ថ្ងៃសៅរ៍ ទី១១ សីហា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១៣, កូរិនថូសទី២ ៤:៧-១០, រ៉ូម ១០:១-៤, រ៉ូម ៣:១៩, កិច្ចការ ១៤:១-២៦, រ៉ូម ៩-១០។
ខចងចាំ៖ «ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រឹត្យវិន័យលោកម៉ូសេបានឡើយ» (កិច្ចការ ១៣:៣៨, ៣៩)។
ព្រះទ្រង់មានផែនការសំរាប់អ្នកដើរតាមព្រះអង្គឲ្យចែកចាយដំណឹងល្អទៅកាន់ទាំងសាសន៍យូដា និងសាសន៍ដទៃ។ សាសន៍ដទៃនៅទីនេះគឺសំដៅដល់សាសន៍ទាំងឡាយដែលមិនមែនជាសាសន៍អ៊ីស្រាអែល។សម្រាប់គ្រីស្ទានដំបូងដែលជាសាសន៍យូដាមានការពិបាកបន្តិចទម្រាំតែអាចទទួលយកផែនការនេះបាន។
ពួកជំនុំសាសន៍ដទៃដំបូងបង្អស់ចាប់ផ្តើមឡើងនៅទីក្រុងអាន់ទីយ៉ូក។ មានសាសន៍ដទៃជាច្រើនបានចូលរួមនឹងពួកជំនុំអាន់ទីយ៉ូកនេះ។ គ្រីស្ទានជាច្រើនដែលជាសាសន៍យូដាក៏បានចូលរួមក្នុងពួកជំនុំអាន់ទីយ៉ូកនេះដែរ (កាឡាទី ២:១១-១៣)។ ពួកជំនុំមានការរីកចំរើនឡើងយ៉ាងឆាប់រហ័ស។ តើរឿងនោះកើតឡើងបានយ៉ាងដូចម្តេច? សមាជិកពួកជំនុំទាំងឡាយមានចិត្តរំភើបនឹងការចែកចាយដំណឹងល្អ។ លោកប៉ុល និងបាណាបាសក៏បានមកដល់ទីក្រុងអាន់ទីយ៉ូកផងដែរ។ អាន់ទីយ៉ូកក្លាយជាមជ្ឈមណ្ឌលគ្រីស្ទានដ៏សំខាន់ដំបូងបង្អស់ដែលឋិតនៅក្រៅស្រុកយូដា។ ពួកជំនុំអាន់ទីយ៉ូកបានរឹតតែសំខាន់ខ្លាំងឡើងជាច្រើនអន្លើជាងពួកជំនុំនៅយេរូសាឡិម។
អាន់ទីយ៉ូកបានប្រែក្លាយជាទីកំណើតសំរាប់បេសកកម្មគ្រីស្ទាន។ បេសកកម្មគឺជាកិច្ចការពិសេសដែលយើងធ្វើដើម្បីជួយឲ្យពួកជំនុំរបស់ព្រះជាម្ចាស់ចំរើនលូតលាស់ឡើង។ លោកប៉ុលបានចាកចេញពីក្រុងអាន់ទីយ៉ូកដើម្បីបន្តដំណើរបេសកកម្មទាំងបីលើកទៅចែកចាយដំណឹងល្អ។ លោកប៉ុល និងមេដឹកនាំផ្សេងៗ ទៀតក្នុងពួកជំនុំអាន់ទីយ៉ូកបានជួយឲ្យសាសនាគ្រិស្តក្លាយ ទៅជាពួកជំនុំដែលព្រះយេស៊ូវចង់បាន៖ ពោលគឺជាសាសនាពិភពលោកដែលបានផ្សព្វផ្សាយដំណឹងល្អទៅកាន់មនុស្សគ្រប់ៗគ្នានៅលើភពផែនដីយើងនេះ (វិវរណៈ១៤:៦)។
ថ្ងៃអាទិត្យ ទី១២ សីហា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់កោះគីប្រុស (កិច្ចការ ១៣:១-១២)
នៅក្នុងកិច្ចការជំពូក១៣នេះ លោកលូកាបានណែនាំយើងឲ្យដឹងអំពីដំណើរដំបូងបង្អស់របស់លោកប៉ុលទៅចែកចាយដំណឹងល្អ (កិច្ចការ ១៣, ១៤)។ ចាប់តាំងពីជំពូកទី១៣រហូតដល់បញ្ចប់កណ្ឌគម្ពីរកិច្ចការ លោកលូកាបានសរសេរអំពីលោកប៉ុល និងកិច្ចការរបស់គាត់ជាមួយនឹងសាសន៍ដទៃ។ ដូចដែលយើងបានដឹងមកហើយថា ពួកសាសន៍ដទៃគឺពុំមែនជាសាសន៍យូដានោះឡើយ។
ដំណើរដំបូងបង្អស់របស់លោកប៉ុលទៅចែកចាយដំណឹងល្អគឺជាលើកដំបូងហើយដែលពួកជំនុំបានរៀបចំផែនការយ៉ាងប្រយ័ត្នប្រយែងក្នុងការឈោងទៅផ្សាយសេចក្តីពិតអំពីព្រះយេស៊ូវដល់មនុស្សទាំងឡាយ។ លោកលូកាក៏មានការប្រុងប្រយ័ត្នក្នុងការបញ្ជាក់ថា ផែនការនេះគឺចាប់ផ្តើមឡើងដោយសារព្រះជាម្ចាស់ មិនមែនដោយសារពួកអ្នកជឿនោះឡើយ។ ព្រះជាម្ចាស់អាចធ្វើការបានលុះត្រាណាតែយើងរាល់គ្នាមានឆន្ទៈដាក់ខ្លួនយើងទៅកន្លែងដែលព្រះអង្គអាចប្រើយើងបានតែប៉ុណ្ណោះ។
សូមអានកិច្ចការ ១៣:១-១២។ តើលោកលូកាបានបញ្ជាក់អំពីសេចក្តីពិតដ៏សំខាន់អ្វីខ្លះ ក្នុងខទាំងនេះអំពីកិច្ចការរបស់លោកប៉ុល និងលោកបាណាបាសនៅលើកោះគីប្រុស?
