មេរៀនទី៥៖ ២៧ តុលា-២ វិច្ឆិកា ២០១៨

គំរូនៃការព្រមព្រៀងគ្នានៅក្នុងពួកជំនុំគម្ពីរសញ្ញាថ្មី

Jeans
ថ្ងៃសៅរ៍ ទី២៧​ តុលា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១:១២‑១៤, កិច្ចការ ២:៥-១៣, កិច្ចការ ២:៤២-៤៧, កិច្ចការ​ ៤:៣២-៣៧, កូរិនថូសទី២ ៩:៨‑១៥។

ខចងចាំ៖ «គ្រប់​គ្នា​កើត​មាន​ចិត្ត​កោត‌ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សំគាល់​ជា​ច្រើន​កើត​មក ដោយ‌សារ​​ពួក​សាវក​ដែរ» (កិច្ចការ​ ២:៤៣)។

សេចក្តីសុខសាន្ត កើតឡើងបាននៅពេលណាដែលសមាជិកពួកជំនុំស្គាល់ព្រះយេស៊ូវ។ ព្រះ យេស៊ូវ គឺជាសេចក្តីពិត (យ៉ូហាន ១៤:៦)។ កាលណាសមាជិកពួកជំនុំស្គាល់ព្រះយេស៊ូវ នោះពួកគេនឹងបង្កជាមិត្តភាពដ៏រឹងមាំរវាងគ្នានិងគ្នាផងដែរ។ រឿងនោះគឺបានកើតឡើងក្នុងពួកអាត់វេនទីស្ទដំបូងៗយ៉ាងពិតប្រាកដ។ បទពិសោធន៍របស់ពួកគេក្នុងព្រះយេស៊ូវបានបង្រួបបង្រួមចិត្តថ្លើមរបស់ពួកគេឲ្យរួមមកតែមួយ។ មិត្តភាពរបស់ពួកគេបានជួយពួកគេឲ្យឈររឹងមាំក្នុងព្រះអម្ចាស់ពេលដែលពួកគេព្យាយាមស្វែងយល់អំពីមូលហេតុដែលព្រះយេស៊ូវពុំបានយាងមកវិញក្នុងឆ្នាំ១៨៤៤។ បទពិសោធន៍នោះហើយដែលចាប់ផ្តើមឲ្យមានពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទ។ វាក៏បានជួយពួកអាត់វេនទីស្ទឲ្យដឹងថា មុនពេលដែលព្រះយេស៊ូវ យាងមកវិញ ព្រះអង្គនឹងជំនុំជំរះមនុស្សគ្រប់គ្នាដែលបានរស់នៅលើផែនដីនេះជាមុនសិន។

បន្ទាប់ពីព្រះយេស៊ូវយាងឡើងទៅឋានសួគ៌ ពួកអ្នកដើរតាមព្រះអង្គបានអធិដ្ឋាន និងសិក្សា ព្រះគម្ពីរជាមួយគ្នា។​ បទពិសោធន៍របស់ពួកគេបង្ហាញយើងរាល់គ្នាអំពីព្រះចេស្តារបស់ព្រះក្នុងជីវិតរបស់ពួកគេ។ បទពិសោធន៍របស់ពួកគេក៏បានដឹកនាំឲ្យមានសេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នារវាងមនុស្សទាំងឡាយដែលមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំងផងដែរ។ សព្វថ្ងៃនេះ យើងក៏អាចនឹងជួបបទពិសោធន៍របៀបដូចគ្នានេះដែរ។

«ដំបូងព្រះយេស៊ូវនាំមនុស្សណាម្នាក់មកឯព្រះអង្គ។ បន្ទាប់មក ព្រះអង្គតែងតែភ្ជាប់អ្នកនោះជាមួយនឹងអ្នកជឿដទៃទៀតក្នុង ‘រូបកាយ’ របស់ព្រះអង្គ។ ‘រូបកាយ’ របស់ព្រះយេស៊ូវ គឺជារូបស័ព្ទសំរាប់ពួកជំនុំព្រះអង្គ»។ ដកស្រង់ពី Robert G. Rayburn, O Come, Let Us Worship (Grand Rapids: Baker Book House, 1980), page 91, adapted ។

ថ្ងៃអាទិត្យ ទី២៨ តុលា ឆ្នាំ២០១៨

ពួកអ្នកដើរតាមព្រះយេស៊ូវត្រៀមខ្លួនជាស្រេច

ព្រះយេស៊ូវទ្រង់បានប្រទានសេចក្តីសន្យាមួយដល់ពួកអ្នកដើរតាមព្រះអង្គមុនពេលព្រះអង្គសុគត។ ព្រះអង្គសន្យាថា ព្រះអង្គនឹងមិនចាកចេោលពួកគេឲ្យនៅតែឯងឡើយ។ ព្រះទ្រង់នឹងប្រទានឲ្យពួកគេនូវព្រះវិញ្ញាណបរិសុទ្ធ ដែលនឹងគង់ជាមួយពួកគេជាដរាប។ ព្រះវិញ្ញាណនឹងជួយពួកអ្នកដើរតាមព្រះយេស៊ូវឲ្យធ្វើកិច្ចការរបស់ព្រះអង្គ។ ព្រះវិញ្ញាណនឹងជួយពួកគេឲ្យនឹកចាំសេចក្តីជាច្រើនដែលព្រះយេស៊ូវបានមានបន្ទូល និងបានធ្វើ (យ៉ូហាន ១៤:១៦)។ ព្រះវិញ្ញាណនឹងដឹកនាំពួកសិស្សរបស់ព្រះយេស៊ូវឲ្យស្វែងរកសេចក្តីពិតបន្ថែមទៀត (យ៉ូហាន ១៦:១៣)។ មុនពេលព្រះអង្គចាកចេញពីផែនដីនេះ ព្រះយេស៊ូវបានសន្យាជាមួយនឹងពួកអ្នកដើរតាមព្រះអង្គម្តងទៀតថា ព្រះទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេ (កិច្ចការ ១:៥, ៦)។ ព្រះវិញ្ញាណនឹងជួយពួកគេឲ្យធ្វើបន្ទាល់ក្នុងក្រុងយេរូសាឡិម ស្រុកយូដា ស្រុកសាម៉ារី និងគ្រប់ទីកន្លែងផ្សេងទៀតនៅលើផែនដីនេះ (កិច្ចការ ១:៨)។

