មេរៀនទី៧​៖ ១២-១៨ ឧសភា ២០១៨

ម៉ាថាយជំពូក២៤ និង២៥

Jeans
ថ្ងៃសៅរ៍ ទី១២ ឧសភា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាថាយ២៤:១-២៥,​ វិវរណៈ១៣:១១-១៧, ម៉ាថាយ៧:២៤-២៧, លូកា២១:២០។

ខចងចាំ៖ «ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែងក្លាយ ហើយ​ហោរា​ក្លែងក្លាយ​កើត​ឡើង គេ​នឹង​ធ្វើ​ទី​សំគាល់​យ៉ាង​ធំ ហើយ​នឹង​ការ​អស្ចារ្យ ដើម្បី​នឹង​នាំ​ទាំង​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង​ផង បើ​សិន​ជា​បាន» (លូកា៨:១៥)។

ក្នុងកណ្ឌគម្ពីរម៉ាថាយជំពូកទី២៤ និងទី២៥ ព្រះយេស៊ូវប្រាប់យើងអំពីការពិតដ៏សំខាន់អំពីថ្ងៃចុងក្រោយ។ ព្រះអង្គក៏បានប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីត្រៀមខ្លួនសំរាប់ការយាងមកវិញជាលើកទីពីរផងដែរ។

ព្រះបន្ទូលរបស់ព្រះយេស៊ូវមិនត្រឹមតែសំរាប់ពួកអ្នកជឿព្រះអង្គនៅជំនាន់នោះប៉ុណ្ណោះទេ ប៉ុន្តែក៏សំរាប់ពួកអ្នកជឿព្រះអង្គជំនាន់យើងនេះដែរ។ ភាគច្រើនបំផុត ព្រះយេស៊ូវមានបន្ទូលទៅកាន់ក្រុមមនុស្សសម័យចុងក្រោយដែលកំពុងរស់នៅខណៈដែលព្រះយេស៊ូវយាងមកវិញ។ ព្រះយេស៊ូវក៏ពុំបាន «លាបពណ៌» ទៅលើសម័យកាលនោះចេញជារូបភាពដ៏ស្រស់ត្រកាលដែរ។ នឹងមានសង្គ្រាម និងពាក្យចចាមអារ៉ាមអំពីសង្គ្រាមចេះតែមានជាបន្តបន្ទាប់។ នឹងមានជំងឺដំកាត់ ព្រអង្គសង្គ្រោះក្លែងក្លាយ និងការវាយលុកមកលើរាស្ត្ររបស់ព្រះ។ វាជាការងាយណាស់ដែលបានមើលឃើញថាអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទាំងនោះបានកើតឡើងរួចហើយ។ ចូរគ្រាន់តែក្រឡេកមើលនូវរឿងដ៏អស្ចារ្យជាច្រើនដែលបានកើតឡើងចាប់តាំងពីព្រះយេស៊ូវមានបន្ទូលទាំងនេះ មក។ ហេតុនោះ លោកអ្នកអាចមើលឃើញដោយខ្លួនឯងហើយ។ បន្ទាប់មកលោកអ្នកអាចជឿទុកចិត្តលើព្រះបន្ទូលផ្សេងទៀតរបស់ព្រះយេស៊ូវដែរ អំពីរឿងរ៉ាវដែលមិនទាន់កើតឡើងនៅឡើយ។

ប៉ុន្តែ ព្រះយេស៊ូវមិនត្រឹមតែបានប្រាប់យើងទុកជាមុនអំពីអ្វីដែលនឹងកើតឡើងប៉ុណ្ណឹងទេ។ ក្នុងជំពូកទី២៥ ព្រះយេស៊ូវបានលើកយករឿងប្រៀបប្រដូចដើម្បីជួយឲ្យរាស្ត្ររបស់ព្រះអង្គត្រៀមខ្លួនទទួលព្រះជាម្ចាស់។ មែនហើយ គ្រាដ៏លំបាកនឹងមកដល់។ ប៉ុន្តែ ព្រះយេស៊ូវនឹងជួយរាស្ត្ររបស់ព្រះអង្គត្រៀមខ្លួនជាស្រេចដើម្បីទទួលព្រះអង្គពេលដែលព្រះអង្គយាងមកវិញ។

