មេរៀនទី៤​៖ ២១-២៧ មេសា ២០១៨

គ្រាចុងក្រោយ និងផែនការសង្គ្រោះរបស់ព្រះ

Jeans
ថ្ងៃសៅរ៍ ទី២១ មេសា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ យ៉ូហាន ១៤:៩ សេផានា ៣:១៧ យ៉ូហាន ១:១-៣ រ៉ូម ៨:៣៨, ៣៩ ទំនុកតម្កើង ៩១:១៥, ១៦។

ខចងចាំ៖ «នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះរាជបុត្រា​ទ្រង់​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង» (យ៉ូហានទី១ ៤:១០)។

តើកត្តាអ្វីជាចំណុចខុសគ្នាដ៏សំខាន់រវាងសាសនារបស់គ្រីស្ទាន និងសាសនាដទៃដែលមិនមែនជារបស់គ្រីស្ទាន? សាសនាដទៃដែលមិនមែនជារបស់គ្រីស្ទានលើកយកពីការបង្រៀនជាច្រើនរបស់អ្នកផ្ដើមសាសនារបស់គេ។ ប៉ុន្តែពួកគេមិនសូវមានសេចក្ដីអ្វីនិយាយអំពីអ្វីដែលអ្នកផ្ដើមសាសនារបស់គេបានធ្វើសម្រាប់គេនោះទេ។ ហេតុអ្វី? ព្រោះថាគ្មានសេចក្ដីណាដែលអ្នកផ្ដើមសាសនាទាំងនោះបានធ្វើអាចជួយសង្គ្រោះសាសនិករបស់ពួកគេបានឡើយ។ យ៉ាងច្រើនអ្នកផ្ដើមសាសនាទាំងនោះបង្រៀនសាសនិករបស់ខ្លួនឲ្យ «សង្គ្រោះ» ខ្លួនឯងប៉ុណ្ណោះ។

ប៉ុន្តែ សាសនាគ្រីស្ទខុសពីនោះ។ ក្នុងនាមជាគ្រីស្ទានមាននិយាយអំពីការបង្រៀនរបស់ព្រះយេស៊ូវ។ ប៉ុន្តែយើងក៏និយាយអំពីសេចក្ដីដែលព្រះយេស៊ូវបានធ្វើដើម្បីសង្គ្រោះយើងដែរ។ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះ? ព្រះអង្គបានក្លាយមកជាមនុស្ស (រ៉ូម ៨:៣)។ ព្រះអង្គបានសុគតលើឈើឆ្កាង (រ៉ូម ៥:៨)។ ព្រះអង្គមានព្រះជន្មរស់ពីសុគត (ពេត្រុសទី១ ១:៣)។ ពេលនេះព្រះអង្គកំពុងតែបំពេញព្រះរាជកិច្ចនៅឯនគរស្ថានសួគ៌ដើម្បីត្រៀមយើងឲ្យរួចស្រេចដើម្បីនឹងទៅនៅជាមួយព្រះអង្គ (ហេព្រើរ ៧:២៥)។ មានតែសេចក្ដីទាំងនេះប៉ុណ្ណោះដែលជួយសង្គ្រោះយើងបាន។ យើងមិនមែនបានសង្គ្រោះដោយព្រោះការអ្វីដែលយើងធ្វើនោះទេ។ «តើនឹងទៅជាយ៉ាងណាប្រសិនបើយើងប្រាប់ទៅ ទេវតារបស់ព្រះថាហេតុផលមួយដែលព្រះសង្គ្រោះមនុស្សគឺមកពីមនុស្សមានសេចក្ដីល្អ បរិសុទ្ធ និងគួរជាទីស្រឡាញ់? ពេលនោះទេវតារបស់ព្រះនឹងគ្រវែងទស្សនៈនោះចោលភ្លាមពីព្រោះទស្សនៈនោះមិនស្មោះត្រង់នឹងព្រះ» ដកស្រង់ពីសៀវភៅ Faith and Works, page 24 របស់អ្នកស្រីអែល្លិនជីវ៉ៃត័។

សេចក្ដីពិតដែលថាមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចសង្គ្រោះយើងបានគឺជាសេចក្ដីពិតដ៏សំខាន់សម្រាប់យើងនាសម័យចុងក្រោយនេះ។

ថ្ងៃអាទិត្យ ទី២២ មេសា ឆ្នាំ២០១៨

សេចក្ដីស្រឡាញ់របស់ព្រះវរបិតាចំពោះយើង

មិនយូរប៉ុន្មានមុនដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ្នកដើរតាមជិតស្និទ្ធនឹងព្រះអង្គខ្លះ។ ព្រះយេស៊ូវពន្យល់ដល់ពួកគេថាមានតែតាមរយៈការជឿលើព្រះយេស៊ូវប៉ុណ្ណោះទើបមនុស្សលោកអាចចូលទៅឯព្រះវរបិតាបាន។ ពេលនោះសាវករបស់ព្រះយេស៊ូវម្នាក់ឈ្មោះភីលីពស្រដីឡើងថា «ព្រះអម្ចាស់​អើយ សូម​បង្ហាញ​ព្រះវរបិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ» (យ៉ូហាន ១៤:៨)។