ក្នុងខគម្ពីរកិច្ចការ ១:១២‑១៤ យើងបានរៀនអំពីរឿងដែលពួកអ្នកដើរតាមព្រះយេស៊ូវបានធ្វើក្នុងរវាង១០ថ្ងៃដើម្បីត្រៀមខ្លួនជាស្រេចទទួលព្រះវិញ្ញាណបរិសុទ្ធ។ តើពួកគេបានធ្វើអ្វីខ្លះ?

«ពួកអ្នកដើរតាមព្រះយេស៊ូវបានរង់ចាំព្រះជាម្ចាស់ចាត់ព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេដូចដែលព្រះយេស៊ូវបានសន្យា។ ពួកគេបានសម្អាតចិត្តដែលពេញដោយសេចក្តីអំនួតរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថាមានការសោកស្តាយយ៉ាងខ្លាំងចំពោះអំពើបាបរបស់ពួកគេ។ ពួកគេបានបែរចេញពីអំពើបាបរបស់ខ្លួន។ ពួកគេបាននឹកចាំបន្ទូលរបស់ព្រះយេស៊ូវដែលបានសន្យាជាមួយពួកគេមុនពេលព្រះអង្គសុគត។ ឥឡូវនេះពួកគេបានយល់ព្រះបន្ទូលរបស់ព្រះយេស៊ូវកាន់តែច្បាស់ឡើង។ ពួកគេចាប់ផ្តើមនឹកចាំសេចក្តីពិតដែលពួកគេបានភ្លេច។ ពួកគេបានចែកចាយសេចក្តីពិតទាំងនេះដល់គ្នាទៅវិញទៅមក។ ម្នាក់ៗបាន បន្ទោសខ្លួនឯងដែលយល់មិនដល់ព្រះយេស៊ូវ។ ពួកគេគិតអំពីភាពស្អាតស្អំ និងភាពបរិសុទ្ធក្នុងព្រះជន្មរបស់ព្រះយេស៊ូវ។ ពួកគេមានអារម្មណ៍ថា អ្វីៗដែលព្រះទ្រង់បានស្នើសូមឲ្យពួកគេធ្វើ ឬបោះបង់ចោល នោះមិនច្រើនពេក ឬពិបាកនោះទេ។ ពួកគេមានចិត្តឆេះឆួលព្រមទទួលការលំបាកគ្រប់បែបយ៉ាងនាពេលខាងមុខពីព្រោះជីវិតរបស់ពួកគេបង្ហាញប្រាប់ទៅមនុស្សទាំងឡាយថា ព្រះយេស៊ូវគឺជាព្រះដ៏ល្អក្រៃលែង។ ឱ ប្រសិនបើពួកគេអាចរស់នៅជាមួយព្រះយេស៊ូវបានជាងបីឆ្នាំម្តងទៀត មិនដឹងជាអស្ចារ្យកំរិតណាទេ! ម៉្លេះសមពួកគេនឹងអាចបង្ហាញព្រះអង្គថា ពួកគេមានសេចក្តីស្រឡាញ់ចំពោះព្រះអង្គជ្រាលជ្រៅកំរិតណា។ ពួកគេចង់បង្ហាញព្រះអង្គថា ខ្លួនមានការសោកស្តាយខ្លាំងណាស់ដែលបានធ្វើឲ្យព្រះអង្គព្រួយព្រះទ័យពីព្រោះពួកគេមិនបានបង្ហាញសេចក្តីជំនឿលើព្រះអង្គ។ ប៉ុន្តែ ពួកគេមានអារម្មណ៍ប្រសើរឡើងវិញនៅពេលដែលពួកគេនឹកចាំថា ព្រះទ្រង់បានអត់ទោសបាបដល់ពួកគេហើយ។ ឥឡូវនេះ ពួកគេសម្រេចចិត្ត ថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចដើម្បីបង្ហាញថា ពួកគេមានសេចក្តីជំនឿលើព្រះយេស៊ូវកាន់តែច្រើនឡើងហើយ។ ពួកគេនឹងមានសេចក្តីក្លាហានក្នុងការថ្លាថ្លែងសេចក្តីពិតអំពីព្រះយេស៊ូវប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះ...... ពួកអ្នកដើរតាមព្រះយេស៊ូវបានឈប់ឈ្លោះប្រកែកគ្នា។ ពួកគេលែងមានគំនិតចង់ធ្វើធំដើម្បីត្រួតត្រាលើគ្នាទៀតហើយ។ នោះហើយដែលពួកគេបានរួមចិត្តរួមថ្លើមគ្នាមកតែមួយក្នុងព្រះយេស៊ូវ»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 36, 37, adapted ។

