មេរៀនទី៦​៖ ៤-១០ សីហា ២០១៨

កិច្ចការបម្រើព្រះរបស់លោកប៉ុល

Jeans
ថ្ងៃសៅរ៍ ទី៤ សីហា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ៩:៣២-៤៣, កិច្ចការ ១០:៩-១៦, អេភេសូរ ២:១១-១៩, កិច្ចការ ១១:១-២៦, កិច្ចការ ១២:១-១៨។

ខចងចាំ៖ «ពេត្រុស​ក៏​បើក​មាត់​និយាយ​ថា ប្រាកដ​មែន ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ គឺ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​សុចរិត នោះ​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ» (កិច្ចការ ១០:៣៤,​ ៣៥)។

លោកប៉ុលបានចាកចេញទៅកាន់ក្រុងតើសុស។ បន្ទាប់មក លោកពេត្រុសក៏ក្លាយជាមនុស្សដ៏សំខាន់បំផុតក្នុងផ្ទៃរឿងក្នុងព្រះគម្ពីរកិច្ចការដែលសរសេរឡើងដោយលោកលូកា។ លោកលូកាប្រាប់យើង​ថា លោកពេត្រុសបានធ្វើដំណើរគ្រប់ទីកន្លែងក្នុងស្រុកយូដាដើម្បីចែកចាយដំណឹងល្អអំពីព្រះយេស៊ូវទៅ​មនុស្សម្នា​ទាំងឡាយ។ លោកពេត្រុសក៏បានធ្វើដំណើរទៅកាន់ស្រុកដែលនៅក្បែរខាងនឹងស្រុកយូដាផងដែរ។ លោកលូកាប្រាប់រឿងពីរដែលបានកើតឡើងនៅពេលនោះដល់យើងអំពីលោកពេត្រុស។ រឿងដំបូងគឺ​​ និយាយអំពីរបៀបដែលលោកពេត្រុសព្យាបាលអេនាស និងប្រោសស្ត្រីម្នាក់ឈ្មោះតេប៊ីថាដែលបានស្លាប់ទៅហើយឲ្យរស់ឡើងវិញ។ បន្ទាប់មក លោកលូកាប្រាប់យើងអំពីរឿងរបស់កូនេលាសក្នុងជំពូកទី១០។ កូនេលាសពុំមែន​ជាសាសន៍យូដាទេ។

តើមនុស្សដែលមិនមែនជាសាសន៍យូដាត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពួកជំនុំដែរឬទេ? គ្រីស្ទានដែលជាជនជាតិយូដាជាច្រើនបានប្រកែកគ្នាអំពីសំណួរនេះ។ ប៉ុន្តែព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើកូនេលាស និងមនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់គាត់។ អំណោយទាននេះជួយបង្ហាញសេចក្តីពិតដល់លោកពេត្រុស និងពួកគ្រីស្ទានសាសន៍យូដាដែលនៅទីក្រុងយេរូសាឡិមឲ្យបានយល់កាន់តែច្បាស់ថែមទៀត។ ឥឡូវនេះពួកគេជឿថា អំណោយទាននៃដំណឹងល្អមិនមែនសំរាប់តែពួកសាសន៍យូដាតែប៉ុណ្ណោះទេ​។ ក្នុងពេលដំណាលគ្នានឹងរឿងនេះកើតឡើង ពួកជំនុំនៅទីក្រុងអាន់ទីយ៉ូកក៏កំពុងតែចាប់ផ្តើមទាក់ទងទៅ​កាន់ពួកសាសន៍​ដទៃផងដែរ។

មេរៀនសប្តាហ៍នេះក៏មាននិយាយអំពីការវាយប្រហារមកលើពួកជំនុំដោយស្តេចហេរ៉ូឌផងដែរ។ យើងនឹងរៀនអំពីបទពិសោធន៍ជាច្រើនដែលពួកអ្នកជឿជំនាន់នោះបានឆ្លងកាត់។

ថ្ងៃអាទិត្យ ទី៥ សីហា ឆ្នាំ២០១៨

លោកពេត្រុសបានធ្វើដំណើរទៅភូមិលីដា និងក្រុងយ៉ុបប៉េ (កិច្ចការ ៩:៣២-៣៥)

លោកពេត្រុសបានទៅសួរសុខទុក្ខពួកជំនុំទាំងឡាយនៅតាមបណ្តោយឆ្នេរសមុទ្រនៃស្រុកយូដា។ ច្បាស់ណាស់ លោកពេត្រុសចង់ដឹងឲ្យប្រាកដថាពួកជំនុំទាំងនេះមានការយល់ដឹងអំពីការបង្រៀន របស់ព្រះគម្ពីរបានច្បាស់លាស់ហើយឬនៅ (កិច្ចការ ២:៤២)។ ប៉ុន្តែ ព្រះទ្រង់ក៏បានប្រើលោកពេត្រុសឲ្យសំដែងបាដិហារ្យដូចគ្នានឹងបាដិហារ្យដែលព្រះយេស៊ូវធ្លាប់សំដែងដែរ។

សូមអានអំពីរបៀបដែលលោកពេត្រុសបានព្យាបាលអេនាសនៅក្នុងកិច្ចការ ៩:៣២-៣៥។ បន្ទាប់មក សូមអានអំពីបាដិហារ្យដែលព្រះយេស៊ូវបានធ្វើនៅក្នុងលូកា ៥:១៧-២៦។ តើបាដិហារ្យដូចគ្នាត្រង់ណាខ្លះ?

