ថ្ងៃសៅរ៍ ទី២៤ មីនា ឆ្នាំ២០១៨
អំណានព្រះគម្ពីសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ធីម៉ូថេទី២ ៣:១៩, អេសេគាល១៤:១៤, ភីលីព៤:៤-១៣, សុភាសិត៣:៥, ពេត្រុសទី១ ២:១១, ១២។
ខចងចាំ៖ «ត្រូវកាន់កិរិយាមារយាទឲ្យបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្តអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលព្រះជាម្ចាស់យាងមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គថែមទៀតផង» (ពេត្រុសទី១ ២:១២, KHSV)។
យើងរាល់គ្នាគឺជាអ្នកបំរើរបស់ព្រះជាម្ចាស់។ ដូច្នេះ យើងគួរធ្វើខ្លួនជាស្មរបន្ទាល់របស់ព្រះដែលយើងបំរើ។ យើងមានអំណាចដើម្បីផ្លាស់ប្តូរជីវិតដែលនៅជុំវិញយើងឲ្យកាន់តែប្រសើរឡើង។ ហើយយើងត្រូវតែប្រើអំណាចនោះដោយឆ្លាតវៃ។ តើយើងត្រូវធ្វើរឿងនោះដោយរបៀបណា?
ទីមួយ យើងមិនត្រូវផ្តាច់ទំនាក់ទំនងរបស់យើងចេញពីមនុស្សដែលមិនទាន់ស្គាល់ព្រះនៅឡើយនោះទេ។ យើងមិនត្រូវរស់នៅដោយញែកខ្លួនចេញពីសង្គមនោះទេ។ ផ្ទុយទៅវិញ យើងគួរបង្ហាញពួកគេនូវវិធីរស់នៅដ៏ប្រសើរជាង។ ទីពីរ យើងត្រូវតែធ្វើជាអ្នកចាត់ចែងដ៏ល្អលើអំណោយទានដែលព្រះប្រទានមកយើង។ រួមសេចក្តីមក ព្រះទ្រង់បានជ្រើសរើសយើងរាល់គ្នាឲ្យរស់នៅជាជីវិតបរិសុទ្ធទាំងស្រុងក្នុងនាមជាអ្នកថែរក្សាអំណោយទានរបស់ព្រះអង្គ។ ព្រះអង្គប្រទានអំណាចសំរាប់រស់នៅដែលខុសប្លែកពីមនុស្សដទៃទៀតនៅលើផែនដីនេះ (កូរិនថូសទី២ ៦:១៧)។ ទីបី យើងគួរតែធ្វើឲ្យមនុស្សម្នាទាំងឡាយកត់សំគាល់ពីលក្ខណៈដ៏បរិសុទ្ធរបស់យើង ហើយសួរនាំយើងអំពីរឿងទាំងនេះ។ នោះហើយជាមូលហេតុដែលព្រះគម្ពីរបានថ្លែងថា «ចូរឲ្យតាំងព្រះគ្រីស្ទឡើង ជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណាដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា» (ពេត្រុសទី១ ៣:១៥)។
ក្នុងមេរៀនចុងក្រោយប្រចាំត្រីមាសនេះ យើងនឹងក្រឡេកមើលអំណោយទានដែលព្រះប្រទានដល់អ្នកចាត់ចែងល្អ។ យើងក៏នឹងក្រឡេកមើលអំណាចសំរាប់សេចក្តីល្អដែលព្រះប្រទានដល់យើងដើម្បីផ្លាស់ប្តូរជីវិតមនុស្សឲ្យប្រសើរឡើងផងដែរ។ តើអ្វីទៅជាអាថ៌កំបាំងដែលនាំមកនូវជោគជ័យ និងអំណាចសំរាប់សេចក្តីល្អ? «សេចក្តីអាថ៌កំបាំងនេះ... គឺថា ព្រះគ្រីស្ទទ្រង់សណ្ឋិតនៅក្នុងអ្នករាល់គ្នា ដែលជាទីសង្ឃឹមយ៉ាងឧត្តម» (កូល៉ុស១:២៧)។
ថ្ងៃអាទិត្យ ទី២៥ មីនា ឆ្នាំ២០១៨
ការធ្វើជាអ្នកចាត់ចែងល្អ និង ការធ្វើជាមនុស្សបរិសុទ្ធ
តើពាក្យថា ការធ្វើជាមនុស្សបរិសុទ្ធ មានន័យថាម៉េច? ប្រធានបទនេះធំទូលាយណាស់។ ផ្នែកនៃប្រធានបទនេះរាប់បញ្ចូលទាំងអត្ថន័យនៃការរស់នៅជាជីវិតបរិសុទ្ធផងដែរ។ ព្រះគម្ពីរបង្ហាញយើងថា មនុស្សបរិសុទ្ធរស់នៅក្នុងភាពបរិសុទ្ធ (ទីតុស១:១)។ ព្រះទ្រង់ជ្រើសរើសមនុស្សទាំងនេះចេញពីមនុស្សទាំងអស់នៅផែនដីនេះឲ្យធ្វើជាមនុស្សដ៏ពិសេសរបស់ព្រះអង្គ (ទំនុកដំកើង៤:៣)។ ការធ្វើជាមនុស្សបរិសុទ្ធក៏មានន័យថា អ្វីៗដែលយើងធ្វើគឺដូចគ្នានឹងព្រះយេស៊ូវដែរ។ ហើយវាក៏មានន័យថា ការមានអារម្មណ៍ដ៏ជ្រាលជ្រៅពេញដោយសេចក្តីស្រឡាញ់ និងភក្តីភាពចំពោះព្រះវរបិតាផងដែរ (ទីតុស២:១២)។
សូមអានធីម៉ូថេទី២ ៣:១-៩។ តើលោកប៉ុលបានដាស់តឿនយើងអ្វីខ្លះក្នុងខទាំងនេះ? តើការដាស់តឿនរបស់លោកមានប្រយោជន៍អ្វីខ្លះសំរាប់ការធ្វើជាអ្នកចាត់ចែងដ៏ល្អលើអំណោយទានរបស់ព្រះ?