ថ្ងៃច័ន្ទ ទី២៩ តុលា ឆ្នាំ២០១៨

ថ្ងៃដែលព្រះទ្រង់ចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គ

បន្ទាប់ពីព្រះយេស៊ូវយាងទៅឋានសួគ៌ ពួកអ្នកដើរតាមព្រះយេស៊ូវក៏បានត្រៀមខ្លួនជាស្រេចដើម្បីទទួលព្រះវិញ្ញាណបរិសុទ្ធយាងមកដែរ។ ព្រះទ្រង់ក៏បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកគេនៅថ្ងៃបុណ្យថ្ងៃទី៥០។ បុណ្យថ្ងៃទី៥០ គឺជាពិធីបុណ្យដ៏សំខាន់មួយរបស់សាសន៍យូដា។ នៅពេលដែលព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកសិស្សរបស់ព្រះយេស៊ូវ ពួកគេ «ទាំង​អស់​គ្នា នៅ​កន្លែង​តែ​១» ក្នុងអំឡុងពិធីបុណ្យថ្ងៃទី៥០ (កិច្ចការ ២:១)។

ក្នុងជំនាន់ព្រះគម្ពីរ បុណ្យថ្ងៃទី៥០ គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗចំនួនបី ដែលតម្រូវឲ្យមនុស្សប្រុសក្នុងប្រទេសអ៊ីស្រាអែលមកប្រារព្ធពិធីរួមគ្នា។ ពិធីបុណ្យនេះកើតឡើង៥០ថ្ងៃបន្ទាប់ពីពិធីបុណ្យរំលង។ ពាក្យថា បុណ្យថ្ងៃទី៥០ មកពីពាក្យក្រេក pentekoste មានន័យថា «ថ្ងៃទី៥០»។ ក្នុង​អំឡុង​ពិធីបុណ្យថ្ងៃទី៥០ ពួកសាសន៍ហេព្រើរថ្វាយដង្វាយជាផលដំបូងពីភោគផលពីស្រែចម្ការនៅរដូវក្តៅរបស់ពួកគេ។ ពួកគេថ្វាយភោគផលទាំងនេះដល់ព្រះជាកិច្ចថ្លែងអំណរព្រះគុណ និងសម្តែងចេញនូវក្តីអំណរ។

យើងគិតថា ពិធីបុណ្យថ្ងៃទី៥០ក្នុងជំនាន់ព្រះយេស៊ូវ ក៏រួមបញ្ចូលនូវការអបអរសាទរដើម្បីជួយរំឭកដល់រាស្ត្ររបស់ព្រះឲ្យនឹកចាំពីគ្រាដែលព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់លោកម៉ូសេនៅលើភ្នំស៊ីណាយផងដែរ (និក្ខមនំ ១៩:១១)។ ប្រសិនបើករណីនោះពិតមែន តើការអបអរសាទរដល់ក្រឹត្យវិន័យនោះបង្ហាញយើងនូវរឿងអ្វីខ្លះ? វាបង្ហាញប្រាប់យើងថា ក្រឹត្យវិន័យរបស់ព្រះនៅតែសំខាន់ចំពោះសាររបស់ពួកគ្រីស្ទានអំពីព្រះយេស៊ូវដដែល។ សេចក្តីសុគតរបស់ព្រះយេស៊ូវនាំមកនូវការអត់ទោសដល់មនុស្សគ្រប់គ្នាដែលមានអារម្មណ៍សោកស្តាយចំពោះការរំលងច្បាប់របស់ព្រះ។ ឥឡូវនេះយើងដឹងអំពីមូលហេតុមួយក្នុងចំណោមខគម្ពីរដ៏សំខាន់បំផុតអំពីគ្រាចុងក្រោយ ដែលប្រាប់យើងទាំងរឿងក្រឹត្យវិន័យ និងទាំងរឿងដំណឹងល្អអំពីព្រះយេស៊ូវហើយ (វិវរណៈ១៤:១២)!

ឥឡូវនេះ ចូរយើងសិក្សាឲ្យបានកាន់តែច្បាស់ឡើងថែមទៀតថាតើមានអ្វីកើតឡើងនៅពេលព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់លោកម៉ូសេនៅលើភ្នំស៊ីណាយ (និក្ខមនំ ១៩:១៦‑២៥,​ ហេព្រើរ ១២:១៨)។ ព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់លោកម៉ូសេក្នុងអំឡុងពិធីបុណ្យថ្ងៃទី៥០រាប់ពាន់ឆ្នាំមុនព្រះយេស៊ូវគង់នៅលើផែនដីនេះទៅទៀត។ បទពិសោធន៍របស់លោកម៉ូសេជួយយើងឲ្យយល់កាន់តែប្រសើរឡើងអំពីអ្វីដែលបានកើតឡើងនៅពេលដែលព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គទៅលើពួកសិស្សរបស់ព្រះយេស៊ូវក្នុងអំឡុងពិធីបុណ្យថ្ងៃទី៥០ក្នុងគម្ពីរសញ្ញាថ្មី។ លោកអ្នកអាចអានអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងថ្ងៃបុណ្យថ្ងៃទី៥០នោះក្នុងគម្ពីរកិច្ចការ ២:២‑៤។ តើលោកអ្នកឃើញ​ទេថា មានបាដិហារ្យជាច្រើនបានកើតឡើងក្នុងគម្ពីរកិច្ចការដូចគ្នានឹងបាដិហារ្យដែលកើតឡើង​ក្នុងពេលដែលព្រះទ្រង់ប្រទានក្រឹត្យវិន័យដល់លោកម៉ូសេដែរឬទេ?

