មេរៀនទី៨៖ ១៧-២៣ កុម្ភៈ ២០១៨

អំណាចនៃការថ្វាយដង្វាយ

Jeans
ថ្ងៃសៅរ៍ ទី១៧ កុម្ភៈ ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ម៉ាកុស១៦:១៥, ពេត្រុសទី១ ៣:៨, ៩, កូរិនថូសទី១ ៩:១៤, រ៉ូម៣:១៩-២៤។​

ខចងចាំ៖ «តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។ ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ» (កូរិនថូសទី១ ៩:១៣, ១៤)។

ដូចដែលយើងបានដឹងរួចហើយកាលពីសប្តាហ៍មុន ព្រះគម្ពីរបង្រៀនយើងថា យើងត្រូវតែថ្វាយដង្វាយ១០ហូត១។ ការថ្វាយដង្វាយ១០ហូត១ គឺប្រៀបដូចជាការប្រឡងជាប់យ៉ាងដូច្នោះដែរ។ កាលណាយើងថ្វាយដង្វាយនេះ យើងបានបង្ហាញសេចក្តីជំនឿរបស់យើង។ ដូច្នេះ យើងប្រឡងជាប់កាលណាយើងបានថ្វាយដង្វាយនេះ។ «ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្ដី​ជំនឿ​ឬ​ទេ ចូរ​ល្បង​ខ្លួន​មើល​ចុះ តើ​អ្នក​រាល់​គ្នា​មិន​យល់​ឃើញ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​គង់​ក្នុង​អ្នក​រាល់​គ្នា​ទេ​ឬ​អី លើក​តែ​អ្នក​រាល់​គ្នា​ត្រូវ​កាត់​ចោល​ចេញប៉ុណ្ណោះ» (កូរិនថូសទី២ ១៣:៥)។

លើកដំបូងដែលយើងបានអានអំពីដង្វាយ១០ហូត១ក្នុងព្រះគម្ពីរគឺក្នុងរឿងរបស់លោកអ័ប្រាហាំក្នុងគម្ពីរលោកុប្បត្តិ១៤:១៨-២០។ ក្នុងរឿងនេះ លោកអ័ប្រាហាំបានថ្វាយដង្វាយ១០ហូត១ទៅលោកម៉ិលគីស្សាដែក។ ព្រះគម្ពីរក៏បានប្រាប់យើងផងដែរថា ពួកលេវីបានយកដង្វាយ១០ហូត១សំរាប់ការងារដែលពួកគេបានធ្វើក្នុងព្រះវិហារ (របាក្សត្រទី២ ៣១:៤-១០)។ សព្វថ្ងៃនេះ ដង្វាយ១០ហូត១ក៏ត្រូវបានប្រើសំរាប់ឧបត្ថម្ភពួកអ្នកចែកចាយដំណឹងល្អដែរ។

ដង្វាយ១០ហូត១គឺជាផែនការរបស់ព្រះ។ យើងត្រូវការយល់ដឹងអំពីសារៈសំខាន់នៃការថ្វាយដង្វាយ១០ហូត១ និងរបៀបប្រើប្រាស់ប្រាក់ដង្វាយនេះនៅក្នុងព្រះវិហារសំរាប់ការងាររបស់ព្រះ។ ព្រះបានប្រើផែនការនេះដើម្បីឲ្យយើងរាល់គ្នាបានលូតលាស់ជីវិតខាងព្រលឹងវិញ្ញាណរបស់យើងខ្លាំងឡើង។ ជាការពិត ការថ្វាយដង្វាយ១០ហូត១ បង្ហាញថាតើចិត្តរបស់យើងនៅជិតព្រះជាម្ចាស់ប៉ុនណា? ការថ្វាយដង្វាយនេះគឺជាវិធីរបស់ព្រះសំរាប់យើងឧបត្ថម្ភការផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ។ ដូច្នេះ អ្នកមើលការខុសត្រូវដ៏ស្មោះត្រង់គ្រប់រូបគួរតែថ្វាយដង្វាយ១០ហូត១។ ជាការពិត ការថ្វាយដង្វាយ១០ហូត១គឺជាការដំបូងបំផុតដែលអ្នកមើលការខុសត្រូវត្រូវធ្វើ។សប្តាហ៍នេះ យើងបន្តសិក្សាអំពីប្រាក់ដង្វាយ១០ហូត១​ក្នុងផែនការរបស់ព្រះ។

