ថ្ងៃសៅរ៍ ទី១៨ សីហា ឆ្នាំ២០១៨
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ កិច្ចការ ១៥, កាឡាទី ២:១១-១៣, និក្ខមនំ ១២:៤៣-៤៩, រ៉ូម ៣:៣០, លេវីវិន័យ ១៨:៣០។
ខចងចាំ៖ «យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ » (កិច្ចការ ១៥:១១)។
ពីរឆ្នាំបន្ទាប់មក លោកប៉ុល និងលោកបាណាបាសបានត្រឡប់មកឯទីក្រុងអាន់ទីយ៉ូកនៅឯស៊ីរីវិញ។ ពួកគាត់បានរាយការណ៍ប្រាប់ទៅពួកជំនុំអំពីកិច្ចការរបស់ពួកគេ។ លោកប៉ុល និងលោកបាណាបាសពុំបានអួតអំពីកិច្ចការដែលពួកគាត់បានធ្វើនោះឡើយ។ ពួកគាត់បានជំរាបពួកជំនុំអំពីរបៀបដែលព្រះទ្រង់បានប្រើពួកគាត់ឲ្យធ្វើកិច្ចការរបស់ព្រះអង្គ។
តើរបាយការណ៍របស់ពួកគាត់មានគោលបំណងអ្វីដែរ? លោកប៉ុល និងលោកបាណាបាសចង់ ប្រាប់ពួកជំនុំអំពីជោគជ័យរបស់ពួកគាត់ក្នុងការចែកចាយដំណឹងល្អជាមួយនឹងពួកក្រៅសាសន៍។ បន្ទាប់ពីលោកកូនេលាសទទួលព្រះយេស៊ូវ មានមនុស្សក្រៅសាសន៍ជាច្រើនផ្សេងទៀតក៏បានចូលរួមនឹងពួកជំនុំផងដែរ។ ប៉ុន្តែពួកអ្នកជឿសាសន៍យូដាជាច្រើនមានបញ្ហាធំមួយនឹងពួកក្រៅសាសន៍ដែលចូលរួមក្នុងពួកជំនុំទាំងនេះទៅវិញ។ តើមកពីហេតុអ្វី? ពីព្រោះពួកក្រៅសាសន៍មិនបានទទួលពិធីកាត់ស្បែក។ ការកាត់ស្បែកមានន័យថា ស្បែកខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់យកចេញ។ ហេតុនោះហើយ បានជាអ្នកជឿសាសន៍យូដាជាច្រើនមិនសប្បាយចិត្តនៅពេលដែលចំនួននៃពួកក្រៅសាសន៍កាន់តែច្រើនឡើងចូលរួមក្នុងពួកជំនុំនោះ។ ពួកអ្នកជឿសាសន៍យូដាមានអារម្មណ៍ថា ពួកក្រៅសាសន៍ត្រូវតែទទួលពិធីកាត់ស្បែកជាមុនសិន។ បន្ទាប់មកទើបអាចចូលរួមនឹងពួកជំនុំបាន។
គម្ពីរកិច្ចការជំពូក១៥បាននិយាយអំពីបញ្ហានេះ និងរបៀបដែលក្រុមប្រឹក្សានៅយេរូសាឡិមបានដោះស្រាយវា។ ក្រុមប្រឹក្សាយេរូសាឡិមបានធ្វើការសំរេចចិត្តដ៏ធំមួយសំរាប់ពួកជំនុំ។ ពួកគេបានជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាផ្សេងៗក្នុងពួកជំនុំក្នុងកំឡុងពេលដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រគម្ពីរសញ្ញាថ្មី។
ថ្ងៃអាទិត្យ ទី១៩ សីហា ឆ្នាំ២០១៨
បញ្ហាជាមួយនឹងពួកក្រៅសាសន៍ (កិច្ចការ ១៥:១-៥)
ចាប់តាំងពីដំបូងមកម៉្លេះ ពួកជំនុំនៅទីក្រុងអាន់ទីយ៉ូកនៃស្រុកស៊ីរីមានទាំងសមាជិកជាពួកសាសន៍យូដា និងសមាជិកជាពួកក្រៅសាសន៍ដែលមិនបានកាត់ស្បែក (កិច្ចការ ១១:១៩-២១, កាឡាទី ២:១១-១៣)។ សូមនឹកចាំថា៖ ការកាត់ស្បែកមានន័យថាស្បែកនៅខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ ក្រុមទាំងពីរផ្សេងគ្នានេះរស់នៅដោយសេចក្តីសុខសាន្តជាមួយគ្នា។ ប៉ុន្តែ បន្ទាប់មកស្រាប់តែសេចក្តីសុខសាន្តនោះប្រែជាប្រែះស្រាំនៅពេលដែលពួកអ្នកជឿខ្លះមកពីក្រុងយេរូសាឡិមមកដល់ទីក្រុងអាន់ទីយ៉ូក។
សូមអានខគម្ពីរកិច្ចការ ១៥:១-៥។ តើខទាំងនេះបង្ហាញប្រាប់យើងអំពីអ្វីខ្លះ តើអ្វីទៅជាបញ្ហានៅក្នុងពួកជំនុំនៅអាន់ទីយ៉ូក?
