មេរៀនទី១​៖ ២៩ កញ្ញា- ៥ តុលា ២០១៨

ផែនការរបស់ព្រះសម្រាប់មនុស្សលោកមុននិងក្រោយមានបាប

Jeans
ថ្ងៃសៅរ៍ ទី២៩ កញ្ញា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ លោកុប្បត្តិ ១:២៦,២៧ យ៉ូហានទី១ ៤:៧,៨,១៦ លោកុប្បត្តិ ៣:១៦-១៩ លោកុប្បត្តិ ១១:១-៩ កាឡាទី ៣:២៩។

ខចងចាំ៖ «រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ គាត់​ក៏​ជឿ​ដល់​ព្រះយេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ ទុក​ជា​សេចក្តី​សុចរិតដល់​គាត់» (លោកុប្បត្តិ ១៥:៥, ៦)។

ផ្ទែរឿងអំពីរាស្ត្ររបស់ព្រះចាប់ផ្ដើមពីគ្រាដែលព្រះបង្កើតមនុស្សលោកមក។ ប៉ុន្តែមនុស្សលោកបែរចេញពីព្រះហើយធ្វើបាប។ យើងត្រូវយល់ពីផែនការរបស់ព្រះសម្រាប់មនុស្សនៅគ្រាដែលព្រះអង្គបង្កើតផែនដីនេះមកព្រមទាំងផែនការរបស់ទ្រង់សម្រាប់សង្គ្រោះយើងបន្ទាប់ពីយើងបានធ្វើបាប។ ពេលនោះទើបយើងអាចយល់កាន់តែច្បាស់ថែមទៀតពីផែនការរបស់ព្រះសម្រាប់ពួកជំនុំ។ តើព្រះមានផែនការអ្វីសម្រាប់ពួកជំនុំ? ព្រះចង់ឲ្យពួកជំនុំមានសាមគ្គីភាព។ សាមគ្គីភាពបានសេចក្ដីថាយើងព្រមព្រៀងគ្នាហើយគាំទ្រគ្នាទៅវិញទៅមក។

ប៉ុន្មានជំពូកដំបូងនៃគម្ពីរលោកុប្បត្តិបង្ហាញឲ្យឃើញថាព្រះចង់ឲ្យមនុស្សលោកជាគ្រួសារតែមួយហើយនៅបែបនោះជារៀងរហូត។ តែគួរឲ្យស្ដាយ អំពើបាបបានបំផ្លាញសេចក្ដីសុខសាន្តនេះទៅ។ អំពើបាបបណ្ដាលឲ្យមានការបែកបាក់និងការឈ្លោះទាស់ទែងគ្នាក្នុងចង្កោមមនុស្ស។ មើលព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីលោកអ័ដាមនិងអេវ៉ាបរិភោគផ្លែដែលព្រះហាម ហើយព្រះជាម្ចាស់សួរពួកគាត់អំពីបាបរបស់ពួកគាត់ចុះ (លោកុប្បត្តិ ៣:១១)។ អ័ដាមបន្ទោសនាងអេវ៉ា ឯនាងអេវ៉ាបន្ទោសសត្វពស់។ ប៉ុន្តែព្រះជាម្ចាស់បានរៀបគម្រោងដើម្បីសង្គ្រោះយើងមុនដែលមនុស្សបានធ្វើបាបជាយូរមកហើយ។ ផ្នែកមួយនៃផែនការរបស់ព្រះអង្គគឺធ្វើឲ្យយើងក្លាយជាមនុស្សថ្មីដើម្បីឲ្យយើងអាចនៅជាមួយនឹងព្រះអង្គសាជាថ្មីឡើងវិញ។

សប្ដាហ៍នេះយើងនឹងអានអំពីរឿងរបស់អ័ដាមនិងនាងអេវ៉ាព្រមទាំងរឿងរបស់លោកអ័ប្រាហាំ។ សាច់រឿងរបស់ពួកគាត់បង្ហាញយើងពីផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្សមានបាបនិងនាំពួកគេឲ្យមកត្រូវរ៉ូវជាមួយនឹងទ្រង់វិញ។

ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨

ចិត្តព្រមព្រៀងផ្ដើមដោយសេចក្ដីស្រឡាញ់

គម្ពីរលោកុប្បត្តិជំពូក១និងជំពូក២ប្រាប់យើងថាព្រះជាម្ចាស់បង្កើតរបស់សព្វសារពើនៅលើផែនដីនេះក្នុងរយៈពេលមួយសប្ដាហ៍។ ជំពូកទាំង២នេះក៏ប្រាប់យើងឲ្យដឹងថាគ្រប់ទាំងសត្វនិងមនុស្សដែលព្រះបង្កើតមកសុទ្ធតែសប្បាយហើយស្លូតបូតទាំងអស់។ នៅជំនាន់នោះភាវៈរស់ទាំងអស់សុទ្ធតែត្រូវរ៉ូវគ្នាហើយមានសេចក្ដីសុខសាន្តយ៉ាងល្អឥតខ្ចោះនៅលើផែនដី។ ក្រឡេកមើលថាព្រះមានបន្ទូលបែបណាបន្ទាប់ពីព្រះអង្គបង្កើតអ្វីៗគ្រប់យ៉ាងហើយ។ ព្រះមានបន្ទូលថាគ្រប់យ៉ាងដែលព្រះអង្គបង្កើតមកសុទ្ធតែ «ល្អ​ប្រពៃ» (លោកុប្បត្តិ ១:៣១)។ មែនហើយព្រះជាម្ចាស់ពិតជាមានន័យថាអ្វីៗគ្រប់យ៉ាងដែលទ្រង់បង្កើតមកស្រស់ស្អាត។ ប៉ុន្តែពាក្យថា «ល្អប្រពៃ» ក៏មានន័យថាគ្មានសេចក្ដីអាក្រក់នៅលើផែនដីនេះហើយទីណាក៏គ្មានជម្លោះនៅដែរ។ ផែនការដំបូងរបស់ព្រះនៅគ្រាដែលព្រះអង្គបង្កើតផែនដីនេះមកគឺរួមបញ្ចូលទាំងការធ្វើឲ្យមានសេចក្ដីសុខសាន្តរវាងភាវៈរស់ទាំងអស់។ អស្ចារ្យ! ព្រះបង្កើតផែនដីមកឲ្យស្រស់ស្អាតបំផុត! គ្រប់យ៉ាងសុទ្ធតែល្អឥតខ្ចោះហើយស័ក្ដិសមជាមួយនឹងម្ចាស់ជាអ្នកបង្កើតវាមក។ ផែនការដំបូងរបស់ព្រះសម្រាប់ផែនដីនេះរួមមានសេចក្ដីសុខសាន្ត ការត្រូវរ៉ូគ្នា និងក្ដីស្រឡាញ់។

អានគម្ពីរលោកុប្បត្តិ ១:២៦, ២៧។ តើខទាំងនេះបង្ហាញយើងថាមនុស្សលោកវិសេសវិសាលប៉ុនណា? តើខទាំងនេះបង្ហាញយើងឲ្យឃើញថាមនុស្សមានលក្ខណៈពិសេសជាងអ្វីៗផ្សេងទៀតដែលព្រះបានបង្កើតមកទេ?

គម្ពីរលោកុប្បត្តិចែងថាព្រះបង្កើតមនុស្សមកឲ្យមានសណ្ឋានដូច «រូប» ទ្រង់ [រាងរៅ រាងកាយ មុខមាត់ និងគំនិត ដូចគ្នា] និងឲ្យ​មាន​ភាព​ដូច​យើង (លោកុប្បត្តិ ១:២៦)។ តើមានអ្វីផ្សេងទៀតដែលព្រះបានបង្កើតមកឲ្យដូចជាអង្គទ្រង់? គ្មានអ្វីទៀតសោះ។ មូលហេតុនេះហើយបានជាមនុស្សវិសេសជាងគេ។ «ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី» (លោកុប្បត្តិ ១:២៧)។ អ្នកប្រាជ្ញខាងព្រះគម្ពីរជាច្រើននាក់ធ្លាប់លើកជាសំណួរថា៖ តើពាក្យថាបង្កើតឲ្យដូចជារូបអង្គទ្រង់នោះមានន័យយ៉ាងដូចម្ដេច? តើមានន័យថាយើងមានសណ្ឋានដូចជាព្រះតែពីខាងក្រៅដែលភ្នែកយើងមើលឃើញទេឬ? ឬក៏យើងដូចព្រះទាំងខាងក្នុងផង? ប្រសិនបើដូចមែន តើមនុស្សហើយនិងព្រះដូចគ្នាដូចម្ដេចខ្លះ? តើចំណុចអ្វីដែលធ្វើឲ្យព្រះជាព្រះ? មនុស្សជាច្រើនយល់ឃើញនិងមានចម្លើយខុសៗគ្នាទៅនឹងសំណួរ១នេះ។ ប៉ុន្តែគ្រប់គ្នាយល់ស្របថាព្រះគម្ពីរបង្ហាញយើងថាព្រះគឺជាសេចក្ដីស្រឡាញ់។

អានគម្ពីរយ៉ូហានទី១ ៤:៧,៨,១៦។ តើខទាំងនេះជួយឲ្យយើងយល់ពីប្រភពនៃសេចក្ដីស្រឡាញ់និងពីរបៀបដែលព្រះបង្កើតយើងដូចម្ដេចខ្លះ? តើសេចក្ដីស្រឡាញ់ជួយឲ្យអ្វីៗគ្រប់យ៉ាងត្រូវរ៉ូវគ្នាដោយវិធីណា?

ព្រះគឺជាសេចក្ដីស្រឡាញ់។ មនុស្សក៏អាចស្រឡាញ់បានដែរ។ យើងអាចស្រឡាញ់យ៉ាងជ្រាលជ្រៅ។ អ្វីផ្សេងទៀតដែលព្រះបង្កើតមកមិនអាចស្រឡាញ់តាមបែបដែលមនុស្សយើងស្រឡាញ់ឡើយ។ ដូច្នេះយើងអាចសរុបសេចក្ដីបានថា ការដែលព្រះបង្កើតយើងមកឲ្យដូចជាអង្គទ្រង់មានន័យថាយើងអាចស្រឡាញ់ព្រះនិងអ្នកដទៃទៀតយ៉ាងជ្រាលជ្រៅបំផុត។