តើព្រះយេស៊ូវតបទៅកាន់ភីលីពដូចម្ដេចវិញនៅក្នុងគម្ពីរយ៉ូហាន ១៤:៩? តើសំណួររបស់លោកភីលីពបង្ហាញឲ្យឃើញថាគាត់យល់ខុសយ៉ាងដូចម្ដេចខ្លះអំពីព្រះ? តើចម្លើយរបស់ព្រះយេស៊ូវបង្ហាញថាគំនិតទាំងនោះខុសដែរឬទេ?

អ្នកខ្លះលើកឡើងថាគម្ពីរសញ្ញាចាស់បង្ហាញយើងថាព្រះគឺជាចៅក្រមដ៏កាចសាហាវ។ ហើយពួកគេក៏បន្ថែមទៀតថា គម្ពីរសញ្ញាថ្មីបង្ហាញឲ្យឃើញថាព្រះមានពេញដោយសេចក្ដីមេត្តាករុណានិងសន្ដោសប្រណី។ ពួកគាត់លើកឡើងថាព្រះគម្ពីរបង្ហាញពីព្រះពីរអង្គដាច់ដោយឡែកពីគ្នា។ តែទស្សនៈបែបនេះខុសស្រឡះ។ ព្រះនៅក្នុងសញ្ញាចាស់ក៏ជាព្រះដដែលនៅក្នុងសញ្ញាថ្មី។ ព្រះមានសេចក្ដីមេត្តាករុណានិងសន្ដោសប្រណីនៅក្នុងសញ្ញាចាស់ដូចដែលទ្រង់មាននៅក្នុងសញ្ញាថ្មីដែរ។

ហេតុផលមួយដែលព្រះយេស៊ូវយាងមកផែនដីនេះគឺដើម្បីបង្ហាញមនុស្សឲ្យឃើញពីសេចក្ដីពិតអំពីព្រះវរបិតា។ ប៉ុន្តែមកទល់គ្នានឹងពេលដែលព្រះយេស៊ូវយាងមកផែនដីនេះ មានទស្សនៈខុសអំពីព្រះវរបិតាពេញនៅក្នុងគំនិតមនុស្សគ្រប់ទីកន្លែងដែលមិនជឿព្រះ។ គួរឲ្យសោកស្ដាយសូម្បីតែរាស្ត្រដែលព្រះបានជ្រើសរើសក៏ជឿទៅលើទស្សនៈមិនត្រឹមត្រូវអំពីព្រះអង្គដែរ។ «ផែនដីគឺជាទីដ៏ងងឹតព្រោះមនុស្សលោកបានជឿទៅលើទស្សនៈខុសអំពីព្រះ។ ព្រះយេស៊ូវបានយាងមកដើម្បីនាំយកសេចក្ដីពិតមកកាន់ពិភពលោកនេះ។ ព្រះអង្គយាងមកដើម្បីនាំមនុស្សនៅលើផែនដីនេះត្រឡប់ទៅឯព្រះវរបិតាវិញ។ ព្រះយេស៊ូវយាងមកដើម្បីបំបែកសេចក្ដីកុហកដ៏មានឥទ្ធិឫទ្ធិរបស់សាតាំង។» ដកស្រង់ពីសៀវភៅ The Desire of Ages, page 22 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។ ទាំងនេះគឺជាហេតុផលមួយចំនួនដែលព្រះយេស៊ូវយាងមកផែនដីនេះ។

ព្រះជាម្ចាស់មិនផ្លាស់ប្រែ។ ប្រសិនបើយើងបានយល់ច្បាស់ពីហេតុផលដែលរឿងរ៉ាវបានកើតឡើងនៅសម័យសញ្ញាចាស់ នោះយើងនឹងបានឃើញថាព្រះជាម្ចាស់មានសេចក្ដីសន្ដោសប្រណីនិងមេត្តាករុណានៅក្នុងសញ្ញាចាស់ដូចតែនៅក្នុងសញ្ញាថ្មីដែរជាមិនខាន។ «​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​» (យ៉ូហានទី១ ៤:៨)។ ព្រះមិនដែលផ្លាស់ប្រែ។ «ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​នៅ​តែ​ដដែល គឺ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ ហើយ​ទៅ​ដល់​អស់​កល្ប​ជានិច្ច​ត​ទៅ» (ហេព្រើរ ១៣:៨)។

