មេរៀនទី១៣​៖ ២២-២៨ កញ្ញា ២០១៨

ដំណើររបស់លោកប៉ុលទៅកាន់ទីក្រុងរ៉ូម

Jeans
ថ្ងៃសៅរ៍ ទី២២ កញ្ញា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ២៧, កិច្ចការ ២៨, រ៉ូម ១:១៨-២០។

ខចងចាំ៖ «ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេសារ» (កិច្ចការ ២៧:២៤)។

លោកប៉ុលចង់ធ្វើដំណើរទៅកាន់ទីក្រុងរ៉ូមយូរណាស់មកហើយ។ ប៉ុន្តែការចាប់ខ្លួនរបស់គាត់នៅទីក្រុងយេរូសាឡិមបានធ្វើឲ្យផែនការរបស់លោកប្រែប្រួលអស់។ ពួកសាសន៍រ៉ូមបានចាប់លោកប៉ុលដាក់គុកជិត៥ឆ្នាំ។ ហេតុអ្វីបានជាលោកប៉ុលត្រូវនៅក្នុងគុកយូរម៉្លេះ? ពីព្រោះពួកមេដឹកនាំពួកជំនុំចង់ឃើញយ៉ាងដូច្នោះ។ ពួកគេចង់ឲ្យលោកប៉ុលធ្វើឲ្យពួកអ្នកជឿដែលជាសាសន៍យូដាសប្បាយចិត្តជាជាងចង់ឃើញលោកប៉ុលធ្វើឲ្យព្រះសប្បាយព្រះទ័យ។ ហេតុនោះហើយបានជាលោកប៉ុលត្រូវធ្វើឲ្យពួកសាសន៍យូដាសប្បាយចិត្តជាមុនសិន។ ក្រោយមកទៀត ពួកសាសន៍រ៉ូមបានចាប់ខ្លួនលោកប៉ុល។ នៅពេលដែលយើងខកខានមិនបានលើកដំកើងព្រះជាម្ចាស់ ព្រះទ្រង់អាចនឹងផ្តល់ឱកាសម្តងទៀតដល់យើង។ ប៉ុន្តែ ព្រះទ្រង់ពុំមែនចេះតែរារាំងអំពើអាក្រក់មិនឲ្យកើតឡើងចំពោះយើងពេលដែលយើងធ្វើខុសឡើយ។

ក្នុងនាមជាអ្នកជាប់គុកម្នាក់ លោកប៉ុលបានធ្វើដំណើរតាមសំពៅទៅកាន់ស្រុកអ៊ីតាលី។ ប៉ុន្តែ ព្រះយេស៊ូវទ្រង់បានសន្យាថា លោកនឹងបានប្រាប់មនុស្សម្នានៅក្នុងទីក្រុងរ៉ូមអំពីព្រះអង្គ (កិច្ចការ ២៣:១១)។ ក្រោយមកទៀត យើងបានដឹងថា លោកប៉ុលសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់ស្រុកអេស្ប៉ាញបន្ទាប់ ពីពួកសាសន៍រ៉ូមបានដោះលែងរូបលោក (រ៉ូម ១៥:១៤)។ ប៉ុន្តែ ព្រះគម្ពីរពុំបានចែងថា លោកប៉ុលធ្លាប់ធ្វើដំណើរទៅកាន់ទីនោះឡើយ។ បន្ទាប់មក លោកប៉ុលត្រូវបានគេ ចាប់ខ្លួនជាថ្មីទៀត។ គ្រានេះហើយដែល​​ លោក​ប៉ុលបានស្លាប់ដោយសារសេចក្តីជំនឿរបស់លោក (ធីម៉ូថេទី២ ៤:៦-៨) ក្នុងឆ្នាំ ៦៧នៃ​គ្រិស្តសករាជ ពេលដែលណេរ៉ូធ្វើជាស្តេច។

លោកប៉ុលក៏បានមកដល់ទីក្រុងរ៉ូម។ លោកត្រូវបានឃុំឃាំងក្នុងផ្ទះខណៈដែលត្រូវរង់ចាំសើរើក្តីនៅចំពោះមហារាជនៃប្រទេសរ៉ូម។ លោកប៉ុលមានប្រសាសន៍ទៅកាន់អ្នកដែលមកសាកសួរសុខទុក្ខទាំងខ្លួនលោកជាប់ច្រវាក់ (កិច្ចការ ២៨:៣០, ៣១)។ គ្មាននរណាម្នាក់អាចឃាត់លោកឲ្យឈប់អធិប្បាយ​បាន​ឡើយ។ ក្នុងកំឡុងគ្រានេះ លោកប៉ុលមានឱកាសដើម្បីនឹងចែកចាយដំណឹងល្អអំពីព្រះយេស៊ូវជាមួយនឹង មនុស្សសំខាន់ៗដែលធ្វើការឲ្យមហារាជនៃប្រទេសរ៉ូម (ភីលីព ៤:២២)។

ថ្ងៃអាទិត្យ ទី២៣ កញ្ញា ឆ្នាំ២០១៨

លោកប៉ុលជិះសំពៅទៅកាន់ទីក្រុងរ៉ូម (កិច្ចការ ២៧:៩-១២)