ពួកអ្នកជឿមកពីទីក្រុងយេរូសាឡិមគឹត្រូវបានស្គាល់ថាជាពួកយូដានិយម។ ពួកយូដានិយមនេះជឿថា ពួកក្រៅសាសន៍ត្រូវតែទទួលកាត់ស្បែកជាមុនសិន។ បន្ទាប់មកទៀត ពួកក្រៅសាសន៍ត្រូវតែគោរពតាមក្រឹត្យវិន័យទាំងអស់របស់លោកម៉ូសេមុនពេលដែលពួកគេអាចចូលរួមជាមួយនឹងពួកជំនុំបាន។ ពួកយូដានិយមទំនងជាក្រុមមនុស្សដដែលដូចដែលលោកលូកាបានពណ៌នាប្រាប់នៅក្នុងខ៥ គឺជាពួកផារិស៊ីនោះឯង។ ពួកផារិស៊ីគឺជាពួកយូដាមួយក្រុមដែលគោរពតាមក្រឹត្យវិន័យយ៉ាងតឹងរ៉ឹងបំផុត។ គ្មាននរណាពីពួកជំនុំនៅក្រុងយេរូសាឡិមបានបញ្ជូនពួកយូដានិយមនេះទៅទីក្រុងអាន់ទីយ៉ូកឡើយ (កិច្ចការ ១៥:២៤)។ ប៉ុន្តែក្រោយមក ស្រាប់តែមានរឿងខ្លះកើតឡើងដែលបង្ហាញថា មានពួកសាសន៍យូដានិងអ្នកដឹកនាំពួកជំនុំជាច្រើនចាប់ផ្តើមមិនសប្បាយចិត្ត។ ពួកគេមិនចង់ឲ្យពួកក្រៅសាសន៍ចូលរួមក្នុងពួកជំនុំឡើយ (កាឡាទី ២:១១-១៣)។
នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំកាឡាទី លោកប៉ុលពុំបាននិយាយល្អអំពីពួកយូដានិយមឡើយ។ លោកប៉ុលនិយាយថា ពួកយូដានិយមគឺជាអ្នកបង្កបញ្ហា (កាឡាទី ១:៧, កាឡាទី ៥:១០) និងជាមនុស្សដែលត្រូវបានហៅថា «ពួកបងប្អូនក្លែងក្លាយ» (កាឡាទី ២:៤)។ លោកប៉ុលមានប្រសាសន៍ថា ពួកគ្រីស្ទានក្លែងក្លាយទាំងនេះចង់ដកសេរីភាពចេញពីពួកជំនុំកាឡាទីដែលពួកគេរកឃើញក្នុងអង្គព្រះយេស៊ូវ និងចង់ធ្វើឲ្យពួកកាឡាទីធ្វើជាទាសករគោរពតាមក្រឹត្យវិន័យរបស់ពួកយូដាដែរ។
ពួកយូដានិយមនិយាយថា ពួកក្រៅសាសន៍ត្រូវតែទទួលកាត់ស្បែក និងកាន់តាមក្រឹត្យវិន័យទាំងអស់របស់សាសន៍យូដាជាមុនសិនទើបបានសង្គ្រោះ។ ពួកយូដានិយមជឿថា ការកាត់ស្បែកគឺជា វិធីតែមួយគត់ដើម្បីឲ្យបានក្លាយមកជាសមាជិកគ្រួសារនៃព្រះ (លោកុប្បត្តិ ១៧:៩១៤, និក្ខមនំ ១២:៤៨)។ ពួកយូដានិយមនិយាយថា ពួកក្រៅសាសន៍អាចទទួលសេចក្តីសង្គ្រោះបានប្រសិនបើពួកគេក្លាយខ្លួនមកដូចជាសាសន៍យូដាជាមុនសិនប៉ុណ្ណោះ។
លោកប៉ុល និងលោកបាណាបាសពុំបានយល់ស្របជាមួយនឹងការបង្រៀនរបស់ពួកយូដានិយមទាំងនេះទេ ពីព្រោះវាមិនត្រូវគ្នានឹងដំណឹងល្អឡើយ។ ប៉ុន្តែ ការមកដល់របស់ពួកយូដានិយមបាននាំឲ្យមានការពិភាក្សាដ៏តានតឹងខ្លាំងណាស់នៅក្នុងពួកជំនុំអំពីបញ្ហានោះ។ បញ្ហានេះគឺសំខាន់ខ្លាំងណាស់ដើម្បីបានសង្គ្រោះដោយសារពួកជំនុំនៅទីក្រុងអាន់ទីយ៉ូកប៉ុណ្ណោះ។ សេចក្តីសុខសាន្តនៃពួក ជំនុំទាំងមូលកំពុងតែឋិតនៅក្នុងគ្រោះថ្នាក់នៃការបែកបាក់។ ហេតុនោះហើយ អ្នកដឹកនាំពួកជំនុំនៅ អាន់ទីយ៉ូកក៏បានចាត់បញ្ជូនលោកប៉ុល និងបាណាបាស ព្រមទាំងពួកអ្នកជឿផ្សេងទៀត ឲ្យធ្វើដំណើរទៅឯទីក្រុងយេរូសាឡិមដើម្បីដោះស្រាយបញ្ហានេះ។