កុំភ្លេចដែរថាគឺព្រះនាសម័យសញ្ញាចាស់នោះឯងដែលត្រូវជាប់ឆ្កាងនៅលើឈើឆ្កាង។ ព្រះនេះមិនរហ័សខ្ញាល់ឡើយ។ សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប (ទំនុកតម្កើង ១៤៧:១១)។ ព្រះជាម្ចាស់ចង់ប្រទានជោគជ័យនិងក្ដីសង្ឃឹមដល់រាស្ត្ររបស់ទ្រង់ (យេរេមា ២៩:១១)។ ព្រះអង្គស្មោះត្រង់ សប្បុរស និងមានក្ដីស្រឡាញ់ជាពោរពេញ (និក្ខមនំ ៣៤:៦, ៧)។ ព្រះអង្គមានលក្ខណៈបែបនេះនិងលើសពីនេះថែមទៀត។

ថ្ងៃច័ន្ទ ទី២៣ មេសា ឆ្នាំ២០១៨

ក្ដីស្រឡាញ់របស់ព្រះយេស៊ូវចំពោះយើង

អំពើបាបបំបែកមនុស្សពីព្រះ។ ការបែកគ្នារវាងមនុស្សនិងព្រះមានចម្ងាយឆ្ងាយ ជ្រៅនិងគ្រោះថ្នាក់។ ការបែកខ្ញែករវាងមនុស្សនិងព្រះនេះត្រូវតែចប់។ ទម្រាំតែពេលនោះមកដល់ មនុស្សលោកនឹងជួបការខូចខាតជាដរាប។ ទាល់តែមានអ្វីម្យ៉ាងអស្ចារ្យមកដោះស្រាយបញ្ហាបាបនេះទើបអាចបង្រួបបង្រួមមនុស្សបាបទៅឯព្រះដ៏បរិសុទ្ធវិញបាន។ គឺទាល់តែចំណាយម្នាក់ដែលនៅអស់កល្បហើយគឺជាព្រះនោះឯងជាអ្នកដោះស្រាយបញ្ហានោះ។ ហើយម្នាក់ឬមួយអង្គនោះគឺជាព្រះយេស៊ូវ។ ដើម្បីដោះស្រាយវិបត្តិបាប ព្រះយេស៊ូវក្លាយមកជាមនុស្សហើយប្រគល់ព្រះជន្មរបស់ព្រះអង្គដើម្បីចេញថ្លៃលោះបាបរបស់យើងរាល់គ្នា។

សូមអានគម្ពីរយ៉ូហាន ១:១-៣, ១៤ និងភីលីព ២:៥-៨។ តើខទាំងនេះបង្រៀនយើងយ៉ាងដូចម្ដេចខ្លះអំពីព្រះយេស៊ូវ?

ព្រះយេស៊ូវគង់នៅអស់កល្ប។ ព្រះអង្គមិនពឹងផ្អែកទៅលើនរណាម្នាក់ឬអ្វីមួយដើម្បីទ្រទ្រង់ព្រះជន្មរបស់ទ្រង់ឡើយ។ ព្រះអង្គមិនមែនគ្រាន់តែមើលទៅដូចជាព្រះពីសម្បកក្រៅប៉ុណ្ណោះទេ គឺព្រះអង្គជាព្រះដ៏ពិត។ ព្រះយេស៊ូវនៅតែជាព្រះពេលដែលព្រះអង្គមកកើតជាមនុស្សក្ដី។ ព្រះអង្គកើតមកជាមនុស្សដើម្បីឲ្យព្រះអង្គអាចកាន់តាមក្រឹត្យវិន័យរបស់ព្រះក្នុងសាច់ឈាមជាមនុស្ស។ ព្រះអង្គកើតមកជាមនុស្សដើម្បីឲ្យព្រះអង្គអាចសុគតជាថ្នូររបស់យើង។ ព្រះអង្គសុគតសម្រាប់មនុស្សគ្រប់រូបដែលបានរំលងក្រឹត្យវិន័យរបស់ព្រះ។ គឺបានសេចក្ដីថាព្រះអង្គបានសុគតជួសមនុស្សទាំងអស់ដែលបានកើតមក (រ៉ូម ៣:២៣)។

ព្រះយេស៊ូវក្លាយមកជាមនុស្ស។ ព្រះអង្គលែងមានអំណាចពិសេសណាដែលមនុស្សដទៃទៀតគ្មានដែរ។ ព្រះអង្គកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ ព្រះអង្គមិនបានប្រើអំណាចចេស្ដាជាព្រះរបស់ព្រះអង្គដើម្បីកាន់តាមក្រឹត្យវិន័យទេ។ ផ្ទុយទៅវិញព្រះយេស៊ូវទុកចិត្តនិងពឹងផ្អែកទៅលើអំណាចដែលព្រះបានប្រទានឲ្យមនុស្សគ្រប់គ្នាអាចទុកចិត្តបានវិញ។

