ថ្ងៃសៅរ៍ ទី១៤ កក្កដា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ កិច្ចការ ២:៤២-៤៦ កិច្ចការ ៤:៣៤, ៣៥ កិច្ចការ ៣:១-២៦ កិច្ចការ ៤:១-១៨ កិច្ចការ ៥:១-១១ កិច្ចការ ៥:៣៤-៣៩។
ខចងចាំ៖ «រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត» (កិច្ចការ ២:៤៦,៤៧)។
គ្រីស្ទានដំបូងជឿថាព្រះយេស៊ូវនឹងយាងមកវិញឆាប់ៗ។ ពួកសាវកទូលសួរទ្រង់ថាពេលណាទើបនគររបស់ព្រះអង្គនឹងមកដល់ (កិច្ចការ ១:៦-៨)។ ចម្លើយរបស់ព្រះយេស៊ូវធ្វើឲ្យពួកគេគិតថានគររបស់ព្រះអង្គនឹងមកដល់ពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកហើយនៅពេលដែលពួកជំនុំបានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវដល់មនុស្សគ្រប់គ្នាលើលោកនេះហើយចប់សព្វគ្រប់ហើយ។ ហេតុនេះហើយបានជាពួកសាវករបស់ព្រះយេស៊ូវគិតថាពេលដែលនគររបស់ព្រះត្រូវមកដល់ចាប់ពីថ្ងៃបុណ្យទី៥០។ បុណ្យថ្ងៃទី៥០គឺជាពេលដែលព្រះបង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំ។ បន្ទាប់មកពួកជំនុំចេញទៅផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នាលើផែនដីនេះ។ ពិតមែនហើយពួកសាវករបស់ព្រះយេស៊ូវពុំបានទៅជួបមនុស្សគ្រប់រូបនៅលើផែនដីនេះទេ។ ផ្ទុយទៅវិញមនុស្សម្នាសព្វទិសទីមកឯពួកសាវកទៅវិញ។ ពួកសាវកគឺជាមនុស្សមួយក្រុមដែលព្រះយេស៊ូវចាត់តាំងឲ្យដឹកនាំពួកជំនុំ។
តើពួកជំនុំធ្វើអ្វីពេលគេគិតថាព្រះយេស៊ូវជិតយាងមកហើយ? ពួកគេលក់អ្វីគ្រប់យ៉ាងដែលគេមាន។ ពួកគេសិក្សាអំពីព្រះយេស៊ូវហើយជួយអ្នកក្រ។ រួចបញ្ហាក៏ផ្ដើមមានឡើងនៅក្នុងចំណោមពួកជំនុំ។ ហើយអ្នកក្រៅពីពួកជំនុំក៏វាយលុកមកលើពួកជំនុំដែរ។ ព្រះជាម្ចាស់ព្យាយាមរក្សាពួកជំនុំមិនឲ្យបែកបាក់។ ដោយព្រោះមានជំនួយពីព្រះនោះហើយបានជាជំនឿរបស់ពួកជំនុំនាពេលនោះនៅតែមានភាពរឹងមាំដដែល។
ថ្ងៃអាទិត្យ ទី១៥ កក្កដា ឆ្នាំ២០១៨
បង្រៀននិងមិត្តភាពនៅក្នុងពួកជំនុំ
ដំបូងលោកលូកាមានប្រសាសន៍ថាព្រះបង្អុរព្រះវិញ្ញាណរបស់ទ្រង់មកលើពួកជំនុំទ្រង់។ បន្ទាប់មកលោកបរិយាយអំពីជីវភាពប្រចាំថ្ងៃរបស់ពួកជំនុំនៅក្នុងទីក្រុងយេរូសាឡិម។ លោកលូការៀបរាប់ថាពួកជំនុំធ្វើរឿង៤យ៉ាងរួមមាន៖ (១) គេចំណាយពេលស្ដាប់ការបង្រៀនរបស់ពួកសាវក។ (២) ពួកគេចែករំលែកអ្វីដែលគេមានទៅវិញទៅមក។ (៣) ពួកគេបរិភោគជាមួយគ្នា និង (៤) គេអធិដ្ឋានជាមួយគ្នា (កិច្ចការ ២:៤២)។ នៅក្នុងកិច្ចការ ២:៤៦ លោកលូកាមានប្រសាសន៍ថាពួកគេបង្រៀននៅក្នុងព្រះវិហារក្នុងក្រុងយេរូសាឡិម។ ប៉ុន្តែពួកគេបរិភោគនិងអធិដ្ឋានជាមួយគ្នានៅឯផ្ទះរបស់ពួកគេ។