ខគម្ពីរកិច្ចការ ២:៥‑១៣ បានពណ៌នាអំពីអ្វីដែលបានកើតឡើងនៅថ្ងៃបុណ្យថ្ងៃទី៥០។ តើបទពិសោធន៍ដ៏ខ្លាំងក្លានេះមានអត្ថន័យដូចម្តេចដែរ?

មនុស្សម្នាទាំងឡាយចាប់ផ្តើមមើលឃើញព្រះចេស្តារបស់ព្រះនៅពេលដែលពួកសិស្សរបស់ព្រះយេស៊ូវចាប់ផ្តើមនិយាយភាសាផ្សេងៗដែលពួកគេពុំធ្លាប់ចេះពីមុនមក។ ពួកយូដាដែលមកពីស្រុកផ្សេងៗបានឮសារអំពីព្រះយេស៊ូវជាភាសារបស់ពួកគេផ្ទាល់តែរៀងៗខ្លួន។ មើលទៅ អ្វីដែលបានកើត​ឡើង​នៅបុណ្យថ្ងៃទី៥០ ហាក់ដូចជាជួយបញ្ចប់ការញែកចេញពីគ្នាដែលបានកើតឡើងនៅឯប៉មបាបិល (លោកុប្បត្តិ ១១)។ បាដិហារ្យនេះចាប់ផ្តើមនាំគ្រួសារមនុស្សជាតិឲ្យត្រឡប់មករួមគ្នាម្តងទៀត។

ថ្ងៃអង្គារ ទី៣០​ តុលា ឆ្នាំ២០១៨

ព្រះយេស៊ូវបង្រួបបង្រួមយើងមកក្នុងគ្រួសារដ៏ធំ

ក្នុងគម្ពីរកិច្ចការ ជំពូក២ លោកពេត្រុសបានសំដែងសេចក្តីអធិប្បាយមួយបទ។ នៅពេល​លោកបញ្ចប់ លោកបានស្នើសូមឲ្យមនុស្សទាំងឡាយបែរចេញពីអំពើបាប និងទទួលយកព្រះយេស៊ូវ។ មានមនុស្សប្រហែល៣០០០​ នាក់ បានសម្រេចចិត្តទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ។ ព្រះទ្រង់បានធ្វើការក្នុងចិត្តរបស់មនុស្សទាំងនេះ។ មនុស្សជាច្រើនដែលរស់នៅដែនដីឆ្ងាយៗក៏បានឮអំពីព្រះយេស៊ូវដែរ។ ពួកគេបានធ្វើដំណើរមកកាន់ទីក្រុងយេរូសាឡិមក្នុងគោលបំណងឲ្យបានជួបព្រះអង្គ។ មនុស្សដទៃទៀតប្រហែលជាធ្លាប់ស្តាប់សាររបស់ព្រះយេស៊ូវកាលពីអតីតកាល។ ប៉ុន្តែ ពួកគេពុំទាន់បានក្លាយជាសិស្សរបស់ព្រះយេស៊ូវនៅឡើយរហូតទាល់តែដល់ថ្ងៃបុណ្យថ្ងៃទី៥០។ បុណ្យថ្ងៃទី៥០គឺជាពេលវេលាដ៏វិសេសនៅពេលដែលព្រះបានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកអ្នកដើរតាមព្រះយេស៊ូវបន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញ។ នៅថ្ងៃបុណ្យថ្ងៃទី៥០ ព្រះទ្រង់បានជួយសិស្សរបស់ ព្រះយេស៊ូវឲ្យថ្លែងប្រាប់អំពីព្រះយេស៊ូវដល់មនុស្សម្នាដទៃទៀត។ ពួកគេបានចាប់ផ្តើមប្រាប់ទៅមនុស្សគ្រប់គ្នាថា ព្រះយេស៊ូវទ្រង់មានព្រះជន្មរស់ឡើងវិញហើយ។ ពួកសិស្សរបស់ព្រះយេស៊ូវក៏បានថ្លែងប្រាប់មនុស្សគ្រប់គ្នាថា ព្រះទ្រង់នឹងអត់ទោសដល់អំពើបាបរបស់ពួកគេដោយសារតែព្រះយេស៊ូវ (កិច្ចការ ២:៣៨)។

ខគម្ពីរកិច្ចការ ២:៤២‑៤៧ បានចែងអំពីចំណុចជាច្រើនដែលពួកសិស្សរបស់ព្រះយេស៊ូវបានធ្វើរួមគ្នាក្នុងនាមជាពួកជំនុំ។ តើអ្វីទៅដែលជួយឲ្យពួកជំនុំបានរួមគ្នាមកតែមួយ និងធ្វើកិច្ចការដ៏ប្រពៃ​ទាំងនេះ?

តើអ្វីទៅដែលជាមធ្យោបាយដ៏ប្រសើរសំរាប់ជួយដល់ពួកអ្នកជឿថ្មីៗឲ្យរីកចំរើនតាមបែបអំណាចខាងព្រលឹងវិញ្ញាណ? ចម្លើយគឺការសិក្សាព្រះគម្ពីរ។ ការសិក្សាព្រះគម្ពីរគឺជារឿងដំបូងដែលពួកអ្នកជឿ​ថ្មីៗតោងធ្វើជាមុនគេបង្អស់។ ពួកគេបានរួមគ្នាមកជាក្រុមតែមួយដើម្បីរៀនសូត្រអំពីអ្វីដែលព្រះយេស៊ូវ​ទ្រង់បានបង្រៀន។ ព្រះយេស៊ូវទ្រង់បានបង្គាប់ឲ្យពួកសិស្សរបស់ព្រះអង្គបង្កបង្កើតឲ្យមានសិស្សថ្មីៗថែមទៀត ហើយត្រូវបង្រៀនសេចក្តីពិតនៃព្រះគម្ពីរដល់ពួកគេផងដែរ (ម៉ាថាយ​ ២៨:២០)។ សហគមន៍​នៃពួកអ្នកជឿថ្មីៗ បានចំណាយពេលវេលាសិក្សារៀនសូត្រអំពីព្រះយេស៊ូវពីពួកសាវ័ករបស់ព្រះអង្គ។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំរបស់ព្រះអង្គ បន្ទាប់ពីទ្រង់បានយាងឡើងទៅឋានសួគ៌។ ពួកសាវ័កបានបង្រៀនអំពីព្រះជន្ម កិច្ចការ សេចក្តីបង្រៀន រឿងប្រៀបធៀប សេចក្តីអធិប្បាយ និងបាដិហារ្យរបស់ព្រះយេស៊ូវដល់ពួកអ្នកជឿថ្មោងថ្មីទាំងឡាយ។

