ថ្ងៃសៅរ៍ ទី១០ កុម្ភៈ ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ១៦:១០ លេវីវិន័យ ២៧:៣០ លោកុប្បត្តិ ២២:១-១២ ហេព្រើរ ១២:២ លូកា ១១:៤២ ហេព្រើរ ៧:២-១០ នេហេមា១៣។
ខចងចាំ៖ «តែពូជដែលនៅដីល្អ គឺពួកអ្នកដែលមានចិត្តទៀងត្រង់ល្អ ក៏ឮព្រះបន្ទូល ហើយយកចិត្តទុកដាក់ រួចបង្កើតផលដោយសេចក្ដីអត់ធន់វិញ» (លូកា ៨:១៥)។
តើមានអ្វីស្ថិតនៅក្នុងចិត្តស្មោះ? ហើយតើវាបង្ហាញចេញមកខាងក្រៅដោយរបៀបណាដែរ? មនុស្សជាច្រើនសព្វថ្ងៃនេះគិតថា ជួនកាលការកុហកមិនជាបញ្ហាទេ ដរាបណាការកុហកនោះតូចតាច ហើយមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ អ្នកខ្លះទៀតជឿថា ឱកាសនិងកន្លែងពិសេសៗធ្វើឲ្យការកុហកក្លាយជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ ប៉ុន្តែ ព្រះគម្ពីរពុំបានបង្រៀនអំពីគោលគំនិតនេះទេ។
សេចក្តីពិត និងភាពស្មោះត្រង់មិនអាចញែកចេញពីគ្នាបានទេ។ ប៉ុន្តែយើងពុំមានបំណងប្រាថ្នាចង់ស្មោះត្រង់តាំងពីកំណើតមកទេ។ យើងត្រូវតែរៀនប្រាប់អំពីសេចក្តីពិត។ ហើយការធ្វើជាអ្នកចាត់ចែងលើអំណោយទានរបស់ព្រះបានល្អមានន័យថា យើងត្រូវតែស្មោះត្រង់។
រឿងល្អៗនឹងកើតឡើងកាលណាយើងស្មោះត្រង់។ ដូច្នេះហើយ យើងមិនចាំបាច់ភ័យព្រួយអំពីការចាប់កំហុសរឿងកុហក ឬត្រូវរកលេសមកបិទបាំងដែរ។ ដូច្នេះ ភាពស្មោះត្រង់គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតគ្រីស្ទាន។ ជាញឹកញាប់ ក្នុងកំឡុងពេលពិបាកៗ យើងទទួលអារម្មណ៍ថាមានសម្ពាធធ្វើឲ្យយើងត្រឡប់ជាមិនស្មោះត្រង់។ ក្នុងដំណាក់កាលទាំងនេះវាងាយស្រួលណាស់ក្នុងការកុហក។ ដូច្នេះ វាជាការសំខាន់ណាស់ដែលត្រូវតែស្មោះត្រង់គ្រប់ពេលវេលា។
ក្នុងមេរៀនសប្តាហ៍នេះ យើងនឹងសិក្សាអំពីប្រធានបទស្តីពីការស្មោះត្រង់នឹងរឿងលុយកាក់ និងការថ្វាយដង្វាយ១០ហូត១។ ការថ្វាយដង្វាយ១០ហូត១ គឺជាការថ្វាយ១០ភាគរយនៃប្រាក់ទាំងអស់ដែលយើងទទួលបាន។ យើងនឹងសិក្សាថាហេតុអ្វីបានជាការថ្វាយប្រាក់ដង្វាយ១០ហូត១ទៅព្រះមានសារៈសំខាន់ណាស់ចំពោះការងារយើងជាអ្នកមើលការខុសត្រូវលើរបស់ទាំងអស់ដែលព្រះទ្រង់ផ្ទុកផ្តាក់នឹងយើង។
ថ្ងៃអាទិត្យ ទី១១ កុម្ភៈ ឆ្នាំ២០១៨
សេចក្តីត្រូវការសំរាប់ភាពស្មោះត្រង់ផ្ទាល់ខ្លួន
តើលោកអ្នកមានអារម្មណ៍យ៉ាងណាពេលណានរណាម្នាក់កុហកលោកអ្នក? តើលោកអ្នកសប្បាយចិត្តទេ? ពិតណាស់ គឺមិនចូលចិត្តទេ! វាជាការងាយណាស់ដែលបានឃើញថាមនុស្សជាច្រើនដែលកុហកតែងតែមាន បញ្ហា។ ប៉ុន្តវាមិនងាយទេក្នុងការយល់ដឹងអំពីបញ្ហានេះក្នុងខ្លួនយើងនោះ។ ហើយពេលណាដែលយើងជួបវា យើងហាក់ដូចជាចង់តែដោះសាការកុហក ឬរកហេតុផលផ្សេងៗដើម្បីធ្វើឲ្យការកុហកនោះមានភាពធូរស្រាល។ យើងអាចនឹងនិយាយថា អូ រឿងដែលខ្ញុំកុហកនោះវាមិនអាក្រក់ទេ។ សរុបសេចក្តីទៅ វាគ្រាន់តែជាការកុហកតូចមួយហ្នឹង។ រឿងនេះវាមិនសូវសំខាន់ទេ។ យើងអាចនឹងបញ្ឆោតខ្លួនឯងថាការកុហករបស់យើងវាមិនអាក្រក់ពេកទេ។ ប៉ុន្តែ យើងមិនអាចបញ្ឆោតព្រះបានទេ។
សមាជិកព្រះវិហារជាច្រើនរូបនិយាយថា ពួកគេជឿលើសេចក្តីពិតហើយ។ ប៉ុន្តែពួកគេនៅមិនទាន់ស្មោះត្រង់នឹងរឿងពាក្យសម្តីនិងទង្វើនៅឡើយ។ ការកុហករបស់ពួកគេធ្វើឲ្យជីវិតព្រលឹងវិញ្ញាណរបស់ពួកគេស្ទើរក្តៅស្ទើរត្រជាក់។ ពួកគេពុំទាន់នៅជាប់ជាមួយព្រះគ្រីស្ទនៅឡើយទេ។ នេះហើយជាមូលហេតុដែលពួកគេកំពុងបញ្ឆោតព្រលឹងរបស់ខ្លួនឯងនោះ» (ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 4, page 310, adapted)។
សូមអានលូកា១៦:១០។ តើព្រះយេស៊ូវបានប្រទានច្បាប់ដ៏សំខាន់អ្វីនៅក្នុងខនេះ? តើច្បាប់នោះជួយយើងឲ្យមើលឃើញអំពីសារៈសំខាន់យ៉ាងណាខ្លះក្នុងការស្មោះត្រង់ បើទោះបីជាក្នុង «ការតូចបំផុត» ក្តី (លូកា១៦:១០)?