ពួកជំនុំគេខិតខំសិក្សាយ៉ាងយកចិត្តទុកដាក់ពីសេចក្ដីពិតអំពីព្រះយេស៊ូវដែលពួកសាវកបង្រៀន។ ព្រះវិញ្ញាណបំពេញនូវអារម្មណ៍រំភើបដល់ពួកអ្នកជឿ។ ពួកគេចង់រៀនសព្វគ្រប់បែបយ៉ាងពីពួកសាវក។ បាដិហារិយ៍ជាច្រើនជួយឲ្យអ្នកជឿថ្មីទទួលយកការបង្រៀនរបស់ពួកសាវកថាជាសេចក្ដីពិត (កិច្ចការ ២:៤៣)។
មិត្តភាពជិតស្និទ្ធខាងជំនឿរវាងពួកអ្នកជឿក៏បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ពួកគេចំពោះព្រះដែរ។ ពួកជំនុំតែងតែនៅជុំគ្នាក្នុងព្រះវិហារឬនៅផ្ទះរបស់ពួកគេ។ គេបរិភោគជុំគ្នា។ ពួកគេប្រារព្វធ្វើពិធីលាងព្រះអម្ចាស់ជាមួយគ្នា។ គេអធិដ្ឋានជុំគ្នា (កិច្ចការ ២:៤២, ៤៦)។ ដោយការប្រព្រឹត្តបែបនេះជាប្រចាំថ្ងៃ ពួកជំនុំគ្រីស្ទានដំបូងបង្ហាញឲ្យឃើញថាពួកគេជឿថាព្រះយេស៊ូវនឹងយាងមកវិញឆាប់ៗ។ រួចពួកគេនឹងនៅជុំគ្នាទៀតនៅក្នុងនគររបស់ព្រះអង្គ (ម៉ាថាយ ២៦:២៩)។
ផ្ទះរបស់ពួកជំនុំគឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ជីវភាពរបស់ព្រះវិហារ។ មែនហើយពួកជំនុំនៅតែបន្តទៅព្រះវិហារដើម្បីថ្វាយបង្គំ។ នៅថ្ងៃបរិសុទ្ធ គ្រីស្ទានជាសាសន៍យូដាទាំងនេះទៅសាលាប្រជុំជាមួយសាសន៍យូដាដទៃទៀត (យ៉ាកុប ២:២)។ សាលាប្រជុំគឺជាព្រះវិហារឬកន្លែងថ្វាយបង្គំរបស់ពួកសាសន៍យូដា។ ប៉ុន្តែការថ្វាយបង្គំពិតរបស់គ្រីស្ទានគឺកើតឡើងនៅក្នុងផ្ទះពួកជំនុំនៅសម័យសញ្ញាថ្មី។
សូមអានគម្ពីរកិច្ចការ ២:៤៤, ៤៥ និងកិច្ចការ ៤:៣៤,៣៥។ តើអ្វីទៅជាផ្នែកសំខាន់នៃមិត្តភាពគ្រីស្ទាននាសម័យសញ្ញាថ្មី?
ពួកជំនុំយូដាគិតថាគ្រាចុងក្រោយនឹងមកដល់ឆាប់ៗ។ ដូច្នេះពួកគេយល់ថាទ្រព្យទាំងប៉ុន្មានរបស់គេមិនសំខាន់នោះទេ។ ពួកគេយកទ្រព្យមកចែកជាមួយអ្នកដែលក្រក្នុងចំណោមពួកគេ។ ពួកគេជឿថាព្រះយេស៊ូវនឹងបំពេញតម្រូវការរបស់គេនៅឯនគររបស់ព្រះអង្គ (លូកា ២២:២៩,៣០)។ ការចែករំលែកជួយឲ្យពួកជំនុំមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា។ គេស្រឡាញ់គ្នាទៅវិញទៅមកទុកដូចជាគ្រួសារតែមួយ។ ពួកគេក្លាយជាគំរូនៃការចែករំលែករបស់អ្នកគ្រីស្ទាន។
តើអ្នកចែករំលែករបស់ទ្រព្យដែលព្រះប្រទានឲ្យអ្នកតាមវិធីណាខ្លះ?