ពួកអ្នកជឿថ្មីៗក៏បានចំណាយពេលសំរាប់អធិដ្ឋាន និងបរិភោគជុំគ្នាផងដែរ។ សេចក្តីអធិដ្ឋានគឺជាផ្នែកដ៏សំខាន់នៃការលូតលាស់ខាងព្រលឹងវិញ្ញាណ។ តើការដែលពួកសិស្សជួបជុំបរិភោគជាមួយគ្នាគឺជាផ្នែកមួយនៃពិធីបុណ្យលៀងព្រះអម្ចាស់ឬ? ឬមួយក៏ពួកគេគ្រាន់តែបរិភោគជុំគ្នា ដូចដែលខ​គម្ពីរ​កិច្ចការ ២:៤៦​ បានចែង? ព្រះគម្ពីរពុំបានប្រាប់យើងឲ្យច្បាស់អំពីរឿងនេះទេ។ ប៉ុន្តែ អ្វីដែលពួកអ្នក ជឿថ្មីៗបានធ្វើ គឺបានបង្ហាញប្រាប់យើងនូវសេចក្តីពិតដ៏សំខាន់មួយ។ ពួកគេបានចំណាយពេលជាមួយគ្នានៅឯព្រះវិហារ និងនៅតាមផ្ទះរបស់ពួកគេ។ ពួកគេមានភាពជិតស្និទ្ធនឹងគ្នាខ្លាំងណាស់។ ពួកគេ​រស់​នៅ​ជុំគ្នា។ ពួកគេថ្វាយបង្គំព្រះជាមួយគ្នាគ្រប់ពេលវេលា។

តើគំរូរបស់ពួកអ្នកជឿថ្មីៗនេះ អាចបង្រៀនអ្វីខ្លះ ដល់ពួកជំនុំមូលដ្ឋានរបស់លោកអ្នកអំពីការ ត្រូវរ៉ូវគ្នា មិត្តភាព និងការធ្វើបន្ទាល់?

ថ្ងៃពុធ ទី៣១ តុលា ឆ្នាំ២០១៨

​ចិត្តសទ្ធា និងចិត្តអាត្មានិយម

នៅក្នុងគម្ពីរកិច្ចការ អ្នកនិពន្ធលូកាបានប្រាប់យើងអំពីរឿងដ៏ប្រពៃមួយចំនួនដែលបានកើតឡើងដោយសារតែមិត្តភាពដ៏ជិតស្និទ្ធក្នុងពួកជំនុំ។ លោកលូកាមានប្រសាសន៍ថា ពួកអ្នកជឿថ្មីៗបានចែករំលែកអ្វីៗដែលពួកគេមានដល់គ្នាទៅវិញទៅមក (កិច្ចការ ២:៤៤, ៤៥)។

ពួកអ្នកជឿថ្មីៗបានធ្វើរឿងទាំងនេះមិនមែនដោយសារមានការបង្ខិតបង្ខំនោះឡើយ។ ពួកគេបានចែករំលែកដល់គ្នាទៅវិញទៅមកដោយសារតែពួកគេស្រឡាញ់គ្នា និងមានមិត្តភាពជិតស្និទ្ធនឹងគ្នា។ ការចេះចែករំលែករបស់ពួកគេបានបង្ហាញដល់យើងថា ពួកគេស្គាល់ព្រះយេស៊ូវ។ ពួកអ្នកជឿថ្មីៗបានឧបត្ថម្ភដល់គ្នាទៅវិញទៅមកតាមរបៀបនេះអស់មួយរយៈកាល។ លោកលូកាបានប្រាប់យើងថែមទៀតនៅក្នុងជំពូក៤ និង៥។ ព្រះគម្ពីរក៏បានផ្តល់គំរូនៃការចែករំលែកផ្សេងទៀតដល់យើង ដូចដែលយើងនឹងឃើញបន្តមកទៀតក្នុងរឿងរបស់លោកបាណាបាស។

លោកបាណាបាសទំនងជាអ្នកមានដែលមានដីធ្លី។ លោកបានលក់ដីដើម្បីជួយដល់សហគមន៍គ្រីស្ទាន។ បន្ទាប់មកលោកបាននាំយកប្រាក់នោះមកប្រគល់ជូនមេដឹកនាំពួកជំនុំ (កិច្ចការ ៤:៣៦, ៣៧)។ លោកបាណាបាសគឺជាគំរូមួយសំរាប់ពួកគ្រីស្ទានឲ្យអនុុវត្តតាម។

សូមអានរឿងអំពីលោកបាណាបាសក្នុងកិច្ចការ ៤:៣២‑៣៧។ ឥឡូវនេះសូមអានរឿង​របស់​អាន្ន៉ានាស និងសាភីរ៉ា​ ក្នុងកិច្ចការ ៥:១‑១១ វិញម្តង។ ហេតុអ្វីបានជាអាន្ន៉ានាស និងសាភីរ៉ាប្រព្រឹត្តបែបយ៉ាងដូច្នោះទៅវិញ?