ថ្ងៃច័ន្ទ ទី១ តុលា ឆ្នាំ២០១៨

តើអំពើបាបបង្កឲ្យខូចខាតអ្វីខ្លះ

អំពើបាបបង្កឲ្យមានរឿងអាក្រក់ជាច្រើនកើតឡើង។ បាបបណ្ដាលឲ្យមានការបែកខ្ញែកគ្នារវាងគ្រប់ទាំងភាវៈរស់ដែលព្រះបានបង្កើតមក។ ដែលអាក្រក់ជាងនោះទៅទៀតគឺបាបផ្ដើមឲ្យមានសម្អប់ ការមិនចុះសម្រុងនឹងគ្នា និងការបែកបាក់រវាងមនុស្សលោកដែលនៅតែបន្តកើតមានរហូតមកទល់សព្វថ្ងៃនេះ។ យើងមើលឃើញគំរូនៃការមិនចុះសម្រុងនឹងគ្នាតាមរយៈអត្តចរិតរបស់លោកអ័ដាមនិងនាងអេវ៉ាភ្លាមៗបន្ទាប់ពីពួកគាត់បានធ្វើបាបរួច។ តើពួកគាត់ធ្វើអ្វី? គឺពួកគាត់បន្ទោសអ្នកផ្សេងចំពោះបាបរបស់ខ្លួន (លោកុប្បត្តិ ៣:១២,១៣)។ យើងក៏ធ្វើដូចពួកគាត់ដែរ មែនទេ?

តើគម្ពីរលោកុប្បត្តិ ៣:១៦-១៩ និងលោកុប្បត្តិ ៤:១-១៥ បង្ហាញយើងពីរឿងអាក្រក់ៗដែលកើតឡើងមកលើមនុស្សលោកដោយព្រោះតែអំពើបាបយ៉ាងដូចម្ដេចខ្លះ? តើអំពើបាបបានធ្វើអ្វីដល់ពិភពដ៏សុខសាន្តដែលព្រះបានបង្កើតមកនេះ?

អ័ដាមមិនបានស្ដាប់បង្គាប់ព្រះ។ បាបរបស់អ័ដាមបង្កឲ្យមានរឿងអាក្រក់ជាច្រើនកើតឡើង។ ចំណេរក្រោយមក អំពើបាបបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងដែលព្រះបានបង្កើតមក។ អំពើបាបផ្លាស់ប្ដូរផែនដី។ អំពើបាបក៏បានប្រែចិត្តមនុស្សដែរ។ សាច់រឿងរបស់កាអ៊ីននិងអេបិលគឺជាឧទាហរណ៍ដែលបង្ហាញពីការដែលអំពើបាបផ្លាស់ប្ដូរចិត្តមនុស្ស។ កាអ៊ីននិងអេបិលជាបងប្អូនប្រុសនឹងគ្នា។ បងប្អូនគួរណាស់តែស្រឡាញ់និងយកចិត្តទុកដាក់ពីគ្នាមែនទេ? ប៉ុន្តែកាអ៊ីនចង់ធ្វើតាមក្ដីប៉ងប្រាថ្នាដ៏អាត្មានិយមរបស់ខ្លួនជាជាងធ្វើតាមបញ្ញត្តិរបស់ព្រះ។ ចិត្តអាត្មានិយមរបស់កាអ៊ីនបង្កឲ្យមានបញ្ហាដ៏អាក្រក់១រវាងគាត់និងប្អូនប្រុសរបស់គាត់ អេបិល។ បញ្ហារវាងពួកគាត់ទាំង២នាក់ត្រូវបញ្ចប់ដោយការស្លាប់៖ កាអ៊ីនសម្លាប់អេបិល។ តើកាអ៊ីនមានអាកប្បកិរិយាបែបណាមុនដែលគាត់សម្លាប់ប្អូនរបស់ខ្លួនឯង? គាត់ខឹងជាមួយនឹងព្រះ (លោកុប្បត្តិ ៤:៥)។ កំហឹងរបស់កាអ៊ីនចំពោះព្រះនាំឲ្យគាត់មានកំហឹងចំពោះប្អូនប្រុសរបស់ខ្លួនឯង។

បន្ទាប់ពីកាអ៊ីនសម្លាប់អេបិលជាប្អូនខ្លួនហើយ មនុស្សនៅលើផែនដីកាន់តែអាក្រក់ឡើងៗ។ « ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច» (លោកុប្បត្តិ ៦:៥)។ សេចក្ដីអាក្រក់នេះហើយដែលបណ្ដាលឲ្យមានទឹកជំនន់ដែលបំផ្លាញអ្វីៗសព្វគ្រប់បែបយ៉ាងដែលព្រះបានបង្កើតមកលើផែនដីនេះ។ ប៉ុន្តែព្រះជាម្ចាស់ពុំបានបោះបង់មនុស្សលោកចោលទេ។ ព្រះអង្គបានសង្គ្រោះមនុស្សលោកមួយក្រុមតូចរួមមាន៖ លោកណូអេនិងក្រុមគ្រួសាររបស់គាត់។ ព្រះជាម្ចាស់ប្រើប្រាស់លោកណូអេនិងក្រុមគ្រួសាររបស់គាត់ដើម្បីចម្រើនមនុស្សឡើងឲ្យពេញផែនដីសាជាថ្មី។