ថ្ងៃអាទិត្យ ទី១៣ ឧសភា ឆ្នាំ២០១៨

ភស្តុតាងដ៏ខ្លាំងដែលបញ្ជាក់ថាបន្ទូលរបស់ព្រះយេស៊ូវគឺពិតប្រាកដ

ព្រះយេស៊ូវបានយាងគង់នៅលើភ្នំអូលីវ ហើយបានប្រាប់ពួកអ្នកដើរតាមព្រះអង្គអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅថ្ងៃចុងក្រោយ។ ចូរសាកស្រមៃថា លោកអ្នកគឺជាម្នាក់ក្នុងចំណោមអ្នកដើរតាមព្រះយេស៊ូវដែលកំពុងនៅលើភ្នំអូលីវនោះដែរ។ បន្ទាប់មកព្រះយេស៊ូវប្រាប់លោកអ្នកថា ព្រះវិហារយេរូសាឡិមនឹងត្រូវបំផ្លាញឆាប់ៗ។ ពេលដែលឮដំណឹងនេះ យើងមិនដឹងថាពួកអ្នកដើរតាមព្រះយេស៊ូវទាំងនោះគិតអ្វីខ្លះទេ។ ប៉ុន្តែ សំណួរដែលពួកគេបានសួរព្រះយេស៊ូវក្រោយមកទៀតបង្ហាញថា ពួកអ្នកដើរតាមព្រះអង្គបានភ្ជាប់ការអន្តរាយនៃព្រះវិហារយេរូសាឡិមទៅនឹង «បំផុតកល្ប» ទៅវិញ (ម៉ាថាយ២៤:៣)។

សូមអានម៉ាថាយ២៤:១-២៥។ ដូចដែលយើងបានឃើញនៅក្នុងខទាំងនេះ តើព្រះយេស៊ូវបានប្រទានសារអ្វីខ្លះដល់អ្នកដើរតាមព្រះអង្គអំពីថ្ងៃចុងក្រោយនៃប្រវត្តិសាស្ត្រផែនដីនេះ?

ខគម្ពីរម៉ាថាយ២៤:១-៥ បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវពុំចង់ឲ្យរាស្ត្រព្រះអង្គវង្វេងដោយសារការកុហកបោកប្រាស់ដែលនឹងកើតឡើងនៅគ្រាអនាគតនោះឡើយ។ តើអ្វីទៅគឺជាការកុហកបោកប្រាស់ដែលព្រះយេស៊ូវលើកឡើងនេះ? ព្រះយេស៊ូវកំពុងមានបន្ទូលអំពីការកុហកបោកប្រាស់ដែលអ្នកនាំសារក្លែងក្លាយ និងមេដឹកនាំសាសនាក្លែងក្លាយនឹងប្រាប់ទៅរាស្ត្ររបស់ព្រះអង្គ។ អ្នកដឹកនាំសាសនាក្លែងក្លាយខ្លះនឹងនិយាយថា ពួកគេហ្នឹងហើយគឺជាព្រះយេស៊ូវ។ តើយើងដឹងទេថាអ្វីទៅគឺជារឿងអាក្រក់បំផុតអំពីពួកមេដឹកនាំក្លែងក្លាយទាំងនេះ? មានមនុស្សជាច្រើនបានជឿពួកគេ។

យើងកំពុងរស់នៅក្នុងសម័យកាលមួយដែលយើងអាចក្រឡេកមើលទៅខាងក្រោយប្រវត្តិសាស្ត្របានជាច្រើនឆ្នាំ។ យើងអាចមើលឃើញថាបន្ទូលរបស់ព្រះយេស៊ូវពិតកំរិតណា។ សូម្បីតែឥឡូវនេះក្តី ក៏នៅមានមេដឹកនាំក្លែងក្លាយនិងកំភូតបាននិយាយថា ពួកគេគឺជាព្រះអង្គសង្គ្រោះដែរ។ ពួកគេនិយាយថា «ខ្ញុំគឺជាព្រះគ្រីស្ទ» ​ (ម៉ាថាយ២៤:៥)។ ព្រះយេស៊ូវបានមានបន្ទូលរួចហើយថា រឿងនេះនឹងកើតឡើង។ យើងមិនគួរភ្ញាក់ផ្អើលទេប្រសិនបើរឿងកុហកបែបដដែលនេះកើតឡើងជាបន្តបន្ទាប់ក្នុងសម័យថ្ងៃចុងក្រោយខណៈដែលយើងកំពុងតែខិតមកដល់ទីចុងបញ្ចប់ទៅហើយនេះ។

យើងក៏ត្រូវក្រឡេកមើលបន្ទូលរបស់ព្រះយេស៊ូវអំពីរឿងអាក្រក់ៗដែលនឹងកើតឡើងនៅលើផែនដីនេះមុនពេលព្រះអង្គយាងមកម្តងទៀតផងដែរ។ ព្រះបន្ទូលទាំងនោះក៏កំពុងតែកើតឡើងដែរ។ ចាប់តាំងពីព្រះយេស៊ូវបានយាងទៅកាន់ឋានសួគ៌វិញ មនុស្សជាច្រើនបានជឿទុកចិត្តលើរឿងជាច្រើនដែលពួកគេរំពឹងថា នឹងជួយពួកគេឲ្យរួចពីការអាក្រក់ និងការឈឺចាប់។ ម្តងហើយម្តងទៀត មនុស្សជាច្រើនសង្ឃឹមថា រដ្ឋាភិបាល វិទ្យាសាស្ត្រ និងចំណេះវិជ្ជានឹងនាំមកនូវសន្តិភាពជារៀងរហូត និងជីវិតដ៏ពេញបរិបូរនៅលើផែនដីនេះ។ ប៉ុន្តែប្រវត្តិសាស្ត្របង្ហាញយើងម្តងហើយម្តងទៀតថា សេចក្តីសង្ឃឹមទាំងនេះតែងតែបរាជ័យ។ ពិភពលោកសព្វថ្ងៃនេះគឺកំពុងមានសណ្ឋានដូចគ្នាទៅនឹងអ្វីដែលព្រះយេស៊ូវបានមានបន្ទូលពិតមែន។

សូមអានម៉ាថាយ២៤:២៥។ តើខនេះជួយឲ្យសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំ និងផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹមលើអ្វីដែលយើងជឿកាន់តែខ្លាំងឡើងដោយរបៀបណា?

