មេរៀនទី៤៖ ២០-២៦ មករា ២០១៨

រត់គេចពីផ្លូវអាក្រក់នៃជីវិតនេះ

Jeans
ថ្ងៃសៅរ៍ ទី២០ មករា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ទំនុកតម្កើង ១១៩:១១ អេភេសូរ ៦:១៨ រ៉ូម ៨:៥, ៦ ហេព្រើរ ១១:១-៦ ពង្សាវតាក្សត្រទី១ ៣:១៤ អេសេគាល ៣៦:២៧។

ខចងចាំ៖ «ឯ​ទ្រព្យ​សម្បត្តិ គ្មាន​ប្រយោជន៍​ក្នុង​ថ្ងៃ​ពិរោធ​ឡើយ តែ​សេចក្តី​សុចរិត នឹង​ជួយ​ឲ្យ​រួច​ពី​ស្លាប់​វិញ...អ្នក​ណា​ដែល​ទី​ពឹង​ចំពោះ​ទ្រព្យ​សម្បត្តិ​ខ្លួន នោះ​នឹង​ត្រូវ​ដួល​ចុះ តែ​មនុស្ស​សុចរិត​នឹង​ចំរើន​ឡើង ដូច​ជា​ស្លឹក​ឈើ​ខៀវ​ខ្ចី» (សុភាសិត ១១:៤, ២៨)។

សាតាំងបរាជ័យមិនអាចយកឈ្នះព្រះយេស៊ូវបាន។ ប៉ុន្តែសាតាំងជោគជ័យលើអ្នកដទៃទៀត។ វានឹងនៅតែបន្តបំផ្លាញយើងប្រសិនបើយើងមិនព្រមប្រយុទ្ធនឹងសេចក្ដីកុហករបស់វា។ តើយើងប្រយុទ្ធដោយវិធីណា? យើងត្រូវតែពាក់ «​គ្រប់​គ្រឿង​សឹក​របស់​ព្រះ» (អេភេសួរ ៦:១៣) ហើយប្រយុទ្ធជាមួយនឹងអំណាចរបស់វា។ ពិតណាស់ មានតែព្រះមួយអង្គគត់ដែលសុខព្រះទ័យរំដោះយើងឲ្យរួចផុតពីអំណាចនៃការស្រឡាញ់របស់នាលោកិយនេះ។

ដូច្នេះ ព្រះត្រូវតែនៅជាប់កណ្ដាលក្នុងគំនិតយើងជានិច្ច។ ព្រះអង្គគឺជាអ្នកផ្គត់ផ្គង់ដល់សេចក្ដីត្រូវការរបស់យើង។ ព្រះអង្គនឹងជួយឲ្យយើងយល់ពីតម្លៃពិតនៃជីវិត។ ស្ដេចដាវីឌបានរៀនពីតម្លៃពិតនៃជីវិត។ ព្រះអង្គបាននិពន្ធពីសេចក្ដីនោះនៅក្នុងគម្ពីរទំនុកតម្កើង។ ព្រះអង្គមានបន្ទូលថា «ឯ​អស់​ទាំង​សិង្ហ​ស្ទាវ វា​តែងតែ​ខ្វះ ហើយ​ក៏​ឃ្លាន តែ​អស់​អ្នក​ណា​ដែល​ស្វែង​រក​ព្រះយេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី ដែល​ល្អ​ឡើយ» (ទំនុកតម្កើង ៣៤:១០)។ ស្ដេចសាឡូម៉ូនក៏បានឃើញថាតម្រិះប្រាជ្ញាមានតម្លៃថ្លៃជាងមាសឬប្រាក់ដែរ (សុភាសិត ៣:១៣, ១៤)។ ស្ដេចសាឡូម៉ូនបានដឹងថាសុភមង្គលពិតនិងការរស់នៅត្រឹមត្រូវបានមកពីការបែរភ្នែករបស់យើងចេញពីរបស់ដែលយើងមានហើយសម្លឹងទៅមើលព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅវិញ។ ព្រះអង្គគឺជាម្ចាស់របស់យើងម្នាក់ៗ។

ការស្រឡាញ់របស់ដែលមាននៅក្នុងជីវិតនេះនឹងព្យាយាមទាញយើងឲ្យធ្លាក់ទៅក្នុងអំពើបាប។ ក្ដីសង្ឃឹមតែមួយគត់របស់យើងក្នុងការគេចផុតពីអំណាចនេះគឺនៅឲ្យជាប់នឹងព្រះយេស៊ូវ។ សប្ដាហ៍នេះ យើងនឹងសិក្សាអំពីកត្តាអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវជោគជ័យ។ យើងត្រូវយល់ថាអំណាចដែលគ្រប់គ្រងផែនដីនេះគ្រោះថ្នាក់ណាស់។ ហើយយើងត្រូវតែដឹងថាយើងរស់ក៏ព្រោះតែដើម្បីព្រះយេស៊ូវប៉ុណ្ណោះ។

