ថ្ងៃសៅរ៍ ទី៣ វិច្ឆិកា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ពេត្រុសទី១ ២:៩, និក្ខមនំ ១៩:៥, ៦, អេភេសូរ ២:១៩‑២២, កូរិនថូសទី១ ៣:១៦, ១៧, ទំនុកតម្កើង ២៣។
ខចងចាំ៖ «ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ» (កូរិនថូសទី១ ១២:១២)។
ព្រះគម្ពីរ មានបង្កប់ទៅដោយរូបស័ព្ទដែលបង្ហាញនូវសេចក្តីពិតសំខាន់ៗជាច្រើនដល់យើង។ ឧទាហរណ៍មួយនោះគឺផែនការថ្វាយបង្គំព្រះរបស់ពួកសាសន៍យូដាក្នុងគម្ពីរសញ្ញាចាស់។ សត្វដែលត្រូវគេសំឡាប់សំរាប់ថ្វាយយញ្ញបូជាក៏ជារូបស័ព្ទមួយដែរ។ វាចង្អុលប្រាប់អំពីការសុគតរបស់ព្រះយេស៊ូវនៅគ្រាអនាគត។
ព្រះគម្ពីរបានប្រើរូបស័ព្ទច្រើនទៀតដើម្បីបង្រៀនយើងអំពីសេចក្តីពិត។ រូបស័ព្ទខ្លះមានភាពសាមញ្ញខ្លាំងណាស់។ ឧទាហរណ៍ដូចជា ទឹក ភ្លើង និងខ្យល់ ជាដើម (យ៉ូហាន ៣:៨)។ ព្រះយេស៊ូវប្រើខ្យល់ធ្វើជារូបស័ព្ទ។ ព្រះអង្គបានប្រើវាដើម្បីជួយយើងឲ្យយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសទ្ធក្នុងជីវិតរបស់យើង។ «ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ»។
ព្រះគម្ពីរបានប្រើរូបស័ព្ទផ្សេងៗជាច្រើនដើម្បីជួយយើងឲ្យយល់អំពីអត្ថន័យនៃការរួបរួមគ្នាក្នុងពួកជំនុំ។ លោកអ្នកប្រហែលជានៅនឹកចាំមេរៀនកន្លងមក ដែលនិយាយអំពីការរួបរួមគ្នាគឺជាសេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នា។ ការរួបរួមគ្នាកើតចេញពីការរួមចិត្ត រួមគំនិត និងរួមក្នុងសេចក្តីពិតជាមួយ ព្រះយេស៊ូវ និងរវាងគ្នានិងគ្នា។ ព្រះជាម្ចាស់ទ្រង់បានបង្គាប់ឲ្យពួកជំនុំបង្ហាញទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះថា យើងទាំងអស់គ្នាបានរួមគ្នាមកតែមួយក្នុងព្រះអង្គ។ រូបស័ព្ទនៃការរួបរួមគ្នាក្នុងព្រះគម្ពីរបង្ហាញ ប្រាប់យើងនូវសេចក្តីពិតជាច្រើនអំពីការព្រមព្រៀងគ្នាក្នុងពួកជំនុំ និងជាមួយមនុស្សដទៃទៀត។ សប្តាហ៍ នេះ យើងនឹងក្រឡេកមើលរូបស័ព្ទទាំងនេះមួយចំនួន។ តើរូបស័ព្ទទាំងនេះបង្រៀនយើងអ្វីខ្លះអំពីការរួបរួមគ្នាមកតែមួយក្នុងអង្គព្រះយេស៊ូវ?
ថ្ងៃអាទិត្យ ទី៤ វិច្ឆិកា ឆ្នាំ២០១៨
រាស្ត្ររបស់ព្រះជាម្ចាស់
ក្នុងខគម្ពីរពេត្រុសទី១ ២:៩, និក្ខមនំ ១៩:៥,៦, ចោទិយកថា ៤:២០, និង ចោទិយកថា ៧:៦, យើងបានរៀនអំពីរាស្ត្រពិសេសរបស់ព្រះជាម្ចាស់។ តើការដែលបានក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់មានអត្ថន័យដូចម្តេចដែរ? ហេតុអ្វីបានជាពួកជំនុំពិសេសម៉្លេះក្នុងព្រះនេត្ររបស់ព្រះ?