ថ្ងៃច័ន្ទ ទី១៤ ឧសភា ឆ្នាំ២០១៨

​ការរក្សាភក្តីភាពចំពោះព្រះជាម្ចាស់រហូតដល់ទីបំផុត

សូមអានម៉ាថាយ២៤:៩ និងវិវរណៈ១៣:១១-១៧។ តើព្រះយេស៊ូវបានមានបន្ទូលអ្វីខ្លះដែលដូចគ្នានៅក្នុងកណ្ឌគម្ពីរម៉ាថាយ និងកណ្ឌគម្ពីរវិវរណៈ?

ព្រះយេស៊ូវបានប្រាប់រាស្ត្ររបស់ព្រះអង្គជាមុនអំពីការកុហកជាច្រើនដែលអារក្សនឹងប្រើបោកប្រាស់មនុស្សលោកនៅថ្ងៃចុងក្រោយ។ ល្បិចមួយនោះគឺជាការកុហកដ៏ធំបំផុតដែលនឹងបណ្តាលឲ្យប្រទេសទាំងឡាយក្រោកឈរឡើងប្រឆាំងនឹងសេចក្តីជំនឿដ៏ពិត ព្រមទាំងបង្ខំមនុស្សគ្រប់គ្នានៅផែនដីឲ្យចូលរួមក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ។ អស់អ្នកទាំងឡាយណាមានជំហររឹងមាំតតាំងនឹងការថ្វាយបង្គំក្លែងក្លាយនេះនឹងត្រូវបានគេស្អប់ និងវាយប្រហារ។ អ្នកខ្លះនឹងត្រូវបានគេសំឡាប់ផងក៏មាន។

សូមអានម៉ាថាយ២៤:១៣។ តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះនៅក្នុងខនេះអំពីអាថ៌កំបាំងនៃការដែលត្រូវបាន សង្គ្រោះ និងការស្មោះត្រង់ក្នុងអំឡុងពេលដែលមានការវាយលុកទូទាំងពិភពលោកប្រឆាំងនឹងរាស្ត្ររបស់ព្រះ នាពេលអនាគតនេះ?

«មានតែអស់អ្នកណាដែលបានផ្តោតចិត្តគំនិតរបស់ខ្លួនទៅលើការពិតក្នុងព្រះគម្ពីរយ៉ាងរឹងមាំប៉ុណ្ណោះ ដែលនឹងរក្សាភក្តីភាពចំពោះព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នៃសង្គ្រាមដ៏ធំរវាងភាវៈល្អ និងភាវៈអាក្រក់»។ ដកស្រង់ពី The Great Controversy, pages 593, 594, adapted ។

សូមអានខគម្ពីរម៉ាថាយ៧:២៤-២៧។ នៅក្នុងខទាំងនេះ តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះទៀតដែលសំខាន់​ សំរាប់ការរក្សាភក្តីភាពចំពោះព្រះជាម្ចាស់?

ពិតមែនហើយ វាជាការសំខាន់ណាស់ក្នុងការដែលយើងបានរៀនសូត្រអំពីព្រះគម្ពីរ។ ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា ការដែលចេះដឹងអំពីសេចក្តីពិតតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នឹងជួយយើងឲ្យរក្សាភក្តីភាពចំពោះព្រះបានឡើយនៅពេលដែលសង្គ្រាមច្បាំងនឹងសេចក្តីជំនឿរបស់យើងកើតឡើងនៅគ្រាចុងក្រោយមកដល់នោះ។ យើងមិនត្រឹមតែត្រូវអនុវត្តនូវអ្វីដែលយើងបានរៀនទេ ប៉ុន្តែយើងត្រូវតែស្តាប់បង្គាប់តាមសេចក្តីពិតអំពីព្រះយេស៊ូវផងដែរ។ ក្នុងរឿងប្រៀបធៀបក្នុងម៉ាថាយ៧:២៤-២៧ យើងឃើញថា ជាងសង់ផ្ទះទាំងពីរនាក់សុទ្ធតែបានឮការបង្រៀនរបស់ព្រះយេស៊ូវ។ ចំណុចដែលខុសគ្នារវាងជាងទាំងពីរនោះគឺ មានតែជាងម្នាក់ប៉ុណ្ណោះដែលស្តាប់តាមការបង្រៀនរបស់ព្រះយេស៊ូវ។ រីឯជាងម្នាក់ទៀតពុំបានស្តាប់តាមឡើយ។ រឿងនេះដែលធ្វើឲ្យមានភាពខុសប្លែកគ្នាយ៉ាងធំ។ វាក៏នឹងធ្វើឲ្យមានភាពខុសប្លែកគ្នាសំរាប់យើងផងដែរក្នុងការដែលនៅតែរក្សាភក្តីភាពចំពោះព្រះដោយសារការស្តាប់តាមព្រះអង្គរហូតដល់គ្រាចុងបំផុតនោះ។

