ថ្ងៃសៅរ៍ ទី២២ ធ្នូ ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូហាន ១៤:១‑៣, អេសាយ ១១:១‑១០, វិវរណៈ ២១:១‑៥, ថែស្សាឡូនីចទី១ ៤:១៣‑១៨, អេសាយ ៣៥:៤‑១០ ។
ខចងចាំ៖ «យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលប្រកបដោយសេចក្ដីសុចរិត តាមព្រះបន្ទូលសន្យា» (ពេត្រុសទី២ ៣:១៣, ព្រះគម្ពីរខ្មែរបច្ចុប្បន្ន)។
សេចក្តីសន្យាដ៏ធំបំផុតមួយ ដែលព្រះទ្រង់ប្រទានដល់យើងនៅក្នុងព្រះគម្ពីរគឺការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ។ សេចក្តីសន្យានោះ និងអត្ថន័យនៃសេចក្តីសន្យានោះគឺជាហេតុផលដែលនាំឲ្យ យើងមានក្តីសង្ឃឹម។ នៅពេលដែលព្រះេយស៊ូវយាងត្រឡប់មកវិញនៅនាពពក អ្វីៗទាំងអស់ រួមទាំងរបស់ដែលមនុស្សលោកបង្កើតមកផងនឹងវិនាសបាត់អស់។ បន្ទាប់ពីនោះ ១០០០ ឆ្នាំ ផែនដីនេះនឹងត្រូវបានស្តារជាថ្មីឡើងវិញ។ វានឹងក្លាយជាលំនៅឋានសំរាប់មនុស្សលោកដែលបានសង្គ្រោះហើយ។ ព្រះយេស៊ូវបានបង្រួបបង្រួមមនុស្សលោកជាមួយនឹងព្រះជាម្ចាស់ នៅគ្រាដែលព្រះអង្គយាងមកវិញលើកទីពីរនោះឯង។ បន្ទាប់មក ពួកគេនឹងរស់នៅលើផែនដីនេះជាមួយគ្នាជារៀងរហូត។
សេចក្តីសង្ឃឹមរបស់យើងលើការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវគឺជាសេចក្តីបង្រៀនមួយដ៏សំខាន់បំផុតក្នុងព្រះគម្ពីរសញ្ញាថ្មី។ អស់រយៈកាលជាច្រើនរយឆ្នាំហើយ ដែលពួកគ្រីស្ទានបានរង់ចាំព្រះយេស៊ូវយាងត្រឡប់មកវិញ។ ក្នុងនាមជាអ្នកសេវេនដេយ៍អាត់វេនទីស្ទ យើងចង់ឲ្យព្រះអង្គយាងត្រឡប់មកវិញ។ ឈ្មោះរបស់យើងផ្ទាល់ក៏មានន័យថា យើងសង្ឃឹមថាព្រះអង្គនឹងយាងត្រឡប់មកវិញឆាប់ៗ។
ក្នុងមេរៀនចុងក្រោយនេះ យើងនឹងក្រឡេកមើលសេចក្តីសន្យានៃការយាងមកវិញលើកទីពីរ និងពីរបៀបដែលវាជួយយើងឲ្យមានការរួបរួមគ្នា។ ការរួបរួមគ្នាគឺជាការព្រមព្រៀងគ្នា និងសេចក្តីសុខសាន្តក្នុងអង្គព្រះយេស៊ូវ។ ការរួបរួមគ្នាគឺជាការព្រមព្រៀងគ្នារបស់ពួកជំនុំពេលដែលព្រះយេស៊ូវបង្រួបង្រួមយើងឲ្យមានចិត្តតែមួយ គំនិតតែមួយ និងសេចក្តីពិតតែមួយ។ សេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នាដែល ព្រះយេស៊ូវប្រទានដល់យើង ជាញឹកញាប់ រងការប៉ះទង្គិចដោយសារតែភាពកម្សោយរបស់យើង។ ប៉ុន្តែ នៅគ្រាការយាងមកវិញលើកទីពីរ យើងនឹងរួបរួមគ្នាជាមួយនឹងព្រះអម្ចាស់ និងរស់នៅជាមួយគ្នាជាគ្រួសារតែមួយវិញ។
ថ្ងៃអាទិត្យ ទី២៣ ធ្នូ ឆ្នាំ២០១៨
សេចក្តីសន្យាអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ
ខគម្ពីរយ៉ូហាន ១៤:១‑៣ គឺជាសេចក្តីសន្យាដ៏ល្បីជាងគេអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ។ តើសេចក្តីសន្យានេះប្រាប់លោកអ្នកអ្វីខ្លះអំពីជីវិតដែលប្រជារាស្ត្ររបស់ព្រះនឹងត្រូវរស់នៅលើផែនដីថ្មី?