ថ្ងៃច័ន្ទ ទី១៦ កក្កដា ឆ្នាំ២០១៨
លោកពេត្រុសនិងយ៉ូហានព្យាបាលមនុស្សខ្វិនម្នាក់ឲ្យជា
នៅក្នុងគម្ពីរកិច្ចការ ៣:១ លោកពេត្រុសនិងយ៉ូហានទៅព្រះវិហារនៅម៉ោង៣រសៀល។ នោះគឺជាពេលដែលត្រូវអធិដ្ឋានប្រចាំថ្ងៃ។ នៅក្នុងខនេះ យើងបានរៀនសេចក្ដីមួយសំខាន់អំពីលោកយ៉ូហាននិងពេត្រុស។ លោកពេត្រុសនិងយ៉ូហានមិនមែនទៅព្រះវិហារថ្មើរណេះដើម្បីបង្រៀននិងនាំអ្នកជឿថ្មីនោះទេ។ តាមពិត លោកពេត្រុសនិងយ៉ូហានទៅឯព្រះវិហារវេលាម៉ោង៣រសៀលរៀងរាល់ថ្ងៃពីព្រោះពួកគាត់មិនដែលបោះបង់ទម្លាប់សាសន៍យូដាឡើយ (កិច្ចការ ២០:១៦ កិច្ចការ ២១:១៧-២១)។ នៅឯព្រះវិហារនោះ លោកពេត្រុសនិងយ៉ូហានបានធ្វើបាដិហារិយ៍ដ៏អស្ចារ្យមួយ (កិច្ចការ ៣:១-១០)។ បាដិហារិយ៍នេះផ្ដល់ឱកាសឲ្យលោកពេត្រុសអធិប្បាយសេចក្ដីមួយទៀតអំពីព្រះយេស៊ូវ។
សូមអានគម្ពីរកិច្ចការ ៣:១២-២៦។ ដូចដែលខនេះបានបង្ហាញយើងស្រាប់ តើនៅក្នុងសេចក្ដីអធិប្បាយរបស់លោកពេត្រុសមានចំណុចសំខាន់ពិសេសៗអ្វីខ្លះ?
គ្រីស្ទានដំបូងអធិប្បាយឬបង្រៀនពីសេចក្ដីប្រាំយ៉ាង៖ (១) ព្រះយេស៊ូវរងទុក្ខជំនួសបាបយើង។ ព្រះអង្គគឺជាព្រះមែស្ស៊ី។ ព្រះមែស្ស៊ីគឺជាព្រះមួយអង្គដែលព្រះវរបិតារើសតាំងឲ្យរំដោះរាស្ត្ររបស់ទ្រង់ពីអំពើបាប (កិច្ចការ ៣:១៨)។ (២) ព្រះវរបិតាដាស់ព្រះយេស៊ូវឡើងពីសុគតហើយប្រោសទ្រង់ឲ្យមានព្រះជន្មរស់ឡើងវិញ (កិច្ចការ ៣:២៥)។ (៣) ព្រះយេស៊ូវយាងទៅស្ថានសួគ៌ហើយព្រះវរបិតាប្រទានកិត្តិយសដល់ទ្រង់ (កិច្ចការ ៣:១៣)។ (៤) ព្រះយេស៊ូវនឹងយាងមកវិញម្ដងទៀត (កិច្ចការ ៣:២០)។ (៥) យើងត្រូវតែបែរចេញពីអំពើបាប។ ព្រះតម្រូវឲ្យយើងបែរចេញពីអំពើបាបជាមុនទើបព្រះអង្គអាចអភ័យទោសឲ្យយើងបាន (កិច្ចការ ៣:១៩)។
សព្វថ្ងៃនេះក៏ដែរ យើងបន្តផ្សាយដំណឹងដដែលនេះ។ សម័យកាលនិងទីកន្លែងដែលយើងរស់នៅសព្វថ្ងៃនេះខុសពីសម័យពួកសាវក។ ពួកសាវកគឺជាប្រធានដឹកនាំនិងជាគ្រូ។ ព្រះយេស៊ូវរើសយកពួកសាវកឲ្យដឹកនាំពួកជំនុំពេលព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកសាវកនៅតែបន្តកាន់តាមទម្លាប់របស់សាសន៍យូដា។ ដូច្នេះសាសន៍យូដាដែលទទួលយកព្រះយេស៊ូវគ្រាន់តែត្រូវឈប់កាន់តាមសញ្ញាចាស់ហើយផ្លាស់មកកាន់តាមសេចក្ដីសញ្ញាថ្មីរបស់ព្រះវិញប៉ុណ្ណោះ។ ក្នុងនាមជាគ្រីស្ទាន ពួកគេត្រូវតែទទួលយកព្រះយេស៊ូវជាអង្គសង្គ្រោះរបស់គេ។ ពួកគេក៏ត្រូវកើតជាថ្មីផងដែរ។