ថ្ងៃអាទិត្យ ទី១៨ កុម្ភៈ ឆ្នាំ២០១៨

ប្រាក់របស់យើងជួយកិច្ចការបំរើព្រះឲ្យចំរើនទៅមុខ

ព្រះយេស៊ូវបង្គាប់យើងរាល់គ្នាឲ្យ «ផ្សាយដំណឹងល្អ» (ម៉ាកុស១៦:១៥)។ ព្រះអង្គក៏ប្រាប់យើងរាល់គ្នាឲ្យ «ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍» ហើយ «បង្រៀនឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង» ដែរ(ម៉ាថាយ២៨:១៩, ២០)។ មែនហើយ ព្រះទ្រង់ចង់ឲ្យយើងរាល់គ្នាមានចំណែកក្នុងកិច្ចការដ៏សំខាន់បំផុតនៅលើផែនដីនេះ។ កិច្ចការនោះគឺការនាំមនុស្សមកឯព្រះយេស៊ូវ។ យើងត្រូវទទួលខុសត្រូវក្នុងការឧបត្ថម្ភជាប្រាក់កាសសំរាប់កិច្ចការនេះ។ ដូច្នេះ​ យើងត្រូវតែគាំទ្រកិច្ចការបំរើព្រះដោយប្រាក់របស់យើង។ ដូច្នេះ យើងនឹងលូតលាស់កាន់តែជិតព្រះឡើងៗ។ ហើយយើងនឹងចង់ប្រាប់អ្នកដទៃឲ្យស្គាល់ព្រះយេស៊ូវកាន់តែខ្លាំងឡើងៗដែរ។

គ្រប់គ្នាដែលជឿលើព្រះយេស៊ូវគឺជាអ្នកមើលការខុសត្រូវលើរបស់ទាំងអស់ដែលព្រះបានប្រទានឲ្យគាត់ ឬនាង។ អំណោយទានរបស់ព្រះគឺរាប់ទាំងប្រាក់របស់យើងផង។ ដូច្នេះ យើងត្រូវនាំយកដង្វាយ១០ហូត១មកថ្វាយព្រះអង្គ។ ដង្វាយនេះត្រូវបានប្រើសំរាប់បញ្ចប់កិច្ចការរបស់ព្រះនៅលើផែនដីនេះ។ កិច្ចការនេះបរិសុទ្ធ។ ដូច្នេះ យើងត្រូវអធិដ្ឋានសូមឲ្យយើងបានស្មោះត្រង់នឹងរឿងប្រាក់របស់យើងចំពោះព្រះជាម្ចាស់។ យើងត្រូវអធិដ្ឋានថា យើងនឹងជួយគាំទ្រកិច្ចការដ៏បរិសុទ្ធរបស់ព្រះយ៉ាងពេញទំហឹង។ ដូច្នេះ សេចក្តីជំនឿរបស់យើងនឹងចំរើនលូតលាស់ឡើងកាន់តែខ្លាំង។

សូមអានម៉ាឡាគី៣:១០។ ដូចដែលបានបង្ហាញក្នុងខនេះ តើអ្វីទៅជាផែនការរបស់ព្រះសំរាប់ការឧបត្ថម្ភនិងបញ្ចប់ការងាររបស់ព្រះអង្គនៅលើផែនដីនេះ? តើពាក្យថា «ដង្វាយ១០ហូត១ទាំងអស់» មានន័យថាម៉េច? ចុះពាក្យថា «ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់​នៃ​អញ» មានន័យថាម៉េចដែរ?

មនុស្សលោកចេះថ្វាយដង្វាយ១០ហូត១តាំងពីជំនាន់លោកអ័ប្រាហាំ និងលោកយ៉ាកុបម៉្លេះ (លោកុប្បត្តិ១៤:២០, លោកុប្បត្តិ២៨:២២)។ ប្រហែលជាមនុស្សលោកចេះថ្វាយដង្វាយនេះមុននោះយូរមកហើយ។ ព្រះបានផ្តល់ផែនការនេះដើម្បីឧបត្ថម្ភពួកជំនុំរបស់ព្រះអង្គ។

សព្វថ្ងៃនេះ គ្រីស្ទានជាច្រើនបានថ្វាយបន្តិចបន្តួចសំរាប់ជួយការងារព្រះ។ រឿងនោះគួរសោកស្តាយណាស់។ ប៉ុន្តែ តើនឹងមានអ្វីកើតឡើងប្រសិនបើគ្រីស្ទានគ្រប់រូបចេះថ្វាយដង្វាយដ៏ស្មោះត្រង់នេះ? រឿងអស្ចារ្យជាច្រើននឹងកើតឡើងជាមិនខាន! ហើយរឿងអស្ចារ្យជាច្រើនក៏នឹងត្រូវបានលើកជាទីបន្ទាល់ផងដែរ!

ព្រះជាម្ចាស់តែងមានរាស្ត្ររបស់ព្រះអង្គដែលមានចិត្តចង់ថ្វាយប្រាក់សំរាប់គាំទ្រការងារព្រះអង្គនៅលើផែនដីនេះ។ ពួកយើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នាដើម្បីឧបត្ថម្ភគាំទ្រការងារដ៏ឧត្តមនេះ។ ប៉ុន្តែយើងត្រូវគាំទ្រការងារនេះចាប់ពីឥឡូវនេះទៅ។ យើងមិនត្រូវខ្ជីខ្ជាលើរឿងនេះទេ។ ជាការពិត យើងមានការងារដ៏សំខាន់ដែលត្រូវធ្វើសព្វថ្ងៃនេះជាងកូនចៅអ៊ីស្រាអែល និងកូនចៅពួកលេវីមានទៅទៀតពេលដែលពួកគេបាននិយាយទៅលោកនេហេមាថា «យើង​រាល់​គ្នា​មិន​ព្រម​បោះ‌បង់​ចោល​ព្រះ‌វិហាររបស់​ព្រះ​នៃ​យើង​ឡើយ»។

