ថ្ងៃសៅរ៍ ទី៥ ឧសភា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសំរាប់មេរៀនប្រចាំសប្តាហ៍នេះ៖ រ៉ូម ៨:១, រ៉ូម ៧:១៥-២៥, រ៉ូម ៧:១-១៤ យ៉ូហាន ២០:១៩-២៣, កិច្ចការ ២០:៦, ៧, ដានីយ៉ែល ៧:២៣-២៥។
ខចងចាំ៖ «ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប» (ដានីយ៉ែល៧:២៥)។
ថ្ងៃសប្បាតហ៍ និងក្រឹត្យវិន័យរបស់ព្រះគឺជាផ្នែកដ៏សំខាន់ក្នុងថ្ងៃចុងក្រោយ។ ប៉ុន្តែ យើងតោងតែយល់ឲ្យច្បាស់អំពីរឿងទាំងនេះជាមុនសិន។ យើងជឿថា យើងបានសង្គ្រោះដោយសារសេចក្តីជំនឿតែម្យ៉ាងប៉ុណ្ណោះ។ ដូច្នេះ យើងដឹងថាការស្តាប់តាមក្រឹត្យវិន័យ និងការរក្សាថ្ងៃសប្បាតហ៍ឲ្យបានបរិសុទ្ធនឹងមិនសង្គ្រោះយើងឡើយ មែនទេ? ស្របពេលជាមួយគ្នានេះដែរ យើងក៏ដឹងផងដែរថា នៅថ្ងៃចុងក្រោយការស្តាប់តាមក្រឹត្យវិន័យរបស់ព្រះគឺជាការសាកល្បងមួយ។ នៅពេលណាដែលយើងលើកតំកើងថ្ងៃសប្បាតហ៍ មានន័យថា យើងបង្ហាញឲ្យគ្រប់គ្នានៅលើផែនដីនេះដឹងថា យើងស្មោះត្រង់នឹងព្រះជាម្ចាស់។ ដូច្នេះហើយបានជាថ្ងៃសប្បាតហ៍មានសារៈសំខាន់យ៉ាងខ្លាំង។
មិនយូរទេ គ្រប់គ្នានៅលើផែនដីនេះនឹងដឹងថា នរណាខ្លះគឺជាអ្នកជឿលើព្រះពិតប្រាកដនោះ។ ភ័យវិបត្តិដែលត្រូវបានព្រមានប្រាប់នៅក្នុងវិវរណៈជំពូក១៣ និង១៤ នឹងកើតឡើងឆាប់ៗនេះហើយ។ នៅគ្រានោះ ក្រុមអ្នកដឹកនាំខាងសាសនា និងក្រុមអ្នកដឹកនាំខាងរដ្ឋាភិបាលនឹងរួបរួមគ្នាជាក្រុមដ៏ខ្លាំងក្លាធំមួយ។ ពួកគេនឹងប្រើអំណាចរបស់ខ្លួនដើម្បីបង្ខិតបង្ខំមនុស្សគ្រប់រូបនៅលើផែនដីនេះឲ្យថ្វាយបង្គំព្រះក្លែងក្លាយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្គាប់ឲ្យរាស្ត្ររបស់ព្រះអង្គថ្វាយបង្គំអង្គទ្រង់វិញ (វិវរណៈ១៤:៧)។ ព្រះទ្រង់បានបង្កើតយើងរាល់គ្នាមក ម៉្លោះហើយបានជាព្រះអង្គសព្វព្រះទ័យឲ្យយើងរាល់គ្នាថ្វាយបង្គំតែព្រះអង្គប៉ុណ្ណោះ។
សប្តាហ៍នេះ យើងនឹងសិក្សាអំពីក្រឹត្យវិន័យរបស់ព្រះ។ យើងនឹងក្រឡេកមើលថ្ងៃសប្បាតហ៍ និងអំណាចខាងសាសនាដែលបានព្យាយាមផ្លាស់ប្តូរច្បាប់ថ្ងៃសប្បាតហ៍។ យើងនឹងសិក្សាផងដែរថាតើការ «ផ្លាស់ប្តូរ» នេះមានន័យយ៉ាងដូចម្តេចសំរាប់យើងរាល់គ្នានៅសម័យថ្ងៃចុងក្រោយនៃប្រវត្តិសាស្ត្រផែនដីនេះ។
ថ្ងៃអាទិត្យ ទី៦ ឧសភា ឆ្នាំ២០១៨
សេចក្តីសន្យា
យើងរកឃើញសេចក្តីសន្យាដ៏វិសេសបំផុតមួយសំរាប់យើងរាល់គ្នានៅក្នុងគម្ពីររ៉ូម៨:១ ដែលបានចែងយ៉ាងដូច្នេះថា «ហេតុនោះ នៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ»។ ពាក្យថា «ហេតុនោះ» ប្រាប់យើងថា សេចក្តីសន្យានេះគឺជាចម្លើយទៅនឹងសំណួរដែលលោកប៉ុលបានលើកឡើងនៅចុងជំពូក៧ (សូមអានខ២៤)។ រឿងនេះមានន័យថា យើងត្រូវតែសិក្សាខដែលនៅចុងជំពូកទី៧នេះជាមុនសិន។ បន្ទាប់មក យើងនឹងយល់សេចក្តីសន្យារបស់ព្រះជាម្ចាស់ក្នុងខទី១នៃជំពូកទី៨នេះកាន់តែប្រសើរឡើង។
សូមអានរ៉ូម៧:១៥-២៥។ តើលោកប៉ុលកំពុងមានប្រសាសន៍ប្រាប់យើងក្នុងខទាំងនេះរឿងអ្វីខ្លះ? ហេតុដូចម្ដេចបានជាសារនៅក្នុងខទាំងនេះធ្វើឲ្យសេចក្តីពិតដែលមាននៅក្នុងខគម្ពីររ៉ូម៨:១នេះក្លាយជាទីកំសាន្តចិត្តជាខ្លាំង?
