មេរៀនទី២​៖ ៦-១២ តុលា ២០១៨

ហេតុដូចម្ដេចបានជាមានការទាស់ទែងគ្នា?

Jeans
ថ្ងៃសៅរ៍ ទី៦ តុលា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ យេរេមា ៣:១២, ១៣ ពួកចៅហ្វាយ ១៧:៦ ពង្សាវតាក្សត្រទី១ ១២:១-១៦ កូរិនថូសទី១ ១:១០-១៧ កិច្ចការ ២០:២៩។

ខចងចាំ៖ «សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា ហើយ​ការ​ដែល​ស្គាល់​ដល់​ព្រះ​ដ៏​បរិសុទ្ធ​នោះ​គឺ​ជា​យោបល់» (សុភាសិត ៩:១០)។

នៅសម័យសញ្ញាចាស់ ហោរារបស់ព្រះប្រាប់រាស្ត្រអ៊ីស្រាអែលឲ្យកាន់តាមបញ្ញត្តិរបស់ព្រះ។ ហោរាទាំងនេះបានព្រមានបណ្ដាជនពីគ្រោះថ្នាក់ដែលនឹងកើតមានឡើងប្រសិនបើពួកគេមិនស្ដាប់បង្គាប់តាមព្រះ។ តើមានរឿងអ្វីកើតឡើងនៅពេលដែលរាស្ត្ររបស់ព្រះមិនស្ដាប់បង្គាប់ព្រះ? ការមិនស្ដាប់បង្គាប់របស់ពួកគេនាំឲ្យមានការទាស់ទែងគ្នា។ ការមិនស្ដាប់បង្គាប់នាំពួកគេឲ្យឃ្លាតឆ្ងាយពីព្រះ។ ព្រះចង់ឲ្យរាស្ត្ររបស់ទ្រង់កាន់តាមច្បាប់បញ្ញាត្តិរបស់ទ្រង់។ នៅពេលដែលរាស្ត្ររបស់ព្រះកាន់តាមច្បាប់បញ្ញត្តិរបស់ទ្រង់ ពេលនោះបញ្ញត្តិរបស់ព្រះថែរក្សាគេពីសេចក្ដីអាក្រក់ដែលកើតឡើងពេលណាពួកគេធ្វើបាប។ ព្រះចង់ឲ្យរាស្ត្ររបស់ទ្រង់កាន់តាមបញ្ញត្តិរបស់ទ្រង់ពីព្រោះទ្រង់ចង់ឲ្យពួកគេបរិសុទ្ធ។ ព្រះចង់ឲ្យរាស្ត្ររបស់ទ្រង់រស់នៅក្នុងជីវិតបរិសុទ្ធក្នុងចំណោមមនុស្សដទៃទៀតដែលមិនស្គាល់ព្រះ។ តើមានរឿងអ្វីកើតឡើងនៅពេលដែលរាស្ត្ររបស់ព្រះធ្វើតាមផែនការរបស់ព្រះដោយកាន់តាមបញ្ញត្តិរបស់ទ្រង់? ពេលនោះពួកគេនឹងក្លាយទៅជាជាតិសាសន៍ដែលខ្លាំង។ ពួកគេមានសេចក្ដីសុខសាន្ត។ ពួកគេបែរចេញពីការថ្វាយបង្គំមិនត្រឹមត្រូវដែលកើតមាននៅជុំវិញពួកគេ។ ព្រះចង់ឲ្យរាស្ត្ររបស់ទ្រង់បរិសុទ្ធដើម្បីឲ្យពួកគេអាចធ្វើបន្ទាល់ដល់មនុស្សដទៃទៀតដែលរស់នៅជុំវិញពួកគេ (ចោទិយកថា ៤:៥,៦)។

មែនហើយ ព្រះចង់ឲ្យរាស្ត្ររបស់ទ្រង់ស្មោះត្រង់ចំពោះទ្រង់។ ព្រះជាម្ចាស់សន្យាថានឹងប្រទានពរដល់ពួកគេយ៉ាងធំធេងប្រសិនបើពួកគេព្រមស្ដាប់បង្គាប់តាមទ្រង់។ ព្រះអង្គក៏ចង់ឲ្យរាស្ត្ររបស់ទ្រង់ចម្រើនពរដល់អ្នកដទៃដូចដែលព្រះអង្គបានប្រទានពរដល់រាស្ត្ររបស់ទ្រង់ដែរ។ ប៉ុន្តែរាស្ត្ររបស់ព្រះសុខចិត្តមិនស្ដាប់បង្គាប់ព្រះអង្គ។ ការមិនស្ដាប់បង្គាប់របស់ពួកគេបណ្ដាលឲ្យកើតមានបញ្ហាជាច្រើន។ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាឯទៀតគឺការទាស់ទែងគ្នា។

ថ្ងៃអាទិត្យ ទី៧ តុលា ឆ្នាំ២០១៨

ចូរត្រឡប់មកឯព្រះវិញ!

