ថ្ងៃសៅរ៍ ទី១០ វិច្ឆិកា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ៦:១, ២, កិច្ចការ ១០:១-២៣, កិច្ចការ ១១:៤-៨, កាឡាទី ២:១១-១៤, អេម៉ុស ៩:១១, ១២។
ខចងចាំ៖ «ព្រោះអស់អ្នកដែលបានទទួលបុណ្យជ្រមុជក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានប្រដាប់កាយដោយព្រះគ្រីស្ទហើយ គ្មានសាសន៍យូដា ឬសាសន៍ក្រេក គ្មានបាវបំរើ ឬអ្នកជា គ្មានប្រុស និងស្រីទៀតទេ ពីព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ » (កាឡាទី ៣:២៧, ២៨)។
កិច្ចការដ៏លំបាកបំផុតមួយដែលព្រះវិហារនីមួយៗមានគឺ ការដឹងអំពីរបៀបរក្សាសេចក្តីសុខសាន្តក្នុងពួកជំនុំ។ វាជាការលំបាកណាស់នៅពេលដែលមានការខ្វែងគំនិតគ្នាអំពីតួនាទីរបស់ពួកជំនុំថាជាអ្នកណា និងគួរធ្វើអ្វីខ្លះនោះ។ ការខ្វែងមតិទាំងនេះអាចនឹងនាំឲ្យបញ្ហាដ៏អាក្រក់បាន។
ពួកជំនុំនៅសម័យសព្វថ្ងៃក៏មិនខុសអំពីពួកជំនុំនៅជំនាន់គម្ពីរសញ្ញាថ្មីដែរ។ ធម្មតាមនុស្សមានបាបរមែងតែងមានខុសខ្លះហើយ មែនទេ? ការខ្វែងគំនិតគ្នាលើសេចក្តីបង្រៀនសំខាន់ៗមួយចំនួន នឹងកើតមាន ឡើង។ គ្រីស្ទានជាច្រើននៅជំនាន់គម្ពីរសញ្ញាថ្មីពុំបានយល់ស្របតាមអត្ថន័យនៃរឿងដ៏សំខាន់មួយចំនួនក្នុងគម្ពីរសញ្ញាចាស់ឡើយ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំមេលើពួកជំនុំឲ្យដើរតាមគតិបណ្ឌិតពីព្រះគម្ពីរដើម្បីដោះស្រាយបញ្ហាទាំងនេះ។
កាលពីប៉ុន្មានសប្តាហ៍មុន យើងបានសិក្សាអំពីរបៀបដែលពួកជំនុំនៅជំនាន់គម្ពីរសញ្ញាថ្មី ទទួលបទពិសោធន៍អំពីករណីសេចក្តីសុខសាន្ត និងការព្រមព្រៀងគ្នា។ សប្តាហ៍នេះ យើងនឹងក្រឡេកមើលអំពីរបៀបដែលពួកជំនុំគម្ពីរសញ្ញាថ្មីដោះស្រាយបញ្ហានៅក្នុងពួកជំនុំដែលស្ទើរតែបានបំផ្លាញសេចក្តីសុខសាន្តនៅក្នុងពួកជំនុំ និងស្ទើរតែបំផ្លាញពួកជំនុំខ្លួនឯងទៅហើយ។ តើការខ្វែងគំនិតគ្នាទៅនេះមានលើរឿងអ្វីខ្លះ? តើពួកគេដោះស្រាយដោយរបៀបណា? តើយើងអាចរៀនសូត្របានអ្វីខ្លះចេញពីបទពិសោធន៍ទាំងនេះ?
ថ្ងៃអាទិត្យ ទី១១ វិច្ឆិកា ឆ្នាំ២០១៨
ស្ត្រីមេម៉ាយសាសន៍ក្រេក
ក្នុងខគម្ពីរកិច្ចការ ៦:១ យើងឃើញមានបញ្ហាមួយនៅក្នុងគម្ពីរសញ្ញាថ្មី។ បញ្ហានេះបណ្តាលឲ្យមានការរអ៊ូរទាំថា ពួកស្ត្រីមេម៉ាយសាសន៍ក្រេកទទួលបានអាហារតិចជាងពួកស្ត្រីមេម៉ាយសាសន៍យូដា។ តើអ្វីទៅដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើង?