ថ្ងៃអាទិត្យ ទី២១ មករា ឆ្នាំ២០១៨

ការមានទំនាក់ទំនងដ៏រស់វើកជាមួយនឹងព្រះគ្រីស្ទ

ការស្រឡាញ់របស់ដែលយើងមានអាច «ចង» យើងទៅនឹងរបស់នាលោកិយនេះ។ ប៉ុន្តែចុះបើយើងមិនសូវមានទ្រព្យច្រើននៅក្នុងជីវិតនេះវិញតើទៅជាយ៉ាងណា? សេចក្ដីប៉ងប្រាថ្នាចង់បានទ្រព្យសម្បត្តិក៏អាចចាប់មនុស្សដែលមិនសូវមានរបស់ទ្រព្យដែរ។ ការចង់បានទ្រព្យនិងរបស់ថែមទៀតអាចក្លាយទៅជាបណ្ដាសាដ៏អាក្រក់។ ដូច្នេះយើងត្រូវតែគ្រប់គ្រងសេចក្ដីប៉ងប្រាថ្នានេះឲ្យបាន។ បើពុំនោះទេវានឹងនាំយើងឲ្យឃ្លាតឆ្ងាយពីព្រះយេស៊ូវមិនខាន។ ដូច្នេះសាតាំងប្រើប្រាស់ក្ដីស្រឡាញ់របស់យើងចំពោះរបស់នាលោកិយនេះដើម្បីដាក់អន្ទាក់យើង។

តើអ្វីទៅជាការការពារតែមួយគត់របស់យើង?

តើយើងធ្វើតាមសេចក្ដីដែលលោកប៉ុលបង្គាប់ឲ្យយើងធ្វើនៅក្នុងគម្ពីរកូឡូស ៣:២ ដោយរបៀបណា? (អានគម្ពីរទំនុកតម្កើង ១១៩:១១ និងអេភេសូរ ៦:១៨ ផងដើម្បីបានគន្លឹះ)។

សូមអានគម្ពីរភីលីព ៤:៨។ ដូចបានបង្ហាញក្នុងខនេះស្រាប់ តើយើងគួរបំពេញគំនិតរបស់យើងដោយសេចក្ដីអ្វី?

មានផ្លូវតែមួយគត់ដើម្បីនឹងឈប់ស្រឡាញ់របស់នាលោកិយនេះជាងស្រឡាញ់ព្រះ។ មធ្យោបាយនោះគឺយើងត្រូវតែស្រឡាញ់និងបម្រើព្រះយេស៊ូវឲ្យអស់ពីចិត្ត ហើយគ្រប់វិនាទីក្នុងមួយថ្ងៃៗ (ទំនុកតម្កើង ៣៤:១)។ ជីវិតតែងជួបពេលល្អនិងអាក្រក់។ ប៉ុន្តែយើងត្រូវតែបន្តបម្រើព្រះជានិច្ចទោះបើពេលខ្លះយើងភ្លាំងភ្លាត់មិនបានធ្វើសេចក្ដីដែលត្រឹមត្រូវក៏ដោយ។ ហើយយើងមិនត្រូវភ្លេចព្រះអង្គឡើយពេលយើងជោគជ័យ។ លោកម៉ូសេយល់ពីសេចក្ដីពិតនេះ។ (អានគម្ពីរហេព្រើរ ១១:២៦)។ ព្រះយេស៊ូវត្រូវតែឈរជាទី១នៅក្នុងជីវិតរបស់យើង។ យើងត្រូវតែបម្រើព្រះអង្គពីព្រោះទ្រង់ជាព្រះហើយទ្រង់បានសុគតជួសយើង។ ប៉ុន្តែយើងមិនត្រូវគិតថាការបម្រើព្រះអង្គនឹងធ្វើឲ្យយើងក្លាយជាអ្នកមានឡើយ។

យើងត្រូវតែថ្វាយជីវិតរបស់យើងទៅឯព្រះយេស៊ូវ។ ពេលនោះផែនការរបស់ទ្រង់នឹងក្លាយមកជាផែនការរបស់យើង។ ភក្ដីភាពពិតប្រាកដចំពោះព្រះបានសេចក្ដីថាការបែរចេញពីអ្វីទាំងឡាយណាដែលមករារាំងការបម្រើរបស់យើងចំពោះព្រះអង្គ។ ដូចដែលព្រះយេស៊ូវមានបន្ទូលថា «អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ» (លូកា ៩:៦២)។ ដូច្នេះយើងត្រូវតែលះបង់គ្រប់យ៉ាងដើម្បីព្រះយេស៊ូវ។ ពេលនោះព្រះអង្គនឹងបំបាក់ខ្នោះដែលទ្រព្យសម្បត្តិបានចងជីវិតយើង។ ព្រះអង្គនឹងលើកយើងឡើងឲ្យបានដល់កម្រិតដែលព្រះអង្គកំណត់ឲ្យយើងនៅក្នុងទ្រង់។ តើយើងធ្វើឲ្យការនេះសម្រេចបានដោយវិធីណា? យើងត្រូវតែយកព្រះយេស៊ូវមកធ្វើជាចំណុចកណ្ដាលនៃជីវិតយើង។ ព្រះអង្គត្រូវតែជាអ្នកគ្រប់គ្រងយើង មិនមែនចិត្តយើងនោះទេ។ ព្រះយេស៊ូវនឹងបំពេញចន្លោះប្រហោងនៅក្នុងជីវិតរបស់យើងបានល្អជាងអ្វីៗទាំងអស់ដែលមាននៅលើលោកនេះអាចបំពេញបាន។

សូមសញ្ជឹងគិតពីពេលណាមួយដែលអ្នកទទួលរបស់ម្យ៉ាងដែលអ្នកចង់បានជាខ្លាំង។ តើអ្នកមានអារម្មណ៍អរសប្បាយដែលបានធ្វើជាម្ចាស់របស់នោះយូរប៉ុនណាទម្រាំតែចាប់ផ្ដើមមានអារម្មណ៍ថាទទេម្ដងទៀត? តើសេចក្ដីនេះជួយបង្រៀនយើងឲ្យដឹងថារបស់នៅលើលោកនេះមិនអាចធ្វើឲ្យយើងសប្បាយចិត្តរហូតដែរឬទេ?