បាដិហារ្យដែលលោកពេត្រុសបានធ្វើរំឭកយើងអំពីរឿងដ៏ល្បីមួយដែលព្រះយេស៊ូវទ្រង់បានព្យាបាលបុរសម្នាក់នៅភូមិកាពើណិម (លូកា ៥:១៧ข-២៦)។ តើឃើញមានពាក្យថា «គ្រែ» ទេ? រឿង​ទាំងពីរស្ទើរតែដូចគ្នា។ មនុស្សជាច្រើនដែលរស់នៅក្នុងភូមិលីដា និងដែនដីនៃស្រុកសារ៉ូនសុទ្ធតែបានឃើញបាដិហារ្យរបស់លោកពេត្រុស។ បន្ទាប់មកពួកគេក៏បានជឿលើព្រះយេស៊ូវ។

សូមអានរឿងក្នុងកិច្ចការ ៩:៣៦-៤៣ អំពីរបៀបដែលលោកពេត្រុសបានប្រោសនាងតេប៊ីថាឲ្យរស់ពីស្លាប់ឡើងវិញ។ តើនាងតេប៊ីថាមានលក្ខណៈពិសេសខ្លាំងត្រង់ចំណុចណាដែរ?

ឈ្មោះ «តេប៊ីថា» មកពីពាក្យភាសាអារ៉ាមដែលមានន័យថា «ក្តាន់»។ ឈ្មោះនាងតេប៊ីថា​ជា​ភាសាក្រេកគឺ ដូរខាស។ មនុស្សជាច្រើនដែលរស់នៅជិតខាងនាងតេប៊ីថាស្រឡាញ់ចូលចិត្តនាងខ្លាំងណាស់។ នាងបានធ្វើទង្វើល្អៗដោយចិត្តសប្បុរសចំពោះមនុស្សម្នានៅជំុំវិញនាង។ រឿងដែលថ្លែងអំពីរបៀបដែលលោកពេត្រុសប្រោសនាងតេប៊ីថាឲ្យរស់ឡើងវិញគឺដូចគ្នាទៅនឹងរឿងដែលស្តីអំពីព្រះយេស៊ូវប្រោសកូនស្រីយ៉ៃរ៉ុសឲ្យរស់ពីស្លាប់ឡើងវិញដែរ (លូកា ៨:៤១, ៤២, ៤៩-៥៦)។ ពេត្រុសក៏ធ្លាប់បានឃើញបាដិហារ្យនោះកើតឡើងដែរ។ ហេតុនោះហើយបានជាលោកពេត្រុសបានធ្វើតាមនូវអ្វីដែល ព្រះអង្គបានធ្វើ។ លោកពេត្រុសបានសូមឲ្យមនុស្សគ្រប់គ្នាចេញពីបន្ទប់ (សូមអានម៉ាកុស ៥:​៤០)។ បន្ទាប់មក លោកបានលុតជង្គង់ចុះ ហើយអធិដ្ឋាន។ លោកក៏បាននិយាយទៅកាន់ស្ត្រីដែលស្លាប់ទៅហើយនោះថា៖ «តេប៊ីថាអើយ ចូរនាងក្រោកឡើង» (កិច្ចការ ៩:៤០)។

ពួកអ្នកដើរតាមព្រះជាម្ចាស់បានធ្វើបាដិហារ្យជាច្រើន។ ប៉ុន្តែគឺដោយសារតែព្រះចេស្តារបស់ព្រះនោះឯងទើបបាដិហារ្យទាំងឡាយបានកើតឡើង (កិច្ចការ ៥:១២)។ ប្រហែលជាមានហេតុផលដែលនាំឲ្យបាដិហារ្យរបស់ព្រះយេស៊ូវ និងបាដិហារ្យរបស់ពួកអ្នកដើរតាមព្រះអង្គមានលក្ខណៈដូចគ្នាហើយ។ ប្រហែលជាព្រះទ្រង់ចង់រំឭកយើងអំពីសារៈសំខាន់ពិតប្រាកដនៃពួកជំនុំ និងរូបយើងរាល់គ្នា ហើយ។ ចំណុចដែលសំខាន់បំផុតចំពោះព្រះគឺមិនមែនជាយើងនោះទេ។ អ្វីដែលសំខាន់ចំពោះព្រះនោះគឺនៅត្រង់ថាយើងថ្វាយខ្លួនទាំងស្រុងដល់ព្រះអង្គហើយឬនៅ (យ៉ូហាន ១៤:១២)។ តើមានអ្វីកើតឡើងនៅពេលដែលយើងថ្វាយខ្លួនទាំងស្រុងដល់ព្រះ? នោះព្រះទ្រង់នឹងអាចប្រើយើងឲ្យធ្វើការធំៗបានមិនខាន។

បាដិហារ្យអាចជួយឲ្យជំនឿរឹងមាំ។ ប៉ុន្តែចុះអ្វីទៅដែលជាហេតុផលពិតប្រាកដដែលយើង​រាល់គ្នាគួរតែជឿលើព្រះនោះ?