ប្រវត្តិសាស្ត្ររបស់សាសន៍អ៊ីស្រាអែលពោរពេញទៅដោយសាច់រឿងស្ដីពីការដែលសាសន៍នេះមិនស្ដាប់បង្គាប់ព្រះ។ ហើយក៏មានសាច់រឿងជាច្រើនទៀតនៅក្នុងព្រះគម្ពីរស្ដីអំពីការដែលសាសន៍អ៊ីស្រាអែលបែរមកព្រះវិញហើយៗក៏បែរចេញពីទ្រង់ទៀត។ សាសន៍អ៊ីស្រាអែលធ្វើរឿងដដែលនេះជាច្រើនលើកច្រើនសា។ នៅពេលដែលសាសន៍អ៊ីស្រាអែលធ្វើតាមគម្រោងការរបស់ព្រះ នោះពួកគេមានសេចក្ដីសុខសាន្តនិងជីវិតស្រស់បំព្រង។ ប៉ុន្តែនៅពេលដែលសាសន៍អ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះហើយធ្វើអ្វីតាមតែអំពើចិត្តរបស់គេ នោះសង្គ្រាមនិងការទាស់ទែងគ្នាកើតមានក្នុងជីវិតគេ។ ព្រះទ្រង់ជ្រាបថារាស្ត្រអ៊ីស្រាអែលនឹងមិនស្ដាប់បង្គាប់ទ្រង់ឡើយ។ ដូច្នេះព្រះអង្គក៏ប្រទានផែនការយ៉ាងពិសេសមួយដល់គេដើម្បីជួយឲ្យពួកគេគេចចេញពីការប្រព្រឹត្តអំពើអាក្រក់និងសេចក្ដីអាក្រក់ទាំងប៉ុន្មានដែលកើតឡើងនៅពេលគេធ្វើបាប។

អានគម្ពីរចោទិយកថា ២៨:១-១៤។ តើអំណោយល្អអ្វីដែលព្រះសន្យាថានឹងប្រទានឲ្យរាស្ត្ររបស់ព្រះប្រសិនបើពួកគេស្ដាប់បង្គាប់តាមទ្រង់?

នៅក្នុងគម្ពីរយេរេមា ៣:១៤-១៨ ព្រះដង្ហោយហៅឲ្យរាស្ត្រអ៊ីស្រាអែលបែរចេញពីបាបហើយត្រឡប់មកឯទ្រង់វិញ។ តើខទាំងនេះបង្ហាញយើងពីសេចក្ដីស្រឡាញ់របស់ព្រះយ៉ាងដូចម្ដេចខ្លះ? តើព្រះមានព្រះទ័យអត់ធ្មត់ចំពោះរាស្ត្រទ្រង់ប៉ុនណា?

គម្ពីរយេរេមាបង្ហាញយើងពីសេចក្ដីមួយយ៉ាងអស្ចារ្យអំពីព្រះ។ គឺបង្ហាញយើងឲ្យឃើញថាព្រះមានសេចក្ដីស្រឡាញ់ ការអត់ទោស និងសេចក្ដីមេត្តាករុណាធំធេងប៉ុនណានៅក្នុងព្រះហឫទ័យរបស់ទ្រង់សម្រាប់រាស្ត្រទ្រង់។ រាស្ត្ររបស់ព្រះប្រព្រឹត្តរំលងបញ្ញត្តិរបស់ទ្រង់។ ពួកគេច្បាំងគ្នា។ ពួកគេថ្វាយបង្គំព្រះក្លែងក្លាយ។ ប៉ុន្តែព្រះមិនដែលលែងនឹងហៅរាស្ត្ររបស់ទ្រង់ឲ្យបែរចេញពីបាបរបស់គេហើយត្រឡប់មកឯទ្រង់វិញឡើយ។ ព្រះសន្យាថានឹងប្រទានជីវិតថ្មីដល់រាស្ត្ររបស់ទ្រង់។ ព្រះអង្គបន្តសន្យាថានឹងប្រទានអនាគតដ៏ប្រសើរសម្រាប់ពួកគេឲ្យតែពួកគេព្រមត្រឡប់មកឯព្រះអង្គវិញ (យេរេមា ៣:១២, ១៣)។

គម្ពីរយេរេមា ៣:១២, ១៣ គឺជាសារពិសេសរបស់ព្រះទៅកាន់រាស្ត្ររបស់ទ្រង់។ ព្រះប្រទានសារនេះដល់លោកយេរេមាដើម្បីឲ្យលោកយកទៅប្រាប់រាស្ត្រអ៊ីស្រាអែល។ លោកយេរេមាក៏យកដំណឹងនេះទៅប្រកាសដល់រាស្ត្ររបស់ព្រះនៅគ្រាដែលពួកគេមិនកាន់តាមបញ្ញត្តិរបស់ព្រះ។ ពិតមែនហើយ ស្ដេចយ៉ូសៀសពិតជាបានខិតខំកែប្រែប្រទេសរបស់ព្រះអង្គពេលទ្រង់ឡើងគ្រងរាជ្យ។ ប៉ុន្តែបន្ទាប់ពីនោះមកបណ្ដាជនភាគច្រើនលែងស្មោះត្រង់នឹងព្រះឬកាន់តាមបញ្ញត្តិទ្រង់ទៀតហើយ។ អំពើបាប ចិត្តដែលអាត្មានិយម និងការថ្វាយបង្គំរូបព្រះបដិមាបានបំផ្លិចបំផ្លាញជីវិតរបស់រាស្ត្ររបស់ព្រះ។ កាលបើពួកគេកាន់តែមិនស្ដាប់បង្គាប់ព្រះ នោះគេក៏កាន់តែរងទុក្ខវេទនាកាន់តែច្រើនដែរ។ ព្រះចាត់លោកយេរេមាឲ្យទៅអង្វរឲ្យរាស្ត្ររបស់ទ្រង់បែរមកឯទ្រង់វិញ។ ព្រះមានផែនការសម្រាប់ថ្ងៃអនាគតប្រសើរជាងនេះសម្រាប់ពួកគេ។ ព្រះអង្គចង់ប្រទានពរដល់រាស្ត្ររបស់ទ្រង់នូវសេចក្ដីសុខសាន្ត សុខភាពល្អ និងជីវិតយឺនយូរ។ ព្រះជាម្ចាស់ចង់ប្រទានអំណោយនេះដល់ពួកគេខ្លាំងណាស់។ ប៉ុន្តែដើម្បីបានអំណោយទាននេះរាស្ត្ររបស់ព្រះអង្គត្រូវតែសន្យាថាពួកគេនឹងរស់នៅដោយក្ដីជំនឿនិងស្ដាប់បង្គាប់ទ្រង់ជាមុនសិន។