សមាជិកពួកជំនុំខ្លះមានអារម្មណ៍ថា ពួកមេដឹកនាំបានបង្ហាញនូវការមិនពេញចិត្តចំពោះស្ត្រីមេម៉ាយនៅក្នុងពួកជំនុំ។ ហេតុអ្វីបានជាសមាជិកពួកជំនុំគិតយ៉ាងដូច្នេះ? ពីព្រោះពួកគេមានអារម្មណ៍ថា ពួកស្ត្រីសាសន៍ក្រេកបានទទួលអាហារតិចជាងពួកស្ត្រីមេម៉ាយសាសន៍យូដា។ ព្រះគម្ពីរពុំបានប្រាប់យើងថា តើពួកមេដឹកនាំដែលបម្រើផ្នែកអាហារពិតជាមានអារម្មណ៍បែបនោះចំពោះ ស្ត្រីមេម៉ាយសាសន៍ក្រេកឬក៏អត់នោះទេ។ ប៉ុន្តែ ព្រះគម្ពីរបានចែងថា មនុស្សខ្លះក្នុងពួកជំនុំជឿថា ពួកមេដឹកនាំបានធ្វើយ៉ាងដូច្នោះមែន។ ពិត ឬ មិនពិត បញ្ហានេះមានអំណាចនឹងបំផ្លាញសេចក្តីសុខសាន្ត និងធ្វើឲ្យមានការបែកបាក់យ៉ាងឆាប់រហ័សបំផុត។ វាជាការគួរឲ្យសោកស្តាយណាស់ដែលរឿងនេះបានកើតឡើងលឿនណាស់នៅក្នុងប្រវត្តិសាស្ត្រនៃពួកជំនុំ។
នៅក្នុងខគម្ពីរ កិច្ចការ ៦:២ យើងរកឃើញផែនការសាមញ្ញមួយដែលពួកជំនុំគម្ពីរសញ្ញាថ្មីបានយកមកអនុវត្តដើម្បីដោះស្រាយបញ្ហាការយល់ច្រឡំនេះ។ តើពួកគេបានធ្វើអ្វីខ្លះដើម្បីដោះស្រាយបញ្ហានេះ?
ពួកជំនុំគម្ពីរសញ្ញាថ្មីបានរីកចំរើនយ៉ាងឆាប់រហ័ស។ ការរីកចំរើននេះបានបង្កើតបន្ទុកយ៉ាងធ្ងន់ធ្ងរដល់ពួួកសាវ័ក។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំបន្ទាប់ពី ព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញ។ ពួកសាវ័កបានជ្រើសរើសមនុស្សប្រុសប្រាំពីរនាក់ឲ្យជួយថែទាំគាំពារដល់ពួកស្ត្រីមេម៉ាយ។ ផែនការនេះបានដកយកបន្ទុកខ្លះចេញពីពួកសាវ័ក។ វាក៏បានផ្តល់ឱកាសដល់មនុស្សខ្លះទៀតឲ្យបានធ្វើការបម្រើព្រះជាម្ចាស់ផងដែរ។
ពួកសាវ័កបានស្តាប់ពួកអ្នកជឿដែលនិយាយភាសាក្រេកយ៉ាងយកចិត្តទុកដាក់បំផុត។ បន្ទាប់មក ពួកសាវ័កបានសួរពួកអ្នកជឿទាំងនេះថា តើពួកគេគិតចង់ឲ្យដំណោះស្រាយតាមរបៀបណា។ ពួកសាវ័កក៏បានស្នើសូមឲ្យអង្គប្រជុំជ្រើសរើសមនុស្សប្រុសចំនួនប្រាំពីរនាក់ដើម្បីជួយបម្រើផ្នែកអាហារដល់ពួកស្ត្រីមេម៉ាយ។ ហេតុនោះហើយ ពួកអ្នកជឿដែលនិយាយភាសាក្រេកក៏បានជ្រើសរើសមនុស្សប្រុសបានប្រាំពីរនាក់។ មនុស្សប្រុសទាំងអស់នេះសុទ្ធតែចេះនិយាយភាសាក្រេក។ ពួកគេ «ជាអ្នកមានឈ្មោះល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ និងប្រាជ្ញា» ផងដែរ (កិច្ចការ ៦:៣)។ មុនពេលដែលពួកជំនុំបានជ្រើសរើសមនុស្សប្រុសទាំងប្រាំពីរនាក់ឲ្យជួយដល់ពួកសាវ័ក ពួកសាវ័កមានការងារត្រូវអធិប្បាយសេចក្តីពិតផង និងចែកអាហារដល់ពួកស្ត្រីមេម៉ាយផង។ ប៉ុន្តែឥឡូវនេះ កិច្ចការមួយចំណែករបស់ពួកសាវ័កត្រូវបាន ប្រគល់ដល់មនុស្សប្រុសទាំងប្រាំពីរនាក់នោះវិញ។ មនុស្សទាំងប្រាំពីរនាក់នោះត្រូវមើលការខុសត្រូវលើការចែកអាហារដល់ពួកស្ត្រីមេម៉ាយ។ ក្នុងគម្ពីរកិច្ចការ ពាក្យក្រេកដែលប្រើពណ៌នាកិច្ចការអធិប្បាយ របស់ពួកសាវ័ក (កិច្ចការ ៦:៤) និងការបម្រើអាហារដល់ពួកស្ត្រីមេម៉ាយគឺដូចគ្នា (កិច្ចការ ៦:១)។ ពាក្យ ដូចគ្នានេះគឺ មានន័យថា ការបម្រើ។ រឿងនេះបង្ហាញប្រាប់យើងថា កិច្ចការទាំងពីរគឺមានតម្លៃ និងសំខាន់ ស្មើគ្នានៅចំពោះព្រះជាម្ចាស់។
ថ្ងៃច័ន្ទ ទី១២ វិច្ឆិកា ឆ្នាំ២០១៨
ពួកសាសន៍ដទៃបានចូលរួមជាមួយនឹងពួកជំនុំ
គម្ពីរកិច្ចការប្រាប់យើងនូវរឿងស្តីអំពីរបៀបដែលពួកសាសន៍ដទៃបានចូលរួមនឹងពួកជំនុំ។ រឿងនេះគឺជាមូលដ្ឋានសំរាប់ការខ្វែងគំនិតគ្នាដ៏ធំនៅក្នុងប្រវត្តិសាស្ត្រដំបូងៗនៃពួកជំនុំគម្ពីរសញ្ញាថ្មី។ ការខ្វែងគំនិតគ្នានេះមានអំណាចអាចនឹងបំផ្លាញអាយុជីវិត និងកិច្ចការរបស់ពួកជំនុំខ្លួនឯងផ្ទាល់ផង។
ក្នុងខគម្ពីរ កិច្ចការ ១០:១-២៣ យើងឃើញភស្តុតាងដែលបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើការនៅក្នុងចិត្តរបស់មនុស្សជាច្រើន។ ព្រះវិញ្ញាណបានដឹកនាំពួកគេឲ្យបើកផ្លូវសំរាប់ពួកក្រៅសាសន៍ឲ្យទទួលយកដំណឹងល្អអំពីព្រះយេស៊ូវ។ តើមានភស្តុតាងអ្វីខ្លះដែលខទាំងនេះបង្ហាញប្រាប់យើងថា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យបាដិហារ្យដ៏អស្ចារ្យនេះកើតឡើងនោះ?