ពួកគ្រីស្ទានគម្ពីរសញ្ញាថ្មីនិយាយថា ការយាងមកលើកទីពីររបស់ព្រះយេស៊ូវគឺជា «សេចក្តីសង្ឃឹមដ៏មានពរ» (ទីតុស ២:១៣)។ ពួកគេបានទន្ទឹងរង់ចាំឲ្យគ្រប់ទាំងសេចក្តីសន្យារបស់ព្រះគម្ពីរបានសម្រេចឡើងនៅពេលនោះ។ មនុស្សដែលស្រឡាញ់ព្រះយេស៊ូវគេរង់ចាំដោយអំណរ និងសង្ឃឹមសំរាប់ថ្ងៃនោះដែលពួកគេនឹងបានជួបព្រះអង្គទល់មុខនឹងមុខ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរយ៉ូហាន ១៤:១‑៣ បានឲ្យតម្រុយថា យើងនឹងបាននៅជិតស្និទ្ធជាមួយនឹងព្រះយេស៊ូវ និងរស់នៅជុំគ្នាជាមួយព្រះអង្គនឹងមនុស្សដទៃផ្សេងទៀតបន្ទាប់ពីព្រះអង្គយាងត្រឡប់មកវិញ។
ក្នុងនាមជាគ្រីស្ទាន យើងជឿលើការយាងមកវិញលើកទីពីរពីព្រោះព្រះគម្ពីរសន្យាប្រាប់យើងថាវានឹងកើតឡើង។ យើងមានក្តីសង្ឃឹមនេះដោយសារយើងជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូវថា៖ «ខ្ញុំនឹងត្រឡប់មកវិញ» (យ៉ូហាន ១៤:១)។ ព្រះគម្ពីរបានប្រាប់យើងអំពីការយាងមកលើកទីមួយរបស់ព្រះយេស៊ូវមុនពេលដែលរឿងនោះកើតឡើង។ ព្រះគម្ពីរក៏បានប្រាប់យើងអំពីការយាងមកវិញលើកទីពីរដែរ។ យើងក៏អាចរកឃើញខគម្ពីរខ្លះអំពីការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវនៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ឧទាហរណ៍៖ កាលពីមួយពាន់ឆ្នាំមុនព្រះយេស៊ូវយាងមកកាន់ផែនដីនេះ ស្តេចដាវីឌបានសរសេរអំពីការយាងមកវិញលើកទីពីរ។ ព្រះអង្គបានរៀបរាប់ថា ព្រះអង្គសង្គ្រោះនឹងយាងមកបង្រួបង្រួមរាស្ត្ររបស់ព្រះឲ្យរួមគ្នាមកតែមួយឡើងវិញ។ ស្តេចដាវីឌកត់ត្រាថា៖ «ព្រះនៃយើងខ្ញុំទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជំរះរាស្ត្ររបស់ទ្រង់ថា ចូរប្រមូលពួកអ្នកបរិសុទ្ធរបស់អញ ឲ្យមកឯណេះ គឺជាពួកដែលបានតាំងសញ្ញានឹងអញដោយថ្វាយយញ្ញបូជា» (ទំនុកតម្កើង ៥០:៣‑៥)។
មុនពេលទឹកជំនន់ ព្រះទ្រង់បានប្រាប់លោកអេណុកថា ព្រះអង្គសង្គ្រោះនឹងយាងមកក្នុងសិរីល្អដើម្បីបញ្ចប់អំពើបាប។ លោកអេណុកមានប្រសាសន៍ថា «មើល ព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធទ្រង់ទាំងសល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ ហើយនឹងរំឭកពួកទមិលល្មើសទាំងអម្បាលម៉ាន ឲ្យដឹងខ្លួនពីគ្រប់ទាំងការទមិលល្មើស ដែលគេបានប្រព្រឹត្តធ្វើ ដោយចិត្តល្មើស ហើយពីអស់ទាំងសេចក្ដីរឹងទទឹងទាំងប៉ុន្មាន ដែលអស់ពួកទមិលល្មើសដ៏មានបាបទាំងនោះ បានពោលទាស់នឹងទ្រង់» (យូដាស ខ១៤, ១៥)។
ការយាងមកលើកទីពីរទាក់ទងគ្នាយ៉ាងជិតស្និទ្ធទៅនឹងការយាងមកលើកទីមួយរបស់ព្រះអង្គ។ មុនពេលព្រះអង្គយាងមកកាន់ផែនដីនេះលើកទីមួយ ព្រះគម្ពីរបានប្រាប់យើងអំពីកំណើតរបស់ព្រះយេស៊ូវ និងកិច្ចការរបស់ព្រះអង្គដែលត្រូវធ្វើនៅលើផែនដីនេះសំរាប់ព្រះជាម្ចាស់។ យើងអាចអានសេចក្តីសន្យាទាំងនេះនៅក្នុងខគម្ពីរ លោកុប្បត្តិ ៣:១៥, មីកា ៥:២, អេសាយ ១១:១, និងដានីយ៉ែល ៩:២៥, ២៥។ សេចក្តីសន្យាអំពីការយាងមកលើកទីមួយទាំងនេះផ្តល់ហេតុផលជាច្រើនដល់យើងសំរាប់សេចក្តីសង្ឃឹម និងការជឿទុកចិត្តរបស់យើងលើការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ (ហេព្រើរ ៩:២៦, ២៨)។
តើលោកអ្នករកឃើញសេចក្តីសង្ឃឹម និងការលើកទឹកចិត្តអ្វីខ្លះនៅក្នុងសេចក្តីសន្យានៃការយាងមកវិញលើកទីពីរ?
