មេរៀនទី៣​៖ ១៤-២០ មេសា ២០១៨

ព្រះយេស៊ូវ និងគម្ពីរវិវរណៈ

Jeans
ថ្ងៃសៅរ៍ ទី១៤ មេសា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កូរិនថូសទី១ ១០:១-១១ វិវរណៈ ១២:១-១៧ វិវរណៈ ១៩:១១-១៥ អេភេសូរ ១:២០។

ខចងចាំ៖ «ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​អញ ដូច​ជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជា​មួយ​នឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ» (វិវរណៈ ៣:២១)។

សូមអានគម្ពីរសញ្ញាថ្មីត្រួសៗឲ្យបានចប់ ពេលនោះអ្នកនឹងបានឃើញសេចក្ដីពិតមួយ៖ ម្ដងហើយម្ដងទៀតអ្នកសរសេរគម្ពីរសញ្ញាថ្មីប្រើខគម្ពីរសញ្ញាចាស់យកមកសរសេរ។ ព្រះយេស៊ូវក៏ដូច្នោះដែរ។ ព្រះអង្គតែងលើកយករឿងមួយចំនួននៅក្នុងគម្ពីរសញ្ញាចាស់ដែលនឹងត្រូវកើតឡើង (សូមអានគម្ពីរម៉ាកុស ១៤:៤៩)។

យើងឃើញទំនាក់ទំនងដូចគ្នានេះរវាងសញ្ញាចាស់និងសញ្ញាថ្មីដែរ។ ការដែលឲ្យគម្ពីរវិវរណៈមានន័យដោយគ្មានគម្ពីរសញ្ញាចាស់នោះពិតជាមិនអាចទៅរួចទេ។ គម្ពីរដានីយ៉ែលជួយឲ្យយើងយល់អំពីគម្ពីរវិវរណៈជាងគេបង្អស់ក្នុងចំណោមគម្ពីរទាំងប៉ុន្មាននៅក្នុងគម្ពីរសញ្ញាចាស់។ នេះហើយជាហេតុផលមួយដែលយើងតែងតែសិក្សាគម្ពីរទាំង២នេះជាមួយគ្នា។

គម្ពីរវិវរណៈប្រើខគម្ពីរពីសញ្ញាចាស់ជាច្រើន។ ខទាំងនេះបង្ហាញព្រះយេស៊ូវដល់យើង។ គម្ពីរវិវរណៈទាំងមូលគឺស្ដីអំពីព្រះយេស៊ូវ។ គម្ពីរនេះបង្ហាញពីអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់រាស្ត្ររបស់ទ្រង់ហើយនឹងសេចក្ដីដែលព្រះអង្គនឹងធ្វើសម្រាប់យើងនៅគ្រាចុងក្រោយ។ ការសិក្សាទៅលើសម័យចុងក្រោយណាក៏ដោយតោងតែយកព្រះយេស៊ូវជាចំណុចកណ្ដាល។ គម្ពីរវិវរណៈធ្វើយ៉ាងដូច្នោះឯង។ សប្ដាហ៍នេះយើងនឹងក្រឡេកមើលព្រះយេស៊ូវតាមរយៈគម្ពីរវិវរណៈ។

ថ្ងៃអាទិត្យ ទី១៥ មេសា ឆ្នាំ២០១៨

ប្រធានបទនៅក្នុងគម្ពីរវិវរណៈ

ទាំងគម្ពីរដានីយ៉ែលនិងវិវរណៈសុទ្ធតែអាចញែកចេញជាពីរប្រធានបទបានដូចគ្នា៖ (១)ប្រវត្តិសាស្ត្រ និង (២) ព្រឹត្តិការណ៍ដែលនឹងកើតឡើងនាសម័យចុងក្រោយ។ ប្រធានបទទាំង២ផ្សារភ្ជាប់យ៉ាងស្អិតរមួតនៅក្នុងគម្ពីរនីមួយៗនេះ។ យើងអាចមើលសំណេរពីប្រវត្តិសាស្ត្រពីក្នុងគម្ពីរនីមួយៗទុកជាគំរូដែលនឹងកើតឡើងនៅសម័យចុងក្រោយ។ ដូច្នេះការសិក្សាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងគម្ពីរសញ្ញាចាស់របស់យើងអាចជួយយើងឲ្យយល់ពីអ្វីដែលនឹងកើតឡើងនៅក្នុងសម័យកាលរបស់យើង។ រូបមន្តសំខាន់នៃការសិក្សាព្រះគម្ពីរនេះអាចយកទៅប្រើប្រាស់ជាមួយនឹងគម្ពីរដទៃទៀតនៅក្នុងព្រះគម្ពីរទាំងមូលបានដែរ។

សូមអានគម្ពីរកូរិនថូសទី១ ១០:១-១១។ តើយើងឃើញរូបមន្តនៃការសិក្សាព្រះគម្ពីរដែលយើងទើបតែលើកឡើងខាងលើនៅក្នុងខគម្ពីរទាំងនេះដែរទេ?