បើនិយាយអំពីពួកជំនុំ គឺសំដៅទៅលើមនុស្ស។ ប៉ុន្តែមិនមែនសំដៅលើមនុស្សទូទៅនោះទេ។ ពួកជំនុំគឺជារាស្ត្ររបស់ព្រះជាម្ចាស់។ រាស្ត្ររបស់ព្រះគឺជាមនុស្សរបស់ព្រះអង្គ។ មនុស្សទាំងនេះបានទទួលយកព្រះជាម្ចាស់ជាព្រះវរបិតា និងជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ ព្រះយេស៊ូវបានសង្គ្រោះរាស្ត្ររបស់ព្រះ ហើយពួកគេស្តាប់បង្គាប់ព្រះអង្គ។ រូបស័ព្ទស្តីអំពីពួកជំនុំបង្ហាញប្រាប់យើងនូវសេចក្តីពិតដ៏សំខាន់មួយ។ ព្រះតែងតែមានមនុស្សមួយក្រុមនៅលើផែនដីនេះ។ ចាប់តាំងពីជំនាន់អ័ដាមរហូតដល់ជំនាន់លោកណូអេ ហើយបន្តរហូតដល់ជំនាន់លោកអ័ប្រាហាំទៀត ព្រះជាម្ចាស់បានតាំងសញ្ញាពិសេសជាមួយនឹងរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គបានជ្រើសរើសរាស្ត្ររបស់ព្រះអង្គឲ្យបង្ហាញសេចក្តីពិតអំពីព្រះអង្គប្រាប់ទៅមនុស្សទាំងអស់។ ព្រះអង្គចង់ឲ្យរាស្ត្ររបស់ព្រះអង្គបង្ហាញសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីយុត្តិធម៌របស់ព្រះអង្គដល់មនុស្សគ្រប់គ្នានៅលើផែនដីនេះ។
ក្នុងខគម្ពីរពេត្រុសទី១ ២:៩ លោកពេត្រុសប្រាប់យើងថា រាស្ត្ររបស់ព្រះអង្គគឺជា «ពូជជ្រើសរើស» និងជា «ពួកសង្ឃហ្លួង»។ លោកពេត្រុសមានប្រសាសន៍បន្ថែមទៀតថា រាស្ត្ររបស់ព្រះគឺជា «សាសន៍បរិសុទ្ធ» និងជា «រាស្ត្រដ៏ជាកេរអាករនៃព្រះ»។ រូបស័ព្ទទាំងអស់នេះបង្ហាញប្រាប់យើងថា ព្រះទ្រង់បានជ្រើសរើសរាស្ត្ររបស់ព្រះអង្គ។ ព្រះអង្គទ្រង់បានញែកពួកគេចេញពីមនុស្សទាំងអស់នៅលើផែនដីនេះ ឲ្យធ្វើកិច្ចការពិសេសថ្វាយព្រះអង្គ។ តើអ្វីទៅជាកិច្ចការពិសេសនោះ? លោកពេត្រុសបានប្រាប់ចម្លើយនៅក្នុងខដដែលនោះដែរ។ ព្រះទ្រង់បានជ្រើសរើសអ្នករាល់គ្នា «ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។ រូបស័ព្ទទាំងអស់នេះស្តីអំពីពួកជំនុំបង្ហាញឲ្យឃើញនូវព្រះហឫទ័យរបស់ព្រះ។ ខគម្ពីរនិក្ខមនំ ៣៤:៦, ៧ ក៏បានប្រើរូបស័ព្ទដូចគ្នានេះដើម្បីពណ៌នាអំពីព្រះជាម្ចាស់ដែរ។ «ព្រះទ្រង់បានជ្រើសរើសពួកជំនុំទុកជាកេរអាកររបស់ព្រះអង្គផ្ទាល់។ ព្រះអង្គសព្វព្រះទ័យសមាជិកពួកជំនុំទាំងអស់រស់នៅជាជីវិតគំរូដែលបង្ហាញទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះឲ្យស្គាល់ព្រះហឫទ័យរបស់ព្រះ។ ព្រះអង្គសព្វព្រះទ័យឲ្យរាស្ត្ររបស់ព្រះអង្គថ្លែងប្រាប់ទៅមនុស្សគ្រប់គ្នាអំពីសេចក្តីស្រឡាញ់ និងសេចក្តីយុត្តិធម៌របស់ព្រះអង្គ»។ ដកស្រង់ពី The SDA Bible Commentary, volume 7, page 562, adapted ។
ខគម្ពីរចោទិយកថា ៧:៦‑៨ បង្ហាញប្រាប់យើងថា ព្រះទ្រង់បានជ្រើសរើសអនាគតកូនចៅ របស់លោកអ័ប្រាហាំឲ្យធ្វើជារាស្ត្ររបស់ព្រះអង្គ។ ហេតុអ្វីបានជាទ្រង់ជ្រើសរើសយកសាសន៍អ៊ីស្រាអែល? តើជម្រើសរបស់ព្រះមានអត្ថន័យយ៉ាងដូចម្តេចសំរាប់យើងរាល់គ្នានាសម័យសព្វថ្ងៃនេះ?
គ្មាននរណាម្នាក់អាចធ្វើអ្វីមួយដើម្បីដូរយកការអាណិតអាសូរពីព្រះបានឡើយ។ ព្រះគម្ពីរបង្ហាញប្រាប់យើងថា ព្រះទ្រង់បានជ្រើសរើសសាសន៍អ៊ីស្រាអែលឲ្យធ្វើជារាស្ត្រពិសេសរបស់ព្រះអង្គដោយសារហេតុផលមួយប៉ុណ្ណោះ គឺដោយសារព្រះអង្គស្រឡាញ់ពួកគេ។
ហេតុអ្វីបានជាយើងត្រូវតែនឹកចាំជានិច្ចថា ព្រះទ្រង់បានសង្គ្រោះយើងដោយសារតែព្រះអង្គស្រឡាញ់យើង និងមិនមែនដោយសារតែយើងបានធ្វើកិច្ចការពិសេសណាមួយឡើយ?
