មេរៀនទី១​៖ ៣០ ធ្នូ ២០១៧-០៥ មករា ២០១៨

អំណាចទឹកលុយ

Jeans
ថ្ងៃសៅរ៍ ទី៣០ ធ្នូ ឆ្នាំ២០១៧
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ យ៉ូហានទី១ ២:១៦, ១៧ លូកា ១៤:២៦-៣៣ លូកា ១២:១៥-២១ ចោទិយកថា ៨:១០-១៤ ធីម៉ូថេទី១ ៦:១០។

ខចងចាំ៖ «កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង» (រ៉ូម ១២:២)។

ព្រះគម្ពីរព្រមានរាស្ត្ររបស់ព្រះមិនឲ្យ «ត្រាប់តាមលោកិយ» (រ៉ូម ១២:២)។ ប៉ុន្តែសេចក្ដីប៉ងប្រាថ្នារបស់យើងចង់មានទ្រព្យសម្បត្តិមានសភាពខ្លាំងក្លាណាស់។ ជាញឹកញយចំណង់ចង់បានប្រាក់របស់យើងនាំឲ្យយើងធ្វើខុស។ យើងវង្វេងវង្វាន់ដោយសាររបស់ដែលយើងគិតថានឹងទទួលបានដោយសារប្រាក់។ បន្ទាប់មកយើងចង់បានលើសពីអ្វីដែលយើងគួរមាន។ ចំណង់នេះមិនត្រឹមត្រូវទេ។ ប៉ុន្តែមនុស្សតិចណាស់ ទាំងអ្នកមានឬអ្នកក្រ ដែលប្រឆាំងទៅនឹងចំណង់ចង់បានទ្រព្យសម្បត្តិនេះ។ គួរឲ្យសោកស្ដាយដែរដែលក្រុមនេះក៏មានគ្រីស្ទានយើងដែរ។

ការដែលមានទ្រព្យសម្បត្តិច្រើនគ្មានអ្វីទាស់ខុសនោះទេ។ ឬខិតខំធ្វើការដើម្បីចិញ្ចឹមខ្លួនឯងនិងមនុស្សដែលយើងស្រឡាញ់ក៏មិនទាស់ខុសដែរ។ ប៉ុន្តែតើមានរឿងអ្វីកើតឡើងនៅពេលដែលការប្រឹងប្រែងរកលុយកាក់ក្លាយទៅជាមូលហេតុចម្បងប្រចាំជីវិតរបស់អ្នក? ពេលនោះបានសេចក្ដីថាអ្នកបានធ្លាក់ចូលទៅក្នុងអន្ទាក់របស់អារក្យហើយ។ ហើយអ្នកបាន «ត្រាប់តាមលោកិយ»​ហើយ (រ៉ូម ១២:២)។

សាតាំងនាំឲ្យយើងគិតថាជីវិតដែលសុខស្រួលអាចកើតឡើងតែពេលមានលុយប៉ុណ្ណោះ។ ប៉ុន្តែលុយកាក់គ្រាន់តែជាម៉ាស់ដែលសាតាំងបាំងពីក្រោយដើម្បីបញ្ឆោតយើងឲ្យស្មោះជាមួយវាប៉ុណ្ណោះ។ ការស្រឡាញ់ប្រាក់ហើយនឹងការដេញតាមទ្រព្យសម្បត្តិគឺជាអាវុធដែលអារក្សចូលចិត្តប្រើបំផុតដើម្បីទាស់នឹងគ្រីស្ទាន។ សរុបសេចក្ដីមក តើនរណាមិនចូលចិត្តប្រាក់? តើនរណាមិនអរសប្បាយជាមួយនឹងអ្វីដែលប្រាក់អាចទិញបាននៅលើលោកក្នុងជីវិតនេះ? ប្រាក់មានអានុភាពអាចធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយនាពេលនេះ។ ប៉ុន្តែទីបញ្ចប់ វាមិនអាចឆ្លើយតបឬបំពេញទៅតាមសេចក្ដីត្រូវការដ៏ធំធេងរបស់យើងបានទេ។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចបំពេញបាន។