ថ្ងៃច័ន្ទ ទី២៤ ធ្នូ ឆ្នាំ២០១៨
ព្រះទ្រង់សន្យាថា នឹងធ្វើទាំងអស់ជាថ្មីឡើងវិញ
ព្រះទ្រង់បានផ្តល់សេចក្តីសន្យាមួយដល់សាសន៍អ៊ីស្រាអែលក្នុងខគម្ពីរអេសាយ ១១:១‑១០។ តើសេចក្តីសន្យានេះប្រាប់យើងអ្វីខ្លះអំពីផ្ទះដែលរាស្ត្ររបស់ព្រះនឹងរស់នៅជារៀងរហូតនោះ?
ព្រះគម្ពីរចាប់ផ្តើមពីរឿងការបង្កបង្កើតជីវិតនៅលើផែនដីនេះក្នុងរវាងប្រាំមួយថ្ងៃ។ ព្រះទ្រង់បានបង្កើតកន្លែងដ៏ស្រស់បំព្រងសំរាប់គូស្វាមីភរិយាដំបូងបង្អស់របស់យើងឲ្យរស់នៅ។ គ្រប់យ៉ាងដែល ព្រះបានបង្កើតនៅលើផែនដីនេះល្អគ្រប់លក្ខណ៍ទាំងអស់។ ជំពូកពីរចុងក្រោយបង្អស់របស់ព្រះគម្ពីរក៏រៀបរាប់ប្រាប់អំពីផែនដីដ៏គ្រប់លក្ខណ៍ដែលព្រះទ្រង់នឹងស្តារឡើងវិញដែរ (វិវរណៈជំពូក២១ និង២២)។ ប៉ុន្តែ គ្រានោះព្រះទ្រង់នឹងយកផែនដីចាស់ដែលយើងកំពុងរស់នៅនេះ មកធ្វើវាឲ្យថ្មីឡើងវិញ។ នឹងគ្មានអំពើបាបនៅលើផែនដីថ្មីនេះទៀតឡើយ។
ក្នុងខគម្ពីរជាច្រើនទៀត បានប្រាប់យើងថា ផ្ទះថ្មីដែលរាស្ត្ររបស់ព្រះនឹងរស់នៅជារៀងរហូតនោះគឺជាកន្លែងដែលពិតប្រាកដមួយ។ វាពុំមែនគ្រាន់តែជាក្តីសុបិន ឬកន្លែងក្លែងក្លាយនោះឡើយ។ រាស្ត្រ របស់ព្រះនឹងមើលឃើញ ស្តាប់ឮ ស្រង់ក្លិន ប៉ះបាន និងទទួលអារម្មណ៍ជាបទពិសោធន៍ថ្មី និងជីវិតថ្មីនៅ ទីនោះ។ ខគម្ពីរអេសាយ ១១:១‑១០ ផ្តល់ដល់យើងនូវសេចក្តីសន្យាដ៏ស្រស់ត្រកាលអំពីការយាងមកវិញលើកទីពីរ។ នៅគ្រានោះ ព្រះយេស៊ូវទ្រង់នឹងធ្វើទាំងអស់ត្រឡប់ជាថ្មីឡើងវិញនៅលើផែនដីនេះ។ ព្រះអង្គនឹងបពា្ឈប់លែងឲ្យមានសង្គ្រាមគ្រប់រូបភាពទាំងអស់។ បន្ទាប់មក ព្រះអង្គនឹងដឹកនាំយើងឲ្យ រស់នៅក្នុងសុខសន្តិភាពដ៏នៅអស់កល្បជានិច្ច។
ខគម្ពីរ វិវរណៈ ២១:១‑៥ ប្រាប់យើងថា មានសេចក្តីមួយចំនួននឹងលែងមានជារៀងរហូត ដោយសារព្រះយេស៊ូវបាននាំមកនូវសុខសន្តិភាពដ៏នៅអស់កល្បជានិច្ចហើយ។ តើសេចក្តីអ្វីខ្លះដែលនឹងលែងមានជារៀងរហូតទាំងនោះ?