តើលោកប៉ុលពិតជាចង់និយាយអំពីខ្លួនឯងនៅក្នុងខទាំងនេះមែនទេ? អ្នកជំនាញខាងព្រះគម្ពីរបានជជែកវែកញែកដើម្បីរកចម្លើយទៅនឹងសំណួរនេះអស់រយៈកាលរាប់រយឆ្នាំហើយ។ ប៉ុន្តែ មានចំណុចមួយច្បាស់គឺ៖ លោកប៉ុលកំពុងមានប្រសាសន៍ថា អំពើបាបគឺមានពិតប្រាកដមែន។ មនុស្សលោកគ្រប់គ្នា (រាប់ទាំងគ្រីស្ទានផង) សុទ្ធតែអាចយល់អំពីការតយុទ្ធដែលលោកប៉ុលកំពុងមានប្រសាសន៍នៅទីនេះ។ តើមាននរណាខ្លះដែលមិនដឹងថា ក្នុងចិត្តរបស់ខ្លួនចេះតែចង់ធ្វើខុសនោះ? តើមាននរណាខ្លះដែលមិនបានប្រព្រឹត្តអំពើបាបនោះ? យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តបាប! យើងក៏ដឹងផងដែរអំពីអារម្មណ៍ដែលមិនចង់ធ្វើតាមអ្វីដែលយើងគួរតែធ្វើនោះ។ សំរាប់លោកប៉ុល ក្រឹត្យវិន័យពុំមែនជាហេតុផលធ្វើឲ្យយើងធ្វើបាបនោះទេ។ លោកបានមានប្រសាសន៍ថា យើងធ្វើបាបគឺដោយសារតែភាពកម្សោយខាងសាច់ឈាមជាមនុស្សរបស់យើងនេះឯង។
តើលោកអ្នកមិនឃើញទេឬថា ខ្លួនលោកអ្នកផ្ទាល់ក៏ចង់ធ្វើអ្វីដែលត្រឹមត្រូវដែរ ប៉ុន្តែបែរជាធ្វើនូវរឿងដែលមិនត្រឹមត្រូវទៅវិញ។ ពិតណាស់ លោកអ្នកបានធ្វើយ៉ាងដូច្នោះមែន។ ឃើញទេ យើងទាំងអស់គ្នាសុទ្ធបានធ្វើបាប។ លោកប៉ុលមិនមែនចង់ប្រាប់យើងថា យើងត្រូវតែផ្តេកផ្តួលទៅក្នុងអំពើបាបក្រោយពេលដែលយើងកើតជាថ្មីក្លាយជាអ្នកជឿលើព្រះយេស៊ូវហើយនោះទេ។ ប៉ុន្តែ ច្បាស់ណាស់លោកប៉ុលកំពុងមានប្រសាសន៍អំពីសង្គ្រាមដ៏គ្មានទីបញ្ចប់ ដែលអ្នកជឿដ៏ស្មោះត្រង់របស់ព្រះត្រូវតែខំប្រឹងតយុទ្ធ។
បន្ទាប់មកទៀត លោកប៉ុលបានមានប្រសាសន៍ជាពាក្យពេចន៍ទាំងនេះថា៖ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម៧:២៤)។ ចម្លើយទៅនឹងសំណួររបស់លោកប៉ុលគឺមាននៅក្នុងព្រះយេស៊ូវ។ ចម្លើយនេះក៏អាចរកឃើញនៅក្នុងសេចក្តីសន្យាដ៏អស្ចារ្យនេះដែរ៖ «អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ» (រ៉ូម៨:១)។ ពួកអ្នកជឿទាំងនេះឥឡូវនេះរស់នៅជាជីវិតថ្មីដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែ ពួកគេត្រូវតែប្រយុទ្ធប្រឆាំងនឹងអំពើបាប។ មែនហើយ អំពើបាបគឺមានពិតប្រាកដណាស់។ ប៉ុន្តែ ដោយសារសេចក្តីជំនឿដែលមានក្នុងព្រះយេស៊ូវ ពួកអ្នកជឿទាំងឡាយគ្មានទោសដោយសារក្រឹត្យវិន័យទៀតឡើយ។ ពួកគេគោរពតាមក្រឹត្យវិន័យ។ ព្រះវិញ្ញាណបរិសុទ្ធជួយពួកគេឲ្យរស់នៅក្នុងជីវិតថ្មី។ ពួកគេមិនរស់នៅក្នុងអំពើបាបទៀតឡើយ។
ហេតុអ្វីបានជាខគម្ពីររ៉ូម៨:១ គឺជាសេចក្តីសន្យាដ៏អស្ចារ្យយ៉ាងនេះ?