ព្រះយេស៊ូវគឺជាព្រះពេញលក្ខណៈហើយក៏ជាមនុស្សពេញលក្ខណៈផងដែរ។ ព្រះយេស៊ូវ «ទាំង​ទ្រទ្រង់​គ្រប់​របស់​ទាំង​អស់ ដោយសារ​ព្រះបន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ទ្រង់» (ហេព្រើរ ១: ៣)។ ប៉ុន្តែព្រះដដែលនេះឯងក៏បានកើតជា «ព្រះឱរស​ផ្តេក​នៅ​ក្នុង​ស្នូក​ផង» (លូកា ២:១៦)។ ព្រះយេស៊ូវ «ទ្រង់​គង់​នៅ​មុន​ទាំង​អស់ ហើយ​របស់​ទាំង​អស់​ក៏​ស្ថិតស្ថេរ ដោយសារ​ទ្រង់» (កូល៉ុស ១:១៧)។ ប៉ុន្តែព្រះដដែលនេះក៏បានកើតមកជាកូនរបស់មនុស្សដែរដែលបាន «កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង» (លូកា ២:៥២)។ ព្រះយេស៊ូវនេះឯង «គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយសារ​ទ្រង់» (យ៉ូហាន ១:៣)។ ប៉ុន្តែព្រះដដែលនេះឯងដែល «បាន​សំឡាប់​ដោយ​ព្យួរ​នៅ​ជាប់​លើ​ឈើ» (កិច្ចការ ៥:៣០)។

សេចក្ដីទាំងនេះបង្ហាញពីក្ដីស្រឡាញ់របស់ព្រះយេស៊ូវសម្រាប់យើង។ ក្ដីស្រឡាញ់របស់ព្រះយេស៊ូវបង្ហាញពីក្ដីស្រឡាញ់របស់ព្រះវរបិតាមកលើយើងរាល់គ្នា។ ហេតុនេះហើយបានជាយើងមានហេតុផលជាច្រើនដែលត្រូវតែមានអំណរនិងអរគុណជាច្រើន!

តើសេចក្ដីដែលយើងបានសិក្សានៅថ្ងៃនេះបានផ្ដល់ជាហេតុផលដ៏ធំធេងសម្រាប់ឲ្យយើងទុកចិត្តទៅលើប្រសាសន៍របស់លោកប៉ុលមកកាន់យើងនៅក្នុងគម្ពីររ៉ូម ៨:៣៨, ៣៩ ដែរទេ?

ថ្ងៃអង្គារ ទី២៤ មេសា ឆ្នាំ២០១៨

ក្ដីស្រឡាញ់របស់ព្រះវិញ្ញាណបរិសុទ្ធសម្រាប់យើង

មនុស្សជាច្រើនមិនយល់ពីព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សយល់ច្រឡំនឹងព្រះវិញ្ញាណប្រហាក់ប្រហែលទៅនឹងការយល់ច្រឡំអំពីព្រះវរបិតានៃយើងដែរ។ អ្នកប្រាជ្ញខាងគម្ពីរខ្លះជឿថាព្រះវិញ្ញាណបរិសុទ្ធពុំមានរាងកាយទេ។ ផ្ទុយទៅវិញគេជឿថាព្រះវិញ្ញាណបរិសុទ្ធគ្រាន់តែជាក្ដីស្រឡាញ់រវាងព្រះវរបិតានិងព្រះបុត្រាប៉ុណ្ណោះ។ ទស្សនៈបែបនេះធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធគ្មានអ្វីពិសេសក្រៅតែជាព្រះចិន្តា (អារម្មណ៍) រវាងព្រះនិងព្រះយេស៊ូវប៉ុណ្ណោះហើយមិនមែនជាព្រះទេ។

ប៉ុន្តែ ព្រះគម្ពីរបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គព្រះមួយដែរ។ គ្រីស្ទានសុទ្ធតែបានជ្រមុជទឹកដោយនូវព្រះនាមព្រះវិញ្ញាណបរិសុទ្ធរួមនឹងព្រះវរបិតានិងព្រះបុត្រា (ម៉ាថាយ ២៨:១៩)។ ព្រះវិញ្ញាណបរិសុទ្ធផ្ដល់សិរីល្អនិងព្រះកិត្តិយសដល់ព្រះយេស៊ូវ (យ៉ូហាន ១៦:១៤)។ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកប្រាប់មនុស្សលោកថាអំពើបាបគឺជារឿងខុសឆ្គង (យ៉ូហាន ១៦​:៨)។ យើងអាចធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះហឫទ័យដោយព្រោះតែការរស់នៅរបស់យើង (អេភេសូរ ៤:៣០)។ ព្រះវិញ្ញាណបរិសុទ្ធជាអ្នកកម្សាន្តចិត្តយើង (យ៉ូហាន ១៤:១៦)។ ព្រះអង្គជាអង្គជំនួយ ហើយព្រះអង្គទូន្មានយើង (យ៉ូហាន ១៤:១៦)។ ទ្រង់ជាគ្រូបង្រៀន (លូកា ១២:១២)។ ព្រះអង្គ «ទ្រង់​ជួយ​អង្វរ​ជំនួស​យើង» (រ៉ូម ៨:២៦)។ ព្រះវិញ្ញាណបរិសុទ្ធស្អាងយើងឲ្យបរិសុទ្ធ (ពេត្រុសទី១ ១:២)។ ព្រះយេស៊ូវមានបន្ទូលថាព្រះវិញ្ញាណបរិសុទ្ធនាំមនុស្សឲ្យបានដឹងគ្រប់ទាំងសេចក្ដីពិត (យ៉ូហាន ១៦:១៣)។