ថ្ងៃអាទិត្យ ទី៣១ ធ្នូ ឆ្នាំ២០១៧

ព្រះនៃលោកិយនេះ

ប្រាក់បានក្លាយទៅជាព្រះរបស់លោកិយនេះ។ ហើយតើសាសនាដែលគោរពព្រះប្រាក់នេះមានឈ្មោះអ្វី? ចម្លើយនោះគឺថាសម្ភារៈនិយម។ សម្ភារៈនិយមគឺជាការស្រឡាញ់ទ្រព្យនិងរបស់ផ្សេងៗ។ ទ្រព្យនិងរបស់ទាំងនេះក្លាយមកជាសំខាន់ហើយមានតម្លៃខ្លាំងជាងសេចក្ដីពិតខាងសាសនាសម្រាប់មនុស្សម្នាក់។ របស់ដែលយើងមានពិតជាមានតម្លៃ។ ប៉ុន្តែតម្លៃរបស់វាមិនត្រូវខ្លាំងរហូតគ្រប់គ្រងយើងឬការសម្រេចចិត្តរបស់យើងបានឡើយ។ ព្រះគម្ពីរបានព្រមានយើងថា «អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍ទទេ» (សាស្ដា ៥:១០)។ នេះហើយគឺជាបញ្ហានៃការចង់បានទ្រព្យផ្សេងៗក្នុងជីវិតនេះ។ មិនថាយើងបានអ្វីនោះទេ គឺនឹងមិនចេះគ្រប់គ្រាន់ឡើយ។ យើងខំធ្វើការហើយខំទៀតដើម្បីបានរបស់ដែលមិនអាចធ្វើឲ្យយើងសប្បាយចិត្តកាន់តែច្រើន។ ពិតជាអន្ទាក់មែន!

សូមអានគម្ពីរយ៉ូហានទី១ ២:១៦, ១៧។ តើខទាំងនេះប្រាប់យើងយ៉ាងដូចម្ដេចអំពីរបស់ដែលមានសារៈសំខាន់ពិត?

សូមអានបន្ទូលរបស់ព្រះគ្រីស្ទនៅក្នុងគម្ពីរលូកា ១៤:២៦-៣៣។ ដូចបានបង្ហាញនៅក្នុងខទាំងនេះស្រាប់ តើយើងត្រូវបង់ខាតអ្វីខ្លះដើម្បីដើរតាមព្រះយេស៊ូវ?

ព្រះបន្ទូលរបស់ព្រះយេស៊ូវគឺជាការព្រមានសម្រាប់យើង។ អស់អ្នកដែលស្រឡាញ់ប្រាក់និងរបស់ជាងអ្វីៗទាំងអស់គួររាប់ថាតើសេចក្ដីស្រឡាញ់របស់ពួកគេចំពោះរបស់លោកិយនឹងត្រូវបង់ខាតប៉ុន្មាននៅក្នុងជីវិតជាតិនេះនិងទៅជីវិតជាតិក្រោយ។ «ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ» (ម៉ាកុស ៨:៣៦)។

«ព្រះគ្រីស្ទយាងមកផែនដីនេះក្នុងគ្រាមួយដែលមនុស្សលោកហាក់ប្រញាប់ប្រញាល់ទៅធ្វើជាមនុស្សអាក្រក់ជាងពេលណាៗទាំងអស់។ ជំនឿនិងការបង្រៀនដែលធ្លាប់តែនាំមនុស្សនិងគ្រួសារឲ្យមានភាពរឹងមាំត្រឡប់ទៅជាទន់ខ្សោយ។ ជីវិតគឺសុទ្ធតែក្លែងក្លាយ.... គ្រប់ទីកន្លែងទាំងអស់ សាសនាទាំងប៉ុន្មាននៅលើលោកនេះសុទ្ធតែបាត់បង់អានុភាពរបស់ខ្លួនមកលើមនុស្សលោក។ មនុស្សលោកខឹងជាមួយនឹងរឿងនិទានមិនពិតនិងសេចក្ដីកុហកដែលសាសនាទាំងនេះបង្រៀន។ ដូច្នេះពួកគេក៏បែរទៅប្រដេញតាមទ្រព្យសម្បត្តិទៅវិញ។ ពួកគេលែងខ្វល់ខ្វាយពីជីវិតនាពេលអនាគតនៅឯឋានសួគ៌។ ផ្ទុយទៅវិញពួកគេរស់នៅសម្រាប់តែពេលបច្ចុប្បន្នប៉ុណ្ណោះ»។ ដកស្រង់ពីសៀមភៅ Education របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ ទំព័រ ៧៤និង៧៥។

មនុស្សលោកងាកបែរពីសាសនាហើយនាំគ្នាទៅប្រដេញតាមទ្រព្យសម្បត្តិវិញតើមែនទេ? ពាក្យទាំងនេះហាក់កំពុងបរិយាយពីជីវិតយើងនៅលើលោកិយនេះនាពេលបច្ចុប្បន្ននេះដែរតើមែនទេ?

មនុស្សគ្រប់រូបចង់មានរបស់ផ្ទាល់ខ្លួន។ ប៉ុន្តែធ្វើយ៉ាងណាទើបយើងដឹងថារបស់ដែលយើងមានទាំងនោះមិនមែនគ្រប់គ្រងលើយើង? តើនរណាជាមនុស្សតែម្នាក់គត់ដែលគួរជាអ្នកគ្រប់គ្រង់លើយើង? ហើយធ្វើយ៉ាងណាទើបយើងអាចដឹងជាប្រាកដថាទ្រង់ជាអ្នកគ្រប់គ្រងយើង?

