ថ្ងៃសៅរ៍ ទី១៥ កញ្ញា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ២៤, កិច្ចការ ២៥, កិច្ចការ ២៦, កូរិនថូសទី១ ១:២៣។
ខចងចាំ៖ «លោកប៉ុលទូលតបវិញថា៖ ‘ទោះបីនៅតែបន្តិចទៀត ឬយូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមអោយព្រះរាជា និងអស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!’» (កិច្ចការ ២៦:២៩)។
លោកប៉ុលគឺជាអ្នកជាប់គុកម្នាក់នៅទីក្រុងសេសារាអស់រយៈពេល២ឆ្នាំ (កិច្ចការ ២៤:២៧)។ លោកប៉ុលរស់នៅក្នុងគុកប្រចាំរាជវាំងសេ្តចហេរ៉ូឌ។ ទាហានជាច្រើនបានយាមការពារលោក (កិច្ចការ ២៣:៣៥)។ ក្នុងអំឡុងពេល២ឆ្នាំនោះ លោកប៉ុលបានឡើងតុលាការជាច្រើនដង ដោយត្រូវឈរនៅចំពោះមុខចៅហ្វាយក្រុងពីររូប និងមុខស្តេចមួយអង្គ។ ចៅហ្វាយក្រុងទាំងពីររូបនោះឈ្មោះភេលីច និងភេស្ទុស។ ឯសេ្តចវិញមានព្រះនាមថា អ័គ្រីប៉ាទីពីរ។ មែនហើយ លោកប៉ុលគឺជាអ្នកជាប់គុកម្នាក់។ ប៉ុន្តែ លោកប៉ុលនៅតែធ្វើការជាអ្នកចែកចាយដំណឹងល្អជាមួយនឹងពួកអ្នកគ្រប់គ្រងទាំងនេះបាន (កិច្ចការ ៩:១៥)។
រាល់ពេលដែលលោកប៉ុលថ្លែងទៅកាន់ពួកអ្នកដឹកនាំទាំងនេះ លោកមានប្រសាសន៍ថា លោកគឺជាមនុស្សសុចរិត។ លោកអះអាងថា ពុំមានភស្តុតាងណាបញ្ជាក់ថាលោកបានធ្វើអ្វីមួយដែលទាស់ខុសនោះឡើយ។ លោកបានចោទសួរថា តើសាក្សីដែលបានឃើញលោកប្រព្រឹត្តរំលងច្បាប់នោះនៅឯណា? រឿងនេះបង្ហាញប្រាប់យើងថា លោកប៉ុលពុំបានធ្វើអ្វីខុសទេ ហើយក៏មិនគួរត្រូវបានគេចាប់ដាក់គុកដែរ។ លោកគួរតែមានសេរីភាពឡើងវិញ។ លោកត្រូវជាប់ក្នុងគុកគឺដោយសារលោកសូមសើរើក្តីនៅមុខមហារាជ នៃប្រទេសរ៉ូមតែប៉ុណ្ណោះ (កិច្ចការ ២៦:៣២)។ ក្នុងនាមជាអ្នកជាប់គុកម្នាក់ លោកប៉ុលមានឱកាសជាច្រើនដើម្បីធ្វើជាសាក្សីអំពីព្រះយេស៊ូវ។ លោកប៉ុលក៏បាននិយាយអំពីសេចក្តីសង្ឃឹមដ៏អស្ចារ្យដែលប្រាប់ថា ព្រះទ្រង់នឹងនាំមនុស្សដែលស្លាប់ទៅហើយឲ្យរស់ឡើងវិញ។
ប៉ុន្តែ ពីរឆ្នាំក្នុងគុកសំរាប់លោកប៉ុលគឺជារឿងដ៏លំបាក។ គ្មាននរណាម្នាក់ពីពួកជំនុំនៅយេរូសាឡិមផ្តល់ការគាំទ្រដល់លោកប៉ុលឡើយ។ ហេតុអ្វី? មេដឹកនាំនៃពួកជំនុំមានអារម្មណ៍ថា លោកប៉ុលបានប្រព្រឹត្តអ្វីមួយខុសហើយបានជាត្រូវជាប់គុក។ ពួកគេជឿថា លោកប៉ុល «ត្រូវបន្ទោសដោយសារតែការប្រឆាំង ទាស់នឹងរូបលោក» (ដកស្រង់ពី The Acts of the Apostles, page 403, adapted)។
ថ្ងៃអាទិត្យ ទី១៦ កញ្ញា ឆ្នាំ២០១៨
លោកភេលីចកាត់ទោសលោកប៉ុល (កិច្ចការ ២៤:១០-១៩)
លោកប៉ុលត្រូវបានគេចាប់បញ្ជូនទៅកាន់ទីក្រុងសេសារា។ ប្រាំថ្ងៃក្រោយមក មេដឹកនាំសាសន៍យូដាសំខាន់ៗមួយក្រុមពីក្រុងយេរូសាឡិមបានធ្វើដំណើរមកកាន់ទីក្រុងសេសារា។ ក្រុមនេះរួមមានមេ ដឹកនាំកំពូលនៃសាសនាយូដា សមាជិកខ្លះនៃក្រុមប្រឹក្សាសែនហេឌ្រីន និងមេធាវីម្នាក់ឈ្មោះទើទូលុស។ មនុស្សទាំងនេះបានមកឈរនៅចំពោះមុខលោកភេលីចក្នុងទីជំនុំជំរះ និងបានចោទប្រកាន់ទាស់នឹង លោកប៉ុលផង (កិច្ចការ ២៤:១-៩)។
