មេរៀនទី៥៖ ២៧​ មករា-២ កុម្ភៈ ២០១៨

ថែរក្សាអំណោយរបស់ព្រះបន្ទាប់ពីសួនអេដែន

Jeans
ថ្ងៃសៅរ៍ ទី២៧ មករា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ អេសាយ ២២:១៤-១៨ កូរិនថូសទី១ ៤:១, ២ កូឡូស ២:២,៣ អេភេសូរ ៦:១៣-១៧។

ខចងចាំ៖ «តែ​តាម​ដែល​ព្រះ​ទ្រង់​ល្បង​ល​ឃើញ​ថា គួរ​នឹង​ផ្ញើ​ព្រះបន្ទូល​ទុក​នឹង​យើង​ខ្ញុំ​ជា​យ៉ាង​ណា នោះ​យើង​ខ្ញុំ​បាន​អធិប្បាយ​តាម​បែប​យ៉ាង​នោះ​ឯង មិន​មែន​ដូច​ជា​ចង់​ផ្គាប់​ដល់​ចិត្ត​មនុស្ស​ទេ គឺ​ផ្គាប់​ដល់​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ល្បង​ល​ចិត្ត​របស់​យើង​ខ្ញុំ» (ថែស្សាឡូនីចទី១ ២:៤)។

កិច្ចការដំបូងរបស់អ័ដាមនិងនាងអេវ៉ារួមបញ្ចូលទាំងការថែរក្សាទ្រព្យសម្បត្តិ។ ការថែរក្សាទ្រព្យសម្បត្តិគឺជាកិច្ចការពិសេសនៃការការពារនិងទទួលខុសត្រូវចំពោះរបស់គ្រប់យ៉ាងដែលព្រះប្រទានឲ្យ។ ព្រះជាម្ចាស់បានប្រទានសួនអេដែនទៅលោកអ័ដាមនិងនាងអេវ៉ាដើម្បីឲ្យពួកគេថែរក្សានិងបានលំហែ។ ហើយពួកគេក៏ត្រូវគ្រប់គ្រងលើអស់ទាំងរបស់ទាំងប៉ុន្មានដែលព្រះបានបង្កើតមកលើផែនដីនេះផង (លោកុប្បត្តិ ២:១៥)។ អ័ដាមនិងនាងអេវ៉ាគ្មានអ្វីដែលជារបស់ផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញគឺព្រះឲ្យពួកគាត់ធ្វើជាអ្នកគ្រប់គ្រង។ ហើយព្រះបានឲ្យពួកគេគ្រប់គ្រងដោយសុភាពនិងដោយក្ដីស្រឡាញ់លើគ្រប់ទាំងរបស់ដែលទ្រង់បង្កើតមក។

សប្ដាហ៍នេះយើងនឹងក្រឡេកមើលឲ្យកាន់តែស៊ីជម្រៅឲ្យយល់ថាតើការដែលធ្វើជាអ្នកគ្រប់គ្រងល្អនៅលើផែនដីដែលត្រូវបំផ្លិចបំផ្លាញដោយអំពើបាបនេះមានអត្ថន័យយ៉ាងដូចម្ដេច។ ពីដើមឡើយលោកអ័ដាមនិងនាងអេវ៉ាគឺជាអ្នកគ្រប់គ្រងលើផែនដីនេះ។ ហើយយើងរាល់គ្នាក៏ជាអ្នកគ្រប់គ្រងលើផែនដីនេះដែរ។ ប៉ុន្តែផែនដីសព្វថ្ងៃនេះមិនដូចផែនដីកាលពីលោកអ័ដាមនិងនាងអេវ៉ារស់នៅទេ។

តើព្រះគម្ពីរចែងយ៉ាងដូចម្ដេចអំពីអ្នកគ្រប់គ្រងល្អ? តួអង្គខ្លះនៅក្នុងព្រះគម្ពីរបង្ហាញពីគំរូនៃការគ្រប់គ្រងល្អតាមរយៈការរស់នៅរបស់ពួកគេ។ តើយើងអាចរៀនសូត្រមេរៀនអ្វីខ្លះពីជីវិតរបស់ពួកគេអំពីការធ្វើជាអ្នកគ្រប់គ្រងល្អ? ទីមួយការយល់ដឹងរបស់យើងអំពីសារសំខាន់នៃជីវិតនឹងផ្លាស់ប្ដូរ។ កែវភ្នែករបស់យើងនឹងបែរចេញពីរបស់ទ្រព្យនាលោកិយទៅឯព្រះនិងកិច្ចការរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រគល់ការងារពិសេសមួយឲ្យពួកគាត់ធ្វើ។ ព្រះអង្គក៏ប្រគល់កិច្ចការពិសេសឲ្យយើងបំពេញដែរ។ ប៉ុន្តែកិច្ចការនោះផ្លាស់ប្ដូរបន្ទាប់ពីមានការធ្លាក់ទៅក្នុងអំពើបាបនៅឯសួនអេដែន។ យើងនៅតែបន្តធ្វើជាអ្នកគ្រប់គ្រងលើរបស់ទាំងប៉ុន្មាននៅលើផែនដីនេះ។ ប៉ុន្តែព្រះក៏បានចាត់ឲ្យយើងធ្វើជាអ្នកគ្រប់គ្រងលើសេចក្ដីពិតរបស់ព្រះអង្គដែរ។ ហើយយើងត្រូវតែចែករំលែកសេចក្ដីពិតនេះទៅកាន់អ្នកដទៃទៀត។

