។

ពួកសង្ឃបានអធិដ្ឋានទៅព្រះបាលឲ្យបញ្ឆេះសត្វគោនៅលើអាសនាដែលពួកគេថ្វាយ។ ពួកសង្ឃបានស្រែកតាំងពីព្រឹករហូតដល់ថ្ងៃត្រង់។ ដល់ពេលថ្ងៃត្រង់លោកអេលីយ៉ាក៏ចាប់ផ្តើមចំអកដាក់ពួកគេ។ គាត់និយាយថា «ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​១​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង» (ពង្សាវតារក្សត្រទី១ ១៨:២៧)។ ពួកសង្ឃបានសំដែងចេញនូវឥរិយាបថដូចជាពពួកសត្វសាហាវ។ ពួកគេបានអារសាច់ខ្លួនឯងដោយដាវរហូតដល់ឈាមហូរជោកជាំ។ ពួកសង្ឃបានស្រែករហូតទាល់តែពួកគេខ្សោះល្វើយ។ ពួកគេក៏បានចុះចាញ់នៅល្ងាចនោះទៅ។

សត្វគោរបស់អេលីយ៉ាត្រូវបានស្រោចទឹកពីលើចំនួនបីដង។ ទឹកបានស្រោចស្រពពីលើរហូតដល់ហៀរហូរពេញប្រឡាយដែលនៅជុំវិញអាសនា។ លោកអេលីយ៉ាអធិដ្ឋានយ៉ាងខ្លី។ ព្រះទ្រង់ក៏បានបញ្ឆេះដង្វាយទាំងនោះយ៉ាងលឿនរួមទាំងអាសនា និងដីនៅក្រោមនោះផង។ ឥឡូវនេះវាច្បាស់ណាស់សំរាប់មនុស្សគ្រប់ៗគ្នាថា នរណាគឺជាព្រះដ៏ពិតប្រាកដនោះ។

សូមអានវិវរណៈ១៦:១៣ និងវិវរណៈ១៩:២០, ២១។ តើមានអ្វីកើតឡើងចំពោះមេដឹកនាំសាសនាក្លែងក្លាយក្នុងខទាំងនេះ? តើរឿងនោះដូចគ្នាយ៉ាងដូចម្តេចខ្លះទៅនឹងអ្វីដែលបានកើតឡើងចំពោះមេដឹកនាំសាសនាក្លែងក្លាយដែលបម្រើព្រះបាល?

យើងដឹងមិនអស់អំពីរឿងអើម៉ាគេដូននោះឡើយ។ ប៉ុន្តែ យើងដឹងរឿងមួយច្បាស់។ យើងដឹងថាសង្គ្រាមអើម៉ាគេដូននឹងបញ្ចប់ដោយរបៀបណា៖ សត្រូវរបស់ព្រះនឹងត្រូវបានបំផ្លាញចោល។ ព្រះ និងរាស្ត្ររបស់ព្រះអង្គនឹងត្រូវបានអះអាងថាពុំបានធ្វើអ្វីដែលខុសនោះឡើយ។

សូមអានកូរិនថូសទី១ ១៥:១, ២។ តើលោកប៉ុលចង់មានន័យយ៉ាងដូចម្តេចខ្លះក្នុងខទាំងនេះ? ហេតុអ្វីបានជាសេចក្តីពិតនោះសំខាន់សំរាប់ឲ្យយើងចងចាំខណៈពេលដែលយើងគិតអំពីហេតុការណ៍ដែលនឹងកើតឡើងនាពេលអនាគត?