ផែនការរបស់ព្រះសំរាប់សង្គ្រោះមនុស្សលោកនៃផែនដីនេះគឺធំខ្លាំងណាស់ (វិវរណៈ១៤:៦, ៧)។ ដូច្នេះ តើយើងម្នាក់ៗមានចំណែកអ្វីក្នុងការប្រើប្រាស់ដង្វាយ១០ហូត១ដើម្បីគាំទ្រការងារនេះ?

ថ្ងៃច័ន្ទ ទី១៩ កុម្ភៈ ឆ្នាំ២០១៨

ព្រះពរសំរាប់លោកអ្នក

ម្សិលមិញ យើងបានរៀនពីខគម្ពីរម៉ាឡាគី៣:១០ថា ព្រះទ្រង់សន្យាថានឹងចាក់ «ព្រះពរ» មកលើអ្នកជឿព្រះអង្គដែលស្មោះត្រង់ជាមួយព្រះអង្គរឿងលុយកាក់។ ប៉ុន្តែ យើងមិនគួរគិតថា ខនេះមានន័យថា យើងនឹងទទួលត្រឹមតែព្រះពរបន្ថែមទៀតនោះឡើយ។ គោលគំនិតនេះមានកំរិតណាស់។ វាបង្ហាញថា យើងមិនបានយល់អំពីអត្ថន័យពិតនៃសេចក្តីសន្យារបស់ព្រះចំពោះយើងរាល់គ្នានៅឡើយទេ។

ព្រះពរដែលម៉ាឡាគីនិយាយនេះពុំមែនសំដៅទៅលើត្រឹមតែអ្វីដែលអាចប៉ះពាល់ និងមើលឃើញប៉ុណ្ណោះទេ។ ព្រះពរទាំងនេះរាប់បញ្ចូលទាំងរឿងខាងព្រលឹងវិញ្ញាណផងដែរ។ តើរឿងទាំងនេះមានអ្វីខ្លះ? រឿងទាំងនេះរួមមានអំណោយទានជាសុភមង្គល ជាសេចក្តីសុខសាន្ត និងការជឿថាព្រះទ្រង់តែងតែធ្វើនូវរឿងដ៏ប្រសើរបំផុតសំរាប់យើងរាល់គ្នា។ តើលោកអ្នកមិនដឹងទេឬថា ពេលណាដែលព្រះទ្រង់ចាក់អំណោយទានរបស់ព្រះអង្គដល់យើង យើងត្រូវតែចែកអំណោយទានដ៏ល្អទាំងនោះដល់អ្នកដែលកំពុងត្រូវការដែរ? ដូច្នេះហើយបានជាព្រះទ្រង់ប្រទានដល់យើងដើម្បីឲ្យយើងអាចចែកទៅឲ្យអ្នកដទៃផងដែរ។

សូមអានពេត្រុសទី១ ៣:៨, ៩។ ក្នុងខទាំងនេះ ពេត្រុសនិយាយថា មានទំនាក់ទំនងគ្នារវាងការទទួលព្រះពរពីព្រះនិងការចែកចាយព្រះពរជាមួយអ្នកដទៃ។ តើអ្វីទៅដែលជាទំនាក់ទំនងនេះ?

ការថ្វាយដង្វាយ១០ហូត១គឺជាអំណោយទានពីររួមមកតែមួយ៖ ១) ព្រះទ្រង់ប្រទានដល់យើង ២)ដូច្នេះយើងត្រូវចែកទៅអ្នកដទៃ។ អំណោយទានរបស់ព្រះចាក់បំពេញចិត្តរបស់យើងឲ្យមានបំណងក្នុងការចែកបន្តទៅអ្នកដទៃ។ ដូច្នេះ ធ្វើឲ្យអំណោយទានរបស់ព្រះប៉ះពាល់ដល់ជីវិតរបស់ពួកគេតាមរបៀបដែលយើងអាចមើលឃើញ។ «ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​មក​អ្នក​ដែរ....ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ» (លូកា៦:៣៨)។

សូមអានកិច្ចការ២០:៣៥។ តើសេចក្តីពិតនៃខនេះអាចជួយយើងឲ្យយល់កាន់តែប្រសើរឡើងអំពីអត្ថន័យនៃការថ្វាយដង្វាយ១០ហូត១ដោយរបៀបណា?