រឿងក្តីនេះក្នុងកណ្ឌគម្ពីរកិច្ចការគឺមានតែម្តងនេះគត់ដែលមេដឹកនាំសាសន៍យូដាបានជួល មេធាវីម្នាក់ឲ្យមកចោទប្រកាន់នៅមុខអ្នកកាត់ក្តី។ មេធាវីទើទូលុសបានប្រើការសរសើរក្លែងក្លាយដើម្បីឲ្យលោកភេលីចគិតថា ពួកមេដឹកនាំយូដាត្រូវ។ ទើទូលុសនិយាយថា ពួកសាសន៍យូដាមានអំណរនឹងសេចក្តីសុខសាន្តដ៏យូរលង់ក្រោមការគ្រប់គ្រងរបស់លោកភេលីច។ រឿងនោះគឺមិនត្រឹមត្រូវទេ។ ការពិតនោះគឺលោកភេលីចបានធ្វើបាបពួកសាសន៍យូដាជាងចៅហ្វាយក្រុងណាៗទាំងអស់។ ភេលីចក៏ជាអ្នកដែលដកហូតសេរីភាពពីពួកគេជាងចៅហ្វាយក្រុងផ្សេងៗទៀតដែរ។ អាកប្បកិរិយារបស់លោកភេលីចធ្វើឲ្យពួកសាសន៍យូដាជាច្រើនចិញ្ចឹមចិត្តស្អប់ខ្ពើមមេដឹកនាំសាសន៍រ៉ូមដល់ឆ្អឹង។ ទើទូលុស ឆ្លាតណាស់ ហើយក៏មានល្បិចកិច្ចកលណាស់ដែរ។ គាត់បានធ្វើឲ្យលោកភេលីចគិតថា លោកត្រូវតែការពារខ្លួនលោកក្នុងនាមជាអ្នកដឹកនាំ។ វិធីដែលប្រសើរបំផុតគឺត្រូវបន្តដាក់គុកលោកប៉ុលតទៅទៀត។
បន្ទាប់មកទៀត ទើទូលុសបានចោទប្រកាន់លោកប៉ុលពីបទឧក្រិដ្ឋចំនួនបី៖ ១) ទើទូលុសនិយាយថា លោកប៉ុលគឺជាមេបង្ករឿង។ ទើទូលុសនិយាយថា លោកប៉ុលចង់ឲ្យពួកសាសន៍យូដាគ្រប់ទីកន្លែងងើបបះបោរប្រឆាំងការគ្រប់គ្រងរបស់សាសន៍រ៉ូមផងដែរ (កិច្ចការ ២៤:៥)។ ២) ទើទូលុសនិយាយថា លោកប៉ុលគឺជាមេដឹកនាំកំពូលនៃក្រុមសាសនាមួយដែលមានឈ្មោះថា គ្រីស្ទាន ដែលជា គ្រោះថ្នាក់មួយដល់អាណាចក្ររ៉ូម។ ៣) ទើទូលុសនិយាយផងដែរថា លោកប៉ុលពុំបានសំដែងការ គោរពដល់ព្រះវិហារនៅយេរូសាឡិមឡើយ (កិច្ចការ ២៤:៦)។
សូមអានកិច្ចការ ២៤:១០-១៩។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើលោកប៉ុល បានឆ្លើយតបទៅនឹង «បទឧក្រិដ្ឋ» ដែលគេចោទប្រកាន់នឹងលោកដោយរបៀបណា?
មានពីរចំណុចដែលបង្ហាញថា ពាក្យសម្តីរបស់មេដឹកនាំសាសន៍យូដាទាស់នឹងលោកប៉ុល មិនត្រឹមត្រូវ។ លោកប៉ុលបានប្រាប់លោកភេលីចអំពីពីរចំណុចនោះ៖ ១) ពុំមានសាក្សីពីស្រុកអាស៊ី ប្រឆាំងទាស់នឹងរូបលោកទេ (កិច្ចការ ២៤:១៨, ១៩)។ លោកភេលីចអាចនឹងសំរេចចិត្តបពា្ឈប់រឿងក្តីទាស់នឹងលោកប៉ុលនេះបានដោយសារតែគ្មានសាក្សី។ ២) ក្រុមប្រឹក្សាសែនហេឌ្រីនមិនអាចចោទ ប្រកាន់បទឧក្រិដ្ឋណាមួយលើលោកប៉ុលបានឡើយ លើកលែងតែរឿងសេចក្តីជំនឿរបស់លោកដែលថា ព្រះយេស៊ូវនឹងប្រោសមនុស្សដែលស្លាប់ឲ្យរស់ឡើងវិញនៅពេលដែលព្រះអង្គយាងមកវិញលើកទីពីរ (សូមអានកិច្ចការ ២៣:៦ ផងដែរ)។
លោកភេលីចយល់ភ្លាមៗតែម្តងថា លោកប៉ុលត្រឹមត្រូវ។ លោកភេលីចដឹងរឿងខ្លះអំពី សាសនាគ្រិស្ត ប្រហែលជាភរិយារបស់លោកឈ្មោះទ្រូស៊ីលប្រាប់។ ហេតុនោះ លោកភេលីចក៏បាន ផ្អាករឿងក្តីនេះទុកមួយអន្លើសិន និងបន្តទៀតនៅពេលក្រោយ។ ប៉ុន្តែ ការសំរេចចិត្តរបស់លោកភេលីចបង្ហាញយើងថា ចិត្តរបស់គាត់អាចនឹងផ្លាស់ប្តូរប្រសិនបើមានគេជូនអំណោយ ឬក៏សូកលុយដល់គាត់។ លោកប៉ុលពុំមានឱកាសដើម្បីនឹងទទួលបានយុត្តិធម៌ក្នុងរឿងក្តីនេះពីលោកភេលីចឡើយ។
ថ្ងៃច័ន្ទ ទី១៧ កញ្ញា ឆ្នាំ២០១៨
លោកភេស្ទុសកាត់ទោសលោកប៉ុល (កិច្ចការ ២៥:១-៥)
លោកភេលីចចាប់លោកប៉ុលដាក់គុកអស់រយៈពេលពីរឆ្នាំ។ ហេតុអ្វីបានជាយូរម៉្លេះ? គឺដើម្បី ឲ្យពួកសាសន៍យូដាស្រឡាញ់ចូលចិត្តគាត់។ បន្ទាប់មក លោកភេលីចក៏បានចាកចេញទៅ។ លោក ពើគាស ភេស្ទុសក៏ត្រូវបានតែងតាំងជាចៅហ្វាយថ្មីលើស្រុកយូដា (កិច្ចការ ២៤:២៧)។ លោកភេស្ទុស គ្រប់គ្រងលើស្រុកយូដាពីឆ្នាំទី ៦០ ដល់ទី៦២ នៃគ្រិស្តសករាជ។
សូមអាន កិច្ចការ ២៥:១-៥។ តើអាកប្បកិរិយារបស់ពួកមេដឹកនាំសាសន៍យូដាក្នុងខទាំងនេះជួយយើងឲ្យយល់ពីរបៀបដែលសំអប់របស់មនុស្សទាំងឡាយដែលបានឮសេចក្តីពិតហើយប៉ុន្តែមិនព្រមជឿតាមផ្ទុះខ្លាំងឡើងយ៉ាងណាដែរ?