បន្ទាប់ពីទឹកជំនន់ ព្រះជាម្ចាស់ប្រទានសេចក្ដីសន្យាមួយទៅកាន់លោកណូអេនិងក្រុមគ្រួសាររបស់គាត់។ ព្រះបានសន្យាថាព្រះអង្គនឹងមិនបំផ្លាញផែនដីនេះដោយទឹកជំនន់ទៀតឡើយ។ ព្រះបានដាក់ឥន្ទធនូនៅលើមេឃដើម្បីឲ្យលោកណូអេនិងក្រុមគ្រួសាររបស់គាត់ចងចាំហើយទុកចិត្តលើសេចក្ដីសន្យារបស់ទ្រង់។ ឥន្ទធនូក៏បង្ហាញដល់លោកណូអេនិងក្រុមគ្រួសារបស់គាត់ឲ្យដឹងថាព្រះស្រឡាញ់ពួកគាត់ប៉ុនណាដែរ (លោកុប្បត្តិ ៩:១២-១៧ អេសាយ ៥៤:៧-១០)។ ឥន្ទធនូក៏បង្ហាញប្រាប់ដល់លោកណូអេឲ្យបានដឹងថាព្រះនឹងធ្វើអ្វីបន្តទៀត។ ព្រះនឹងអនុវត្តផែនការទី១របស់ព្រះអង្គដែលព្រះអង្គបង្កើតឡើងមុនទឹកជំនន់ គឺព្រះជាម្ចាស់ចង់ឲ្យមានគ្រួសារតែមួយ។ ព្រះអង្គចង់ឲ្យគ្រួសារនៃមនុស្សលោកដែលស្រឡាញ់ព្រះអង្គហើយព្រមទាំងកាន់តាមបញ្ញត្តិរបស់ទ្រង់ដោយស្មោះត្រង់ផង។

តើអំពើបាបបំផ្លាញសេចក្ដីសុខសាន្តដោយវិធីណា? តើលោកអ្នកអាចធ្វើអ្វីបានខ្លះនៅពេលនេះដើម្បីជួយឲ្យមនុស្សដែលរស់នៅជុំវិញខ្លួនអ្នកមានក្ដីសុខសាន្តថែមទៀត?

ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨

ឧទាហរណ៍បន្ថែមទៀតពីមនុស្សដែលមិនចុះសម្រុងនឹងគ្នា

លោកុប្បត្តិ ១១:១-៩ ចែងអំពីមនុស្សដែលមិនចុះសម្រុងនឹងគ្នា។ តើមានរឿងអ្វីកើតឡើងនៅក្នុងខទាំងនេះដែលនាំឲ្យបញ្ហានោះកាន់តែធ្ងន់ធ្ងរឡើង?

តើមានរឿងអ្វីកើតឡើងបន្ទាប់ពីទឹកជំនន់? ព្រះគម្ពីរចែងថាមានមនុស្សខ្លះសម្រេចចិត្តនាំគ្នាសាងសង់ទីក្រុងមួយព្រមទាំងប៉មដ៏ខ្ពស់មួយនៅលើទឹកដីស៊ីណើរ(លោកុប្បត្តិ ១១:២)។ សព្វថ្ងៃនេះស្រុកស៊ីណើរស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។ តំបន់ស៊ីណើរគឺជាផ្នែកមួយនៃតំបន់ដ៏ធំមួយឈ្មោះថាមេសូប៉ូតាមៀ។ មេសូប៉ូតាមៀជាតំបន់ស្រស់ស្អាតណាស់។ តំបន់នេះឋិតនៅចន្លោះទម្លេ២គឺ៖ ទន្លេហ៊ីដេកែល និងទន្លែអឺប្រាត។ មុនដែលមានប៉មបាបិល មនុស្សលោកនិយាយភាសាតែមួយទេ។ ប៉ុន្តែ បន្ទាប់ពីសាងសង់ប៉មបាបិលរួច ស្រាប់តែមានការផ្លាស់ប្ដូរ។ ព្រះជាម្ចាស់បង្ខំមនុស្សឲ្យចាកចេញឆ្ងាយពីប៉មបាបិល។ ពួកគេប្ដូរទីលំនៅពេញភពផែនដី។ ព្រះបណ្ដាលឲ្យពួកគេនិយាយភាសាខុសៗគ្នាច្រើន។

អ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីអតីតកាលបញ្ជាក់យ៉ាងច្បាស់ថាមនុស្សជាច្រើនបានរស់នៅតែក្នុងតំបន់មេសូប៉ូតាមៀទេតាំងចំណុចផ្ដើមនៃប្រវត្តិសាស្ត្រមក។ អំបូរស៊ូមើរៀនគឺជាក្រុមមនុស្សដំបូងគេមួយក្រុមដែលរស់នៅទីនោះ។ ពួកគេគឺជាក្រុមមនុស្សដែលផ្ដើមសរសេរលើផ្ទាំងដីឥដ្ឋមុនគេ។ ពួកគេចេះសង់លំនៅដ្ឋានរឹងមាំហើយធ្វើគ្រឿងអលង្ការនិងឧបករណ៍ផ្សេងៗស្អាតៗ។ ក្រុមមនុស្សស៊ូម៉ារៀននេះក៏ចេះសង់ប្រាសាទផ្សេងៗដើម្បីឧទ្ទិសដល់ព្រះផ្សេងៗដែរ។ ប្រាសាទទាំងនេះមានទំហំប៉ុនប៉មដែរ។