អំណោយទានដ៏ប្រសើរបំផុតដែលយើងទទួលបានពីការថ្វាយដង្វាយ១០ហូត១គឺ វាបានបង្រៀនយើងឲ្យជឿទុកចិត្តព្រះជាម្ចាស់ (យេរេមា ១៧:៧)។ «ព្រះជាម្ចាស់បានបង្កើតផែនការនៃការថ្វាយដង្វាយ១០ហូត១នៅលើក្បួនច្បាប់ដ៏នៅអស់កល្បជានិច្ច។ ផែនការប្រាក់ដង្វាយ១០ហូត១គឺជាអំណោយទានមួយចំពោះពួកយូដា បើមិនដូច្នោះទេ​ព្រះអង្គមិនបានប្រទានឲ្យពួកគេទេ។ ហើយផែនការដង្វាយ១០ហូត១នេះក៏ជាអំណោយទានសំរាប់ពួកអ្នកដែលអនុវត្តតាមរហូតដល់គ្រាចុងបំផុត។ ព្រះវរបិតារបស់យើងដែលគង់នៅនគរឋានសួគ៌ពុំបានបង្កើតផែនការនេះសំរាប់អង្គទ្រង់នោះទេ។ ផ្ទុយទៅវិញ ផែនការនេះគឺជាអំណោយទានដ៏វិសេសចំពោះមនុស្សលោក។ ព្រះទ្រង់ទតឃើញថា ផែនការនេះគឺជាអ្វីមួយដែលមនុស្សលោកត្រូវការពិតប្រាកដ» (ដកស្រង់ពី Ellen G. White, Testimonies for the Church, volume 3, pages 404, 405, adapted)។

ចូរសាកគិតអំពីរបៀបដែលព្រះជាម្ចាស់បានបង្ហាញក្តីសន្តោសរបស់ព្រះអង្គដល់លោកអ្នកតាមរយៈមនុស្សដទៃទៀតដែលបានធ្វើដល់អ្នក។ តើលោកអ្នកអាចធ្វើរឿងបែបនេះដល់អ្នកដទៃទៀតដោយរបៀបណាដែរ?

ថ្ងៃអង្គារ ទី២០ កុម្ភៈ ឆ្នាំ២០១៨

គោលបំណងនៃការថ្វាយដង្វាយ

លោកប៉ុលសរសេរថា៖ «មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ដែល​បញ្ជាន់​ស្រូវ​ឡើយ» ឬ «អ្នកណាដែលធ្វើការគួរតែបានប្រាក់ឈ្នួល» (ធីម៉ូថេទី១ ៥:១៨)។ នៅទីនេះ លោកប៉ុលរឭកឡើងវិញនូវអ្វីដែលលោកម៉ូសេបានលើកឡើងអំពីគោក្នុងចោទិយកថា២៥:៤ និងអ្វីដែលព្រះយេស៊ូវមានបន្ទូលក្នុងលូកា១០:៧អំពីអ្នកដែលធ្វើការ។ ការនិយាយអំពីសត្វគោមានន័យថា វាជាការល្អនិងត្រឹមត្រូវដែលគោស៊ីស្រូវក្នុងពេលធ្វើការ។ ដូចគ្នាដែរ លោកប៉ុលក៏ចង់និយាយថា អស់អ្នកណាដែលផ្សាយដំណឹងល្អក៏គួរនឹងបានប្រាក់ឈ្នួលដែរ។

តើលោកអ្នកមិនធ្លាប់សំគាល់ឃើញថាព្រះទ្រង់យករបស់ដែលព្រះអង្គបានញែកចេញ រួចហើយប្រមូលទុកដាច់ដោយឡែកសំរាប់ធ្វើការពិសេសទេឬ? ព្រះអង្គបង្កើតផ្កាយសំរាប់ធ្វើជាពន្លឺ។ ព្រះអង្គបានដាក់ក្នុងព្រៃនូវអ្វីៗដែលត្រូវការឲ្យទ្រទ្រង់ជីវិត ដូចជា៖ ដើមឈើ រុក្ខជាតិ ដី ថ្ម ពន្លឺថ្ងៃ និងទឹក។ ព្រះអង្គបានបង្កើតក្រពះរបស់លោកអ្នកដែលស៊ាំនឹងអ្វីដែលលោកអ្នកទទួលទាន។ ដូចគ្នាដែរ ព្រះអង្គក៏បានបង្កើតផែនការដង្វាយ១០ហូត១ផងដែរ។ ផែនការនៃដង្វាយ១០ហូត១ជួយទ្រទ្រង់ការងាររបស់ពួកលេវី (ជនគណនា១៨:២៦) ​ក្នុងកន្លែងថ្វាយបង្គំព្រះ។ ពួកលេវីសម័យទំនើបគឺជាពួកគ្រូគង្វាលនេះឯង។​ ពួកគេលះបង់ជីវិតទាំងស្រុងសំរាប់ការងារផ្សព្វផ្សាយព្រះបន្ទូល។ ដូច្នេះ ព្រះបានបង្កើតផែនការដង្វាយ១០ហូត១ដើម្បីជួយឧបត្ថម្ភដល់ការងាររបស់ពួកគេ។

តើលោកប៉ុលមានន័យយ៉ាងដូចម្ដេចក្នុងកូរិនថូសទី១ ៩:១៤? តើខនេះ និងខកូរិនថូសទី២ ១១:៧-១០ បង្ហាញថា យើងត្រូវឧបត្ថម្ភគាំទ្រពួកអ្នកដែលផ្សាយដំណឹងដោយរបៀបណា?

