ថ្ងៃសៅរ៍ ទី២៣ មិថុនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ១៣:៦, ៩, ម៉ាថាយ២៤:៣០, ៣១, ដានីយ៉ែល២:៣៤, ៣៥, ថែស្សាឡូនីចទី២ ១:៧-១០។
ខចងចាំ៖ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ» (ម៉ាថាយ២៤:២៧)។
កវី ធី អែស អេលីយ៉ុត បានចាប់ផ្តើមកំណាព្យរបស់លោកដោយឃ្លោងឃ្លាយ៉ាងដូច្នេះថា «នៅក្នុងការចាប់ ផ្តើមរបស់ខ្ញុំ គឺជាទីបញ្ចប់របស់ខ្ញុំ»។ ពាក្យពេចន៍របស់លោកបង្ហាញយើងអំពីសេចក្តីពិតដ៏មានអំណាច។ ទីបញ្ចប់ក៏អាចរកឃើញនៅក្នុងការចាប់ផ្តើមដែរ។ យើងក៏អាចមានសេចក្តីពិតនេះនៅក្នុងឈ្មោះរបស់យើងដែរ៖ សេវេនដេយ៍ អាត់វេនទីស្ទ។ ផ្នែកនៃឈ្មោះរបស់យើងថា «សេវេនដេយ៍» នេះរំឭកយើងពីបញ្ញត្តិថ្ងៃសប្បាតហ៍នៃក្រឹត្យវិន័យរបស់ព្រះ។ ជារៀងរាល់សប្តាហ៍ ថ្ងៃសប្បាតហ៍ជួយយើងឲ្យនឹកចាំថា ព្រះទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី។ រីឯ «អាត់វេនទីស្ទ» ដែលជាឈ្មោះមួយផ្នែកទៀតរបស់យើងនោះជួយយើងឲ្យនឹកចាំពីការយាងមកវិញឆាប់ៗនេះរបស់ព្រះយេស៊ូវក្នុងគ្រាអនាគត។
ការចាប់ផ្តើមរបស់យើងគឺផ្តើមចេញពីពេលដែលព្រះទ្រង់បានបង្កើតផែនដីនេះក្នុងរវាងប្រាំមួយថ្ងៃ។ ចុងបញ្ចប់របស់យើងនឹងកើតឡើងនៅពេលដែលព្រះយេស៊ូវយាងមកវិញលើកទីពីរ។ នៅគ្រានៃការយាងមកលើកទីពីរ ព្រះយេស៊ូវនឹងបញ្ចប់មិនឲ្យមានអំពើបាបនៅលើផែនដីនេះទៀតទេ។ ប៉ុន្តែការយាងមកលើកទីពីរក៏ជាការចាប់ផ្តើមថ្មីសំរាប់រាស្ត្ររបស់ព្រះដែលត្រូវបានសង្គ្រោះដែរ។ ការចាប់ផ្តើមរបស់យើង និងការបញ្ចប់របស់យើងហាក់ដូចជាឆ្ងាយពីគ្នាបន្តិច។ ប៉ុន្តែការបង្កើតផែនដីនេះ និងការយាងមកវិញគឺពិតជាមានទំនាក់ទំនងគ្នាយ៉ាងពិតប្រាកដមែន។ ព្រះដែលបានបង្កើតយើងគឺជាព្រះដដែលដែលនឹងយាងមកសង្គ្រោះយើង (យ៉ូហាន១:១-៣)។ ក្នុងមួយរំពេចនោះ «ទាំងអស់គ្នានឹងបានផ្លាស់ប្រែ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់» (កូរិនថូសទី១ ១៥:៥២)។ សប្តាហ៍នេះ យើងនឹងនិយាយអំពីព្រឹត្តិការណ៍ចុងក្រោយដែលនឹងកើតឡើងក្នុងប្រវត្តិសាស្ត្រផែនដីនេះគឺ៖ ការយាងមកវិញលើកទីពីររបស់ព្រះអម្ចាស់យេស៊ូវនៃយើង។
ថ្ងៃអាទិត្យ ទី២៤ មិថុនា ឆ្នាំ២០១៨
ការយាងមកវិញលើកទីពីរ
មនុស្សជាច្រើនគិតថា ការបង្រៀនអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវគឺមានតែក្នុងគម្ពីរសញ្ញាថ្មីតែប៉ុណ្ណោះ។ ការគិតនោះមិនត្រឹមត្រូវឡើយ។ ជាការពិត គម្ពីរសញ្ញាចាស់បានផ្តល់តំរុយជាច្រើនអំពីការយាងមកលើកទីពីរនេះ។ ហេតុនោះ អ្នកនិពន្ធគម្ពីរសញ្ញាថ្មីដែលនិយាយអំពីការយាងមកវិញលើកទីពីរពុំបានបង្ហាញយើងអំពីសេចក្តីពិតថ្មីស្តីអំពីព្រះយេស៊ូវឡើយ។ ផ្ទុយទៅវិញ អ្នកនិពន្ធទាំងនេះបានផ្តល់ពន្លឺបន្ថែមទៀតដល់យើងអំពីសេចក្តីពិតដែលបានបង្ហាញរួចហើយក្នុងព្រះគម្ពីរ។ ប៉ុន្តែយើងមិនទាន់អាចឲ្យតម្លៃដ៏ពិតប្រាកដទៅលើសេចក្តីសន្យានៃការយាងមកលើកទីពីរបាននៅឡើយរហូតមកទល់នឹងពេលនេះ។ ហេតុអ្វី?