កូនចៅរបស់លោកណូអេនិងគ្រួសាររបស់ពួកគេជាច្រើនបានទៅរស់នៅលើទឹកដីស៊ីណើរបន្ទាប់ពីទឹកជំនន់រួច។ ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ភ្លេចពីព្រះរបស់លោកណូអេព្រមទាំងសេចក្ដីសន្យារបស់ព្រះអង្គដែលថានឹងមិនបំផ្លាញផែនដីដោយទឹកជំនន់ទៀតឡើយនោះផង។ ដូច្នេះពួកគេក៏សម្រេចចិត្តសង់ប៉មមួយ។ ការដែលពួកគេសាងសង់ប៉មបាបិលសបញ្ជាក់ថាមនុស្សនៅតំបន់ស៊ីណើរនោះមានភាពវៃឆ្លាតនិងប៉ិនប្រសប់ណាស់។ ពួកគេសង់ប៉មនោះឡើងព្រោះពួកគេចង់ «ល្បីឈ្មោះ» (លោកុប្បត្តិ ១១:៤)។ «ព្រះមានផែនការថាឲ្យសាសនាពិតជួយឲ្យមនុស្សរស់នៅចុះសម្រុងនឹងគ្នា។ ប៉ុន្តែមនុស្សចាប់ផ្ដើមថ្វាយបង្គំព្រះក្លែងក្លាយ។ ការថ្វាយបង្គំខុសឆ្គងនាំឲ្យមនុស្សបែកចេញពីព្រះហើយបែកចេញពីគ្នានឹងគ្នា។ មូលហេតុនេះហើយបានជាមនុស្សនៅជំនាន់នោះមិនអាចបង្ហើយប៉មបាបិលដែលគេសាងសង់។ មនុស្សលោកគិតថាការសង់ប៉មបាបិលនឹងផ្ដល់អំណាចឲ្យពួកគេចុះសម្រុងនឹងគ្នាម្ដងទៀត។ ប៉ុន្តែគម្រោងនោះត្រូវបរាជ័យ» The SDA Bible Commentary, volume1, page 284, 285, adapted.

នៅពេលដែលលោកអ័ដាមនិងអេវ៉ាបានធ្វើបាប បាបបានបំបែកមនុស្សឲ្យដាច់ចេញពីគ្នា។ បាបរបស់ពួកគាត់ក៏បានបំផ្លាញផែនការដំបូងរបស់ព្រះដែលតម្រូវឲ្យភាវៈរស់ទាំងអស់រស់នៅចុះចម្រុងនឹងគ្នាផងដែរ។ បាបរបស់ពួកគាត់បណ្ដាលឲ្យមនុស្សបែកខ្ញែកទៅជាក្រុមច្រើនពួក។ ហើយក្រុមទាំងនោះនៅតែមិនចុះសម្រុងនឹងគ្នារហូតមកទល់សព្វថ្ងៃនេះ។

ថ្ងៃពុធ ទី៣ តុលា ឆ្នាំ២០១៨

អ័ប្រាហាំជាបិតានៃរាស្ត្ររបស់ព្រះ

តើសាសនាកំពូលៗបីណាខ្លះដែលថ្វាយបង្គំព្រះតែមួយអង្គ? គឺមានសាសនាយូដា សាសនាគ្រិស្ត និង សាសនាអ៊ីស្លាម។ សាសនាទាំង៣នេះមានលោកអ័ប្រាហាំជាបិតាទាំងអស់។ តើសេចក្ដីនេះមានអត្ថន័យបែបណាចំពោះអ្នកគ្រីស្ទាន? លោកអ័ប្រាហាំគឺជាបិតាខាងជំនឿសម្រាប់គ្រិស្តសាសនា។ លោកគឺជាគំរូដែលបង្ហាញពីការដែលព្រះចង់ឲ្យយើងម្នាក់ៗបម្រើដល់ទ្រង់។ ពេលដែលព្រះបង្គាប់ឲ្យអ័ប្រាហាំចាកចេញពីប្រទេសរបស់គាត់មេសូប៉ូតាមៀ ព្រះបានផ្ដល់សេចក្ដីសន្យាមួយដល់គាត់។ ព្រះជាម្ចាស់ប្រាប់ទៅលោកអ័ប្រាហាំថា «គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង» (លោកុប្បត្តិ ១២:៣)។ តើព្រះពរអ្វីដែលនឹងប្រទានឲ្យដល់មនុស្សគ្រប់គ្នាតាមរយៈលោកអ័ប្រាហាំទៅហ្ន៎? ចម្លើយនោះគឺព្រះយេស៊ូវ។

គម្ពីរហេព្រើរ ១១:៨-១៩ រ៉ូម ៤:១-៣ និង កាឡាទី ៣:២៩ ចែងអំពីជំនឿរបស់លោកអ័ប្រាហាំ។ តើខទាំងនេះប្រាប់យើងយ៉ាងដូចម្ដេចខ្លះពីជំនឿដែលលោកមាន? តើគំរូនៃជំនឿរបស់លោកអ័ប្រាហាំបង្រៀនយើងយ៉ាងណាខ្លះអំពីការចុះសម្រុងនឹងគ្នា? តើខទាំងនេះជួយឲ្យយើងយល់ថាការស្រុះស្រួលនិងចុះសម្រុងនឹងគ្នាសម្រាប់គ្រីស្ទានមានសារៈសំខាន់ប៉ុនណា?

