មេរៀនទី២​៖ ៦-១២ មករា ២០១៨

ខ្ញុំឃើញ ខ្ញុំចង់បាន ខ្ញុំយក

Jeans
ថ្ងៃសៅរ៍ ទី៦ មករា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ កូរិនថូសទី២ ៨:១-៧ ម៉ាថាយ ១៣:៣-៧, ២២ លោកុប្បត្តិ ៣:១-៦ អេសាយ ៥៦:១១ ម៉ាថាយ ២៦:១៤-១៦ ពេត្រុសទី២ ១:៥-៩។

ខចងចាំ៖ «កហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​នៅ​ក្នុង​បន្លា នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ​មក​ខ្ទប់​ព្រះបន្ទូល​ជាប់ មិន​ឲ្យ​ពូជ​នោះ​កើត​ផល​ឡើយ» (ម៉ាថាយ ១៣:២២)។

ការស្រឡាញ់ប្រាក់ហើយនិងរបស់នាលោកិយនេះនឹងព្រាយាមគ្រប់គ្រងយើងតាមគ្រប់មធ្យោបាយទាំងអស់។ អ្នកស្រីអែល្លិនជីវ៉ៃត៍បានពិពណ៌នាពីការដែលសាតាំងបង្គាប់ឲ្យបរិវាររបស់វាគ្រប់គ្រងលើយើងយ៉ាងដូច្នេះថា៖ « ‘ទៅចុះ។ ទៅធ្វើឲ្យម្ចាស់ដីនិងអ្នកមានទាំងប៉ុន្មានមានបន្ទុកដោយការការបារម្ភពីជីវិតនេះ។ ធ្វើជីវិតនេះឲ្យមើលទៅដូចជាស្រស់ស្អាតខ្លាំងណាស់សម្រាប់ពួកគេដើម្បីឲ្យពួកគេសន្សំទ្រព្យរបស់គេនៅលើផែនដីនេះ។ ពេលនោះពួកគេនឹងតាំងសេចក្ដីស្រឡាញ់របស់ពួកគេឲ្យនៅជាប់នឹងរបស់ទ្រព្យនៃលោកិយនេះ។ យើងត្រូវតែខិតខំដើម្បីទប់ស្កាត់អស់អ្នកដែលធ្វើការថ្វាយព្រះមិនឲ្យពួកគេប្រើប្រាស់ប្រាក់ទាស់នឹងពួកយើង។ ត្រូវធានាឲ្យបានប្រាក់នៅតែខាងយើងជានិច្ច។ ចំណែកម្ខាងទៀតមិនត្រូវឲ្យកាន់តែមានទ្រព្យនោះទេ ពុំនោះសោតពួកគេនឹងមានអំណាចជាងមុនដែលនឹងបង្កគ្រោះថ្នាក់ដល់នគររបស់យើង។ ពេលនោះពួកគេនឹងយកបាវបម្រើរបស់យើងជាមិនខាន។ ដូច្នេះយើងត្រូវតែធ្វើឲ្យអស់អ្នកណាដែលមិនត្រូវនឹងយើងយកចិត្តទុកដាក់ទៅលើប្រាក់ជាងខិតខំសាងនគររបស់ព្រះគ្រីស្ទនិងចែកចាយសេចក្ដីពិតដែលយើងស្អប់។ ពេលនោះយើងនឹងមិនចាំបាច់ខ្លាចអំណាចរបស់គេទេ។ យើងដឹងហើយថាមនុស្សអាត្មានិយមគ្រប់រូបនឹងចូលមកក្រោមអំណាចរបស់យើងហើយទីបំផុតនឹងដាច់ចេញពីរាស្ត្ររបស់ព្រះ’» ដកស្រង់ពីសៀវភៅ Counsels on Stewardship , page 154, 155,។

ពិតជាគួរឲ្យសោកស្ដាយណាស់ដែលល្បិចកលដ៏ឈ្លាសវៃរបស់អាក្សហាក់បីដូចជាជោគជ័យខ្លាំងណាស់។ ចូរឲ្យយើងគ្រប់គ្នាយល់ពីសេចក្ដីដែលព្រះគម្ពីរមានបន្ទូលមកកាន់យើងអំពីគ្រោះថ្នាក់ទាំងនេះ។ ពេលនោះយើងនឹងអាចគេចផុតពីអន្ទាក់ខាងឯព្រលឹងវិញ្ញាណនេះ។

ថ្ងៃអាទិត្យ ទី៧ មករា ឆ្នាំ២០១៨

ឲ្យដើម្បីនឹងបាន

លោកគ្រូអធិប្បាយក្នុងកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញម្នាក់បានចែកចាយសារដ៏សាមញ្ញនេះ៖ ព្រះជាម្ចាស់ចង់ប្រទានពរឲ្យយើង។ ហើយតឹកតាងដែលបញ្ជាក់ពីព្រះពររបស់ព្រះអង្គអាចមើលឃើញតាមរយៈចំនួនរបស់របរនិងទ្រព្យសម្បត្តិដែលយើងមាន។

