ថ្ងៃសៅរ៍ ទី១១ កក្កដា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ កិច្ចការ ២:១-៤ យ៉ូហាន ១៤:១៦ កិច្ចការ ២:៥-១៣ យ៉ូអែល ២:២៨-៣២ កិច្ចការ ២:២២-៣៩ ទំនុកតម្កើង ១១០:១-៣។
ខចងចាំ៖ «ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្តីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្តីនេះមកដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់» (កិច្ចការ២:៣២, ៣៣)។
តើព្រះគម្ពីរមានន័យយ៉ាងដូចម្ដេចដោយការប្រើពាក្យថា «បុណ្យថ្ងៃទី៥០»? ពាក្យនេះបានមកពីពាក្យក្រិកថា «ផេនថេខុស្តេ» (pentecoste)។ គឺជាឈ្មោះពិធីបុណ្យសាសនាមួយរបស់សាសន៍យូដាដែលគេឲ្យឈ្មោះថាបុណ្យអាទិត្យ (និក្ខមនំ ៣៤:២២) ឬជាបុណ្យផលដំបូង (ជនគណនា ២៨:២៦)។ ផលដំបូងគឺជាផលផ្លែដែលទទួលបានពីការប្រមូលផលដំបូង។ បណ្ដាជនថ្វាយផលដំបូងទៅឯព្រះ៥០ថ្ងៃបន្ទាប់ពីបុណ្យរំលង។ បុណ្យរំលងគឺជាពិធីបុណ្យដ៏ពិសេសមួយរបស់សាសន៍យូដា។ ពិធីបុណ្យរំលងប្រារព្ធឡើងដើម្បីអបអរសាទរពីពេលវេលាដែលព្រះបានរំដោះរាស្ត្រអ៊ីស្រាអែលពីទាសភាពនៅឯប្រទេសអេស៊ីព្ទ។ ដូច្នេះបុណ្យផលដំបូងគឺជាថ្ងៃអំណរនិងការដឹងគុណ។ នៅថ្ងៃនោះរាស្ត្រអ៊ីស្រាអែលនាំយក «ផលដំបូងពីចំរូត» ទៅថ្វាយព្រះ (និក្ខមនំ ៣៤:២២)។
បុណ្យផលដំបូងបានក្លាយមកពីជារូបស័ព្ទសម្រាប់ការ «ប្រមូលផល» ដំបូងខាងឯព្រះវិញ្ញាណនៃពួកជំនុំគ្រីស្ទាន។ នៅជំនាន់នោះ ព្រះជាម្ចាស់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើរាស្ត្ររបស់ព្រះអង្គជាបរិបូរជាងជំនាន់មុនៗ។ រួចក៏មានមនុស្ស៣០០០នាក់បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃមួយ (កិច្ចការ ២:៤១)។ មានអ្នកប្រាជ្ញខាងព្រះគម្ពីរជាច្រើននិយាយថាបុណ្យថ្ងៃទី៥០គឺជាថ្ងៃកកើតពួកជំនុំ។ បុណ្យថ្ងៃទី៥០នោះហើយគឺជាពេលមួយនៅក្នុងព្រះគម្ពីរដែលអ្នកជឿតាមព្រះយេស៊ូវ ទាំងសាសន៍យូដានិងក្រោយៗមកទាំងអ្នកមិនមែនជាសាសន៍យូដាបានក្លាយមកជាសហគមន៍នៃពួកជំនុំរបស់ព្រះនៅលើផែនដីនេះ។
ថ្ងៃអាទិត្យ ទី៨ កក្កដា ឆ្នាំ២០១៨
ព្រះវិញ្ញាណបរិសុទ្ធបង្អុរមក
ព្រះយេស៊ូវបង្គាប់ឲ្យសាវករបស់ព្រះអង្គរង់ចាំនៅក្រុងយេរូសាឡិមរហូតដល់ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធមកឲ្យគេ។ ដូច្នេះសាវករបស់ព្រះយេស៊ូវក៏ប្រព្រឹត្តតាម។ ពួកគេរង់ចាំហើយអធិដ្ឋាន។ ពួកគេទូលសូមអំណាចពីព្រះដើម្បីយកឈ្នះលើបាបគេ។ ពួកគេសរសើរតម្កើងព្រះ។ រួចថ្ងៃវិសេសដែលព្រះយេស៊ូវបានសន្យាក៏មកដល់។ សិស្សរបស់ព្រះយេស៊ូវ «ប្រជុំទាំងអស់គ្នា នៅកន្លែងតែ១» (កិច្ចការ ២:១)។ កន្លែងនេះទំនងជាបន្ទប់ធំ១ដូចនៅក្នុងកិច្ចការជំពូក១ដែរ។ ក្រោយនោះមិនយូរប៉ុន្មានអ្នកទាំងនេះនឹងប្ដូរទីតាំងទៅកាន់កន្លែង១ផ្សេងទៀតដែលមានលក្ខណៈសាធារណៈជាងនេះ (កិច្ចការ ២:៦-១៣)។
សូមអានគម្ពីរកិច្ចការ ២:១-៣។ តើមានបាដិហារិយ៍ឬការបង្ហាញនូវព្រះចេស្ដាពិសេសអ្វីបានកើតឡើងនៅស្របពេលដែលព្រះជាម្ចាស់បានបង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើរាស្ត្រព្រះអង្គ?
