មេរៀនទី៤៖ ២០‑២៦ តុលា ២០១៨

អាថ៌កំបាំងនៃជោគជ័យក្នុងការរួបរួមគ្នាក្នុងអង្គព្រះយេស៊ូវ

Jeans
ថ្ងៃសៅរ៍ ទី២០ តុលា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេភេសូរ ១:៣‑១៤, អេភេសូរ ២:១១‑២២, អេភេសូរ ៤:១‑៣, អេភេសូរ ៥:១៥‑២១

ខចងចាំ៖ «ព្រះអង្គ​បាន​ប្រោស​ឲ្យ​យើង​ស្គាល់​គម្រោង‌ការ​ដ៏​លាក់‌កំបាំង​នៃ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ តាម ​ព្រះ‌បំណង​ដ៏​សប្បុរស ដែល​ព្រះអង្គ​បាន​សម្រេច​ទុក​ជា​មុន ដោយ​ព្រះអង្គ​ផ្ទាល់ ព្រះអង្គ​ចាត់​ចែង​គម្រោង ‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរម‌សុខ និង​នៅ​លើ​ផែនដី ឲ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​ជា​ម្ចាស់​តែ​មួយ» (អេភេសូរ ១ៈ៩, ១០, ព្រះគម្ពីរខ្មែរបច្ចុប្បន្ន)។

អេភេសូរ គឺជាទីក្រុងដ៏សំខាន់មួយសំរាប់ការដោះដូរទំនិញក្នុងដែនដីអាស៊ីខាងលិច។ បច្ចុប្បន្នអាស៊ីខាងលិចឋិតនៅក្នុងទឹកដីប្រទេសទូរគី។ ពួកជំនុំនៅក្រុងអេភេសូរមានទាំងសាសន៍យូដា និងសាសន៍​ដទៃ។​ សមាជិកពួកជំនុំមានចម្រុះពូជសាសន៍ផ្សេងៗពីគ្នា។​ តើពួកជំនុំនៅអេភេសូរមានបញ្ហាច្រើនដោយសារតែសមាជិកចម្រុះពូជសាសន៍ឬ? មិនមែនទេ។ សមាជិកទាំងឡាយយល់ឃើញថា ពួកគេគឺជាផ្នែក​មួយនៃ «រូបកាយ» របស់ព្រះយេស៊ូវ។ ព្រះយេស៊ូវបានបង្រួបបង្រួមពួកគេឲ្យរួមមកតែមួយ។ ការរួប​រួម​គ្នាគឺជាការត្រូវរ៉ូវគ្នា។

សំរាប់លោកប៉ុល អត្ថន័យនៃការរួបរួមគ្នាបែងចែកជាពីរផ្នែក។ ទីមួយ លោកប៉ុលជឿជាក់លើ​ការរួបរួមគ្នាក្នុងពួកជំនុំ។ ពួកជំនុំបានរួបរួមគ្នាទាំងសាសន៍យូដា និងទាំងសាសន៍ដទៃមកជារូបកាយតែមួយរបស់ព្រះយេស៊ូវ។ ទីពីរ លោកប៉ុលជឿជាក់លើការរួបរួមគ្នារវាងឋានសួគ៌ និងផែនដី។ ព្រះយេស៊ូវគឺជាហេតុផលសំរាប់នាំមកនូវការរួបរួមគ្នាទាំងឋានសួគ៌ និងទាំងផែនដី។

លោកប៉ុលបានប្រើពាក្យ «ក្នុងព្រះគ្រិស្ត» ឬ «ជាមួយព្រះគ្រិស្ត» ជាច្រើនដងក្នុងសំបុត្ររបស់លោកដើម្បីបង្ហាញយើងពីអ្វីៗដែលព្រះទ្រង់បានធ្វើសំរាប់ឋានសួគ៌ និងផែនដី និងអ្វីៗដែលជាគម្រោងការរបស់ព្រះសំរាប់ស្ថានទាំងពីរនេះផង។ ព្រះទ្រង់មានផែនការនាំយកគ្រប់យ៉ាងទាំងអស់នៅឋានសួគ៌ និង​ផែនដីឲ្យត្រូវរ៉ូវគ្នាឡើងវិញ។ ការរួបរួមគ្នានេះនឹងកើតឡើងនៅក្រោយពេលដែលព្រះយេស៊ូវយាងមកវិញ​លើកទីពីរ​ប៉ុណ្ណោះ។

ថ្ងៃអាទិត្យ ទី២១ តុលា ឆ្នាំ២០១៨

ព្រះទ្រង់ប្រទានអំណោយដ៏វិសេសដល់យើងរាល់គ្នា

ក្នុងខគម្ពីរអេភេសូរ ១:៣‑១៤ បានរៀបរាប់អំណោយទានពិសេសជាច្រើនដែលព្រះទ្រង់ ប្រទានដល់យើងរាល់គ្នាដោយសារព្រះយេស៊ូវ។​ តើអំណោយទាំងនោះមានអ្វីខ្លះ?

