មេរៀនទី៤​៖ ២១-២៧ កក្កដា ២០១៨

ប្រធានព្រះវិហារដំបូងៗ

Jeans
ថ្ងៃសៅរ៍ ទី២១ កក្កដា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ កិច្ចការ ៦, កិច្ចការ ៧:៤៨ ហេព្រើរ ៥:១១-១៤ មីកា ៦:១-១៦ កិច្ចការ ៧ កិច្ចការ ៨:៤-២៥។

ខចងចាំ៖ «ព្រះបន្ទូល​ក៏​បាន​ផ្សាយ​ទៅ​កាន់​តែ​ច្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្ស បាន​ចំរើន​ឡើង​ក្រៃលែង នៅ​ក្រុង​យេរូសាឡិម ឯ​ពួក​សង្ឃ ក៏​មាន​សន្ធឹក​ចុះ​ចូល​ជឿ​ដែរ។ » (កិច្ចការ ៦:៧)។

សាសន៍យូដាជាច្រើនទទួលជឿព្រះយេស៊ូវនៅក្នុងថ្ងៃបុណ្យទី៥០។ បុណ្យថ្ងៃទី៥០គឺជាពេលមួយដែលព្រះបានចាក់បង្អុរអំណោយទានព្រះអង្គដែលជាព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំរបស់ទ្រង់។ ព្រះវរបិតាចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកលើពួកជំនុំរបស់ទ្រង់មួយរយៈខ្លីបន្ទាប់ពីព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ។ សាសន៍យូដាជាច្រើនដែលក្លាយមកជាគ្រីស្ទាននៅក្នុងបុណ្យថ្ងៃទី៥០គឺជាសាសន៍យូដាដែលនិយាយភាសាក្រិកដែលបានទៅរស់នៅទីក្រុងយេរូសាឡិម (កិច្ចការ ២:៥, ៩-១១)។ សាសន៍យូដាទាំងនេះខុសពីសាសន៍យូដាដែលរស់នៅក្នុងស្រុកយូដាដែលលោកលូកាមានប្រសាសន៍នៅក្នុងគម្ពីរកិច្ចការ ៦:១។ សាសន៍យូដាដែលនិយាយភាសាក្រិកមិនចេះភាសាអារ៉ាមេកទេ។

សាសន៍យូដាដែលប្រើភាសាក្រិកមិនដូចសាសន៍យូដាដែលកើតនៅស្រុកយូដាទេ។ សាសន៍យូដាដែលប្រើភាសាក្រិកសុទ្ធតែបានកើតនៅក្នុងប្រទេសដទៃ។ ដូច្នេះពួកគេមិនយល់ពីជម្រៅនៃទំនៀមទម្លាប់របស់ពួកយូដាពិតទេ។ ពួកគេមិនយល់ពីទម្លាប់ទៅថ្វាយបង្គំព្រះច្រើនសណ្ឋានក្នុងព្រះវិហារយេរូសាឡិមនោះទេ។ ហើយពួកគេក៏មិនបានកាន់តាមបញ្ញត្តិលោកម៉ូសេសម្រាប់សាសន៍យូដាដែលនៅក្នុងអ៊ីស្រាអែលដែរ។

ប៉ុន្តែ សាសន៍យូដាដែលនិយាយភាសាក្រិកស្ម័គ្រចិត្តជាងសាសន៍យូដាណាៗទាំងអស់ក្នុងការទទួលយកព្រះរាជបញ្ជារបស់ព្រះទៅផ្សាយដំណឹងល្អទៅកាន់សាសន៍ដទៃ។ ព្រះជាម្ចាស់បានប្រើសាសន៍យូដានិយាយភាសាក្រិកទាំងនេះជាច្រើននាក់ដើម្បីផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។

ថ្ងៃអាទិត្យ ទី២២ កក្កដា ឆ្នាំ២០១៨

ជ្រើសរើសបុរស៧នាក់ដើម្បីបម្រើការ

សូមអានគម្ពីរកិច្ចការ ៦:១។ ដូចដែលខទាំងនេះបានបង្ហាញយើងស្រាប់ តើពួកជំនុំសាសន៍យូដានិយាយភាសាក្រិករអ៊ូរទាំអំពីរឿងអ្វី?