ពួកមេដឹកនាំសាសន៍យូដាមិនចង់បរាជ័យម្តងទៀតទេ។ ពួកគេធ្លាប់បរាជ័យម្តងហើយកាលពីលើកមុនពេលដែលពួកគេបានព្យាយាមអូសទាញលោកភេលីចឲ្យជឿលើពួកគេ និងដាក់ទោសលើលោកប៉ុលសំរាប់បទឧក្រិដ្ឋដែលលោកពុំបានធ្វើសោះ។ ហេតុនោះ លើកនេះពួកមេដឹកនាំបានសូមឲ្យលោកភេស្ទុសជួយពួកគេក្នុងអំឡុងពេលដែលលោកភេស្ទុសធ្វើដំណើរមកទស្សនកិច្ចជាលើកដំបូងនៅទីក្រុងយេរូសាឡិម។ ពួកគេបានសូមឲ្យលោកភេស្ទុសបញ្ជូនលោកប៉ុលត្រឡប់មកយេរូសាឡិម ដើម្បីឲ្យពួកមេដឹកនាំសាសនាយូដាអាចកាត់ទោសលោកប៉ុលក្រោមច្បាប់របស់សាសន៍យូដាវិញ។
ពួកមេដឹកនាំសាសន៍យូដាបានលាក់បាំងផែនការពិតរបស់ពួកគេយ៉ាងប្រុងប្រយ័ត្ននៅពេលដែលពួកគេបានសូមឲ្យលោកភេស្ទុសជួយលើរឿងនេះ។ តើផែនការរបស់ពួកគេគឺជាអ្វី? ពួកគេចង់សំឡាប់ប៉ុល។ ឥឡូវនេះលោកភេស្ទុសបានត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមជំនុំជំរះរឿងក្តីរបស់លោកប៉ុល។ ប៉ុន្តែ លោកភេស្ទុសមានប្រសាសន៍ថា ការជំនុំជំរះនឹងត្រូវធ្វើឡើងនៅទីក្រុងសេសារា មិនមែន ទីក្រុងយេរូសាឡិមទេ។ រឿងនេះប្រាប់យើងថា ការជំនុំជំរះនឹងដំណើរការក្រោមច្បាប់របស់រ៉ូម មិនមែន ក្រោមច្បាប់របស់សាសន៍យូដាឡើយ។
នៅពេលលោកភេស្ទុសត្រឡប់ដល់ទីក្រុងសេសារា លោកក៏បានចាប់ផ្តើមកាត់ទោសលោកប៉ុលម្តងវិញ។ សត្រូវរបស់លោកប៉ុលចាប់ផ្តើមចោទប្រកាន់លោកប៉ុលពីបទឧក្រិដ្ឋផ្សេងៗ (កិច្ចការ ២៥:៧)។ លើកនេះលោកលូកាពុំបានប្រាប់យើងថា តើបទឧក្រិដ្ឋអ្វីខ្លះដែលពួកគេចោទប្រកាន់លោកប៉ុលឡើយ។ ប៉ុន្តែយើងអាចដឹងតាមរយៈចំឡើយរបស់លោកប៉ូលថា បញ្ជីបទឧក្រិដ្ឋនោះគឺដូចគ្នានឹងអ្វីដែលពួកគេបានចោទកាលពីពីរឆ្នាំមុន (កិច្ចការ ២៥:៨)។ ប៉ុន្តែមានមួយចំណុចនោះគឺខុសពីមុន៖ ពួកអ្នកចោទប្រកាន់លោកប៉ុលចោទថា លោកប៉ុលគឺជាគ្រោះថ្នាក់សំរាប់អាណាចក្ររ៉ូម។
សូមអានអំពីការជំនុំជំរះលោកប៉ុលនៅចំពោះមុខរបស់លោកភេស្ទុសក្នុងកិច្ចការ ២៥:៩-១២។ លោកប៉ុលដឹងថា លោកភេស្ទុសមានផែនការប្រើលោកដើម្បីទទួលបានការគាំទ្រសំរាប់មុខតំណែងរបស់គាត់ជាចៅហ្វាយក្រុង។ តើលោកប៉ុលបានធ្វើអ្វីខ្លះនៅពេលដែលលោកមើលឃើញអ្វីដែលលោកភេស្ទុសកំពុងគិតបែបនេះ?