អាន្ន៉ានាស និងសាភីរ៉ា បានកុហកដល់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏មានចិត្តលោភផង​ដែរ។ លោភមានន័យថា ចង់បានលើសពីសេចក្តីត្រូវការ ឬចង់បានអ្វីមួយដែលមិនមែនជារបស់ផងខ្លួន។ អាន្ន៉ានាស និងសាភីរ៉ាមានចិត្តលើសពីលោភទៅទៀត គឺពួកគេមានចិត្តលោភលន់នោះឯង។ លោភលន់​មានន័យថា មានបំណងចិត្តអាត្មានិយមចង់បានប្រាក់ច្រើន និងចង់បានរបស់ល្អៗ។ ប្រហែលជា​ ភាព​អាត្មានិយម និងចិត្តលោភលន់អាចបំផ្លាញមិត្តភាពគ្រីស្ទានបានលឿនជាងអំពើបាបណាៗទាំងអស់។ ប៉ុន្តែ លោកបាណាបាសគឺជាគំរូមនុស្សដែលពុំមានចិត្តអាត្មានិយមក្នុងពួកជំនុំ និងមានមិត្តភាពរឹងមាំជាមួយនឹងគ្រីស្ទានដទៃៗទៀត។ អាន្ន៉ានាស និងសាភីរ៉ាគឺផ្ទុយគ្នាស្រឡះពីលោកបាណាបាស។

បញ្ញត្តិទីដប់ក្នុងក្រឹត្យវិន័យរបស់ព្រះបានចែងអំពីការលោភនេះ។ វាគឺជាអំពើបាបដែលលាក់ខ្លួនក្នុងចិត្តមនុស្ស (និក្ខមនំ ២០:១‑១៧)។ អំពើបាបនៃសេចក្តីលោភពុំមែនចាប់ផ្តើមចេញពីសកម្មភាពទេ។ នៅពេលដែលយើងមានសេចក្តីលោភ វាចាប់ផ្តើមពីចិត្តគំនិតរបស់យើង។ ចិត្តអាត្មានិយមគឺត្រូវបានស្តែងចេញជាសកម្មភាព។ គំនិតអាត្មានិយមបានបណ្តាលឲ្យអាន្ន៉ានាស និងសាភីរ៉ាកុហកដល់ព្រះ។

តើយើងអាចជៀសវាងសេចក្តីលោភ ឬសេចក្តីលោភលន់នេះដោយរបៀបណា? តើការដែលយើងចេះអរគុណដល់ព្រះសំរាប់អំណោយទានរបស់ព្រះអង្គអាចជួយយើងមិនឲ្យមានចិត្តអាត្មានិយមដោយរបៀបណាដែរ? ហេតុអ្វីបានជាចិត្តដែលដឹងគុណដល់ព្រះនេះអាចជា «ឱសថ» ដ៏ពូកែ សំរាប់ ព្យាបាលអំពើបាបដ៏អាក្រក់នេះទៅវិញ?

ថ្ងៃព្រហស្បតិ៍ ទី១ វិច្ឆិកា ឆ្នាំ២០១៨

ចូរនឹកចាំដល់មនុស្សក្រីក្រ

ពួកអ្នកជឿថ្មីៗបានចែករំលែកអ្វីៗដែលពួកគេមានដល់គ្នាទៅវិញទៅមក។ វិញ្ញាណប្រកបដោយក្តីស្រឡាញ់របស់ពួកគេបានបង្ហាញឲ្យឃើញនូវការព្រមព្រៀងគ្នា និងសេចក្តីសុខសាន្តដែលពួកគេមានក្នុងពួកជំនុំគម្ពីរសញ្ញាថ្មី។​ ប៉ុន្តែការចែករំលែកដែលត្រូវបានកត់ត្រាទុកក្នុងជំពូកទីមួយនៃគម្ពីរកិច្ចការនេះមិនមែនចប់នៅត្រឹមប៉ុណ្ណឹងទេ។ ក្រោយមក លោកប៉ុលបានអញ្ជើញពួកជំនុំផ្សេងទៀតដែលលោកបានចាប់ផ្តើមនៅស្រុកម៉ាសេដូន និងស្រុកអាខៃ ឲ្យប្រមូលប្រាក់ជួយដល់មនុស្សក្រីក្រនៅក្រុងយេរូសាឡិម (សូមអាន កិច្ចការ ១១:២៧‑៣០, កាឡាទី ២:១០, រ៉ូម ១៥:២៦, និង កូរិនថូសទី១ ១៦:១‑៤)។