ពួកអ្នកដើរតាមព្រះយេស៊ូវមានហេតុផលជាច្រើនក្នុងការអរព្រះគុណដល់ព្រះ។​ ដោយសារតែ ព្រះយេស៊ូវ​ ព្រះទ្រង់បានប្រទានអំណោយទានជាច្រើនដល់យើងរាល់គ្នា។ អំណោយទានមួយនោះគឺជាការទទួលស្គាល់។ ព្រះទ្រង់បានទទួលស្គាល់យើងរាល់គ្នាជាកូនរបស់ព្រះអង្គ។ លោកប៉ុលបានប្រើគោលគំនិតនៃការទទួលស្គាល់យើងចូលទៅក្នុងគ្រួសាររបស់ព្រះជារូបស័ព្ទមួយដើម្បីជួយពន្យល់អំពីការរួបរួមគ្នា។ លោកអ្នកប្រហែលជានឹកចាំថា ការរួបរួមគ្នាគឺជាការត្រូវរ៉ូវគ្នា។ វាមានន័យថា ព្រះយេស៊ូវបានធ្វើឲ្យសមាជិកពួកជំនុំមានចិត្ត មានគំនិត មានជំនឿដូចគ្នា។ ព្រះទ្រង់បានទទួលស្គាល់យើងថាជាកូនរបស់ ព្រះអង្គដោយសារតែព្រះយេស៊ូវ។ ឥឡូវនេះយើងរាល់គ្នាគឺជាសមាជិកនៃគ្រួសាររបស់ព្រះ។ រូបស័ព្ទនៃគ្រួសារនេះក៏ជួយយើងឲ្យនឹកចាំពីកិច្ចព្រមព្រៀងពិសេសរបស់ព្រះជាមួយនឹងសាសន៍អ៊ីស្រាអែលផងដែរ។

នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំអេភេសូរ លោកប៉ុលក៏បានមានប្រសាសន៍អំពីពួកសាសន៍ដទៃដែលទទួលជឿព្រះយេស៊ូវជាព្រះមែស្ស៊ីដែរ។ ព្រះមែស្ស៊ីគឺជាព្រះអង្គសង្គ្រោះដែលព្រះទ្រង់ បានជ្រើសរើសឲ្យមកសង្គ្រោះរាស្ត្ររបស់ព្រះអង្គឲ្យរួចពីបាប។ ពួកសាសន៍ដទៃទាំងឡាយណាដែលទទួលយកព្រះយេស៊ូវជាព្រះមែស្ស៊ីគឺជាកូនរបស់ព្រះ។ នោះមានន័យថា សេចក្តីសន្យាដែលព្រះទ្រង់បានប្រទានដល់សាសន៍អ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងពិសេសរបស់ព្រះអង្គក៏ជាកម្មសិទ្ធិរបស់ពួកសាសន៍ដទៃដែរ (រ៉ូម ៨:១៧, កាឡាទី ៤:៧)។ នៅពេលដែលយើងយល់ថា ពួកសាសន៍ដទៃគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពិសេសរបស់ព្រះ នោះយើងនឹងយល់កាន់តែច្បាស់ថែមទៀតអំពីការរួបរួមគ្នា ឬការព្រម​ព្រៀងគ្នាជាមិនខាន។ ពាក្យពេចន៍លោកប៉ុលក្នុងខគម្ពីរអេភេសូរ ១:៣‑១៤ បង្ហាញប្រាប់យើងថា​ព្រះទ្រង់មានផែនការសំរាប់មនុស្សគ្រប់គ្នាឲ្យរួបរួមគ្នាមកតែមួយក្នុងអង្គព្រះយេស៊ូវរួចហើយ។ ក្នុងនាមជាផ្នែកមួយនៃគ្រួសាររបស់ព្រះ យើងមិនប្រសើរជាងមនុស្សដទៃទៀតដោយសារតែយើងបានស្គាល់ព្រះយេស៊ូវនោះឡើយ។ ព្រះទ្រង់ស្រឡាញ់យើងម្នាក់ៗស្មើៗគ្នាទាំងអស់។

ឥឡូវនេះ ចូរយើងសិក្សាឲ្យបានច្បាស់អំពីខគម្ពីរអេភេសូរ ១:៣‑១៤។ មនុស្សខ្លះអាចយល់ច្រឡំលើខទាំងនេះ។ តើលោកអ្នកឃើញត្រង់ដែលលោកប៉ុលមានប្រសាសន៍ថា «តាម​ដែល​ទ្រង់​បាន​រើស​យើង​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​លោកីយ៍​មក​» (អេភេសូរ ១:៤)ទេ? ខនេះ គឺជាសេចក្តីសន្យាមួយ។ ព្រះទ្រង់បានសន្យាថានឹងសង្គ្រោះយើងមុនពេលបង្កើតផែនដីទៅទៀត។ តើខនេះចង់និយាយថា ព្រះទ្រង់បានជ្រើសរើសមនុស្សខ្លះឲ្យបានសង្គ្រោះ ហើយខ្លះទៀតឲ្យបាត់បង់ឬ? អត់ទេ។ ព្រះគម្ពីរមិនបានបង្រៀនយ៉ាងដូច្នោះទេ! នៅក្នុងខនេះ លោកប៉ុលមានប្រសាសន៍ថា ព្រះទ្រង់បានរៀបផែនការដើម្បីសង្គ្រោះយើងមុនដែលព្រះអង្គបានបង្កើតផែនដីនេះទៅទៀត។ ព្រះទ្រង់បានបង្កើតផែនការនោះដោយសារព្រះអង្គចង់ឲ្យមនុស្សគ្រប់គ្នាមានឱកាសស្មើគ្នាដើម្បីបានសង្គ្រោះ (យ៉ូហាន ៣:១៦, សូមអាន ធីម៉ូថេទី១ ២:៦, ពេត្រុសទី២ ៣:៩)។ ព្រះទ្រង់ជ្រាបជាមុនរួចទៅហើយថា អ្នកណាខ្លះនឹងទទួលយកអំណោយទាននៃសេចក្តីសង្គ្រោះ។ ប៉ុន្តែការដែលទ្រង់ជ្រាបចម្លើយយើងជាមុននេះ ពុំមែនជាការដែលព្រះអង្គកំណត់ទុកជាមុនថានរណាខ្លះដែលបានសង្គ្រោះ ឬបាត់បង់នោះឡើយ។ ព្រះទ្រង់ផ្តល់សេចក្តីសង្គ្រោះដល់យើងគឺដោយសារព្រះយេស៊ូវបានសុគតសំរាប់យើង។ សំណួរដែលលើកឡើងគឺថា៖ តើយើងត្រូវនិយាយថាដូចម្តេចទៅកាន់ការប្រទានសេចក្តីសង្គ្រោះរបស់ព្រះនេះ? ព្រះទ្រង់ពុំបានបង្ខំនរណាម្នាក់ឲ្យទទួល យកអំណោយទាននេះឡើយ។