កណ្ឌគម្ពីរយ៉ូបប្រាប់យើងអំពីអំពើដ៏ល្អរបស់លោកយ៉ូប។ កណ្ឌគម្ពីរនេះបង្ហាញអំពីរបៀបរស់នៅតាមបែបបរិសុទ្ធ។ លោកយ៉ូបបានរងការឈឺចាប់យ៉ាងខ្លាំង។ ប៉ុន្តែលោកនៅតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ដដែល។ កណ្ឌគម្ពីរយ៉ូបក៏បង្ហាញថា សាតាំងស្អប់មនុស្សដែលរស់នៅជាជីវិតបរិសុទ្ធ។ ហើយសាតាំងក៏ស្អប់មនុស្សដែលស្មោះត្រង់ចំពោះព្រះនៅពេលដែលពួកគេរងការឈឺចាប់នោះដែរ។ លោកយ៉ូបគឺជាគំរូដ៏គ្រប់លក្ខណ៍ ដែលបានរស់នៅជាជីវិតបរិសុទ្ធក្នុងគ្រាដ៏លំបាក។ សូម្បីតែព្រះក៏ទ្រង់មានបន្ទូលថា គ្មាននរណាទៀតមានសេចក្តីជំនឿឲ្យដូច ឬស្មោះត្រង់ដូចជាលោកយ៉ូបនោះទេ (យ៉ូប២:៣)។
«នៅស្រុកអ៊ូស មានមនុស្សម្នាក់ឈ្មោះយ៉ូប ជាអ្នកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ដែលគោរពកោតខ្លាចដល់ព្រះ ក៏ចៀសចេញពីសេចក្តីអាក្រក់» (យ៉ូប១:១)។ ខនេះបង្ហាញថា សេចក្តីជំនឿរបស់លោកយ៉ូបពុំបានរាប់បញ្ចូលពាក្យពេចន៍ឥតបានការ ឬការថ្វាយបង្គំព្រះដែលគ្មានន័យនោះឡើយ។ មែនហើយ ការសរសើរ ដំកើងដ៏ស្មោះត្រង់ និងការថ្វាយបង្គំព្រះដ៏ពិតប្រាកដគឺជាផ្នែកនៃជីវិតរបស់លោកយ៉ូប (យ៉ូប១:៥)។ ប៉ុន្តែ ភក្តីភាពរបស់លោកយ៉ូបចំពោះព្រះគឺត្រូវបានបង្ហាញគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់លោក។ ការធ្វើជាមនុស្សបរិសុទ្ធពុំមានន័យថាយើងជាមនុស្សគ្រប់លក្ខណ៍នោះឡើយ។ វាគ្រាន់តែមានន័យថា យើងធ្វើអ្វីៗគ្រប់យ៉ាងក្នុងជីវិតដោយអស់ពីសមត្ថភាពរបស់យើង។
សូមអានអេសេគាល១៤:១៤។ តើខនេះប្រាប់យើងអ្វីខ្លះអំពីជីវិតរបស់មនុស្សទាំងនេះ? តើយើងឃើញអ្វីខ្លះក្នុងជីវិតរបស់ពួកគេដែលបានលាតត្រដាងនៅចំពោះមុខយើងរាល់គ្នា?
ការធ្វើជាអ្នកចាត់ចែងដ៏ល្អលើអំណោយទានរបស់ព្រះមានន័យថា យើងត្រូវរស់នៅជាជីវិតបរិសុទ្ធ។ អ្នកចាត់ចែងដ៏ស្មោះត្រង់មិនមែនគ្រាន់តែសំដែងធ្វើជាបរិសុទ្ធប៉ុណ្ណោះទេ។ ពួកគេត្រូវតែមានចិត្តបរិសុទ្ធចេញពីក្នុងមកផងដែរ។ ហើយចិត្តដ៏បរិសុទ្ធរបស់ពួកគេត្រូវតែបង្ហាញក្នុងរបៀបរស់នៅរបស់ពួកគេ។ អ្នកចាត់ចែងល្អក៏ត្រូវបង្ហាញចិត្តដ៏បរិសុទ្ធរបស់ខ្លួនតាមរយៈការចេះថែរក្សាអំណោយទានដែលព្រះប្រទានដល់ពួកគេផងដែរ។ សេចក្តីជំនឿរបស់ពួកគេមិនមែនបង្ហាញចេញនៅលើអ្វីដែលពួកគេធ្វើតែប៉ុណ្ណឹងទេ។ ប៉ុន្តែសេចក្តីជំនឿរបស់ពួកគេក៏ត្រូវតែបង្ហាញនៅលើអ្វីដែលពួកគេជ្រើសរើសមិនធ្វើផងដែរ។
ថ្ងៃច័ន្ទ ទី២៦ មីនា ឆ្នាំ២០១៨
របៀបធ្វើឲ្យសប្បាយចិត្តជាមួយនឹងអ្វីដែលយើងមាន
«ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង» (ភីលីព៤:១១)។ តើការសប្បាយចិត្តនេះបានមកពីណា?