ដំបូងមានសំឡេងពីលើមេឃ។ គឺមានសន្ធឹកប្រៀបបានទៅនឹងខ្យល់ព្យុះ។ សន្ធឹករបស់ខ្យល់ឮគ្រប់ទិសទី។ រួចអណ្ដាតភ្លើងតូចៗក៏ «មកសណ្ឋិតលើគេគ្រប់គ្នា»។ មែនហើយព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើការជាមួយរាស្ត្ររបស់ព្រះនៅក្នុងសញ្ញាចាស់។ ប៉ុន្តែនៅពេលនេះរាស្ត្ររបស់ព្រះមើលឃើញអំណាចចេស្ដារបស់ព្រះវិញ្ញាណដោយភ្នែកផ្ទាល់របស់គេ។ «នៅសម័យលោកអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ព្រះជាម្ចាស់បង្ហាញពីអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធទៅឲ្យមនុស្សឃើញតាមវិធីយ៉ាងអស្ចារ្យ។ ប៉ុន្តែមនុស្សមិនដែលបានឃើញអំណាចទាំងស្រុងរបស់ព្រះវិញ្ញាណទេ។ នៅពេលនេះពួកសាវករបស់ព្រះយេស៊ូវនាំគ្នាអធិដ្ឋានសុំព្រះវិញ្ញាណបរិសុទ្ធតាមដែលព្រះយេស៊ូវបានសន្យាថានឹងប្រទានឲ្យគេ។ នៅឯស្ថានសួគ៌ឯណោះព្រះយេស៊ូវក៏បន្ថែមសេចក្ដីអធិដ្ឋានពីលើសេចក្ដីអធិដ្ឋានរបស់ពួកសាវកទ្រង់ទៀត។ ព្រះយេស៊ូវទូលសូមអំណោយជាព្រះវិញ្ញាណពីព្រះវរបិតាទ្រង់។ ព្រះយេស៊ូវចង់បង្អុរអំណោយទាននេះទៅលើរាស្ត្ររបស់ព្រះអង្គ»។ ដកស្រង់ពីសៀវភៅ The Act of the Apostles, page 37 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
មុនដែលបាដិហារិយ៍នេះកើតឡើង លោកយ៉ូហានបាទីស្ទបានប្រាប់ទៅបណ្ដាជនថារាស្ត្ររបស់ព្រះនឹងត្រូវជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ (លូកា ៣:១៦ ហើយអានកិច្ចការ ១១:១៦)។ ការជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធនឹងកើតឡើងបន្ទាប់ពីការយាងមករបស់ព្រះមែស្ស៊ី។ ព្រះយេស៊ូវក៏បានមានបន្ទូលថាព្រះអង្គនឹងប្រទានព្រះវិញ្ញាណទៅអ្នកដើរតាមទ្រង់ដែរ (លូកា ២៤:៤៩ កិច្ចការ ១:៨)។ ព្រះយេស៊ូវបានទូលសុំឲ្យព្រះបង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកដើរតាមព្រះអង្គនៅថ្ងៃបុណ្យទី៥០។ បុណ្យថ្ងៃទី៥០គឺជាពេលវេលាដែលព្រះបង្អុរព្រះវិញ្ញាណរបស់ទ្រង់មកលើពួកជំនុំ។ បុណ្យថ្ងៃទី៥០គឺជាពេលដំបូងបង្អស់ដែលព្រះយេស៊ូវធ្វើការនៅលើស្ដានសួគ៌សម្រាប់រាស្ត្ររបស់ទ្រង់ (យ៉ូហាន ១៤:១៦, ២៦ យ៉ូហាន ១៥:២៦)។ នៅថ្ងៃបុណ្យទី៥០ ក្ដីសន្យារបស់ព្រះចំពោះរាស្ត្រទ្រង់ក្លាយមកជាការពិត។ ព្រះជាម្ចាស់បញ្ជូនព្រះវិញ្ញាណមកឲ្យគេ។ បុណ្យថ្ងៃទី៥០កើតឡើងតែម្ដង។ ប៉ុន្តែយើងត្រូវតែទូលសុំឲ្យព្រះចាក់បំពេញព្រះវិញ្ញាណរបស់ទ្រង់មកយើងរៀងរាល់ថ្ងៃ។
តើធ្វើយ៉ាងណាទើបយើងអាចដឹងថាព្រះវិញ្ញាណនៃព្រះកំពុងធ្វើការនៅក្នុងជីវិតរបស់យើង?
