ថ្ងៃសៅរ៍ ទី២៨ កក្កដា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ២៦:៩-១១, ចោទិយកថា ២១:២៣, កិច្ចការ ៩:១-២០, កូរិនថូសទី១ ៩:១។
ខចងចាំ៖ «ចូរទៅចុះ ពីព្រោះអ្នកនោះជាប្រដាប់រើសតាំងដល់ខ្ញុំ សំរាប់នឹងប្រកាសឈ្មោះខ្ញុំ ដល់ពួកសាសន៍ដទៃ និងពួកស្តេច ហើយនិងពួកកូនចៅសាសន៍អ៊ីស្រាអែលផង» (កិច្ចការ ៩:១៥)។
រឿងមួយក្នុងចំណោមរឿងដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំគម្ពីរសញ្ញាថ្មីគឺរឿងស្តីអំពីរបៀបដែលលោកប៉ុលប្រែក្លាយជាគ្រីស្ទាន។ លោកប៉ុលពុំមែនជាសត្រូវនៃពួកជំនុំតែម្នាក់គត់ដែលបានប្រែ ក្លាយជាគ្រីស្ទាននោះទេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យរឿងរបស់លោកប៉ុលកាន់តែសំខាន់ និងអស្ចារ្យខ្លាំងនោះគឺកន្លែងជាច្រើនដែលលោកបានធ្វើដំណើរទៅផ្សព្វផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងបាដិហារ្យទាំងឡាយដែលបាន កើតឡើងនោះឯង។ លោកប៉ុលគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកតាមយាយីទៅលើពួកជំនុំដ៏ខ្លាំងក្លាបំផុត។ លោកអាចនឹងរារាំងការលូតលាស់ដល់ពួកជំនុំបានយ៉ាងច្រើន។ លោកចង់បំផ្លាញពួកជំនុំចោល និងមានមេដឹកនាំសាសន៍យូដាជួយគាំទ្រដល់លោកផងដែរ។ ប៉ុន្តែ នៅតាមផ្លូវទៅទីក្រុងដាម៉ាស ស្រាប់តែលោកប៉ុល បែរជាជ្រើសរើសទទួលយកផែនការរបស់ព្រះសំរាប់រូបលោក និងបានក្លាយទៅជាសាវ័កដ៏សំខាន់បំផុតរបស់ព្រះទៅវិញ។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំ បន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញ។ «លោកប៉ុលគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកធ្វើទុក្ខបុកម្នេញដ៏អាក្រក់បំផុតមកលើពួកជំនុំគ្រីស្ទាន។ ប៉ុន្តែ ក្រោយមក លោកប៉ុលបានក្លាយជាអ្នកការពារដល់ពួកជំនុំដ៏ខ្លាំងក្លាបំផុតម្នាក់ទៅវិញ។ លោកប៉ុលក៏បានទទួលជោគជ័យក្នុងកិច្ចការផ្សាយដំណឹងល្អទៅមនុស្សម្នាទាំងឡាយច្រើនជាងសាវ័កដទៃៗទៀតដែរ»។ (ដកស្រង់ពី Ellen G. White, Sketches from the Life of Paul, page 9, adapted)។
ការធ្លាប់ប្រឆាំងទាស់នឹងពួកជំនុំរបស់លោកប៉ុលក្នុងអតីតកាលតែងតែធ្វើឲ្យលោកមានអារម្មណ៍ថា លោកពុំសក្តិសមនឹងធ្វើកិច្ចការថ្វាយព្រះយេស៊ូវទាល់តែសោះ។ ប៉ុន្តែ ការអត់ឱនទោសពីព្រះធ្វើឲ្យលោក មានពោរពេញដោយការដឹងគុណ។ ការផ្លាស់ប្តូរចិត្តរបស់លោកប៉ុលបានធ្វើឲ្យសាសនាគ្រីស្ទានផ្លាស់ប្រែ ជារៀងរហូត។
ថ្ងៃអាទិត្យ ទី២៩ កក្កដា ឆ្នាំ២០១៨
លោកប៉ុលធ្វើទុក្ខបៀតបៀនពួកជំនុំ (កិច្ចការ ២៦:៩-១១)
លោកប៉ុលគឺជាសាសន៍យូដាម្នាក់ដែលនិយាយភាសាក្រេក។ លោកបានកើតនៅក្រុងតើសុស។ តើសុសគឺជារាជធានីនៃស្រុកគីលីគា (កិច្ចការ ២១:៣៩)។ លោកប៉ុលបានទៅសិក្សានៅទីក្រុងយេរូសាឡិមជាមួយនឹងលោកកាម៉ាលាល (កិច្ចការ ២២:៣)។ លោកកាម៉ាលាលគឺជាគ្រូដ៏ល្បីបំផុតម្នាក់ក្នុងជំនាន់នោះ។ លោកប៉ុលគឺជាអ្នកផារិស៊ីម្នាក់។ ផារិស៊ីគឺជាមេដឹកនាំសាសនាយូដាមួយក្រុម។ ពួកគេបានប្រតិបត្តិតាមក្រឹត្យវិន័យយ៉ាងម៉ត់ចត់ណាស់។ ក្នុងនាមជាអ្នកផារិស៊ី លោកប៉ុលជួនកាលបានធ្វើជ្រុលដោយសារតែលោកគិតថានោះគឺជារឿងត្រឹមត្រូវ (កាឡាទី ១:១៤)។ នោះហើយជាមូលហេតុដែលលោកមានចំណែកក្នុងការសំឡាប់លោកស្ទេផាន។ បន្ទាប់ពីការស្លាប់របស់លោកស្ទេផាន លោកប៉ុលបានក្លាយជាមេគេខាងធ្វើទុក្ខបៀតបៀនលើពួកជំនុំ។
សូមអានកិច្ចការ ២៦:៩-១១។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើង តើលោកប៉ុលពណ៌នាសកម្មភាពទាស់នឹងពួកជំនុំរបស់លោកយ៉ាងដូចម្តេចដែរ?