លោកប៉ុលបានជាប់គុកក្នុងទីក្រុងសេសារាអស់រយៈពេល២ឆ្នាំ (កិច្ចការ ២៤:២៧)។ បន្ទាប់ មកលោកក៏បានធ្វើដំណើរទៅទីក្រុងរ៉ូមក្នុងស្រុកអ៊ីតាលី។ ដំណើរឆ្ពោះទៅស្រុកអ៊ីតាលីវែងឆ្ងាយ និង ជួបការលំបាក (កិច្ចការ ២៧:១-២៨:១៦)។ លោកលូកាបានធ្វើដំណើរជាមួយនឹងលោកប៉ុលដែរ។ មានគ្រីស្ទានម្នាក់ទៀតឈ្មោះអើរីស្តាកក៏បានចូលរួមធ្វើដំណើរជាមួយនឹងពួកគេដែរ (កិច្ចការ ២៧:២)។ មនុស្សដ៏សំខាន់ម្នាក់ទៀតក្នុងរឿងនេះគឺជាមេទ័ពរ៉ូមឈ្មោះយូលាស។ លោកយូលាសក៏ត្រូវទទួលខុសត្រូវសំរាប់អ្នកទោសផ្សេងទៀតក្នុងការធ្វើដំណើរនោះដែរ (កិច្ចការ ២៧:១)។

លោកប៉ុល លោកលូកា លោកអើរីស្តាក លោកយូលាស និងអ្នកទោសដទៃៗទៀតបានចាកចេញទៅកាន់ទីក្រុងរ៉ូមនៅចុងរដូវក្តៅ។ ពេលរដូវរងាពុំមែនជាពេលល្អសំរាប់ធ្វើដំណើរតាមសមុទ្រមេឌីទែរ៉ាណេទេដោយសារតែអាកាសធាតុមិនអំណោយផល។ ការធ្វើដំណើររបស់ពួកគេមានការពិបាក​តាំងពីដើមទី​ម៉្លេះ។ ពួកគេបានឈប់សំចតជាច្រើនដង។​ បន្ទាប់មក ពួកគេក៏បានមកដល់កន្លែងដែល មានសុវត្ថិភាព​ដែលហៅថា ទ្វារសមុទ្រលំអ ដែលឋិតនៅលើកោះក្រេត (កិច្ចការ ២៧:៨)។

សូមអានសាច់រឿងក្នុងកិច្ចការ ២៧:៩-១២ អំពីអ្វីដែលបានកើតឡើងនៅទ្វារសមុទ្រលំអ។ តើលោកប៉ុលបានស្ម័គ្រចិត្តជួយធ្វើអ្វី? តើមនុស្សម្នាក្នុងរឿងនេះមានអារម្មណ៍យ៉ាងណាអំពីជំនួយរបស់លោកដែលចង់ជួយពួកគេ?

លោកប៉ុលបានដាស់តឿនពួកអ្នកបើកសំពៅឲ្យស្នាក់នៅទ្វារសមុទ្រលំអ។ ប៉ុន្តែ ពួកអ្នកបើកមិនចង់យកចិត្តទុកដាក់ស្តាប់តាមការព្រមានរបស់លោកប៉ុល។ ពួកគេបានសំរេចចិត្តថា ត្រូវបន្តដំណើរទៅទិសខាងលិចឲ្យបានជាង៦០គីឡូទៀតដល់កន្លែងមួយដែលមានឈ្មោះថា ភេនីច។ នៅទីនេះពួក​គេអាចស្នាក់នៅពេញមួយរដូវរងាបាន។ ប៉ុន្តែអាកាសធាតុស្រាប់តែប្រែប្រួលយ៉ាងឆាប់រហ័ស។ សំពៅ ត្រូវជាប់កុនក្នុងព្យុះដ៏សាហាវបំផុតមួយ។ ព្យុះនោះបាននាំសំពៅទៅទិសខាងត្បូង រួចបន្តទៅទិសខាង​លិច ឲ្យកាន់តែឆ្ងាយពីដីគោក។ មិនយូរប៉ុន្មានទឹកក៏ចូលពេញសំពៅ។ ពួកអ្នកបើកបរសំពៅចាប់ផ្តើមបោះប្រអប់ និងអីវ៉ែអីវ៉ាន់ផ្សេងទៀតចោលទៅក្នុងសមុទ្រ។ ភ្លៀងដ៏ធំក៏បានធ្លាក់ជញ្ជ្រំពីលើមេឃ ហើយសន្ធឹកខ្យល់ព្យុះក៏បក់បោកមកដែរ។ ព្យុះនោះអូសបន្លាយពេលអស់ជាច្រើនថ្ងៃ។ គ្មាននរណាម្នាក់នៅ លើសំពៅនោះអាចមើលឃើញពន្លឺថ្ងៃ ឬផ្កាយក្នុងអំឡុងពេលនោះឡើយ។ ពួកអ្នកបើកបរពុំដឹងថាពួកគេមកដល់ទីណាឡើយនៅពេលដែលចាប់ផ្តើមមានព្យុះនោះ។ ពួកគេមានការហត់នឿយ និងពុំមាន «សង្ឃឹមនឹងរួចជីវិត» ឡើយ (កិច្ចការ ២៧:២០)។

សូមអានសាច់រឿងក្នុងកិច្ចការ ២៧:២១-២៦។ តើអ្វីទៅជារឿងបន្ទាប់ដែលលោកប៉ុលចង់ធ្វើដើម្បីជួយពួកគេ?

លោកប៉ុលបានប្រាប់ពួកអ្នកបើកបរថា ព្រះទ្រង់បានផ្តល់សារពិសេសមួយសំរាប់ពួកគេ។ លោកប៉ុលបានប្រាប់ពួកគេកុំឲ្យចុះចាញ់ ឬអស់សង្ឃឹមឡើយ។ មែនហើយ ពួកគេនឹងត្រូវជួបគ្រោះ​ថ្នាក់ច្រើនទៀត ហើយពួកគេក៏ត្រូវបាត់បង់របស់របរជាច្រើនទៀតដែរ។ ប៉ុន្តែគ្មាននរណាម្នាក់ត្រូវស្លាប់ឡើយ។

លោកប៉ុលគឺជាអ្នកបម្រើព្រះដ៏ស្មោះត្រង់ម្នាក់។ ប៉ុន្តែ លោកបានរងទុក្ខលំបាកខ្លាំងណាស់។ ហេតុអ្វីបានជាដូច្នេះ? តើយើងអាចរៀនអ្វីខ្លះពីបទពិសោធន៍របស់លោកប៉ុល?