ថ្ងៃសុក្រ ទី២២ មិថុនា ឆ្នាំ២០១៨

សិក្សាបន្ថែម

«មានចំណុចមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងរឿងព្រះគម្ពីរស្តីពីសង្គ្រាមអើម៉ាគេដូន។ ចំណុចសំខាន់នេះមិនមែននៅត្រង់សត្វសហាវ និងអំពើដែលវាបានប្រព្រឹត្តនោះទេ។ ផ្ទុយទៅវិញ លោក យ៉ូហានបង្ហាញយើងឲ្យឃើញផ្នែកនៃសេចក្តីពិតជាច្រើនអំពីព្រះយេស៊ូវ។ ដូច្នេះរូបស័ព្ទអំពីសត្វសាហាវមិនសូវជាសំខាន់ខ្លាំងទេ។ សេចក្តីពិតអំពីព្រះយេស៊ូវត្រូវបានបង្ហាញដល់យើងក្នុងវិវរណៈ១៦:១៥ថា ‘មើល អញ​មក​ដូច​ជា​ចោរ​ប្លន់ មាន​ពរ​ហើយ អ្នក​ណា​ដែល​នៅ​ចាំ ហើយ​រក្សា​សំលៀក‌បំពាក់​ខ្លួន ដើម្បី​មិន​ឲ្យ​ដើរ​អាក្រាត ឲ្យ​អ្នក​ណា​ឃើញ​កេរខ្មាស​ខ្លួន​ឡើយ ’ ខនេះលេចចេញក្នុងវិវរណៈចំកណ្តាលជំពូកដែលនិយាយអំពីអើម៉ាគេដូនតែម្តង។ តើខនោះប្រាប់យើងអ្វីខ្លះ? ខនេះប្រាប់យើងអំពីសារៈសំខាន់ក្នុងការត្រៀមខ្លួនជាស្រេចរង់ចាំទទួលព្រះយេស៊ូវនៅថ្ងៃចុងក្រោយបន្ទាប់ពីរឿងទាំងអស់នេះក្នុងវិវរណៈកើតឡើង។

«ខមួយទៀតដែលលោកយ៉ូហានបង្ហាញសេចក្តីពិតដល់យើងអំពីព្រះយេស៊ូវដែរនោះគឺនៅក្នុងវិវរណៈ១៧:៤ ដែលមានសេចក្តីថា ‘គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា ’ កងទ័ពរបស់ព្រះគឺត្រូវបានចងក្រងឡើងពីមនុស្សលោកដែលមិនសំឡាប់មនុស្សដទៃទៀតដោយអាវុធ។ ផ្ទុយទៅវិញ ពួកគេចង់រក្សាភាពស្មោះត្រង់នឹងកិច្ចការរបស់ព្រះនៅលើផែនដីនេះ។ សង្គ្រាមអើម៉ាគេដូនចុងក្រោយគឺខុសពីសង្គ្រាមផ្សេងៗទៀតដែលពួកកងទ័ពត្រូវប្រយុទ្ធគ្នាដូចសព្វថ្ងៃនេះ។ ចុះសង្គ្រាមនោះយ៉ាងដូចម្តេចទៅវិញ? សង្គ្រាមអើម៉ាគេដូនគឺជាការប្រយុទ្ធខាងចិត្តនិងគំនិត។ វាគឺជាសេចក្តីអញ្ជើញរបស់ព្រះទៅកាន់រាស្ត្ររបស់ព្រះអង្គឲ្យរក្សាភាពស្មោះត្រង់ចំពោះកូនចៀមដែលត្រូវបានសំឡាប់សំរាប់ពួកគេនៅលើឈើឆ្កាង (វិវរណៈ៥:៩, ១០, ១២, វិវរណៈ១៣:៨)»។ ដកស្រង់ពី Jon Paulien, Armageddon at the Door (Hagerstown, MD: Autumn House Publishing: 2008), page 193, adapted។

សំនួរពិភាក្សា៖
  1. ប្រសិនបើលោកអ្នកស្គាល់នរណាម្នាក់ដែលជឿថា រឿងជាច្រើននៅក្នុងវិវរណៈនឹងកើតឡើងក្នុងទីកន្លែងពិតៗជាក់ស្តែង ដោយមិនជឿថាគ្រាន់តែជារូបស័ព្ទទេ។ តើលោកអ្នកអាចជួយបុគ្គលនេះដោយក្ដីស្រឡាញ់បែបណាដើម្បីឲ្យគាត់យល់ពីខគម្ពីរទាំងនេះតាមបែបត្រឹមត្រូវ?

  2. តើការបង្រៀនរបស់បាប៊ីឡូនមានអ្វីខ្លះ? តើយើងអាចដកខ្លួនចេញឲ្យឆ្ងាយពីការបង្រៀនក្លែងក្លាយទាំងនេះដោយរបៀបណា?
Powered by CAM