«ពួកគេយល់ថាប្រធានដឹកនាំពួកជំនុំមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ទៅនឹងតម្រូវការស្ត្រីមេម៉ាយសាសន៍ក្រិក។ ពួកជំនុំតែងផ្ដល់ជំនួយដល់សមាជិកណាដែលខ្វះខាត។ សកម្មភាពអយុត្តិធម៌ណាដែលកើតឡើងនឹងមិនស្ដែងពីសេចក្ដីស្រឡាញ់របស់ព្រះឡើយ។ ប៉ុន្តែសាតាំងបានបណ្ដាលឲ្យសាសន៍យូដានិយាយភាសាក្រិកគិតពីរឿងអាក្រក់ៗ។ ដូច្នេះប្រធានដឹកនាំពួកជំនុំត្រូវតែប្រញាប់ដោះស្រាយបញ្ហាដើម្បីធានាឲ្យបានថាលែងមានហេតុផលណាទៀតដែលធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្តជាមួយនឹងរបៀបដែលពួកជំនុំប្រព្រឹត្ត។ បើពុំនោះទេ សាតាំងច្បាស់ជាឈ្នះជាមួយផែនការរបស់វាក្នុងការនាំឲ្យពួកជំនុំទាស់ទែងគ្នាមិនខាន»។ ដកស្រង់ពីសៀវភៅ The Act of the Apostles, page 88 របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ពេលនោះប្រធានដឹកនាំព្រះវិហារក៏មានដំណោះស្រាយ១។ គេក៏សូមឲ្យសាសន៍យូដានិយាយភាសាក្រិករើសយកមនុស្ស៧នាក់ពីក្នុងចំណោមពួកគេឲ្យមកធ្វើជាអ្នក «ចែកចំណែកម្ហូបអាហារ»។ ផែនការនេះនឹងអនុញ្ញាតឲ្យប្រធានៗចំណាយពេលក្នុង «សេចក្តី​អធិស្ឋាន និង​ការ​ផ្សាយ​ព្រះបន្ទូល​វិញ» (កិច្ចការ ៦:៤)។ ដូច្នេះ ពួកប្រធានៗក៏ផ្សព្វផ្សាយពីការបង្រៀនរបស់ព្រះយេស៊ូវដល់មនុស្សដទៃ។ ឯបុរសទាំង៧នាក់ទទួលខុសត្រូវខាងជីវភាពប្រចាំថ្ងៃរបស់ពួកជំនុំ។

សូមអានគម្ពីរកិច្ចការ ៦:២-៦។ តើគេជ្រើសរើសបុរស៧នាក់ហើយឲ្យបម្រើការដោយវិធីណា?

គេក៏ឲ្យងារទៅបុរសទាំង៧នាក់នោះថាជាជំនួយការ។ ពួកគេក៏ជាមនុស្សដែលមានពេញដោយព្រះវិញ្ញាណនៃព្រះ។ ដំបូងឡើយប្រធានព្រះវិហារអធិដ្ឋានឲ្យជំនួយការទាំងនោះ។ រួចប្រធានដឹកនាំពួកជំនុំក៏ដាក់ដៃលើបុរសទាំង៧នាក់ហើយអធិដ្ឋានឲ្យព្រះប្រទានពរដល់ពួកគេ។ អាកប្បកិរិយានេះបង្ហាញថាពួកជំនុំទទួលយកបុរសទាំង៧នាក់ឲ្យបម្រើការហើយ។

ហេតុអ្វីការរស់នៅដែលចុះសម្រុងនឹងគ្នាហើយការរក្សាឲ្យគំនិតរបស់យើងរវល់តែនឹងកិច្ចការរបស់ព្រះជារឿងសំខាន់? តើយើងអាចធ្វើការនេះបានដោយវិធីណា?

ថ្ងៃច័ន្ទ ទី២៣ កក្កដា ឆ្នាំ២០១៨

ការបំពេញកិច្ចការរបស់ស្ទេផានសម្រាប់ព្រះ

កាលពីម្សិលមិញយើងបានរៀនរួចមកហើយថាពួកជំនុំបានជ្រើសរើសអ្នកដឹកនាំថ្មី៧នាក់ផ្សេងទៀតដែលឲ្យឈ្មោះថាជំនួយការ។ ក្រុមអ្នកជំនួយការធ្វើការនៅក្នុងព្រះវិហារហើយក៏ជួយផ្សាយដំណឹងទៅកាន់មនុស្សដទៃផងដែរ។ ពួកគេផ្សាយដំណឹងល្អដល់មនុស្សគ្រប់គ្នាដែលចង់ដឹងពីសេចក្ដីនោះ។ មានពួកអ្នកជឿថ្មីៗជាច្រើនចូលមកជាមួយនឹងពួកជំនុំ (កិច្ចការ ៦:៧)។ រួចអ្នកក្រៅក៏ចាប់ផ្ដើមវាយលុកសមាជិកពួកជំនុំ។ គម្ពីរកិច្ចការមានបរិយាយអំពីដំណើររឿងដែលបានកើតឡើងចំពោះអ្នកជឿម្នាក់ឈ្មោះស្ទេផាននៅអំឡុងពេលនេះ។

សូមអានគម្ពីរកិច្ចការ ៦:៨-១៥។ តើខទាំងនេះបង្រៀនយើងយ៉ាងដូចម្ដេចខ្លះអំពីលោកស្ទេផាន និងជំនឿរបស់គាត់? ហើយតើលោកស្ទេផានបង្រៀនពីអ្វីដែលធ្វើឲ្យអ្នកប្រឆាំងនឹងលោកខឹងខ្លាំងយ៉ាងនោះ?