ថ្ងៃច័ន្ទ ទី២២ តុលា ឆ្នាំ២០១៨

សេចក្តីសុគតរបស់ព្រះយេស៊ូវរំលំ «ជញ្ជាំង»

ជាតិសាសន៍ និងសាសនាអាចបង្កជាការបែងចែកដ៏ធំបំផុតរវាងមនុស្សជាតិដូចគ្នា។ ក្នុងប្រទេស​ជាច្រើន ពលរដ្ឋត្រូវកាន់ប័ណ្ណសំគាល់ខ្លួនដែលគេហៅថា អត្តសញ្ញាណប័ណ្ណ។ អត្តសញ្ញាណប័ណ្ណបង្ហាញ ប្រាប់ពីព័ត៌មានផ្ទាល់ខ្លួនមួយចំនួន។ ប័ណ្ណនេះអាចប្រាប់អំពីជាតិសាសន៍ ឬសាសនារបស់សាមីខ្លួន។ ជាញឹកញាប់ អ្នកណាដែលមកពីសាសនាដ៏តូច ឬអំបូរតូចតាចមិនអាចមានសិទ្ធិកាន់កាប់ ឬធ្វើការអ្វីមួយឲ្យដូចជាមនុស្សដទៃទៀតដែលមានសិទ្ធិធំជាងបានឡើយ។ នៅពេលដែលសង្គ្រាមកើតឡើង មនុស្សដែលមានអំណាចអាចប្រើព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណយកមកធ្វើបាបពួកភាគតិចដោយសារតែពួកគេមិនស្ថិតនៅក្នុងជាតិសាសន៍ ឬសាសនាដែលគេទទួលស្គាល់នោះឯង។

ក្នុងខគម្ពីរអេភេសូរ ២:១១‑២២ លោកប៉ុលបានជម្រាបប្រាប់អំពីអាកប្បកិរិយាដ៏ប្រពៃបំផុតសំរាប់សហគមន៍គ្រីស្ទាន។ តើអាកប្បកិរិយានោះមានអ្វីខ្លះ? តើការរួបរួមគ្នាជាធ្លុងមួយជាមួយនឹងព្រះយេស៊ូវជួយយើងឲ្យដោះស្រាយការទាស់ទែងគ្នារបស់យើងបានដោយរបៀបណា? សេចក្តីសុគតរបស់​ ព្រះយេស៊ូវបាន «រុះ» (រំលំ) អ្វីមួយ។ តើសេចក្តីសុគតរបស់ព្រះអង្គបានបំផ្លាញអ្វីចោលខ្លះ?

លោកប៉ុលបានប្រាប់អ្នកក្រុងអេភេសូរឲ្យនឹកចាំថា ជីវិតរបស់ពួកគេមានសណ្ឋានយ៉ាប់យ៉ឺនណាស់មុនពេលដែលព្រះទ្រង់ប្រទានព្រះគុណទ្រង់ដល់ពួកគេ។ ព្រះគុណគឺជាអំណោយទាននៃសេចក្តីមេត្តាករុណា ការអត់ទោស និងអំណាចឈ្នះលើអំពើបាប។​ កាលពីអតីតកាល ភាពខុសប្លែកគ្នាខាង​សាសនា និងជាតិសាសន៍បណ្តាលឲ្យមានជម្លោះទាស់ទែងគ្នា និងសង្គ្រាមរវាងមនុស្សលោក។ ប៉ុន្តែ ដំណឹងល្អសំរាប់យើងរាល់គ្នានោះគឺថា ព្រះយេស៊ូវបានបង្រួបបង្រួមយើងរាល់គ្នាឲ្យមកជាក្រុមមនុស្សតែមួយវិញ (អេភេសូរ ២:១៣)។

