ថ្ងៃសៅរ៍ ទី២៨ មេសា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ រ៉ូម ៨:៣ យ៉ូហាន ១:២៩ វិវរណៈ ៥:១២ ហេព្រើរ ៧:១-២៨ ហេព្រើរ ៩:១១-១៥។
ខចងចាំ៖ «ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដី ហើយនៅក្រោមផែនដីត្រូវលុតចុះ» (ភីលីព ២:៩, ១០)។
ព្រះគម្ពីរហេព្រើរចែងអំពីកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងរោងឧបោសថរបស់ព្រះវរបិតា។ រោងឧបោសថរបស់ព្រះគឺជាកន្លែងមួយនៅក្នុងនគរស្ថានសួគ៌ដែលគេទុកថ្វាយបង្គំព្រះនិងជាកន្លែងដែលមានបល្ល័ង្ករបស់ទ្រង់។ «ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ» (ហេព្រើរ ៦:២០)។ «ទ្រង់បានត្រឡប់ជាសំដេចសង្ឃជំនួសយើងរាល់គ្នា នៅអស់កល្បជានិច្ច ទុកដូចជាអ្នកនាំមុខ» (ហេព្រើរ ៦:២០)។ ព្រះគម្ពីរបង្ហាញថាព្រះយេស៊ូវគឺជាសម្ដេចសង្ឃរបស់យើង។ សម្ដេចសង្ឃមាននាទីសង្គ្រោះប្រជារាស្ត្ររបស់ខ្លួន។ ព្រះយេស៊ូវបានក្លាយមកជាសម្ដេចសង្ឃរបស់យើងបន្ទាប់ពីទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់សម្រាប់យើងនៅលើផែនដីនេះ (សូមអានហេព្រើរ ១០:១២)។
សប្ដាហ៍នេះយើងនឹងសិក្សាអំពីកិច្ចការរបស់ព្រះយេស៊ូវក្នុងនាមជាសម្ដេចសង្ឃរបស់យើង។ យើងនឹងក្រឡេកមើលកិច្ចការដែលព្រះអង្គធ្វើដើម្បីជួយរាស្ត្ររបស់ទ្រង់ឲ្យរួចរាល់សម្រាប់គ្រាចុងក្រោយ។ អ្នកស្រីអែល្លិនជីវ៉ៃត៍បានសរសេរថា៖ «ចុះប្រសិនបើរាស្ត្ររបស់ព្រះមិនយល់ពីកិច្ចការរបស់ព្រះយេស៊ូវក្នុងនាមជាសម្ដេចសង្ឃរបស់គេនៅក្នុងរោងឧបោសថ? នោះគេនឹងមិនអាចមានក្ដីជំនឿដែលគេត្រូវការសម្រាប់គ្រានេះទេ។ គេនឹងមិនអាចបំពេញកិច្ចការដែលព្រះបានឲ្យគេធ្វើនោះទេ» The Great Controversy, page 488។
តើពេលនេះព្រះយេស៊ូវកំពុងធ្វើអ្វីសម្រាប់យើងនៅក្នុងរោងឧបោសថនៅនគរស្ថានសួគ៌? ហើយហេតុអ្វីបានជាការដឹងអំពីកិច្ចការរបស់ព្រះយេស៊ូវនៅនគរស្ថានសួគ៌មានសារៈសំខាន់សម្រាប់ឲ្យយើងយល់នៅគ្រាចុងក្រោយនេះម្ល៉េះ?
ថ្ងៃអាទិត្យ ទី២៩ មេសា ឆ្នាំ២០១៨
អំណោយទានពិសេសរបស់ព្រះសម្រាប់មនុស្សលោក
យើងត្រូវតែសិក្សាគ្រប់អន្លើអំពីការសុគតរបស់ព្រះយេស៊ូវសម្រាប់យើង។ ការសិក្សាអំពីការសុគតរបស់ព្រះយេស៊ូវនឹងជួយឲ្យយើងត្រៀមខ្លួនរួចរាល់សម្រាប់ការយាងមកជាលើកទីពីរ។ ជាទូទៅមនុស្សលោកតែងសម្លឹងទៅមុខចង់ដឹងថាផែនការរបស់គេជោគជ័យឬយ៉ាងណា។ បែបនេះពិតជាត្រឹមត្រូវគ្មានអ្វីខុសទេ។ ប៉ុន្តែជាការល្អដែលក្នុងនាមជាគ្រីស្ទានយើងត្រូវក្រឡេកមើលទៅក្រោយវិញដែរ។ យើងត្រូវមើលត្រឡប់ក្រោយវិញទៅឯឈើឆ្កាង។ ជោគជ័យរបស់ព្រះយេស៊ូវនៅទីនោះនឹងមិនមានអ្នកណាអាចដកហូតចេញពីយើងបានឡើយ។ ជ័យជម្នះរបស់ព្រះអង្គជួយឲ្យយើងប្រាកដក្នុងចិត្តទៅលើជំនឿរបស់យើងក្នុងកាលដែលយើងនឹងត្រូវប្រឈមមុខទៅនឹងសេចក្ដីដែលនឹងកើតឡើងនាពេលអនាគត។
សូមអានគម្ពីររ៉ូម ៨:៣ ធីម៉ូថេទី១ ១:១៧, ៦:១៦ កូរិនថូសទី១ ១៥:៣៣។ ហេតុអ្វីបានជាព្រះបញ្ជូនបុត្រាទ្រង់ឲ្យមកសុគត?