តើបទពិសោធន៍ជីវិតអ្នកបានបង្រៀនឲ្យអ្នកដឹងថាការស្ដាប់បង្គាប់តាមព្រះមានផលប្រសើរជាងការមិនស្ដាប់បង្គាប់តាមទ្រង់ដែរឬទេ?

ថ្ងៃច័ន្ទ ទី៨ តុលា ឆ្នាំ២០១៨

«មនុស្ស​ទាំងឡាយ គេ​តែងតែ​ប្រព្រឹត្ត​ការ​ដែល​ខ្លួន​គិត​ឃើញ​ថា​ត្រឹម​ត្រូវ»

គម្ពីរពួកចៅហ្វាយរៀបរាប់អំពីសេចក្ដីអាក្រក់ទាំងឡាយដែលកើតមាននៅពេលដែលរាស្ត្រអ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះ។ មិនយូរប៉ុន្មានបន្ទាប់ពីរាស្ត្រអ៊ីស្រាអែលបានមករស់នៅលើទឹកដីកាណាន ពួកគេក៏ចាប់ផ្ដើមថ្វាយបង្គំរូបបដិមាព្រមទាំងកាន់តាមសាសនាក្លែងក្លាយនៃសាសន៍ដទៃទៀតដែលនៅជុំវិញពួកគេ។ ព្រះជាម្ចាស់បានព្រមានរាស្ត្រអ៊ីស្រាអែលជាមុនថាមិនឲ្យពួកគេធ្វើរឿងទាំងនេះឡើយ។ ប៉ុន្តែដូចដែលយើងនឹងបានឃើញ អ៊ីស្រាអែលពុំមែនជួបតែបញ្ហាទាំងនេះទេ។

អានអំពីបញ្ហាផ្សេងទៀតដែលរាស្ត្រអ៊ីស្រាអែលមាននៅក្នុងគម្ពីរពួកចៅហ្វាយ ១៧:៦ និងពួកចៅហ្វាយ ២១:២៥។ តើបញ្ហាថ្មីទាំងនោះមានអ្វីខ្លះ? តើបញ្ហាថ្មីទាំងនេះផ្ដើមឡើងដោយរបៀបណា? តើសេចក្ដីនេះបង្រៀនយើងពីការដែលបញ្ហាអាចកើតមាននៅក្នុងចំណោមរាស្ត្ររបស់ព្រះយ៉ាងដូចម្ដេចខ្លះ?

ខទាំងនេះបង្រៀនយើងឲ្យដឹងថានឹងមានរឿងអ្វីកើតឡើងនៅពេលដែលមនុស្សម្នាក់ៗធ្វើតាមតែអំពើចិត្ត។ នឹងមានការបែកបាក់ក៏ដូចជាការទាស់ទែងគ្នាក្នុងចំណោមរាស្ត្ររបស់ព្រះ។ រាស្ត្ររបស់ទ្រង់នឹងទទួលបានសេចក្ដីសុខសាន្តនិងការចុះសម្រុងនឹងគ្នានៅពេលណាដែលពួកគេស្មោះត្រង់ជាមួយនឹងទ្រង់ហើយស្ដាប់បង្គាប់តាមទ្រង់និងកាន់តាមសេចក្ដីសញ្ញាពិសេសរបស់ទ្រង់។ រាស្ត្ររបស់ព្រះបានយល់ព្រមតាមសេចក្ដីសញ្ញាជាមួយនឹងព្រះ។ ប៉ុន្តែក្រោយមករាស្ត្ររបស់ព្រះចាប់ផ្ដើមប្រព្រឹត្តការណាដែលខ្លួនយល់ថាត្រូវជាជាងតាមអ្វីដែលព្រះប្រាប់ថាត្រូវទៅវិញ។ ការនេះបាននាំពួកគេឲ្យដើរលើផ្លូវខុស។ យើងទាំងអស់គ្នាជាមនុស្សមានបាប។ ប៉ុន្តែព្រះមិនបានបែរចេញពីយើងឬចាកចោលយើងទុកឲ្យយើងជាអ្នកសម្រេចថាអ្វីជាការល្អឬត្រឹមត្រូវដោយឯកឯងនោះទេ។ ព្រះអង្គបង្ហាញផ្លូវត្រឹមត្រូវសម្រាប់ឲ្យយើងដើរ។ យើងមិនអាចរកផ្លូវនេះឃើញដោយគ្មានជំនួយពីព្រះអង្គនោះទេ។ ដោយជាអ្នកមានបាប យើងនឹងដើរវង្វេងឆ្ងាយពីផ្លូវទៅតាមទិសដៅដែលខុសមិនខាន។

