មេរៀនទី២​៖ ៧-១៣ មេសា ២០១៨

លោកដានីយ៉ែល និងគ្រាចុងក្រោយ

Jeans
ថ្ងៃសៅរ៍ ទី៧ មេសា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ លូកា ១៦:១០ ដានីយ៉ែល ១, ២, ៣:១-៦ វិវរណៈ ១៣:១១-១៥ ដានីយ៉ែល ៣:១៣-១៨ យ៉ូហាន ៣:៧ ដានីយ៉ែល ៤ និងដានីយ៉ែល ៦។

ខចងចាំ៖ «ស្តេច​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ដានីយ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្តី​អាថ៌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្តី​អាថ៌កំបាំង​នេះ​បាន» (ដានីយ៉ែល ២:៤៧)។

ព្រះជាម្ចាស់មានផែនការធំៗសម្រាប់រាស្ត្រអ៊ីស្រាអែលនៅសម័យសញ្ញាចាស់។ ព្រះបង្គាប់ឲ្យលោកម៉ូសេប្រាប់ទៅរាស្ត្រអ៊ីស្រាអែលថា៖ «ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល» (និក្ខមនំ ១៩:៦)។ ព្រះចង់ឲ្យរាស្ត្រអ៊ីស្រាអែលធ្វើជាទីបន្ទាល់របស់ព្រះអង្គ។ ព្រះចង់ឲ្យរាស្ត្រអ៊ីស្រាអែលបង្ហាញដល់គ្រប់ទាំងសាសន៍ដទៃទៀតថាព្រះអង្គគឺជាព្រះតែមួយគត់ (អេសាយ ៤៣:១០, ១២)។ គួរឲ្យសោកស្ដាយរាស្ត្រអ៊ីស្រាអែលមិនអាចបំពេញកិច្ចការបរិសុទ្ធនេះបាន។ មួយរយៈក្រោយមក សាសន៍បាប៊ីឡូនបានយកសាសន៍អ៊ីស្រាអែលមកធ្វើជាទាសករហើយកេណ្ឌពួកគេឲ្យនិរទេសទៅស្រុកបាប៊ីឡូន។

ប៉ុន្តែ រាស្ត្ររបស់ព្រះខ្លះនៅតែស្មោះត្រង់ជាមួយនឹងព្រះដដែល។ ព្រះយកពួកគេទុកជាស្មរបន្ទាល់របស់ទ្រង់ក្នុងគ្រាដែលពួកគេធ្វើជាទាសករនៅស្រុកបាប៊ីឡូន។ អ្នកស្មោះត្រង់ទាំងបួននាក់នោះគឺលោកដានីយ៉ែលនិងមិត្តសម្លាញ់របស់គាត់បីនាក់ផ្សេងទៀត។ ជាទាសករ ពួកគេត្រូវបំពេញកិច្ចការដែលសាសន៍អ៊ីស្រាអែលមិនអាចបំពេញបានកាលដែលនៅជាប្រទេសឯករាជ្យនៅឡើយ។ ដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់គឺជាគំរូគ្រប់យ៉ាងដែលសាសន៍អ៊ីស្រាអែលគួរបានធ្វើ។

ដានីយ៉ែល និងមិត្តសម្លាញ់របស់គាត់ក៏ជាគំរូសម្រាប់យើងរាល់គ្នាដែរ។ យើងរស់នៅក្នុងគ្រាចុងក្រោយ។ ព្រះក៏បានរើសយើងឲ្យធ្វើជាស្មរបន្ទាល់ដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះដែរ។ តើយើងអាចរៀនសូត្រអ្វីខ្លះពីរឿងរបស់លោកដានីយ៉ែលនិងមិត្តសម្លាញ់បីនាក់របស់គាត់ដែលជួយយើងឲ្យធ្វើកិច្ចការបរិសុទ្ធដែលព្រះចាត់ឲ្យយើងធ្វើ?

ថ្ងៃអាទិត្យ ទី៨ មេសា ឆ្នាំ២០១៨

«ស្មោះត្រង់នឹងការតូច»

«អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា ស្មោះត្រង់​ក្នុង​ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​ការ​ដ៏​ធំ​ដែរ» (លូកា ១៦:១០)។