អ្នកស្រីអែល្លិន វ៉ៃត៍បានពណ៌នាអំពីជីវិតសំរាប់រាស្ត្ររបស់ព្រះបន្ទាប់ពីព្រះទ្រង់ធ្វើឲ្យគ្រប់ទាំងអស់ត្រឡប់ជាថ្មីឡើងវិញយ៉ាងដូច្នេះថា៖ «ជារៀងរាល់ឆ្នាំនៃជីវិតអស់កល្បរបស់យើង យើងនឹងរៀនអំពីសេចក្តីពិតដ៏ស្រស់បំព្រងអំពីព្រះជាម្ចាស់ និងព្រះយេស៊ូវកាន់តែច្រើនឡើងថែមទៀត។ ខណៈដែល យើងរៀនថែមទៀតអំពីព្រះ នោះសេចក្តីស្រឡាញ់ ការគោរពដល់ព្រះ និងសុភមង្គលរបស់យើងក៏ចម្រើនឡើងដែរ។ យើងរៀនអំពីព្រះជាម្ចាស់និងអំពីព្រះយេស៊ូវកាន់ច្រើន យើងនឹងស្ងើចសរសើរដល់ព្រះជាម្ចាស់ និងព្រះតម្រិះរបស់ព្រះអង្គកាន់តែខ្លាំងឡើងដែរ។ ព្រះយេស៊ូវទ្រង់នឹងបង្ហាញទៅរាស្ត្ររបស់ព្រះអង្គនូវសេចក្តីពិតដ៏សម្បូរបែបអំពីផែនការរបស់ព្រះដើម្បីជួយសង្គ្រោះដល់ពួកគេ។ ព្រះយេស៊ូវទ្រង់នឹងបង្ហាញពួកគេនូវរឿងដ៏អស្ចារ្យជាច្រើនដែលព្រះអង្គបានធ្វើនៅក្នុងមហាវិវាទរវាងព្រះនិងសាតាំង។ បន្ទាប់មកចិត្តថ្លើមរបស់រាស្ត្ររបស់ព្រះនឹងពោរពេញដោយសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់រឹតតែខ្លាំងឡើងថែមទៀត។ ពួកគេនឹងប្រគំពិណមាសជាបទភ្លេង។ សូរសំលេងរាប់ពាន់នឹងបន្លឺឡើងព្រមគ្នាជាក្រុមចម្រៀងដ៏អស្ចារ្យដើម្បីសរសើរតម្កើងដល់ព្រះជាម្ចាស់»។ ដកស្រង់ពី Ellen G. White, The Story of Redemption, pages 432, adapted ។
តើយើងអាចស្វែងយល់អំពីព្រះជាម្ចាស់ថាទ្រង់ជាអ្នកណាដោយរបៀបណានៅពេលឥឡូវនេះ? តើការដែលយើងចេះរស់នៅដោយមានសេចក្តីសុខសាន្ត និងសុខដុមរមនាជាមួយនឹងអ្នកជឿដទៃទៀតអាចជួយបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះដល់មនុស្សដែលមិនទាន់ស្គាល់ព្រះអង្គដោយរបៀបណា?
ថ្ងៃអង្គារ ទី២៥ ធ្នូ ឆ្នាំ២០១៨
នៅពេលដែលព្រះទ្រង់ប្រោសមនុស្សស្លាប់ហើយឲ្យរស់ឡើងវិញ
ប្រហែលលើសជាងសេចក្តីសន្យាណាៗទាំងអស់ ការយាងមកលើកទីពីរធ្វើឲ្យរាស្ត្ររបស់ព្រះមានសេចក្តីក្លាហាន និងសង្ឃឹមខ្លាំងឡើង។ រឿងនោះបានកើតឡើងរួចមកហើយកាលជំនាន់គម្ពីរសញ្ញាថ្មី។ នៅពេលណាដែលរាស្ត្ររបស់ព្រះមានអារម្មណ៍ថាឈឺចាប់ ឬព្រួយចិត្ត ពួកគេអាចគិតអំពីសេចក្តីសង្ឃឹមដែលពួកគេមាននៅពេលព្រះយេស៊ូវយាងមកវិញលើកទីពីរ។ ព្រះយេស៊ូវប្រទានក្តីសង្ឃឹមនេះដល់យើងអមដោយសេចក្តីសន្យាដ៏អស្ចារ្យដទៃច្រើនទៀត។
តើមានសេចក្តីសន្យាអ្វីខ្លះដែលលោកអ្នករកឃើញនៅក្នុងខគម្ពីរថែស្សាឡូនីចទី១ ៤:១៣‑១៨? តើសេចក្តីសន្យាទាំងនេះផ្តល់ក្តីសង្ឃឹមអ្វីខ្លះដល់យើងដែលព្រះយេស៊ូវនឹងប្រោសមនុស្សជាទីស្រឡាញ់របស់យើងដែលស្លាប់ទៅហើយឲ្យរស់ឡើងវិញដើម្បីឲ្យយើងបានរស់នៅជួបជុំគ្នាម្តងទៀត?