សមាជិកពួកជំនុំខ្លះក្នុងទីក្រុងអាន់ទីយ៉ូកបានអធិដ្ឋាន និងតម។ តមមានន័យថា ពួកគេពុំបានបរិភោគអាហារក្នុងរយៈពេលខ្លីណាមួយសំរាប់ហេតុផលខាងព្រលឹងវិញ្ញាណ។ បន្ទាប់មកអ្នកដឹកនាំពួកជំនុំបានដាក់ដៃលើលោកបាណាបាស និងលោកប៉ុល និងបានសូមឲ្យព្រះប្រទានពរកិច្ចការរបស់លោកសំរាប់ព្រះអង្គក្នុងពិធីដ៏ពិសេសមួយ (កិច្ចការ ១៤:២៦)។
លោកបាណាបាសបានត្រឡប់មកពីកោះគីប្រុសវិញ។ គីប្រុសមានទីតាំងលាតសន្ធឹងនៅប៉ែកឦសាននៃសមុទ្រមេឌីទែរ៉ាណេ។ កោះគីប្រុសគឺមិនឋិតនៅឆ្ងាយពីទីក្រុងអាន់ទីយ៉ូកប៉ុន្មានទេ។ ដូច្នេះហើយ គីប្រុសគឺជាកន្លែងដ៏ល្អសំរាប់លោកប៉ុល និងលោកបាណាបាសក្នុងការចាប់ផ្តើមដំណើររបស់ពួកគេទៅចែកចាយដំណឹងល្អ។ មែនហើយ មនុស្សម្នានៅលើកោះគីប្រុសក៏បានដឹងអំពីដំណឹងល្អនោះ។ ប៉ុន្តែ មានកិច្ចការច្រើនទៀតសំរាប់ឲ្យលោកប៉ុល និងលោកបាណាបាសធ្វើនៅទីនោះ។
នៅកោះគីប្រុស លោកប៉ុល និងលោកបាណាបាសបានយកលោកយ៉ូហានម៉ាកុស ដែលត្រូវ ជាប្អូនជីដូនមួយរបស់លោកបាណាបាសទៅជាមួយដែរ (កិច្ចការ ១៥:៣៩, កូល៉ុស ៤:១១)។ ពួកគេក៏បានធ្វើដំណើរទៅដល់សាឡាមីន ហើយបានអធិប្បាយក្នុងសាលាប្រជុំ។ សាលាប្រជុំគឺជា«ព្រះវិហារ» របស់សាសន៍យូដា ឬកន្លែងសំរាប់ថ្វាយបង្គំព្រះ។ គ្រប់ទីកន្លែងដែលលោកប៉ុលបានទៅដល់ លោកតែងបានទៅអធិប្បាយនៅក្នុងសាលាប្រជុំសិន មុននឹងលោកអធិប្បាយដល់សាសន៍ដទៃ។ សូមនឹកចាំថា ព្រះយេស៊ូវគឺជាតួអង្គដែលពួកសាសន៍អ៊ីស្រាអែលកំពុងទន្ទឹងរង់ចាំ។ ហេតុនោះហើយ ពិតជាមានន័យ ណាស់ក្នុងការចែកចាយដំណឹងល្អទៅកាន់សាសន៍យូដាមុនគេបង្អស់នោះ។
បន្ទាប់ពីសាឡាមីន លោកប៉ុលនិងមិត្តភក្តិរបស់លោកបានធ្វើដំណើរទៅទិសខាងលិចហើយក៏បានមកដល់ប៉ាផុស។ ប៉ាផុសគឺជាធានីនៃកោះគីប្រុស។ មានគ្រូអាបធ្មប់សាសន៍យូដាម្នាក់ឈ្មោះអេលីម៉ាស់ពុំបានទទួលដំណឹងល្អទេ។ ប៉ុន្តែលោកស៊ើគាសប៉ូល៉ូស ដែលជាអ្នកដំណាងជាតិរ៉ូម បានទទួលជឿវិញ (កិច្ចការ ១៣:១២)។
ក្នុងសាច់រឿងនេះ យើងឃើញថា សាសន៍យូដាម្នាក់ពុំបានទទួលសេចក្តីពិតទេ។ ប៉ុន្តែមានសាសន៍ដទៃម្នាក់បានទទួលទៅវិញ។ តើបទពិសោធន៍នេះជួយយើងឲ្យយល់ថា ជួនកាលវាមានការលំបាកជាងហ្នឹងទៅទៀតយ៉ាងដូចម្តេចខ្លះក្នុងការឈោងទៅផ្សាយប្រាប់អំពី «សេចក្តីពិតបច្ចុប្បន្ន»ដល់គ្រីស្ទានទាំងឡាយ? សេចក្តីពិតបច្ចុប្បន្នគឺជាសេចក្តីពិតដែលយើងត្រូវការបំផុតសំរាប់សម័យកាលរបស់យើង។
ថ្ងៃច័ន្ទ ទី១៣ សីហា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់អាន់ទីយ៉ូកនៅស្រុកពីស៊ីឌា៖ ភាគទី១(កិច្ចការ ១៣:៣៨)