ថ្ងៃច័ន្ទ ទី២៤ កញ្ញា ឆ្នាំ២០១៨

សំពៅលិច (កិច្ចការ ២៧:៣០-៤៤)

មានមនុស្សចំនួន ២៧៦ នាក់ នៅលើសំពៅដែលលោកប៉ុលជិះនោះ (កិច្ចការ ២៧:៣៧)។ លោកប៉ុលបានប្រាប់មនុស្សគ្រប់គ្នានៅលើសំពៅនោះថា គ្មាននរណាម្នាក់ត្រូវស្លាប់នោះឡើយ។ ប៉ុន្តែ នឹង​មានឧបសគ្គ។ គឺសំពៅនោះនឹងត្រូវលិច (កិច្ចការ ២៧:២២)។ ១៤ថ្ងៃក្រោយមក សំពៅនោះក៏ បាន​លិច​ទៅ​ ដូចដែលលោកប៉ុលបានតឿនប្រាប់ជាមុន។ តើរឿងនេះកើតឡើងយ៉ាងដូចម្តេចដែរ? សំពៅបានត្រូវជួបនឹងខ្យល់ព្យុះដ៏សាហាវមួយ។ សំពៅនោះឋិតនៅឆ្ងាយពីដីគោកណាស់ទៅហើយ។ ពួកអ្នកបើកបរ​គិត​ស្មានថា ពួកគេនៅជិតដីគោកទេដោយសារតែពួកគេអាចឮសូរសន្ធឹកទឹករលកដែលបោកផ្ទប់នឹងច្រាំង (កិច្ចការ ២៧:២៧)។ ពួកគេមានការភ័យខ្លាចថា សំពៅនឹងបុកទង្គិចនឹងថ្មដែលនៅជិតនឹងឆ្នេរ។ ហេតុនោះ ពួកគេក៏បានព្យាយាមស្ទង់មើលថាទឹកមានជំរៅប៉ុនណា។ ពួកគេបាន ទម្លាក់យុថ្កាចំនួន៤ នៅពីក្រោយសំពៅដើម្បីជួយបន្ថយល្បឿន។ ព្រមពេលជាមួយគ្នានោះ ពួកគេក៏បានបួងសួងបន់ស្រន់ដល់ព្រះរបស់ពួកគេឲ្យបានឃើញពន្លឺថ្ងៃដែរ (កិច្ចការ ២៧:២៨, ២៩)។

សូមអានសាច់រឿងក្នុងកិច្ចការ ២៧:៣០-៤៤។ តើមានមេរៀនអ្វីខ្លះសំរាប់យើងដែល ឃើញមានក្នុងរឿងនេះ?

លោកមេទ័ពយូលាសមានសន្តានចិត្តល្អចំពោះលោកប៉ុលតាំងពីចាប់ផ្តើមដំណើររបស់ពួកគេឆ្ពោះទៅក្រុងរ៉ូមម៉្លេះ។ ប៉ុន្តែលោកយូលាសពុំមានហេតុផលពិសេសណាមួយដែលត្រូវជឿទុកចិត្តលោកប៉ុលឡើយ។ ប៉ុន្តែមុនពេលដែលសំពៅចាកចេញពីទ្វារសមុទ្រលំអ លោកប៉ុលបានតឿនប្រាប់ បណ្តាជនថាសំពៅរបស់ពួកគេនឹងលិច។ ពាក្យដាស់តឿនរបស់លោកប៉ុលធ្វើឲ្យលោកយូលាសមាន ការគោរពដោយសារតែលោកបានតឿនប្រាប់បណ្តាជនជាមុនថា សំពៅរបស់ពួកគេនឹងបែកបាក់ជាបំណែកមុនពេលដែលរឿងនោះបានកើតឡើង (កិច្ចការ ២៧:២១-២៦)។

មុនពេលដែលសំពៅលិច លោកប៉ុលបានប្រាប់មនុស្សទាំងឡាយនៅលើសំពៅឲ្យបរិភោគ សិន។ ប្រសិនបើពួកគេមិនបរិភោគទេ ពួកគេនឹងពុំមានកម្លាំងគ្រប់គ្រាន់សំរាប់ហែលទៅកាន់ច្រាំងឡើយ។ ដំបូន្មានរបស់លោកនេះក៏ជាមេរៀនមួយសំរាប់យើងផងដែរ។ ព្រះទ្រង់ចង់ឲ្យយើងបំពេញ តួនាទីរបស់យើង។ «រឿងនេះបង្ហាញប្រាប់យើងអំពីរបៀបដែលព្រះ និងមនុស្សត្រូវធ្វើការជាមួយគ្នា។ ព្រះទ្រង់បានផ្តល់ក្តីសង្ឃឹមដល់ពួកអ្នកបើកបរសំពៅថា ព្រះអង្គនឹងថែរក្សាពួកគេឲ្យមានសុវត្ថិភាព។ ប៉ុន្តែពួកគេក៏ត្រូវតែធ្វើនូវចំណែករបស់ខ្លួនដើម្បីឲ្យពួកគេប្រាកដច្បាស់ក្នុងចិត្តថាពួកគេមានសុវត្ថិភាពផងដែរ»។ ដកស្រង់ David J. Williams, Acts (Grand Rapids, MI: Baker Books, 1990), page 438, adpated ។