ថ្ងៃច័ន្ទ ទី១ មករា ឆ្នាំ២០១៨

បំពេញជង្រុក

សូមអានគម្ពីរលូកា ១២:១៥-២១។ តើនៅក្នុងខទាំងនេះមានសារដំណឹងអ្វីសម្រាប់យើង? តើសេចក្ដីពិតដ៏សំខាន់ដែលមាននៅក្នុងខទាំងនេះអាចមានប្រយោជន៍ជាក្បួនច្បាប់សម្រាប់នរណាម្នាក់ប្រកាន់តាមដែលមិនមែនជាអ្នកមានឬទេ?

មានឬក្រ យើងសុទ្ធតែត្រូវប្រុងប្រយ័ត្នចំពោះចំណង់ចង់បានរបស់ទ្រព្យរបស់យើង។ ចំណង់ចង់បានទ្រព្យរបស់យើងអាចនាំឲ្យចិត្តគំនិតយើងបែរចេញពីសេចក្ដីដែលសំខាន់ពិតប្រាកដ។ ផ្ទុយទៅវិញចំណង់ដែលចង់បានរបស់ទ្រព្យអាចបណ្ដាលឲ្យយើងគិតតែពីរឿងចង់បានទ្រព្យដែលមិនគង់វង្ស។ យើងមិនត្រូវបណ្ដោយឲ្យមានអ្វីនាំឲ្យយើងបាត់បង់អំណោយទានដ៏ជាជីវិតអស់កល្បនោះឡើយ។

ពិតមែនហើយ យើងមិនដែលលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំរូបបដិមាធ្វើពីមាសឬប្រាក់អ្វីនោះទេ។ តែយើងអាចរងគ្រោះក្នុងការថ្វាយបង្គំមាសនិងប្រាក់នេះតាមទម្រង់ផ្សេងទៀត។

រឿងដែលជារូបស័ព្ទនៃអ្នកមានចម្កួតនៅក្នុងគម្ពីរលូកា ១២:១៥-២១ មានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ ពួកគេហាក់គិតតែពីរឿងចង់បានរបស់ទ្រព្យឲ្យច្រើនៗ។ ហេតុដូច្នេះហើយបានជាអាជីវកម្មបានបង្កើតជាទម្រង់មួយចេញពីការលក់ដូរទំនិញរបស់គេទូទាំងពិភពលោក។ ផែនការលក់ដូរទំនិញរបស់គេទាំងមូលគឺឋិតនៅលើការធ្វើឲ្យយើងគិតថាយើងមិនអាចមានសេចក្ដីសុខឬស្កប់ចិត្តបានទេបើយើងគ្មានរបស់ដែលគេលក់នោះ។ តទៅនេះគឺជារបៀបដែលអាជីវកម្មផ្សេងៗគេធ្វើដែលមានការជោគជ័យខ្លាំង។ ទីមួយ គេផលិតរបស់មក។ រួចគេធ្វើឲ្យយើងគិតថាយើងត្រូវការរបស់ដែលគេផលិតនោះ ហើយឲ្យគិតទៀតថាយើងមិនអាចរស់បានឡើយបើគ្មានរបស់នោះ។ រួចគេលក់ផលិតផលនោះមកឲ្យយើង។ ហើយការពិតនោះគឺថាផែនការរបស់គេពិតជាមានប្រសិទ្ធិភាពមែន! សូម្បីតែគ្រីស្ទានក៏គ្មានសុវត្ថិភាពពីការបោកប្រាស់ដែលអាជីវកម្មគេប្រើដើម្បីនាំឲ្យយើងទិញផលិតផលរបស់គេដែរ។ ក្នុងនាមជាគ្រីស្ទាន យើងមិនដាក់ក្ដីសង្ឃឹមរបស់យើងទៅលើជីវិតនេះទេ។ ប៉ុន្តែយើងក៏អាចងាយនឹងត្រូវគេបោកបញ្ឆោតដូចជាមនុស្សដទៃដែរឲ្យគិតឬមានអារម្មណ៍ថាយើងត្រូវតែទិញផលិតផលទាំងនោះដែលក្រុមហ៊ុនគេលក់។

សូមអានគម្ពីរចោទិយកថា ៨:១០-១៤។ ដូចបានបង្ហាញក្នុងខទាំងនេះស្រាប់ តើសមាជិកព្រះវិហារអាចរងគ្រោះដោយសារការគម្រាមកំហែងដែលបានព្រមាននៅក្នុងខទាំងនេះដោយរបៀបណាខ្លះ?

តើមានគំរូអ្វីដែលអ្នកអាចយកចេញពីព្រះគម្ពីរឬក្នុងជីវិតជាក់ស្ដែងដែលបង្ហាញថាការប្រមូលទ្រព្យសម្បត្តិធ្វើឲ្យមនុស្សកាន់តែបរិសុទ្ធឡើង? ឬតើអ្នកអាចរកខគម្ពីរណាឬសាច់រឿងណាដែលពន្យល់ថាទ្រព្យសម្បត្តិបណ្ដាលឲ្យមនុស្សលោកកាន់តែស្រឡាញ់ព្រះហើយកាន់តែសង្វាតខាងឯសេចក្ដីជំនឿទេ? គ្មានទេ មែនទេ? ប៉ុន្តែប្រសិនបើអ្នកអាចរកឃើញឧទាហរណ៍ណាមួយ សូមចែករំលែកឲ្យមិត្តរួមថ្នាក់បានដឹងផង!