ហេតុអ្វីបានជាជាងសង់ផ្ទះដែលស្តាប់បង្គាប់តាមមានជំនឿរឹងមាំខ្លាំងម៉្លេះ? ហេតុអ្វីបានជាជាងម្នាក់ទៀតបរាជ័យ? តើការស្តាប់បង្គាប់ធ្វើឲ្យមានភាពខុសប្លែកគ្នាអ្វីខ្លះក្នុងការជួយឲ្យនរណាម្នាក់កាន់តែមានសេចក្តីជំនឿរឹងមាំឡើង?

ថ្ងៃអង្គារ ទី១៥ ឧសភា ឆ្នាំ២០១៨

សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ (ម៉ាថាយ២៤:១៥)

ព្រះយេស៊ូវទ្រង់បានមានបន្ទូលនៅក្នុងខគម្ពីរម៉ាថាយ២៤:១៥ អំពី «សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» (ដកស្រង់ពីព្រះគម្ពីរបរិសុទ្ធ)។ រូបស័ព្ទនេះត្រូវបានដកស្រង់ចេញមកពីកណ្ឌគម្ពីរដានីយ៉ែល (ដានីយ៉ែល៩:២៧, ១១:៣១, ១២:១១)។ គម្ពីរគ្រីស្ទានខ្មែរ (KCB)បកប្រែថា «អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​» ខណៈគម្ពីរមាត្រដ្ឋានខ្មែរ(KHSV)បកប្រែថា «វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម»។

ព្រះជាម្ចាស់ទ្រង់ប្រកាសថា អ្វីមួយដែលប្រែក្លាយជា «សេចក្តីស្អប់ខ្ពើម» កាលណាវាបានរំលងក្រឹត្យវិន័យរបស់ព្រះអង្គយ៉ាងធ្ងន់ធ្ងរ។ អំពើបាបខ្លះដែលព្រះទ្រង់មានបន្ទូលថាអាក្រក់រួមមានការឱនថ្វាយបង្គំចំពោះរូបព្រះ (ចោទិយកថា២៧:១៥) និងអំពើបាបដែលពាក់ព័ន្ធនឹងរឿងផ្លូវភេទ (លេវីវិន័យ១៨:២២)។ ដូច្នេះ ពាក្យថា «សេចក្តីស្អប់ខ្ពើម» មានន័យថា នៅក្នុងគ្រាអនាគតនឹងមានរាស្ត្ររបស់ព្រះជាច្រើននឹងងាកបែរចេញពីសេចក្តីពិតត្រឡប់ទៅថ្វាយបង្គំព្រះក្លែងក្លាយ។

សូមអានខគម្ពីរម៉ាថាយ២៤:១៥ និងលូកា២១:២០។ តើខគម្ពីរទាំងពីរនេះជួយយើងឲ្យយល់កាន់តែច្បាស់ថែមទៀតអំពីអត្ថន័យដែលព្រះយេស៊ូវមានបន្ទូលថា «សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» ដែរឬទេ?

ខគម្ពីរទាំងពីរនេះបានពន្យល់យ៉ាងច្បាស់អំពីការប្រាប់ជាមុនអំពីអនាគតរាប់ទាំងការអន្តរាយដ៏អាក្រក់ដែលបានកើតឡើងដល់ព្រះវិហារយេរូសាឡិមនៅក្នុងឆ្នាំ៧០នៃគ្រិស្តសករាជ្យផង។ នៅពេលនោះអាណាចក្ររ៉ូម៉ាំងបានបំផ្លាញទាំងទីក្រុងយេរូសាឡិម និងទាំងព្រះវិហារបរិសុទ្ធ។

បន្ទូលរបស់ព្រះយេស៊ូវក៏មានអត្ថន័យដ៏ពេញលេញសំរាប់ជំនាន់យើងផងដែរ។ ការអន្តរាយនៃយេរូសាឡិមគឺពិតប្រាកដ និងបានកើតឡើងក្នុងអតីតកាល។ ប៉ុន្តែវាក៏ជារូបស័ព្ទសំរាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅគ្រាអនាគតដែរ។ «ព្រះយេស៊ូវទ្រង់ទតឃើញយេរូសាឡិមថាជារូបស័ព្ទសំរាប់មនុស្សគ្រប់គ្នានៅលើផែនដីនេះ ដែលមិនបានជឿលើព្រះ និងបានប្រឆាំងនឹងព្រះអង្គ»។ ដកស្រង់ពី Ellen G. White, The Great Controversy, pages 22, 23, adapted ។