ថ្ងៃច័ន្ទ ទី៩ កក្កដា ឆ្នាំ២០១៨
និយាយភាសាផ្សេងៗ
នៅក្នុងគម្ពីរកិច្ចការ ២:៤ ព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់អំណាចឲ្យអ្នកដើរតាមព្រះយេស៊ូវនិយាយភាសាផ្សេងៗដែលគេមិនធ្លាប់ចេះពីមុនមក។ អំណោយទាននេះគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានជាច្រើនទៀតដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ១០:៤៥,៤៦ កិច្ចការ ១៩:៦)។ ឧទាហរណ៍ផ្សេងទៀតដែលបង្ហាញពីអំណោយដែលបានមកពីព្រះវិញ្ញាណមានដូចជា៖ (១) ការដឹងពីអនាគត[កិច្ចការ ១១:២៨] (២) យល់សប្ដិពិសេសៗមកពីព្រះ [កិច្ចការ ៧:៥៥] (៣) នាំសារមកពីព្រះ [កិច្ចការ ២:៨ កិច្ចការ ២៨:២៥] (៤) ព្យាបាល [កិច្ចការ ៣:៦និងខ១២ កិច្ចការ ៥:១២,១៦] (៥) មានគតិបណ្ឌិតនិងជំនាញដើម្បីបំពេញការងារពិសេសសម្រាប់ព្រះ [កិច្ចការ ៦:៣, ៥]។
ហេតុអ្វីព្រះវិញ្ញាណបរិសុទ្ធប្រទានអំណោយទានឲ្យអ្នកដើរតាមព្រះយេស៊ូវចេះនិយាយភាសាផ្សេងៗ? កុំភ្លេចថានៅក្នុងគម្ពីរកិច្ចការ ១:៨ ព្រះយេស៊ូវប្រគល់ភារកិច្ចពិសេសឲ្យអ្នកដើរតាមព្រះអង្គធ្វើនៅលើផែនដីនេះ។ ដូច្នេះសាវករបស់ព្រះយេស៊ូវត្រូវតែចេះភាសាមនុស្សដែលត្រូវដឹងពីដំណឹងល្អ។
យើងបានរៀនរួចមកហើយថាបុណ្យថ្ងៃទី៥០គឺជាពេលវេលាពិសេសដែលព្រះបង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំរបស់ទ្រង់។ ឥឡូវអានគម្ពីរកិច្ចការ ២:៥-១២។ តើខទាំងនេះបញ្ជាក់ថាប្រធានដឹកនាំព្រះវិហារនិយាយភាសាផ្សេងនៅក្នុងថ្ងៃបុណ្យទី៥០ដែរទេ?
តើមានសាសន៍យូដាប៉ុន្មាននាក់រស់នៅលើផែនដីនេះកាលពីសតវត្សទី១ (ឆ្នាំ១-១០០)? អ្នកប្រាជ្ញខាងព្រះគម្ពីរខ្លះលើកឡើងថាមានសាសន៍យូដាតិចជាង២លាននាក់។ ឯអ្នកប្រាជ្ញខ្លះទៀតថាមានប្រមាណជា៨លាននាក់។ ឯអ្នកប្រាជ្ញខ្លះទៀតលើកឡើងថា៦០%នៃសាសន៍យូដានេះមិនបានរស់នៅក្នុងស្រុកយូដាទេ។ សាសន៍យូដាពីតំបន់ឬប្រទេសផ្សេងៗធ្វើដំណើរមកកាន់ទីក្រុងយេរូសាឡិមសម្រាប់បុណ្យថ្ងៃទី៥០។ ប៉ុន្តែសាសន៍យូដាទាំងនេះមិនប្រើភាសាអារ៉ាមេកទេ។ សាសន៍យូដាដែលរស់នៅក្នុងស្រុកយូដាប្រើភាសាអារ៉ាមេកនៅសម័យនោះ។
ប្រធានព្រះវិហារមិននិយាយភាសាដែលគេមិនចេះឬប្លែកដែលគ្មានអ្នកយល់បាននោះទេ។ ពួកគេនិយាយភាសាថ្មី។ តើយើងដឹងយ៉ាងដូច្នេះដោយវិធីណា? យើងដឹងព្រោះមានចែងនៅក្នុងគម្ពីរកិច្ចការ ២:៦,៨។ (កិច្ចការ ២១:៤០ កិច្ចការ ២២:២ កិច្ចការ ២៦:១៤)។ ច្បាស់ណាស់ សាវករបស់ព្រះយេស៊ូវនិយាយភាសាដទៃនាសម័យនោះ។ ពិតជាការអស្ចារ្យមែនហើយដែលបុរសមកពីស្រុកកាលីឡេទាំងនេះអាចនិយាយភាសាដទៃបានភ្លាមៗបែបនេះ! សាសន៍យូដាខ្លះពេលឮសាវករបស់ព្រះយេស៊ូវនិយាយភាសាដទៃបែបនេះគិតថាសាវករបស់ព្រះយេស៊ូវស្រវឹងស្រា (កិច្ចការ ២:១៣)។
មនុស្សជាច្រើនយល់ថាដែលសាវកព្រះយេស៊ូវចេះនិយាយភាសាប្លែកៗនោះគឺមកពីគេស្រវឹងស្រាទេពុំមែនដោយសារព្រះបណ្ដាលឲ្យគេចេះនិយាយបែបនោះឡើយ។ តើយើងត្រូវប្រយ័ត្នមិនឲ្យធ្លាក់ទៅក្នុងការគិតដូចជាពួកគេដោយរបៀបណា?
