មេរៀនទី១​៖ ៣១ មីនា-០៦ មេសា ២០១៨

មហាវិវាទរវាងព្រះ និងសាតាំង

Jeans
ថ្ងៃសៅរ៍ ទី៣១ មីនា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេសេគាល ២៨:១, ២ , ១១-១៧ លោកុប្បត្តិ ៣:១-៧ វិវរណៈ ១២:១-១៧ រ៉ូម ៨:៣១-៣៩។

ខចងចាំ៖ «នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​សំណល់​ពូជ​នាង​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​កាន់​តាម​បញ្ញត្តិ​ព្រះ ហើយ​មាន​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ» (វិវរណៈ ១២:១៧)។

ព្រះគម្ពីរបង្រៀនយើងថាមានវិវាទយ៉ាងធំមួយកំពុងកើតមានរវាងព្រះនិងសាតាំង។ យើងនឹងអាចយល់ព្រឹត្តិការណ៍ដែលកើតឡើងនៅលើផែនដីនេះកាន់តែច្បាស់ថែមទៀតប្រសិនបើយើងបានយល់ពីវិវាទមួយនេះ។ សង្គ្រាមឬវិវាទនេះជួយយើងឲ្យកាន់តែយល់ច្បាស់ពីមូលហេតុដែលមានអំពើបាប ការឈឺចាប់ និងសេចក្ដីស្លាប់។ សង្គ្រាមនេះជួយឲ្យយើងយល់ពីមូលហេតុដែលប្រទេសខ្លះគ្រប់គ្រងផែនដីហើយប្រទេសខ្លះទៀតបាត់បង់អំណាច។ សង្គ្រាមនេះជួយឲ្យយើងយល់ពីមូលហេតុដែលយើងត្រូវផ្សាយដំណឹងល្អអំពីព្រះយេស៊ូវទៅកាន់មនុស្សគ្រប់គ្នា។ សង្គ្រាមនេះក៏ជួយឲ្យយើងយល់អំពីហេតុការណ៍ដែលនឹងកើតឡើងមុនពេលព្រះយេស៊ូវយាងមកដែរ។

សប្ដាហ៍នេះយើងនឹងក្រឡេកមើល «ទីតាំង» ដែលសង្គ្រាមនោះផ្ទុះឡើងជាលើកដំបូង។ គឺវាផ្ដើមឡើងពីក្នុងចិត្តរបស់ទេវតាដ៏គ្រប់លក្ខណ៍មួយអង្គដែលមានឈ្មោះថាលុយស៊ីហ្វ័រ។ លុយស៊ីហ្វ័រនាំសង្គ្រាមរបស់វាប្រឆាំងនឹងព្រះមកកាន់ផែនដីនេះនៅពេលដែលវានាំឲ្យលោកអ័ដាមនិងនាងអេវ៉ាធ្វើបាប។ ហើយសង្គ្រាមនេះកើតតាំងពីពេលនោះមករហូតទល់សព្វថ្ងៃនេះ។ មនុស្សយើងម្នាក់ៗសុទ្ធតែមានចំណែកនៅក្នុងសង្គ្រាមនេះដែរ។

មានដំណឹងល្អ។ ថ្ងៃណាមួយព្រះយេស៊ូវនឹងយកឈ្នះសង្គ្រាមនោះ។ ប៉ុន្តែនៅមានដំណឹងល្អលើសពីនេះទៀត។ មនុស្សគ្រប់គ្នាអាចដឹងបានពីជ័យជម្នះរបស់ព្រះយេស៊ូវនៅពេលនេះ។ ព្រះអង្គបានច្បាំងយកជ័យលើអំពើបាបសម្រាប់យើងនៅលើឈើឆ្កាង។ ជ័យជម្នះរបស់ព្រះអង្គប្រទានអំណាចឲ្យយើងរស់នៅក្នុងជីវិតនៃជំនឿនិងស្ដាប់បង្គាប់ក្នុងកាលដែលយើងកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់។