សូមអានខគម្ពីរអេសាយ១៣:៦, ៩, សាការី១៤:៩, និងដានីយ៉ែល១២:១។ តើខគម្ពីរទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ?
ព្រះគម្ពីរបានចែងយ៉ាងច្បាស់ថា៖ ការយាងមកវិញលើកទីពីរគឺជាថ្ងៃដ៏ហិនវិនាស សោកសៅ និងលំបាកសំរាប់មនុស្សដែលបដិសេធព្រះ។ ប៉ុន្តែ ការយាងមកវិញលើកទីពីរក៏ជាថ្ងៃដ៏មានសេរីភាពរួចផុតពីអំពើបាប និងសេចក្តីស្លាប់សំរាប់មនុស្សទាំងអស់ដែលជារាស្ត្ររបស់ព្រះអង្គដែរ។ អ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះគ្រប់ៗរូបនឹងមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់ព្រះ (សូមអានភីលីព៤:៣, វិវរណៈ៣:៥, វិវរណៈ១៣:៨)។ ការយាងមកវិញលើកទីពីរគឺជាពេលដែលព្រះទ្រង់នឹងជំនុំជំរះផែនដី។ ព្រះទ្រង់នឹងជំនុំជំរះប្រឆាំងនឹងមនុស្សអាក្រក់។ ប៉ុន្តែការយាងមកវិញលើកទីពីរគឺជាពេលដែលព្រះទ្រង់ការពារពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះអង្គ និងផ្តល់រង្វាន់ដល់ពួកគេផងដែរ។ យើងអាចអានឧទាហរណ៍មួយក្នុងកណ្ឌគម្ពីរសេផានា។ សេផានាប្រាប់យើងថា មនុស្សខ្លះនឹងមានបទពិសោធន៍នឹង «សេចក្តីខ្ញាល់ដ៏សហ័ស» របស់ព្រះប្រឆាំងនឹងអំពើបាប (សេផានា២:២)។ ប៉ុន្តែពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះនឹង «រក្សាអស់ទាំងបញ្ញត្តិរបស់ព្រះអង្គ» (សេផានា២:៣) និង «មានសេចក្តីសុភាពរាបសា» ផងដែរ។ បន្ទាប់មកពួកគេ នឹងត្រូវ «បាំងទុក(មានសុវត្ថិភាព)នៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»។
សូមអានម៉ាថាយ២៤:៣០, ៣១។ តើខគម្ពីរទាំងនេះបង្ហាញយើងអំពីភាពខុសប្លែកគ្នាដ៏ធំអ្វីខ្លះនៅគ្រាយាងមកវិញលើកទីពីររវាងមនុស្សដែលបដិសេធព្រះ និងមនុស្សដែលត្រូវបានសង្គ្រោះ?
ខណៈដែលផែនដីនេះកំពុងតែខិតចូលមកដល់ទីបញ្ចប់ យើងនឹងឃើញកាន់តែច្បាស់ថាយើងកំពុងនៅខាងណា។ តើត្រូវជ្រើសរើសយកជំរើសមួយណានៅគ្រាឥឡូវនេះដើម្បីឲ្យប្រាកដថា យើងនៅខាងដែលត្រឹមត្រូវហើយ?