លោកពេត្រុសប្រាកដជាបានគិតថា ការជាក់ស្តែងដែលលោកបានឃើញគឺជារឿងចំឡែកណាស់មិនខាន! លោកគឺជាសាសន៍យូដាដ៏ស្មោះត្រង់ម្នាក់។ លោកបានអនុវត្តតាមច្បាប់ខាងអាហារស្តីអំពីអាហារស្អាត និងមិនស្អាតយ៉ាងប្រុងប្រយ័ត្នណាស់ (សូមអានលេវីវិន័យ ១១, អេសេគាល ៤:១៤, ដានីយ៉ែល ១:៨)។ លោកមិនធ្លាប់ដែលបរិភោគអាហារណាដែលមិនស្អាតនៅក្នុងជីវិតរបស់លោកឡើយ។ ប៉ុន្តែ ចូរសិក្សារឿងនេះឲ្យច្បាស់ជាមួយគ្នាសិន។ ការជាក់ស្តែងរបស់លោកពេត្រុសគឺមិនមែនស្តីអំពីអាហារនោះឡើយ។ ការជាក់ស្តែងរបស់លោកគឺពិតជានិយាយអំពីការប្រកាន់គ្នារវាងសាសន៍យូដា និងពួកក្រៅសាសន៍ដែលធ្វើឲ្យរាំងស្ទះដល់ដំណឹងល្អមិនឲ្យទទួលជោគជ័យ។ ការប្រកាន់គ្នាទាំងនេះមានច្រើនណាស់ក្នុងជំនាន់ព្រះគម្ពីរ ហើយសម័យសព្វថ្ងៃក៏កំពុងតែមានដូចគ្នាដែរ។
នៅពេលដែលពួកជំនុំបានចាប់ផ្តើមដំបូងៗ និង៣០ឆ្នាំបន្ទាប់មក ពួកគ្រីស្ទានភាគច្រើនគឺជាសាសន៍យូដាដែលទទួលជឿព្រះយេស៊ូវ។ ពួកគ្រីស្ទានទាំងនេះគឺជាពួកសាសន៍យូដាដ៏ស្មោះត្រង់។ ពួកគេគោរពតាមក្រឹត្យវិន័យ។ ហេតុនោះហើយ ពួកគេពុំយល់ថា ដំណឹងល្អបានធ្វើឲ្យក្រឹត្យវិន័យមួយចំនួនក្នុងគម្ពីរសញ្ញាចាស់អស់សុពលភាពឡើយ (សូមអានម៉ាថាយ ៥:១៧-២០)។
ខគម្ពីរកិច្ចការ ១០:២៨, ២៩, ៣៤ និង ៣៥ ប្រាប់យើងអំពីអ្វីដែលលោកពេត្រុសបានជឿលើអត្ថន័យនៃការជាក់ស្តែង។ តើអ្វីទៅដែលបានបណ្តាលឲ្យលោកជឿបែបនេះទៅវិញ?