ខគម្ពីរដានីយ៉ែល១២:១១ និង ដានីយ៉ែល១១:៣១ បានភ្ជាប់ «សេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ» ទៅនឹងសម័យកាលដែលព្រះវិហាររ៉ូម៉ាំងមានអំណាចចាប់តាំងពីឆ្នាំ៥៣៨ រហូតឆ្នាំ១៧៩៨នៃគ្រិស្តសករាជ្យ។ ក្នុងអំឡុងពេលនេះ ព្រះវិហាររ៉ូម៉ាំងបានផ្លាស់ប្តូរសេចក្តីពិតនៃព្រះគម្ពីរទៅជាការបង្រៀនក្លែងក្លាយអំពីរបៀបដែលមនុស្សត្រូវបានសង្គ្រោះ និងរបៀបទំនាក់ទំនងជាមួយនឹងព្រះ។ គោលគំនិតក្លែងក្លាយទាំងនេះបានគ្របដណ្តប់លើអ្វីដែលព្រះយេស៊ូវបានធ្វើសំរាប់យើង និងកំពុងធ្វើសំរាប់យើងនៅក្នុងរោងឧបោសថនៃឋានសួគ៌។ រោងឧបោសថគឺជាកន្លែងដែលគេថ្វាយបង្គំព្រះនៅនគរឋានសួគ៌។

ដូចដែលយើងបានរៀនរួចមកហើយ ស្នែងតូចគឺជារូបស័ព្ទសំរាប់ព្រះវិហាររ៉ូម៉ាំង។ ខគម្ពីរដានីយ៉ែល៨:៩ បង្ហាញយើងអំពីរបៀបដែលអំណាចរបស់ស្នែងតូចចាប់ផ្តើមសាយភាយយ៉ាងឆាប់រហ័សនៅពេញពាសអាណាចក្ររ៉ូម៉ាំង។ បន្ទាប់មកនៅក្នុងដានីយ៉ែល៨:១០​ ស្នែងតូចក៏បានវាយប្រយុទ្ធមកលើរាស្ត្ររបស់ព្រះ។ ប៉ុន្តែព្រះគម្ពីរសន្យានឹងយើងថា ព្រះយេស៊ូវនឹងសង្គ្រោះរាស្ត្ររបស់ព្រះអង្គនៅថ្ងៃចុងក្រោយ (ដានីយ៉ែល៧:៩, ១០, ដានីយ៉ែល៨:១៤, ម៉ាថាយ២៤:២៩)។

ថ្ងៃពុធ ទី១៦ ឧសភា ឆ្នាំ២០១៨

ស្ត្រីព្រហ្មចារី១០នាក់រង់ចាំកូនកម្លោះមកដល់

នៅក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក២៤ ព្រះយេស៊ូវទ្រង់មានបន្ទូលអំពីព្រឹត្តិការណ៍ទាំងឡាយដែលនឹងកើតឡើងមុនព្រះអង្គយាងមកវិញ។ បន្ទាប់មក ក្នុងជំពូក២៥ ព្រះយេស៊ូវបានមានបន្ទូលអំពីរបៀបត្រៀមខ្លួនរង់ចាំព្រះអង្គយាងមកវិញ។

សូមអានម៉ាថាយ២៥:១-១៣។ នៅក្នុងខទាំងនេះ ព្រះយេស៊ូវបានលើកយករឿងប្រៀបធៀបស្តីអំពី «ស្ត្រីព្រហ្មចារីដប់នាក់ ដែលបានរង់ចាំកូនកម្លោះ»។ តើព្រះយេស៊ូវកំពុងមានបន្ទូលអំពីអ្វីនៅក្នុងខទាំងនេះដែលអាចជួយយើងឲ្យត្រៀមខ្លួនសំរាប់ការយាងមកលើកទីពីររបស់ព្រះអង្គ?

ការប្រើពាក្យថា «ស្ត្រីព្រហ្មចារីដប់នាក់រង់ចាំកូនកម្លោះ» នេះ គឺជារូបស័ព្ទមួយ។ រឿងនេះចង់សំដៅដល់មនុស្សជាច្រើនដែលហៅខ្លួនឯងថាជាគ្រីស្ទាន។ គ្រីស្ទានទាំងនេះពុំបានដាក់ខ្លួនឯងនៅខាងសាតាំងក្នុងសង្គ្រាមរវាងភាវៈល្អនិងភាវៈអាក្រក់នោះឡើយ។ ព្រះយេស៊ូវក៏បានប្រើពាក្យថា «ស្ត្រីព្រហ្មចារីដប់នាក់រង់ចាំកូនកម្លោះ» នេះជារូបស័ព្ទសំរាប់បង្ហាញអត្ថន័យនៃនគរឋានសួគ៌ផងដែរ (ម៉ាថាយ២៥:១)។ ប៉ុន្តែនៅគ្រាចុងបំផុត ស្ត្រីព្រហ្មចារីទាំងដប់ក៏បានងោកងុយ (ម៉ាថាយ២៥:៥)។ ព្រះយេស៊ូវបានដាស់តឿនពួកអ្នកដើរតាមព្រះអង្គជាមុនរួចហើយអំពីការ «មិនងុយងោក» ដើម្បីឲ្យពួកគេបានត្រៀមខ្លួនជាស្រេចសំរាប់ព្រះអង្គពេលដែលព្រះអង្គយាងមកលើកទីពីរ។