ថ្ងៃអាទិត្យ ទី២៨ មករា ឆ្នាំ២០១៨

អ្នកគ្រប់គ្រងនាសម័យសញ្ញាចាស់

ពាក្យថា «អ្នកគ្រប់គ្រង» មានប្រើតែបន្តិចដងប៉ុណ្ណោះនៅក្នុងគម្ពីរសញ្ញាចាស់។ នៅក្នុងខគម្ពីរភាគច្រើន ពាក្យនេះបានមកពីពាក្យរូបស័ព្ទដែលមានន័យថាជាអ្នកដែល «ត្រួតលើផ្ទះ»។ អ្នកនេះហើយគឺជា «អ្នកថែរក្សាទ្រព្យ» ឬជា «អ្នកគ្រប់គ្រង» (លោកុប្បត្តិ ៤៣:១៩ ហើយអានគម្ពីរ លោកុប្បត្តិ ៤៤:១, ៤ និងពង្សាវតាក្សត្រទី១ ១៦:៩ផង)។ អ្នកគ្រប់គ្រងមានកិច្ចការជាច្រើន។ ការងារនោះរួមបញ្ចូលទាំងការថែរក្សាមុខជំនួញនិងទ្រព្យរបស់ម្ចាស់។ អ្នកគ្រប់គ្រងក៏ត្រូវបំពេញតាមការបង្គាប់ទាំងប៉ុន្មានរបស់ចៅហ្វាយខ្លួនដែរ។ អត្ថន័យនៃពាក្យ «អ្នកគ្រប់គ្រង» នៅក្នុងគម្ពីរសញ្ញាចាស់អាចរកបានតាមរយៈការពិនិត្យមើលអាកប្បកិរិយារបស់អ្នកគ្រប់គ្រងនោះនិងកិច្ចការរបស់គេ។ អ្នកគ្រប់គ្រងមិនអាចនៅដាច់ពីកិច្ចការរបស់គេឡើយ។ មែនហើយ កិច្ចការដែលគេធ្វើបង្ហាញថាគេជានរណា។

តើដើម្បីក្លាយជាអ្នកគ្រប់គ្រងល្អតោងមានលក្ខណៈបែបណាខ្លះ? គម្ពីរសញ្ញាចាស់ចែងយ៉ាងច្បាស់អំពីចំណុចនេះ៖ (១) កិច្ចការរបស់អ្នកគ្រប់គ្រងគឺជាកត្តាសំខាន់ (លោកុប្បត្តិ ៣៩:៤)។ គេមានតួនាទីច្រើនណាស់។ គេតាំងឲ្យនរណាម្នាក់ធ្វើជាអ្នកត្រួតត្រាដោយជំនាញរបស់អ្នកនោះ។ គេទទួលបានការគោរពនិងទុកចិត្តពីចៅហ្វាយខ្លួនដែលអាចបំពេញកិច្ចការបាន។ (២) អ្នកគ្រប់គ្រងដឹងខ្លួនថាខ្លួនពុំមែនជាម្ចាស់លើរបស់ទ្រព្យដែលគេគ្រប់គ្រងនោះទេ (លោកុប្បត្តិ ២៤:៣៤-៣៨)។ នេះហើយជាលក្ខណៈខុសគ្នាដ៏ធំរវាងអ្នកគ្រប់គ្រងនិងម្ចាស់។ អ្នកគ្រប់គ្រង់ដឹងថាខ្លួនគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះ។ (៣) តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកគ្រប់គ្រងលួចទ្រព្យពីម្ចាស់ខ្លួន? ពេលនោះការទុកចិត្តនឹងបាត់បង់។ ហើយអ្នកគ្រប់គ្រងនឹងបាត់បង់ការងាររបស់ខ្លួន(លោកុប្បត្តិ ៣:២៣ ហូសេ ៦:៧)។

សូមអានគម្ពីរអេសាយ ២២:១៤-១៨។ ខទាំងនេះបរិយាយពីគ្រាមួយដែលស្ដេចហេសេគាគ្រប់គ្រងលើរាស្ត្ររបស់ព្រះ។ នៅក្នុងសម័យនោះ លោកសេបណាគឺជាអ្នកគ្រប់គ្រងនិងជាហេរញ្ញិករបស់ព្រះរាជា។ ហេរញ្ញិកគឺជាអ្នកកាន់លុយគ្រប់គ្រងការសន្សំនិងចំណាយ។ ហេរញ្ញិកនិងអ្នកគ្រប់គ្រងត្រូវតែជាមនុស្សមិនអាត្មានិយមនិងគ្មានអំនួត។ ប៉ុន្តែសេបណាចង់បានលើសពីកម្រិតដែលគាត់គួរមាន។ តើមានរឿងអ្វីកើតឡើងចំពោះសេបណានៅពេលដែលគាត់ចង់បានលើសពីកម្រិតមួយដែលគាត់គួរមាន?