កាលពីសប្ដាហ៍មុនយើងបានរៀនរួចមកហើយថាសាច់រឿងខ្លះនៅក្នុងគម្ពីរដានីយ៉ែលបង្ហាញពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ។ (ឧទាហរណ៍រួមបញ្ចូលទាំងគម្ពីរដានីយ៉ែល ៣:៦, ១៥, ២៧ និងដានីយ៉ែល ៦:៦-៩, ២១, ២២)។ នៅពេលដែលយើងសិក្សាអំពីរឿងទាំងនេះ យើងកាន់តែយល់ដឹងអំពីរឿងដែលរាស្ត្ររបស់ព្រះនឹងត្រូវជួបប្រទះនៅគ្រាចុងក្រោយ។ គម្ពីរវិវរណៈបង្ហាញយើងថែមទៀតអំពីរឿងទាំងនេះ។ ទំនងជាគំនិតសំខាន់ជាងគេបង្អស់ដែលគម្ពីរដានីយ៉ែលបង្រៀនយើងនោះគឺថានៅទីបំផុតព្រះនឹងសង្គ្រោះយើង។ គម្ពីរវិវរណៈក៏បង្រៀនយើងថាព្រះនឹងឲ្យអ្នកតាមព្រះអង្គមានជ័យជម្នះដែរ។

យើងអាចបែងចែកគម្ពីរវិវរណៈទៅជាប្រធានបទផ្សេងៗ ពីជំពូកមួយទៅជំពូកមួយ៖ ជំពូក១-១១ និយាយអំពីប្រវត្តិសាស្ត្រ។ ជំពូក ១៣-២២ និយាយអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ។ ពិតណាស់មានជំពូកខ្លះដែលចូលក្នុងប្រធានបទទាំង២នេះហើយយើងនឹងឃើញក្នុងពេលបន្តិចទៀតនេះ។

សូមអានគម្ពីរវិវរណៈ ១២:១-១៧។ តើយើងគួរចាត់ទុកជំពូកនេះក្នុងប្រធានបទអ្វី? តើយើងគួរដាក់ជំពូកនេះក្រោមប្រធានបទប្រវត្តិសាស្ត្រ? ឬតើយើងគួរដាក់ជំពូកនេះនៅក្រោមប្រធានបទស្ដីអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាចុងក្រោយ? ចូរពន្យល់។

ដូចយើងបានឃើញស្រាប់មកហើយ គម្ពីរវិវរណៈជំពូក១២ចាត់ចូលទៅក្នុងប្រធានបទទាំងពីរគឺ៖ ប្រវត្តិសាស្ត្រផងនិងព្រឹត្តិការណ៍ដែលនឹងកើតឡើងនាសម័យចុងក្រោយផង។ ហេតុអ្វី? ពីព្រោះជំពូក១២នេះមានបរិយាយអំពីសង្គ្រាមជាច្រើនដែលកើតមាននៅក្នុងប្រវត្តិសាស្ត្រដូចជា៖ (១) សាតាំងច្បាំងនឹងព្រះហើយត្រូវព្រះទម្លាក់ពីឋានសួគ៌ (វិវរណៈ ១២:៧-៩)។ (២) សាតាំងតាមយាយីទារកយេស៊ូវ (វិវរណៈ១២:៤)។ និង (៣) សាតាំងយាយីដល់ពួកជំនុំរបស់ព្រះ (វិវរណៈ ១២: ១៤-១៦)។ បន្ទាប់ពីការពិភាក្សាអំពីប្រវត្តិសាស្ត្រនេះរួចមកគម្ពីរវិវរណៈនេះក៏ចាប់ផ្ដើមនិយាយអំពីការយាយីមកលើរាស្ត្ររបស់ព្រះនៅគ្រាចុងក្រោយ (វិវរណៈ ១២:១៧)។

ថ្ងៃច័ន្ទ ទី១៦ មេសា ឆ្នាំ២០១៨

រូបភាពនៃព្រះយេស៊ូវ

សូមអានខខាងក្រោមទាំងនេះ។ ខខ្លះហៅព្រះនាមព្រះយេស៊ូវផ្សេងៗពីគ្នា។ ខខ្លះបរិយាយអំពីព្រះយេស៊ូវហើយនិងសេចក្ដីដែលទ្រង់បានធ្វើ កំពុងធ្វើ ហើយនិងនឹងធ្វើសម្រាប់យើង។ តើខនីមួយៗខាងក្រោមនេះបង្រៀនយើងពីព្រះយេស៊ូវយ៉ាងដូចម្ដេចខ្លះ?