សមាជិកភាគច្រើននៃពួកជំនុំទាំងនោះពុំមែនជាសាសន៍យូដាឡើយ។ អំណោយជាប្រាក់របស់ពួកគេ បង្ហាញយើងអំពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ពួកគេចំពោះបងប្អូនប្រុសស្រីសាសន៍យូដារបស់ពួកគេមានច្រើនកំរិតណា។ មែនហើយ ពួកអ្នកជឿសាសន៍យូដា និងសាសន៍ដទៃមានភាពខុសប្លែកពីគ្នាច្រើនអន្លើណាស់។ ពួកគេមានរបៀបរបបរស់នៅដោយឡែកពីគ្នា និងចេញពីក្រុមអំបូរ​មនុស្ស និងស្រុកផ្សេងគ្នា។ ប៉ុន្តែ បើទោះជាយ៉ាងដូច្នោះក៏ដោយ ពួកគេទាំងអស់គ្នាបានរួបរួមគ្នាមកជា «រូបកាយ» តែមួយ នៃពួកអ្នកជឿក្នុងអង្គព្រះយេស៊ូវ។ ពួកគេទាំងអស់ស្រឡាញ់ និងជឿលើសារតែមួយ គឺដំណឹង​ល្អ​អំពីព្រះយេស៊ូវ។​ នៅពេលដែលពួកជំនុំសាសន៍ដទៃបានចែករំលែកដល់សមាជិកក្រីក្រនៃសាសន៍យូដាក្នុងក្រុងយេរូសាឡិម ពួកគេបានបង្ហាញឲ្យឃើញនូវការរួបរួមគ្នា។ ការរួបរួមគ្នាគឺជាការព្រមព្រៀង​គ្នា​ទាំងចិត្ត ទាំងគំនិត និងទាំងជំនឿលើអង្គព្រះយេស៊ូវ

ក្នុងខគម្ពីរកូរិនថូសទី២ ៩:៨‑១៥ លោកប៉ុលបានប្រាប់យើងថា ពួកជំនុំនៅកូរិនថូសមានចិត្តសទ្ធាល្អណាស់។ តើលោកប៉ុលមានប្រសាសន៍ថា នឹងមានអ្វីល្អកើតឡើងពីចិត្តដែលមិនអាត្មានិយមរបស់ពួកគេ?

ការរួបរួមគ្នាដែលពួកជំនុំមាននៅជំនាន់លោកប៉ុលបង្ហាញប្រាប់យើងថា យើងក៏អាចធ្វើកើតដែរនៅសម័យសព្វថ្ងៃនេះ។ ប៉ុន្តែ ការរួបរួមគ្នាពុំមែនចេះតែកើតឡើងឯកឯងនោះឡើយ។ ពួកអ្នកជឿទាំងអស់ត្រូវតែមានឆន្ទៈក្នុងការជួយគ្នាជារៀងរាល់ថ្ងៃ។​

តើមានចំណុចខាងព្រលឹងវិញ្ញាណអ្វីខ្លះក្នុងពួកជំនុំគម្ពីរសញ្ញាថ្មីដែលបានធ្វើឲ្យការរួបរួមគ្នាកើតមានឡើងទៅបាន? ចម្លើយគឺ ការអធិដ្ឋាន ការថ្វាយបង្គំព្រះ មិត្តភាពគ្រីស្ទាន ផែនការឬគោលបំណង តែមួយ និងការសិក្សាព្រះគម្ពីរ។ ពួកអ្នកជឿថ្មីៗក៏យល់ឃើញថា ពួកគេមានទំនួលខុសត្រូវក្នុងការស្រឡាញ់ និងថែរក្សាគ្នាទៅវិញទៅមកផងដែរ។ ការព្រមព្រៀងគ្នារបស់ពួកគេលើចំណុចទាំងនេះជួយឲ្យពួកគេ ចេះថែរក្សាសមាជិកក្នុងពួកជំនុំរបស់ពួកគេផ្ទាល់ និងឆ្លើយតបសេចក្តីត្រូវការរបស់ពួកជំនុំដែលនៅទីឆ្ងាយៗផងដែរ។

«វិញ្ញាណនៃការបរិច្ចាគក្នុងពួកជំនុំគម្ពីរសញ្ញាថ្មីបង្ហាញប្រាប់ថា ព្រះទ្រង់បានប្រទានព្រះគុណដល់ពួកគេ និងថាពួកគេបានអំណោយទានរបស់ព្រះយកមកប្រើប្រាស់ក្នុងផ្លូវដែលត្រឹមត្រូវ។ តើអ្វីទៅដែលបានបណ្តាលឲ្យពួកជំនុំចេះចែករំលែក និងបរិច្ចាគយ៉ាងច្រើនបែបនេះ? គឺព្រះវិញ្ញាណបរិសុទ្ធនោះហើយដែលបានបណ្តាលចិត្តរបស់ពួកគេឲ្យបរិសុទ្ធ និងមានក្តីស្រឡាញ់។ ទាំងពួកអ្នកជឿ និងទាំងពួកអ្នកដែលមិនទាន់ជឿសុទ្ធតែបានឃើញអាកប្បកិរិយាដ៏ប្រកបដោយក្តីស្រឡាញ់នៃពួកជំនុំគម្ពីរសញ្ញាថ្មី។​​ អាកប្បកិរិយានៃពួកអ្នកជឿថ្មីៗទាំងនោះគឺជាបាដិហារ្យមកពីព្រះដែលដក់ជាប់ក្នុងក្រសែភ្នែករបស់មនុស្សគ្រប់ៗគ្នា»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 344, adapted ។

ថ្ងៃសុក្រ ទី២ វិច្ឆិកា ឆ្នាំ២០១៨

សិក្សាបន្ថែម

សូមអានពីប្រភពឯកសារទាំងនេះ Ellen G. White, “Pentecost,” pages 35-46, in The Acts of the Apostles.