ថ្ងៃច័ន្ទ ទី២៥ មិថុនា ឆ្នាំ២០១៨
ដានីយ៉ែល និងការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ
ពួកសាសន៍យូដាជាច្រើននៅជំនាន់ព្រះយេស៊ូវបានទន្ទឹងរង់ចាំការយាងមករបស់ព្រះមែស្ស៊ី។ ព្រះមែស្ស៊ីគឺជាព្រះអង្គសង្គ្រោះដែលព្រះទ្រង់បានសន្យាថានឹងចាត់ឲ្យមកសង្គ្រោះរាស្ត្ររបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេ។ ប៉ុន្តែ មានសាសន៍យូដាជាច្រើនបែរជារង់ចាំឲ្យព្រះមែស្ស៊ីជួយពួកគេឲ្យរួចពីពួកសាសន៍រ៉ូមទៅវិញ។ ពួកយូដាសង្ឃឹមថា ព្រះមែស្ស៊ីនឹងមកជួយឲ្យអ៊ីស្រាអែលក្លាយជាកំពូលជាតិសាសន៍នៅលើផែនដីនេះ។ ប៉ុន្តែ ព្រះទ្រង់មានផែនការផ្សេងសំរាប់រាស្ត្ររបស់ព្រះអង្គសំរាប់ការយាងមកលើកទីមួយ។ ព្រះទ្រង់ក៏មានផែនការដ៏ប្រសើរជាងសំរាប់រាស្ត្ររបស់ព្រះអង្គសំរាប់ការយាងមកវិញលើកទីពីរផងដែរ។
កណ្ឌគម្ពីរដានីយ៉ែលជំពូក២បង្រៀនយើងថា ផែនដីថ្មីដែលព្រះទ្រង់សន្យានឹងយើង ពុំមែនដុះចេញពីផែនដីចាស់ដែលយើងរស់នៅនាពេលឥឡូវនេះទេ។ ផែនដីថ្មីគឺជាផែនដីដែលខុសគ្នាស្រឡះអំពីផែនដីបច្ចុប្បន្ននេះ។
កណ្ឌគម្ពីរដានីយ៉ែលជំពូក២ក៏បង្ហាញយើងអំពីរូបបដិមាដែលជារូបស័ព្ទតំណាងឲ្យការចាប់ផ្តើម និងបញ្ចប់នៃអាណាចក្រទាំងបួនដែលមានអំណាចលើពិភពលោកដែរ៖ បាប៊ីឡូន មេដូពើរសៀ ក្រិក និងរ៉ូម។ បន្ទាប់មកអាណាចក្ររ៉ូមក៏បានបែកចេញជាប្រទេសជាច្រើនដែលបច្ចប្បន្ននេះក្លាយជាទ្វីបអឺរ៉ុប។ ប៉ុន្តែរូបព្រះដែលស្តេចនេប៊ូក្នេសារបានទតឃើញនៅសុបិននិមិត្តរបស់ព្រះអង្គនោះបានបែកបាក់ដោយរបៀបដ៏អស្ចារ្យ។ របៀបដ៏ អស្ចារ្យដែលរូបព្រះនោះដល់ទីបញ្ចប់បង្ហាញអំពីរបៀបដែលពិភពលោកថ្មីមួយដែលនឹងចាប់ផ្តើមឡើងបន្ទាប់ព្រះយេស៊ូវយាងមកវិញ។
សូមអានដានីយ៉ែល២:៣៤, ៣៥, ៤៤, ៤៥។ តើខគម្ពីរទាំងនេះបង្រៀនយើងថាផែនដីនេះនឹងដល់ទីបញ្ចប់ដោយរបៀបណា? តើផែនដីថ្មីនឹងខុសប្លែកអំពីផែនដីចាស់យ៉ាងដូចម្តេចខ្លះ?
ខគម្ពីរដានីយ៉ែល២:៣៤, ៣៥, ៤៤, ៤៥ បានចែងយ៉ាងច្បាស់អំពីអ្វីដែលនឹងកើតឡើងនៅពេលព្រះយេស៊ូវយាងមកវិញ។ ក្នុងខគម្ពីរលូកា២០:១៧, ១៨ ព្រះយេស៊ូវក៏បានមានបន្ទូលអំពីដុំថ្មដែលនេប៊ូក្នេសារទតឃើញក្នុងសុបិននិមិត្តរបស់ព្រះអង្គដែរ។ ដុំថ្មគឺជារូបស័ព្ទតំណាងឲ្យការដែលព្រះយេស៊ូវនឹងធ្វើនៅគ្រាយាងមកវិញលើកទីពីរ។ ដានីយ៉េលបានប្រើប្រាស់ភាសាអារ៉ាមដើម្បីសរសេរដានីយ៉ែល២។ ភាសាអារ៉ាមក្នុងខគម្ពីរដានីយែល២:៣៥បានចែងថា មាស ប្រាក់ ដីឥដ្ឋ ដែក និងលង្ហិនត្រូវបានបុកទង្គិច រួចហើយក៏បាក់បែកក្លាយជាបំណែក។ បន្ទាប់មកទៀតវាក៏ «ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ »(ដានីយ៉ែល២:៣៥)។ រឿងនោះមានន័យថា គ្មានអ្វីដែលនៅសេសសល់អំពីផែនដីចាស់នេះទៀតទេបន្ទាប់ពីព្រះយេស៊ូវយាងមកវិញនោះ។
ដុំថ្មដែលបំផ្លាញគ្រប់យ៉ាងនៃផែនដីចាស់នេះ «ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល»។ ព្រះទ្រង់នឹងបង្កើតអាណាចក្រថ្មី ដែល «ដែលមិនត្រូវបំផ្លាញឡើយ» (ដានីយ៉ែល២:៤៤)។ ចុងបញ្ចប់មួយក្នុងចំណោមចុងបញ្ចប់ទាំងពីរកំពុងរង់ចាំមនុស្សគ្រប់គ្នាដែលធ្លាប់រស់នៅលើភពផែនដីនេះ។ តើលោកអ្នកនឹងជ្រើសរើសយកចុងបញ្ចប់មួយណា?