ទីបំផុត លោកភេស្ទុសក៏ដូចជាលោកភេលីចដែរ (កិច្ចការ ១៤:២៧)។ លោកភេស្ទុសពុំចង់ បាត់បង់ការគាំទ្រពួកសាសន៍យូដាឡើយ។ ហេតុនោះ លោកភេស្ទុសក៏បានគិតគូរចង់បញ្ជូនលោកប៉ុល ត្រឡប់ទៅយេរូសាឡិមដើម្បីឲ្យគេកាត់ទោសលោកតាមច្បាប់យូដាវិញ។ ប៉ុន្តែ លោកប៉ុលពុំទទួលយកតាមផែនការនោះទេ។ ហេតុនោះ លោកប៉ុលក៏បានស្នើសូមទៅទីក្រុងរ៉ូមដើម្បីកាត់ក្តីនៅទីនោះពីព្រោះលោកគឺជាពលរដ្ឋរ៉ូមម្នាក់នឹងគេដែរ។ លោកជ្រាបថា លោកនឹងពុំទទួលបានការទោសដ៏យុត្តិធម៌ពីមេដឹកនាំសាសន៍យូដាឡើយ។ លោកប៉ុលបានគេចចេញពីបញ្ហានេះដោយសូមឲ្យព្រះរាជានៃប្រទេសរ៉ូមជំនុំជំរះលោកវិញម្តង។
ថ្ងៃអង្គារ ទី១៨ កញ្ញា ឆ្នាំ២០១៨
ព្រះរាជាអ័គ្រីប៉ាបានយាងមកស្តាប់លោកប៉ុល (កិច្ចការ ២៥:១៣-២២)
លោកភេស្ទុសបានយល់ព្រមអនុញ្ញាតឲ្យលោកប៉ុលទៅទីក្រុងរ៉ូម (កិច្ចការ ២៥:១២)។ ក្នុង គ្រាជាមួយគ្នានោះ លោកភេស្ទុសក៏បានពិភាក្សារឿងរបស់លោកប៉ុលជាមួយនឹងស្តេចហេរ៉ូឌអ័គ្រីប៉ាទីពីរ ដែលព្រះអង្គកំពុងយាងទស្សនកិច្ចទីក្រុងសេសារានាពេលនោះដែរ។ ហេរ៉ូឌអ័គ្រីប៉ាទីពីរគឺជាសមាជិកចុងក្រោយបង្អស់នៃរាជវង្សហេរ៉ូឌ។ ព្រះរាជាអ័គ្រីប៉ាបានយាងមកកាន់ទីក្រុងសេសារាជាមួយនឹងព្រះនាងបេរេនិសដែលជាព្រះអនុជ ដើម្បីជួបសំដែងការគួរសមនឹងចៅហ្វាយក្រុងថ្មីគឺលោកភេស្ទុស។ លោកភេស្ទុសចង់សួរនាំស្តេចអ័គ្រីប៉ាអំពីព័ត៌មានដែលលោកគួរសរសេរចុះក្នុងសំបុត្រដែលត្រូវផ្ញើទៅកាន់មហារាជនៃប្រទេសរ៉ូម។ លោកភេស្ទុសមិនសូវមានការយល់ដឹងជ្រៅជ្រះអំពីក្បួនច្បាប់ និងរបៀបរបបរស់នៅរបស់សាសន៍យូដាប៉ុន្មានទេ។ ស្តេចអ័គ្រីប៉ាអាចជួយឆ្លើយនឹងសំណួររបស់លោកភេស្ទុសបានច្រើន (កិច្ចការ ២៥:២៣-២៧)។
សូមអានកិច្ចការ ២៥:១៣-២២។ តើលោកភេស្ទុសទូលប្រាប់ទៅស្តេចអ័គ្រីប៉ាអ្វីខ្លះអំពីលោកប៉ុល? តើស្តេចអ័គ្រីប៉ាឆ្លើយតបយ៉ាងដូចម្តេចដែរ?
ភេស្ទុសបានទូលប្រាប់ស្តេចអ័គ្រីប៉ាថា លោកមានការភ្ញាក់ផ្អើលណាស់ដែលឃើញថា គ្មាន «បទឧក្រិដ្ឋ» ណាមួយដែលគេចោទមកលើលោកប៉ុលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលប្រឆាំងនឹងអាណាចក្ររ៉ូមឡើយ។ «បទឧក្រិដ្ឋ» របស់លោកប៉ុលគឺមានជាប់ទាក់ទិននឹងរឿងសាសនាយូដា និង បុរសម្នាក់ដែលមានឈ្មោះថាយេស៊ូវដែល «បុរសម្នាក់ឈ្មោះយេស៊ូវ ដែលបានស្លាប់ ហើយលោកប៉ុលថា នៅមានជីវិតរស់» វិញ (កិច្ចការ ២៥:១៩)។ លោកប៉ុលបានជម្រាបមេដឹកនាំសាសនាយូដានៅទី ក្រុងយេរូសាឡិមថា រូបលោកមានក្តីក្តាំនេះគឺដោយសារតែលោកជឿថា ព្រះយេស៊ូវបានមានព្រះជន្ម រស់ពីសុគតឡើងវិញ។ ឥឡូវនេះលោកភេស្ទុសបញ្ជាក់យ៉ាងច្បាស់ថា ហេតុផលពិតប្រាកដដែលលោកប៉ុលត្រូវឡើងតុលាការនេះគឺដោយសារតែលោកជឿថាព្រះយេស៊ូវទ្រង់មានព្រះជន្មរស់នៅនៅឡើយនេះឯង។
សូមអានកិច្ចការ ២៥:២៣-២៧។ តើលោកលូការៀបរាប់អ្វីខ្លះក្នុងខទាំងនេះអំពីការឈរនៅមុខស្តេចអ័គ្រីប៉ារបស់លោកប៉ុល?