ថ្ងៃច័ន្ទ ទី៧ ឧសភា ឆ្នាំ២០១៨
ក្រឹត្យវិន័យ និងអំពើបាប
ក្នុងការសិក្សាកាលពីម្សិលមិញ យើងបានក្រឡេកមើលនៅក្នុងរ៉ូម៧:១៥-២៥។ ខទាំងនេះប្រាប់ថា អំពើបាបគឺមានពិតប្រាកដណាស់សំរាប់មនុស្សគ្រប់រូប រួមទាំងគ្រីស្ទានផង។ ប៉ុន្តែមុនខទាំងនេះបន្តិច លោកប៉ុលបានលើកឡើងអំពីក្រឹត្យវិន័យ។ ក្រឹត្យវិន័យបង្ហាញប្រាប់យើងថា បញ្ហានៃអំពើបាបគឺមានគ្រប់ទីកន្លែងទាំងអស់។ ក្រឹត្យវិន័យក៏បង្ហាញយើងផងដែរថា អំពើបាបនាំមកនូវសេចក្តីស្លាប់។
សូមអានរ៉ូម៧:១-១៤។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីទំនាក់ទំនងរវាងក្រឹត្យវិន័យនិងអំពើបាប? តើខទាំងនេះប្រាប់អ្វីខ្លះទៀតដល់យើងអំពីរបៀបដែលយើងមិនអាចបានសង្គ្រោះដោយសារក្រឹត្យវិន័យ?
លោកប៉ុលបង្រៀនគោលគំនិតដ៏សំខាន់ចំនួនពីរក្នុងខទាំងនេះ។ ទីមួយ លោកប៉ុលបង្ហាញយើងថាក្រឹត្យ វិន័យមិនមែនជាបញ្ហាទេ។ និយាយរួម ក្រឹត្យវិន័យគឺ «បរិសុទ្ធ សុចរិត និងល្អដែរ» (រ៉ូម៧:១២)។ បញ្ហាគឺជាអំពើបាប។ អំពើបាបនាំមកនូវសេចក្តីស្លាប់។ ទីពីរ លោកប៉ុលមានប្រសាសន៍ថា ក្រឹត្យវិន័យគ្មានអំណាចសង្គ្រោះយើងឲ្យរួចពីបាបនិងសេចក្តីស្លាប់បានឡើយ។ ក្រឹត្យវិន័យចង្អុលប្រាប់យើងយ៉ាងច្បាស់អំពីបញ្ហានៃអំពើបាបនិងសេចក្តីស្លាប់។ ក្រឹត្យវិន័យចង្អុលប្រាប់ថា យើងត្រូវការសេចក្តីសង្គ្រោះ។ ប៉ុន្តែក្រឹត្យវិន័យពុំបានផ្តល់អ្វីដល់យើង ដើម្បីដោះស្រាយបញ្ហានៃអំពើបាបនេះឡើយ។
មានតែមនុស្សខ្លះដែលពុំបានអានខគម្ពីររ៉ូម៧:១-១៤ដោយប្រុងប្រយ័ត្នប៉ុណ្ណោះដែលនិយាយថា ព្រះបានលុបបញ្ញត្តិ១០ប្រការចោលហើយនោះ។ ប្រសិនបើយើងគ្មានត្រូវគោរពតាមក្រឹត្យវិន័យតទៅទៀតទេ នោះអ្វីដែលលោកប៉ុលកំពុងមានប្រសាសន៍គ្មានន័យអ្វីទាំងអស់។ រួមសេចក្តីមក ក្រឹត្យវិន័យនេះហើយដែលជាអ្នកបង្ហាញប្រាប់យើងថា អំពើបាបគឺមានពិតប្រាកដមែន។ ក្រឹត្យវិន័យបង្ហាញយើងថា យើងត្រូវការដំណឹងល្អស្តីអំពីព្រះយេស៊ូវផងដែរ។ នោះហើយជាមូលហេតុដែលលោកប៉ុលមានប្រសាសន៍ថា៖ «ដូច្នេះ យើងនឹងថាដូចម្តេច តើក្រឹត្យវិន័យជាតួបាបឬអី ទេ មិនមែនឡើយ ខ្ញុំមិនបានទាំងស្គាល់បាបផង លើកតែដោយសារក្រឹត្យវិន័យចេញ ដ្បិតបើសិនជាក្រឹត្យវិន័យមិនបានថា ‘កុំឲ្យលោភ’ នោះខ្ញុំឥតបានដឹងថា មានសេចក្តីលោភផងឡើយ» (រ៉ូម៧:៧)។
សូមអានរ៉ូម៧:១៣ ដោយប្រុងប្រយ័ត្ន។ តើលោកប៉ុលកំពុងមានប្រសាសន៍អំពីអ្វីខ្លះទាក់ទិននឹងរឿងក្រឹត្យ វិន័យនៅក្នុងខនេះ ហើយហេតុអ្វីបានជាយើងនៅតែត្រូវការក្រឹត្យវិន័យសូម្បីតែឥឡូវនេះក្តី?