លោកប៉ុលពណ៌នាអំពីមនុស្សអាក្រក់មួយក្រុមនៅក្នុងសំបុត្រមួយដែលផ្ញើទៅលោកធីម៉ូថេ។ មនុស្សទាំងនេះ «ស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ» (ធីម៉ូថេទី១ ៦:៥)។ ខនេះគឺជារូបភាពពេញលេញរបស់អ្នកអធិប្បាយជាច្រើនតាមកញ្ចក់ទូរទស្សន៍សម័យសព្វថ្ងៃនេះ។ ពួកគេរកលុយបានយ៉ាងច្រើនចេញពីអ្នកទស្សនាបទបង្ហាញរបស់ពួកគេ។ ពួកអ្នកអធិប្បាយទាំងនេះប្រាប់ទៅអ្នកស្តាប់ខ្លួនឲ្យស្មោះត្រង់ជាមួយព្រះតាម រយៈការផ្តល់លុយដល់ពួកគេ។ បន្ទាប់មកពួកអ្នកដែលទស្សនាបទបង្ហាញរបស់ពួកគេក៏នឹងមានទ្រព្យសម្បត្តិកាន់តែច្រើនឡើងដែរ។ អ្នកអធិប្បាយក្លែងក្លាយទាំងនេះបានភ្ជាប់ភក្តីភាពចំពោះព្រះទៅនឹងរឿងទ្រព្យសម្បត្តិទៅវិញ។ គោលគំនិតក្លែងក្លាយនេះគឺជាវិធីមួយទៀតស្តីអំពីការធ្វើឲ្យសេចក្តីស្រឡាញ់ចំពោះទ្រព្យសម្បត្តិសំខាន់ជាងសេចក្តីស្រឡាញ់ចំពោះព្រះ។
សេចក្តីពិតនោះគឺ ការធ្វើជាមនុស្សបរិសុទ្ធមិនជាប់ទាក់ទិននឹងរឿងមានបានខាងទ្រព្យសម្បត្តិនោះឡើយ។ ឥឡូវនេះ ចូរសាកគិតបន្តិចមើល ថាតើគ្រូអធិប្បាយក្លែងក្លាយទាំងនេះពិតជាចង់និយាយអ្វីឲ្យប្រាកដ។ ចុះប្រសិនបើការធ្វើជាមនុស្សបរិសុទ្ធជួយឲ្យមនុស្សប្រែជាមានទ្រព្យវិញយ៉ាងម៉េចដែរ? មានមនុស្សអាក្រក់ៗជាច្រើននៅលើផែនដីនេះក៏មានទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។ តើពួកមនុស្សអាក្រក់ទាំងនេះបរិសុទ្ធដោយសារតែពួកគេមានប្រាក់ច្រើនមែនទេ? គោលគំនិតបែបនេះឆ្កួតមែនទែនហើយ! លោកប៉ុលមានប្រសាសន៍ថា «តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃ១យ៉ាងធំមែន» (ធីម៉ូថេទី១ ៦:៦)។ ការសប្បាយចិត្តជាមួយនឹងអ្វីដែលយើងមានគឺជាសម្បត្តិដ៏ប្រសើរបំផុតសំរាប់លោកអ្នកហើយ។ ព្រះគុណរបស់ព្រះមានតម្លៃខ្ពង់ខ្ពស់ជាងការមានទ្រព្យសម្បត្តិឆ្ងាយណាស់។ ដូច្នេះ យើងគួរតែសប្បាយចិត្តជាមួយនឹង «អាហារនិងសំលៀកបំពាក់» ដែលយើងមាន (ធីម៉ូថេទី១ ៦:៨)។ ជួនកាលយើងក៏មានច្រើន ជួនកាលយើងក៏មានតិច។ ប៉ុន្តែ យើងងាយនឹងជាប់អន្ទាក់មហិច្ឆតាដែលពង្វក់យើងឲ្យចង់បានហើយចង់បានទៀត។ ដូច្នេះ យើងគួរតែសប្បាយចិត្តនឹងអ្វីដែលយើងមានចុះ។
«យើងគួរតែសប្បាយចិត្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការសប្បាយចិត្តបែបនេះគឺជាជំនាញដ៏សំខាន់មួយ។ នេះគឺជាប្រធានបទមួយដែលយើងគួររៀនសូត្រ...... ការសប្បាយចិត្តរបស់ពួកអ្នកគ្រីស្ទានកើតចេញពីការមានវិញ្ញាណស្ងប់ស្ងាត់និងផ្អែមល្ហែមដែលចុះចូលចំពោះគតិបណ្ឌិតរបស់ព្រះគ្រប់កាលៈទេសៈទាំងអស់... វិញ្ញាណដែលនៅជាមួយយើងនេះគឺប្រៀបដូចជាដបគ្រឿងក្រអូបដ៏មានតម្លៃ។ វាជួយកំសាន្តចិត្តដែលទុក្ខព្រួយ ។ ហើយវាក៏មានប្រយោជន៍ក្នុងគ្រាលំបាកវេទនាផងដែរ»។ ដកស្រង់ពី (Jeremiah Burroughs, The Rare Jewel of Christian Contentment, London: printed by W. Bentley, 1651, pages 1, 3, adapted)។
សូមអានរ៉ូម៨:២៨, ហេព្រើរ១៣:៥, និងភីលីព៤:៤-១៣។ តើខទាំងនេះបង្រៀនយើងដូចម្តេចខ្លះអំពីការសប្បាយចិត្តនឹងអ្វីដែលយើងមាន?