ស្ត្រីព្រហ្មចារីទាំងដប់សុទ្ធតែមានចង្កៀង។ ស្ត្រីទាំងដប់ក៏សុទ្ធតែរង់ចាំកូនកម្លោះដូចគ្នា។ រឿងនេះមានន័យថា ស្ត្រីព្រហ្មចារីទាំងដប់សុទ្ធតែទន្ទឹងរង់ចាំការយាងមកវិញរបស់ព្រះអង្គ។​ ប៉ុន្តែមានការពន្យារពេល។ ពួកអ្នកជឿទាំងអស់នេះក៏មានការងោកងុយ។ បន្ទាប់មក នៅពាក់កណ្តាលអធ្រាតស្រាប់តែមានសំរែកប្រាប់ថា កូនកម្លោះបានមកដល់ហើយ។ ស្ត្រីទាំងដប់ក៏ភ្ញាក់ឡើងទាំងអស់គ្នា (ម៉ាថាយ២៥:១-៦)។

ស្ត្រីដែលល្ងង់មានការភ្ញាក់ផ្អើលជាខ្លាំង។ ពួកគេពុំទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។ ហេតុអ្វី? ព្រះគម្ពីរបានពណ៌នាថា ស្ត្រីទាំងនោះភ្ញាក់ផ្អើលដោយសារតែ «ចង្កៀងនាងចង់រលត់ហើយ» (ម៉ាថាយ២៥:៨)។ ព្រះគម្ពីរភាសាអង់គ្លេសជាច្រើនបានបកប្រែឃ្លានេះក្នុងន័យស្រដៀងៗគ្នាថា «ចង្កៀងនាងជិតរលត់ហើយ» ប៉ុន្តែមួយនោះបកប្រែថា «ប្រេងក្នុងចង្កៀងជិតអស់ហើយ» (ERV)។ ចង្កៀងរបស់ស្ត្រីទាំងនេះ ស្ទើរតែរលត់បាត់ពន្លឺទៅហើយ។ ប៉ុន្តែពន្លឺដែលសល់នៅបន្តិចបន្តួចនោះមិនល្មមគ្រប់គ្រាន់សំរាប់ជួយនាងឲ្យរៀបចំខ្លួនទទួលព្រះយេស៊ូវបានទេ។

តើមានអ្វីកើតឡើង? ស្ត្រីល្ងង់ទាំងប្រាំគឺជារូបស័ព្ទតំណាងឲ្យគ្រីស្ទានដែលទន្ទឹងរង់ចាំព្រះយេស៊ូវយាងមកវិញ។ ប៉ុន្តែពួកគេពុំបានស្គាល់ព្រះយេស៊ូវឲ្យបានច្បាស់លាស់នោះទេ។ ពួកគេពុំមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គឡើយ។ ពួកគេមានប្រេងខ្លះដែរ។ ប្រេងគឺជារូបស័ព្ទតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្តែពួកស្ត្រីទាំងនេះពុំមានប្រេងគ្រប់គ្រាន់ឡើយ។ តើគួរឲ្យសោកស្តាយប៉ុនណាទៅដែលពួកគេសប្បាយនឹងប្រេងបន្តិចបន្តួចក្នុងពេលដែលពួកគេពិតជាត្រូវការច្រើនថែមទៀតនោះ។

ថ្ងៃព្រហស្បតិ៍ ទី១៧ ឧសភា ឆ្នាំ២០១៨

ការប្រើប្រាស់ទេពកោសល្យរបស់លោកអ្នក (ម៉ាថាយ២៥:១៣-៣០)

សូមអានអំពីអំណោយទានដែលព្រះទ្រង់ប្រទានដល់យើងរាល់គ្នានៅក្នុងខគម្ពីរម៉ាថាយ២៥:១៣-៣០។ ខណៈដែលខទាំងនេះបង្ហាញដល់យើង តើយើងប្រើអំណោយទានទាំងនេះទៅលើផ្នែកអ្វីខ្លះដើម្បីត្រៀមខ្លួនទទួលការយាងមកវិញលើកទីពីររបស់ព្រះយេស៊ូវ?

ព្រះយេស៊ូវទ្រង់បានថ្លែងប្រាប់រឿងប្រៀបធៀបមួយទៀតនៅក្នុងខគម្ពីរម៉ាថាយ២៥:១៣-៣០។ រឿងនេះមានលក្ខណៈដូចគ្នាជាច្រើនចំណុចទៅនឹងរឿងស្ត្រីព្រហ្មចារីទាំងដប់នាក់ដែរ (ម៉ាថាយ២៥:១-១៣)។ រឿងប្រៀបធៀបទាំងពីរនិយាយអំពីការត្រៀមខ្លួនសំរាប់ព្រះយេស៊ូវយាងមកវិញ។ រឿងទាំងពីរក៏ចង់និយាយអំពី គ្រីស្ទានណាខ្លះដែលត្រៀមខ្លួនរួចស្រេចហើយ និងណាខ្លះដែលមិនបានត្រៀមខ្លួននៅឡើយផងដែរ។ រឿងទាំងពីរបង្ហាញប្រាប់យើងអំពីអ្វីដែលនឹងកើតឡើងចំពោះគ្រីស្ទានដែលមិនបានយកចិត្តទុកដាក់ថែរក្សាអំណោយទានដែលព្រះបានប្រទានដល់ពួកគេ។ ពួកគេនឹងបាត់បង់អំណោយទានជាជីវិតអស់កល្បរបស់ខ្លួន។