ថ្ងៃអង្គារ ទី២៦ មិថុនា ឆ្នាំ២០១៨
សេចក្តីសង្ឃឹមអំពីអនាគរបស់យើង
សូមអានខគម្ពីរទីតុស២:១៣។ តើយើងរាល់គ្នាមានសេចក្តីសង្ឃឹមអ្វីខ្លះសំរាប់គ្រាអនាគត? ហេតុអ្វីបានជាសេចក្តីសង្ឃឹមនេះអស្ចារ្យខ្លាំងម៉្លេះ?
ព្រះគម្ពីរបង្រៀនយើងថា ព្រះទ្រង់បានបង្កើតយើងរាល់គ្នាមក។ សេចក្តីពិតអំពីអតីតកាលរបស់យើងផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹមអំពីអនាគតផងដែរ។ យើងមានរឿងច្រើនណាស់ដែលត្រូវសង្ឃឹមអំពីអនាគត។ សេចក្តីសង្ឃឹមនេះគឺត្រូវបានផ្សារភ្ជាប់ទៅនឹងសេចក្តីសន្យានៃការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ។
សូមអានធីម៉ូថេទី២ ៤:៦-៨។ តើលោកប៉ុលកំពុងមានប្រសាសន៍អំពីអ្វីនៅក្នុងខទាំងនេះ? តើលោកប៉ុលកំពុងតែដាក់សេចក្តីសង្ឃឹមរបស់គាត់ទៅលើអ្វី?
លោកប៉ុលដឹងថា គាត់នឹងត្រូវស្លាប់ទៅវិញឆាប់ៗមិនខាន។ ប៉ុន្តែគាត់បានជឿទុកចិត្តថា ព្រះទ្រង់នឹងផ្តល់ឲ្យគាត់នូវអំណោយទានជាជីវិតអស់កល្បនៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ។ ឈ្មោះរបស់ប៉ុលពាក់ព័ន្ធនឹងការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវគឺ «ថ្ងៃនោះដែលទ្រង់យាងមកវិញ» (ធីម៉ូថេទី២ ៤:៨)។ មកុដនេះនឹងបង្ហាញអំពី«សេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត» (ធីម៉ូថេទី២ ៤:៨)។ លោកប៉ុលពុំមែនខំប្រឹងរកមកុដនេះបានមកដោយខ្លួនឯងនោះឡើយ។ លោកពុំមែនរកវាបានដោយសារការជួយអ្នកដទៃ ឬមានអាកប្បកិរិយាល្អនោះទេ។ ផ្ទុយទៅវិញ ព្រះទ្រង់ផ្តល់មកុដនេះដល់លោកប៉ុលដោយសារតែព្រះជន្មដ៏បរិសុទ្ធនិងការស្តាប់បង្គាប់របស់ព្រះយេស៊ូវ។ លោកប៉ុលបានជឿទុកចិត្តលើអ្វីៗដែលព្រះយេស៊ូវបានធ្វើសំរាប់គាត់។ នោះហើយជាមូលហេតុដែលលោកមានសេចក្តីសង្ឃឹម។ លោកប៉ុលដឹងថា សេចក្តីសង្ឃឹមរបស់គាត់លើការយាងមកវិញលើកទីពីរគឺពិតប្រាកដ។ ពិតមែនហើយ លោកប៉ុលបានរង់ចាំស្លាប់នៅក្នុងគុក។ ប៉ុន្តែលោកប៉ុលដឹងថា អនាគតរបស់គាត់ក៏មានពាក់ព័ន្ធនឹងរឿងល្អៗជាច្រើន និងសុភមង្គលដែរ។ នោះគឺដោយសារតែលោកប៉ុលពុំបានបារម្ភខ្វល់ខ្វាយអំពីការលំបាកដែលគាត់មាននៅពេលនោះឡើយ។ គាត់ទន្ទឹងរង់ចាំដោយសង្ឃឹមអ្វីមួយដែលនឹងកើតឡើងនៅគ្រាការយាងមកវិញលើកទីពីរ។
ប្រហែលជាលោកអ្នកក៏កំពុងតែមានបទពិសោធន៍ជួបការលំបាកដូចលោកប៉ុលដែរហើយមើលទៅ។ តើលោកអ្នកអាចមានសេចក្តីសង្ឃឹមដូចគ្នានឹងលោកប៉ុលធ្លាប់មានដោយរបៀបណា? តើយើងអាចរៀនមើលឲ្យឆ្ងាយហួសពីការអាក្រក់ៗដែលកំពុងកើតឡើងនាពេលឥឡូវនេះបានយ៉ាងដូចម្តេច? តើយើងអាចរៀនក្រឡេកមើលទៅសេចក្តីសង្ឃឹមដែលយើងមានលើការយាងមកវិញលើកទីពីរ និងអ្វីៗទាំងអស់ដែលសេចក្តីសង្ឃឹមនេះ ផ្តល់ដល់យើងដែរឬទេ?