ការយាងមកវិញលើកទីពីរ ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងទាំងអស់ សំរាប់មនុស្សលោកតាមរបៀបដ៏អស្ចារ្យខ្លាំងណាស់។ ព្រះទ្រង់នឹងយាងមកលើកយករាស្ត្ររបស់ព្រះអង្គឲ្យរស់នៅជាមួយព្រះអង្គនៅនគរឋានសួគ៌។ សកម្មភាពនេះគឺជាផ្នែកដ៏សំខាន់ណាស់នៃនគររបស់ព្រះ។ «ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង» (ម៉ាថាយ ២៤:៣១)។ នៅគ្រានោះ ព្រះទ្រង់នឹងប្រោសមនុស្សស្លាប់ដែលជារាស្ត្រព្រះអង្គឲ្យរស់ឡើងវិញ។ បន្ទាប់មក ព្រះទ្រង់នឹងប្រទានជីវិតអមតៈដល់ពួកគេ (កូរិនថូសទី១ ១៥:៥២, ៥៣)។ តើនោះមិនមែនជាពេលដែលយើងកំពុងទន្ទឹងរង់ចាំទេឬអី! មនុស្សស្លាប់ដែលបានជឿលើព្រះយេស៊ូវនឹងរស់ឡើងវិញ។ ពួកគេនឹងបានរួមគ្នាជាមួយនឹង ពួកអ្នកជឿដែលបានរង់ចាំ និងមានបំណងចង់ឲ្យពួកគេបានរស់ឡើងវិញម្តងទៀត។ លោកប៉ុលបានពណ៌នាអំពីគ្រានោះដោយអំណរដ៏ជ្រាលជ្រៅថា៖ «ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា?» (កូរិនថូសទី១ ១៥:៥៥)។
នៅពេលដែលព្រះយេស៊ូវប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ពួកគេនឹងមិនចេញពីផ្នូរមកទាំងមានជំងឺ ឬចាស់ជរាឡើយ។ អត់ទេ។ ពួកគេនឹងមានរូបកាយថ្មីដ៏គ្រប់លក្ខណ៍ដែលនឹងមិនចេះស្លាប់ឡើយ។ រូបកាយរបស់ពួកគេនឹងមិនមានស្លាកស្នាមដែលកើតឡើងដោយសារអំពើបាបដែលបណ្តាលឲ្យពួកគេឈឺស្លាប់រឡេះរលួយក្នុងផ្នូរទៀតឡើយ។ នៅពេលដែលរាស្ត្ររបស់ព្រះរស់ពីស្លាប់ឡើងវិញ ពួកគេនឹង មានអារម្មណ៍ដឹងថា កិច្ចការរបស់ព្រះយេស៊ូវបានធ្វើឲ្យពួកគេបានត្រឡប់ជាថ្មីឡើងវិញ។ ពួកគេនឹងមានរូបកាយដ៏គ្រប់លក្ខណ៍ដែលបង្ហាញប្រាប់អំពីសេចក្តីស្រឡាញ់ និងជីវិតបរិសុទ្ធរបស់ព្រះ។ ពួកគេនឹង បង្ហាញទៅគ្រប់គ្នាថាព្រះជាអ្នកណា ដូចដែលព្រះអង្គចង់ឲ្យមនុស្សលោកធ្វើកាលដែលព្រះអង្គបានបង្កើត ពួកគេជាលើកដំបូងយ៉ាងដូច្នោះដែរ (លោកុប្បត្តិ ១:២៦, កូរិនថូសទី១ ១៥:៤៦‑៤៩)។
ដំណាលគ្នានឹងពេលដែលព្រះយេស៊ូវប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ រាស្ត្ររបស់ព្រះអង្គដែលកំពុងរស់នៅលើផែនដីក៏នឹងត្រូវបានផ្លាស់ប្រែរូបកាយដែរ។ ពួកគេនឹងទទួលបាននូវរូបកាយថ្មីដ៏ល្អគ្រប់លក្ខណ៍ផងដែរ (កូរិនថូសទី១ ១៥:៥៣) ហើយក៏ជួបជុំគ្នានៅនាអាកាស (ថែស្សាឡូនីចទី១ ៤:១៧)។
ព្រះជាម្ចាស់ទ្រង់សន្យាថា ព្រះអង្គនឹងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ តើសេចក្តីសន្យារបស់ព្រះអង្គបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលថា មានតែអំណាចរបស់ព្រះអង្គប៉ុណ្ណោះទើបអាចសង្គ្រោះយើងបាន?
ថ្ងៃពុធ ទី២៦ ធ្នូ ឆ្នាំ២០១៨
ផែនដីថ្មី
«ដ្បិតមើល អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ» (អេសាយ ៦៥:១៧)។ ទាំងលោកអេសាយ និងទាំងលោក យ៉ូហាន សុទ្ធតែបានឃើញការជាក់ស្តែងអំពីផែនដីថ្មីដែលព្រះទ្រង់បានសន្យា (វិវរណៈ ២១:១)។
ក្នុងខគម្ពីរវិវរណៈ ២១:២, ៩‑២៧ លោកយ៉ូហានពណ៌នាអំពីទីក្រុងដ៏អស្ចារ្យដែលមានឈ្មោះថា យេរូសាឡិមថ្មី ជាកន្លែងដែលរាស្ត្ររបស់ព្រះនឹងរស់នៅទីនោះ។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីសេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នាដែលរាស្ត្ររបស់ព្រះនឹងឃើញ និងទទួលអារម្មណ៍ក្នុងទីក្រុងនេះ?
ខគម្ពីរវិវរណៈ ២២:១‑៥ បានរៀបរាប់អំពីរបស់ពីរយ៉ាងដែលនឹងមាននៅក្នុងទីក្រុងថ្មីនេះ៖ ១) ទន្លេជីវិតដែលនឹងហូរពីបល្ល័ង្ករបស់ព្រះ និង ២) ដើមជីវិត។ ហេតុអ្វីបានជាមានរបស់ទាំងពីរយ៉ាងនេះនៅក្នុងទីក្រុងថ្មី? តើព្រះទ្រង់មានផែនការអ្វីសំរាប់របស់ទាំងពីរនេះនៅលើផែនដីថ្មី?