ថ្ងៃច័ន្ទ ទី៥ វិច្ឆិកា ឆ្នាំ២០១៨
គ្រួសាររបស់ព្រះជាម្ចាស់
ម្សិលមិញ យើងបានសិក្សាអំពីរបៀបដែលព្រះគម្ពីរប្រើរូបស័ព្ទក្រុមជំនុំដើម្បីពណ៌នាអំពីរាស្ត្ររបស់ព្រះ។ រូបស័ព្ទមួយទៀតដែលព្រះគម្ពីរប្រើដើម្បីបង្ហាញប្រាប់យើងអំពីរាស្ត្ររបស់ព្រះផងដែរនោះគឺជាដំណាក់ដ៏ធំមួយ។ ដំណាក់នេះសាងសង់ឡើងពីថ្ម។ ថ្មនីមួយៗបង្ហាញប្រាប់យើងអំពីរបៀបផ្សេងៗគ្នាដែលមនុស្សគ្រប់គ្នាក្នុងពួកជំនុំមានទំនាក់ទំនងនឹងគ្នា។ លោកពេត្រុសមានប្រសាសន៍ថា គ្រីស្ទានគឺប្រៀបដូចជា «ថ្មរស់» (ពេត្រុសទី១ ២:៥)។ ព្រះទ្រង់បានប្រើ «ថ្ម» ទាំងនេះ ដើម្បីស្អាងព្រះវិហារ ឬដំណាក់ខាងព្រលឹងវិញ្ញាណ។ រូបស័ព្ទនេះជួយយើងឲ្យយល់អំពីរបៀបដែលព្រះធ្វើឲ្យយើងមានភាពរឹងមាំក្នុងសេចក្តីជំនឿរបស់យើង។
ក្នុងខគម្ពីរអេភេសូរ ២:១៩‑២២ លោកប៉ុលប្រើរូបស័ព្ទមួយដើម្បីពន្យល់អំពីការរួបរួមគ្នា។ យើងដឹងថា ការរួបរួមគ្នាគឺជាសេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នា។ ការរួបរួមគ្នាកើតចេញពីការរួមគ្នាទាំងចិត្ត ទាំងគំនិត និងទាំងសេចក្តីពិតក្នុងអង្គព្រះយេស៊ូវ និងរវាងគ្នានិងគ្នា។ តើរូបស័ព្ទរបស់លោកប៉ុលដែលប្រើក្នុងខគម្ពីរអេភេសូរ ២:១៩‑២២ បង្ហាញប្រាប់យើងអំពីការរួបរួមគ្នាក្នុងពួកជំនុំដោយរបៀបណា?
ក្នុងខទាំងនេះ លោកប៉ុលច្របាច់រូបស័ព្ទពីរឲ្យចូលគ្នាមកតែមួយ៖ ១) ដំណាក់ និង ២) គ្រួសារ ដែលរស់នៅក្នុងដំណាក់នោះ។ បើមានតែថ្មមួយដុំ មិនអាចសង់ឡើងជាដំណាក់បានឡើយ។ ប៉ុន្តែប្រសិនបើថ្មមួយដុំផ្គុំចូលគ្នាជាមួយនឹងថ្មដទៃច្រើនទៀត វាអាចបង្កឲ្យមានជាដំណាក់ដ៏រឹងមាំបាន។ គ្មានគ្រីស្ទាន ណាមួយអាចឈរធ្វើជា «ថ្ម» តែម្នាក់ឯង ដោយបំបែកខ្លួនចេញពី «ថ្ម» ដទៃទៀត ឬ អ្នកជឿដទៃបាន ឡើយ។ ទេមិនអាចទេ។ យើងទាំងអស់គ្នាត្រូវតែរួបរួមគ្នាក្នុងមិត្តភាពជាមួយនឹងគ្រីស្ទានដទៃទៀតក្នុងលក្ខណៈជាគ្រួសាររបស់ព្រះ។ ដំណាក់ត្រូវតែមានភាពរឹងមាំ។ ដំណាក់រឹងមាំត្រូវតែសង់ឡើងលើគ្រឹះដ៏រឹងមាំ។ ព្រះយេស៊ូវគឺជាគ្រឹះសំរាប់ពួកជំនុំ (សូមអាន កូរិនថូសទី១ ៣:១១)។ ពួកជំនុំនឹងស្លាប់ប្រសិនបើពុំមានព្រះយេស៊ូវជាគ្រឹះទេនោះ។ ពួកជំនុំគឺមានជាប់ទាក់ទិននឹងព្រះយេស៊ូវ៖ ព្រះជន្ម ការសុគត ការរស់ឡើងវិញ និងការយាងមកវិញលើកទីពីររបស់ព្រះអង្គ។ ពួកជំនុំគឺជាសហគមន៍នៃពួកអ្នកជឿ។ ពួកគេបានរួបរួមគ្នាឡើង ដើម្បីចែកចាយដំណឹងល្អអំពីព្រះយេស៊ូវប្រាប់ទៅមនុស្សគ្រប់គ្នានៅលើផែនដី នេះ។