ព្រះបញ្ជូនព្រះយេស៊ូវមកឯយើងដើម្បីនឹងសុគតជួសបាបយើង។ ព្រះបានបញ្ជូនព្រះយេស៊ូវមកក្នុងសាច់ឈាមជាមនុស្សដើម្បីកាត់ទោសបាប។ តើសេចក្ដីនេះមានន័យយ៉ាងដូចម្ដេច? គឺបានសេចក្ដីថាព្រះយេស៊ូវត្រូវតែកើតជាមនុស្សសិនទើបអាចសង្គ្រោះយើងបាន។ បើក្នុងសភាពជាព្រះ ព្រះមិនអាចសុគតបានទេ។ ដូច្នេះព្រះអង្គកើតមកជាមនុស្សមានសាច់ឈាមដូចយើងរាល់គ្នា។ រាងកាយជាមនុស្សអាចស្លាប់បាន។ ដូច្នេះព្រះយេស៊ូវកើតជាមនុស្សដើម្បីឲ្យព្រះអង្គអាចយកឈ្នះលើសង្គ្រាមនឹងបាបសម្រាប់យើងហើយសុគតជួសយើងនៅលើឈើឆ្កាង។
មែនហើយ ព្រះយេស៊ូវតែងតែជាព្រះរហូតមក។ ព្រះអង្គនៅតែជាព្រះសូម្បីតែបន្ទាប់ពីព្រះអង្គ «ប្រសូតមកមានរូបជាមនុស្ស» (ភីលីព ២:៧) ហើយក្ដី។ តើធាតុជាព្រះរបស់ព្រះយេស៊ូវមិនបានសុគតយ៉ាងដូចម្ដេចទៅហ្នបើរាងកាយរបស់ទ្រង់បានសុគតនៅលើឈើឆ្កាងទៅហើយ? ចម្លើយទៅនឹងសំណួរនេះគឺជាអាថកំបាំង។ មានតែព្រះប៉ុណ្ណោះដែលដឹងពីចម្លើយនេះ។ ហើយយើងក៏មិនអាចយល់បានដែរថាតើរយៈពេល៩ខែនៅក្នុងផ្ទៃនាងម៉ារីនោះផ្នែកជាព្រះរបស់ទ្រង់នៅស្ងាត់ស្ងៀមយ៉ាងដូចម្ដេចទៅនោះ។ តទៅនេះគឺជាចំណុចខ្លះទៀតអំពីព្រះយេស៊ូវដែលរឹតតែអស្ចារ្យ៖ ព្រះយេស៊ូវមិនដែលប្រើព្រះចេស្ដាជាព្រះរបស់ទ្រង់ដើម្បីបំពេញកិច្ចការរបស់ទ្រង់ឡើយកាលដែលព្រះអង្គរស់នៅជាមនុស្សនៅលើផែនដីនេះ។
សូមអានគម្ពីរលូកា ៩:២២។ តើខនេះប្រាប់យើងយ៉ាងដូចម្ដេចខ្លះពីមូលហេតុដែលព្រះយេស៊ូវសុគតជួសយើង?
ព្រះយេស៊ូវត្រូវប្រសូតមកដើម្បីសុគត។ ការសុគតរបស់ព្រះអង្គសម្រាប់យើងបានមកពីក្ដីស្រឡាញ់ដែលគ្មានក្ដីស្រឡាញ់ណាទៀតអាចប្រៀបផ្ទឹមបានឡើយ។ គ្មាននរណាម្នាក់នៅនគរស្ថានសួគ៌ឃើញអ្វីដែលអាចប្រៀបផ្ទឹមនឹងក្ដីស្រឡាញ់នេះបានឡើយ។ ទោះមកដល់ពេលនេះក៏គ្មាននរណាម្នាក់អាចយល់ពីក្ដីស្រឡាញ់នេះបានដែរ។
តើឈើឆ្កាងស្ដែងឲ្យយើងដឹងថាទោះយើងមានសេចក្ដីល្អប៉ុនណាក៏មិនអាចសង្គ្រោះខ្លួនបានដែរឬទេ?