លោកប៉ុល និងមិត្តភក្តិរបស់គាត់បានចាកចេញពីកោះគីប្រុស ហើយបន្តទៅដល់ពើកា។ ពើកា ឋិតនៅឆ្នេរសមុទ្រប៉ែកខាងត្បូងនៃដែនដីដែលបច្ចុប្បន្នជាប្រទេសទូរគី។ បន្ទាប់មក លោកប៉ុល និងមិត្តភក្តិក៏បានចូលទៅទីក្រុងអាន់ទីយ៉ូកដែលឋិតនៅស្រុកពីស៊ីឌា។ ប៉ុន្តែ មុននឹងរឿងនោះកើតឡើង លោកលូកាបានប្រាប់យើងអំពីការផ្លាស់ប្តូរដ៏សំខាន់ចំនួនពីរដែលបានកើតឡើង។ ទីមួយ លោកប៉ុលបានក្លាយជាមេដឹកនាំក្រុម។ មុននោះ លោកលូកាតែងតែនិយាយអំពីឈ្មោះលោកបាណាបាសមុនគេក្នុងសាច់រឿង។ ទីពីរ លោកលូកាឈប់ប្រើឈ្មោះរបស់លោកប៉ុលជាសាសន៍យូដាថា «សុល» នោះទៀតហើយ (កិច្ចការ ១៣:៩)។ នៅទីនេះ លោកលូកាចាប់ផ្តើមប្រើឈ្មោះ «ប៉ុល» ទៅវិញ។ តើមកពីហេតុអ្វី? ប្រហែលជាដោយសារលោកប៉ុលពេលនោះកំពុងមានទំនាក់ទំនងជាមួយនឹងមនុស្សម្នាទាំងឡាយដែលដើរតាមរបៀបរបបរបស់សាសន៍ក្រេក និងសាសន៍រ៉ូម។
ខគម្ពីរកិច្ចការ ១៣:១៣ បានប្រាប់យើងថា លោកយ៉ូហានម៉ាកុសបានត្រឡប់ទៅយេរូសាឡិមវិញ។ កណ្ឌគម្ពីរកិច្ចការនេះពុំបានប្រាប់យើងពីមូលហេតុដែលលោកយ៉ូហានម៉ាកុសចាកចេញពីលោកប៉ុលនោះទេ។ អ្នកស្រីអែល្លិន ជី វ៉ៃត៍មានប្រសាសន៍ថា លោកយ៉ូហានម៉ាកុសមានអារម្មណ៍ភ័យខ្លាច និងអស់សង្ឃឹមអំពីគ្រាលំបាកៗដែលពួកគេនឹងប្រឈមក្នុងគ្រាអនាគត។ «លោកម៉ាកុសមានការភ័យ ខ្លាច។ លោកបាត់បង់ភាពក្លាហាន។ លោករួញរាក្នុងការបន្តដំណើរទៅមុខទៀត។ ហេតុនោះហើយ ទើបលោកត្រឡប់ទៅយេរូសាឡិមវិញ» (ដកស្រង់ពី The Acts of the Apostles, page 170, adapted)។ ព្រះទ្រង់មិនដែលសន្យានឹងយើងថា កិច្ចការដែលព្រះអង្គប្រទានដល់យើងងាយស្រួលនោះទេ។ លោកប៉ុលបានដឹងតាំងពីដំបូងម៉្លេះថា លោកនឹងត្រូវរងទុក្ខលំបាកជាច្រើនក្នុងការបំរើព្រះយេស៊ូវ (កិច្ចការ ៩:១៦)។ ប៉ុន្តែ លោកប៉ុលរៀនជឿទុកចិត្តទាំងស្រុងលើអំណាចរបស់ព្រះជាម្ចាស់។ គឺដោយសារការជឿទុកចិត្តលើព្រះជាម្ចាស់នោះហើយដែលធ្វើឲ្យលោកអាចឈររឹងមាំបាន (កូរិនថូសទី២ ៤:៧-១០)។
សូមអានខគម្ពីរកិច្ចការ ១៣:៣៨។ ដូចដែលខទាំងនេះបង្ហាញប្រាប់យើងរាល់គ្នា តើសេចក្តី ពិតអ្វីដែលឋិតនៅចំកណ្តាលសាររបស់លោកប៉ុលទៅកាន់ពួកយូដានៅអាន់ទីយ៉ូក?
យើងរកឃើញសេចក្តីអធិប្បាយដំបូងបង្អស់របស់លោកប៉ុលនៅក្នុងខគម្ពីរកិច្ចការ ១៣:១៦-៤១ ដែលឋិតនៅក្នុងគម្ពីរសញ្ញាថ្មី។ ជាការពិត សេចក្តីអធិប្បាយនេះពុំមែនជាលើកទីមួយដែលលោកធ្លាប់អធិប្បាយនោះដែរ។ ហើយរឹតតែប្រាកដជាងនេះទៀតនោះ ខទាំងនេះក៏ពុំបានរ៉ាយរ៉ាប់ប្រាប់ពីពាក្យពេចន៍គ្រប់ម៉ាត់ដែលលោកប៉ុលមានប្រសាសន៍ក្នុងសេចក្តីអធិប្បាយរបស់លោកដែរ។