ថ្ងៃច័ន្ទ ទី២០ សីហា ឆ្នាំ២០១៨
មូលហេតុនៃជម្លោះ (រ៉ូម ៣:៣០)
មូលហេតុមួយនៃជម្លោះរវាងពួកអ្នកជឿក្នុងក្រុងអាន់ទីយ៉ូក និងពួកយូដាពីក្រុងយេរូសាឡិមគឺរឿងកាត់ស្បែក។ ការកាត់ស្បែកមានន័យថា ស្បែកនៅខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ តាមទម្លាប់ពួកយូដា ប្រុសៗបានទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបីបន្ទាប់ពីកើតមកដើម្បីបង្ហាញថា ពួកគេគឺជាកម្មសិទ្ធិរបស់ព្រះ។ ការកាត់ស្បែកពុំមែនជាប្រធានបទដែលពួកយូដាត្រូវបន្ថែមទៅក្នុងផែនការនៃការថ្វាយបង្គំរបស់ពួកគេទេ។ ព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ដែលបានបង្គាប់ឲ្យមានពិធីកាត់ស្បែកនេះឡើង។ ការកាត់ស្បែកគឺជារូបស័ព្ទតំណាងឲ្យកិច្ចព្រមព្រៀងពិសេសរបស់ព្រះជាមួយនឹងអនាគតកូនចៅរបស់លោកអ័ប្រាហាំ។ ការកាត់ស្បែកបង្ហាញថាពួកយូដាគឺជារាស្ត្ររបស់ព្រះ។
សូមអានអំពីការកាត់ស្បែកនៅក្នុងខគម្ពីរនិក្ខមនំ ១២:៤៣-៤៩។ តើនរណាខ្លះដែលត្រូវទទួលពិធីកាត់ស្បែក?
សេចក្តីសន្យាក្នុងសេចក្តីសញ្ញារបស់ព្រះជាមួយនឹងរាស្ត្ររបស់ទ្រង់ពុំមែនសំរាប់តែពួកសាសន៍អ៊ីស្រាអែលប៉ុណ្ណោះទេ។ សេចក្តីសន្យារបស់ព្រះនេះរាប់បញ្ចូលទាំងទាសករ ឬទាំងសាសន៍ដទៃដែលចង់មានបទពិសោធន៍ជាមួយនឹងសេចក្តីសន្យានេះផងដែរ។ ប៉ុន្តែ ទាំងទាសករ និងទាំងសាសន៍ដទៃ ត្រូវតែទទួលពិធីកាត់ស្បែកជាមុនសិន។ បន្ទាប់ពីពិធីកាត់ស្បែក ព្រះទ្រង់នឹងទទួលសាសន៍ដទៃនោះដូចគ្នានឹងពួកអ្នកដែលកើតជាសាសន៍យូដាដែរ។ «គេនឹងបានដូចជាអ្នកស្រុកដែរ» (និក្ខមនំ ១២:៤៨)។
យោងតាមព្រះគម្ពីរ ហេតុនោះហើយបានជាមនុស្សប្រុសត្រូវទទួលពិធីកាត់ស្បែកដើម្បីឲ្យពួកគេមានចំណែកក្នុងសេចក្តីសញ្ញារបស់ព្រះនឹងរាស្ត្ររបស់ព្រះអង្គ។ នោះហើយជាមូលហេតុដែលពួកគ្រូសាសន៍យូដាពីយេរូសាឡិមនិយាយថា គ្មានមនុស្សក្រៅសាសន៍ណាបានសង្គ្រោះឡើយ បើមិនក្លាយខ្លួនមកជាយូដាជាមុនសិននោះ។
សូមអាននូវអ្វីដែលលោកប៉ុលបានមានប្រសាសន៍អំពីការកាត់ស្បែកនៅក្នុងខគម្ពីររ៉ូម ៣:៣០, កូរិនថូសទី១ ៧:១៨, កាឡាទី ៣:២៨, និងកាឡាទី ៥:៦។ តើលោកប៉ុលជឿលើចំណុចអ្វីខ្លះអំពីពិធីកាត់ស្បែកនេះ?