-វិវរណៈ ១:៥-----------------------------------

-វិវរណៈ ១:១៨--------------------------------

-វិវរណៈ ៥:៨-----------------------------------

-វិវរណៈ ១៩:១១-១៥-------------------------

-វិវរណៈ ២១:៦--------------------------------

ខទាំងនេះគ្រាន់តែជាខមួយចំនួននៅក្នុងគម្ពីរវិវរណៈប៉ុណ្ណោះដែលបង្ហាញយើងអំពីព្រះយេស៊ូវនិងព្រះរាជកិច្ចដែលទ្រង់ធ្វើ។ ព្រះយេស៊ូវគឺជាកូនចៀម។ រូបភាពនៃព្រះយេស៊ូវជាកូនចៀមបែបនេះជួយឲ្យយើងគិតទៅដល់ការយាងមករបស់ព្រះអង្គលើកដំបូងដែលព្រះអង្គយាងមកផែនដីហើយសុគតជួសបាបយើង។ ពួកយូដាបានសម្លាប់កូនចៀមពេលគេចាកចេញពីស្រុកអេស៊ីព្ទ។ ព្រះយេស៊ូវគ្រីស្ទគឺជាកូនចៀមរបស់យើង។ «​ព្រះគ្រីស្ទ​ដ៏​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ» (កូរិនថូសទី១ ៥:៧)។ ព្រះយេស៊ូវមានបន្ទូលថាព្រះអង្គគឺជា «​ព្រះ​ដ៏​រស់​នៅ អញ​បាន​ស្លាប់ តែ​មើល អញ​រស់​នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ​វិញ អញ​ក៏​មាន​កូន​សោ​នៃ​សេចក្តី​ស្លាប់ និង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ» (វិវរណៈ ១:១៨)។ បន្ទូលនេះធ្វើឲ្យយើងនឹកចាំពីការសុគតរបស់ព្រះយេស៊ូវហើយនិងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ព្រះអង្គ។ «ទ្រង់​មាន​ព្រះបន្ទូល​ទៅ​គេ​ថា គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះគ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​៣​ទ្រង់​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ» (លូកា ២៤:៤៦)។ ខគម្ពីរវិវរណៈ ១៩:១១-១៥ បង្ហាញព្រះយេស៊ូវថាជាស្ដេចដ៏មានអំណាចចេស្ដាមួយអង្គនៅក្នុងការយាងមកជាលើកទីពីរ។ នៅគ្រានោះព្រះអង្គនឹងយាងមកផែនដីនេះវិញដោយមានព្រះចេស្ដានិងសិរីល្អដើម្បីវិនិច្ឆ័យ។ ​«កូន​មនុស្ស​នឹង​មក​ក្នុង​សិរីល្អ​នៃ​ព្រះវរបិតា ជា​មួយ និង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន» (ម៉ាថាយ ១៦៖២៧)។

ក្នុងនាមជាអ្នកគ្រីស្ទាន យើងជឿលើព្រះជន្មរបស់ព្រះយេស៊ូវ ការសុគតរបស់ព្រះអង្គ ការមានព្រះជន្មរស់ពីសុគតវិញរបស់ទ្រង់ ហើយនិងការយាងមកជាលើកទី២របស់ទ្រង់។ តើរៀងរាល់ថ្ងៃយើងអាចរៀនយកជំនឿទាំងនេះមកទុកជាចំណុចសំខាន់នៅក្នុងជីវិតយើងហើយទុកជាហេតុផលសម្រាប់រាល់ការសម្រេចចិត្តរបស់យើងដោយរបៀបណា?

ថ្ងៃអង្គារ ទី១៧ មេសា ឆ្នាំ២០១៨

សព្វថ្ងៃនេះព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចសម្រាប់យើងនៅឯឋានសួគ៌

យើងបានរៀនរួចមកហើយថាគម្ពីរវិវរណៈអាចចែកចេញជាពីរប្រធានបទធំៗរួមមាន៖ ប្រវត្តិសាស្ត្រនិងព្យាករណ៍អំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាសម័យចុងក្រោយ។ តែនៅមានប្រធានបទ១ផ្សេងនៅក្នុងគម្ពីរនេះដែរ ហើយប្រធានបទនោះគឺពាក់ព័ន្ទទៅនឹងរោងឧបោសថរបស់សាសន៍ហេព្រើរ។ រោងឧបោសថរបស់សាសន៍ហេព្រើរគឺជាទីដែលគេថ្វាយបង្គំព្រះនៅក្នុងសញ្ញាចាស់មុនដែលគេសាងសង់ព្រះវិហាររបស់ស្ដេចសាឡូម៉ូនឡើង។ ប្រធានបទស្ដីពីរោងឧបោសថនេះមាននៅក្នុងប្រធានបទទាំងពីរនៃគម្ពីរវិវរណៈ គឺទាំងក្នុងប្រធានបទប្រវត្តិសាស្ត្រទាំងក្នុងប្រធានបទនៃព្រឹត្តិការណ៍ដែលនឹងកើតឡើងនៃសម័យចុងក្រោយ។