ថ្ងៃអង្គារ ទី២ មករា ឆ្នាំ២០១៨

គ្រោះថ្នាក់នៃការចង់បានច្រើនហួសហេតុ

ពាណិជ្ជកម្មអាចជាការអូសទាញដ៏មានអានុភាព។ អាជីវកម្មចំណាយប្រាក់រាប់កោដិដើម្បីផ្សាយរូបភាពនៃផលិតផលដែលគេចង់លក់នៅពីមុខភ្នែករបស់យើង។ ក្រុមទាំងនេះជាទូទៅតែងជួលមនុស្សដែលមានសម្រស់ទាក់ទាញដើម្បីឲ្យមកលក់ផលិតផលរបស់គេ។ យើងមើលការផ្សាយពាណិជ្ជកម្មរបស់គេហើយឃើញខ្លួនឯងមានរបស់ដែលគេលក់នោះ។ ហើយយើងក៏ឃើញខ្លួនឯងរស់នៅដូចគ្នាទៅនឹងអ្នកដែលថតក្នុងការផ្សាយពាណិជ្ជកម្មនោះដែរ។

ការផ្សាយពាណិជ្ជកម្មទាំងនេះមានអានុភាពណាស់ព្រោះក្រុមហ៊ុនទាំងឡាយក៏ដាក់បញ្ចូលរូបភាពស្អាតៗជាច្រើនទៅក្នុងការផ្សាយពាណិជ្ជកម្មនេះដើម្បីព្យាយាមគ្រប់គ្រងលើញាណទាំងប្រាំរបស់មនុស្ស។ ញាណទាំងប្រាំរបស់មនុស្សរួមមាន៖ កាយវិញ្ញាណ ជីវហារវិញ្ញាណ ខៀនវិញ្ញាណ ចក្ខុវិញ្ញាណ និងសោតវិញ្ញាណ។ ជួនកាលស្ប៉តពាណិជ្ជកម្មគេដាក់មនុស្សនិងរូបភាពស្អាតតាមបែបដែលវ័យឆ្លាតនិងល្បិចពិសពុល។ ស្ប៉តផ្សាយពាណិជ្ជកម្មទាំងនេះធ្វើឲ្យអ្នកចង់ភ្លក្សឬប៉ះរបស់ដែលគេលក់។ ប៉ុន្តែអ្នកមិនដែលកត់សម្គាល់ថាតើអាជីវកម្មទាំងនេះខំប្រឹងប្រែងប៉ុនណាដើម្បីទាក់ទាញឲ្យអ្នកចង់បានផលិតផលគេ។ ជួនកាលទៀតស្ប៉តផ្សាយពាណិជ្ជកម្មមិនបានលាក់អាថ៍កំបាំងអ្វីអំពីការប្រើរបស់ស្អាតៗដើម្បីទាក់ទាញអ្នកឲ្យចង់បានផលិតផលដែលគេលក់នោះទេ។ ផែនការគ្រប់គ្រង់ញាណទាំងប្រាំរបស់យើងនេះគឺជាអាថ៌កំបាំងដ៏មានអានុភាពបំផុតដែលគេប្រើប្រាស់នៅក្នុងស្ប៉តពាណិជ្ជកម្ម។ ប៉ុន្តែចំណង់គ្រប់គ្រងញាណរបស់យើងដើរតួជាជាតិពុលសម្រាប់គ្រីស្ទានដែលកំពុងព្យាយាមតយុទ្ធប្រឆាំងជាមួយគ្រោះថ្នាក់នៃការចង់បានហួសល្បត់។ ដែលគួរឲ្យសោកស្ដាយនោះគឺថាក្រុមគ្រីស្ទាននោះគឺរាប់បញ្ចូលទាំងយើងរាល់គ្នាភាគច្រើនផង។

ដូចបានបង្ហាញនៅក្នុងគម្ពីរម៉ាថាយ ៦:២២-២៤ ពាក្យ «ភ្នែក» គឺជារូបស័ព្ទ។ តើពាក្យថា «ភ្នែក» នេះមានន័យយ៉ាងដូចម្ដេច? តើយើងក្នុងនាមជាគ្រីស្ទានគួរធ្វើបែបណាចំពោះស្ប៉តពាណិជ្ជកម្មដែលប្រើល្បិចជុំវិញខ្លួនយើងដែលនាំឲ្យយើងចំណាយថវិកាខ្ជះខ្ជាយទៅលើរបស់ដែលយើងមិនត្រូវការ?