លោកអ័ប្រាហាំគឺជាបិតានៃអ្នកជឿទាំងអស់។ ក្នុងនាមជាបិតាខាងជំនឿរបស់យើង លោកបានបង្រៀនពីក្បួនសំខាន់ៗអំពីការចុះសម្រុងនឹងគ្នារបស់គ្រីស្ទាន។ ទីមួយ លោកអ័ប្រាហាំស្ដាប់បង្គាប់ព្រះ (ហេព្រើរ ១១:៨)។ ទីពីរ ក្ដីសង្ឃឹមរបស់លោកអ័ប្រាហាំទៅលើការសន្យារបស់ព្រះ (ហេព្រើរ ១១:៩, ១០)។ ទីបី លោកអ័ប្រាហាំជឿថាព្រះនឹងប្រទានកូនប្រុសមួយដល់លោកព្រមទាំងកូនជាច្រើនទៀតនាពេលអនាគតដូចជាដួងដារាជាច្រើន។ ដោយព្រោះលោកអ័ប្រាហាំជឿតាមសេចក្ដីសន្យារបស់ព្រះ ព្រះអង្គក៏រាប់គាត់ថាសុចរិតដោយសេចក្ដីជំនឿរបស់គាត់ (រ៉ូម ៤:១-៣)។ ទីបួន លោកអ័ប្រាហាំទុកចិត្តលើផែនការរបស់ព្រះសម្រាប់សង្គ្រោះគាត់។ ការសាកល្បងជំនឿដ៏ធំរបស់លោកអ័ប្រាហាំកើតឡើងនៅពេលដែលព្រះបង្គាប់ឲ្យលោកអ័ប្រាហាំសម្លាប់អ៊ីសាកជាកូនខ្លួន (លោកុប្បត្តិ ២២:១-១៩ ហេព្រើរ ១១:១៧-១៩)។

គម្ពីរសញ្ញាចាស់ចែងថាលោកអ័ប្រាហាំគឺជាមិត្តសម្លាញ់របស់ព្រះ (របាក្សត្រទី២ ២០:៧ អេសាយ ៤១:៨)។ លោកអ័ប្រាហាំរស់នៅក្នុងជីវិតមួយដែលពោរពេញដោយក្ដីជំនឿ។ គាត់ស្មោះស្ម័គ្រចំពោះព្រះ។ អ័ប្រាហាំស្ដាប់បង្គាប់ព្រះ។ អ័ប្រាហាំទុកចិត្តសេចក្ដីសន្យារបស់ព្រះ។ អ័ប្រាហាំបង្ហាញឲ្យឃើញថាជីវិតគ្រីស្ទានរបស់យើងគួរមានសណ្ឋានបែបណានៅពេលបច្ចុប្បន្ននេះ។

សូមគិតពីសេចក្ដីដែលអ្នកនឹងធ្វើឬនិយាយនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីធានាឲ្យបានថាពាក្យពេចន៍និងទង្វើរបស់អ្នកឆ្លុះបញ្ចាំងពីអ្វីដែលអ្នកជឿ?

ថ្ងៃព្រហស្បតិ៍ ទី៤ តុលា ឆ្នាំ២០១៨

រាស្ត្រដែលព្រះរើសតាំង

ព្រះជាម្ចាស់រើសតាំងលោកអ័ប្រាហាំឲ្យបម្រើព្រះអង្គ។ ការដែលព្រះអង្គជ្រើសរើសលោកអ័ប្រាហាំបានសេចក្ដីថាព្រះអង្គក៏ជ្រើសរើសអនាគតកូនចៅរបស់គាត់ដែរ គឺពួករាស្ត្រអ៊ីស្រាអែល។ ព្រះជាម្ចាស់រើសតាំងរាស្ត្រអ៊ីស្រាអែលដើម្បីឲ្យពួកគេបង្ហាញសាសន៍ដទៃទៀតនៅលើផែនដីនេះឲ្យស្គាល់ព្រះអង្គ។ ការដែលព្រះជ្រើសរើសលោកអ័ប្រាហាំនិងរាស្ត្រអ៊ីស្រាអែលបានបង្ហាញឲ្យឃើញពីសេចក្ដីស្រឡាញ់របស់ព្រះ។ ការជ្រើសរើសនេះគឺជាចំណុចសំខាន់នៃផែនការសង្គ្រោះមនុស្សលោកគ្រប់គ្នាបន្ទាប់ពីមានការបែកខ្ញែកនិងឈឺចាប់ដែលបង្កឡើងដោយអំពើបាបមក។ ការសិក្សាព្រះគម្ពីររបស់យើងបង្ហាញថាព្រះព្យាយាមផ្សារភ្ជាប់យើងទៅនឹងអង្គទ្រង់ជាថ្មីហើយសម្អាតយើងឲ្យក្លាយទៅជាមនុស្សថ្មី។ ព្រះគម្ពីរបង្ហាញយើងថាផ្នែកដ៏សំខាន់មួយនៃផែនការនោះគឺជាកិច្ចព្រមព្រៀងពិសេសឬសេចក្ដីសញ្ញាដែលព្រះតាំងជាមួយនឹងរាស្ត្រអ៊ីស្រាអែល។

នៅក្នុងគម្ពីរចោទិយកថា ៧:៦-១១ យើងបានដឹងថាព្រះជាម្ចាស់បានរើសតាំងរាស្ត្រអ៊ីស្រាអែលទុកជារាស្ត្ររបស់ទ្រង់។ ហេតុដូចម្ដេចបានជាព្រះធ្វើយ៉ាងដូច្នោះ?