ព្រះទ្រង់ជ្រាបថា កាលណាប្រឈមនឹងរឿងផ្ទាល់ខ្លួនយើងរាល់គ្នាងាយនឹងប្រែក្លាយជាមិនស្មោះត្រង់ណាស់។ ដូច្នេះហើយបានជាព្រះអង្គប្រទានឲ្យយើងនូវ «ការព្យាបាល» ដ៏មានអំណាច ដើម្បីជួយយើងកុំឲ្យវៀចវេរ ឬអាត្មានិយម។ តើព្រះជាម្ចាស់បានសូមឲ្យយើងធ្វើអ្វីដើម្បីកុំឲ្យយើងធ្លាក់ទៅក្នុងអំពើបាបនេះ? ព្រះជាម្ចាស់បានសូមឲ្យយើងថ្វាយដង្វាយ១០ហូត១ទៅព្រះអង្គ។ ការថ្វាយដង្វាយ១០ហូត១មានន័យថាការថ្វាយដង្វាយ១០ភាគរយពីអ្វីដែលយើងបានទទួលទៅព្រះជាម្ចាស់វិញ។
សូមអានលេវីវិន័យ ២៧:៣០ និងម៉ាឡាគី ៣:៨។ តើខទាំងនេះបង្រៀនអំពីអ្វីខ្លះ? តើសេចក្តីពិតនេះជួយយើងយ៉ាងណាឲ្យបន្តស្មោះត្រង់តទៅទៀត?
«ព្រះទ្រង់ពុំបានសូមយើងថ្វាយដង្វាយដោយសារតែយើងមានអារម្មណ៍ថាខ្លួនមិនអាត្មានិយមនោះឡើយ។ ហើយព្រះអង្គក៏ពុំបានសូមឲ្យយើងថ្វាយដោយសារតែយើងមានអារម្មណ៍ថាអរគុណព្រះអង្គដែរ។ ផ្ទុយទៅវិញ យើងថ្វាយ១០ភាគរយនៃប្រាក់ចំណូលទៅព្រះអង្គដោយសារតែទង្វើនេះស្មោះត្រង់។ រួមសេចក្តីមក ដង្វាយ១០ហូត១គឺជារបស់ផងព្រះអម្ចាស់។ ហើយព្រះអង្គសូមឲ្យយើងថ្វាយទៅព្រះអង្គវិញ។ សេចក្តីស្មោះត្រង់គឺជាច្បាប់ដ៏សំខាន់មួយក្នុងការធ្វើជាជំនួយជីវិត។ ដូចគ្នានេះដែរ សេចក្តីស្មោះត្រង់គួរតែជាផ្នែកមួយនៃទង្វើគ្រប់យ៉ាងដែលយើងធ្វើថ្វាយព្រះជាម្ចាស់» (ដកស្រង់ពី Ellen G. White, Education, pages 138, 139, adapted)។
តើការថ្វាយដង្វាយ១០ហូត១ជួយលោកអ្នកឲ្យនឹកចាំថានរណាពិតជាម្ចាស់លើរបស់ទាំងអស់ដែលលោកអ្នកមានដោយរបៀបណា? ហេតុអ្វីបានជាសំខាន់ខ្លាំងម្ល៉េះដែលមិនត្រូវភ្លេចថានរណាជាម្ចាស់លើរបស់ទាំងអស់ដែលយើងមាន?
ថ្ងៃច័ន្ទ ទី១២ កុម្ភៈ ឆ្នាំ២០១៨
ជីវិតនៃសេចក្តីជំនឿ
សូមអានលោកុប្បត្តិ២២:១-១២។ តើរឿងនេះប្រាប់យើងឲ្យដឹងថាសេចក្តីជំនឿរបស់លោកអ័ប្រាហាំខ្លាំងកំរិតណា?