ដូចយើងបាននិយាយរួចមកហើយថាស្ប៉តពាណិជ្ជកម្មតែងភ្ជាប់ផលិតផលដែលអាជីវកម្មគេលក់ទៅនឹងញាណទាំងប្រាំរបស់មនុស្ស។ ហើយផែនការនេះអាចជាឧបករណ៍ដ៏មានអានុភាពមួយ។ អាជីវកម្មលក់ផលិតផលរបស់គេដោយការធ្វើឲ្យអ្នកទិញរំភើបទៅនឹងផលិតផលដែលគេលក់។ ការលក់របស់គេគឺតាមតែការបញ្ឆោតឲ្យយើងជឿស្លុងតែប៉ុណ្ណោះ។ តែទោះជាយ៉ាងនោះក្ដីក៏ពួកគេនៅតែជោគជ័យ។ អារម្មណ៍នៅពេលនោះជាញឹកញាប់ហាក់ដូចជាមានវិញ្ញាណចម្លែកណាមួយដែលនាំឲ្យមនុស្សដូចជា «ទៅកាន់ទីឋានពិសេស» ណាមួយក្រៅពីជីវិតនេះ។ ប៉ុន្តែអារម្មណ៍បែបនោះគឺជាសាសនាក្លែងក្លាយ។ ហេតុអ្វី? ពីព្រោះវាមិនមែនជាការពិត។ វាមិនបានផ្ដល់ចំណេះនិងសេចក្ដីពិតខាងសាសនាឡើយ។ វាហាក់បីដូចជាទាក់ទាញខ្លាំងណាស់រហូតមានមនុស្សជាច្រើនជឿតាមវា។ យើងចង់ទទួលបានអារម្មណ៍បែបនោះ ហើយយើងយល់ថាយើងត្រូវការអារម្មណ៍នោះ។ បើដូច្នេះទៅហើយរឿងអីមិនទិញវា? មានតែព្រះប៉ុណ្ណោះដែលជ្រាបពីចំនួនទឹកប្រាក់ដ៏ធំធេងដែលបានចំណាយ និងចំនួនទឹកប្រាក់ដែលនឹងបន្តចំណាយទៀត ទៅលើផលិតផលដែលអាជីវកម្មនានាធ្វើឲ្យយើងគិតថាយើងត្រូវការរបស់ទាំងនោះ។

តើយើងនឹងរងគ្រោះដោយការធ្វើតាម «សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់​ឈាម» (កាឡាទី ៥:១៦) ដែលនាំឲ្យយើងចង់ធ្វើដោយរបៀបណា?

ថ្ងៃពុធ ទី៣ មករា ឆ្នាំ២០១៨

ស្រឡាញ់ខ្លួនឯង

«ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះគុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹងធឹង តាម​ខ្នាត​នៃ​សេចក្តី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​នីមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ» (រ៉ូម ១២:៣)។

ព្រះជាម្ចាស់មានបន្ទូលទៅកាន់លុយស៊ីហ្វ័រថា៖ «ចិត្ត​ឯង​បាន​ស្ទួយ​ឡើង ដោយ​ព្រោះ​សេចក្តី​លំអ​របស់​ឯង ឯង​បាន​បង្ខូច​ប្រាជ្ញា​ឯង ដោយ​ពន្លឺ​រស្មី​របស់​ឯង អញ​បាន​បោះ​ឯង​ចុះ​ដល់​ដី...» (អេសេគាល ២៨:១៧)។ លុយស៊ីហ្វ័រកុហកខ្លួនឯងថាខ្លួនអស្ចារ្យហួសពីសភាពពិត។ វាអួតថា «អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត» (អេសាយ ១៤:១៤)។ ការអួតរបស់វាបង្ហាញឲ្យឃើញថាវាចង់បានសិរីល្អដែលជារបស់ព្រះតែមួយអង្គគត់ប៉ុនណា។ បាបពីរយ៉ាងនៅក្នុងចិត្តរបស់លុយស៊ីហ្វ័រគឺជាការកុហកនិងចិត្តកញ្ជ្រោលចង់បានអំណាចនិងសិរីល្អ។

ខដែលនិយាយពីលុយស៊ីហ្វ័រទាំងនេះគួរតែបង្រៀនយើងថា បាបទីមួយគេឲ្យឈ្មោះថា លង់នឹងខ្លួនឯង។ ពាក្យថាលង់នឹងខ្លួនឯងនេះគឺចង់មានន័យថា ស្រឡាញ់និងសរសើរខ្លួនឯងជាពិសេសលង់នឹងសម្រស់របស់ខ្លួនឯងខ្លាំងហួសល្បត់។ ការជឿជាក់លើការកុហករបស់ខ្លួនឯងបង្ហាញថាយើងលើកតម្កើងខ្លួនឯងជ្រុល។