ការធ្វើរឿងមិនត្រឹមត្រូវគឺជារឿងងាយស្រួលណាស់ បន្តិចម្ដងៗ ដើម្បីបានអ្វីដែលយើងចង់បាន មែនទេ? ព្រះយេស៊ូវមានព្រះបន្ទូលយ៉ាងដូច្នេះឯងនៅក្នុងគម្ពីរលូកា ១៦:១០។ បញ្ហានោះគឺឋិតនៅត្រង់ថាការខុសតូចដែលយើងធ្វើដើម្បីទទួលបាននូវអ្វីដែលយើងចង់បាននោះតែងនាំឲ្យយើងធ្វើរឿងខុសតូចមួយផ្សេងទៀត។ ហើយបន្ទាប់មកនឹងនាំយើងឲ្យធ្វើរឿងខុសឆ្គងតូចមួយទៀត។ ហើយនឹងនាំឲ្យយើងធ្វើរឿងខុសឆ្គងតូចមួយហើយមួយទៀតរហូតដល់ចំណុចមួយដែលយើង «មិនស្មោះត្រង់នឹងការធំ»។ ចូរយើងទុកការព្រមាននេះនៅក្នុងចិត្តខណៈដែលយើងនឹងសិក្សារឿងនៅក្នុងគម្ពីរដានីយ៉ែលជំពូក១។

សូមអានគម្ពីរដានីយ៉ែល ជំពូក១។ ដានីយ៉ែលជំពូក១រៀបរាប់ពីលោកដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​បានយកព្រះជាទី១នៅក្នុងជីវិតរបស់ពួកគាត់។ តើភាពស្មោះត្រង់ដ៏រឹងមាំរបស់ពួកគេចំពោះព្រះនិងជំនឿរបស់ពួកគេបង្ហាញយើងថាព្រះចង់ឲ្យរាស្ត្រអ៊ីស្រាអែលក្លាយជាបែបណាដល់គ្រប់ទាំងប្រទេសនិងមនុស្សនៅលើផែនដី? សូមអានគម្ពីរចោទិយកថា ៤:៦-៨ និង សាការី ៨:២៣ ដើម្បីជួយលោកអ្នកក្នុងការឆ្លើយសំណួរនេះ។

ស្ដេចបាប៊ីឡូនចង់ដឹងដានីយ៉ែលនិងមិត្តរបស់គាត់វៃឆ្លាតប៉ុនណា។ ព្រះរាជាចោទសួរដានីយ៉ែលនិងមិត្តសម្លាញ់របស់គាត់នូវសំណួរលំបាកៗជាច្រើនដើម្បីសាកល្បងពួកគេ។ ដានីយ៉ែលនិងមិត្តសម្លាញ់របស់គាត់ឆ្លើយចម្លើយយ៉ាងវាងវៃបំផុត។ ព្រះរាជាទ្រង់ជ្រាបថាដានីយ៉ែលនិងមិត្តៗរបស់គាត់ «ពូកែជាងគ្រូមន្តអាគមនិងហោរាទាំងឡាយក្នុងព្រះរាជាណាចក្រទាំងមូលដប់ដងទៅទៀត» (ដានីយ៉ែល ១:២០)។ ភាពវៃឆ្លាតរបស់ពួកគាត់បង្ហាញឲ្យយើងឃើញថាពិតជាមានទំនាក់ទំនងយ៉ាងជាក់ច្បាស់រវាងអាហារដែលយើងបរិភោគទៅនឹងភាពវៃឆ្លាតរបស់យើង។ គម្ពីរដានីយ៉ែលជំពូក១ក៏បានចែងថាព្រះបានប្រទានតម្រិះប្រាជ្ញាដល់ដានីយ៉ែលនិងមិត្តរបស់គាត់។ ដានីយ៉ែលនិងមិត្តមិនព្រមទទួលទានអាហារមិនស្អាតដែលគេរៀបចំឲ្យនៅលើតុរបស់ព្រះរាជា។ ផ្ទុយទៅវិញពួកគេកាន់តាមបទបញ្ញត្តិខាងចំណីអាហាររបស់ព្រះ។ ដូច្នេះព្រះជាម្ចាស់ប្រទានតម្រិះប្រាជ្ញាជាច្រើនដល់ដានីយ៉ែលនិងមិត្តរបស់គាត់ដោយព្រោះតែសេចក្ដីស្មោះត្រង់របស់ពួកគេចំពោះទ្រង់។ ដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់ស្ដាប់បង្គាប់តាមព្រះ ហើយព្រះក៏ប្រទានពរដល់ពួកគេដោយព្រោះតែការស្ដាប់បង្គាប់នោះ។ តើព្រះនឹងបានប្រព្រឹត្តចំពោះកូនចៅអ៊ីស្រាអែលដូចដែលព្រះអង្គបានប្រព្រឹត្តនឹងលោកដានីយ៉ែលហើយនិងមិត្តរបស់គាត់ឬទេប្រសិនបើពួកគេបានស្ដាប់បង្គាប់តាមការបង្រៀនរបស់ព្រះដូចលោកដានីយ៉ែលនិងមិត្តៗរបស់គាត់? មែនព្រះច្បាស់ជាធ្វើដូច្នេះដែរ! ព្រះក៏នឹងប្រទានពរដល់យើងនាពេលបច្ចុប្បន្ននេះដែរប្រសិនបើយើងស្មោះត្រង់នឹងការបង្រៀនរបស់ទ្រង់នៅគ្រាចុងក្រោយនេះ។