សេចក្តីអធិប្បាយនេះត្រូវបានបែងចែកជាបីផ្នែក។ សេចក្តីអធិប្បាយចាប់ផ្តើមពីការពិតចំនួនពីរ។ ការពិតទាំងនេះគឺ៖ ព្រះទ្រង់បានជ្រើសរើសសាសន៍អ៊ីស្រាអែលថាជារាស្ត្ររបស់ព្រះអង្គ និងបានជ្រើសរើសដាវីឌធ្វើជាស្តេច (កិច្ចការ ១៣:១៧-២៣)។ ផ្នែកដំបូងនៃសេចក្តីអធិប្បាយរបស់លោកប៉ុលបង្ហាញទៅពួកយូដាថា សេចក្តីជំនឿរបស់ពួកគេគឺដូចគ្នាទៅនឹងសេចក្តីជំនឿរបស់លោកដែរ។ បន្ទាប់ មក សេចក្តីអធិប្បាយរបស់លោកប៉ុលបង្ហាញប្រាប់ពួកយូដាថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ ដែលបានធ្វើឲ្យសេចក្តីសន្យាទាំងអស់របស់ព្រះបានសំរេចសព្វគ្រប់។ ព្រះយេស៊ូវគឺជាព្រះបុត្រាអនាគតរបស់ស្តេចដាវីឌ។ មានតែព្រះយេស៊ូវប៉ុណ្ណោះដែលអាចសង្គ្រោះអ៊ីស្រាអែលបាន (កិច្ចការ ១៣:២៤-៣៧)។ បន្ទាប់មកទៀត ផ្នែកចុងក្រោយនៃសេចក្តីអធិប្បាយរបស់លោកប៉ុលគឺជាសេចក្តីព្រមាន។ គឺព្រមានប្រាប់ពួកយូដាកុំឲ្យបែរចេញពីផែនការរបស់ព្រះក្នុងការសង្គ្រោះពួកគេ (កិច្ចការ ១៣:៣៨-៤១)។ ខគម្ពីរកិច្ចការ ១៣:៣៨, ៣៩ គឺស្តីអំពីសេចក្តីពិតដែលថា ព្រះយេស៊ូវធ្វើឲ្យយើងបានផ្សះផ្សាជាមួយនឹងព្រះឡើងវិញ។ ក្រឹត្យវិន័យមិនអាចសង្គ្រោះយើងបានឡើយ។ មានតែព្រះយេស៊ូវប៉ុណ្ណោះ ទើបអាចអត់ទោស ឲ្យយើង និងធ្វើឲ្យស្អាតបាន (រ៉ូម ១០:១-៤, កាឡាទី ២:១៦)។
ថ្ងៃអង្គារ ទី១៤ សីហា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់អាន់ទីយ៉ូកស្រុកពីស៊ីឌា៖ ភាគទី២(កិច្ចការ ១៣:៤២-៤៩)
ខគម្ពីរកិច្ចការ ១៣:៣៨, ៣៩ ប្រាប់យើងថា ក្រឹត្យវិន័យមិនអាចធ្វើឲ្យសុចរិតបានឡើយ។ ការរាប់ជាសុចរិតរបស់យើងគឺជាការបង្រៀនដ៏សំខាន់របស់ព្រះគម្ពីរ។ យើងត្រូវតែស្តាប់បង្គាប់តាមក្រឹត្យវិន័យ។ ប៉ុន្តែក្រឹត្យវិន័យមិនអាចធ្វើឲ្យយើងបានសុចរិតទេពីព្រោះក្រឹត្យវិន័យមិនអាចធ្វើឲ្យមនុស្សស្តាប់បង្គាប់បានឡើយ (កិច្ចការ ១៥:១០, រ៉ូម ៨:៣)។ ប៉ុន្តែ ចុះប្រសិនបើក្រឹត្យវិន័យអាចផ្តល់អំណាចដល់យើងឲ្យស្តាប់បង្គាប់នាពេលឥឡូវនេះ និងអនាគតវិញ យ៉ាងដូចម្តេចដែរ? អស្ចារ្យណាស់! ប៉ុន្តែអំណាចនោះមិនអាចដកយកអំពើបាបពីអតីតកាលចេញបានឡើយ (រ៉ូម ៣:១៩, កាឡាទី ៣:១០, ១១)។ នោះហើយជាមូលហេតុដែលយើងមិនអាចស្តាប់បង្គាប់តាមក្រឹត្យវិន័យដើម្បីឲ្យបានរាប់ជាសុចរិតនោះ។ យើងមិនអាចខំប្រឹងដើម្បីឲ្យបានអំណោយទាននេះនោះឡើយ។ យើងអាចទទួលអំណោយទាននេះបានគឺដោយសារតែយើងមានសេចក្តីជំនឿលើសេចក្តីសុគតរបស់ព្រះយេស៊ូវសំរាប់យើងតែប៉ុណ្ណោះ (រ៉ូម ៣:២៨, កាឡាទី ២:១៦)។ យើងមិនសក្តិសមនឹងទទួលអំណោយទាននេះសោះ។ ពិតមែន ហើយ ការស្តាប់បង្គាប់តាមក្រឹត្យវិន័យគឺមានសារៈសំខាន់ណាស់សំរាប់ជីវិតគ្រីស្ទាន។ ប៉ុន្តែ ការស្តាប់បង្គាប់ តាមក្រឹត្យវិន័យពុំបានជួយសង្គ្រោះយើងសោះឡើយ។
សូមអានកិច្ចការ ១៣:៤២-៤៩។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើពួកយូដាមានប្រតិកម្មនឹងសាររបស់លោកយ៉ាងដូចម្តេចដែរ?