ក្នុងជំនាន់លោកប៉ុល មានទីធ្លាយ៉ាងធំនៅខាងក្រៅព្រះវិហារយេរូសាឡិម។ ទីធ្លានេះគេហៅថា ទីធ្លាព្រះវិហារ។ ទីធ្លាព្រះវិហារត្រូវបានបែងចែកជាពីរផ្នែក៖ ទីធ្លាសំរាប់ពួកសាសន៍យូដា និងទីធ្លាសំរាប់​សាសន៍ដទៃ។ ទីធ្លាសំរាប់ពួកសាសន៍យូដាស្ថិតនៅជាសំណង់អគារព្រះវិហារជាង។ ទីធ្លានេះត្រូវបានខ័ណ្ឌចែកគ្នាដោយសារជញ្ជាំងមួយ។ នៅលើជញ្ជាំងមានពាក្យពេចន៍ដែលត្រូវគេសរសេរសំរាប់ព្រមានដល់ពួកសាសន៍ដទៃមិនឲ្យចូលទៅខាងក្នុង។ ប្រសិនបើពួកគេហ៊ានចូល ពួកគេនឹងត្រូវស្លាប់។ ពួកសាសន៍យូដានៅយេរូសាឡិមបានបន្ទោសប៉ុលថាបានបំពានច្បាប់នេះ។ ពួកគេបានបន្ទោសលោកប៉ុលថាបាននាំមនុស្សក្រៅសាសន៍ឲ្យចូលទៅក្នុងទីធ្លារបស់ពួកសាសន៍យូដា។ មនុស្សក្រៅសាសន៍នេះមាន​ឈ្មោះ​ថា ត្រូភីម មកពីក្រុងអេភេសូរ (កិច្ចការ ២១:២៩)។ ហេតុនោះហើយ បានជាលោកប៉ុលត្រូវគេ​ចាប់ខ្លួន។ ប៉ុន្តែ ក្នុងសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំនៅទីក្រុងអេភេសូរ លោកមានប្រសាសន៍ថា «ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខណ្ឌ​កណ្តាល​ចេញ» (អេភេសូរ ២:១៤)។ ដោយសារតែព្រះយេស៊ូវ យើងក៏ជាកូនប្រុស កូនស្រីរបស់អ័ប្រាហាំដែលអាចបម្រើព្រះជាម្ចាស់បានផងដែរ។

តើពាក្យពេចន៍របស់លោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ២:១១‑២២ គួរត្រូវបានយកមកអនុវត្តក្នុងពួកជំនុំរបស់យើងដោយរបៀបណា? តើយើងរាល់គ្នាត្រូវធ្វើអ្វីខ្លះថែមទៀតដើម្បីឲ្យរឿងនេះកើតឡើងបានពិតប្រាកដ?

ថ្ងៃអង្គារ ទី២៣ តុលា ឆ្នាំ២០១៨

ការត្រូវរ៉ូវគ្នាក្នុងពួកជំនុំ

លោកប៉ុលបានផ្តល់គំរូមួយចំនួន ដល់ពួកអ្នកក្រុងអេភេសូរអំពីរបៀបដែលពួកគេអាចប្រើ ដំបូន្មានរបស់លោកក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ដំបូន្មានរបស់លោកប៉ុលអំពីរបៀបធ្វើឲ្យមានការត្រូវរ៉ូវគ្នាក្នុងពួកជំនុំនេះពុំមែនជាគោលគំនិត ឬរឿងប្រឌិតឡើងនោះទេ។ ការត្រូវរ៉ូវគ្នាគឺជារឿងចាំបាច់ពិត​ប្រាកដសំរាប់ពួកជំនុំក្នុងចំណោមសាសន៍យូដា សាសន៍ដទៃ និងមនុស្សចម្រុះពូជសាសន៍ទាំងអស់។ ប៉ុន្តែ ប្រសិនបើយើងចង់ឲ្យមានការត្រូវរ៉ូវគ្នាក្នុងពួកជំនុំ លោកប៉ុលមានប្រសាសន៍ថា យើងត្រូវ «រស់​នៅ ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ» (អេភេសូរ ៤:១, គខប)។

ក្នុងខគម្ពីរអេភេសូរ ៤:១‑៣ លោកប៉ុលមានប្រសាសន៍អំពីរបៀបដែលយើងជាគ្រីស្ទានគួរ ប្រព្រឹត្តដោយសារព្រះទ្រង់បានជ្រើសរើសយើងឲ្យធ្វើជារាស្ត្ររបស់ព្រះអង្គ។​ តើលោកប៉ុលមាន​ប្រសាសន៍​ថា យើងគួរប្រព្រឹត្តយ៉ាងដូចម្តេចដែរ?

លោកប៉ុលប្រាប់យើងថា យើងគួរមានសន្តានចិត្តល្អ និងស្លូតបូត។ យើងគួរមានសេចក្តីស្រឡាញ់ និងជៀសចេញពីអំនួត។ នោះទើបយើងមានសេចក្តីសុខសាន្ត។ «ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា» (អេភេសូរ ៤:៣, គខប)។ សេចក្តីស្រឡាញ់ជួយឲ្យសេចក្តីសុខសាន្តបានរីកចម្រើនឡើងក្នុងពួកជំនុំ និងហៀរហូរដល់ខាងក្រៅផង។ នៅពេលណាយើងមានសេចក្តីសុខសាន្តជាមួយគ្នា នោះយើងបង្ហាញទៅមនុស្សដទៃទៀតអំពីសេចក្តី ស្រឡាញ់របស់ព្រះតាមរបៀបដ៏វិសេស។ ព្រះទ្រង់បានសូមឲ្យពួកជំនុំធ្វើជាស្មរបន្ទាល់របស់ព្រះអង្គ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកជំនុំធ្វើជាស្មរបន្ទាល់ថ្វាយព្រះអង្គ​ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈដ៏អាក្រក់បំផុតក៏ដោយ។

លោកប៉ុលបានលើកឡើងអំពីគោលគំនិតដ៏សំខាន់មួយនៅក្នុងខគម្ពីរអេភេសូរ ៤:៤‑៦។ តើលោកប៉ុលបានមានប្រសាសន៍អំពីគោលគំនិតអ្វីដែរ?