«ការងារជាអ្នកគ្រប់គ្រងគឺជាការងារមួយដែលទទួលបានការគោរពខ្ពស់ពីព្រោះចៅហ្វាយរបស់គេទុកចិត្តគេ។ ប៉ុន្តែសាកស្រមៃទៅមើលថានឹងមានរឿងអ្វីកើតឡើងប្រសិនបើអ្នកគ្រប់គ្រងនោះប្រព្រឹត្តដោយអាត្មានិយម? ឬនឹងមានអ្វីកើតឡើងបើគេយកប្រាក់ដែលគេទទួលបានពីការយករបស់ចៅហ្វាយខ្លួនទៅដោះដូរហើយយកប្រាក់នោះមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន? បែបនេះអ្នកគ្រប់គ្រងរូបនោះបានបំផ្លាញសេចក្ដីទុកចិត្តរបស់ចៅហ្វាយដែលមានចំពោះខ្លួនហើយ»។ ដកស្រង់ពីសៀវភៅ Testimonies for the Church, volume 9, page 246, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

តើធ្វើយ៉ាងណាទើបយើងកាន់តែយល់ពីទស្សនៈដែលថាយើងជាអ្នកថែរក្សាទ្រព្យសម្បត្តិទាំងប៉ុន្មានដែលយើងមាន? តើសេចក្ដីនេះគួរឲ្យការប្រព្រឹត្តរបស់យើងសព្វគ្រប់បែបយ៉ាងផ្លាស់ប្ដូរយ៉ាងណា?

ថ្ងៃច័ន្ទ ទី២៩ មករា ឆ្នាំ២០១៨

អ្នកគ្រប់គ្រងនាសម័យសញ្ញាថ្មី

កាលពីម្សិលមិញយើងបានរៀនអំពីអ្នកគ្រប់គ្រងនាសម័យសញ្ញាចាស់។ ថ្ងៃនេះ យើងនឹងសិក្សាអំពីសេចក្ដីដដែលនេះនៅក្នុងគម្ពីរសញ្ញាថ្មីម្ដង។ ពាក្យជាភាសាក្រិក២យ៉ាងសម្រាប់ពាក្យ «អ្នកគ្រប់គ្រង» គឺ (១) អេពីត្រូប៉ូស [epitropos] និង (២) អូកូណូមុស [Oikonomos]។ ពាក្យ អេពីត្រូប៉ូស មានឃើញ៣ដង ឯពាក្យ អូកូណូមុស មានប្រើ១០ដង។ ពាក្យទាំង២នេះមានន័យថាការងារដែលមានតួនាទីសំខាន់ៗច្រើនដែលម្ចាស់ឲ្យទៅអ្នកគ្រប់គ្រងកាន់កាប់។

ទាំងសញ្ញាចាស់និងថ្មីសុទ្ធតែមាននិយាយអំពីកិច្ចការដែលអ្នកគ្រប់គ្រងធ្វើ។ គម្ពីរសញ្ញាថ្មីផ្ដល់ជាឧទាហរណ៍ឲ្យយើងអំពីការងារនេះ។ ហើយប្រាប់យើងថាចៅហ្វាយនាយនោះទុកចិត្តអ្នកគ្រប់គ្រងខ្លាំងណាស់ (លូកា ១២:៤៨)។ គម្ពីរសញ្ញាថ្មីបរិយាយអំពីប្រភេទមនុស្សដែលស័ក្ដិសមធ្វើជាអ្នកគ្រប់គ្រង (កូរិនថូសទី១ ៤:២)។ ទស្សនៈអំពីអ្នកគ្រប់គ្រង់គឺស្រដៀងគ្នារវាងគម្ពីរសញ្ញាទាំងពីរ។ ប៉ុន្តែគំនិតសំខាន់នៅក្នុងសញ្ញាចាស់នោះគឺថាព្រះគឺជាម្ចាស់លើគ្រប់ទាំងរបស់ដែលយើងមាន។ ឯសញ្ញាថ្មីបង្ហាញថាភាពជាអ្នកគ្រប់គ្រងមានអត្ថន័យធំធេងជាងគ្រាន់តែថែរក្សាទ្រព្យសម្បត្តិរបស់នរណាម្នាក់។

នៅក្នុងគម្ពីរលូកា ១៦:១-១៥ ព្រះយេស៊ូវនិទានរឿងប្រៀបប្រដូចមួយអំពីអ្នកគ្រប់គ្រងម្នាក់ដែលបោកប្រាស់ចៅហ្វាយខ្លួន។ សាច់រឿងនេះពុំមែនគ្រាន់តែជារឿងនិទានស្ដីអំពីអ្នកគ្រប់គ្រងដែលគេចវេះពីការខូចខាតប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ គឺព្រះយេស៊ូវប្រើសាច់រឿងនេះដើម្បីជួយឲ្យយើងយល់ពីរបៀបក្លាយជាអ្នកគ្រប់គ្រងល្អ។ ហើយព្រះយេស៊ូវក៏ប្រើប្រាស់រឿងនេះដើម្បីផ្ដល់ជាដំបូន្មានអំពីរបៀបគេចពីការបំផ្លាញខាងឯវិញ្ញាណដែរ។ អ្នកគ្រប់គ្រងវាងវៃនឹងត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះយេស៊ូវនាថ្ងៃអនាគត។ (ម៉ាថាយ ២៥:២១)។

សូមអានគម្ពីរកូរិនថូសទី១ ៤:១, ២ ទីតុស ១:៧ និងពេត្រុសទី១ ៤:១០។ តើខទាំងនេះបង្រៀនយើងយ៉ាងដូចម្ដេចខ្លះអំពីអ្នកគ្រប់គ្រងនិងការថែរក្សារបស់គ្រប់យ៉ាងដែលព្រះប្រទានឲ្យយើងឲ្យបានល្អ?