ថ្ងៃច័ន្ទ ទី៦ សីហា ឆ្នាំ២០១៨

លោកពេត្រុសមកសួរសុខទុក្ខកូនេលាស (កិច្ចការ ១០:៩-១៦, ២៨, ៣៤, ៣៥)

នៅក្រុងយ៉ុបប៉េ លោកពេត្រុសបានស្នាក់នៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះស៊ីម៉ូន។ ស៊ីម៉ូន មានមុខរបរជាជាងស្បែក។ ជាងស្បែកគឺជាអ្នកដែលយកស្បែកសត្វមកផលិតជាសម្ភារៈប្រើប្រាស់។ មានទាហានរ៉ូមម្នាក់ឈ្មោះកូនេលាសដែលរស់នៅក្នុងស្រុកសេសារាដែលមានចម្ងាយប្រហែល៤២គីឡូម៉ែត្រពីទីក្រុងយ៉ុបប៉េ។ កូនេលាសនិងមនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់គាត់គឺមានភាពស្មោះត្រង់នៅចំពោះព្រះ។ ប៉ុន្តែ ពួកគេពុំបានក្លាយមកឲ្យដូចជាសាសន៍យូដាឡើយ។ ក្រោយមក ព្រះទ្រង់ក៏បានប្រទានការជាក់ស្តែងមួយដល់កូនេលាស។ ក្នុងការជាក់ស្តែងនោះ ព្រះទ្រង់បានប្រាប់កូនេលាសឲ្យចាត់អ្នកនាំសារឲ្យទៅជួបលោកពេត្រុស។ ហេតុនោះ កូនេលាសក៏បានអញ្ជើញលោកពេត្រុសឲ្យមកលេងនឹងលោក (កិច្ចការ ១០:១-៨)។

តើលោកពេត្រុសបានជួបបទពិសោធន៍អ្វីខ្លះនៅក្នុងកិច្ចការ ១០:៩-១៦, ២៨,​៣៤, ៣៥? តើលោកពេត្រុសបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នេះ?

វាជាការសំខាន់ណាស់ក្នុងការដែលដឹងថាការជាក់ស្តែងរបស់លោកប៉ុលគឺមិនមែនទាក់ទងនឹងចំណីអាហារឡើយ។ ផ្ទុយទៅវិញ ការជាក់ស្តែងរបស់លោកគឺទាក់ទងនឹងមនុស្ស។ ការជាក់ស្តែង​នេះកើតឡើងនៅពេលថ្ងៃត្រង់។ លោកពេត្រុសឃ្លានយ៉ាងខ្លាំង។ សំឡេងក្នុងការជាក់ស្តែងនោះបា​ន​ប្រាប់លោកឲ្យសំឡាប់សត្វ ហើយបរិភោគទៅ។ ប៉ុន្តែ ព្រះទ្រង់ពុំបានប្រើប្រាស់ការជាក់ស្តែងនេះដើម្បីលុបច្បាប់ចំណីអាហារស្តីពីសាច់ស្អាត និងសាច់មិនស្អាតដែលមិនត្រូវបរិភោគនោះឡើយ។ ព្រះទ្រង់បានប្រើការជាក់ស្តែងដើម្បីបង្រៀនពេត្រុសថា ដំណឹងល្អគឺសំរាប់មនុស្សគ្រប់គ្នា គឺមិនមែនសំរាប់តែសាសន៍យូដាតែមួយនោះឡើយ។

ការជាក់ស្តែងនេះមានគោលបំណងឲ្យលោកពេត្រុសបពា្ឈប់ការស្អប់ខ្ពើមដល់សាសន៍ដទៃ។ លោកពេត្រុសមានអារម្មណ៍ថា ប្រសិនបើលោកចូលទៅក្នុងផ្ទះរបស់កូនេលាស ហើយបរិភោគជាមួយ​នឹងគាត់ នោះលោកនឹងក្លាយទៅជាមិនស្អាតមិនខាន។ ដូច្នេះ លោកមិនអាចថ្វាយបង្គំព្រះនៅក្នុងព្រះ​វិហារបានឡើយ។ ហេតុអ្វីបានជាលោកពេត្រុសគិតតាមរបៀបយ៉ាងដូច្នេះទៅវិញ? ពីព្រោះសាសន៍​ យូដាដែលរស់នៅក្នុងសតវត្សទីមួួយគេមិនរាប់រកពួកសាសន៍ដទៃឡើយ។

ហេតុអ្វីបានជាសាសន៍យូដាក្នុងជំនាន់លោកពេត្រុសប្រព្រឹត្តបែបនេះ? បញ្ហាគឺកើតឡើងដោយសារគោលគំនិតអំពីព្រះរបស់ពួកគេមិនត្រឹមត្រូវ។ សាសន៍យូដាជាច្រើនក្នុងកំឡុងពេលនោះជឿថា ការបរិភោគជាមួយនឹងមនុស្សសាសន៍ដទៃគឺជារឿងខុសឆ្គង។ គោលគំនិតនេះគឺពុំស្របគ្នានឹងផែនការដើមរបស់ព្រះដែលចង់ឲ្យពួកសាសន៍អ៊ីស្រាអែលចែកចាយសេចក្តីពិតអំពីព្រះអង្គដល់មនុស្សគ្រប់គ្នានៅ​លើ​ផែនដីនោះឡើយ។