សព្វថ្ងៃនេះយើងរស់នៅក្នុងសម័យកាលនិងទីតាំងខុសពីពួកសាសន៍យូដាដែលជឿព្រះយេស៊ូវដំបូងៗ។ ប៉ុន្តែសាររបស់យើងស្ទើរតែដូចពួកគេទាំងស្រុង៖ (១) ព្រះយេស៊ូវសុគតជំនួសបាបយើង។ (២) ព្រះអង្គមានព្រះជន្មរស់ពីសុគតឡើងវិញ។ (៣) ព្រះអង្គនឹងយាងមកវិញម្ដងទៀត។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។ ហេតុនេះហើយបានជាយើងត្រូវតែផ្ដោតសាររបស់យើងទៅលើព្រះយេស៊ូវជាសំខាន់ពេលយើងអធិប្បាយឬបង្រៀនអំពីសារទាំងបីរបស់ទេវតានៅក្នុងគម្ពីរវិវរណៈជំពូក១៤។ យើងត្រូវតែបង្រៀនថាព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង។ យើងត្រូវបង្រៀនថាព្រះអង្គមានព្រះជន្មរស់ពីសុគតវិញ។ ហើយយើងត្រូវតែបង្រៀនថាព្រះនឹងយាងត្រឡប់មកម្ដងទៀតក្នុងពេលឆាប់ៗខាងមុខ។
ថ្ងៃអង្គារ ទី១៧ កក្កដា ឆ្នាំ២០១៨
វាយលុកលើពួកជំនុំរបស់ព្រះ
សិស្សរបស់ព្រះយេស៊ូវផ្សាយដំណឹងអំពីព្រះយេស៊ូវដល់សាសន៍យូដាដែលនៅក្នុងយេរូសាឡិម។ ការផ្សាយដំណឹងល្អរបស់ពួកគេទទួលបានជោគជ័យជាខ្លាំង។ មានសាសន៍យូដាជាច្រើននាក់បានទទួលយកព្រះយេស៊ូវហើយចូលរួមជាមួយពួកជំនុំថ្មី។ ពួកជំនុំថ្មីរីកចម្រើនយ៉ាងឆាប់រហ័ស។ អ្នកគ្រប់គ្រងព្រះវិហារសាសន៍យូដាក្ដៅក្រហាយពេលគេឃើញភាពជោគជ័យរបស់ពួកជំនុំ។ ប្រធានធំជាងគេនៃព្រះវិហារប្រចាំក្រុងយេរូសាឡិមគឺជាសម្ដេចសង្ឃ។ សម្ដេចសង្ឃគឺជាប្រធានខាងសាសនាសម្រាប់ប្រជាជនសាសន៍យូដា។ សម្ដេចសង្ឃនិងជំនួយការរបស់លោកភាគច្រើនគឺជាពួកសាឌូស៊ី។ សាឌូស៊ីគឺជាក្រុមខាងសាសនាប្រចាំសាសន៍យូដា។ ពួកគេមិនជឿថាព្រះនឹងដាស់មនុស្សស្លាប់ឲ្យរស់ឡើងវិញឡើយ។ ដូច្នេះពួកគេមិនសប្បាយចិត្តឡើយនៅពេលដែលលោកពេត្រុសនិងយ៉ូហានបង្រៀនថាព្រះបានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ពីសុគតវិញ។ ទាហានរក្សាព្រះវិហារក៏ចាប់ខ្លួនលោកពេត្រុសនិងយ៉ូហាន។ ស្អែកឡើងទាហានក៏នាំខ្លួនលោកទាំងពីរទៅជួបនឹងសម្ដេចសង្ឃនិងពួកមេដឹកនាំសាសនាយូដាប្រចាំទីក្រុងយេរូសាឡិម (កិច្ចការ ៤:១-៧)។
សូមអានសាច់រឿងនៅក្នុងគម្ពីរកិច្ចការ ៤:១-១៨។ តើលោកពេត្រុសឆ្លើយតបទៅកាន់មេដឹកនាំសាសនាទាំងនោះយ៉ាងដូចម្ដេចនៅក្នុងសាច់រឿងនេះ? តើលោកពេត្រុសមានប្រសាសន៍យ៉ាងដូចម្ដេចដែលធ្វើឲ្យមេដឹកនាំសាសនាទាំងនោះភ័យខ្លាចដល់ម្លេ៉ះ?