ថ្ងៃច័ន្ទ ទី៣០ មេសា ឆ្នាំ២០១៨
កូនចៀមនៃព្រះ
សូមអានគម្ពីរយ៉ូហាន ១:២៩ វិវរណៈ ៥:១២ និងវិវរណៈ ១៣:៨។ តើយើងឃើញមានរូបស័ព្ទអ្វីខ្លះនៅក្នុងខទាំងនេះ? តើរូបស័ព្ទនេះជួយឲ្យយើងយល់ពីផែនការរបស់ព្រះក្នុងការសង្គ្រោះយើងដូចម្ដេចខ្លះ?
លោកយ៉ូហានបាទីស្ទហៅព្រះយេស៊ូវថាជាកូនចៀមនៃព្រះ។ នាមនេះគឺចង្អុលទៅឯរោងឧបោសថរបស់ព្រះសាសន៍ហេព្រើរ។ រោងឧបោសថគឺជាទីដែលប្រជារាស្ត្រថ្វាយបង្គំព្រះនៅសម័យសញ្ញាចាស់។ លោកយ៉ូហានក៏បានប្រើពាក្យ «កូនចៀមនៃព្រះ» ដើម្បីនាំគំនិតប្រជារាស្ត្ររបស់ព្រះឲ្យនឹកទៅដល់ការសុគតរបស់ព្រះយេស៊ូវសម្រាប់លោះបាបគេដែរ។ ទាំងកូនចៀមនិងសត្វដទៃទៀតដែលគេសម្លាប់នៅក្នុងការថ្វាយបង្គំរបស់សាសន៍ហេព្រើរសុទ្ធតែចង្អុលទៅលើការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះយេស៊ូវគឺជាអំណោយដ៏ល្អឥតខ្ចោះ។ ការសុគតនេះបានបំពេញរាល់តម្រូវការរបស់ព្រះវរបិតាដើម្បីឲ្យទ្រង់អភ័យទោសឲ្យយើងដែលបានរំលងក្រឹត្យវិន័យរបស់ទ្រង់និងដើម្បីទទួលយើងជាកូនទ្រង់វិញ។ យើងអាចអានសាច់រឿងស្ដីអំពីការដែលព្រះយេស៊ូវគឺជាកូនចៀមរបស់ព្រះដែលលោះបាបយើងរាល់គ្នា។ សាច់រឿងនេះគឺមាននៅក្នុងគម្ពីរដំណឹងល្អ។ គម្ពីរដំណឹងល្អគឺសំដៅទៅលើគម្ពីរ៤ដំបូងនៃគម្ពីសញ្ញាថ្មីរួមមាន៖ ម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។
ប៉ុន្តែ រឿងរបស់ព្រះយេស៊ូវនិងកិច្ចការរបស់ទ្រង់ក្នុងការសង្គ្រោះយើងមិនចប់ត្រឹមដំណឹងល្អនោះទេ។ សាច់រឿងរបស់ព្រះយេស៊ូវមិនចប់ត្រឹមការដែលទ្រង់សុគតហើយមានព្រះជន្មរស់ឡើងវិញនោះទេ។ យើងអាចអានរឿងរបស់ព្រះយេស៊ូវថែមទៀតនៅក្នុងគម្ពីរហេព្រើរ។
គម្ពីរហេព្រើរបរិយាយអំពីព្រះរាជកិច្ចដែលព្រះយេស៊ូវធ្វើជាសម្ដេចសង្ឃរបស់យើងនៅឯនគរស្ថានសួគ៌ (ហេព្រើរ ១:៣)។ សម្ដេចសង្ឃមាននាទីសង្គ្រោះប្រជាជនរបស់ខ្លួន។ ក្នុងនាមជាសម្ដេចសង្ឃរបស់យើង ព្រះយេស៊ូវបំពេញព្រះរាជកិច្ចដើម្បីសង្គ្រោះយើង។ ព្រះយេស៊ូវក្លាយជាសម្ដេចសង្ឃរបស់យើងបន្ទាប់ពីព្រះអង្គសុគតជួសយើងនៅលើឈើឆ្កាង។ ព្រះយេស៊ូវគឺជាកូនចៀមដែលព្រះវរបិតាបានប្រទានមកសុគតលើឈើឆ្កាងសម្រាប់បាបយើង។ រួចព្រះយេស៊ូវក៏មានព្រះជន្មរស់ពីសុគតវិញ។ ព្រះអង្គយាងត្រឡប់ទៅស្ថានសួគ៌ហើយយាងចូលក្នុងរោងឧបោសថ។ នៅទីនោះ ព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចដើម្បីសង្គ្រោះយើងហើយជួយត្រៀមយើងឲ្យបានរួចរាល់ដើម្បីនឹងបានទៅរស់នៅជាមួយព្រះអង្គនៅឯនគរស្ថានសួគ៌ជាមួយនឹងទ្រង់។ ហេព្រើរ ៧:១-២៨ ចែងអំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវសម្រាប់យើងនៅក្នុងរោងឧបោសថនិងកិច្ចដទៃទៀតដែលព្រះអង្គធ្វើសម្រាប់យើង។
តើគម្ពីរហេព្រើរ ៧:១-២៨ ប្រាប់យើងអ្វីខ្លះអំពីព្រះយេស៊ូវ?