លោកប៉ុលមានប្រសាសន៍ក្នុងគម្ពីរកូរិនថូសទី១ ១:២៣ ថា ដំណឹងល្អអំពីព្រះយេស៊ូវធ្វើឲ្យ ពួកសាសន៍យូដា «រវាតចិត្ត»។ តើមកពីហេតុអ្វី? ពីព្រោះដំណឹងល្អពុំស្របគ្នានឹងគោលគំនិតរបស់ពួកគេស្តីអំពីព្រះអង្គសង្គ្រោះថាគួរជាអ្នកណា។ ពួកសាសន៍យូដាចង់បានស្តេចមួយអង្គដែលអាចរំដោះពួកគេឲ្យរួចពីពួកសាសន៍រ៉ូម។ សាសន៍យូដាជាច្រើនមិនអាចទទួលយករូបភាពព្រះអង្គសង្គ្រោះត្រូវសុគត នៅលើឈើឆ្កាងបានឡើយ។ ព្រះគម្ពីរបានចែងថា ជនណាដែលត្រូវគេព្យួរលើឈើឆ្កាងគឺជាមនុស្សដែលត្រូវបណ្តាសារបស់ព្រះ (ចោទិយកថា ២១:២៣)។ ហេតុនោះ ពួកសាសន៍យូដាបានគិតថា ការសុគតរបស់ព្រះយេស៊ូវគឺជាភស្តុតាងបញ្ជាក់ថាព្រះអង្គពុំមែនជាព្រះអង្គសង្គ្រោះឡើយ។
គម្ពីកិច្ចការ ៩:១, ២ បង្ហាញថា លោកសុលនៃក្រុងតើសុសគឺជាអ្នកដែលធ្វើទុក្ខបុកម្នេញមកលើពួកអ្នកជឿ។ លោកប៉ុលចង់ទៅទីក្រុងដាម៉ាស ដែលជាទីក្រុងដ៏សំខាន់មួយ ឋិតនៅប្រមាណជាជាង២២០គីឡូម៉ែត្រខាងជើងទីក្រុងយេរូសាឡិម។ មានសាសន៍យូដាជាច្រើនរស់នៅក្នុងទីក្រុងដាម៉ាស។ ពួកសាសន៍យូដាដែលរស់នៅដែនដីខាងក្រៅស្រុកយូដាក៏នៅតែបន្តទាក់ទងមកមនុស្សក្នុងក្រុងយេរូសាឡិមដែរ។ យេរូសាឡិមគឺជាមជ្ឈមណ្ឌលនៃសាសនាយូដា។ សែនហេឌ្រីនគឺជាក្រុមប្រឹក្សាសាសន៍យូដានៅក្នុងក្រុងយេរូសាឡិម។ មជ្ឈមណ្ឌលនៃទីក្រុងរបស់ពួកសាសន៍យូដាគឺជាសាលាប្រជុំ។ សាលាប្រជុំគឺជា «ព្រះវិហារ» របស់ពួកសាសន៍យូដា។ ទំនាក់ទំនងរវាងក្រុងយេរូសាឡិម និងសាលាប្រជុំទាំងឡាយកើតឡើងជាញឹកញាប់ ភាគច្រើនគឺធ្វើឡើងតាមលិខិតស្នាម។ «បេសកជន» គឺជាអ្នកដែលនាំយកលិខិតទាំងនេះទៅកាន់ទីកន្លែងណាមួយ។ ពាក្យថា បេសកជន គឺជា «មនុស្សដែលត្រូវបានគេចាត់ឲ្យទៅ»។ បេសកជន គឺជាមនុស្សដែលត្រូវជ្រើសរើសដោយក្រុមប្រឹក្សាសែនហេឌ្រីនឲ្យធ្វើកិច្ចការពិសេសណាមួយ។ លោកប៉ុលបានស្នើសូមប្រធានក្រុមប្រឹក្សាសែនហេឌ្រីនឲ្យចេញសំបុត្រដើម្បីនាំយកទៅកាន់សាលាប្រជុំនៅទីក្រុងដាម៉ាស។ ហេតុនោះ ប៉ុលគឺជាបេសកជន។ សំបុត្រទាំងនោះផ្តល់ឲ្យលោកប៉ុលមានអំណាចក្នុងការចាប់ចងគ្រីស្ទានទាំងឡាយ ហើយនាំខ្លួនពួកគេទៅកាន់ទីក្រុងយេរូសាឡិម (សូមអាន កិច្ចការ ២៦:១២)។ ក្នុងភាសាក្រេក ពាក្យថា បេសកជន មានន័យថា «សាវ័ក»។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំបន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញ។ ហេតុនោះ មុនពេលដែលលោកប៉ុលក៏បានក្លាយជាសាវ័ករបស់ព្រះយេស៊ូវ លោកគឺជាសាវ័ករបស់ក្រុមប្រឹក្សាសែនហេឌ្រីននោះឯង។
ថ្ងៃច័ន្ទ ទី៣០ កក្កដា ឆ្នាំ២០១៨
នៅតាមផ្លូវទៅទីក្រុងដាម៉ាស (កិច្ចការ ៩:៥)
សូមអានកិច្ចការ ៩:៣-៩។ តើខទាំងនេះថ្លែងប្រាប់ថាមានអ្វីកើតឡើងនៅពេលដែលលោកប៉ុលនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាស? តើបន្ទូលរបស់ព្រះយេស៊ូវទៅកាន់លោកប៉ុលនៅក្នុង កិច្ចការ ៩:៥ មានអត្ថន័យអ្វីខ្លះ (សូមអានកិច្ចការ ២៦:១៤ ផងដែរ)?