បន្ទាប់មកពេលព្រឹកក៏បានមកដល់។ ពួកអ្នកបើកបរក៏បានឃើញដីគោកដែលមានឆ្នេរមួយកន្លែង។ ពួកគេក៏បានសំរេចចិត្តថាពួកគេនឹងចតសំពៅនៅទីនោះ។ ប៉ុន្តែសំពៅនោះគ្មានសំណាងបានប៉ះឆ្នេរនោះឡើយ។ នៅតាមផ្លូវទៅកាន់ឆ្នេរនោះ សំពៅក៏បុកនឹងភ្នំខ្សាច់ធំមួយនៅក្នុងទឹកធ្វើឲ្យសំពៅបែកបាក់ជាបំណែក។ ពួកទាហានមានផែនការនឹងសំឡាប់អ្នកទោសចោលដើម្បីកុំឲ្យពួកគេរត់គេច។ ប៉ុន្តែលោកយូលាសបានរារាំងផែនការរបស់ពួកគេដោយសារយល់ដល់លោកប៉ុល។ ទីបំផុត គ្មាន នរណាម្នាក់ស្លាប់ឡើយ គឺដូចដែលព្រះទ្រង់បានសន្យាមែន។

លោកយូលាសបានរារាំងទាហានរបស់លោកមិនឲ្យសំឡាប់ដល់អ្នកទោសទាំងឡាយដោយសារយល់ដល់លោកប៉ុល។ តើរឿងនេះប្រាប់យើងអ្វីខ្លះអំពីអានុភាពនៃការធ្វើបន្ទាល់របស់លោកប៉ុលថ្វាយព្រះជាម្ចាស់?

ថ្ងៃអង្គារ ទី២៥ កញ្ញា ឆ្នាំ២០១៨

លោកប៉ុលបានធ្វើដំណើរដល់កោះមេលីត (កិច្ចការ ២៨:១-១០)

សំពៅបានវង្វេងទិសក្នុងសមុទ្រអស់រយៈពេលពីរសប្តាហ៍ហើយ។ ខ្យល់បានបក់បោកនាំ យកសំពៅនោះឲ្យឃ្លាតចេញឆ្ងាយចម្ងាយប្រមាណជិត៨០០គីឡូម៉ែត្រពីទ្វារសមុទ្រលំអ។ មនុស្សម្នានៅលើសំពៅដែលហៀបតែនឹងលិចបានខំហែលទៅរកឆ្នេរ។ បន្ទាប់មកពួកគេបានដឹងថា ពួកគេបាន​មកដល់​កោះមេលីតហើយ។ មេលីតគឺជាកោះតូចមួយនៅចំចំណុចកណ្តាលនៃសមុទ្រមេឌីទែរ៉ាណេ។ កោះ​នេះ​ឋិតនៅខាងត្បូងស៊ីស៊ីលី។ ឥឡូវនេះពួកគេត្រូវរង់ចាំបីខែទម្រាំចប់រដូវរងាទើបពួកគេអាចបន្តដំណើររបស់ពួកគេទៅមុខទៀត (កិច្ចការ ២៨:១១)។

សូមអានរឿងនៅក្នុងកិច្ចការ ២៨:១-១០។ តើមានអ្វីកើតឡើងក្នុងរឿងនេះចំពោះលោក ប៉ុលនៅលើកោះមេលីត? តើព្រះទ្រង់អាចប្រើលោកប៉ុលឲ្យធ្វើបន្ទាល់ដល់មនុស្សដទៃទៀតអំពីសេចក្តី ពិតដោយរបៀបណា?

មនុស្សម្នានៅលើកោះមេលីតមានភាពរួសរាយរាក់ទាក់ និងសន្តានចិត្តល្អចំពោះលោក​ប៉ុល​។ លោកប៉ុល និងក្រុមរបស់លោកមានសំលៀកបំពាក់សើម និងរងានៅពេលដែលពួកលោកបានម​ក​ដល់ឆ្នេរ។ ហេតុនោះ រឿងដំបូងដែលមនុស្សនៅលើកោះមេលីតត្រូវធ្វើនោះគឺត្រូវដុតភ្លើងដើម្បីឲ្យពួកគេបានអាំង។ សីតុណ្ហភាពនៅលើកោះមេលីតនាពេលនោះគឺទាប​ជាង១០ដឺក្រេសេ។

បន្ទាប់មកមានពស់វែកមួយក្បាលបានខាំលោកប៉ុល។ គ្រប់គ្នាបានបែរមកមើលលោកប៉ុលដោយយកចិត្តទុកដាក់ដោយសារពស់ខាំលោក។ ដំបូង មនុស្សនៅលើកោះនោះជឿថា ពស់ខាំលោកប៉ុលដោយសារតែព្រះកំពុងដាក់ទោសដល់លោកប៉ុលដែលបានធ្វើអ្វីមួយខុស។ ពួកគេគិតថា លោក​ប៉ុលគឺជាឃាតករម្នាក់។ ពួកគេជឿថា លោកប៉ុលបានព្យាយាមគេចចេញពីការស្លាប់ដោយលង់ទឹក។ ប៉ុន្តែ ព្រះនៅតែចាប់លោកមិនឲ្យលង់ទឹកទេ។ ប្រហែលជាមនុស្សនៅលើកោះជឿផងដែរថា ព្រះម៉ែឌីកេបានចាប់លោកប៉ុលចេញពីសមុទ្រ។ ប៉ុន្តែ លោកប៉ុលមិនបានស្លាប់ដោយសារពស់ចឹកឡើយ។ ហេតុនោះ មនុស្សម្នានៅលើកោះមេលីតចាប់ផ្តើមគិតថាលោកប្រាកដជាព្រះវិញ។ រឿងបែបដូចគ្នានេះក៏ធ្លាប់កើតឡើងនៅទីក្រុងលីស្ត្រាកាលពីច្រើនឆ្នាំមុននោះដែរ (កិច្ចការ ១៤:៨-១៨)។ លោកលូកាពុំបានសរសេរច្រើនអំពីការដែលកើតឡើងនៅលើកោះមេលីតទេ។ ប៉ុន្តែ ច្បាស់ណាស់ លោកប៉ុលបានប្រើអ្វីដែលបានកើតឡើងនៅទីនោះធ្វើជាឱកាសដើម្បីជម្រាបប្រាប់មនុស្សម្នានៅលើកោះមេលីតអំពីព្រះរបស់លោក។ មានម្នាក់ក្នុងចំណោមមនុស្សទាំងនោះឈ្មោះពូព្លាស។