គំនិតនេះគេឲ្យឈ្មោះថា «ដំណឹងល្អធូរធារ»។ ពាក្យថាធូរធារគឺបានសេចក្ដីថាជោគជ័យ។ ដូច្នេះពាក្យថា ដំណឹងល្អធូរធារគឺបានសេចក្ដីថាដំណឹងល្អដែលគេជឿថាការស្ដាប់បង្គាប់តាមព្រះនឹងធ្វើឲ្យអ្នកក្លាយជាអ្នកមាននៅក្នុងជីវិតនេះ។ ប៉ុន្តែដំណឹងល្អនេះមិនត្រឹមត្រូវទេ។ ព្រោះថាវាគ្រាន់តែជាផ្លូវមួយដែលគេយកសាសនាមកធ្វើជាលេសដើម្បីប្រដេញតាមទ្រព្យសម្បត្តិប៉ុណ្ណោះ។ តាមពិតពាក្យដែលដំណឹងល្អធូរធារនិយាយមកកាន់យើងនោះគឺថា៖ នែ តើឯងចង់ប្រាថ្នាបានទ្រព្យរបស់នាជីវិតនេះហើយមានអារម្មណ៍អស្ចារ្យដោយព្រោះវាឬទេ? មិនអីទេបើចឹង យើងមាន «ដំណឹងល្អ» ឲ្យឯង!

យើងមិនត្រូវផ្សារភ្ជាប់ដំណឹងល្អទៅនឹងក្ដីសង្ឃឹមថានឹងបានទ្រព្យសម្បត្តិឡើយ។ បញ្ហានៅពីក្រោយទស្សនៈនេះគឺជាបញ្ហាដែលនៅពីក្រោយគ្រប់ទាំងអំពើបាប។ ហើយបញ្ហានោះគឺខ្លួននិងសេចក្ដីប៉ងប្រាថ្នាចង់ផ្គាប់ខ្លួនមុនព្រះនិងធ្វើការសម្រាប់អ្នកដទៃ។

ដំណឹងល្អធូរធារបង្រៀនថាយើងឲ្យដើម្បីទទួលបានមកវិញ។ ប៉ុន្តែទស្សនៈបែបនេះធ្វើឲ្យព្រះហាក់បីដូចជាម៉ាស៊ីនដាក់កាក់ដើម្បីទិញផលិតផល។ ម៉ាស៊ីននេះមានម្ហូប ភេសជ្ជៈ និងរបស់ផ្សេងទៀត។ យើងដាក់ប្រាក់ទៅក្នុងម៉ាស៊ីននេះដើម្បីទិញរបស់ទាំងនោះ។ អ្វីដែលអាក្រក់លើសពីនេះគឺថាការបង្រៀននេះធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងព្រះគ្រាន់តែជាការធ្វើជំនួញប៉ុណ្ណោះ។ គឺស្មើនឹងយើងទូលទៅព្រះថា៖ ទូលបង្គំធ្វើកិច្ចការថ្វាយព្រះអង្គ ហើយព្រះអង្គសន្យាថានឹងធ្វើកិច្ចការខ្លះឲ្យទូលបង្គំវិញ។ អ្នកកាន់តាមក្រុមដំណឹងល្អធូរធារមិនមែនធ្វើទានដោយព្រោះការនោះជារឿងត្រឹមត្រូវទេ។ គេធ្វើទានគឺព្រោះតែរបស់ដែលគេរំពឹងថានឹងបានពីព្រះវិញប៉ុណ្ណោះ។

តើមានបញ្ញត្តសំខាន់អ្វីនៅក្នុងគម្ពីរ កូនរិនថូសទី២ ៨:១-៧ ដែលប្រឆាំងនឹងទស្សនៈនៃការឲ្យដើម្បីទទួលបានមកវិញ? តើសាវកប៉ុលមានន័យយ៉ាងដូចម្ដេចដែលលោកប្រើពាក្យថា «បាន​ធ្វើ​គុណ​នេះ» (កូរិនថូសទី២ ៨:៧)?

បណ្ដាជនដែលសាវករៀបរាប់ «ក្រីក្រណាស់» (កូរិនថូសទី២ ៨:២)។ ប៉ុន្តែពួកគេមិនអាត្មានិយម។ ពួកគេឲ្យលើសពីអ្វីដែលខ្លួនមាន។ ខទាំងនេះជួយបញ្ជាក់ថាដំណឹងល្អធូរធារគឺជាសេចក្ដីដែលមិនត្រឹមត្រូវ។ ដំណឹងល្អដែលមិនត្រឹមត្រូវនេះបង្រៀនទស្សនៈខុស។ ដំណឹងល្អនេះបង្រៀនថាអស់អ្នកដែលសុចរិតចំពោះព្រះនឹងទទួលបានទ្រព្យសម្បត្តិជាច្រើន។

តើមានគំរូណាខ្លះពីក្នុងព្រះគម្ពីរឬក្នុងប្រវត្តិសាស្ត្រដែលអ្នកអាចរកបានពីមនុស្សដែលស្មោះត្រង់នឹងព្រះហើយក៏ជាអ្នកក្រផង? ហើយតើមានឧទាហរណ៍ដែលអ្នកអាចរកឃើញតួអង្គដែលមិនស្មោះត្រង់ជាមួយព្រះហើយជាអ្នកមាន? តើឧទាហរណ៍ទាំងនេះគួរបង្រៀនយើងថាយើងមិនត្រូវយកប្រាក់ទុកធ្វើជាភស្តុតាងបញ្ជាក់ថាព្រះប្រទានពរឲ្យយើងដែរឬទេ?