យើងបានរៀនរួចមកហើយថាគម្ពីរវិវរណៈអាចចែកចេញជាពីរប្រធានបទធំៗរួមមាន៖ ប្រវត្តិសាស្ត្រនិងព្យាករណ៍អំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាសម័យចុងក្រោយ។ តែនៅមានប្រធានបទ១ផ្សេងនៅក្នុងគម្ពីរនេះដែរ ហើយប្រធានបទនោះគឺពាក់ព័ន្ទទៅនឹងរោងឧបោសថរបស់សាសន៍ហេព្រើរ។ រោងឧបោសថរបស់សាសន៍ហេព្រើរគឺជាទីដែលគេថ្វាយបង្គំព្រះនៅក្នុងសញ្ញាចាស់មុនដែលគេសាងសង់ព្រះវិហាររបស់ស្ដេចសាឡូម៉ូនឡើង។ ប្រធានបទស្ដីពីរោងឧបោសថនេះមាននៅក្នុងប្រធានបទទាំងពីរនៃគម្ពីរវិវរណៈ គឺទាំងក្នុងប្រធានបទប្រវត្តិសាស្ត្រទាំងក្នុងប្រធានបទនៃព្រឹត្តិការណ៍ដែលនឹងកើតឡើងនៃសម័យចុងក្រោយ។

រោងឧបោសថរបស់សាសន៍ហេព្រើរគឺផ្ដើមដោយទីធ្លាខាងមុខ។ ទីធ្លានេះនៅពីខាងក្រៅរោងឧបោសថ។ នៅទីនេះមានអាសនាសម្រាប់សម្លាប់សត្វ។ ហើយសត្វទាំងនេះបង្ហាញពីការសុគតរបស់ព្រះយេស៊ូវសម្រាប់បាបរបស់យើង។ បន្ទាប់ពីសត្វងាប់ទៅ សង្ឃក៏ចូលទៅក្នុងបន្ទប់ដំបូងនៃរោងឧបោសថ។ ព្រះយេស៊ូវក៏ធ្វើដូច្នោះដែរបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ព្រះអង្គក៏យាងចូលទៅក្នុងបន្ទប់ទី១នៃរោងឧបោសថដែរ (វិវរណៈ ១:១៣)។

សូមអានគម្ពីរវិវរណៈ ៤:១, ២។ តើបើកទ្វារមានន័យយ៉ាងដូចម្ដេច? តើសកម្មភាពដែលខទាំងនេះបរិយាយកើតឡើងនៅឯណា? សូមអានគម្ពីរកិច្ចការ ២:៣៣ កិច្ចការ ៥:៣១ ហេព្រើរ ១០:១២, ១៣ និងវិវរណៈ ១២:៥ ដើម្បីបានចម្លើយ។

ព្រះយេស៊ូវក្លាយមកជាសម្ដេចសង្ឃរបស់យើងពេលដែលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ សម្ដេចសង្ឃគឺជាអ្នកដែលបំពេញកិច្ចការដើម្បីសង្គ្រោះប្រជារាស្ត្ររបស់ខ្លួន។ ជាសម្ដេចសង្ឃរបស់យើង ព្រះយេស៊ូវបានផ្ដល់ព្រះលោហិតរបស់ទ្រង់ដើម្បីលាងសម្អាតបាបអស់អ្នកដែលជឿព្រះអង្គ។ ព្រះវរបិតាបានតាំងព្រះយេស៊ូវឲ្យធ្វើជាសម្ដេចសង្ឃនៅក្នុងបន្ទប់ដ៏បរិសុទ្ធនៅឯឋានសួគ៌។ ព្រះវរបិតាបានបើកទ្វារទៅកាន់បន្ទប់នេះសម្រាប់យើងដោយព្រះជ័យជម្នះរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។

សូមអានគម្ពីរវិវរណៈ ១១:១៩។ នៅត្រង់នេះយើងឃើញថាលោកយ៉ូហានកំពុងមើលព្រះវិហារនៅឯនគរឋានសួគ៌បើកទ្វារក្នុងការបើកសម្ដែង។ លោកយ៉ូហានបានឃើញហឹបសញ្ញា។ ហឹបសញ្ញាគឺជាគ្រឿងសង្ហារឹមយ៉ាងពិសេសដែលផ្ទុកក្រឹត្យវិន័យដប់ប្រការ។ គេដាក់ហឹបសញ្ញានេះនៅក្នុងបន្ទប់ទីពីរនៃរោងឧបោសថរបស់សាសន៍ហេព្រើរនៅលើផែនដី។ តើការដែលលោកយ៉ូហានអាចមើលឃើញហឹបសញ្ញាហេតុអ្វីចាត់ទុកជារឿងពិសេស?