ថ្ងៃអាទិត្យ ទី០១ មេសា ឆ្នាំ២០១៨

ទេវតាល្អឥតខ្ចោះប្រព្រឹត្តបាប

កាលពីម្សិលមិញ យើងបានលើកឡើងថាព្រះគម្ពីរបង្រៀនយើងអំពីសង្គ្រាមដ៏ធំដែលកំពុងកើតឡើងរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់។ ការបង្រៀននេះនាំយើងឲ្យសួរសំណួរសំខាន់ៗមួយចំនួនអំពីសង្គ្រាម។ សំណួរសំខាន់មួយក្នុងចំណោមនេះគឺ៖ តើសង្គ្រាមនេះផ្ដើមឡើងដោយរបៀបណា? សំណួរនេះមានសារៈសំខាន់ពីព្រោះយើងដឹងថាព្រះជាម្ចាស់គឺជាព្រះនៃសេចក្ដីស្រឡាញ់ហើយព្រះអង្គបង្កើតរបស់សព្វសារពើ។ ដូច្នេះបើព្រះបង្កើតអារក្ស សង្គ្រាម និង ការឈឺចាប់មក នោះមិនសមហេតុផលទាល់តែសោះពីព្រោះពីដំបូងឡើយព្រះអង្គបង្កើតរបស់គ្រប់យ៉ាងមកឲ្យល្អហើយឥតខ្ចោះទេតើ។ ដូច្នេះសង្គ្រាមរវាងសេចក្ដីល្អនិងអាក្រក់ច្បាស់ជាផ្ដើមឡើងបន្ទាប់ពីព្រះបានបង្កើតអ្វីៗគ្រប់យ៉ាងហើយ។ មិនតែប៉ុណ្ណោះ សង្គ្រាមនោះច្បាស់ជាដាច់ដោយឡែកពីរបស់ទាំងប៉ុន្មានដែលព្រះបានបង្កើតមក។ ប៉ុន្តែសង្គ្រាមនេះគឺមានពិត។ សង្គ្រាមនេះគឺមាននៅលើលោកយើងនេះ។ មនុស្សគ្រប់រូបនៅលើផែនដីនេះសុទ្ធតែរួមចំណែកក្នុងសង្គ្រាមនេះ។

សូមអានគម្ពីរអេសេគាល ២៨:១,​ ២, ១១-១៧ និងអេសាយ ១៤:១២-១៤។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីបាបរបស់លុយស៊ីហ្វ័រនិងពីដើមហេតុដែលមានសេចក្ដីអាក្រក់កើតឡើងនៅឋានសួគ៌?

ពីដើមឡើយលុយស៊ីហ្វ័រជាទេវតាដ៏ល្អមួយអង្គ។ ទេវតានេះរស់នៅលើឋានសួគ៌។ ព្រះបង្កើតលុយស៊ីហ្វ័រមកឲ្យល្អឥតមានហ្មង។ ដូច្នេះហេតុដូចម្ដេចបានជាបាបកើតចេញពីលុយស៊ីហ្វ័រទៅវិញ? ក្រែងលុយស៊ីហ្វ័របានរស់នៅក្នុងទីកន្លែងបរិសុទ្ធឥតខ្ចោះ ហើយព្រះក៏បានបង្កើតមកឲ្យល្អឥតខ្ចោះដែរមែនទេ? ចម្លើយនោះគឺ៖ យើងមិនដឹងថាហេតុអ្វីបានជាបាបកើតចេញពីតួអង្គមួយដែលព្រះបង្កើតមកល្អឥតខ្ចោះនោះទេ។ បាបគឺជាសេចក្ដីអាថ៌កំបាំងមួយ។ ទំនងជាបែបនេះហើយបានជាព្រះគម្ពីរចែងអំពី «​សេចក្តី​អាថ៌កំបាំង​របស់​ការ​ទទឹង​ច្បាប់» (ថែស្សាឡូនីចទី២ ២:៧) ពីព្រោះយើងមិនអាចដឹងពីហេតុផលពិតប្រាកដដែលនាំឲ្យមានបាប។

ព្រះជាម្ចាស់បង្កើតយើងមកឲ្យមានសេរីភាពពេញលេញក្នុងការជ្រើសរើស។ បាបចាប់ផ្ដើមឡើងនៅពេលដែលលុយស៊ីហ្វ័រជ្រើសរើសយកសេចក្ដីអាក្រក់។ តែគ្មានលេសដោះសាអ្វីសម្រាប់លុយស៊ីហ្វ័រឡើយ។ តទៅនេះគឺជាសេចក្ដីខ្លះដែលអ្នកស្រីអែល្លិនជីវ៉ៃត៍លើកឡើងអំពីចំណុចផ្ដើមនៃអំពើបាប៖ «មនុស្សយើងមិនអាចពន្យល់ពីហេតុផលដែលបាបផ្ដើមកើតឡើងបានទេ។ យើងគ្មានហេតុផលដែលបញ្ជាក់ថាហេតុអ្វីបានជាមានបាបនោះទេ... បាបគឺជាភ្ញៀវដែលយើងមិនស្វាគមន៍។ បាបគឺជាអាថ៌កំបាំង។ យើងមិនអាចពន្យល់ពីបាបបានឡើយ។ ការដោះសាចំពោះបាបគឺដូចគ្នាទៅនឹងការការពារបាបដែរ។ ចុះបើយើងអាចរកលេសដោះសាចំពោះបាបនិងវត្តមានរបស់វានៅលើលោកិយនេះបាន តើនឹងទៅជាយ៉ាងណាវិញ? បើរកបានមែននោះ បាបលែងជាបាបទៀតហើយ»។ ដកស្រង់ពីសៀវភៅ មហាវិវាទ។

ចូរយកពាក្យ «សេចក្ដីអាក្រក់» ដាក់ជំនួសត្រង់ពាក្យថា «បាប» នៅក្នុងអត្ថបទដកស្រង់ដែលយើងអានអម្បាញ់មិញហើយអានសាឡើងវិញម្ដងទៀត។ ពេលនោះលោកអ្នកនឹងឃើញថាគ្រប់យ៉ាងដែលយើងនិយាយអំពីបាបគឺស្មើនឹងសេចក្ដីអាក្រក់ដែរ។