ថ្ងៃច័ន្ទ ទី៨ មករា ឆ្នាំ២០១៨

ចក្ចុវិស័យខាងព្រលឹងវិញ្ញាណដែលស្រអាប់

ក្ដីបារម្ភរបស់យើងអំពីជីវិតនិងទ្រព្យសម្បត្តិរបស់យើងនេះនៅមិនយូរទេ។ គ្រីស្ទានចាប់ផ្ដើមមើលឃើញតែជិតៗនៅពេលដែលពួកគេចាប់ផ្ដើមព្រួយបារម្ភអំពីបញ្ហានៅក្នុងជីវិតនេះ។ ផ្ទុយទៅវិញគ្រីស្ទានគួរណាស់តែផ្ដោតចិត្តគំនិតរបស់ពួកគេទៅឯផ្លូវទៅកាន់ឋានសួគ៌វិញ។ ប៉ុន្តែសេចក្ដីប៉ងប្រាថ្នាចង់មានទ្រព្យអាចធ្វើឲ្យការមើលខាងឯវិញ្ញាណទៅឯផ្លូវនោះទៅជាស្រអាប់អស់។ អ្នកស្រីហែល្លិនខែលើមានប្រសាសន៍ថា «មនុស្សដែលមើលឃើញតែមិនយល់គឺជាមនុស្សដែលគួរឲ្យអាណិតជាងមនុស្សណាទាំងអស់លើលោក»។ អ្នកស្រីខែលើថ្លង់ហើយពិការភ្នែក។ ព្រះគម្ពីរមានរឿងអំពីមនុស្សដែលមានភ្នែកអាចមើលឃើញតែងងឹតខាងឯបញ្ញាជាច្រើន។

«មនុស្សខ្លះស្រឡាញ់ជីវិតនេះខ្លាំងពេករហូតដល់បំផ្លាញសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតរបស់ពួកគេអស់។ ទ្រព្យសម្បត្តិរបស់គេនៅលើលោកនេះកាន់តែមានច្រើនឡើង។ ស្របពេលជាមួយគ្នានោះ ការចាប់អារម្មណ៍ពីនគរឋានសួគ៌របស់ពួកគេក៏ធ្លាក់ចុះ។ ពួកគេខំប្រមូលទ្រព្យខាងលោកិយនេះកាន់តែច្រើនឡើងៗ។ ហើយការដែលគេបានកាន់តែច្រើន នោះគេកាន់តែស្រឡាញ់ជីវិតលើលោកនេះកាន់តែខ្លាំង។ ពួកគេចង់បានរបស់ទ្រព្យជាខ្លាំងពន់ពេក។ ពួកគេហាក់មានការភ័យខ្លាចក្រែងមានអ្នកណាមកយករបស់ដែលគេចង់បានបាត់ទៅ។ គេខំប្រមូលហើយប្រមូលទៀត។ តែគេចែកដល់អ្នកដទៃតិចណាស់។ ឱ! ទ្រព្យសម្បត្តិនិងសេចក្ដីសន្យាក្លែងក្លាយរបស់គេ៖ អស់អ្នកដែលស្រឡាញ់ទ្រព្យសម្បត្តិនឹងមើលមិនឃើញហើយក៏មិនយល់ពីសេចក្ដីត្រូវការរបស់អស់អ្នកដែលបំពេញកិច្ចការថ្វាយព្រះដែរ។ ដកស្រង់ពីសៀវភៅ SPIRITUAL GIFTS របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ VOLUME 2, PAGE 267។

ការមើលឃើញខាងវិញ្ញាណ «ស្រអាប់» នាំឲ្យជីវិតអស់កល្បរបស់យើងស្ថិតក្នុងភាពគ្រោះថ្នាក់។ ការដែលគ្រាន់តែមើលឃើញព្រះយេស៊ូវនោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងត្រូវតែឃើញព្រះអង្គឲ្យច្បាស់ជាក់។

សូមអានគម្ពីរម៉ាថាយ ១៣:៣-៧ និង២២។ តើព្រះយេស៊ូវព្រមានពីគ្រោះថ្នាក់អ្វីឲ្យយើងដឹងនៅក្នុងខទាំងនេះ? ហេតុអ្វីបានជាអន្ទាក់នេះងាយនឹងធ្លាក់ចូលម្លេះ?