គួរឲ្យសោកស្ដាយដែរដែលមានមនុស្សជាច្រើនសុទ្ធតែលើកតម្កើងខ្លួនឯងហួសប្រមាណ។ ព្រះរាជានេប៊ូក្នេសាគឺជាឧទាហរណ៍មួយស្រាប់។ ព្រះអង្គនឹកស្មានថាទ្រង់អស្ចារ្យលើសពីភាពអស្ចារ្យពិតប្រាកដរបស់ព្រះអង្គ (ដានីយ៉ែល ៤:៣០)។ ឧទារហរណ៍មួយទៀតគឺពួកផារិស៊ី (លូកា ១៨:១១, ១២)។ ពួកផារិស៊ីគឺជាក្រុមអ្នកកាន់សាសនាតឹងតែងនៅសម័យសញ្ញាថ្មី។ ពួកគេកាន់តាមច្បាប់និងការបង្រៀនរបស់សាសន៍យូដាយ៉ាងម៉ឺងម៉ាត់។ ពួកផារិស៊ីគេធ្លាក់ទៅក្នុងសេចក្ដីបញ្ឆោតដែលធ្វើឲ្យពួកគេជឿថាខ្លួនគេប្រសើរជាងមនុស្សដទៃទៀត។ ទ្រព្យសម្បត្តិក៏អាចពង្វក់យើងឲ្យជឿសេចក្ដីកុហកនេះបានដែរ។ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។

តើលោកប៉ុលព្រមានយើងអំពីគ្រោះថ្នាក់អ្វីនៅក្នុងគម្ពីរធីម៉ូថេទី១ ៦:១០?

លោកប៉ុលព្រមានធីម៉ូថេឲ្យប្រយ័ត្នចំពោះក្រុមមនុស្សអាក្រក់ (ធីម៉ូថេទី២ ៣:២)។ ការស្រឡាញ់ប្រាក់ខ្លាំងអាចបណ្ដាលឲ្យមនុស្សមានអារម្មណ៍ទុកខិត្តខ្លួនឯងជ្រុល។ ហើយវាអាចនាំឲ្យមានអារម្មណ៍ស្រឡាញ់តែខ្លួនឯង។ មនុស្សភាគច្រើនចង់ក្លាយជាអ្នកមានស្ដុកស្ដម្ភ តែមនុស្សតិចណាស់ដែលបានក្លាយជាអ្នកមានមែន។ ដូច្នេះចំនួនភាគតិចដែលក្លាយជាអ្នកមាននោះងាយនឹងមានអំនួតណាស់។

សូមអានគម្ពីរភីលីព ២:៣។ តើខនេះអាចជួយឲ្យយើងយល់ពីមូលហេតុដែលថាការស្រឡាញ់ប្រាក់និងសម្ភារៈមិនស័ក្ដិសមជាមួយនឹងគ្រីស្ទានដែរទេ?

ថ្ងៃព្រហស្បតិ៍ ទី៤ មករា ឆ្នាំ២០១៨

ហេតុអ្វីបានជាការស្រឡាញ់ប្រាក់នាំឲ្យយើងបរាជ័យនៅទីបំផុត

មានមនុស្សច្រើនណាស់ដែលស្រឡាញ់ព្រះ។ ការនិយាយស្ដី អារម្មណ៍ និងការប្រព្រឹត្តរបស់ពួកគេបង្ហាញឲ្យឃើញព្រះ។ ប៉ុន្តែគ្មានបរិមាណនៃទ្រព្យសម្បត្តិឬសម្ភារៈណាដែលអាចដកហូតតំណែងព្រះពីជីវិតរបស់ពួកគេបានឡើយ។

សូមអានគម្ពីរ ចោទិយកថា ៧:៦ ពេត្រុសទី១ ២:៩ យ៉ូហាន ១៥:៥ និងកាឡាទី ២:២០។ ដូចបានបង្ហាញនៅក្នុងខទាំងនេះស្រាប់ តើការបានជារបស់ផងព្រះឬជាហេរញ្ញិកពិសេសរបស់ព្រះមានន័យយ៉ាងដូចម្ដេច? ហើយតើយើងអាចរកឃើញអត្ថន័យពិតថាយើងជានរណាឲ្យប្រាកដនៅទីណា?

ព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង....ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ» (យ៉ូហាន ១៥:៥)។ ទំនាក់ទំនងរបស់យើងទៅនឹងព្រះភ្ជាប់យើងទៅនឹងទ្រង់។ យើងអាចទុកចិត្តថាព្រះអង្គអាចប្រទានជីវិតឲ្យយើង។ «ការស្ដាប់បង្គាប់ពិតប្រាកដកើតចេញពីចិត្ត។ ព្រះគ្រីស្ទស្ដាប់បង្គាប់ចេញពីព្រះហឫទ័យ។ យើងត្រូវតែអនុញ្ញាតឲ្យព្រះអង្គភ្ជាប់ព្រះកាយរបស់ព្រះអង្គឲ្យមកកៀកនឹងគំនិតនិងផែនការរបស់យើង។ តាមវិធីនេះ ព្រះអង្គនឹងនាំចិត្តនិងគំនិតយើងឲ្យត្រូវរ៉ូវជាមួយនឹងផែនការរបស់ព្រះអង្គសម្រាប់ជីវិតរបស់យើង។ ហើយព្រះអង្គនឹងជួយយើងឲ្យស្ដាប់បង្គាប់តាមផែនការទាំងនោះ។ ដូច្នេះ ការស្ដាប់បង្គាប់តាមព្រះអង្គក៏ដូចជាបានបំពេញតាមបំណងប្រាថ្នារបស់យើង» ដកស្រង់ពីសៀវភៅ ព្រះនៃសេចក្ដីស្រឡាញ់ របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ ទំព័រ....។