ហឹបសញ្ញានៅក្នុងនគរស្ថានសួគ៌ជួយឲ្យយើងគិតអំពីបន្ទប់ដ៏បរិសុទ្ធបំផុតនៅក្នុងរោងឧបោសថក្នុងស្ថានសួគ៌។ ហឹបសញ្ញាក៏បង្ហាញយើងពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវសម្រាប់យើងនៅក្នុងបន្ទប់ទីពីរនោះ។ ព្រះរាជកិច្ចរបស់ទ្រង់ផ្ដល់នូវក្ដីសង្ឃឹមដល់យើងដែលថាស្ថានសួគ៌ «កំពុងធ្វើការរួមគ្នាដើម្បីជួយឲ្យរាស្ត្ររបស់ព្រះត្រៀមខ្លួនរួចជាស្រេចដើម្បីនឹងស្មោះត្រង់ជាមួយព្រះនៅគ្រាចុងក្រោយ»។ ដកស្រង់ពីសៀវភៅ My Life Today, page 307 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ថ្ងៃពុធ ទី១៨ មេសា ឆ្នាំ២០១៨

ព្រះយេស៊ូវនៅក្នុងគម្ពីរវិវរណៈ៖ ភាគ១

គ្រប់យ៉ាងនៅក្នុងគម្ពីរវិវរណៈ គិតចាប់ពីប្រធានបទរហូតដល់ខ្លឹមសាររបស់គម្ពីរនេះ គឺមានគោលដៅតែមួយនោះគឺ៖ ដើម្បីបង្ហាញព្រះយេស៊ូវឲ្យយើងឃើញ។

ហេតុដូច្នេះហើយបានជាគម្ពីរវិវរណៈផ្ដើមដោយពាក្យទាំងនេះ៖ «នេះ​ជា​សេចក្តី ដែល​ព្រះយេស៊ូវគ្រីស្ទ បាន​បើក​ឲ្យ​ឃើញ» (វិវរណៈ ១:១)។ ឈ្មោះ «វិវរណៈ» ផ្ទាល់ប្រែថា «ការបើកសំដែង»។ ពាក្យថាវិវរណៈនេះក៏មានន័យថាយើងត្រូវយល់ពីគម្ពីរនេះ។ ដូច្នេះអស់អ្នកណាដែលថាគម្ពីវិវរណៈពិបាកយល់គិតខុសហើយ។ ព្រោះបើយើងគង់តែមិនយល់ដដែលហេតុអ្វីបានជាព្រះត្រូវដាក់គម្ពីរវិវរណៈនេះចូលមកក្នុងព្រះគម្ពីរដែរ? បើដូច្នោះមែនពិតជាមិនត្រឹមត្រូវទេ។

តើគម្ពីរវិវរណៈ ១:១-៨ បង្រៀនយើងយ៉ាងណាខ្លះអំពីព្រះយេស៊ូវ?

ព្រះយេស៊ូវលេចក្នុងគម្ពីរវិវរណៈជាលើកដំបូងក្នុងសភាពជា «អធិបតី​លើ​អស់​ទាំង​ស្តេច​នៅ​ផែនដី» (វិវរណៈ ១:៥)។ នៅជិតចុងបញ្ចប់គម្ពីរ លោកយ៉ូហានបរិយាយព្រះយេស៊ូវថាជា «ព្រះដឹកនាំគេ [មនុស្ស]» (វិវរណៈ ១៩:១៥)។ ខនេះបង្ហាញយើងថាព្រះដ៏ជាទីស្រឡាញ់របស់យើងមានអំណាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅលើផែនដីនេះ។ ចំណុចនេះអាចធ្វើឲ្យយើងមានសេចក្ដីសុខក្នុងចិត្តជាខ្លាំងនៅពេលដែលជីវិតជួបវិបត្តិច្របូកច្របល់ហើយនៅពេលដែលអ្វីៗដែលកើតឡើងនៅជុំវិញខ្លួនយើងហាក់មិនត្រឹមត្រូវទាល់តែសោះ។