ក្នុងបណ្តាខដំបូងៗនៃជំពូកទី៤ លោកប៉ុលបានបញ្ជាក់ប្រាប់ថា លោកចង់ឲ្យសមាជិកពួកជំនុំត្រូវរ៉ូវគ្នាខ្លាំងណាស់។ លោកប៉ុលបានអង្វរករសូមឲ្យពួកជំនុំនៅទីក្រុងអេភេសូរបង្ហាញចេញនូវការរួបរួមគ្នា (អេភេសូរ ៤:១‑៣)។ សូមនឹកចាំថា ការរួបរួមគ្នាគឺជាការត្រូវរ៉ូវគ្នា។ វាមានន័យថា សមាជិកពួកជំនុំ ត្រូវរួមចិត្ត រួមគំនិត និងរួមជំនឿលើអង្គព្រះយេស៊ូវ។ បន្ទាប់មកទៀត លោកប៉ុលបានរៀបរាប់ប្រាំពីរ ចំណុចដែលជួយឲ្យពួកអ្នកជឿរួមគ្នាមកតែមួយក្នុងព្រះយេស៊ូវ (អេភេសូរ ៤:៤‑៦)។ លោកប៉ុលប្រាប់ យើងថា ការរួបរួមគ្នា ឬការត្រូវរ៉ូវគ្នា គឺជាអ្វីមួយដែលពួកអ្នកជឿមានរួចទៅហើយ (អេភេសូរ ៤:៤‑៦)។ ក្នុងពេលដំណាលគ្នានោះ ពួកអ្នកជឿត្រូវធ្វើយ៉ាងណាដើម្បីរក្សាការរួបរួមគ្នារបស់ពួកគេឲ្យបានគង់វង្សយូរអង្វែង (អេភេសូរ ៤:១‑៣)។ ពួកអ្នកជឿត្រូវគិតវិធីធ្វើយ៉ាងណាដើម្បីឲ្យមានការរួបរួមគ្នាកាន់តែ ប្រសើរឡើងថែមទៀតនាពេលអនាគត (ខ ១៣)។

ព្រះទ្រង់បានជ្រើសរើសយើងឲ្យធ្វើជារាស្ត្ររបស់ព្រះអង្គ។ ឥឡូវនេះ តើយើងមានជម្រើសអ្វីខ្លះដើម្បីឲ្យយើងអាច «រស់​នៅ ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​»?

ថ្ងៃពុធ ទី២៤ តុលា ឆ្នាំ២០១៨

មេដឹកនាំពួកជំនុំ និងការត្រូវរ៉ូវគ្នា

«តែ​មាន​ព្រះ‌គុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះ‌គ្រីស្ទ» (អេភេសូរ ៤:៧)។ ពិតមែនហើយ ព្រះទ្រង់បានប្រទានអំណោយទានជាសេចក្តីសង្គ្រោះដល់មនុស្សគ្រប់គ្នាដែលទទួលវា។ ប៉ុន្តែ ក៏មានអំណោយទានពិសេសខាងវិញ្ញាណដែលព្រះប្រទានដល់អ្នកបម្រើខ្លះរបស់ព្រះអង្គដើម្បីឲ្យពួកគេអាចធ្វើការសំខាន់ៗសំរាប់ព្រះអង្គផងដែរ។

ក្នុងខគម្ពីរអេភេសូរ ៤:១១ លោកប៉ុលបានមានប្រសាសន៍អំពីអំណោយទានខាងភាពជាអ្នកដឹកនាំដែលព្រះប្រទានដល់ពួកជំនុំ។ តើអំណោយទានពិសេសនេះមានឈ្មោះថាដូចម្តេចទៅ?

ក្នុងខគម្ពីរអេភេសូរ ៤:១២ លោកប៉ុលបានប្រាប់យើងអំពីមូលហេតុដែលព្រះទ្រង់ប្រទាន អំណោយទានខាងភាពជាអ្នកដឹកនាំទាំងនេះដល់ពួកជំនុំ។ ហេតុអ្វីបានជាព្រះទ្រង់ប្រទានអំណោយទានផ្នែកអ្នកដឹកនាំដល់ពួកជំនុំ?