«តើខ្ញុំគួរបើកចំហចិត្តរបស់ខ្ញុំទទួលព្រះវិញ្ញាណបរិសុទ្ធដើម្បីឲ្យសរីរាង្គខ្ញុំទាំងមូលភ្ញាក់ពីដេកដែរឬអី? មែនហើយ ព្រះបានប្រគល់ឲ្យខ្ញុំគ្រប់ទាំងអស់នេះ។ ខ្ញុំជារបស់ផងព្រះយេស៊ូវ។ ហើយព្រះអង្គជួលខ្ញុំឲ្យបំពេញកិច្ចការព្រះអង្គនៅលើផែនដីនេះ។ ខ្ញុំគឺជាអ្នកគ្រប់គ្រងព្រះគុណរបស់ព្រះ»។ ដកស្រង់ពីសៀវភៅ Fundamental of Christian Education, page 301, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

នៅក្នុងគម្ពីរលូកា ១២:៣៥-៤៨ ព្រះយេស៊ូវមានបន្ទូលថាអស់អ្នកដែលរង់ចាំការយាងមកជាលើកទី២របស់ព្រះអង្គគឺជា «អ្នកបម្រើ [អ្នកគ្រប់គ្រង]»។ បាវបម្រើដែលវាងវៃត្រៀមខ្លួនរួចជាស្រេច។ តែឯបាវបម្រើអាក្រក់វិញលែងខ្វាយខ្វល់អំពីតួនាទីរបស់ខ្លួនដោយព្រោះចៅហ្វាយមិនទាន់ត្រឡប់មកវិញ។ បាវបម្រើអាក្រក់មានចិត្តអាក្រក់ដល់មនុស្សដែលនៅជុំវិញខ្លួន។ គេលែងជាគំរូល្អសម្រាប់ការងារល្អឬអ្នកគ្រប់គ្រងព្រះគុណរបស់ព្រះតទៅទៀតហើយ។

ក្នុងនាមជាអ្នកសេវេនដេយអាត់វេនទីស្ទ យើងពិបាករស់នៅជាមួយនឹងទស្សនៈដែលថា «ពន្យារពេល»។ តើធ្វើបែបណាទើបយើងអាចចៀសផុតពីការសម្ដែងអាកប្បកិរិយាដូចជាបាវបម្រើមិនស្មោះត្រង់នៅក្នុងគម្ពីរលូកា ១២:៤៥បាន?

ថ្ងៃអង្គារ ទី៣០ មករា ឆ្នាំ២០១៨

អ្នកគ្រប់គ្រងអាថ៌កំបាំងដ៏ធំធេងរបស់ព្រះ

សូមអានគម្ពីរកូឡូស ២:២, ៣ និងធីម៉ូថេទី១ ៣:១៦។ តើពាក្យ «អាថ៌កំបាំង» ដែលប្រើនៅក្នុងខទាំងនេះមានន័យយ៉ាងដូចម្ដេច? តើពាក្យនេះឲ្យយើងដឹងថាយើងដឹងបានច្រើនប៉ុនណាអំពីអាថ៌កំបាំង?

សូផារដែលជាសាសន៍ន៉ាអាម៉ានិយាយទៅកាន់លោកយ៉ូបថា «តើអ្នកអាចនឹងយល់ពីអាថ៌កំបាំងនៃព្រះបានឬអី?» (យ៉ូប ១១:៧)។ ពាក្យថាអាថ៌កំបាំងគឺសំដៅទៅលើអ្វីដែលយើងពុំទាន់ដឹងឬពិបាកនឹងយល់។ ឬក៏អាចមានន័យថាជាអ្វីម្យ៉ាងដែលគេ «លាក់កំបាំង»។ មែនហើយអាថ៌កំបាំងរបស់ព្រះមានចារឹកនៅក្នុងព្រះគម្ពីរ។ យើងមិនអាចយល់បានទាំងស្រុងឡើយ។ ហេតុនេះហើយបានជាយើងហៅថា «អាថ៌កំបាំង»។ យើងអាចយល់សេចក្ដីទាំងនោះបានលុះត្រាណាតែព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងឲ្យយើងហើយជួយឲ្យយើងយល់ប៉ុណ្ណោះ។

តើគម្ពីរចោទិយកថា ២៩:២៩ចែងយ៉ាងដូចម្ដេចអំពីអ្វីដែលព្រះបើកសម្ដែងឲ្យយើងដឹង?

យើងជាអ្នកគ្រប់គ្រងសេចក្ដីជាច្រើនដែលយើងមិនយល់ច្បាស់។ យើងដឹងបានត្រឹមតែសេចក្ដីណាដែលព្រះវិញ្ញាណបរិសុទ្ធនិងព្រះគម្ពីរប្រាប់យើងប៉ុណ្ណោះ។ ដូច្នេះករណីយកិច្ចចម្បងរបស់យើងគឺត្រូវរស់នៅ «ដូចជាអ្នកជំនួយនៃព្រះគ្រីស្ទ ហើយ​ជា​អ្នក​រ៉ាប់រង​ចំពោះ​សេចក្តី​អាថ៌កំបាំង​នៃ​ព្រះ​វិញ» (កូរិនថូសទី១ ៤:១)។