ពាក្យចំណែកប្រាក់ ឬ បង្វិចប្រាក់(ERV) ឬ បង្វិចមាស(NIrV) នៅក្នុងខគម្ពីរម៉ាថាយ២៥:១៥ គឺជារូបស័ព្ទ ដែលតំណាងឲ្យទេពកោសល្យ។ «ទេពកោសល្យគឺជារូបស័ព្ទតំណាងឲ្យអំណោយទានពិសេសដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់យើងរាល់គ្នា។ ទេពកោសល្យក៏មានន័យថា ជំនាញពីធម្មជាតិរបស់យើងទាំងអស់ដែលព្រះប្រទានដល់យើងតាំងពីកំណើតមកផងដែរ»។ ដកស្រង់ពី The SDA Bible Commentary, volume 5, page 510, adapted ។

អ្នកបម្រើទាំងអស់ក្នុងរឿងប្រៀបធៀបនេះបានទទួលប្រាក់ជាច្រើនពីចៅហ្វាយរបស់ខ្លួន។ តើលោកអ្នកឃើញទេថា​ ប្រាក់ទាំងនោះគឺជារបស់ចៅហ្វាយ (ម៉ាថាយ២៥:១៤)? ចៅហ្វាយបានប្រគល់ប្រាក់ទាំងនេះដល់អ្នកបម្រើរបស់គាត់។ ប៉ុន្តែដំបូងចៅហ្វាយត្រូវសំរេចចិត្ត «ឲ្យ​គ្រប់​គ្នា​តាម​ដំរិះ​គេ​រៀង​ខ្លួន» (ម៉ាថាយ២៥:១៥)។ ចៅហ្វាយបានផ្ទុកផ្តាក់អំណោយរបស់គាត់ដល់ពួកគេរៀងៗខ្លួន។ ពួកអ្នកបម្រើទាំងនេះគឺជាអ្នកចាត់ចែងលើរបស់ទាំងនេះ។ ពួកគេពុំមែនជាម្ចាស់លើអំណោយទាំងនេះទេ។ ប៉ុន្តែពួកគេត្រូវទទួលខុសត្រូវលើរបស់ទាំងនេះ។ ហេតុនោះហើយបានជាពេលដែលចៅហ្វាយត្រឡប់មកវិញ គាត់បាន «គិត​បញ្ជី​នឹង​គេ» (ម៉ាថាយ២៥:១៩)។

អំណោយទានខាងព្រលឹងវិញ្ញាណបានមកពីព្រះវិញ្ញាណបរិសុទ្ធ (សូមអានកូរិនថូសទី១ ១២:១-១១, ២៨-៣១, អេភេសូរ៤:១១)។ សូម្បីតែពួកអ្នកជឿដែលគិតថាពួកគេមានអំណោយទានដ៏តូចមួយ ឬមិនសូវជាសំខាន់ក្តីក៏គង់តែនៅនឹកចាំបានដែរ។ នៅពេលដែលពួកគេបានទទួលអំណោយទានរបស់ខ្លួន មានន័យថាពួកគេកំពុងទទួលព្រះអង្គដែលប្រទានព្រះវិញ្ញាណបរិសុទ្ធដល់ពួកគេនោះហើយ។

យើងត្រូវតែចុះចូលជាមួយនឹងព្រះវិញ្ញាណ។ បន្ទាប់មកព្រះអង្គនឹងប្រទានអំណោយទានផ្សេងៗដល់យើង។ យើងមិនត្រូវធ្វើខ្លួនឲ្យដូចជាអ្នកបម្រើដែលខ្ជិលច្រអូសនោះឡើយ។ ព្រះវិញ្ញាណបានប្រទានអំណោយទានដល់គាត់ហើយ។ ប៉ុន្តែគាត់បែរជាធ្វើព្រងើយនឹងវាទៅវិញ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា បាវនោះ «ឥត​ប្រយោជន៍, KHOV» ឬ «ចោលម្សៀត,​ KCB» ឬ «ឥតបានការ, KHSV» (ម៉ាថាយ២៥:៣០)។ សូមឲ្យយើងទាំងអស់គ្នាជៀសចេញពីគំរូមិនល្អនេះខណៈដែលយើងកំពុងរស់នៅក្នុងសម័យថ្ងៃចុងក្រោយនេះ។