ថ្ងៃអង្គារ ទី២៧ មីនា ឆ្នាំ២០១៨
ការជឿទុកចិត្ត
សូមអានសុភាសិត៣:៥។ តើមានសារសំខាន់អ្វីខ្លះសំរាប់យើងរាល់គ្នានៅក្នុងខនេះ? សូមអានដោយប្រុងប្រយ័ត្ននៅផ្នែកខាងចុងខនេះ។ តើប្រយោគថា «កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ» នេះ មានន័យថាម៉េច? (សូមអាន អេសាយ៥៥:៩, កូរិនថូសទី១ ៤:៥, និងកូរិនថូសទី១ ១៣:១២ ផងដែរ)។
ខគម្ពីរសុភាសិត៣:៥នេះ គឺជាពាក្យពេចន៍ដែលអ្នកចាត់ចែងដ៏ឆ្លាតវៃគ្រប់រូបគួរយកមកអនុវត្តក្នុងជីវិត។ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។
ពិតមែនហើយ ឱវាទនេះនិយាយងាយជាងអនុវត្ត។ ជាញឹកញាប់ យើងជឿលើព្រះតែក្នុងគំនិតរបស់យើងប៉ុណ្ណោះ។ យើងជឿលើសេចក្តីស្រឡាញ់និងការថែរក្សារបស់ព្រះអង្គ។ ប៉ុន្តែពេលមានការលំបាក ឬបញ្ហាចូលមកដល់យើងខ្លួនឯងបែរជាបារម្ភខ្វល់ខ្វាយទៅវិញ។ ជួនកាលមើលទៅអនាគតគួរឲ្យភ័យខ្លាចខ្លាំងណាស់។ ការបារម្ភរបស់យើងអាចបណ្តាលឲ្យយើងគិតថានឹងមានរឿងអាក្រក់ៗកើតឡើង។
ដូច្នេះ តើយើងដែលជាអ្នកចាត់ចែងត្រូវរៀនជឿទុកចិត្តព្រះដោយរបៀបណា? យើងត្រូវតែជឿទុកចិត្តដោយសេចក្តីជំនឿ និងការស្តាប់បង្គាប់តាមព្រះអង្គក្នុងការទាំងអស់ដែលយើងធ្វើចាប់ពីឥឡូវនេះទៅ។ ការជឿទុកចិត្តគឺជាអ្វីដែលយើងត្រូវធ្វើនោះឯង។ វាគឺជាសកម្មភាពរបស់គំនិត។ យើងជឿទុកចិត្តលើព្រះកាន់តែខ្លាំង ការជឿទុកចិត្តរបស់យើងកាន់តែរឹងមាំឡើងដែរ។ យើងត្រូវតែរស់នៅក្នុងនាមជាអ្នកចាត់ចែងដ៏ស្មោះត្រង់។ នោះទើបមនុស្សដទៃទៀតអាចមើលឃើញការជឿទុកចិត្តរបស់យើងលើព្រះជាម្ចាស់បាន។ ការជឿទុកចិត្តគឺជាចំណុចចាប់ផ្តើមនៃអ្វីៗទាំងអស់ដែលយើងធ្វើក្នុងនាមជាអ្នកចាត់ចែង។
«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្តរបស់លោកអ្នក» (សុភាសិត៣:៥)។ ពាក្យថា «អស់អំពីចិត្ត» គឺត្រូវបានប្រើជារូបស័ព្ទក្នុងព្រះគម្ពីរជានិច្ច។ វាមានន័យថា ការសំរេចចិត្តរបស់យើងបានមកពីផ្នែកខាងក្នុងរបស់យើងដែលអាចជ្រើសរើសរវាងការដើរតាមផ្លូវល្អ ឬផ្លូវអាក្រក់។ ជំរើសទាំងនេះធ្វើឲ្យយើងដឹងខ្លួនថាយើងជាអ្នកណា (ម៉ាថាយ២២:៣៧)។ យើងក្លាយជាអ្នកណាមិនមែនដោយសារតែជំរើសរបស់យើងតែម្យ៉ាងប៉ុណ្ណោះទេ។ ប៉ុន្តែហេតុផលរបស់យើងក្នុងការធ្វើអ្វីៗទាំងឡាយក៏ធ្វើឲ្យយើងក្លាយជាអ្នកណាផងដែរ។