ជីវិតនៃសេចក្តីជំនឿពុំមែនបានមកពីការឈរលើជំនឿត្រឹមតែម្តងនោះទេ។ យើងមិនមែនបង្ហាញប្រាប់ថាយើងស្មោះត្រង់ដោយគ្រាន់តែចែកចាយសេចក្តីជំនឿតាមរយៈទីបន្ទាល់ដ៏អស្ចារ្យតែម្តងនោះទេ។
គ្រីស្ទានជាច្រើនមានការអស្ចារ្យនឹងទីបន្ទាល់នៃសេចក្តីជំនឿរបស់លោកអ័ប្រាហាំដែលហ៊ានថ្វាយអ៊ីសាកនៅលើភ្នំម៉ូរីយ៉ា (លោកុប្បត្តិ២២)។ ប៉ុន្តែលោកអ័ប្រាហាំមិនមែនបង្ហាញសេចក្តីជំនឿរបស់លោកត្រឹមតែម្តងក្នុងមួយជីវិតរបស់លោកនោះទេ។ មែនហើយ លោកអ័ប្រាហាំបានរស់នៅប្រកបដោយសេចក្តីជំនឿនិងការស្តាប់បង្គាប់មុនពេលដែលការប្រព្រឹត្តបង្ហាញសេចក្តីជំនឿនៅភ្នំម៉ូរីយ៉ានោះទៅទៀត។ (ភាគច្រើនគឺយ៉ាងនោះមែន!)។ ជាការពិត សេចក្តីជំនឿអ័ប្រាហាំបានជួយគាត់ឲ្យអាចធ្វើការលះបង់ដ៏ធំនៅភ្នំម៉ូរីយ៉ា។ ប៉ុន្តែសួរថាតើនឹងមានអ្វីកើតឡើងប្រសិនបើលោកអ័ប្រាហាំមិនស្មោះត្រង់ចំពោះព្រះមុនពេលដែលព្រះបានសូមឲ្យគាត់ថ្វាយកូនរបស់គាត់នៅលើភ្នំម៉ូរីយ៉ា? បើដូច្នេះមែន លោកអ័ប្រាហាំមិនអាចឈ្នះលើការសាកល្បងនោះឡើយ។ ប៉ុន្តែលោកអ័ប្រាហាំបានឈ្នះលើការសាកល្បងនោះពីព្រោះលោកគឺជាមនុស្សដែលប្រកបដោយសេចក្តីជំនឿ។ លោកអ័ប្រាហាំក៏បានរស់នៅប្រកបដោយសេចក្តីជំនឿបន្ទាប់ពីព្រះបានបង្ហាញអំពីភាពស្មោះត្រង់របស់លោកនៅលើភ្នំម៉ូរីយ៉ាហើយក្តី។
តើសាច់រឿងរបស់លោកអ័ប្រាហាំបានបង្រៀនមេរៀនអ្វីខ្លះដល់យើងដែលជាអ្នកមើលការខុសត្រូវរបស់ព្រះ? យើងដឹងថាយើងមិនត្រូវបង្ហាញសេចក្តីជំនឿត្រឹមតែម្តងនោះឡើយ។ កាន់តែធ្វើទីបន្ទាល់ សេចក្តីជំនឿរបស់យើងកាន់តែរឹងមាំនិងស៊ីជំរៅ។ បើមិនដូច្នោះទេ សេចក្តីជំនឿរបស់យើងនឹងកាន់តែខ្សោយទៅៗមិនខាន។ គ្រប់យ៉ាងត្រូវពឹងលើថាតើយើងត្រូវស្អាងសេចក្តីជំនឿរបស់ខ្លួនដោយរបៀបណា។
សូមអានហេព្រើរ១២:២។ តើខនេះប្រាប់យើងថាសេចក្តីជំនឿរបស់យើងមានប្រភពមកពីណា ហើយតើត្រូវធ្វើយ៉ាងណាដើម្បីឲ្យបានសេចក្តីជំនឿនេះ?
យើងត្រូវតែធ្វើជាអ្នកមើលការខុសត្រូវដ៏ស្មោះត្រង់លើរបស់គ្រប់យ៉ាងដែលព្រះទ្រង់ប្រគល់ដល់យើង។ មធ្យោបាយតែមួយដើម្បីឲ្យធ្វើការនេះបានគឺត្រូវ «រំពឹងមើលដល់ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ» (ហេព្រើរ១២:២)។ ពាក្យថា «មេ សំរេចសេចក្ដីជំនឿរបស់យើង» គឺឃើញមានតែម្តងនេះគត់ក្នុងគម្ពីរសញ្ញាថ្មីទាំងមូល។ ពាក្យនេះគឺអាចសរសេរថា «ព្រះយេស៊ូវគឺជាអ្នកដែលធ្វើឲ្យយើងបានគ្រប់លក្ខណ៍» ក៏បាន។ មានន័យថា ព្រះយេស៊ូវចង់ជួយឲ្យសេចក្តីជំនឿរបស់យើងលូតលាស់ឡើងរហូតដល់ពេញខ្នាត (ហេព្រើរ៦:១, ២)។ ដូច្នេះហើយបានជាយើងត្រូវរស់ដោយសេចក្តីជំនឿ។ នោះយើងនឹងកាន់តែលូតលាស់ឡើងជាលំដាប់មិនខាន។
តើសេចក្តីជំនឿរបស់លោកអ្នកបានចំរើនលូតលាស់ខ្លាំងឡើងទេបច្ចុប្បន្ននេះ? ឬមួយលោកអ្នកមានអារម្មណ៍ថាសេចក្តីជំនឿរបស់លោកអ្នកធ្លាក់ចុះខ្សោយ។ បើមែន ហេតុអ្វីបានជាចុះខ្សោយ?