ក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សគ្រប់គ្នាគឺជាមូលហេតុដែលព្រះរើសតាំងរាស្ត្រអ៊ីស្រាអែលទុកជារាស្ត្ររបស់ទ្រង់។ ព្រះជាម្ចាស់បានតាំងសញ្ញាយ៉ាងពិសេសមួយជាមួយនឹងលោកអ័ប្រាហាំនិងគ្រួសាររបស់គាត់។ ហើយផ្នែកមួយនៃការតាំងសញ្ញានោះគឺព្រះប្រាប់រាស្ត្រអ៊ីស្រាអែលពីអង្គទ្រង់។ ព្រះអង្គប្រទានចំណេះដឹងនោះដល់គេហើយបង្គាប់ឲ្យពួកគេចែកចាយដំណឹងនោះដល់កូនចៅរបស់គេជារៀងរហូត។ ព្រះជាម្ចាស់ក៏ចង់ឲ្យរាស្ត្រអ៊ីស្រាអែលមានចំណែកនៅក្នុងផែនការរបស់ទ្រង់សម្រាប់សង្គ្រោះមនុស្សលោកលើផែនដីនេះ (ទំនុកតម្កើង ៦៧:២)។ ការជ្រើសរើសយករាស្ត្រអ៊ីស្រាអែលទុកជារាស្ត្រពិសេសរបស់ព្រះបង្ហាញពីសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះ។ រាស្ត្រអ៊ីស្រាអែលគ្មានអ្វីដែលត្រូវអួតអាងនោះទេ។ ពួកគេពុំបានធ្វើអ្វីមួយពិសេសដែលធ្វើឲ្យព្រះស្រឡាញ់ពួកគេនោះឡើយ (ចោទិយកថា ៧:៧)។ ព្រះជាម្ចាស់ពុំជ្រើសរើសអ្នកខ្លាំងនិងមានអំណាចចេស្ដាឲ្យបម្រើទ្រង់នោះទេ។ ព្រះអង្គជ្រើសរើសមនុស្សណាដែលដឹងខ្លួនថាជាមនុស្សខ្សោយហើយដឹងថាគេជាមនុស្សឥតប្រយោជន៍ទទេបើគ្មានព្រះ (កូរិនថូសទី១ ១:២៦-៣១)។

ចូរក្រឡេកមើលព្រះពរដែលព្រះប្រទានដល់សាសន៍អ៊ីស្រាអែល៖ «ព្រះជាម្ចាស់ចង់ប្រទានពរដល់សាសន៍អ៊ីស្រាអែលជាងជាតិសាសន៍ណាៗទាំងអស់លើលោកនេះ។ ព្រះជាម្ចាស់ប្រទានអំណោយទានខាងព្រលឹងវិញ្ញាណគ្រប់យ៉ាងដល់សាសន៍អ៊ីស្រាអែល។ ព្រះមិនបានដកទុកអ្វីបន្តិចពីពួកគេឡើយ។ ព្រះអង្គប្រទានដល់គេគ្រប់ទាំងសេចក្ដីដែលពួកគេត្រូវការដើម្បីក្លាយមកជាគំរូនៃសេចក្ដីល្អរបស់ព្រះទៅកាន់មនុស្សគ្រប់រូបលើផែនដីនេះ។

«ព្រះជាម្ចាស់មានគម្រោងយកការស្ដាប់បង្គាប់របស់រាស្ត្រអ៊ីស្រាអែលទុកជាបន្ទាល់ដល់សាសន៍ដទៃទៀត។ ព្រះជាម្ចាស់មានព្រះចេស្ដាអាចផ្ដល់តម្រិះប្រាជ្ញានិងជំនាញសម្រាប់បង្កើតអ្វីៗដល់សាសន៍អ៊ីស្រាអែល។ ព្រះគឺជាគ្រូរបស់ពួកគេ។ ព្រះអង្គមានអំណាចធ្វើឲ្យសាសន៍អ៊ីស្រាអែលបរិសុទ្ធនៅវេលាដែលគេសុខចិត្តកាន់តាមបញ្ញត្តិរបស់ទ្រង់។ ព្រះជាម្ចាស់សន្យាថាប្រសិនបើពួកគេធ្វើតាមព្រះអង្គនោះជំងឺនឹងមិនអាចបៀតបៀនពួកគេបានឡើយ។ ព្រះក៏បានសន្យាថានឹងធ្វើឲ្យពួកគេឆ្លាតវាងវៃផងដែរ។ ព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នាឃើញថាព្រះអង្គប្រទានពរដល់សាសន៍អ៊ីស្រាអែលប៉ុនណា។ ព្រះមានគម្រោងចង់ឲ្យសាសន៍អ៊ីស្រាអែលក្លាយជានគរនៃពួកដឹកនាំនិងជាព្រះអម្ចាស់បរិសុទ្ធ។ ព្រះជាម្ចាស់ប្រទានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីអាចក្លាយមកជាជាតិសាសន៍ដ៏ពូកែជាងគេនៅលើលោកនេះ»។ Ellen G. White, Christ’s Object Lessons, page 288, adapted.