គម្ពីរចៅហ្វាយ ២:១១-១៣ និង ៣:៥-៧ ប្រាប់យើងអំពីសុខភាពខាងឯជំនឿរបស់រាស្ត្រអ៊ីស្រាអែលព្រមទាំងរៀបរាប់ពីការប្រព្រឹត្តរបស់ពួកគេនៅជំនាន់ពួកចៅហ្វាយនោះ។ តើខទាំងនេះប្រាប់យើងឲ្យដឹងពីសម័យនោះយ៉ាងដូចម្ដេចខ្លះ? តើប្រជាជននៅជំនាន់នោះមានជំនឿប៉ុនណា?

«រាស្ត្ររបស់ព្រះសម្រេចយកអំណោយរបស់ព្រះសម្រាប់ខ្លួនគេ។ ពួកគេមិនប្រើអំណោយទាននោះទៅជួយអ្នកដទៃនោះទេ។ ពួកគេចាប់ផ្ដើមលោភលន់ហើយអាត្មានិយម។ បន្ទាប់មកប្រជាជនជាអ្នកថ្វាយបង្គំព្រះបដិមាដទៃទៀតដែលរស់ជុំវិញពួកគេចាប់ផ្ដើមបាត់ការគោរពចំពោះរាស្ត្ររបស់ព្រះ។ រាស្ត្ររបស់ព្រះផ្ទាល់ជាអ្នកធ្វើឲ្យសាសន៍ដទៃទៀតយល់ច្រឡំពីសេចក្ដីស្រឡាញ់និងបញ្ញត្តិរបស់នគរនៃព្រះ» ដកស្រង់ពីសៀវភៅអ្នកស្រីអែល្លិនជីវ៉ៃត៍។

តើទង្វើនិងពាក្យពេចន៍របស់អ្នកបង្ហាញពី «រូបភាព» នៃព្រះយ៉ាងដូចម្ដេចទៅកាន់មនុស្សដែលនៅជុំវិញខ្លួនអ្នក?

ថ្ងៃអង្គារ ទី៩ តុលា ឆ្នាំ២០១៨

គ្រាដែលសាសន៍ហេព្រើរបែកជាពីរ

រាស្ត្ររបស់ព្រះពុំមែនវង្វេងចេញពីផ្លូវនៃសេចក្ដីពិតត្រឹមពេល១យប់នោះទេ។ សេចក្ដីអាក្រក់វេទនាដែលកើតឡើងចំពោះពួកគេក៏មិនបានកើតឡើងភ្លាមៗដែរ។ ប៉ុន្តែរាស្ត្ររបស់ព្រះបានធ្វើការសម្រេចចិត្តខុសជាច្រើនលើកច្រើនសា។ ចំណេរក្រោយមកការសម្រេចចិត្តខុសទាំងនេះនាំឲ្យមានបញ្ហាអាក្រក់ជាច្រើនដល់រាស្ត្ររបស់ព្រះ។

អានរឿងរបស់ស្ដេចរេហូបោមនៅក្នុងគម្ពីរពង្សាវតាក្សត្រទី១ ១២:១-១៦។ តើកត្តាអ្វីបណ្ដាលឲ្យមានការបែកបាក់យ៉ាងអាក្រក់ដល់រាស្ត្ររបស់ព្រះយ៉ាងដូច្នេះ?

«ស្ដេចរេហូបោមនិងរដ្ឋាភិបាលរបស់ព្រះអង្គពុំបានយល់ពីផែនការរបស់ព្រះសម្រាប់រាស្ត្រអ៊ីស្រាអែលឡើយ។ ក្រុមដឹកនាំរបស់ព្រះរាជាពុំសូវមានបទពិសោធន៍ច្រើនទេ។ ហើយមេដឹកនាំរបស់ស្ដេចមិនព្រមស្ដាប់ប្រជាជនទៀត។ ប្រជាជនជួបជាមួយមេដឹកនាំនៅស្រុកស៊ីគែម។ បណ្ដាជននាំគ្នាស្នើឲ្យពួកមេដឹកនាំកែប្រែដើម្បីជួយប្រជាជន។ ប៉ុន្តែពួកគេមិនបានដឹងពីមូលហេតុពិតដែលបណ្ដាលឲ្យមានសេចក្ដីល្អឬអាក្រក់នោះទេ។ ដោយហេតុនោះបានជាពួកមេដឹកនាំចាប់ផ្ដើមចុះខ្សោយខាងអំណាច។ ពួកគេបាត់បង់ឱកាសធ្វើឲ្យជីវិតប្រជាជនជាច្រើនបានប្រសើរឡើង។ ពួកមេដឹកនាំទាំងនោះមិនចង់ដកបន្ទុកការងារដ៏ធ្ងន់ធ្ងរដែលស្ដេចសាឡូម៉ូនបានដាក់ឲ្យប្រជាជនធ្វើនោះទេ។ ផ្ទុយទៅវិញពួកគេបែរជាចង់ឲ្យប្រជាជនធ្វើការកាន់តែធ្ងន់ធ្ងរជាងមុនទៀត។ ផែនការរបស់ពួកមេដឹកនាំទាំងនោះទាស់នឹងផែនការរបស់ព្រះទាំងស្រុង។ ការសម្រេចចិត្តរបស់មេដឹកនាំនោះធ្វើឲ្យបណ្ដាជនយល់ថាពួកមេដឹកនាំទាំងនោះមិនយកចិត្តទុកដាក់មកលើពួកគេ។ មេដឹកនាំទាំងនោះបង្ហាញថាពួកគេគ្មានភាពឆ្លាតវៃសោះ។ អាកប្បកិរិយារបស់ពួកគេបង្ហាញថាគ្មានសេចក្ដីស្រឡាញ់សោះ។ របៀបនេះទាំងស្ដេចនិងពួកមន្ត្រីសុទ្ធតែបានបង្ហាញថាពួកគេមានអំនួតខ្លាំងណាស់» Ellen G. White, Prophets and Kings, page 90, adapted.