ព្រះយេស៊ូវព្រមានទាស់នឹង «សេចក្តី​ខ្វល់ខ្វាយ​នៅ​ជីវិត​នេះ និង​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ​» (ម៉ាថាយ ១៣:២២)។ ព្រះយេស៊ូវទ្រង់ជ្រាបថាមនុស្សគ្រប់រូបសុទ្ធតែមានសេចក្ដីខ្វល់ខ្វាយ។ យើងខ្វល់ខ្វាយពីរឿងលុយកាក់។ អ្នកក្របារម្ភរឿងដែលគេមានមិនគ្រប់។ អ្នកមានបារម្ភមិនដឹងគេអាចយកបានថែមប៉ុនណាទៀត។ យើងត្រូវធានាឲ្យបានថាមិនត្រូវឲ្យក្ដីបារម្ភទាំងនេះរុញច្រានសេចក្ដីពិតរបស់ព្រះចេញឆ្ងាយពីជីវិតយើងឡើយ។ (ម៉ាថាយ ១៣:២២)។

ព្រះយេស៊ូវក៏បានព្រមានយើងទាស់នឹង «​សេចក្តី​ឆបោក​របស់​ទ្រព្យសម្បត្តិ​» (ម៉ាថាយ ១៣:២២)។ ទ្រព្យសម្បត្តិមិនមែនជាសេចក្ដីអាក្រក់នោះទេ។ ប៉ុន្តែវាមានអំណាចក្នុងការនាំឲ្យយើងវិនាសទាំងស្រុង។

តើក្ដីបារម្ភរបស់អ្នកអំពីជីវិតនេះហើយនិងការស្រឡាញ់ប្រាក់របស់អ្នកនាំឲ្យមានបញ្ហាក្នុងជីវិតរបស់អ្នកដូចម្ដេចខ្លះ? តើរាល់ថ្ងៃអ្នកអាចធ្វើការសម្រេចចិត្តអ្វីខ្លះដើម្បីការពារខ្លួនអ្នកពីអន្ទាក់ទាំងនេះ?

ថ្ងៃអង្គារ ទី៩ មករា ឆ្នាំ២០១៨

ចង់បានអ្វីដែលយើងគ្មាន

អំពើបាបគ្រប់យ៉ាងចាប់ផ្ដើមពីចិត្ត។ ហើយការនេះក៏ពិតចំពោះអំពើបាបនៃការលោភលន់និងការចង់បានរបស់អ្នកដទៃដែរ។ ការលោភលន់គឺជាអំពើបាបនៃការចង់បានហួសល្បត់។ ការចង់បានរបស់អ្នកដទៃគឺជាអំពើបាបនៃការចង់បានរបស់ដែលយើងគ្មាន ហើយក៏ជាការចង់បានរបស់អ្វីដែលជារបស់អ្នកដទៃដែរ។ លោកអ័ដាមនិងនាងអេវ៉ាចង់បានហួសល្បត់នៅក្នុងសួនអេដែន។ ការចង់បានផ្លែឈើបាននាំឲ្យពួកគាត់ធ្លាក់ទៅក្នុងអំពើបាប។

សូមអានគម្ពីរ លោកុប្បត្តិ ៣:១-៦។ តើសាតាំងបានធ្វើអ្វីដើម្បីនាំនាងអេវ៉ាឲ្យធ្វើបាប? តើសាតាំងបានប្រើល្បិចនេះដើម្បីនាំយើងឲ្យធ្វើបាបដែរឬទេ?

«កាល​ស្ត្រី​បាន​ឃើញ​ថា ផ្លែ​ឈើ​នោះ​បរិភោគ​បាន ក៏​ជា​ទី​គាប់​ដល់​ភ្នែក ហើយ​ជា​ដើម​ដែល​ល្មម​គួរ​នឹង​ចង់​បាន ដើម្បី​ឲ្យ​បាន​ប្រាជ្ញា នោះ​នាង​ក៏​យក​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ដល់​ប្តី​ដែរ»(លោកុប្បត្តិ ៣:៦)។

ពិតជាងាយស្រួលនឹងជឿថាពាណិជ្ជកម្មនានាបានប្រើប្រាស់រឿងក្នុងសួនអេដែនទុកជាគំរូដើម្បីលក់ផលិតផលរបស់គេ! ដំបូង សាតាំងបង្ហាញផ្លែពីដើមដែលព្រះហាមឃាត់ឲ្យនាងអេវ៉ាឃើញ។ បន្ទាប់មកសាតាំងនិយាយទៅកាន់នាងអេវ៉ាតាមបែបម្យ៉ាងដែលធ្វើឲ្យនាងចង់បានលើសពីអ្វីដែលនាងមានស្រាប់។ សាតាំងធ្វើឲ្យនាងអេវ៉ាយល់ថានាងត្រូវការរបស់ដែលនាងមិនត្រូវការសោះ។ ពិតជាល្បិចកលដ៏ពិសពុលមែន! ការធ្លាក់ទៅក្នុងអំពើបាបរបស់នាងអេវ៉ាបង្ហាញថានាងបានធ្វើការសម្រេចចិត្តខុស៣យ៉ាង។ យើងរាល់គ្នាដែលចង់បានហួសល្បត់ក៏ធ្វើការសម្រេចចិត្តខុស៣យ៉ាងនេះដែរ៖ (១) យើងឃើញរបស់ដែលយើងមិនគួរមាន។ (២) យើងចង់បានរបស់នោះខ្លាំងណាស់។ (៣) យើងក៏យករបស់នោះ។