ប៉ុន្តែ នៅក្នុងជំនាន់ព្រះគម្ពីរ ពួកក្រៅសាសន៍គេមិនធ្វើពិធីកាត់ស្បែកទេ។ កាត់ស្បែកមាន​ន័យ​ថា ស្បែកខាងចុងនៃអង្គជាតិបុរសត្រូវកាត់យកចេញ។ ហេតុនោះ ពួកសាសន៍យូដាបានមើលងាយពួកសាសន៍ដទៃដោយសារតែពួកគេមិនបានកាត់ស្បែក។ ពួកយូដាជឿថា ព្រះទ្រង់នឹងមិនប្រទានពរ​ដល់ពួកក្រៅសាសន៍ឡើយលុះត្រាតែពួកគេទទួលកាត់ស្បែក និងចូលសាសន៍យូដាជាមុនសិន។ ប៉ុន្តែ គ្រីស្ទានសាសន៍យូដាបានចាប់ផ្តើមមើលឃើញថាគំនិតបែបនេះគឺមិនត្រឹមត្រូវទេ។

សូមអានទីតុស ២:១១, កាឡាទី ៣:២៦-២៨ និងអេភេសូរ ២:១១-១៩។ ដូចដែលខ​គម្ពីរទាំងនេះបង្ហាញដល់យើង ហេតុអ្វីបានជាដំណឹងល្អសំរាប់មនុស្សគ្រប់គ្នាទៅវិញ?

ថ្ងៃអង្គារ ទី៧ សីហា ឆ្នាំ២០១៨

អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ១១:១-១៨)

ខគម្ពីរកិច្ចការ ១០:៤៤-៤៨ បង្ហាញយើងនូវពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃគម្ពីរសញ្ញាថ្មី។ វាគឺជាលើកដំបូងហើយដែលដំណឹងល្អត្រូវបានអធិប្បាយប្រាប់ដល់ពួកសាសន៍ដទៃ​ដោយសិស្សរបស់ព្រះយេស៊ូវម្នាក់។ មុនពេលនោះ ពួកអ្នកជឿតាមព្រះយេស៊ូវ និងពួកអ្នកជឿដែលជាសាសន៍យូដាដទៃទៀតដែលមកពីស្រុកយូដានៅមិនទាន់ត្រៀមខ្លួនទទួលយកពួកសាសន៍ដទៃឲ្យចូលរួមក្នុងពួកជំនុំនៅឡើយទេ។ ពួកគ្រីស្ទានសាសន៍យូដាទាំងនេះជឿថា ព្រះទ្រង់បានប្រទានដំណឹងល្អសំរាប់តែសាសន៍យូដាប៉ុណ្ណោះ។​ ហេតុនោះ ពួកគ្រីស្ទានសាសន៍យូដាជឿថា ពួកសាសន៍ដទៃត្រូវតែក្លាយមកជាសាសន៍យូដាជាមុនសិនទើបពួកគេអាចចូលរួមជាមួយនឹងពួកជំនុំបាន។ ប៉ុន្តែ ពួកគ្រីស្ទានយូដានៅក្នុងគម្ពីរសញ្ញាថ្មីត្រូវការផ្លាស់ប្តូរគំនិតបែបនេះចោលចេញហើយ។

ព្រះទ្រង់បានជួយឲ្យពួកអ្នកដើរតាមព្រះអង្គផ្លាស់ប្តូរគំនិតរបស់ពួកគេចំពោះពួកសាសន៍ដទៃចេញ។ តើដោយរបៀបណា? ព្រះទ្រង់បានប្រទានអំណោយទាននៃការនិយាយភាសាផ្សេងៗ ដល់​កូនេលាស​និងពួកគ្រួសាររបស់លោក។ អំណោយទាននេះបង្ហាញយ៉ាងច្បាស់ថា ព្រះទ្រង់មិនស្រឡាញ់​ក្រុមមនុស្សណាមួយជាងក្រុមណាមួយឡើយ។ ទាំងពួកសាសន៍យូដា និងពួកក្រៅសាសន៍គឺមានតម្លៃស្មើគ្នានៅចំពោះព្រះនេត្រព្រះអង្គ។ ព្រះទ្រង់នឹងសង្គ្រោះទាំងសាសន៍យូដា និងសាសន៍ដទៃ។

សូមអានកិច្ចការ ១១:១-១៨។ តើពួកជំនុំនៅទីក្រុងយេរូសាឡិមមានអារម្មណ៍យ៉ាងណា ដែរចំពោះបទពិសោធន៍របស់លោកពេត្រុសនៅឯទីក្រុងសេសារា?

នៅជំនាន់ព្រះគម្ពីរ ពួកសាសន៍យូដាពុំមានគំនិតល្អចំពោះពួកសាសន៍ដទៃឡើយ។​ ការស្អប់ខ្ពើមនេះនាំឲ្យពួកអ្នកជឿដែលជាសាសន៍យូដានៅទីក្រុងយេរូសាឡិមបន្ទោសលោកប៉ុលអំពីរឿងបរិភោគជាមួយនឹងមនុស្សដែលមិនកាត់ស្បែក។ ការកាត់ស្បែកមានន័យថា ស្បែកផ្នែកខាងចុងនៃអង្គជាតិបុរសត្រូវកាត់យកចេញ។ ហេតុនោះ មើលទៅហាក់ដូចជាពួកអ្នកជឿនៅទីក្រុងយេរូសាឡិមយកចិត្តទុកដាក់នឹងរឿងក្រឹត្យវិន័យជាជាងការដែលពួកគេត្រូវយកចិត្តទុកដាក់នឹងរឿងសេចក្តីសង្គ្រោះដល់កូនេលាសនិងក្រុមគ្រួសាររបស់លោក។ ប្រហែលជាពួកសាសន៍យូដាបារម្ភថា ពួកសាសន៍យូដានឹងគិតថា ពួកអ្នកជឿសាសន៍យូដាបានបែរចេញពីសេចក្តីជំនឿរបស់សាសន៍យូដា ប្រសិនបើពួកគេឃើញពួកគ្រីស្ទានសាសន៍យូដាបរិភោគជាមួយនឹងពួកសាសន៍ដទៃនោះ។ នោះនឹងមានន័យថា ព្រះទ្រង់នឹងលែងទទួលយកពួកអ្នកជឿបែបនេះទៀតហើយ។ នោះពួកសាសន៍យូដាអាចនឹងព្យាយាមសំឡាប់ពួកអ្នកជឿព្រះយេស៊ូវដូចជាពួកគេបានសំឡាប់ស្ទេផានដែរមិនខាន។