ព្រះបង្កើតយើងមកឲ្យមានសេរីភាពពេញលេញក្នុងការជ្រើសរើស។ សូមគិតអំពីការសម្រេចចិត្តផ្សេងៗរបស់អ្នកហើយនិងព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងក្នុងជីវិតអ្នកដោយព្រោះការសម្រេចចិត្តទាំងនោះ។ តើបទពិសោធន៍ទាំងនោះបង្រៀនយើងថាយើងត្រូវតែអធិដ្ឋានដោយប្រុងប្យយ័ត្នសម្រាប់ការសម្រេចចិត្តរបស់យើងដែរឬទេ?

ថ្ងៃច័ន្ទ ទី០២ មេសា ឆ្នាំ២០១៨

ការដឹងពីសេចក្ដីពិតមិនទាន់គ្រប់គ្រាន់នៅឡើយទេ

យើងមិនអាចពន្យល់បានថាសេចក្ដីអាក្រក់ផ្ដើមឡើងដោយរបៀបណានោះទេ។ គ្មានលេសដោះសាអ្វីសម្រាប់សេចក្ដីអាក្រក់ឡើយ។ ប៉ុន្តែព្រះគម្ពីរប្រាប់យើងថាសេចក្ដីអាក្រក់ផ្ដើមចេញពីចិត្តរបស់ទេវតាលុយស៊ីហ្វ័រនៅឋានសួគ៌។ ស្របពេលជាមួយគ្នានេះព្រះគម្ពីរមិនបានប្រាប់យើងអំពីការចាប់ផ្ដើមនៃសេចក្ដីអាក្រក់នៅឋានសួគ៌នេះឲ្យលើសពីនេះទៀតទេ។ (យើងអាចអានអំពីសេចក្ដីនេះបន្ថែមទៀតនៅក្នុងសំណេររបស់អ្នកស្រីអែល្លិនជីវ៉ៃត៍ ត្រង់ជំពូក «ឫសគល់នៃសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ មហាវិវាទ។ ប៉ុន្តែព្រះគម្ពីរមានចែងយ៉ាងច្បាស់អំពីចំណុចផ្ដើមនៃសេចក្ដីអាក្រក់នៅលើផែនដីនេះ (អានសៀវភៅមហាវិវាទ)។

សូមអានគម្ពីរលោកុប្បត្តិ ៣:១-៧។ តើមានអ្វីកើតឡើងនៅត្រង់នេះ? តើអ័ដាមនិងនាងអេវ៉ាជាប់ពិរុទ្ធដោយព្រោះធ្វើអ្វី?

ផ្នែកដែលកម្សត់ជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍នេះគឺនៅត្រង់ថានាងអេវ៉ាចេះទាំងបន្ទូលហាមរបស់ព្រះដែលបានមានបន្ទូលមកកាន់នាងនិងលោកអ័ដាមទៀត។ នាងថែមទាំងបានសូត្របន្ទូលនោះទៅកាន់សត្វពស់ទៀតផង៖ «ព្រះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ‘កុំ​ឲ្យ​បរិភោគ​ផ្លែ​នោះ​ឡើយ ថែម​ទាំង​កុំ​ឲ្យ​ពាល់​ប៉ះ​ផង ក្រែងលោ​ស្លាប់’» (លោកុប្បត្តិ ៣:៣)។ ព្រះគម្ពីរមិនបានចែងអំពីសេចក្ដីដែលព្រះហាមអ័ដាមនិងនាងអេវ៉ាមិនឲ្យ ប៉ះ ផ្លែនោះទេ។ តែយ៉ាងណាមិញព្រះគម្ពីរបង្ហាញថានាងអេវ៉ាដឹងថាការបរិភោគផ្លែនោះនឹងបណ្ដាលឲ្យនាងស្លាប់។

ប៉ុន្តែសត្វពស់កុហកនាងអេវ៉ា។ «រួច​ពស់​ក៏​និយាយ​ទៅ​ស្ត្រី​ថា អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ»(លោកុប្បត្តិ ៣:៤)

ដំបូងឡើយសាតាំងហាក់ប្រើល្បិចបន្តិច។ ប៉ុន្តែបន្ទាប់មកទៀតមានរឿងអ្វីបន្ទាប់ពីសាតាំងទទួលបានការចាប់អារម្មណ៍ពីនាងអេវ៉ាហើយៗដឹងថានាងមិនដើរចេញពីវា? ពេលនេះសាតាំងយកបន្ទូលរបស់ព្រះមកតតាំងជាមួយនាង។ ចំណុចគួរឲ្យសោកស្ដាយនោះគឺថានាងអេវ៉ាបានដឹងពីសេចក្ដីពិតហើយ។ នាងមិនអាចប្រកែកបានថា «ទេ! ខ្ញុំមិនបានដឹងទេ ខ្ញុំមិនបានដឹងទាល់តែសោះ!»។