លោកពេត្រុសមានប្រសាសន៍ពីសេចក្ដីដែលធ្វើឲ្យមេដឹកនាំសាសន៍យូដាភ័យខ្លាចបាត់បង់មុខតំណែងរបស់ពួកគេ។ លោកពេត្រុសប្រាប់ទៅមេដឹកនាំទាំងនោះថាលោកព្យាបាលបុរសខ្វិននោះដោយនូវព្រះនាមព្រះយេស៊ូវ។ លោកពេត្រុសក៏ប្រាប់គេផងដែរថាមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។ លោកពេត្រុសនិងយ៉ូហានឈរយ៉ាងអង់អាចនៅចំពោះមេដឹកនាំសាសន៍យូដាដ៏មានអំណាច។ ប៉ុន្តែលោកពេត្រុសនិងយ៉ូហានគោរពអំណាចមួយដែលធំលើសពីក្រុមមេដឹកនាំសាសនាទាំងនោះទៀត។ លោកពេត្រុសនិងយ៉ូហានត្រឹមតែជាអ្នកនេសាទត្រីពីស្រុកកាលីឡេប៉ុណ្ណោះ។ ពួកគាត់មិនបានចូលរៀនសាលាសាសន៍យូដាឡើយ។ ប៉ុន្តែពួកគាត់មានប្រសាសន៍ពោរពេញដោយអំណាចនិងភាពអង់អាចក្លាហាន។ ពួកមេដឹកនាំទាំងនោះមិនបានដឹងថាអំណាចនេះបានមកពីព្រះវិញ្ញាណបរិសុទ្ធទេ។ ព្រះវិញ្ញាណបំពេញលោកពេត្រុសនិងលោកយ៉ូហាន។ ព្រះយេស៊ូវមានបន្ទូលថាព្រះវិញ្ញាណនឹងបំពេញឲ្យគេ (ម៉ាថាយ ១០:១៦-២០)។
ក្រុមមេដឹកនាំទាំងនោះមិនអាចប្រកែកថាលោកពេត្រុសនិងយ៉ូហានមិនបានព្យបាលឲ្យបុរសខ្វិននោះជាបានទេ។ ព្រោះថាបុរសខ្វិននោះអាចដើរហើរវិញមែន ហើយមនុស្សគ្រប់គ្នាសុទ្ធតែឃើញគាត់! ដូច្នេះមេដឹកនាំទាំងនោះបង្គាប់ឲ្យលោកពេត្រុសនិងយ៉ូហានឈប់ផ្សាយដំណឹងតទៅទៀត។ ពួកគេភ័យខ្លាចសាររបស់ពួកគ្រីស្ទាននិងសាសនាថ្មីរបស់ពួកគេ។ ពាក្យពេចន៍របស់លោកពេត្រុសទៅកាន់មេដឹកនាំទាំងនោះចែងចាំងប្រៀបបានទៅនឹងគ្រឿងអលង្ការ៖ «បើគួរគប្បីនៅចំពោះព្រះ ឲ្យយើងខ្ញុំស្តាប់តាមលោករាល់គ្នា ជាជាងស្តាប់តាមព្រះ នោះសូមពិចារណាចុះ ដ្បិតយើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ (កិច្ចការ ៤:១៩,២០)។
ថ្ងៃពុធ ទី១៨ កក្កដា ឆ្នាំ២០១៨
លោកអាន្ន៉ាសនិងនាងសាភីរ៉ា
ក្រុមគ្រីស្ទានដំបូងជាមនុស្សលះបង់ជួយអ្នកដទៃមិនអាត្មានិយម។ ពួកគេឲ្យទ្រព្យគ្រប់យ៉ាងដែលគេមានទៅពួកជំនុំដើម្បីទុកយកទៅចែកជូនដល់អ្នកក្រ។ ប៉ុន្តែប្រធានព្រះវិហារមិនបានបង្ខំឲ្យសមាជិកណាម្នាក់ឲ្យនោះទេ។ អ្នកជឿថ្មីៗមិនចាំបាច់ត្រូវប្រគល់របស់ទ្រព្យមុនដើម្បីបានចូលជាសមាជិកនោះទេ។ ប៉ុន្តែមានឧទារហណ៍ជាច្រើនដែលសមាជិកប្រគល់ឲ្យដោយព្រោះចិត្តគេចង់។ គំរូនៃការឲ្យដោយស្ម័គ្រចិត្តនេះនាំឲ្យពួកជំនុំទាំងមូលចង់ប្រគល់របស់ទ្រព្យគេដែរ។ ឧទាហរណ៍មួយគឺលោកបាណាបាស (កិច្ចការ ៤:៣៥,៣៧)។ យើងសិក្សាពីគាត់ថែមទៀតក្នុងគម្ពីរកិច្ចការនាពេលក្រោយ។
តែក៏មានគំរូនៃភាពអាត្មានិយមនៅក្នុងពួកជំនុំដែលកើតឡើងស្របពេលដែលពួកមេដឹកនាំសាសន៍យូដាចាប់ផ្ដើមវាយលុកមកលើពួកជំនុំដែរ។ គំរូនៃភាពអាត្មានិយមទាំងនេះមានឥទ្ធិពលបង្កឲ្យមានគ្រោះថ្នាក់យ៉ាងអាក្រក់មកលើពួកជំនុំដែលកំពុងតែលូតលាស់។ មែនហើយគឺមានឥទ្ធិពលរហូតនាំឲ្យមានការបែកបាក់ក្នុងពួកជំនុំដែលកំពុងលូតលាស់តែម្ដង។
សូមអានសាច់រឿងនៅក្នុងគម្ពីរកិច្ចការ ៥:១-១១។ តើផ្ទៃរឿងនេះបង្រៀនយើងពីមេរៀនអ្វីខ្លះ?