ការចង់បានរបស់ដែលពុំមែនជារបស់យើងគឺជាអំពើបាបដ៏ពិសពុល។ ការចង់បានរបស់អ្នកដទៃជាញឹកញយធ្វើឲ្យយើងប្រព្រឹត្តដូចគ្នាទៅនឹងអំពើបាបទាក់ទងនឹងការរួមភេទបណ្ដាលដែរ។ ដូចត្រង់ណា? បាបទាំងពីរសុទ្ធតែអាចលាក់កំបាំងបាន។ ប៉ុន្តែបាបទាំង២ប្រភេទនេះបំផ្លាញយើងនៅទីបំផុតវិញ។ វាបំផ្លាញទំនាក់ទំនងរបស់យើងទៅកាន់មនុស្សដទៃ។ វាធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់យើងរងការឈឺចាប់។ ហើយការលាក់បំបាំងអំពើបាបទាំងនេះធ្វើឲ្យយើងរងទុក្ខដោយអារម្មណ៍ពិរុទ្ធទៀតផង។

បាបនៃការចង់បានរបស់ដែលពុំមែនជារបស់យើងអាចនាំឲ្យយើងលែងខ្វល់ពីច្បាប់បញ្ញត្តិសំខាន់ៗ។ មើលរឿងដែលកើតឡើងបន្ទាប់ពីស្ដេចអ័ហាប់ឃើញចម្ការទំពាំងបាយជូររបស់លោកណាបោតជាឧទាហរណ៍ស្រាប់។ ស្ដេចអ័ហាប់ចង់បានចម្ការនោះខ្លាំងណាស់។ ព្រះអង្គមិនព្រមសប្បាយព្រះទ័យឡើយទាល់តែបានចម្ការនោះសិន។ ដូច្នេះមហេសីដ៏អាក្រក់របស់ស្ដេចអ័ហាប់ក៏បង្គាប់ឲ្យគេធ្វើឃាតណាបោតដើម្បីឲ្យស្ដេចអ័ហាប់អាចយកចម្ការរបស់ណាបោតបាន (ពង្សាវតាក្សត្រទី១ ២១)។ ឧទារហណ៍មួយទៀតគឺរឿងរបស់អេកាន។ បុរសនេះក៏ចង់បានរបស់ដែលពុំមែនជារបស់ខ្លួនដែរ។ គាត់ឃើញសម្លៀកបំពាក់មានតម្លៃខ្លះហើយនិងប្រាក់កាសខ្លះ ហើយគាត់ក៏យករបស់ទាំងអស់នោះទៅ (យ៉ូស្វេ ៧:២០-២២)។ ដូច្នេះការចង់បានរបស់អ្វីដែលពុំមែនជារបស់យើងគឺជាអំពើបាប។ វាបណ្ដាលឲ្យយើងក្លាយទៅជាមនុស្សអាត្មានិយម។

ហេតុអីបានជាការពិនិត្យមើលក្រែងមានអត្តចរិតអាត្មានិយមណាខ្លះដែលនៅសេសសល់ក្នុងចិត្តរបស់យើងជារឿងសំខាន់? តើយើងគួរធ្វើអ្វីប្រសិនបើពិនិត្យឃើញចិត្តបែបនោះ?

ថ្ងៃពុធ ទី១០ មករា ឆ្នាំ២០១៨

ចង់បានរបស់តាមចិត្តយើង

តើព្រះគម្ពីរអេសាយ ៥៦:១១ ព្រមានយើងអំពីបាបអ្វី?

កាលពីម្សិលមិញយើងបានរៀនរួចមកហើយថាសេចក្ដីលោភលន់គឺជាសេចក្ដីប៉ងប្រាថ្នាបែបអាត្មានិយមដែលចង់បានលើសពីអ្វីដែលយើងមានស្រាប់។ យើងងាយនឹងមានអារម្មណ៍លោភលន់នេះណាស់ពីព្រោះយើងជាមនុស្សមានបាប។ សេចក្ដីលោភលន់បង្អាក់យើងលែងឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់ព្រះទៀត។ «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់» (កូរិនថូសទី២ ៨:៩)។