វាជាការងាយស្រួលជាងក្នុងការជឿទុកចិត្តព្រះជាមួយនឹងរបស់ដែលយើងមិនអាចគ្រប់គ្រងបាន។ ដូច្នេះ យើងនឹងពុំមានជំរើសណាទៀតទេក្រៅតែពីជឿទុកចិត្តលើព្រះ។ ប៉ុន្តែ ការជឿទុកចិត្តពិតប្រាកដកើតឡើងកាលណាយើងត្រូវសំរេចចិត្តលើរឿងអ្វីមួយដែលយើងអាចគ្រប់គ្រងបាន។
យើងអាចរៀនអំពីអ្វីដែលហៅថាការជឿទុកចិត្តលើព្រះឲ្យអស់ពីចិត្តដោយក្រឡេកមើលឥរិយាបថរបស់ពួកសាវ័ក។ ពួកសាវ័កគឺជាពួកអ្នកដឹកនាំ។ ព្រះយេស៊ូវបានជ្រើសរើសសាវ័ក១២ រូបឲ្យដឹកនាំពួកជំនុំក្រោយពេលដែលព្រះអង្គយាងទៅឋានសួគ៌វិញ។ អ្នកស្រីអេល្លែន ជី វ៉ៃត៍ មានប្រសាសន៍ថា៖ «ពួកសាវ័កមានភាពកម្សោយ និងអសមត្ថភាពដូចពួកអ្នកបំរើព្រះនាពេលឥឡូវនេះដែរ។ ប៉ុន្តែ មនុស្សទាំងនេះបានជឿទុកចិត្តទាំងស្រុងលើព្រះអម្ចាស់។ ពួកគេមានទ្រព្យសម្បត្តិជាច្រើន។ ប៉ុន្តែគឺជាទ្រព្យសម្បត្តិខាងគំនិត និងព្រលឹង។ គ្រប់គ្នាក៏អាចមានទ្រព្យសម្បត្តិបែបនេះបានដែរប្រសិនបើពួកគេព្រមយកព្រះអង្គជាទីមួយមុនគេបង្អស់ ចុងក្រោយបង្អស់ និងប្រសើរជាងគេបង្អស់លើគ្រប់អ្វីៗទាំងអស់នោះ» ។ ដកស្រង់ពី (Gospel Workers, page 25, adapted)។
ថ្ងៃពុធ ទី២៨ មីនា ឆ្នាំ២០១៨
អំណាចរបស់យើងក្នុងការផ្លាស់ប្តូរជីវិតអ្នកដទៃ
«ដ្បិតកាលពីដើមអ្នករាល់គ្នាក៏ងងឹតដែរ តែឥឡូវនេះវិញ បានភ្លឺក្នុងព្រះអម្ចាស់ ដូច្នេះ ចូរដើរដូចជាមនុស្សភ្លឺចុះ» (អេភេសូរ៥:៨)។ លោកប៉ុលមានប្រសាសន៍នៅក្នុងខនេះថា ការផ្លាស់ប្តូរចិត្តទាំងស្រុងគឺជាអ្វីមួយដែលមនុស្សដទៃទៀតអាចមើលឃើញបាន។ ដូច្នេះ «យើងរាល់គ្នាគួរដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ» (យ៉ូហានទី១ ១:៧)។ បន្ទាប់មក កិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែងអំណោយទានរបស់ព្រះនឹងមានអំណាចនាំយកសេចក្តីល្អ និងពន្លឺនៃសេចក្តីពិតប្រាប់ទៅមនុស្សដទៃបាន។
ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាពន្លឺលោកីយ៍ អ្នកណាដែលតាមខ្ញុំ នោះមិនដែលដើរក្នុងសេចក្តីងងឹតឡើយ គឺនឹងមានពន្លឺនៃជីវិតវិញ» (យ៉ូហាន៨:១២)។ យើងបង្ហាញពន្លឺរបស់ព្រះតាមរយៈការឆ្លុះបញ្ចាំងពីជីវិតរបស់យើងថាយើងជាអ្នកណា និងយើងធ្វើអ្វីខ្លះរាល់ថ្ងៃនេះ។
សូមអានម៉ាថាយ៥:១៦, ទីតុស២:៧, និងពេត្រុសទី១ ២:១១, ១២។ ដូចដែលយើងឃើញក្នុងខទាំងនេះ តើយើងត្រូវបង្ហាញអ្នកដទៃដោយរបៀបណាថាយើងគឺជាអ្នកចាត់ចែងរបស់ព្រះ? តើកិច្ចការនោះនាំឲ្យមានការសរសើរដំកើងដល់ព្រះដោយរបៀបណាដែរ? ហើយអ្វីដែលយើងធ្វើតើមានអំណាចផ្លាស់ប្តូរជីវិតឲ្យប្រសើរឡើងយ៉ាងដូចម្តេចដែរ?