ខទាំងនេះជាភាសាហេព្រើរមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់។ ខទាំងនេះប្រាប់យើងថាព្រះយេស៊ូវទ្រង់វិសេសជាងសង្ឃដែលមកពីពូជលោកអើរ៉ុនដែលបានធ្វើការនៅក្នុងរោងឧបោសថនៃសាសន៍ហេព្រើរនៅផែនដីទៅទៀត។ ពេលនេះយើងមានព្រះជាសម្ដេចសង្ឃរបស់យើង។ ដូច្នេះពីពេលនេះទៅនៅពេលណាយើងគិតអំពីព្រះយេស៊ូវ យើងអាចគិតពីទ្រង់ថាជាសម្ដេចសង្ឃរបស់យើងកំពុងបំពេញព្រះរាជកិច្ចសម្រាប់យើងនៅនគរស្ថានសួគ៌។
ថ្ងៃអង្គារ ទី១ ឧសភា ឆ្នាំ២០១៨
ព្រះយេស៊ូវបំពេញការងារសម្រាប់យើងនៅឯនគរស្ថានសួគ៌
សូមអានគម្ពីរហេព្រើរ ៧:២៤-២៧ និងហេព្រើរ ៨:៦។ តើយើងរកឃើញសេចក្ដីពិតអ្វីនៅក្នុងខទាំងនេះ? តើសេចក្ដីពិតនេះផ្ដល់ក្ដីសង្ឃឹមអ្វីដល់យើង?
ព្រះយេស៊ូវគឺជាសម្ដេចសង្ឃរបស់យើង។ ដោយព្រោះព្រះអង្គជាសម្ដេចសង្ឃរបស់យើង នោះទ្រង់អាចសង្គ្រោះយើងបានយ៉ាងពេញទី។ ព្រះអង្គអាចសង្គ្រោះយើងបានយ៉ាងពេញទីព្រោះទ្រង់បានធ្វើកិច្ចមួយចំនួនដែលគ្មានមេដឹកនាំសាសនាណាឬសង្ឃណាទៀតអាចធ្វើបាន៖ (១) ព្រះយេស៊ូវគឺជាព្រះ។ មានតែព្រះប៉ុណ្ណោះដែលអាចអត់ទោសបាបបាន។ ដោយព្រោះព្រះយេស៊ូវគឺជាព្រះ ដល់ម្ល៉េះបានជាទ្រង់មានអំណាចចេស្ដាអត់ទោសបាបឲ្យយើងបាន។ (២) ព្រះអង្គគឺជាសម្ដេចសង្ឃរបស់យើងជារៀងដរាបទៅ។ តាំងតែពីមានពួកជំនុំជាលើកដំបូងមក ព្រះយេស៊ូវបានធ្វើការសម្រាប់រាស្ត្រទ្រង់ជារៀងរហូតមក។ ព្រះយេស៊ូវធ្វើការសម្រាប់រាស្ត្ររបស់ទ្រង់ដោយក្ដីស្រឡាញ់ដដែល ដែលទ្រង់មានកាលពីព្រះអង្គព្យាបាលអ្នកឈឺនិងកម្សាន្តចិត្តដល់អ្នកដែលកម្សត់ទុរគតនៅលើផែនដីនេះ។ (៣) ព្រះយេស៊ូវក៏ជាមនុស្សដែរ។ (៤) តែព្រះអង្គប្រសូតមកគ្មានបាបសោះ ហើយព្រះអង្គមិនដែលធ្វើបាបឡើយ។ (៥) ជាអ្នកដែលគ្មានបាបសោះ ព្រះយេស៊ូវបានសុគតជួសបាបនៃមនុស្សគ្រប់រូបដែលបានកើតមកលើផែនដីនេះ។ (៦) មានតែព្រះយេស៊ូវដែលជាមនុស្សផងព្រះផងប៉ុណ្ណោះដែលអាចធ្វើការសម្រាប់មនុស្សមានបាបនៅក្នុងរោងឧបោសថនៃនគរស្ថានសួគ៌បាន។ រោងឧបោសថគឺជាទីសម្រាប់ថ្វាយបង្គំព្រះហើយក៏ជាទីដែលមានបល្ល័ង្ករបស់ព្រះដែរ។
ហេព្រើរ ៧:២៤-២៧ និងហេព្រើរ ៨:៦ ក៏បានបង្ហាញយើងដែរថាការសុគតរបស់ព្រះយេស៊ូវត្រូវកើតឡើងតែម្ដងប៉ុណ្ណោះ។ ការសុគតរបស់ទ្រង់ក៏សម្រាប់មនុស្សគ្រប់រូបដែរ។ តែម្ដងគឺគ្រប់គ្រាន់អាចសង្គ្រោះមនុស្សគ្រប់គ្នាដែលបានកើតមក។ ជារួម តើនរណាស៊ូស្លាប់ជួសយើង គឺព្រះ។ ធ្វើម្ដេចនឹងឲ្យការសុគតរបស់ព្រះមិនធំធេងគ្រប់គ្រាន់ដើម្បីនឹងសង្គ្រោះមនុស្សគ្រប់គ្នាទៅបាន?
