មេរៀនទី៣​៖ ១៣-១៩ មករា ២០១៨

យកព្រះ ឬប្រាក់កាស?

Jeans
ថ្ងៃសៅរ៍ ទី១៣ មករា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ទំនុកតម្កើង ៣៣:៦-៩ ម៉ាថាយ ១៩:១៦-២២ ពេត្រុសទី១ ១:១៨ ហេព្រើរ ២:១៤, ១៥ និក្ខមនំ ៩:១៤ ទំនុកតម្កើង ៥០:១០។

ខចងចាំ៖ «ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់ ហើយ​បាន​ប្រទាន​ឲ្យ​មាន​នាម​ដ៏​ប្រសើរ លើស​ជាង​អស់​ទាំង​នាម​ផង ដើម្បី​កាល​ណា​ឮ​ព្រះនាម​ព្រះយេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ ហើយ​ឲ្យ​គ្រប់​ទាំង​អណ្តាតបាន​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​ជា​ព្រះអម្ចាស់ សំរាប់​ជា​សិរីល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា» (ភីលីព ២:៩-១១)។

តើព្រះជាម្ចាស់ទ្រង់មានព្រះទ័យបែបណាចំពោះការចង់បានប្រាក់ដ៏លើសលប់របស់យើង? ព្រះជាម្ចាស់សម្ដែងនូវព្រះទ័យរបស់ព្រះអង្គយ៉ាងច្បាស់។ បន្ទូលរបស់ព្រះយេស៊ូវនៅក្នុងគម្ពីរលូកា ១២:១៦-២១ ទៅកាន់បុរសអ្នកមានគួរណាស់តែធ្វើឲ្យយើងភ័យខ្លាចចំពោះការចង់បានហួសល្បត់។ ព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិជាច្រើនមហាសាលទៅអ្នកមាននោះ។ ប៉ុន្តែអ្នកមាននោះយកទ្រព្យទាំងនោះទៅគរទុក។ គាត់មិនបានប្រើទ្រព្យទាំងនោះដើម្បីជួយគាំពារដល់ព្រះរាជកិច្ចរបស់ព្រះនៅលើផែនដីនេះទេ។ ដូច្នេះព្រះក៏មានបន្ទូលទៅកាន់បុរសអ្នកមាននោះថា «ឱ​មនុស្ស​ល្ងីល្ងើ​អើយ នៅ​វេលា​យប់​នេះ​ឯង អញ​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យសម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ អ្នក​ណា​ដែល​ប្រមូល​ទ្រព្យសម្បត្តិ ទុក​បំរុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ» (លូកា ១២:២០,២១)។

យើងមិនអាចបម្រើព្រះផងនិងប្រាក់ផងបានទេ។ យើងត្រូវតែជ្រើសរើសយកមួយក្នុងចំណោមទាំងពីរនេះ។ អស់អ្នកដែលព្យាយាមបម្រើម្ចាស់ទាំងព្រះហើយនិងប្រាក់នឹងជួបបញ្ហាមិនខាន។ យើងអាចកុហកអ្នកដទៃបាន។ ហើយយើងថែមទាំងអាចបោកបញ្ឆោតខ្លួនឯងឲ្យជឿថាយើងមិនមែនកំពុងខំរស់នៅសម្រាប់ទាំងព្រះនិងប្រាក់នោះទេ។ ប៉ុន្តែយើងមិនអាចកុហកព្រះបានឡើយ។ ហើយថ្ងៃមួយយើងនឹងឈរនៅចំពោះព្រះភក្ត្រទ្រង់ហើយឆ្លើយពីមូលហេតុដែលយើងធ្វើការសម្រេចចិត្តនានានៅក្នុងជីវិតនេះ។

យើងត្រូវតែជ្រើសរើសរវាង៖ ព្រះនិងប្រាក់។ ប៉ុន្តែតើមានរឿងអ្វីកើតឡើងប្រសិនបើយើងមិនធ្វើការជ្រើសរើស? ពេលនោះចំណងដែលប្រាក់បានចងជីវិតរបស់យើងនឹងរឹតតែរួបរឹតយើងខ្លាំងឡើង។ ការជឿត្រូវគួបផ្សំជាមួយនឹងការជ្រើសរើស។

មានចំណុច៣ដែលធ្វើឲ្យការជ្រើសរើសរបស់យើងមានភាពងាយស្រួល ក្នុងនោះមាន (១) ការស្គាល់ថាព្រះជានរណា (២) ការដឹងថាព្រះអង្គបានធ្វើអ្វីសម្រាប់យើង និង (៣) ការដឹងថាយើងជំពាក់ទ្រង់អ្វីខ្លះ។

ថ្ងៃអាទិត្យ ទី១៤ មករា ឆ្នាំ២០១៨

ព្រះយេស៊ូវជាអ្នកបង្កើតយើងមក

សូមអានគម្ពីរលោកុប្បត្តិ ១:១ ទំនុកតម្កើង ៣៣:៦-៩ អេសាយ ៤៥:១១,១២ យេរេមា ៥១:១៥ និង យ៉ូហាន ១:៣។ តើខទាំងនេះប្រាប់យើងថាផែនដីដែលព្រះបង្កើតមកនេះល្អស្អាតប៉ុនណា?