ថ្ងៃសុក្រ ទី១៨ ឧសភា ឆ្នាំ២០១៨

សិក្សាបន្ថែម

«អ្នកបម្រើដែលបានទទួលប្រាក់តិចជាងគេពុំបានយកប្រាក់នោះទៅរកស៊ីឲ្យបានចំណេញថែមទៀតទេ។ វគ្គត្រង់នេះគឺជាការព្រមានប្រាប់ដល់គ្រីស្ទានទាំងអស់ដែលមានអារម្មណ៍ថា ខ្លួនមានអំណោយទានតិចណាស់មិនអាចយកមកបម្រើព្រះអង្គបានទេ។ រឿងនោះគ្មានការដោះសាឡើយ។ ពួកអ្នកជឿទាំងនេះគួរតែសប្បាយចិត្តនឹងធ្វើកិច្ចការធំៗថ្វាយព្រះអង្គ។ ប៉ុន្តែពួកគេបែរជាមានអារម្មណ៍ថា ពួកគេមិនចាំបាច់ត្រូវធ្វើអ្វីទាំងអស់ពីព្រោះពួកគេអាចធ្វើបានត្រឹមតែការងារកំប៉ិកកំប៉ុកប៉ុណ្ណោះ។ ពួកគេមិនត្រឹមត្រូវទេ។ ព្រះអម្ចាស់ប្រទានដល់យើងនូវអំណោយទានរបស់ព្រះអង្គដើម្បីសាកល្បងដល់យើង។ អ្នកបម្រើម្នាក់ក្នុងរឿងប្រៀបធៀបនេះដែលមិនបានយកប្រាក់នេះទៅប្រើការបានបង្ហាញថា គាត់គឺជាអ្នកបម្រើដែលមិនស្មោះត្រង់។ ចុះប្រសិនបើព្រះទ្រង់បានប្រទានដល់គាត់ច្រើនជាងនេះដល់ប្រាំពាន់វិញយ៉ាងម៉េចដែរ? បើទោះបីជាបុរសម្នាក់នេះបានទទួលបា្រក់ច្រើនក៏ដោយក៏គង់តែគាត់យកវាទៅកប់ដដែល។ ការដែលគាត់បានប្រើប្រាក់មួយពាន់នោះខុសបង្ហាញថា គាត់ពុំបានគិតថាអំណោយទានពីឋានសួគ៌សំខាន់សោះឡើយ។

«អ្នក​ណា​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ដ៏​តូច អ្នក​នោះ​ក៏​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​ធំ​ដុំ​ដែរ» (លូកា១៦:១០)។ ជាញឹកញាប់ យើងគិតថាអំណោយទានបន្តិចបន្តួចមិនសំខាន់ទេពីព្រោះវាតិចតួច។ ប៉ុន្តែអំណោយទានដ៏តិចតួចក្នុងជីវិតពិតជាបានផ្តល់ដល់យើងនូវការហ្វឹកហ្វឺនយ៉ាងច្រើនដែលយើងត្រូវការ។ ពិតណាស់ អំណោយទានដ៏តូចនៃជីវិតក៏សំខាន់ និងចាំបាច់ដូចគ្នានឹងអំណាចទានដែលធំជាងនោះដែរ»។ ដកស្រង់ពី Ellen G. White, Christ’s Object Lessons, pages 355, 356, adapted ។

សំនួរពិភាក្សា៖
  1. មនុស្សជាច្រើនជាញឹកញាប់បានជឿលើគោលគំនិតថា មនុស្សលោកអាចបង្កើតឋានសួគ៌ពិតនៅលើផែនដីនេះបាន។ តើគោលគំនិតទាំងនោះមានអ្វីខ្លះ? ហេតុអ្វីបានជាគោលគំនិតទាំងនោះមិនត្រឹមត្រូវ?

  2. ហេតុអ្វីបានជាការស្តាប់បង្គាប់តាមព្រះជួយឲ្យសេចក្តីជំនឿរបស់យើងកាន់តែរឹងមាំឡើង? តើចម្លើយនោះជួយយើងឲ្យយល់យ៉ាងដូចម្តេចថា «ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​អំពើ​ល្អ ក៏​ជា​ជំនឿ​ស្លាប់​» (យ៉ាកុប២:២៦)? ចូរសាកគិតអំពីការលំបាករបស់រាស្ត្ររបស់ព្រះដែល «​កាន់​តាម​បញ្ញត្តិរបស់​ព្រះ» បន្តិចមើល (វិវរណៈ១៤:១២)។​ ហេតុអ្វីបានជារឿងនេះសំខាន់ម៉្លេះសំរាប់យើងនាពេលឥឡូវនេះដើម្បីត្រៀមខ្លួនជាមុនសំរាប់គ្រាលំបាកដែលនឹងមកដល់?

  3. តើរឿងប្រៀបធៀបអំពីស្ត្រីព្រហ្មចារីទាំងដប់នាក់ផ្តល់នូវការដាស់តឿនអ្វីខ្លះដល់យើង? ស្ត្រីព្រហ្មចារីទាំងដប់ដូចគ្នាសឹងតែទាំងអស់តាមសភាពពីខាងក្រៅ។ ពួកគេមើលទៅដូចគ្នា និងប្រព្រឹត្តដូចគ្នាទៀត។ ដូច្នេះ តើយើងអាចធ្វើឲ្យប្រាកដថា យើងមិនពឹងលើខ្លួនឯងដូចជាស្ត្រីល្ងង់ទាំងប្រាំនោះយ៉ាងដូចម្តេចទៅ?
Powered by CAM