ពួកគ្រូក្លែងក្លាយនិយាយថា ពួកក្រៅសាសន៍អាចត្រូវបានសង្គ្រោះប្រសិនបើពួកគេក្លាយមកជាយូដាជាមុនសិន។ ប៉ុន្តែ ការដែលអ្នកណាម្នាក់បានត្រឹមតែជាសមាជិកនៃរាស្ត្ររបស់ព្រះ ពុំមែនមាន ន័យថាអ្នកនោះនឹងបានសង្គ្រោះឡើយ។ ព្រះទ្រង់បានសង្គ្រោះលោកអ័ប្រាហាំដោយសារសេចក្តីជំនឿ របស់គាត់មុនពេលដែលលោកកាត់ស្បែកទៅទៀត មិនមែនក្រោយឡើយ។ បញ្ហានៅត្រង់ថា ពួកគ្រូ សាសន៍យូដាជឿថាការកាត់ស្បែកធ្វើឲ្យបានរាប់ជាសុចរិតនៅចំពោះព្រះ។ ហេតុនោះហើយ ដើម្បីបង្ខំ ឲ្យពួកក្រៅសាសន៍ទទួលពិធីកាត់ស្បែកបានគឺត្រូវតែបំភ្លៃដំណឹងល្អ។ លោកប៉ុលមិនដែលយល់ស្រប នឹងគោលគំនិតនេះឡើយ។
តើអ្វីទៅដែលជាគ្រោះថ្នាក់នៃការគិតថា ការដែលបានទទួលសេចក្តីសង្គ្រោះគឺកើតឡើង ដោយសារបានចូលរួមជាមួយនឹងពួកជំនុំត្រឹមត្រូវតែប៉ុណ្ណោះ?
ថ្ងៃអង្គារ ទី២១ សីហា ឆ្នាំ២០១៨
ការពិភាក្សាគ្នាយ៉ាងយូរ (កិច្ចការ ១៥:៧-១១)
ក្នុងខគម្ពីរកិច្ចការ ១៥:៧-១១ លោកលូកាបានប្រាប់យើងអំពីការពិភាក្សាគ្នាយ៉ាងយូរក្នុង ក្រុមប្រឹក្សាដែលថ្នាក់ដឹកនាំពួកជំនុំក្នុងក្រុងយេរូសាឡិមលើកឡើងអំពីពួកក្រៅសាសន៍។ តើលោក ពេត្រុសចង់មានប្រសាសន៍ថាយ៉ាងដូចម្តេចអំពីបញ្ហានេះ?
លោកលូកាពុំបានកត់ត្រារាល់ពាក្យសម្តីដែលបានលើកឡើងក្នុងអង្គប្រជុំនោះឡើយ។ វាជាការគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងការដែលដឹងថាតើពួកគ្រូក្លែងក្លាយបាននិយាយអ្វីខ្លះទៀត (កិច្ចការ ១៥:៥) និងពីរបៀបដែលលោកប៉ុលនិងលោកបាណាបាសឆ្លើយតបទៅពួកគេវិញដោយរបៀបណានោះ (កិច្ចការ ១៥:១)។ លោកលូកាបានផ្តល់ឲ្យយើងត្រឹមតែសេចក្តីអធិប្បាយរបស់លោកយ៉ាកុប និងរបស់លោកពេត្រុសតែប៉ុណ្ណោះ។ ប៉ុន្តែ ការពិតបង្ហាញយើងថា បុរសទាំងពីរមានសារៈសំខាន់ណាស់ក្នុងចំណោមពួកសាវ័ក។ ពួកសាវ័កគឺជាមនុស្សដែលព្រះយេស៊ូវបានជ្រើសរើសឲ្យដឹកនាំពួកជំនុំរបស់ព្រះអង្គបន្ទាប់ពីព្រះអង្គយាងទៅនគរឋានសួគ៌វិញ។
លោកពេត្រុសបានពិភាក្សាគ្នាជាមួយនឹងពួកសាវ័ក និងអ្នកដឹកនាំពួកជំនុំដទៃៗទៀត។ លោកបានរំឭកពួកគេអំពីបទពិសោធន៍របស់លោកជាមួយនឹងលោកកូនេលាស ដែលមនុស្សសាសន៍ ដទៃ កាលពីច្រើនឆ្នាំកន្លងទៅ។ ព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់បានបង្ហាញលោកពេត្រុសថា ព្រះអង្គយល់ស្របឲ្យលោកកូនេលាសក្លាយខ្លួនជាគ្រីស្ទាន។ លោកកូនេលាសពុំបានទទួលពិធីកាត់ស្បែកទេ។ ការកាត់ស្បែកមានន័យថា ស្បែកនៅខាងចុងនៃអង្គជាតិរបស់បុរសត្រូវកាត់ចេញ។ តាមទម្លាប់ ពួកយូដា ប្រុសៗបានទទួលពិធីកាត់ស្បែកនៅថ្ងៃទីប្រាំបីបន្ទាប់ពីកើតមកដើម្បីបង្ហាញថា៖ ពួកគេគឺជាកម្មសិទ្ធិ របស់ព្រះ។ ព្រះទ្រង់បានបង្ហាញគ្រីស្ទានសាសន៍យូដាថា ព្រះអង្គទទួលយកកូនេលាសដោយបានប្រទានឲ្យគាត់នូវអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គធ្លាប់បានប្រទានដល់ពួកសាវ័កនៅ បុណ្យថ្ងៃទី៥០នោះដែរ។ សូមនឹកចាំថា បុណ្យថ្ងៃទី៥០គឺជាពេលវេលាដែលព្រះទ្រង់បានចាក់បង្អុរព្រះវិញ្ញាណបរិសុទ្ធមកលើពួកជំនុំបន្ទាប់ពីព្រះយេស៊ូវបានយាងទៅឋានសួគ៌វិញ។
ព្រះទ្រង់បានប្រើលោកពេត្រុសឲ្យបង្ហាញប្រាប់ពួកអ្នកជឿពីស្រុកយូដាថា ព្រះអង្គសង្គ្រោះ ទាំងសាសន៍យូដា និងសាសន៍ដទៃ។ គ្មាននរណាម្នាក់អាចនិយាយតទៅទៀតថា ពួកសាសន៍ដទៃ នៅតែមិនស្អាតទៀតហើយ។ ពាក្យពេចន៍ចុងក្រោយរបស់លោកពេត្រុសស្តាប់ទៅស្ទើរតែ ដូចគ្នានឹងអ្វីដែលលោកមានប្រសាសន៍៖ «យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ» (កិច្ចការ ១៥:១១)។
ក្នុងខគម្ពីរកិច្ចការ ១៥:១៣-២១ លោកយ៉ាកុបបានផ្តល់យោបល់ជាដំណោះស្រាយមួយទៅនឹងបញ្ហាពួកក្រៅសាសន៍នេះ។ តើលោកយ៉ាកុបគិតថា អ្វីទៅដែលនឹងជួយដោះស្រាយបញ្ហានេះនោះ?