ថ្ងៃច័ន្ទ ទី២២ មករា ឆ្នាំ២០១៨

ការសិក្សាព្រះគម្ពីរ

ព្រះគម្ពីរជាង៦កោដិក្បាលត្រូវបានចែកចាយពាសពេញពិភពលោក។ ពិតជាចំនួនច្រើនមែន! ប៉ុន្តែតើមនុស្សប៉ុន្មាននាក់ដែលទទួលបានព្រះគម្ពីរនោះជឿថាព្រះគម្ពីរគឺជាព្រះបន្ទូលពិតរបស់ព្រះដ៏រស់? ហើយតើមនុស្សប៉ុន្មាននាក់ដែលអានគម្ពីរនោះដោយអស់ពីចិត្តហើយព្រមបើកចិត្តទទួលយកសេចក្ដីពិត?

តើយើងរៀនសេចក្ដីពិតដោយវិធីណា? យើងរៀនសេចក្ដីពិតដោយការសិក្សាព្រះគម្ពីរតាមវិធីត្រឹមត្រូវ។ ការសិក្សាព្រះគម្ពីរនឹងជួយយើងឲ្យចៀសផុតពីទស្សនៈដែលខុសហើយមិនច្បាស់លាស់។ ព្រះគម្ពីរគឺជាសៀវភៅដ៏រស់។ ព្រះគឺជាចំណុចចាប់ផ្ដើមនៃព្រះគម្ពីរទាំងមូល។ ព្រះគម្ពីរមានប្រភពចេញមកពីព្រះអង្គ (ហេព្រើរ ៤:១២)។ ហើយសៀវភៅនេះនឹងបង្ហាញយើងពីសេចក្ដីពិតជាច្រើនដែលយើងមិនអាចរកឃើញនៅលើលោកនេះឡើយ។ ព្រះគម្ពីរគឺជាផែនទីរបស់យើងដើម្បីបានទៅឯព្រះ។ វាជួយបង្ហាញយើងពីរបៀបដែលយើងត្រូវរស់នៅប្រចាំថ្ងៃ។ វាជួយបង្រៀនយើង។ វាបណ្ដាលឲ្យអំណាចនៃគំនិតរបស់យើងលូតលាស់ខ្លាំងឡើងហើយកាន់តែធំឡើង។ ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃនឹងកែប្រែយើង។ យើងនឹងចាប់ផ្ដើមគិត មានមនោសញ្ចេតនា និយាយស្ដី និងប្រព្រឹត្តដូចជាព្រះយេស៊ូវ។

ព័ត៌មានអំពីព្រះយេស៊ូវដែលច្បាស់ជាងគេហើយសុក្រឹតជាងគេគឺមាននៅក្នុងគម្ពីរដំណឹងល្អ។ គម្ពីរដំណឹងល្អគឺសំដៅទៅលើគម្ពីរបួនដំបូងនៃសញ្ញាថ្មី។ គម្ពីរទាំងបួននោះរួមមាន ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ សូមអានគម្ពីរ យ៉ូហាន ៥:៣៩ យ៉ូហាន ១៤:៦ និងយ៉ូហាន ២០:៣១។ តើខក្នុងគម្ពីរយ៉ូហានទាំងនេះចែងយ៉ាងដូចម្ដេចអំពីព្រះយេស៊ូវ? ហើយតើខទាំងនេះផ្ដល់ហេតុផលអ្វីចំពោះសំណួរថាហេតុអ្វីបានជាព្រះអង្គសំខាន់សម្រាប់យើងនិងសំខាន់សម្រាប់ជំនឿរបស់យើងដល់ម្លេះ?

យើងសិក្សាព្រះគម្ពីរដោយព្រោះសៀវភៅនេះបង្ហាញសេចក្ដីពិតដល់យើង។ ព្រះយេស៊ូវគឺជាសេចក្ដីពិត។ យើងរកឃើញព្រះយេស៊ូវនៅក្នុងព្រះគម្ពីរ។ នៅក្នុងគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី យើងអានអំពីព្រះយេស៊ូវនិងកិច្ចការដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ រួចយើងនឹងលង់ចិត្តស្រឡាញ់ព្រះអង្គ។ យើងថ្វាយជីវិតវិញ្ញាណទៅឯព្រះអង្គ។ ហើយព្រះអង្គនឹងការពារយើងជានិរន្តរ៍តទៅ។ ដូច្នេះយើងត្រូវតែដើរតាមព្រះយេស៊ូវហើយព្រមទាំងស្ដាប់បង្គាប់តាមព្រះបន្ទូលទ្រង់ដូចដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ។ បែបនោះទើបយើងអាចមានសេរីរួចផុតពីទាសភាពនៃអំពើបាប។ ហើយយើងនឹងឈប់ស្រឡាញ់របស់នាលោកិយនេះហួសល្បត់ (យ៉ូហាន ៣:៣៦)។

តើគម្ពីររ៉ូម ៨:៥ ព្រមានយើងអំពីអ្វី? តើការសិក្សាព្រះគម្ពីរជួយឲ្យយើងតយុទ្ធជាមួយនឹងសង្គ្រាមនេះដោយរបៀបណាដើម្បីគ្រប់គ្រងគំនិតរបស់យើង?