តើពួកជំនុំមានលក្ខណៈដូចគ្នានឹងគ្រួសារត្រង់ចំណុចណាខ្លះ? គ្រួសារភាគច្រើនមានឪពុក មានម្តាយ និងមានបងប្អូនប្រុសស្រី។ ទំនាក់ទំនងរវាងសមាជិកគ្រួសារមានភាពរឹងមាំណាស់។ សមាជិកពួកជំនុំក៏ជាផ្នែកមួយនៃគ្រួសារដ៏ធំដែរ។ យើងរាល់គ្នាមានទំនាក់ទំនងជាមួយនឹងគ្រួសារមនុស្សជាតិដោយសារលោកអ័ដាម។ ប៉ុន្តែក្នុងនាមជាគ្រីស្ទាន យើងរាល់គ្នាក៏មានជាប់សាច់ឈាមគ្នាដោយសារ ព្រះយេស៊ូវបានក្លាយជា «អ័ដាមទីពីរ» ផងដែរ។ យើងទទួលបានបទពិសោធន៍ «កំណើតថ្មី» ក្នុងព្រះយេស៊ូវ។ គឺតាមរបៀបនេះហើយ ដែលយើងបានក្លាយមកជាការរួបរួមគ្នាក្នុងជីវិតថ្មី។
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានបទពិសោធន៍ខាងគ្រួសារដ៏ល្អប្រសើរឡើយ។ ហេតុនោះ តើពួកជំនុំអាចប្រែក្លាយជាគ្រួសារមួយដែលអ្នកខ្លះមិនធ្លាប់ដែលជួបបានដោយរបៀបណា?
ថ្ងៃអង្គារ ទី៦ វិច្ឆិកា ឆ្នាំ២០១៨
ព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ
ម្សិលមិញ យើងបានសិក្សាអំពីរបៀបដែលព្រះគម្ពីរប្រើរូបស័ព្ទជាដំណាក់ដើម្បីបង្ហាញប្រាប់យើងអំពីអត្ថន័យនៃការក្លាយជាសមាជិកនៃគ្រួសាររបស់ព្រះ។ ថ្ងៃនេះ យើងនឹងក្រឡេកមើលដំណាក់មួយទៀត។ នោះគឺជា «ព្រះវិហារ» នៃព្រះវិញ្ញាណបរិសុទ្ធ។ លោកប៉ុលបានប្រើព្រះវិហារនេះជារូបស័ព្ទក្នុងកូរិនថូសទី១ ៦:១៩ ដើម្បីសំដៅដល់រូបកាយរបស់មនុស្ស។ ប៉ុន្តែ កាលដែលលោកប៉ុលនិយាយអំពី «ព្រះវិហារ» នៅក្នុងកូរិនថូសទី១ ៣:១៦, ១៧ លោកពុំបានឲ្យន័យនៃពាក្យថាជារូបកាយរបស់មនុស្សនោះឡើយ។ លោកប៉ុលចង់មានន័យថា វាគឺជាដំណាក់ដ៏ប្រណីត និងបរិសុទ្ធនៃតំបន់មជ្ឈិមបូព៌ាក្នុងជំនាន់គម្ពីរសញ្ញាថ្មីទៅវិញ។ ដំណាក់នោះគឺជាព្រះវិហាររបស់ព្រះនៅក្នុងក្រុងយេរូសាឡិម។ លោកប៉ុលបានប្រើព្រះវិហាររបស់ព្រះជារូបស័ព្ទតំណាងឲ្យពួកជំនុំ។
ក្នុងខគម្ពីរកូរិនថូសទី១ ៣:១៦, ១៧ លោកប៉ុលប្រាប់យើងថា ពួកជំនុំគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ។ តើពាក្យនេះមានន័យយ៉ាងដូចម្តេចដែរ? រួចតើលោកប៉ុលបានព្រមានយើងរាល់គ្នាអំពីអ្វីខ្លះទៀតនៅក្នុងខ ១៧?