ប្រសាសន៍របស់លោកយ៉ាកុបបង្ហាញប្រាប់យើងថា លោកគឺជាអ្នកដឹកនាំដ៏មានឥទ្ធិពលមួយរូប (សូមអានកិច្ចការ ១២:១៧, កិច្ចការ ២១:១៨, កាឡាទី ២:៩, ១២)។ លោកយ៉ាកុបចង់បង្ហាញ មនុស្សគ្រប់ៗគ្នាថា ព្រះទ្រង់បានអនុញ្ញាតឲ្យពួកក្រៅសាសន៍ចូលរួមជាមួយនឹងរាស្ត្ររបស់ព្រះអង្គ និងក្លាយជាផ្នែកមួយនៃសាសន៍អ៊ីស្រាអែលរួចស្រេចហើយ។ ហេតុនោះហើយ បានជាលោកយ៉ាកុប សំរេចចិត្តថា ពួកជំនុំមិនគួរបង្ខំពួកក្រៅសាសន៍ឲ្យដើរតាមច្បាប់ទម្លាប់របស់ពួកយូដាឡើយ។
ថ្ងៃពុធ ទី២២ សីហា ឆ្នាំ២០១៨
បម្រាមទាំងបួនសំរាប់ពួកអ្នកជឿ (កិច្ចការ ១៥:២៨, ២៩)
សូមអានខគម្ពីរកិច្ចការ ១៥:២៨, ២៩។ ក្រុមប្រឹក្សាយេរូសាឡិមគឺជាពួកអ្នកដឹកនាំមួយ ក្រុមដែលបានធ្វើការសំរេចចិត្តសំរាប់ពួកជំនុំ។ តើអ្វីខ្លះទៅដែលជាបម្រាមទាំងបួនដែលក្រុមប្រឹក្សា យេរូសាឡិមថ្លែងថា ពួកអ្នកជឿទាំងឡាយមិនត្រូវធ្វើនោះ?
ក្រុមប្រឹក្សាយេរូសាឡិមបានថ្លែងថា មនុស្សលោកត្រូវបានសង្គ្រោះដោយសារព្រះគុណរបស់ព្រះ មិនមែនដោយការប្រព្រឹត្តឡើយ។ ហេតុនោះហើយ ពួកអ្នកជឿពុំចាំបាច់ត្រូវទទួលពិធីកាត់ស្បែកឡើយ។ ប៉ុន្តែក្រុមប្រឹក្សាយេរូសាឡិមបានថ្លែងថា ពួកអ្នកជឿទាំងឡាយមិនត្រូវធ្វើរឿងទាំងបួននេះឡើយ៖ ១) ពួកគេមិនបរិភោគសាច់ដែលបានថ្វាយទៅរូបព្រះ ហើយត្រូវបានគេយកទៅលក់នៅផ្សារនោះទេ, ២) ពួកគេមិនត្រូវបរិភោគឈាមឡើយ, ៣) ពួកគេមិនត្រូវបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់កនោះទេ (នោះសំដៅដល់សាច់សត្វដែលមិនបានបង្ហូរឈាមចេញពីរាងកាយ) និង ៤) ពួកគេមិនគួររួមភេទដែលខុសពីក្រឹត្យវិន័យរបស់ព្រះឡើយ។
បម្រាមទាំងបីដំបូងអំពីអាហារគឺជារឿងដែលពួកយូដាពិតជាស្អប់បំផុត។ ហេតុនោះហើយ បម្រាមទាំងនេះមានបំណងចង់ជួយឲ្យពួកយូដា និងពួកក្រៅសាសន៍ងាយនឹងត្រូវគ្នាឡើង។ ពួកគ្រីស្ទានភាគច្រើនសព្វថ្ងៃនេះមានអារម្មណ៍ថា បម្រាមដំបូងទាំងបីអំពីអាហារនេះពុំចាំបាច់ត្រូវអនុវត្តតាមទៀតឡើយ។ ពួកគ្រីស្ទានខ្លះទៀតសព្វថ្ងៃនេះក៏បានលើកឡើងថា បញ្ញត្តិថ្ងៃសប្បាតហ៍ (និក្ខមនំ ២០:៨-១១) ក៏មិនចាំបាច់ត្រូវអនុវត្តតាមផងដែរ ពីព្រោះវាមិនឋិតនៅក្នុងបញ្ជី «ថ្មី» នៃច្បាប់នេះឡើយ។ ពួក គេក៏និយាយផងដែរថា ច្បាប់ស្តីពីអាហារដែលមានចែងក្នុងលេវីវិន័យ១១ ក៏មិនចាំបាច់ត្រូវអនុវត្តតាមដែរ ពីព្រោះមិនមានកត់ត្រានៅក្នុងបញ្ជី «ថ្មី»។