ថ្ងៃពុធ ទី២៧ មិថុនា ឆ្នាំ២០១៨
នៅលើពពក
ការយាងមកវិញលើកទីពីរគឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់ជំនឿរបស់យើងក្នុងនាមជាគ្រីស្ទាន សេវេនដេយ៍អាត់វេនទីស្ទ។ ប៉ុន្តែមិនមែនគ្រីស្ទានទាំងអស់សុទ្ធតែមើលឃើញការយាងមកវិញលើកទីពីរថាជាព្រឹត្តិការណ៍ដែលនឹងកើតឡើងពិតប្រាកដនោះទេ។ ពួកគេមិនជឿថា រឿងនេះមានន័យថាព្រះយេស៊ូវអង្គទ្រង់ផ្ទាល់នឹងយាងមកវិញជារូបអង្គទ្រង់ពិតៗនោះឡើយ។ គ្រីស្ទានខ្លះជឿថា ការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវកើតឡើងនៅពេលដែលព្រះអង្គនឹងចាក់ព្រះវិញ្ញាណព្រះអង្គមកលើពួកជំនុំរបស់ព្រះអង្គនៅលើផែនដីនេះ។ ពួកគេជឿថា ការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវកើតឡើងនៅពេលដែលជីវិតរបស់រាស្ត្ររបស់ព្រះបង្ហាញថាពួកស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គហើយ។
យើងអាចនឹងអរគុណព្រះណាស់ដែលដឹងថាការបង្រៀនបែបនេះមិនត្រឹមត្រូវនោះ។ ក៏ប៉ុន្តែចុះប្រសិនបើវាត្រឹមត្រូវវិញ យ៉ាងម៉េចដែរ? នោះយើងប្រាកដជាត្រូវសួរសំណួរមួយផ្សេងទៀត៖ តើសេចក្តីសង្ឃឹមពិតប្រាកដសំរាប់អនាគតដែលយើងពិតជាចង់បាននោះគឺជាអ្វីទៅវិញប្រសិនបើការយាងមកវិញរបស់ព្រះយេស៊ូវបានត្រឹមតែជារឿងប្រៀបប្រដូចនោះ?