លោកប៉ុលបានបញ្ចប់សាររបស់គាត់ដោយនិយាយពីចំណុចខ្លះ ដែលសំរាប់ពួកយូដាគឺមិនពិបាកនឹងទទួលយកសោះឡើយ។ ពួកយូដាភាគច្រើនបានទទួលយកសាររបស់លោកប៉ុលភ្លាមៗតែម្តង។ ប៉ុន្តែនៅថ្ងៃសប្បាតហ៍បន្ទាប់ ស្រាប់តែមានរឿងប្រែប្រួលកើតឡើង។ មានពួកយូដាខ្លះបែរជាមិន ទទួលយកសាររបស់លោកប៉ុលទៅវិញ។ ក្នុងនោះ ប្រហែលជាមានពួកមេលើសាលាប្រជុំផងដែរ។ សាលាប្រជុំគឺជា «ព្រះវិហារ» របស់ពួកយូដា ឬជាកន្លែងថ្វាយបង្គំព្រះ។ ហេតុអ្វីបានជាពួកមេដឹកនាំគេមិនសប្បាយចិត្តនឹងលោកប៉ុល? លោកលូកាកត់ត្រាថា ដោយសារពួកគេច្រណែននឹងលោកប៉ុល។
ប៉ុន្តែ ហេតុអ្វីបានជាត្រូវច្រណែន? នៅជំនាន់ព្រះគម្ពីរ មានពួកសាសន៍ដទៃជាច្រើនដែលស្រឡាញ់ចូលចិត្តជំនឿរបស់ពួកយូដាជាច្រើនចំណុច។ តើពួកគេចូលចិត្តជំនឿទាំងនោះលើចំណុចអ្វីខ្លះ? គឺជំនឿថា មានព្រះតែមួយ របៀបរបបរស់នៅរបស់ពួកយូដា និងថ្ងៃសប្បាតហ៍ផងដែរ។នៅជំនាន់ នោះ មានពួកសាសន៍ដទៃជាច្រើនដែលបានទទួលជឿតាមពួកយូដា ប៉ុន្តែពួកគេមិនទាន់បានចូលសាសន៍ យូដាទាំងស្រុងឡើយ។ ពួកគេមិនចូលចិត្តនឹងគោលគំនិតដែលថាពួកគេត្រូវតែកាត់ស្បែកនោះឡើយ។ ការកាត់ស្បែកមានន័យថា ស្បែកដែលនៅខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់យកចេញ។ ហេតុនោះ ហើយ បានជាមានពួកសាសន៍ដទៃជាច្រើនបានមកថ្វាយបង្គំព្រះនៅសាលាប្រជុំ ប៉ុន្តែពួកគេមិនទាន់ក្លាយជាពួកយូដានៅឡើយទេ។ ក្រុមសាសន៍ដទៃដែលមកថ្វាយបង្គំព្រះនេះត្រូវបានគេស្គាល់ថាជា «ពួកអ្នកកោតខ្លាចដល់ព្រះ»។ ពួកអ្នកកោតខ្លាចដល់ព្រះក្នុងសាលាប្រជុំអាន់ទីយ៉ូកអាចនឹងជួយផ្សព្វផ្សាយដំណឹងអំពីសាររបស់លោកប៉ុល (កិច្ចការ ១៣:១៦, ៤៣)។ នៅគ្រានោះ មានមនុស្សជាចំនួនច្រើនបានចូលរួមក្នុងពួកជំនុំ។ ពិតណាស់ ពួកសាសន៍ដទៃមានក្តីរំភើបណាស់ដែលពួកគេត្រូវបានសង្គ្រោះ ដោយមិនចាំបាច់ធ្វើពិធីកាត់ស្បែកនោះ។
រឿងនេះអាចជួយពន្យល់អំពីមូលហេតុដែលធ្វើឲ្យពួកមេដឹកនាំមានចិត្តច្រណែនដល់លោកប៉ុល។ ពួកមេដឹកនាំទាំងនេះមិនទទួលយកដំណឹងល្អទេ។ ប៉ុន្តែការនោះបានជួយលោកប៉ុល និងលោកបាណាបាសឲ្យផ្តោតអារម្មណ៍ទាំងស្រុងទៅលើពួកសាសន៍ដទៃវិញ។ ពួកសាសន៍ដទៃបានថ្លែងអំណរគុណដល់ព្រះដែលបានអញ្ជើញពួកគេឲ្យទទួលយកផែនការរបស់ព្រះសំរាប់សង្គ្រោះដល់បាបជនទាំងឡាយ។
ថ្ងៃពុធ ទី១៥ សីហា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់ទីក្រុងអ៊ីកូនាម (កិច្ចការ ១៤:១-៧)
មេដឹកនាំសាសន៍យូដាក្នុងក្រុងអាន់ទីយ៉ូកបានសូមឲ្យពួកអ្នកធំនៃទីក្រុងនោះប្រមូលមនុស្សមួយក្រុមធំមក។ ហើយពួកអ្នកធំធ្វើឲ្យក្រុមមនុស្សដ៏ធំនេះមានកំហឹងនឹងលោកប៉ុល និងលោកបាណាបាស។ បន្ទាប់មកពួកអ្នកធំ និងក្រុមមនុស្សដ៏ធំនោះបានបណ្តេញលោកប៉ុល និងបាណាបាសចេញពីទីក្រុង នោះទៅ (កិច្ចការ ១៣:៥០)។ ប៉ុន្តែ លោកប៉ុល និងលោកបាណាបាសមានពេញដោយសេចក្តីអំណរ និងពេញដោយព្រះវិញ្ញាណបរិសុទ្ធ (កិច្ចការ ១៣:៥២)។ បន្ទាប់មកទៀត បុរសទាំងពីររូបក៏បានបន្តដំណើរទៅដល់ទីក្រុងអ៊ីកូនាម។
ដូចដែលខគម្ពីរកិច្ចការ ១៤:១-៧ បង្ហាញដល់យើង តើមានអ្វីកើតឡើងដោយសារតែកិច្ចការដែលលោកប៉ុល និងលោកបាណាបាសបានធ្វើនៅទីក្រុងអ៊ីកូនាម?