នាងដឹង ប៉ុន្តែនាងអេវ៉ានៅតែធ្វើបាបដដែល។ លោកអ័ដាមក៏ធ្វើបាបដែរ។ ពីដំបូងពួកគេទាំងពីរបរិសុទ្ធឥតខ្ចោះ។ ចំណុចនេះដូចជាបង្ហាញចំណុចសំខាន់មួយដល់យើង។ ការដែលយើងដឹងពីសេចក្ដីពិតមិនទាន់គ្រប់គ្រាន់អាចសង្គ្រោះយើងបានទេ។ មែនហើយ យើងត្រូវចេះគម្ពីរ។ ប៉ុន្តែយើងក៏ត្រូវប្រព្រឹត្តតាមសេចក្ដីដែលព្រះគម្ពីរបង្រៀនដែរ។

ព្រះមានបន្ទូលផ្សេង។ សាតាំងនិយាយផ្សឹង។ លោកអ័ដាមនិងនាងអេវ៉ាដឹងពីសេចក្ដីពិត។ ប៉ុន្តែពួកគេសម្រេចចិត្តជឿតាមសាតាំង។ តើធ្វើយ៉ាងណាទើបយើងអាចចៀសផុតមិនធ្វើកំហុសដដែលនេះបាន?

ថ្ងៃអង្គារ ទី៣ មេសា ឆ្នាំ២០១៨

សង្គ្រាមនៅលើឋានសួគ៌និងផែនដី

យើងបាននិយាយអំពីសង្គ្រាមដ៏ធំមួយរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ដែលបានចាប់ផ្ដើមពីឋានសួគ៌មក។ ប៉ុន្តែសង្គ្រាមនោះក៏កំពុងកើតមានក្នុងពេលឥឡូវនេះនៅលើផែនដីនេះដែរ។ យើងគ្រាន់តែមើលប្រវត្តិសាស្ត្រនៅក្នុងព្រះគម្ពីរប៉ុណ្ណោះនោះនឹងបានដឹងថាសង្គ្រាមនេះពិតជាមានមែន។ គ្រប់ព្រឹត្តិការណ៍ដែលកើតមាននៅក្នុងព្រះគម្ពីរបង្ហាញឲ្យឃើញថាសង្គ្រាមនេះគឺមានពិតមែន។ នោះគឺរួមបញ្ចូលទាំងរឿងគ្រប់យ៉ាងតាំងបាបរបស់លោកអ័ដាមនិងអេវ៉ានៅក្នុងសួនអេដែនរហូតដល់រឿងចុងក្រោយដែលកើតឡើងមុនដែលព្រះយេស៊ូវយាងមកវិញ។ យើងរស់នៅលើផែនដីដែលសង្គ្រាមនេះកំពុងតែតយុទ្ធគ្នា។ ព្រះគម្ពីរពន្យល់ពីដំណើរការសង្គ្រាមនេះនិងបង្ហាញហេតុផលដែលនាំឲ្យមានសង្គ្រាមនេះ។ ដែលសំខាន់ជាងនេះ គឺព្រះគម្ពីរប្រាប់យើងពីការបញ្ចប់នៃសង្គ្រាមនេះ។

សូមអានគម្ពីរវិវរណៈ ១២:១-១៧។ តើមានសង្គ្រាមអ្វីខ្លះកើតឡើងនៅក្នុងខទាំងនេះ? តើវាកើតឡើងនៅឯណា?

នៅក្នុងគម្ពីរវិវរណៈ ១២:១-១៧ យើងឃើញសង្គ្រាមមួយនៅឋានសួគ៌ហើយមួយចំនួនទៀតកំពុងកើតឡើងនៅលើផែនដី។ ការប្រយុទ្ធលើកទីមួយគឺរវាងសត្វនាគ (សាតាំង វិវរណៈ ១២:៧-៩) និងទេវតាមីកែល។ មីកែលគឺជានាមមួយទៀតសម្រាប់ព្រះយេស៊ូវ។ (នៅក្នុងគម្ពីរហេព្រើរ មីកែលមានន័យថា «តើមានអ្នកណាទៀតស្មើព្រះ?») គេក៏ហៅលុយស៊ីហ្វ័រថាសាតាំង។ ឈ្មោះសាតាំងមានន័យថា «ខ្មាំងសត្រូវ» ឬ «មនុស្សមិនល្អ» ឬ «អ្នកដែលទាស់និងម្នាក់ទៀត»។

សង្គ្រាមធំរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់មិនមែនជាសង្គ្រាមរវាងព្រះដែលច្បាំងគ្នានោះទេ។ មិនមែនទេ សង្គ្រាមគឺមកពីទេវតាដែលមានឈ្មោះថាលុយស៊ីហ្វ័រ ច្បាំងទាស់នឹងព្រះយេស៊ូវដែលជាអ្នកបង្កើតវាមក។ លុយស៊ីហ្វ័រក៏បង្ហាញការវាយប្រហារទៅលើព្រះដោយការវាយមកលើមនុស្សនៅលើផែនដីនិងរបស់គ្រប់សារពើដែលព្រះបានបង្កើត។