ច្បាស់ណាស់ លោកប៉ុលពុំមែនចង់សំដៅដល់អគារ ឬដំណាក់ពិតប្រាកដសំរាប់ព្រះជាម្ចាស់ឡើយ។ អ្វីដែលរូបស័ព្ទនេះចង់សំដៅដល់នោះគឺ គ្រីស្ទានក្នុងក្រុងកូរិនថូសត្រូវធ្វើខ្លួនជា «ព្រះវិហារ» នៃព្រះវិញ្ញាណបរិសុទ្ធ។ ព្រះទ្រង់ «គង់នៅ» ជាមួយពួកគេដោយការគង់នៅក្នុងចិត្តរបស់ពួកគេ។
លោកប៉ុលចង់មានប្រសាសន៍ថា ព្រះទ្រង់គង់នៅក្នុងមិត្តភាពគ្រីស្ទាន និងការរួបរួមគ្នា។ ដូច ដែលយើងបានរៀនរួចមកហើយ ការរួបរួមគ្នាគឺជាការព្រមព្រៀងគ្នា។ លោកប៉ុលព្រមានយើងកុំឲ្យបំផ្លាញទំនាក់ទំនងទាំងនេះ។ ព្រះទ្រង់នឹងជំនុំជំរះអ្នកណាដែលព្យាយាមបំផ្លាញការរួបរួមគ្នានៃពួកគ្រីស្ទាន។ ការរួបរួមគ្នារបស់គ្រីស្ទានគឺជាបេះដូងនៃមិត្តភាព និងទំនាក់ទំនងក្នុងពួកជំនុំ។ ព្រះទ្រង់គង់ក្នុងបេះដូងនៃការរួបរួមគ្នារបស់យើងក្នុង «ព្រះវិហារដ៏រស់» របស់ព្រះអង្គ។
នៅដើមជំពូកទី៣ នៃកូរិនថូសទី១ លោកប៉ុលបានលើកឡើងអំពីគ្រោះថ្នាក់ចំពោះការរួបរួមគ្នារបស់ពួកជំនុំ (ខ ៣)។ ការបែកបាក់គ្នា និងការឈ្លោះទាស់ទែងគ្នាគឺជាអាកប្បកិរិយាដ៏គ្រោះថ្នាក់ដល់សេចក្តីសុខសាន្តរបស់យើង។ អារម្មណ៍មិនល្អ និងអាកប្បកិរិយាមិនល្អបានបណ្តាលឲ្យព្រះទ្រង់យាងចេញពីពួកជំនុំរបស់ព្រះអង្គ។ ការឈ្លោះទាស់ទែងគ្នាក្នុងពួកជំនុំអាចបំផ្លាញ «ព្រះវិហារ» របស់ព្រះបាន។ ព្រះទ្រង់ចង់ឲ្យសមាជិកទាំងអស់បែរចេញពីអារម្មណ៍ដែលនាំឲ្យមានជម្លោះនឹងគ្នា។
តើយើងត្រូវធ្វើអ្វីខ្លះកាលណាមានជម្លោះទាស់ទែងកើតឡើងក្នុងពួកជំនុំ? ឱវាទរបស់លោកប៉ុលទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស ក៏នៅតែមានសុពលភាពសំរាប់យើងនៅសម័យសព្វថ្ងៃនេះដែរ៖ «កុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ» (កូរិនថូសទី១ ១:១០)។
យើងទាំងអស់គ្នាត្រូវធ្វើចំណែករបស់យើងដើម្បីបពា្ឈប់កុំឲ្យមានបញ្ហាដែលបំផ្លាញការរួបរួមគ្នារបស់យើង។ តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយបញ្ចប់បញ្ហាទាំងនោះ?
ថ្ងៃពុធ ទី៧ វិច្ឆិកា ឆ្នាំ២០១៨
«រូបកាយ» របស់ព្រះយេស៊ូវ
រូបស័ព្ទដ៏ពេញនិយមបំផុតសំរាប់ពួកជំនុំប្រហែលជារូបកាយរបស់ព្រះយេស៊ូវហើយមើលទៅ។ រូបស័ព្ទនេះផ្តល់ឲ្យយើងនូវការពណ៌នាអំពីការរួបរួមគ្នាបានយ៉ាងល្អ។ យើងដឹងថា ការរួបរួមគ្នាគឺជាសេចក្តី សុខសាន្ត និងការព្រមព្រៀងគ្នា។ ការរួបរួមគ្នាកើតចេញពីការរួមចិត្ត រួមគំនិត និងរួមគ្នាក្នុងសេចក្តីពិតដែលស្ថិតនៅក្នុងអង្គព្រះយេស៊ូវ។ នោះហើយជាមូលហេតុដែលលោកប៉ុលសរសេរថា «ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះ ព្រះគ្រីស្ទក៏ដូច្នោះដែរ» (កូរិនថូសទី១ ១២:១២)។ ហើយ «អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន» (កូរិនថូសទី១ ១២:២៧)។
ក្នុងខគម្ពីរកូរិនថូសទី១ ១២:១២‑២៦ លោកប៉ុលបានប្រើរូបស័ព្ទ «រូបកាយ» នេះដើម្បីពណ៌នាអំពីពួកជំនុំ និងរបៀបដែលរូបកាយធ្វើការ។ តើអវយវៈគ្រប់ផ្នែកទាំងអស់ធ្វើការជាមួយគ្នាដោយរបៀបណា? តើរូបស័ព្ទនេះប្រាប់យើងអ្វីខ្លះអំពីរបៀបដែលពួកជំនុំនៅទូទាំងពិភពលោករបស់យើងធ្វើការជាមួយគ្នា?