ថ្ងៃអង្គារ ទី១៣ កុម្ភៈ ឆ្នាំ២០១៨
ការបង្ហាញសេចក្តីជំនឿរបស់យើង
ម្សិលមិញ យើងបានរៀនរួចហើយថា សេចក្តីជំនឿគឺជាបទពិសោធន៍មួយដែលត្រូវតែបន្តលូតលាស់ទៅមុខទៀត។ ព្រះយេស៊ូវជួយឲ្យសេចក្តីជំនឿរបស់យើងលូតលាស់ឡើងរហូតដល់ពេញខ្នាត។ មធ្យោបាយមួយដែលព្រះអាចធ្វើឲ្យ «សំរេចសេចក្ដីជំនឿរបស់យើង» គឺសូមឲ្យយើងថ្វាយដង្វាយ១០ហូត១។ ការថ្វាយដង្វាយ១០ហូត១គឺជាការថ្វាយ១០ភាគរយកពីប្រាក់ដែលយើងទទួលបាន។ យើងត្រូវតែយល់អំពីរបៀបថ្វាយដង្វាយនេះឲ្យបានត្រឹមត្រូវ។ ការថ្វាយដង្វាយ១០ហូត១ពុំមែនជាការទិញផ្លូវនាំយើងចូលទៅឋានសួគ៌នោះឡើយ។ មិនមែនទាល់តែសោះ! ផ្ទុយទៅវិញ ការថ្វាយដង្វាយ១០ហូត១គឺជាវិធីដែលយើងត្រូវបង្ហាញសេចក្តីជំនឿរបស់យើង ។ ការថ្វាយដង្វាយ១០ហូត១បង្ហាញពីអ្វីដែលយើងជឿនៅក្នុងចិត្ត។
អ្នកខ្លះនិយាយថា ខ្លួនក៏មានសេចក្តីជំនឿលើព្រះជាម្ចាស់ និងព្រះយេស៊ូវដែរ។ ប៉ុន្តែយើងក៏ដឹងថា «ពួកអារក្សក៏ជឿដូច្នោះដែរ» (យ៉ាកុប២:១៩)។ ប៉ុន្តែសេចក្តីជំនឿគឺធំជាងអ្វីដែលយើងជឿទៅទៀត។ សេចក្តីជំនឿគឺជាអ្វីដែលយើងធ្វើ។ ដូច្នេះ ពេលណាយើងយក១០ភាគរយថ្វាយទៅព្រះវិញបានន័យថាយើងបានបង្ហាញសេចក្តីជំនឿរបស់យើងហើយ។
សូមអានលូកា១១:៤២។ ហេតុអ្វីបានជាព្រះយេស៊ូវមានបន្ទូលថា យើងត្រូវនឹកចាំជានិច្ចថាត្រូវថ្វាយដង្វាយ១០ហូត១? តើការថ្វាយដង្វាយ១០ហូត១បង្ហាញថាយើងបានថ្វាយស្មើភាគគ្នាជាមួយអ្នកដទៃទៀតយ៉ាងណា និងបង្ហាញថាយើងស្រឡាញ់ព្រះយ៉ាងណាដែរ?
ការថ្វាយដង្វាយ១០ហូត១បង្ហាញថាយើងបានពឹងពាក់លើព្រះជាម្ចាស់។ ការថ្វាយដង្វាយ១០ហូត១ក៏បង្ហាញផងដែរថា យើងបានជឿទុកចិត្តលើព្រះយេស៊ូវដែលបានសង្គ្រោះយើង។ ហើយការថ្វាយដង្វាយ១០ហូត១បង្ហាញថាយើងជឿថា ព្រះទ្រង់ «បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ នៅស្ថានដ៏ខ្ពស់» (អេភេសូរ១:៣)។ ការថ្វាយដង្វាយ១០ហូត១ក៏បង្ហាញថា យើងជឿលើសេចក្តីសន្យារបស់ព្រះដែលថានឹងប្រទានដល់យើងថែមទៀតដែរ។
សូមអានលោកុប្បត្តិ២៨:១៤-២២។ ដូចដែលបានបង្ហាញក្នុងខទាំងនេះ ព្រះបានសន្យាជាមួយនឹងលោក យ៉ាកុប។ តើលោកយ៉ាកុបឆ្លើយតបវិញយ៉ាងដូចម្តេចដែរ?