នៅក្នុងគម្ពីរវិវរណៈ ១:៥ លោកយ៉ូហានបានបង្ហាញយើងយ៉ាងច្បាស់ថាព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់យើង។ លោកយ៉ូហានសរសេរថា «​ព្រះអង្គ​ [ព្រះយេស៊ូវ] ដែល​ទ្រង់​ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះលោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប»។ ខនេះជួយឲ្យយើងសញ្ជឹងគិតអំពីការសុគតរបស់ព្រះយេស៊ូវដែលបានលាងសម្អាតបាបរបស់យើងនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គសម្អាតបាបចេញពីយើងទាំងស្រុង។ ការសុគតរបស់ព្រះយេស៊ូវធ្វើឲ្យយើងបានសុចរិតនៅចំពោះព្រះ។ ការសុគតរបស់ព្រះយេស៊ូវធ្វើឲ្យយើងបានបរិសុទ្ធ (កូរិនថូសទី១ ៦:១១)។ នៅក្នុងខទាំងនេះ យើងឃើញសេចក្ដីសន្យាដែលថាព្រះយេស៊ូវសង្គ្រោះយើង។ ព្រះអង្គជាអ្នកលាងសម្អាតបាបរបស់យើង។ ហើយរឿងនេះយើងមិនអាចធ្វើដោយខ្លួនឯងបានឡើយ។

តើគម្ពីរវិវរណៈ ១:៧, ៨ បង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងណាខ្លះ?

ព្រះយេស៊ូវនឹងយាងមកម្ដងទៀត។ អ្នកដែលនៅរស់នឹងបានឃើញព្រះអង្គយាងមកវិញ។ ពេលនោះព្រះយេស៊ូវនឹងបំបាត់ការរងទុក្ខវេទនា ការឈឺចាប់ និងការស្លាប់សម្រាប់រាស្ត្ររបស់ទ្រង់។

តើគម្ពីរវិវរណៈ ១:៨ អាចផ្ដល់ក្ដីសង្ឃឹមដល់យើងយ៉ាងដូចម្ដេចនៅគ្រាលំបាក?

ថ្ងៃព្រហស្បតិ៍ ទី១៩ មេសា ឆ្នាំ២០១៨

ព្រះយេស៊ូវនៅក្នុងគម្ពីរវិវរណៈ៖ ភាគ២

សូមអានគម្ពីរវិវរណៈ ១:១០-១៨។ តើព្រះយេស៊ូវមានបន្ទូលយ៉ាងណាអំពីអង្គទ្រង់នៅក្នុងខទាំងនេះ?

នៅក្នុងខទាំងនេះ ព្រះយេស៊ូវកំពុងឈរនៅក្នុងបន្ទប់ទី១នៃរោងឧបោសថនៅឯនគរស្ថានសួគ៌។ រោងឧបោសថនៅក្នុងនគរស្ថានសួគ៌គឺជាទីឋានដែលគេថ្វាយបង្គំព្រះ។ នៅពេលលោកយ៉ូហានឃើញព្រះយេស៊ូវលេចមកនៅត្រង់នេះ នោះលោកក៏ដួលចុះនៅនឹងព្រះបាទព្រះយេស៊ូវដោយសេចក្ដីភ័យខ្លាច។ ព្រះយេស៊ូវក៏លួងលោមលោកយ៉ូហាន។ ព្រះយេស៊ូវប្រាប់កុំឲ្យលោកយ៉ូហានភ័យខ្លាចឡើយ។ រួចព្រះយេស៊ូវប្រាប់ទៅលោកយ៉ូហានថាទ្រង់គឺជាដើមហើយក៏ជាចុង។ ពាក្យថា «ដើមឬដំបូង» បានមកពីពាក្យក្រិកថា «អាល់ហ្វា»។ ឯពាក្យ «ចុងឬក្រោយបង្អស់» បានមកពីពាក្យក្រិកថា «អូមេហ្គា»។ នាមទាំងនេះរបស់ព្រះយេស៊ូវបង្ហាញយើងឲ្យឃើញថាព្រះយេស៊ូវជាព្រះហើយព្រះអង្គមានព្រះជន្មជាអស់កល្ប។ ក្រោយមកព្រះយេស៊ូវទ្រង់រៀបរាប់ពីការសុគតរបស់ព្រះអង្គនិងការមានព្រះជន្មរស់ពីសុគតឡើងវិញហើយនិងក្ដីសង្ឃឹមដែលការនោះបាននាំមកជាមួយ។ ព្រះយេស៊ូវទ្រង់មានកូនសោទៅឯសេចក្ដីស្លាប់និងឋានឃុំព្រលឹង។ ព្រះយេស៊ូវប្រាប់សេចក្ដីពិតនេះដល់លោកយ៉ូហានដើម្បីឲ្យលោកដឹងថាព្រះយេស៊ូវទ្រង់មានអំណាចលើសេចក្ដីស្លាប់និងឋានឃុំព្រលឹង។ ព្រះយេស៊ូវមានបន្ទូលប្រាប់លោកយ៉ូហានដូចកាលដែលទ្រង់ប្រាប់ទៅនាងម៉ាថានៅពេលដែលឡាសារត្រូវជាប្អូនប្រុសរបស់នាងស្លាប់៖ «ខ្ញុំ​ជា​សេចក្តី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ នាង​ជឿ​សេចក្តី​នេះ​ឬ​ទេ» (យ៉ូហាន ១១:២៥, ២៦)។