ថ្ងៃអង្គារ ទី១០ កក្កដា ឆ្នាំ២០១៨
ការបង្រៀនរបស់លោកពេត្រុស
ដូចដែលយើងបានរៀនពីម្សិលមិញមកហើយ មានសាសន៍យូដាខ្លះគិតថាលោកពេត្រុសស្រវឹងស្រា (កិច្ចការ ២)។ ការយល់ច្រឡំរបស់ពួកគេហុចឱកាសឲ្យលោកពេត្រុសអាចពន្យល់ពីសេចក្ដីពិតដល់ពួកយូដាពីការដែលកំពុងកើតឡើងពិតប្រាកដ។ ដំបូងលោកពេត្រុសតម្រង់ទៅឯព្រះគម្ពីរ (កិច្ចការ ២:១៦-២១)។ លោកពេត្រុសប្រើព្រះគម្ពីរបង្ហាញដល់សាសន៍យូដាថាព្រះកំពុងចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធលើរាស្ត្ររបស់ទ្រង់តាមដែលទ្រង់បានសន្យា។
អានគម្ពីរកិច្ចការ ២:១៧ និងយ៉ូអែល ២:២៨។ តើខទាំង២នេះដូចគ្នាយ៉ាងណាខ្លះ? តើលោកពេត្រុសជឿថាសារពិសេសរបស់ហោរាយ៉ូអែលសម្រេចនៅពេលណា?
សារពិសេសរបស់ហោរាយ៉ូអែលគឺជាសេចក្ដីសន្យា១ពីអនាគត។ សារនេះនិយាយអំពីពេលវេលាណាមួយនាពេលអនាគតដែលព្រះនឹងសង្គ្រោះរាស្ត្ររបស់ទ្រង់ (យ៉ូអែល ២:៣២)។ នឹងមានរឿងជាច្រើនកើតឡើងតាមធម្មជាតិនៅពេលនោះដើម្បីបង្ហាញឲ្យដឹងថាព្រះជាម្ចាស់ទ្រង់ត្រៀមនឹងសង្គ្រោះរាស្ត្ររបស់ទ្រង់ហើយ។ ហើយព្រះក៏នឹងបង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់លើរាស្ត្រទ្រង់ដែរនៅពេលនោះ (យ៉ូអែល ២:២៨-៣១)។ លោកពេត្រុសចង់ជួយឲ្យសាសន៍យូដាយល់ពីរឿងហេតុដែលកំពុងកើតឡើងនៅទីក្រុងយេរូសាឡិម។ ដូច្នេះលោកពេត្រុសរំឭកដល់សាសន៍យូដាពីបទទំនាយរបស់លោកយ៉ូអែល។ លោកពេត្រុសសង្ឃឹមថាទំនាយរបស់ហោរាយ៉ូអែលនឹងជួយឲ្យពួកសាសន៍យូដាមើលឃើញថាបុណ្យថ្ងៃទី៥០មានសារៈសំខាន់ខ្លាំង។ ពេលលោកពេត្រុសសូត្រខពីគម្ពីរយ៉ូអែល គាត់ប្ដូរពាក្យយ៉ាងសំខាន់មួយ។ ចូរយើងផ្ទៀងមើលប្រសាសន៍របស់ហោរាយ៉ូអែលរួចមើលប្រសាសន៍របស់លោកពេត្រុសទៅមើល។ លោកយ៉ូអែលផ្ដើមសេចក្ដីគាត់ដោយពាក្យថា «ក្រោយគ្រានោះ» (យ៉ូអែល ២:២៨)។ ពាក្យថា «ក្រោយគ្រានោះ» បានសេចក្ដីថានឹងមានរឿងអ្វីកើតឡើងនាពេលអនាគត។ ប៉ុន្តែលោកពេត្រុសប្ដូរពីពាក្យថា «ក្រោយគ្រានោះ» មកជាពាក្យថា «ដល់ថ្ងៃជាន់ក្រោយបង្អស់» (កិច្ចការ ២:១៧)។ ការប្ដូរពាក្យ នេះបង្ហាញយើងថាផ្នែកចុងក្រោយនៃផែនការដ៏ធំធេងរបស់ព្រះសម្រាប់សង្គ្រោះយើងរាល់គ្នាទើបតែចាប់ផ្ដើមនៅឡើយទេ។ ពួកជំនុំដំបូងមិនបានដឹងថាគ្រាចុងក្រោយនោះនឹងកើតឡើងនៅពេលណាទេ។ ប៉ុន្តែពួកគេជឿថាគ្រានោះនឹងមកដល់ឆាប់ៗ។
ការស្លាប់កើតឡើងជុំវិញយើងគ្រប់ពេល។ បើដូច្នេះហេតុដូចម្ដេចបានជាការដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញគឺជាសេចក្ដីពិតដ៏សំខាន់ម៉្លេះ?