ច្បាប់ទាំងបួននេះមិនមែនជាក្បួនច្បាប់ថ្មីសំរាប់ពួកគ្រីស្ទានដែលតម្រូវឲ្យបោះបង់ច្បាប់ទាំងអស់ផ្សេងទៀតនៅក្នុងគម្ពីរសញ្ញាចាស់ឡើយ។ ច្បាស់ណាស់ ព្រះវិញ្ញាណបរិសុទ្ធទ្រង់បានបណ្តាល ឲ្យអ្នកដឹកនាំនៃពួកជំនុំសរសេរចេញនូវបម្រាមទាំងបួននេះ (កិច្ចការ ១៥:២៨)។ បម្រាមទាំងបួននេះគឺបានដកស្រង់ចេញពីក្បួនច្បាប់នៅក្នុងខគម្ពីរលេវីវិន័យជំពូក១៧ និង១៨ ដែលនិយាយអំពីពួកអ្នកប្រទេសក្រៅដែលកំពុងរស់នៅក្នុងទឹកដីប្រទេសអ៊ីស្រាអែលតែប៉ុណ្ណោះ។
នៅពេលដែលយើងអានជំពូកទាំងនេះនៅក្នុងគម្ពីរលេវីវិន័យ យើងឃើញថា ច្បាប់ទាំងនេះគឺស្តីអំពីពួកអ្នកប្រទេសក្រៅដែលបោះបង់ការថ្វាយបង្គំធម្មជាតិ និងព្រះក្លែងក្លាយរបស់ខ្លួនចោល។ ជន បរទេសណាមួយដែលមកពីប្រទេសផ្សេង ដែលមានបំណងចង់រស់នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវតែបោះបង់ចោលនូវជំនឿលើព្រះក្លែងក្លាយរបស់ខ្លួនចោលចេញ (លេវីវិន័យ ១៨:៣០)។ តាមរបៀបដូច គ្នានេះ ពួកក្រៅសាសន៍ណាមួយដែលចង់ចូលរួមនឹងពួកជំនុំត្រូវតែបោះបង់ចោលនូវការថ្វាយបង្គំព្រះ ក្លែងក្លាយរបស់ខ្លួន។ ពួកគេត្រូវរក្សាក្រឹត្យវិន័យឲ្យបានបរិសុទ្ធ។ ពួកគេក៏ត្រូវតែអនុវត្តតាមក្បួនច្បាប់ អំពីអាហារស្អាត និងមិនស្អាតផងដែរ។ ដូចគ្នាដែរ យើងត្រូវតែអនុវត្តតាមច្បាប់ទាំងអស់នេះ។
តើយើងរាល់គ្នាអាចដោះស្រាយបញ្ហាពួកជំនុំដោយវិញ្ញាណនៃសេចក្តីស្រឡាញ់បានយ៉ាង ដូចម្តេចដែរ?
ថ្ងៃព្រហស្បតិ៍ ទី២៣ សីហា ឆ្នាំ២០១៨
សំបុត្រពីយេរូសាឡិម (កិច្ចការ ១៥:២២-២៩)
សូមអានកិច្ចការ ១៥:២២-២៩។ ដូចដែលខគម្ពីរទាំងនេះបង្ហាញប្រាប់យើង តើពួកជំនុំនៅយេរូសាឡិមអនុវត្តសេចក្តីសំរេចដែលធ្វើឡើងដោយក្រុមប្រឹក្សាយេរូសាឡិមដោយរបៀបណា? ក្រុម ប្រឹក្សាយេរូសាឡិមគឺជាអ្នកដឹកនាំមួយក្រុមដែលបានធ្វើការសំរេចចិត្តឲ្យពួកជំនុំ។
ជាដំបូង អ្នកដឹកនាំនៃពួកជំនុំនៅយេរូសាឡិមបានសរសេរសំបុត្រមួយច្បាប់ផ្ញើទៅកាន់ពួកអ្នកជឿក្រៅសាសន៍អំពីសេចក្តីសំរេចរបស់ពួកគេ។ សំបុត្រនេះត្រូវបានសរសេរឡើងក្នុងឆ្នាំ៤៩នៃ គ្រិស្តសករាជ។ វាបានក្លាយទៅជាឯកសារពួកជំនុំដ៏មានចំណាស់ជាងគេបំផុតសព្វថ្ងៃនេះ។ ក្រុមប្រឹក្សាក៏បានជ្រើសរើសលោកយូដាស (ហៅបារសាបាស, KHSV) និងលោកស៊ីឡាស ឲ្យធ្វើដំណើរជាមួយនឹង លោកប៉ុល និងលោកបាណាបាសទៅកាន់ទីក្រុងអាន់ទីយ៉ូក។ កិច្ចការរបស់ពួកគេគឺត្រូវនាំយកសំបុត្រពីថ្នាក់ដឹកនាំផ្ញើទៅកាន់ទីក្រុងអាន់ទីយ៉ូក និងប្រាប់ទៅពួកជំនុំថាសំបុត្រនោះគឺពិតប្រាកដមែន។
សូមអានកិច្ចការ ១៥:៣០-៣៣។ តើពួកជំនុំនៅអាន់ទីយ៉ូកឆ្លើយតបទៅនឹងសំបុត្រនោះ វិញយ៉ាងដូចម្តេចដែរ?