«ព្រះទ្រង់បានរៀបផែនការនៃការថ្វាយដង្វាយ១០ហូត១។ នេះគឺជាផែនការដ៏ល្អហើយសាមញ្ញ។ គ្រប់គ្នាអាចធ្វើតាមបានដោយសេចក្តីជំនឿនិងសេចក្តីក្លាហាន ពីព្រោះដង្វាយនោះបានមកពីព្រះជាម្ចាស់នោះឯង។ ផែនការនេះចងក្រងឡើងពីអ្វីដែលសាមញ្ញនិងអ្វីដែលមានប្រយោជន៍។ បើគ្មានចំណេះដឹងពិសេសក៏យើងអាចយល់និងធ្វើតាមផែនការនេះបានដែរ។ គ្រប់គ្នាសុទ្ធតែមានចំណែកក្នុងកិច្ចការសង្គ្រោះដ៏វិសេសនេះ។ ហើយបុរស ស្ត្រី និងយុវជនគ្រប់រូបសុទ្ធតែអាចធ្វើជាអ្នកមើលការខុសត្រូវលើប្រាក់របស់ព្រះអម្ចាស់។ គ្រប់គ្នាសុទ្ធតែអាចធ្វើជាអ្នកជួយកាលណាបើពួកជំនុំត្រូវការប្រាក់សំរាប់ការងារបំរើព្រះ» (ដកស្រង់ពី Ellen G. White, Counsels on Stewardship, page 73, adapted)។
តើលោកអ្នកធ្លាប់ទទួលបានអារម្មណ៍ថាបានទទួលរង្វាន់ឬព្រះពរពីការថ្វាយដង្វាយ១០ហូត១ដែរឬទេ? បើមែន តើបែបណាដែរ? តើការថ្វាយដង្វាយ១០ហូត១ជួយឲ្យសេចក្តីជំនឿរបស់លោកអ្នកលូតលាស់ឡើងយ៉ាងណាខ្លះដែរ?
ថ្ងៃពុធ ទី១៤ កុម្ភៈ ឆ្នាំ២០១៨
បរិសុទ្ធសំរាប់ព្រះអម្ចាស់ (លេវីវិន័យ២៧:៣០)
ព្រះជាម្ចាស់សូមឲ្យយើងថ្វាយដង្វាយ១០ហូត១ទៅព្រះអង្គ។ ដង្វាយ១០ហូត១គឺជាចំណែក១០ភាគរយពីប្រាក់ចំណូលដែលយើងទទួលបាន។ ប៉ុន្តែ តើយើងត្រូវថ្វាយទៅព្រះនូវអ្វីដែលជារបស់ព្រះអង្គដោយរបៀបណា?
សូមអានលេវីវិន័យ២៧:៣០។ តើគោលគំនិតសំខាន់ពីរស្តីអំពីការថ្វាយដង្វាយ១០ហូត១ដែលរកឃើញនៅក្នុងខនេះគឺជាអ្វីខ្លះ?
«ដង្វាយ១០ហូត១គឺជារបស់ផងព្រះអម្ចាស់។ ដូច្នេះបានជាវាបរិសុទ្ធ។ ដង្វាយនេះមិនអាចក្លាយជាបរិសុទ្ធដោយសារតែយើងសន្យាថាត្រូវតែថ្វាយទៅព្រះនោះទេ។ ហើយដង្វាយនេះក៏មិនមែនបរិសុទ្ធដោយសារតែយើងថ្វាយទៅព្រះអង្គដែរ។ ផ្ទុយទៅវិញ វាបរិសុទ្ធដោយសារតែវាជារបស់ព្រះអម្ចាស់រួចទៅហើយ។ គ្មានអ្នកណាមានសិទ្ធិលើដង្វាយ១០ហូត១នេះឡើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចធ្វើឲ្យដង្វាយនេះបរិសុទ្ធដោយសារការថ្វាយទៅព្រះអម្ចាស់នោះឡើយ។ ហេតុអ្វីបានជាយ៉ាងដូច្នោះ? ពីព្រោះដង្វាយ១០ហូត១គឺមិនធ្លាប់ជារបស់ផងយើងទាល់តែសោះ» (ដកស្រង់ពី Angel Manuel Rodriguez, Stewardship Roots. Silver Spring, MD: Stewardship Ministries Department, 1994, page 52 adapted)។
យើងមិនអាចធ្វើឲ្យដង្វាយ១០ហូត១បរិសុទ្ធបានឡើយ។ ប៉ុន្តែព្រះទ្រង់អាច។ មានតែព្រះអង្គប៉ុណ្ណោះដែលមានអំណាចនោះ។ យើងរាល់គ្នាបានត្រឹមតែធ្វើជាអ្នកមើលការខុសត្រូវរបស់ព្រះអង្គប៉ុណ្ណោះ។ ភារកិច្ចរបស់យើងគឺត្រូវថ្វាយអ្វីដែលជារបស់ព្រះជាម្ចាស់ត្រឡប់ទៅព្រះអង្គវិញ។ យើងថ្វាយដង្វាយ១០ហូត១ទៅព្រះសំរាប់ការងារពិសេស។ ការប្រើដង្វាយ១០ហូត១សំរាប់ហេតុផលផ្សេងទៀតគឺមិនស្មោះត្រង់ឡើយ។ ការថ្វាយដង្វាយ១០ហូត១គឺជារឿងដែលយើងរាល់គ្នាជានិច្ចកាលគួរធ្វើ។
ក្នុងហេព្រើរ៧:២-១០ លោកប៉ុលមានប្រសាសន៍ថា លោកអ័ប្រាហាំបានថ្វាយដង្វាយ១០ហូត១ទៅលោក ម៉ិលគីស្សាដែក។ តើលោកអ័ប្រាហាំបង្ហាញហេតុផលពិតសំរាប់ការថ្វាយដង្វាយ១០ហូត១នេះដោយរបៀបណា? តើលោកអ័ប្រាហាំកំពុងតែថ្វាយដង្វាយ១០ហូត១នេះទៅនរណាឲ្យពិតប្រាកដទៅ?