ស្ទេផានគឺជាសាសន៍យូដានិយាយភាក្រិក។ គាត់ផ្សាយដំណឹងល្អនៅក្នុងសាលាប្រជុំ(វិហាររបស់សាសន៍យូដា)ដែលនិយាយភាសាក្រិក។ មានសាលាប្រជុំជាច្រើននៅក្នុងទីក្រុងយេរូសាឡិម។ កិច្ចការ ៦:៩ មានបរិយាយអំពីសាលាប្រជុំ២។ សាលាប្រជុំមួយមានសមាជិកជាសាសន៍យូដាមកពីទិសខាងត្បូង។ គេមកពីស្រុក​​គីរេន ពួក​ស្រុក​អ័លេក្សានទ្រា។ ឯសាលាប្រជុំ១ទៀតមានពួកយូដាមកពីទិសខាងជើង។ គេមកពីស្រុក​គីលីគា ហើយ​ស្រុក​អាស៊ី។

ប្រាកដណាស់គេធ្វើទុក្ខដល់ស្ទេផានដោយព្រោះតែព្រះយេស៊ូវ។ ការធ្វើទុក្ខបុកម្នេញមកលើលោកស្ទេផានបង្ហាញយើងថាគាត់បានយល់អំពីដំណឹងល្អនៃព្រះយេស៊ូវយ៉ាងជាក់ច្បាស់។ ការយល់របស់លោកស្ទេផានគឺមានជម្រៅលើសពីការយល់របស់ពួកជំនុំសាសន៍យូដាដែលមកពីស្រុកយូដាស្រាប់។ សត្រូវរបស់លោកស្ទេផានបោទប្រកាន់គាត់ថានិយាយពាក្យកុហកទាស់នឹងលោកម៉ូសេហើយនិងព្រះ។ សម្រាប់ពួកអ្នកប្រឆាំង ការនោះគឺស្មើនឹងការប្រឆាំងទៅនឹងច្បាប់និងព្រះវិហារ។ លោកស្ទេផានបានបន្ទោសទៅមេដឹកនាំសាសន៍យូដាថាពួកគេស្រឡាញ់ព្រះវិហារជាងស្រឡាញ់ព្រះ (កិច្ចការ ៧:៤៨)។

ពួកជំនុំសាសន៍យូដាផ្ដោតតម្លៃខ្ពស់ជ្រុលទៅលើសំណង់ព្រះវិហារនិងទំនៀមទម្លាប់នៃការថ្វាយបង្គំ (កិច្ចការ ៣:១ កិច្ចការ ១៥:១, ៥ កិច្ចការ ២១:១៧-២៤)។ ពួកគេពិបាកលះចោលទម្លាប់ទាំងនេះណាស់ (កាឡាទី ៥២-៤ ហេព្រើរ ៥:១១)។ លោកស្ទេផាននិងសាសន៍យូដានិយាយភាក្រិកដទៃទៀតជាច្រើនដឹងថាការសុគតរបស់ព្រះយេស៊ូវគឺស្មើនឹងការបញ្ចប់នៃការគោរពសំណង់ព្រះវិហារនិងទម្លាប់នៃការថ្វាយបង្គំផ្សេងៗ។

តើយើងគួរប្រកាន់ខ្ជាប់ជ្រុលទៅលើសេចក្ដីមួយចំនួនដែលយើងជឿអំពីព្រះដែរឬទេ? ប្រសិនបើយើងប្រកាន់ជ្រុលទៅលើសេចក្ដីជំនឿមួួយចំនួនពេក តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមានពន្លឺថ្មី (រកឃើញសេចក្ដីពិតថ្មី)? តើធ្វើយ៉ាងណាទើបយើងប្រាកដថាមិនបែរពីសេចក្ដីពិតដូចដែលមេដឹកនាំសាសន៍យូដាបានបែរចេញពីព្រះយេស៊ូវបាន?

ថ្ងៃអង្គារ ទី២៤ កក្កដា ឆ្នាំ២០១៨

ការជំនុំជម្រះក្ដីរបស់ស្ទេផាននៅចំពោះមុខសាសន៍យូដា

សូមអានគម្ពីរកិច្ចការ ៧:១-៥៣។ នៅក្នុងខទាំងនេះ តើលោកស្ទេផានមានប្រសាសន៍យ៉ាងណាទៅកាន់អ្នកចោទប្រកាន់រូបគាត់?

លោកស្ទេផានត្រូវគេចាប់ខ្លួនព្រោះតែរូបលោកបាននិយាយថាសាសន៍យូដាពុំចាំបាច់កាន់តាមបញ្ញត្តិស្ដីអំពីការយកសត្វទៅបូជានៅពេលថ្វាយបង្គំតទៅទៀតហើយ។ លោកម៉ូសេបានចេញជាបញ្ញត្តិទាំងនេះរាប់សិបឆ្នាំមុន។ ពួកសាសន៍យូដាកាន់តាមបញ្ញត្តិទាំងនេះ។ ពួកគេគោរពតាមក្បួនច្បាប់នៃការថ្វាយបង្គំក៏ដូចជាច្បាប់សីលធម៌ផ្សេងៗដែលលោកម៉ូសេដាក់ឲ្យគេ។ តើមានរឿងអ្វីកើតឡើងនៅពេលមាននរណាម្នាក់មកនិយាយថាច្បាប់ណាមួយខាងលើនេះលែងសំខាន់តទៅទៀត? គឺពួកសាសន៍យូដាជឿថាម្នាក់នោះកំពុងប្រមាថព្រះជាម្ចាស់។