ព្រះវិញ្ញាណបរិសុទ្ធបានបើកផ្លូវឲ្យពួកក្រៅសាសន៍បានចូលរួមក្នុងពួកជំនុំ និងការប្រកបគ្នាក្នុងរង្វង់សហគមន៍គ្រីស្ទាន។ ហើយពួកគេអាចចូលរួមក្នុងពួកជំនុំដោយមិនចាំបាច់កាត់ស្បែក និងចូលសាសន៍យូដាជាមុនឡើយ។ ការកាត់ស្បែកមានន័យថា ផ្នែកខាងចុងនៃស្បែកអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ លោកពេត្រុស និងមិត្តភក្តិរបស់លោកដឹងថា ការនេះមកពីព្រះ គឺដោយសារការចាក់បង្អុរ ព្រះវិញ្ញាណបរិសុទ្ធមកលើក្រុមគ្រួសារលោកកូនេលាសដូចគ្នានឹងអ្វីដែលពួកសិស្សរបស់ព្រះយេស៊ូវបានឆ្លងកាត់នៅបុណ្យថ្ងៃទី៥០ដែរ (កិច្ចការ ១០:៤៤-៤៧)។ ព្រះទ្រង់បានប្រទានព្រះវិញ្ញាណរបស់ ព្រះអង្គដល់ពួកក្រៅសាសន៍តាមរបៀបដែលព្រះអង្គបានប្រទានដល់ពួកសាសន៍យូដាដែរ។ ដោយហេតុនេះ នោះហើយគឺជាភស្តុតាងបញ្ជាក់ប្រាប់លោកពេត្រុសថា ពួកក្រៅសាសន៍ពុំចាំបាច់ត្រូវទទួលពិធីកាត់ស្បែកមុននឹងចូលរួមជាមួយនឹងពួកជំនុំឡើយ។ ប៉ុន្តែការដែលកើតឡើងនេះបាននាំឲ្យមានការ ខ្វែងគំនិតគ្នាយ៉ាងធំក្នុងពួកជំនុំ។
ថ្ងៃអង្គារ ទី១៣ វិច្ឆិកា ឆ្នាំ២០១៨
ព្រះវិញ្ញាណបរិសុទ្ធដឹកនាំរាស្ត្ររបស់ព្រះជាម្ចាស់
រឿងហេតុដែលបានកើតឡើងជាមួយនឹងលោកកូនេលាសនៅក្នុងទីក្រុងសេសារាក៏បានឮទៅដល់ពួកមេដឹកនាំពួកជំនុំនៅឯទីក្រុងយេរូសាឡិមយ៉ាងឆាប់រហ័ស។ ពួកមេដឹកនាំពួកជំនុំបានសួរនាំលោកពេត្រុសឲ្យពន្យល់អំពីអ្វីដែលបានកើតឡើងជាមួយនឹងលោកកូនេលាស។ ពួកមេដឹកនាំនៃពួកជំនុំមិនសប្បាយចិត្តនឹងលោកពេត្រុសឡើយ។ ក្រឹត្យវិន័យរបស់លោកម៉ូសេបានចែងថា ពួកសាសន៍យូដាដ៏ស្មោះត្រង់មិនត្រូវអនុញ្ញាតឲ្យបរិភោគជាមួយនឹងមនុស្សសាសន៍ដទៃឡើយ។ មនុស្សសាសន៍ដទៃគឺសំដៅដល់មនុស្សទាំងឡាយណាដែលមិនមែនជាសាសន៍យូដា។
ក្នុងខគម្ពីរ កិច្ចការ ១១:៤-១៨ តើលោកពេត្រុសពន្យល់អំពីអ្វីដែលបានកើតឡើងនៅទីក្រុងសេសារា និងកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅទីនោះដោយរបៀបណា? តើលោកពេត្រុសចង់ ឲ្យមេដឹកនាំនៃពួកជំនុំយល់អំពីអ្វី?
អ្នកខ្លះដែលឋិតនៅក្នុងអង្គប្រជុំបានសង្ស័យអំពីអាកប្បកិរិយា និងការសំរេចចិត្តដ៏ប្រកបដោយគតិបណ្ឌិតរបស់លោកពេត្រុសក្នុងការជ្រមុជទឹកដល់ពួកសាសន៍ដទៃ។ ប៉ុន្តែនៅថ្ងៃនោះមានស្មរបន្ទាល់គ្រប់គ្រាន់នៅទីនោះ។ ពួកគេបានឃើញថា ព្រះវិញ្ញាណបរិសុទ្ធបង្ហាញអង្គទ្រង់ផ្ទាល់ដូចដែលបានបង្ហាញដល់ពួកអ្នកដើរតាមព្រះយេស៊ូវក្រោយពេលដែលព្រះអង្គបានយាងត្រឡប់ទៅឋានសួគ៌វិញមិនយូរប៉ុន្មាននោះដែរ។ គ្មាននរណាម្នាក់អាចបដិសេធថាព្រះវិញ្ញាណបរិសុទ្ធពុំបានដឹកនាំនោះឡើយ។ «កាលបានឮសេចក្ដីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះ ព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃ ឲ្យគេមានជីវិតដែរហ្ន៎» (កិច្ចការ ១១:១៨)។
ខគម្ពីរ កិច្ចការ ១១:១៩-២៤ ប្រាប់យើងអំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងពួកជំនុំគម្ពីរសញ្ញាថ្មីបន្ទាប់ពីនោះបន្តទៀត។ តើបន្ទាប់ពីនោះមានអ្វីកើតឡើងទៀត?