«លោកប៉ុលបានឈរទាំងជាប់ច្រវាក់នៅចំពោះមុខបណ្តាជន។ មានចំណុចខុសប្លែកគ្នាដ៏ធំរវាងលោកប៉ុលនិងមនុស្សផ្សេងទៀត។ ព្រះរាជាអ័គ្រីប៉ា និងព្រះនាងបេរេនិសមានអំណាច និងជាប់សែស្រឡាយព្រះញាតិវង្ស។ ហេតុនោះបានជាមនុស្សជាច្រើនស្រឡាញ់រាប់អានពួកគេ។ ប៉ុន្តែពួកគេពុំមានសេចក្តីល្អដែលព្រះទ្រង់សព្វព្រះទ័យទេ។ ពួកគេបានបំពានច្បាប់របស់ព្រះ។ ពួកគេមានជីវិតរស់នៅក្នុងផ្លូវអាក្រក់។ ចិត្តគំនិតរបស់ពួកគេក៏អាក្រក់ផងដែរ។ គ្រប់ទេពនិករនៅឋានសួគ៌ពុំសព្វព្រះទ័យនឹងផ្លូវជីវិត និងអំពើដែលពួកគេបានប្រព្រឹត្តឡើយ»។ ដកស្រង់ពី (Ellen G. White, The Acts of the Apostles, page 434, adapted)។
បើតាមក្រសែភ្នែករបស់យើង មនុស្សជាច្រើនមើលទៅឃើញល្អណាស់ពីសម្បកក្រៅ។ ប៉ុន្តែរឿងរបស់ស្តេចអ័គ្រីប៉ា និងព្រះអនុជរបស់ទ្រង់នេះបង្ហាញឲ្យយើងដឹងថា ការដែលយើងសំឡឹងមើលសម្បកក្រៅរបស់មនុស្សជាញឹកញាប់តែងបញ្ឆោតយើងឲ្យយល់មិនដល់ពីការលាក់បាំងនៅក្នុងចិត្តរបស់ពួកគេឡើយ។ តើរូបភាពខាងក្រៅ និងធាតុពិតខាងក្នុងខុសប្លែកគ្នាយ៉ាងដូចម្តេចដែរ?
ថ្ងៃពុធ ទី១៩ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលទូលប្រាប់ព្រះរាជាអ័គ្រីប៉ាពីហេតុផលដែលលោកគឺជាមនុស្សសុចរិត (កិច្ចការ ២៦:១-២៣)
លោកប៉ុលត្រូវបាននាំខ្លួនទៅកាន់លោកចៅហ្វាយក្រុង និងភ្ញៀវដែលមានឈាមជ័រជាស្តេចរបស់លោក។ លោកប៉ុលបានថ្លែងប្រាប់ពីហេតុផលដែលគាត់គឺជាមនុស្សសុចរិតដែលផ្ទុយពីបទឧក្រិដ្ឋដែលគេចោទមកលើរូបលោក។ លោកប៉ុលបានទូលថ្វាយភាគច្រើនគឺចំពោះស្តេចអ័គ្រីប៉ា ដោយសារតែលោកភេស្ទុសធ្លាប់ស្តាប់អ្វីដែលលោកបានជម្រាបពីមុនមកហើយ (កិច្ចការ ២៥:៨-១១)។
សូមអានកិច្ចការ ២៦:១-២៣។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើលោកប៉ុលបាន ទូលប្រាប់អ្វីខ្លះដល់ព្រះរាជាអ័គ្រីប៉ា?
លោកប៉ុលបានរៀបរាប់ថ្វាយស្តេចអ័គ្រីប៉ាអំពីប្រវត្តិជីវិតរបស់លោកចាប់តាំងពីមុន និងក្រោយដែលលោកបានទទួលជឿលើព្រះយេស៊ូវ។ សេចក្តីអធិប្បាយនេះគឺស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងសេចក្តីអធិប្បាយក្នុងខគម្ពីរកិច្ចការ ២២:១-២១ ដែរ ដែលលោកប៉ុលបានថ្លែងប្រាប់បណ្តាជននៅក្នុងទីក្រុងយេរូសាឡិម។ លោកប៉ុលបានចាប់ផ្តើមដោយការព្យាយាមទាក់ទាញការគាំទ្រពីស្តេចអ័គ្រីប៉ា។ លោកប៉ុលបានទូលថ្លែងអំណរគុណដល់ព្រះរាជាអ័គ្រីប៉ាដែលបានរាជានុញ្ញាតឲ្យរូបលោកបានទូលថ្វាយរឿងរបស់លោក។ រួមសេចក្តីមក ព្រះរាជាអ័គ្រីប៉ាគឺជាតួអង្គដ៏សំខាន់មួយ។ លោកប៉ុលក៏បានទូលប្រាប់ថា លោកសូមថ្លែងអំណរព្រះគុណដល់ស្តេចអ័គ្រីប៉ាដែលព្រះអង្គទ្រង់មានការយល់ដឹងច្រើនអំពីរបៀបរបប រស់នៅនិងសាសនារបស់សាសន៍យូដា។ ដ្បិតដោយសារហេតុផលនេះ ព្រះរាជាអ័គ្រីប៉ាអាចធ្វើជាជំនួយដ៏ធំដល់ចៅហ្វាយក្រុងនៃប្រទេសរ៉ូមបាន។ ព្រះរាជាអ័គ្រីប៉ាអាចជួយលោកភេស្ទុសឲ្យយល់ថា បទឧក្រិដ្ឋដែលគេចោទប្រកាន់មកលើលោកប៉ុលគឺជារឿងមិនពិតបាន។