ចម្លើយរបស់លោកស្ទេផានគឺជាសេចក្ដីអធិប្បាយដ៏វែងអន្លាយជាងគេនៅក្នុងគម្ពីរកិច្ចការ។ ដោយសារតែសេចក្ដីអធិប្បាយរបស់លោកស្ទេផានមានសភាពវែងបែបនេះ យើងយល់ថាពាក្យពេចន៍របស់ស្ទេផានមានសារៈសំខាន់ខ្លាំង។ ដំបូងឡើយលោកស្ទេផានរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់រាស្ត្រអ៊ីស្រាអែល។ ប្រធានបទរបស់ស្ទេផានអាចធ្វើឲ្យយើងគិតថានេះគ្រាន់តែជាព័ត៌មានចាស់ប៉ុណ្ណោះ។ ប៉ុន្តែយើងត្រូវតែយល់ថាអ្នកនាំសារពិសេសៗរបស់ព្រះនៅជំនាន់សញ្ញាចាស់តែងនិយាយបែបដូច្នេះទៅកាន់រាស្ត្ររបស់ព្រះនៅពេលណាដែលគេឈប់ស្ដាប់តាមព្រះអង្គ។ អ្នកនាំសារពិសេសទាំងនេះតែងប្រើសេចក្ដីសញ្ញាចាស់រវាងព្រះនិងរាស្ត្ររបស់ទ្រង់ទុកជាឧទាហរណ៍ ជាគំរូសម្រាប់សេចក្ដីអធិប្បាយរបស់គេ។ ពេលបែបនោះអ្នកនាំសារពិសេសទាំងនោះតែងប្រើពាក្យហេព្រើរ «rib»។ ពាក្យនេះបានសេចក្ដីថាព្រះនាំរាស្ត្ររបស់ទ្រង់ទៅសាលាក្ដីពីព្រោះគេបានប្រព្រឹត្តល្មើសនឹងសេចក្ដីសញ្ញាពិសេសដែលព្រះអង្គបានតាំងជាមួយនឹងគេ។

ចូរយើងក្រឡេកមើលឧទាហរណ៍មួយនៃពាក្យ «rib» នៅក្នុងសញ្ញាចាស់។ ពាក្យថា «rib» មានប្រើ៣ដងនៅក្នុងគម្ពីរមីកា ៦:១,២។ លោកមីកាប្រើប្រាស់សេចក្ដីសញ្ញារវាងព្រះនិងរាស្ត្ររបស់ទ្រង់នៅឯភ្នំស៊ីណាយទុកជាគំរូសម្រាប់សេចក្ដីអធិប្បាយរបស់លោកទៅកាន់រាស្ត្ររបស់ព្រះ។ ដំបូង លោកមីកាបានសុំឲ្យរាស្ត្រអ៊ីស្រាអែលនឹកចាំពីសេចក្ដីល្អៗជាច្រើនដែលព្រះបានធ្វើសម្រាប់រាស្ត្រទ្រង់ (មីកា ៦:៣-៥)។ បន្ទាប់មកទៀតលោកមីការំឭករាស្ត្រអ៊ីស្រាអែលអំពីការដែលព្រះតម្រូវឲ្យគេធ្វើនៅក្នុងសេចក្ដីសញ្ញារបស់ទ្រង់ជាមួយនឹងពួកគេ (មីកា ៦:៦-១២)។ រួចលោកមីកាក៏ព្រមានពួកគេអំពីបណ្ដាសាដែលនឹងកើតឡើងប្រសិនបើពួកគេធ្វើខុសពីសេចក្ដីសញ្ញារបស់ព្រះ (មីកា ៦:១៣-១៦)។

សេចក្ដីអធិប្បាយរបស់លោកមីកាជួយឲ្យយើងយល់ពីមូលហេតុដែលលោកស្ទេផានមានប្រសាសន៍អំពីប្រវត្តិរបស់រាស្ត្រអ៊ីស្រាអែលនៅក្នុងប្រសាសន៍របស់លោក។ សាសន៍យូដាដែលកំពុងច្រឡោតខឹងបានទាមទារឲ្យលោកស្ទេផានពន្យល់ពីការបង្រៀនរបស់គាត់។ ប៉ុន្តែលោកស្ទេផានពុំបានព្យាយាមតតាំងជាមួយនឹងសាសន៍យូដាទាំងនេះអំពីជំនឿរបស់គាត់ឬចោទប្រកាន់ថាការកុហករបស់ពួកគេអំពីគាត់គឺជារឿងមិនពិតឡើយ។ លោកស្ទេផានចាប់ផ្ដើមនិយាយដោយសំឡេងឮៗខ្លាំងៗ។ អ្នកនាំសារនៅសម័យសញ្ញាចាស់ក៏ធ្វើដូច្នោះដែរនៅពេលដែលពួកគេព្រមានសាសន៍អ៊ីស្រាអែលថាព្រះទ្រង់មិនសព្វព្រះទ័យចំពោះគេដែលបានធ្វើខុសនឹងសេចក្ដីសញ្ញារបស់ទ្រង់។ លោកស្ទេផានចង់ក្រើនរំឭកពួកយូដាថាពួកគេមិនបានស្ដាប់បង្គាប់តាមព្រះឬអរព្រះគុណទ្រង់ឲ្យគ្រប់គ្រាន់តាមដែលទ្រង់បានធ្វើសម្រាប់ពួកគេនោះទេ។