តើពូព្លាសជាអ្នកណា? គាត់ប្រហែលជាអ្នកគ្រប់គ្រងសាសន៍រ៉ូមម្នាក់នៅលើកោះមេលីត។ បើពុំដូច្នោះទេ ប្រហែលជាគាត់ជាអ្នកមាននិងសំខាន់ម្នាក់។ លោកបានទទួលស្វាគមន៍លោកប៉ុល និងក្រុមរបស់លោកអស់រយៈពេលបីថ្ងៃទម្រាំតែពួកគេអាចរកកន្លែងផ្សេងទៀតស្នាក់នៅបាន។ លោកប៉ុល បានព្យាបាលឪពុករបស់លោកពូព្លាស។ បាដិហារ្យនេះបានផ្តល់ឱកាសឲ្យលោកប៉ុលធ្វើកិច្ចការ សំរាប់ព្រះក្នុងនាមជាអ្នកព្យាបាលម្នាក់។ លោកប៉ុលបានព្យាបាលមនុស្សជាច្រើននៅលើកោះមេលីត។ តើ​មាននរណាម្នាក់នៅលើកោះមេលីតទទួលជឿ​ព្រះយេស៊ូវដែរឬទេ? លោកលូកាពុំបានកត់ត្រាពីរឿង​នេះ​ទេ។ ប៉ុន្តែរឿងអំពីលោកប៉ុលនេះបង្ហាញថា កាលណាយើងធ្វើកិច្ចការរបស់ព្រះយើងត្រូវតែយក​ចិត្ត ទុកដាក់ដល់មនុស្សទាំងឡាយ និងសេចក្តីត្រូវការរបស់ពួកគេ។ កិច្ចការនេះក៏ជាផ្នែកដ៏សំខាន់មួយនៃ ដំណឹងល្អអំពីព្រះយេស៊ូវដែរ (កិច្ចការ ២០:៣៥, សូមអានទីតុស ៣:១៤ ផងដែរ)។

ថ្ងៃពុធ ទី២៦ កញ្ញា ឆ្នាំ២០១៨

ទីបំផុត លោកប៉ុលក៏បានទៅដល់ទីក្រុងរ៉ូម (កិច្ចការ ២៨:១៧-២២)

លោកប៉ុល និងក្រុមរបស់លោកបានស្នាក់នៅលើកោះមេលីតអស់រយៈពេលបីខែ។ បន្ទាប់មកពួកគេអាចបន្តដំណើររបស់ពួកគេទៅមុខទៀត (កិច្ចការ ២៨:១១)។ ពួកគេបានមកដល់ពូទីយ៉ូលី (កិច្ច ការ ២៨:១៣) ដែលឋិតនៅឈូងសមុទ្រណាប៉ល្ស។ ចេញពីទីនោះ ពួកគេក៏បានធ្វើដំណើរតាមផ្លូវគោកវិញម្តង (សូមអាន កិច្ចការ ២៨:១១-១៦)។

ដំណឹងស្តីអំពីការមកដល់ស្រុកអ៊ីតាលីរបស់លោកប៉ុលបានឮទៅដល់ទីក្រុងរ៉ូមយ៉ាងឆាប់ រហ័ស​។ មានពួកអ្នកខ្លះពីទីក្រុងរ៉ូមបានធ្វើដំណើរជាច្រើនគីឡូម៉ែត្រឆ្ពោះទៅទិសខាងត្បូងដើម្បីទទួល ស្វាគមន៍លោកប៉ុល។ លោកប៉ុលពុំធ្លាប់ដែលបានធ្វើដំណើរមកកាន់ទីក្រុងរ៉ូមពីមុនទេ។ ប៉ុន្តែ លោកមានមិត្តភក្តិជាច្រើនដែលរស់នៅទីក្រុងនេះ។ តើពួកគេជាអ្នកណាខ្លះ? សាច់ញាតិ មិត្តភក្តិរួមការងារ គ្រីស្ទាន និងមនុស្សដទៃទៀតដែលស្រឡាញ់ចូលចិត្តលោកប៉ុល (រ៉ូម ១៦:៣-១៦)។ ប្រាកដណាស់ ការជួបគ្នារវាងលោកប៉ុល និងពួកអ្នកជឿបានប៉ះពាល់ដល់ចិត្តថ្លើមពួកគេយ៉ាងជ្រាលជ្រៅគ្រប់ៗគ្នា។ សរុបសេចក្តីមក លោកប៉ុលសមតែនឹងស្លាប់ក្នុងកាលដែលសំពៅបាក់បែកនោះទៅហើយពីព្រោះលោកជាប់ច្រវាក់។ សេចក្តីស្រឡាញ់ដែលមិត្តភក្តិរបស់លោកប៉ុលមានចំពោះរូបលោកបានប៉ះពាល់​ចិត្តថ្លើម​គាត់។ លោកប៉ុលបានថ្លែងអំណរគុណដល់ព្រះសំរាប់សេចក្តីស្រឡាញ់របស់ពួកគេ។ កាយវិការនេះ បានផ្តល់​សេចក្តី​សង្ឃឹមដល់លោកប៉ុលឲ្យបន្តដំណើរទៅមុខដើម្បីតតាំងក្តីនៅទីក្រុងរ៉ូម។