គម្ពីរសុភាសិត ៤:១-៩ ៩:១០ និងយ៉ាកុប ១:៥ ចែងអំពីមូលហេតុដែលយើងត្រូវការតម្រិះប្រាជ្ញាដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ តើតម្រិះប្រាជ្ញាពិតផ្ដើមចេញពីចំណុចណា?

ព្រះរាជារេហូបោមបានធ្វើការសម្រេចព្រះទ័យដ៏អាក្រក់មួយ។ ព្រះអង្គសម្រេចព្រះទ័យបង្ខំឲ្យរាស្ត្ររបស់ព្រះធ្វើការកាន់តែធ្ងន់ថែមទៀត។ ព្រះរាជាអង្គនេះសុំយោបល់ពីអ្នកដឹកនាំពីរក្រុម។ បន្ទាប់មកទ្រង់សម្រេចព្រះទ័យស្ដាប់តាមយោបល់ពីក្រុមអ្នកដឹកនាំវ័យក្មេងដែលមានអាយុស្របាលៗនឹងព្រះអង្គដែរ។ ពួកគេទាំងនោះពុំមានបទពិសោធន៍ក្នុងការដឹកនាំពិតប្រាកដទេ។ ក្រុមមេដឹកនាំវ័យក្មេងទាំងនេះទូលឲ្យព្រះរាជារេហូបោមតឹងតែងជាមួយប្រជានុរាស្ត្រខ្លួន។ ទីបំផុតស្ដេចរេហូបោមក៏បង្ហាញគេឯងថាទ្រង់គឺជាមនុស្សដែលចូលចិត្តប្រើអំណាចគំរាមសម្លុតគេហើយមិនចេះដឹកនាំ។ ការសម្រេចព្រះទ័យរបស់ទ្រង់ធ្វើឲ្យរាស្ត្ររបស់ព្រះបែកខ្ញែកទៅជាប្រទេសពីរដាច់ដោយឡែកពីគ្នា។ ព្រះពុំដែលមានផែនការចង់ឲ្យប្រទេសអ៊ីស្រាអែលបែកខ្ញែកទៅជាប្រទេសពីរបែបនេះឡើយ។ ហើយការនេះក៏មិនចាំបាច់ត្រូវកើតឡើងដែរប្រសិនបើមេដឹកនាំត្រឹមត្រូវ។

ថ្ងៃពុធ ទី១០ តុលា ឆ្នាំ២០១៨

ការបែកបាក់ក្នុងពួកជំនុំនៅឯក្រុងកូរិនថូស

ដូចដែលយើងបានឃើញពីម្សិលមិញរួចមកហើយ ការមិនចុះសម្រុងនឹងគ្នានិងការបែកបាក់គ្នាគឺជាបញ្ហាដែលកើតមានក្នុងចំណោមរាស្ត្ររបស់ព្រះនាសម័យសញ្ញាចាស់។ ប៉ុន្តែបញ្ហាដដែលនេះក៏កើតមាននៅសម័យសញ្ញាថ្មីដែរ។

តទៅនេះគឺជាឧទាហរណ៍មួយស្ដីអំពីការបែកបាក់ដែលលោកប៉ុលបានសរសេរ។ នៅក្នុងសេចក្ដីសំបុត្រទី១ដែលលោកសរសេរផ្ញើទៅកាន់ពួកជំនុំកូរិនថូស លោកសាវកប៉ុលបានអង្វររាស្ត្ររបស់ព្រះឲ្យស្រុះស្រួលនឹងគ្នាហើយចុះសម្រុងនឹងគ្នាអំពីសេចក្ដីពិតនៃព្រះគម្ពីរ។ នៅពេលលោកប៉ុលទៅដល់ក្រុងអេភេសូរ គាត់ទទួលបានដំណឹងថាពួកជំនុំនៅក្រុងកូរិនថូសបែកបាក់ទៅជាក្រុមតូចៗផ្សេងគ្នា។ ដូច្នេះនៅក្នុងសេចក្ដីសំបុត្ររបស់គាត់ លោកប៉ុលក៏ចាប់ផ្ដើមបរិយាយអំពីតម្រូវការឲ្យមានការស្រុះស្រួលនិងចុះសម្រុងនឹងគ្នា។ លោកមានប្រសាសន៍ថាចាំបាច់ត្រូវតែបញ្ឈប់ការបែកបាក់និងការទាស់ទែងគ្នា។ លោកប៉ុលមានក្ដីបារម្ភជាខ្លាំងអំពីការបែកខ្ញែករបស់ពួកជំនុំនៅក្រុងកូរិនថូស។ គាត់ចង់ផ្ដល់ដំបូន្មានល្អៗដើម្បីជួយបញ្ឈប់បញ្ហាដ៏អាក្រក់នេះ។