ប្រហែលជាអ្នកជឿខ្លះនៅក្នុងទីក្រុងយេរូសាឡិមគិតថា រឿងដែលបានកើតឡើងជាមួយនឹងលោកកូនេលាសនិងក្រុមគ្រួសាររបស់លោកនឹងមិនកើតឡើងដល់អ្នកផ្សេងទៀតម្តងទៀតឡើយ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមានផែនការផ្សេងទៀតវិញ។ ក្រោយពីស្ទេផានត្រូវគេសំឡាប់ (កិច្ចការ ៨:១) មិនយូរប៉ុន្មាន ពួកសាសន៍យូដាដែលជឿលើព្រះយេស៊ូវក៏បានបែកខ្ញែកខ្ចាត់ខ្ចាយពីគ្នា។ ពួកគេបានគេចចេញពីទីក្រុងយេរូសាឡិមដើម្បីគេចខ្លួនពីការបៀតបៀនរបស់ពួកមេដឹកនាំខាងសាសនាមកលើពួកគេ។ ពួកគេបានគេចខ្លួនទៅស្រុកសាម៉ារី ស្រុកភេនិស ស្រុកគីប្រុស និងទីក្រុងអាន់ទីយ៉ុក។ បន្ទាប់មក មានពួកក្រៅសាសន៍កាន់តែច្រើនឡើងៗបានទទួលយកសេចក្តីពិត ដូចដែលព្រះយេស៊ូវបានសន្យាទុកមែន (កិច្ចការ ១:៨)។ ប៉ុន្តែ វាជាការងាយណាស់ដែលឃើញថា ពួកសាសន៍យូដាដែលជឿលើព្រះយេស៊ូវនៅគ្រាដំបូងនោះនៅតែបារម្ភអំពីការដែលពួកក្រៅសាសន៍មកចូលរួមជាមួយនឹងពួកជំនុំ និងបារម្ភថាតើពួកគេគួរធ្វើអ្វីខ្លះដើម្បីទប់ទល់នឹងរឿងនេះ។
តើលោកអ្នកមានទស្សនៈ ឬគោលគំនិត «ចង្អៀតចង្អល់» អំពីពួកជំនុំ និងកិច្ចការរបស់ព្រះដែរឬទេ? ប្រសិនបើមាន តើអ្វីទៅជាគោលគំនិត «ចង្អៀតចង្អល់» ដែលយើងមាន? តើគោលគំនិត «ចង្អៀតចង្អល់» ទាំងនេះអាចរំខានដល់ការធ្វើទីបន្ទាល់របស់លោកអ្នកដល់អ្នកដទៃទៀតដោយរបៀបណា? តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ការកុំឲ្យរឿងនោះកើតឡើងដល់យើងបាន?
ថ្ងៃពុធ ទី១៤ វិច្ឆិកា ឆ្នាំ២០១៨
ក្រុមប្រឹក្សាយេរូសាឡិម
ក្នុងខគម្ពីរ កិច្ចការ ១៥:១, ២ និង កាឡាទី ២:១១-១៤ មានបញ្ហាពីរដែលបណ្តាលឲ្យមានបញ្ហាជាច្រើននៅក្នុងពួកជំនុំ។ តើបញ្ហាទាំងពីរនេះគឺជាអ្វីខ្លះ?
ពួកជំនុំគម្ពីរសញ្ញាថ្មីកំពុងតែជួបគ្រោះថ្នាក់យ៉ាងពិតប្រាកដ។ ពួកគ្រីស្ទានសាសន៍យូដាខ្លះបានគិតថា មានតែពួកសាសន៍យូដាប៉ុណ្ណោះដែលត្រូវបានសង្គ្រោះ។ ពួកគេបានគិតថា មនុស្សប្រុសៗទាំងអស់ត្រូវតែចូលសាសន៍យូដា និងទទួលពិធីកាត់ស្បែកជាមុនសិន។ ចូរនឹកចាំថា ការកាត់ស្បែកមានន័យថាផ្នែកខាងចុងនៃស្បែកអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ ពួកសាសន៍យូដាដែលស្មោះត្រង់ជឿថា ការមិនរាប់អានដល់សាសន៍ដទៃក៏ជាកាតព្វកិច្ចរបស់ពួកគេមួយដែរ។ ពួកសាសន៍ដទៃគឺជាមនុស្សដែលមិនមែនជាសាសន៍យូដា។
ពួកសាសន៍យូដាបានកាន់ច្បាប់យ៉ាងតឹងរឹងមួយដែលមិនអនុញ្ញាតឲ្យចងមិត្តជាមួយនឹងសាសន៍ដទៃឡើយ។ ក្បួនច្បាប់ដែលមនុស្សបង្កើតនេះបានក្លាយជាបញ្ហាសំរាប់ពួកគ្រីស្ទានសាសន៍យូដានៅពេលដែលពួកអ្នកជឿព្រះយេស៊ូវចាប់ផ្តើមចែកចាយសេចក្តីពិតដល់មនុស្សដែលចង់ទទួលជឿព្រះយេស៊ូវដែរនោះ។ ប៉ុន្តែ ព្រះយេស៊ូវក៏ជាសាសន៍យូដាដែរ មែនទេ? ហេតុនោះ តើរឿងនោះមានន័យថា ពួកក្រៅសាសន៍ត្រូវតែចូលសាសន៍យូដា និងធ្វើតាមច្បាប់របស់សាសន៍យូដាជាមុនសិនទើបបានសង្គ្រោះឬ?
ក្នុងខគម្ពីរ កិច្ចការ ១៥:៣-២២ យើងឃើញក្រុមប្រឹក្សាយេរូសាឡិមបានបើកអង្គប្រជុំមួយ។ ក្រុមប្រឹក្សាយេរូសាឡិមបានធ្វើការសំរេចចិត្តធំៗសំរាប់ពួកជំនុំ។ តើអង្គប្រជុំរបស់ក្រុមប្រឹក្សានេះលើកយកប្រធានបទអ្វីខ្លះមកពិភាក្សានៅគ្រានោះ?