លោកប៉ុលបានទទួលប្រាក់ពីពួកជំនុំដ៏ក្រីក្រក្នុងក្រុងម៉ាសេដូនា ខណៈដែលខ្លួនលោកធ្វើការក្នុងពួកជំនុំដែលជាអ្នកមាននៅក្រុងកូរិនថូស។ លោកប៉ុលប្រាប់ពួកក្រុងកូរិនថូសថា ពួកអ្នកដែលផ្សាយដំណឹងល្អគួរនឹងបានប្រាក់ឈ្នួលសំរាប់ការងារពួកគេ។

ដង្វាយ១០ហូត១គួរតែត្រូវបានប្រើសំរាប់គោលបំណងពិសេសប៉ុណ្ណោះ។ ហើយយើងតែងតែធ្វើតាមផែនការនេះ។ «ព្រះទ្រង់មានវិធីប្រើដ៏វិសេសសំរាប់ដង្វាយ១០ហូត១របស់យើង។ ដង្វាយ១០ហូត១មិនត្រូវប្រើសំរាប់ជួយអ្នកក្រទេ។ ដង្វាយ១០ហូត១គឺប្រើសំរាប់ឧបត្ថម្ភអ្នកដែលធ្វើការផ្សព្វផ្សាយសាររបស់ព្រះនៅលើផែនដីទាំងមូល។ ដង្វាយនេះមិនគួរត្រូវបានប្រើសំរាប់គោលបំណងផ្សេងណាឡើយ» (ដកស្រង់ពី Ellen G. White, Counsels on Stewardship, page 103, adapted)។

សូមអានលេវីវិន័យ២៧:៣០។ តើក្បួនច្បាប់ដែលរកឃើញក្នុងខនេះសំខាន់សំរាប់យើងសព្វថ្ងៃនេះយ៉ាងណា?

ថ្ងៃពុធ ទី២១ កុម្ភៈ ឆ្នាំ២០១៨

ឃ្លាំង

តើលោកអ្នកដឹងទេថា ព្រះជាម្ចាស់មានឃ្លាំងសំរាប់ផ្ទុកខ្យល់ (យេរេមា ១០:១៣) ឃ្លាំងសំរាប់ទុកទឹក (ទំនុកដំកើង៣៣:៧) និងឃ្លាំងសំរាប់ទុកហិមៈ និងព្រិល (យ៉ូប៣៨:២២)? ព្រះទ្រង់គ្រប់គ្រងរបស់ទាំងអស់នេះទាំងស្រុង។ ប៉ុន្តែ ឃ្លាំងដ៏វិសេសបំផុតរបស់ព្រះគឺឃ្លាំងសំរាប់ផ្ទុកដង្វាយ១០ហូត១។ ដង្វាយ១០ហូត១គឺជាប្រាក់ដែលយើងថ្វាយត្រឡប់ទៅព្រះវិញ។ «ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ» (ជនគណនា១៨:២១)។ ខនេះគឺជាលើកដំបូងក្នុងព្រះគម្ពីរដែលនិយាយអំពីកន្លែងទុកដាក់ប្រាក់ដង្វាយ១០ហូត១។ ផ្តើមចេញពីខនេះ យើងក៏មានគោលគំនិតមួយឡើងគឺ «ការគ្រប់គ្រងឃ្លាំង»។ ការគ្រប់គ្រងឃ្លាំងពន្យល់អំពីការរក្សាទុកនិងប្រើប្រាស់ដង្វាយ១០ហូត១។ ព្រះគម្ពីរបានចែងថា ព្រះទ្រង់បានប្រាប់សាសន៍អ៊ីស្រាអែលឲ្យនាំយកដង្វាយ១០ហូត១មកថ្វាយត្រង់កន្លែងដែលព្រះអង្គបានជ្រើសរើស (ចោទិយកថា ១២:៥,​ ៦)។ ក្នុងកំឡុងរជ្ជកាលរបស់ស្តេចសាឡូម៉ូន ដង្វាយ១០ហូត១ត្រូវបានផ្ញើទៅកាន់ព្រះវិហារនៅយេរូសាឡិម។ ដូច្នេះ សាសន៍អ៊ីស្រាអែលបានដឹងយ៉ាងច្បាស់អ្វីទៅជាឃ្លាំងនិងនៅកន្លែងណាពេលដែលអ្នកនាំសារដ៏ពិសេសរបស់ព្រះគឺលោកម៉ាឡាគី បានប្រាប់គេថា៖ «ចូរ​នាំ​យក​ដង្វាយ​១​ភាគ​ក្នុង​១០​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ» (ម៉ាឡាគី៣:១០)។ ពាក្យថា «ឃ្លាំង» នៅទីនេះគឺជារូបស័ព្ទមួយ។ ពាក្យនេះចង់សំដៅទៅលើកន្លែងដែលគេថ្វាយបង្គំព្រះ។

សូមអានរបាក្សត្រទី១ ២៦:២០, របាក្សត្រទី២ ៣១:១១-១៣ និងនេហេមា១០:៣៨។ ដូចដែលបានបង្ហាញក្នុងខនេះ តើព្រះគម្ពីរបានប្រើពាក្យអ្វីផ្សេងទៀតជំនួសពាក្យថាឃ្លាំងនេះ?