លោកភេស្ទុសទំនងជាសរសេរក្នុងសំបុត្ររបស់លោកអំពីប៉ុលថា លោកប៉ុលពុំបានធ្វើខុសច្បាប់របស់សាសន៍រ៉ូមណាមួយឡើយ (កិច្ចការ ២៥:២៦, ២៧, កិច្ចការ ២៦:៣១, ៣២)។ រឿងនោះ អាចជួយពន្យល់ថាហេតុអ្វីបានជាគេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅក្នុងផ្ទះជួល (កិច្ចការ ២៨:៣០) និងមិនត្រូវជាប់គុកឡើយ។ ប៉ុន្តែមានទាហានម្នាក់ចាំយាមការពារលោកប៉ុល។ នោះគឺជាច្បាប់រ៉ូមសំរាប់អ្នកទោសទាំងឡាយ។ លោកលូកាប្រាប់យើងថា លោកប៉ុលអាចរកលុយបង់ថ្លៃផ្ទះរបស់លោកបាន។ តើលោកប៉ុលរកលុយសំរាប់បង់ថ្លៃជួលនោះដោយរបៀបណា? ច្បាស់ណាស់ លោកប៉ុលអាចបន្តធ្វើការជាអ្នកដេរតង់ និងអាចរកលុយបានផងដែរ (កិច្ចការ ១៨:៣)។

សូមអានកិច្ចការ ២៨:១៧-២២។ តើលោកប៉ុលធ្វើអ្វីខ្លះភ្លាមៗក្រោយដែលបានចូលទៅ រស់នៅក្នុងផ្ទះរបស់លោកនេះ?

លោកប៉ុលមិនបានចេញទៅសួរសុខទុក្ខពួកសាសន៍យូដានៅទីក្រុងទេ។ ហេតុនោះ លោកប៉ុលបានសូមឲ្យមេដឹកនាំសាសន៍យូដានៅមូលដ្ឋានមកជួបលោកវិញ។ លោកបានជម្រាបប្រាប់​ពួក​គេ ថា លោកពុំមានទោសដោយបទឧក្រិដ្ឋណាមួយដូចដែលពួកសាសន៍យូដាបានចោទប្រកាន់រូបលោកឡើយ។ លោកពន្យល់ថា ពួកសាសន៍រ៉ូមបានចាប់ខ្លួនដោយសារតែអ្វីដែលលោកជឿអំពីព្រះយេស៊ូវ (កិច្ចការ ២៣:៦, កិច្ចការ ២៤:១៥, កិច្ចការ ២៦:៦-៨)។ លោកប៉ុលពុំមែនព្យាយាមដោះសាខ្លួនឯងឡើយ។ លោកគ្រាន់តែចង់ឲ្យមេដឹកនាំសាសន៍យូដាជឿទុកចិត្តលោកដើម្បីឲ្យលោកអាចអធិប្បាយ ដំណឹងល្អអំពីព្រះយេស៊ូវដល់ពួកគេប៉ុណ្ណោះ។ ពួកសាសន៍យូដាមានការភ្ញាក់ផ្អើលណាស់ដែលគ្មាន នរណាម្នាក់ពីក្រុងយេរូសាឡិមប្រាប់ពួកគេអំពីរឿងលោកប៉ុលសោះ។ ហេតុនោះ ក៏បានសំរេចចិត្តស្តាប់ ការបង្ហាត់បង្រៀនរបស់លោកប៉ុលអំពីព្រះយេស៊ូវ។

សូមអានកិច្ចការ ២៨:២២។ តើខនេះប្រាប់យើងអ្វីខ្លះអំពីកំហឹងរបស់មនុស្សជាច្រើនទាស់នឹងពួកគ្រីស្ទាននៅគ្រានោះ? តើយើងអាចរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះជំនឿរបស់យើង ដែល​ អ្នកដទៃទៀតគេមិនជឿដូចជាយើងដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២៧​ កញ្ញា ឆ្នាំ២០១៨

អានុភាពនៃដំណឹងល្អ (កិច្ចការ ២៨:២៤-៣១)

ពូកសាសន៍យូដាក្នុងទីក្រុងរ៉ូមមួយក្រុមធំបានចូលមកស្តាប់លោកប៉ុលអធិប្បាយដំណឹងល្អអំពីព្រះយេស៊ូវ (កិច្ចការ ២៨:២៣)។

សូមអាន កិច្ចការ ២៨:២៤-៣១។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង ហេតុអ្វីបានជា លោកប៉ុលបញ្ចប់សេចក្តីអធិប្បាយរបស់លោកដោយខគម្ពីរពីអេសាយទៅវិញ?

ខគម្ពីរដែលលោកប៉ុលបានចែកចាយជាមួយនឹងពួកសាសន៍យូដាគឺបានដកស្រង់ពីគម្ពីរអេសាយ ៦:៩, ១០។ ខទាំងនេះបង្ហាញប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងកាលណាមនុស្សបដិសេធមិនទទួលសេចក្តីពិតរបស់ព្រះ។ មានសាសន៍យូដាខ្លះបានជឿលើសារស្តីអំពីព្រះយេស៊ូវ​របស់លោក​ប៉ុល។ រីឯសាសន៍យូដាដទៃទៀតពុំជឿទេ។ មានសាសន៍យូដាជាច្រើនបានបែរចេញពីអ្វីដែល​លោក​ប៉ុល​បានមានប្រសាសន៍ប្រាប់គេ។ ហេតុនោះ លោកប៉ុលក៏បានផ្សាយប្រាប់អំពីដំណឹងល្អទៅពួកមនុស្ស​ក្រៅសាសន៍ក្នុងទីក្រុងរ៉ូមវិញ (កិច្ចការ ១៣:៤៦, ៤៧, កិច្ចការ ១៨:៦)។