ព្រះបានប្រទានសេចក្ដីពិតជាច្រើនដល់គណៈសេវេនដេយអាត់វេនទីស្ទ។ ក្នុងនាមជាពួកជំនុំយើងត្រូវសួរខ្លួនឯងថា៖ តើយើងបានចែករំលែកសេចក្ដីពិតទាំងនេះដល់មនុស្សដទៃបែបណាខ្លះហើយ? តើយើងអាចធ្វើជាស្មរបន្ទាល់ឲ្យកាន់តែល្អជាងនេះដោយរបៀបណា?

ថ្ងៃច័ន្ទ ទី៩ មេសា ឆ្នាំ២០១៨

ដានីយ៉ែលដ៏ជាបុរសដែលគ្មានចិត្តអំនួត

រាប់រយរាប់ពាន់ឆ្នាំមកហើយ គម្ពីរដានីយ៉ែលជំពូក២ បានជួយមនុស្សច្រើនជាងចំនួនដែលយើងអាចរាប់អស់នៅទូទាំងសកលលោកនេះឲ្យមកជឿព្រះនៅក្នុងព្រះគម្ពីរ។ គម្ពីរដានីយ៉ែលជំពូក២ផ្ដល់នូវភស្តុតាងយ៉ាងឧត្ដុង្គឧត្តមបញ្ជាក់ថាពិតជាមានព្រះមែនហើយទ្រង់ជ្រាបរឿងគ្រប់យ៉ាងមុនដែលរឿងទាំងនោះកើតឡើងទៅ ទៀត។ ចំណុចដែលគម្ពីរដានីយ៉ែលជំពូក២បង្ហាញថាព្រះទ្រង់ជ្រាបពីអនាគតកាលគឺជាភស្តុតាងបញ្ជាក់ថាមានព្រះពិតមែន។

សូមអានគម្ពីរដានីយ៉ែលជំពួក២។ តើហេតុអ្វីបានជាគម្ពីរដានីយ៉ែលជំពូក២ផ្ដល់ជាភស្តុតាងឲ្យយើងជឿថាពិតជាមានព្រះមែន? គម្ពីរដានីយ៉ែលជំពូក២ក៏បានបរិយាយអំពីទ្វីបអឺរ៉ុបសព្វថ្ងៃនេះផងដែរ (ដានីយ៉ែល ២:៤០-៤៣) ហេតុដូចម្ដេចបានជាមនុស្សម្នាក់ដែលរស់នៅតាំងពីប្រមាណជា២៦០០ឆ្នាំមុនអាចសរសេរអំពីព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅអឺរ៉ុបនាសម័យបច្ចប្បន្ននេះទៅកើតហ្ន? តើសំណេររបស់លោកដានីយ៉ែលបញ្ជាក់ថាព្រះទ្រង់ជ្រាបគ្រប់រឿងទាំងអស់ដែលនឹងកើតឡើងនាថ្ងៃអនាគតមុននឹងរឿងទាំងនោះកើតឡើងដែរឬទេ?

ព្រះជាម្ចាស់បង្ហាញព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគតឲ្យដានីយ៉ែលដឹង។ លោកដានីយ៉ែលថ្វាយគ្រប់ទាំងសេចក្ដីសរសើរតម្កើងដល់ព្រះចំពោះតម្រិះប្រាជ្ញានេះ។ ដានីយ៉ែលអាចអួតអាងចំពោះព្រះរាជា។ ដានីយ៉ែលអាចទូលទៅស្ដេចថាហេតុផលដែលលោកដឹងនិងយល់ពីយល់សប្ដិនោះគឺព្រោះគាត់ជាមនុស្សឆ្លាត។ ប៉ុន្តែលោកដានីយ៉ែលពុំបានធ្វើដូច្នោះទេ។ លោកដានីយ៉ែលនិងមិត្តរបស់គាត់អធិដ្ឋានសូមឲ្យព្រះប្រទានប្រាជ្ញាឲ្យពួកគាត់អាចដឹងពីយល់សប្ដិនិងឲ្យបានយល់ពីអត្ថន័យយល់សប្ដិរបស់ព្រះរាជា។ ការអធិដ្ខានរបស់ពួកគាត់បង្ហាញឲ្យឃើញថាពួកគាត់ពឹងផ្អែកទៅលើព្រះប៉ុនណាដើម្បីបានតម្រិះប្រាជ្ញា (ដានីយ៉ែល ២:១៧-២៣)។ ដានីយ៉ែលនិងមិត្តៗរបស់គាត់ដឹងថាបើគ្មានជំនួយពីព្រះទេ ពួកគេច្បាស់ជានឹងត្រូវស្លាប់ជាមួយអ្នកប្រាជ្ញរបស់ព្រះរាជាទាំងអស់មិនខាន។