ការខ្វែងគំនិតគ្នាក្នុងពួកជំនុំគឺមានទាក់ទិននឹងអត្ថន័យពិតប្រាកដនៃសេចក្តីបង្រៀនមួយចំនួននៅក្នុងគម្ពីរសញ្ញាចាស់។ ពួកមេដឹកនាំនៃពួកជំនុំបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើរឿងទាំងនេះ។ ការពិភាក្សាបានអូសបន្លាយពេលយ៉ាងយូរ ហើយនៅតែពុំមានការឯកភាពគ្នាឡើយ។
ប៉ុន្តែបន្ទាប់មក លោកពេត្រុស លោកបាណាបាស និងលោកប៉ុលក៏បានឡើងមានប្រសាសន៍។ លោកពេត្រុសបានលើកឡើងអំពីការជាក់ស្តែងដែលព្រះជាម្ចាស់បានប្រទានដល់លោក។ លោកក៏បានប្រាប់ទៅមនុស្សគ្រប់គ្នាថា ព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធដល់លោកកូនេលាស និងមនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់គាត់។ អំណោយទាននេះបានបើកផ្លូវសំរាប់ពួកអ្នកជឿលើព្រះយេស៊ូវឲ្យចែកចាយសេចក្តីពិតដល់ពួកសាសន៍ដទៃ។ បន្ទាប់មកទៀត លោកប៉ុល និងលោកបាណាបាសក៏បានមានប្រសាសន៍អំពីរបៀបដែលព្រះទ្រង់បានប្រើលោកឲ្យធ្វើបន្ទាល់ដល់ពួកសាសន៍ដទៃដែរ។ ដោយសារតែទីបន្ទាល់របស់ពួកលោកធ្វើឲ្យពួកសាសន៍ដទៃជាច្រើនបានទទួលយកសេចក្តីពិត។ លោកពេត្រុសបានមានប្រសាសន៍ថា «យើងជឿថា បានសង្គ្រោះដោយព្រះគុណ [សេចក្តីមេត្តា ការអត់ទោស និងអំណាចដែលឈ្នះលើអំពើបាប] នៃព្រះអម្ចាស់យេស៊ូវដូចជាគេ [ពួកសាសន៍ដទៃ] ដែរ» (កិច្ចការ ១៥:១១)។
តើលោកអ្នកធ្លាប់ដែលផ្លាស់ប្តូរគំនិតលើអ្វីមួយដែលលោកអ្នកគិតថាជារឿងត្រឹមត្រូវដែរឬទេ? តើបទពិសោធន៍នោះបង្រៀនដល់លោកអ្នកនូវចំណុចអ្វីខ្លះ?
ថ្ងៃព្រហស្បតិ៍ ទី១៥ វិច្ឆិកា ឆ្នាំ២០១៨
បញ្ហាដ៏លំបាកត្រូវបានដោះស្រាយរួច
ម្សិលមិញ យើងឃើញថាមេដឹកនាំនៃពួកជំនុំនៅទីក្រុងអាន់ទីយ៉ុកបានបញ្ជូនអ្នកតំណាងឲ្យទៅឯពួកជំនុំនៅយេរូសាឡិមដើម្បីឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ។ ពួកមេដឹកនាំនៅទីក្រុងអាន់ទីយ៉ុកត្រូវការរកវិធីដែលប្រសើរបំផុត ដើម្បីដោះស្រាយបញ្ហាអំពីការដែលពួកក្រៅសាសន៍ចូលរួមនឹងពួកជំនុំ។ មេដឹកនាំទាំងពីរក្រុមបានចំណាយពេលជាច្រើនម៉ោងពិភាក្សាអំពីបញ្ហានោះ។ បន្ទាប់មក លោកយ៉ាកុបក៏បានធ្វើការសំរេចចិត្តអំពីកិច្ចការដែលពួកជំនុំគួរធ្វើ (កិច្ចការ ១៥:១៣-២០)។ លោកយ៉ាកុបគឺជាបងប្រុសរបស់ព្រះយេស៊ូវ។ លោកទំនងជាមេដឹកនាំលើក្រុមប្រឹក្សាយេរូសាឡិមផងដែរ។ ក្រុមប្រឹក្សាយេរូសាឡិមបានប្រជុំសំរេចចិត្តលើកិច្ចការធំៗរបស់ពួកជំនុំ។ ក្រុមប្រឹក្សាយេរូសាឡិមបានសំរេចចិត្តថា ពួកក្រៅសាសន៍ពុំចាំបាច់ត្រូវចូលសាសន៍យូដាជាមុនសិន ទើបអាចឲ្យចូលរួមក្នុងពួកជំនុំនោះទេ។ ពួកក្រៅសាសន៍ក៏ពុំចាំបាច់ត្រូវកាត់ស្បែកដែរ។ សូមនឹកចាំថា ការកាត់ស្បែកមានន័យថា ផ្នែកខាងចុងនៃស្បែកអង្គជាតិរបស់បុរសត្រូវកាត់ចេញ។
ក្នុងខគម្ពីរ អេម៉ុស ៩:១១, ១២ និង យេរេមា ១២:១៤-១៦ យើងឃើញមានសារពិសេសៗពីលោកអេម៉ុស និងលោកយេរេមាស្តីអំពីសាសន៍ដទៃ។ តើអ្នកនាំសារពិសេសមកពីព្រះជាម្ចាស់ទាំងពីររូបនេះមានប្រសាសន៍ថានឹងមានអ្វីកើតឡើង?