លោកប៉ុលត្រូវរង់ចាំអស់រយៈពេលពីរឆ្នាំមុននឹងឈរតតាំងក្តីនៅមុខមហារាជនៃប្រទេសរ៉ូម។ ខណៈដែលលោកប៉ុលត្រូវរង់ចាំក្នុងផ្ទះនោះ លោកបានចែកចាយដំណឹងល្អជាមួយមនុស្សគ្រប់គ្នាដែលបានមកលេងនឹងគាត់។ ជំពូកចុងក្រោយនៃកណ្ឌគម្ពីរកិច្ចការបង្ហាញប្រាប់យើងពីអានុភាពនៃដំណឹងល្អ។ គ្មានអ្វីអាចរារាំងដំណឹងល្អបានឡើយ។

មូលហេតុដែលលោកលូកាបញ្ចប់កណ្ឌគម្ពីរកិច្ចការជាមួយនឹងសាច់រឿងនេះហាក់ដូចជាមិនទាន់ច្បាស់នៅឡើយ។ យើងដឹងថា ក្រោយមកលោកប៉ុលក៏មានសេរីភាព។ លោកក៏បានបន្តដំណើរ មួយលើកទៀតដើម្បីចែកចាយដំណឹងល្អ។ បន្ទាប់មកទៀត លោកក៏ត្រូវបានចាប់ខ្លួន និងត្រូវបានបញ្ជូន ទៅក្រុងរ៉ូមក្នុងនាមជាអ្នកទោសសាជាថ្មីទៀត ហើយត្រូវគេសំឡាប់នៅទីនោះ (ធីម៉ូថេទី២ ៤:៦-៨)។ ហេតុអ្វីបានជាលោកលូកាបញ្ចប់កណ្ឌគម្ពីររបស់លោកដោយមិនរៀបរាប់រឿងបន្ថែមអំពី លោកប៉ុល ឲ្យអស់សេចក្តីទៅ? ប្រហែលជាដោយសារមូលហេតុរបស់លោកលូកាសំរាប់សរសេរសៀវភៅកិច្ចការគឺដើម្បីបង្ហាញយើងអំពីរបៀបដែលដំណឹងល្អនឹងត្រូវផ្សាយប្រាប់ទៅមនុស្សទាំងអស់នៅលើផែនដី សូម្បីតែទីក្រុងរ៉ូមក៏ដោយ។ នៅពេលដែលពួកសាសន៍រ៉ូមបានដោះលែងលោកប៉ុលឲ្យមាន សេរីភាព នោះដំណឹងល្អក៏បានផ្សាយ «ទៅដល់ចុងបំផុតនៃផែនដី» រួចទៅហើយ (កិច្ចការ ១:៨)។ ម៉្លោះហើយ រឿងនោះក៏អាចជាមូលហេតុដែលលោកលូកាពុំបានបន្ថែមសាច់រឿងអំពីលោកបន្ថែម​ទៀតនោះ។

«លោកប៉ុលមានការអត់ធ្មត់ និងមានអំណរក្នុងអំឡុងពេលដែលជាប់គុកក្នុងទីក្រុងរ៉ូម។ សេចក្តីក្លាហាន និងសេចក្តីជំនឿរបស់លោកគឺជាសេចក្តីអធិប្បាយមួយបែប។ វិញ្ញាណរបស់លោកពុំមែនដូចជាវិញ្ញាណរបស់មនុស្សលោកនៅលើផែនដីនេះទេ។ វិញ្ញាណរបស់លោកបង្ហាញប្រាប់មនុស្សគ្រប់គ្នាថា ព្រះទ្រង់គង់នៅជាមួយនឹងលោក។ គំរូរបស់លោកប៉ុលនាំឲ្យគ្រីស្ទានជាច្រើនធ្វើការគ្រប់ យ៉ាងដែលខ្លួនអាចធ្វើបានដើម្បីចែកចាយដំណឹងល្អនៅគ្រប់ទីកន្លែងទាំងអស់។ ច្រវាក់ខ្នោះឃ្នាងរបស់លោកប៉ុលបានជួយបំផ្លាស់បំប្រែខ្សែជីវិតរបស់មនុស្សដទៃៗទៀតតាមរបៀបទាំងនេះឯង»។ ដកស្រង់ ពី (Ellen G. White, The Acts of the Apostles, page 464, adapted)។

កណ្ឌគម្ពីរកិច្ចការនៅមិនទាន់បញ្ចប់នៅឡើយទេ។ ឥឡូវនេះគឺជាវេនរបស់យើងរាល់គ្នាដែលត្រូវបន្ថែមសេចក្តីចូលទៅក្នុងជំពូកចុងក្រោយបង្អស់។ វាគឺជាវេនរបស់យើងដើម្បីបង្ហើយកិច្ចការ​ដែល ព្រះយេស៊ូវបានប្រទានដល់អ្នកដើរតាមព្រះអង្គ។ នៅពេលដែលយើងធ្វើផ្នែករបស់យើង «នោះទើប​នឹងបានដល់ចុងបំផុត» (ម៉ាថាយ ២៤:១៤)។