នៅទីក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបន្តទម្លាប់នៃការអធិប្បាយរបស់ពួកលោកប្រាប់ទៅពួកសាសន៍យូដាជាមុនដំបូង មុននឹងពួកលោកអធិប្បាយប្រាប់ទៅពួកសាសន៍ដទៃ។ សេចក្តីអធិប្បាយរបស់លោកប៉ុលនៅទីក្រុងអាន់ទីយ៉ូក (កិច្ចការ ១៣:១៦-៤១) បង្ហាញយើងអំពីហេតុផលរបស់គាត់ក្នុងការធ្វើដំណើរទៅកាន់ពួកយូដាជាមុនសិន មុននឹងទៅកាន់ពួកសាសន៍ដទៃ។ តើមាន ហេតុផលអ្វីខ្លះ? ហេតុផលរបស់លោកប៉ុលនោះគឺថា វាជាការជ្រើសរើសរបស់ព្រះជាម្ចាស់។ ព្រះទ្រង់បានជ្រើសរើសសាសន៍អ៊ីស្រាអែលជារាស្ត្ររបស់ព្រះអង្គ (រ៉ូម ៣:២, រ៉ូម៩:៤, ៥)។ ព្រះទ្រង់បានសន្យាទៅកាន់រាស្ត្ររបស់ព្រះអង្គថា ទ្រង់នឹងចាត់ព្រះអង្គសង្គ្រោះមួយអង្គមកឯពួកគេ ដែលចាប់កំណើតតាមជំនួរវង្សហ្លួងដាវីឌ។ ជាការគួរឲ្យសោកស្តាយ សាសន៍យូដាជាច្រើនបែរជាងាកចេញពីដំណឹងល្អទៅ វិញ។ ប៉ុន្តែលោកប៉ុលសង្ឃឹមថា ពួកយូដាជាច្រើននឹងទទួលយកព្រះយេស៊ូវនៅគ្រាអនាគត។
ក្នុងគម្ពីររ៉ូមជំពូក៩ ដល់១១ លោកប៉ុលបានបញ្ជាក់យ៉ាងច្បាស់ថា «មិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ» (រ៉ូម ៩:៦)។ ហើយហេតុផលដែលមានពួកយូដាខ្លះនៅជឿលើព្រះយេស៊ូវក៏ដោយសារតែសេចក្តីមេត្តាករុណារបស់ព្រះផងដែរ។ ព្រះទ្រង់ពុំបានបែរចេញពីរាស្ត្ររបស់ព្រះអង្គទេ។ សូម្បីតែសព្វថ្ងៃនេះក្តី «ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ» (រ៉ូម ១១:៥)។ លោកប៉ុលបានបន្តអធិប្បាយដំណឹងល្អប្រាប់ទៅពួកសាសន៍ដទៃ។ ប៉ុន្តែ លោកប៉ុលជឿថា ពួកយូដាជាច្រើនទៀតនឹងទទួលជឿព្រះយេស៊ូវនៅគ្រាអនាគត។
«ពាក្យពេចន៍របស់លោកប៉ុលក្នុងគម្ពីររ៉ូមជំពួក៩ដល់១១ បានពន្យល់កាន់តែពេញលេញថែមទៀតអំពីផែនការរបស់លោកក្នុងការឈោងទៅរកពួកយូដា និងពួកសាសន៍ដទៃឲ្យបានទទួលដំណឹងល្អទាំងអស់គ្នា។ លោកប៉ុលបានផ្តល់ហេតុផលយ៉ាងល្អសំរាប់ពួកគ្រីស្ទានឲ្យជួយចែកចាយដំណឹងល្អទៅដល់ពួកយូដាដែលពុំទាន់ទទួលជឿព្រះយេស៊ូវនៅឡើយ»។ ដកស្រង់ពី David G. Peterson, The Acts of Apostles (Grand Rapids, MI: Eerdmans, 2009), page 401, adapted.។
ដំបូងឡើយ ទាំងពួកសាសន៍យូដា និងពួកសាសន៍ដទៃសុទ្ធតែបានទទួលយកដំណឹងល្អអំពីព្រះយេស៊ូវ។ ប៉ុន្តែបន្ទាប់មកទៀតពួកយូដាដែលមិនជឿលើព្រះយេស៊ូវក៏បានបំពុលគំនិតរបស់មនុស្សទាំងឡាយឲ្យប្រឆាំងទាស់នឹងលោកប៉ុល និងលោកបាណាបាសទៅវិញ។ ក្រុមមនុស្សដ៏ធំបានរៀបផែនការដើម្បីនឹងសម្លាប់លោកប៉ុល និងលោកបាណាបាសដោយចោលនឹងដុំថ្ម។ ប៉ុន្តែ លោកប៉ុល និងលោកបាណាបាសបានចាកចេញបាត់ទៅហើយ។
តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យក្លាយជាមិត្តដ៏ល្អនឹងសាសន៍យូដា?
ថ្ងៃព្រហស្បតិ៍ ទី១៦ សីហា ឆ្នាំ២០១៨
ដំណើររបស់លោកប៉ុលទៅកាន់លីស្ត្រា និងឌើបេ (កិច្ចការ ១៤:៥-១៩)
លោកប៉ុល និងលោកបាណាបាសបានបន្តដំណើរទៅកាន់លីស្ត្រាទៀត (កិច្ចការ ១៤:៦, ៧)។ លោកលូកាប្រាប់យើងថា មានតែរឿងមួយប៉ុណ្ណោះដែលបានកើតឡើងនៅលីស្ត្រា។ នោះគឺជារឿងអំពីរបៀបដែលលោកប៉ុលព្យាបាលមនុស្សខ្វិនម្នាក់។
សូមអានកិច្ចការ ១៤:៥-១៩។ តើពួកបណ្តាជនក្នុងក្រុងលីស្ត្រាមានអាកប្បកិរិយាយ៉ាងដូចម្តេចនៅពេលដែលពួកគេឃើញលោកប៉ុលព្យាបាលមនុស្សខ្វិននោះ? តើអាកប្បកិរិយារបស់ពួកគេបង្ហាញយើងថា ជំនឿរបស់ពួកគេល្ងង់ខ្លាំងប៉ុនណាដែរ?