ព្រះយេស៊ូវធ្វើចំពោះយើងដូចដែលព្រះអង្គបានធ្វើចំពោះនាងម៉ាថានិងលោកយ៉ូហានដែរ។ ព្រះយេស៊ូវរំឭកយើងឲ្យនឹកចាំពីក្ដីសង្ឃឹមដែលយើងមាននៅក្នុងទ្រង់។ ព្រះអង្គនឹងដាស់យើងឡើងពីសេចក្ដីស្លាប់។ ក្ដីសង្ឃឹមរបស់គ្រីស្ទានទាំងមូលគឺឋិតលើសេចក្ដីសន្យាដ៏មានតម្លៃមកពីព្រះយេស៊ូវគ្រីស្ទមួយនេះ។ បើគ្មានសេចក្ដីសង្ឃឹមនេះទេ តើយើងមានក្ដីសង្ឃឹមពិតប្រាកដណាផ្សេងទៀតទេ?

សូមអានគម្ពីរវិវរណៈ ២២:៧, ១២, ១៣។ តើខទាំងនេះបង្ហាញយើងអំពីព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេចខ្លះ?

«ព្រះយេស៊ូវគឺជាអាល់ហ្វា (ដើម) ហើយជាអូមេហ្គា (ចុង)។ ព្រះអង្គគឺជាអ្នកផ្ដើមនៃសញ្ញាចាស់និងវិវរណៈនៅក្នុងសញ្ញាថ្មី។ ការបង្រៀនទាំងក្នុងគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីសុទ្ធតែសម្ដែងពីព្រះយេស៊ូវឲ្យយើងឃើញ។ ការស្ដាប់បង្គាប់របស់ព្រះយេស៊ូវធ្វើឲ្យលោកអ័ដាមនិងព្រះត្រូវរ៉ូវគ្នាឡើងវិញក្នុងសន្តិភាពនិងមិត្តភាព។ ព្រះយេស៊ូវបានយកឈ្នះរាល់ល្បិចកិច្ចកលរបស់សាតាំងដែលបានព្យាយាមល្បួងព្រះយេស៊ូវឲ្យធ្វើបាបដែរ។ ព្រះយេស៊ូវបានយកឈ្នះលើអំពើបាបដែលលោកអ័ដាមបានបរាជ័យ»។ ដកស្រង់ពីសៀវភៅ The SDA Commentary, volume 6, pages 1092, 1093 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ មែនហើយព្រះយេស៊ូវគឺជាអ្នកផ្ដើមហើយជាអ្នកបញ្ចប់។ ព្រះអង្គបង្កើតយើងមកនៅគ្រាដំបូង។ នៅទីបញ្ចប់ព្រះអង្គនឹងបង្កើតយើងជាថ្មី។