នៅក្នុងគម្ពីរកូរិនថូសទី១ ១:១០ យើងអានអំពីការបែកបាក់របស់ពួកជំនុំនៅក្រុងកូរិនថូស។ តើអ្វីទៅទំនងជាកត្តាដែលបង្កឲ្យមានការបែកបាក់និងការមិនចុះសម្រុងនឹងគ្នាក្នុងពួកជំនុំ?

មនុស្សម្នាក់មកពីក្រុមក្លូអេប្រាប់លោកប៉ុលអំពីបញ្ហាដែលកើតមានក្នុងពួកជំនុំកូរិនថូស។ លោកប៉ុលមានក្ដីបារម្ភចំពោះបងប្អូនប្រុសស្រីរួមជំនឿរបស់គាត់នៅទីនោះ។ ពាក្យដំបូងនៃសំបុត្ររបស់លោកប៉ុលបង្ហាញថាមនោគតិរបស់លោកចំពោះអ្នកជឿព្រះនៅក្រុងកូរិនថូសគឺមានទំហំធំធេងហើយពិតប្រាកដណាស់។ ចម្លើយរបស់លោកប៉ុលទៅនឹងបញ្ហានោះគឺជាការក្រើនរំឭកដល់ពួកជំនុំថាពួកគេត្រូវតែរួបរួមគ្នាជាធ្លុងមួយហើយត្រូវ «ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ» (កូរិនថូសទី១ ១:១០)។ ប៉ុលចង់ឲ្យហេតុផលដែលនាំឲ្យមានការទាស់ទែងគ្នានិងបែកបាក់គ្នាឈប់មានតទៅទៀត។

សាវកប៉ុលប្រាប់ទៅពួកជំនុំកូរិនថូសឲ្យនឹកចាំថាព្រះយេស៊ូវបង្គាប់ឲ្យពួកគេដើរតាមទ្រង់។ ពួកគេមិនត្រូវដើរតាមមនុស្សឡើយ ទោះបើអ្នកនោះជាអ្នកដែលមានទេពកោសល្យច្រើនឬជំនាញច្រើនប៉ុនណាក៏ដោយ។ លោកប៉ុលប្រាប់ពួកគេថាការបែកបាក់គ្នាដោយគ្រាន់តែមានការខ្វែងគំនិតគ្នានោះពុំមែនជាផែនការរបស់ព្រះទេ។ លោកប៉ុលប្រាប់ទៅពួកជំនុំកូរិនថូសថាការចុះសម្រុងនឹងគ្នារបស់ពួកគ្រីស្ទានចាប់ផ្ដើមពីការដែលគេស្គាល់ព្រះយេស៊ូវហើយទទួលការសុគតរបស់ព្រះអង្គសម្រាប់បាបរបស់ពួកគេនៅលើឈើឆ្កាង កូរិនថូសទី១ ១:១៣)

តើសេចក្ដីពិតនេះប្រាប់យើងយ៉ាងណាក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ? គឺប្រាប់យើងថាយើងត្រូវតែថែរក្សាសេចក្ដីសុខសាន្តនិងការចុះសម្រុងគ្នារបស់យើងទុកដូចជាអំណោយទានដ៏ពិសិដ្ឋមកពីព្រះ។ ការបែកបាក់និងការទាស់ទែងគ្នាអាចបំផ្លាញសេចក្ដីសុខសាន្តរបស់យើងនាពេលបច្ចុប្បន្ននេះ។ ដូច្នេះយើងត្រូវតែអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ព្រះគ្រប់គ្រងចិត្តរបស់យើង។

តើធ្វើយ៉ាងណាទើបយើងអាចជៀសវាងពីគ្រោះថ្នាក់ដែលលោកប៉ុលបានលើកឡើងនេះ?

ថ្ងៃព្រហស្បតិ៍ ទី១១ តុលា ឆ្នាំ២០១៨

​ឆ្កែ​ព្រៃ​ដ៏​សាហាវ វា​នឹង​ចូល​មក​

នៅក្នុងគម្ពីរកិច្ចការ ២០:២៥-៣១ លោកប៉ុលបានព្រមានដល់ពួកជំនុំអេភេសូរអំពីគ្រោះថ្នាក់ដែលនឹងកើតមាននាពេលអនាគត។ តើលោកប៉ុលព្រមានពួកគេអំពីគ្រោះថ្នាក់អ្វី? តើលោកប៉ុលមានប្រសាសន៍ថាមេដឹកនាំត្រូវធ្វើអ្វីដើម្បីទប់ស្កាត់កុំឲ្យបញ្ហានោះកើតឡើង?