ទាំងថ្ងៃសប្បាតហ៍ និងដង្វាយ១០ហូត១ គឺសុទ្ធតែបរិសុទ្ធ។ ពាក្យថា «បរិសុទ្ធ» មានន័យថា អ្វីមួយដែល «ទុកប្រើសំរាប់តែព្រះជាម្ចាស់ប៉ុណ្ណោះ»។ ទាំងថ្ងៃសប្បាតហ៍ និងដង្វាយ១០ហូត១គឺជារបស់ផងព្រះជាម្ចាស់។ «ព្រះទ្រង់បានបង្កើតថ្ងៃទីប្រាំពីរឲ្យបរិសុទ្ធ។ ព្រះអង្គបានញែកថ្ងៃសប្បាតហ៍ចេញពីថ្ងៃផ្សេងទៀត។ ថ្ងៃ សប្បាតហ៍សម័យសព្វថ្ងៃនេះក៏បរិសុទ្ធដូចជាថ្ងៃសប្បាតហ៍ដំបូងកាលគ្រាបង្កបង្កើតលោកដែរ។
«ដង្វាយ១០ហូត១ត្រូវតែបានញែកចេញពីអ្វីដែលយើងរកបាន។ ជាការពិត វា «បរិសុទ្ធចំពោះព្រះអម្ចាស់»។ គម្ពីរសញ្ញាថ្មីពុំបានពន្យល់ហេតុអ្វីបានជាយើងគួរថ្វាយដង្វាយ១០ហូត១ ឬរក្សាថ្ងៃសប្បាតហ៍ឡើយ។ ហេតុផលសំរាប់រឿងទាំងពីរនេះគឺច្បាស់ហើយ... យើងថ្វាយទៅព្រះនូវពេលវេលាដែលព្រះអង្គបានញែកចេញជារបស់ផងព្រះអង្គ។ ហើយយើងថ្វាយទៅព្រះអង្គវិញនូវផ្នែកនៃប្រាក់ដែលយើងរកបាន ព្រោះវាជារបស់ផងព្រះអង្គ» (ដកស្រង់ពី Ellen G. White, Counsels on Stewardship, page 66, adapted)។
តើធ្វើដូចម្ដេចទើបលោកអ្នកអាចនឹកចាំជានិច្ចថា ដង្វាយ១០ហូត១របស់លោកអ្នកបរិសុទ្ធ?
ថ្ងៃព្រហស្បតិ៍ ទី១៥ កុម្ភៈ ឆ្នាំ២០១៨
ការថ្វាយទៅព្រះនាំមកនូវជីវិតថ្មីក្នុងព្រះយេស៊ូវ
ហេសេគាគឺជាស្តេចរបស់យូដា។ ព្រះអង្គបានគ្រងរាជ្យអស់រយៈកាលជាយូរឆ្នាំ។ ព្រះទ្រង់បានប្រទានពរយ៉ាងច្រើនដល់ប្រជារាស្ត្ររបស់ព្រះអង្គក្នុងកំឡុងពេលនោះ។ ជាការពិត ព្រះជាម្ចាស់ក៏ធ្លាប់បានប្រទានពរដល់ រាស្ត្ររបស់ព្រះអង្គយ៉ាងច្រើនក្នុងរជ្ជកាលស្តេចដាវីឌ និងរជ្ជកាលស្តេចសាឡូម៉ូនសោយរាជ្យលើអ៊ីស្រាអែលដែរ។ យើងអាចរកឃើញរឿងរ៉ាវស្តីអំពីស្តេចហេសេគាក្នុងរបាក្សត្រទី២ ជំពូក២៩ដល់៣១។ រឿងនេះប្រាប់យើងអំពីពេលវេលាដ៏ពិសេស ដែលមានការលូតលាស់ខាងព្រលឹងវិញ្ញាណ ក្នុងអាណាចក្ររបស់ស្តេចហេសេគា។ ស្តេចហេសេគា «បានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា» (របាក្សត្រទី២ ២៩:២)។ ក្នុងកំឡុងពេលនោះ ការថ្វាយបង្គំព្រះក្នុង «ព្រះវិហារនៃព្រះយេហូវ៉ាបានតាំងឡើងវិញដូចដើម» ផងដែរ (របាក្សត្រទី២ ២៩:៣៥ សូមអានរបាក្សត្រទី២ ៣០:៥)។ «ដូច្នេះ មានសេចក្តីអំណរជាខ្លាំងនៅក្នុងក្រុងយេរូសាឡិម» (របាក្សត្រទី២ ៣០:២៦)។ រូបសំណាកនៃព្រះក្លែងក្លាយ និងអាសនាទាំងប៉ុន្មានត្រូវបានបំផ្លាញចោល (របាក្សត្រទី២ ៣១:១)។ ជីវិតព្រលឹងវិញ្ញាណថ្មីបានភ្ញាក់រឭកក្នុងចិត្តគំនិតរបស់ប្រជារាស្ត្រ។ រឿងនេះបានបណ្តាលឲ្យពួកគេថ្វាយដង្វាយជាច្រើនទៅព្រះជាម្ចាស់ និងទាំងថ្វាយដង្វាយ១០ហូត១ផង។ ដង្វាយ១០ហូត១គឺជាចំណែក១០ភាគរយនៃប្រាក់ដែលមនុស្សម្នាក់ៗទទួលបាន។