ហ្វូងមនុស្សក្នុងក្រុងលីស្ត្រាមានការរំភើបចិត្តយ៉ាងខ្លាំងដែលបានឃើញលោកប៉ុលធ្វើបាដិហារ្យ។ ហ្វូងមនុស្សទាំងនោះគិតថា លោកប៉ុល និងលោកបាណាបាសគឺជាព្រះ។ ពួកគេជឿថាលោកបាណាបាស គឺជាព្រះហ្ស៊ូស (Zeus)។ ហ្ស៊ូសគឺស្តេចលើអស់ទាំងព្រះរបស់សាសន៍ក្រេក។ ហ្វូងមនុស្សក៏ជឿថា លោកប៉ុលគឺជាព្រះរបស់សាសន៍ក្រេកដែលមានឈ្មោះថា ហឺរមែស (Hermes)។ ហឺរមែសគឺជាព្រះដែលគ្រប់គ្រងលើមុខជំនួញ ទំនាក់ទំនង ការច្នៃប្រឌិត ការធ្វើដំណើរ និងការលួចឆក់ជាដើម។ ហឺរមែស ក៏ជាអ្នកនាំសារ និងជំនួយការរបស់ព្រះហ្ស៊ូសដែរ។ ពួកបណ្តាជននៅក្នុងក្រុងលីស្ត្រាបាននាំយកដង្វាយជាផ្កាភ្ញី និងសត្វគោមកឯទ្វារក្រុង។ ពួកអ្នកដឹកនាំចង់ដុតថ្វាយរបស់ទាំងនេះជាដង្វាយក្នុងកិច្ចថ្វាយបង្គំ ដល់លោកប៉ុល និងលោកបាណាបាស។
មានរឿងមួយដែលដំណាលអំពីព្រះហ្ស៊ូស និងព្រះហឺរមែស។ រឿងនេះអាចជួយពន្យល់ពីមូលហេតុដែលបណ្តាជនចង់ថ្វាយបង្គំលោកប៉ុល និងលោកបាណាបាស។ កវីសាសន៍រ៉ូមមួយរូបឈ្មោះអូវីឌបានសរសេររឿងនេះឡើង។ លោកអូវីឌនិយាយថា ព្រះហ្ស៊ូស និងព្រះហឺរមែសបានកាឡាខ្លួនជាមនុស្សលោក។ បន្ទាប់មកពួកគេបានធ្វើដំណើរមកកាន់ភូមិមួយនៅជិតទីក្រុងលីស្ត្រា។ អូវីឌនិយាយថា ស្វាមីភរិយាចំណាស់មួយគូមានសន្តានចិត្តល្អចំពោះព្រះទាំងពីរ។ ប៉ុន្តែ មនុស្សឯទៀតពុំបានប្រព្រឹត្ត ល្អដាក់ព្រះអង្គទេ។ ព្រះទាំងពីរអង្គនេះក៏បានផ្តល់រង្វាន់ដល់បុរស និងស្ត្រីចំណាស់គូនេះ។ ព្រះទាំងពីរអង្គបានជប់ឲ្យផ្ទះរបស់ពួកគាត់ក្លាយទៅជាព្រះវិហារ ហើយបានជប់ឲ្យបុរសស្ត្រីចំណាស់គូនេះឲ្យក្លាយទៅជាអ្នកដឹកនាំដ៏បរិសុទ្ធ។ បន្ទាប់មកទៀត ព្រះទាំងពីរអង្គនេះក៏បានបំផ្លាញមនុស្សដទៃៗទៀតក្នុងភូមិ នោះចោលអស់ទៅ (ដកស្រង់ពី Metamorphoses 611-724)។
បណ្តាជននៅទីក្រុងលីស្ត្រាដឹងរឿងនេះច្បាស់ណាស់។ មិនបាច់ឆ្ងល់ឡើយ ពួកគេពិតជាគិត ថា លោកប៉ុល និងលោកបាណាបាសប្រាកដជាព្រះ ពេលដែលឃើញលោកប៉ុលព្យាបាលមនុស្សខ្វិននោះ! លោកប៉ុល និងលោកបាណាបាសបានឃាត់ពួកមនុស្សនៅទីក្រុងលីស្ត្រាកុំឲ្យថ្វាយបង្គំពួកលោក។ ប៉ុន្តែ មានមនុស្សអាក្រក់ខ្លះដែលមកពីអាន់ទីយ៉ូក និងអ៊ីកូនាមបានបញ្ឆេះឲ្យពួកបណ្តាជនមានកំហឹងឡើងទាស់នឹងលោកទាំងពីរ។ ពួកបណ្តាជនបានចោលពួកលោកនឹងដុំថ្មរហូតដល់ពួកគេគិតថាពួកលោកទាំងពីរបានស្លាប់បាត់ហើយ។
ដូចដែលខគម្ពីរកិច្ចការ ១៤:២០-២៦ បង្ហាញប្រាប់យើង តើលោកប៉ុល និងលោកបាណាបាសបញ្ចប់ការធ្វើដំណើររបស់លោកនៅត្រង់ណាដែរ? តើពួកលោកបានធ្វើអ្វីខ្លះនៅតាមផ្លូវដែលត្រឡប់ មកវិញ?
លោកប៉ុលមានប្រសាសន៍ថា «ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន » (កិច្ចការ ១៤:២២)។ តើលោកប៉ុលចង់មានន័យថាយ៉ាងដូចម្តេច? តើលោកអ្នកអាចហាត់រៀនដើម្បីឲ្យបានរីកចំរើនឡើងពីការរងទុក្ខលំបាករបស់លោកអ្នកដោយរបៀបណា?