លោកប៉ុល និងមិត្តភក្តិរបស់លោកបានធ្វើដំណើរជិតដល់ទីក្រុងដាម៉ាសទៅហើយ ស្រាប់តែ មានរឿងមួយកើតឡើងដែលពួកគេពុំបានរំពឹងទុកជាមុនថានឹងកើតឡើងឡើយ។ ពួកគេបានឃើញពន្្លឺដ៏ភ្លឺរន្ទាលមួយពីលើមេឃ និងឮសូរស័ព្ទនិយាយ។ បទពិសោធន៍នេះពុំមែនជាយល់សប្តិរបស់លោកប៉ុល និងមិត្តភក្តិរបស់លោកឡើយ ប៉ុន្តែវាគឺជារឿងពិតៗដែលបានកើតឡើងចំពោះពួកគេ។ ព្រះទ្រង់ចង់ផ្តល់បទពិសោធន៍នេះដល់លោកប៉ុលតែម្នាក់ប៉ុណ្ណោះ មិនមែនសំរាប់មិត្តភក្តិរបស់លោកឡើយ។ មិត្តភក្តិរបស់ លោកបានឃើញពន្លឺ។ ប៉ុន្តែពន្លឺនោះបានធ្វើឲ្យលោកប៉ុលងងឹតភ្នែកតែម្នាក់ឯងប៉ុណ្ណោះ។ មិត្តភក្តិរបស់ លោកប៉ុលបានឮសំលេង។ ប៉ុន្តែមានតែលោកប៉ុលប៉ុណ្ណោះដែលបានយល់ពីអ្វីដែលសំលេងនោះបានថ្លែងប្រាប់។ ពន្លឺនោះគឺជាសិរីល្អមកពីព្រះយេស៊ូវ។ ព្រះយេស៊ូវបានលេចមកជួបនឹងលោកប៉ុលនៅតាមផ្លូវ (កិច្ចការ ២២:១៤)។ ក្រោយមក លោកប៉ុលបានសរសេរនៅក្នុងសំបុត្ររបស់លោកអំពីរបៀបដែលលោកបានឃើញព្រះយេស៊ូវ។ បទពិសោធន៍នេះធ្វើឲ្យលោកប៉ុលអះអាងដូចគ្នានឹងពួកសាវ័កទាំង១១នាក់របស់ព្រះយេស៊ូវដែរដែលបានថ្លែងថា ពួកគេបានឃើញព្រះយេស៊ូវមានព្រះជន្មរស់នៅក្រោយពេលដែលព្រះអង្គបានសុគតហើយ។
លោកប៉ុលបានសន្ទនាគ្នាជាមួយនឹងព្រះយេស៊ូវ។ ការសន្ទនាជាមួយនឹងព្រះយេស៊ូវនេះកាន់តែមានអានុភាពសំរាប់លោកប៉ុលជាងដែលបានឃើញពន្លឺនោះទៅទៀត។ លោកប៉ុលធ្លាប់ជឿថា ការដែលលោកតាមបៀតបៀនលើពួកអ្នកជឿលើព្រះយេស៊ូវគឺជាកិច្ចការបម្រើព្រះ។ លោកមានអារម្មណ៍ថា លោកបានយកគោលជំនឿខុសឆ្គងមកការពារសាសនាយូដា។ ប៉ុន្តែ នៅតាមផ្លូវទៅកាន់ទីក្រុង ដាម៉ាស លោកប៉ុលបានដឹងថា ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់នៅឡើយ។ លោកប៉ុលក៏ដឹងផងដែរថា កាលណាលោកបៀតបៀនពួកអ្នកដើរតាមព្រះយេស៊ូវ គឺមានន័យថាលោកបានបៀតបៀនដល់ព្រះយេស៊ូវផ្ទាល់ព្រះអង្គដែរ។
ព្រះយេស៊ូវមានបន្ទូលប្រកបដោយគតិបណ្ឌិតប្រាប់ដល់លោកប៉ុលថា៖ «ដែលធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់» (កិច្ចការ ២៦:១៤)។ ប្រាកដណាស់ លោកប៉ុលយល់អំពី ព្រះបន្ទូលប្រកបដោយគតិបណ្ឌិតនេះច្បាស់ណាស់។ បន្ទូលដ៏ប្រកបដោយប្រាជ្ញានេះដកស្រង់ចេញពីរូបស័ព្អអំពីសត្វគោដែលព្យាយាមខំប្រឹងតតាំងនឹងជន្លួញដែលកសិករប្រើសំរាប់បញ្ជាវា។ នៅពេលដែលរឿងនោះកើតឡើង សត្វគោបានត្រឹមតែឈឺខ្លួនជាងមុនទៅទៀតប៉ុណ្ណោះ។
បន្ទូលប្រកបដោយគតិបណ្ឌិតនេះក៏អាចនឹងចង្អុលទៅសមរភូមិក្នុងគំនិតរបស់លោកប៉ុលផងដែរ។ ព្រះគម្ពីរបានដាក់ឈ្មោះសមរភូមិនេះថាជាការប្រយុទ្ធប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៦:៨-១១)។ ការប្រយុទ្ធនេះបានចាប់ផ្តើមតាំងពីលោកស្ទេផានត្រូវគេសំឡាប់ម៉្លេះ។ «លោកសុលមានចំណែកយ៉ាងធំក្នុងការកាត់ទោសស្ទេផាន។ លោកប៉ុលបានជួយសំរេចចិត្តឲ្យដាក់ទោសស្ទេផានដល់ស្លាប់។ ប៉ុន្តែលោកសុលបានឃើញភស្តុតាងបញ្ជាក់ថា ព្រះទ្រង់គង់នៅជាមួយនឹងស្ទេផាន។ ភស្តុតាងនេះធ្វើឲ្យលោកកាន់តែមិនប្រាកដក្នុងចិត្តថាការបៀតបៀនមកលើពួកអ្នកដើរតាមព្រះយេស៊ូវគឺជារឿងត្រឹមត្រូវឬអត់នោះ។ ចិត្តគំនិតរបស់លោកសុលចាប់ផ្តើមច្របូកច្របល់យ៉ាងខ្លាំង។ អារម្មណ៍របស់លោក ក៏លែងនឹងន។ ហេតុនោះ លោកបានទៅជួបពិភាក្សាយោបល់ពីមនុស្សដែលមានប្រាជ្ញា និងគំនិតល្អៗ។ ទីបំផុត មេដឹកនាំសាសនានិងអ្នកគ្រប់គ្រងទាំងនេះក៏បានពង្វក់លោកសុលថា ស្ទេផានបានពោលពាក្យ ទាស់នឹងព្រះ និងថាព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះក្លែងក្លាយ»។ ដកស្រង់ពី (Elleng G. White, The Acts of the Apostles, page 112, 113, adapted)។
ថ្ងៃអង្គារ ទី៣១ កក្កដា ឆ្នាំ២០១៨
ការសួរសុខទុក្ខរបស់លោកអាន្ន៉ានាស (កាឡាទី ១:១, ១១, ១២)
នៅពេលដែលលោកសុលដឹងថា លោកកំពុងតែសន្ទនាជាមួយនឹងព្រះយេស៊ូវដោយផ្ទាល់ លោកក៏បានទូលសួរនូវសំណួួរដែលព្រះយេស៊ូវត្រូវការឲ្យលោកសួរ៖ «ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច?» (កិច្ចការ ២២:១០)។ សំណួររបស់លោកសុលបង្ហាញប្រាប់យើងអំពីអ្វីដែលមាននៅក្នុងចិត្តរបស់លោក។ លោកមានការសោកស្តាយដែលបានប្រយុទ្ធប្រឆាំងនឹងព្រះយេស៊ូវ។ សំខាន់ជាងនេះទៀតនោះ សំណួររបស់លោកបង្ហាញប្រាប់ថា លោកកំពុងតែបើកចិត្តទទួលព្រះយេស៊ូវឲ្យចូលមកដឹកនាំជីវិតរបស់លោកចាប់ពីពេលនេះតទៅ។ ព្រះយេស៊ូវបានប្រាប់លោកសុលឲ្យធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស ហើយរង់ចាំនៅទីនោះរហូតទាល់តែមានគេប្រាប់លោកឲ្យធ្វើអ្វីបន្តទៀត។
ព្រះគម្ពីរបានបង្ហាញប្រាប់យើងនៅក្នុងកិច្ចការ ៩:១០-១៩ អំពីរបៀបដែលព្រះអម្ចាស់ធ្វើឲ្យលោកសុលពីក្រុងតើសុសត្រៀមខ្លួនជាស្រេចសំរាប់ជីវិតថ្មីជាសាវ័កប៉ុលវិញ។ សាវ័កគឺជាមេដឹកនាំ និងគ្រូបង្រៀនដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំនៅក្នុងសម័យកាលគម្ពីរសញ្ញាថ្មី។ ហេតុនោះ តើព្រះយេស៊ូវទ្រង់បានធ្វើអ្វីខ្លះដើម្បីឲ្យលោកសុលត្រៀមខ្លួនឲ្យហើយ? ដំបូង ព្រះយេស៊ូវបានប្រទានការជាក់ស្តែងដល់លោកអាន៉្នានាស។ ក្នុងការជាក់ស្តែងនោះ ព្រះយេស៊ូវបានប្រាប់លោកអាន្ន៉ានាសឲ្យទៅសួរសុខទុក្ខលោកសុល និងដាក់ដៃលើលោកដើម្បីលោកបានភ្លឺភ្នែកឡើងវិញ។ លោកអាន៉្នានាសស្គាល់លោកសុលថាជាអ្នកណារួចទៅហើយ។ លោកអាន៉្ននាសក៏ដឹងផងដែរថា មានអ្នកជឿលើព្រះយេស៊ូវជាច្រើនរងការបៀតបៀន និងត្រូវស្លាប់ដោយសារលោកសុល។ លោកអាន្ន៉ានាសក៏ដឹងអំពីមូលហេតុដែលលោកសុលធ្វើដំណើរមកកាន់ទីក្រុងដាម៉ាសនេះដែរ។ ហេតុនោះ យើងយល់បានយ៉ាងស្រួលអំពីមូលហេតុដែលលោកអាន៉្នានាសពិតជាមិនចង់ទៅជួបលោកសុលនោះ។
ប៉ុន្តែ អ្វីដែលលោកអាន្ន៉ានាសពុំបានដឹងនោះគឺត្រង់ថា លោកសុលបានជួបព្រះយេស៊ូវដោយផ្ទាល់រួចហើយ ដែលបានផ្លាស់ប្តូរជីវិតរបស់លោកជារៀងរហូត។ លោកអាន៉្នានាសពុំបានដឹងឡើយថា លោកសុលលែងធ្វើការឲ្យមេដឹកនាំសាសន៍យូដាទៀតហើយ។ លោកអាន្ន៉ានាសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានដឹងថា ព្រះយេស៊ូវបានសូមឲ្យលោកសុលធ្វើការសំរាប់ព្រះអង្គវិញ។ ព្រះយេស៊ូវបានជ្រើសរើសលោកធ្វើជាមនុស្សដែលផ្សាយដំណឹងល្អទៅដល់ទាំងសាសន៍យូដា និងសាសន៍ដទៃនៅគ្រប់ទីកន្លែង។
សូមអានកាឡាទី ១:១, ១១, ១២។ តើលោកប៉ុលមានប្រសាសន៍អ្វីខ្លះអំពីកិច្ចការរបស់លោកក្នុងនាមជាសាវ័ក?