«ព្រះយេស៊ូវគឺជាអ្នកសាងផ្ទៃមេឃ។ ព្រះអង្គបង្កើតផែនដី។ ព្រះហស្តរបស់ទ្រង់ដាក់ភពទាំងពួងនៅឯវាលលំហ។ ហើយព្រះអង្គបង្កើតផ្កាដែលដុះតាមវាល។ `ទ្រង់​ [ព្រះយេស៊ូវ] បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំមួន ដោយ​ឥទ្ធិឫទ្ធិ​នៃ​ទ្រង់ ទ្រង់​ក្រវាត់​ដោយ​ឫទ្ធានុភាព’ [ទំនុកតម្កើង ៦៥:៦]។ «សមុទ្រ​ជា​របស់​ផង​ទ្រង់ [ព្រះយេស៊ូវ] គឺ​ទ្រង់​ដែល​បាន​បង្កើត​មក ហើយ​គឺ​ព្រះហស្ត​ទ្រង់​ដែល​បាន​សូន​ធ្វើ​ដី​គោក» [ទំនុកតម្កើង ៩៥:៥]។ ព្រះយេស៊ូវបានបំពេញផែនដីដោយរបស់ស្រស់ស្អាតគ្រប់ជំពូក។ ព្រះអង្គបំពេញខ្យល់ដោយតន្ត្រី។ ហើយព្រះអង្គសរសេរសារពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាទ្រង់នៅលើរបស់ទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនៅលើផែនដី នៅក្នុងខ្យល់ និងនៅលើមេឃផង» ដកស្រង់ពីសៀវភៅ The Desire of Ages របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ ទំព័រ 20។

របស់ដែលព្រះបានបង្កើតមកនៅលើផែនដីមិនមែនជារបស់អាក្រក់ឡើយ។ សាសនាខ្លះបង្រៀនថារបស់ទាំងនេះជារបស់អាក្រក់។ ប៉ុន្តែព្រះគម្ពីរឲ្យតម្លៃខ្ពស់ទៅលើភាពស្រស់ស្អាតរបស់ធម្មជាតិ។

ជារួម ព្រះយេស៊ូវជាអ្នកបង្កើតរបស់ទាំងប៉ុន្មានលើលោកនេះ។ បើដូច្នេះធ្វើម្ដេចឲ្យធម្មជាតិឬលោកិយនេះជារបស់អាក្រក់ទៅកើត? ពិតណាស់យើងអាចប្រើអំណោយរបស់ព្រះក្នុងផ្លូវអាក្រក់បាន។ ប៉ុន្តែការនេះមិនបានធ្វើឲ្យរបស់ដែលព្រះបង្កើតមកនោះជារបស់អាក្រក់ឡើយ។ ព្រះគម្ពីរបានហាមប្រាមយើងមិនឲ្យបង្កការខូចខាតដល់របស់ដែលព្រះបានបង្កើតមកហើយប្រើប្រាស់របស់ទាំងនោះក្នុងផ្លូវអាក្រក់ឡើយ។ ប៉ុន្តែការព្រមាននេះពុំមែនមានន័យថារបស់ដែលព្រះបង្កើតមកជារបស់អាក្រក់ឡើយ។

ពិតជាមិនអាក្រក់ឡើយ! ព្រះបង្កើតផែនដីមកដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានសប្បាយ។ ជាការពិត ព្រះគម្ពីរប្រាប់យើងថា «ហើយ​ត្រូវ​រីករាយ​ចំពោះ​គ្រប់​ទាំង​របស់​ល្អ ដែល​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក​ចុះ ព្រម​ទាំង​ពួក​គ្រួ​ឯង និង​ពួក​លេវី ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​ឯង​ផង» (ចោទិយកថា ២៦:១១ ហើយអានគម្ពីរ ចោទិយកថា ១៤:២៦ផងដែរ)។

ព្រះយេស៊ូវជាអ្នកបង្កើតយើងរាល់គ្នាមក (យ៉ូហាន ១:១-៣)។ ផែនដីគ្រាន់តែជាចំណែកមួយតូចនៃការបង្កបង្កើតដ៏ធំធេងរបស់ព្រះអង្គ។ អំណាចព្រះចេស្ដារបស់ព្រះយេស៊ូវក្នុងការបង្កើតរបស់ពីភាពទទេបានធ្វើឲ្យព្រះអង្គឲ្យតម្លៃពិសេសទៅលើជីវិតនិងអស់អ្នកដែលរស់នៅលើផែនដីនេះ។ ព្រះអង្គទ្រង់ជ្រាបពីថ្លៃបង់ខាតពិតប្រាកដរបស់គ្រប់យ៉ាងដែលទ្រង់បានបង្កើតមក។ ហើយព្រះអង្គជ្រាបថាព្រះអង្កប្រទានរបស់ទាំងនោះមកឲ្យយើងដើម្បីជាផលប្រយោជន៍សម្រាប់យើងហើយក៏ដើម្បីជាសេចក្ដីអំណរដល់យើងដែរ។ ព្រះអង្គក៏ជ្រាបដែរថានឹងមានរឿងអ្វីកើតឡើងនៅពេលមនុស្សយកអំណោយទាំងនោះទៅប្រើក្នុងផ្លូវខុសឬឲ្យរបស់ទាំងនោះជំនួសតំណែងរបស់ព្រះនៅក្នុងជីវិតពួកគេទៀតផង។

ផែនដីដែលយើងកំពុងរស់នៅពីលើនេះពិតជាស្អាតណាស់! ក្រឡេកមើលសម្រស់ធម្មជាតិស្អាតៗដែលព្រះបង្កើតមកចុះ។ មែនហើយ អំពើបាបបានបំផ្លាញរបស់ជាច្រើនដែលព្រះបានបង្កើតមក។ ប៉ុន្តែសូម្បីតែឥឡូវក៏យើងនៅតែមើលឃើញសេចក្ដីល្អជាច្រើនរបស់ព្រះនៅក្នុងធម្មជាតិដែរ។ តើធម្មជាតិនិងសេចក្ដីស្រស់ល្អរបស់វាស្ដែងឲ្យយើងដឹងពីសេចក្ដីល្អរបស់ព្រះដែលបង្កើតយើងមកដូចម្ដេចខ្លះ?