សូមអានគម្ពីរហេព្រើរ ៩:១១-១៥។ ដូចដែលខនេះបានបង្ហាញស្រាប់ តើការសុគតរបស់ព្រះយេស៊ូវបានផ្ដល់អ្វីដល់ទ្រង់ដើម្បីនឹងប្រទានដល់យើង? តើកិច្ចការរបស់ទ្រង់នៅក្នុងរោងឧបោសថនៃនគរស្ថានសួគ៌នៅពេលនេះផ្ដល់អ្វីមកឲ្យយើងដែរ?
ហេព្រើរ ៩:១២ ចែងថាព្រះយេស៊ូវ «បានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច»។ ពាក្យនេះក៏បានប្រើនៅក្នុងគម្ពីរលូកា ១:៦៨ដែរ។ កាលណោះ លោកសាការីមានប្រសាសន៍ថា «ប្រោសលោះរាស្ត្រទ្រង់»។ តើគម្ពីរហេព្រើរ ៩:១២ បង្រៀនយើងដូចម្ដេចខ្លះទៀតអំពីព្រះលោហិតរបស់ព្រះយេស៊ូវ? គឺបង្រៀនយើងថាមានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចប្រោសលោះយើងបាន។ ការសុគតរបស់ទ្រង់គឺជាអំណោយដែលទ្រង់ប្រទានដើម្បីសង្គ្រោះយើង។ អំណោយទាននេះនឹងសង្គ្រោះមនុស្សគ្រប់រូបដែលព្រមទទួល។
ព្រះយេស៊ូវមិនបានផ្ដើមបំពេញកិច្ចការរបស់ទ្រង់នៅក្នុងរោងឧបោសថទេទាល់តែទ្រង់បានប្រោសលោះយើងជាមុនសិន។ តើសេចក្ដីនេះផ្ដល់ក្ដីសង្ឃឹមដល់យើងអំពីព្រះរាជកិច្ចរបស់ព្រះយេស៊ូវសម្រាប់យើងនៅក្នុងរោងឧបោសថនៅពេលនេះទេ?
ថ្ងៃពុធ ទី២ ឧសភា ឆ្នាំ២០១៨
ព្រះយេស៊ូវជាអង្គជំនួយ
បាបបានបំបែកមនុស្សចេញពីព្រះ។ ប៉ុន្តែការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបាននាំមនុស្សត្រឡប់ទៅឯព្រះវរបិតាវិញ។ ការសុគតរបស់ព្រះយេស៊ូវនាំឲ្យមនុស្សបាបមកកៀកនឹងព្រះវិញ។
«យើងខ្ញុំមានសេចក្តីសង្ឃឹមនោះ ទុកដូចជាយុថ្កានៃព្រលឹងដ៏ជាប់លាប់មាំមួន ដែលចូលទៅខាងក្នុងនៃវាំងនន ជាកន្លែងដែលព្រះយេស៊ូវទ្រង់បានយាងចូលទៅ ជំនួសយើងរាល់គ្នា ទុកដូចជាអ្នកនាំមុខ ដោយទ្រង់បានត្រឡប់ជាសំដេចសង្ឃ នៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក។» (ហេព្រើរ ៦:១៩និង២០)។ ម៉ិលគីស្សាដែក គឺជាស្ដេចនៃក្រុងសាឡិមកាលពីជំនាន់លោកអ័ប្រាហាំ។ ដូចមានចែងក្នុងខទាំងនេះស្រាប់ តើព្រះយេស៊ូវបានធ្វើអ្វីខ្លះសម្រាប់យើង?
ហេព្រើរ ៩:២៤ ចែងអំពីកិច្ចការរបស់ព្រះយេស៊ូវសម្រាប់យើងនៅពេលនេះនៅឯនគរស្ថានសួគ៌។ តើព្រះអង្គកំពុងធ្វើអ្វីសម្រាប់យើងនៅពេលនេះ?