នៅក្នុងករណីខ្លះ គ្រីស្ទានទាំងអស់គឺជាគ្រូគង្វាល និងជាអ្នកបម្រើរបស់ព្រះ ដែលត្រូវចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ។ មហាបញ្ជារបស់ព្រះយេស៊ូវក្នុងគម្ពីរម៉ាថាយ ២៨:១៩, ២០ ពុំមែនសំរាប់តែមេដឹកនាំពួកជំនុំប៉ុណ្ណោះទេ។ ព្រះយេស៊ូវទ្រង់បានប្រទានមហាបញ្ជាដ៏សំខាន់របស់ព្រះអង្គ ដល់គ្រីស្ទានគ្រប់រូប។ ព្រះអង្គបានប្រាប់ពួកអ្នកជឿឲ្យចេញទៅបង្កើតសិស្សថ្មីៗពីមនុស្សទាំងអស់នៅលើផែនដីនេះ។​ ព្រះអង្គបានប្រាប់ពួកសិស្សរបស់ព្រះអង្គឲ្យធ្វើបុណ្យជ្រមុជទឹក និងបង្រៀនដល់សិស្ស ថ្មីៗ។ ព្រះទ្រង់ពុំបានប្រទានកិច្ចការនេះសំរាប់ពួកគ្រូគង្វាលតែប៉ុណ្ណោះនោះឡើយ។ ព្រះទ្រង់បានប្រទានកិច្ចការពិសេសនេះដល់គ្រីស្ទានគ្រប់គ្នាវិញ។ ព្រះទ្រង់ចង់ឲ្យយើងទាំងអស់គ្នាជួយផ្សព្វផ្សាយដំណឹងល្អ។ គ្មានមេដឹកនាំពួកជំនុំរូបណាអាចនិយាយថា មានតែរូបគាត់ទេដែលព្រះប្រទានការងារពិសេស​នេះ​ដល់គាត់នោះឡើយ។ ព្រះទ្រង់បានប្រទានអំណោយទានភាពជាអ្នកដឹកនាំខាងវិញ្ញាណដល់ពួកជំនុំសំរាប់ហេតុផលសំខាន់ៗមួយចំនួន។ ព្រះទ្រង់ចង់ឲ្យអំណោយទាំងនេះរីកចម្រើនឡើងក្នុងពួកជំនុំ និងផ្តល់ចំណេះដឹងដល់ពួកជំនុំឲ្យដឹងខុសដឹងត្រូវឡើង។ មេដឹកនាំពួកជំនុំត្រូវប្រើអំណោយទានទាំងនេះជួយឲ្យមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាដើម្បីពួកជំនុំបានរីកចម្រើនឡើង។

បញ្ជីអំណោយទានខាងភាពជាអ្នកដឹកនាំរបស់លោកប៉ុលប្រាប់យើងថា ព្រះទ្រង់បានប្រទានពួកជំនុំនូវអំណោយទានទាំងនេះដើម្បីជួយពួកអ្នកជឿឲ្យស្វែងរកមនុស្សដែលពុំទាន់ស្គាល់ព្រះយេស៊ូវ។ ព្រះទ្រង់បានជ្រើសរើសមនុស្សខ្លះក្នុងពួកជំនុំឲ្យជួយដល់សមាជិកដទៃទៀតឲ្យធ្វើកិច្ចការថ្វាយព្រះ បម្រើ ព្រះយេស៊ូវ និងបង្រៀន ព្រមទាំងលើកស្ទួយ «រូបកាយ» របស់ព្រះយេស៊ូវ ឬពួកជំនុំរបស់ព្រះអង្គ (អេ​ភេសូរ ៤:១២)។ ព្រះយេស៊ូវប្រទានដល់យើងនូវគំរូដ៏ល្អឥតខ្ចោះអំពីភាពជាអ្នកដឹកនាំ។ គំរូរបស់ព្រះអង្គត្រូវតែដឹកនាំយើងក្នុងកិច្ចការដែលយើងបម្រើព្រះ។ ព្រះយេស៊ូវបានយាងមកដើម្បីបម្រើមនុស្សលោក (ម៉ាថាយ ២០:២៥‑២៨)។ យើងរាល់គ្នាក៏ត្រូវតែធ្វើតាមគំរូព្រះអង្គដែរ។ យើងត្រូវធ្វើការថ្វាយព្រះរួមគ្នាជាមួយនឹងពួកអ្នកជឿផ្សេងទៀត។

តើលោកអ្នកមានអំណោយទានខាងឯវិញ្ញាណអ្វីខ្លះ? តើលោកអ្នកកំពុងប្រើប្រាស់អំណោយទាន របស់លោកអ្នកដើម្បីនាំមកនូវសេចក្តីសុខសាន្តដល់ពួកជំនុំមូលដ្ឋានរបស់លោកអ្នកដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២៥ តុលា ឆ្នាំ២០១៨

ទំនាក់ទំនងរវាងគ្រីស្ទានទាំងឡាយ

សាសនាគ្រិស្តមិនមែនមានត្រឹមតែគោលគំនិត និងការបង្រៀនប៉ុណ្ណោះទេ។ សាសនាមួយនេះគឺមាននិយាយស្តីអំពីរបៀបដែលយើងក្លាយជាមិត្តសំឡាញ់ជាមួយនឹងអ្នកដទៃទៀត និងប្រកបជាប់ស្និទ្ធនឹងព្រះជាម្ចាស់ផងដែរ។ ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះ ធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងមនុស្សដទៃៗទៀតកាន់តែប្រសើរឡើង។​ គោលគំនិតអំពីការត្រូវរ៉ូវគ្នា និងសេចក្តីសុខសាន្តដែលលោកប៉ុលមានប្រសាសន៍ក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំអេភេសូរអាចជួយយើងធ្វើឲ្យមិត្តភាពរបស់យើងជាមួយនឹងអ្នកដទៃទៀតកាន់តែប្រសើរឡើង។

សូមអានខគម្ពីរអេភេសូរ ៥:១៥‑២១។ តើលោកប៉ុលប្រាប់យើងឲ្យធ្វើអ្វីខ្លះនៅក្នុងខ២១? តើពាក្យថា «ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក (គខប)» មានចំណែកយ៉ាងដូចម្តេចខ្លះពាក់ព័ន្ធនឹង​ការ​មានសេចក្តីសុខសាន្តរបស់យើង?