ក្រោយមក ដានីយ៉ែលបានក្រើនរំឭកដល់ព្រះរាជាថាគ្មានអ្នកប្រាជ្ញឬគ្រូមន្តអាគមណារបស់ទ្រង់អាចទូលពីសុបិននិមិត្តរបស់ទ្រង់បានឡើយ។ ប៉ុន្តែដានីយ៉ែលលោកដឹងថាមានព្រះមួយអង្គដែលគង់នៅឋានសួគ៌អាចប្រាប់យើងពីអាថ៌កំបាំងផ្សេងៗបាន។ ព្រះអាចបើកសម្ដែងសេចក្ដីអាថ៌កំបាំងឲ្យយើងយល់ពីព្រោះមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះពិត។

ដានីយ៉ែលក្លាយជាទីបន្ទាល់ដ៏អស្ចារ្យដោយព្រោះគាត់គ្មានចិត្តអំនួត។ គាត់ពឹងផ្អែកទៅលើព្រះគ្រប់ជំពូក។ ចុះបើលោកដានីយ៉ែលក៏ត្រូវបង្ហាញថាគាត់គ្មានចិត្តអំនួតទៅហើយ តើយើងត្រូវបង្ហាញថាចិត្តរបស់យើងគ្មានអំនួតលើសជាងគាត់ប៉ុនណាទៀតទៅ? ជារួម ព្រះបានប្រទានសេចក្ដីពិតរបស់ទ្រង់អំពីផែនការសង្គ្រោះមនុស្សឲ្យយើងដឹង។ ដូច្នេះការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងគួរតែជួយយើងកុំឲ្យមានចិត្តអួត។

តើឈើឆ្កាងបង្រៀនពីការដែលយើងមិនគួរមានអំនួតដូចម្ដេចខ្លះ? តើយើងនឹងទៅជាយ៉ាងណាប្រសិនបើគ្មានឈើឆ្កាង? ហេតុអ្វីបានជាឈើឆ្កាងគឺជារឿងតែមួយគត់ដែលយើងអាចអួតបាន? (អានគម្ពីរកាឡាទី ៦:១៤)

ថ្ងៃអង្គារ ទី១០ មេសា ឆ្នាំ២០១៨

រូបបដិមាធ្វើពីមាស

អ្នកសិក្សាព្រះគម្ពីរជាច្រើនបានឃើញពីការជាប់ទាក់ទងគ្នារវាងសាច់រឿងនៅក្នុងគម្ពីរដានីយ៉ែលជំពូក៣និងវិវរណៈជំពូក១៣។ វិវរណៈជំពូក១៣រៀបរាប់ពីហេតុការណ៍អាក្រក់ៗជាច្រើនដែលរាស្ត្ររបស់ព្រះជួបប្រទះកាលពីអតីតកាល។ ឯវិវរណៈជំពូក១៣បង្ហាញពីព្រឹត្តិការណ៍អាក្រក់ៗ ដែលរាស្ត្ររបស់ព្រះនឹងរងទុក្ខនៅគ្រាចុង ក្រោយ។

តើគម្ពីរដានីយ៉ែល ៣:១-៦ដូចគ្នាទៅនឹងគម្ពីរវិវរណៈ ១៣:១១-១៥យ៉ាងណាខ្លះ?

ជំពូកទាំងពីរនេះនិយាយអំពីការថ្វាយបង្គំ។ ជំពូកទាំងពីរនេះបង្ហាញយើងឲ្យឃើញថាអំណាចដែលគ្រប់គ្រងផែនដីបង្ខំមនុស្សឲ្យថ្វាយបង្គំពួកវា។ អំណាចគ្រប់គ្រងទាំងនេះព្យាយាមលួចយកការថ្វាយបង្គំដែលជារបស់ព្រះតែមួយអង្គគត់។

សូមអានគម្ពីរដានីយ៉ែល ៣:១៣-១៨។ តើយើងអាចរៀនអ្វីខ្លះពីរឿងនេះដើម្បីជួយយើងឲ្យយល់ពី (១) សេចក្ដីទុក្ខវេទនាដែលយើងនឹងជួបប្រទះនៅគ្រាចុងក្រោយនិង (២) ការចាំបាច់ដែលយើងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់ប្រឈមទៅនឹងសេចក្ដីទាំងនោះ?