ព្រះចង់ឲ្យយើងការពារ បង្រៀន និងថែរក្សាសេចក្ដីពិតដែលព្រះអង្គប្រទានឲ្យយើង។ យើងថែរក្សាសេចក្ដីពិតនោះដោយប្រព្រឹត្តតាមហើយបង្រៀនសេចក្ដីនោះឲ្យអ្នកដទៃទៀតកាន់តាមដែរ។ ការដែលយើងលើកតម្កើងសេចក្ដីពិតរបស់ទ្រង់គឺជាបែបផែននៃការបម្រើព្រះអង្គដែលវិសេសជាងគេបំផុត។ បែបនេះមានន័យថាយើង «​កាន់​តាម​សេចក្តី​អាថ៌កំបាំងរបស់​សេចក្តី​ជំនឿ» ជាមួយនឹងចិត្តសុចរិត (ធីម៉ូថេទី១ ៣:៩)។

យើងជាមនុស្ស។ តើនឹងឲ្យយើងស្គាល់ព្រះច្បាស់ដូចម្ដេចនឹងកើតទៅ? ឱកាសដែលបានស្គាល់ទ្រង់គឺជាអាថ៌កំបាំងដ៏មហាសាលបំផុត។ ផែនការសង្គ្រោះមនុស្សរបស់ព្រះយើងមិនអាចយល់បានទាំងស្រុងនោះទេ។ ព្រោះតើនឹងមានអ្នកណាអាចយល់បានថាព្រះដ៏បង្កើតយើង(យ៉ូហាន ១:១-៣)ត្រូវចុះមកផែនដីក្នុងរូបកាយជាមនុស្សទៅ? តើនរណានឹងអាចយល់បានថាហេតុអ្វីបានជាព្រះអង្គត្រូវសុគតជំនួសបាបយើង? ការដែលព្រះបានធ្វើសម្រាប់យើងគឺជាអាថ៌កំបាំង។ គ្មានមនុស្សណាម្នាក់ដែលទ្រង់បង្កើតមកអាចយល់បានគ្រប់សេចក្ដីនោះទេ។ សូម្បីតែពួកទេវតាក៏សិក្សាពីអាថ៌កំបាំងរកមូលហេតុដែលព្រះយេស៊ូវយាងមកផែនដីនេះដែរ (ពេត្រុសទី១ ១:១២)។ ប៉ុន្តែចំណុចដែលយើងដឹងពីអាថ៌កំបាំងបណ្ដាលឲ្យយើងសរសើរតម្កើងដល់ព្រះពីសេចក្ដីល្អរបស់ទ្រង់ (សូមអានគម្ពីរវិវរណៈ ៥:១៣)។ យើងសរសើរតម្កើងព្រះដែលព្រះយេស៊ូវជា «​ទី​សង្ឃឹម​យ៉ាង​ឧត្តម» (កូឡូស ១:២៧) របស់យើងដែលនឹងត្រូវមក។

ព្រះបានរើសតាំងអ្នកឲ្យធ្វើជាបាវបម្រើនៃដំណឹងល្អអំពីព្រះយេស៊ូវ។ តើអ្នកមានតួនាអ្វីខ្លះនៅក្នុងការងារមួយនេះ?

ថ្ងៃពុធ ទី៣១ មករា ឆ្នាំ២០១៨

ការចាំយាមសេចក្ដីពិតខាងឯព្រះវិញ្ញាណ

ជាទូទៅយើងតែងឲ្យនិយមន័យទៅលើអំណោយទានដែលព្រះប្រទានឲ្យយើងជារបស់ដែលយើងអាចមើលឃើញនិងប៉ះបាន។ ហើយនេះក៏ត្រឹមត្រូវហើយ។ ប៉ុន្តែព្រះប្រទានឲ្យយើងលើសពីនេះទៅទៀត។ ព្រះអង្គថែមទាំងប្រទានអំណោយដែលយើងមិនអាចមើលឃើញឬប៉ះបានទៀតផង (ពេត្រុសទី១ ៤:១០)។ ព្រះជាម្ចាស់ប្រទានអំណោយទានទាំងនេះឲ្យមកយើងដើម្បីជួយឲ្យយើងមានចិត្តសប្បុរសនិងចេះស្រឡាញ់។ អំណោយទាំងនេះជួយឲ្យយើងបានដូចជាព្រះយេស៊ូវ។ ព្រះជាម្ចាស់ប្រទានអំណោយទានទាំងនេះមកយើងក៏ដើម្បីជួយយើងឲ្យក្លាយជាមនុស្សល្អផងដែរ។ សេចក្ដីនេះធ្វើឲ្យទ្រព្យខាងឯព្រះវិញ្ញាណទាំងនេះមានតម្លៃធំធេងជាងអំណោយទានដទៃណាទៀតដែលព្រះប្រទានឲ្យយើង។ ដូច្នេះយើងត្រូវតែថែរក្សាទ្រព្យសម្បត្តិទាំងនេះឲ្យខ្លាំងជាងអំណោយទានដទៃទៀតដែលយើងអាចមើលឃើញនិងអាចប៉ះបានទៀតផង។

សូមអានគម្ពីរអេភេសូរ ៦:១៣-១៧។ តើខទាំងនេះចែងថាព្រះប្រទានអំណោយទានអ្វីខ្លះដល់យើង? ហេតុអ្វីបានជាការថែរក្សាអំណោយទានទាំងនេះជារឿងសំខាន់?

«អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច» (រ៉ូម ៦:២៣)។ អ្វីគ្រប់យ៉ាងដែលលោកិយនេះអាចផ្ដល់ឲ្យយើងគឺពុំអាចផ្ទឹមបានទៅនឹងអំណោយទានដែលព្រះប្រទានឲ្យយើងតាមរយៈព្រះយេស៊ូវគ្រីស្ទនេះបានទេ។ អំណោយទានជាជីវិតអស់កល្បគឺជារបស់ដ៏មានតម្លៃបំផុតដែលយើងមាន។ ដូច្នេះយើងត្រូវតែធ្វើជាអ្នកថែរក្សាទ្រព្យសម្បត្តិដទៃទៀតដែលព្រះប្រទានឲ្យយើងឲ្យបានល្អ។

«សាច់រឿងនៃភូមិបេថ្លេហិមនិងឈើឆ្កាងបង្ហាញថាការយកជ័យជម្នះលើសាតាំងល្អខ្លាំងប៉ុនណា។សាច់រឿងទាំងនេះបង្រៀនយើងឲ្យដឹងថាការគ្រប់ទាំងសេចក្ដីល្អទាំងប៉ុន្មានដែលយើងទទួលបានគឺជាអំណោយទានមកពីព្រះទេ។ ហើយក៏ជាផ្នែកមួយនៃផែនការសង្គ្រោះមនុស្សយើងរបស់ទ្រង់ដែរ»។ ដកស្រង់ពីសៀវភៅ Education, page 101,របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

យើងមានអំណោយជាជីវិតអស់កល្បក៏ព្រោះតែព្រះយេស៊ូវបានចេញថ្លៃឲ្យប៉ុណ្ណោះ។ លោកសាវកប៉ុលមានប្រសាសន៍ថា៖ «ហើយ​យើង​បាន​សេចក្តី​ប្រោស​លោះ​នៅ​ក្នុង​ព្រះរាជបុត្រា​នោះ ដោយសារ​ព្រះលោហិត​ទ្រង់ គឺ​ជា​សេចក្តី​ប្រោស​ឲ្យ​រួច ពី​ទោស តាម​ព្រះគុណ​ដ៏​ធ្ងន់​ក្រៃលែង​នៃ​ទ្រង់» (អេភេសូរ ១:៧)។ ពិតជាដំណឹងល្អមែន! ព្រះបានអត់ទោសឲ្យយើងហើយ! អំណោយជាជីវិតអស់កល្បគឺជារបស់ផងយើង។ តែវាជារបស់ផងយើងដោយព្រោះព្រះបានប្រទានវាមកឲ្យយើងប៉ុណ្ណោះ។ ដូច្នេះយើងត្រូវតែការពារអំណោយមួយនេះដោយប្រុងប្រយ័ត្នបំផុត។ យើងត្រូវតែ «ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ» (អេភេសូរ ៦:១១) គ្រប់ពេលវេលាទាំងអស់។ ពេលនោះសាតាំងមិនអាចលួចអំណោយជាជីវិតអស់កល្បពីយើងបានទេ។ វាអាចយកអំណោយនេះពីយើងលុះត្រាតែយើងអនុញ្ញាតឲ្យវាលួចប៉ុណ្ណោះ។ តើយើងឲ្យវាលួចដោយវិធីណាខ្លះ? យើងឲ្យវាលួចបាននៅពេលដែលយើងមិនស្ដាប់បង្គាប់សេចក្ដីបង្រៀនរបស់ព្រះ។ ដូច្នេះ ការៗពារដែលល្អបំផុតរបស់យើងគឺស្ដាប់តាមសេចក្ដីពិតដែលព្រះប្រទានឲ្យមកយើង។

តើយើងពាក់ «គ្រប់គ្រឿងសឹករបស់ព្រះ» ដូចដែលលោកប៉ុលបានសរសេរនៅក្នុងគម្ពីរអេភេសូរ ៦:១៣-១៧ ដោយរបៀបណា? តើយើងថែរក្សាគ្រឿងសឹកទាំងនេះឲ្យបានល្អដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី១ កុម្ភៈ ឆ្នាំ២០១៨

​តួនាទីរបស់យើងក្នុងនាមជាបាវបម្រើរបស់ព្រះ

មួយរយៈនេះយើងបានរៀនរួចមកហើយថាអ្នកគ្រប់គ្រងគឺជាបាវបម្រើដែលថែរក្សារបស់ទាំងប៉ុន្មានដែលព្រះប្រទានឲ្យគេ។ ហើយអ្នកគ្រប់គ្រងវៃឆ្លាតសុខចិត្តទទួលខុសត្រូវចំពោះជម្រើសទាំងប៉ុន្មានដែលគេបានធ្វើ។ ការធ្វើជាអ្នកគ្រប់គ្រងដែលទទួលខុសត្រូវម្នាក់បានសេចក្ដីថាយើងយល់ពីទំនាក់ទំនងពិសេសរវាងការសម្រេចចិត្តរបស់យើងនិងលទ្ធផលដែលទទួលបានក្រោយពីការសម្រេចចិត្តនោះ។ ដូច្នេះអ្នកគ្រប់គ្រងល្អតែងត្រិះរិះយ៉ាងយកចិត្តទុកដាក់ទៅលើការសម្រេចចិត្តរបស់គេនិងទទួលយកលទ្ធផលដែលកើតចេញពីការសម្រេចចិត្តនោះ។ អ្នកគ្រប់គ្រងល្អតែងធ្វើការសម្រេចចិត្តដោយភាពវៃឆ្លាតដែលអាចជួយឲ្យចៅហ្វាយ[ព្រះ]របស់គេជោគជ័យ។