ការស្រឡាញ់របស់នាជីវិតនេះអាចទាញយើងឲ្យឃ្លាតឆ្ងាយពីព្រះ។ ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន។ ហេតុនេះហើយបានជាយើងត្រូវតែបន្តសិក្សាព្រះគម្ពីរ។ ព្រោះវាចង្អុលនាំផ្លូវយើងទៅឯជីវិតអស់កល្បនិងសេចក្ដីពិតខាងវិញ្ញាណដែលយើងត្រូវការដើម្បីឲ្យបានជោគជ័យនៅក្នុងជីវិតជាអ្នកគ្រីស្ទាន។

ថ្ងៃអង្គារ ទី២៣ មករា ឆ្នាំ២០១៨

ជីវិតនៃការអធិដ្ឋាន

គម្ពីរយ៉ូហាន ១៧:៣ បង្ហាញពីមូលហេតុដែលគ្រីស្ទានភាគច្រើននិយាយថាជំនឿគឺគ្រាន់តែជាការស្គាល់ព្រះ។ ការស្គាល់ព្រះបានសេចក្ដីថា «មានជីវិតអស់កល្ប» (យ៉ូហាន ១៧:៣)។ យើងអាចរកជីវិតនោះឃើញនៅពេលយើងនៅជាប់នឹងព្រះ។ ពិតណាស់ចំណែកធំបំផុតនៃទំនាក់ទំនងរបស់យើងទៅនឹងព្រះគឺទំនាក់ទំនងល្អ។ ម្សិលមិញ យើងបានរៀនរួចមកហើយថាវិធីមួយដែលព្រះមានបន្ទូលមកកាន់យើងគឺតាមរយៈព្រះគម្ពីរ។ ហើយសេចក្ដីអធិដ្ឋានគឺជាវិធីដែលយើងទូលទៅកាន់ទ្រង់។

សេចក្ដីអធិដ្ឋានផ្ចង់ចិត្តនិងគំនិតរបស់យើងទៅឯឋានសួគ៌ដែលនៅឆ្ងាយពីផែនដី។ ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន។ យើងងាយនឹងអធិដ្ឋានតាមបែបអាត្មានិយមណាស់។ ដូច្នេះដំបូងបង្អស់គឺយើងត្រូវថ្វាយខ្លួនទៅឯព្រះ។ យើងត្រូវតែអធិដ្ឋានទៅតាមអ្វីដែលព្រះចង់បានមិនមែនតាមតែការចង់បានរបស់យើងប៉ុណ្ណោះទេ។ ពេលនោះសេចក្ដីអធិដ្ឋានរបស់យើងនឹងលើកតម្កើងផែនការបរិសុទ្ធរបស់ព្រះអង្គសម្រាប់យើង។

សូមអានគម្ពីរហេព្រើរ ១១:១-៦។ ដូចបានបង្ហាញក្នុងខទាំងនេះស្រាប់ តើយើងត្រូវបន្ថែមសេចក្ដីអ្វីទៀតទៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង? ហើយចុះតើការដែលថាមកឯព្រះដោយជំនឿនិងអធិដ្ឋានដោយជំនឿមានន័យយ៉ាងដូចម្ដេច?