ថ្ងៃច័ន្ទ ទី១៥ មករា ឆ្នាំ២០១៨

ព្រះយេស៊ូវជាបុត្រានៃព្រះហើយក៏ជាកូនមនុស្ស

ជាគ្រីស្ទាន យើងជឿថាព្រះគ្រីស្ទគឺជាព្រះទាំងស្រុងហើយក៏ជាមនុស្សទាំងស្រុងដែរ។ នៅក្នុងព្រះយេស៊ូវជាតិជាព្រះនិងមនុស្សរួមបញ្ចូលគ្នាតែមួយ។ ការរួមបញ្ចូលគ្នារវាងព្រះនិងមនុស្សដែលកើតមាននៅក្នុងព្រះយេស៊ូវនេះធ្វើឲ្យទស្សនៈរបស់ព្រះអង្គចំពោះរបស់លើលោកនេះពិសេស។ ព្រះយេស៊ូវគឺជាព្រះហើយក៏ជាមនុស្ស។ ដូច្នេះព្រះអង្គទ្រង់ជ្រាបយល់ពីរឿងសំខាន់ទាំងនៅលើផែនដីនិងនៅឯឋានសួគ៌ផង។ យើងមិនអាចយល់បានទេថាក្នុងពេលតែមួយព្រះយេស៊ូវគឺជាព្រះផងនិងមនុស្សផងយ៉ាងដូចម្ដេចនោះ។ ប៉ុន្តែសេចក្ដីនេះនៅតែពិតដដែលទោះបើយើងមិនអាចយល់បានក្ដី។ យន្តហោះនៅតែហោះទេតើទោះបើមាននរណាម្នាក់មិនយល់ពីដំណើរការរបស់យន្តហោះក៏ដោយ!

«តទៅនេះគឺជាអាថ៌កំបាំង២យ៉ាង៖ (១) ព្រះ១អង្គរបស់យើងចែកចេញជាបីអង្គ។ ហើយ (២) ព្រះមួយអង្គរបស់យើងត្រូវភ្ជាប់និស្ស័យជាមនុស្សក្នុងនាមយេស៊ូវ.... គ្មានរឿងណានៅលើលោកនេះដែលវិសេសជាងសេចក្ដីពិតដែលព្រះបានក្លាយជាមនុស្សហើយរស់នៅជាមួយមនុស្សនោះទេ»។ ដកស្រង់ពីសៀវភៅ Knowing God, page 53 របស់លោក Packer។

ហេតុអ្វីបានជាព្រះយេស៊ូវយាងមកផែនដីនេះ? ព្រះយាងមកដើម្បីបង្ហាញយើងឲ្យដឹងថាព្រះជាម្ចាស់ស្រឡាញ់និងយកព្រះទ័យទុកដាក់នឹងយើងរាល់គ្នាប៉ុនណា។ មនុស្សខ្លះយល់ខុសអំពីព្រះ។ គេយល់ថាព្រះកាចសាហាវណាស់។ ដូច្នេះព្រះយេស៊ូវក៏យាងចុះមកផែនដីដើម្បីបង្ហាញការពិតអំពីព្រះវរបិតានៃយើងដែលគង់នៅឋានសួគ៌។

ប៉ុន្តែ សាតាំងព្យាយាមបំបែកយើងពីព្រះ។ វាព្យាយាមធ្វើឲ្យយើងគិតថាព្រះមិនយកព្រះទ័យទុកដាក់នឹងយើង។ សាតាំងប្រើប្រាស់ល្បិចកលច្រើនណាស់ដើម្បីបង្អាក់យើងមិនឲ្យដឹងពីសេចក្ដីល្អរបស់ព្រះគុណនៃព្រះ។ តើសាតាំងប្រើល្បិចមួយណា? គឺវាប្រើសេចក្ដីស្រឡាញ់របស់យើងចំពោះរបស់ដែលមាននៅលើលោកនេះ។ ផែនការរបស់សាតាំងជោគជ័យណាស់។

សូមអានគម្ពីរម៉ាថាយ ១៩:១៦-២២។ តើសាច់រឿងដែលមាននៅក្នុងខទាំងនេះបង្ហាញយើងថាសាតាំងអាចប្រើប្រាស់សេចក្ដីស្រឡាញ់របស់យើងចំពោះរបស់នៅលើលោកនេះដើម្បីនាំយើងឲ្យបែកពីព្រះដែរទេ?