លោកអ័ដាមបានបាត់សិទ្ធិក្នុងការបរិភោគពីដើមជីវិតបន្ទាប់ពីលោកបានធ្វើបាប (លោកុប្បត្តិ ៣:២២‑២៤)។ ប៉ុន្តែ ព្រះយេស៊ូវនឹងដាំដើមជីវិតនៅក្នុងទីក្រុងយេរូសាឡិមថ្មី។ ព្រះទ្រង់នឹងអនុញ្ញាតឲ្យរាស្ត្ររបស់ព្រះអង្គបរិភោគផ្លែពីដើមជីវិតឡើងវិញ (វិវរណៈ ២:៧)។ ដើមជីវិតនឹងបង្កើតផ្លែ១២ប្រភេទផ្សេងៗពីគ្នា។ វានឹងបង្កើតផ្លែផ្សេងគ្នាតាមខែនីមួយៗ។ រឿងនោះអាចជួយពន្យល់អំពីមូលហេតុដែលរាស្ត្ររបស់ព្រះមកថ្វាយបង្គំព្រះនៅរៀងរាល់ថ្ងៃសប្បាតហ៍ និងរៀងរាល់ថ្ងៃចូលខែថ្មី (អេសាយ ៦៦:១៣)។ គម្ពីរវិវរណៈក៏បានចែងផងដែរថា «ស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា» (វិវរណៈ ២២:២)។ ស្លឹកឈើបង្ហាញយើងអំពីផែនការរបស់ព្រះក្នុងការដកយកចេញនូវរនាំងឧបសគ្គដែលញែកមនុស្សទាំងឡាយចេញពីគ្នា និងធ្វើឲ្យគេរួមគ្នាមកជាគ្រួសារដ៏ធំ ដែលរស់នៅប្រកបដោយសុខសន្តិភាពជាមួយគ្នា និងថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
«ពាក្យថា ‘សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា‘ បង្ហាញយើងអំពីផែនការរបស់ព្រះក្នុងការដកយកចេញនូវរនាំងទាំងអស់ដែលញែកពួកគេចេញពីគ្នា។ យើងអាចនឹងមានអារម្មណ៍ថានៅម្ខាងម្នាក់ពីមនុស្សផ្សេងទៀតដែលនិយាយភាសាផ្សេង ឬមកពីពូជសាសន៍ផ្សេង... ស្លឹកឈើពីដើមជីវិតនឹងព្យាបាលការឈឺចាប់ដ៏ជ្រាលជ្រៅរវាងពូជសាសន៍នីមួយៗ។ បន្ទាប់មក ពូជសាសន៍ទាំងឡាយនឹងក្លាយជាជិតស្និទ្ធនឹងគ្នា។ ព្រះទ្រង់នឹងបង្រួបបង្រួមពួកគេឲ្យក្លាយជាគ្រួសារតែមួយឡើងវិញ... ស្លឹកឈើពីដើមជីវិតគឺប្រៀបដូចជាឱសថយ៉ាងដូច្នោះដែរ។ ស្លឹកទាំងនោះនឹងព្យាបាល «របួស» ដែលញែកមនុស្សជាតិចេញពីគ្នាអស់រយៈកាលដ៏យូរលង់ណាស់មកហើយ»។ ដកស្រង់ពី Ranko Stefanovic, Revelation of Jesus Christ: Commentary on the Book of Revelation, page 593, adapted ។
ថ្ងៃព្រហស្បតិ៍ ទី២៧ ធ្នូ ឆ្នាំ២០១៨
ជីវិតរបស់មនុស្សយើងនៅលើផែនដីថ្មី
ក្នុងខគម្ពីរអេសាយ ៣៥:៤‑១០ និង អេសាយ ៦៥:២១‑២៥ យើងឃើញថា យើងនឹងរស់នៅជាជីវិតដែលខុសប្លែកគ្នាពីជីវិតដែលរស់នៅលើផែនដីនេះ។ តើអ្វីខ្លះដែលខុសប្លែកគ្នាពីជីវិតរបស់យើងនៅលើផែនដីថ្មី?