ក្រឹត្យវិន័យពុំបាននាំមកនូវសេចក្តីស្លាប់ឡើយ។ ប៉ុន្តែអំពើបាបវិញទេ។ ក្រឹត្យវិន័យបង្ហាញថា តើអំពើបាបនោះវាគ្រោះថ្នាក់ខ្លាំងប៉ុនណា។ ក្រឹត្យវិន័យល្អទេ។ វាចង្អុលប្រាប់ថាមានអំពើបាប។ វាមិនអាចដោះស្រាយបញ្ហាបាបហ្នឹងបានទេ។ មានតែដំណឹងល្អប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាហ្នឹងបាន។ នោះហើយបានជាលោកប៉ុលមានប្រសាសន៍ថា «គោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ» (រ៉ូម៧:៦)។ យើងត្រូវតែនៅឲ្យជាប់ជាមួយព្រះយេស៊ូវ។ យើងត្រូវតែជឿទុកចិត្តដល់ព្រះអង្គដែលបានសង្គ្រោះយើង។
ថ្ងៃអង្គារ ទី៨ ឧសភា ឆ្នាំ២០១៨
តើព្រះទ្រង់ពិតជាបានផ្លាស់ប្តូរថ្ងៃសប្បាតហ៍ទៅថ្ងៃអាទិត្យមែនទេ?
ជាញឹកញាប់យើងតែងឮគ្រីស្ទានដទៃទៀតនិយាយថា ព្រះបានលុបក្រឹត្យវិន័យចោលអស់ហើយ។ ជួនកាលពួកគេនិយាយថា យើងមិនត្រូវការស្តាប់តាមក្រឹត្យវិន័យទៀតទេ ពីព្រោះឥឡូវនេះយើងនៅក្រោមព្រះគុណហើយ។ ព្រះគុណគឺជាអំណោយទាននៃសេចក្តីមេត្តា ការអត់ទោស និងព្រះចេស្តារបស់ព្រះទៅលើអំពើបាប។ តើគ្រីស្ទានទាំងនេះកំពុងនិយាយអំពីអ្វីឲ្យពិតប្រាកដ? តាមពិតទៅ ពួកគេចង់មានន័យថា យើងមិនចាំបាច់គោរពបញ្ញត្តិទីបួននោះទៀតទេ។ មានគ្រីស្ទានខ្លះទៀតនិយាយថា ថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរត្រូវបានប្តូរទៅជាថ្ងៃអាទិត្យហើយ។ ពួកគ្រីស្ទានទាំងនេះជឿថា ថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅជាថ្ងៃអាទិត្យពីព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃអាទិត្យ។
ពួកគ្រីស្ទានដែលនិយាយថា ថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅជាថ្ងៃអាទិត្យជឿថា ពួកគេក៏មានខព្រះគម្ពីរសំរាប់យកមកអះអាងដែរ។
យើងនឹងក្រឡេកមើលខទាំងនេះនៅក្នុងគម្ពីរសញ្ញាថ្មី។ ខណៈដែលយើងអានខទាំងនេះ យើងត្រូវសួរខ្លួនឯងពីរសំណួរ។ តើខទាំងនេះពិតជានិយាយអំពីការផ្លាស់ប្តូរថ្ងៃសប្បាតហ៍ពីថ្ងៃទីប្រាំពីរទៅថ្ងៃទីមួយមែនឬយ៉ាងណា? ឬមួយក៏ខទាំងនេះគ្រាន់តែពណ៌នាអំពីព្រឹត្តិការណ៍ផ្សេងទៀតក្នុងព្រះគម្ពីរដែលបានកើតឡើងនៅថ្ងៃអាទិត្យ?
សូមអានយ៉ូហាន២០:១៩-២៣។ ខទាំងនេះនិយាយអំពីមូលហេតុដែលពួកអ្នកជឿព្រះយេស៊ូវជួបគ្នានៅបន្ទប់ជាន់ខាងលើ។ តើខទាំងនេះប្រាប់មូលហេតុអ្វីខ្លះថា ហេតុអ្វីបានជាពួកអ្នកជឿព្រះយេស៊ូវជួបគ្នានៅទីនោះ? គ្រីស្ទានខ្លះនិយាយថា ពួកអ្នកជឿទាំងនោះបានជួបគ្នានៅបន្ទប់ជាន់ខាងលើគឺដើម្បីថ្វាយបង្គំព្រះយេស៊ូវពីព្រោះតែព្រះអង្គបានមានព្រះជន្មរស់ពីសុគតឡើងវិញ។ តើខទាំងនេះនិយាយអ្វីខ្លះអំពីរឿងនោះ?