ការធ្វើជាអ្នកចាត់ចែងដ៏ឆ្លាតវៃគឺមិនត្រឹមតែត្រូវចេះថែរក្សាអ្វីដែលជារបស់ផងព្រះប៉ុណ្ណឹងទេ ប៉ុន្តែ មានលើសហ្នឹងច្រើនទៀត។ គ្រួសាររបស់យើងអាចនឹងមើលឃើញកិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែង។ អ្នកជិតខាងរបស់យើងក៏មើលឃើញកិច្ចការរបស់យើងផងដែរ។ ហើយពពួកទេវតា និងទេពនិករនៅភពផ្សេងៗទៀតក៏អាចមើលឃើញកិច្ចការរបស់យើងដែរ (កូរិនថូសទី១ ៤:៩)។ យើងម្នាក់ៗបង្ហាញអំណាចសំរាប់សេចក្តីល្អដែលចេញពីការអនុវត្តតាមក្បួនច្បាប់នៃនគរព្រះក្នុងជីវិតរបស់យើង។ យើងក៏អាចបង្ហាញអំណាចនៃសេចក្តីល្អនេះក្នុងការងាររបស់យើងដែរ។ យើងមានអំណាចសំរាប់ផ្លាស់ប្តូរជីវិតរបស់មនុស្សដែលយើងធ្វើការជាមួយ។ យើងក៏បង្ហាញព្រះយេស៊ូវទៅអ្នកដទៃពេលណាដែលយើងមានចិត្តល្អដាក់ពួកគេ និងពេលណាដែលយើង សម្រេចចិត្តបានល្អដែរ។ ព្រះជាម្ចាស់ទ្រង់ប្រទានពរយើងពេលណាយើងធ្វើការទាំងអស់នេះ។
របៀបដែលយើងធ្វើការងាររបស់យើងក៏បង្ហាញជំនឿរបស់យើងដែរ។ យើងអាចបង្ហាញទៅមនុស្សដែលយើងធ្វើការជាមួយថា យើងប្រាថ្នាចង់រស់នៅជាជីវិតល្អបរិសុទ្ធ (ទំនុកដំកើង៣៧:៦)។ យើងមិនចាំបាច់ព្យាយាមលាក់អំពើល្អដែលយើងបានធ្វើនោះទេ (លូកា១១:៣៣)។ ផ្ទុយទៅវិញ អំណាចរបស់យើងសំរាប់ សេចក្តីល្អត្រូវបានគេមើលឃើញរួចទៅហើយ (ម៉ាថាយ៥:១៤)។ ប៉ុន្តែ យើងត្រូវតែព្យាយាមរស់នៅតាមរបៀបនេះជារៀងរាល់ថ្ងៃទាំងនៅផ្ទះ និងនៅកន្លែងធ្វើការដែរ។ បន្ទាប់មក យើងនឹងមានអំណាចសំរាប់ផ្លាស់ប្តូរចិត្តគំនិតរបស់មនុស្សដែលនៅជុំវិញយើងជាមិនខាន។
«ព្រះជាម្ចាស់បានប្រទានអំណោយទានផ្សេងៗគ្នាដល់មនុស្សគ្រប់ៗគ្នា។ នៅថ្ងៃណាមួយ ព្រះអង្គនឹងសួរយើងទាំងអស់គ្នាឲ្យរៀបរាប់ប្រាប់ព្រះអង្គថា យើងបានយកអំណោយទានទាំងនោះទៅធ្វើអ្វីខ្លះ... ព្រះយេស៊ូវមានហេតុផលគ្រប់គ្រាន់នឹងសូមឲ្យយើងបំរើព្រះអង្គ។ ដូច្នេះ យើងមិនគួរលាក់ទុកផ្នែកណាមួយនៃជីវិតរបស់យើងមិនឲ្យបំរើព្រះអង្គនោះឡើយ»។ ដកស្រង់ពី (Ellen G. White, This Day With God, page 243, adapted)។
តើអំណាចនៃសេចក្តីល្អអ្វីខ្លះដែលលោកអ្នកបានបង្ហាញនៅផ្ទះ និងនៅកន្លែងធ្វើការ?
ថ្ងៃព្រហស្បតិ៍ ទី២៩ មីនា ឆ្នាំ២០១៨
ព្រះបន្ទូលដែលយើងចង់ឮ
យើងរាល់គ្នាជាអ្នកសំចតនៅលើផែនដី។ ឋានសួគ៌គឺជាផ្ទះរបស់យើង (ហេព្រើរ១៣:១៣, ១៤)។ ប៉ុន្តែ ឥឡូវនេះយើងត្រូវរស់នៅលើផែនដីនេះ។ នៅទីនេះ យើងត្រូវសំរេចចិត្តថាត្រូវរស់ដើម្បីអ្នកណា៖ ព្រះ ឬ សាតាំង។ «អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ» (ម៉ាថាយ១២:៣០)។ គ្រប់ៗគ្នានឹងមើលឃើញថាយើងនឹងនៅខាងណាពេលដែលព្រះយេស៊ូវត្រឡប់មកវិញ។
នៅថ្ងៃមួយ ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីនេះវិញ។ បន្ទាប់មកព្រះអង្គនឹងមានបន្ទូលទៅកាន់ពួកមនុស្សដែលនិយាយថា ខ្លួនជាពួកអ្នកដើរតាមព្រះអង្គ។ ដូចដែលបានបង្ហាញក្នុងម៉ាថាយ២៥:២១ និង ម៉ាថាយ៧:២៣ ព្រះយេស៊ូវបានមានបន្ទូលអំពីចំណុចពីរយ៉ាងខុសគ្នា។ តើចំណុចទាំងពីរយ៉ាងនោះគឺជាអ្វីខ្លះ? តើព្រះបន្ទូលទាំងនេះមានអត្ថន័យអ្វីខ្លះ?