សាតាំងបរាជ័យក្នុងការច្បាំងជាមួយព្រះយេស៊ូវនៅឯនគរស្ថានសួគ៌។ ដូច្នេះសាតាំងតាមព្យាបាទព្រះយេស៊ូវនៅលើផែនដីទៀតបន្ទាប់ពីព្រះអង្គប្រសូតមកជាមនុស្ស (វិវរណៈ ១២:៤)។ ប៉ុន្តែសាតាំងបរាជ័យក្នុងការច្បាំងទាស់នឹងព្រះយេស៊ូវ។ រួចសាតាំងបរាជ័យម្ដងទៀតពេលវាវាយប្រហារមកលើព្រះនៅឯវាលរហោស្ថាន។ សាតាំងក៏បានបរាជ័យក្នុងការវាយប្រហាររបស់វាមកលើព្រះយេស៊ូវនៅលើឈើឆ្កាងដែរ។ ដូច្នេះតើសាតាំងធ្វើអ្វីបន្ទាប់ពីវាបរាជ័យគ្រប់សង្គ្រាមទាស់នឹងព្រះយេស៊ូវដូច្នេះ? គឺសាតាំងបង្កសង្គ្រាមជាមួយនឹងអ្នកដើរតាមព្រះយេស៊ូវ។ សង្គ្រាមនេះចាប់កើតមានឡើងតាំងពីពេលដែលមានពួកជំនុំគ្រីស្ទានដំបូងមកម្ល៉េះ (វិវរណៈ ១២:៦, ១៤-១៦)។ សង្គ្រាមនេះនឹងបានរីករាលដាលហើយកាន់តែអាក្រក់លើសដើមរហូតដល់ចុងបំផុតកល្ប (វិវរណៈ ១២:១៧)។ រួចសាតាំងនឹងបរាជ័យម្ដងទៀតនៅពេលដែលព្រះយេស៊ូវយកជ័យលើវាក្នុងគ្រាដែលព្រះអង្គយាងមកជាលើកទីពីរ។

សូមអានគម្ពីរវិវរណៈ ១២:១០-១២។ តើយើងរកឃើញអ្វីនៅក្នុងខទាំងនេះដែលអាចទុកជាទីសង្ឃឹមស្របពេលដែលចម្បាំងរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់កំពុងតែច្បាំងគ្នានៅជុំវិញយើង?

ថ្ងៃពុធ ទី៤ មេសា ឆ្នាំ២០១៨

ព្រះយេស៊ូវគង់នៅជាមួយយើងរហូតដល់បំផុតកល្ប

កណ្ឌគម្ពីរវិវរណៈព្រមានរាស្ត្ររបស់ព្រះជាមុនអំពីការវាយប្រហាររបស់សាតាំងមកលើពួកជំនុំ។ ការវាយប្រហាររបស់សាតាំងនឹងកើតមានស្ទើរតែពេញផ្ទៃប្រវត្តិសាស្ត្រនៃពួកជំនុំ។

«ការវាយប្រហារមកលើគ្រីស្ទានគឺចាប់ផ្ដើមពីព្រះអធិរាជណេរ៉ូ ក្នុងកំឡុងពេលដែលគេសម្លាប់លោកប៉ុល។ ការធ្វើទុក្ខបុកម្នេញនោះបន្តរាប់រយឆ្នាំក្រោយមកទៀត។ គេចោទប្រកាន់គ្រីស្ទានថាបានប្រព្រឹត្តឧក្រិដ្ឋកម្ម អាក្រក់ៗជាច្រើនទាំងដែលពួកគេមិនដែលធ្វើសោះ។ ប្រជាជននាំគ្នាចោទគ្រីស្ទានថានាំឲ្យមានគ្រោះរញ្ជួយដី ខ្វះស្បៀងអាហារ និងរោគាផ្សេងៗដែលកើតមាន។ មនុស្សម្នាគ្រប់ទីកន្លែងស្អប់គ្រីស្ទាន។ អ្នកខ្លះបានទាំងត្រៀមខ្លួនធ្វើបាបអ្នកគ្រីស្ទានជាថ្នូរនឹងលុយកាក់ឬអំណាច ឬអ្វីៗផ្សេងទៀតនៅក្នុងជីវិតនេះ។ គេចោទប្រកាន់ថា គ្រីស្ទានគឺជាអ្នកច្បាំងទាស់នឹងមេដឹកនាំរបស់សាសន៍រ៉ូម។ គេចោទប្រកាន់ថាគ្រីស្ទានវាយប្រហារទៅលើសាសនាផ្សេង។ គេចោទប្រកាន់គ្រីស្ទានថាអ្នកទាំងនោះដូចគ្នាទៅនឹងជំងឺឬសត្វល្អិតចង្រៃដែលបំផ្លាញរុក្ខជាតិ។ មានគ្រីស្ទានជាច្រើននាក់ត្រូវគេបោះទៅឲ្យសត្វព្រៃស៊ី។ ឯគ្រីស្ទានខ្លះទៀតត្រូវគេដុតទាំងរស់នៅក្នុងរោងភាព​យន្តនៃប្រទេសរ៉ូម»។ ដកស្រង់ពីសៀវភៅ មហាវិវាទ របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ព្រះគម្ពីរចែងថា «ស្ត្រី [ពួកជំនុំពិតរបស់ព្រះ]» រត់ទៅឯវាលរហោស្ថានដើម្បីគេចពីការធ្វើទុក្ខបុកម្នេញទាំងនេះ (វិវរណៈ ១២:៦)។ ព្រះគម្ពីរចែង២ដងថាស្ត្រីនោះមានស្លាបដូចនឹងទេវតា។ ស្លាបទាំងនេះជួយឲ្យយើងស្រមៃចេញជារូបភាពស្ត្រីម្នាក់ហោះចេញទៅកន្លែងមួយដែលនាងអាចស្វែងរកជំនួយបាន។ ព្រះជាម្ចាស់ថែរក្សាស្ត្រីនោះគ្រាដែលនាងនៅឯវាលរហោស្ថាន។ សត្វនាគ [សាតាំង] មិនអាចតាមទៅរកនាងបានទេ (វិវរណៈ ១២:១៤)។ ព្រះតែងតែរក្សាពួកជំនុំរបស់ព្រះអង្គនៅគ្រាដែលមានការធ្វើទុក្ខបុកម្នេញខ្លាំង។ ហើយព្រះអង្គនឹងការពារពួកគេម្ដងទៀតនៅគ្រាចុងក្រោយ។