សូមអានកិច្ចការ២០:៦, ៧។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ តើខទាំងនេះបង្ហាញថា ថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យដែលជាថ្ងៃទីមួយមែនទេ? សូមអានកិច្ចការ២:៤៦ ដើម្បីឆ្លើយទៅនឹងសំណួរនេះ។
សូមអានកូរិនថូសទី១ ១៦:១៤។ យោងតាមខទាំងនេះយើងដឹងថា ពួកអ្នកជឿព្រះយេស៊ូវបានប្រមូលប្រាក់ទៅជួយឧបត្ថម្ភដល់រាស្ត្ររបស់ព្រះដែលក្រខ្សត់នៅថ្ងៃទីមួយនៃសប្តាហ៍។ ប៉ុន្តែ ប្រសិនបើគ្មានអ្វីប្រែប្រួលទាល់តែសោះ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការផ្លាស់ប្តូរថ្ងៃសប្បាតហ៍ពីថ្ងៃសៅរ៍ទៅថ្ងៃអាទិត្យនោះ?
គ្មានខណាមួយដែលយើងបានក្រឡេកមើលនេះបង្ហាញថា ពួកអ្នកជឿបានជួបគ្នាដើម្បីថ្វាយបង្គំព្រះនៅថ្ងៃទីមួយនៃសប្តាហ៍នោះឡើយ។ ហេតុផលដែលពួកគេបានជួបជុំគ្នាគ្មានអ្វីដែលទាក់ទងនឹងការផ្លាស់ប្តូរថ្ងៃសប្បាតហ៍ឡើយ។ គ្រីស្ទានជាច្រើនដែលនិយាយថា ខទាំងនេះសបញ្ជាក់ថាថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យនោះ គឺកំពុងតែបកស្រាយខទាំងនេះខុសអំពីអត្ថន័យដើមរបស់វាហើយ។
ថ្ងៃពុធ ទី៩ ឧសភា ឆ្នាំ២០១៨
ថ្ងៃទីប្រាំពីរក្នុងគម្ពីរសញ្ញាថ្មី
ម្សិលមិញយើងបានក្រឡេកមើលខមួយចំនួនដែលគ្រីស្ទានជាច្រើនលើកយកមកគាំទ្រគោលគំនិតដែលថា ថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យ។ យើងដឹងថា ខទាំងនេះពុំបានគាំទ្រគោលគំនិតនេះទាល់តែសោះ។ ប៉ុន្តែ តើយើងបានរៀនសូត្រអ្វីខ្លះអំពីថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរនៅក្នុងគម្ពីរសញ្ញាថ្មី? រៀងរាល់ខគម្ពីរដែលនិយាយអំពីថ្ងៃសប្បាតហ៍ យើងឃើញថា រាស្ត្ររបស់ព្រះបានរក្សាថ្ងៃសប្បាតហ៍ជាបរិសុទ្ធ។
សូមអានលូកា៤:១៤-១៦ និងលូកា២៣:៥៥, ៥៦។ តើខទាំងនេះប្រាប់យើងអ្វីខ្លះអំពីថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរមុនការសុគត និងក្រោយពីការមានព្រះជន្មឡើងវិញរបស់ព្រះយេស៊ូវ?
លោកលូកាបានលើកឡើងអំពីពួកស្ត្រីដែលបានជឿព្រះយេស៊ូវ។ សូមក្រឡេកមើលអ្វីដែលលោកលូកានិយាយអំពីពួកស្ត្រីទាំងនេះបានធ្វើ។ «រួចគេវិលទៅវិញ រៀបគ្រឿងក្រអូប និងប្រេងអប់ តែគេឈប់នៅថ្ងៃឈប់សំរាក តាមបញ្ញត្តិសិន»(លូកា២៣:៥៦)។ ច្បាស់ណាស់ ខនេះនិយាយអំពីបញ្ញត្តិទីបួននៃក្រឹត្យវិន័យរបស់ព្រះដែលព្រះអង្គបានចារឹកចុះនៅលើថ្មនៅភ្នំស៊ីណាយ។ ឥឡូវនេះ ប្រសិនបើព្រះយេស៊ូវបានប្តូរថ្ងៃសប្បាតហ៍មែនយ៉ាងម៉េចវិញ? ដូច្នេះ ហេតុអ្វីបានជាស្ត្រីទាំងនេះកំពុងរក្សាថ្ងៃនេះទៅវិញ? ចម្លើយគឺច្បាស់ហើយ។ ស្ត្រីទាំងនេះ បានសំរាកនៅថ្ងៃសប្បាតហ៍ពីព្រោះព្រះយេស៊ូវទ្រង់ពុំធ្លាប់ដែលបង្រៀនពួកគេឲ្យឈប់រក្សាវានៅបន្ទាប់ពីព្រះអង្គសុគតនោះឡើយ។ ព្រះយេស៊ូវមានបន្ទូលថា «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ» (យ៉ូហាន១៤:១៥)។
សូមអានកិច្ចការ១៣:១៤, ៤២-៤៤ និងកិច្ចការ១៦:១២, ១៣។ តើមានភស្តុតាងអ្វីខ្លះដែលខទាំងនេះផ្តល់ដល់យើងសំរាប់ការរក្សាថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរឲ្យបរិសុទ្ធនោះ? តើមានភស្តុតាងអ្វីខ្លះដែលខទាំងនេះផ្តល់ដល់យើងសំរាប់ការរក្សាថ្ងៃអាទិត្យនោះ?