យើងត្រូវតែបន្ថែមសេចក្ដីជំនឿទៅក្នុងសេចក្ដីអធិដ្ឋានរបស់យើង។ តើមានរឿងអ្វីកើតឡើងនៅពេលដែលយើងអធិដ្ឋានដោយគ្មានជំនឿ? ពេលនោះនឹងយើងនឹងរំពឹងឲ្យព្រះធ្វើកិច្ចការដែលព្រះអង្គមិនដែលបានសន្យាថានឹងធ្វើសោះ។ ជំនឿបែបនេះគឺជាជំនឿមិនត្រឹមត្រូវ។ សាតាំងប្រើប្រាស់ជំនឿក្លែងក្លាយឲ្យមកជំនួសជំនឿពិត។ «សេចក្ដីអធិដ្ឋានិងជំនឿគឺនៅជាមួយគ្នាយ៉ាងជិតស្និទ្ធ។ ដូច្នេះយើងត្រូវតែរៀនពីសេចក្ដីទាំង២នេះជាមួយគ្នា។ សេចក្ដីអធិដ្ឋានដែលមានជំនឿរួមបញ្ចូលសេចក្ដីពិតដ៏សំខាន់មកពីព្រះ។ យើងត្រូវតែសិក្សាថាតើសេចក្ដីពិតនេះជាអ្វី។ ពេលនោះយើងនឹងបានជោគជ័យក្នុងកិច្ចការដែលព្រះប្រទានឲ្យយើងធ្វើនៅក្នុងជីវិតនេះ....ព្រះយេស៊ូវបញ្ជាក់ច្បាស់ហើយថាយើងត្រូវតែ «ទូលសូម» នូវអ្វីដែលគាំទ្រដល់ផែនការរបស់ព្រះសម្រាប់យើង [ម៉ាកុស ១១:២៤]។ យើងត្រូវតែទូលសូមរបស់ណាដែលព្រះសន្យាថានឹងប្រទានឲ្យ។ ហើយយើងត្រូវតែប្រើប្រាស់នូវអ្វីដែលយើងទទួលបានមកដើម្បីនាំសិរីល្អនិងសរសើរតម្កើងព្រះនៅក្នុងជីវិតនេះ។ ពេលនោះសេចក្ដីសន្យារបស់ព្រះអង្គចំពោះយើងនឹងក្លាយមកជាការពិត»។ ដកស្រង់ពីសៀវភៅ Prayer, page 57, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ចូរក្រឡេកមើលជីវិតនៃការអធិដ្ឋានរបស់អ្នកផ្ទាល់។ តើអ្នកអធិដ្ឋានដើម្បីអ្វី? តើសេចក្ដីអធិដ្ឋានរបស់អ្នកបង្ហាញថាអ្វីទៅជារឿងសំខាន់សម្រាប់អ្នក? តើអ្នកត្រូវអធិដ្ឋានសម្រាប់សេចក្ដីអ្វីផ្សេងទៀត?

ថ្ងៃពុធ ទី២៤ មករា ឆ្នាំ២០១៨

ជីវិតដែលប្រកបដោយតម្រិះប្រាជ្ញា

គម្ពីរពង្សាវតាក្សត្រទី១ជំពូក៣មានរឿងដ៏ល្អបណ្ដាច់មួយនៅក្នុងព្រះគម្ពីរទាំងមូល។ នៅក្នុងសាច់រឿងនេះ ស្ដេចសាឡូម៉ូនទូលសូមប្រាជ្ញាមកពីព្រះ។ ព្រះអង្គអធិដ្ឋានយ៉ាងដូច្នេះថា «’ដូច្នេះ សូម​ទ្រង់​ប្រទាន​ឲ្យ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា​ដើម្បី​នឹង​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់ ប្រយោជន៍​ឲ្យ​ទូលបង្គំ​បាន​ពិចារណា​ដឹង​ខុស​ត្រូវ ដ្បិត​តើ​មាន​អ្នក​ណា​អាច​នឹង​គ្រប់គ្រង​លើ​រាស្ត្រ​ទ្រង់ ដែល​មាន​គ្នា​ច្រើន​ទាំង​នេះ​បាន’» (ពង្សាវតាក្សត្រទី១ ៣:៩)។

តើបន្ទូលសំខាន់អ្វីដែលព្រះបានមានបន្ទូលទៅកាន់ស្ដេចសាឡូម៉ូននៅក្នុងគម្ពីរពង្សាវតាក្សត្រទី១ ៣:១៤? ស្ដេចសាឡូម៉ូនមិនបានប្រព្រឹត្តបន្ទូលទាំងនេះទេ។ ប៉ុន្តែតើបន្ទូលទាំងនេះអាចជួយសង្គ្រោះព្រះអង្គពីការបំផ្លាញនៃការស្រឡាញ់ទ្រព្យសម្បត្តិនិងរបស់នាលោកិយនេះបានដែរទេ? ហេតុអ្វីបានជាបន្ទូលរបស់ព្រះទៅកាន់ស្ដេចសាឡូម៉ូនមានសារៈសំខាន់ខ្លាំងសម្រាប់យើងរាល់គ្នា? អានគម្ពីរ យ៉ូហានទី១ ៥:៣ និងពេត្រុសទី១ ៤:១៧ ផងដើម្បីបានគន្លឹះថែមទៀត។

ស្ដេចសាឡូម៉ូនមានតម្រិះប្រាជ្ញាខ្ពស់ណាស់។ ប៉ុន្តែប្រាជ្ញាក៏ត្រូវស្ដាប់បង្គាប់ដែរ ពុំនោះទេប្រាជ្ញាប្រៀបបានទៅនឹងព័ត៌មានល្អប៉ុណ្ណោះ។ ពិតមែនហើយ មនុស្សជាច្រើនដឹងពីព័ត៌មានត្រឹមត្រូវច្រើនណាស់។ ប៉ុន្តែមនុស្សទាំងនេះនឹងមិនបានទៅឋានសួគ៌ហើយ។ ហេតុអ្វី? ពីព្រោះពួកគេមិនបានធ្វើតាមអ្វីដែលគេដឹងថាត្រឹមត្រូវ។ បើយើងគ្រាន់តែដឹងពីសេចក្ដីពិតតែមិនធ្វើតាមនោះគ្មានប្រយោជន៍អ្វីទេ។ ស្ដេចសាឡូម៉ូនមិនបានកាន់តាមអ្វីដែលព្រះអង្គជ្រាបថាត្រឹមត្រូវនោះទេ។ ការមិនស្ដាប់បង្គាប់របស់ទ្រង់បណ្ដាលឲ្យទ្រង់ងាកចេញពីផ្លូវនៃសេចក្ដីល្អដែលព្រះចង់ឲ្យគាត់ដើរតាម។ ចំណេរក្រោយមកស្ដេចសាឡូម៉ូនជ្រាបថាព្រះអង្គមិនបានប្រព្រឹត្តដោយប្រាជ្ញាវាងវៃនោះទេ។ ព្រះអង្គនិពន្ធថា «ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀបផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង» (សុភាសិត ៨:១១)។