-ម៉ាថាយ២៤:៣០ ----------------------------------
-ថែស្សាឡូនីចទី១ ៤:១៦--------------------------
-ម៉ាថាយ២៦:៦៤-----------------------------------
-វិវរណៈ១:៧----------------------------------------
-ថែស្សាឡូនីចទី២ ១:៧-១០-----------------------
«ផ្ទៃមេឃមើលទៅទំនងដូចជាបើក ហើយបិទ។ សិរីល្អចេញពីបល្ល័ង្ករបស់ព្រះទំនងដូចជាបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ចូលទៅក្នុងផ្ទៃមេឃ។ ភ្នំទាំងឡាយនឹងញ័ររញ្ជួយប្រៀបបីដូចជាស្មៅរេរាំទៅតាមវាយោយ៉ាងដូច្នោះដែរ ។ ដុំថ្មដ៏មុតស្រួចរាយប៉ាយគ្រប់ទីកន្លែងទាំងអស់។ មានឮសូរសន្ធឹកគ្រាំគ្រេងដែលប្រៀបដូចជាសូរព្យុះសង្ឃរា។ ទឹកសមុទ្ទបានប្រែក្លាយជាកញ្ជ្រោកបោកបាចគួរឲ្យភ័យខ្លាច។ សំរែកកងរំពងក៏បន្លឺឡើង។ វាប្រៀបដូចជាសំឡេងខ្យល់ព្យុះ ឬសំរែកបិសាចដែលចេញរាតត្បាតបំផ្លាញជីវិតមនុស្សលោកយ៉ាងដូច្នោះ។ ផែនដីទាំងមូលនឹងត្រូវកក្រើករំពើកមុជងើបប្រៀបដូចកំពុងធ្វើដំណើរក្នុងរលកសមុទ្រ។ ផែនដីក៏រំជួយ និងហាមាត់ឡើង។ ស្នូលផែនដីខ្លួនឯងមើលទៅហាក់ដូចជាកំពុងតែប្រែះបែកបាក់ជាបំណែក។ ភ្នំទាំងឡាយចាប់ផ្តើមរង្គើ។ កោះទាំងឡាយដែលមានមនុស្សកំពុងរស់នៅក៏បានលិចទៅក្រោមទឹក។ ទីក្រុងទាំងឡាយប្រែក្លាយជាអាក្រក់ឡើងៗ។ ទីក្រុងទាំងនោះប្រែក្លាយដូចជាទីក្រុងសូដុំម។ ព្រះទ្រង់កំពុងតែជំនុំទីក្រុងបាប៊ីឡូនដ៏ជាធំ។ ព្រះទ្រង់ប្រទានដល់នាងនូវពែងដែលពេញដោយស្រានៃសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 637, adapted ។ នៅពេលរឿងនោះកើតឡើង គ្រប់គ្នានៅលើផែនដីនេះនឹងដឹងថាវាកំពុងតែកើតឡើងហើយ។
ថ្ងៃព្រហស្បតិ៍ ទី២៨ មិថុនា ឆ្នាំ២០១៨
មនុស្សដែលកំពុងរស់នៅ និងមនុស្សស្លាប់ហើយ
ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ» (យ៉ូហាន១១:២៥)។ ព្រះយេស៊ូវពុំរំពឹងចង់ឲ្យមនុស្សលោកទទួលយកព្រះបន្ទូលទ្រង់ដោយគ្មានភស្តុតាងនោះឡើយ។ ព្រះយេស៊ូវបានបង្ហាញគ្រប់គ្នាថា ព្រះអង្គអាចធ្វើជាក់ ស្តែងពិតៗនូវអ្វីដែលព្រះអង្គបានមានបន្ទូលរួចហើយ។ ព្រះអង្គបានប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ។ ឡាសារបានស្លាប់យូរល្មមដែលធ្វើឲ្យសាកសពធុំក្លិនមិនល្អ (យ៉ូហាន១១:៣៩)។
មនុស្សលោកជាច្រើនដែលជឿលើព្រះយេស៊ូវបានស្លាប់ទៅហើយ។ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា ពួកគេនឹងរស់ឡើងវិញ។ ព្រះយេស៊ូវនឹងនាំមនុស្សដែលស្លាប់ទៅហើយឲ្យមានជីវិតរស់ឡើងវិញនៅពេលព្រះអង្គយាងមកវិញលើកទីពីរ។ ជំនឿរបស់យើងលើអំណាចរបស់ព្រះយេស៊ូវក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញធ្វើឲ្យសេចក្តីសង្ឃឹមរបស់យើងលើការយាងមកវិញលើកទីពីររឹតតែសំខាន់បំផុត។
តើយើងរកឃើញសេចក្តីសង្ឃឹមអ្វីខ្លះក្នុងខគម្ពីររ៉ូម៦:៥, ថែស្សាឡូនីចទី១ ៤:១៦ និងកូរិនថូសទី១ ១៥:៤២-៤៤, ៥៣-៥៥?
ការយាងមកវិញលើកទីពីរសន្យានឹងយើងថា មនុស្សទាំងអស់ដែលជាអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះយេស៊ូវនឹងទទួលបទពិសោធន៍ដូចគ្នានឹងបទពិសោធន៍ដែលព្រះយេស៊ូវបានឆ្លងកាត់ពេលដែលព្រះអង្គបានមានព្រះជន្មរស់ឡើងវិញពីសុគតដែរ។ ការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវផ្តល់ឲ្យយើងមានសេចក្តីសង្ឃឹមដ៏អស្ចារ្យ។ តើសេចក្តីសង្ឃឹមនោះគឺជាអ្វីទៅវិញ? ប្រសិនបើយើងស្លាប់មុនព្រះយេស៊ូវយាងមកវិញលើកទីពីរ នោះព្រះយេស៊ូវនឹងដាស់យើងឲ្យភ្ញាក់ឡើងពីស្លាប់ឡើងវិញពេលដែលព្រះអង្គយាងមកជាលើកទីពីរ។
តើមានអ្វីកើតឡើងចំពោះពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះដែលនៅរស់នៅឡើយនៅពេលដែលព្រះយេស៊ូវយាងមកវិញជាលើកទីពីរ?
ពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះយេស៊ូវខ្លះនឹងនៅរស់រានមានជីវិតនៅឡើយនៅពេលដែលព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ ពួកអ្នកដើរតាមដ៏ស្មោះត្រង់ទាំងនេះនឹងមិនស្លាប់ឡើយ។ ប៉ុន្តែរូបកាយរបស់ពួកគេនឹងត្រូវបានផ្លាស់ប្រែ។ ពួកគេនឹងបានទទួលរូបកាយថ្មីពីព្រះយេស៊ូវ។ រូបកាយទាំងនេះនឹងដូចជារូបកាយដែលព្រះយេស៊ូវនឹងប្រទានដល់ពួកអ្នកដើរតាមដ៏ស្មោះត្រង់ចំពោះព្រះអង្គដែលបានស្លាប់ទៅហើយដែរ។ ពួកគេទាំងអស់គ្នានឹងបានទទួលរូបកាយថ្មីនៅពេលព្រះយេស៊ូវយាងមកវិញ។ រូបកាយរបស់ពួកគេនឹងមិនមានសេចក្តីអាក្រក់ទៀតទេ។ រូបកាយរបស់ពួកគេក៏នឹងមិនស្លាប់ទៀតដែរ។ ពួកអ្នកដើរតាមដ៏ស្មោះត្រង់ និងស្តាប់បង្គាប់របស់ព្រះយេស៊ូវដែលកំពុងតែរស់នៅនឹងត្រូវបានផ្លាស់ប្រែ។ ការផ្លាស់ប្រែនេះនឹងកើតឡើងក្នុងមួយប៉ប្រិចភ្នែក ។ ការផ្លាស់ប្រែនេះកើតឡើងត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ព្រះទ្រង់ប្រកាសថា ពួកអ្នកដែលស្មោះត្រង់និងស្តាប់បង្គាប់ព្រះអង្គឥឡូវនេះត្រូវបានស្អាតហើយ ហើយក៏គ្មានបាបទៀតដែរ។ ឥឡូវនេះព្រះទ្រង់ប្រទានជីវិតអស់កល្បដល់រាស្ត្ររបស់ព្រះអង្គ។ រាស្ត្ររបស់ព្រះដែលកំពុងរស់នៅពេលព្រះយេស៊ូវយាងមកវិញនឹងហោះឡើងទៅលើអាកាស។ ពួកគេនឹងរួមគ្នានឹងពួករាស្ត្ររបស់ព្រះដែលទើបនឹងបានប្រោសពីស្លាប់ឡើងវិញ។ ពួកគេក៏នឹងជួបព្រះយេស៊ូវនៅនាអាកាស»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 645, adapted ។
ថ្ងៃសុក្រ ទី២៩ មិថុនា ឆ្នាំ២០១៨
សិក្សាបន្ថែម
ការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវពុំមែនជាទីបញ្ចប់នៃសាច់រឿងអំពីអំពើបាបនិងទុក្ខវេទនារបស់មនុស្សលោកនៅលើផែនដីនេះទេ។ ប៉ុន្តែការយាងមកវិញលើកទីពីរគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍និងរំភើបបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ការយាងមកវិញលើកទីពីរគឺជាក្តីសង្ឃឹមដ៏សំខាន់បំផុតដែលគ្រីស្ទានមាន។ បើគ្មានសេចក្តីសង្ឃឹមនេះទេ តើសេចក្តីជំនឿរបស់យើងមានសង្ឃឹមទៅលើអ្វីទៅវិញ?