ព្រះបន្ទូលរបស់ព្រះយេស៊ូវដែលថា «ប្រពៃហើយ» (ម៉ាថាយ២៥:២១) គឺជាព្រះបន្ទូលដ៏ប្រសើរបំផុតដែលអ្នកចាត់ចែងដ៏ល្អនឹងបានឮ។ ពេលណាដែលយើងបានឮថាព្រះជាម្ចាស់ទទួលយកកិច្ចការរបស់យើងក្នុងនាមជាអ្នកចាត់ចែងនោះនឹងធ្វើឲ្យយើងអំណរយ៉ាងខ្លាំង។ ព្រះអង្គនឹងមានបន្ទូលទាំងនេះទៅកាន់អ្នកដើរតាមព្រះអង្គដែលបានមើលការខុសត្រូវយ៉ាងអស់ពីចិត្តលើអ្វីៗគ្រប់យ៉ាងដែលព្រះប្រទានដល់ពួកគេដោយជំនាញដែលពួកគេមាន។ អ្នកចាត់ចែងដ៏ល្អដែលឮព្រះបន្ទូលទាំងនេះពីព្រះយេស៊ូវដឹងច្បាស់ណាស់ថា ការបាន សង្គ្រោះមិនមែនបានមកពីការប្រព្រឹត្តល្អផ្ទាល់ខ្លួនរបស់ពួកគេទេ ប៉ុន្តែបានមកពីព្រះយេស៊ូវ និងអ្វីដែលព្រះអង្គបានធ្វើសំរាប់យើងរាល់គ្នានៅលើឈើឆ្កាង (សូមអានរ៉ូម៣:២១, រ៉ូម៤:៦)។
ជីវិតរបស់អ្នកចាត់ចែងស្មោះត្រង់សុទ្ធតែបង្ហាញចេញនូវសេចក្តីជំនឿរបស់ខ្លួន។ អ្នកចាត់ចែងដ៏ស្មោះត្រង់នឹងមិនព្យាយាមឲ្យបានសង្គ្រោះដោយសារការប្រព្រឹត្តផ្ទាល់ខ្លួន ឬឥរិយាបថល្អនោះឡើយ (ម៉ាថាយ៧:២១, ២២)។ ខគម្ពីរម៉ាថាយ៧:២៣ បង្ហាញជាការមិនត្រឹមត្រូវបើធ្វើយ៉ាងដូច្នោះនោះ។
«ពួកអ្នកដែលដើរតាមព្រះយេស៊ូវត្រូវតែថ្វាយនូវអំណោយទានដែលជារបស់ផងព្រះអង្គទៅព្រះអង្គវិញ។ ពួកគេថ្វាយទៅព្រះអង្គវិញតាមរយៈការប្រើអំណោយទានទាំងនោះសំរាប់ព្រះយេស៊ូវ។ ហ្នឹងហើយដែលពួកគេកំពុងតែសន្សំទ្រព្យសម្បត្តិទុកនៅឋានសួគ៌នោះ។ ទ្រព្យសម្បត្តិនេះនឹងត្រូវបានប្រទានឲ្យពួកគេវិញនៅពេលដែលពួកគេឮព្រះបន្ទូលទាំងនេះថា ‘ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្ដីអំណររបស់ចៅហ្វាយឯងចុះ’
ការធ្វើជាអ្នកចាត់ចែងដ៏ឆ្លាតវៃលើអំណោយទានរបស់ព្រះមានន័យថា គឺជាការរស់នៅតាមបញ្ញត្តិដ៏ធំបំផុតទាំងពីរប្រការ៖ ១)ស្រឡាញ់ព្រះ និង ២)ស្រឡាញ់អ្នកជិតខាងរបស់យើង។ សេចក្តីស្រឡាញ់នេះគឺជាហេតុផលដែលនាំឲ្យយើងចេះធ្វើល្អ។
តើជីវិតរបស់លោកអ្នកក្នុងនាមជាអ្នកចាត់ចែងលើអំណោយទានរបស់ព្រះបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះ និងអ្នកជិតខាងរបស់លោកអ្នកបានច្រើនប៉ុនណាហើយ?