ថ្ងៃសុក្រ ទី២១ កញ្ញា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ព្រះយេស៊ូវទ្រង់បានប្រទាននូវកាតព្វកិច្ចដ៏បរិសុទ្ធមួយដល់ពួកជំនុំ។ សមាជិក ព្រះវិហារគ្រប់ៗរូបគួរតែអនុញ្ញាតឲ្យព្រះប្រើរូបគាត់ ឬរូបនាង ឲ្យចែកចាយនូវដំណឹងស្តីអំពីកំណប់ទ្រព្យដ៏វិសេសរបស់ព្រះដល់មនុស្សគ្រប់គ្នា។ តើកំណប់ទ្រព្យដ៏វិសេសរបស់ព្រះអង្គនោះគឺជាអ្វី? គឺជា​ព្រះ​គុណរបស់ព្រះនោះឯង។ (ព្រះគុណគឺជាអំណោយទានរបស់ព្រះដែលពោរពេញដោយសេចក្តីមេត្តា ករុណា ការអត់ទោស និងអំណាចដែលឈ្នះលើបាប)។ កំណប់ទ្រព្យដ៏វិសេសរបស់ព្រះក៏ជាភោគសម្បត្តិដែលមានក្នុងអង្គព្រះយេស៊ូវដែរ។ មនុស្សលោកធម្មតាមិនអាចយល់ទាំងស្រុងអំពីភោគសម្បត្តិទាំងនេះបានឡើយ។ ព្រះយេស៊ូវសព្វព្រះទ័យចង់ឲ្យរាស្ត្ររបស់ព្រះអង្គបង្ហាញព្រះវិញ្ញាណ និងសេចក្តី ស្រឡាញ់របស់ព្រះអង្គដល់មនុស្សដទៃទៀតនៅលើផែនដីនេះពន់ពេកណាស់។ មនុស្សម្នាទាំងឡាយនៅលើផែនដីនេះក៏ត្រូវការសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវខ្លាំងណាស់ដែរ។ ពួកគេត្រូវការឃើញវាលេចចេញក្នុងជីវិតរាស្ត្ររបស់ព្រះ។ គ្រប់ទេពនិករនៃឋានសួគ៌កំពុងទន្ទឹងរង់ចាំឲ្យបុរសស្ត្រីទាំង​ឡាយ​ដែល អនុញ្ញាតឲ្យព្រះប្រើប្រាស់ពួកគេបង្ហាញទៅអ្នកដទៃនូវអានុភាពនៃការរស់នៅជាជីវិតគ្រីស្ទានពិតប្រាកដ»។ ដកស្រង់ពី (Ellen G. White, The Acts of the Apostles, page 600, adapted)។

«ព្រះទ្រង់រង់ចាំឲ្យពួកជំនុំទាំងមូលនាំគ្នាបម្រើដល់មនុស្សដទៃៗទៀត។ នៅពេលរឿងនោះ​កើតឡើង គ្រប់គ្នាក្នុងពួកជំនុំនឹងនាំយកជំនាញ ទេពកោសល្យ និងអំណោយទានផ្សេងៗដែលព្រះអង្គបានប្រទានដល់ពួកគេមកធ្វើការថ្វាយព្រះអង្គ។ សមាជិកព្រះវិហារត្រូវធ្វើកិច្ចការដែលព្រះទ្រង់បាន ប្រទានដល់ពួកគេនៅឯផ្ទះ ឬនៅកន្លែងឆ្ងាយដែលព្រះអង្គសព្វព្រះទ័យឲ្យពួកគេធ្វើ។ កាលណាពួកគេ ធ្វើកិច្ចការទាំងនេះ នោះមិនយូរទេគ្រប់គ្នានៅលើផែនដីនេះនឹងបានដឹងថាព្រះយេស៊ូវទ្រង់នឹងយាងមក​ដោយនូវអំណាច និងសិរីល្អយ៉ាងខ្លាំង» (ដកស្រង់ពីប្រភពដដែល page 111, adapted)។

សំនួរពិភាក្សា៖
  1. តើលោកលូកាបង្ហាញប្រាប់យើងអំពីសេចក្តីជំនឿរបស់លោកប៉ុលក្នុងអំឡុងពេលធ្វើដំណើរទៅ​កាន់ទីក្រុងរ៉ូមដោយរបៀបណា? តើសេចក្តីជំនឿរបស់លោកប៉ុលបំផ្លាស់បំប្រែមនុស្សដទៃទៀតដោយរបៀបយ៉ាងដូចម្តេចដែរ?

  2. លោកប៉ុលពេលខ្លះក៏មានបទពិសោធន៍ដ៏លំបាកខ្លាំងណាស់ដែរក្នុងជីវិត។ ប៉ុន្តែលោកមិនដែលបោះបង់សេចក្តីជំនឿរបស់លោក ឬឈប់ធ្វើការថ្វាយព្រះជាម្ចាស់ឡើយ។ ក្នុងទីក្រុងរ៉ូម លោកប៉ុលគឺ​ជាអ្នកទោសម្នាក់ ប៉ុន្តែលោកនៅតែបន្តអធិប្បាយដូចធម្មតាអ៊ីចឹង។ តើគំរូរបស់លោកប៉ុលអាចជួយយើងអ្វីខ្លះនៅពេលដែលយើងជួបការលំបាកហើយលែងចង់់ចែកចាយដំណឹងទៅកាន់នរណាម្នាក់នោះ?

  3. សូមអានខគម្ពីររ៉ូម ១:១៤, ១៥។ ហេតុអ្វីបានជាលោកប៉ុលមានអារម្មណ៍ថា នោះគឺជាកាតព្វកិច្ច របស់លោកដែលត្រូវអធិប្បាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់ទៅមនុស្សគ្រប់គ្នា? តើយើងកំពុងតែមានកាតព្វកិច្ចដូចគ្នានឹងលោកប៉ុលដែរឬទេ? សូមគិតអំពីសេចក្តីពិតនេះ៖ «កិច្ចការដែលសំខាន់បំផុតនៃ គ្រីស្ទានគ្រប់គ្នាគឺគួរតែជាការសង្គ្រោះមនុស្ស។ ព្រះទ្រង់បានប្រទានព្រះគុណដល់យើងរាល់គ្នា។ ព្រះអង្គ បានប្រទានពន្លឺដល់យើង។ ព្រះអង្គបានបង្ហាញដល់យើងនូវសេចក្តីពិតដ៏ផូរផង់និងពោរពេញដោយអានុភាព។ យើងត្រូវតែដឹងគុណដល់ព្រះអង្គវិញតាមរយៈការចែកចាយបន្តដល់មនុស្សដទៃទៀត»។ ដកស្រង់ពី (Ellen G. White, Testimonies for the Church, volume 4, page 53, adapted)។
Powered by CAM