ក្នុងគម្ពីរកាឡាទី លោកប៉ុលមានប្រសាសន៍ថាពុំមានមនុស្សណាមួយបានផ្តល់សារ ឬក៏បានតែងតាំងលោកឲ្យធ្វើជាសាវ័កឡើយ។ ប៉ុន្តែគឺព្រះយេស៊ូវអង្គទ្រង់ផ្ទាល់ដែលបានផ្តល់សារដល់រូបលោក។ នៅពេលដែលលោកអាន៉្នានាសបានមកសួរសុខទុក្ខលោកសុល លោកអាន្ន៉ានាសមានប្រសាសន៍ម្តងទៀតអំពីអ្វីដែលព្រះយេស៊ូវបានប្រាប់លោកប៉ុលរួចហើយអំពីកិច្ចការដែលព្រះអម្ចាស់ប្រទានដល់លោកប៉ុលឲ្យធ្វើជាសាវ័ក។ ការផ្លាស់ប្តូរក្នុងជីវិតរបស់លោកប៉ុលគឺជាការអស្ចារ្យខ្លាំងណាស់ ដែលមានតែព្រះជាម្ចាស់ប៉ុណ្ណោះទើបអាចផ្លាស់ប្តូរចិត្តរបស់លោកបាន។ មានតែព្រះចេស្តារបស់ព្រះប៉ុណ្ណោះទើបអាចពន្យល់ពីមូលហេតុដែលធ្វើឲ្យមនុស្សដែលប្រយុទ្ធប្រឆាំងនឹងព្រះយេស៊ូវបំផុតប្រែក្លាយមកជាសាវ័កដែលមានសេចក្តីស្រឡាញ់បំផុតរបស់ព្រះអង្គ។
យើងបានឃើញចិត្តរបស់លោកសុលផ្លាស់ប្តូរ។ តើការផ្លាស់ប្តូរចិត្តរបស់លោកប៉ុលបានផ្តល់ក្តីសង្ឃឹមដល់លោកអ្នកយ៉ាងដូចម្តេចដែរសំរាប់មនុស្សដែលលោកអ្នកអធិដ្ឋានឲ្យ ដែលពួកគេហាក់ដូចជាពុំមានចំណាប់អារម្មណ៍ក្នុងការបម្រើព្រះទាល់តែសោះនោះ?
ថ្ងៃពុធ ទី១ សីហា ឆ្នាំ២០១៨
លោកប៉ុលចាប់ផ្តើមធ្វើកិច្ចការសំរាប់ព្រះជាម្ចាស់ (កិច្ចការ ៩:២០-២៥)
ខគម្ពីរកិច្ចការ ៩:១៩-២៥ បានផ្តល់តម្រុយថា លោកប៉ុលអាចនឹងស្នាក់នៅក្នុងទីក្រុងដាម៉ាសមួយរយៈមុនពេលត្រឡប់ទៅក្រុងយេរូសាឡិមវិញ (កិច្ចការ ៩:២៦)។ ប៉ុន្តែ នៅក្នុងកាឡាទី ១:១៧ លោកប៉ុលបន្ថែមថា មុនពេលលោកធ្វើដំណើរទៅក្រុងយេរូសាឡិម លោកបានធ្វើដំណើរទៅស្រុកអារ៉ាប់។ នៅទីនោះ លោកបានរស់នៅម្នាក់ឯងអស់មួយរយៈកាល។ «នៅទីនេះ លោកប៉ុលរស់នៅតែម្នាក់ឯង ក្នុងវាលរហោឋាន។ លោកមានពេលច្រើនដើម្បីគិតពិចារណាអំពីព្រះ និងសិក្សាបន្ថែម»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 125, adapted ។
សូមអានខគម្ពីរកិច្ចការ ៩:២០-២៥។ តើលោកលូកាប្រាប់យើងអ្វីខ្លះអំពីកិច្ចការរបស់លោកប៉ុលសំរាប់ព្រះក្នុងទីក្រុងដាម៉ាស? តើលោកប៉ុលមានបទពិសោធន៍ជោគជ័យអ្វីខ្លះ?