យើងរកពុំឃើញមានភស្តុតាងណាមួយនៅក្នុងខទាំងនេះដែលថា ថ្ងៃសប្បាតហ៍ត្រូវបានប្តូរទៅជាថ្ងៃអាទិត្យនោះឡើយ។ ប៉ុន្តែ ខទាំងនេះបង្ហាញយើងយ៉ាងច្បាស់ថា ពួកអ្នកជឿព្រះយេស៊ូវដំបូងៗបានរក្សាថ្ងៃទីប្រាំពីរជាបរិសុទ្ធទៅវិញទេ។
ខគម្ពីរកិច្ចការ១៦:១៣ រឹតតែគួរឲ្យចាប់អារម្មណ៍ពីព្រោះរឿងនេះពុំបានកើតឡើងនៅសាលាប្រជុំឡើយ។ សាលាប្រជុំគឺជាកន្លែងសំរាប់ថ្វាយបង្គំរបស់ពួកយូដា គឺប្រៀបដូចជា «ព្រះវិហារ» នាសម័យបច្ចុប្បន្ននេះដែរ។ ពួកអ្នកជឿបានជួបជុំគ្នានៅឯមាត់ទន្លេ។ ពួកគ្រីស្ទានខ្លះជាញឹកញាប់បានចេញទៅឯមាត់ទន្លេដើម្បីអធិដ្ឋាន។ រឿងនោះបានកើតឡើងជាច្រើនឆ្នាំក្រោយពីព្រះយេស៊ូវសុគត។ ដូច្នេះ ប្រសិនបើថ្ងៃសប្បាតហ៍ត្រូវបានផ្លាស់ប្តូរទៅថ្ងៃអាទិត្យមែន ហេតុអ្វីបានជាព្រះគម្ពីរពុំបានកត់ត្រាអ្វីទាល់តែសោះទៅវិញ?
តើលោកអ្នកអាចចែកចាយសេចក្តីពិតស្តីអំពីថ្ងៃសប្បាតហ៍ដោយចិត្តសុភាព និងសេចក្តីស្រឡាញ់ចំពោះគ្រីស្ទានដែលថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី១០ ឧសភា ឆ្នាំ២០១៨
ស្នែងតូច និងថ្ងៃសប្បាតហ៍
យើងត្រូវតែស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ។ ក្រឹត្យវិន័យនេះរាប់បញ្ចូលទាំងថ្ងៃសប្បាតហ៍ផងដែរ។ ដូច្នេះ ហេតុអ្វីបានជាមានគ្រីស្ទានច្រើនម៉្លេះថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ?
យើងត្រូវត្រឡប់ទៅកណ្ឌគម្ពីរដានីយ៉ែលដើម្បីឆ្លើយទៅនឹងសំណួរនេះ។ ដានីយ៉ែលជំពូក៧ និយាយអំពីអាណាចក្រធំៗចំនួនបួនដែលគ្រប់គ្រងលើផែនដីនេះ ដូចជា៖ បាប៊ីឡូន មេឌីពើរសៀ ក្រិក និងរ៉ូម។ បន្ទាប់មកទៀតមានអាណាចក្រមួយទៀតបានឡើងមកចាប់យកអំណាចក្នុងកំឡុងពេលដែលរ៉ូមកំពុងគ្រប់គ្រងផែនដី។ លោកដានីយ៉ែលបានដាក់ឈ្មោះអំណាចនេះថា ស្នែងតូច។ តើអំណាចស្នែងតូចនេះជាអ្នកណា? តើមានអំណាចណាផ្សេងទៀតក្រៅពីព្រះវិហាររ៉ូម៉ាំងកាតូលិកនោះ? លោកថូម៉ាស ហប់បេស ក៏បានមានប្រសាសន៍អំពីរឿងនេះដែរ។ លោកហប់បេសគឺជាមេគំនិតដ៏ឆ្នើមក្នុងសតវត្សទី១៧។ លោកហប់បេសបានសរសេរថា៖ «តើព្រះវិហាររ៉ូម៉ាំងកាតូលិកចេញមកពីណា និងបានអំណាចមកពីណា? បើគិតឲ្យដិតដល់ទៅយើងមើលឃើញយ៉ាងច្បាស់ណាស់ថា អំណាចរ៉ូម៉ាំងកាតូលិកគឺជា «ខ្មោច» របស់អាណាចក្ររ៉ូម៉ាំងដែលបានដួលរលំទៅហើយនោះឯង» ដកស្រង់ពី -Leviathan (Oxford: Oxford University Press, 1996), page 463, adapted ។
សូមអានដានីយ៉ែល៧:២៣-២៥។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះ ដែលអាចជួយយើងឲ្យយល់អំពីការថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យចាប់ផ្តើមដោយរបៀបណា?