សាកស្រមៃពីរូបភាពនៃរឿងនេះនៅក្នុងគំនិតរបស់អ្នក។ ព្រះយេស៊ូវគឺជាព្រះឋិតនៅក្នុងរូបកាយជាមនុស្ស។ ព្រះអង្គកំពុងមានបន្ទូលជាមួយនឹងបុរសវ័យក្មេងម្នាក់នោះ។ ច្បាស់ណាស់ថាបុរសវ័យក្មេងម្នាក់នេះដឹងថាព្រះយេស៊ូវគឺជាបុគ្គលពិសេសម្នាក់។ ប៉ុន្តែតើមានរឿងអ្វីកើតឡើង? បុរសវ័យក្មេងរូបនោះអនុញ្ញាតឲ្យទ្រព្យដ៏ស្ដុកស្ដម្ភរបស់គាត់និងក្ដីស្រឡាញ់របស់នាលោកិយនេះរបស់គាត់ជ្រៀតចូលមកបាំងក្ដីស្រឡាញ់របស់គាត់ចំពោះព្រះ។ របស់ទាំងនោះធ្វើឲ្យបុរសវ័យក្មេងនេះខ្វាក់ខាងឯការឃើញខាងវិញ្ញាណ។ បុរសវ័យក្មេងត្រឡប់ជាមានអារម្មណ៍សោកសៅ។ ហេតុអ្វីបានជាគាត់សោកសៅម្លេះ? គាត់សោកសៅពីព្រោះគាត់ត្រូវបាត់បង់ជីវិតដោយព្រោះទ្រព្យសម្បត្តិរបស់គាត់។ ប៉ុន្តែអារម្មណ៍សោកសៅរបស់គាត់មិនគ្រប់គ្រាន់អាចនឹងធ្វើឲ្យគាត់ធ្វើការសម្រេចចិត្តមួយដែលត្រឹមត្រូវឡើយ។

ទោះជាមានឬក្រ តើធ្វើយ៉ាងណាទើបយើងអាចធានាបានថាយើងមានអារម្មណ៍និងទស្សនៈត្រឹមត្រូវចំពោះរបស់នាលោកិយនេះ?

ថ្ងៃអង្គារ ទី១៦ មករា ឆ្នាំ២០១៨

ព្រះយេស៊ូវដ៏ជាអង្គសង្គ្រោះរបស់យើង

ព្រះមិនដែលចង់ឲ្យយើងស្លាប់នោះទេ។ ប៉ុន្តែអ័ដាមនិងអេវ៉ាបានធ្វើបាប។ ពួកគេបានប្រព្រឹត្តរំលងបញ្ញត្តិរបស់ព្រះ។ ហេតុដូច្នេះមនុស្សលោកក៏ត្រូវបំផ្លាញ។ យើងជំពាក់បំណុលជាមួយនឹងព្រះហើយបំណុលនោះយើងគ្មានសង្ឃឹមថានឹងអាចសងព្រះអង្គបានវិញឡើយ។ ថ្លៃបង់ខាតនៃការប្រព្រឹត្តរំលងក្រឹត្យវិន័យគឺជាសេចក្ដីស្លាប់។ ហើយយើងជាមនុស្ស «ដាច់យ៉ៃ» ដោយព្រោះជាប់ជំពាក់ព្រះនូវបំណុលដែលយើងមិនអាចសងបាន។

ប៉ុន្តែ ព្រះអង្គមានគម្រោងដើម្បីសង្គ្រោះយើងរាល់គ្នាហើយ។ ព្រះអង្គបង្កើតផែនការនេះមកក៏ព្រោះតែព្រះអង្គស្រឡាញ់យើង។ តើផែនការនោះជាអ្វីទៅ? គឺព្រះយេស៊ូវសុខចិត្តចេញថ្លៃលោះនូវអ្វីដែលយើងជំពាក់ (ហេព្រើរ ៧:២២)។ ព្រះអង្គក្លាយមកជាព្រះអង្គសង្គ្រោះរបស់យើង។ ការសម្រេចព្រះទ័យសង្គ្រោះយើងរបស់ព្រះអង្គគឺជា «កិច្ចព្រមព្រៀង» ដ៏សំខាន់ជាងកិច្ចព្រមព្រៀងណាៗទាំងអស់។ ព្រះអង្គសុខព្រះទ័យចេញថ្លៃលោះបំណុលរបស់យើងដោយព្រះជន្មរបស់ព្រះអង្គ។ មានតែព្រះជន្មរបស់ព្រះអង្គប៉ុណ្ណោះដែលអាចលោះបំណុលដែលយើងជំពាក់ក្រឹត្យវិន័យបាន។ ដូច្នេះព្រះយេស៊ូវជាអ្នកចេញថ្លៃលោះបាបរបស់យើង។ សេចក្ដីមេត្តានិងយុត្តិធម៌ចូលរួមជាមួយគ្នានៅក្នុងការសុគតរបស់អង្គព្រះយេស៊ូវ។ ពិតជាទ្រព្យដ៏មហាសាលមែនដែលបានប្រើដើម្បីលោះបាបយើងនៅលើឈើឆ្កាង! ឋានសួគ៌មិនធ្លាប់ឃើញថ្លៃលោះឯណាដែលមានតម្លៃលើសពីទ្រព្យសម្បត្តិទាំងពួងដែលព្រះបានប្រទានឲ្យនៅលើឈើឆ្កាងនោះទេ។

«ព្រះជាម្ចាស់ទិញទាំងចិត្ត គំនិត និងព្រលឹងរបស់មនុស្សគ្រប់រូប។ ព្រះអង្គទិញពួកគេដោយការបង្ហូរទ្រព្យសម្បត្តិទាំងប៉ុន្មានដែលឋានសួគ៌មានមកលើផែនដី។ អ្វីដែលស្ថានសួគ៌មានទាំងប៉ុន្មានបានប្រទានមកឲ្យយើងតាមក្នុងអង្គព្រះយេស៊ូវ» ដកស្រង់ពីសៀវភៅ Christ’s Object Lessons, page 326, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

សូមអានគម្ពីរ កូឡូស ១:១៣ ថែស្សាឡូនីចទី១ ១:១០ ពេត្រុសទី១ ១:១៨ ហេព្រើរ ២:១៤, ១៥ កាឡាទី ៣:១៣ និង វិវរណៈ ១:៥។ ដូចបានអានក្នុងខនីមួយៗស្រាប់ តើព្រះយេស៊ូវសង្គ្រោះយើងពីអ្វី?