ការស្ដាប់បង្គាប់គឺជាទ្រព្យសម្បត្តិពិតដែលព្រះយេស៊ូវប្រទានឲ្យយើង។ ប៉ុន្តែតើការស្រឡាញ់ប្រាក់ផ្ដល់អ្វីឲ្យយើង? ប្រាក់បញ្ជាក់ប្រាប់យើងថាតម្លៃរបស់យើងបានមកពីសម្ភារៈដែលយើងមាន។ ដូច្នេះអារម្មណ៍នៃតម្លៃខ្លួនរបស់យើងគឺផ្សារភ្ជាប់ទៅនឹងសម្ភារៈដែលយើងមាននិងរបស់ដែលយើងអាចទិញបាន។ លោកយ៉ាកុបព្រមានយើងពីការគិតបែបនេះ៖ «មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​បាន​ដុះ​ស្នឹម ឯ​ស្នឹម​នោះ នឹង​បាន​ទុក​សំរាប់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​និង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យសម្បត្តិ​ឡើង នៅ​ជាន់​ក្រោយ​បង្អស់​នេះ» (យ៉ាកុប ៥:៣)។ មនុស្សជាច្រើនមានអារម្មណ៍ខ្លះចំពោះខ្លួនដោយព្រោះទ្រព្យសម្បត្តិដែលគេមាន។ ការជឿជាក់លើខ្លួនគេនិងតម្លៃរបស់គេបានមកពីរបស់ដែលគេមាន (លូកា ១២:១៩-២១)។

ការស្រឡាញ់ប្រាក់បណ្ដាលឲ្យយើងច្រឡំមិនស្គាល់អត្តសញ្ញាណពិតរបស់ខ្លួន។ អត្តសញ្ញាណរបស់យើងជាច្រើននាក់ត្រូវឡូកឡំជាមួយនឹងសម្ភារៈដែលយើងមាន។ ទ្រព្យសម្បត្តិរបស់យើងក្លាយជាព្រះរបស់យើង (ម៉ាថាយ ៦:១៩-២១)។ ដូចមនុស្សម្នាក់មានប្រសាសន៍ថា «ខ្ញុំជាមនុស្សទទេសុទ្ធបើគ្មានសម្ភារៈរបស់ខ្ញុំទេ»។ ពិតជាគួរឲ្យសោកសង្រេងណាស់ដែលយើងមានអារម្មណ៍ថាយើងអាចស្គាល់អត្តសញ្ញាណរបស់ខ្លួនឯងបានតែតាមរយៈសម្ភារៈដែលយើងមានប៉ុណ្ណោះ។ ពិតជាវិធីរស់នៅដ៏ល្ងីល្ងើមែន! តើយើងជារបស់ផងព្រះឬជារបស់ផងទ្រព្យសម្បត្តិរបស់យើង? យើងមិនអាចឋិតនៅក្រោមកម្មសិទ្ធិទាំង២មុខនេះបានទេ។ យើងត្រូវតែសម្រេចចិត្តឋិតនៅក្រោមកម្មសិទ្ធិណាមួយ។

តើអ្នកយល់ពីអត្តសញ្ញាណខ្លួនឯងប៉ុនណាផ្សារភ្ជាប់ទៅនឹងសម្ភារៈដែលអ្នកមាន?

ថ្ងៃសុក្រ ទី៥ មករា ឆ្នាំ២០១៨

សិក្សាបន្ថែម

«សត្រូវទិញមនុស្សលោកក្នុងតម្លៃដ៏ទាបបំផុត។ ‘ឯង​រាល់​គ្នា​បាន​ត្រូវ​លក់​ខ្លួន​ឥត​យក​ថ្លៃ» (អេសាយ ៥២:៣) គឺជាប្រយោគដែលបានប្រើនៅក្នុងព្រះគម្ពីរ។ ផ្ទុយទៅវិញអ្នកខ្លះទៀតលក់ជីវិតរបស់ខ្លួនដើម្បីតែបានការសរសើរពីអ្នកដទៃ។ អ្នកខ្លះទៀតដើម្បីបានប្រាក់។ ឯអ្នកខ្លះទៀតដើម្បីបំពេញតាមសេចក្ដីប៉ងប្រាថ្នាអាក្រក់របស់ខ្លួន។ ហើយខ្លះទៀតលក់ដើម្បីភាពសប្បាយភ្លើតភ្លើនដែលនៅក្នុងជីវិតនេះ។ ការលក់នេះមានជារៀងរាល់ថ្ងៃ។ សាតាំងដេញថ្លៃទិញយកជីវិតមនុស្សដែលព្រះគ្រីស្ទបានទិញមកដោយព្រះលោហិតទ្រង់រួចហើយ។ ព្រះជាម្ចាស់បានចេញថ្លៃលោះដ៏លើសលប់ដើម្បីរំដោះពួកគេឲ្យមានសេរីពីអំពើបាប។ ប៉ុន្តែសាតាំងវិញទិញយកពួកគេក្នុងតម្លៃថោកបំផុត»។ ដកស្រង់ពីសៀវភៅ Testimony for the Church របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ volume 5, page 133។