ខគម្ពីរដានីយ៉ែល៧:២៥ បង្ហាញយើងថា អំណាចស្នែងតូចបានព្យាយាមផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះ។ យើងពុំបានដឹងរឿងនេះវាបានកើតឡើតដោយរបៀបណាឲ្យប្រាកដនោះទេ។ ប៉ុន្តែយើងដឹងច្បាស់ណាស់ថា ព្រះវិហាររ៉ូម៉ាំងកាតូលិកបានប្តូរការថ្វាយបង្គំព្រះពីថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីរទៅថ្ងៃអាទិត្យ។ សព្វថ្ងៃនេះ គ្រីស្ទានភាគច្រើនថ្វាយបង្គំព្រះនៅថ្ងៃទីមួយនៃសប្តាហ៍។ ពួកគេពុំបានធ្វើតាមសេចក្តីបង្គាប់របស់ព្រះគម្ពីរដែលឲ្យតំកើងថ្ងៃទីប្រាំពីរនោះឡើយ។
តើមានរូបស័ព្ទអ្វីខ្លះដែលដូចគ្នានៅក្នុងខគម្ពីរវិវរណ៖១៣:១-១៧ និង ដានីយ៉ែល៧:១-៨? តើរូបស័ព្ទទាំងនេះជួយយើងឲ្យយល់ពីអ្វីដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយដោយរបៀបណា?
កណ្ឌគម្ពីរវិវរណៈបានប្រើរូបស័ព្ទដដែលអំពីអំណាចស្នែងតូចដែលយើងរកឃើញនៅក្នុងកណ្ឌគម្ពីរដានីយ៉ែល។ រូបស័ព្ទទាំងនេះបង្ហាញឲ្យឃើញពីការវាយប្រហាររបស់ព្រះវិហាររ៉ូម៉ាំងកាតូលិកមកលើរាស្ត្ររបស់ព្រះ នៅថ្ងៃចុងក្រោយ។ ព្រះគម្ពីរបានដាស់តឿនយើងថា នៅថ្ងៃចុងក្រោយនៃប្រវត្តិសាស្ត្រផែនដី ព្រះវិហាររ៉ូម៉ាំងនឹងប្រយុទ្ធប្រឆាំងនឹងគ្រប់គ្នាដែលបដិសេធមិនព្រមថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យ។
ខគម្ពីរវិវរណៈ១៤:៧ បានប្រើពាក្យមួយចំនួនដែលមាននៅក្នុងបញ្ញត្តិទីបួន (និក្ខមនំ២០:១១)។ តើខគម្ពីរវិវរណៈ១៤:៦, ៧ ជួយយើងឲ្យយល់ថា ថ្ងៃសប្បាតហ៍នឹងក្លាយជាផ្នែកដ៏សំខាន់បំផុតក្នុងរឿងថ្វាយបង្គំដែរឬទេ?
ថ្ងៃសុក្រ ទី១១ ឧសភា ឆ្នាំ២០១៨
សិក្សាបន្ថែម
កណ្ឌគម្ពីរវិវរណៈចែងថា សាតាំងសំដែងកិរិយាធ្វើដូចជាសត្វនាគ។ «សត្វនាគ» នេះបានធ្វើសង្គ្រាមប្រឆាំងនឹងព្រះនៅឋានសួគ៌ (វិវរណៈ១២:៧)។ សត្វនាគដដែលនេះក៏ធ្វើសង្គ្រាមជាមួយនឹងរាស្ត្ររបស់ព្រះនៅលើផែនដីនេះដែរ។ រាស្ត្ររបស់ព្រះបង្ហាញឲ្យឃើញថា ពួកគេថ្វាយបង្គំព្រះពីព្រោះពួកគេ «ស្តាប់តាមក្រឹត្យវិន័យរបស់ព្រះ» (វិវរណៈ១២:១៧, ១៣:២, ៤)។ ប៉ុន្តែ ព្រះគម្ពីរបានប្រាប់យើងទុកជាមុនថា សាតាំងនឹងដើរតួជាព្រះឲ្យមនុស្សថ្វាយបង្គំដែរ (វិវរណៈ១៣:៤)។ ដូច្នេះ យើងឃើញថាសង្គ្រាមដែលសាតាំងប្រឆាំងនឹងព្រះនៅតែបន្តនៅលើផែនដីនេះនៅឡើយ។ តើសាតាំងកំពុងវាយលុកទៅលើចំណុចណាមួយនៅក្នុងសង្គ្រាមនេះ? គឺថ្ងៃសប្បាតហ៍របស់ព្រះនេះឯង។