ព្រះយេស៊ូវសន្យាទៅកាន់រាស្ត្ររបស់ព្រះអង្គនៅគ្រាចុងក្រោយថា៖ «ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប» (ម៉ាថាយ ២៨:២០)។ ពិតជាការសន្យាដ៏អស្ចារ្យមែន! ប៉ុន្តែតើសេចក្ដីនេះមានន័យថាយើងរាល់គ្នានឹងលែងជួបការរងទុក្ខវេទនាឬស្លាប់ដោយសារជំនឿរបស់យើងទៀតហើយឬអី? ពិតជាមិនដូច្នោះទេ។ យើងដឹងថាអ្នកដើរតាមព្រះយេស៊ូវជាច្រើនត្រូវគេសម្លាប់។ ដូច្នេះតើការសន្យានេះមានន័យពិតប្រាកដយ៉ាងដូចម្ដេច? (អានគម្ពីររ៉ូម ៨:៣១-៣៩ និងម៉ាថាយ ១០:២៨ ផងដែរសម្រាប់ជាគន្លឹះ)។

គ្មានអ្វីអាចពង្រាត់យើងពីសេចក្ដីស្រឡាញ់របស់ព្រះបានឡើយ។ មិនមែនដោយការធ្វើទុក្ខបុកម្នេញ មិនមែនដោយខ្វះស្បៀងអាហារ ឬសូម្បីតែសេចក្ដីស្លាប់។ ព្រះយេស៊ូវគង់នៅជាមួយយើងជានិច្ច។ ប៉ុន្តែព្រះពុំដែលសន្យាថាយើងនឹងមិនជួបទុក្ខសំបាក ការឈឺចាប់ ឬសេចក្ដីស្លាប់ឡើយ។ ផ្ទុយទៅវិញសេចក្ដីសន្យារបស់ព្រះយេស៊ូវសម្រាប់យើងនៅក្នុងគម្ពីរម៉ាថាយ ២៨:២០ បានសេចក្ដីថាព្រះគង់នៅជាមួយយើងនៅក្នុងគ្រប់ទាំងគ្រាទាំងអស់។ យើងក៏មានសេចក្ដីសង្ឃឹមថានឹងបានជីវិតអស់កល្បជាមួយព្រះអង្គនៅក្នុងផ្ទៃមេឃថ្មីនិងផែនដីថ្មីផងដែរ (ធីម៉ូថេទី២ ៤:៨)។

ថ្ងៃព្រហស្បតិ៍ ទី៥ មេសា ឆ្នាំ២០១៨

ក្រឹត្យវិន័យនិងដំណឹងល្អ

តើលោកអ្នកធ្លាប់សញ្ជឹងគិតថាឈ្មោះរបស់គណៈនិកាយយើងបង្ហាញប្រាប់ដល់អ្នកដទៃថាយើងជឿលើអ្វីដែរឬទេ? សូមពិនិត្យមើលទាំងអស់គ្នា៖ សេវេនដេយអាត់វេនទីស្ទ (គណៈនិកាយថ្ងៃទីប្រាំពីរ)។ ពាក្យថា «សេវេនដេយ» រំឭកយើងអំពីថ្ងៃបរិសុទ្ធដែលជាថ្ងៃទីប្រាំពីរ។ តើលោកអ្នកដឹងថាចំណុចនេះមានអ្វីពិសេសទេ? ការជឿរបស់យើងចំពោះបញ្ញត្តិនៃថ្ងៃបរិសុទ្ធក៏ស្ដែងឲ្យឃើញពីការជឿទៅលើក្រឹត្យវិន័យទាំងដប់ប្រការរបស់ព្រះ ដែរ។ ចំណែកឯពាក្យ «អាត់វេនទីស្ទ» នៅក្នុងឈ្មោះរបស់យើងបង្ហាញពីការជឿរបស់យើងទៅលើការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។ ដូច្នេះឈ្មោះ សេវេនដេយអាត់វេនទីស្ទរបស់យើង បង្ហាញពីចំណុចដ៏សំខាន់ពីរយ៉ាងនៃសេចក្ដីពិតដែលកំពុងត្រូវការជាចាំបាច់សម្រាប់សម័យនេះ៖ (១) ក្រឹត្យវិន័យ និង (២) ដំណឹងល្អដែលថាព្រះយេស៊ូវសង្គ្រោះយើងពីបាប។