«ព្រះជាម្ចាស់ចង់ឲ្យយើងនៅជាប់នឹងទ្រង់។ ការដែលយើងយល់ពីអត្ថន័យនៃការទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់យើងនិងទទួលយកលទ្ធផលដែលទទួលបានពីការសម្រេចចិត្តទាំងនោះគឺជារឿងសំខាន់ណាស់សម្រាប់ព្រះជាម្ចាស់។ ព្រះអង្គចង់ឲ្យយើងពឹងផ្អែកលើព្រះអង្គ។ ហើយព្រះអង្គចង់ឲ្យយើងរៀនដឹងថាយើងត្រូវទុកចិត្តលើព្រះអង្គប៉ុនណាដើម្បីឲ្យទ្រង់ដឹកនាំផ្លូវយើង។ ព្រះជាម្ចាស់ប្រទានអំណោយរបស់ទ្រង់មកដល់មនុស្សគ្រប់រូប។ ព្រះជាម្ចាស់បានតាំងឲ្យមនុស្សគ្រប់រូបធ្វើជាអ្នកគ្រប់គ្រងលើអំណោយដ៏បរិសុទ្ធរបស់ទ្រង់។ ព្រះជាម្ចាស់ប្រគល់ឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់អំណោយទានទាំងនេះនៅក្នុងជីវិតនេះទៅតាមការសម្រេចព្រះទ័យរបស់ទ្រង់។ ហើយមនុស្សម្នាក់ៗនឹងត្រូវរាយការណ៍ពីការប្រើប្រាស់អំណោយទានទាំងនោះរបស់គេទៅឯព្រះវិញ»។ ដកស្រង់ពីសៀវភៅ Testimonies for the Church, volume 7, page 176, របស់អ្នកស្រីអែល្លិនជីវ៉ៃត៍។

អ្នកគ្រប់គ្រងមិនប្រគល់ភារកិច្ចឬកិច្ចការរបស់គេទៅឲ្យអ្នកដទៃធ្វើជំនួសនោះទេ។ ផ្ទុយទៅវិញគេបំពេញការងារដែលព្រះប្រទានឲ្យដោយចិត្តរីករាយ។ ក្នុងនាមយើងជាអ្នកគ្រប់គ្រងរបស់ព្រះ យើងមានការទទួលខុសត្រូវចំពោះព្រះ។ យើងបង្ហាញដល់អ្នកដទៃឲ្យឃើញថាយើងគឺជាអ្នកគ្រប់គ្រងរបស់ព្រះនៅពេលដែលយើងមានចិត្តសប្បុរសដល់ពួកគេ (លោកុប្បត្តិ ៣៩:៩ និងដានីយ៉ែល ៣:១៦)។ យើងនឹងបំពេញកិច្ចការដែលព្រះប្រគល់មកឲ្យយើងធ្វើ។ យើងនឹងបំពេញកិច្ចការទាំងនោះដោយអស់ពីសមត្ថភាព។ ការជោគជ័យនៅក្នុងព្រះនេត្ររបស់ព្រះគឺអាស្រ័យទៅលើកត្តាថាយើងមានជំនឿនិងចិត្តបរិសុទ្ធឬអត់។ ជោគជ័យគឺមិនអាស្រ័យទៅលើខួរក្បាលឬជំនាញរបស់យើងឡើយ។

សូមអានគម្ពីរកូរិនថូសទី២ ៥:១០។ ខនេះនិយាយអំពីការដែលយើងត្រូវឈរនៅចំពោះព្រះដើម្បីទទួលការជំនុំជម្រះ។ តើសេចក្ដីពិតនេះអាចជួយឲ្យយើងធ្វើជាអ្នកគ្រប់គ្រងល្អបានដោយរបៀបណា?

អ្នកប្រាជ្ញខាងព្រះគម្ពីរដែលបានសិក្សាពីអត្ថន័យនៃជីវិតបានជជែកវែកញែកគ្នារាប់រយឆ្នាំមកហើយអំពីប្រធានបទនៃសេរីភាពខាងឯការជ្រើសរើស។ សេរីភាពក្នុងការជ្រើសរើសគឺជាអំណាចក្នុងការសម្រេចចិត្តថាយើងគួររស់នៅបែបណា។ ព្រះគម្ពីរមានចែងយ៉ាងច្បាស់៖ មនុស្សលោកមានសេរីភាពក្នុងការជ្រើសរើសនិងសម្រេចចិត្ត។ តើព្រះនឹងជំនុំជម្រះយើងយ៉ាងដូចម្ដេចនឹងកើតបើយើងគ្មានសេរីភាពក្នុងការជ្រើសរើសឬសម្រេចចិត្តទេនោះ? បើយើងត្រូវជំនុំជម្រះដោយមិនអាចសម្រេចចិត្តរស់នៅតាមចិត្តរបស់យើងនោះពិតជាមិនសមហេតុផលសោះ។ ដូច្នេះយើងត្រូវទទួលខុសត្រូវធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងគ្រប់ទាំងផ្លូវដែលយើងធ្វើ។ កិច្ចការនោះរួមបញ្ចូលទាំងការធ្វើជាអ្នកគ្រប់គ្រងស្មោះត្រង់លើគ្រប់ទាំងអំណោយដែលព្រះប្រទានឲ្យយើងផង។