សេចក្តីអធិប្បាយរបស់លោកប៉ុលអាចត្រូវបានបែងចែកជាបីផ្នែក។ ក្នុងផ្នែកទីមួយ (កិច្ចការ ២៦:៤-១១) លោកប៉ុលបានទូលប្រាប់អំពីជីវិតចាស់របស់លោកក្នុងនាមជាអ្នកផារិស៊ីម្នាក់។ ផារិស៊ីគឺជាពួកមេដឹកនាំសាសនាយូដាមួយក្រុមដែលដើរតាមក្រឹត្យវិន័យយ៉ាងម៉ត់ចត់ណាស់។ មនុស្សជាច្រើនក្នុងក្រុងយេរូសាឡិមបានដឹងអំពីជីវិតអតីតកាលរបស់លោកប៉ុល។ ក្នុងនាមជាអ្នកផារិស៊ី លោកប៉ុលជឿថា ព្រះទ្រង់នឹងដាស់មនុស្សដែលស្លាប់ទៅហើយឲ្យរស់ឡើងវិញ។ ការបង្រៀននេះគឺជាផ្នែកដ៏សំខាន់នៃសាសនាយូដា។ ហេតុនោះ លោកបានទូលថា ការដែលពួកសាសន៍យូដាចោទប្រកាន់លោកអំពីសេចក្តីជំនឿដូចគ្នានឹងអ្វីដែលពួកគេកំពុងជឿដែរគឺជារឿងដែលគ្មានន័យ។ ប៉ុន្តែលោកប៉ុលយល់អំពីមូលហេតុដែលពួកគេកើតទុក្ខមិនសុខចិត្ត។ ក្នុងអតីតកាល លោកប៉ុលខ្លួនឯងក៏ធ្លាប់មានការលំបាកនឹងជឿថា ព្រះទ្រង់បានប្រោសឲ្យព្រះយេស៊ូវរស់ពីសុគតឡើងវិញដែរ។
ក្នុងផ្នែកទីពីរ (កិច្ចការ ២៦:១២-១៨) លោកប៉ុលបានទូលប្រាប់អំពីរបៀបដែលការគិតរបស់លោកត្រូវបានផ្លាស់ប្តូរបន្ទាប់ពីបានជួបព្រះយេស៊ូវនៅតាមផ្លូវឆ្ពោះទៅទីក្រុងដាម៉ាស។ លោកប៉ុលបានទូលប្រាប់អំពីរបៀបដែលព្រះយេស៊ូវបានប្រទានកិច្ចការដល់លោកឲ្យចែកចាយដំណឹងល្អដល់សាសន៍ដទៃ។ លោកប៉ុលបានបញ្ចប់សេចក្តីអធិប្បាយរបស់លោកដោយថ្លែងថា ជំរើសតែមួយគត់ដែលលោកមានបន្ទាប់ពីបានជួបព្រះយេស៊ូវគឺត្រូវតែស្តាប់បង្គាប់តាមព្រះអង្គ។ នោះហើយគឺជាមូលហេតុដែលលោកត្រូវបានគេចោទប្រកាន់ក្នុងរឿងក្តីឥឡូវនេះ។ មូលហេតុដែលគេចាប់ខ្លួនលោកប៉ុលគឺមិនមែនដោយសារតែលោកបានបំពានក្រឹត្យវិន័យរបស់សាសន៍យូដា ឬពុំបានគោរពព្រះវិហារសាសន៍យូដានោះក៏ទេដែរ។ មូលហេតុគឺដោយសារតែសាររបស់លោកស្តីអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។ គោលជំនឿនេះគឺស្របគ្នាទាំងស្រុងទៅនឹងអ្វីដែលព្រះគម្ពីរបានបង្រៀន។ គោលជំនឿនេះក៏អនុញ្ញាតឲ្យពួកសាសន៍ដទៃអាចទទួលសេចក្តីសង្គ្រោះផងដែរ។
ថ្ងៃព្រហស្បតិ៍ ទី២០ កញ្ញា ឆ្នាំ២០១៨
លោកប៉ុលមានប្រសាសន៍ទៅកាន់មេដឹកនាំសាសន៍យូដា (កិច្ចការ ២៦:២៧, ២៨)
ភាគច្រើនលោកប៉ុលរៀបរាប់ទូលថ្វាយដល់ស្តេចអ័គ្រីប៉ា។ ប៉ុន្តែ ភេស្ទុសគឺជាមនុស្សដំបូង ដែលនិយាយកាត់លោក (កិច្ចការ ២៦:២៤)។ លោកភេស្ទុសហាក់ដូចជាគ្មានបញ្ហាអ្វីជាមួយនឹងសេចក្តីអធិប្បាយរបស់លោកប៉ុលឡើយរហូតទាល់តែលោកប៉ុលបានលើកឡើងថា ព្រះទ្រង់នឹងដាស់មនុស្សដែលស្លាប់ហើយឲ្យរស់ឡើងវិញ។ ប៉ុន្តែគោលជំនឿរបស់លោកប៉ុលដែលថា ព្រះទ្រង់នឹងដាស់មនុស្សស្លាប់ឲ្យរស់ឡើងវិញពុំស្របគ្នាទៅនឹងគោលជំនឿរបស់សាសន៍រ៉ូមដែលថាព្រលឹងមិនចេះស្លាប់នោះទេ។ ពួកសាសន៍ក្រេក និងរ៉ូមដែលរស់នៅមុនជំនាន់នោះបានដឹងថា គោលជំនឿទាំងពីរនេះមិនស្រប គ្នាទេ។ ហេតុនោះ ពួកគេបានបោះបង់សេចក្តីពិតដែលថា ព្រះទ្រង់នឹងប្រោសមនុស្សស្លាប់ឲ្យឡើងវិញចេោលចេញ។ ពួកគេបែរជាទទួលយកការកុហកថា ព្រលឹងមិនចេះស្លាប់ទេទៅវិញ។ នោះហើយជាមូលហេតុដែលលោកប៉ុលមានប្រសាសន៍ថាក្នុងសំបុត្រថា ដំណឹងល្អស្តីអំពីព្រះយេស៊ូវស្តាប់ទៅគឺជារឿង ចំកួតសំរាប់ពួកក្រៅសាសន៍ (កូរិនថូសទី១ ១:២៣)។
លោកប៉ុលបង្ហាញនូវការគោរពដល់លោកភេស្ទុសនៅពេលដែលលោកបានឆ្លើយតបនឹងគាត់។ បន្ទាប់មក លោកប៉ុលបានបែរទៅព្រះរាជាអ័គ្រីប៉ាដើម្បីទូលសួរនូវសំណួរមួយ។ ព្រះរាជាអ័គ្រីប៉ាគឺជាសាសន៍យូដា។ សាសន៍យូដាអាចយល់លោកប៉ុលបាន។ សាសន៍យូដាក៏អាចនិយាយបានថា ការបង្រៀនរបស់លោកប៉ុលអំពីព្រះទ្រង់នឹងប្រោសមនុស្សដែលស្លាប់ឲ្យរស់ឡើងវិញគឺត្រូវគ្នាទៅនឹងការបង្រៀនក្នុងព្រះគម្ពីរហេព្រើរដែរ (កិច្ចការ ២៦:២៥, ២៦)។
សូមអានកិច្ចការ ២៦:២៧, ២៨។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើអ្វីទៅជាចម្លើយរបស់ស្តេចអ័គ្រីប៉ាទៅនឹងសំណួររបស់លោកប៉ុល?