នៅក្នុងកិច្ចការរបស់គាត់សម្រាប់ព្រះ លោកប៉ុលតែងពើបប្រទះជាមួយនឹងមនុស្សដែលប្រឆាំងទាស់នឹងគាត់។ ដូច្នេះលោកប៉ុលជ្រាបច្បាស់ណាស់ថាការការពារសេចក្ដីពិតអំពីដំណឹងល្អរបស់ព្រះយេស៊ូវមានសារៈសំខាន់ប៉ុនណា។ នៅពេលដែលលោកប៉ុលថ្លែងសេចក្ដីអធិប្បាយលាគ្នារបស់គាត់ទៅកាន់អ្នកដឹកនាំនៅក្រុងអេភេសូរ លោកប៉ុលប្រើរឿងប្រៀបធៀបអំពីអ្នកយាមនៅក្នុងគម្ពីរអេសេគាល ៣៣:១-៦។ រឿងនេះបង្ហាញយ៉ាងច្បាស់ដល់ពួកអ្នកដឹកនាំនៅក្រុងអេភេសូរថាពួកគេមាននាទីក្នុងការការពារដំណឹងល្អ។ មេដឹកនាំត្រូវតែជា «គង្វាល» ដែលស្មោះត្រង់ដែលមើលថែ «ហ្វូងចៀម» របស់ខ្លួន។

លោកប៉ុលប្រើពាក្យ «ឆ្កែព្រៃដ៏សាហាវ» (កិច្ចការ ២០:២៩) ដើម្បីបរិយាយអំពីគ្រូក្លែងក្លាយទាំងឡាយ។ ពាក្យពេចន៍របស់លោកប៉ុលរំឭកយើងឲ្យនឹកទៅដល់ការព្រមានរបស់ព្រះយេស៊ូវអំពីគ្រូក្លែងក្លាយ។ ព្រះយេស៊ូវប្រាប់ជាមុនថាគ្រូក្លែងក្លាយនឹងមកដល់ «ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន» (ម៉ាថាយ ៧:១៥)។ ពួកគេនឹងមានលក្ខណៈ «សុភាពដូចជាសត្វចៀម តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ»។ ប្រាកដមែន គ្រូក្លែងក្លាយទាំងនេះក៏ចូលមកក្នុងពួកជំនុំក្រោយដែលលោកប៉ុលព្រមានដល់មេដឹកនាំនៃក្រុងអេភេសូរពីពួកគេរួចបន្តិចមក។ គ្រូក្លែងក្លាយទាំងនោះធ្វើឲ្យសតិនិងចិត្តរបស់ពួកអ្នកជឿនៅក្នុងពួកជំនុំអាស៊ីទាំងឡាយដែលលោកប៉ុលបានបង្កើតឡើងមានការឈឺចាប់។ នៅក្នុងគម្ពីរអេភេសូរ ៥:៦-១៤ និងកូឡូស ២:៨ យើងឃើញការព្រមានរបស់លោកប៉ុលទៅកាន់ពួកជំនុំនៅអាស៊ីខាងលិច។ តំបន់នេះឋិតនៅប្រទេសទូគីមួយប៉ែកនាសម័យបច្ចុប្បន្ននេះ។

នៅក្នុងគម្ពីរធីម៉ូថេទី២ ២:១៤-១៩ និងធីម៉ូថេទី២ ៣:១២-១៧ លោកប៉ុលប្រាប់លោកធីម៉ូថេពីការដែលត្រូវធ្វើជាមួយនឹងគ្រូក្លែងក្លាយទាំងនោះ។ តើលោកប៉ុលផ្ដល់ដំបូន្មានអ្វីដល់ធីម៉ូថេអំពីរបៀបថែរក្សាការពារពួកជំនុំ?

ទីមួយ ប៉ុលមានប្រសាសន៍ថា ចាំបាច់ពួកគេត្រូវដឹងពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរសិន (ធីម៉ូថេទី២ ២:១៥)។ សេចក្ដីពិតនឹងកម្ចាត់ការខ្វែងគំនិតគ្នានិងគំនិតខុសឆ្គងទាំងឡាយ។ ដូច្នេះពួកជំនុំត្រូវយល់ឲ្យបានត្រូវពីសេចក្ដីពិតនៅក្នុងព្រះគម្ពីរហើយបង្រៀនដល់សមាជិកដទៃទៀត។ បញ្ហានិងទស្សនៈដែលមិនសំខាន់មិនត្រូវយកជាការសំខាន់ជាងសេចក្ដីពិតរបស់ព្រះគម្ពីរឡើយ។ មានតែសេចក្ដីពិតនៃព្រះគម្ពីរប៉ុណ្ណោះដែលនឹងជួយពួកជំនុំឲ្យយកឈ្នះចម្បាំងជាមួយនឹងអំពើបាប។ ទីពីរ ប៉ុលប្រាប់ឲ្យធីម៉ូថេ «​ចៀស​ចេញ​ពី​ពាក្យ​សំដី​ឡេះឡោះ​ឥត​ប្រយោជន៍» (ធីម៉ូថេទី២ ២:១៦)។ មានតែសេចក្ដីពិតប៉ុណ្ណោះដែលនាំយើងទៅរកសេចក្ដីសុខសាន្តនិងធ្វើឲ្យយើងបរិសុទ្ធ។

តើធ្វើយ៉ាងណាទើបយើងអាចការពារពួកជំនុំរបស់យើងពីការបង្រៀនមិនត្រឹមត្រូវ?