ពួកជំនុំសេវេនដេយ៍អាត់វេនទីស្ទមានសមាជិកនៅពាសពេញពិភពលោក។ ពួកគេកំពុងទទួលយកនិងអនុវត្តនូវច្បាប់គ្រប់គ្រងឃ្លាំងនេះ។ ពួកសេវេនដេយអាត់វេនទីស្ទត្រូវបានលើកទឹកចិត្តឲ្យថ្វាយដង្វាយ១០ហូត១របស់ខ្លួនទៅកាន់ព្រះវិហារមូលដ្ឋានដែលខ្លួនជាសមាជិក។ រួចព្រះវិហារមូលដ្ឋានក៏ផ្ញើបញ្ជូនទៅផ្នែកហិរញ្ញវត្ថុរបស់ព្រះវិហារ។ បន្ទាប់មកគេក៏បែងចែកជាប្រាក់ឈ្នួលចេញពីផ្នែកហិរញ្ញវត្ថុនេះទៅដល់ពួកអ្នកដែលធ្វើការថ្វាយព្រះ។

«ការងាររបស់ព្រះនឹងរីកចំរើនឡើង។ នោះនឹងមានអ្នកធ្វើការសំរាប់ព្រះកាន់តែច្រើនឡើងស្នើសូមប្រាក់ឧបត្ថម្ភសំរាប់ផ្សាយដំណឹងល្អ។ អ្នកធ្វើការកាន់តែច្រើនឡើងៗគ្រប់ទីកន្លែងនឹងស្នើសូមប្រាក់ឧបត្ថម្ភសំរាប់ធ្វើការបំរើព្រះ។ ដូច្នេះ វាជាការសំខាន់ណាស់សំរាប់គ្រីស្ទានក្នុងការស្តាប់បង្គាប់តាមព្រះបន្ទូលក្នុងខគម្ពីរម៉ាឡាគី៣:១០នេះ។ អស់អ្នកណាដែលអះអាងថាខ្លួនជាគ្រីស្ទានគួរនាំយកដង្វាយ១០ហូត១ និងដង្វាយសទ្ធាថ្វាយទៅព្រះ។ នោះឃ្លាំងហិរញ្ញវត្ថុរបស់ព្រះនឹងបានពេញ»។ (ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 338, adapted)។

តើមានអ្វីកើតឡើងប្រសិនបើសមាជិកព្រះវិហារផ្ញើដង្វាយ១០ហូត១ទៅកន្លែងផ្សេងៗដែលខ្លួនចង់? ដូច្នេះ តើមានអ្វីប៉ះពាល់សំរាប់ការងាររបស់ព្រះ? ហេតុអ្វីបានជាសំខាន់ម៉្លេះក្នុងការថ្វាយដង្វាយ១០ហូត១នៅព្រះវិហារមូលដ្ឋានដែលយើងជាសមាជិក?

ថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ ឆ្នាំ២០១៨

ការថ្វាយទៅព្រះ និងការបានសង្គ្រោះដោយសេចក្តីជំនឿ

ព្រះគម្ពីររ៉ូម ៣:១៩-២៤​​​ តើអ្វីទៅជាសេចក្តីពិតដ៏សំខាន់ដែលខនេះបានបង្រៀន? ហេតុអ្វីបានជាការបង្រៀននេះសំខាន់សំរាប់ជំនឿរបស់យើងទាំងអស់គ្នា?

គោលគំនិតដ៏សំខាន់បំផុតនៃខទាំងនេះគឺ គ្មាននរណាម្នាក់សក្តិសមនឹងទទួលបានសេចក្តីសង្គ្រោះនោះឡើយ (រ៉ូម៣:២៣)។ ប៉ុន្តែ ចុះប្រសិនបើយើងសក្តិសមវិញយ៉ាងម៉េចដែរ? ដូច្នេះមានន័យថា យើងគួរតែបានសង្គ្រោះដោយសារការប្រព្រឹត្តដែលយើងបានធ្វើ។ ប៉ុន្តែគោលគំនិតនោះមិនត្រឹមត្រូវទេ។

សូមអានរ៉ូម៤:១-៥។ តើខទាំងនេះបង្រៀនអ្វីខ្លះអំពីការបានសង្គ្រោះដោយសារព្រះគុណ មិនមែនដោយការប្រព្រឹត្តល្អផ្ទាល់ខ្លួននោះ?