សំណួររបស់លោកប៉ុលបានធ្វើឲ្យស្តេចអ័គ្រីប៉ាឈានមកដល់កំរិតសំរេចចិត្តជាក់លាក់មួយ។ ក្នុងនាមជាសាសន៍យូដា ព្រះរាជាអ័គ្រីប៉ានឹងមិនបែរចេញពីព្រះគម្ពីរហេព្រើរឡើយ។ ប៉ុន្តែ ប្រសិនបើស្តេចអ័គ្រីប៉ាយល់ស្របនឹងសំណួររបស់លោកប៉ុលវិញ នោះព្រះអង្គនឹងត្រូវទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះមិនខាន។ ហេតុនោះ ព្រះរាជាអ័គ្រីប៉ាផ្តល់នូវចម្លើយដ៏ឆ្លាត និងល្បិចកលមួយ។ ចម្លើយនេះជួយឲ្យស្តេចអ័គ្រីប៉ា «គេច» ចេញពីអន្ទាក់របស់លោកប៉ុលបាន។ «ស្តេចអ័គ្រីប៉ាក៏មានព្រះបន្ទូលទៅប៉ុលថា បន្តិចទៀត ឯងនឹងនាំឲ្យយើងត្រឡប់ទៅជាអ្នកគ្រីស្ទានដែរ» (កិច្ចការ ២៦:២៨)។
ចម្លើយរបស់លោកប៉ុលបង្ហាញយើងឲ្យឃើញនូវសេចក្តីស្រឡាញ់ដ៏ធំអស្ចារ្យចំពោះដំណឹងល្អ អំពីព្រះយេស៊ូវ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅក្នុងការបម្រើព្រះរបស់លោក។ «រួចប៉ុលទូលថា ទូលបង្គំសូមដល់ព្រះ មិនមែនឲ្យត្រឹមតែព្រះករុណាប៉ុណ្ណោះ គឺឲ្យអស់អ្នកដែលស្តាប់ទូលបង្គំនៅថ្ងៃនេះថែមទៀតផង ទោះបើនៅបន្តិចទៀត ឬយូរទៅទៀតក្តី ឲ្យតែគ្រប់គ្នាបានដូចទូលបង្គំ លើកតែចំណងនេះចេញ» (កិច្ចការ ២៦:២៩)។ ក្នុងពាក្យពេចន៍របស់លោកទៅកាន់មនុស្សគ្រប់គ្នាក្នុងសវនាការនោះ លោកប៉ុលពុំបានសូមឲ្យមានការដោះលែងឲ្យមានសេរីភាពទេ។ លោកប៉ុលមានបំណងចង់ឲ្យគ្រប់ៗគ្នានៅទីនោះអាចមានសេចក្តីជំនឿដូចជាលោក មិនមែនចង់ឲ្យជាប់ចំណងច្រវាក់ដូចលោក នោះទេ។ លោកប៉ុលមានក្តីបារម្ភចង់ឃើញមនុស្សឯទៀតទទួលយកព្រះយេស៊ូវជាជាងដែលខ្លួនគាត់ ចង់បានសេរីភាពទៅទៀត!
សូមអានកិច្ចការ ២៦:៣០-៣២។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើចម្លើយ របស់ស្តេចអ័គ្រីប៉ាបង្ហាញថា ព្រះអង្គជឿថាលោកប៉ុលគឺជាមនុស្សសុចរិតដោយរបៀបណា?