មានតែព្រះជាម្ចាស់មួយគត់ដែលទ្រង់ជ្រាបថាសេចក្ដីលោភលន់បានបង្កឲ្យមានការឈឺចាប់ខ្លាំងប៉ុនណាកាលពីអតីតកាល។ សេចក្ដីលោភលន់បានបណ្ដាលឲ្យមានសង្គ្រាម។ សេចក្ដីលោភលន់បានបណ្ដាលឲ្យរាស្ត្ររបស់ព្រះប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះ។ ក្រោយមកបទឧក្រិដ្ឋរបស់ពួកគេនាំមកនូវការបំផ្លិចបំផ្លាញដល់ខ្លួនគេនិងគ្រួសាររបស់គេ។ ជាទូទៅសេចក្ដីលោភលន់តែងប្រព្រឹត្តទៅដូចគ្នាទៅនឹងជំងឺដែលបណ្ដាលឲ្យស្លាប់ដែរ។ ជំងឺប្រភេទនេះ «ស៊ីរូង» រាងកាយរហូតសល់តែជំងឺសព្វសព៌ាង្គ។ ដូចគ្នាទៅនឹងចំនុចនេះដែរ សេចក្ដីលោភលន់ស៊ីរូងសេចក្ដីល្អនិងបរិសុទ្ធនៅក្នុងមនុស្សម្នាក់រហូតសល់តែសេចក្ដីលោភលន់ប៉ុណ្ណោះក្នុងខ្លួន។ សេចក្ដីលោភគឺជាជំងឺ។ វាធ្វើឲ្យមនុស្សចង់បានគ្រប់យ៉ាងចាប់ពីអំណាចដល់ទ្រព្យសម្បត្តិ។

សូមអានរឿងដែលមាននៅក្នុងគម្ពីរម៉ាថាយ ២៦:១៤-១៦។ តើយើងអាចរៀនអ្វីខ្លះពីរឿងនេះស្ដីអំពីអំណាចនៃសេចក្ដីលោភ?

ចំណាំពាក្យដែលយូដាសនិយាយថា៖ «’បើ​ខ្ញុំ​បញ្ជូន​អ្នក​នោះ [ព្រះយេស៊ូវ] មក​លោក តើ​លោក​នឹង​ឲ្យ​អ្វី​ដល់​ខ្ញុំ’?»។ ខនេះបង្ហាញយើងឲ្យឃើញច្បាស់ពីឧទាហរណ៍មួយដ៏ពិសិដ្ឋអំពីការដែលសេចក្ដីលោភបានគ្រប់គ្រងពេញលេញទៅលើជីវិតមនុស្សម្នាក់។ ព្រះជាម្ចាស់បានបង្ហាញព្រះគុណរបស់ទ្រង់ឲ្យយូដាសឃើញតាមសភាពដ៏ធំមួយ។ យូដាសបាននៅជាមួយព្រះយេស៊ូវកាលព្រះអង្គយាងមកកើតជាមនុស្សនៅលើផែនដីនេះ។ យូដាសបានឃើញគ្រប់ទាំងការអស្ចារ្យដែលព្រះយេស៊ូវបានធ្វើ។ ហើយយូដាសបានឮគ្រប់ទាំងសេចក្ដីបង្រៀនពីបន្ទូលជីវិត។ ប៉ុន្តែតើយូដាសធ្វើអ្វី? យូដាសស្រឡាញ់ប្រាក់ខ្លាំងហួសល្បត់។ ដូច្នេះគាត់ប្រគល់ព្រះយេស៊ូវទៅឲ្យក្រុមមនុស្សដែលស្អប់ព្រះអង្គហើយសម្លាប់ព្រះអង្គទៅ។

«ព្រះអង្គសង្គ្រោះទ្រង់ស្រឡាញ់និងស្រទន់ចំពោះយូដាសខ្លាំងណាស់ហ្ន៎! ព្រះយេស៊ូវបានបង្ហាញលោកយូដាសថាការចង់បានលើសពីអ្វីដែលយើងត្រូវការគឺជារឿងអាក្រក់ណាស់។ ព្រះយេស៊ូវបានបង្រៀនថាការដែលយើងមានចិត្តសប្បុរសនិងចេះយកចិត្តទុកដាក់ដល់អ្នកដទៃទើបជារឿងសំខាន់។ ការយកចិត្តទុកដាក់ពីអ្នកដទៃក៏ដូចជាការបង្ហាញនូវទឹកចិត្តសប្បុរសដល់គេជួយឲ្យយើងមិនអាត្មានិយម។ យូដាបានយល់ដឹងថាព្រះយេស៊ូវកំពុងតែបង្ហាញពីសេចក្ដីអាក្រក់ដែលមាននៅក្នុងចិត្តរបស់គាត់ជាច្រើនលើកច្រើនសា។ ប៉ុន្តែយូដាសមិនព្រមសារភាពអំពើបាបរបស់គាត់ឬឈប់ប្រព្រឹត្តនូវអ្វីដែលគាត់កំពុងធ្វើឡើយ។» ដកស្រង់ពីសៀវភៅ The Desire of Ages, page 295 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

តើព្រះគុណរបស់ព្រះអាចបញ្ឈប់មិនឲ្យសេចក្ដីលោភគ្រប់គ្រងលើយើងបានដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី១១ មករា ឆ្នាំ២០១៨

ការឃុំគ្រងលើជីវិតរបស់ខ្លួន

គ្រីស្ទានត្រូវតែការពារប្រឆាំងទៅនឹងការស្រឡាញ់ប្រាក់ហើយនិងការចង់បានទ្រព្យនៃលោកិយនេះ។ គ្រីស្ទានក៏ត្រូវការពារគំនិតរបស់ពួកគេពីការចង់បានអ្វីដែលពុំមែនជារបស់ខ្លួនផងដែរ។ ហើយពួកគេត្រូវតែបដិសេធអំពើបាបនៃការចង់បានហួសល្បត់។ តើខខាងក្រោមនេះអាចជួយឲ្យយើងការពារខ្លួនពីការចង់បានហួសល្បត់ដូចម្ដេចខ្លះ?