ព្រះគម្ពីរបង្រៀនយើងថា ការបានសង្គ្រោះគឺជាអំណោយទានមកពីព្រះ (អេភេសូរ២:៨,​ ៩)។ យើងមិនអាចធ្វើអ្វីមួយដើម្បីដូរយកអំណោយទាននេះបានឡើយ។ យើងរាល់គ្នាបានសង្គ្រោះ ដោយសារព្រះយេស៊ូវបានសុគតជំនួសយើងនៅលើឈើឆ្កាង។ ព្រះទ្រង់បានប្រទានក្តីសន្តោសដល់យើងពីព្រោះតែព្រះគុណដែលព្រះយេស៊ូវបានធ្វើនៅលើឈើឆ្កាង។ ដូច្នេះ រឿងនេះមានន័យថាយើងមិនអាចសន្សំពិន្ទុដើម្បីឲ្យព្រះសន្តោសប្រណីដល់យើងដោយសារការថ្វាយដង្វាយ១០ហូត១នោះឡើយ។ សរុបសេចក្តីមក ដង្វាយ១០ហូត១វាជារបស់ព្រះរួចស្រេចទៅហើយ។ ដូច្នេះ តើយើងអាចខំប្រឹងឲ្យបានការសន្តោសពីព្រះអង្គដោយសារការថ្វាយរបស់ដែលជារបស់ផងព្រះអង្គរួចទៅហើយនោះយ៉ាងម៉េចនឹងកើត?

ការថ្វាយដង្វាយ១០ហូត១ពុំបានជួយសង្គ្រោះយើងនោះទេ។ ហើយយើងក៏មិនអាចបានសង្គ្រោះដោយការផ្សេងទៀតណាដែលយើងប្រព្រឹត្តដែរ។ ប៉ុន្តែ ព្រះបានបង្កើតយើងសំរាប់ហេតុផលនោះដែរ៖ ព្រះអង្គបានបង្កើតយើងរាល់គ្នាឲ្យធ្វើល្អ។ ជាការពិត ព្រះគម្ពីរបានប្រាប់យើងថា «​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀប‌ចំ​ជា​មុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម» (អេភេសូរ២:១០)។

ដូច្នេះការថ្វាយដង្វាយ១០ហូត១ពុំបានសង្គ្រោះយើងនោះទេ។ ប៉ុន្តែការថ្វាយដង្វាយ១០ហូត១បង្ហាញអំពីសេចក្តីជំនឿនៅក្នុងចិត្តរបស់យើង។ ការថ្វាយដង្វាយ១០ហូត១ត្រឡប់ទៅព្រះវិញក៏បង្ហាញផងដែរថាយើងមិនមានសេចក្តីអំណួត និងថាយើងបានថ្វាយជីវិតរបស់យើងក្នុងការបំរើព្រះអង្គ។ ការថ្វាយដង្វាយ១០ហូត១បង្ហាញថា យើងដឹងថាយើងគឺគ្រាន់តែជាអ្នកមើលការខុសត្រូវលើទ្រព្យសម្បត្តិដែលព្រះប្រទានឲ្យយើងក្នុងជីវិតនេះតែប៉ុណ្ណោះ។ ថ្ងៃសប្បាតហ៍ជួយយើងឲ្យយល់ពីសេចក្តីពិតអំពីដង្វាយ១០ហូត១នេះផងដែរ។ ជារៀងរាល់សប្តាហ៍ ថ្ងៃសប្បាតហ៍ជួយយើងឲ្យនឹកចាំថា ព្រះបានបង្កើតយើង និងបានសង្គ្រោះយើង។ ការថ្វាយដង្វាយ១០ហូត១ជួយយើងឲ្យនឹកចាំពីការទាំងនេះផងដែរ។ តើការថ្វាយដង្វាយ១០ហូត១ជួយយើងយ៉ាងណា? ការថ្វាយដង្វាយ១០ហូត១បង្ហាញថា យើងយល់ថា យើងមិនអាចជួយខ្លួនឯងបានទេ។ ការថ្វាយដង្វាយ១០ហូត១បង្ហាញថា យើងដឹងថា ជីវិតរបស់យើង និងសេចក្តីសង្គ្រោះរបស់យើងគឺជាអំណោយទានមកពីព្រះ។

តើខគម្ពីរលូកា២១:១៤ ប្រាប់យើងអ្វីខ្លះអំពីអត្ថន័យនៃការរស់នៅប្រកបដោយសេចក្តីជំនឿ?