សេចក្តីបង្រៀនរបស់លោកប៉ុលនៅក្នុងជំពូកទី១២ នៃគម្ពីរកូរិនថូសទី១ បង្ហាញប្រាប់យើងអំពីសេចក្តីពិតយ៉ាងជ្រាលជ្រៅ។ ការរួបរួមគ្នា ឬការព្រមព្រៀងគ្នារបស់គ្រីស្ទានដ៏ពិតកើតឡើងដោយសារព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់ភាពខុសប្លែកពីគ្នារបស់យើង និងជួយយើងឲ្យរួបរួមគ្នាធ្វើការជាមួយគ្នា។ រូបកាយមនុស្សលោកផ្គុំឡើងពីអវយវៈជាច្រើន។ អវយវៈនីមួយៗខុសប្លែកពីគ្នាយ៉ាងខ្លាំង។ យ៉ាងណាមិញ «រូបកាយ» របស់ព្រះយេស៊ូវ ដែលជាពួកជំនុំ ក៏មានភាពខុសប្លែកពីគ្នាយ៉ាងនោះដែរ។ ផ្នែកដែលខុសប្លែកពីគ្នានៃពួកជំនុំជួយបង្ហាញដល់យើងថា «រូបកាយ» របស់ព្រះយេស៊ូវ គឺអស្ចារ្យ និងគ្រប់លក្ខណ៍។
រូបស័ព្ទអំពីរូបកាយនេះក៏ចង់សំដៅដល់យើងរាល់គ្នាដែលជាពួកអ្នកសេវេនដេយ៍អាត់វេនទីស្ទ ដែរ។ រយៈកាល៣០ឆ្នាំចុងក្រោយនេះ ពួកជំនុំរបស់យើងបានរីកចំរើនយ៉ាងឆាប់រហ័ស។ ពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទចងក្រងឡើងពីស្ទើរតែគ្រប់សណ្ឋាននៃជីវិត ក្រុមមនុស្ស និងប្រទេសនៃពិភពលោកនេះ។ ប៉ុន្តែ យើងមិនត្រូវឲ្យភាពខុសប្លែកពីគ្នារបស់យើងញែកយើងចេញពីព្រះយេស៊ូវ ឬពីគ្នានឹងគ្នាឡើយ។ យើងគួរតែសូមឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងលើយើងដើម្បីឲ្យយើងអាចមានភាពជិតស្និទ្ធនឹងគ្នាបាន។ នោះយើងនឹងបង្ហាញទៅមនុស្សគ្រប់គ្នាអំពីសេចក្តីពិតដែលថា យើងទាំងអស់គ្នាគឺជាមនុស្សតែមួយក្នុងព្រះយេស៊ូវ។
នៅត្រង់ជើងឈើឆ្កាង មនុស្សគ្រប់គ្នាស្មើគ្នាទាំងអស់។ មិនថាយើងជាអ្នកណា ឬមកពីណាទេ។ មនុស្សជាច្រើនពីគ្រប់ទីកន្លែង និងគ្រប់សណ្ឋានជីវិតកំពុងតែអស់សង្ឃឹម និងខូចចិត្តកាន់តែខ្លាំងឡើង។ ហេតុនោះ ក្នុងនាមជាពួកជំនុំ យើងត្រូវតែបង្ហាញទៅមនុស្សគ្រប់គ្នាថា យើងអាចរួបរួមគ្នា បើទោះបីជាយើងមានភាពខុសប្លែកពីគ្នាក៏ដោយ។ រាស្ត្ររបស់ព្រះអាចបង្ហាញទៅមនុស្សដទៃថា យើងអាចរួបរួមគ្នាក្នុងព្រះយេស៊ូវបាន។ យើងអាចបង្ហាញទៅមនុស្សគ្រប់គ្នានៅលើផែនដីនេះថា ដំណឹងល្អរបស់ព្រះយេស៊ូវមានអំណាចនឹងព្យាបាលមនុស្សលោក និងបង្រួបបង្រួមយើងឲ្យរួមគ្នាបាន។
ថ្ងៃព្រហស្បតិ៍ ទី៨ វិច្ឆិកា ឆ្នាំ២០១៨
ចៀម និងអ្នកគង្វាល
ក្នុងខគម្ពីរយ៉ូហាន ១០:១‑១១ លោកយ៉ូហានបានប្រើរូបស័ព្ទក្រោលចៀមដើម្បីពន្យល់អំពី ការរួបរួមគ្នា។ សូមអានទំនុកតម្កើង ២៣ បន្ថែមផង។ យើងដឹងថា ការរួបរួមគ្នាគឺជាសេចក្តីសុខសាន្ត និងការត្រូវរ៉ូវគ្នា។ តើផ្នែកអ្វីខ្លះនៃរូបស័ព្ទនេះដែលជួយយើងឲ្យយល់ថា អ្វីទៅជាការរួបរួមគ្នានោះ?