នៅសម័យលោកដានីយ៉ែល ស្ដេចនេប៊ូក្នេសារគឺជាព្រះរាជាដ៏មានអំណាចជាងគេលើលោក។ ស្ដេចនេប៊ូក្នេសារសើចចំអកដល់ព្រះរបស់លោកដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់។ ព្រះរាជាមានបន្ទូលថា «តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន?» (ដានីយ៉ែល ៣:១៥)។ មិនយូរប៉ុន្មានស្ដេចអង្គនោះនឹងបានជ្រាបថាតើព្រះនោះជានរណា។ ក្រោយមកព្រះរាជាអង្គនោះមានបន្ទូលថា «សូម​ឲ្យ​ព្រះ​នៃ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​ប្រោស​ពួក​បំរើ​ទ្រង់ ដែល​ទុក​ចិត្ត​ដល់​ទ្រង់ ឲ្យ​រួច គេ​បាន​រំលង​នឹង​បង្គាប់​នៃ​ស្តេច ព្រម​ទាំង​ប្រថុយ​ខ្លួន​គេ ដើម្បី​មិន​ឲ្យ​គោរព ឬ​ថ្វាយបង្គំ​ដល់​ព្រះ​ឯ​ណា ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ» (ដានីយ៉ែល ៣:២៨)។

ព្រះជាម្ចាស់បានរំដោះបុរសវ័យក្មេងទាំង៣នាក់នេះពីសេចក្ដីស្លាប់។ បាដិហារិយ៍នេះបង្ហាញឲ្យព្រះរាជាជ្រាបថាព្រះដែលបុរសវ័យក្មេងទាំងបីនាក់នោះគោរពបូជាមានចំណុចពិសេសខ្លាំងណាស់។

ប៉ុន្តែចុះបើកាលណោះព្រះមិនបានសង្គ្រោះគេទាំងបីវិញ? បុរសវ័យក្មេងទាំងបីសុទ្ធតែដឹងថាគេនឹងត្រូវដុតសម្លាប់ទាំងរស់មិនខាន (ដានីយ៉ែល ៣:១៨)។ ពួកគេមិនបានដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះគេទេនៅពេលដែលបាវបម្រើរបស់ស្ដេចបោះពួកគេចូលទៅក្នុងឡភ្លើងដែលឆេះសន្ធោសន្ធៅនោះ។ តែបុរសវ័យក្មេងទាំងបីនាក់សម្រេចចិត្តធ្វើកិច្ចការដែលត្រឹមត្រូវប៉ុណ្ណោះ ទោះបើគេត្រូវស្លាប់ក៏ដោយ។ សាច់រឿងរបស់ពួកគាត់បង្ហាញយើងឲ្យឃើញថាជំនឿរបស់ពួកគាត់រឹងមាំប៉ុនណា។ បុរសវ័យក្មេងទាំងនេះសុខចិត្តស្លាប់ដើម្បីជំនឿរបស់ខ្លួន។

តើធ្វើដូចម្ដេចទើបយើងអាចប្រាកដបានថាយើងនឹងនៅតែស្មោះស្ម័គ្រជាមួយនឹងព្រះជានិច្ចនៅគ្រាចុងក្រោយដូចដែលលោកដានីយ៉ែលនិងមិត្តទាំងបីរបស់គាត់បានស្មោះនឹងព្រះនៅជំនាន់របស់ពួកគាត់?

ថ្ងៃពុធ ទី១១ មេសា ឆ្នាំ២០១៨

នៅពេលដែលមនុស្សមិនជឿបែរមករកព្រះ

គម្ពីរដានីយ៉ែលជំពូកបីបញ្ចប់ដោយស្ដេចនេប៊ូក្នេសារទទួលជឿថាព្រះគឺជាព្រះពិតតែមួយអង្គគត់ហើយអំណាចព្រះចេស្ដារបស់ទ្រង់ក៏ពិត។ ប៉ុន្តែតើការស្គាល់ព្រះនិងអំណាចព្រះចេស្ដារបស់ព្រះស្មើនឹងការកើតជាថ្មីដែរទេ? ទេ។ ព្រះយេស៊ូវមានព្រះបន្ទូលថា យើងត្រូវកើតជាថ្មីទើបបានសង្គ្រោះ (យ៉ូហាន ៣:៧)។ ដូចដែលយើងបានឃើញនៅក្នុងគម្ពីរដានីយ៉ែល ៤:៣០ ស្ដេចនេប៊ូក្នេសារពុំបានកែប្រែអ្វីឡើយ។