សូមអានគម្ពីរយេរេមា ៤៤:២៣ រ៉ូម ៣:២០-២៦ និងរ៉ូម ៧:៧។ តើខទាំងនេះបង្ហាញថាក្រឹត្យវិន័យនិងដំណឹងល្អដែលថាព្រះយេស៊ូវបានសង្គ្រោះយើងពីបាបមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធដូចម្ដេចខ្លះ?

យេរេមា ៤៤:២៣ ---------------------------

រ៉ូម ៣:២០-២៦ ------------------------------

រ៉ូម ៧:៧---------------------------------------

យើងបានធ្វើបាបដោយបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះ។ ដំណឹងល្អនោះគឺថាព្រះអាចនឹងព្រះរាជទានទោសឲ្យយើងបាន។ យើងបានសង្គ្រោះដោយព្រោះជំនឿរបស់យើងទៅលើព្រះយេស៊ូវនិងការសុគតរបស់ទ្រង់សម្រាប់យើងនៅលើឈើឆ្កាង។ ហើយព្រះក៏ប្រទានអំណាចចេស្ដាឲ្យយើងអាចកាន់តាមបញ្ញត្តិដែលយើងបានប្រព្រឹត្តរំលងផង។ ព្រះប្រទានអំណាចចេស្ដាឲ្យយើងអាចកាន់តាមក្រឹត្យវិន័យយ៉ាងពេញខ្នាត។ អំណោយទានពិសេសទាំងនេះ (១) បានសង្គ្រោះដោយជំនឿ (២) ការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង និង (៣) អំណាចចេស្ដាដើម្បីនឹងកាន់តាមបញ្ញត្តិរបស់ព្រះ បង្ហាញយ៉ាងច្បាស់ថារាស្ត្ររបស់ព្រះខុសពីមនុស្សដទៃទៀតជាយ៉ាងណា។

សូមអានគម្ពីរវិវរណៈ ១៤:១២។ តើខនេះបង្ហាញពីទំនាក់ទំនងរវាងក្រឹត្យវិន័យហើយនិងដំណឹងល្អដែលព្រះយេស៊ូវសង្គ្រោះយើងពីបាបដូចម្ដេចខ្លះ?

ជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងជឿលើការប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះ។ យើងចាត់ទុកការស្ដាប់បង្គាប់កាន់តាមក្រឹត្យវិន័យគឺជាលក្ខណៈមួយដែលកាន់តែលូតលាស់រឹងមាំឡើងដោយព្រោះយើងស្រឡាញ់ព្រះ។ តើធ្វើយ៉ាងណាទើបយើងអាចបង្ហាញមនុស្សដទៃទៀតថាការកាន់តាមក្រឹត្យវិន័យពុំមែនមានន័យថាយើងកំពុងព្យាយាមចង់បានសេចក្ដីសង្គ្រោះដោយការប្រព្រឹត្តល្អ?

ថ្ងៃសុក្រ ទី៦ មេសា ឆ្នាំ២០១៨

សិក្សាបន្ថែម

«មានពេលមួយនោះគ្រប់ទាំងទេវតានិងមនុស្សដែលព្រះបានបង្កើតមកស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តស្មោះស្ម័គ្រ។ កាលណោះមានសុភមង្គលដ៏បរិបូរនិងសេចក្ដីសុខសាន្តនៅគ្រប់កន្លែងដោយព្រោះតែសេចក្ដីស្មោះស្ម័គ្រនិងស្រឡាញ់ចំពោះព្រះនេះឯង។ ទេវតានៅឯឋានសួគ៌ពេញចិត្តធ្វើអ្វីដែលព្រះចង់ឲ្យពួកគេធ្វើ។ ពួកគេចូលចិត្តបង្ហាញពីសិរីល្អរបស់ព្រះតាមរយៈជីវិតរបស់ពួកគេក៏ដូចជាសរសើរតម្កើងទ្រង់ផងដែរ។ រឿងសំខាន់ជាងគេសម្រាប់ជីវិតរបស់ពួកគេគឺការស្រឡាញ់របស់ពួកគេចំពោះព្រះ។ ក្ដីស្រឡាញ់របស់ពួកគេទៅវិញទៅមកមានជម្រៅជ្រៅហើយមិនអាត្មានិយម។ គ្មានសេចក្ដីអាក្រក់ណាមកយាយីដល់សេចក្ដីសុខសាន្តគេឡើយ។ បន្ទាប់មកការប្រែប្រួលមួយក៏កើតមានឡើង។ ទេវតាលុយស៊ីហ្វ័រយកសេរីភាពដែលព្រះប្រទានឲ្យមនុស្សគ្រប់គ្នាមកប្រើប្រាស់ក្នុងផ្លូវអាក្រក់។ អំពើបាបកើតចេញពីក្នុងលុយស៊ីហ្វ័រ។ ព្រះបានលើកតម្កើងលុយស៊ីហ្វ័រឲ្យខ្ពស់ជាងទេវតាឯទៀត។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលមានកិត្តិយសខ្ពស់ជាងលុយស៊ីហ្វ័រ» ដកស្រង់ពីសៀវភៅ Patriarchs and Prophets របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ ទំព័រ ៣៥។