ព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះដូចជាព្រះវរបិតានិងព្រះបុត្រាដែរ។ ទាំងបីគឺព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះតែមួយ។

គ្រប់ទាំងសេចក្ដីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ សុទ្ធតែបង្ហាញពីក្ដីស្រឡាញ់របស់ព្រះ។ តើព្រះវិញ្ញាណបរិសុទ្ធធ្វើការអ្វីខ្លះទៅ? សូមអានគម្ពីរលូកា ១២:១២ យ៉ូហាន ១៦:៨-១៣ និងកិច្ចការ ១៣:២ ដើម្បីជួយឆ្លើយសំណួរនេះ។

តើមានអ្វីជាភស្តុតាងធំជាងគេបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធក៏ជាព្រះដែរ? គឺចំណុចត្រង់ថាព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យការប្រសូតរបស់ព្រះយេស៊ូវបានសម្រេចនោះឯង។ ព្រះវិញ្ញាណបរិសុទ្ធបានដាក់ព្រះយេស៊ូវនៅក្នុងផ្ទៃរបស់នាងម៉ារី។ មានតែព្រះប៉ុណ្ណោះដែលអាចយកព្រះយេស៊ូវទៅដាក់នៅក្នុងផ្ទៃនាងម៉ារី។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការទន្ទឹមនឹងព្រះវរបិតានិងព្រះយេស៊ូវដើម្បីសង្គ្រោះយើង។ «ព្រះដ៏ជាព្រះវរបិតា ព្រះយេស៊ូវនិងព្រះវិញ្ញាណបរិសុទ្ធមានសេចក្ដីសោកសង្រេងជាខ្លាំងចំពោះមនុស្សលោក។ ដូច្នេះព្រះបីរួមតែមួយធ្វើការជាមួយគ្នាដើម្បីរំដោះមនុស្សពីបាប» ដកស្រង់ពីសៀវភៅ Counsels on Health, page 222 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ព្រះវរបិតា ព្រះយេស៊ូវដែលជាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធស្រឡាញ់យើងរាល់គ្នា។ ព្រះអង្គធ្វើការជាបន្ទាន់ដើម្បីសង្គ្រោះយើង។

ហេតុអ្វីនៅពេលដឹងថាព្រះវរបិតា ព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធកំពុងធ្វើការយ៉ាងមមាញឹកដើម្បីសង្គ្រោះយើងអាចធ្វើឲ្យយើងក្សាន្តចិត្តបាន?

ថ្ងៃពុធ ទី២៥ មេសា ឆ្នាំ២០១៨

យើងអាចប្រាកដបានថាព្រះជាម្ចាស់នឹងសង្គ្រោះយើង

អ្នកសេវេនដេយអាត់វេនទីស្ទយើងខ្លះមានមន្ទិលមិនដឹងច្បាស់ថាបានសង្គ្រោះឬអត់។ យើងមិនប្រាកដ។ យើងចង់ដឹងថាយើងនឹងបានជីវិតអស់កល្បឬអត់។ យើងព្យាយាមសន្សំអំពើល្អ។ ប៉ុន្តែចុងបញ្ចប់ទៅយើងដឹងច្បាស់នៅក្នុងចិត្តថាយើងខ្វះមិនអាចដល់កម្រិតល្អដែលអាចសង្គ្រោះខ្លួនឯងបាន។ យើងពិនិត្យមើលខាងក្នុងខ្លួនយើង។ ប៉ុន្តែយើងឃើញមានសង្ឃឹមតិចណាស់នៅក្នុងជីវិតនេះ។

មានការខុសគ្នាយ៉ាងធំធេងរវាងព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវនិងជីវិតរបស់យើងម្នាក់ៗ។ យើងឃើញខមួយចំនួននៅក្នុងគម្ពីរដែលចែងថា «តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ» (ម៉ាថាយ ៧:១៤)។ រួចយើងចាប់ផ្ដើមមានមន្ទិលសង្ស័យមិនដឹងថាខ្លួននឹងបានទៅស្ថានសួគ៌ឬអត់។

បើដូច្នេះ តើធ្វើម្ដេចនឹងអាចឲ្យយើងត្រៀមខ្លួនរួចរាល់សម្រាប់ព្រះយេស៊ូវយាងមកវិញ? តទៅនេះគឺជាចម្លើយ៖ យើងត្រូវតែប្រាកដក្នុងចិត្តថាយើងបានសង្គ្រោះ។ យើងត្រូវតែមានអំណរក្នុងសេចក្ដីពិតនៅពេលនេះថាព្រះយេស៊ូវទ្រង់សង្គ្រោះយើង។ បែបនោះទើបយើងអាចប្រឈមមុខនឹងអនាគតដោយគ្មានសេចក្ដីភ័យខ្លាច។ ដូចដែលយើងបានសិក្សាកន្លងមកហើយ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធកំពុងប្រឹងប្រែងធ្វើការដើម្បីសង្គ្រោះយើង។ ដូច្នេះយើងអាចទុកចិត្តព្រះឲ្យសង្គ្រោះយើងបាន។ ពិតជាអំណោយដ៏វិសេសមែន!