សូមអានគម្ពីរដានីយ៉ែល ៤:៣០។ តើព្រះរាជាមានបញ្ហាអ្វី? សូមអានគម្ពីរយ៉ូហាន ១៤:៥ កិច្ចការ ១៧:២៨ និងដានីយ៉ែល ៥:២៣ផងដើម្បីបានគន្លឹះខ្លះ។

នៅចុងជំពូក៤នៃគម្ពីរដានីយ៉ែល ស្ដេចនេប៊ូក្នេសារបានដឹងតាមវិធីដ៏ជូរចត់បំផុតថាគ្រប់ទាំងអំណាចពិតទាំងអស់គឺសុទ្ធតែបានមកពីព្រះជាម្ចាស់។ ព្រះរាជាអង្គនេះបានដឹងថាបើគ្មានព្រះទេ នោះទ្រង់គ្មានតម្លៃអ្វីទាល់តែសោះ។

«ពីដើមឡើយព្រះរាជាអង្គនេះសាហាវឃោរឃៅនិងអយុត្តិធម៌ណាស់ ប៉ុន្តែពេលនេះព្រះអង្គក្លាយមកជាស្ដេចដែលវៃឆ្លាតនិងមានព្រះទ័យទន់សន្ដោស។ ស្ដេចនេប៊ូក្នេសារបានបដិសេធមិនព្រមស្ដាប់បង្គាប់តាមព្រះហើយថែមទាំងបានល្បងលអំណាចព្រះចេស្ដារបស់ព្រះទៀតផង។ ស្ដេចអង្គនេះបានប្រមាថដល់ព្រះដ៏គង់នៅនគរស្ថានសួគ៌។ ប៉ុន្តែពេលនេះព្រះអង្គបែរជាមកសរសើរតម្កើងអំណាចព្រះចេស្ដារបស់ព្រះដ៏មានសព្វព្រះចេស្ដាទៅវិញ។ ព្រះរាជាចង់ឃើញការថ្វាយបង្គំព្រះដោយពិត ហើយគោរពបញ្ញត្តិរបស់ព្រះ កាន់តែលូតលាស់ឡើងដោយអស់ពីព្រះហឫទ័យ។ ព្រះរាជាចង់ឲ្យរាស្ត្ររបស់ព្រះអង្គមានសេចក្ដីសុខ។ ការផ្លាស់ប្ដូរដ៏ធំធេងនេះកើតឡើងដោយព្រោះស្ដេចលើអស់ទាំងស្ដេចបានប្រដៅដល់ស្ដេចដ៏មានព្រះចេស្ដានៅលើផែនដីនេះ។ ទីបំផុតស្ដេចនេប៊ូក្នេសារបានរៀនមេរៀនដែលអ្នកដឹកនាំគ្រប់រូបត្រូវតែរៀន៖ អំណាចចេស្ដានិងសិរីល្អពិតបានមកពីការធ្វើល្អ។ ស្ដេចនេប៊ូក្នេសារបានលើកតម្កើងព្រះទុកជាព្រះដ៏មានព្រះជន្មរស់តែមួយអង្គ។ ព្រះរាជាអង្គនេះមានបន្ទូលថា ‘«ឥឡូវ​នេះ នេប៊ូក្នេសារ យើង​ក៏​សរសើរ ហើយ​លើក​ដំកើង ព្រម​ទាំង​ពណ៌នា​គុណ​ដល់​មហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់​ទាំង​ការ​នៃ​ទ្រង់​សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ក៏​យុត្តិធម៌​ដែរ ទ្រង់​អាច​នឹង​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​ចិត្ត​ធំ​ទៅ»’ [ដានីយ៉ែល ៤:៣៧]។ ដកស្រង់ពីសៀវភៅ Prophets and Kings, page 512 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

សូមអានគម្ពីរដានីយ៉ែល ៤:៣៥។ តើព្រះរាជានេប៊ូក្នេសារមានបន្ទូលអំពីសេចក្ដីពិតអ្វីខ្លះរបស់ព្រះនៅក្នុងខទាំងនេះ?