ថ្ងៃពុធ ទី១១ កក្កដា ឆ្នាំ២០១៨
ព្រះយេស៊ូវមានតំណែងកិត្តិយសនៅខាងស្ដាំព្រះវរបិតា
នៅផ្នែកទីបីនៃការបង្រៀនរបស់គាត់ លោកពេត្រុសនិយាយសាជាថ្មីអំពីអំណោយទានមកពីព្រះវិញ្ញាណបរិសុទ្ធដែលបណ្ដាលឲ្យរាស្ត្ររបស់ព្រះចេះនិយាយភាសាដទៃ។ ដោយព្រោះតែអំណោយទាននេះហើយបានជាពួកយូដាចូលមកស្ដាប់លោកពេត្រុស។ លោកពេត្រុសប្រាប់ពួកគេថារូបលោកនិងសាវកដទៃទៀតដែលនិយាយភាសាដទៃពុំមែនស្រវឹងស្រានោះទេ។ ព្រោះបើស្រវឹងស្រាទាំងព្រឹកម៉ោង៩មែនពិតជាចម្លែកណាស់! (កិច្ចការ ២:១៥)។ រួចលោកពេត្រុសក៏ពន្យល់ថាមូលហេតុដែលពួកសាវកនិយាយភាសាដទៃបានគឺដោយព្រោះព្រះបង្អុរព្រះវិញ្ញាណបរិសុទ្ធពីស្ថានសួគ៌មកលើគេ។
សូមអានគម្ពីរកិច្ចការ ២:៣៣-៣៦។ នៅក្នុងខទាំងនេះតើមានទំនាក់ទំនងគ្នាអ្វីរវាង (១) ព្រះប្រទានកិត្តិយសឲ្យព្រះយេស៊ូវនៅខាងស្ដាំទ្រង់និង (២) ព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដើរតាមព្រះយេស៊ូវ?
«ព្រះហស្តស្ដាំនៃព្រះ» (កិច្ចការ ២:៣៣) គឺជារូបស័ព្ទ។ ពាក្យនេះបង្ហាញថាព្រះវរបិតាប្រទានអំណាចចេស្ដាជាច្រើនដល់ព្រះយេស៊ូវ (ទំនុកតម្កើង ១១០:១-៣)។ លោកពេត្រុសពន្យល់ថាព្រះជាម្ចាស់ចាក់បង្អុរវិញ្ញាណទ្រង់មកលើសាវករបស់ព្រះយេស៊ូវពីព្រោះព្រះជាម្ចាស់បានប្រទានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដល់ព្រះអង្គនៅលើឋានសួគ៌។ ព្រះជាម្ចាស់មិនបានប្រទានអ្វីថ្មីដល់ព្រះយេស៊ូវនោះទេ។ ព្រះយេស៊ូវធ្លាប់កាន់តំណែងកិត្តិយសនេះតាំងពីមុនមកម្លេ៉ះ (យ៉ូហាន ១:-៣ យ៉ូហាន ១៧:៥)។ ប៉ុន្តែពេលនេះព្រះកិត្តិយសរបស់ព្រះយេស៊ូវបង្ហាញដល់គេគ្រប់គ្នាថាព្រះវរបិតាចាត់ទុកព្រះរាជបុត្រាទ្រង់ជាម្ចាស់និងអង្គសង្គ្រោះនៃមនុស្សគ្រប់គ្នាដែលបានជឿដល់ទ្រង់ (កិច្ចការ ២:៣៦)។
ព្រះកិត្តិយសរបស់ព្រះយេស៊ូវដែលនៅខាងស្ដាំព្រះហស្តនៃព្រះគឺផ្សាភ្ជាប់ទៅនឹងប្រធានបទដ៏សំខាន់មួយនៅក្នុងព្រះគម្ពីរ ពោលគឺ មហាវិវាទរវាងសេចក្ដីល្អនិងអាក្រក់។ មហាវិវាទនេះជួយឲ្យយើងយល់ថាព្រះវិញ្ញាណបរិសុទ្ធនឹងមិនមកសណ្ឋិតលើមនុស្សលោកពេញលេញទេដរាបទាល់តែព្រះយេស៊ូវបានឈរនៅខាងព្រះហស្តស្ដាំនៃព្រះ (យ៉ូហាន ៧:៣៩)។ ព្រះយេស៊ូវឈរនៅខាងព្រះហស្តស្ដាំនៃព្រះពីព្រោះទ្រង់បានឈ្នះអំពើបាបនៅត្រង់ឈើឆ្កាងហើយ (យ៉ូហាន ១៧:៤,៥)។ ខទាំងនេះបង្ហាញយើងថាព្រះយេស៊ូវត្រូវតែទៅទទួលតំណែងកិត្តិយសនៅព្រះហស្ដខាងស្ដាំនៃព្រះជាមុនសិនរួចទើបព្រះវិញ្ញាណបរិសុទ្ធអាចយាងមកលើផែនដីនេះ។ ហេតុអ្វី? ពីព្រោះកាលណាព្រះវិញ្ញាណបរិសុទ្ធយាងមកនោះបញ្ជាក់ថាព្រះវរបិតាបានទទួលយកការសុគតរបស់ព្រះអង្គជួសយើងហើយ។ ព្រះយេស៊ូវ ទ្រង់ឈ្នះ ហើយសាតាំងបរាជ័យ (យ៉ូហាន ១២:៣១)។ មុនព្រះយេស៊ូវសុគត អំពើបាបបាំងព្រះពីយើង។ ដូច្នេះយើងត្រូវការការសុគតរបស់ព្រះយេស៊ូវដើម្បីសង្គ្រោះយើង។ ការសុគតរបស់ព្រះយេស៊ូវក៏បង្ហាញថាសាតាំងបាននិយាយកុហកពីព្រះ។ ពេលព្រះយេស៊ូវគង់នៅផែនដីនៅឡើយ ព្រះអង្គអត់ទោសឲ្យបាបហើយសង្គ្រោះមនុស្សពីវិញ្ញាណអាក្រក់។ ឈើឆ្កាងផ្ដល់អំណាចឲ្យព្រះយេស៊ូវធ្វើការទាំងនោះ។ ដូច្នេះតើមានរឿងអ្វីកើតឡើងនៅពេលដែលព្រះវរបិតាទទួលការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង? ព្រះវរបិតាកម្ទេចកិច្ចការរបស់សាតាំងនៅលើផែនដីនេះ។ ហើយនៅសម័យរបស់យើងព្រះនឹងចាក់បង្អុរវិញ្ញាណរបស់ទ្រង់មកលើរាស្ត្រទ្រង់ដើម្បីឲ្យគេត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ។
ថ្ងៃព្រហស្បតិ៍ ទី១២ កក្កដា ឆ្នាំ២០១៨
ផលផ្លែដំបូង
សាសន៍យូដាដែលមកក្រុងយេរូសាឡិមស្ដាប់លោកពេត្រុសបង្រៀនគ្រប់គ្នា។ ពាក្យពេចន៍របស់លោកពេត្រុសចាក់ទម្លុះបេះដូងរបស់គេ។ សាសន៍យូដាដែលកំពុងស្ដាប់លោកពេត្រុសនិយាយនោះខ្លះទំនងជាអ្នកដែលបានស្រែកឲ្យពួកទាហានរ៉ូមសម្លាប់ព្រះយេស៊ូវកាលពីប៉ុន្មានសប្ដាហ៍មុននោះផងក៏មិនដឹង (លូកា ២៣:១៣-២៥)។ ប៉ុន្តែនៅពេលនេះ ក្រុមមនុស្សដដែលនោះឯងបែរមកជឿថាយេស៊ូវមកពីណាសារ៉ែតគឺជាមួយអង្គដែលព្រះវរបិតាបានចាត់តាំងមកមែន។ ព្រះវរបិតារើសឲ្យព្រះយេស៊ូវសង្គ្រោះរាស្ត្ររបស់ព្រះអង្គពីបាប។ សាសន៍យូដាទាំងប៉ុន្មានដែលស្ដាប់លោកពេត្រុសមានអារម្មណ៍ក្ដុកក្ដួលនិងសោកស្ដាយជាខ្លាំង។ ពួកគេដង្ហោយសួរឡើងថា «តើយើងខ្ញុំត្រូវធ្វើដូចម្ដេច?» (កិច្ចការ ២:៣៧)។
សូមអានគម្ពីរកិច្ចការ ២:៣៨។ ដូចដែលខនេះបង្ហាញយើងស្រាប់ តើចំណុច២យ៉ាងដែលយើងត្រូវមានប្រយោជន៍នឹងបានសង្គ្រោះនោះមានអ្វីខ្លះ?