ព្រះយេស៊ូវបានបង្រៀនរឿងប្រៀបធៀបស្តីអំពីពួកអ្នកគង្វាលក្នុងយ៉ូហាន ១០:១‑១១។ ក្នុងសណ្ឋានជីវិតរបស់យើងសព្វថ្ងៃនេះ យើងមិនសូវជាស្គាល់ច្បាស់អំពីពួកអ្នកគង្វាលប៉ុន្មានទេ។ ប៉ុន្តែ មនុស្សក្នុងជំនាន់ព្រះយេស៊ូវគេយល់ច្បាស់ណាស់ថាព្រះយេស៊ូវចង់មានបន្ទូលអំពីអ្វី។ ហេតុនោះហើយ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំគឺជាអ្នកគង្វាលដ៏ល្អ» (យ៉ូហាន ១០:១១) មនុស្សទាំងនោះគេដឹងភ្លាមថា បន្ទូលរបស់ព្រះយេស៊ូវដកស្រង់ចេញពីទំនុកតម្កើងជំពូក ២៣ ដែលចែងថា៖ «ព្រះអម្ចាស់ទ្រង់ជាអ្នកគង្វាលនៃខ្ញុំ» (ខ ១)។ ពួកគេយល់អំពីអត្ថន័យនៃពាក្យថា «អ្នកគង្វាលនៃខ្ញុំ» នេះច្បាស់ណាស់។ រូបស័ព្ទអំពីអ្នកគង្វាលនេះមានអត្ថន័យជ្រាលជ្រៅណាស់សំរាប់ពួកគេ។ ពួកអ្នកគង្វាលនៅមជ្ឈិមបូព៌ាតែងតែយកចិត្តទុកដាក់ថែរក្សាចៀមរបស់ខ្លួន។ អ្នកគង្វាលគឺជារូបស័ព្ទមួយក្នុងចំណោមរូបស័ព្ទដ៏ជាទីពេញនិយមបំផុតក្នុងព្រះគម្ពីរ។ គ្មានអ្វីផ្សេងទៀតអាចបង្ហាញប្រាប់យើងឲ្យច្បាស់ថា ព្រះទ្រង់ជាអ្នកណា ឬថា ព្រះអង្គទ្រង់ស្រឡាញ់រាស្ត្ររបស់ព្រះអង្គខ្លាំងប៉ុនណាបានឡើយ
ព្រះគម្ពីរបានប្រើចៀមធ្វើជារូបស័ព្ទដើម្បីពណ៌នាអំពីរាស្ត្ររបស់ព្រះ។ ចៀមជាសត្វស្លូតណាស់ ហើយជួយខ្លួនឯងមិនបានឡើយ។ ពួកវាត្រូវការអ្នកគង្វាលល្អដើម្បីការពារ និងដឹកនាំពួកវា។ ជួនកាល ចៀមបានវង្វេងបាត់។ ហេតុនោះ មនុស្សខ្លះគិតថាចៀមជាសត្វល្ងង់ខ្លាំងណាស់! អ្នកគង្វាលត្រូវស្វែង រកចៀមដែលបាត់ ហើយនាំវាត្រឡប់មកក្រោលវិញ។ ជាញឹកញាប់អ្នកគង្វាលចាំបាច់ត្រូវបី ឬលីកូនចៀម និងមើលថែវាដោយប្រុងប្រយ័ត្នណាស់។ ពួកអ្នកគង្វាលត្រូវអត់ធ្មត់ និងយល់ដឹងអំពីសត្វចៀមឲ្យបានច្បាស់ទើបអាចមើលថែវាបាន។ ភាគច្រើន ចៀមគឺជារូបស័ព្ទដ៏គ្រប់លក្ខណ៍ជាងគេសំរាប់តំណាងឲ្យ ពួកជំនុំ។ សមាជិកពួកជំនុំត្រូវការអ្នកគង្វាលដ៏ល្អ សំរាប់ថែទាំពួកគេ ដឹកនាំពួកគេ និងការពារពួកគេឲ្យមានសុវត្ថិភាព។
ក្នុងរឿងប្រៀបធៀប ព្រះយេស៊ូវបានមានបន្ទូលអំពីរបៀបដែលសត្វចៀមត្រូវស្តាប់អ្នកគង្វាលដ៏ល្អ និងស្តាប់បង្គាប់ព្រះអង្គ។ ជួនកាលអ្នកគង្វាលចាំបាច់ត្រូវដាក់ហ្វូងចៀមផ្សេងៗពីគ្នាទៅកន្លែងតែមួយដើម្បីងាយស្រួលការពារពួកវា។ ក្រោយមក តើអ្នកគង្វាលត្រូវធ្វើយ៉ាងដូចម្តេចដើម្បីញែកហ្វូងចៀមរបស់ខ្លួនចេញពីហ្វូងចេៀមដែលមិនមែនជាហ្វូងរបស់ខ្លួន? ស្រួលណាស់។ អ្វីដែលអ្នកគង្វាលត្រូវធ្វើគឺគាត់ត្រូវឈរនៅមាត់ទ្វារ ហើយហៅឈ្មោះចៀមឲ្យមករកគាត់។ ចៀមរបស់គាត់វាតែងតែស្គាល់សម្លេងអ្នកគង្វាលរបស់វា។ ពេលណាដែលចៀមបានឮសម្លេងរបស់អ្នកគង្វាលរបស់ពួកវាភ្លាម ពួកវាក៏ញែកខ្លួនចេញពីហ្វូងដទៃ ហើយដើរមករកគាត់ (យ៉ូហាន ១០:៤)។ ពួកជំនុំត្រូវតែស្តាប់បង្គាប់ព្រះសូរសៀងរបស់អ្នកគង្វាលតាមរបៀបដូចគ្នានេះដែរ។ យើងត្រូវតែធ្វើតាមនូវអ្វីដែលព្រះអង្គបង្គាប់យើងឲ្យធ្វើ។ ការរួបរួមគ្នារបស់យើង និងសុវត្ថិភាពរបស់យើងគឺត្រូវពឹងផ្អែកលើការស្តាប់បង្គាប់ព្រះអង្គ។
ថ្ងៃសុក្រ ទី៩ វិច្ឆិកា ឆ្នាំ២០១៨
សិក្សាបន្ថែម
សូមអានពីប្រភពឯកសារទាំងនេះ Ellen G. White, “The Divine Shepherd,” pages, 476-484, in The Desire of Ages; “The Church Earth,” pages 240-243, in Counsels for the Church.