ថ្ងៃពុធ ទី២៥ កក្កដា ឆ្នាំ២០១៨

ព្រះយេស៊ូវនៅឯទីកាត់ក្ដីនានគរឋានសួគ៌

ហោរាជាងារសម្រាប់ប្រើចំពោះអ្នកនាំសារពិសេស។ លោកស្ទេផានក្លាយមកជាហោរានៅពេលដែលគាត់ប្រកាសថាព្រះមានបញ្ហាទាស់នឹងរាស្ត្រអ៊ីស្រាអែល។ ម្សិលមិញយើងបានរៀនរួចមកហើយថាបញ្ហារបស់ព្រះនឹងរាស្ត្រទ្រង់គឺជាដំណើរការ «ផ្លូវច្បាប់» ដែលត្រូវតែដោះស្រាយគ្នានៅឯតុលាការ។ ពាក្យនេះបានមកពីពាក្យក្រិក «rib»។ តែគួរឲ្យស្ដាយ កិច្ចការរបស់ស្ទេផានជាហោរាមានរយៈពេលខ្លី។ ហេតុអ្វីបានខ្លី? ពីព្រោះគាត់ប្រាប់រាស្ត្រអ៊ីស្រាអែលពី «rib» របស់ព្រះ ឬបញ្ហាជាមួយពួកគេ។ រួចពួកយូដាខឹងនឹងគាត់ជាខ្លាំង។ ពួកគេមិនចង់ស្ដាប់បញ្ហាមុខច្បាប់របស់ព្រះជាមួយពួកគេឡើយ។

សូមអានគម្ពីរកិច្ចការ ៧:៥៥, ៥៦។ នៅក្នុងខទាំងនេះ ស្ទេផានទទួលបានការបើកសម្ដែង១។ តើការជាក់ស្ដែងដែលស្ទេផានទទួលបានមានអត្ថន័យយ៉ាងដូចម្ដេច?

«លោកស្ទេផានបង្ហាញបណ្ដាជនថាសារពិសេសអំពីព្រះអង្គសង្គ្រោះនៅក្នុងព្រះគម្ពីរគឺស្ដីអំពីព្រះយេស៊ូវ។ ស្ទេផានបាននិយាយពីសេចក្ដីខ្លះអំពីព្រះវិហារនៅក្រុងយេរូសាឡិមដែលធ្វើឲ្យមេដឹកនាំសាសនាយូដាកំពូលៗមានកំហឹង។ មេដឹកនាំសាសនាកំពូលៗរបស់សាសន៍យូដាធ្វើជាភ្ញាក់ផ្អើលហើយរន្ធត់ដោយពាក្យរបស់ស្ទេផាន។ មេដឹកនាំម្នាក់នេះបានហែកអាវខ្លួនដើម្បីបង្ហាញពីការរន្ធត់របស់គាត់។ នៅពេលដែលមេដឹកនាំនោះហែកអាវ លោកស្ទេផានដឹងថាសាសន៍យូដានឹងសម្លាប់គាត់ឆាប់ៗមិនខាន។ លោកស្ទេផានមើលដឹងថាពួកយូដាមិនព្រមស្ដាប់ពាក្យរបស់គាត់ឡើយ។ ស្ទេផានដឹងថាគ្រានោះគាត់បាននិយាយជាលើកចុងក្រោយហើយ។ ហេតុនោះបានជាគាត់ឈប់អធិប្បាយត្រឹមកណ្ដាលទី»។ ដកស្រង់ពីសៀវភៅ The Act of the Apostles, page 100, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