បើគ្មានសេចក្តីសង្ឃឹមលើការយាងមកវិញលើកទីពីរនេះទេ ប្រវត្តិសាស្ត្រមនុស្សជាតិនឹងចេះតែបន្តតទៅទៀតរហូតដល់បញ្ចប់ក្នុងសេចក្តីស្លាប់តែប៉ុណ្ណោះ។ ប៉ុន្តែយើងមានសេចក្តីសង្ឃឹមដ៏អស្ចារ្យនេះនៅលើការយាងមកវិញលើកទីពីរវិញ។ ព្រះគម្ពីរប្រាប់យើងអំពីសេចក្តីសង្ឃឹមនេះម្តងហើយម្តងទៀត។ យើងមានក្តីសង្ឃឹមលើការយាងមកវិញលើកទីពីរពីព្រោះព្រះយេស៊ូវបានបង់ព្រះជន្មរបស់ព្រះអង្គជាថ្លៃលោះបាបរបស់យើង (ម៉ាកុស១០:៤៥)។ ព្រះយេស៊ូវនឹងយាងមកវិញដើម្បីទទួលយកអ្វីដែលព្រះអង្គបានបង់ថ្លៃរួចហើយ៖ គឺយើងរាល់គ្នានេះ ឯង។ ហ្វូងតារាទាំងឡាយនៅលើមេឃពុំបានថ្លែងប្រាប់យើងអំពីការយាងមកវិញរបស់ព្រះយេស៊ូវទេ។ ពពួកសត្វស្លាបដែលស្រែកច្រៀងតាមព្រឹក្សាទាំងឡាយក៏ពុំបានប្រកាសប្រាប់អំពីការយាងមកវិញលើកទីពីរដែរ។ ហ្វូងតារា និងពពួកសត្វស្លាបទាំងឡាយអាចបង្ហាញយើងនូវរឿងល្អៗមួយចំនួន។ ប៉ុន្តែពួកវាមិនបង្រៀនយើងថា នៅថ្ងៃណាមួយព្រះយេស៊ូវនឹងយាងមកវិញឡើយ។ នៅគ្រានោះ ពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះដែលបានស្លាប់ទៅហើយនឹងរស់ឡើងវិញ។ ពួកគេនឹងរស់ឡើងវិញពេលដែលសំឡេងត្រែចុងក្រោយបន្លឺឡើង។ ពួកមនុស្សស្លាប់នឹងរស់ឡើងវិញ «មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ» (កូរិនថូសទី១ ១៥:៥២)។ បន្ទាប់មកយើងនឹងក្រឡេកមើលឡើងទៅលើ និងឃើញ «កូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង» (ម៉ាកុស១៤:៦២)។ យើងដឹងថា រឿងទាំងនេះនឹងកើតឡើងពីព្រោះព្រះគម្ពីរប្រាប់យើងថា វានឹងកើតឡើង។ យើងជឿទុកចិត្តលើសេចក្តីសន្យារបស់ព្រះគម្ពីរ។
សំនួរពិភាក្សា៖
- តើនឹងមានអត្ថន័យយ៉ាងដូចម្តេចទៅវិញប្រសិនបើការយាងមកជាលើកទីពីរមិនមែនជារឿងពិតទេ ហើយគ្រាន់តែមានន័យថាគ្រីស្ទានទាំងឡាយបានស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះទាំងស្រុងទៅវិញនោះ? ការដែលគ្រីស្ទានគោរពតាមក្រឹត្យវិន័យរបស់ព្រះទាំងស្រុងគឺជារឿងល្អដែលគួរឃើញហើយ មែនទេ? ប៉ុន្តែនៅទីបំផុត ហេតុអ្វីបានជាគោលគំនិតនោះបែរជាពុំផ្តល់ក្តីសង្ឃឹមអ្វីដល់យើងទាល់តែសោះទៅវិញ?
- ឥឡូវនេះ មនុស្សជាច្រើនបានទទួលយកគោលគំនិតដែលថា ជីវិតទាំងអស់កើតចេញមកដោយឯកឯង។ ហេតុអ្វីបានជាគោលគំនិតនេះឆ្កួតលីលា? តើអ្នកគិតថាហេតុអ្វីបានជាមនុស្សជឿថាគោលគំនិតបែបនោះជារឿងត្រឹមត្រូវ? ហេតុអ្វីបានជាមានមនុស្សជឿលើគោលគំនិតនេះ? ហេតុអ្វីបានជាការជឿថាព្រះទ្រង់បានបង្កើតរបស់សព្វសារពើសមហេតុសមផលជាង?
- តើមានអ្វីនៅក្នុងជីវិតនេះ ឬអ្វីមួយនៅលើផែនដីនេះដែលលោកអ្នកហ៊ានបោះបង់ជីវិតអស់កល្បដើម្បីដូរយករបស់នោះ? គ្មានទេមែនទេ? តើធ្វើយ៉ាងណាទើបយើងអាចច្បាស់ថា គ្មានអ្វីក្នុងជីវិតរបស់យើងនេះអាចបញ្ឈប់យើងមិនឲ្យទទួលយកអំណោយទានរបស់ព្រះដែលជាការសង្គ្រោះយើងនោះឡើយ?