លោកប៉ុលបានប្រាប់ពួកអ្នកជឿឲ្យបម្រើដល់គ្នាទៅវិញទៅមក។ លោកប៉ុលបានភ្ជាប់សេចក្តីបង្គាប់នៅក្នុងខ២១នេះជាមួយសេចក្តីបង្គាប់ដល់គ្រីស្ទានឲ្យ «បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ» (អេភេសូរ ៥:​១៨)។ តើយើងត្រូវបង្ហាញចេញដោយរបៀបដូចម្តេចដើម្បីឲ្យឃើញថា យើងមានពេញដោយព្រះវិញ្ញាណបរិសុទ្ធ? យើងបង្ហាញថា យើងពេញដោយព្រះវិញ្ញាណនៅពេលណាយើងបម្រើ និងស្តាប់គ្នាទៅវិញ​ទៅមក។ ព្រះទ្រង់ចង់ឲ្យយើងស្រឡាញ់គ្នា និងបម្រើគ្នា។ ពិតមែនហើយ យើងមិនអាចមានអារម្មណ៍បែបនេះដោយអំណាចរបស់ខ្លួនឯងបានឡើយ។ យើងត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ។​ នៅពេលណា​យើង​បម្រើមនុស្សផ្សេងទៀត យើងបង្ហាញទៅពួកគេថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តរបស់យើងរាល់គ្នា។ ព្រះអង្គប្រទានដល់យើងនូវអំណាចសំរាប់បម្រើដល់មនុស្សដទៃ។​ ព្រះវិញ្ញាណបរិសុទ្ធជួយភ្ជាប់យើងនឹងអ្នកដទៃទៀតឲ្យមានការត្រូវរ៉ូវគ្នា។ នៅពេលណាយើងបម្រើមនុស្ស យើងក៏បង្ហាញប្រាប់ពួកគេថា តើយើងស្រឡាញ់ព្រះយេស៊ូវច្រើនប៉ុនណាដែរ ដែលព្រះអង្គបានសុគតសំរាប់បាបយើងរាល់គ្នា។

ក្នុងខគម្ពីរអេភេសូរ ៥:២២‑៦:៩ លោកប៉ុលមានប្រសាសន៍អំពីអំណាចដែលយើងមានយកមកផ្លាស់ប្តូរជីវិតរបស់មនុស្សទាំងឡាយដែលយើងបម្រើនៅឯផ្ទះ និងកន្លែងធ្វើការ។ តើអំណាចអ្វីដែលយើងមានដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង?

វាជាការពិតណាស់ដែលថា ការត្រូវរ៉ូវគ្នាក្នុងពួកជំនុំគឺត្រូវពឹងផ្អែកលើការត្រូវរ៉ូវគ្នានៅឯផ្ទះផងដែរ។​ លោកប៉ុលមានប្រសាសន៍ថា ការត្រូវរ៉ូវគ្នា សេចក្តីស្រឡាញ់ និងការគោរពគ្នារវាងស្វាមីនិងភរិយា នឹងបង្ហាញប្រាប់ទៅមនុស្សទាំងឡាយអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវសំរាប់ពួកជំនុំ។ ព្រះយេស៊ូវបានលះបង់អ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីជួយសង្គ្រោះយើង ដោយសារតែព្រះអង្គស្រឡាញ់យើង។ ហេតុនោះ យើងក៏ត្រូវតែបង្ហាញសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវក្នុងទំនាក់ទំនងរបស់យើងជាមួយកូនចៅរបស់យើង និងជាមួយចៅហ្វាយរបស់យើង ព្រមទាំងសហការីរបស់យើងនៅកន្លែងធ្វើការផងដែរ។ យើងត្រូវតែពាំនាំសេចក្តីសុខសាន្តដែលយើងមាននៅឯផ្ទះយកមកចាក់បំពេញក្នុងពួកជំនុំផងដែរ។

តើលោកអ្នកបានរៀនអំពីក្បួនច្បាប់ដ៏សំខាន់អ្វីខ្លះចេញពីខគម្ពីរដែលយើងសិក្សានៅថ្ងៃនេះ? តើក្បួនច្បាប់ទាំងនេះជួយលោកអ្នកឲ្យស្រឡាញ់ និងបម្រើមនុស្សទាំងឡាយឲ្យកាន់តែប្រសើរឡើងទាំង ក្នុងគ្រួសារ និងកន្លែងធ្វើការរបស់លោកអ្នកដោយរបៀបណា?

ថ្ងៃសុក្រ ទី២៦ តុលា ឆ្នាំ២០១៨

សិក្សាបន្ថែម

សូមអានពីប្រភពឯកសារទាំងនេះ Ellen G. White, “The Spirit of Unity,” pages 179-188, in Testimonies for the Church, volume 9.