ពួកជំនុំនៅអាន់ទីយ៉ូកមានពេញដោយសេចក្តីអំណរពីព្រោះតែខ្លឹមសារនៅក្នុងសំបុត្របាន ផ្តល់ក្តីសង្ឃឺមដល់ពួកគេ។ សេចក្តីក្នុងសំបុត្រសរសេរថា ពួកក្រៅសាសន៍មិនចាំបាច់ត្រូវទទួលពិធីកាត់ស្បែកឡើយ។ ពួកជំនុំនៅអាន់ទីយ៉ូកបានយល់ព្រមតាមបម្រាមទាំងបួនក្នុងសំបុត្រដែលពួកជំនុំយេរូសាឡិមបានផ្ញើមកកាន់ពួកគេ។
បន្ទាប់មកទៀតការប្រជុំនៅយេរូសាឡិមក៏បានបញ្ចប់។ ពួកអ្នកដឹកនាំនៅយេរូសាឡិមបានទទួលយកការបង្រៀនអំពីព្រះយេស៊ូវរបស់លោកប៉ុល។ ឥឡូវនេះពួកអ្នកដឹកនាំបានទទួលយក និង ជឿទុកចិត្តលោកប៉ុល និងលោកបាណាបាសទាំងស្រុង (កាឡាទី ២:៩)។ ប៉ុន្តែនៅមានគ្រីស្ទានយូដាខ្លះដែលបានបន្តព្យាយាមស្វែងរកសេចក្តីសង្គ្រោះដោយការប្រព្រឹត្ត។ ពួកគ្រីស្ទានយូដាទាំងនេះមានការលំបាកនឹងអង្គុយបរិភោគអាហារជាមួយនឹងពួកអ្នកជឿសាសន៍ដទៃ។ ហេតុអ្វី? ពីព្រោះនៅក្រោម ច្បាប់ថ្មី ពួកក្រៅសាសន៍ពុំចាំបាច់ «ស្អាត» សិន ទើបបានសង្គ្រោះនោះឡើយ។ អ្នកស្រីអែល្លិនជីវ៉ៃត៍មានប្រសាសន៍ថា «មិនមែនពួកអ្នកជឿតាមព្រះយេស៊ូវទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ដើម្បីនឹងទទួលយកសេចក្តីសំរេចរបស់ក្រុមប្រឹក្សាយេរូសាឡិមនោះឡើយ» (ដកស្រង់ពី The Acts of the Apostles, page 197, adapted)។
និយាយតាមត្រង់ទៅ៖ វាជាការពិបាកណាស់សំរាប់លោកអ្នកទៅបរិភោគអាហារជុំគ្នានឹង ពួកអ្នកជឿទាំងឡាយដែលផ្សេងពីលោកអ្នក មែនទេ? ពួកអ្នកជឿទាំងនេះអាចមកពីប្រទេសផ្សេងៗ សាសន៍ផ្សេងៗ ឬក៏មានរបៀបរបបរស់នៅផ្សេង។ តើលោកអ្នកអាចរៀនបោះបង់ចោលនូវអារម្មណ៍ ដែលមិនត្រឹមត្រូវ ហើយរៀនចុះសំរុងគ្នានឹងពួកអ្នកជឿទាំងនេះដោយរបៀបណាដែរ?