លោកអាន្ន៉ានាសនិងនាងសាភីរ៉ាព្យាយាមលាក់ទុកលុយខ្លះសម្រាប់ខ្លួនគេ។ តែចំណុចនេះពុំមែនជាបញ្ហានោះទេ។ ដែលចោទជាបញ្ហានោះគឺថាពួកគាត់បានកុហកដល់ពួកជំនុំ។ បាបរបស់អ្នកទាំងពីរគ៏បានគ្រោងទុកជាមុន។ លោកពេត្រុសមានប្រសាសន៍ទៅកាន់នាងសាភីរ៉ាថា «ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ» (កិច្ចការ ៥:៩)។ អ្នកទាំងពីរមិនចាំបាច់ត្រូវលក់ដីដើម្បីយកប្រាក់មកឲ្យពួកជំនុំទេ។ ប៉ុន្តែគេជាអ្នកសម្រេចចិត្តលក់ដោយខ្លួនឯង។ ទំនងជាហេតុផលពិតដែលពួកគេលក់ដីនោះគឺមកពីគេចង់ឲ្យប្រធានព្រះវិហារយល់ថាពួកគេជាមនុស្សល្អ។
ការពន្យល់នេះអាចជួយឲ្យយើងយល់បានពីមូលហេតុដែលព្រះដាក់ទោសដល់អាន្ន៉ានាសនិងនាងសាភីរ៉ាយ៉ាងធ្ងន់ធ្ងរដល់ម្លេ៉ះ។ ទង្វើរបស់ពួកគេគឺជាគំរូអាក្រក់ដល់អ្នកជឿដទៃទៀត។ ពួកគេបង្ហាញដល់ពួកជំនុំថាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ពុំមែនជារឿងសំខាន់ឡើយ។
លោកអាន៉្នានាសនិងនាងសាភីរ៉ាធ្វើបាប។ ព្រះអាចនឹងមិនដាក់ទោសភ្លាមៗដូចលោកអាន្ន៉ានាសនិងនាងសាភីរ៉ា។ ប៉ុន្តែបាបតែងតែជារឿងដ៏អាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះ (អេសេគាល ១៨:២០ រ៉ូម ៦:២៣)។ រឿងដែលថាព្រះមិនដាក់ទោសយើងភ្លាមៗគឺជាសេចក្ដីដែលបង្ហាញឲ្យឃើញថាព្រះអង្គមានចិត្តសប្បុរសចំពោះយើងប៉ុនណា (ពេត្រុសទី២ ៣:៩)។
តើធ្វើដូចម្ដេចឲ្យយើងប្រយ័ត្នមិន«ល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់» ដូចលោកអាន្ន៉ានាសនិងនាងសាភីរ៉ាបាន?
ថ្ងៃព្រហស្បតិ៍ ទី១៩ កក្កដា ឆ្នាំ២០១៨
ការចាប់ខ្លួនជាលើកទី២
ព្រះជាម្ចាស់បានប្រើអ្នកដឹកនាំពួកជំនុំដំបូងឲ្យធ្វើកិច្ចការជាច្រើន។ ព្រះអង្គប្រើប្រាស់ពួកគេឲ្យកាត់ទោសលោកអាន្ន៉ានាសនិងនាងសាភីរ៉ាដូចដែលយើងបានរៀនកាលពីម្សិលមិញ។ ព្រះក៏បានប្រើប្រាស់អ្នកដឹកនាំពួកជំនុំឲ្យបង្ហាញពីសេចក្ដីមេត្តានិងសេចក្ដីស្រឡាញ់របស់ទ្រង់ទៅកាន់មនុស្សមានបាប។ ប្រធានដឹកនាំព្រះវិហារធ្វើបាដិហារិយ៍ព្យាបាលជំងឺជាច្រើន (កិច្ចការ ៥:១២-១៦)។ បាដិហារិយ៍ទាំងនេះបង្ហាញថាព្រះវិញ្ញាណនៃព្រះធ្វើការជាមួយពួកជំនុំ។ មនុស្សម្នាថែមទាំងជឿទៀតថាស្រមោលលោកពេត្រុសក៏អាចព្យាបាលអ្នកជំងឺបានដែរ! លោកលូកាហាក់ពុំបាននិយាយថាស្រមោលលោកពេត្រុសអាចព្រាបាលអ្នកជំងឺនោះទេ។ ប៉ុន្តែបណ្ដាជនគេគិតដូច្នោះ។ ជួនកាលមនុស្សម្នាជឿទៅលើសេចក្ដីខុសផ្សេងៗអំពីបាដិហារិយ៍របស់ព្រះ។ ប៉ុន្តែព្រះបន្តធ្វើការនៅក្នុងជីវិតមនុស្សទាំងនេះ។ ព្រះនៅតែបន្តប្រទានព្រះគុណរបស់ទ្រង់ដល់គេ។ ព្រះគុណគឺជាអំណោយទាននៃសេចក្ដីមេត្តា ការអត់ទោស និងអំណាចយកឈ្នះបាបរបស់ព្រះ។