«តើអ្វីដែលជាហេតុផលក្នុងការបរិច្ចាគ និងចែករំលែកដែលពួកអ្នកជឿថ្មីៗបានធ្វើ (ក្នុងគម្ពីរ កិច្ចការ ២:៤៤, ៤៥ និង កិច្ចការ ៤:៣២‑៣៥)? គឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកបណ្តាលឡើង។ ព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណរបស់ព្រះអង្គមកលើពួកអ្នកដើរតាមព្រះយេស៊ូវ។ បន្ទាប់មកទៀត ពួកអ្នកជឿថ្មីៗដែលទទួលជឿដំណឹងល្អបានរួបរួមគ្នាជាចិត្តគំនិតតែមួយ។ ពួកគេមានផែនការដូចគ្នា។ ពួកគេចង់ឲ្យកិច្ចការដែលព្រះទ្រង់បានប្រទានដល់ពួកគេបានទទួលជោគជ័យ។ ភាពអាត្មានិយមពុំមានកន្លែងក្នុង ជីវិតរបស់ពួកគេឡើយ។ សេចក្តីស្រឡាញ់របស់ពួកគេដល់បងប្អូនប្រុសស្រីក្នុងព្រះយេស៊ូវ និងកិច្ចការរបស់ពួកគេសំរាប់ព្រះជាម្ចាស់គឺសំខាន់ជាងការស្រឡាញ់ប្រាក់ និងទ្រព្យសម្បត្តិនៅលើផែនដីនេះរបស់ពួកគេទៅទៀត។ កិច្ចការរបស់ពួកគេបង្ហាញថា ពួកគេគិតថា ព្រលឹងមនុស្សមានតម្លៃថ្លៃជាងទ្រព្យសម្បត្តិ ទៅទៀត។

«រឿងដដែលនេះនឹងកើតឡើងនៅពេលណាព្រះវិញ្ញាណនៃព្រះគង់នៅជាមួយនឹងជីវិតមនុស្សលោកនាសម័យសព្វថ្ងៃនេះ។ មនុស្សដែលមានចិត្តពោរពេញដោយសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនឹងធ្វើតាមគំរូរបស់ព្រះអង្គ។ ព្រះយេស៊ូវបានត្រឡប់ជាក្រីក្រដោយសារយើងរាល់គ្នា។ ព្រះយេស៊ូវបានប្រទានភោគសម្បត្តិរបស់ព្រះអង្គដល់យើង។ ប្រាក់កាស ពេលវេលា និងអំណាចក្នុងការផ្លាស់ប្តូរជីវិត របស់មនុស្សសុទ្ធសឹងជាអំណោយទានដែលព្រះទ្រង់ប្រទានដល់យើង។ ប៉ុន្តែ អំណោយទានទាំងនេះមានតម្លៃពិតប្រាកដនៅពេលណាយើងប្រើប្រាស់វាដើម្បីចែកចាយដំណឹងល្អអំពីព្រះយេស៊ូវដល់អ្នកដទៃតែប៉ុណ្ណោះ។ ពួកជំនុំគម្ពីរសញ្ញាថ្មីបង្ហាញយើងពីសេចក្តីពិតនេះ។ សព្វថ្ងៃនេះ ពួកអ្នកជឿទាំងឡាយក៏អាចបង្ហាញទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះថា ព្រះចេស្តារបស់ព្រះវិញ្ញាណនៅតែជួយពួកគេឲ្យអាចផ្លាស់ប្តូរបានដដែល។ ពួកគេអាចបង្ហាញថា ព្រះចេស្តារបស់ព្រះវិញ្ញាណជួយពួកគេឲ្យឈប់ស្រឡាញ់របស់ទ្រព្យនៅលើផែនដីនេះ។​ ពួកអ្នកជឿក៏អាចលះបង់ទ្រព្យសម្បត្តិដើម្បីជួយដល់មនុស្សដទៃទៀតឲ្យបានស្តាប់ដំណឹងល្អផងដែរ។ នៅពេលណាមនុស្សដទៃទៀតមើលឃើញទង្វើទាំងនេះការផ្លាស់ប្តូរនឹងកើតឡើងក្នុងជីវិតរបស់ពួកគេមិនខាន។ សេចក្តីពិតដែលយើងចែករំលែកនឹងមានអំណាចចំពោះការផ្លាស់ប្តូរជីវិតរបស់មនុស្សគ្រប់ៗគ្នាដែលបានឮសេចក្តីពិតទាំងនេះ»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, pages 70, 71, adapted ។

សំនួរពិភាក្សា៖
  1. តើមានមូលហេតុអ្វីខ្លះដើម្បីឲ្យមានការព្រមព្រៀងគ្នា ដែលពួកអ្នកជឿលើព្រះយេស៊ូវថ្មីៗ បានឆ្លង​កាត់​ កន្លងមក? ក្នុងនាមយើងជាពួកជំនុំនៅទូទាំងពិភពលោកសព្វថ្ងៃនេះ តើយើងអាចមានបទពិសោធន៍ ដូចគ្នាដោយរបៀបណា? តើយើងត្រូវការអ្វីខ្លះនាពេលឥឡូវនេះដើម្បីឲ្យបានដូចពួកអ្នកដើរតាមព្រះយេស៊ូវកាលពីគ្រាដំបូងៗ?

  2. ពួកជំនុំគម្ពីរសញ្ញាថ្មីបានប្រមូលប្រាក់ដង្វាយដើម្បីជួយមនុស្សក្រីក្រីនៅក្នុងពួកជំនុំយេរូសាឡិម។ តើរឿងនេះបង្ហាញយើងពីអ្វីខ្លះដែលយើងគួរធ្វើនៅសម័យសព្វថ្ងៃនេះ? តើពួកជំនុំមូលដ្ឋានអាចធ្វើអ្វីខ្លះ ក្នុងសហគមន៍របស់ពួកគេដើម្បីជួយដល់មនុស្សក្រីក្រ និងមនុស្សដទៃទៀតដែលកំពុងខ្វះខាត?
Powered by CAM