គម្ពីរដានីយ៉ែលជំពូក៤បញ្ចប់ដោយសាសន៍ដទៃក្រៅពីយូដាបានទទួលស្គាល់អំណាចរបស់ព្រះនៃសាសន៍ «ហេព្រើរ» ឲ្យមកឃុំគ្រងព្រះទ័យរបស់ព្រះអង្គនិងនៅទូទាំងអាណាចក្ររបស់ទ្រង់។ សាច់រឿងរបស់ស្ដេចនេប៊ូក្នេសារគឺជាសេចក្ដីសន្យាអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគតនៅក្នុងពួកជំនុំសញ្ញាថ្មី។ នៅគ្រានោះសាសន៍ដទៃនិងសាសន៍យូដានឹងរៀនអំពីព្រះយេស៊ូវ។ រួចគេនឹងចែកចាយសេចក្ដីពិតនោះដល់មនុស្សគ្រប់ទិសទី។

សូមអានគម្ពីរយ៉ូហាន ៣:៧។ តើព្រះយេស៊ូវមានបន្ទូលថារបស់ម្យ៉ាងអ្វីដែលនឹងជួយឲ្យរាស្ត្ររបស់ទ្រង់ត្រៀមខ្លួនរួចរាល់សម្រាប់គ្រាចុងក្រោយ?

ថ្ងៃព្រហស្បតិ៍ ទី១២ មេសា ឆ្នាំ២០១៨

ភាពស្មោះត្រង់របស់ដានីយ៉ែលចំពោះព្រះជាម្ចាស់

សូមអានគម្ពីរដានីយ៉ែលជំពូក៦ រួចឆ្លើយនឹងសំណួរខាងក្រោម៖

តើគម្ពីរដានីយ៉ែល ៦:៤, ៥ ប្រាប់យើងពីលោកដានីយ៉ែលយ៉ាងដូចម្ដេចខ្លះ? តើខទាំងនេះបង្រៀនយើងឲ្យសម្ដែងអាការៈបែបណានោះក្នុងចំណោមមនុស្ស? តើព្រះចង់ឲ្យមនុស្សដទៃទៀតគិតយ៉ាងដូចម្ដេចអំពីយើង?

សូមអានគម្ពីរដានីយ៉ែល ៦:៤, ៥ ម្ដងទៀត។ តើមានទំនាក់ទំនងអ្វីអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងខទាំងនេះទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងគម្ពីរវិវរណៈ ១៣:៤, ៨, ១១-១៧ នៅក្នុងគ្រាចុងក្រោយ?

សូមស្រមៃជាទិដ្ឋភាពនៅក្នុងគំនិតរបស់អ្នកអំពីសាច់រឿងដែលកើតឡើងនៅក្នុងគម្ពីរថានីយ៉ែល ៦:៤, ៥។ ចាត់ទុកថាអ្នកគឺជាលោកដានីយ៉ែល។ បើអ្នកជាដានីយ៉ែលវិញ តើអ្នកនឹងរកហេតុផលណាខ្លះដើម្បីមិនអធិដ្ឋាន? ព្រោះបើអធិដ្ឋានច្បាស់ជាត្រូវគេចាប់យកទៅទម្លាក់ក្នុងរូងសិង្ហជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាដានីយ៉ែលមិនគួរអធិដ្ឋាន?

តើអ្នកគិតថាហេតុអ្វីបានជាដានីយ៉ែលនៅតែបន្តអធិដ្ឋានដូចសព្វមួយដង ទោះបើគាត់មិនចាំបាច់ត្រូវធ្វើដូច្នោះក៏ដោយ?

តើស្ដេចដារីយូសមានបន្ទូលទៅកាន់ដានីយ៉ែលនៅក្នុងគម្ពីរដានីយ៉ែល ៦:១៦យ៉ាងដូចម្ដេចមុនដែលគេបោះដានីយ៉ែលចូលទៅក្នុងរូងសិង្ហ? តើបន្ទូលរបស់ស្ដេចបង្ហាញយើងថាព្រះរាជាទ្រង់ជ្រាបថាព្រះរបស់លោកដានីយ៉ែលមានអំណាចព្រះចេស្ដាដែរឬទេ? ហើយតើបន្ទូលរបស់ព្រះរាជាបង្ហាញយើងឲ្យឃើញថាលោកដានីយ៉ែលបានធ្វើជាបន្ទាល់ឲ្យព្រះរាជាបានដឹងអំពីព្រះដែលគាត់បម្រើនិងថ្វាយបង្គំដែរទេ?