ព្រះវិញ្ញាណបរិសុទ្ធបានបំពេញប្រធានព្រះវិហារកាន់តែច្រើនឡើងៗ។ ងារមួយទៀតសម្រាប់ប្រធានព្រះវិហារទាំងនេះគឺហៅថាពួកសាវក។ ពួកសាវកគឺសំដៅលើក្រុមបុរសមួយក្រុមដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំនិងបង្រៀនដល់ពួកជំនុំបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ កាលបើព្រះវិញ្ញាណបរិសុទ្ធចាក់បំពេញពួកសាវកកាន់តែច្រើនឡើងកាលណា នោះពួកសាវកក៏កាន់តែធ្វើបាដិហារិយ៍ច្រើនឡើងជាយ៉ាងនោះដែរ។ ក្រុមមេដឹកនាំសាសនាសាសន៍យូដាកើតក្ដីច្រណែននឹងពួកសាវកនិងអំណាចមកពីព្រះរបស់ពួកគេជាខ្លាំង។ ដូច្នេះពួកមេដឹកនាំសាសនាក៏ចាប់ពួកគេជាលើងទី២ (កិច្ចការ ៥:១៧,១៨)។ ប៉ុន្តែពួកសាវកគេចខ្លួនអស់។ ការគេចខ្លួនរបស់ពួកគេក៏ជាបាដិហារិយ៍ដែរ (កិច្ចការ ៥:១៩-២៤)។ រួចលោកពេត្រុសក៏មានប្រសាសន៍យ៉ាងក្លាហាន។ លោកមានប្រសាសន៍ថាគ្រីស្ទានគួរតែ «ត្រូវតែស្តាប់បង្គាប់របស់ព្រះជាជាងមនុស្ស» (កិច្ចការ ៥:២៩)។ បន្ទាប់មកមេដឹកនាំសាសនាយូដាជាច្រើនចាប់ផ្ដើមគិតថាទំនងជាព្រះប្រទានអំណាចរបស់ទ្រង់ទៅកាន់សាវករបស់ទ្រង់មែន។
សូមអានគម្ពីរកិច្ចការ ៥:៣៤-៣៩។ ដូចដែលខទាំងនេះបង្ហាញយើងស្រាប់ តើលោកកាម៉ាលាលជួយនិយាយយ៉ាងដូចម្ដេចដើម្បីកុំឲ្យពួកមេដឹកនាំសម្រាប់ពួកសាវក?
សាសន៍យូដាជាច្រើនគោរពលោកកាម៉ាលាល។ លោករំឭកពួកមេដឹកនាំទាំងនេះអំពីមនុស្សពីក្រុមនៅក្នុងប្រវត្តិសាស្ត្ររបស់សាសន៍យូដា។ ក្រុមទាំង២កៀងគរមនុស្សជាច្រើនហើយបង្កបញ្ហា។ ប៉ុន្តែទីបំផុត ប្រធានក្រុមទាំង២នេះក៏ត្រូវស្លាប់។ ហើយបរិវាររបស់ក្រុមនេះក៏រលត់ទៅដែរ។ ដូច្នេះលោកកាម៉ាលាលមានប្រសាសន៍ថាប្រសិនបើសាសនាគ្រីស្ទផ្ដើមដោយមនុស្ស នោះសាសនាមួយនេះនឹងត្រូវបញ្ចប់ឆាប់ៗជាមិនខាន។ តែបើសាសនាគ្រីស្ទផ្ដើមដោយព្រះវិញ នោះគ្មានអ្វីអាចបពា្ឈប់បានឡើយ។ ដូច្នេះមេដឹកនាំសាសនាយូរដាព្រមស្ដាប់តាមលោកកាម៉ាលាលហើយក៏ព្រមដោះលែងពួកសាវកវិញ។ ប៉ុន្តែគេវាយពួកសាវកជាមុនសិន។ រួចពួកមេដឹកនាំសាសនាយូដាប្រាប់ពួកគេឲ្យឈប់ផ្សាយពីព្រះយេស៊ូវតទៅទៀត។
ដូចដែលរឿងនេះបង្ហាញស្រាប់ តើដំបូន្មានល្អៗអាចជួយយើងបានដូចម្ដេចខ្លះ?