ថ្ងៃសុក្រ ទី១៧ សីហា ឆ្នាំ២០១៨
សិក្សាបន្ថែម
«នៅពេលដែលព្រះយេស៊ូវទ្រង់បានរស់នៅលើផែនដី ព្រះអង្គបានធ្វើគ្រប់យ៉ាង ដើម្បីបង្ហាញថា ពួកសាសន៍យូដាមានកំហុសដែលបានរារាំងមនុស្សដទៃទៀតមិនឲ្យស្គាល់សេចក្តីពិត។ ព្រះយេស៊ូវក៏បានធ្វើកិច្ចការដើម្បីជួយសង្គ្រោះមនុស្សដែលមិនមែនជាសាសន៍យូដាផងដែរ។ ឧទាហរណ៍ ព្រះយេស៊ូវបានសង្គ្រោះមេទាហានសាសន៍រ៉ូមម្នាក់ និងស្ត្រីដែលមកពីស្រុកភេនីសម្នាក់។ ឥឡូវនេះដល់ពេលដែលពួកអ្នកដែលដើរតាមព្រះយេស៊ូវត្រូវនាំយកសាសន៍ដទៃមកឯព្រះយេស៊ូវហើយ។ ពួកអ្នកភូមិសាសន៍ដទៃទាំងមូលបានទទួលដំណឹងល្អដោយអំណរ។ ពួកគេបានសរសើរដំកើងដល់ព្រះដោយសេចក្តីជំនឿថ្មីរបស់ពួកគេ។ ពួកយូដាភាគច្រើនពុំបានជឿលើដំណឹងល្អទេ។ ពួកគេបែរជាធ្វើឲ្យអ្នកដែលទទួលជឿឈឺចាប់ទៅវិញ។ ប៉ុន្តែការសង្ស័យនិងសំអប់របស់ពួកគេពុំបានបពា្ឈប់ផែនការរបស់ព្រះមិនឲ្យខាននឹងសង្គ្រោះដល់សាសន៍ដទៃឡើយ។ ផែនការរបស់ព្រះគឺត្រូវភ្ជាប់សាសន៍អ៊ីស្រាអែលថ្មីទៅនឹងសាសន៍អ៊ីស្រាអែលចាស់។ កន្លែងថ្វាយបង្គំរបស់ពួកសាសន៍យូដាបានបិទទ្វាររបស់ពួកគេមិនទទួលពួកសាវ័កនោះទេ។ ពួកសាវ័កគឺជាមេដឹកនាំពួកជំនុំនៅជំនាន់គម្ពីរសញ្ញាថ្មី។ ព្រះយេស៊ូវបានដាក់ឲ្យពួកសាវ័កទទួលខុសត្រូវលើពួកជំនុំបន្ទាប់ពីព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញ។ ពួកបណ្តាជនបានបើកទ្វារផ្ទះរបស់ពួកគេស្វាគមន៍ពួកសាវ័ក និងអនុញ្ញាតឲ្យពួកលោកបង្រៀនពួកគេនៅទីនោះ។ ពួកសាវ័កមិនត្រឹមតែបានប្រើប្រាស់អគារសាធារណៈដែលគ្រប់គ្រងដោយសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអធិប្បាយសេចក្តីពិតរបស់ព្រះនៅទីនោះផងដែរ» (ដកស្រង់ពី Ellen G. White, Sketches From the Life Paul, page 51 adapted)។
សំនួរពិភាក្សា៖
- ចូរគិតថែមទៀតអំពីរឿងរបស់លោកយ៉ូហានម៉ាកុស។ គាត់បានរត់ចេញពីលោកប៉ុល និងលោក បាណាបាសពេលដែលជួបការលំបាក។ ក្រោយមក លោកប៉ុលនិងលោកបាណាបាសក៏បានប្រកែកគ្នាលើរឿងរបស់លោកយ៉ូហានម៉ាកុសនេះ។ លោកបាណាបាសចង់ធ្វើការជាមួយនឹងលោកយ៉ូហានម៉ាកុស ម្តងទៀត។ ប៉ុន្តែលោកប៉ុលមិនចង់ទេ (សូមអានកិច្ចការ ១៥:៣៧)។ ប៉ុន្តែ ច្រើនឆ្នាំក្រោយមក លោកប៉ុលបានសរសេរទៅកាន់លោកធីម៉ូថេថា «ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ»(ធីម៉ូថេទី២ ៤:១១)។ យើងឃើញថា លោកប៉ុលបានផ្លាស់ប្តូរគំនិតរបស់គាត់។ តើរឿងនេះប្រាប់យើងអ្វីខ្លះអំពីការផ្តល់ឱកាសលើកទីពីរដល់មនុស្សទាំងឡាយណាដែលធ្លាប់បរាជ័យ ឲ្យធ្វើការថ្វាយព្រះសាជាថ្មីឡើងវិញនោះ?
- សូមអានម្តងទៀតអំពីអ្វីដែលលោកប៉ុល និងលោកបាណាបាសបាននិយាយទៅកាន់មនុស្សម្នានៅទីក្រុងលីស្ត្រាដែលគិតថាលោកទាំងពីរគឺជាព្រះ (កិច្ចការ ១៤:១៤-១៨)។ តើយើងគួរធ្វើអ្វីទៅវិញនៅពេលណាដែលយើងមានអារម្មណ៍ថាចង់បានការសរសើរដល់ខ្លួនចេញពីការដែលព្រះជាម្ចាស់បានធ្វើនោះ?
- សូមអានខគម្ពីរកិច្ចការ ១៤:២១-២៣។ តើលោកប៉ុល និងលោកបាណាបាសធ្វើអ្វីខ្លះដើម្បីជួយឲ្យសេចក្តីជំនឿរបស់ពួកអ្នកជឿថ្មីៗចំរើនលូតលាស់និងរឹងមាំឡើង? តើយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឲ្យអាចធ្វើរឿងបែបដូចគ្នានេះដែរនោះ?
- ពួកមេដឹកនាំសាសនាដែលបានរករឿងនឹងលោកប៉ុល បានបណ្តោយឲ្យជំនឿក្លែងក្លាយដែលច្នៃប្រឌិតដោយមនុស្ស ចូលមកឡូកឡំនឹងរឿងនៃសេចក្តីជំនឿដ៏ពិត។ តើយើងអាចគេចចេញពីអន្ទាក់ នេះដោយរបៀបណា?