ថ្ងៃសុក្រ ទី១៣ មេសា ឆ្នាំ២០១៨

សិក្សាបន្ថែម

«យើងកំពុងខិតជិតមកដល់ទីបញ្ចប់នៃប្រវត្តិសាស្ត្រផែនដីហើយ។ ពេលនេះយើងត្រូវតែផ្ដោតអារម្មណ៍ខ្ពស់ទៅលើគម្ពីរដានីយ៉ែលជាងពេលណាៗទាំងអស់។ គម្ពីរនេះបរិយាយអំពីសម័យដែលយើងកំពុងរស់នៅសព្វថ្ងៃ។ យើងគួរអានគម្ពីរវិវរណៈអមជាមួយនឹងគម្ពីរដានីយ៉ែល។ ការបង្រៀននៅក្នុងគម្ពីរវិវរណៈផ្សារភ្ជាប់យ៉ាងពិសេសទៅនឹងសារដែលមាននៅក្នុងគម្ពីរដានីយ៉ែល។ សាតាំងបាននាំមនុស្សជាច្រើនឲ្យជឿថាពួកគេមិនអាចយល់ពីដំណឹងអំអីអនាគតកាលដែលមាននៅក្នុងគម្ពីរដានីយ៉ែលនិងវិវរណៈបានទេ។ តែនេះមិនមែនជាការពិតឡើយ។ ព្រះជាម្ចាស់បានសន្យានឹងយើងយ៉ាងជាក់ច្បាស់ថាព្រះអង្គនឹងប្រទានពរយ៉ាងពិសេសដល់អស់អ្នកណាដែលសិក្សាពីដំណឹងនៃអនាគតកាលនៅក្នុងគម្ពីរទាំង២នេះ។ ​«ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់» [ដានីយ៉ែល ១២:១០]។ ព្រះយេស៊ូវក៏បានសន្យាថា នឹងជួយឲ្យរាស្ត្ររបស់ទ្រង់យល់ពីដំណឹងនៅក្នុងគម្ពីរវិវរណៈដែរ។ ព្រះយេស៊ូវប្រទានដំណឹងនេះទៅកាន់សាវករបស់ទ្រង់យ៉ូហានដើម្បីឲ្យជួយដឹកនាំរាស្ត្ររបស់ទ្រង់ជាច្រើនឆ្នាំក្រោយមកទៀតបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅឋានសួគ៌វិញ។ ព្រះយេស៊ូវបានសន្យាយ៉ាងដូច្នេះថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​នេះ​ដែរ» [វិវរណៈ ១:៣]។ ដកស្រង់ពីសៀវភៅ Prophet and Kings, page 548 របស់អ្នកស្រី អែល្លិនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. សូមអានសេចក្ដីអធិដ្ឋានរបស់លោកដានីយ៉ែលនៅក្នុងគម្ពីរដានីយ៉ែល ៩:៣-១៩។ តើសេចក្ដីអធិដ្ឋាននោះបង្ហាញយើងថាលោកដានីយ៉ែលយល់ពីអត្ថន័យរបស់ពាក្យព្រះគុណជាយ៉ាងណា? ព្រះគុណគឺជាសេចក្ដីមេត្តាករុណារបស់ព្រះ ការអភ័យទោស និងអំណាចយកឈ្នះលើបាប។ តើសេចក្ដីអធិដ្ឋានរបស់ ដានីយ៉ែលក៏បង្ហាញយើងថាព្រះស្រឡាញ់យើងហើយព្រះអង្គសង្គ្រោះយើងដោយព្រះគុណរបស់ទ្រង់មិនមែនដោយព្រោះយើងបានធ្វើអ្វីឲ្យល្អស័ក្ដិសមនឹងឲ្យទ្រង់សង្គ្រោះយើងទេ? ពិតមែនហើយ យើងត្រូវតែយល់ពីសេចក្ដីពិត១នេះ។ ប៉ុន្តែហេតុអ្វីបានយើងត្រូវឆ្លងកាត់រឿងនេះដែរ?

  2. សូមពិភាក្សាអំពីភាពខុសគ្នារវាងឧបសគ្គដែលមិត្តរបស់ដានីយ៉ែលទាំងបីជួបនៅក្នុងគម្ពីរដានីយ៉ែលជំពូក៣ និងឧបសគ្គដែលដានីយ៉ែលជួបនៅក្នុងគម្ពីរដានីយ៉ែលជំពូក៦។ តើបុរសទាំងនេះហ៊ានប្រឆាំងដើម្បីជំនឿសាសនារបស់គេដោយរបៀបណា? តើសាច់រឿងនៅក្នុងជំពូកទាំងពីរនេះដូចគ្នាត្រង់ណាខ្លះ? តើមានចំណុចអ្វីដែលខុសគ្នា? តើយើងអាចរៀនសូត្រអ្វីខ្លះពីរឿងទាំងពីរអំពីការស្មោះត្រង់ជាមួយនឹងព្រះនឹងអាចជួយយើងឲ្យក្លាយជាស្មរបន្ទាល់ដ៏មានអានុភាព?

  3. តើពាក្យថា «កើតជាថ្មី» មានអត្ថន័យយ៉ាងដូចម្ដេច? ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថាយើង «ត្រូវកើតជាថ្មី» (យ៉ូហាន ៣:៧)?
Powered by CAM