«ពួកសាសន៍យូដាបានបិទទ្វារប្រឆាំងទាស់នឹងពួកសាសន៍ដទៃ។ ប៉ុន្តែ ពេលវេលាមកដល់ដើម្បីឲ្យទ្វារនោះបើកឡើង។ ពួកសាសន៍ដទៃដែលទទួលយកដំណឹងល្អនឹងមានសិទ្ធិស្មើគ្នានឹងពួកអ្នកជឿដែលជាសាសន៍យូដាដែរ។ ពួកគេនឹងមិនចាំបាច់ត្រូវទៅកាត់ស្បែកឡើយ»។ ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 136, adapted ។

ព្រះទ្រង់បានប្រទានអំណោយទានជាការចេះនិយាយភាសាផ្សេងៗនៅពេលដែលព្រះអង្គចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកគេ។ ព្រះទ្រង់បានប្រទានអំណោយទាននេះដើម្បីឲ្យពួកគេ​ អាចអធិប្បាយដំណឹងល្អប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះ។ ព្រះទ្រង់បានប្រទានអំណោយ ទាននេះដល់លោកកូនេលាស និងក្រុមគ្រួសាររបស់គាត់ដោយសារមូលហេតុមួយផ្សេង។ ព្រះទ្រង់ ចង់បង្ហាញប្រាប់ទៅពួកសាសន៍យូដាដែលដើរតាមព្រះអង្គថា ព្រះវិញ្ញាណរបស់ព្រះអង្គទ្រង់ធ្វើការ ដើម្បីសង្គ្រោះពួកសាសន៍ដទៃផងដែរ។

ថ្ងៃពុធ ទី៨ សីហា ឆ្នាំ២០១៨

ពួកជំនុំនៅអាន់ទីយ៉ូក (កិច្ចការ ១១:១៩-២៦)

លោកលូកាមានក្តីសប្បាយនៅពេលដែលកូនេលាសបានទទួលជឿព្រះយេស៊ូវ។ លោកលូកាសប្បាយចិត្តខ្លាំងណាស់ដល់ថ្នាក់ឈប់ពណ៌នាអំពីកិច្ចការរបស់លោកពេត្រុស ហើយបែរជាមករ៉ាយរ៉ាប់ប្រាប់យើងអំពីរបៀបដែលពួកមនុស្សក្រៅពីសាសន៍យូដានាំគ្នាមកទទួលជឿព្រះយេស៊ូវទៅវិញ។

សូមអានខគម្ពីរកិច្ចការ ១១:១៩-២៦ អំពីអ្នកជឿសាសន៍យូដាដែលត្រូវគេបង្ខំឲ្យចេញពីទី ក្រុងយេរូសាឡិម។ តើមានអ្វីកើតឡើងនៅពេលដែលពួកគេមកកាន់ទីក្រុងអាន់ទីយ៉ូក?

ផ្នែកនៃគម្ពីរកិច្ចការជំពូកទី១១នេះជួយយើងឲ្យនឹកចាំការវាយប្រហាររបស់លោកប៉ុលប្រឆាំងនឹងពួកគ្រីស្ទានក្នុងកិច្ចការជំពូកទី៨។ ពួកអ្នកជឿសាសន៍យូដាខ្លះដែលនិយាយភាសាក្រេកត្រូវបាន គេបង្ខំឲ្យចាកចេញពីទីក្រុងយេរូសាឡិមក្នុងកំឡុងពេលដែលពួកក្រៅសាសន៍ក្នុងស្រុកយូដាចាប់ផ្តើមទទួលជឿព្រះយេស៊ូវ។​ ហេតុនោះ ពួកអ្នកជឿសាសន៍យូដាដែលនិយាយភាសាក្រេកទាំងនេះក៏បាននាំយកដំណឹងល្អទៅកន្លែងផ្សេងៗទៀតឲ្យឆ្ងាយផុតពីស្រុកយូដា។

លោកលូកាបានចាប់អារម្មណ៍ជាពិសេសទៅលើទីក្រុងអាន់ទីយ៉ូក។ អាន់ទីយ៉ូកគឺជាទីក្រុងដ៏សំខាន់មួយក្នុងស្រុកស៊ីរី។ ពួកអ្នកជឿដែលត្រូវគេបង្ខំឲ្យចាកចេញពីក្រុងយេរូសាឡិមក៏ចាប់ផ្តើមផ្សាយ​ ប្រាប់ទៅពួកសាសន៍យូដា។ មានពួកសាសន៍យូដាជាច្រើនបានទទួលជឿព្រះយេស៊ូវដែរ។ ហេតុនោះ មហាបញ្ជារបស់ព្រះយេស៊ូវនៅក្នុងកិច្ចការ ១:៨ គឺបានសម្រេចឡើងហើយ។ គឺពួកគ្រីស្ទានយូដាដែលនិយាយភាសាក្រេកហ្នឹងហើយដែលធ្វើឲ្យមហាបញ្ជារបស់ព្រះយេស៊ូវបានសម្រេចឡើងនោះ។ ពួកគេ បានចាប់ផ្តើមធ្វើកិច្ចការនៃការផ្សាយដំណឹងល្អទៅកាន់មនុស្សក្រៅពីសាសន៍យូដា។