ជាយូរលង់ណាស់មកហើយ ព្រះទ្រង់មានផែនការចង់សង្គ្រោះមនុស្សលោកគ្រប់គ្នានៅលើផែនដីនេះតាមរយៈទីបន្ទាល់របស់សាសន៍អ៊ីស្រាអែល។ នៅពេលដែលព្រះទ្រង់បានជ្រើសរើសលោកអ័ប្រាហាំ ព្រះអង្គបានសន្យាថានឹងប្រទានពរដល់មនុស្សទាំងអស់ដោយសារលោកអ័ប្រាហាំ និងអនាគតកូនចៅរបស់លោក (លោកុប្បត្តិ ១២:១៣)។ ឥឡូវនេះ ព្រះទ្រង់បានបង្ហាញភស្តុតាងដល់អ្នកជឿលើ ព្រះអង្គថា សេចក្តីសន្យានេះបានសំរេចឡើងហើយ។ តើភស្តុតាងនោះគឺជាអ្វី? ព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំរាស្ត្ររបស់ព្រះយ៉ាងច្បាស់ក្រឡែត។ រឿងនោះគឺឃើញមាននៅក្នុងកិច្ចការដែលលោកពេត្រុស លោកបាណាបាស និងលោកប៉ុលបានធ្វើថ្វាយព្រះជាម្ចាស់ក្នុងចំណោមពួកសាសន៍ដទៃទាំងនោះឯង។ បាដិហារ្យទាំងនេះបានជួយឲ្យពួកមេដឹកនាំពួកជំនុំនៅយេរូសាឡិមមើលឃើញថា សេចក្តីសន្យាជាច្រើននៅក្នុងគម្ពីរសញ្ញាចាស់កំពុងតែសំរេចឡើងហើយ! ក្នុងអតីតកាល ព្រះទ្រង់បានប្រទានក្រឹត្យវិន័យដល់ពួកសាសន៍អ៊ីស្រាអែលដើម្បីជួយឲ្យពួកគេស្គាល់ពីសេចក្តីដែលពួកក្រៅសាសន៍គួរធ្វើដើម្បីចូលសាសន៍យូដាបាន (លេវីវិន័យ ១៧, ១៨)។ ក្នុងសេចក្តីសំរេចចិត្តរបស់យ៉ាកុប លោកក៏បានរំឭកមនុស្សគ្រប់គ្នាអំពីច្បាប់ទាំងនេះផងដែរ (កិច្ចការ ១៥:២៩)។ ហេតុនោះហើយ រឿងនេះបង្ហាញដល់មនុស្សគ្រប់គ្នាយ៉ាងច្បាស់ថា ព្រះទ្រង់បានដឹកនាំពួកក្រៅសាសន៍ឲ្យចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះអង្គឲ្យទទួលជឿលើព្រះយេស៊ូវ និងបានសង្គ្រោះដែរ។ ព្រះវិញ្ញាណរបស់ព្រះបានជួយពួកអ្នកជឿសាសន៍យូដាឲ្យយល់អំពីសេចក្តីពិតក្នុងព្រះគម្ពីរនេះ។
នៅពេលដែលពួកជំនុំនៅអាន់ទីយ៉ុកបានឮអំពីដំណឹងនេះ ពួកគេមានសេចក្តីអំណរយ៉ាងខ្លាំង (កិច្ចការ ១៥:៣០-៣៥)។ គម្ពីរកិច្ចការបង្ហាញឲ្យឃើញនូវឧទាហរណ៍ដ៏មានអំណាចស្តីអំពីរបៀបដែលពួកជំនុំគម្ពីរសញ្ញាថ្មីបានដោះស្រាយនូវបញ្ហាដ៏លំបាកដោយមានជំនួយពីព្រះវិញ្ញាណ ការសិក្សាព្រះគម្ពីរ និងបំណងសំរាប់សេចក្តីសុខសាន្តក្នុងពួកជំនុំផង។
កតើរឿងនេះបង្រៀនយើងអ្វីខ្លះអំពីសារៈសំខាន់នៃការស្តាប់អ្នកដទៃ បើទោះបីជារឿងដែលគេលើកឡើងគឺជាអ្វីដែលយើងមិនចង់ឮក្តី?
ថ្ងៃសុក្រ ទី១៦ វិច្ឆិកា ឆ្នាំ២០១៨
សិក្សាបន្ថែម
សូមអានពីប្រភពឯកសារទាំងនេះ Ellen G. White, “A Seeker for Truth,”pages 131-142; “Jew and Gentile, pages 188-200, in The Acts of the Apostles.