ប្រាជ្ញាបានសេចក្ដីថាការប្រើប្រាស់ចំណេះដឹងនិងការយល់ក្នុងផ្លូវត្រូវ។ ចំណេះដឹងគឺជាសមោធាន (បណ្ដុំ) នៃសេចក្ដីពិត។ ការយល់គឺជាជំនាញក្នុងការដឹងពីស្ថានភាពទាំងប៉ុន្មានដែលកំពុងកើតឡើងជុំវិញខ្លួនយើង។ ប្រាជ្ញាជួយឲ្យយើងប្រើប្រាស់ទាំងចំណេះដឹងទាំងការយល់ដឹង។ ដូច្នេះយើងត្រូវតែជាអ្នកគ្រប់គ្រងដ៏វាងវៃទៅលើចំណេះដឹងដែលព្រះប្រទានឲ្យយើង។ ហើយអ្នកគ្រប់គ្រងល្អត្រូវប្រើប្រាស់ទាំងចំណេះដឹងនិងការយល់ដឹង។ ប៉ុន្តែអ្នកគ្រប់គ្រងឈ្លាសវៃក៏ត្រូវការបទពិសោធន៍ដែលកើតឡើងពីការស្ដាប់បង្គាប់ចំណេះដឹងនិងការយល់ដឹង។

គំរូរបស់ស្ដេចសាឡូម៉ូនបង្ហាញយើងឲ្យឃើញថាសូម្បីតែមនុស្សដែលវៃឆ្លាតបំផុតក៏គង់តែងាយនឹងធ្លាក់ទៅក្នុងអន្ទាក់នៃការស្រឡាញ់ទ្រព្យសម្បត្តិនិងរបស់របរផ្សេងៗ។ សុវត្ថិភាពតែមួយគត់ពីអន្ទាក់នេះគឺត្រូវស្ដាប់បង្គាប់តាមចំណេះដឹងដែលព្រះប្រទានមកឲ្យយើង។

សូមអានគម្ពីរកូរិនថូសទី១ ៣:១៩ និងសុភាសិត ២៤:១៣, ១៤។ តើប្រាជ្ញាទាំងពីរប្រភេទដែលមានចែងនៅក្នុងខទាំងនេះខុសគ្នាត្រង់ចំណុចណា? សូមចែករំលែកចម្លើយរបស់អ្នកនៅថ្ងៃបរិសុទ្ធ។

ថ្ងៃព្រហស្បតិ៍ ទី២៥ មករា ឆ្នាំ២០១៨

ព្រះវិញ្ញាណបរិសុទ្ធ

សង្គ្រាមរវាងសេចក្ដីអាក្រក់និងសេចក្ដីល្អគឺពិតជាមានមែន។ ភាគី២ខាងច្បាំងគ្នាដើម្បីដណ្ដើមយើង។ ភាគីម្ខាងព្យាយាមទាញយើងទៅឯព្រះយេស៊ូវ (យ៉ូហាន ៦:៤៤)។ ឯភាគីម្ខាងទៀតព្យាយាមអូសទាញយើងឲ្យឃ្លាតឆ្ងាយពីព្រះយេស៊ូវហើយបែរមកឯរបស់ទ្រព្យនាលោកិយនេះវិញ។ ព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងជីវិតរបស់យើងអាចហើយនឹងអូសទាញយើងមកឯព្រះយេស៊ូវ។ ប៉ុន្តែដំបូងបង្អស់យើងត្រូវតែថ្វាយជីវិតរបស់យើងទៅព្រះអង្គសិន។

«’កាល​ណា​ព្រះអង្គ​នោះ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត’» (យ៉ូហាន ១៦:១៣ និងយ៉ូហាន ១៤:១៦ ផង)។ ព្រះវិញ្ញាណបរិសុទ្ធប្រទានអំណាចឲ្យយើងរស់នៅដោយជំនឿនិងកាន់តាមបញ្ញត្តិរបស់ព្រះ។ ពេលនោះយើងនឹងលែងរស់នៅដោយអារម្មណ៍ឬសេចក្ដីប្រាថ្នារបស់យើងដូចកាលពីអតីតកាលទៀតហើយ។ មនុស្សដែលមិនមែនជារបស់ព្រះរស់នៅដើម្បីបំពេញសេចក្ដីសប្បាយរីករាយរបស់ពួកគេ។ តែយើងរស់នៅដើម្បីធ្វើឲ្យព្រះសប្បាយព្រះទ័យវិញ។ ព្រះវិញ្ញាណបរិសុទ្ធរៀបចំមនុស្សលើលោកនេះដើម្បីឲ្យទៅនៅនគរស្ថានសួគ៌ជាមួយព្រះ។ ព្រះវិញ្ញាណនាំឲ្យយើងរស់នៅក្នុងជីវិតមួយដែលពោរពេញដោយជំនឿនិងភក្ដីភាពចំពោះព្រះពេលរស់នៅលើផែនដីនេះ។