ថ្ងៃសុក្រ ទី២៣ កុម្ភៈ ឆ្នាំ២០១៨

សិក្សាបន្ថែម

វាជាការងាយនឹងភ្លេចណាស់ថា រាល់ដង្ហើមនិងរាល់ចង្វាក់ជីពចរនៃបេះដូងរបស់យើងនិងរាល់ដំណាក់កាលនៃជីវិតរបស់យើងគឺសុទ្ធតែមកពីព្រះអម្ចាស់។ ក្នុងកិច្ចការជំពូក១៧ លោកប៉ុលបានជជែកជាមួយមនុស្សម្នានៅទីក្រុងអាថែន។ ក្រុងអាថែនឋិតនៅក្នុងប្រទេសក្រិក។ លោកប៉ុលបានអធិប្បាយប្រាប់មនុស្សក្នុងទីក្រុងអាថែនអំពីព្រះដ៏ពិត។ លោកប៉ុលបានថ្លែងថា ព្រះទ្រង់គឺជាព្រះដែលបានបង្កើតយើងរាល់គ្នា។ ព្រះអង្គគឺជា «​ព្រះ​ដែល​បង្កើត​លោកីយ៍ និង​របស់​សព្វ​សារពើ» (កិច្ចការ១៧:២៤)។ ប្រជាជននៅទីក្រុងអាថែនពុំបានស្គាល់ព្រះដ៏ពិតទេ។​ ប៉ុន្តែ យើងស្គាល់ពីព្រោះយើងជាគ្រីស្ទាន។ របៀបដែលយើងរស់នៅត្រូវតែបង្ហាញអំពីសេចក្តីពិតនេះ។ ព្រះទ្រង់បានសូមឲ្យយើងធ្វើការជាច្រើនសំរាប់ព្រះអង្គ។ ដូច្នេះ ជីវិតរបស់យើងត្រូវបង្ហាញថា យើងកំពុងតែធ្វើការដែលព្រះជាម្ចាស់ទ្រង់ចង់ឲ្យយើងធ្វើ។

«ព្រះទ្រង់ដាក់ទ្រព្យសម្បត្តិរបស់ព្រះអង្គក្នុងដៃរបស់មនុស្សលោក។ ប៉ុន្តែ ព្រះអង្គបង្គាប់ថា យើងត្រូវញែក១០ភាគរយពីប្រាក់ដែលយើងរកបានទាំងអស់។ ១០ភាគរយនេះគឺសំរាប់ការងារព្រះអង្គ។ ព្រះទ្រង់បង្គាប់ថា ប្រាក់នេះគួរតែយកមកទុកក្នុងឃ្លាំងហិរញ្ញវត្ថុរបស់ព្រះអង្គ។ យើងថ្វាយប្រាក់ទៅព្រះអង្គពីព្រោះវាជារបស់ផងទ្រង់។ ប្រាក់នេះបរិសុទ្ធ។ ប្រាក់នេះត្រូវបានប្រើសំរាប់គោលបំណងបរិសុទ្ធ។ ប្រាក់នេះប្រើសំរាប់ផ្សាយដំណឹងល្អទៅគ្រប់ផ្នែកទាំងអស់នៃផែនដីនេះ។ ព្រះទ្រង់បង្គាប់ថា ១០ភាគរយនៃអ្វីទាំងអស់ដែលយើងរកបានគួរតែបានដាក់ចូលទៅការនេះ។ ដូច្នេះហើយដើម្បីឲ្យឃ្លាំងរបស់អម្ចាស់មានទ្រព្យសម្បតិ្តពេញ។ បន្ទាប់មកនោះការពិតនិងត្រូវលាតត្រដាងទៅមនុស្សជិតឆ្ងាយទាំងឡាយ។ ពួកអ្នកដែលជឿតាមព្រះគ្រីស្ទដ៏ស្មោះត្រង់ នឹងថ្វាយប្រាក់ដង្វាយ១០ភាគរយនៃអ្វីដែលពួកគេបានទទួល។ ពួកគេបង្ហាញទៅអ្នកដទៃថាគ្រប់យ៉ាងជារបស់ផងទ្រង់តាមរបៀបនេះឯង»។ ដកស្រង់ពី (Ellen G. White, Testimonies for the Church, volume 6, page 386, adapted)។

សំនួរពិភាក្សា៖
  1. អ្នកស្រីអេល្លែន វ៉ៃត៍មានប្រសាសន៍ថា «យើងមិនត្រូវលាក់ទុកនូវអ្វីដែលជារបស់ផងទ្រង់នោះទេ» (ដកស្រង់ពីសៀវភៅ The Acts of the Apostles, page 566។ តើពាក្យទាំងនេះមានន័យយ៉ាងដូចម្ដេច? តើយើងបាត់បង់អ្វីពេលដែលយើងមិនថ្វាយដង្វាយ១០ហូត១?

  2. ចូរគិតមើលបន្ថែមទៀតអំពីសមាជិកព្រះវិហារដែលធ្វើអ្វីតាមចិត្តចង់ទៅលើដង្វាយ១០ហូត១។ សមាជិកខ្លះអាចនឹងជួយមនុស្សជាជាងដែលថ្វាយដង្វាយ១០ហូត១ទៅឃ្លាំងរបស់ព្រះ។ ហេតុអ្វីបានជាគោលគំនិតនេះមិនល្អ? ហេតុអ្វីបានជាការផ្ញើដង្វាយ១០ហូត១ទៅកាន់កន្លែងដែលយើងចង់បណ្តាលឲ្យព្រះវិហារចុះខ្សោយ?
Powered by CAM