នៅក្នុងគម្ពីរយ៉ូហាន ១៩:៣០ យើងឃើញពាក្យជាភាសាក្រិកថា «tetelestai»។ ពាក្យនេះមានន័យថា «ការបានស្រេចហើយ»។ ពាក្យពេចន៍ទាំងនេះត្រូវគេឲ្យឈ្មោះថាជាពាក្យដែលសំខាន់ជាងពាក្យណាៗទាំងអស់ដែលមនុស្សលោកបានប្រើនៅលើលោកនេះ។ ពាក្យពេចន៍ទាំងនេះគឺជាបន្ទូលចុងក្រោយខ្លះដែលព្រះយេស៊ូវមានបន្ទូលនៅលើឈើឆ្កាង។ «ការបានស្រេចហើយ» បានសេចក្ដីថាព្រះរាជកិច្ចរបស់ព្រះយេស៊ូវនៅលើផែនដីនេះបានស្រេចហើយ។ បន្ទូលទាំងនេះមានន័យថាព្រះបានចេញថ្លៃលោះបំណុលទាំងប៉ុន្មានដែលយើងជំពាក់ក្រឹត្យវិន័យអស់ហើយ។ ព្រះយេស៊ូវមានបន្ទូលថា «ការបានស្រេចហើយ» ដោយក្ដីសង្ឃឹម។ ព្រះអង្គមានបន្ទូលទាំងនេះក្នុងនាមជាអ្នកបានសង្គ្រោះមនុស្សមានបាបពីសេចក្ដីស្លាប់បានជោគជ័យហើយ។ ព្រឹត្តិការណ៍ដែលកើតឡើងនៅលើឈើឆ្កាងទាំងប៉ុន្មានផ្ដល់ក្ដីសង្ឃឹមដល់យើងពីបច្ចុប្បន្ននិងទៅអនាគត។ ព្រះយេស៊ូវបានប្រគល់ព្រះជន្មរបស់ព្រះអង្គដើម្បីបំផ្លាញបាប សេចក្ដីស្លាប់ និងកិច្ចការរបស់សាតាំងជារៀងរហូតទៅ។ ដូច្នេះយើងបានសង្គ្រោះហើយ (អេភេសូរ ១:៧)។

ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះរាជកិច្ចរបស់ព្រះអង្គក្នុងសភាពជាអង្គសង្គ្រោះរបស់យើងបង្ហាញយើងពីសិរីល្អពិតរបស់ព្រះ។ ព្រះយេស៊ូវចង់សង្គ្រោះយើងជាងអ្វីៗទាំងអស់។ សេចក្ដីប៉ងប្រាថ្នានេះបង្ហាញយើងថាព្រះអង្គស្រឡាញ់យើងប៉ុនណា។ ហើយក៏បង្ហាញថាព្រះអង្គឲ្យតម្លៃយើងប៉ុនណា។

សូមគិតអំពីចំណុចនេះ៖ ព្រះយេស៊ូវចេញថ្លៃបង់ខាតទៅលើរាល់សេចក្ដីអាក្រក់ដែលយើងបានធ្វើ។ តើចម្លើយរបស់អ្នកចំពោះអំណោយទាននេះត្រូវតែជាអ្វី? (សូមអានគម្ពីរ យ៉ូប ៤២:៥, ៦)។

ថ្ងៃពុធ ទី១៧ មករា ឆ្នាំ២០១៨

ព្រះដែលថែរក្សាអ្វីដែលជារបស់ព្រះអង្គដោយយកព្រះទ័យទុកដាក់

នៅក្នុងគម្ពីរនិក្ខមនំ ជំពូក៩ ព្រះជាម្ចាស់កំពុងតែឋិតនៅក្នុងចម្បាំងខាងឯវិញ្ញាណជាមួយនឹងព្រះរាជានៃសាសន៍អេស៊ីព្ទ។ ព្រះរាជានៃប្រទេសអេស៊ីព្ទមានព្រះនាមថាផារ៉ោន។ ស្ដេចផារ៉ោនមិនព្រមលើកតម្កើងព្រះឬអនុញ្ញាតឲ្យរាស្ត្ររបស់ព្រះអង្គចាកចេញទៅ។ ដូច្នេះព្រះជាម្ចាស់ក៏ព្រមានដល់ស្ដេចផារ៉ោនថា «អញ​នឹង​ដាក់​សេចក្តី​វេទនា​ទាំង​អស់ មក​ទាស់​នឹង​ចិត្ត​ឯង និង​ពួក​មហាតលិក ហើយ​នឹង​រាស្ត្រ​ឯង​ផង ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ» (និក្ខមនំ ៩:១៤)។

តើព្រះជាម្ចាស់មានន័យយ៉ាងដូចម្ដេចដែលទ្រង់មានបន្ទូលថា «នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច​អញ​ឡើយ» ?