«ព្រះយេស៊ូវទ្រង់ពុំបានយោគយល់ដល់នរណាម្នាក់ដោយសារតែជាតិសាសន៍ អំណាច ឬជំនឿ របស់គាត់នោះទេ។​ ប៉ុន្តែ ពួកមេដឹកនាំដ៏បរិសុទ្ធរបស់សាសន៍អ៊ីស្រាអែលចង់បានតែរបស់ល្អៗដែលពួកគេអាចទទួលពីព្រះសំរាប់តែខ្លួនពួកគេ និងសំរាប់តែប្រទេសរបស់ពួកគេប៉ុណ្ណោះ។ ពួកគេចង់បានអំណោយទានទាំងអស់ពីឋានសួគ៌សំរាប់តែពួកគេផ្ទាល់។ ពួកគេពុំចង់ឲ្យព្រះប្រទានអំណោយទានទាំងនេះដល់មនុស្សដទៃទៀតនៅលើផែនដីនេះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានយាងមករំលំជញ្ជាំងទាំងអស់នេះចេញ។ ព្រះអង្គបានយាងមកដើម្បីបង្ហាញប្រាប់យើងថា អំណោយទាននៃសេចក្តីមេត្តា និងសេចក្តីស្រឡាញ់ របស់ព្រះអង្គគឺប្រៀបដូចជាខ្យល់ ពន្លឺ ឬភ្លៀងយ៉ាងដូច្នោះដែរ។ អំណោយទានទាំងនោះគឺសំរាប់មនុស្សគ្រប់ៗគ្នា។

«ព្រះយេស៊ូវទ្រង់បានចាប់ផ្តើមសាសនាមួយដែលដូចគ្នានឹងព្រះជន្មរបស់ព្រះអង្គនៅលើផែនដីនេះ។​ ព្រះអង្គបានចាប់ផ្តើមសាសនាមួយជាមួយជាតិសាសន៍មួយដែលមានអំណាចតូចទាប។ ព្រះអង្គចាប់ផ្តើមសាសនាមួយដែលភ្ជាប់សាសន៍យូដាទៅនឹងសាសន៍ដទៃ ក៏ដូចជាភ្ជាប់មនុស្សអ្នកជាឲ្យត្រូវគ្នានឹងទាសករ។ ព្រះយេស៊ូវបានធ្វើឲ្យពួកគេក្លាយជាបងប្អូនទាំងអស់គ្នា។ ព្រះអង្គបានធ្វើឲ្យគ្រប់គ្នាស្មើៗគ្នាក្នុងព្រះនេត្ររបស់ព្រះអង្គ។ ព្រះយេស៊ូវទ្រង់ពុំបានធ្វើអ្វីៗដើម្បីឲ្យប្រាក់ ឬអំណាចឡើយ។ មនុស្សគ្រប់គ្នាមានសណ្ឋានស្មើៗគ្នា ដូចៗគ្នានៅក្នុងទស្សនៈរបស់ព្រះ៖ ទាំងអ្នកជិតខាង ទាំងមនុស្សសាសន៍ដទៃ ទាំងមិត្តភក្តិ ក៏ដូចជាសត្រូវ សុទ្ធតែដូចគ្នាទាំងអស់។ តើព្រះយេស៊ូវទ្រង់សព្វព្រះទ័យចង់បានអ្វីបំផុត? ចម្លើយគឺ ព្រះអង្គចង់បាន និងស្រឡាញ់មនុស្សណាដែល ‘ស្រេក’ ទឹកជីវិត»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 9, pages 190, 191, adapted ។

សំនួរពិភាក្សា៖
  1. តើលោកអ្នកមើលឃើញចំណុចអ្វីខ្លះនៅក្នុងគម្ពីរអេភេសូរជំពូក៤ ដែលបង្ហាញប្រាប់យើងអំពីសេចក្តី សុខសាន្ត និងការត្រូវរ៉ូវគ្នា ក្នុងពួកជំនុំដែលព្រះទ្រង់ចង់ឲ្យយើងមាន? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យ ប្រាកដថា យើងមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នា?

  2. ប្រសិនបើយើងចង់មានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាក្នុងពួកជំនុំ យើងត្រូវតែមានឆន្ទៈក្នុងការបម្រើអ្នកដទៃ។​ ប្រសិនបើគ្មានស្មារតីនៃសេចក្តីស្រឡាញ់នេះទេ នោះនឹងពុំអាចមានសេចក្តីសុខសាន្ត ឬ ការត្រូវរ៉ូវគ្នាក្នុងពួកជំនុំឡើយ។ ប្រសិនបើយើងមានអំនួត ប្រសិនបើយើងគិតថាខ្លួនឯងត្រូវជានិច្ច ប្រសិនបើយើងមិនបើកចិត្តស្តាប់អ្នកដទៃ នោះយើងនឹងពុំមានឱកាសសំរាប់សេចក្តីសុខសាន្ត និងការ​ត្រូវរ៉ូវគ្នាបានឡើយ។ តើយើងអាចរៀនបើកចិត្តបម្រើអ្នកដទៃដោយរបៀបណា?

  3. តើយើងអាចមានសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នាក្នុងពួកជំនុំដោយរបៀបណា បើទោះបីជាយើងនៅមិនទាន់យល់ស្របគ្នាលើចំណុចមួយចំនួនក្តី?
Powered by CAM