ថ្ងៃសុក្រ ទី១២ តុលា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ព្រះជាម្ចាស់ចង់ឲ្យបាវបម្រើរបស់ទ្រង់ចេះធ្វើការរួមគ្នា។ ប៉ុន្តែអ្នកខ្លះយល់ឃើញថាជំនាញរបស់ខ្លួននិងជំនាញរបស់អ្នកដទៃទៀតមិនស្មើគ្នា។ ពួកគេគិតថាកម្រិតខុសគ្នានេះនឹងធ្វើឲ្យពួកគេមិនអាចធ្វើការរួមគ្នាបាន។ ប៉ុន្តែពួកគេក៏ត្រូវចាំដែរថាមនុស្សដែលពួកគេព្យាយាមចូលទៅផ្សាយដំណឹងក៏មានគំនិតខុសគ្នាដែរ។ អ្នកខ្លះនឹងបែរចេញមិនព្រមស្ដាប់សេចក្ដីពិតដែលបាវបម្រើរបស់ព្រះម្នាក់ផ្សាយដល់គេ។ តែមនុស្សដដែលនេះឯងនឹងព្រមទទួលសេចក្ដីពិតពីអ្នកផ្សាយម្នាក់ផ្សេងទៀត។ ដូច្នេះសូមឲ្យទស្សនៈនេះជួយឲ្យរាស្ត្ររបស់ព្រះធ្វើការរួមគ្នាចុះ។ ជំនាញខុសៗគ្នារបស់ពួកគេសុទ្ធតែឃុំគ្រងដោយព្រះវិញ្ញាណតែមួយ។ ពេលនេះបាវបម្រើរបស់ព្រះនឹងបង្ហាញក្ដីស្រឡាញ់និងចិត្តល្អតាមពាក្យសម្ដីនិងទង្វើសព្វបែបយ៉ាងទៅកាន់មនុស្សដទៃទៀត។ បាវបម្រើនីមួយៗត្រូវបំពេញកិច្ចការដែលព្រះប្រទានឲ្យគេធ្វើ។ ពេលនោះទើបសេចក្ដីអធិដ្ឋានរបស់ព្រះយេស៊ូវដែលបានសុំឲ្យអ្នកដើរតាមព្រះអង្គរួបរួមគ្នាមកតែមួយបានទទួលផល។ មនុស្សមកពីគ្រប់ទិសទីនឹងបានដឹងថាបាវបម្រើទាំងនេះគឺជាអ្នកដើរតាមព្រះយេស៊ូវ» Ellen G. White, Gospel workers, page 483, adapted.

សំនួរពិភាក្សា៖
  1. សព្វថ្ងៃនេះ មានអ្នកប្រាជ្ញជាច្រើនមិនទទួលស្គាល់ទស្សនៈថាច្បាប់បញ្ញត្តិរបស់ព្រះអាចសម្រេចថាអ្វីខុសឬអ្វីត្រូវសម្រាប់មនុស្សគ្រប់រូបនៅលើផែនដីនេះ។ ហេតុអ្វីបានជាការយល់ឃើញបែបនេះមានគ្រោះថ្នាក់ខ្លាំង? តើការគិតបែបនេះអាចនាំឲ្យទៅរកការវង្វេងនិងអាកប្បកិរិយាឃោរឃៅដូចដែលព្រះគម្ពីរប្រាប់យើងដូចម្ដេចខ្លះ?

  2. សូមគិតបន្ថែមទៀតទៅលើរឿងរបស់ស្ដេចរេហូបោមព្រមទាំងការដែលរាស្ត្ររបស់ព្រះត្រូវបែកខ្ញែកគ្នា (ពង្សាវតាក្សត្រទី១ ១២)។ តើរឿងនោះផ្ដល់មេរៀនអ្វីដល់យើងនាសម័យបច្ចុប្បន្ននេះ?

  3. តើធ្វើបែបណាទើបអ្នកដឹកនាំពួកជំនុំនិងពួកជំនុំឈប់ទាស់ទែងគ្នានៅក្នុងព្រះវិហារ? ហេតុអ្វីបានជាការបញ្ឈប់បញ្ហាទាំងនេះមុនដែលវាកាន់តែអាក្រក់ជាងនេះជារឿងសំខាន់និងចាំបាច់? តើធ្វើយ៉ាងណាទើបយើងដែលជាសមាជិកមិនធ្លាក់ទៅក្នុងអន្ទាក់ដូចដែលពួកជំនុំពីក្រុងកូរិនថូសខ្លះបានធ្លាក់?

  4. គម្ពីរសុភាសិត ៦:១៦-១៩ ចែងអំពីរបៀបការពារមិនឲ្យមានការទាស់ទែងគ្នា។ តើខទាំងនោះប្រាប់យើងឲ្យធ្វើអ្វីខ្លះដើម្បីបញ្ឈប់មិនឲ្យមានការទាស់ទែងគ្នានៅតាមព្រះវិហារនីមួយៗ?
Powered by CAM