ពួកជំនុំក៏ទទួលបានជោគជ័យនៅទីក្រុងអាន់ទីយ៉ូក។​ ហេតុនោះ ពួកមេដឹកនាំក្នុងក្រុងយេរូសាឡិមក៏បានសម្រេចចិត្តចាត់ឲ្យលោកបាណាបាសធ្វើដំណើរទៅកាន់ទីនោះដើម្បីពិនិត្យមើលថាមានអ្វីខ្លះកំពុងកើតឡើង ហើយត្រូវត្រឡប់មករាយការណ៍ដល់ពួកមេដឹកនាំវិញ។ លោកបាណាបាសបាន ឃើញ​ថា មានមនុស្សជាច្រើននៅក្នុងទីក្រុងអាន់ទីយ៉ូកដែលចង់ដឹងអំពីដំណឹងល្អ។ ហេតុនោះ លោកបាណាបាសក៏បានសូមឲ្យលោកប៉ុលដែលនៅក្រុងតើសុសមកជួយដល់លោក។

ការសម្រេចចិត្តរបស់លោកបាណាបាសគឺពិតជាត្រឹមត្រូវ។ ក្នុងកំឡុងពេលដែលលោក​ និង​លោកប៉ុលធ្វើការជាមួយគ្នា មានក្រុមសាសន៍ដទៃដ៏ធំបានឮដំណឹងល្អ។ គឺនៅក្នុងក្រុងអាន់ទីយ៉ូកនោះហើយដែលគេបានដាក់ឈ្មោះពួកអ្នកជឿព្រះគ្រីស្ទថា «គ្រីស្ទាន» ជាលើកដំបូង (កិច្ចការ ១១:២៦)។ ខនេះហាក់ដូចជាចែងថា មនុស្សដែលមិនមែនជាសមាជិកពួកជំនុំបានដាក់ឈ្មោះឲ្យពួកគ្រីស្ទាន។ ប្រហែលជាពួកមនុស្សទាំងនេះដាក់ឈ្មោះថា «គ្រីស្ទាន» គឺក្នុងគោលបំណងចំអកឡកឡឺយដល់ពួកអ្នកជឿលើព្រះយេស៊ូវនោះឯង។ រីឯនៅក្នុងចំណោមពួកជំនុំវិញ ពួកអ្នកជឿមានឈ្មោះផ្សេងទៀតសំរាប់ហៅគ្នាទៅវិញទៅមក៖ «បងប្អូនរាល់គ្នាអើយ» (កិច្ចការ ១:២៦), «ពួកសិស្ស» (កិច្ចការ ៦:១),​ និង «ពួកបរិសុទ្ធ» (កិច្ចការ ៩:១៣) ជាដើម។ នៅគ្រាដែលលោកលូកាបញ្ចប់ការសរសេរគម្ពីរកិច្ចការ ឈ្មោះ «គ្រីស្ទាន» បានក្លាយជាឈ្មោះដ៏ល្បីសំរាប់ហៅពួកអ្នកដើរតាមព្រះយេស៊ូវនៅគ្រប់ទីកន្លែងរួច​ទៅ​ហើយ (កិច្ចការ ២៦:២៨)។

តើការដែលគេស្គាល់ថានរណាម្នាក់គឺជាគ្រីស្ទានមានអត្ថន័យអ្វីខ្លះ?

ថ្ងៃព្រហស្បតិ៍ ទី៩ សីហា ឆ្នាំ២០១៨

ស្តេចហេរ៉ូឌប្រឆាំងទាស់នឹងពួកជំនុំ (កិច្ចការ ១២:១-៤)

ក្នុងខគម្ពីរកិច្ចការ ១២:១-៤ លោកលូកាប្រាប់យើងអំពីការធ្វើទុក្ខមកលើពួកសាវ័កពីសំណាក់ស្តេចហេរ៉ូឌ។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំរបស់ព្រះអង្គបន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅនគរឋានសួគ៌វិញ។ ស្តេចហេរ៉ូឌបានសំឡាប់យ៉ាកុប។ យ៉ាកុបគឺជាបង ប្រុស​របស់​លោកយ៉ូហាន និងជាកូនប្រុសរបស់សេបេដេ (ម៉ាកុស ១:១៩)។

សូមអានកិច្ចការ ១២:១-៤។ តើខទាំងនេះបង្រៀនយើងអ្វីខ្លះអំពីគ្រោះថ្នាក់ដែលពួកជំនុំ សញ្ញាថ្មីធ្លាប់ឆ្លងកាត់?