ថ្ងៃសុក្រ ទី៥ តុលា ឆ្នាំ២០១៨

សិក្សាបន្ថែម

តើព្រះមានគម្រោងការដំបូងយ៉ាងណាសម្រាប់មនុស្សនៅពេលដែលព្រះអង្គបង្កើតគេមក? យើងអាចស្វែងរកចម្លើយបានដោយក្រឡេកមើលផែនការរបស់ព្រះអង្គសម្រាប់គ្រួសារ (លោកុប្បត្តិ ២:២១-២៤) និងសម្រាប់ថ្ងៃបរិសុទ្ធនៅសួនអេដែន។ ព្រះបង្កើតថ្ងៃបរិសុទ្ធមកសម្រាប់ឲ្យមនុស្សទាំងអស់បានសប្បាយ ដូចដែលព្រះយេស៊ូវបានប្រាប់យើងនៅក្នុងគម្ពីរម៉ាកុស ២:២៧,២៨។ មុនដែលព្រះជ្រើសរើសសាសន៍អ៊ីស្រាអែលទុកជារាស្ត្ររបស់ទ្រង់ហើយមុនដែលមានអំពើបាបទៅទៀត ព្រះបានតាំងថ្ងៃទីប្រាំពីរទុកជាបរិសុទ្ធ។ ទង្វើរបស់ព្រះបង្ហាញយើងថាថ្ងៃបរិសុទ្ធគឺសម្រាប់មនុស្សគ្រប់គ្នា។ ថ្ងៃបរិសុទ្ធគឺជាសេចក្ដីពិតដ៏មានអានុភាព។ សូមស្រមៃបន្តិចទៅមើលថាជីវិតរបស់យើងនឹងទៅជាយ៉ាងណាប្រសិនបើយើងម្នាក់ៗរក្សាថ្ងៃបរិសុទ្ធឲ្យបានគ្រប់ៗគ្នា! ព្រះជាម្ចាស់បង្កើតថ្ងៃបរិសុទ្ធឡើងទុកជាថ្ងៃសម្រាក។ ព្រះអង្គបង្កើតថ្ងៃបរិសុទ្ធមកដើម្បីរំឭកមនុស្សឲ្យនឹកចាំពីទំនាក់ទំនងរបស់ពួកគេទៅនឹងទ្រង់ព្រមទាំងទៅក្នុងមនុស្សដូចគ្នាទៅវិញទៅមកដែរ។ «ព្រះជាម្ចាស់បង្កើតថ្ងៃបរិសុទ្ធនិងគ្រួសារនៅក្នុងសួនអេដែន។ តាមគម្រោងរបស់ព្រះ ភាគីទាំងពីរនេះនៅជាប់ជាមួយគ្នាដោយចំណងដែលមិនអាចផ្ដាច់បាន។ យើងអាចរស់នៅតាមបែបជីវិតមួយនៅក្នុងសួនអេដែននាថ្ងៃបរិសុទ្ធជាងថ្ងៃណាៗទាំងអស់។ ព្រះចង់ឲ្យសមាជិកគ្រួសារធ្វើការនិងសិក្សាជាមួយគ្នា។ ព្រះចង់ឲ្យឪពុកគ្រប់រូបធ្វើជាអ្នកដឹកនាំបរិសុទ្ធប្រចាំគ្រួសាររបស់ខ្លួន។ ហើយព្រះចង់ឲ្យឪពុកនិងម្ដាយធ្វើជាគ្រូនិងដៃគូរបស់កូនៗរបស់ខ្លួន»។ Ellen G. White, Child Guidance, page 535, adapted.

សំនួរពិភាក្សា៖
  1. ព្រះបង្កើតនាងអេវ៉ាមកពីឆ្អឹងជំនីរបស់អ័ដាម។ តើរូបស័ព្ទនោះបង្ហាញយើងពីក្ដីស្រឡាញ់ដែលព្រះចង់ឲ្យប្ដីនិងប្រពន្ធមានចំពោះគ្នាយ៉ាងដូចម្ដេច? ព្រះក៏ចង់មានទំនាក់ទំនងក្ដីស្រឡាញ់ជាមួយមនុស្សលោកដែរ។ តើក្ដីស្រឡាញ់រវាងប្ដីប្រពន្ធបង្ហាញយើងអំពីក្ដីស្រឡាញ់ដែលព្រះចង់មានជាមួយនឹងរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច?

  2. សាច់រឿងអំពីប៉មបាបិលបង្ហាញយើងថាព្រះពុំមានគម្រោងឲ្យមនុស្សនិយាយភាសាខុសគ្នាឬបែកខ្ញែកទៅជាអំបូរផ្សេងៗគ្នានោះទេ។ តើធ្វើយ៉ាងណាទើបយើងអាចដោះស្រាយជាមួយនឹងបញ្ហានៃការបែកខ្ញែកគ្នានាពេលបច្ចុប្បន្ននេះ? តើធ្វើយ៉ាងដូចម្ដេចទើបឲ្យពួកជំនុំចុះសម្រុងនឹងគ្នាបាន បើទោះបីជាពួកជំនុំមានប្រភពមកពីប្រទេសនិងភាសាផ្សេងៗគ្នាក៏ដោយ?

  3. ព្រះរើសតាំងពួកជំនុំសេវេនដេយអាត់វេនទីស្ទដូចដែលព្រះអង្គបានរើសតាំងរាស្ត្រអ៊ីស្រាអែលពីជំនាន់សញ្ញាចាស់ឲ្យបម្រើទ្រង់ដែរ។ តើយើងអាចរៀនសូត្រមេរៀនអ្វីខ្លះពីរាស្ត្រអ៊ីស្រាអែលនាជំនាន់សញ្ញាចាស់ដើម្បីជួយយើងឲ្យបម្រើនិងស្ដាប់បង្គាប់ព្រះនាពេលបច្ចុប្បន្ននេះ?
Powered by CAM