ព្រះយេស៊ូវគឺជាអ្នកដែល «នៅចំពោះព្រះភក្ត្រនៃព្រះ» ជំនួសយើង (ហេព្រើរ ៩:២៤)។ បន្ទាប់ពីព្រះអង្គមានព្រះជន្មរស់ពីសុគតវិញ ព្រះយេស៊ូវក៏យាងចូលទៅក្នុងរោងឧបោសថនៅស្ថានសួគ៌។ នៅទីនោះព្រះយេស៊ូវថ្វាយអំណោយជាព្រះលោហិតរបស់ទ្រង់ដល់ព្រះវរបិតា។ គឺជាថ្លៃដែលព្រះបានចេញដើម្បីលោះយើងពីបាប។
ពេលយើងទទួលយកព្រះយេស៊ូវ នោះព្រះបានអភ័យទោសបាបឲ្យយើង។ យើងនឹងឈរនៅចំពោះព្រះភក្ត្រព្រះបែបគ្មានទោសសោះ។ តែទោះបីជាយើងក្លាយជាគ្រីស្ទានហើយក្ដីក៏យើងនៅតែអាចធ្វើបាបដដែល។ ហេតុអ្វីបានជាយើងធ្វើបាប? យើងធ្វើបាបពីព្រោះយើងមិនទុកចិត្តទៅលើសេចក្ដីសន្យាដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវដែលថានឹងប្រទានជ័យជម្នះលើបាបមកឲ្យយើង។ នៅពេលយើងធ្វើបាប ព្រះយេស៊ូវនឹងជួយយើង។ ព្រះអង្គបំពេញកិច្ចការនៅនគរស្ថានសួគ៌ជាសម្ដេចសង្ឃរបស់យើង។ ដោយព្រោះទ្រង់ជាសម្ដេចសង្ឃរបស់យើងនោះព្រះអង្គឈរនៅចំពោះព្រះភក្ត្រនៃព្រះជំនួសយើង។ ព្រះយេស៊ូវចង្អុលទៅឯព្រះលោហិតរបស់ទ្រង់ដែលបានខ្ចាយសម្រាប់យើង។ ព្រះអង្គមិនបានចង្អុលទៅរកសេចក្ដីល្អណាមួយដែលយើងបានធ្វើនោះទេ។ យើងមិនអាចធ្វើអ្វីល្អដែលអាចសង្គ្រោះយើងបានទេ។ ព្រះយេស៊ូវទូលសូមឲ្យព្រះវរបិតាទ្រង់សង្គ្រោះយើងដោយព្រោះការដែលព្រះយេស៊ូវផ្ទាល់បានធ្វើសម្រាប់យើង។ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ» (ហេព្រើរ ៧:២៥)។
មែនហើយ យើងមានជីវិតថ្មីនៅក្នុងព្រះយេស៊ូវ។ ប៉ុន្តែក្នុងនាមជាគ្រីស្ទានដែលកើតជាថ្មី យើងសុទ្ធតែយល់ពីសេចក្ដីត្រូវការខាងឯសេចក្ដីមេត្តាករុណានិងការអភ័យទោសពីព្រះយេស៊ូវគ្រប់ពេលមែនទេ? បើដូច្នោះមែន ហេតុអ្វីបាជាការដឹងថាព្រះយេស៊ូវគឺជាសម្ដេចសង្ឃរបស់យើងជារឿងសំខាន់សម្រាប់យើង?
ថ្ងៃព្រហស្បតិ៍ ទី៣ ឧសភា ឆ្នាំ២០១៨
ថ្ងៃដែលព្រះនឹងសម្អាតរាស្ត្ររបស់ទ្រង់
គម្ពីរហេព្រើរចែងអំពីរោងឧបោសថនៅក្នុងគម្ពីរសញ្ញាចាស់។ រោងឧបោសថនាសម័យនោះគឺជាទីសម្រាប់ថ្វាយបង្គំព្រះនៅឯទីវាលរហោស្ថានមុនដែលស្ដេចសាឡូម៉ូនបានសង់ព្រះវិហារថ្វាយព្រះ។ ព្រះគម្ពីរហេព្រើរបង្រៀនយើងថារោងឧបោសថនៅផែនដីនេះគឺជាការចម្លងតាមរោងឧបោសថដែលស្ថិតនៅនគរស្ថានសួគ៌។ រោងឧបោសថទាំងពីរនេះមានបន្ទប់ពីរដូចគ្នា។ ការថ្វាយបង្គំរបស់សាសន៍យូដានៅលើផែនដីនេះមានទាំងពិធីសម្លាប់សត្វ។ ការស្លាប់របស់សត្វទាំងនោះគឺចង្អុលទៅឯការសុគតនាពេលអនាគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងដើម្បីលោះមនុស្សមានបាប។ ឈាមរបស់សត្វទាំងនោះគឺជាកត្តាចាំបាច់ដើម្បីធ្វើឲ្យរោងឧបោសថបានស្អាត។