សាវកប៉ុលប្រាប់យើងថាជំនឿនេះបានមកពីព្រះ។ «ដើម្បី​កុំ​ឲ្យ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះចេស្តា​នៃ​ព្រះ​វិញ» (កូរិនថូសទី១ ២:៥)។ ការស្រឡាញ់របស់ទ្រព្យនាលោកិយនេះនឹងទាញយើងឲ្យឆ្ងាយពីព្រះ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធខិតខំធ្វើការដើម្បីនាំយើងមកឯព្រះយេ-ស៊ូវវិញ។

សូមអានគម្ពីរអេសេគាល ៣៦:២៦, ២៧ យ៉ូហាន ១៤:២៦ និងអេភេសូរ ៣:១៦, ១៧។ ដូចដែលបានបង្ហាញនៅក្នុងខទាំងនេះស្រាប់ ជោគជ័យលើការស្រឡាញ់របស់ទ្រព្យនៅលើលោកិយនេះពិតជាអាចធ្វើបាន។ តែអំណាចយកឈ្នះនោះបានមកតែពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ មិនមែនមកពីយើងរាល់គ្នាឡើយ។ យើងត្រូវតែអនុញ្ញាតឲ្យព្រះវិញ្ញាណគ្រប់គ្រងលើយើងទាំងស្រុង។ នៅពេលដែលយើងធ្វើដូច្នោះ តើព្រះនឹងធ្វើអ្វីដើម្បីធានាឲ្យបានថាយើងនឹងឈ្នះសង្គ្រាម?

«ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់គំនិតរបស់យើងនៅពេលយើងអានព្រះគម្ពីរ។ តាមវិធីនេះព្រះអង្គដាំសេចក្ដីពិតយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើង។ ព្រះអង្គបង្ហាញយើងឲ្យដឹងថាអ្វីខុស។ ហើយព្រះអង្គកម្ចាត់សេចក្ដីនោះពីជីវិតយើង។ ព្រះវិញ្ញាណបរិសុទ្ធគឺជាវិញ្ញាណនៃសេចក្ដីពិត។ ព្រះគ្រីស្ទបំពេញព្រះរាជកិច្ចដោយព្រះវិញ្ញាណនៃសេចក្ដីពិតរបស់ព្រះអង្គស្របពេលដែលយើងអានព្រះគម្ពីរ។ ដូច្នេះព្រះអង្គនាំយើងឲ្យថ្វាយជីវិតទាំងស្រុងទៅឯព្រះអង្គ»។ ដកស្រង់ពីសៀវភៅ The Desire of Ages, page 671, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ព្រះវិញ្ញាណបរិសុទ្ធប្រាប់យើងឲ្យដឹងថាអ្វីដែលពិត។ ព្រះអង្គបង្ហាញព្រះឲ្យយើងស្គាល់។ ព្រះវិញ្ញាណគឺជាអំណោយដ៏វិសេសបំផុតដែលព្រះយេស៊ូវបានប្រទានឲ្យយើងបន្ទាប់ពីព្រះអង្គយាងទៅឋានសួគ៌។ ព្រះយេស៊ូវបញ្ជូនព្រះវិញ្ញាណរបស់ព្រះអង្គដើម្បីនឹងប្រទានអំណាចដល់យើងប្រយោជន៍ឲ្យបានឈ្នះសង្គ្រាមដែលយើងច្បាស់ទាស់នឹងការស្រឡាញ់របស់ទ្រព្យ។

មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចប្រទានអំណាចឲ្យអ្នកឈប់ស្រឡាញ់របស់នាលោកិយនេះជាងស្រឡាញ់ព្រះ។ តើពេលនេះអ្នកអាចធ្វើអ្វីដើម្បីថ្វាយជីវិតដល់ទ្រង់?

ថ្ងៃសុក្រ ទី២៦ មករា ឆ្នាំ២០១៨

សិក្សាបន្ថែម

ព្រះជាម្ចាស់តម្រូវឲ្យយើងធ្វើជាអ្នកថែរក្សាទ្រព្យសម្បត្តិដ៏ល្អម្នាក់។ អ្នកថែរក្សាទ្រព្យសម្បត្តិរបស់ព្រះគឺជាអ្នកគ្រប់គ្រងលើគ្រប់ទាំងអំណោយ របស់ និងទ្រព្យទាំងប៉ុន្មានដែលព្រះបានប្រទានឲ្យពួកគេនៅក្នុងជីវិតនេះ។ អ្នកគ្រប់គ្រងល្អកាន់តាមបញ្ញត្តិនៃករណីយកិច្ចនិងសេចក្ដីស្រឡាញ់។ «ចូរចងចាំថាករណីយកិច្ចមានបងប្អូនស្រីភ្លោះ។ បងប្អូនស្រីភ្លោះរបស់ករណីយកិច្ចគឺជាសេចក្ដីស្រឡាញ់។ តើមានរឿងអ្វីកើតឡើងនៅពេលដែលសេចក្ដីស្រឡាញ់និងករណីយកិច្ចជួបគ្នា? ពេលនោះទាំង២នាក់នេះសឹងតែអាចធ្វើគ្រប់រឿង។ ប៉ុន្តែនៅពេលដែលពួកគេទាំង២នាក់បែកគ្នា តើមានរឿងអ្វីកើតឡើង? គេម្នាក់ឯងមិនអាចធ្វើអ្វីបានច្រើននោះទេ»។ ដកស្រង់ពីសៀវភៅ Testimonies for the Church, volume 4, page 62, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ ករណីយកិច្ចគឺជាសកម្មភាពផ្ទាល់នៃសេចក្ដីស្រឡាញ់។ យើងគ្រាន់តែត្រូវគិតអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងសម្រាប់យើងប៉ុណ្ណោះ ពេលនោះសេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់នឹងជួយយើងឲ្យស្គាល់ពីករណីយកិច្ចរបស់យើង។