ក្នុងនេហេមា៩:២, ៣ លោកនេហេមាបានផ្តល់នូវគំរូមួយទៀតស្តីអំពីទំនាក់ទំនងរវាងជីវិតព្រលឹងវិញ្ញាណថ្មីនិងការថ្វាយដង្វាយ១០ហូត១។ ដូចដែលបានបង្ហាញក្នុងខទាំងនេះ ពាក្យថា ជីវិតព្រលឹងវិញ្ញាណថ្មី មានន័យយ៉ាងដូចម្ដេច? ឥឡូវនេះសូមអាននេហេមាជំពូក១៣អំពីរបៀបដែលលោកនេហេមានាំមកនូវការផ្លាស់ប្តូរដែលប្រសើរជាងមុន។ លោកបានធ្វើឲ្យព្រះវិហាររបស់ព្រះកាន់តែរីកចំរើនឡើង (នេហេមា ១៣:៤-៩)។ បន្ទាប់មក តើប្រជារាស្ត្រ យូដាបាននាំយកអ្វីមកថ្វាយនៅទីនោះ? (សូមអាននេហេមា ១៣:១២ សំរាប់ចម្លើយ)។
«ជីវិតថ្មីក្នុងព្រះយេស៊ូវ និងការធ្វើឲ្យជីវិតព្រលឹងវិញ្ញាណរបស់យើងប្រសើរឡើងគឺជារឿងពីរផ្សេងគ្នា។ ជីវិតថ្មីក្នុងព្រះយេស៊ូវបង្ហាញថាយើងមានជីវិតព្រលឹងវិញ្ញាណថ្មីមួយហើយ។ ជីវិតថ្មីក្នុងព្រះយេស៊ូវមានន័យថា អំណាចនៃចិត្តគំនិតរបស់យើងបានទទួលជីវិតថ្មី។ ជីវិតថ្មីក្នុងព្រះយេស៊ូវក៏មានន័យផងដែរថា ការរស់ឡើងវិញបន្ទាប់ពីសេចក្តីស្លាប់ខាងឯវិញ្ញាណ។ ប៉ុន្តែ ការធ្វើឲ្យជីវិតខាងព្រលឹងវិញ្ញាណប្រសើរឡើងមានន័យថាជាការផ្លាស់ប្តូរគោលគំនិតនិងជំនឿ ហើយនិងការផ្លាស់ប្តូរគ្រប់យ៉ាងដែលយើងធ្វើ និងរបៀបដែលយើងប្រព្រឹត្តផង» (ដកស្រង់ពី Ellen G. White, Christian Service, page 42, adapted)។
មានទំនាក់ទំនងគ្នារវាងជីវិតព្រលឹងវិញ្ញាណថ្មី និងការថ្វាយដង្វាយ១០ហូត១។ តើមានអ្វីកើតឡើងប្រសិនបើមិនថ្វាយដង្វាយ១០ហូត១? ដូច្នេះ បទពិសោធន៍នៃជីវិតព្រលឹងវិញ្ញាណថ្មីរបស់យើងនឹងប្រែក្លាយជាស្ទើរក្តៅស្ទើរត្រជាក់។ ជីវិតខាងព្រលឹងវិញ្ញាណរបស់យើងក៏នឹងលែងមានអំណាចផងដែរ។ ប៉ុន្តែព្រះទ្រង់ប្រទានឲ្យយើងនូវជីវិតខាងព្រលឹងវិញ្ញាណថ្មី និងធ្វើឲ្យផ្លូវជីវិតរបស់យើងកាន់តែប្រសើរឡើង។ ការផ្លាស់ប្តូរទាំងនេះគឺពិតជាមធ្យោបាយមួយរបស់ព្រះអង្គក្នុងការសូមឲ្យយើងសន្យាថាមានការកែទំរង់។ ហើយការថ្វាយដង្វាយ១០ហូត១គឺជាផ្នែកមួយនៃសេចក្តីសន្យានោះ។ ដូច្នេះ យើងមិនអាចរក្សាទុកដង្វាយ១០ហូត១បានទេ។ ប្រសិនបើយើងរក្សាវាទុក យើងមិនអាចរំពឹងឲ្យព្រះអង្គឆ្លើយតបនូវអ្វីដែលយើងសូមពីព្រះអង្គបានទៀតទេ។
ថ្ងៃសុក្រ ទី១៦ កុម្ភៈ ឆ្នាំ២០១៨
សិក្សាបន្ថែម
ព្រះទ្រង់បាននាំមកនូវសេចក្តីសញ្ញាទាំងអស់ជាមួយរាស្ត្ររបស់ព្រះអង្គ។ ហើយព្រះអង្គនាំមុខក្នុងការដឹកនាំរាស្ត្ររបស់ព្រះអង្គឲ្យទទួលយកសេចក្តីសញ្ញាទាំងនេះ (ហេព្រើរ៨:១០)។ សេចក្តីសញ្ញាទាំងចាស់ទាំងថ្មីមានភ្ជាប់មកជាមួយនូវសេចក្តីសន្យាជាច្រើន។ សេចក្តីសន្យាទាំងនេះបង្ហាញឲ្យឃើញនូវព្រះគុណ សេចក្តីមេត្តា និងបំណងប្រាថ្នាសង្គ្រោះយើងរាល់គ្នា។