មានស្តេចជាច្រើនអង្គមានព្រះនាមថា ហេរ៉ូឌ។ ហេរ៉ូឌក្នុងខទាំងនេះគឺជាស្តេចអ័គ្រីប៉ាទីមួយ។ អ័គ្រីប៉ាទីមួយគឺជាចៅរបស់មហារាជហេរ៉ូឌ (កិច្ចការ ២:១)។ អ័គ្រីប៉ាទីមួយគ្រប់គ្រងលើស្រុកយូដាពីឆ្នាំទី៤១ដល់ឆ្នាំ៤៤នៃគ្រិស្តសករាជ។ ពួកសាសន៍យូដាស្រឡាញ់ចូលចិត្តព្រះអង្គដោយសារតែស្តេចអង្គនេះបានប្រតិបត្តិតាមសាសនាយូដាយ៉ាងម៉ត់ចត់ណាស់។

ស្តេចហេរ៉ូឌអង្គនេះក៏មានផែនការសំឡាប់លោកពេត្រុសផងដែរ។ ទាហានរបស់ហេរ៉ូឌបានចាប់ខ្លួនលោកពេត្រុស។ បន្ទាប់មកពួកគេបាននាំខ្លួនលោកពេត្រុសទៅជួបស្តេចហេរ៉ូឌ។ ហេរ៉ូឌបានចាត់ទាហានបួននាក់ឲ្យចាំយាមលោកពេត្រុសគ្រប់ពេលវេលា។ លោកពេត្រុសត្រូវគេដាក់ច្រវាក់ជាប់ជាមួយនឹងទាហានពីរនាក់ក្នុងចំណោមទាហានទាំងបួន ទាហានម្នាក់ជាប់ច្រវាក់ជាមួយនឹងលោកនៅ​ខាង​ឆ្វេងដៃលោកពេត្រុស និងម្នាក់ទៀតជាប់ច្រវាក់នៅខាងស្តាំ។ ឯទាហានពីរទៀតត្រូវយាមទ្វារ។ លោកពេត្រុសធ្លាប់បានរត់គេចចេញពីគុកម្តងហើយ។ ហេតុនោះ លើកនេះហេរ៉ូឌមិនចង់ឲ្យពេត្រុសគេចខ្លួនម្តងទៀតទេ។

សូមអានខគម្ពីរកិច្ចការ ១២:៥-១៨ អំពីពួកគ្រីស្ទានដែលបានអធិដ្ឋានឲ្យលោកពេត្រុស។ តើមានអ្វីកើតឡើងចំពោះលោកពេត្រុសដោយសារតែការអធិដ្ឋានរបស់ពួកគេ?

នៅយប់មុនដែលស្តេចអ័គ្រីប៉ារៀបផែនការសំឡាប់លោកពេត្រុស មានទេវតាមួយអង្គបានជួយឲ្យលោកពេត្រុសចេញពីគុក។

បន្ទាប់មក លោកលូកាបានរ៉ាយរ៉ាប់ប្រាប់យើងអំពីរបៀបដែលស្តេចអ័គ្រីប៉ាបានសុគតនៅ​ស្រុកសេសារា (កិច្ចការ ១២:២០-២៣)។ មានមនុស្សជាច្រើនព្យាយាមស្វែងយល់អំពីមូលហេតុដែល​ធ្វើ​ឲ្យ​ស្តេច​​អង្គ​នេះសុគត។ (តទៅនេះគឺជាសន្និដ្ឋានខ្លះៗអំពីអ្វីដែលបានធ្វើឲ្យស្តេចអង្គនេះសុគត៖ តើដោយសារតែដំបៅក្នុងក្រពះវាហើមឡើង? ឬមួយក៏ព្រះអង្គសុគតដោយសារតែដំបៅដែលស្អុយរលួយពីក្នុងរាងកាយ? ឬមួយក៏ព្រះអង្គ​ត្រូវ​គេបំពុល?)។ គ្មាននរណាម្នាក់ដឹងច្បាស់ប្រាកដអំពីរបៀបដែល​ស្តេច​អង្គ​នេះបានសុគតយ៉ាងដូច​ម្តេច​ឡើយ។ ប៉ុន្តែលោកលូកាបានកត់ត្រាយ៉ាងច្បាស់អំពីមូលហេតុដែលស្តេចសុគត។ ព្រះទ្រង់បាន​ដាក់ទោសអ័គ្រីប៉ា​និងរកឃើញថាព្រះអង្គមានកំហុស។

ព្រះយេស៊ូវត្រូវគេធ្វើគុត។ លោកពេត្រុសរត់គេចពីសេចក្តីស្លាប់។ ព្រះទ្រង់បានប្រហារជីវិតស្តេចហេរ៉ូឌ។ ជួនកាលរឿងរ៉ាវខ្លះកើតឡើងវាសមហេតុសមផល ប៉ុន្តែរឿងខ្លះហាក់ដូចជាមិនទំនង​ទាល់តែសោះ។ តើរឿងនេះបានប្រាប់យើងអ្វីខ្លះអំពីមូលហេតុដែលយើងត្រូវជឿទុកចិត្តលើព្រះអំពី​រឿងជាច្រើនដែលយើងមិនអាចយល់បាន?