សូមអានខគម្ពីរខាងក្រោមទាំងនេះ។ តើខទាំងនេះផ្ដល់សង្ឃឹមអ្វីដែលទុកចិត្តបានថាព្រះនឹងសង្គ្រោះយើង? ហេតុអ្វីបានជាយើងអាចជឿជាក់ទៅលើការដែលព្រះបានធ្វើកន្លងមកនិងដែលព្រះអង្គសន្យាថានឹងធ្វើទៀត?

-ទំនុកដំកើង ៩១:១៥, ១៦-----------------------

-យ៉ូអែល ២:៣១, ៣២---------------------------

-យ៉ូហាន ១០:២៨---------------------------------

-រ៉ូម ១០:៩-១៣-----------------------------------

-យ៉ូហានទី១ ៥:១១-១៣------------------------

ព្រះបង្គាប់យើងឲ្យរស់នៅក្នុងភាពបរិសុទ្ធ។ ប៉ុន្តែជីវិតបរិសុទ្ធបែបនេះអាចកើតមានបានដោយព្រោះព្រះយេស៊ូវបានសង្គ្រោះយើងប៉ុណ្ណោះ។ យើងមិនមែនរស់នៅក្នុងជីវិតបរិសុទ្ធដើម្បីបានសង្គ្រោះឡើយ។ យើងត្រូវតែស្មោះត្រង់ជាមួយនឹងព្រះទោះបើការស្ដាប់បង្គាប់តាមតម្រូវឲ្យយើងត្រូវគេសម្លាប់ក៏ដោយ។ ប៉ុន្តែយើងត្រូវតែទុកចិត្តលើអំណោយទាននៃការសង្គ្រោះរបស់ព្រះអង្គជានិច្ច។ អំណោយទាននេះគឺជាក្ដីសង្ឃឹមរបស់យើងតែមួយគត់។ រាស្ត្ររបស់ព្រះនឹងបង្ហាញដល់មនុស្សគ្រប់រូបនៅលើផែនដីនេះថាពួកគេស្មោះត្រង់ព្រមទាំងស្ដាប់បង្គាប់ព្រះនៅគ្រាចុងក្រោយ។ ជីវិតនៃភាពស្មោះត្រង់និងការស្ដាប់បង្គាប់របស់ពួកគេបានមកតែពីការទុកចិត្តថាព្រះយេស៊ូវសង្គ្រោះពួកគេប៉ុណ្ណោះ។

ថ្ងៃព្រហស្បតិ៍ ទី២៦ មេសា ឆ្នាំ២០១៨

ដំណឹងល្អដែលនឹងបន្តជានិរន្តរ៍

សូមអានគម្ពីរវិវរណៈ ១៤:៦, ៧។ តើអ្វីទៅជា «ដំណឹងល្អដ៏នៅអស់កល្បជានិច្ច»?

នៅក្នុងវិវរណៈ ១៤:៦, ៧ លោកយ៉ូហានពណ៌នាពីដំណឹងល្អថាជាដំណឹងដែលនៅ «អស់កល្បជានិច្ច»។ ចំណុចដែលថាដំណឹងល្អនៅអស់កល្បជានិច្ចគឺជាភស្តុតាងបន្ថែមទៀតថាព្រះមិនផ្លាស់ប្រែឡើយ។ ព្រះដែលមិនចេះផ្លាស់ប្រែមានដំណឹងល្អដែលមិនផ្លាស់ប្រែដែរ។ ដំណឹងល្អដ៏នៅអស់កល្បរបស់ព្រះផ្ដល់ជាក្ដីសង្ឃឹមដល់មនុស្សគ្រប់គ្នាដែលជឿ។ ដំណឹងល្អបង្ហាញយើងថាក្ដីស្រឡាញ់របស់ព្រះចំពោះយើងមិនដែលកែប្រែឡើយ។ ដំណឹងល្អនៃសេចក្ដីស្រឡាញ់របស់ព្រះនេះត្រូវតែផ្សាយដល់មនុស្សគ្រប់រូបនៅលើផែនដីនេះ។

«តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះគ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ទ្រង់ ដោយ​សេចក្តី​ស្រឡាញ់ ពី​ព្រោះ​ទ្រង់​បាន​តម្រូវ​យើង​រាល់​គ្នា​ទុក​ជា​មុន សំរាប់​ឲ្យ​ទ្រង់​បាន​ទទួល​យើង​ជា​កូន​ចិញ្ចឹម» (អេភេសូរ ១:៤, ៥)។ តើខនេះបង្ហាញយើងយ៉ាងដូចម្ដេចអំពីសេចក្ដីពិតដែលថាដំណឹងល្អពិតជានៅអស់កល្បជានិច្ចមែន?