«ការយល់ដឹងរបស់យើងមានដែនកំណត់។ ដូច្នេះយើងមិនអាចស្គាល់បានជាប្រាកដថាព្រះជានរណាឬតើព្រះអង្គធ្វើអ្វីនោះទេ។ អ្នកប្រាជ្ញដែលពូកែខាងគំនិតនិងរៀនសូត្របានខ្ពស់ទាំងប៉ុន្មាននៅលើលោកនេះមិនអាចស្វែងយល់បានអស់សេចក្ដីពីព្រះបានឡើយ។ ព្រះគឺជាអង្គបរិសុទ្ធ។ ព្រះអង្គនឹងតែងតែនៅជាអាថ៌កំបាំងតទៅ» ដកស្រង់ពីសៀវភៅ Testimony for the Church, volume 5, page 698, 699, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

គ្មានអ្វីអាចស្មើនឹងព្រះបានឡើយ (ពង្សាវតាក្សត្រទី១ ៨:៦០)។ ព្រះអង្គទ្រង់ព្រះតម្រិះនិងប្រព្រឹត្តតាមវិធីដែលយើងមិនអាចនឹងយល់បាន។ យើងអាចព្យាយាមធ្វើព្រះឲ្យទៅជាដូចមនុស្សលោកយើង។ តែព្រះនឹងនៅតែជាព្រះដដែល។ ព្រះអង្គជាអ្នកបង្កើតបន្ទះព្រឹល ខួរក្បាល និងដួងតារា។ ព្រះអង្គជាអ្នកបង្កើតលក្ខណៈពិសេសៗនៅក្នុងខ្លួនយើងដែលធ្វើឲ្យយើងខុសពីអ្នកដទៃ។ «ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ» (ពង្សាវតាក្សត្រទី១ ៨:៦០)។

សូមអានគម្ពីរសាំយូអែលទី១ ២:២ ទំនុកតម្កើង ៨៦:៨ អេសាយ ៥៥:៨, ៩ យេរេមា ១០:២០ និងទីតុស ១:២។ តើខទាំងនេះប្រាប់យើងថាព្រះខុសពីអ្វីដែលទ្រង់បង្កើតដែរទេ?

សាកគិតពីព្រះទាំងស្រុង ពីរបស់ទាំងប៉ុន្មានដែលជារបស់ទ្រង់ និងពីគ្រប់ទាំងកិច្ចដែលទ្រង់បានធ្វើ។ ពិតជាពិបាកនឹងរកនឹកថានឹងមានអ្នកណាហ៊ានប្រកួតប្រជែងជាមួយនឹងព្រះណាស់។ ប៉ុន្តែ «សម្ភារៈ» ពិតជាបានប្រកួតប្រជែងជាមួយនឹងព្រះអង្គដើម្បីទាញយកចំណាប់អារម្មណ៍របស់យើង។ សម្ភារៈទាំងនេះព្យាយាមទាញយកចំណាប់អារម្មណ៍របស់យើងឲ្យចេញឆ្ងាយពីព្រះអង្គ។ ដូច្នេះព្រះជាម្ចាស់ត្រូវតែ «តយុទ្ធ» ជាមួយរបស់ទាំងនោះដើម្បីសេចក្ដីស្រឡាញ់របស់យើង។ ទំនងជាបែបនេះហើយបានជាព្រះអង្គមានបន្ទូលថាព្រះអង្គជាព្រះដែល «ប្រចណ្ឌ» (និក្ខមនំ ៣៤:១៤)។ ព្រះជាម្ចាស់បានបង្កើតយើងមកឲ្យមានសេរី។ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យយើងក្នុងការជ្រើសរើសថាត្រូវបម្រើអ្នកណា។ ជាញឹកញយយើងជ្រើសរើសបម្រើព្រះដទៃវិញ។ ការជ្រើសរើសបម្រើព្រះដទៃជាជាងព្រះអង្គតែងតែជាបញ្ហាចម្បងសម្រាប់យើងតាំងតែពីដើមមក។ មានតែព្រះអង្គមួយអង្គគត់ដែលស័ក្ដិសមឲ្យយើងបម្រើ។ ព្រោះជារួម ព្រះអង្គជាអ្នកបង្កើតរបស់សព្វសារពើ។ របស់គ្រប់យ៉ាងជារបស់ផងទ្រង់។ ហេតុដូច្នោះហើយបានជាព្រះអង្គគឺជាព្រះដែលប្រចណ្ឌ។

តើមានអ្វីខ្លះនៅក្នុងជីវិតរបស់អ្នកដែលប្រកួតប្រជែងជាមួយនឹងព្រះយកសេចក្ដីស្រឡាញ់និងស្មោះស្ម័គ្រពីអ្នក?

ថ្ងៃព្រហស្បតិ៍ ទី១៨ មករា ឆ្នាំ២០១៨

ម្ចាស់ពិតប្រាកដ

យើងរាល់គ្នាជារបស់ផងព្រះ។ ព្រះអង្គបង្កើតយើងហើយព្រះអង្គសុគតដើម្បីសង្គ្រោះយើង។ យើងជារបស់ផងទ្រង់ពីព្រោះព្រះអង្គបានធ្វើកិច្ចការទាំងពីរនេះ។ គ្រប់យ៉ាងដែលយើងមានក៏ជារបស់ផងព្រះដែរ។ មានតែសិទ្ធិក្នុងការជ្រើសរើសប៉ុណ្ណោះដែលជារបស់យើងផ្ដាច់មុខ។

មនុស្សដែលមិនស្រឡាញ់ព្រះមានទស្សនៈផ្សេង។ ពួកគេជឿថាយើងជាម្ចាស់ពិតប្រាកដរបស់ទ្រព្យទាំងប៉ុន្មានដែលយើងមាន។ គំនិតនេះមិនត្រឹមត្រូវឡើយ។ ប៉ុន្តែគ្រីស្ទានដឹងថាពួកគេមិនមែនជាម្ចាស់ពិតប្រាកដលើរបស់ទ្រព្យសម្បត្តិដែលគេមានឡើយ។ អស់អ្នកណាដែលជឿលើទស្សនៈមុននេះគឺប្រឆាំងនឹងការបង្រៀនរបស់ព្រះគម្ពីរ។