ស្ទេផានឈរនៅចំពោះមុខមេដឹកនាំសាសន៍យូដា។ ស្របពេលជាមួយគ្នានេះព្រះយេស៊ូវកំពុងឈរនៅរោងឧបោសថនៅឋានសួគ៌។ រោងឧបោសថនៅឯនគរស្ថានសួគ៌គឺជាកន្លែងដែលព្រះវិនិច្ឆ័យរាស្ត្ររបស់ទ្រង់ហើយធ្វើការសង្គ្រោះគេ។ ព្រះយេស៊ូវឈរនៅក្បែរនឹងព្រះវរបិតាដើម្បីបង្ហាញថាការកាត់ក្ដីដែលកំពុងកើតឡើងលើផែនដីរវាងលោកស្ទេផាននិងពួកមេដឹកនាំសាសន៍យូដាពុំមែនជាការកាត់ក្ដីពិតប្រាកដនៅឡើយទេ។ ការកាត់ក្ដីពិតប្រាកដគឺនឹងកើតឡើងនៅនគរស្ថានសួគ៌រវាងព្រះហើយនិងសត្រូវរបស់ទ្រង់។ ព្រះជាម្ចាស់នឹងជំនុំជម្រះទោសគ្រូបង្រៀននិងមេដឹកនាំក្លែងក្លាយក្នុងពួកសាសន៍អ៊ីស្រាអែល។

តើលោកអ្នកឃើញទេថាលោកស្ទេផានមិនបានអង្វរឲ្យសាសន៍អ៊ីស្រាអែលត្រឡប់មករកព្រះវិញ? ផ្នែកមួយនេះមិនឃើញមាននៅក្នុងសេចក្ដីអធិប្បាយរបស់លោកស្ទេផានសោះ។ ប៉ុន្តែសេចក្ដីនេះគឺជាផ្នែកមួយនៃសេចក្ដីអធិប្បាយ១ផ្សេងទៀតមុនពេលនេះនៅក្នុងគម្ពីរកច្ចិការ (កិច្ចការ ២:៣៨ កិច្ចការ ៣:១៩ កិច្ចការ ៥:៣១)។ ហេតុអ្វីបានជាបាត់ផ្នែកនេះ? ពីព្រោះថាពេលនេះសាសន៍យូដាលែងជារាស្ត្រពិសេសរបស់ព្រះទៀតហើយ។ ព្រះឲ្យសាសន៍យូដាចែកចាយនូវអំណោយនៃការបានសង្គ្រោះដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ប៉ុន្តែចាប់ពីពេលនេះតទៅ អស់អ្នកណាដែលដើរតាមព្រះយេស៊ូវ ទាំងសាសន៍យូដាឬក្រៅពីសាសន៍យូដាក្ដីនឹងចេញពីក្រុងយេរូសាឡិមហើយផ្សាយដំណឹងល្អពីការបានសង្គ្រោះដល់មនុស្សគ្រប់គ្នាលើលោកនេះ (កិច្ចការ ១:៨)។

ថ្ងៃព្រហស្បតិ៍ ទី២៦ កក្កដា ឆ្នាំ២០១៨

អ្នកដើរតាមព្រះយេស៊ូវផ្សាយដំណឹងល្អ

មេដឹកនាំសាសន៍យូដាទទួលបានជោគជ័យជាខ្លាំងនៅពេលដែលពួកគេបានសម្លាប់លោកស្ទេផាននឹងដុំថ្មរួច។ ការស្លាប់របស់លោកស្ទេផានក៏ជាចំណុចផ្ដើមនៃការធ្វើទុក្ខបុកម្នេញផ្សេងទៀតទាស់នឹងអ្នកដើរតាមព្រះយេស៊ូវនៅក្នុងក្រុងយេរូសាឡិម។ ច្បាស់ណាស់ ការធ្វើទុក្ខទាំងនេះគឺផ្ដើមឡើងដោយក្រុមមនុស្សដែលបានសម្លាប់លោកស្ទេផានដដែលនោះឯង។ មេក្រុមនៃក្រុមនេះមានឈ្មោះថាសុល។ គាត់បានធ្វើបាបពួកជំនុំគ្រីស្ទានជាខ្លាំង។

ក្រុមគ្រីស្ទានរត់គេចពីការធ្វើទុក្ខបៀតបៀនដោយបានរត់ទៅនៅក្រុងផ្សេងនៃស្រុកយូដានិងសាម៉ារី។ ទីណាដែលពួកគេទៅ ពួកគេផ្សាយដំណឹងល្អពីការដែលព្រះយេស៊ូវសង្គ្រោះមនុស្សពីបាបនៅទីនោះ។ រួចសេចក្ដីសន្យារបស់ព្រះយេស៊ូវនៅក្នុងគម្ពីរកិច្ចការ ១៨ ក៏បានសម្រេច។ ពួកគេបានផ្សាយដំណឹងល្អទៅគ្រប់ទិសទីនៃស្រុកយូដានិងសាម៉ារី។

សូមអានគម្ពីរកិច្ចការ ៨:៤-២៥។ តើយើងរៀនបានមេរៀនអ្វីពីសាច់រឿងក្នុងខទាំងនេះ?