ការប្រែចិត្តគឺបានសេចក្ដីថាយើងសោកស្ដាយចំពោះបាបដែលយើងបានប្រព្រឹត្តទាស់នឹងព្រះឬមនុស្សដទៃទៀត។ ការប្រែចិត្តគឺបានសេចក្ដីថាយើងផ្លាស់ប្ដូរជីវិតរបស់យើងទាំងស្រុង។ ហើយការប្រែចិត្តក៏បានសេចក្ដីថាយើងបែរចេញពីអំពើបាបរបស់យើងហើយឈប់ប្រព្រឹត្តបាបនោះតទៅទៀត (កិច្ចការ ៣:១៩ កិច្ចការ ២៦:២០)។ ការសោកស្ដាយចំពោះបាបរបស់យើងគឺធំធេងជាងការគ្រាន់តែកើតទុក្ខដែលយើងបានប្រព្រឹត្តបាប។ ការប្រែចិត្តនិងជំនឿពិតគឺជាអំណោយទានមកពីព្រះ។ ប៉ុន្តែយើងអាចបដិសេធមិនព្រមយកអំណោយទាននៃការប្រែចិត្តឬអំណោយទានឯទៀតរបស់ព្រះបាន (កិច្ចការ ៥:៣១-៣៣ កិច្ចការ ២៦:១៩-២១ រ៉ូម ២:៤)។
ចាប់តាំងពីជំនាន់លោកយ៉ូហានបាទីស្ទមក ពួកអ្នកជឿតែងភ្ជាប់ការប្រែចិត្តទៅនឹងពិធីបុណ្យជ្រមុជទឹក (ម៉ាកុស ១:៤)។ ពិធីបុណ្យជ្រមុជទឹកក្លាយមកជានិមិត្តរូបនៃការសោកស្ដាយចំពោះការធ្វើបាប។ ពិធីបុណ្យនេះក្លាយមកជារូបស័ព្ទសម្រាប់សេចក្ដី២យ៉ាងរួមមាន៖ (១) ព្រះជាម្ចាស់លាងសម្អាតបាបពីជីវិតអ្នកជឿព្រះអង្គ និង (២) ព្រះវិញ្ញាណបរិសុទ្ធប្រទានចិត្តនិងគំនិតថ្មីដល់អស់អ្នកជឿឲ្យស្ដាប់បង្គាប់តាមព្រះ (កិច្ចការ ២:៣៨, ២២:១៦ និងទីតុស ៣:៥-៧)។
នៅក្នុងគម្ពីរកិច្ចការ ២:៣៨និង៣៩ ព្រះជាម្ចាស់ផ្ដល់នូវក្ដីសន្យាយ៉ាងពិសេសមួយដល់អស់អ្នកណាដែលបែរចេញពីអំពើបាបហើយទទួលពិធីបុណ្យជ្រមុជទឹក។ តើព្រះជាម្ចាស់សន្យានឹងឲ្យអ្វី?
ព្រះជាម្ចាស់ព្រមប្រទានឲ្យដល់សាសន៍យូដាដែលកំពុងស្ដាប់លោកពេត្រុសនូវព្រះវិញ្ញាណបរិសុទ្ធនិងអំណោយទានជាការអត់ទោសបាបផងដែរ។ ព្រះវិញ្ញាណនឹងជួយឲ្យរាស្ត្ររបស់ព្រះអង្គលូតលាស់ បម្រើដល់ពួកជំនុំ និងបំពេញព្រះរាជកិច្ចរបស់ព្រះ (ពេត្រុសទី១ ២:៩)។ ពិតជាអំណោយទានដ៏អស្ចារ្យមែន! ព្រះជាម្ចាស់បង្កើតពួកជំនុំឡើងដើម្បីឲ្យសមាជិកចេញទៅផ្សាយដំណឹងល្អទៅដល់មនុស្សឯទៀត។ ចាប់ពីពេលនេះទៅ ពួកអ្នកជឿនឹងដឹងថាព្រះសង្គ្រោះគេ។ ព្រះវិញ្ញាណបរិសុទ្ធនឹងជួយពួកគេឲ្យផ្សាយដំណឹងល្អដែលព្រះយេស៊ូវប្រគល់ឲ្យគេមុនដែលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ។
តើយើងមានក្ដីសង្ឃឹមក្នុងព្រះគ្រីស្ទអ្វីផ្ដល់ឲ្យអ្នកដទៃបានប្រសិនបើយើងខ្លួនឯងមិនទាំងជឿជាក់ថាព្រះគ្រីស្ទបានលាងសម្អាតបាបយើងហើយផងនោះ?