ប៉ុន្តែច្បាប់ភ្លោះដែលគ្រប់គ្រងផែនដីនេះពុំមែនជាសេចក្ដីស្រឡាញ់និងករណីយកិច្ចនោះទេ។ ច្បាប់ភ្លោះដែលឃុំគ្រងផែនដីនេះគឺសម្អប់និងសង្គ្រាម។ ច្បាប់នៃសង្គ្រាមគឺបានសេចក្ដីថាប្រយុទ្ធជាមួយនឹងច្បាប់របស់ព្រះ។ ការប្រយុទ្ធទាស់នឹងព្រះគឺជាសកម្មភាពរបស់សេចក្ដីសម្អប់។ លុយស៊ីហ្វ័រច្បាំងទាស់នឹងព្រះ (អេសេគាល ២៨:១៦, ១៧)។ ហើយសាតាំងនឹងមិនឈប់ច្បាំងឡើយគឺដរាបដល់ព្រះបំផ្លាញវាបង់។ សាតាំងបង្វែរពីអំណាចនៃសេចក្ដីស្រឡាញ់ឲ្យទៅជាការស្រឡាញ់អំណាចទៅវិញ។ មេដឹកនាំសាសនានៃសាសន៍អ៊ីស្រាអែលក៏ស្អប់អំណាចព្រះចេស្ដារបស់ព្រះយេស៊ូវដែរ (ម៉ាថាយ ២២:២៩)។ ពួកគេរត់គេចពីអំណាចរបស់ព្រះយេស៊ូវនៅក្នុងសាលាប្រជុំហើយបដិសេធមិនព្រមមើលចំព្រះនេត្ររបស់ព្រះអង្គ។ ប៉ុន្តែនៅទីបញ្ចប់ ពួកគេមិនព្រមកែប្រែអាកប្បកិរិយារបស់គេឡើយ។

សំនួរពិភាក្សា៖
  1. សូមគិតអំពីច្បាប់នៃសេចក្ដីស្រឡាញ់និងករណីយកិច្ចបន្ថែមទៀត។ តើអ្នកស្រីអែល្លិនជីវ៉ៃត៍ចង់មានន័យយ៉ាងដូចម្ដេចពេលគាត់មានប្រសាសន៍ថា ករណីយកិច្ចដែលគ្មានសេចក្ដីស្រឡាញ់ ឬសេចក្ដីស្រឡាញ់ដែលគ្មានករណីយកិច្ច មិនអាច «មានប្រយោជន៍ច្រើនទេ»? តើមានអ្វីកើតឡើងចំពោះសេចក្ដីស្រឡាញ់ដែលគ្មានករណីយកិច្ច? ហើយករណីយកិច្ចដោយគ្មានសេចក្ដីស្រឡាញ់? ហេតុអ្វីបានជាចំណុចទាំង២នេះត្រូវតែនៅជាមួយគ្នា?

  2. ខចងចាំសម្រាប់សប្ដាហ៍នេះគឺមាន២ខរួមបញ្ចូលគ្នាមកតែមួយ។ តើខទាំងនេះមានន័យយ៉ាងដូចម្ដេច? តើខទាំងនេះចែងយ៉ាងដូចម្ដេចខ្លះអំពីទ្រព្យសម្បត្តិ? ហើយមិនបានចែងពីអ្វីខ្លះ?

  3. ហេតុអ្វីបានជាស្ដេចសាឡូម៉ូនឃ្លាតឆ្ងាយពីព្រះម្លេះ? ស្ដេចសាឡូម៉ូនបាននិពន្ធគម្ពីរសាស្ដា។ តើអ្នកអាចរកឃើញខណានៅក្នុងគម្ពីរសាស្ដាដែលបង្ហាញថាជីវិតដែលមានស្ដុកស្ដម្ភគឺជាជីវិតដែលទទេសោះ? តើសប្ដាហ៍នេះយើងបានរៀនអ្វីខ្លះអំពីការអធិដ្ឋាន ការសិក្សាព្រះគម្ពីរ និង ទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវដែលអាចជួយយើងឲ្យបាននៅជិតនឹងព្រះ?

  4. អ្នកខ្លះពុំសូវមានទ្រព្យទេ។ ប៉ុន្តែតើគេចូលទៅក្នុងអន្ទាក់របស់សាតាំងនៃការស្រឡាញ់របស់ទ្រព្យនៃលោកិយនេះដោយរបៀបណា?
Powered by CAM