-កិច្ចការ ២៤:២៤-២៦ ----------------------

-កាឡាទី ៥:២២-២៥ -----------------------

-ពេត្រុសទី២ ១:៥-៩ -----------------------

ខគម្ពីរទាំងនេះមានអត្ថន័យជ្រាលជ្រៅណាស់។ ខទាំងនេះមានសុទ្ធតែបទបញ្ជាមកពីព្រះជាម្ចាស់អំពីរបៀបដែលយើងត្រូវរស់នៅ។ ប៉ុន្តែចំណុចរួមមួយដែលចងភ្ជាប់ខទាំងនេះគឺ៖ អំណាចនៃការគ្រប់គ្រងខ្លួនឯង។ អំណាចក្នុងការគ្រប់គ្រងខ្លួនឯងអាចមានការលំបាកបង្ហាញនៅពេលដែលយើងចង់បានរបស់ល្អៗខ្លាំងពេក។ ប៉ុន្តែយើងត្រូវតែឃុំគ្រងសេចក្ដីដែលយើងគិតនិងធ្វើ។ នោះព្រះជាម្ចាស់នឹងការពារយើងពីគ្រោះថ្នាក់នៃការចង់បានហួសល្បត់និងការចង់បានរបស់ដែលពុំមែនជារបស់យើង។

ប៉ុន្តែ យើងត្រូវថ្វាយខ្លួនរបស់យើងទៅឯព្រះជាម្ចាស់និងអំណាចព្រះចេស្ដារបស់ទ្រង់។ ព្រះអង្គនឹងប្រទានការឃុំគ្រងលើការគិតនិងការប្រព្រឹត្តរបស់យើង។ យើងត្រូវការជំនួយពីព្រះអង្គដើម្បីយកឈ្នះចម្បាំងនៃការចង់បានហួសល្បត់និងការស្រឡាញ់ប្រាក់។ យើងភាគច្រើនស្រឡាញ់ប្រាក់ហើយព្រមចុះចាញ់បាបនៃការចង់បានហួសល្បត់ហើយនិងការយករបស់ដែលពុំមែនជារបស់យើង។ ការលះបង់អំពើបាបទាំងនេះពុំមែនជាការងាយស្រួលទេ។ ហេតុដូច្នេះហើយបានជាយើងត្រូវការព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើង។ មានតែព្រះអង្គប៉ុណ្ណោះដែលអាចរំដោះយើងពីការកុហកដ៏មានអានុភាពរបស់សាតាំងដែលធ្វើឲ្យយើងភ្លេចព្រះ។ ព្រះគម្ពីរសន្យានឹងយើងថា៖ «ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន» (កូរិនថូសទី១ ១០:១៣)។

យើងតស៊ូជាមួយនឹងសេចក្ដីលោភ។ សេចក្ដីលោភគឺជាសេចក្ដីប៉ងប្រាថ្នាអាត្មានិយមដែលចង់បានហើយចង់បានទៀត។ ហើយយើងក៏តស៊ូជាមួយការចង់បានរបស់អ្នកដទៃដែរ។ ការចង់បានរបស់អ្នកដទៃគឺជាការចង់បានរបស់ដែលយើងគ្មានឬជារបស់ៗអ្នកដទៃ។ តើលោកពេត្រុសចង្អូលបង្ហាញទៅអ្វីនៅក្នុងគម្ពីរកូរិនថូសទី២ ១:៥-៩ ដើម្បីជួយយើងឲ្យតស៊ូជាមួយសេចក្ដីលោភលន់និងការចង់បានរបស់អ្នកដទៃ?

ថ្ងៃសុក្រ ទី១២ មករា ឆ្នាំ២០១៨

សិក្សាបន្ថែម

សេចក្ដីប៉ងប្រាថ្នាធំធេងបំផុតរបស់មនុស្សភាគច្រើនគឺចង់បានសុភមង្គលនិងបានស្កប់ចិត្ត។ ប៉ុន្តែការព្យាយាមធ្វើឲ្យបានស្កប់ចិត្តដោយប្រាក់កាសនិងអំណាចមិនអាចផ្ដល់សុភមង្គលបានទេ។ នៅក្នុងចិត្តមនុស្សម្នាក់ៗសុទ្ធតែដឹងថានេះគឺជាការពិត។ ប៉ុន្តែតើពួកគេធ្វើអ្វី? គឺពួកគេនៅតែបន្តចង់បានហើយចង់បានទៀតដដែល។