ថ្ងៃសុក្រ ទី២០ កក្កដា ឆ្នាំ២០១៨
សិក្សាបន្ថែម
«យើងជាអ្នកគ្រប់គ្រងអំណោយទានដែលព្រះប្រទានមកឲ្យយើង។ ព្រះអង្គប្រទានអំណោយទានឲ្យយើងដើម្បីឲ្យយើងបម្រើពួកជំនុំរបស់ទ្រង់។ ព្រះយេស៊ូវទុកឲ្យយើងគ្រប់គ្រងអំណោយទានទាំងនេះបន្ទាប់ពីព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌វិញ។ ព្រះយេស៊ូវរំពឹងចង់ឲ្យយើងរង់ចាំរហូតដល់ព្រះអង្គយាងមកផែនដីវិញ។ ដូច្នេះយើងត្រូវតែធ្វើជាអ្នកគ្រប់គ្រងល្អលើគ្រប់ទាំងអស់ដែលព្រះបានប្រគល់មកឲ្យយើង»។ ដកស្រង់ពីសៀវភៅ Testimonies for the Church, volume 8, page 37, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។
«រាស្ត្ររបស់ព្រះតោងយល់ថាការសន្យារបស់ពួកគេជាមួយនឹងព្រះគឺជារឿងបរិសុទ្ធ។ មនុស្សតែងគិតថាពួកគេមិនចាំបាច់រក្សាពាក្យសន្យារបស់គេទៅនឹងព្រះឲ្យដូចដែលគេរក្សាពាក្យសន្យារបស់គេជាមួយមនុស្សដទៃឡើយ។ ប៉ុន្តែតើសន្យារបស់យើងទៅនឹងព្រះមិនសូវបរិសុទ្ធឬមិនសូវផ្លូវការដូចកិច្ចសន្យាជាមួយមនុស្សឬ? មែនហើយ សេចក្ដីសន្យារបស់យើងទៅនឹងព្រះមិនបានកត់ត្រាទុកជាក្រដាសស្នាមអ្វីទេ។ បើគ្រាន់តែយើងមិនរក្សាពាក្យសន្យារបស់យើងចំពោះព្រះ នោះពុំមែនមានន័យថាយើងរំលោភច្បាប់ប្រទេសយើងនោះទេ។ ប៉ុន្តែតើគ្រីស្ទាននឹងក្បត់ពាក្យសន្យាឬ? ទេ។ គ្មានឯកសាផ្លូវច្បាប់ដែលយើងស៊ីញ៉េយល់ព្រមហើយណាមានសារៈសំខាន់ជាងសេចក្ដីសន្យារបស់យើងចំពោះព្រះឡើយ» ដកស្រង់ពីសំណេររបស់អ្នកស្រីអែល្លិនជីវ៉ៃត៍ The SDA Bible Comentary, volume 6, page 1056។
សំនួរពិភាក្សា៖
- ព្រះយេស៊ូវទុកអំណោយទានពិសេសពីរយ៉ាងឲ្យអ្នកដើរតាមព្រះអង្គ។ អំណោយទី១គឺជាសេចក្ដីសន្យាដែលថាព្រះអង្គនឹងយាងមកវិញឆាប់ៗ។ អំណោយទី២គឺជាកិច្ចការដែលព្រះយេស៊ូវឲ្យអ្នកដើរតាមព្រះអង្គចេញទៅផ្សាយប្រាប់មនុស្សគ្រប់គ្នាលើផែនដីអំពីដំណឹងល្អដែលព្រះអង្គបានសង្គ្រោះគេ។ តើសេចក្ដីសន្យានិងព្រះរាជកិច្ចនេះជួយឲ្យយើងបម្រើព្រះក្នុងការផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់គ្នាកាន់តែពេញលេញជាងមុនដែរឬទេ?
- មានមនុស្សម្នាក់លើកឡើងថា៖ «យើងត្រូវតែត្រៀមខ្លួនឲ្យរួចជាស្រេចទុកដូចជាព្រះយេស៊ូវនឹងយាងមកនៅថ្ងៃនេះ។ ដរាបទាល់តែពេលទ្រង់យាងមក យើងត្រូវតែបន្តបំពេញព្រះរាជកិច្ចថ្វាយទ្រង់ជារៀងរាល់ថ្ងៃដោយអស់ពីកម្លាំងកាយចិត្តយើង»។ ហេតុអ្វីបានជាទស្សនៈនេះជាទស្សនៈមានប្រាជ្ញាហើយសំខាន់? តើប្រាជ្ញានេះគួរដឹកនាំយើងយ៉ាងណាស្របពេលដែលយើងកំពុងបម្រើការថ្វាយព្រះ?
- ហេតុអ្វីបានជាយើងចាំបាច់យកព្រះជន្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវទុកជាសេចក្ដីសំខាន់ចម្បងនៅក្នុងការបង្រៀនរបស់យើងដល់អ្នកដទៃអំពីទ្រង់?
- តើយើងងាយនឹងយល់ចិត្តរបស់មនុស្សដទៃទេ? តើសាច់រឿងរបស់លោកអាន្ន៉ានាសនិងនាងសេភីរ៉ាបង្រៀនយើងដូចម្ដេចខ្លះ?