ថ្ងៃសុក្រ ទី២៤ សីហា ឆ្នាំ២០១៨
សិក្សាបន្ថែម
«ព្រះជាម្ចាស់ទ្រង់បានបើកផ្លូវសំរាប់ពួកគ្រីស្ទានយូដាឲ្យធ្វើកិច្ចការរបស់ព្រះអង្គ។ ប៉ុន្តែ ពួកគេពុំបានធ្វើការឲ្យលឿនតាមដែលព្រះទ្រង់ចង់បាននោះឡើយ។ កិច្ចការដែលពួកអ្នកដឹកនាំបានធ្វើក្នុងចំណោមសាសន៍ដទៃបង្ហាញយ៉ាងច្បាស់ថា ចំនួននៃពួកអ្នកជឿសាសន៍ដទៃគឺមានចំនួន ច្រើនជាងពួកអ្នកជឿដែលជាសាសន៍យូដា។ ពួកយូដាបារម្ភអំពីថាតើនឹងមានអ្វីកើតឡើងប្រសិនបើ ពួកក្រៅសាសន៍មិនគោរពតាមក្រឹត្យវិន័យរបស់ពួកយូដានោះ។ បើយ៉ាងដូច្នេះ នោះក្រឹត្យវិន័យ ជំនឿ និងអាកប្បកិរិយាដ៏វិសេសដែលធ្វើឲ្យពួកយូដាខុសប្លែកពីគេនោះនឹងបាត់បង់ជាមិនខាន។ ហើយចំណុចពិសេសទាំងនេះនឹងមិនឃើញមាននៅក្នុងជីវិតរបស់ពួកអ្នកជឿសាសន៍ដទៃដែលបានទទួលយកដំណឹងល្អដែលប្រាប់ថាព្រះយេស៊ូវសង្គ្រោះយើងរាល់គ្នាពីអំពើបាបឡើយ» (ដកស្រង់ពី Ellen G. White, The Acts of the Apostles, page 189, adapted)។
សំនួរពិភាក្សា៖
- នៅក្នុងថ្នាក់ ចូរត្រឡប់ទៅសំណួរចុងក្រោយនៅថ្ងៃច័ន្ទ។ យើងដឹងថា ការក្លាយជាសមាជិកពួកជំនុំ ដែល «ត្រឹមត្រូវ» ពុំទាន់មានន័យថា យើងបានសង្គ្រោះនៅឡើយទេ មែនទេ? ចូរសាកល្បងគិតអំពីគំរូរបស់សាសន៍អ៊ីស្រាអែលនៅក្នុងគម្ពីរសញ្ញាចាស់មើល។ ច្បាស់ណាស់ ពួកសាសន៍អ៊ីស្រាអែល គឺជា «ពួកជំនុំដ៏ត្រឹមត្រូវ»។ ប៉ុន្តែការនោះពុំមែនមានន័យថា សាសន៍យូដាគ្រប់ៗរូបបានសង្គ្រោះនោះឡើយ។ ការក្លាយជាសមាជិកនៃពួកជំនុំដ៏ពិតរបស់យើងក៏ពុំមានន័យថាយើងនឹងបានសង្គ្រោះដូចគ្នា នេះដែរ។ បើដូច្នេះ តើអ្វីទៅដែលជាហេតុផលដ៏ពិតប្រាកដថា ហេតុអ្វីបានជាយើងគួរតែធ្វើជាសមាជិកនៃពួកជំនុំដែលត្រឹមត្រូវពិតប្រាកដ?
- ការសំរេចចិត្តមួយដែលពួកជំនុំនៅក្នុងគម្ពីរសញ្ញាថ្មីបានធ្វើឡើងគឺស្តីអំពីរបៀបដែលត្រូវទទួលស្គាល់ ពួកអ្នកជឿសាសន៍ដទៃចូលមកក្នុងពួកជំនុំ។ តើពួកអ្នកជឿក្រៅសាសន៍ទាំងនេះគួរទទួលពិធីកាត់ស្បែក ដែរឬទេ? តើយើងរាល់គ្នាឃើញមានបញ្ហាអ្វីខ្លះនៅក្នុងពួកជំនុំសព្វថ្ងៃនេះ? តើថ្នាក់ដឹកនាំពួកជំនុំនៅក្នុងគម្ពីរកិច្ចការជំពូក១៥ បង្រៀនយើងអ្វីខ្លះអំពីរបៀបដែលត្រូវដោះស្រាយបញ្ហាទាំងនេះ?
- នៅក្នុងថ្នាក់ ចូរសូមឲ្យអ្នកខ្លះដើរតួធ្វើជាពួកយូដានៅក្នុងកណ្ឌគម្ពីរកិច្ចការដែលនិយាយថា ពួក ក្រៅសាសន៍ត្រូវតែក្លាយខ្លួនជាសាសន៍យូដាជាមុនសិន ទើបអាចចូលរួមជាមួយនឹងពួកជំនុំបាន។ ឥឡូវនេះសូមឲ្យ «ពួកយូដា» ទាំងនេះបង្ហាញហេតុផលឡើងដើម្បីគាំទ្រដល់ជំនឿរបស់ពួកគេ។ ហេតុអ្វីបានជាពួកគេនិយាយថា ពួកសាសន៍ដទៃត្រូវតែក្លាយខ្លួនមកជាសាសន៍យូដា មុននឹងពួកគេ អាចចូលរួមក្នុងពួកជំនុំបាន? តើលោកអ្នកឆ្លើយតបទៅពួកគេវិញយ៉ាងដូចម្តេចដែរ? តើបទពិសោធន៍នេះ បង្ហាញយើងថាបញ្ហានៅក្នុងពួកជំនុំនៅគ្រាដំបូងមានការពិបាកដោះស្រាយជាងដែលយើងគិតយ៉ាងដូចម្តេចដែរ?