លោកប៉ុលធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាសក្នុងគោលបំណងចាប់ខ្លួនពួកគ្រីស្ទានដែលលាក់ខ្លួននៅក្នុងទីក្រុង ក្នុងសាលាប្រជំុំ (កិច្ចការ ៩:២)។ សាលាប្រជុំគឺជា «ព្រះវិហារ» ឬ កន្លែងសំរាប់ថ្វាយបង្គំរបស់ពួកសាសន៍យូដា។ ប៉ុន្តែ ឥឡូវនេះហេតុផលសំរាប់ការធ្វើដំណើរនេះត្រូវបានផ្លាស់ប្តូរអស់ហើយ។ លោកបានធ្វើដំណើរទៅកាន់សាលាប្រជុំ ប៉ុន្តែពុំមែនទៅចាប់ខ្លួនពួកអ្នកដើរតាមព្រះយេស៊ូវឡើយ។ ឥឡូវនេះលោកប៉ុលទៅកាន់សាលាប្រជុំគឺដើម្បីជួយពួកសាសន៍យូដាដទៃទៀតឲ្យទទួលជឿព្រះទៅវិញ។ ចូរសាកគិតអំពីអ្វីដែលបណ្តាជនបានគិតពេលដែលពួកគេបានឃើញ និងឮប៉ុលទៅមើល៍! គឺបុរសដដែលនេះហើយដែលបានចាប់ខ្លួនគ្រីស្ទាន និងសំឡាប់ពួកគេនោះ។ ឥឡូវនេះ លោកកំពុងតែផ្សាយប្រាប់អំពីព្រះយេស៊ូវទៅវិញ! តើពួកអ្នកជឿទាំងនេះគួរមានប្រតិកម្មអ្វីខ្លះ? ពួកគេមានការភ្ញាក់ផ្អើល និងអស្ចារ្យក្នុងចិត្តអំពីរឿងរបស់លោកសុលនៃក្រុងតើសុស និងការផ្លាស់ប្តូរចិត្តរបស់លោកខ្លាំងណាស់។ លោកលូកាប្រាប់យើងថា «ពួកសាសន៍យូដាដែលរស់នៅទីក្រុងដាម៉ាសងឿងឆ្ងល់នឹងសេចក្តីអធិប្បាយរបស់លោកប៉ុល» (កិច្ចការ ៩:២២, បកប្រែថ្មីពី NLV)។ ច្បាស់ណាស់ ពុំមាននរណាម្នាក់ក្នុងពួកជំនុំមានយោបល់ណាមួយអំពីថាតើលោកប៉ុលនឹងមានអំណាចខ្លាំងប៉ុនណាក្នុងការដឹកនាំមនុស្សដទៃៗទៀតឲ្យមកទទួលជឿព្រះយេស៊ូវនាពេលអនាគតនោះឡើយ។
អ្នកដែលជំទាស់នឹងលោកប៉ុលមិនអាចប្រកែកនឹងសាររបស់លោកបានឡើយ។ ហេតុនោះ ពួកអ្នកដែលប្រឆាំងនឹងលោកខ្លះក៏បានសំរេចចិត្តថានឹងសំឡាប់លោកប៉ុលចោល។ លោកប៉ុលបានសរសេរអំពីផែនការរបស់ពួកគេក្នុងការប៉ុនប៉ងយកជីវិតរបស់លោក (កូរិនថូសទី២ ១១:៣២, ៣៣)។ រឿងរបស់លោកប៉ុលដែលបានកើតឡើងបង្ហាញប្រាប់យើងថា ពួកអ្នកប្រឆាំងនឹងលោកប៉ុលបានទៅជួបនឹងអ្នកគ្រប់គ្រងនៅថ្នាក់មូលដ្ឋានដើម្បីសូមឲ្យពួកគេគាំទ្រផែនការរបស់ខ្លួនដើម្បីសំឡាប់លោកប៉ុល។ ប៉ុន្តែ ពួកសិស្សរបស់ព្រះយេស៊ូវបានជួយលោកប៉ុលឲ្យគេចចេញពីទីក្រុងក្នុងកន្ត្រកមួយ។
លោកប៉ុលដឹងខ្លួនតាំងពីដើមទីមកថា លោកនឹងត្រូវរងការលំបាក និងការជំទាស់ប្រឆាំងជាច្រើន ពីសត្រូវរបស់លោក (កិច្ចការ ៩:១៦)។ ប៉ុន្តែ គ្មានអ្វីអាចរារាំងសេចក្តីជំនឿរបស់លោក ឬបំណងរបស់លោកមិនឲ្យបំពេញតាមតួនាទីរបស់លោកបានឡើយ។
លោកប៉ុលរងការលំបាកដោយសារការបៀតបៀនជាច្រើនក្នុងជីវិតថ្មីរបស់លោកជាមួយនឹងព្រះយេស៊ូវ (កូរិនថូសទី២ ៤:៨, ៩)។ ប៉ុន្តែ លោកពុំបានចុះចាញ់ឡើយ។ តើយើងអាចរៀនយក សេចក្តីជំនឿរបស់យើងធ្វើតាមដូចគ្នានេះដោយរបៀបណា? តើយើងអាចរៀនរក្សាការដើរទៅមុខក្នុងពេល ដែលយើងមានអារម្មណ៍ថាចង់ចុះចាញ់ដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី២ សីហា ឆ្នាំ២០១៨
លោកប៉ុលបានត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ (កិច្ចការ ៩:២៦-៣០)
លោកប៉ុលបានត្រឡប់ទៅកាន់ទីក្រុងយេរូសាឡិមវិញបន្ទាប់ពីលោកបានគេចខ្លួនចេញពីទីក្រុងដាម៉ាស។ ដំណើរត្រឡប់មកវិញនេះជាលើកទីមួយហើយចាប់តាំងពីលោកបានធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស។ លោកប៉ុលបានក្លាយជាគ្រីស្ទានអស់រយៈពេលបីឆ្នាំទើបត្រឡប់ចូលទីក្រុងយេរូសាឡិមវិញ (កាឡាទី ១:១៨)។ ដំណើរទស្សនកិច្ចរបស់លោកប៉ុលទៅកាន់ទីក្រុងនេះមិនមែនជារឿងងាយស្រួលឡើយ។ មានបញ្ហាជាច្រើនកំពុងរង់ចាំលោកប៉ុលទាំងក្នុង និងទាំងក្រៅពួកជំនុំ។
សូមអានកិច្ចការ ៩:២៦-៣០។ តើខទាំងនេះប្រាប់យើងថាមានអ្វីកើតឡើងដល់លោកប៉ុលពេលដែលលោកមកដល់ទីក្រុងយេរូសាឡិម?