អ្នកសេវេនដេយអាត់វេនទីស្ទក៏ត្រូវតស៊ូប្រឆាំងជាមួយសេចក្ដីប៉ងប្រាថ្នាដែលចង់បានហើយចង់បានទៀតនេះដែរ។ សាតាំងព្យាយាមដឹកនាំយើងឲ្យស្រឡាញ់ប្រាក់និងអំណាចជាងស្រឡាញ់ព្រះ។ ប៉ុន្តែការមានទ្រព្យកាន់តែច្រើននឹងមិនធ្វើឲ្យយើងមានសេចក្ដីសុខនិងស្កប់ស្កល់ឡើយ។ ផ្ទុយទៅវិញ ការស្រឡាញ់ទ្រព្យសម្បត្តិនិងអំណាចបង្កឲ្យមានបញ្ហាទៅវិញទេ។ មើលតែកំឡោះអ្នកមាននៅក្នុងព្រះគម្ពីរក៏បានដែរ។ គាត់បែរចេញពីព្រះយេស៊ូវទៅ។ ហើយគាត់មិនសប្បាយចិត្តទេព្រោះគាត់គិតថាជីវិតគាត់ល្អគ្រប់គ្រាន់ហើយ។ ប៉ុន្តែព្រះយេស៊ូវពុំបានមានបន្ទូលត្រូវទៅនឹងការរំពឹងទុករបស់បុរសអ្នកមាននោះឬក៏ផ្ដល់អ្វីដែលគាត់ចង់បានឡើយ។ «ការចង់បានហួសល្បត់និងសេចក្ដីប៉ងប្រាថ្នាខាងឯទ្រព្យសម្បត្តិលើសជាងខាងឯវិញ្ញាណបណ្ដាលឲ្យមានជំងឺ។ ពិតមែនហើយ សេចក្ដីប៉ងប្រាថ្នាអាត្មានិយមនៅក្នុងមនុស្សម្នាក់អាចបណ្ដាលឲ្យមនុស្សនោះមានអារម្មណ៍សោកសៅនិងព្រួយជាខ្លាំង។ វាថែមទាំងអាចបង្កឲ្យមានបញ្ហាសុខភាពទៀតផង។ ឈឺក្បាលគឺជាឧទាហរណ៍មួយ។ ការស្រឡាញ់ទ្រព្យសម្បត្តិអាចបណ្ដាលឲ្យមនុស្សម្នាក់លែងចង់នៅជិតមនុស្សដទៃទៀតផង។ វាអាចធ្វើឲ្យបុគ្គលនោះយល់ថាខ្លួនវិសេសជាងអ្នកដទៃទៀត»។ ដកស្រង់ពីសៀវភៅ The High Price of Materialism របស់លោក Tim Kasser, page 22។

សំនួរពិភាក្សា៖
  1. នៅក្នុងមេរៀននាថ្ងៃអាទិត្យ យើងបានរៀនអំពីមនុស្សដែលឲ្យដើម្បីបានទទួលមកវិញ។ តើមនុស្សដែលជឿទស្សនៈនេះអាចយកខគម្ពីរណាមកប្រើ? តើអ្នកអាចយករឿងណាខ្លះក្នុងព្រះគម្ពីរដើម្បីមកបង្ហាញថាការបង្រៀនបែបនេះមិនត្រឹមត្រូវសោះ?

  2. ឪពុករបស់ក្មេងតូចម្នាក់មានប្រសាសន៍ថា «ខ្ញុំបានរៀនសេចក្ដីពិតសំខាន់ពីព្រះគម្ពីរពីរយ៉ាងពីកូនរបស់ខ្ញុំ។ ទីមួយ យើងទាំងអស់គ្នាមានបាបពីកំណើត។ ទីពីរ យើងទាំងអស់គ្នាសុទ្ធតែចង់បានលើសពីអ្វីដែលយើងគួរមានពីកំណើត»។ តើរឿងនេះបង្ហាញពីសេចក្ដីត្រូវការអំណាចព្រះចេស្ដារបស់ព្រះរបស់យើងប៉ុនណាដើម្បីការពារយើងពីសេចក្ដីប៉ងប្រាថ្នាបែបអាត្មានិយម?

  3. ហេតុអ្វីបានជាសេចក្ដីប៉ងប្រាថ្នាអាត្មានិយមដែលចង់បានលើសពីសេចក្ដីត្រូវការពិតជាមានគ្រោះថ្នាក់ដល់យើងនិងអ្នកនៅជុំវិញខ្លួនយើងដល់ម្លេះ? តើអ្នកនឹកឃើញទៅដល់រឿងអ្វីដែលបង្ហាញថាសេចក្ដីប៉ងប្រាថ្នាអាត្មានិយមរបស់មនុស្សម្នាក់បង្កឲ្យមានការឈឺចាប់និងគ្រោះថ្នាក់ដល់អ្នកដទៃ?
Powered by CAM