គម្ពីរអេសាយបានរៀបរាប់អំពី «រឿងថ្មីៗ» ជាច្រើន (អេសាយ ៤២:៩, អេសាយ ៤៨:៦) ដែលព្រះទ្រង់នឹងបង្ហាញប្រាប់យើង ឬប្រទានដល់យើងនៅផែនដីថ្មី។ យើងនឹងច្រៀង «បទថ្មី» (អេសាយ ៤២:១០) ឃើញ «ការ១ថ្មី» (អេសាយ ៤៣:១៩), និងមាន «ឈ្មោះថ្មី» (អេសាយ ៦២:២)។ ក្នុងគម្ពីរអេសាយជំពូក ៦៥ យើងឃើញមានរៀបរាប់អំពីរបៀបធ្វើការរស់នៅបែបថ្មីៗ។ នឹងមានសុខសន្តិភាព និងភាពសុខដុមរមនារវាងសត្វលោកទាំងអស់ដែលព្រះទ្រង់បានបង្កើតមក។ ព្រះទ្រង់នឹងលែងឲ្យមានបណ្តាសានៅលើដីដោយសារអំពើបាបទៀតហើយ។ នឹងមានព្រះពរជាច្រើន ផ្ទះសំរាប់រស់នៅ និងអាហារសំរាប់បរិភោគយ៉ាងឈ្ងុយឆ្ងាញ់។
ជីវិតនៅលើផែនដីថ្មីនឹងស្រស់ត្រកាលខ្លាំងណាស់។ មនុស្សខ្លះឆ្ងល់ថាតើយើងនឹងនៅស្គាល់មិត្តភក្តិ និងក្រុមគ្រួសាររបស់យើងទៀតដែរឬទេបន្ទាប់ពីព្រះប្រទានរូបកាយថ្មី និងជីវិតអមតៈដល់យើងហើយនោះ។ យើងដឹងថា ក្រោយពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ពួកសិស្សរបស់ព្រះអង្គនៅស្គាល់ព្រះអង្គ។ សិស្សជាច្រើនរបស់ព្រះយេស៊ូវនៅចំណាំព្រះសូរសៀងរបស់ព្រះអង្គពេលដែលពួកគេឮព្រះអង្គមានបន្ទូលក្រោយពីមានព្រះជន្មរស់ឡើងវិញ (យ៉ូហាន ២០:១១‑១៦)។ ថូម៉ាសនៅចំណាំព្រះយេស៊ូវបានពេលដែលលោកបានឃើញព្រះអង្គ (យ៉ូហាន ២០:២៧, ២៨)។ សិស្សពីរនាក់របស់ព្រះយេស៊ូវពីភូមិអេម៉ោសដឹងថាព្រះយេស៊ូវជាអ្នកណាដោយសារការដែលព្រះអង្គបានធ្វើនៅពេលបរិភោគអាហារពេលល្ងាច (លូកា ២៤:៣០, ៣១, ៣៥)។ ហេតុនោះ យើងអាចមើលឃើញតាមរយៈខគម្ពីរទាំងនេះថា រូបកាយថ្មីរបស់យើងនឹងដូចជារូបកាយរបស់ព្រះយេស៊ូវបន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ រឿងនោះមានន័យថា យើងនឹងស្គាល់មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់យើងពេលដែលជួបពួកគេម្តងទៀតបន្ទាប់ពីទ្រង់យាងត្រឡប់មកវិញ។ យើងអាចនឹងទន្ទឹងរង់ចាំគ្រានោះដែលនឹងជួបជុំមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់របស់យើងម្តងទៀត។ យើងអាចនិយាយបានថា យើងនឹងបន្តទំនាក់ទំនងរបស់យើង និងមិត្តភាពរបស់យើងជាមួយមនុស្សដែលយើងស្គាល់ និងស្រឡាញ់។ ពួកគេនឹងនៅទីនោះជាមួយនឹងយើងនៅលើផែនដីថ្មី។
«នៅផែនដីថ្មី យើងនឹងមានសេចក្តីស្រឡាញ់យ៉ាងពោរពេញ។ ព្រះទ្រង់ផ្ទាល់នឹងដាក់អារម្មណ៍នៃសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរទាំងនេះនៅក្នុងខ្លួនយើង។ យើងនឹងសន្ទនាគ្នាជាមួយនឹងមនុស្សបរិសុទ្ធ។ យើងនឹងចងមិត្តភាពជាមួយនឹងពពួកទេវតា និងមនុស្សដ៏ស្មោះត្រង់របស់ព្រះទាំងអស់ដែលធ្លាប់រស់នៅលើផែនដី។ រាស្ត្ររបស់ព្រះបានបោក «សំលៀកបំពាក់ (គំនិត អារម្មណ៍ អំពើ)» របស់ ពួកគេក្នុងឈាមរបស់កូនចៀម (ព្រះយេស៊ូវ)។ មិត្តភាពបរិសុទ្ធធ្វើឲ្យរាស្ត្ររបស់ព្រះរួមគ្នាមកជាគ្រួសារតែមួយទាំងនៅឋានសួគ៌ និងទាំងនៅផែនដី (អេភេសូរ ៣:១៥)។ សេចក្តីទាំងអស់នេះនឹងនាំមកនូវសុភមង្គលដល់រាស្ត្ររបស់ព្រះ»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 677, adapted ។
ថ្ងៃសុក្រ ទី២៨ ធ្នូ ឆ្នាំ២០១៨
សិក្សាបន្ថែម
សូមអាន Ellen G. White, “ ‘Behold, I Come Quickly’ ” pages 355-359, in Counsels for the Church. និងអាន the articles “Resurrection,” pages 1082-1084, and “Heaven and New Earth,” pages 863, 864, in The Ellen G. White Encyclopedia.
«ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ និងបានយាងទៅឋានសួគ៌។ សេចក្តីទាំងពីរយ៉ាងនេះដែលព្រះយេស៊ូវបានឆ្លងកាត់បញ្ជាក់ថា រាស្ត្ររបស់ព្រះនឹងឈ្នះសមរភូមិសេចក្តីស្លាប់ និង ឋានឃុំព្រលឹង។ ការមានព្រះជន្មរស់ឡើងវិញ និងការយាងទៅកាន់ឋានសួគ៌របស់ព្រះអង្គគឺជាសេចក្តីសន្យារបស់ព្រះចំពោះរាស្ត្ររបស់ព្រះអង្គថា ឋានសួគ៌បើកចំហសំរាប់មនុស្សគ្រប់គ្នាដែលលាងអាវ (គំនិត អារម្មណ៍ អំពើ)របស់ខ្លួនឲ្យបានស្អាតក្នុងឈាមរបស់កូនចៀម។ ឈាមរបស់កូនចៀមនឹងធ្វើឲ្យ អាវរបស់អ្នកជឿទាំងឡាយបានឡើងស (ស្អាត បរិសុទ្ធ)។ ព្រះយេស៊ូវក៏បានយាងទៅឯព្រះវរបិតាដើម្បីយើងរាល់គ្នា។ ព្រះទ្រង់នឹងយកមនុស្សគ្រប់គ្នាដែលបង្ហាញប្រាប់ទៅមនុស្សដទៃទៀតឲ្យគេស្គាល់ព្រះទៅឋានសួគ៌ដែរ។ ព្រះអង្គនឹងនាំយករាស្ត្ររបស់ព្រះអង្គឲ្យបានឃើញសិរីល្អរបស់ព្រះអង្គ។ ពួកគេក៏នឹងបានទទួលសិរីរុងរឿងជាមួយនឹងព្រះអង្គផងដែរ។
«យើងគឺជាអ្នកសំចតនៅលើផែនដីនេះ។ ប៉ុន្តែ ព្រះទ្រង់នឹងប្រទានលំនៅឋានសំរាប់យើងនៅផែនដីថ្មី។ ព្រះទ្រង់ក៏នឹងធ្វើអាវដែលព្រះអង្គនឹងបំពាក់មកលើមនុស្សគ្រប់គ្នាដែលជឿ និងស្តាប់បង្គាប់ តាមព្រះអង្គ។ ព្រះអង្គនឹងប្រទានមកុដនៃសិរីល្អ និងធាងចាកដល់យើង។ ធាងចាកទាំងនេះគឺជារូបស័ព្ទ ដែលបង្ហាញថា រាស្ត្ររបស់ព្រះបានយកឈ្នះសង្គ្រាមលើអំពើបាប។ បន្ទាប់ពីព្រះយេស៊ូវយាងមកវិញ យើងនឹងយល់ដឹងពីរឿងគ្រប់យ៉ាងដែលបានបំភ័ន្តយើងនៅលើផែនដីនេះ។ យើងនឹងយល់អំពីរឿងទាំងនេះថាពិបាកនឹងពន្យល់ប្រាប់ណាស់។ ព្រះទ្រង់នឹងជួយយើងឲ្យយល់ពីសេចក្តីពិតអំពីព្រះគុណរបស់ ព្រះអង្គ។ បន្ទាប់មក ទើបយើងយល់ច្បាស់ពីរឿងគ្រប់យ៉ាងដែលធ្វើឲ្យយើងភ័ន្តច្រឡំទាំងនោះ។ ចិត្ត គំនិតរបស់យើងនឹងឃើញថា ព្រះទ្រង់បានរៀបផែនការគ្រប់យ៉ាងទាំងអស់តាមក្រឹត្យក្រមដ៏គ្រប់លក្ខណ៍និងប្រពៃបំផុត។ យើងនឹងយល់ថា ព្រះទ្រង់បណ្តោយឲ្យយើងឆ្លងកាត់ការរងទុក្ខវេទនាដល់កំរិតខ្លាំងបំផុតដោយសារតែព្រះអង្គស្រឡាញ់យើងរាល់គ្នា។ យើងនឹងស្គាល់ សេចក្តីពិតអំពីការយកព្រះទ័យទុកដាក់របស់ព្រះចំពោះយើងរាល់គ្នា។ ព្រះទ្រង់បានធ្វើសេចក្តីគ្រប់យ៉ាងឲ្យដំណើរការចូលគ្នាដើម្បីជាសេចក្តីល្អដល់យើង។ យើងនឹងមានអំណរដ៏ធំក្រៃលែងដែលគ្មានពាក្យពេចន៍ណាអាចពណ៌នាបានឡើយ។ វាគឺជាអំណរដែលពោរពេញដោយសិរីល្អរបស់ព្រះជាម្ចាស់»។ ដកស្រង់ពី Ellen G. White, Counsels for the Church, page 358, adapted ។
សំនួរពិភាក្សា៖
- មានគ្រីស្ទានជាច្រើនផ្សេងទៀតក៏ជឿលើការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវដែរ។ ប៉ុន្តែ តើអ្វីទៅដែលធ្វើឲ្យគោលជំនឿរបស់សេវេនដេយ៍អាត់វេនទីស្ទលើការយាងមកវិញលើកទីពីរពិសេសជាងគេ?
- វាប្រហែលជាមានការពិបាកក្នុងការនឹកស្រមៃក្នុងចិន្តនាការរបស់យើងអំពីផែនដីថ្មី ឬយល់ឲ្យបានច្បាស់ប្រាកដអំពីរបៀបដែលផែនដីថ្មីមានលក្ខណៈអស្ចារ្យយ៉ាងណានោះ។ ប៉ុន្តែហេតុអ្វីបានជាយើងគួរតែនៅតែនឹកគិតស្រមៃអំពីរឿងទាំងនោះ?