ថ្ងៃសុក្រ ទី២០ មេសា ឆ្នាំ២០១៨

សិក្សាបន្ថែម

«គម្ពីរវិវរណៈបើកសម្ដែងសេចក្ដីផ្សេងៗនិងអាថ៌កំបាំងអំពីព្រះជាច្រើនឲ្យយើងបានដឹង។ ឈ្មោះវិវរណៈនោះឯងខុសគ្នាស្រឡះទៅនឹងទស្សនៈដែលថាមនុស្សលោកមិនអាចយល់ពីគម្ពីរនេះបាន។ ពាក្យថាវិវរណៈគឺបានសេចក្ដីថាព្រះបើកសម្ដែងឲ្យបានយល់។ ព្រះជាម្ចាស់ផ្ទាល់ជាអ្នកបើកសម្ដែងឲ្យបាវបម្រើទ្រង់យ៉ូហានបានដឹងពីអាថ៌កំបាំងដែលមានចែងនៅក្នុងគម្ពីរវិវរណៈ។ ព្រះយេស៊ូវជាអ្នកមានផែនការឲ្យអាថ៌កំបាំងទាំងនេះត្រូវបើកសម្ដែងដល់មនុស្សគ្រប់គ្នាឲ្យបានរៀននិងយល់ផង។ លោកយ៉ូហានបានសរសេរសេចក្ដីពិតនៅក្នុងគម្ពីរវិវរណៈសម្រាប់មនុស្សជំនាន់គ្រាចុងក្រោយនៃផែនដី។ ហើយលោកយ៉ូហានក៏បានសរសេចក្ដីពិតទាំងនេះសម្រាប់មនុស្សនៅជំនាន់របស់គាត់ដែរ។ ព្រឹត្តិការណ៍ខ្លះដែលចែងនៅក្នុងគម្ពីរវិវរណៈបានកើតឡើងរួចហើយកាលពីអតីតកាល។ សេចក្ដីខ្លះទៀតនៅក្នុងគម្ពីរវិវរណៈកំពុងកើតឡើងនៅពេលបច្ចុប្បន្ននេះ។ ឯសេចក្ដីខ្លះទៀតនឹងកើតឡើងនៅចុងបញ្ចប់នៃមហាវិវាទរវាងព្រះនិងសាតាំង។ ព្រឹត្តិការណ៍ខ្លះទៀតដែលកើតឡើងនៅក្នុងគម្ពីរវិវរណៈបង្ហាញយើងថាព្រះនឹងបង្កើតផែនដីថ្មីហើយជ័យជម្នះនិងសេចក្ដីអំណរនៃមនុស្សដែលព្រះយេស៊ូវបានសង្គ្រោះ»។ ដកស្រង់ពីសៀវភៅ The Acts of the Apostles, page 584 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

សប្ដាហ៍នេះយើងបានក្រឡេកមើលខជាច្រើននៅក្នុងគម្ពីរវិវរណៈដែលបង្ហាញយើងយ៉ាងជាក់ច្បាស់ថាគម្ពីរនេះគឺនិយាយអំពីព្រះយេស៊ូវ។ សូមអានវិវរណៈ ៣:១៤ វិវរណៈ ៥:៥, ៦ វិវរណៈ ៧:១៤ និងវិវរណៈ ១៩:១១-១៦ ទុកជាខផ្សេងទៀតដែលនិយាយអំពីព្រះយេស៊ូវ។ នៅពេលដែលយើងផ្គុំខដែលនិយាយអំពីព្រះយេស៊ូវទាំងនេះរួមគ្នា នោះយើងនឹងបានរូបដ៏ជាក់ច្បាស់របស់ព្រះយេស៊ូវនិងអត្ថន័យដ៏ជ្រាលជ្រៅដែលព្រះអង្គមានចំពោះយើង។

សំនួរពិភាក្សា៖
  1. អ្នកនិពន្ធគម្ពីរសញ្ញាថ្មីបានប្រើខពីគម្ពីរសញ្ញចាស់ជាច្រើននៅក្នុងសំណេររបស់ពួកគាត់។ តើសេចក្ដីនេះមានន័យយ៉ាងដូចម្ដេចចំពោះយើង? តើសេចក្ដីនេះអាចធ្វើឲ្យយើងយល់ថាព្រះគម្ពីរមានសារៈសំខាន់ខ្លាំងសម្រាប់ជំនឿយើងដែរឬទេ? តើធ្វើយ៉ាងណាទើបយើងអាចការពារខ្លួនចំពោះអ្នកណាដែលខំមកប្រាប់យើងថាព្រះគម្ពីរគ្មានអំណាចអ្វីធំដុំសម្រាប់ជីវិតយើងឬសម្រាប់ជីវិតពួកជំនុំទៀតទេបាន?

  2. សូមអានគម្ពីរវិវរណៈសាជាថ្មី។ ស្វែងរកខណាដែលចែងអំពីព្រះយេស៊ូវឲ្យបានច្រើនអស់ពីលទ្ធភាព។ ហើយយកខទាំងនោះមកបង្ហាញដល់ថ្នាក់ទាំងមូល។ តើខទាំងនេះបង្ហាញយើងអ្វីខ្លះទៀតអំពីព្រះរាជកិច្ចរបស់ព្រះសម្រាប់យើងនៅពេលនេះ អំណាចព្រះចេស្ដារបស់ទ្រង់ និងព្រះជន្មដ៏បរិសុទ្ធរបស់ទ្រង់? តើខទាំងនេះជួយលើកទឹកចិត្តដល់អ្នកដូចម្ដេចខ្លះ?

  3. យើងរស់នៅលើផែនដីមួយដែលសេចក្ដីស្លាប់កើតឡើងជាប្រចាំថ្ងៃ។ តើធ្វើយ៉ាងណាយើងអាចរៀនស្វែងរកក្ដីសង្ឃឹមនិងការកម្សាន្តចិត្តពីសេចក្ដីសន្យាដែលថាព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់បានហើយ?
Powered by CAM