នៅក្នុងក្រុងយេរូសាឡិម លោកប៉ុលបានព្យាយាមចូលរួមជាមួយនឹងពួកសាវ័ក។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំរបស់ព្រះអង្គ។ មកទល់នឹងឥឡូវនេះលោកប៉ុលបានក្លាយខ្លួនជាគ្រីស្ទានអស់រយៈកាលបីឆ្នាំហើយ។ ប៉ុន្តែដំណឹងស្តីអំពីការក្លាយមកជាគ្រីស្ទានរបស់លោកប៉ុលហាក់ដូចជាអស្ចារ្យខ្លាំងណាស់ ដែលមានតែពួកសាវ័កបីបួននាក់ប៉ុណ្ណោះជឿរឿងនោះ។ ពួកសាវ័កគិតថា លោកប៉ុលក្លាយខ្លួនជាគ្រីស្ទានដើម្បីឲ្យពួកគ្រីស្ទានជឿទុកចិត្តដល់លោកដើម្បីឲ្យលោកអាចរាយការណ៍ប្រាប់ឈ្មោះរបស់ពួកគេដល់ពួកសាសន៍យូដា។ ប៉ុន្តែលោកបាណាបាសបាន ជួយពួកសាវ័កឲ្យទទួលស្គាល់លោកប៉ុល។ លោកបាណាបាសឋិតក្នុងអំបូរលេវីមកពីស្រុកគីប្រុស (កិច្ចការ ៤:៣៦, ៣៧)។ លោកបានណែនាំឲ្យពួកសាវ័កបានស្គាល់លោកប៉ុល។ បន្ទាប់មកទើបពួកសាវ័កជឿថា លោកប៉ុលគឺជាគ្រីស្ទានពិតប្រាកដមែន។ ពួកសាវ័កក៏ការមានអស្ចារ្យក្នុងចិត្តខ្លាំងណាស់ដែរដោយសារតែរបៀបដែលព្រះទ្រង់បានផ្លាស់ប្តូរលោកប៉ុល។
ជាការគួរសោកស្តាយ លោកប៉ុលជួបតែមនុស្សនៅក្នុងពួកជំនុំដែលមិនជឿទុកចិត្តលោក ពីព្រោះតែលោកធ្លាប់បានធ្វើបាបពួកអ្នកជឿក្នុងអតីតកាលនោះឯង។ ពួកអ្នកជឿខ្លះពុំបានជឿលើសារដែលលោកប៉ុលអធិប្បាយឡើយ។ លោកប់ុលអធិប្បាយថា ព្រះយេស៊ូវបានសង្គ្រោះយើងរាល់គ្នាពីអំពើបាប។ ប៉ុន្តែ មានសាសន៍យូដាជាច្រើន រាប់ទាំងពួកសាវ័កផង មានការយឺតយ៉ាវនឹងយល់ថា ផែនការការថ្វាយបង្គំរបស់សាសន៍យូដាពីបូរាណនោះដល់ទីបញ្ចប់ហើយនៅពេលដែលព្រះយេស៊ូវសុគតនៅលើឈើឆ្កាងនោះ។ ប្រហែលជាដោយសារមូលហេតុនោះហើយទើបធ្វើឲ្យលោកមានមិត្តភក្តិជិតដិតបំផុតក្នុងពួកជំនុំសុទ្ធតែជាពួកអ្នកជឿដែលនិយាយភាសាក្រេក៖ លោកបាណាបាស លោកភីលីព ម្នាក់ក្នុងចំណោមមេដឹកនាំទាំងប្រាំពីរនាក់ (កិច្ចការ ២១:៨) និង ម៉្នាសុន (កិច្ចការ ២១:១៦)។
លោកប៉ុលបានស្នាក់នៅទីក្រុងយេរូសាឡិមអស់រយៈពេល១៥ថ្ងៃ (កាឡាទី ១:១៨)។ ក្នុងកំឡុងពេលនោះ លោកប៉ុលបានសំរេចចិត្តចែកចាយដំណឹងល្អអំពីព្រះយេស៊ូវជាមួយនឹងពួកសាសន៍យូដាដែលបានប្រឆាំងនឹងស្ទេផាន។ ប៉ុន្តែពួកសាសន៍យូដាទាំងនេះគេបានបដិសេធមិនទទួលយកសាររបស់លោកប៉ុលឡើយ ហើយថែមទាំងចង់ប៉ុនប៉ងយកជីវិតលោកទៀត។ ក្រោយមក ព្រះយេស៊ូវបានយាងមកឯលោកប៉ុលតាមការជាក់ស្តែង។ ព្រះយេស៊ូវបានប្រាប់លោកប៉ុលឲ្យចាកចេញពីក្រុងយេរូសាឡិមដើម្បីសុវត្ថិភាពផ្ទាល់របស់លោក (កិច្ចការ ២២:១៧-២១)។ គ្រីស្ទានជាច្រើននៅក្នុងក្រុងយេរូសាឡិមបានជួយលោកប៉ុលឲ្យធ្វើដំណើរទៅកាន់ទីក្រុងសេសារា។ តពីនោះ លោកប៉ុលបានចេញដំណើរទៅកាន់ភូមិកំណើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ លោកបានស្នាក់នៅគីលីគាអស់ជាច្រើនឆ្នាំមុនពេលចាប់ផ្តើមចេញដំណើរជាច្រើនដងដើម្បីទៅផ្សាយដំណឹងល្អ។
ថ្ងៃសុក្រ ទី៣ សីហា ឆ្នាំ២០១៨
សិក្សាបន្ថែម