ព្រះគឺជាម្ចាស់លើគ្រប់របស់ទាំងអស់ (យ៉ូប ៣៨:៤-១១)។ យើងមិនមែនជាម្ចាស់អ្វីទាំងអស់។ យើងគ្រាន់តែជាមនុស្សចម្លែកនៅលើផែនដីនេះហើយជាអ្នកគ្រប់គ្រងលើរបស់ដែលព្រះប្រទានឲ្យប៉ុណ្ណោះ។ ដូចគ្នានេះដែរ សាសន៍អ៊ីស្រាអែលគ្រាន់តែជាអ្នកគ្រប់គ្រងលើរបស់ទាំងប៉ុន្មានដែលព្រះប្រទានឲ្យគេនៅក្នុងទឹកដីសន្យាប៉ុណ្ណោះ។ សូម្បីតែខ្យល់ដង្ហើមរបស់យើងក៏យើងត្រូវពឹងផ្អែកលើព្រះដែរ (កិច្ចការ ១៧:២៥)។ ដូច្នេះរបស់ណាដែលយើងគិតថាយើងជាម្ចាស់ តាមពិតព្រះសោះជាម្ចាស់ពិតប្រាកដ។ យើងគ្រាន់តែជាអ្នកថែរក្សាទ្រព្យរបស់ព្រះអង្គប៉ុណ្ណោះ។ យើងមាននាទីនាំសិរីល្អថ្វាយព្រះដោយការថែរក្សាទ្រព្យរបស់ព្រះឲ្យបានល្អ។ ព្រះជាម្ចាស់មិនត្រឹមតែយកទ្រព្យសម្បត្តិរបស់ទ្រង់ឲ្យយើងមើលថែនោះទេ ព្រះអង្គថែមទាំងឲ្យយើងថែរក្សារបស់ដែលយើងមិនអាចប៉ះបានទៀតផង។ របស់ទាំងនេះអាចរស់តែក្នុងចិត្តនិងគំនិតរបស់យើងប៉ុណ្ណោះ។ ឧទាហរណ៍ពីរបស់ទាំងនេះរួមមាន ក្ដីស្រឡាញ់ ចំណេះដឹង និងជំនាញនានា។

សូមអានគម្ពីរ ចោទិយកថា ១០:១៤ ទំនុកតម្កើង ៥០:១០, ១០៤:១៦ អេសេគាល ១៨:៤ ហាកាយ ២:៨ និងកូរិនថូសទី១ ៦:១៩, ២០។ តើខទាំងនេះចែងថាឲ្យយើងមានទស្សនៈបែបណាចំពោះរបស់ដែលយើងមាន?

«របស់គ្រប់យ៉ាងគឺជារបស់ព្រះ។ មនុស្សលោកអាចសម្រេចចិត្តមិនខ្វាយខ្វល់ពីការដែលគេជំពាក់ព្រះអង្គ។ ពួកគេអាចនឹងប្រើប្រាស់រាល់ទ្រព្យដែលព្រះអង្គប្រទានឲ្យគេដើម្បីបំពេញតាមសេចក្ដីប៉ងប្រាថ្នាបែបអាត្មានិយមរបស់គេ។ ប៉ុន្តែពេលមួយពួកគេនឹងត្រូវទារឲ្យផ្ដល់ហេតុផលនៃការប្រើប្រាស់អំណោយរបស់ព្រះតាមបែបដែលគេបានប្រើ»។ ដកស្រង់ពីសៀវភៅ Testimonies for the Church, volume 9, page 246, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ព្រះជាម្ចាស់ប្រើប្រាស់អំណោយដែលព្រះអង្គបានប្រទានមកឲ្យយើងនៅក្នុងជីវិតនេះដើម្បីជួយឲ្យយើងត្រៀមខ្លួនសម្រាប់ស្ថានសួគ៌និងជួយអ្នកដទៃ។ ប៉ុន្តែអ្នកគ្រប់គ្រងអាក្រក់អាចកម្រិតការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ម្ចាស់ទ្រព្យ។ ដូចដែលយើងបានរៀនរួចមកហើយ ព្រះមិនបង្ខំឲ្យយើងបម្រើទ្រង់ទេ។ ព្រះអង្គប្រទានរបស់ឲ្យយើងមើលថែរហូតទាល់តែទ្រង់យាងមកវិញ។ របៀបដែលយើងថែរក្សាទ្រព្យទាំងនោះបង្ហាញពីប្រភេទនៃទំនាក់ទំនងរបស់យើងជាមួយព្រះអង្គ។

តើសេចក្ដីដែលថាគ្រប់យ៉ាងដែលយើងមានជារបស់ព្រះមានអត្ថន័យយ៉ាងដូចម្ដេច? តើសេចក្ដីនេះគួរឲ្យយើងមានអារម្មណ៍និងគិតយ៉ាងណាចំពោះរបស់ទាំងប៉ុន្មានដែលយើងមាន?