នៅក្នុងពិធីថ្វាយបង្គំរបស់សាសន៍យូដា សម្ដេចសង្ឃបំពេញភារកិច្ចក្នុងបន្ទប់ទាំងពីរនៃរោងឧបោសថ។ បន្ទប់ទាំងពីរនេះគេឲ្យឈ្មោះថាទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។ ដូចគ្នានេះដែរ កិច្ចការរបស់ព្រះយេស៊ូវនៅក្នុងរោងឧបោសថនៃស្ថានសួគ៌ក៏មាននៅក្នុងបន្ទប់ទាំងពីរដែរ។ ផ្នែកទីមួយដែលព្រះយេស៊ូវធ្វើការសម្រាប់យើងគឺនៅក្នុងទីបរិសុទ្ធ។ ហើយផ្នែកទីពីរគឺនៅក្នុងទីបរិសុទ្ធបំផុត។ នោះហើយជាបន្ទប់ដែលព្រះយេស៊ូវបានធ្វើការចាប់តាំងពីឆ្នាំ១៨៤៤មក ជាចៅក្រមនិងសម្ដេចសង្ឃរបស់យើង។
កាលពីនៅរោងឧបោសថលើផែនដី កិច្ចការរបស់ព្រះយេស៊ូវជាចៅក្រមនិងសម្ដេចសង្ឃគឺស្ដែងឡើងដោយកិច្ចការពិសេសដែលសង្ឃរបស់សាសន៍យូដាធ្វើនៅថ្ងៃសម្អាត។ ថ្ងៃសម្អាតគឺជាពេលតែមួយគត់ក្នុងមួយឆ្នាំដែលសម្ដេចសង្ឃរបស់សាសន៍យូដានឹងចូលទៅក្នុងបន្ទប់បរិសុទ្ធបំផុតនៃរោងឧបោសថ។ ពេលនោះហើយដែលសម្ដេចសង្ឃនឹងធ្វើឲ្យរាស្ត្ររបស់ព្រះនិងរោងឧបោសថបានស្អាតពីបាប (លេវីវិន័យ ១៦:១២-១៤)។
សូមអានគម្ពីរហេព្រើរ ៩:២០-២៣។ តើអ្វីខ្លះដែលត្រូវសម្អាតឲ្យស្អាតដោយឈាម? តើការដែលត្រូវសម្អាតឲ្យស្អាតនេះបង្ហាញពីកិច្ចការរបស់ព្រះយេស៊ូវដែលជាសម្ដេចសង្ឃរបស់យើងដូចម្ដេចខ្លះនៅថ្ងៃសម្អាត ដែលកំពុងកើតឡើងនៅនគរស្ថានសួគ៌នាពេលនេះ?
អ្នកជំនាញខាងព្រះគម្ពីរជាច្រើនភ្ញាក់ផ្អើលទៅនឹងការលើកឡើងថារោងឧបោសថនៅលើស្ថានសួគ៌ក៏ត្រូវការសម្អាតដែរ។ គម្ពីរហេព្រើរ ៩:២៣ បង្ហាញយើងថាកិច្ចការដែលសម្ដេចសង្ឃធ្វើដើម្បីសម្អាតរោងឧបោសថនៅលើផែនដីឲ្យស្អាតគ្រាន់តែជាការត្រាប់តាមឬជា «ស្រមោល [គំរូ]» នៃកិច្ចការដែលព្រះយេស៊ូវធ្វើនៅពេលនេះដើម្បីឲ្យរោងឧបោសថនៅនគរស្ថានសួគ៌បានស្អាតនិងដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានបរិសុទ្ធប៉ុណ្ណោះ។ ពេលយើងសិក្សាពីគម្ពីរដានីយ៉ែល យើងបានដឹងថាកិច្ចការរបស់ព្រះយេស៊ូវក្នុងការសម្អាតចាប់ផ្ដើមពីឆ្នាំ១៨៤៤។ ពេលនេះយើងកំពុងរស់នៅក្នុងសម័យនោះហើយ។
ថ្ងៃសុក្រ ទី៤ ឧសភា ឆ្នាំ២០១៨
សិក្សាបន្ថែម
ការបើកសម្ដែងរបស់លោកដានីយ៉ែលបង្ហាញយើងថាចុងបញ្ចប់នៃមនុស្សលោកគឺផ្សារភ្ជាប់ទៅនឹងថ្ងៃលាងសម្អាត។ នៅថ្ងៃនោះគឺជាពេលដែលព្រះយេស៊ូវនឹងធ្វើឲ្យរាស្ត្ររបស់ព្រះអង្គទាំងប៉ុន្មានបានស្អាតបរិសុទ្ធ។ ព្រះយេស៊ូវនឹងធ្វើការនេះមុនដែលទ្រង់យាងមក។ ការបើកសម្ដែងរបស់លោកដានីយ៉ែលក៏បានបញ្ជាក់ប្រាប់ផងដែរអំពីពេលវេលាដែលកិច្ចការរបស់ព្រះយេស៊ូវនៅលើនគរស្ថានសួគ៌នឹងកើតឡើងចំពោះមនុស្សលោក។ កិច្ចការរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងក៏រួមបញ្ចូលទាំងការធ្វើជាចៅក្រមផងដែរ។ ជាចៅក្រមរបស់យើង ព្រះយេស៊ូវនឹងបង្ហាញដល់មនុស្សគ្រប់គ្នានៅលើស្ថានសួគ៌និងលោកិយថាប្រជារាស្ត្ររបស់ព្រះគ្មានទោសពៃរ៍អ្វីឡើយ។ ព្រះអង្គនឹងលោះរាស្ត្ររបស់ព្រះពីបាបនិងទោសកំហុសគ្រប់យ៉ាង។ ព្រះយេស៊ូវក៏នឹងបង្ហាញថាសេចក្ដីកុហករបស់សាតាំងអំពីព្រះសុទ្ធតែមិនពិតទាំងអស់» ដកស្រង់ពី Handbook of Seventh-day Adventist Theology (Hagerstown, Md.: Review and Herald© Publishing Association, 2000), page 394។
«មុនដែលព្រះយេស៊ូវសុគតលើឈើឆ្កាង បាបនៃរាស្ត្ររបស់ព្រះត្រូវធ្លាក់លើសត្វដែលគេយកមកបូជាជំនួសបាបរបស់គេ។ ពេលនោះបាបរបស់គេត្រូវឈាមរបស់សត្វនោះនាំយកចូលទៅក្នុងរោឧបោសថ។ ឈាមរបស់សត្វគឺជារូបស័ព្ទជំនួសឲ្យព្រះលោហិតរបស់ព្រះយេស៊ូវ។ ប៉ុន្តែបន្ទាប់ពីព្រះយេស៊ូវសុគតទៅ ព្រះជាម្ចាស់បានបង្កើតសេចក្ដីសញ្ញាថ្មីជាមួយមនុស្សគ្រប់គ្នាដែលទទួលយកព្រះយេស៊ូវហើយឈប់ធ្វើបាបតទៅទៀត។ នៅក្នុងសេចក្ដីសញ្ញាថ្មីនោះ បាបរបស់យើងពីអតីតកាលត្រូវធ្លាក់ទៅលើព្រះយេស៊ូវដោយជំនឿ។ ពេលនោះព្រះយេស៊ូវក៏នាំយកបាបទាំងនេះចូលទៅក្នុងរោងឧបោសថនៅឯនគរស្ថានសួគ៌។ ព្រះយេស៊ូវគឺជាសម្ដេចសង្ឃរបស់យើង។ ដូចដែលបាបធ្វើឲ្យរោងឧបោសថនៅលើផែនដីនេះកខ្វក់ជាយ៉ាងណា នោះបាបក៏ធ្វើឲ្យរោងឧបោសថនៅលើស្ថានសួគ៌កខ្វក់ជាយ៉ាងនោះដែរ។ សម្ដេចសង្ឃសម្អាតរោងឧបោសថនៅលើផែនដីឲ្យស្អាតដោយការបំបាត់បាប។ ដូចគ្នានេះដែរ ព្រះយេស៊ូវសម្អាតរោងឧបោសថនៅលើស្ថានសួគ៌ឲ្យស្អាតដោយកម្ចាត់បាបដែលបានកត់ទុកនៅក្នុងក្រាំងរបស់ទ្រង់។ ប៉ុន្តែមុននឹងព្រះយេស៊ូវអាចសម្អាតបាបនោះបាន ព្រះអង្គត្រូវតែពិនិត្យមើលក្រាំងសៀវភៅទ្រង់ជាមុនសិនដើម្បីឲ្យដឹងថាអ្នកណាជឿដល់ទ្រង់ហើយឈប់ប្រព្រឹត្តបាប។ មានតែអ្នកទាំងនេះទេដែលព្រះអង្គនឹងលុបរាល់ទោសកំហុសរបស់គេចេញ។ មានតែគេទាំងនេះទេដែលនឹងទទួលបានអំណោយទានជាព្រះលោហិតរបស់ព្រះយេស៊ូវដើម្បីសម្អាតបាបរបស់គេចេញ ហើយនិងអំណោយទានជាជីវិតអស់កល្បរបស់ព្រះយេស៊ូវ» ដកស្រង់ពីសៀវភៅ The Great Controversy, page 421, 422។
សំនួរពិភាក្សា៖
- តើសេចក្ដីពីរយ៉ាងអ្វីដែលអ្នកស្រីអែល្លិនជីវ៉ៃត៍មានប្រសាសន៍ថានឹងបង្ហាញថានរណានឹងទទួលបានអំណោយទានជាព្រះលោហិតរបស់ព្រះយេស៊ូវដើម្បីលាងសម្អាតបាបរបស់គេ? ហេតុអ្វីបានជាយើងចាំបាច់ត្រូវយល់ពីសេចក្ដីពិតនេះ?
- សូមអានគម្ពីរលេវីវិន័យ ១៦:១៥, ១៦។ តើឈាមនៅសម័យនោះមានន័យយ៉ាងដូចម្ដេច? តើឈាមមាន័យយ៉ាងដូចម្ដេចសម្រាប់យើងនាពេលសព្វថ្ងៃនេះ?