«ព្រះបានរើសយើងរាល់គ្នា» «តាំងពីមុនកំណើតលោកិយ៍មកម៉្លេះ» អស្ចារ្យ! ពិតជាដំណឹងល្អមែន! ដូច្នេះព្រះបានរៀបគម្រោងសង្គ្រោះយើងមុនដែលទ្រង់បង្កើតផែនដីនេះទៅទៀត។

សូមក្រឡេកមើលពាក្យពេចន៍មួយចំនួនដែលបានប្រើនៅក្នុងអេភេសូរ ១:៤, ៥៖ «បានរើស» «បានតម្រូវទុកជាមុន» «ដោយសេចក្ដីស្រឡាញ់»។ ពាក្យទាំងនេះសុទ្ធតែចង្អុលបង្ហាញពីបំណងព្រះហឫទ័យរបស់ព្រះដែលចង់ឲ្យយើងបានជីវិតអស់កល្បជាមួយទ្រង់។ ចំណុចដែលព្រះបានត្រៀមសង្គ្រោះយើងមុនដែលមានផែនដីនេះគឺជាតឹកតាងបង្ហាញថាទ្រង់ស្រឡាញ់យើង។ ក្ដីស្រឡាញ់របស់ទ្រង់បង្ហាញថាការដែលយើងបានសង្គ្រោះមិនមែនបានមកពីការដែលយើងខំប្រព្រឹត្តឡើយ។ ផ្ទុយទៅវិញយើងបានសង្គ្រោះដោយព្រោះតែក្ដីស្រឡាញ់របស់ទ្រង់។ តើនឹងឲ្យយើងបានសង្គ្រោះដោយការប្រព្រឹត្តម្ដេចនឹងបានបើព្រះបានរើសយើងដើម្បីនឹងសង្គ្រោះមុនទាំងព្រះអង្គបង្កើតយើងមកដូច្នេះនោះ?

តើយើងបង្ហាញដល់អ្នកដទៃយ៉ាងដូចម្ដេចដើម្បីឲ្យគេដឹងថាព្រះបានរើសយើងឲ្យធ្វើជារាស្ត្ររបស់ទ្រង់ហើយក៏ចង់ឲ្យគេក្លាយជារាស្ត្ររបស់ទ្រង់ដែរ? គឺយើងបង្ហាញដោយការរស់នៅដោយ «បរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាន» នោះចំពោះទ្រង់។ ព្រះអង្គរើសយើងដោយហេតុនេះដែរ។

ព្រះបានរើសយើងដើម្បីឲ្យផ្សាយ «ដំណឹងល្អ » (វិវរណៈ ១៤:៦) ដល់មនុស្សគ្រប់រូបនៅលើផែនដី។ ដំណឹងនេះគឺជាផ្នែកមួយនៃដំណឹងរបស់ព្រះដែលត្រូវតែផ្សាយដល់មនុស្សគ្រប់ទីកន្លែងមុនដែលព្រះយេស៊ូវយាងមក។ ហេតុអ្វីយើងត្រូវដឹងជាមុនថាដំណឹងល្អពិតប៉ុនណានៅក្នុងជីវិតរបស់យើងមុននឹងយើងអាចផ្សាយដល់មនុស្សដទៃទៀត?

ថ្ងៃសុក្រ ទី២៧ មេសា ឆ្នាំ២០១៨

សិក្សាបន្ថែម

យើងអាចទុកចិត្តនិងជឿបានថាព្រះបានសង្គ្រោះយើងហើយ។ ប៉ុន្តែយើងមិនត្រូវគិតថាយើងជាមនុស្សល្អរហូតអាចសង្គ្រោះខ្លួនឯងបាននោះឡើយ។ តើយើងអាចនឹងមានជំនឿដែលខុសដែរឬទេ? ពិតជាអាច។ សូម្បីតែព្រះយេស៊ូវក៏បានព្រមានយើងពីសេចក្ដីនេះដែរ។ ព្រះអង្គមានបន្ទូលថា «មិន​មែន​អស់​អ្នក​ណា​ដែល​គ្រាន់​តែ​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ ដែល​នឹង​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​នោះ​ទេ គឺ​ជា​អស់​អ្នក​ដែល​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថានសួគ៌​វិញ​ទេ​តើ នៅ​ថ្ងៃ​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​និយាយ​មក​ខ្ញុំ​ថា ឱ​ព្រះអម្ចាស់ៗ​អើយ តើ​យើង​ខ្ញុំ​មិន​បាន​ទាយ​ដោយ​នូវ​ព្រះនាម​ទ្រង់ ហើយ​ដេញ​អារក្ស​ដោយ​នូវ​ព្រះនាម​ទ្រង់ ព្រម​ទាំង​ធ្វើ​ការ​ឫទ្ធិបារមី​ជា​ច្រើន ដោយ​នៅ​ព្រះនាម​ទ្រង់​ទេ​ឬ​អី នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ» (ម៉ាថាយ ៧:២១-២៣)។