ថ្ងៃសុក្រ ទី១៣ កក្កដា ឆ្នាំ២០១៨
សិក្សាបន្ថែម
ព្រះជាម្ចាស់បង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំនៅបុណ្យថ្ងៃទី៥០។ បុណ្យថ្ងៃទី៥០គឺជាពេលវេលាដែលអ្នកដើរតាមព្រះយេស៊ូវ ទាំងសាសន៍យូដាហើយក្រោយមកទាំងសាសន៍ដទៃបានក្លាយមកជាសហគមន៍នៃពួកអ្នកជឿថ្មីនៅលើផែនដី។ អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះទៅកាន់ពួកជំនុំបង្ហាញយើងនូវសេចក្ដីពិតដ៏សំខាន់មួយ។ អំណោយទាននេះបង្ហាញយើងឲ្យដឹងថាព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅនគរស្ថានសួគ៌បានចាប់ផ្ដើមសម្រាប់យើងហើយ។ ហើយក៏បង្ហាញយើងឲ្យដឹងថាស្ថានសួគ៌និងផែនដីផ្សារភ្ជាប់គ្នាតាមវិធីពិសេសដែលយើងមិនអាចយល់បានអស់សេចក្ដីឡើយ
«ព្រះបានលើកព្រះយេស៊ូវឡើងទៅលើមេឃ។ ការយាងទៅស្ថានសួគ៌របស់ព្រះយេស៊ូវបង្ហាញដល់សាវករបស់ទ្រង់ថាមិនយូរប៉ុន្មានពួកគេនឹងទទួលអំណោយជាព្រះវិញ្ញាណដែលព្រះយេស៊ូវបានសន្យាថានឹងប្រទានដល់គេ...។ ព្រះយេស៊ូវយាងចូលច្រកទ្វារនៃនគរស្ថានសួគ៌។ ព្រះអង្គប្រថាប់លើបល្ល័ង្កដោយមានទេវតាហ៊ុំព័ទ្ធជុំវិញទ្រង់។ ទេវតាទាំងនេះលើកតម្កើងទ្រង់។ គ្រាន់តែទេវតាទាំងនេះលើកតម្កើងទ្រង់ចប់ នោះព្រះវរបិតាក៏បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកដើរតាមព្រះយេស៊ូវ។ ព្រះវរបិតាប្រទានកិត្តិយសនិងសិរីរុងរឿងដល់ព្រះយេស៊ូវស្របពេលដែលទ្រង់ចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើអ្នកដើរតាមព្រះយេស៊ូវ។ កិត្តិយសនិងសិរីរុងរឿងនេះជារបស់ព្រះយេស៊ូវតាំងតែពីមុនដែលព្រះបង្កើតអ្វីៗមកម្លេ៉ះ។ កិត្តិយសនិងសិរីរុងរឿងនេះគឺជាកិត្តិយសនិងសិរីរុងរឿងតែមួយដែលព្រះយេស៊ូវនិងព្រះវរបិតាមាន។ ព្រះវរបិតាចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ដើម្បីបង្ហាញថាព្រះអង្គទទួលយកព្រះយេស៊ូវទុកជាអង្គសង្គ្រោះមនុស្សលោក។ ព្រះវរបិតាប្រទានអំណាចព្រះចេស្ដាដល់ព្រះយេស៊ូវទាំងនៅលើស្ថានសួគ៌និងផែនដីផង។ ពេលនេះព្រះយេស៊ូវគឺជាមហាក្សត្រនិងជាសម្ដេចសង្ឃរបស់យើង។ អំណោយទានរបស់ព្រះវរបិតាជាព្រះវិញ្ញាណបរិសុទ្ធដែលបានប្រទានមកអ្នកដើរតាមព្រះយេស៊ូវបញ្ជាក់ថាពេលនេះព្រះយេស៊ូវគឺជាស្ដេចនិងជាសម្ដេចសង្ឃរបស់ពួកគេ»។ ដកស្រង់ពីសៀវភៅ The Act of the Apostles របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
សំនួរពិភាក្សា៖
- តើសេចក្ដីដែលបានកើតឡើងនៅបុណ្យថ្ងៃទី៥០អ្វីដែលពួកជំនុំយើងនាសម័យបច្ចុប្បន្ននេះនឹងទទួលបានដូចគ្នា?
- សាសន៍យូដានៅសម័យព្រះយេស៊ូវរង់ចាំព្រះមែស្ស៊ី។ ព្រះមែស្ស៊ីគឺជាព្រះអង្គសង្គ្រោះ។ ព្រះជាម្ចាស់រើសតាំងឲ្យព្រះមែស្ស៊ីសង្គ្រោះរាស្ត្ររបស់ព្រះអង្គពីបាប។ ប៉ុន្តែមនុស្សជំនាន់នោះមិនបានគិតថាព្រះមែស្ស៊ីនឹងត្រូវសុគតហើយមានព្រះជន្មឡើងវិញនោះទេ។ តើចំណុចនេះអាចបង្រៀនយើងពីមេរៀនសំខាន់អ្វី?
- កិច្ចការ ២:៣៨ ចែងអំពីការដែលអ្នកជឿត្រូវទទួលពិធីបុណ្យជ្រមុជទឹក។ ចុះបើនរណាម្នាក់ជឿលើព្រះយេស៊ូវហើយតែត្រូវស្លាប់មុនដែលបានជ្រមុជទឹក។ តើគាត់នឹងបានសង្គ្រោះដែរឬទេ? ចូរផ្ដល់ហេតុផលសម្រាប់ចម្លើយរបស់អ្នក។