ថ្ងៃសុក្រ ទី១០ សីហា ឆ្នាំ២០១៨

សិក្សាបន្ថែម

«ក្នុងគម្ពីរកិច្ចការជំពូកទី១០ យើងឃើញគំរូមួយទៀតដែលទេវតាពីឋានសួគ៌​បានចូលរួមចំណែកក្នុងការបម្រើព្រះ។ ក្នុងជំពូកនេះ ទេវតាបានជួយកូនេលាស និងមនុស្សក្នុងគ្រួសាររបស់គាត់ឲ្យបានក្លាយជាគ្រីស្ទាន។ មនុស្សរបស់យើងគួរតែអានគម្ពីរកិច្ចការជំពូក៨ ដល់១០ ហើយត្រូវផ្តោតចំណាប់អារម្មណ៍ជាពិសេសទៅលើពួកទេវតា។ នៅក្នុងជំពូកទាំងនេះ យើងឃើញថា ព្រះទ្រង់ និងពួកទេវតារបស់ព្រះអង្គបានសហការធ្វើការជាមួយនឹងពួកអ្នកបម្រើព្រះដែលព្យាយាមសង្គ្រោះមនុស្ស។ ពិតណាស់ ព្រះទ្រង់និងពួកទេវតារបស់ព្រះអង្គគង់នៅមិនឆ្ងាយពីអ្នកបម្រើព្រះអង្គរូបនេះទេ។ យើងគួរតែរៀនពីជំពូកទាំងនេះនូវមេរៀនអំពីថាតើព្រះទ្រង់ស្រឡាញ់មនុស្សយើងម្នាក់ខ្លាំងប៉ុនណាដែរ។ យើងគួរតែមានក្តីសប្បុរសដល់មនុស្សគ្រប់គ្នា។ យើងគួរនឹកចាំថា មនុស្សម្នាក់ៗគឺសុទ្ធតែជាឧបករណ៍របស់ព្រះសំរាប់ធ្វើកិច្ចការរបស់ព្រះអង្គនៅលើផែនដីនេះ»។ (ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 6, page 1059, adapted)។

សំនួរពិភាក្សា៖
  1. លោកលូកាបានប្រាប់យើងថា កូនេលាស «ជា​អ្នក​គោរព ហើយ​កោត‌ខ្លាច​ដល់​ព្រះ ព្រម​ទាំង​ពួក​គ្រួសារ​របស់​លោក​ទាំង​អស់​ផង លោក​ក៏​ដាក់​ទាន​ជា​ច្រើន​ដល់​ពួក​ជន ហើយ​អំពាវ‌នាវ​ដល់​ព្រះ​ជានិច្ច» (កិច្ចការ ១០:២)។ យោងតាមខនេះ បានបង្ហាញយ៉ាងច្បាស់ថា ព្រះវិញ្ញាណរបស់ព្រះបានធ្វើការក្នុងចិត្តរបស់កូនេលាសយូរមកហើយមុនពេលដែលគាត់បានជួបនឹងលោកពេត្រុស។ តើលោកអ្នកគិតថា ជីវិតដែលពោរពេញដោយសេចក្តីអធិដ្ឋានដ៏ខ្លាំងក្លារបស់កូនេលាស និងការថ្វាយបង្គំព្រះយ៉ាងស្មោះ ត្រង់របស់គាត់ជួយឲ្យមានការងាយស្រួលដល់ព្រះក្នុងការនាំយកដំណឹងល្អដល់គាត់ដែលប្រាប់ថាព្រះយេស៊ូវសង្គ្រោះមនុស្សមានបាបចេញពីអំពើបាបរបស់ពួកគេដែរឬទេ?

  2. នៅក្នុងថ្នាក់ ចូរយើងត្រឡប់ទៅសំណួរនៅចុងទំព័រមេរៀនថ្ងៃច័ន្ទ ហើយសួរខ្លួនឯងថា៖ តើគោល​ជំនឿ និងរបៀបរស់នៅផ្សេងៗដែលនៅជុំវិញយើងគឺជាអ្វីខ្លះ ដែលបណ្តាលឲ្យមនុស្សមួយក្រុមមាន​ អារម្មណ៍មិនល្អនឹងមនុស្សមួយក្រុមទៀតដែលខុសពីពួកគេ? ក្នុងនាមជាគ្រីស្ទាន យើងមិនត្រូវបណ្តោយឲ្យអារម្មណ៍មិនល្អចំពោះអ្នកដទៃនេះមាននៅក្នុងចិត្តយើងឡើយ។ ដោយហេតុនេះ តើយើងត្រូវធ្វើយ៉ាងដូចម្តេចទើបអាចដកយកគោលជំនឿ និងរបៀបរស់នៅដែលបណ្តាលឲ្យមានអារម្មណ៍មិនល្អនេះចេញ​ ពីខ្លួនយើងបាន?

  3. ការប្រឆាំងទាស់នឹងពួកជំនុំពីសំណាក់លោកប៉ុលបានធ្វើឲ្យគ្រីស្ទានជាច្រើនរងការឈឺចាប់។ ប៉ុន្តែ នៅទីបំផុត ព្រះទ្រង់បានប្រើការយាយីទាំងនេះធ្វើឲ្យរឿងល្អៗជាច្រើនកើតឡើងទៅវិញ៖ ពួកគ្រីស្ទានដែលគេចចេញពីការយាយីរបស់លោកប៉ុលបានធ្វើដំណើរទៅកាន់ទីក្រុងអាន់ទីយ៉ូក ហើយបានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ។ នៅក្នុងថ្នាក់ ចូរលោកអ្នកចែកចាយអំពីទីបន្ទាល់ណាមួយអំពីរបៀបដែល ព្រះទ្រង់បានធ្វើឲ្យរឿងរ៉ាវដែលលោកអ្នកឈឺចាប់ប្រែទៅជារឿងល្អៗទៅវិញ។
Powered by CAM