មនុស្សដែលព្រះយេស៊ូវលើកឡើងនៅក្នុងខទាំងនេះធ្វើខុសពីរយ៉ាង៖ ទីមួយ ពិតណាស់គេបានធ្វើការល្អជាច្រើនដោយនូវព្រះនាមទ្រង់។ ប៉ុន្តែពួកគេមិនបានធ្វើតាមផែនការរបស់ព្រះឡើយ។ ផែនការរបស់ព្រះគឺតម្រូវឲ្យយើងកាន់តាមបញ្ញត្តិរបស់ទ្រង់។ ព្រះយេស៊ូវមិនបានមានបន្ទូលថា «ចូរថយចេញពីអញទៅ ពួកអ្នកដែលមិនល្អឥតខ្ចោះអើយ»។ ផ្ទុយទៅវិញព្រះយេស៊ូវមានបន្ទូលថាមនុស្សទាំងនេះ «ទទឹងនឹងច្បាប់»។ បានសេចក្ដីថាអ្នកទាំងនោះមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះ។ ទីពីរ តើលោកអ្នកសង្គេតឃើញថាមនុស្សទាំងនេះផ្ដល់តម្លៃខ្ពស់ទៅលើខ្លួនគេនិងការប្រព្រឹត្តរបស់គេឬទេ? ប៉ុន្តែចិត្តរបស់គេនៅឆ្ងាយពីព្រះយេស៊ូវណាស់។ អ្នកទាំងនោះចង្អុលទៅលើការប្រព្រឹត្តរបស់ខ្លួនដើម្បីបង្ហាញថាគេបានសុចរិតនៅចំពោះព្រះ។ ប៉ុន្តែមានតែការប្រព្រឹត្តរបស់ព្រះយេស៊ូវប៉ុណ្ណោះដែលជួយសង្គ្រោះយើងបាន។ នៅពេលដែលយើងទទួលយកព្រះយេស៊ូវ ព្រះវរបិតានឹងទទួលយកយើងដូចរស់ក្នុងព្រះជន្មដ៏បរិសុទ្ធរបស់ព្រះយេស៊ូវដែរ។ អារម្មណ៍ជឿជាក់របស់យើងថាបានសង្គ្រោះគឺបានមកពីអំណោយទាន១នេះ។ តើលោកអ្នកចង់មានអារម្មណ៍ជឿជាក់ថាខ្លួនបានសង្គ្រោះដែរឬទេ? ចូរកាន់តាមក្រឹត្យវិន័យរបស់ព្រះចុះ។ ចូរទុកចិត្តតែលើការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងប៉ុណ្ណោះ។ ពេលនោះលោកអ្នកនឹងមានក្ដីសង្ឃឹមយ៉ាងពេញទី។

សំនួរពិភាក្សា៖
  1. លោកម៉ាទីនលូធើរមានប្រសាសន៍ថា៖ «ពេលខ្ញុំមើលមកខ្លួនឯង ខ្ញុំមិនដឹងថាខ្ញុំនឹងបានសង្គ្រោះដោយរបៀបណានោះទេ។ ពេលខ្ញុំមើលទៅឯព្រះយេស៊ូវ ខ្ញុំមិនដឹងថាខ្ញុំត្រូវបាត់បង់ដោយរបៀបណាឡើយ»។ ហេតុអ្វីការដែលយើងចងចាំប្រសាសន៍ទាំងនេះជារឿងល្អ?

  2. ព្រះបានរើសយើងដើម្បីនឹងសង្គ្រោះមុនទាំងដែលទ្រង់បង្កើតលោកិយនេះទៅទៀត។ ហេតុអ្វីបានជាសេចក្ដីពិតនេះពុំ មានន័យថាមនុស្សគ្រប់គ្នានឹងត្រូវបានសង្គ្រោះ? ហេតុអ្វីបានជាមនុស្សមួយចំនួននឹងមិនត្រូវបានសង្គ្រោះ? តើនេះមកពីមិនបានជ្រើសរើសយកពួកគេមែនទេ? ឬក៏បណ្ដាលមកពីជម្រើសរបស់ពួកគេទេ? ចូរពន្យល់។

  3. មានសង្គ្រាមដ៏ធំមួយកំពុងកើតឡើងរវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់។ តើការដឹងពីចំណុចនេះអាចជួយយើងឲ្យរស់នៅក្នុងលោកដែលមានសេចក្ដីអាក្រក់កើតឡើងឥតឈប់ឈរនេះបានដូចម្ដេចខ្លះ?
Powered by CAM