«ក្រុមប្រឹក្សាដែលបានជួបប្រជុំគ្នាដើម្បីដោះស្រាយ រួមមានពួកសាវ័ក និងគ្រូមួយចំនួនផង។ មនុស្សទាំងនេះគឺជាមេដឹកនាំដ៏រឹងមាំ។ ពួកលោកគឺជាអ្នកចាប់ផ្តើមពួកជំនុំសាសន៍យូដា និងសាសន៍ដទៃ។ ក្រុមនេះរាប់បញ្ចូលទាំងមេដឹកនាំពីកន្លែងផ្សេងៗទៀតផងដែរ។ មេដឹកនាំមកពីក្រុងយេរូសាឡិម និងក្រុងអាន់ទីយ៉ុកក៏នៅទីនោះដែរ។ ពួកមេដឹកនាំដែលមកពីពួកជំនុំទាំងឡាយដែលមានឥទ្ធិពលច្រើនក្នុងការផ្សាយដំណឹងល្អក៏មានវត្តមាននៅទីនោះដែរ។ ពួកមេដឹកនាំបានធ្វើការសំរេចចិត្តប្រកបដោយប្រាជ្ញា និងការកោតខ្លាចដល់ព្រះជាម្ចាស់ ដែលជាអ្នកចាប់ផ្តើមឲ្យមានពួកជំនុំ។ មនុស្សគ្រប់គ្នាបានយល់ឃើញថា ព្រះអង្គទ្រង់ផ្ទាល់ជាអ្នកដែលបានប្រទានដំណោះស្រាយទៅលើបញ្ហានោះដល់ពួកគេ។ ពួកគេបានឃើញភស្តុតាងនៃចម្លើយរបស់ព្រះនៅក្នុងការពិតដែលព្រះអង្គបានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកក្រៅសាសន៍។ ពួកមេដឹកនាំបានយល់ឃើញថា ពួកគេមានកាតព្វកិច្ចត្រូវធ្វើនូវអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបង្ហាញថាត្រឹមត្រូវដល់ពួកគេ។
មិនមែនគ្រីស្ទានទាំងអស់មានសិទ្ធិត្រូវធ្វើដំណើរមកក្រុងយេរូសាឡិមដើម្បីបោះឆ្នោតសំរេចចិត្តលើកិច្ចការអ្វីណាមួយនោះឡើយ។ ពួកសាវ័ក និងមេដឹកនាំពួកជំនុំវិញទេដែលមានសិទ្ធិអំណាច និង ជំនាញក្នុងការជំនុំជំរះ។ ពួកលោកបានអញ្ជើញមេដឹកនាំពីបណ្តាពួកជំនុំផ្សេងៗទៀតឲ្យមកចូលរួមក្នុងអង្គប្រជុំ។ ភាគច្រើនបំផុតបានមកចូលរួមតាមសេចក្តីអញ្ជើញនោះ។ មានមួយក្រុមនោះបែរជាចង់បាន អំណាចដើម្បីត្រួតត្រាលើពួកជំនុំទៅវិញ។ ពួកមនុស្សទាំងនេះបានរអ៊ូរទាំ។ ពួកគេចាប់ផ្តើមមានផែនការថ្មីដើម្បីរារាំងកិច្ចការរបស់ពួកមេដឹកនាំក្រុមជំនុំ។ ប៉ុន្តែ ទ្រង់បានជ្រើសរើសមេដឹកនាំទាំងនេះឲ្យផ្សព្វផ្សាយដំណឹងល្អស្តីអំពីព្រះយេស៊ូវ។ បញ្ហាជាច្រើនបានចូលមករារាំងដល់ជោគជ័យនៃពួកជំនុំរបស់ព្រះចាប់តាំងពីដំបូងទីមកម៉្លេះ។ នោះហើយជាមូលហេតុដែលពួកជំនុំនៅតែមានបញ្ហាជាប់រហូតមក។ ហើយវា នឹងបន្តរហូតដល់ចុងបំផុត»។ ដកស្រង់ពី (Ellen G. White, The Acts of the Apostles, pages 196, 197, adapted)។
សំនួរពិភាក្សា៖
- តើក្នុងសប្តាហ៍នេះ លោកអ្នក និងអ្នកជឿដទៃទៀតបានរៀនអំពីក្បួនច្បាប់ដ៏សំខាន់អ្វីខ្លះ ដែលអាចប្រើក្នុងការដោះស្រាយបញ្ហានៅក្នុងពួកជំនុំរបស់លោកអ្នក? តើក្បួនច្បាប់ដ៏សំខាន់ទាំងនេះអាចជួយយ៉ាងដូចម្តេចខ្លះដល់ពួកជំនុំរបស់លោកអ្នកឲ្យមានការត្រូវរ៉ូវគ្នាដោយសន្តិវិធីនោះ?
- សូមអានម្តងទៀតនូវអត្ថបទដកស្រង់ខាងលើរបស់អ្នកស្រីអែល្លិន ជី វ៉ៃត៍។ មែនហើយ ក្រុមប្រឹក្សាយេរូសាឡិមបានជួយឲ្យពួកជំនុំមានការត្រូវរ៉ូវគ្នាយ៉ាងរលូន។ ប៉ុន្តែ តើលោកអ្នកមិនឃើញថា សមាជិកពួកជំនុំខ្លះនៅតែមានការមិនសប្បាយចិត្តចំពោះដំណោះស្រាយដែរឬទេ? តើយើងគួរដកយកគំរូមិនល្អអ្វីចេញពីមេរៀនដ៏គួរឲ្យសោកស្តាយមួយនេះ?