ថ្ងៃសុក្រ ទី៣០ មីនា ឆ្នាំ២០១៨
សិក្សាបន្ថែម
«ព្រះយេស៊ូវបានយាងមកកាន់ផែនដីនេះដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះ។ ពួកអ្នកដើរតាមព្រះអង្គត្រូវបន្តកិច្ចការដែលព្រះអង្គបានចាប់ផ្តើមហើយនោះឯង។ ចូរយើងជួយគ្នាទៅវិញទៅមក និងជួយពង្រឹងគ្នាទៅវិញទៅមកដែរ។ យើងរកឃើញការសប្បាយចិត្តដ៏ពិតប្រាកដតាមរយៈការធ្វើល្អទៅកាន់អ្នកដទៃ។ សុខភាពនិងការសប្បាយចិត្តរបស់មនុស្សលោកមិនមែនបាត់បង់ដោយសារតែការស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងរបស់ខ្លួននោះទេ។ កាន់តែធ្វើល្អ កាន់តែសប្បាយចិត្ត។ ហេតុអ្វី? ពីព្រោះនេះហើយគឺជាការរស់នៅតាមបំណងរបស់ព្រះទាំងស្រុង»។ ដកស្រង់ពី (Ellen G. White, Counsels on Stewardship, pages 24, 25, adapted)។
«ព្រះទ្រង់ប្រទានដល់យើងនូវអំណោយទានជាច្រើន។ ហើយយើងត្រូវតែថ្វាយទៅព្រះអង្គវិញនូវអ្វីដែលជារបស់ព្រះអង្គ។ គោលការទទួលហើយចែកចាយបន្តនេះគឺជាដំណើរការជាប្រចាំរបស់ពួកជំនុំដែលត្រឹមត្រូវ។ ព្រះទ្រង់ប្រទាននូវពន្លឺនិងព្រះគុណទៅកាន់អ្នកជឿដ៏ពិតគ្រប់ៗរូបទាំងអស់។ ហើយអ្នកជឿក៏ត្រូវតែចែកអំណោយទានទាំងនោះបន្តទៅអ្នកដទៃទៀតផងដែរ។ អ្នកជឿកាន់តែចែកចាយបន្ត ព្រះទ្រង់ក៏កាន់តែប្រទានសេចក្តីមេត្តានិងសេចក្តីពិតបន្ថែមទៅដល់ពួកគាត់។ ជួនកាល ព្រះទ្រង់ក៏ប្រទានពន្លឺកាន់តែច្បាស់ និងចំណេះដឹងកាន់តែច្រើនឡើងថែមទៀតដល់អ្នកជឿដែរ។ ដំណើរជីវិតរបស់ពួកជំនុំគឺពឹងផ្អែកលើគោលការចែកចាយបន្តនេះឯង។ ប៉ុន្តែ ចុះប្រសិនបើមានបុគ្គលខ្លះទទួលហើយ មិនព្រមចែកចាយបន្តវិញយ៉ាងម៉េចដែរ? ដូច្នេះ មិនយូរទេបុគ្គលនេះនឹងលែងបានទទួលអំណោយទានពីព្រះជាមិនខាន។ បុគ្គលនេះត្រូវតែចែកចាយសេចក្តីពិតទៅអ្នកដទៃ។ បើមិនដូច្នោះទេ គាត់នឹងបាត់បង់ឱកាសទទួលបានបន្ថែមទៀត។ យើងរាល់គ្នាត្រូវចែកចាយអំណោយទាននៃឋានសួគ៌ទៅអ្នកដទៃ។ នោះទើបព្រះទ្រង់អាចប្រទានអំណោយទានដទៃផ្សេងទៀតដល់យើងបាន»។ ដកស្រង់ពី (Ellen G. White, Counsels on Stewardship, page 36, adapted)។
សំនួរពិភាក្សា៖
- តើការជឿទុកចិត្តលើព្រះអម្ចាស់ជួយឲ្យយើងសប្បាយចិត្តដោយរបៀបណា? ដូចដែលបានបង្ហាញនៅក្នុង កូរិនថូសទី២ ១០៖៥ តើយើងត្រូវជឿទុកចិត្តឲ្យអស់ពីចិត្តដោយរបៀបណា? វាជាការងាយណាស់គ្រាន់តែនិយាយថា «តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់» (រ៉ូម៨៖២៨)។ ប៉ុន្តែ ហេតុអ្វីបានជាពិបាកជឿលើខនេះខ្លាំងម៉្លេះ? យើងនិយាយថា យើងត្រូវជឿទុកចិត្តលើព្រះ។ បើអ៊ីចឹង ហេតុអ្វីក៏យើងភ័យខ្លាចនឹងរឿងអនាគតខ្លាំងម៉្លេះ?
- តើការធ្វើជាអ្នកចាត់ចែងដ៏ល្អលើអំណោយទានរបស់ព្រះមានន័យដូចម្ដេចខ្លះ? សូមរៀបរាប់។ ហេតុអ្វីបានជាការធ្វើជាអ្នកចាត់ចែងដ៏ល្អគឺជាផ្នែកដ៏សំខាន់នៃជីវិតគ្រីស្ទាន?
- ហេតុអ្វីបានជាមនុស្សក្នុងខគម្ពីរម៉ាថាយ៧៖២១-២៣ និយាយពាក្យទាំងនោះចេញមក? តើពាក្យរបស់ពួកគេបង្ហាញថា ពួកគេពិតជាអ្នកណា? តើយើងត្រូវធ្វើឲ្យប្រាកដដោយរបៀបណាដើម្បីកុំឲ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់នៃការកុហកខ្លួនឯង?
- តើអំណាចនៃសេចក្តីល្អនៃពួកជំនុំរបស់លោកអ្នកជះឥទ្ធិពលល្អអ្វីខ្លះដល់សហគមន៍របស់លោកអ្នក?