សាសន៍សាម៉ារីគឺជា «សាសន៍អ៊ីស្រាអែលពាក់កណ្ដាល»។ តើពាក្យនេះមានន័យយ៉ាងដូចម្ដេច? គឺបានសេចក្ដីថាពួកសាសន៍សាម៉ារីជឿលើព្រះតែមួយ។ ពួកគេទទួលស្គាល់គម្ពីរទាំងប្រាំរបស់លោកម៉ូសេ។ ពួកគេអនុវត្តតាមក្បួនកាត់ស្បែក។ ពួកគេរង់ចាំឲ្យព្រះអង្គសង្គ្រោះយាងមក។ ប៉ុន្តែនៅក្នុងកែវភ្នែករបស់សាសន៍យូដាវិញ គេយល់ថាជំនឿរបស់សាសន៍សាម៉ារីគឺ «មិនល្អ» ដោយជំនឿមិនត្រឹមត្រូវខ្លះ។ ដូច្នេះនៅក្នុងកែវភ្នែករបស់សាសន៍យូដា ពួកសាសន៍សាម៉ារីមិនស័ក្ដិសមនឹងទទួលបានសេចក្ដីសន្យាដែលព្រះបានប្រទានដល់សាសន៍អ៊ីស្រាអែលនៅក្នុងសេចក្ដីសញ្ញារបស់ទ្រង់ឡើយ។

ប៉ុន្តែ នៅពេលដែលសាសន៍សាម៉ារីក្លាយមកជាគ្រីស្ទាន ពួកជំនុំទូទាំងទីក្រុងយេរូសាឡិមមានការភ្ញាក់ហើយរន្ធត់ចិត្តជាខ្លាំង។ ដូច្នេះប្រធានដឹកនាំពួកជំនុំក៏ចាត់លោកពេត្រុសនិងយ៉ូហានឲ្យទៅដើម្បីនឹងសើុបឲ្យដឹងថាសេចក្ដីនោះពិតមែនឬជាយ៉ាងណា។ ព្រះជាម្ចាស់រង់ចាំចាកបង្អុរព្រះវិញ្ញាណនៃទ្រង់មកលើសាសន៍សាម៉ារីរហូតទាល់តែលោកពេត្រុសនិងយ៉ូហានបានទៅដល់ទីនោះសិន (កិច្ចការ ៨១៤-១៧)។ ហេតុអ្វីបានជាព្រះធ្វើយ៉ាងដូច្នោះ? ទំនងជាព្រះចង់បង្ហាញដល់ប្រធានដឹកនាំពួកជំនុំឲ្យដឹងថាពួកគេត្រូវទទួលយកសាសន៍សាម៉ារីធ្វើជាសមាជិកពួកជំនុំរបស់គេឲ្យពេញលេញដែរ (អានគម្ពីរកិច្ចការ ១១:១-១៨)។

ពួកជំនុំនៅតែបន្តរីកលូតលាស់បន្ទាប់ពីពួកសាសន៍សាម៉ារីចូលរួម។ នៅក្នុងគម្ពីរកិច្ចការ ៨:២៧ យើងអានអំពីភីលីពនិងសាសន៍អេធីយ៉ូពី។ សាសន៍អេធីយ៉ូពីនេះបានមកឯក្រុងយេរូសាឡិមដើម្បីនឹងថ្វាយបង្គំហើយពេលនេះកំពុងត្រឡប់ទៅផ្ទះវិញ។ គាត់បានរៀនព្រះគម្ពីរជាមួយនឹងភីលីព។ រួចសាសន៍អេធីយ៉ូពីនោះក៏សុំឲ្យភីលីពជ្រមុជទឹកឲ្យគាត់ (កិច្ចការ ៨:៣៨)។

ដំបូងឡើយសាសន៍សាម៉ារី បន្ទាប់មកសាសន៍អេធីយ៉ូពី! ដំណឹងល្អត្រូវគេផ្សាយទៅមនុស្សគ្រប់គ្នាលើផែនដីនេះដូចដែលព្រះយេស៊ូវបានសន្យាមែន។ ប៉ុន្តែសាច់រឿងទាំង២នេះគ្រាន់តែជាការផ្ដើមនៃសេចក្ដីដែលព្រះយេស៊ូវបានសន្យាជាមួយនឹងសាវករបស់ព្រះអង្គនៅក្នុងគម្ពីរកិច្ចការជំពូក១ទេ។ មិនយូរប៉ុន្មានពួកជំនុំសាសន៍យូដានឹងធ្វើដំណើរចេញទៅគ្រប់ទិសទីលើផែនដីនេះហើយផ្សាយដំណឹងល្អពីព្រះយេស៊ូវសង្គ្រោះយើងគ្រប់គ្នាពីបាប។