លោកភេស្ទុសត្រូវការជំនួយពីស្តេចអ័គ្រីប៉ាដើម្បីសរសេររៀបរាប់អំពីរឿងរបស់លោកប៉ុលចុះក្នុងសំបុត្រ (កិច្ចការ ២៦:២៥-២៧)។ ទីបំផុត លោកប៉ុលក៏បានធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម។
ថ្ងៃសុក្រ ទី២១ កញ្ញា ឆ្នាំ២០១៨
សិក្សាបន្ថែម
«តើពាក្យពេចន៍របស់លោកប៉ុលបាននាំឲ្យស្តេចអ័គ្រីប៉ាគិតអំពីប្រវត្តិរបស់គ្រួសារត្រកូលហេរ៉ូឌ និងអំពីរបៀបដែលពួកគេបរាជ័យក្នុងការតតាំងប្រឆាំងនឹងព្រះយេស៊ូវដដែលដែលលោកប៉ុលកំពុងទូលថ្វាយនេះដែរឬទេ? តើស្តេចអ័គ្រីប៉ាបានគិតទេអំពីជីតាទួតរបស់ខ្លួនគឺស្តេចហេរ៉ូឌ ដែលបានសំឡាប់កូនក្មេងដែលឥតទោសទាំងអស់នៅភូមិបេថ្លេហិម? តើស្តេចអ័គ្រីប៉ាបានគិតទេអំពីអ៊ំប្រុសទួតរបស់ខ្លួនឈ្មោះអាន់ទីប៉ាស៍ដែលបានសំឡាប់លោកយ៉ូហានបាទីស្ទ? តើស្តេចអង្គនេះបានគិតទេអំពីបិតាបង្កើតរបស់ខ្លួនគឺស្តេចអ័គ្រីប៉ាទីមួយ ដែលបានសំឡាប់លោកយ៉ាកុបដែលជាមេដឹកនាំពួកជំនុំនោះ? តើស្តេចអ័គ្រីប៉ាយល់ទេថា រឿងដ៏អាក្រក់ទាំងនេះដែលបានកើតឡើងចំពោះស្តេចទាំងនេះគឺជាភស្តុតាងថា ព្រះទ្រង់ពុំសព្វព្រះទ័យនឹងអំពើឧក្រិដ្ឋប្រឆាំងនឹងអ្នកបំរើព្រះអង្គនោះ? បិតារបស់ស្តេច អ័គ្រីប៉ាមានអំណាចជាងបុត្រារបស់ខ្លួន។ តើស្តេចអ័គ្រីប៉ានៅចាំទេអំពីថ្ងៃដែលបិតារបស់ខ្លួនបានឈរនៅទីក្រុងដដែលនេះគឺក្រុងសេសារា និងបានស្លៀកសំលៀកបំពាក់ដ៏ភ្លឺចែងចាំងខណៈដែលបណ្តាជនបានហៅព្រះអង្គថាជាព្រះ? តើស្តេចអ័គ្រីប៉ាបានភ្លេចទៅហើយឬនូវអ្វីដែលបានកើតឡើងបន្ទាប់ពីនោះ? មុនពេលដែលសំរែករបស់បណ្តាជនបានបពា្ឈប់ សេចក្តីក្រោធរបស់ព្រះទាស់នឹងបិតារបស់ស្តេចអ័គ្រីប៉ាក៏កើតឡើងភ្លាមៗគួរឲ្យញញើតដែរ។ មែនហើយ រឿងទាំងអស់នេះកំពុងតែដក់ជាប់ក្នុងគំនិត របស់ស្តេចអ័គ្រីប៉ា។ ប៉ុន្តែចិត្តដ៏អំនួតរបស់ព្រះអង្គកំពុងតែវីវក់នឹងសេចក្តីសរសើរនិងកិត្តិយសនៅចំពោះព្រះភក្ត្រព្រះអង្គ។ អំនួតរបស់ព្រះអង្គបានបំផ្លាញគំនិតអំពីព្រះដ៏បរិសុទ្ធជាងអ្វីៗទាំងអស់នោះអស់ហើយ។ ដកស្រង់ពី (Ellen G. White, The SDA Bible Commentary, volume 6, pages 1066, 1067, adapted)។
សំនួរពិភាក្សា៖
- នៅក្នុងថ្នាក់ ចូរពិភាក្សាអំពីការសំរេចចិត្តរបស់លោកប៉ុលដើម្បីសូមរើក្តីនៅចំពោះមហារាជនៃប្រទេស រ៉ូម។ តើការសំរេចចិត្តរបស់លោកនេះត្រឹមត្រូវដែរឬទេ (សូមអានកិច្ចការ ២៥:២៥, កិច្ចការ ២៦:៣១, ៣២)? តើយើងគួរទៅឆ្ងាយប៉ុនណាក្នុងការសំរេចចិត្តដើម្បីបានការការពារខ្លួនមុននឹងចាប់ផ្តើមទុកចិត្តទាំងស្រុងក្នុងការថែរក្សារបស់ព្រះជាម្ចាស់?
- សូមគិតអំពីពាក្យពេចន៍របស់លោកប៉ុលដែលបានទូលថ្វាយស្តេចអ័គ្រីប៉ា៖ «ដូច្នេះ បពិត្រព្រះរាជាអ័គ្រីប៉ាអើយ ទូលបង្គំមិនបានចចេសនឹងការជាក់ស្តែងពីស្ថានសួគ៌នោះទេ» (កិច្ចការ ២៦:១៩)។ តើពាក្យពេចន៍របស់លោកប្រាប់យើងអ្វីខ្លះអំពីលោកប៉ុល? តើយើងត្រូវស្មោះត្រង់នឹងកិច្ចការដែលព្រះទ្រង់ប្រទានដល់យើងក្នុងនាមជាគ្រីស្ទានយ៉ាងដូចម្តេចដែរ?
- លោកប៉ុលស្រឡាញ់បណ្តាជនខ្លាំងណាស់។ នៅគ្រាសវនាការចុងក្រោយបង្អស់នៅទីក្រុងសេសារា លោកប៉ុលបានប្រាប់បណ្តាជននៅទីជំនុំជំរះនោះថា លោកប្រាថ្នាចង់ឃើញមនុស្សគ្រប់គ្នាបានក្លាយជាគ្រីស្ទាន។ លោកប៉ុលចង់ឃើញពួកគេបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះ (កិច្ចការ ២៦:២៩)។ ច្បាស់ណាស់ លោកប៉ុលចង់សង្គ្រោះបណ្តាជនដោយដំណឹងល្អរបស់ព្រះយេស៊ូវជាជាងលោកចង់ជួយសង្គ្រោះខ្លួនលោកឲ្យរួចពីគុកនោះទៅទៀត។ តើយើងអាចរៀនពីគំរូរបស់លោកប៉ុលដោយរបៀបណាដែរ?