«ពេលដែលមេទ័ពត្រូវគេសំឡាប់នៅក្នុងសង្គ្រាម ធ្វើឲ្យកងទ័ពបាត់បង់មេដឹកនាំ របស់ខ្លួន។ ប៉ុន្តែសេចក្តីស្លាប់របស់មេទ័ពក៏ពុំបានធ្វើឲ្យពួកសត្រូវកាន់តែរឹងមាំនោះដែរ។ ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនបើមេទ័ពទៅចូលរួមកំឡាំងនឹងខាងសត្រូវក្នុងសង្គ្រាមវិញនោះ? រឿងទីមួយដែលនឹងកើតឡើងនោះគឺ អតីតកងទ័ពរបស់គាត់នឹងត្រូវបាត់បង់យុទ្ធសាស្ត្ររបស់គាត់។ រឿងទីពីរនោះគឺ កងទ័ពម្ខាងទៀតដែលគាត់ទើបនឹងចូលរួមនឹងទទួលបានគំនិតប្រាជ្ញា និងកំឡាំងបន្ថែមទៀត។ ព្រះអម្ចាស់អាចនឹងសំឡាប់លោកសុលនៃទីក្រុងតើសុសបានយ៉ាងស្រួលកាលដែលគាត់នៅតាមផ្លូវទៅទីក្រុងដាម៉ាស។ នោះនឹងធ្វើឲ្យក្រុមសាសន៍យូដាដែលធ្វើបាបពួកជំនុំនឹងបាត់បង់ឥទ្ធិពលយ៉ាងច្រើនមិនខាន។ ប៉ុន្តែ ព្រះទ្រង់តាមព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រះអង្គបានទុកឲ្យលោកសុលនៅរស់។ បន្ទាប់មកព្រះទ្រង់បានផ្លាស់ប្តូរជីវិតរបស់លោកសុល។ តាមមធ្យោបាយនេះ ធ្វើឲ្យព្រះអង្គបានចាប់យកជើងឯកពូកែខាងច្បាំងឲ្យបែរមកច្បាំងថ្វាយព្រះយេស៊ូវវិញ»។ (ដកស្រង់ពី Ellen G. White. The Acts of the Apostles, page 124, adapted)។
សំនួរពិភាក្សា៖
- ចូរគិតថែមទៀតអំពីសំណួររបស់ព្រះយេស៊ូវទៅកាន់លោកប៉ុលនៅតាមផ្លូវទៅទីក្រុងដាម៉ាស។ «ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ?» (កិច្ចការ ៩:៤)។ សំរាប់លោកប៉ុល សំណួរនេះសឲ្យឃើញថា ព្រះយេស៊ូវពីស្រុកណាសារ៉ែតមានព្រះជន្មរស់ពីសុគតវិញហើយ។ សំណួរនេះក៏មានន័យថា មានចំណងពិសេសរវាងព្រះយេស៊ូវនិងពួកជំនុំរបស់ព្រះអង្គផងដែរ (សូមអានគម្ពីរម៉ាថាយ ២៥:៣៤-៤៥ ផងដែរ)។ ព្រះយេស៊ូវមានទំនាក់ទំនងគ្នានឹងពួកជំនុំរបស់ព្រះអង្គ។ អត្ថន័យនៃសំណួររបស់ព្រះយេស៊ូវទៅកាន់លោកប៉ុលគឺច្បាស់ណាស់ថា៖ ការធ្វើអាក្រក់ណាមួយដាក់ពួកជំនុំ គឺជាការធ្វើបាបទាស់នឹងព្រះ យេស៊ូវអង្គទ្រង់ផ្ទាល់ដែរ។ តើសេចក្តីពិតនោះមានអត្ថន័យអ្វីខ្លះដល់យើងនៅសម័យសព្វថ្ងៃនេះ?
- ការធ្វើបន្ទាល់ថ្វាយព្រះយេស៊ូវមានន័យថា យើងត្រូវតែរងការលំបាកដើម្បីព្រះយេស៊ូវ។ ពាក្យក្រេកដែលបកប្រែពាក្យ «ស្មរបន្ទាល់» មានន័យថា «វីរជននៃសេចក្តីជំនឿ»។ វីរជននេះគឺជាមនុស្ស ដែលហ៊ានទ្រាំទ្រនឹងការលំបាក និងសុខចិត្តពលីជីវិតក្នុងបុព្វហេតុនៃសេចក្តីជំនឿរបស់ខ្លួន។ តើការរងទុក្ខលំបាកដើម្បីព្រះយេស៊ូវមានន័យអ្វីខ្លះសំរាប់លោកអ្នក?
- ពាក្យទំនឹមទំនៀមពីបូរាណជាភាសាឡាតាំងមួយលើកឡើងថា “Credo ut intelligam” មានន័យថា «ទាល់តែខ្ញុំជឿទើបខ្ញុំអាចយល់បាន»។ តើគោលគំនិតនេះជួយយើងឲ្យយល់ពីអ្វីដែលបានកើតឡើង ដល់លោកសុលនៃក្រុងតើសុស យ៉ាងដូចម្តេចខ្លះ? មុនពេលលោកប៉ុលក្លាយជាអ្នកជឿលើព្រះយេស៊ូវ លោកបុំលពុំទាន់យល់ពីសេចក្តីពិតអំពីព្រះយេស៊ូវឡើយ។ ប៉ុន្តែ លោកមានបទពិសោធន៍ជាមួយព្រះយេស៊ូវនៅតាមផ្លូវទៅទីក្រុងដាម៉ាស។ បន្ទាប់មកលោកប៉ុលក៏បានយល់ថា ព្រះយេស៊ូវជាអ្នកណាពិតប្រាកដ។ តើយើងអាចរៀនមេរៀនអ្វីខ្លះពីរឿងនេះដើម្បីជួយយើងនៅពេលដែលយើងមិនសប្បាយចិត្ត នឹងមនុស្សខ្លះដែលមិនជឿលើការពិតក្នុងព្រះគម្ពីរដែលយើងយល់ច្បាស់ទៅហើយនោះ?