ថ្ងៃសុក្រ ទី២៧ កក្កដា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ការធ្វើទុក្ខបៀតបៀនមកលើពួកជំនុំនៅក្រុងយេរូសាឡិមបានជួយឲ្យពួកគ្រីស្ទានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវទៅគ្រប់ទិសទីលើលោកនេះ។ អ្នកដើរតាមព្រះយេស៊ូវបានទទួលជោគជ័យជាខ្លាំងនៅក្នុងកិច្ចការរបស់គេថ្វាយព្រះនៅក្រុងយេរូសាឡិម។ ដូច្នេះមានគ្រោះថ្នាក់ប្រសិនបើគេនៅទីនោះយូរពេកហើយមិនព្រមស្ដាប់តាមបញ្ជារបស់ព្រះយេស៊ូវដែលទ្រង់ឲ្យគេចេញទៅផ្សាយដំណឹងល្អដល់មនុស្សគ្រប់ទិសទី។ អ្នកដើរតាមព្រះយេស៊ូវភ្លេចថាវិធីតតាំងជាមួយសេចក្ដីអាក្រក់ដែលល្អជាងគេបំផុតគឺត្រូវប្រឹងប្រែងធ្វើការថ្វាយព្រះ។ ផ្ទុយទៅវិញ អ្នកដើរតាមព្រះយេស៊ូវចាប់ផ្ដើមគិតថាការងារសំខាន់បំផុតរបស់ពួកគេគឺត្រូវថែរក្សាព្រះវិហារនៅក្រុងយេរូសាឡិមពីការធ្វើទុក្ខបៀតបៀនរបស់សាតាំង។ ដូច្នេះអ្នកដើរតាមព្រះយេស៊ូវពុំបានបង្រៀនអ្នកជឿថ្មីៗឲ្យចេញទៅផ្សាយដំណឹងល្អទៅកាន់មនុស្សដែលមិនទាន់បានឮនោះទេ។ អ្នកដើរតាមព្រះយេស៊ូវកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយការដឹកនាំពួកជំនុំឲ្យត្រេកអរជាមួយនឹងការដែលពួកគេបានធ្វើហើយ។ ដូច្នេះព្រះក៏អនុញ្ញាតឲ្យព្រះវិហាររបស់ទ្រង់ត្រូវគេបំផ្លាញ។ ការវាយប្រហារនោះបណ្ដាលឲ្យរាស្ត្ររបស់ទ្រង់ត្រូវរត់ខ្ចាត់ខ្ចាយទៅកាន់កន្លែងផ្សេងៗឆ្ងាយពីទីក្រុងយេរូសាឡិម។ រួចពួកអ្នកជឿទាំងនេះក៏ចេញទៅផ្សាយដំណឹងនៅគ្រប់ទិសទី»។ ដកស្រង់ពីសៀវភៅ The Act of the Apostles, page 105, របស់អ្នកស្រីអែល្លីនជីវ៉ៃត៍។

សំនួរពិភាក្សា៖
  1. អានសំណេរដកស្រង់របស់អ្នកស្រីអែល្លិនជីវ៉ៃត៍ខាងលើដោយយកចិត្តទុកដាក់។ តើសំណេរនេះជាការព្រមានសម្រាប់យើងដែលជារាស្ត្ររបស់ព្រះយ៉ាងណាទៅ? តើធ្វើដូចម្ដេចទើបយើងអាចដឹងថាមិនមែនកំពុងតែការពារអ្វីម្យ៉ាងដែលយើងមានស្រាប់ហើយបែរមិនចេញទៅផ្សាយដំណឹងល្អទៅមនុស្សគ្រប់គ្នាលើផែនដីនេះ?

  2. ត្រឹមពេលដែលព្រះយេស៊ូវយាងត្រឡប់ទៅស្ថានសួគ៌វិញ សម្អប់រវាងសាសន៍សាម៉ារីនិងសាសន៍យូដាមានមករាប់រយឆ្នាំមកហើយ។ អ្នកប្រាជ្ញខាងគម្ពីរខ្លះយល់ថាភីលីពគឺជាសាសន៍យូដាដែលនិយាយភាសាក្រិកដែលកើតនៅប្រទេសដទៃមុនដែលគាត់មកក្រុងយេរូសាឡិម។ តើយើងរៀនសូត្របានអ្វីពីការដែលភីលីពទៅផ្សាយដំណឹងដល់សាសន៍សាម៉ារី? ក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងក៏មានអារម្មណ៍ចូលចិត្តនិងមិនចូលចិត្តជាតិសាសន៍ខ្លះដែរ។ ប៉ុន្តែតើឈើឆ្កាងរបស់ព្រះយេស៊ូវអាចបង្រៀនយើងឲ្យដឹងថាមនុស្សគ្រប់ជាតិសាសន៍សុទ្ធតែដូចគ្នាទាំងអស់នៅក្នុងព្រះនេត្រព្រះដែរឬទេ? តើការសុគតរបស់ព្រះយេស៊ូវសម្រាប់មនុស្សគ្រប់រូបបង្រៀនយើងយ៉ាងដូចម្ដេចអំពីតម្លៃពិតរបស់មនុស្សគ្រប់រូប?

  3. អានពីរបៀបដែលភីលីពធ្វើបន្ទាល់ទៅកាន់សាសន៍អេធីយ៉ូពីនៅក្នុងគម្ពីរកិច្ចការ ៨:២៧-៣០។ តើធ្វើយ៉ាងណាទើបយើងអាចបើកចិត្តឲ្យទូលាយដើម្បីទទួលបានឱកាសបន្ថែមទៀតក្នុងការផ្សាយដំណឹងល្អទៅកាន់មនុស្សដទៃ?
Powered by CAM