ថ្ងៃសុក្រ ទី១៩ មករា ឆ្នាំ២០១៨

សិក្សាបន្ថែម

តើនៅក្នុងព្រះគម្ពីរត្រង់ណាដែលយើងអាចរកគំរូនៃការថែរក្សាទ្រព្យសម្បត្តិរបស់ព្រះមុនគេបង្អស់? ការថែរក្សាទ្រព្យសម្បត្តិរបស់ព្រះផ្ដើមពីលោកអ័ដាមនិងនាងអេវ៉ា។ ព្រះជាម្ចាស់បានដាក់លោកអ័ដាមនិងអេវ៉ានៅក្នុងសួនអេដែនដ៏ស្រស់ស្អាត។ ពួកគាត់រស់នៅក្នុងសួនអេដែនហើយថែរក្សាសួននោះ (លោកុប្បត្តិ ២:១៥)។ នៅក្នុងសួនដ៏ប្រណីតនេះពួកគេបានរៀនពីភារកិច្ចដែលព្រះប្រទានឲ្យពួកគាត់ធ្វើ។ កិច្ចការដែលពួកគាត់ធ្វើនៅក្នុងសួនអេដែនផ្ដល់អត្ថន័យដល់ជីវិតរបស់ពួកគាត់។ វានាំមកនូវសុភមង្គលដល់គូស្រករថ្មីថ្មោង។

ពាក្យជាភាសាហេព្រើរសម្រាប់ពាក្យ «មានអំណាចលើ» (លោកុប្បត្តិ ១:២៦, ២៨) មានន័យថា «យកមកដាក់ក្រោមការគ្រប់គ្រង»។ ការគ្រប់គ្រងនេះពុំមែនមានន័យថាប្រើអំណាចដើម្បីបង្ខំអ្វីដទៃទៀតឲ្យធ្វើតាមយើងនោះទេ។ ផ្ទុយទៅវិញវាជាអំណាចដ៏ស្រទន់មួយក្នុងការថែទាំអ្វីទាំងប៉ុន្មានដែលព្រះបានបង្កើតមក។ ករណីយកិច្ចក្នុងការថែរក្សារបស់ទាំងប៉ុន្មានដែលព្រះបានបង្កើតមកមិនទាន់ចប់នៅឡើយទេ។ យើងត្រូវបន្តថែរក្សាតទៅទៀត។ លោកអ័ដាមនិងនាងអេវ៉ាដឹងថាព្រះគឺជាម្ចាស់។ ពួកគាត់គ្រាន់តែជាអ្នកថែរក្សាទ្រព្យរបស់ទ្រង់ប៉ុណ្ណោះ។ ក្នុងនាមជាអ្នកថែរក្សាទ្រព្យសម្បត្តិរបស់ព្រះ លោកអ័ដាមនិងនាងអេវ៉ាទទួលភារកិច្ចថែរក្សាទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ទ្រង់។ តែគេមិនមែនជាម្ចាស់នោះទេ។ ពួកគេត្រូវបង្ហាញព្រះថាពួកគេស្មោះត្រង់ចំពោះកិច្ចការដែលព្រះបានប្រទានដល់គេ។

«ព្រះបានប្រទានសួនអេដែនឲ្យលោកអ័ដាមនិងនាងអេវ៉ាថែទាំ។ ពួកគាត់ត្រូវ «ធ្វើ​ការ​ហើយ​ថែ​រក្សា» (លោកុប្បត្តិ ២:១៥)។ កិច្ចការរបស់ពួកគាត់ធ្វើឲ្យពួកគាត់សប្បាយចិត្ត... គ្មានការអ្វីដែលគាត់ធ្វើៗឲ្យពួកគាត់នឿយហត់ឡើយ។ កិច្ចការរបស់ពួកគាត់មិនលំបាកទេ។ ពេលវេលារបស់ពួកគាត់មានពេញដោយការងារមានប្រយោជន៍ជាច្រើន។ ពួកគាត់មានអារម្មណ៍កៀកស្និទ្ធនឹងគ្នាណាស់។ កិច្ចការរបស់ពួកគាត់គួរជាទីសប្បាយណាស់។ ព្រះជាម្ចាស់ហើយនិងព្រះគ្រីស្ទមកលេងជាមួយពួកគាត់ហើយមានបន្ទូលជាមួយពួកគាត់។ ព្រះជាម្ចាស់បង្កើតលោកអ័ដាមនិងនាងអេវ៉ាមកឲ្យមានសេរីភាព.... ព្រះជាម្ចាស់គឺជាម្ចាស់នៃសួនអេដែនដ៏ជាលំនៅឋានរបស់ពួកគេ។ ពួកគាត់គ្រប់គ្រងទីនោះសម្រាប់ព្រះជាម្ចាស់»។ ដកស្រង់ពីសៀវភៅ Manuscript Releases, volume 10, page 327, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. ព្រះគឺជាម្ចាស់នៃផែនដីទាំងមូល។ តើសេចក្ដីនេះបង្រៀនយើងយ៉ាងដូចម្ដេចអំពីករណីយកិច្ចរបស់យើងក្នុងការថែទាំរបស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក?

  2. សូមពិចារណាបន្ថែមទៀតទៅលើសេចក្ដីដែលថាព្រះគឺជាព្រះដែល «ប្រចណ្ឌ» (និក្ខមនំ ៣៤:១៤)។ ជាទូទៅយើងគិតថាការប្រចណ្ឌជារឿងអាក្រក់។ ដូច្នេះយើងពិបាកនឹងយល់ពីសេចក្ដីប្រចណ្ឌរបស់ព្រះ។ តើធ្វើម្ដេចឲ្យយើងអាចយល់បានបើវាខុសពីសេចក្ដីប្រចណ្ឌដែលយើងឃើញនៅក្នុងមនុស្ស?

  3. ព្រះជាម្ចាស់បានបង្កើតរបស់យ៉ាងសម្បូរបែបដើម្បីឲ្យយើងសប្បាយរីករាយ។ តែយើងត្រូវប្រុងប្រយ័ត្នមិនត្រូវប្រើរបស់ទាំងនោះក្នុងផ្លូវខុសឡើយ។ តើធ្វើយ៉ាងណាយើងអាចរៀនប្រើរបស់ទាំងនោះក្នុងផ្លូវត្រូវហើយឲ្យបានសប្បាយ?
Powered by CAM