សម្គាល់ប្រសាសន៍របស់អ្នកស្រីអែល្លិនជីវ៉ៃត៍៖ «… ស្រឡាញ់ព្រះដោយចិត្តស្មោះស្ម័គ្រ»។ ការប្រើពាក្យពេចន៍នេះមានអានុភាពខ្លាំងនិងអត្ថន័យជ្រាលជ្រៅ។ ពាក្យទាំងនេះបង្រៀនយើងឲ្យដឹងថាសេចក្ដីស្រឡាញ់នាំយើងឲ្យមានចិត្តស្មោះស្ម័គ្រដល់ព្រះហើយឲ្យយើងរស់នៅក្នុងជីវិតដែលមានជំនឿ។ អ្នកដែលរៀបការហើយក៏នឹងបង្ហាញសេចក្ដីស្រឡាញ់ដូចគ្នានេះទៅកាន់អ្នកដែលគេបានរៀបការជាមួយដែរ។ ទេវតានៅឯនគរឋានសួគ៌ស្រឡាញ់ព្រះនិងគ្នាទៅវិញទៅមកបែបនេះ។ ហើយយើងក៏ត្រូវស្រឡាញ់ព្រះនិងគ្នាទៅវិញទៅមកបែបជាយ៉ាងដូច្នោះដែរ។

សំនួរពិភាក្សា៖
  1. តើព្រះគម្ពីរផ្ដល់ភស្តុតាងអ្វីដើម្បីបញ្ជាក់ថាពិតជាមានសាតាំងពិតមែន? តើព្រះគម្ពីរផ្ដល់ភស្តុតាងអ្វីដើម្បីបញ្ជាក់ថាសាតាំងពិតជាមានចំណែកនៅក្នុងមហាវិវាទរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់? តើធ្វើយ៉ាងណាទើបយើងអាចជួយឲ្យមនុស្សម្នាបានយល់ថាពិតជាមានសាតាំងមែនហើយសាតាំងមិនមែនគ្រាន់តែជារូបស័ព្ទដែលតំណាងឲ្យសេចក្ដីអាក្រក់នៅក្នុងចិត្តរបស់មនុស្សបាន?

  2. ព្រះជាម្ចាស់ប្រទានពរអ្នកសេវេនដេយអាត់វេនទីស្ទឲ្យមានចំណេះដឹងជាច្រើនអំពីព្រះគម្ពីរ។ ប៉ុន្តែហេតុអ្វីបានជាការដឹងពីសេចក្ដីពិតមិនទាន់អាចសង្គ្រោះយើងបាន? តើយើងត្រូវការអ្វីខ្លះទៀត?

  3. តើអ្នកធ្លាប់ទទួលបានសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវនិងអំណាចយកឈ្នះបាបនៅក្នុងជីវិតអ្នកដូចម្ដេចខ្លះ? តើបទពិសោធន៍ទាំងនេះអាចជួយអ្នកនៅគ្រាមានទុក្ខលំបាកនាពេលខាងមុខដូចម្ដេចខ្លះ?

  4. ចូរពិភាក្សាគ្នាថែមទៀតទៅលើពាក្យពេចន៍ដែលអ្នកស្រីអែល្លិនជីវ៉ៃត៍សរសេរថា៖ «...ស្រឡាញ់ព្រះដោយចិត្តស្ម័គ្រស្មោះ»។ តើសេចក្ដីនេះជួយយើងឲ្យកាន់តែយល់អំពីទំនាក់ទំនងជិតស្និទ្ធិរវាងក្រឹត្យវិន័យនិងដំណឹងល្អដែរឬទេ? តើទស្សនៈនេះបង្ហាញយើងពីសេចក្ដីពិតដែលថាដើម្បីស្រឡាញ់នរណាម្នាក់ទាល់តែយើងមានសេរីភាពពេញលេញក្នុងការជ្រើសរើសថាត្រូវស្រឡាញ់នរណាម្នាក់ជាមុនសិនឬទេ? តើយើងអាចបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះទៅកាន់អ្នកដទៃទៀតតាមវិធីណាខ្លះ?
Powered by CAM