ថ្ងៃសុក្រ ទី២ កុម្ភៈ ឆ្នាំ២០១៨

សិក្សាបន្ថែម

ពាក្យថាអ្នកគ្រប់គ្រងដែលបានសរសេរនៅក្នុងគម្ពីរសញ្ញាចាស់ពុំមែនមានប្រភពចេញមកពីពាក្យហេព្រើរតែមួយពាក្យនោះទេ។ ផ្ទុយទៅវិញពាក្យនេះគឺចេញមកពីពាក្យ៖ asher al bayt។ ពាក្យទាំងនេះមានន័យថា «ម្នាក់ដែលត្រួតឬគ្រប់គ្រងផ្ទះ»។ ដូច្នេះគម្ពីរលោកុប្បត្តិ ៤៣:១៩អាចសរសេរមកថា៖ «គេ​ក៏​ចូល​ទៅ​ឯ​អ្នក​ដំរួត​ដែល​ត្រួត​លើ​ផ្ទះ​យ៉ូសែប»។ ឥឡូវនេះឧបមាថាពាក្យ «ផ្ទះ» មានរួមបញ្ចូលទាំង «គ្រួសារ»ទៀត។ បើបែបនោះមែន តើសម្រាប់មនុស្សម្នាក់មានអ្វីដែលមានតម្លៃលើសពីគ្រួសាររបស់គេទៀត? ដូច្នេះអ្នកគ្រប់គ្រងទទួលមើលការខុសត្រូវលើវត្ថុដ៏មានតម្លៃខ្លាំងណាស់។ ប៉ុន្តែរបស់ទាំងនេះពុំមែនជាកម្មសិទ្ធិរបស់អ្នកគ្រប់គ្រងនោះទេ។ ដូច្នេះក្នុងលក្ខណៈបែបនេះធ្វើឲ្យការងារដែលគាត់ទទួលខុសត្រូវរឹតតែសំខាន់លើសដើម។ ពិតមែនហើយយើងរឹតតែត្រូវប្រយ័ត្នចំពោះរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់យើង។

សេចក្ដីទាក់ទងនឹងអ្នកគ្រប់គ្រងនេះក៏មាននៅក្នុងគម្ពីរសញ្ញាថ្មីដែរ។ «គម្ពីរសញ្ញាថ្មីយកទស្សនៈអំពីអ្នកគ្រប់គ្រងនៅក្នុងគម្ពីរសញ្ញាចាស់ហើយផ្សារភ្ជាប់ទៅនឹងទស្សនៈនិងពាក្យដែលគេប្រើដើម្បីបរិយាយអំពីអ្នកគ្រប់គ្រងនៅក្នុងសតវត្សទី១បន្ទាប់ពីព្រះយេស៊ូវ។ វិធីនេះ គម្ពីរសញ្ញាថ្មីជួយឲ្យយើងកាន់តែយល់ច្បាស់ពីអត្ថន័យនៃពាក្យថាអ្នកគ្រប់គ្រងល្អលើទ្រព្យសម្បត្តិនិងអំណោយទានរបស់ព្រះដែលបានប្រទានមកឲ្យយើងជាយ៉ាងណា។ ពាក្យជាភាសាក្រិកដែលគេឧស្សាហ៍យកមកប្រើដើម្បីសំដៅលើអ្នកគ្រប់គ្រងគឺ Oikos និង Oikia។ ពាក្យនេះមានន័យថា «ផ្ទះ»។ ហើយពាក្យក្រិក oikonomos មានន័យថា អ្នកដែលត្រួតលើផ្ទះ។ គេគឺជាអ្នកគ្រប់គ្រង។ ដកស្រង់ពីសៀវភៅ Handbook of Seventh-day Adventist Theology (Hagerstown, MD: Review and Herald Publishing Association, 2000), page 654។

សំនួរពិភាក្សា៖
  1. លោកអ័ដាមបដិសេធមិនព្រមទទួលកំហុសពីការបរិភោគផ្លែដែលព្រះហាមឃាត់។ ផ្ទុយទៅវិញតើលោកអ័ដាមឆ្លើយតបទៅព្រះវិញយ៉ាងដូចម្ដេចនៅពេលដែលព្រះសួរគាត់ពីការដែលគាត់ធ្វើ (លោកុប្បត្តិ ៣:១២)? រឿងនេះបង្ហាញឲ្យឃើញថាយើងភាគច្រើនបន្ទោសអ្នកដទៃចំពោះកំហុសរបស់យើង។ តើធ្វើយ៉ាងណាទើបយើងអាចរៀនឈប់បន្ទោសអ្នកដទៃចំពោះកំហុសរបស់យើង?

  2. សូមត្រិះរិះបន្ថែមទៀតអំពីការធ្វើជាអ្នកគ្រប់គ្រងខាងព្រះវិញ្ញាណ។ តើសេចក្ដីនេះមានន័យយ៉ាងដូចម្ដេច? តើយើងនឹងថែរបស់ដែលយើងមើលពុំឃើញឬប៉ះមិនបានដោយរបៀបណា?

  3. ព្រះជាម្ចាស់តាំងយើងឲ្យធ្វើជាអ្នកគ្រប់គ្រងលើសេចក្ដីពិតដែលមានចែងនៅក្នុងគម្ពីរវិវរណៈ ១៤:៦-១២។ តើសេចក្ដីពិតទាំងនោះមានអ្វីខ្លះ?

  4. ហេតុអ្វីការទុកចិត្តនិងការជឿទៅលើរឿងវិញ្ញាណដែលយើងមិនអាចទាំងយល់គ្រប់ជ្រុងជ្រោយផងជារឿងសំខាន់?
Powered by CAM