«គម្ពីរសញ្ញាថ្មីបានប្រើរូបស័ព្ទព្រះវិហារដើម្បីជួយយើងឲ្យយល់ថា ពួកជំនុំគឺបរិសុទ្ធល្អណាស់។ ព្រះគម្ពីរក៏បានប្រើរូបស័ព្ទនេះដើម្បីពន្យល់អំពីចំណុចដែលព្រះទ្រង់បានចាប់ផ្តើម និងធ្វើឲ្យពួកជំនុំរីក ចំរើនឡើង។ រូបស័ព្ទនេះក៏ជួយពន្យល់អំពីកិច្ចការរបស់ព្រះយេស៊ូវ និងព្រះវិញ្ញាណ និងភាពត្រូវរ៉ូវគ្នា រវាង ពួកអ្នកជឿផងដែរ។ នៅពេលណាយើងនឹកគិតអំពីព្រះវិហារ ជាញឹកញាប់យើងនឹកឃើញដល់អគារ។ ប៉ុន្តែព្រះគម្ពីរចង់ឲ្យយើងគិតផ្សេងពីអគារវិញ។ ព្រះគម្ពីរចង់ឲ្យយើងសញ្ជឹងគិតអំពីរូបភាពនៃពួកជំនុំដែលព្រះទ្រង់ចង់ស្អាងឡើង មិនមែនរូបភាពមានរួចហើយនោះទេ។ ពិតមែនហើយ ពួកជំនុំគឺជា «ព្រះវិហារនៃព្រះដ៏មានព្រះជន្មរស់» (កូរិនថូសទី២ ៦:១៦)»។ ដកស្រង់ពី John McVay, “Biblical Metaphors for the Church: Building Blocks for Ecclesiology,” in Angel Manuel Rodriguez, editor, Message, Mission and Unity of the Church (Hagerstown, MD: Review and Herald®, 2013, page 52, adapted ។
សំនួរពិភាក្សា៖
- ចូរគិតអំពីរូបស័ព្ទទាំងឡាយដែលយើងបានសិក្សានៅសប្តាហ៍នេះ។ តើរូបស័ព្ទមួយណាដែលលោកអ្នកចូលចិត្តបំផុត? ហេតុអ្វី? តទៅនេះគឺជារូបស័ព្ទផ្សេងទៀតអំពីពួកជំនុំ៖ ធីម៉ូថេទី១ ៣:១៥, ធីម៉ូថេទី២ ២:៣‑៥, ពេត្រុសទី១ ២:៩។ តើរូបស័ព្ទទាំងនេះបង្រៀនយើងអ្វីខ្លះទៀតអំពីពួកជំនុំរបស់យើង?
- «ព្រះទ្រង់ចង់ឲ្យរាស្ត្ររបស់ព្រះអង្គរាប់អានគ្នាជាមិត្តជិតស្និទ្ធនឹងគ្នា។ យើងត្រូវតែមានសេចក្តីជំនឿលើបងប្អូនប្រុសស្រីរបស់យើងទើបពួកជំនុំអាចទទួលជោគជ័យ។ យើងត្រូវតែព្រមព្រៀងគ្នាថាត្រូវធ្វើអ្វីមួយនៅពេលណាមានបញ្ហាកើតឡើងក្នុងពួកជំនុំ។ ប្រសិនបើយើងធ្វើអ្វីមួយខុស ឬដោយខ្ជីខ្ជា យើងអាចនឹងបណ្តាលឲ្យពួកជំនុំមានការឈឺចាប់ និងជួបការលំបាក។ ហើយត្រូវចំណាយពេលជាច្រើនឆ្នាំទើបអាចព្យាបាលរបួសទាំងនេះបាន»។ ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 3, page 446, adapted ។ ការដាស់តឿនអ្វីក៏ខ្លាំងសម្បើមម៉្លេះ! ដូច្នេះ ហេតុអ្វីបានជាយើង ត្រូវការពារការរួបរួមគ្នារបស់យើងក្នុងពួកជំនុំ?
- ហេតុអ្វីបានជាយើងត្រូវជឿទុកចិត្តលើព្រះគុណរបស់ព្រះតែម្យ៉ាងគត់ដើម្បីសង្គ្រោះយើង និងមិនត្រូវទុកចិត្តលើអាកប្បកិរិយាល្អផ្ទាល់ខ្លួននោះ?