«បញ្ញត្តិទីបួនបង្ហាញយើងថា ព្រះគឺជាតួអង្គមួយដែលបានបង្កើតផ្ទៃមេឃនិងផែនដី។ កិច្ចការនេះធ្វើឲ្យព្រះខុសប្លែកពីព្រះក្លែងក្លាយដទៃទៀត។ ព្រះទ្រង់បានបង្កើតថ្ងៃទីប្រាំពីរ និងញែកចេញជាបរិសុទ្ធ។ ព្រះអង្គបានប្រទានថ្ងៃសប្បាតហ៍ដ៏បរិសុទ្ធដល់មនុស្សលោកទុកជាថ្ងៃសំរាក និងរំឭកមនុស្សអំពីកិច្ចការរបស់ព្រះអង្គដែលបានបង្កើតផែនដី។ ព្រះទ្រង់បានបង្កើតថ្ងៃសប្បាតហ៍ជាជំនួយឲ្យនឹកចាំពីព្រះអង្គដ៏មានព្រះជន្មរស់។ ព្រះអង្គបានបង្កើតថ្ងៃសប្បាតហ៍ដើម្បីរំឭកមនុស្សលោកថា ព្រះអង្គបានបង្កើតពួកគេ និងរំឭកថាមានតែព្រះអង្គទេដែលសក្តិសមឲ្យពួកគេគោរពស្រឡាញ់ និងថ្វាយបង្គំនោះ។ សាតាំងព្យាយាមបង្វែរមនុស្សឲ្យចេញពីព្រះ និងចេញពីការស្តាប់បង្គាប់តាមក្រឹត្យវិន័យរបស់ព្រះ។ ដូច្នេះ នោះហើយជាមូលហេតុដែលសាតាំងវាយលុកមកលើបញ្ញត្តិទីបួននេះ។ ថ្ងៃសប្បាតហ៍ចង្អុលប្រាប់យើងឲ្យមានជំនឿលើព្រះថាជាព្រះអង្គដែលបានបង្កើតមនុស្សលោក»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 53, 54, adapted ។
យើងថ្វាយបង្គំព្រះអម្ចាស់ពីព្រោះព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ ថ្ងៃសប្បាតហ៍ដែលជាថ្ងៃទីប្រាំពីររំឭកយើងអំពីកិច្ចការនោះ (សូមអានលោកុប្បត្តិ២:១-៣)។ មិនបាច់ឆ្ងល់ទេ សាតាំងវាយលុកលើថ្ងៃសប្បាតហ៍នេះឯង។ សរុបសេចក្តីមក ថ្ងៃសប្បាតហ៍បង្ហាញឲ្យឃើញនូវព្រះចេស្តារបស់ព្រះជាម្ចាស់។
នៅថ្ងៃចុងក្រោយនៃប្រវត្តិសាស្ត្រផែនដី ព្រះទ្រង់នឹងនៅតែមានមនុស្សដែលស្មោះត្រង់ចំពោះព្រះអង្គនៅលើផែនដីនេះ។ រាស្ត្ររបស់ព្រះអង្គបង្ហាញនូវសេចក្តីជំនឿយ៉ាងរឹងមាំ និងភក្តីភាពរបស់ពួកគេចំពោះទ្រង់ ដោយការស្តាប់បង្គាប់តាមក្រឹត្យវិន័យទាំងអស់របស់ព្រះអង្គ រាប់ទាំងច្បាប់ថ្ងៃសប្បាតហ៍ផង។ ថ្ងៃសប្បាតហ៍រំឭកយើងថា ព្រះទ្រង់គឺជាព្រះអង្គដែលបានបង្កើតយើងរាល់គ្នា។ រឿងនេះបង្ហាញប្រាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះថា មានតែព្រះអង្គមួយនេះប៉ុណ្ណោះដែលសក្តិសមសំរាប់ភក្តីភាព និងការថ្វាយបង្គំរបស់ពួកគេ។
សំនួរពិភាក្សា៖
- គ្រីស្ទានជាច្រើននិយាយថា អំពើបាបគឺមានពិតប្រាកដមែន។ ប៉ុន្តែពួកគេក៏ប្រកែកថា ក្រឹត្យវិន័យរបស់ព្រះត្រូវបានលុបចោលបាត់ហើយផងដែរ។ តើអ្វីទៅជាបញ្ហាចំពោះគោលគំនិតនេះ? តើអ្វីទៅដែលជាកំហុសដ៏ធំ ដែលលោកអ្នកអាចរកឃើញនៅក្នុងការគិតបែបនេះ?
- តើលោកអ្នកធ្លាប់មានបទពិសោធន៍អ្វីខ្លះជាមួយនឹងគ្រីស្ទានដែលនិយាយថា យើងគួររក្សាថ្ងៃអាទិត្យ ជំនួសឲ្យថ្ងៃសៅរ៍នោះ? តើលោកអ្នកនិយាយដូចម្តេចទៅកាន់ពួកគេ? តើពួកគេបានឆ្លើយតបមកលោកអ្នកវិញយ៉ាងណាដែរ? តើលោកអ្នកឆ្លើយតបយ៉ាងណាទៅកាន់មនុស្សដែលនិយាយថា ការរក្សាថ្ងៃសប្បាតហ៍ជាវិធីមួយផ្សេងទៀតដែលព្យាយាមសង្គ្រោះខ្លួនឯងដោយពឹងលើការប្រព្រឹត្តផ្ទាល់ខ្លួន?