«ទិញជីវិត» គឺជាផែនការចម្បងរបស់សាតាំង។ សាតាំងបោកឲ្យមនុស្សលក់ជីវិតរបស់គេទៅឲ្យវា។ វាសន្យានឹងពួកគេថានឹងឲ្យទ្រព្យសម្បត្តិ របស់មានតម្លៃ និងអានុភាពដែលបានមកពីរបស់ទាំងនោះ។ សាតាំងសន្យាឲ្យទ្រព្យទាំងនេះដោយប្ដូរជាមួយនឹងជីវិតរបស់ពួកគេ។ ទ្រព្យសម្បត្តិនិងសេចក្ដីប៉ងប្រាថ្នារបស់យើងដែលចង់បានទ្រព្យមិនអាចនិយាយបានទេ។ ប៉ុន្តែវាចេះគ្រប់ភាសា។ សេចក្ដីប៉ងចង់ក្លាយជាអ្នកមានផ្ដល់នូវអារម្មណ៍ត្រេកត្រអាលដល់ទាំងអ្នកក្រនិងអ្នកមាន។ វាធ្វើឲ្យគេស្កប់ចិត្តហើយបណ្ដាលឲ្យគេនិយាយថា «ខ្ញុំមានរបស់គ្រប់យ៉ាងដែលខ្ញុំត្រូវការនៅក្នុងជីវិតនេះហើយ រឿងអីខ្ញុំត្រូវខ្វល់ខ្វាយពីជាតិក្រោយទៀត?»។ តាមវិធីនេះ សេចក្ដីប៉ងប្រាថ្នាចង់មានបានបង្ខូចគំនិតរបស់មនុស្ស។ វានាំឲ្យមនុស្សទុកចិត្តលើរបស់ដែលគេមានជាជាងលើព្រះ។ គម្ពីរសាការី ៤:៦ ប្រាប់យើងពីការព្យាបាលចិត្តពីជំងឺចង់បានហួសល្បត់៖ «គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា ‘មិន​មែន​ដោយ​ឥទ្ធិឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ’»។ ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធមានអានុភាពខ្លាំងជាងការស្រឡាញ់ទ្រព្យសម្បត្តិ។ ដូច្នេះយើងត្រូវតែប្រគល់ខ្លួនទៅឯព្រះ។ ហើយយើងត្រូវតែតោងអំណាចព្រះចេស្ដាទ្រង់ឲ្យជាប់ដើម្បីឲ្យព្រះអង្គជួយកុំឲ្យយើងឲ្យការស្រឡាញ់ទ្រព្យគ្រប់គ្រងលើជីវិតយើងបាន។

សំនួរពិភាក្សា៖
  1. តើយើងទោះជាអ្នកមានឬក្រក្ដី ជាប់អន្ទាក់គ្រោះថ្នាក់ដោយសារការចង់មានទ្រព្យដូចម្ដេចខ្លះ?

  2. ប្រាក់និងសម្ភារៈសុទ្ធតែជាកត្តាសំខាន់។ របស់ទាំងនេះពិតជាមានចំណែកសំខាន់នៅក្នុងជីវិតរបស់យើង។ អ្នកដែលនិយាយផ្សេងពីនេះបានសេចក្ដីថាមិនស្មោះត្រង់ទាំងស្រុង។ ដូច្នេះតើធ្វើដូចម្ដេចយើងអាចធានាថាយើងយល់ច្បាស់និងធ្វើតាមផ្លូវត្រឹមត្រូវដែលព្រះគម្ពីរបានបង្រៀន?

  3. សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូវមកកាន់យើងអំពីទ្រព្យសម្បត្តិនៅក្នុងគម្ពីរម៉ាថាយ ៦:១៩-២១ ដោយប្រុងប្រយ័ត្ន។ តើបន្ទូលទាំងនេះអាចជាវិធីដ៏ខ្លាំងក្លាដើម្បីការពារខ្លួនយើងពីគ្រោះថ្នាក់នៃការស្រឡាញ់ប្រាក់និងបង់មានចង់បានហួសល្បត់ដែរឬទេ?
Powered by CAM