សេចក្តីសញ្ញាជាមួយនឹងព្រះជាម្ចាស់រាប់បញ្ចូលសមាសភាពជាច្រើន រួមមាន៖ ១) ព្រះជាម្ចាស់ ២)ប្រជា រាស្ត្ររបស់ព្រះដែលទទួលយកសេចក្តីសញ្ញានោះ ៣)ច្បាប់នៃសេចក្តីសញ្ញា ៤)ការទទួលយកសេចក្តីសញ្ញាដោយព្រះជាម្ចាស់និងរាស្ត្ររបស់ព្រះអង្គ ៥) ការដាក់ទោសចំពោះការបំពានលើសេចក្តីសញ្ញា ៦) វិធីជាច្រើនដែលព្រះទ្រង់នឹងប្រទានពររាស្ត្ររបស់ព្រះអង្គពីព្រោះពួកគេគោរពសេចក្តីសញ្ញានោះ។ ក្នុងខព្រះគម្ពីរម៉ាឡាគី ៣:៩, ១០ យើងរកឃើញ៦ផ្នែកនៃសេចក្តីសញ្ញាក្នុងការបង្រៀនអំពីការថ្វាយដង្វាយ១០ហូត១។ ការថ្វាយ ដង្វាយ១០ហូត១ គឺជាការថ្វាយចំណែក១០ភាគរយពីប្រាក់ចំណូលរបស់យើងត្រឡប់ទៅព្រះវិញ។ ខទាំងនេះក៏ប្រាប់យើងផងដែរអំពីវិធីដ៏វិសេសដែលព្រះនឹងប្រទានពររាស្ត្ររបស់ព្រះអង្គដែលបានថ្វាយដង្វាយ១០ហូត១។ ការថ្វាយដង្វាយ១០ហូត១ទៅព្រះអង្គបង្ហាញឲ្យឃើញនូវសេចក្តីជំនឿដែលយើងមានលើព្រះជាម្ចាស់។ វាបង្ហាញថាយើងបានបដិសេធមិនយកទ្រព្យសម្បត្តិធ្វើជាព្រះក្នុងជីវិតរបស់យើងឡើយ។ ហើយការថ្វាយដង្វាយ១០ហូត១បង្ហាញថា មានអ្វីល្អៗអាចចេញពីចិត្តរបស់បាបជនដែលព្រះបានបង្កើតជាថ្មីហើយ។
«វិញ្ញាណអាត្មានិយមបានរារាំងមនុស្សមិនឲ្យថ្វាយប្រាក់ដែលជារបស់ផងទ្រង់ទៅព្រះអង្គវិញឡើយ។ ព្រះទ្រង់ក៏បានបង្កើតសេចក្តីសញ្ញាជាមួយនឹងមនុស្ស។ ព្រះអង្គសន្យាថាព្រះអង្គនឹងធ្វើអ្វីមួយប្រសិនបើពួកគេយល់ព្រមថ្វាយដង្វាយ១០ហូត១ត្រឡប់ទៅព្រះអង្គវិញ។ ប្រាក់នេះគឺត្រូវបានប្រើប្រាស់សំរាប់ស្ថាបនានគររបស់ព្រះគ្រីស្ទ។ តើមានអ្វីកើតឡើងប្រសិនបើរាស្ត្ររបស់ព្រះអង្គព្រមញែកថ្វាយដង្វាយ១០ហូត១ពីប្រាក់ដែលពួកគេរកចំណូលបាន? ដូច្នេះ ព្រះទ្រង់សន្យាថាព្រះអង្គនឹងប្រទានពរពួកគេតាមវិធីដ៏អស្ចារ្យ។ ព្រះអង្គនឹងប្រទានពរឲ្យពួកគេយ៉ាងច្រើនរហូតដល់ពេញហៀរឃ្លាំងថែមទៀតផង។ ប៉ុន្តែចុះប្រសិនបើមនុស្សមិនព្រមថ្វាយទៅព្រះអង្គវិញយ៉ាងម៉េចដែរ? ដូច្នេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ថា «ឯងរាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវ បណ្តាសាហើយ ដោយព្រោះតែងតែកោងយករបស់អញយ៉ាងដូច្នេះ» (ម៉ាឡាគី៣:៩)។ ដកស្រង់ពី (Ellen G. White, Counsels on Stewardship, page 77, adapted)។
សំនួរពិភាក្សា៖
- ហេតុអ្វីបានជាការថ្វាយដង្វាយ១០ហូត១គឺជាផ្នែកដ៏សំខាន់នៃសេចក្តីជំនឿរបស់យើង?
- តើលោកអ្នកគួរមានដំបូន្មានអ្វីទៅកាន់មនុស្សដែលនិយាយថា «ខ្ញុំពុំមានលទ្ធភាពនឹងថ្វាយដង្វាយ១០ហូត១ទេ»? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយមនុស្សនេះ?
- ដង្វាយ១០ហូត១ជារបស់បរិសុទ្ធ។ តើការពិតនេះអាចជួយឲ្យអារម្មណ៍ និងគំនិតអំពីការថ្វាយដង្វាយ១០ហូត១របស់លោកអ្នកផ្លាស់ប្តូរដោយរបៀបណា?